Showing posts sorted by relevance for query ព្រឹត្ដិការណ៍ ១៩៦៧. Sort by date Show all posts
Showing posts sorted by relevance for query ព្រឹត្ដិការណ៍ ១៩៦៧. Sort by date Show all posts

Saturday, June 5, 2021

ព្រឹត្ដិការណ៍ ១៩៦៧ -១៩៧០

កំណត់ត្រាប្រវត្តិសាស្ត្រខ្មែរ
18 November 2015 · 
ព្រឹត្ដិការណ៍នៅកម្ពុជាអំឡុងឆ្នាំ ១៩៦៧ -១៩៧០
=============================
ព្រឹត្ដិការណ៍ឆ្នាំ ១៩៦៧ ៖
  1. ខែមករា ថ្ងៃទី៦ សីហនុចេញទៅប្រទេសបារាំងសំរាប់រយៈពេលពីរខែ។ លន់ នល់ ឆ្លៀតឱកាសអវត្ដមានសម្ដេចសីហនុ បានរៀបចំប្រព័ន្ធប្រមូលស្រូវដោយពួកយោធាមួយ ដោយពួកនេះបង់ថ្លៃទិញស្រូវតែមួយភាគបីនៃ តំលៃនៅទីផ្សារសេរីតែប៉ុណ្ណោះ។ ការនេះធ្វើទៅដោយមានទាំងអំពើហឹង្សា និងពេលខ្លះមានដល់អំពើឃាតកម្មផងក៏មាន។ ដើម្បីធ្វើយុទ្ធនាការនេះ លន់ នល់ បានទៅស្នាក់នៅក្នុងខេត្ដបាត់តំបងដែលពីមុនក្នុងអំលុងឆ្នាំ ១៩៤៦ ដល់១៩៥៣ គាត់ធ្លាប់កាន់ការជាចៅ ហ្វាយខេត្ដនៅទីនោះ។

  1. ខែកុម្ភៈ ថ្ងៃទី២៤ ដល់ថ្ងៃទី៣ ខែមិនា កងទ័ពអាមេរិកកាំង និង យួនខាងត្បូងចូល កាន់កាប់ភូមិច្រកក្រាញ (ខេត្ដកំពង់ចាម) ដោយដេញប្រជាជនខ្មែរអោយចេញអស់ពីភូមិ ។ 
  2. ខែមិនា ថ្ងៃទី៩ ការយាងត្រលប់មកកម្ពុជាវិញ របស់ស្ដេច សីហនុ ដោយព្រះអង្គឃើញថា មានសភាពកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។ ខិតប័ណ្ណប្រកាសប្ដឹងបរិហារការប្រមូលស្រូវ និងអំពើហឹង្សារបស់ពួកទាហាននិងទិទៀននយោ បាយនិយមអាមេរិករបស់ លន់ នល់ ។ 
  3. ថ្ងៃទី ១១ មហាបាតុកម្មដ៏ធំមួយនៅទីក្រុង ភ្នំពេញ រៀបចំដោយពួកឆ្វេងនិយមដែលមាន ខៀវ សំផន ជាមេ និងពួកឆ្វេងនិយមនៅក្នុងគណបក្សសង្គម។ មានការទាមទារអោយ លន់ នល់ ចុះចេញពីតំនែង។ 
  4. ថ្ងៃទី៣០ សមាជិករដ្ឋាភិបាលពីររូបគឺ ម៉ៅ សារី ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីទទួលបន្ទុកការសំរបសំរួលសេដ្ឋកិច្ចនិង ឌុក រ៉ាស៊ី ជារដ្ឋលេខានៃក្រសួងផែនការត្រូវស្ដីបន្ទោសចាប់ពិរុទ្ធដោយសភាជាតិ។ 
  5. ខែមេសា ថ្ងៃទី២ ការបះបោររបស់កសិករ នៅភាគខាងត្បូងនៃខេត្ដបាត់ដំបងដែលគេ​អោយឈ្មោះថា ការបះបោរនៅសំឡូត។ ទាហានជាច្រើនត្រូវបានគេសំលាប់។ មនុស្សរាប់រយនាក់រត់ចូលព្រៃ។ បន្ទាប់ពីបានទទួលការទាមទាររបស់កសិករថា ជាការត្រឹមត្រូវ និង អំពើពុករលួយរបស់អាជ្ញាខេត្ដរួចមក សីហនុ បានចោទប្រកាន់ពួក កុំមុយនិស្ដថា ជានាក់ទទួលខុសត្រូវចំពោះការបះបោរនេះ។ ការបង្រ្កាបមានភាពសាហាវយង់ឃ្នងគឺ ភូមិជាច្រើនត្រូវរងការទំលាក់គ្រាប់បែកពីយន្ដហោះ មានការសំលាប់កសិករយ៉ាងរង្គាលដូចជា រុញទំលាក់ពីលើភ្នំចុះក្នុងជ្រោះជាដើម។ ហេតុការនេះចេះតែធ្វើបន្ដរហូតដល់ខែសីហា។ ថ្ងៃទី២២ សីហនុ ចោទប្រកាន់ជាសាធារណចំពោះ ខៀវ សំផន ហ៊ូ យន់ ហ៊ូ នឹម ថាបានញុះញង់អោយមានការបះបោរនៅ សំឡូតព្រមទាំងបានគំរាមថា នឹងបញ្ជូនពួកគេទៅអោយតុលាការសឹកទៀតផង ។ ថ្ងៃទី២៤ ខៀវ សំផន និង ហ៊ូ យន់ ចូលព្រៃ។ គោលបំនងនៃពួកសមាជិកសភាស្ដាំនិយមដែលចង់ដកអភ័យឯកសិទ្ធិហ៊ូ នឹម ត្រូវបរាជ័យ។ 
  6. ថ្ងៃទី៣០ លន់ នល់ចុះចេញពីតំណែង។ 
  7. ខែឧសភា ថ្ងៃទី១ រដ្ឋាភិបាលសង្គមទី២៣ គឺរដ្ឋាភិបាល សីហនុ។ សឺន សាន ជានាយករដ្ឋមន្រ្ដី។ និស្សិតចំនួន១៥០០០ នាក់បានធ្វើបាតុកម្ម នៅទីក្រុងភ្នំពេញ ប្រឆាំងតវ៉ានឹងការសន្និដ្ឋានថាមានឃាតកម្មមួយលើរូប ខៀវ សំផន និងហ៊ូ នឹម។ បាតុកម្មនេះមានរយៈពេលជាច្រើនថ្ងៃ។
  8. ថ្ងៃទី៩ ប្រទេសកម្ពុជា បានស្នើទៅសហគមនី អន្ដរជាតិ អោយទទួលស្គាល់ព្រំដែនរបស់ ប្រទេសកម្ពុជា ដែលបានកំនត់នូវក្នុងផែនទីដែលបានប្រើនៅឆ្នាំ១៩៥៤។ 
  9. ថ្ងៃទី៣១ ពួកយៀកកុងព្រមទទួល ស្គាល់នូវព្រំប្រទល់ប្រទេសកម្ពុជានៅឆ្នាំ១៩៥៤។ 
  10. ខែមីនា ជា ស៊ីម ហេង សំរិន ចូលព្រៃ។ 
  11. ខែមិថុនា ថ្ងៃទី៨ សាធារដ្ឋប្រជាធិបតេយ្យ យួនខាងជើងព្រមទទួលស្គាល់ព្រំប្រទល់ប្រទេសកម្ពុជានៅឆ្នាំ១៩៥៤។ 
  12. ខែឧសភា ថ្ងៃទី២២ ការបើកការិយាល័យតំណាងអចិន្ត្រៃយ៍ របស់យួនយៀកកុងប្រចាំនៅកម្ពុជា។ 
  13. ខែមិថុនា ថ្ងៃទី១៣ ការសំរេចចិត្ដធ្វើខេមរយានកម្ម ជាបន្ដើរៗនៅភូមិសិក្សាកំរិតពីរ និងកំរិតបី។ ថ្ងៃទី២៤ ការិយាល័យតំណាងយួនខាងជើងនៅភ្នំពេញឡើងថានៈជាស្ថានទូត។ 
  14. ថ្ងៃទី២៨ ក្រុមនិស្សិតបានវាយ កំទេចទីស្នាក់ការ កាសែតស្ដាំនិយមមួយឈ្មោះ ខ្មែរឯករាជ្យ របស់លោក ស៊ឹម វ៉ា។
  15. ខែកញ្ញា ថ្ងៃទី២ សីហនុ បានហាមឃាត់ សមាគមមិត្ដភាព ខ្មែរ ចិន ដែលដឹកនាំដោយ ហ៊ូ នឹម និង ភោគ ឆាយ ដោយសមាគមនេះបានដើរចែកចាយ កូនសៀវភៅក្រហម របស់ ម៉ៅសេទុង។ 
  16. ថ្ងៃទី១១ ការបិទគ្រប់កាសែតទាំងអស់ លើកលែងតែកាសែតប្រចាំថ្ងៃចំនួន ៤ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងពត៌មាន។ សេរីភាពនៃការបញ្ចេញមតិត្រូវបាត់ទាំងស្រុង។ ការជាវកាសែតឈ្មោះ លើម៉ុង ត្រូវធ្វើតាមរយៈប៉ូលិស។ សមាគមនិស្សិតដែលដឹកនាំដោយ ភោគ ឆាយ ​ត្រូវរំលាយ។ 
  17. ថ្ងៃទី៣០ ក្នុងពេលធ្វើការប្រជុំមួយក្នុងមណ្ឌលរបស់ ហ៊ូ នឹម សីហនុ បានប្រកាសថា ហ៊ូ នឹម មានមុខជាយួន រឺ ចិន ។ ការចោទនេះ ត្រូវសហគមជាតិបដិសេធចោល។
  18. ខែតុលា ថ្ងៃទី៥ សីហនុ ចាត់ទុក  ហ៊ូ នឹម ជាជនក្បត់ អាចបញ្ជូនទៅតុលាការសឹក និងត្រូវប្រហារជីវិតទៀតផង។
  19. ថ្ងៃទី៧ ហ៊ូ នឹម រត់ចូលព្រៃនៅភ្នំក្រវាញ។ មានការ ចាប់ក្រុមគ្រូបង្រៀន និងនិស្សិតជាច្រើននាក់ មនុស្សជាច្រើនត្រូវគេវាយដំ។
  20. ថ្ងៃទី២៥ សីហនុ ផ្ដន់ទាទោសពួកខ្មែរក្រហម និង ពួកខ្មែរខៀវ។ និស្សិតនិងគ្រូបង្រៀនរាប់ពាន់នាក់ រត់ចូលព្រៃ។ 
  21. ខែធ្នូ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ សមាជលើកទី២៤ របស់សង្គម។

ព្រឹត្ដិការណ៍ឆ្នាំ ១៩៦៨ ៖
  1. ខែមករា ថ្ងៃទី៨ ដល់ថ្ងៃទី១២ ដំនើរទស្សនកិច្ចរបស់ លោក ឆេសទ័រ បូល អែកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសឥណ្ឌា និង ជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក មកកាន់កម្ពុជា។ សីហនុ ទាមទារអោយសហរដ្ឋអាមេរិក ទទួលស្គាល់ព្រំដែនប្រទេសកម្ពុជា។ ហើយព្រះអង្គក៏បានលើកឡើងផងដែរ អំពីសកម្មភាពយោធាជាយ ថាហេតុរបស់ពួកអាមេរិកាំងនៅលើទឹកដីកម្ពុជា។ កិច្ចសន្ទនារវាង បូល និងសីហនុ គឺជាដើមហេតុនៃ សង្រ្គាមពាក្យសំដីលើបញ្ហាថា តើសីហនុផ្ដល់សិទ្ធិទំលាក់គ្រាប់បែក រឺ អត់ ដល់ក្រុមបេ៥២ របស់អារមេរិកាំង អោយទំលាក់តាមព្រំដែនខ្មែរ។
