ប្រវត្ដិសាស្ដ្រខ្មែរ តាមសិលាចារិក
១២ - សង្គ្រាមរវាងខ្មែរ នឹងនគរចំប៉ា
ថ្ងៃសុក្រ ទី25.មេសា 2014.ម៉ោង 21:04
តាមសិលាចារឹកខ្មែរ និង កំនត់ឯកសារប្រវត្ដិសាស្រ្ដចិនជំនាន់ដើម យើងកត់សំគាល់ឃើញថា ប្រទេសខ្មែរតែងតែជួបប្រទះធ្វើសង្គ្រាមតទល់ជាមួយនឹងនគរចំប៉ា ជាញឹកញាប់។ ពីព្រោះនៅអាស៊ីអគ្គេយ៍ក្នុងសម័យនោះ កំលាំង ឬ ជនជាតិសាសន៍ ដែលប្រឈមមុខគ្នា មានតែខ្មែរ និងចាមប៉ុណ្ណោះ។ សង្គ្រាមនោះ ជាសង្គ្រាមវាតទឹកដី វាតអំណាច វាតឥទ្ធិពល ដែលនាំមកនូវផលអាក្រក់មហន្ដរាយយ៉ាងធ្ងន់ធ្ងរបំផុតដល់ជោគវាសនាប្រទេសចំប៉ា។
១. ដើមកំណើតនគរចំប៉ា
ជនជាតិចាម មានដើមកំណើតចេញមកពីជនជាតិជ្វា ឬ ម៉ាឡេ និង ប៉ូលេនេស៊ី ដែលរស់នៅក្នុងភូមិភាគប្រទេសម៉ាលេស៊ី និងឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១ នៃគ.ស ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងដណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះជួរភ្នំអណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើង ជាប់នឹងទឹកដីខេត្ដតុងកឹង និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិច នឹងខាងកើត (សមុទ្រចិន)។
ក្នុងសតវត្សទី២ នៃគ.ស ជនជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះថា នគរចំប៉ា ដែលអ្នកដណើរចិនដាក់ឈ្មោះហៅថា លីនយី។ ជាដំបូងក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន នគរចំប៉ាបានទទួលឥទ្ធិពល អំពីប្រទេសឥណ្ឌា ហើយគោរពបូជាព្រហ្មមញ្ញសាសនា ព្រះមហាក្សត្រចាមទាំងប៉ុន្មាន តែងតែប្រកាសតាំងខ្លួន ចុះ មកពីព្រះសិវៈ ឬព្រះឥសូរ។
២. បុព្វហេតុសង្គ្រាមខ្មែរ និង ចំប៉ា
ដោយទឹកដីខ្លួនចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាង លិចមានជញ្ជាំងជួរភ្នំអណ្ណាម យ៉ាងខ្ពស់ស្កឹមស្កៃ មិនអាចឆ្លងកាត់បាន នគរចំប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះក្រោម ឬឡើងទៅលើឡើយ។ ពីសតវត្សទី១៤ នៃគ.ស បានពង្រឹងកំលាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្ដតុងកឹង ដែលសង្គ្រាមនេះ ហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចំប៉ាទេ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិនបាន ហើយដកឃ្លារើរាជធានីពីឥន្រ្ទបុរៈចុះមកតាំងទីលំនៅឯប៉ាន់ដុរ៉ាង(២)។ បន្ទាប់មករាជធានីចាមត្រូវលើកមកនៅកាវធារ៉ា។
