ប្រភពកោះសន្តិភាព
ដោយ ៖ សំ សុភារិន្ទ
ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ១១:០៥ (14-07-2015 11:05)
ជីវប្រវត្តិ និងស្នាដៃដ៏អស្ចារ្យលើការដឹកនាំប្រទេសឱ្យរីកចម្រើន និងមានអំណាចខ្លាំងពូកែរបស់ព្រះបាទជ័យវរ្ម័នទី៧ លាតត្រដាងតាមរយៈអត្ថបទរៀបរៀងដោយលោកមីសែល ត្រាណេ ហើយទន្ទឹមនេះលោកវង់ សុធារ៉ា សាស្ត្រាចារ្យសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិភាគលើសេចក្តីសន្និដ្ឋានបែបទុទ្ទិដ្ឋិនិយមទៅលើព្រះបាទជ័យវរ្ម័នទី៧របស់លោកហ្សក សឺដេស ចាងហ្វាងសាលាបារាំងនៅចុងបូព៌ាប្រទេស ។
១-ជីវប្រវត្តិសង្ខេប
ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្ររបស់ព្រះបាទធរនិន្ទ្រវរ្ម័នទី២ ព្រះមាតាព្រះនាមចុឌាមុន្នី ដែលជាព្រះរាជបុត្រីព្រះបាទហសិវរ្ម័នទី៣ ហើយព្រះអង្គត្រូវជាបងប្អូនជីដូនមួយនឹងព្រះបាទសូរិយាវរ្ម័នទី២ ។ ព្រះអង្គបានរៀបអភិសេកជាមួយនឹងព្រះនាងជ័យរាជទេវី ជាព្រះអគ្គមហេសី ហើយមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមស្រិន្ទ្រវរ្ម័ន ។
ព្រះបាទជ័យវរ្ម័នទី៧ ដើមឡើយឈ្មោះ ជ័យធ៌ន ប្រសូតប្រមាណឆ្នាំ១១២៥ ហើយព្រះអង្គឡើងគ្រងរាជ្យក្នុងគ្រឹស្តសករាជ១១៦២ ក្នុងចន្លោះសតវត្សទី១២ និងដើមសតវត្សទី១៣ ។
ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានផ្ទៃនគរធំទូលាយ ខាងកើតទល់នឹងប្រទេសចាម ខាងត្បូងទល់នឹងសមុទ្រ ខាងលិចទល់នឹងភូមា ខាងជើងទល់នឹងប្រទេសចិន ពោលគឺប្រទេសយើងពុំទាន់បែកបាក់នៅឡើយ ។ ភាពធំធេងនៃនគរខ្មែរនាសម័យនោះ ពុំមែនជាលទ្ធផលនៃការវាតទីនិយមទេ ព្រះអង្គគ្រាន់តែកាន់កាប់ដោយពង្រឹងតំបន់នានា ដែលជាអតីតទឹកដីខ្មែរប៉ុណ្ណោះ ។
ព្រះអង្គជាស្តេចសឹកមួយអង្គដ៏ខ្លាំងពូកែ និងមានព្រហ្មវិហារធម៌ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ។ ព្រះអង្គបានចាត់ឱ្យបង្ក្រាបពួកបះបោរនៅក្នុងប្រទេស ដោយបង្រួបបង្រួមខេមរជនទាំងអស់ដែលនៅក្រោមការត្រួតត្រារបស់ព្រះអង្គឱ្យដើរផ្លូវតែមួយតាមដង្ហែព្រះអង្គ ។ ក្រោយពីការបង្ក្រាបពួកបះបោរ និងបង្រួបបង្រួមជាតិបានហើយ ព្រះអង្គបានបញ្ជាឱ្យលើកទ័ពទៅវាយចំបា៉នៅវិជ័យក្នុងការវាយបកសងវិញ ដែលចាមបានវាយឈ្លានពានក្នុងរាជ្យរបស់បិតាព្រះអង្គ ។