  2. ថ្ងៃទី១៥ បេសកកម្មរបស់ អង្គការសហប្រជាជាតិមួយ ទទួបន្ទុកលើការស្នើ អោយមានការិយាល័យជាច្រើននៅតាមព្រំដែនខ្មែរ ថៃ ត្រូវដកខ្លួនចេញដោយគ្មានការអ្វីឡើយ។ ក្នុងចំ នោមសមាជិករបស់គេទាំងអស់គឺ មានជនជាតិជប៉ុនឈ្មោះ យ៉ាស៊ូស៊ី អាកាស៊ី ដែលគាត់បានក្លាយជានាក់ ទទួលខុសត្រូវជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនៅកម្ពុជា នៅរវាងឆ្នាំ១៩៩២ ទៅឆ្នាំ១៩៩៣។
  3. ថ្ងៃទី១៧សមាសភាពរបស់ពួកកុំមុយនិស្ដខ្មែរបានវាយប្រហារប៉ុស្ដរដ្ឋាភិបាលមួយនៅបាណន់ក្នុងខេត្ដបាត់ដំបង ព្រមទាំងរឹបអូសបានអាវុធចំនួន ៣២ដើមទៀតផង។ សកម្មភាពនេះត្រូវអបអរសាទរដោយពួកខ្មែរក្រហម ហើយក៏ជាការចាប់ផ្ដើមនៃការតស៊ូដោយប្រដាប់អាវុធនិងក៏ជាថ្ងៃដែលពួកគេកំណត់ថាជាថ្ងៃបង្កើត កងទ័ព បដិវត្ដន៍រំដោះ។ ចាប់តាំងពីពេលនោះមកសកម្មភាពផ្នែកសង្រ្កាមឈ្លបមានកើតឡើងជាប្រចាំ។ ពួកកុលសម្ពន្ធភ្នំនៅតាមខេត្ដរតនគីរី និងមណ្ឌលគីរី ជាខេត្ដជិតខាងយួននោះ ក៏បានចូលរួមជាមួយពួក ឧទ្ទាមយ៉ាងឆាប់រហ័ស ហើយរាលដាលពេញផ្ទៃប្រទេស។
  4. ថ្ងៃទី៣១ រដ្ឋាភិបាលសង្គមទី ២៤ គឺ រដ្ឋាភិបាល ប៉ែន នុត ដែលគេអោយឈ្មោះថា រដ្ឋាភិបាលចុងក្រោយ។
  5. ខែកុម្ភៈ ថ្ងៃទី១៩ ការព្រមទទួលយកជំនួយសេដ្ឋកិច្ច និង យោធារបស់សហរដ្ឋអាមេរិកវិញ។
  6. ថ្ងៃទី២៥ ពួកឧទ្ទាមបានវាយប្រហារក្នុងពេលតែមួយក្នុងបន្ដាខេត្ដចំនួន៦ គឺខេត្ដបាត់ដំបង កំពុងឆ្នាំង កំពុងស្ពឺ តាកែវ កំពត កោះកុង។ មាននាក់ភូមិចំនួន ១០០០០នាក់បានចុះ ចូលតាមពួកឧទ្ទាម។
  7. ខែឧសភា ថ្ងៃទី១៣ លន់ នល់ ត្រូបានគេបញ្ចូលក្នុងរដ្ឋាភិបាលវិញ គាត់មានតំនែង ជារដ្ឋមន្រ្ដីការពារជាតិ និងជាអគ្គអធិការនៃកងទ័ពជាតិ ។
  8. ខែកក្កដា ថ្ងៃទី ២៥ សន្និបាទសង្គមលើកទី២៥ ។
  9. ខែតុលា ថ្ងៃទី២៩ សំពោធ អាកាសយានដ្ឋាន វាលបែកចាន នៅខេត្ដបាត់ដំបង។ 
  10. ថ្ងៃទី៣១ សំពោធ សកលវិទ្យាល័យបាត់ដំបង។ 
  11. ខែធ្នូ ថ្ងៃទី៥ លន់ នល់ ជានាយករដ្ឋមន្រ្ដី ដោយរក្សាតំនែង ក្រសួងការពារនិងអគ្គអធិការនៃកងទ័ពជាតិដដែល។
ព្រឹត្ដិការណ៍ឆ្នាំ ១៩៦៩ ៖
  1. ខែកុម្ភៈ ថ្ងៃទី៩ ការទំលាក់គ្រាប់បែកជាលើកទីមួយរបស់យន្ដហោះ បេ៥២ របស់អាមេរិកាំងនៅក្នុងទឹកដីកម្ពុជា។ 
  2. ខែមិនា ថ្ងៃទី២ ជាលើកទី១ ដែល សីហនុ រិះគន់ការបោះទីតាំងរបស់ពួកយៀកកុងនៅតាមព្រំដែនខ្មែរ។ 
  3. ថ្ងៃទី១៨ ការចាប់ផ្ដើមនៃការទំលាក់គ្រាប់បែកយ៉ាងសំងាត់របស់អាមេរិក ដែលមានរយៈពេល ១៤ខែក្នុងទឹកដីកម្ពុជា។ ប្រតិបត្ដិការនេះមានឈ្មោះថា មឺនុយ។ ដើម្បីលាក់កំបាំងនូវបេសកកម្មនេះចំពោះសាធរណៈមតិ និងមហាសន្និបាទ សភាអាមេរិកាំងនោះ រដ្ឋការលោក និច សុន បានក្លែងឯកសារជាផ្លូវការជាច្រើន។ 
  4. ថ្ងៃទី២៥ ប៉ុស្ដិយាមនៅរមាសហែ (ខេត្ដស្វាយរៀង) ត្រូវទទួលរងការវាយប្រយុទ្ធពីពួកកុំមុយនិស្ដខ្មែរប្រហែលចំនួន៦០នាក់។
  5. ថ្ងៃទី២៩ សីហនុ បានបង្ហាញនូវផែនទីលំអិត មួយនៃទីតាំងរបស់ពួកយួនខាងជើង និង យួនយៀកកុង។ 
  6. ខែមេសា ថ្ងៃទី១១ ទំនាក់ទំនងការទូតជាមួយអាមេរិកត្រូវបានស្ដារឡើងវិញជាផ្លូវការ។
  7. ថ្ងៃទី១៤ មេសា ដល់ ១២ ខែឧសភា យន្ដហោះនៃទ័ពអាកាសអាមេរិកជាច្រើន បានរោយម្សៅគីមីដែលធ្វើអោយស្លឹកឈើជ្រុះអស់ពីដើមនៅលើផ្ទៃដីចំនួន ៨៥០០០ហិតតា នៅក្នុងស្រុកមេមត់ និងស្រុកពញាក្រែក ក្នុងខេត្ដកំពុងចាម។
  8. ថ្ងៃទី២៦ កងខេមរភូមិន្ទ បានវាយលើទីតាំងឈរជើងរបស់ពួកកុំមុយនិស្ដខ្មែរនៅក្នុង   ខេត្ដរតនគីរី។ 
  9. ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា យន្ដហោះនៃទ័ពអាកាសអាមេរិកបានរោយម្សៅគីមីដែលធ្វើអោយស្លឹកឈើជ្រុះអស់ពីដើមនៅលើ ផ្ទៃដីចំការកៅស៊ូចំនួន១៥០០០ហិកតា។
  10. ខែឧសភា ថ្ងៃទី១១ សេចក្ដីប្រកាសអំពីការមានទំនាក់ទំនងការទូតជាប្រក្រតីឡើងវិញជាមួយសហរដ្ឋអាមេរិក។
  11. ខែកក្កដា ថ្ងៃទី២៨ ប្រទេសកម្ពុជាក្លាយជាសមាជិក របស់មូលនិធិនៃរូបីយវត្ថុអន្ដរជាតិ។
  12. ថ្ងៃទី៣០ ឧត្ដមសេនីយអែក ញឹក ជូឡុង បានផ្ទេរកិច្ចបញ្ជាការកងទ័ព ទៅអោយ លន់ នល់។
  13. ខែសីហា ថ្ងៃទី១ ការចុះចេញពីតំនែងរបស់រដ្ឋាភិបាល ប៉ែន នុត។
  14. ថ្ងៃទី១៤ រដ្ឋាភិបាលសង្គមចុងក្រោយ រឺ ហៅថារដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ លន់ នល់។ ឧបនាយករដ្ឋមន្រ្ដីគឺ ទ្រង់ស៊ីសុវត្ថិសិរីមតៈ ជាសម្ព័ន្ធមិត្ដ ជាមួយអាមេរិកហើយដែលជាសត្រូវ និងជាជីដូនមួយរបស់ សីហនុ។
  15. ខែតុលា ថ្ងៃទី២៣ លន់ នល់ ចេញដំណើរទៅព្យាបាលជំងឺនៅប្រទេសបារាំង។ សិរីមតៈ ដឹកនាំប្រទេស។
  16. ខែធ្នូ ថ្ងៃទី២៦ តាមសំនើររបស់ សិរីមតៈ រដ្ឋមន្រ្ដីមួយចំនួនដែលស្មោះត្រង់ចំពោះ សីហនុបានចុះចេញពីតំនែងរដ្ឋាភិបាលនៅមានដំនើរការដដែល។
ព្រឹត្ដិការណ៍ឆ្នាំ ១៩៧០៖
  1. ខែមករា ថ្ងៃទី៦ នរោត្ដម សីហនុ ចេញដំនើរទៅកាន់ប្រទេសបារាំង។
  2. ខែកុម្ភៈ ថ្ងៃទី៣ វរសេនីយឯក អ៊ុំ មាណូរិន ជារដ្ឋលេខានៃកិច្ចការពារលើផ្ទៃប្រទេសនិងត្រូវជាប្អូនថ្លៃរបស់សីហនុផងនោះបានចូលរួមក្នុងការរត់ពន្ធដ៏ធំមួយ។ ថ្ងៃទី១៨ លន់ នល់ ត្រលប់ពីប្រទេសបារាំងចូលកម្ពុជាវិញ។
  3. ខែមិនា ពីថ្ងៃទី៨ ដល់ទី៩ មានបាតុកម្មជាច្រើននៅស្វាយរៀង ប្រឆាំងយួនដែលបំផុសដោយពួកទាហាន។ 
  4. ពីថ្ងៃទី១១ដល់ទី១៦មានបាតុកម្មជាច្រើននៅភ្នំពេញប្រឆាំងយួនយៀកកុង និងប្រឆាំងក្រុងហាណូយ។ ស្ថានទូតយួនខាងជើង និងស្ថានទូតរបស់រដ្ឋាភិបាលបដិវត្ដន៍បន្ដោះអាសន្នរបស់យួនត្រូវបាតុករវាយកំទេច។ យួនជាច្រើនក្បាលត្រូវសំលាប់។ថ្ងៃទី១២ មិនា បណ្ណាគារ ហុង ជូ ដែលជានាក់ម៉ៅផ្ដាច់មុខលើសំភារៈសិក្សា ដែលមានបិទរូប សីហនុនោះ ត្រូវគេវាយកំទេច។
  5. នៅថ្ងៃទី១៥ រដ្ឋាភិបាលស្នើអោយក្រុងហាណូយ និងពួកយៀកកុង អោយដកថយទាហានចេញពីទឹកដីខ្មែរ។ រដ្ឋាភិបាលក៏បានលុបចោលផងដែរនូវកិច្ចព្រមព្រៀង ផ្ដល់យោធុបករណ៍ ដល់ពួកកុំមុយនិស្ដយួនតាមច្រកកំពង់ផែក្រុងព្រះសីហនុ។ សីហនុបានថ្កោ ទោសបាតុកម្ម និងបានស្ដីបន្ទោសដល់រដ្ឋាភិបាល និងរដ្ឋសភាជាតិ។ ដោយរដ្ឋសភាបានផ្ដល់ការគាំទ្រ ដល់បាតុករ។ដោយមានការគាំទ្រពីព្រះមហាក្សត្រីយានី រដ្ឋាភិបាលមានគំរោងនឹងបញ្ជូនគណប្រតិភូមួយក្រុមទៅពន្យល់សភាពការណ៍ដល់ សីហនុ តែត្រូវព្រះអង្គបដិសេធមិនទទួល។