មិនតែប៉ុណ្ណោះ ជាច្រើនលើកច្រើនគ្រា នគរចំប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅ ចូលមកលុក លុយវាយប្រហារកាប់សំលាប់ ធ្វើបាបលួចប្លន់ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ.ស. ៧៦៥ ទៅគ.ស.៧៧៧។ កងទ័ពចិនដែលត្រួតត្រានៅតុងកឹង ក៏ធ្លាប់បានវាយកំទេចចំប៉ាដាក់ជានគរចំនុះដែរ។ បន្ទាប់មក ក្នុងគ.ស១០៤៥ កងទ័ពយួនបានយកជ័យជំនះលើទ័ពចាម ដណ្ដើមយកបានព្រះរាជធានីឥន្រ្ទបុរៈ ហើយលួចប្លន់យកអស់ភោគផលទ្រព្យសម្បត្ដិធនធានរបស់ចាម។ ក្នុងគ.ស.១០៦១ ទឹកដីខេត្ដបីរបស់ចាមត្រូវយួនកាត់យកមកបញ្ចូលធ្វើជាទឹកដីយួន។ គឺនៅក្នុងស្ថានភាពដូច្នេះហើយ ដែលនគរចំប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទឹកដីចុះមកក្រោម ឬខាងត្បូងសំដៅប្រទេសកម្ពុជា។ ដំបូង ការចុះតំរង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណជាការវាយប្រហារ ឬជាសង្រ្គាមទេ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរ វាយប្រហារដេញសំលាប់កំទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាត អោយរស់នៅលើទឹកដីខ្មែរ ដើម្បីបំរើនយោបាយ និងផលប្រយោជន៍ខ្មែរ។
ប៉ុន្ដែចូលមកដល់គ.ស ៨០៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដោយមានស្ដេចចាមមួយអង្គឈ្មោះពោរ ជាមេទ័ពធំ នគរចំប៉ាបានលើកពលសេនាយោធាយ៉ាងគគ្រឹកគគ្រេង ចូលមកវាយប្រហារនគរខ្មែរ តែកងទ័ពចាមត្រូវបរាជ័ យ បាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់ វិបត្ដិរវាងខ្មែរ នឹងចាម ក៏ចេះតែរីកធំឡើងជាលំដាប់ តាមកាលវេលា។ ក្នុងគ.ស ៩៤៥ - ៩៤៦ វិវាទខ្មែ-ចាម មានកំរិតយ៉ាងខ្ពស់ខ្លាំងក្លាយផ្ទុះជាសង្រ្គាម កងទ័ពខ្មែរ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជឥន្រ្ទវរ្ម័ន បានវាយរុញច្រានកំចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសំរុកដល់ នគរចំប៉ា ហើយដណ្ដើមយកបានព្រះរាជធានី កាវធារ៉ា សិលាចារឹកចាម បានសរសេរចាររៀបរាប់អំពីសង្រ្គាមនេះ ដោយបញ្ជាក់ថា កងទ័ពខ្មែរបានលួចយករូបបដិមាករព្រះនាងភគវត្តី ដែលធ្វើអំពីមាស។