នៅពេលដែលព្រះអង្គកំពុងជាប់ដៃច្បាំងនៅប្រទេសចំបា៉នោះ បិតារបស់ព្រះអង្គក៏សុគតទៅ ។ នៅឆ្នាំ១១៦៥ ពេលដែលព្រះបាទយសោវរ្ម័នទី២ ត្រូវមន្ត្រីម្នាក់ធ្វើគតនោះ ព្រះអង្គក៏ទ្រង់ត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយសង្គ្រោះព្រះបាទយសោវរ្ម័នទី២ ។ ប៉ុន្តែជាការណ៍ឥតប្រយោជន៍ ព្រោះព្រះបាទត្រីភូវនាទិត្យវរ្ម័នបានឡើងគ្រងរាជ្យផុតទៅហើយ ។ ដូច្នេះហើយបានជាព្រះអង្គត្រូវសម្ងំមួយរយៈសិន ដើម្បីរង់ចាំឱកាសល្អប្រហែល១២ឆ្នាំ គឺរហូតមកដល់ឆ្នាំ១១៧៧ ឆ្លៀតពេលដែលពួកចាមចូលមកលុកលុយ និងដុតបំផ្លាញរាជធានីអង្គរ ហើយបានធ្វើគតព្រះបាទត្រីភូវនាទិត្យវរ្ម័ន ពេលនោះរាជបល្ល័ង្កនៅទំនេរ ។ ពេលនោះព្រះអង្គយល់ថា ជាឱកាសល្អមកដល់ហើយដើម្បីព្រះអង្គឡើងគ្រងរាជ្យ ។ ប៉ុន្តែមុននឹងប្រកាសព្រះអង្គជាព្រះចៅក្រុងកម្ពុជា ព្រះអង្គត្រូវកម្ចាត់ទ័ពចាមឈ្លានពានឱ្យអស់ពីទឹកដីជាមុនសិន ។
ស្របទៅនឹងគំនិតដូចនេះហើយ ទើបព្រះអង្គចាប់ផ្តើមធ្វើសកម្មភាពនយោបាយដើម្បីស្រោចស្រង់ប្រទេសកម្ពុជាឡើងវិញ ព្រះអង្គបានអំពាវនាវ និងប្រមូលខេមរជនដើម្បីវាយទៅលើប្រទេសចាមវិញ ។
២-មូលហេតុ និងព្រឹត្តិការណ៍នៃចម្បាំងរវាងខ្មែរនិងចាមក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧
ក-ការបង្ក្រាបអំពើបះបោរនៅមល្យង
មុនពេលដែលព្រះអង្គសងសឹកទៅលើពួកចាមវិញនោះ ព្រះបាទជ័យវរ្ម័នទី៧ ត្រូវប្រឈមមុខទល់នឹងការបះបោរមួយ ដែលបង្កឡើងដោយជនមួយក្រុមនៅមល្យងក្នុងតំបន់ខាងត្បូងនៃខេត្តបាត់ដំបង ។
ក្រុមបះបោរនេះបានដើរធ្វើទុក្ខបុកម្នេញដល់ប្រជារាស្ត្រនៅតំបន់នោះដោយមានបំណងចង់ប្រឆាំងនឹងអំណាចរបស់ព្រះអង្គ ។ ព្រះអង្គបានចាត់ឱ្យបុត្រចិញ្ចឹមរបស់ព្រះអង្គ ព្រះនាមវិទ្យានន្ទនៈ (ជាព្រះរាជបុត្រចាមមួយព្រះអង្គ ចុះចូលជាមួយព្រះអង្គតាំងពីក្មេងមកម្ល៉េះ) ឱ្យដឹកនាំទ័ពទៅបង្ក្រាបអំពើបះបោរនោះ រហូតដល់បានទទួលជ័យជម្នះ ។ ចាប់តាំងពីពេលនោះមកប្រទេសខ្មែរក៏ស្ថិតនៅក្នុងសេចក្តីសុខក្សេមក្សាន្តឡើងវិញ ។
ខ-ការសងសឹករបស់ខ្មែរទៅលើពួកចាម
នៅឆ្នាំ១១៩០ឆ្លៀតពេលស្តេចចាម ព្រះនាមជ័យឥន្ទ្រវរ្ម័នទី៤ បានលើកទ័ពមកវាយខ្មែរម្តងទៀតនោះ បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧ បានធ្វើនយោបាយឱ្យប្រទេសយួនទៅជាអព្យាក្រឹត្យរួចហើយ ព្រះអង្គក៏លើកទ័ពទៅបង្ក្រាប ។ ជាការសងសឹកព្រះអង្គក៏លើកទ័ពទៅវាយលុកកាន់តែ ជ្រៅទៅៗ ក្នុងប្រទេសចំប៉ា ហើយវាយយកបានក្រុងវិជ័យ និងចាប់បានស្តេចចាមអង្គនោះជាឈ្លើយសឹក