  6. ថ្ងៃទី១៣ សីហនុ ចេញពីបារីស ទៅកាន់ ប៉េកាំង។
  7. ថ្ងៃទី១៥ លន់ នល់ សុំជំនួយពីទាហានយួនខាងត្បូង។ 
  8. ថ្ងៃទី១៦ មិនា សីហនុ បដិសេធមិនត្រលប់ចូលភ្នំពេញដោយមកពីវរសេនីឯក អ៊ុំ មាណូរិន បរាជ័យក្នុងការអោយគេចាប់ លន់ នល់។ បាតុកម្មថ្មីៗជាច្រើនប្រឆាំងយួន។ បរាជ័យកិច្ចចចារខ្មែរយួន ស្ដីអំពីការដកទ័ពយួនហាណូយ និងយួនយៀកកុង។ 
  9. ថ្ងៃទី១៧ មិនា អ៊ុំ មាណូរិន ត្រូវគេបង្ខំអោយចុះចេញពីតំនែងនិង ដាក់ឃុំក្នុងផ្ទះ។ 
  10. ថ្ងៃទី១៨នៅពេលដែលរថក្រោះព័ទ្ធអគ្គាររដ្ឋសភា សភាទាំងពីរកោះប្រជុំដោយសំងាត់ ដោយបោះឆ្នោតក្រោមការគំរាមគំហែង ជាឯកច្ឆន្ទ និងដោយកំបាំងមុខនូវការទំលាក់ នរោត្ដម សីហនុពីតំនែងប្រមុខរដ្ឋ។ ចេង ហេង ជានាក់បន្ដតំនែងនេះ។រដ្ឋាភិបាល លន់ នល់ត្រូវរៀបចំឡើងវិញ។ សីហនុ ចេញពីមូស្គូទៅប៉េកាំង ដែលនៅទីនោះព្រះអង្គបានជួបនឹងប្រតិភូបក្សកុំមុយនិស្ដខ្មែរដឹកនាំដោយ សាឡុត ស។
  11. ថ្ងៃទី១៩ សេចក្ដីប្រកាសរដ្ឋមានភាពអាសន្ន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់ទុកការទំលាក់ សីហនុ ជាការស្របច្បាប់។ នៅទីក្រុងភ្នំពេញ ការទំលាក់ សីហនុ ត្រូវបានទទួលសាទរដោយក្ដីរំភើបពីសំនាក់យុវជន និងជាពិសេសពួកនិស្សិត ក៏ដូចជាពួកបញ្ញាវន្ដដែរ ដែលពួកគេជឿជាក់ថាបដិវត្ដន៍បារាំងឆ្នាំ១៧៨៩ រស់ឡើងវិញ។ យុវជនរាប់ម៉ឺននាក់បាន ស្ម័គ្រចូលបំរើកងទ័ពដែលតួលេខឡើងពី ៣៥, ០០០ ដល់ ១៥០, ០០០នាក់ ក្នុងរយៈពេល៩ខែប៉ុណ្ណោះ។
  12. ថ្ងៃទី២០មិនាមានការឈ្លានពានដែលមានទ្រង់ទ្រាយដ៏ធំមួយចូលក្នុងទឹកដីកម្ពុជា ពីសំនាក់ទាហានយួនខាងត្បូងដឹក នាំដោយទាហានអាមេរិកាំង។ថ្ងៃទី២៣ នៅទីក្រុងប៉េកាំង សីហនុ បានប្រកាសបង្កើតរណសិរ្សរំដោះជាតិ ខ្មែរដោយមានជំនួយពីប្រទេសចិនយួនខាងជើង និងរដ្ឋាភិបាលយួនបដិវត្ដន៍បន្ដោះអាសន្ន។ រណសិរ្សនេះរួមមានពួកនាក់សីហនុនិយមនិងក៏មានផងដែរពួកកុំមុយនិស្ដខ្មែរ។ ហើយក្រោយមក រណសិរ្សក៏បានបង្កើតកងទ័ពរបស់គេភ្លាមៗដែរគឺកងទ័ពរំដោះជាតិខ្មែរ។
  13. ថ្ងៃទី២៤ សីហនុអំពាវនាវអោយទាហានបះបោរប្រឆាំងនិងរបបលន់ នល់។ សង្រ្គាមរាលដាលដល់ស្រុកខ្មែរ។
  14. ថ្ងៃទី២៦ មានមនុស្ស ជាងមួយម៉ឺននាក់ នៅកំពុងចាម បានធ្វើបាតុកម្មគាំទ្រ សីហនុ។ សមាជិកសភាពីរនាក់ដែលម្នាក់ ជាប្អូនរបស់ លន់ នល់ ត្រូវគេសំលាប់និង កាប់ជាដុំៗ ហើយវះយកថ្លើមអាំងស៊ី។
  15. ថ្ងៃទី២៧ ដល់ ២៨ មានបាតុកម្មជាច្រើននៅភ្នំពេញសៀមរាប កំពុងចាម និង តាកែវ ប្រឆាំងនិងរបបដឹកនាំដោយ លន់ នល់។ ការបង្រ្កាបរបស់រដ្ឋាភិបាល បានបន្ដាលអោយមានមនុស្សស្លាប់ជាច្រើន។ ខៀវ សំផន និងហ៊ូ នឹម ចេញសេចក្ដីថ្លែងការគាំទ្រ សីហនុ។ 
  16. ថ្ងៃទី២៩ ខែមិនា ក្នុងនាម សីហនុ ទាហានយៀកកុង និង យួនខាងជើង បានវាយលុកលើទាហានរដ្ឋាភិបាល។
  17. ខែមេសា ថ្ងៃទី២០ លន់ នល់ សុំជំនួយយោធាអាមេរិក
  18. ខែឧសភា ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ សន្និសិទអន្ដរជាតិមួយនៅក្រុង ហ្សាកាតាស្នើអោយមានការដកទ័ពបរទេសទាំងអស់ចេញពីប្រទេសកម្ពុជា។ យន្ដហោះយួនខាងត្បូងបានទំលាក់កំទេច​សកលវិទ្យាល័យកំពុងចាម។ 
  19. ថ្ងៃទី២៦ សហរដ្ឋអាមេរិកផ្ដល់ជំនួយយោធាដល់រដ្ឋាភិបាល លន់ នល់ ដោយគិតជាទឹកប្រាក់មានចំនួន៧លានដុល្លាកន្លះ។
  20. ខែមិថុនា សាឡុត ស ត្រលប់ពីហាណូយមករតនគីរីវិញ ហើយបានទៅស្នាក់នៅបញ្ជាការដ្ឋានមួយនៅស្រុកសន្ទុក (ភាគខាងកើតខេត្ដកំពុងចាម ដែលមានឈ្មោះ តាមពាក្យកម្ពុជាប្រជាធិបតេយ្យហៅថា តំបន់៣១)។
  21. ខែសីហា ថ្ងៃ១៧ តុលាការសឹកក្រុងភ្នំពេញបានកាត់ទោសកំបាំងមុខ មូនិក សីហនុ ដាក់គុកមួយជីវិត ដោយមូលហេតុក្បត់ជាតិ។
  22. ខែកញ្ញា ប្រតិបត្ដិការចេឡា ទី១៕

Monday, May 31, 2021

ហ៊ូ នឹម

សង្ខេបៈ ខ្មែរក្រហម មានសញ្ញា ដាន បញ្ជាក់ថា ហ៊ូ នឹម ក្បត់បក្ស និង ក្បត់ជាតិ តែអ្នកគាំទ្រ ហ៊ូ នឹមថា ហ៊ូ នឹម ស្អាតស្អំ មិនក្បត់បក្ស។ ហ៊ូ នឹម សរសេរសារភាពទី ១ គឺបែប មិនក្បត់បក្ស ដែល គុក ទទួលស្លែង យល់ថា ជាចម្លើយមិនត្រឹមត្រូវ ដូច្នេះ ក៍ វាយធ្វើទារុណកម្ម សួរចម្លើយ ចេញជាការសារភាពថាក្បត់បក្សមែន។ ចុះ មហាជន និង យើងជាមនុស្សជំនាន់ក្រោយ ជឿខាងណាជាង?។ តាមប្រវត្តិសាស្រ្ត ឃើញថា ខ្មែរក្រហមឡើងកាន់អំណាច ដោយមានកងទ័ពរាប់ រយ រណសិរ្ស ក្នុងនោះ មានការបៈបោរនៅ ភូមិភាគ ដែលមាន ជនជាតិ ចាមរស់នៅ គឺ ព្រៃវែង និង កំពង់ចាម ដែលស្ថិតក្រោមការទទួលខុសត្រូវ របស់ មេទ័ពភូមិភាគ តែពួកគេមានអំណាច មានទ័ពក្នុងដៃ មានប្រជាជនក្នុងដៃ មិនបានប្រគល់អំណាចឪ្យ រដ្ឋាភីបាលយោធាខ្មែរក្រហមឡើង នេះជាអំពើរក្បត់ជាតិ។ ការបៈបោរ និងរត់ភៀសខ្លួនរបស់ប្រជាជន ចូលទៅប្រទេស ឡាវ ប្រទេសវៀតណាម ដឹកនាំដោយ ជនជាតិចាម។ ប៉ុល ពត បានព្រមាន ២ ដង ទៅ សោម ភឹម កុំទាក់ទង ពួក ចាម តែសោ ភឹម នៅតែ មានៈលួចទាក់ទង។ របាយការណ៍ថា សោ ភឹម គឺជា ចាមដែលដូរ សាសនា បន្លំជាខ្មែរ ក្រោយមក មានរបាយការណ៍ថា អ្នកបៈបោរភាគច្រើន ធ្វើតាមបញ្ជា សោ ភឹម រួមទាំង ហ៊ូ នឹមផងដែរ 

នៅក្នុងជំហានដំបូង និងជាបន្តបន្ទាប់នៃដំណើរការតស៊ូរបស់ខ្លួន បក្សកុម្មុយនីស្តកម្ពុជាបានពឹងផ្អែកលើសកម្មជនដ៏ច្រើនលើសលប់ ដែលលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តចូលរួមក្នុងចលនាតស៊ូនៅក្នុងព្រៃ ដើម្បីរំដោះទឹកដីកម្ពុជា ចេញពីអ្វីដែលខ្មែរក្រហមហៅថា «ពួកចក្រពត្តិអាមេរិក និងបរិវារ»។ បក្សកុម្មុយនីស្តកម្ពុជាបានប្រើប្រាស់សកម្មជនទាំងនោះ ដើម្បីកៀងគរប្រជាជននៅក្នុងប្រទេស និងស្វែងរការគាំទ្រនៅក្រៅប្រទេស ប្រយោជន៍ឲ្យចលនាតស៊ូរបស់ខ្លួនបានសម្រេចជោគជ័យ។ នៅពេលដែលការតស៊ូបក្សកុម្មុយនីស្តកម្ពុជា បានទទួលជោគជ័យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហមបែរជាបាត់ការទុកចិត្តចំពោះយុទ្ធមិត្តតស៊ូរបស់ខ្លួន ហើយបានចោទអ្នកតស៊ូទាំងនោះថាជា «ខ្សែក្បត់» ឬ «ខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍» ហើយនិងបានចាប់ផ្តើមកម្ទេចអ្នកទាំងនោះម្តងមួយៗ។ សកម្មជនដែលធ្វើការនៅក្រៅប្រទេសត្រូវបានហៅឲ្យត្រឡប់ចូលស្រុកវិញទាំងអស់ ក្រោមអង្គការចាត់តាំងឲ្យមករៀនសូត្រគោលនយោបាយរបស់បក្ស រួចក៏ត្រូវបញ្ជូនទៅមន្ទីរឃុំឃាំង និងសម្លាប់ចោល។ សកម្មជនដែលធ្វើការនៅក្នុងប្រទេសស្រាប់ ក៏ត្រូវចាប់ខ្លួន និងសម្លាប់ជាបន្តបន្ទាប់ដែរ។ សកម្មជនខ្មែរក្រហមមួយចំនួនដែលធ្លាប់ចូលរួមយ៉ាងសកម្មក្នុងចលនាតស៊ូរួមមាន ភោគ ឆាយ, ហ៊ូ យន់, ហ៊ូ នឹម, ស៊ាន អាន, កែ មាស, អ៊ីស៊ូប គន្ធី, កុយ ធួន, នង សួន, វ៉ាន់ ពីនី, ហួត សម្បត្តិ, សារិន ឆាក បានក្លាយទៅជាអ្នកទោសនៅមន្ទីរ ស-២១ និងត្រូវសម្លាប់ចោលទាំងអស់។

នៅឯអនុវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម សាឡុត ស បានជួបជាមួយ ហ៊ូ នឹម ហ៊ូ យន់ និង ខៀវ សំផន ដែលរៀននៅទីនោះដែរ។ អ្នកទាំងនេះសុទ្ធតែជាកូនអ្នកចេះដឹង ហើយសុទ្ធតែជាអ្នករៀនពូកែ ដែលក្រោយមកសុទ្ធតែបានក្លាយជាមេដឹកនាំសំខាន់ៗរបស់ចលនាខ្មែរក្រហម។ ក៏ប៉ុន្តែ មិត្តភ័ក្តិជិតស្និទ្ធបំផុតរបស់ សាឡុត ស នៅពេលនោះ គឺ លន់ ណុន ប្អូនប្រុសរបស់ លន់ នល់។ ប្រហែលជាដោយសារតែទំនាក់ទំនងមិត្តភាពជាមួយមេដឹកនាំខ្មែរក្រហមនេះហើយ បានជានៅឆ្នាំ១៩៧៥ លន់ ណុន មិនព្រមចាកចេញពីទីក្រុងភ្នំពេញ ប្រហែលជាមកពីគិតថា ពួកមេដឹកនាំខ្មែរក្រហមអាចយោគយល់ដល់មិត្តចាស់។ ក៏ប៉ុន្តែ លន់ ណុន ត្រូវបានទាហានខ្មែរក្រហមសម្លាប់ចោលភ្លាមៗ ក្រោយពីដណ្តើមកាន់កាប់ទីក្រុងភ្នំពេញ។ ប្រវតិ្រ ហ៊ូ នឹម តាមប្រភពចំហរ មានដូចតទៅ Open Source 
  1. ១៩៣០  កើតនៅឆ្នាំមមី (ឆ្នាំ១៩៣០) នៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
  2. ១៩៣៦ ឪពុកឈ្មោះ ហ៊ូ ស្លាប់នៅឆ្នាំ១៩៣៦ (ពេលដែល ហ៊ូ នឹម មានអាយុ៦ឆ្នាំ)។
  3. ១៩៥០ រៀននៅវិទ្យាល័យស៊ីសុវត្ថិ ភ្នំពេញ។
  4. ១៩៥១ ប្រពន្ធឈ្មោះ វ៉ា ឡាន ហៅ សាយ ឈ្មោះបដិវត្តន៍ យាត រៀបការនៅឆ្នាំ១៩៥២។
  5. ១៩៥១ កាលខ្ញុំនៅជាកូនសិស្ស(១៩៥១. ១៩៥២) ខ្ញុំមានជំហរស្នេហាជាតិ ខ្ញុំប្រឆាំងអាណានិគមន៍បារាំង ។ កាលនោះ នៅសាលា យុវជន និងសិស្ ព្រមទាំង មហាជន មានការភ័ន្តច្រឡំនឹងពួកអា សឺង ង៉ុកថាន់ ក្បត់ជាតិ ស្មានថាវាស្នេហាជាតិ។ នៅវិទ្យាល័យ​ស៊ីសុវត្ថិ អាសឈង ង៉ុកថាន់ មកភ្នំពេញ សិស្សក៏មានហែរក្បួនទទួលវា។ ខ្ញុំ ក៏ភ័ន្តច្រឡំដូច​សិស្សឯទៀតដែរ។
  6. ១៩៥២ នៅឆ្នាំ១៩៥២ នៅសាលាស៊ីសុវត្ថិ មានចលនាសិស្ស ដែលមាននិន្នាការអាសឺង ង៉ុកថាន់ ។ ពេលនោះមានឈ្មោះអា អ៊ុង ស៊ីម ជាមេ។ (ខ្ញុំបានឆ្លងជីវទស្សន៍ និងរាយការណ៍ជូន​អង្គការ​រួចហើយ) ថា អា អ៊ុង ស៊ីម នេះវាបានបបួលសិស្សមួយចំនួន ឲ្យចូលព្រៃជាមួយវា។ ក្នុងនោះ វាបបួលខ្ញុំដែរ ខ្ញុំបានប្រកែកមិនព្រមទៅជាមួយវា ហើយខ្ញុំបានទៅការប្រពន្ធ គឺ ដណ្តឹង​គ្រួសារ គឺសមមិត្ត (យាត) នៅទន្លេបិទ ហើយខ្ញុំបន្តការសិក្សានៅភ្នំពេញ។ ដើម្បី ចិញ្ចឹមគ្រួ​សារ​ផង ខ្ញុំបង្រៀនសាលាឈ្នួល កាលណោះ សាលាកម្ពុជបុត្រ។ បន្ទាប់មក ខ្ញុំបានសុំការ​ងារជាអ្នក(តែងសេចក្តី) ធ្វើការនៅក្រសួងផែនការ។ ។
  7. ១៩៥៣ បង្រៀននៅអនុវិទ្យាល័យ ថុនអ៊ុក (ក្រោយមកដូរឈ្មោះជាអនុវិទ្យាល័យកម្ពុជបុត្រ)។
  8. ១៩៥៤ រៀននៅវិទ្យាស្ថានច្បាប់ និងសេដ្ឋកិច្ច និងបានចូលក្របខ័ណ្ឌមហាផ្ទៃ ជាអ្នកតែងសេចក្តី ជំនួសក្របខ័ណ្ឌក្រមការ។
  9. ១៩៥៥ ឆ្នាំ១៩៥៥ ក្រោយ​ហ្សឺ​ណែវ​(សន្ធិសញ្ញាហ្សឺណែវ)ហើយ ក៏មានការបោះឆ្នោត។ ខ្ញុំបានរាយ ការណ៍ជូនអង្គការហើយ ពេលនោះខ្ញុំចូលរួមឃោសនាបោះឆ្នោត ក្នុងគណបក្សប្រជាធិប​តេយ្យ តាមទស្សនៈ (ការពារនយោបាយអព្យាក្រិត និងប្រឆាំងចក្រព័ត្តអាមេរិក)។ ពីដើមឡើយ ខ្ញុំមានសមានចិត្តមែន ជាមួយពួកអាសឺង ង៉ុកថាន់ តែក្រោយមក ខ្ញុំដឹងថាវា ក្បត់ជាតិ ជាពួកអាខ្មែរសេរី អាប្រជាចលនា ខ្ញុំក៏ប្រឆាំងវា។ ភស្តុតាងក្នុងសារព័ត៌មាន ក៏ខ្ញុំ បានសរសេរវាយប្រហារវាដែរ។ ក្រោយពេលបោះឆ្នោត ខ្មាំងរកចាប់ខ្ញុំដែរ។ ខ្ញុំបានអាហារូបករណ៍ ខ្ញុំបានចេញទៅរៀន​នៅ​ប្រទេសបារាំង (សាលាគយ និងសាលាច្បាប់) ។ ពេលនោះ ខ្ញុំបានជួបហ៊ូ យន់ និងឃៀង ខាអុន ដែរ តែជជែកមិនទាន់ចុះសម្រុងគ្នា ដោយខ្ញុំប្រឆាំងយួន។ ខ្ញុំមិនយល់ ស្របឲ្យបក្ស​កុម្មុយ​នីស្តកម្ពុជា ក្រោមអំណាចយួន ឬបរទេសណាទេ។ សូមជម្រាប់ថា ពេលឆ្នាំ១៩៥៥ .១៩៥៧ ខ្ញុំក៏ពុំទាន់មានសមានចិត្ត ចំពោះក្រុមប្រជាជនដែរ ព្រោះខ្ញុំឮថា ឋិតក្រោមអំណាច​យួន ឬបក្សកុម្មុយនីស្តឥណ្ឌូចិន។  
  10. ១៩៥៥ ចូលរួមឃោសនាបោះឆ្នោតឲ្យបក្សប្រជាធិបតេយ្យ។
  11. ១៩៥៥-៥៧ បានអាហារូបករណទៅរៀននៅសាលាណឺយយី ប្រទេសបារាំង។
  12. ១៩៥៧ ត្រឡប់មកប្រទេសកម្ពុជាវិញធ្វើគយ បន្ទាប់មកធ្វើជាតំណាងរាស្ត្រ។
  13. ១៩៥៧ កម្រិតវប្បធម៌ៈ អនុបណ្ឌិតច្បាប់ពីប្រទេសបារាំង ឆ្នាំ១៩៥៧។
  14. ១៩៥៧ ឆ្នាំ១៩៥៧ ខ្ញុំត្រឡប់មកកម្ពុជាវិញ ខ្ញុំធ្វើតំណាងរាស្រ្តរហូត។ ខ្ញុំរួមសកម្មភាពនយោបាយជាមួយយ មិត្តអ៊ុច វ៉ែន ហ៊ូ យន់ និងខៀវ សំផន។ សកម្មភាពខ្ញុំដូចបក្ស និងមហាជនជ្រាបហើយ។ ខ្ញុំបានចូលរួម គណៈប្រតិភូព័ត៌មាន (ពេលនោះ ខ្ញុំសរសេរកាសែត ប្រជាសេរី ដើម្បីបានកម្រៃចិញ្ចឹមគ្រួសារ ពេលនោះ ធ្វើជាមួយ អាស៊ឹម វ៉ា គ្មានសេអ៊ីអា ណាចាត់តាំងខ្ញុំទេ)។ នៅឆ្នាំ១៩៥៨ ខ្ញុំទៅទស្សនកិច្ចនៅអឺរ៉ុបខាង​កើត។ ឆ្នាំ១៩៦១ រដ្ឋសភា ចាត់តាំងខ្ញុំ ឲ្យធ្វើជាសមាជិកទៅចូលរួម សន្និសីទ ប៊ែលក្រាត (ប្រទេសមិនចូលបក្សសម្ព័ន្ធលើកទី១) រួចហើយបន្តទៅមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅគណៈកម្មការទី៤ ខ្ញុំប្រឆាំង​ចក្រព័ត្តនិយម និងការពារបដិវត្តន៍អាហ្វ្រិក។ ពេលត្រឡប់មកដល់ភ្នំពេញវិញ សីហនុជេរខ្ញុំ។ ឈ្មោះខ្ញុំ និងយោបល់ខ្ញុំ មានកត់ត្រា ក្នុងសារបានអង្គការសហប្រជាជាតិស្រាប់។ ពេលនៅ​សហរដ្ឋអាមេរិក គ្មានភ្នាក់ងារ សេអ៊ីអា ណាមកទាក់ទងខ្ញុំ និងចាត់តាំងខ្ញុំ ឲ្យបម្រើវាទេ។  
  15. ១៩៥៧ អំពីសកម្មភាពនយោបាយរបស់ខ្ញុំ ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦៧ នៅក្នុងប្រទេស គឺមុនខ្ញុំ ដកខ្លួនមកចូលព្រៃ បក្សក៏បានជ្រាបជាបន្តបន្ទាប់។          ខ្ញុំសូមជម្រាបជូនបក្សថែម។ ខ្ញុំធ្លាប់​ដឹក​​នាំមិត្តភាពខ្មែរចិន ។ ឯសមាសភាព ខ្ញុំក្តាប់មិនបាន​អស់ទេ។ ខាងចំរើន គឺមិត្តអ៊ុច វ៉ែន អ្នកឲ្យបញ្ជីទៅខ្ញុំពេលបោះឆ្នោតម្តងៗ។ នៅ​សភា ដូចខ្ញុំបានជម្រាប ខ្ញុំច្រើនរួមជាមួយមិត្តខៀវ សំផន ហ៊ូ យន់។ មិត្តខៀវ សំផន ច្រើន ជួយណែនាំខ្ញុំ ឲ្យតស៊ូ និងយកជំហរ រឹងប៉ឹង នូវគ្រប់បញ្ហា ក្នុងការតស៊ូ ប្រឆាំងចក្រព័ត្តអាមេរិក និងវណ្ណៈជិះជាន់។ ពីឆ្នាំ១៩៥៧ មក១៩៦២ យើងឧស្សាហ៍ជួបជុំគ្នា ពិភាក្សាពីទស្សនៈសភាព​ការណ៍ ពិសេសនៅក្នុងប្រទេស ឬនៅបរទេស(ច្បាប់ដើមសរសេរថា ពិសេសនៅប្រទេសខ្ញុំ)។ មិត្តយើងបានយកឯកសារឡេ នីន (រដ្ឋ និងការបដិវត្តន៍ អាន ) ពេលទៅប្រទេសចិន និងមក​វិញ ខ្ញុំចាប់អានបទនិពន្ធរបស់ម៉ៅ សេទុង ច្រើន។ ខ្ញុំបានទាំងបកប្រែជាភាសាខ្មែរ នូវបទ​និពន្ធ​នេះទៀត។ ខ្ញុំពុំដែលបានអានឯកសារបក្សទេ ហើយលក្ខន្តិកៈបក្ស ក៏ខ្ញុំពុំដែលស្គាល់។ នរណាដឹកនាំ ក៏ខ្ញុំមិនដឹង។ ពេលនោះ ខ្ញុំប៉ាន់ប្រមាណថា អ៊ុច វ៉ែន ហ៊ូ យន់ ខៀវ សំផន។