សង្គ្រាមអធិករណ៍រវាងនគរខ្មែរ នឹងចាមមានរយៈពេលវេលា ៧៥ឆ្នាំ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាមទទួលការវាយប្រហារកៀបសង្កាត់យ៉ាងខ្លាំងពីសំណាក់យួន ចំប៉ាហាក់ដូចជាងាកមកស្វែងរកការគាំទ្រពីកម្ពុជាវិញ។
៣. សង្រ្គាមខ្មែរ-ចាម ក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២
ចូលមកដល់រជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២ ដែលប្រទេសកម្ពុជាកំពុងជួបប្រទះសង្រ្គាមកាប់សំលាប់គ្នា នគរចំប៉ាបានបញ្ជូនកងទ័ពមករាតត្បាតលុកលុយ និងកាន់កាប់ត្រួតត្រាដែនដីខ្មែរនៅ ដីសន្ដរទន្លេមេកុង។ កងទ័ពចាម បានដុតបំផ្លាញផ្ទះសំបែង ភូមិស្ថានប្រជារាស្រ្ដខ្មែរជិះជាន់កាប់សំលាប់ លួចប្លន់ដឹកជញ្ជូនទ្រព្យសម្បត្ដិអ្នកស្រុក អ្នកភូមិខ្មែរ ដែលរស់នៅតាមឆ្នេរសមុទ្រ ទឹកដីកម្ពុជាក្រោម។ ពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនត្រូវចាមចាប់ចងកៀរកេណ្ឌជាឈ្លើយ យកទៅធ្វើទាសាទាសី។
ព្រះបាទសុរិយាវរ្ម័នទី២ កាលបើពង្រឹងអំណាច និង រៀបចំទឹកដីអោយមានឯកភាពរួចស្រេចហើយ ព្រះអង្គក៏ចាប់ផ្ដើមបើកការវាយប្រហារ ដេញកំចាត់ទ័ពចាមចេញពីនគរ។ ក្នុងគ.ស.១១២៣ ព្រះអង្គបានតាមដេញកងទ័ពចាមរហូតដល់ស្រុកយួន។ ដោយស្ដេចយួន លីកោងជិញ បានការពារអនុញ្ញាតអោយទ័ពចាម អាចជ្រោកកោនរស់នៅលើទឹកដីរបស់ខ្លួន ព្រះបាទសុរិយាវរ្ម័នទី២ ក៏ប្រកាសធ្វើសង្គ្រាម នឹងនគរយួនព្រះអង្គបានលើកទ័ពចំនួន ២០០០០នាក់ ធ្វើដណើរចុះតាមដោយសំពៅទុកចំនួន៧០០០គ្រឿង ឆ្លងកាត់សមុទ្រទៅច្បាំងនឹងយួន។។
ក្នុងគ.ស.១១៣១ ដោយយល់ឃើញថា យួនជាសត្រូវមួយដ៏ធំ ដែលអាចនាំមកផលអាក្រក់គ្រប់បែបយ៉ាងដល់កម្ពុជា ព្រះអង្គក៏សំរេចចិត្ដលើកទ័ពទៅវាយកំទេចម្ដងទៀតអោយចប់ ស្ដេចចាមឈ្មោះជ័យឥន្រ្ទវរ្ម័នទី៣ បានធ្វើសំព័ន្ធមិត្ដ នាំកងទ័ពរួមកំលាំង នឹងទ័ពខ្មែរទៅវាយប្រយុទ្ធធ្វើសឹកនឹងយួន ប៉ុន្ដែទ័ពខ្មែរ-ចាម ទាំងពីរមិនបានយក ជ័យជំនះឈ្នះទ័ពយួនទេ។ ក្នុងគ.ស.១១៣៦ ដោយស្ថិតនៅចំពោះមុខភាពដ៏សែនអាសន្ន ស្ដេចចាមបានលួចដកខ្លួនរត់ចោលកងទ័ពខ្មែ ហើយទៅសុំចុះចូលស្ដេចយួន។ ជាផ្នូរដើម្បីយករួចខ្លួន ដើម្បីសេចក្ដីសុខ កុំអោយស្ដេច យួនខឹង ប្រកាន់ចាប់ទោសអូសដំណើរ ស្ដេចចាមព្រះបាទជ័យឥន្រ្ទាវរ្ម័នទី៣ បានដាក់នគរចំប៉ាចំនុះយួន ចំណែកព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គត្រូវបង្ខំចិត្ដ ដកកងទ័ពពលរេហ៍ចេញពីស្រុកយួន។