ហើយបញ្ជូនមកស្រុកខ្មែរ ។ ពេលនោះព្រះអង្គបានតាំងព្រះអនុជថ្លៃ ព្រះអង្គអិនឱ្យនៅគ្រប់គ្រងក្រុងវិជ័យ ។ ឯបុត្រចិញ្ចឹមរបស់ព្រះអង្គ ព្រះនាមវិទ្យានន្ទនៈនោះ ឱ្យនៅគ្រប់គ្រងភាគខាងត្បូងវិញ គឺនៅក្រុងបណ្ឌុរង្គ ។ ចាប់តាំងពីពេលនោះមកប្រទេសចំប៉ាបានបែងចេញជាពីរ គឺក្រុងវិជ័យនៅខាងជើង និងក្រុងបណ្ឌុរង្គនៅខាងត្បូង ។
តែនៅអំឡុងឆ្នាំ១១៩៣-១១៩៤វិទ្យានន្ទនៈ មានគំនិតក្បត់នឹងព្រះអង្គវិញ ដោយបានទៅញុះញុងពួកចាមនៅក្រុងវិជ័យឱ្យងើបបះបោរប្រឆាំងនឹងស្តេចខ្មែរដែលគ្រប់គ្រងនៅក្រុងវិជ័យនោះ ។ ស្តេចខ្មែរអង្គនេះបានភៀសខ្លួនចេញពីក្រុងវិជ័យទៅ ដែលជាឱកាសហុចឱ្យវិទ្យានន្ទនៈចេញមុខបង្រួបបង្រួមប្រទេសចាមទាំងពីរឱ្យនៅតែមួយឡើងវិញ ។
នៅឆ្នាំ១២០៣ ព្រះបាទជ័យវរ្ម័នទី៧ បានដោះលែងស្តេចចាមជ័យឥន្ទ្រវរ្ម័នទី៤ឱ្យមានសេរីភាព និងចាត់ឱ្យស្តេចចាមអង្គនេះដឹកនាំទ័ពបង្ក្រាបវិទ្យានន្ទនៈ តែមិនបានជោគជ័យ ព្រោះវិទ្យានន្ទនៈបានធ្វើគុតស្តេចចាមអង្គនេះ ។ នៅឆ្នាំ១២០៣ ព្រះបាទជ័យវរ្ម័នទី៧ ក៏បានចាត់ស្តេចចាមមួយអង្គផ្សេងទៀត ដែលត្រូវជាឪពុកមារបស់វិទ្យានន្ទនៈឱ្យចេញទៅបង្ក្រាបម្តង រហូតបានទទួលជ័យជម្នះដោយកម្ចាត់វិទ្យានន្ទនៈចេញពីប្រទេសចំប៉ា ។
ចាប់តាំងពីពេលនោះមក គឺឆ្នាំ១១០៣ដល់១២២០ ប្រទេសចំបា៉ក៏ធ្លាក់ជាស្រុកចំណុះ ហើយដែលគ្រប់គ្រងដោយឪពុកមារបស់វិទ្យានន្ទនៈ អុងធនបតីគ្រាម ។
៣-ស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧
-ការកសាងអង្គរធំ ឬអង្គរទី៣
ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គដែលមានគុណបំណាច់យា៉ងធំចំពោះប្រទេសជាតិ ដោយបានរំដោះទឹកដីឱ្យផុតពីការត្រួតត្រារបស់បរទេស ក្រៅពីព្រះអង្គទ្រង់ជាស្តេចសឹកសង្គ្រាម ព្រះអង្គក៏ជាព្រះរាជាខ្មែរមួយអង្គដែលកសាងសមិទ្ធិច្រើនជាងគេបំផុត ជាពិសេសគឺអង្គរទី៣ ឬអង្គរធំ ។ សិលាចារឹកមួយនៅសាយហ្វុង (ទល់មុខវៀងចន្ទន៍ប្រទេសលាវ) ក៏បានបង្ហាញឱ្យឃើញថា ព្រះអង្គជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្ត្រខ្លាំងណាស់ដែរ ដោយសារតែការខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ព្រះអង្គចំពោះសេចក្តីសុខទុក្ខប្រជារាស្ត្រ ដោយព្រះអង្គយល់ឃើញថា «ទុក្ខសោករបស់រាស្ត្រ គឺជាការឈឺចាប់វេទនារបស់ព្រះអង្គ ហើយខ្លាំងជាងការឈឺចាប់របស់ព្រះអង្គទៅទៀត» ។
នៅដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ទឹកដីខ្មែរមានទំហំធំទូលំទូលាយ ជាងក្សត្រអង្គ ណាៗទាំងអស់ ។
ក្រោយពីព្រះនាងជ័យរាជទេវីសុគតទៅព្រះអង្គបានរៀបអភិសេកជាមួយព្រះនាង ឥន្ទ្រទេវី ដែលត្រូវជាបងបង្កើតរបស់ព្រះនាងជ័យរាជទេវី ។ ព្រះនាងឥន្ទ្រទេវីជាក្សត្រីយដែលសម្បូរដោយតម្រិះវិជ្ជាការត្រូវបានតែងតាំងជាសាស្ត្រាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយ ។
កិច្ចការជាដំបូងដែលត្រូវបំពេញជាបន្ទាន់នៅដើមរជ្ជកាលរបស់ព្រះអង្គ គ្រឹស្តសករាជ១១៨១ គឺការកសាងរាជធានីអង្គរធំ ដើម្បីជំនួសរាជធានីយសោធរៈបុរៈ ដែលត្រូវបានពួកចាមដុតបំផ្លាញចោល ។ ដើម្បីការពារទីក្រុងនេះ ព្រះអង្គបានកសាងកំផែងថ្មព័ទ្ធជុំវិញក្រុងដែលមានប្រវែង១២គីឡូម៉ែត្រ ។ នៅចំកណ្តាលរាជធានី ព្រះអង្គបានកសាងប្រាសាទបាយ័ន ដើម្បីទុកគោរពដល់ព្រះពុទ្ធសាសនា ។
បាយ័នគឺជាប្រាសាទភ្នំដែលសាងនៅក្នុងរជ្ជកាលរបស់ព្រះអង្គនៅក្នុងប្រាង្គកណ្តាលមានតំកល់ព្រះពុទ្ធបដិមាមួយព្រះអង្គ ដែលមានកម្ពស់ជិត៩ម៉ែត្រ ។ ត្រង់នេះសរឱ្យឃើញថា ព្រះអង្គមានទេពកោសល្យចេះសម្របសម្រួលអ្វីដែលជារបស់ចាស់ (ប្រាសាទភ្នំ) ឱ្យទៅជារបស់ថ្មី (ពុទ្ធរាជ) ដើម្បីជាកម្លាំងចិត្តដល់ពួកព្រាហ្មណ៍ និងប្រជានុរាស្ត្ររបស់ព្រះអង្គ ។
ព្រះបាទជ័យវរ្ម័នទី៧ ជាក្សត្រមួយព្រះអង្គ ដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា (លោកេស្វរៈ) បន្តអំពីព្រះបិតារបស់ព្រះអង្គ ។
គេពុំបានដឹងថា តើព្រះអង្គសុគតនៅឆ្នាំណាទេ ព្រះអង្គបាត់ដំណឹងពីអង្គរនៅអំឡុងឆ្នាំ១២០២ និង១២១៨ ។
ក្រៅពីជាស្តេចសឹកដ៏ខ្លាំងពូកែនោះ ព្រះអង្គក៏ជាស្តេចដែលបានសាងប្រាសាទច្រើនជាងគេបំផុត និងជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្ត្រ ដោយព្រះអង្គបានសាងមន្ទីរពេទ្យព្យាបាលរោគជាច្រើនពាសពេញនគរ ។
ក្នុងវិស័យសំណង់ ក្រៅពីការកសាងរាជធានី (អង្គរធំ) ឬអង្គរទីបីនោះ ព្រះអង្គបានកសាងប្រាសាទព្រះខ័ន នៅឆ្នាំ១១៩១ សម្រាប់ជាទីរំលឹកដល់ព្រះវរបិតា, ប្រាសាទតាព្រហ្មនៅឆ្នាំ១១៨៦ សម្រាប់តម្កល់បរមរូបនៃព្រះវរមាតា និងរូបសម្តេចព្រះគ្រូ, ប្រាសាទបន្ទាយឆ្មារ ដើម្បីថ្វាយឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមស្រិន្ទ្រកុមារ ដែលមានគុណចំពោះព្រះបាទយសោវរ្ម័នទី២ ក្នុងចម្បាំងជាមួយចាម និងជនក្បត់រាហូ ។