  16. ១៩៥៨ ទៅធ្វើទស្សនកិច្ចនៅអឺរ៉ុបខាងកើត។
  17. ១៩៥៩ ចូលរួមគណៈប្រតិភូសារពត៌មានដែលមាន សឺង ភឿកថ ជាប្រធាន ទៅធ្វើទស្សនកិច្ចនៅសហភាពសូវៀត ប៉ូឡូញ ឆេកូស្លូវ៉ាគី អាល្លឺម៉ង់ខាងកើត និងអារ៉ាប់រួម។
  18. ១៩៦១ ជាប់ឆ្នោតជាអនុប្រធានរដ្ឋសភា។ បានទៅចូលរួមសន្និសីទលើកទី១ នៃប្រទេសមិនចូលបក្សសម្ព័ន្ធនៅទីក្រុងបែលក្រាដ រួចបន្តទៅចូលរួមមហាសន្និបាតនៅអង្គការសហប្រជាជាតិ។
  19. ១៩៦២ ចូលរួមក្នុងគណៈប្រតិភូតំណាងសមាគមអ្នកសារព័ត៌មានកម្ពុជា ជាមួយ អ៊ុច វ៉ែន ទៅចូលរួម សន្និសីទលើកទី១ នៃសមាគមអ្នកសារព័ត៌មាន អាស៊ី-អាហ្វ្រិកនៅទីក្រុងហ្សាកាតា (ប្រទេស​ឥណ្ឌូនេស៊ី)។
  20. ១៩៦៣ ពេលខ្ញុំសតរសេរសារព័ត៌មាន អ្នកជាតិនិយម ខ្ញុំត្រូវបានប្រទេសចិន ប្រជាមា និត អញ្ជើញទៅធ្វើទស្សនកិច្ច និងរួចបន្តទៅកូរ៉េខាងជើង ដែលខ្ញុំចាប់អារម្មណ៍ជាខ្លាំង ចំពោះការ​លូតលាស់ របស់ប្រទេសទំាងពីរ។ រួចខ្ញុំ មកធ្វើទស្សនកិច្ចនៅហាណូយ ។ ហូ ជីមិញ បាន​ទទួលខ្ញុំ និងគ្រួសារខ្ញុំ ។ ពេលនោះ យួន គ្មាននិយាយពីនយិបាយ ឬចាត់តាំងខ្ញុំ ឲ្យធ្វើភ្នាក់ងារ​វាទេ។ តាំងពីដើមមក ដូចអង្គការតែងជ្រាប ខ្ញុំប្រឆាំងយួន ព្រោះវារំលោភលើប្រទេស​យើង​ជានិច្ច។ ខ្ញុំធ្លាប់ពាក់ព័ន្ធជីវទស្សន៍ ជាមួយសមមិត្តហែម អំពីបញ្ហានេះ ដែរ។ ខ្ញុំមានសមាន​ចិត្តចំពោះចិន និងកូរ៉េ ប្រជាមានិត។
  21. ១៩៦៣ ចូលរួមសរសេរអត្ថបទឲ្យកាសែត អ្នកជាតិនិយម»។
  22. ១៩៦៣ ទៅធ្វើទស្សនកិច្ចនៅប្រទេសចិនប្រជាមានិត រួចបន្តដំណើរទៅប្រទេសកូរ៉េខាងជើង។ ឆ្នាំនេះដែរ ហ៊ូ នឹម ត្រូវបានសម្តេច សីហនុ តែងតាំងឲ្យធ្វើជាសមាជិកគណៈកម្មការកំណែទម្រង់សេដ្ឋកិច្ច និងជាសមាជិកក្រុមប្រឹក្សាភិបាលអង្គការសូណិចស៊ីម។
  23. ១៩៦៣ ចាប់​ពីឆ្នាំ១៩៦៣ អ៊ុច វ៉ែន ហ៊ូ យន់ និងខ្ញុំ ច្រើនមានទំនាស់ ពីបញ្ហាសើររើនិយម ។ ខ្ញុំប្រ​ឆាំងសើររើនិយម សូវៀត ហើយគំាទ្រចិន ឯមិត្តទំាងពីរគំាទ្រសូវៀត។ ដូច្នេះហើយ ចេះតែ មានទំនាស់គ្នាជាប់។
  24. ១៩៦៤ ចូលរួមបង្កើតសមាគមមិត្តភាពខ្មែរ-ចិន។
  25. ១៩៦៥ ជាប្រធានគណៈប្រតិភូសមាគមមិត្តភាពខ្មែរ-ចិន ទៅធ្វើទស្សនកិច្ចនៅប្រទេសចិនប្រជាមានិត។
  26. ១៩៦៥ ចិនអញ្ជើញខ្ញុំម្តងទៀត ពេលនោះ ខ្ញុំក្នុងឋានៈ ជាប្រធានគណៈប្រតិភូខ្មែរ .ចិន។ 
  27. ១៩៦៦ ជាប់ឆ្នោតជាតំណាងរាស្ត្រប្រចាំមណ្ឌលជ្រៃវៀន (ស្រុកព្រៃឈរ)។
  28. ១៩៦៦ ញុំសូមជម្រាបថា ខ្ញុំស្គាល់ស្រេង តាមរយៈមិត្តសឹម ហាក់ ហៅសី ប្រធានពេទ្យ១៧មេសា។​​បច្ចុប្បន្ន ជាគ្រួសារ(ប្រពន្ធ)មិត្ត ទីវ អុល ដែលធ្លាក់ទាក់ទងខ្ញុំ កាលនៅភ្នំពេញ។ ទន្ទឹមនឹងនេះ ពេលបោះឆ្នោត ឆ្នាំ១៩៦៦ ស្រេងក៏បានបំផុតឲ្យមហាជន គំាទ្រខ្ញុំ។ ខ្ញុំដឹងថា បក្សគំាទ្រខ្ញុំ បានខ្ញុំជាប់ឆ្នោត។ ពេលជួបឃួន ខ្ញុំបានសួរឃួនពីមាគ៌ាបក្ស ។ ក្រៅពីមាគ៌ាបក្ស ពេលនោះ​ឃួន​គ្មាននិយាយពីបញ្ហាអ្វីទៀតទេ។ ក្រោយមក ការទាក់ទងជា មួយឃួននៅភ្នំពេញនេះ ធម្មតា ដែលអង្គការបានជ្រាបអស់ហើយ។         ឃួនបានបង្កើត បញ្ហាជា​ច្រើន ​នាំឲ្យ​ស្មុគស្មាញដល់ក្រសួង ​ក​៣៣ ក្រសួងបានជ្រាបហើយ ព្រោះគាត់លូកដៃកកូរកកាយមកក្នុងនេះ។ គាត់គ្រប់គ្រងគ្នាគាត់តមកទៀត។  មហាជន​ឧត្តរ ស្តាប់តែគាត់ ។គាត់បញ្ចុកបន្សីសព្វគ្រប់ រហូតខូចសីលធម៌ជាមួយ នារី( ម៉ៃ ) ដែលអង្គការជ្រាបហើយ។
  29. ១៩៦៦ បងនួន បានចុះទៅដកពិសោធន៍ជាមួយយើងខ្ញុំ ពេលនោះជំហររបស់យើងខ្ញុំក៏ពុំរឹងដែរ។ តែយើងខ្ញុំស្មោះត្រង់នឹងបក្ស គ្មានអ្វីស៊ុំគ្រលំជាមួយឃួនទេ។ ភស្តុតាង ខ្ញុំបានជួបបង ប៉ុល ផ្ទាល់ ហើយបានរាយការណ៍បានពិស្តារផ្ទាល់។ យើងខ្ញុំបានអប់រំបដិវត្តន៍ ពិសេសពួក ឧត្រឲ្យដាច់ពីឃួន ដើម្បីមានជំនឿលើបក្ស។ ឃួនមានឧបាយកលក្បត់ និងមានសកម្មភាព ឧក្រិដ្ឋយ៉ាងណា ខ្ញុំអត់ដឹងទេ ហើយឃួនមិនដែលនិយាយអីចំពោះខ្ញុំដែរ។ មានចំណុចមួយ ដែលខ្ញុំមានការខ្វះខាត គឺពេលពួកឃួន ម៉ម កែវរុន មករាយការណ៍ ពី សមមិត្តសោម ខូចសីលធម៌ជាមួយនារីនៅក.៣៣ ខ្ញុំជឿ ហើយខ្ញុំសួរនារីៗ ក៏ឆ្លើយ ខ្ញុំរាយ ការណ៍ជូនអង្គការ។ អង្គការមានសំណូមពរដាក់សមមិត្តសោមមកវិញ ខ្ញុំពុំព្រម នេះខ្ញុំទទួល​ខុស សូមអង្គការអធ្យាស្រ័យ។ តែក្នុងនេះ ខ្ញុំគ្មានឧបាយកលក្បត់អីទេ។ 
  30. ១៩៦៧ ថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦៧ ភៀសខ្លួនចូលព្រៃ ធ្វើការជាមួយ ខៀវ សំផន និង ហ៊ូ យន់ ក្រោយមកទៅធ្វើការជាមួយ តាម៉ុក និងសមមិត្ត ញឹម នៅភាគនិរតី។
  31. ១៩៦៧ នៅ​ឆ្នាំ​១៩៦៧ ឈ្មោះ​របស់​លោក ហ៊ូ នឹម បាន​បាត់​មុខ​ពី​សង្គម​ចំហ​របស់​កម្ពុជា​ដោយសារ​លោក​បាន​គេច​ទៅ​ធ្វើ​សកម្មភាព​តស៊ូ​នយោបាយ​សម្ងាត់​ជាមួយ​ពួក​ខ្មែរ​ក្រហម​នៅ​ក្នុង​ព្រៃ​ក្នុង​នាម​ជា​កម្មាភិបាល​ជាន់ខ្ពស់​មួយ​រូប។ 
  32. ១៩៦៧ ពេលខ្ញុំចេញពីភ្នំពេញផុត ខែតុលា ឆ្នាំ១៩៦៧ ភោគ ឆាយ មិនដាច់ខាត ត្រូវខ្មាំងចាប់បាន ហើយជាប់គុក។ តើពេលនោះ ភោគ ឆាយ យ៉ាងណា ខ្ញុំក៏អត់ដឹងដែរ ព្រោះខ្ញុំនៅព្រៃ។ ខ្ញុំ ជួបភោគ ឆាយ ពេលដែលអង្គការហៅឲ្យមកធ្វើការជាមួយ។ រឿងនេះ បើភោគ ឆាយ ឆ្លើយដាក់ខ្ញុំបែបនេះ គឺពិតជាឧបាយកលខ្មាំង ព្រោះខ្ញុំ ពុំដែលធ្វើសកម្មភាពបង្កើតបក្ស ប្រ​ឆាំង​បក្សទេ។
  33. ១៩៦៨ ពេល​​ខ្ញុំ​​មក​​ដល់​ព្រៃ ខ្ញុំរស់នៅជាមួយតាម៉ុក និងខ្មោចបងញឹម ដែលជាកម្មាភិបាល ភាគនីរតីដ៏សំខាន់ ហើយក្នុងព្រៃធំ ក្នុងពេលតស៊ូ អាវុធរួមនយោបាយ ខ្ញុំនៅជាមួយតាចាន់ និងសមមិត្តសៅ។ សូមអង្គការសួរចុះ ថាតើខ្ញុំមានធ្វើសកម្មភាពអី ប្រឆាំងបក្សទេ?។ ផ្ទុយ ទៅវិញ ខ្ញុំរីករាយ រំភើបណាស់ ដោយបានឃើញលក្ខន្តិកៈបក្ស ហើយបានចូលបក្ស នៅឆ្នាំ១៩៦៨ នៅភ្នំដំរី។ លក្ខន្តិកៈ បានចែងច្បាស់ គឺប្រឆាំងសើររើនិយម គំនិតនិយម (ប្រហែលគំនិតសួនតួ និយម?)។ ឯទំនាស់ ដែលខ្ញុំមានជាមួយហ៊ូ យន់ គឺមកតែពីទស្សនៈ មិនឯកភាពគ្នានេះឯង។ ខ្ញុំប្រឆាំងហ៊ូ យន់ រហូតមក បក្សក៏ជ្រាបដែរ។