នៅចំពោះមុខភាពមិនស្មោះត្រង់ គ្មានសេចក្ដីក្លាហានរបស់ស្ដេចនគរចំប៉ា ព្រះបាទសុរិយាវរ្ម័នទី២ តែងតែចិញ្ចឹមចិត្ដ សងសឹកកសាងកិត្ដិយសជានិច្ច។ ព្រះអង្គបានគិតយ៉ាងល្អិតល្អន់ថា ត្រូវតែធ្វើសង្គ្រាមមួយទៀត វាយកំទេចន គរចំប៉ាអោយបាក់ស្បាត ហើយយកមកដាក់បញ្ចូលជាទឹកដីខេត្ដខ័ណ្ឌខ្មែរ។ ក្នុងគ.ស១១៤៩ ព្រះមហាក្សត្រខ្មែរ ព្រះបាទសុរិយាវរ្ម័នទី២ បានលើកយកកងពលទាហានសេនាយ៉ាងច្រើន សំបើមអស្ចារ្យ ទៅវាយប្រហារនគរចំប៉ា។ កងទ័ពខ្មែរបានចេញប្រសាចទៅឡោមព័ទ្ធកងទ័ពបន្ទាយ និងទីក្រុងចាមគ្រប់ទិសទី ព្រះរាជាខ្មែរបានវាយកំទេចយកជ័យជំនះឈ្នះលើទ័ពចាម នៅត្រង់វាលសាក្លាង ។ ស្ដេចចាមត្រូវបាត់ខ្លួន (ឬអស់ព្រះជន្ម?) នៅលើសមរភូមិ។ ព្រះរាជធានីចាម វិជ័យ ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មែរ។ កងទ័ពខ្មែរក៏បានដណ្ដើមកាន់កាប់ត្រួតត្រានគរចំប៉ាទាំងមូល។
ក្នុងគ.ស១១៤៧ ព្រះបាទសុរិយាវរ្ម័នទី២ បានតែងតាំងប្អូនថ្លៃព្រះអង្គ ឈ្មោះហរិទេវៈ ជាព្រះឧបរាជអោយសោយរាជនៅនគរចំប៉ា។ ក្នុងគ.ស.១១៤៩ ដោយដឹងច្បាស់ថាកងទ័ពទាហានខ្មែរ នៅលើទឹកដីចាមមានចំនួនតិច កងទ័ពចាមនៅតាមខេត្ដខ័ណ្ឌនានាបាននាំគ្នារួមកំលាំង ងើបឡើងប្រឆាំងនឹងរដ្ឋអំណាចខ្មែរ ស្ដេចខ្មែរព្រះ ឧបរាជហរិទេវៈត្រូវចាមធ្វើឃាត នគរចំប៉ាក៏បានរួចផុតពីការត្រួតត្រារបស់ខ្មែរ កាលបើបានជ័យជំនះនេះហើយកងទ័ពបះបោរចាម ក៏បានស្រុះស្រួលមូលមតិយល់ព្រមជ្រើសរើសតែងតាំងស្ដេចចាមឈ្មោះ ជ័យហរិវ្មរ័នទី១ ជាព្រះមហាក្សត្រ។ គឺនៅក្នុងកាលៈទេសៈដែលកើតព្រឹត្ដិការណ៍នេះ ដែលព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គបា នចូលទីវង្គត។
៤. ព្រះបាទធរនិន្រ្ទវរ្ម័នទី២ គ.ស១១៥០ - ១១៦០
ព្រះបាទធរនិន្រ្ទវរ្ម័នទី២ ដែលជាបងប្អូនជីដូនមួយបង្កើត នឹងព្រះបាទសុរិយាវរ្ម័នទី២ ត្រូវបានតែងតាំងជាព្រះមហាក្សត្រខ្មែរ ក្នុងគ.ស.១១៥០។ ព្រះអង្គអនុវត្ដនយោបាយបន្ដសង្រ្គាមនឹងនគរចំប៉ាដដែល កងទ័ពទាហានខ្មែរ ដែលចេញទៅប្រយុទ្ធនឹងចាម ត្រូវស្ថិតនៅក្រោមបញ្ជា របស់ព្រះរាជបុត្រព្រះអង្គ ដែលថ្ងៃក្រោយក្លាយទៅជា ព្រះបាទជ័យវរ្ម័នទី៧ កាលនោះព្រះអង្គព្រះជន្មទើបបាន ២៥វស្សា។