  34. ១៩៦៨ ពេលឆ្នាំ១៩៦៨ .១៩៦៩ នៅនិរតី ជំហរវណ្ណៈអធន ខ្ញុំពុំទាន់រឹងប៉ឹង ហេតុនេះ ខ្ញុំមានការប៉ះទង្គេចខាងសតិអារម្មណ៍ខ្លះ ជាមួយបងម៉ុក ដែលក្រោយមកខ្ញុំភ្ញាក់រលឹក ខ្ញុំស្តាយជាពន់ពេក។
  35. ១៩៧០ ខ្ញុំធ្លាប់​លើក ក្នុងជីវទស្សន៍បដិវត្តន៍ ពិសេសកាលពីខែ៩ ឆ្នាំ១៩៧០ ជាមួយបងប៉ុល បងនួន សមមិត្តហែម នៅមន្ទីរ៨៧០ ជិតស្ទឹងជីនិត ពេលធ្វើបុណ្យខួបបក្ស ហើយដែលពេលនោះ បងប៉ុល ឧទ្ទេសនាមប្រវត្តិបក្ស។      ខ្ញុំបានរាយការណ៍ហើយ
  36. ១៩៧៣ ចំណែក នារីវ៉ាឡាន ហៅ សាយ និង ហៅ យាត ជាប្រពន្ធរបស់ ហ៊ូ នឹម មានតួនាទីជាអនុប្រធានកុមារ។ នារីទូច ជាប្រពន្ធ តូច ភឿន ជាសមាជិកមន្ទីរកុមារ។ នារីមិត្ត ជាប្រពន្ធរបស់ ហ៊ូ យន់ ជាសមាជិកមន្ទីរ។ ខៀវ ប៉ុណ្ណារី បានបង្កើនចលនាយ៉ាងខ្លាំង ក្នុងការអូសទាញ និងប្រមូលនារីនៅតាមតំបន់នានាបានយ៉ាងច្រើន ដើម្បីចូលរួមក្នុងបដិវត្តន៍។ ក្នុងឆ្នាំ១៩៧៣ ខៀវ ប៉ុណ្ណារី បានក្លាយជាលេខាបក្សតំបន់៤៣ នៅភូមិភាគឧត្តរ។
  37. ១៩៧៣ លោកខៀវ សំផនត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ រ.រ.ជ.ក. (ប៉ុន្តែរាល់ប្រតិបត្តិការយោធាទាំងអស់គឺត្រូវបានដឹកនាំដោយប៉ុល ពត)។ ហូ នឹមបានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន រីឯលោកហ៊ូ យន់ត្រូវបានកាន់កាប់តំណែងមួយចំនួនដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកកំណែទម្រង់សហគមន៍និងសហករណ៍។ រ.រ.ជ.ក.បានអះអាងថាខ្លួនមិនមែនជារដ្ឋាភិបាលនិរទេសនោះទេពីព្រោះខ្លួនមានលោកខៀវ សំផនហើយកុបកម្មទាំងឡាយគឺសុទ្ធតែស្ថិតនៅលើទឹកដីកម្ពុជា។ សម្តេចសីហនុនិងអ្នកស្មោះត្រង់ជាមួយទ្រង់គឺនូវតែស្ថាក់នៅប្រទេសចិនដដែរ តែនៅអំឡុងខែមីនា ឆ្នាំ១៩៧៣ សម្តេចសីហនុបានចុះមកធ្វើទស្សនកិច្ចនៅ"តំបន់រំដោះ"នានានៃប្រទេសកម្ពុជាហើយក្នុងនោះក៏មានតំបន់ប្រាសាទអង្គរវត្តទៀតផង។ ទស្សនកិច្ចបានធ្វើឡើងគឺសម្រាប់តែបំណងឃោសនាប៉ុណ្ណោះ វាមិនមានជាប់ទាក់ទងអ្វីនឹងកិច្ចការនយោបាយនោះទេ។
  38. ១៩៧៥ តួនាទីក្នុងរបបខ្មែរក្រហម លេខាក្រសួងឃោសនាការ មន្ទីរក-៣៣។
  39. ១៩៧៥  ក្រោយ​ថ្ងៃ​ជ័យជម្នះ ១៧ មេសា ឆ្នាំ​១៩៧៥ របស់​ខ្មែរ​ក្រហម លោក ហ៊ូ នឹម បាន​លេច​មុខ​ជា​ថ្មី​ក្នុង​តួនាទី​ជា​រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ។
  40. ១៩៧៦ នៅឆ្នាំ១៩៦៥ ឬ១៩៦៦ ខ្ញុំមិនចាំច្បាស់ ខ្ញុំមាននិយាយមែន ក្នុងពេលជិះឡាន ជាមួយប៉ុក ឌឺសកុមារ ភោគ ឆាយ ថា (យី បើអ៊ុច វ៉ែន ហ៊ូ យន់ សើររើនិយមអ៊ីចឹង យើងបង្កើតបក្ស មួយ​ទៀតទៅ) ពេលនោះខ្ញុំបាននិយាយ ព្រោះបានឮពីឈ្មោះ វ៉ាន់ ទិព្វសុវណ្ណ និយាយ យ៉ាងនេះដែរ។ តាំងពីពេលនោះមកខ្ញុំភ្លេចរហូត។ ខ្ញុំពុំបាននឹកនា ដល់រឿងនេះទេ ហើយខ្ញុំ ពុំដែលបានលើកក្នុងជីវទស្សន៍ ព្រោះការនេះ និយាយលេង មិនស្មានថា មាននរណារាយ​ការណ៍ និងចោទខ្ញុំយ៉ាងណាសោះ។ ទើបតែកាលពីខែ១១ ឆ្នាំ១៩៧៦ នេះ ខ្ញុំភ្ញាក់ព្រើត ពេលឆ្លងជីវទស្សន៍នៅសាលាបក្ស ក្នុងក្រុម ដែលសមមិត្តអាត .ទូច (ភោគ ឆាយ) ចូលរួម និងសមមិត្តឆយ គាត់លើកសំណួរទៅភោគឆាយ អំពីការដែលថា នៅភ្នំពេញ ជឿតែថ្នាក់ លើ គឺបញ្ញាជន មិនជឿលើមហាជនខាងក្រោមថា ដែលពេលនោះ ខ្ញុំបម្រុងបង្កើតបក្សមួយ។ ឮយ៉ាងនេះ ខ្ញុំភ្ញាក់ព្រើត ខ្ញុំនឹកគិតថា ពេលនោះ ខ្ញុំនិយាយលេងសោះ ម៉េចបានជានរណារាយ​ការណ៍អង្គការថា ខ្ញុំបង្កើតបក្ស?។ ខ្ញុំដឹងថា មានតែភោគ ឆាយទេ។ តើភោគ ឆាយ រាយ​ការណ៍​យ៉ាងម៉េច ខ្ញុំមិនដឹងទេ។ តើភោគ ឆាយ បានបង្កើតដល់ទៅលក្ខន្តិកៈ បក្សយ៉ាងណា ហើយអ្នកណាបង្គាប់ឲ្យធ្វើ ខ្ញុំឥតដឹងដែរ។ ឯចំពោះខ្ញុំ ខ្ញុំនិយាយតែប៉ុណ្ណោះ ចប់រហូត។ ខ្ញុំមិន​ដែលទៅចាត់តាំងនរណា ឲ្យប្រមូលសមាជិកបក្សស្អីទេ ហើយក៏មិន ដែលបង្កើតលក្ខន្តិកៈ​ស្អីដែរ។ ចក្រព័ត្តអាមេរិក សើររើនិយម ឬបរទេសណា ក៏ឥតទាក់ទងខ្ញុំឲ្យបង្កើតដែរ។ 
  41. ១៩៧៦ កុយ ធួន បានសារភាពអំពីការទំនាក់ទំនង បក្សពួកក្បត់ តាមបណ្តាភូមិភាគផ្សេងៗ មានពាយ័ព្យ ឧត្តរ –\—សាន និង បូព៌ា ។ ការធ្វើសកម្មភាពក្បត់នេះ ភាគច្រើនទទួលការណែនាំ ពី ហ៊ូ នឹម ដែលជាមេខ្មែរក្រហម ។ ពេលនៅក្នុងសាខា ពិសេសឆ្នាំ១៩៧៦ ឈ្មោះនេះ ធ្វើការជាមួយខៀវជាកម្មាភិបាល ពិសេសរបស់ខ្មែរក្រហម ។ នៅភូមិភាគបូព៌ែដលកន្លែង រឹងមាំ របស់ពួកក្បត់ ឈ្មោះនេះបានទំនាក់ទំនង ជាមួយ តាម៉ុក ភឹម ងិន ស៊ូ ដែលជាប្រធាននិង អនុប្រធានតំបន់ បូព៌ា ។
  42. ១៩៧៧ – ថ្ងៃចាប់ខ្លួនៈ ១០ មេសា ១៩៧៧។ ថ្ងៃកម្ទេចៈ ៦ កក្កដា ១៩៧៧។
  43. ១៩៧៧ ថ្ងៃ២៥ មករា ចាប់រដ្ឋមន្រ្តី ក្រសួង ហិរញ្ញវត្ថុនិងពាណិជ្ជកម្ម កូយ ធួន ដល់ថ្ងៃ២៦ មករា ចាប់រដ្ឋមន្រ្តី ក្រសួងសាធារណការ ទូច ភឺន។ ខែកុម្ភៈ ចាប់រដ្ឋមន្រ្តី សួ ដឹម។ ថ្ងៃ១៤ មីនា ចាប់ឈ្មោះ ភោគ ឆាយ ថ្ងៃ១០ មេសា ចាប់រដ្ឋមន្រ្តី ក្រសួង ឃោសនាការ ហ៊ូ នីម ថ្ងៃ៦ ឧសភា ចាប់ឈ្មោះ ទីវ អុល។
  44. ១៩៧៧ ចាប់​ពី​ឆ្នាំ​១៩៧៧ លោក ហ៊ូ នឹម បាន​បាត់​មុខ​ម្តង​ទៀត​រហូត​មក​ដល់​សព្វថ្ងៃ​ដោយ​បន្សល់​ទុក​នៅ​តែ​ចម្លើយ​សារភាព​រាប់​សិប​ទំព័រ​ប៉ុណ្ណោះ​នៅ​ក្នុង​មន្ទីរ​សន្តិសុខ​ស-២១ ឬ​គុក​ទួលស្លែង។
  45. ១៩៧៧ ហ៊ូ នីម ត្រូវគេសម្លាប់នៅថ្ងៃ៦ កក្កដា។ ខែវិច្ឆិកា ១៩៧៧ ស ភឹម រៀបកម្លាំងប្រឆាំងប៉ុល ពត ហៅថា កម្លាំងបដិវត្តពិតប្រាកដនៃកម្ពុជា។ មុននោះបន្តិច ក្រុមនិយមហាណូយ បានយករថយន្តយោធាជំនួយចិនប្រមាណជិត១០០គ្រឿង ទៅលាក់ក្នុងព្រៃក្រាស់នៅស្រុកឆ្លូង ខេត្តក្រចេះ ដែលមានកងពល០៩បោះទីតាំងនៅទីនោះ។ ថ្ងៃ១៦ ធ្នូ កងពលធំយួនចំនួន៥ មានទាហាន៦ម៉ឺននាក់ ចូលទឹកដីខ្មែរក្នុងខេត្តតាកែវ កំពត ព្រៃវែង និងស្វាយរៀង។ ថ្ងៃ៣១ ធ្នូ ចិនដឹកសម្ភារសឹកដល់ប្រទេសកម្ពុជាឲ្យ ប៉ុល ពត។
  46. ១៩៧៧ ហ៊ូ នឹម ហៅ ភាស់ ត្រូវបានសមមិត្ត ប៉ង់ បញ្ឆោតតាមទូរស័ព្ទ ហៅមកធ្វើការជាមួយអង្គការ ហើយក៏ត្រូវចាប់ខ្លួនបញ្ជូនមកមន្ទីរស-២១។ នៅក្នុងចម្លើយសារភាពរបស់ខ្លួន ជូនអង្គការ ហ៊ូ នឹម បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលត្រូវបានបញ្ឆោតចាប់ខ្លួនមកដាក់នៅក្នុងមន្ទីរឃុំឃាំងបែបនេះ។ តាមរយៈការសួរចម្លើយ ហ៊ូ នឹម បានដឹងថាខ្លួនជាប់ចោទពីបទចង់បង្កើតបក្សថ្មីមួយទៀតផ្សេងពីបក្សកុម្មុយនីស្តកម្ពុជា។
  47. ១៩៧៧ នៅមន្ទីរស-២១ ហ៊ូ នឹម ជាប់ឃុំឃាំងនៅក្នុងផ្ទះលេខ៣១ បន្ទប់ធំលេខ១ បន្ទប់តូច លេខ១។ ហ៊ូ នឹម មានជំងឺថ្លើមប្រចាំកាយ គួបផ្សំនឹងទារុណកម្មដែលកម្មាភិបាលសួរចម្លើយបានអនុវត្តមកលើ ជាហេតុធ្វើឲ្យសុខភាពរបស់ ហ៊ូ នឹម ចុះទ្រុឌទ្រោមដុនដាបទៅៗជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ «បក្សឃុំឃាំងខ្ញុំក៏ឃុំចុះ តែសូមបក្សអនុគ្រោះកុំចងច្រវាក់ជើង។ ខ្ញុំពុំធ្លាប់ហើយសម្រាកពុំបាន ខ្ញុំឈឺថ្លើម ខ្ញុំពុំសូវមានកម្លាំងទេ។. . .ដោយខ្ញុំអង្គុយមិនបានយូរ ខ្ញុំសូមរាយការណ៍. . .»។ «ប៉ុន្មានថ្ងៃហើយដែលសុខភាពខ្ញុំកាន់តែចុះធ្ងន់ធ្ងរ។ ដល់ប៉ុណ្ណឹងហើយ ខ្ញុំមិនត្រូវលាក់ទេ. . .»។
  48. ១៩៧៧ ហ៊ូ នឹម ត្រូវចាប់ខ្លួននៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៧ និងត្រូវសួរចម្លើយភ្លាមៗនៅក្នុងថ្ងៃនោះតែម្តង។ ឆ្លងកាត់ការសួរចម្លើយក្នុងដំណាក់កាលដំបូង ហ៊ូ នឹម បានប្រកែកដាច់អហង្ការ និងរក្សាជំហររឹងប៉ឹងមិនសារភាពតាមអ្វីដែលអង្គការបានចោទប្រកាន់នោះឡើយ។ «ខ្ញុំសូមជំរាបបក្សដាច់ខាតថាខ្ញុំពុំដែលក្បត់បក្ស ពុំដែលធ្វើភ្នាក់ងារ សេ.អ៊ី.អា ឬភ្នាក់ងារពួកយួន ពួក សឺង ង៉ុកថាញ់ ឬពួកសើរើនិយម ឬបរទេសណា មកបង្កប់ក្នុងបក្ស ហើយបំផ្លាញបក្សទេ។ ទោះបក្សយកខ្ញុំទៅសម្លាប់ក៏ខ្ញុំនៅតែឆ្លើយ និងមានជំហរដាច់ខាតយ៉ាងនេះ»។ «បក្សយើងមហាអស្ចារ្យ ជាបក្សកុម្មុយនីស្តកម្ពុជាដ៏រុងរឿងភ្លឺស្វាងត្រឹមត្រូវយ៉ាងនេះ មានបងៗរឹងប៉ឹងដឹកនាំវាងវៃយ៉ាងនេះ តើខ្ញុំឧក្រិដ្ឋអីទៅរកបង្កើតបក្សទៀត។ ខ្ញុំស្រលាញ់ជាតិ ទឹកដី ប្រជាជន ប្រពន្ធកូន គ្រួសារខ្ញុំ តើខ្ញុំក្បត់បក្សយើងបានផលអី? ខ្ញុំសព្វថ្ងៃជាប្រធានគណៈបក្សក-៣៣ ហើយបក្សប្រគល់នាទីរដ្ឋមន្ត្រីទៀត បក្សទុកចិត្តទៀត តើខ្ញុំមានសុភមង្គលអីជាងនេះទៅទៀត?. . .ដូច្នេះការចោទប្រកាន់មកលើខ្ញុំ ខ្ញុំយល់ថាជាឧបាយកលរបស់ខ្មាំងគ្រប់ប្រភេទ ទាំងចក្រពត្តិអាមេរិក ទាំងពួកសើរើ ទាំងពួកយួន មកលើខ្ញុំ។ សូមអង្គការបងៗនិងសមមិត្តទាំងអស់ជួយរកយុត្តិធម៌ឲ្យខ្ញុំ និងជូនបក្សផង»។
  49. ១៩៧៧ ក៏ប៉ុន្តែបន្ទាប់ពីទទួលទារុណកម្ម ហ៊ូ យន់ បានសារភាពថាខ្លួនជាសេ.អ៊ី.អា បង្កប់ធ្វើសកម្មភាពយូរអង្វែងដើម្បីផ្តួលរំលំបក្សកុម្មុយនីស្តកម្ពុជា។ សកម្មភាពគ្រប់យ៉ាងដែលខ្លួនបានធ្វើពីមុនមក គឺសុទ្ធសឹងបង្កប់រូបភាពសេ.អ៊ី.អានៅពីក្រោយខ្នងទាំងអស់។ សូម្បីតែគុណបំណាច់ដែលខ្លួនធ្លាប់បានសាងដើម្បីបដិវត្តន៍ទាំងប៉ុន្មាន ក៏ជារូបភាពបិទបាំងនយោបាយសេ.អ៊ី.អា របស់ខ្លួនដែរ។ «ជំរាបស.មសន្តិបាលជាទីគោរព, ឥឡូវបក្សវិនិច្ឆ័យខ្ញុំថាខ្មាំងហើយ។ ខ្ញុំសូមប្រគល់ខ្លួនខ្ញុំជូនបក្សហើយ។ …ខ្ញុំជាភ្នាក់ងារសេ.អ៊ី.អា ម្នាក់ដែលស៊ីជម្រៅ ចេះក្រឡិចក្រឡុចមានឧបាយកល. . .ជាអ្នកបម្រើមូលធននិយម ចក្រពត្តិនិយម ពិសេសចក្រពត្តិអាមេរិក តែរូបភាពពាក្យសម្តី អាកប្បកិរិយាខាងក្រៅគឺលាក់ពុតបិទបាំងបន្លំខ្លួនថាស្នេហាជាតិ ខ្លួនចំរើន. . .។ ទោះជាយ៉ាងណា ខ្ញុំសុំប្រកាសថាខ្ញុំជាភ្នាក់ងារសេ.អ៊ី.អា ដែលបង្កប់យូរអង្វែងក្នុងបក្ស ដើម្បីបំផ្លាញបក្ស ពិសេសបង្វែរមាគ៌ាបក្ស។ ខ្ញុំសុំទទួលការវិនិច្ឆ័យរបស់បក្សទាំងស្រុង។ ខ្ញុំប្រគល់ខ្លួនជូនបក្សហើយ. . .»។ ទន្ទឹមនឹងនេះ ហ៊ូ នឹម ក៏បានរាយការណ៍អំពី «ប្រវត្តិបក្សម៉ាក្សលេនីនដែលពួកសេ.អ៊ី.អា បង្កើតដើម្បីប្រឆាំងបក្សកុម្មុយនីស្តកម្ពុជា» តាមរយៈការទាក់ទងជាមួយខ្លួន។ អ្វីដែលហៅថារបាយការណ៍អំពីប្រវត្តិបក្សម៉ាក្សលេនីននោះ គឺគ្រាន់តែនិយាយអំពីការចាប់ផ្តើមការប្រជុំគ្នាមួយនៅឆ្នាំ១៩៦៧ ក្នុងសមាគមនិស្សិតខ្មែរ ដែល ហ៊ូ នឹម ហៅថា ជាការពិភាក្សាជាលើកដំបូងអំពីការបង្កើតបក្សម៉ាក្សលេនីនតាមការចាត់តាំងរបស់ ម៉ៅ សាយ (មេដឹក​នាំ​សេ.អ៊ី.អា នៅក្រុងភ្នំពេញ)។ ឈ្មោះមនុស្សមួយចំនួនដែលបានរាយនៅក្នុងរបាយការណ៍ ត្រូវបាន ហ៊ូ នឹម ប្រាប់ថាជាកម្លាំងសេ.អ៊ី.អា ដូចខ្លួនដែរ។ កម្លាំងទាំងនេះសោត ភាគច្រើនជាមនុស្សដែលត្រូវអង្គការចាប់ខ្លួន ឬកម្ទេចចោលរួចទៅហើយ។
  50. ១៩៧៧ ហ៊ូ នឹម បានសរសេរនៅក្នុងសេចក្តីសារភាពលើកក្រោយដែលបង្ហាញនូវលក្ខណៈនៃមនុស្ស «ឈឺហើយខ្លាចរអា» ហើយក៏សារភាពតាមអ្វីដែលកម្មាភិបាលសួរចម្លើយចង់ឲ្យនិយាយ ដើម្បីបានរួចផុតពីការឈឺចាប់មួយរយៈពេលសិន។ នៅលើឯកសារចម្លើយសារភាពលើកទី៣របស់ ហ៊ូ នឹម មានចំណាររបស់អ្នកសួរចម្លើយឈ្មោះ សមមិត្ត ប៉ុន ដែលសរសេរជូនទៅ ឌុច ជាប្រធានមន្ទីរស-២១ ថាៈ «ជំរាបបង ឌុច, នេះចម្លើយ ភាស់ ពេលយើងវាយ៤-៥ រំពាត់បំបាក់ជំហរវាមុនយកវាទៅច្រកទឹក។ ដោយគោរព ១៤-៤-៧៧ ប៉ុន »។ «ជំរាបបង ឌុច, អំពីខ្លឹមសារចម្លើយសារភាពរបស់ ភាស់ លើកនេះគឺវាលាក់កម្លាំងក្បត់ដទៃ គឺវានិយាយថាវាជាភ្នាក់ងារសេ.អ៊ី.អា ឯករាជ្យដែលបង្កប់ខ្លួនយូរអង្វែង ពុំធ្វើសកម្មភាពប្រឆាំងបក្សតក់ក្រហល់ដូចពួក អាឃួន អាយ៉ា ទេ។ ខ្ញុំបានធ្វើទារុណកម្មឲ្យវាសរសេរម្តងទៀតហើយ។ ដោយគោរព ថ្ងៃ២២ មេសា ១៩៧៧ ប៉ុន»។
  51. ១៩៧៧ នៅមន្ទីរស-២១ ការធ្វើទារុណកម្មដើម្បីយកចម្លើយសារភាពពីអ្នកទោស គឺជាការងាររបស់អ្នកសួរចម្លើយ។ រៀងរាល់លើកនៃការសួរចម្លើយ អ្នកទោសតែងតែត្រូវបានលួងលោមដើម្បីឲ្យយល់ព្រមសារភាពអំពីអ្វីដែលអង្គការចង់បាន។ ប៉ុន្តែនៅពេលដែលការលួងលោមមិនបានសម្រេច ការធ្វើទារុណកម្មក៏ចាប់ផ្តើម។ ទារុណកម្មអាចចាប់ផ្តើមពីការវាយដំតិចតួច រហូតដល់ទារុណកម្មធ្ងន់ធ្ងរដូចជា ដកក្រចក ឆក់ខ្សែភ្លើង ជ្រមុជទឹកនៅទីបំផុតអ្នកទោសត្រូវយកទៅសម្លាប់ចោលនៅទីពិឃាតជើងឯក។ ហ៊ូ នឹម បានព្យាយាមអង្វរករហើយអង្វរករទៀត ឲ្យបក្សអនុគ្រោះ និងទុកជីវិតឲ្យខ្លួន។ «សូមបក្សវិនិច្ឆ័យដោយអនុគ្រោះ ឲ្យខ្ញុំបានចូលរួមបុណ្យខួបទី២ នៃ ១៧ មេសា ផង។ ខ្ញុំបំរើបក្សមួយជីវិត ស្លាប់ក្រោមទង់បក្ស។. . .ខ្ញុំគ្មានលាក់បាំងអីទៀតទេ។ ខ្ញុំសារភាពប៉ុណ្ណឹងហើយ មិនមែនអាសេ.អ៊ី.អាទេ ដែលមកស្រោចស្រង់ខ្ញុំបាន មានតែបក្ស។ ហើយខ្ញុំលាក់ក៏គ្មានអីចំណេញចំពោះខ្ញុំ ព្រោះខ្ញុំត្រូវតែស្លាប់ទៅហើយ។ បើខ្ញុំមានកម្លាំងណាបង្កប់ ខ្ញុំច្បាស់ជាជំរាបអង្គការហើយ»។ ទោះជា ហ៊ូនឹម បានផ្តល់នូវចម្លើយសារភាពតាមអ្វីដែលបក្សចង់បាន និងខំប្រឹងអង្វរករសុំការអនុគ្រោះទុកជីវិតយ៉ាងណាក៏ដោយ ក៏នៅទីបំផុត ហ៊ូ នឹម បានទទួលវាសនាមិនខុសពីអ្នកទោសដទៃទៀតដែរ គឺត្រូវកម្ទេចចោលនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៧៧។