ក្នុងពេលដែលព្រះអង្គកំពុងតែលើកទ័ពចូលប្រយុទ្ធ នៅមុខព្រះរាជធានីចាមវិជ័យ ព្រះអង្គបានទទួលដំណឹងយ៉ាង ចុកចាប់មកថា បិតាព្រះអង្គសុគត ហើយព្រះយសោវរ្ម័នទី២ បានឡើងគ្រងរាជសម្បត្ដិនគរកម្ពុជា គឺក្នុងគ.ស ១១៦០ ព្រះអង្គនៅស្ងៀមស្ងាត់ មិនបញ្ចេញឥរិយាបថក្រេវក្រោធឡើយ។ ព្រះអង្គបែរជាគារពបូជា និងតាំងចិត្ដស្មោះត្រង់ភក្ដីចំពោះរាជាថ្មីជានិច្ច ព្រះអង្គនៅតែបន្ដការវាយប្រហារប្រយុទ្ធនឹងកងទ័ពចាមព្រះជ័យវរ្ម័ន បានវាយកំទេចបំផ្លាញខេត្ដខ័ណ្ឌចាមអស់ជាច្រើន។
៥. ព្រះបាទយសោវរ្ម័នទី២ គ.ស១១៦០ - ១១៦៥
ព្រះមហាក្សត្រអង្គនេះ ក្នុងរាជព្រះអង្គ បានជួបប្រទះនូវវិបត្ដិផ្ទៃក្នុងជាច្រើន។ តាមរយៈសិលាយចារឹក យើងដឹងថា មានមនុស្សមានក្រុមជាច្រើនបានប៉ុនប៉ងចង់ធ្វើឃាតព្រះអង្គ តែមិនបានសំរេច។ មនុស្ស ឬក្រុមដែលចង់ធ្វើគតព្រះអង្គ យើងមិនអាចស្គាល់ឈ្មោះទេ។ ពីព្រោះសិលាចារឹក ប្រាសាទបន្ទាយឆ្មារ បានត្រឹមតែបញ្ជាក់ថា មាន «ករតៈរហូ» ក្បត់ចង់មកយាយីលេបត្របាក់ សិលាចារឹកបានប្រៀបប្រដូចព្រឹត្ដិការណ៍ក្បត់ ទៅនឹងរាហូដែលកំពុងលេបព្រះចន្ទ។
ព្រះបាទយសោវរ្ម័នទី២ បានរួចរស់ជីវិត ដោយសារសេចក្ដីក្លាហាន និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃ របស់ព្រះស្រីឥន្រ្ទកុមារ ព្រះរាជបុត្រព្រះជ័យវរ្ម័ន ដែលជាមេទ័ពរក្សាព្រះអង្គ ព្រះស្រីឥន្រ្ទវរ្ម័នខ្លួនឯង បានរួចរស់ផុតមកពីសេចក្ដីស្លាប់ ដោយវីរភាពរបស់មេទ័ពពីរនាក់ អរជូន និងស្រីភរទេវបរៈ ដែលបានយកជីវិតទៅបូជារាំងបាំងការពារព្រះអង្គ។
ក្នុងគ.ស ១១៦៥ ព្រះយសោវរ្ម័នទី២ មិនបានគេចផុតរួចអំពីអំពើក្បត់ប៉ងធ្វើឃាតដូចលើកមុនទៀឡើយ។ ព្រះអង្គត្រូវមន្រ្ដីជាន់ខ្ពស់ម្នាក់ឈ្មោះត្រីភុវិនអាទិត្យវរ្ម័ន និងក្រុមបក្សពួកធ្វើរដ្ឋប្រហារសំលាប់ព្រះអង្គ។
៦. ព្រះបាទត្រីភុវ័នអាទិត្យវរ្ម័ន គ.ស ១១៦៥ - ១១៧៧
ព្រះបាទត្រីភុវន័អាទិត្យវរ្ម័ន ស្ដេចជ្រែករាជ្យ ដែលបានធ្វើគត់ព្រះបាទយសោវរ្ម័នទី២ បានប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនៅមហានគរ។ ក្នុងកាលជាមួយគ្នានោះដែរ នៅនគរចំប៉ា ស្ដេចចាមដែលត្រឹមត្រូវតាមច្បាប់ ក៏ត្រូវគេធ្វើរដ្ឋប្រហារសំលាប់ដែរ។ ស្ដេចចាមថ្មីឈ្មោះ ជ័យឥន្រ្ទវរ្ម័នទី៤ ដើម្បីសុំសុខ ស្ដេចចំប៉ាអង្គនេះ បានសុំសេចក្ដីអនុញ្ញាតពីស្ដេចចិនជាមុនសិន មុននឹងទទួលអភិសេកជាព្រះមហាក្សត្រ។ ព្រះអង្គក៏បាននាំសួយសារអាករ ជាច្រើនយកទៅថ្វាយស្ដេចយួនដែរ។ ស្ដេចចាមព្រះជ័យឥន្រ្ទវរ្ម័នទី៤មានរឹកពារច្រងេងច្រងាង ក្រអើតក្រទមកោងកាចសាហាវដូចក្រុងរាពណ៍ ដែលរៀបចំគ្រឿងអាវុធយុទ្ធភ័ន្ដដាក់ក្នុងរទេះ ចេញមកវាយប្រហារប្រទេសកម្ពុជា នេះជាកំនត់សិលាចារឹកខ្មែរ។ កាលបើរៀបចំបានទទួលការគាំទ្រពីប្រទេសចិន និងយួនហើយ ស្ដេចចាមក៏លើកពលសេនាយ៉ាងសន្ធឹកអឹងកង ចូលមកវាយប្រហារលុកលុយបំផ្លិចបំផ្លាញ ដុតប្រទេសកម្ពុជា។ គ្រានោះកងទ័ពខ្មែរនៅមានថ្វីដៃ អាចទប់ទល់ប្រយុទ្ធតតាំងនឹងសត្រូវ យ៉ាងអង់អាចក្លាហាន នៅតំបន់ដីកម្ពុជាក្រោម។ សង្គ្រាមខ្មែរចាមបានឆាបឆេះ ចាប់ពីគ.ស ១១៦៨ ទៅ គ.ស ១១៧៥។ តែទ័ពចំប៉ាមិនទាន់ដណ្ដើមយកជ័យជំនះបានទេ។
ស្ដេចចាមក៏សំរេចចិត្ដលើកទ័ពតាមផ្លូវទឹក ឡើងតាមទន្លេមេគង្គ ចូលមកដល់បឹងទន្លេសាបដើម្បីចូលវាយប្រហារខ្មែរ អោយដល់មហានគរ ដែលជាបេះដូងនគរខ្មែរតែម្ដង។ កងទ័ពជើងទឹកខ្មែរពុំមានលទ្ធភាពអាចទប់ទល់ នឹងខ្មាំងបានឡើយ ហើយត្រូវកងទ័ពចាមវាយកំទេចបំផ្លាញខូចខាតវិនាសអស់។ ដោយមិនបានប្រុងប្រៀបរៀបចំគ្រោងទុកជាមុន មហានគរត្រូវធ្លាក់ក្នុងកន្ដាប់ដៃស្ដេច និងកងទ័ពចាម។ ធនធានទ្រព្យសម្បត្ដិភោគផលខ្មែរទាំងប៉ុន្មាន ត្រូវចាមលួចប្លន់ដឹកជញ្ជូនយកអស់គ្មានសេសសល់។ ប្រាង្គប្រាសាទខ្មែរ ផ្ទះសំបែងភូមិស្ថាន ត្រូវចាមរុករានទន្រ្ទានទី ដុតបំផ្លាញគ្មានប្រណីដែរ។ ឯប្រជានុរាស្រ្ដ ក៏ត្រូវកងទ័ពចាមកាប់សំលាប់ ធ្វើទុក្ខបុកម្នេញ ចាប់ចង កៀរកេណ្ឌធ្វើជាឈ្លើយដែរ។
មហានគរត្រូវចាមវាយប្រហារបំផ្លិចបំផ្លាញ ដណ្ដើមយកបាននៅថ្ងៃ១៥កើត ខែចែត្រ គ.ស ១១៧៧ ស្ដេចខ្មែរជ្រែករាជ ព្រះបាទត្រីភុវ័នអាទិត្យ បានស្នើសុំចរចាធ្វើសន្ដិភាព នឹងស្ដេចចាមដែរ តែស្ដេចនគរចំប៉ាមិនយល់ព្រម ហើយក៏បានធ្វើគតព្រះអង្គក្នុងគ្រានោះទៅ។ នគរចំប៉ាក៏បានចាប់ផ្ដើមកាន់កាប់ត្រួតត្រាប្រទេសកម្ពុជាពីថ្ងៃនោះមក(3)។
១ = រាជធានឥន្រ្ទបុរៈ ស្ថិតនៅក្នុងប្រទេសវៀតណាមបច្ចុប្បន្ន ត្រង់ចំនុចត្រាកីវ ខាងលិចមីសឹង។
២ = ដាន់រាំងបច្ចុប្បន្ននៅទីក្រុងមួយក្នុងប្រទេសវៀតណាម។
3 = ព្រឹត្ដិការណ៍ចាមវាយប្រហារដណ្ដើមយកមហានគរបាន គេពុំដែលឃើញមានការកត់ត្រារៀបរាប់អធិប្បាយក្នុងពង្សាវតារខ្មែរ ឬរបាយក្សត្រណាមួយឡើយ តើនេះមកពីបុព្វហេតុអ្វី?។