  52. ១៩៧៧  គោរពជូនបក្សកុម្មុយនីស្ត កម្ពុជា លើសពីជីវិតរបស់ខ្ញុំ។ គោរពជូនបងប៉ុល បងនួន បងវ៉ាន់ បងវន សមមិត្តខៀវ សមមិត្តហែម ជាទីគរពស្នេហា។   ថ្ងៃនេះ ១០ មេសា ឆ្នាំ​១៩៧៧ ដែលខ្ញុំកំពុងតែមមាញឹក រៀបចំកម្មវិធីផ្សាយវិទ្យុ ទទួលអំណរបុណ្យខួបទី២ នៃមហាជ័យជម្នះ ១៧ មេសា ១៩៧៥ តាមទូរស័ព្ទ សមមិត្ត ប៉ង់ បានហៅខ្ញុំ មកធ្វើការជាមួយអង្គការ។ ពេលមិត្តយុទ្ធជនចាប់ខ្ញុំ ខ្ញុំភ្ញាក់ក្រញាង មិនស្មានថាយ៉ាងនេះសោះ ហើយដំបូងក៏ពុំស្មានថា ក្រុមសមមិតុ្តប៉ង់ទេ ព្រោះខ្ញុំគ្មានខ្លួនទេ។ ខ្ញុំឥតមានក្បត់បក្សទេ ខ្ញុំស្មោះត្រង់ ។ ខ្ញុំសង្ស័យដែរថា អាចមានខ្មាំងណាវាឆ្លើយដាក់ ។ ដល់មកដល់កន្លែងឃុំឃំាង សមមិត្តទទួលខុសត្រូវ ខាងនគរបាល ក៏បានសួរខ្ញុំថា ស្គាល់កុយ ធួន ភោគ ឆាយ តូច ភឿនទេ?។ ខ្ញុំចាប់អារម្មណ៍ភ្លាម នឹកក្នុងចិត្តថា ច្បាស់ជាមានពួកក្បត់ វាឆ្លើយដាក់ ដើម្បី កម្ទេចខ្ញុំ ដែលស្មោះត្រង់នឹងបក្ស ហើយប្តូរផ្តាច់ការពារមាគ៌ាបក្សស្មើ​នឹងជីវិត។
  53. ១៩៧៧  មានសមមិត្តទទួលខុសត្រូវខាងនគរបាលម្នាក់ទៀត បានចោទសួរខ្ញុំពីរឿងថា (បង្កើតបក្ស ថ្មី) ខ្ញុំនឹកឃើញពេលថ្មីៗនេះ កាលឆ្លងជីវទស្សន៍បដិវត្តន៍ នៅសាលាបក្សបុរីកីឡា ខែ១១ ១៩៧៦ ឮសមមិត្តឆយ លើកពីភោគ ឆាយ ហើយនិយាយពីរឿងបង្កើតបក្ស។ ខ្ញុំនឹកថា ខ្មាំងដើរ​ឧបាយកលខ្មៅងងឹតយ៉ាងនេះ ខ្ញុំខំពាក់ព័ន្ធជូនអង្គការដោយស្មោះត្រង់ ដើម្បីអង្គ ជួយវិនិច្ឆ័យ​ដោយយុត្តិធម៌។ ខ្ញុំសូមជម្រាបជួនបក្សជាដាច់ខាតថា ខ្ញុំពុំដែលក្បត់បក្ស ពុំដែលធ្វើភ្នាក់ងារសេអ៊ីអា ឬភ្នាក់​ងារពួកយួន ពួកអាស៊ឺង ង៉ុកថាន់ ឬពួកសើររើនិយម ឬបរទេសណា មកបង្កប់ក្នុងបក្ស ហើយ​បំផ្លាញបក្សទេ។ ទោះបក្សយកខ្ញុំទៅសម្លាប់ ក៏ខ្ញុំនៅតែឆ្លើយនិងមានជំហរ ដាច់ខាតយ៉ាង​នេះ។ ជាដំបូងនេះ សូមបក្សអនុគ្រោះ ខ្ញុំមិនរត់ទៅណាទេ។ បក្សឃុំឃំាងខ្ញុំ ក៏ឃុំឃំាងចុះ តែសូម បក្សអនុគ្រោះ កុំបាច់ចងច្រវាក់ជើង។ ខ្ញុំពុំធ្លាប់ ហើយសម្រាកពុំបាន។ ខ្ញុំឈឺថ្លើម ខ្ញុំពុំសូវ មានកម្លាំងទេ។ សូមបក្សពិនិត្យ និងមេត្តាដោយអនុគ្រោះ។ ខ្ញុំមិនរត់ទៅណាទេ បើខ្ញុំរត់ បក្សបាញ់សម្លាប់ខ្ញុំចុះ។ ខ្ញុំស្នើវិទ្យុមួយ ស្តាប់វិទ្យុយើង ហើយនឹងឯកសារបក្ស ដើម្បីខ្ញុំឆ្លៀតរៀនតទៅទៀត លុះគ្រាដង្ហើមចុងក្រោយរបស់ខ្ញុំ ក្រោមទង់បក្ស។ បើមានខ្សែអាត់ ខ្ញុំនឹងពាក់ព័ន្ធ ពីប្រវត្តិរូប និង ជីវទស្សន៍ បដិវត្តន៍ខ្ញុំឲ្យបានពឹស្តារ។ ដោយខ្ញុំអង្គុយមិនបានយូរ ខ្ញុំសូមរាយការណ៍ជូន​បក្ស 
  54. ១៩៧៩ ក្រោម​របប​គ្រប់គ្រង​ខ្មែរ​ក្រហម​ចម្លើយ​សារភាព​ដោយ​អ្នក​ទោស​ក្រោយ​ពី​រង​ទារុណកម្ម​ជា​ឯកសារ​សរសេរ​ដៃ​រាប់​ម៉ឺន​ទំព័រ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង នា​ទីក្រុង​ភ្នំពេញ​ក្រោយ​ពី​កងទ័ព​យៀកណាម​ផ្តួល​រំលំ​នៅ​ខែ​មករា ឆ្នាំ​១៩៧៩។
  55. ១៩៧៩ នៅ​ក្នុង​ឯកសារ​ចម្លើយ​សារភាព​រាប់​សិប​ទំព័រ​របស់​លោក ហ៊ូ នឹម អតីត​តំណាង​រាស្ត្រ​សម័យ​សង្គមរាស្ត្រ​និយម​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​បន្សល់​ទុក​នៅ​ក្នុង​គុក​ទួលស្លែង​ក្រោយ​ឆ្នាំ​១៩៧៩​នោះ ក៏​បាន​លាត​ត្រដាង​អំពី​យុទ្ធសាស្ត្រ​សម្ងាត់​និង​ការអត់ធ្មត់​របស់​លោក​ក្នុង​ការរៀបចំ​កសាង​កម្លាំង​ក្បត់​បក្ស​កុម្មុយនីស្ត​កម្ពុជា​ផងដែរ។

លោកតា ហ៊ូ នឹម ( មិត្តភាស់ ) កូនខ្មែរ កាត់ចិនកើតនៅ ស្រុកកំពង់សៀមខេត្តកំពង់ចាម នៅឆ្នាំ ១៩៣២ ស្លាប់ដោយ ប៉ុលពតសម្លាប់ ( ឬអត្តឃាតក្នុងគុក ) នៅខែ មិថុនា ឆ្នាំ ១៩៧៧ ។ លោកតា ជាវីរបុរស របស់ខ្មែរ ក្រហមបុពា៌ទិស និងជាអតីតមេរបស់ សម្តេច ជាស៊ីម ហេង សំរិន ហ៊ុន សែន និង សោ ភឹម ។ លោក តា ហ៊ូ នឹម ជាបណ្ឌិតច្បាប់ មកពី ស្រុកបារាំង  និក្ខេបទដ៏ល្បី របស់គាត់គឺ ស្តីពីកម្ពុជាក្រោម ។ ជានិក្ខេបបទ តែមួយ គត់ដ៏ល្បីល្បាញ បំផុត ដែលអះអាងថា តាម ផ្លូវច្បាប់ ជាតិក្តី អន្តរជាតិក្តី ទឹកដី កូសាំងស៊ីន (កម្ពុជាក្រោម ) ជារបស់ខ្មែរ ។ ក្នុងនិក្ខេបបទនោះលោក ហ៊ូនឹមបញ្ជាក់ថា 
ក្នុងរាជ្យ ស្តេចអង្គដួងព្រះអង្គបាន ៖
- ស្តេចអង្គដួង បានបញ្ចប់ប្រពៃណីយួនចំនងដៃ ( មានន័យថា មិនទទួលយួនអោយនៅស្រុកខ្មែរ ទាល់តែសោះ ) ដូច្នេះ យួនដែលរស់នៅកូសាំងស៊ីនទាំងអស់ជាអន្តោរប្រវេសន៍ ខុសច្បាប់ គ្មានសីទ្ធិអ្វីទាំងអស់ក្នុងការកំណត់វាសនាខ្មែរ ជំនួសខ្មែរ ។
- ស្តេចអង្គដួងបានសរសេរលិខិតទៅ ព្រះចៅអធិរាជបារាំង ណាប់ប៉ូឡេអុង អោយការពារ ទឹកដីខ្មែរ និងចងសម្ព័ន្ធភាព គ្នា មិនមែន ដាក់ជាកូឡូនីទេ ។
- ស្តេចអង្គដួងលោក សន្យា ប្រទានប្រាក់ ៥០០ ណែនដល់ នាយទាហានបារាំងណា ដែល បណ្តេញកងទ័ព ស្តេចយួន យ៉ាឡុងចេញកំពង់ផែ ព្រៃនគរអស់ ( ពេលនោះបារាំងដេញ ចេញបានមែន តែបារាំងវាកាន់កាប់កំពង់ផែនេះជំនួស យួនវិញ ) 
- ស្តេចអង្គដួង បានចាត់ សម្តេចចក្រីកែប ( រដ្ឋមន្ត្រីក្រសួង សង្គ្រាម ) អោយទៅត្រួតត្រា ខេត្តពាម ហើយព្រមពេលនោះ សម្តេចចក្រីកែប បានទទួលជ័យជំនះ លើទាហានយួនយ៉ាឡុង គ្រប់សមរភូមិ ។

 ប៉ុន្តែ ស្តេចអង្គដួងបាន សោយទីវង្គត នៅឆ្នាំ ១៨៦០ យ៉ាងអាថ៌កំបាំងបំផុត ។ នៅឆ្នាំ ១៨៦៣ ( បីឆ្នាំ ក្រោយ ព្រះអង្គសោយទីវង្គត ) បារាំងបានដាក់ ប្រទេសខ្មែរ ជា អាណាព្យាបាល ក្រោមកាណុងកាំភ្លើង របស់លោក  ឧត្តមសេនីយ ថម សុន កំញើញ ស្តេច នរោត្តម អោយ ឡាយព្រះហស្ថលេខា លើ កិច្ច ព្រមព្រៀងបារាំងខ្មែរ  ដែលកិច្ចព្រមព្រៀងនេះ ត្រូវបាន អ្នកប្រវត្តិសាស្ត្រអះអាង ដូចៗគ្នាថា « ជាកិច្ចព្រមព្រៀង ផ្ទុយពី ព្រះរាជបំនង ស្តេច អង្គដួង » ។  និក្ខេបបទ របស់លោក បណ្ឌិតច្បាប់ ហ៊ូនឹមឈ្មោះ 
Situation juridique du Kampuchea Krom  លោកតា ហ៊ូ នឹម ស្លាប់ទៅមែន តែស្នាដៃរបស់គាត់
បានបន្សល់ទុកអោយកូនខ្មែរ ធ្វើជាមរតកដ៏មាន តម្លៃមិនអាចកាត់ថ្លៃបាន ។ ប៉ុល ពត សម្លាប់បណ្ឌិតច្បាប់ហ៊ូ នឹម មិនខុសពីសម្លាប់ជាតិ និង លើកទឹកដីខ្មែរ ក្រោមអោយទៅយួន ។ ដោយសារភាព ល្ងង់ខ្លៅ របស់ខ្លួន ប៉ុល ពតច្រណែន តែនឹងអ្នកចេះដឹង ដូច លោកតាហ៊ូនឹមជាភស្តុតាងស្រាប់. . .  ។
នៅមានត 
( រក្សាសិទ្ធិដោយ ហែន វិភាគ ប្រធានសមាគមអ្នកសារពត៌មានកម្ពុជាដើម្បីសេរីភាព )