នៅតំបន់អង្គរ ព្រះអង្គបានសាងប្រាសាទបន្ទាយក្តី ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទបី ប្រាសាទនគរ ប្រាសាទតាព្រហ្ម ប្រាសាទចោមព្រះ (នៅសុរិន្ទស្រុកសៀម) ប្រាសាទសិង្គ (នៅកញ្ជនៈបុរី ស្រុកសៀម) ប្រាសាទកំផែងតូច (ស្រីស្លាកេត ស្រុកសៀម) ប្រាសាទនាងរាំ (នគររាជសីមា) ដែលជាមន្ទីរពេទ្យ ។ ដើម្បីបុព្វហេតុផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ព្រះអង្គថែមទាំងជួសជុលឡើងវិញនូវប្រាសាទ ចាស់ៗ ដែលទ្រុឌទ្រោម ឬក៏បានសាងសង់នូវប្រាសាទថ្មី រចនាបថបាយ័ននៅលើគ្រឹះនៃទេវស្ថាន ចាស់ៗដូចជានៅប្រាសាទគោ នាខេត្តកំពង់ធំជាដើម ជាហេតុដែលនាំឱ្យគេឃើញនៅមាត់ទ្វារនៃប្រាសាទគោនេះដែលបានសាងឡើងដោយព្រះហស្ថរបស់ព្រះអង្គ នូវវត្តមាននៃក្បាច់ផ្តែរនាសតវត្សទី៧ ដែលជារចនាបថសម្បូរណ៍ព្រៃគុក ។
ប្រាសាទ នីមួយៗ មានវត្ថុប្រើប្រាស់ដ៏មានតម្លៃជាច្រើនដូចជានៅប្រាសាទតាព្រហ្ម មានចានមាសមួយគុក ដែលមានទម្ងន់ជាងប្រាំរយគីឡូក្រាម ចានប្រាក់ចំនួន៣៥ គ្រាប់គជ់ចំនួន៤០៦២០គ្រាប់ ត្បូងចំនួន៤៥៤០គ្រាប់ ផ្តិលមាស រនាំងពីស្រុកចិនចំនួន៨៧៦ ក្លស់ចំនួន៥២៣ និងគ្រែសូត្រចំនួន៥១២ ។
ដើម្បីការពារ និងថែរក្សាប្រាសាទទាំងអស់នេះ ព្រះបាទជ័យវរ្ម័នទី៧បានបង្កើតឱ្យមានភូមិចំណុះជាច្រើន និងចាត់ឱ្យមានរៀបចំកិច្ចការរដ្ឋបាល និងបុគ្គលិកប្រចាំការជាច្រើននាក់ទៀត ដូចជាមានអធិការ មានអ្នកចាំគាល់បម្រើ និងមានស្រីរបាំផង ។
ក្រៅពីការកសាងប្រាសាទ ព្រះអង្គបានយកចិត្តទុកដាក់ចំពោះប្រជានុរាស្ត្រ ដោយបានសាងសាលាសំណាក់១២១សម្រាប់អ្នកដំណើរវត្តអារាមសម្រាប់ទុកទទួលនិស្សិត សាសនិកជនឱ្យចូលរៀនវិជ្ជាផ្សេងៗ ។
ក្រៅពីនេះព្រះអង្គបានរៀបចំឱ្យមានក្រសួងសុខាភិបាលដោយបង្កើតឱ្យមានមន្ទីរពេទ្យចំនួន១០២នៅពាសពេញនគរ មានបុគ្គលិក មានគ្រូពេទ្យ បង្កើតឱ្យមានគ្រឿងបរិភោគ និងមានឱសថគ្រប់យា៉ង មនុស្សគ្រប់វណ្ណៈអាចចូលព្យាបាលបាននៅក្នុងមន្ទីរពេទ្យដូចគ្នា ។
ក្នុង មួយឆ្នាំៗ ក្រសួងសុខាភិបាលរបស់ព្រះអង្គបានចាយវាយស្រូវអង្ករអស់១១.១៩២តោន ល្ងអស់២.១២៤គីឡូក្រាម ក្រវាញ ១០៥គីឡូក្រាម ខ្លឹមចន្ទន៍៣.៤០២គីឡូក្រាម ថ្នាំគ្រុន៤.០០០គ្រាប់ ថ្នាំឫសដូងបាត១.៩៦០ប្រអប់ ។
ក្រៅពីនេះឃ្លាំងព្រះរាជទ្រព្យបានបើកឱ្យនូវវត្ថុធាតុដើមសម្រាប់ផ្សំឱសថ ដូចជាទឹកឃ្មុំ សាប៊ូ ទឹកដោះ ប្រេង ក្រមួន ជាដើម ចំនួនបីលើកក្នុង មួយឆ្នាំៗ ។
ក្រោយពេលដែលព្រះបាទជ័យវរ្ម័នទី៧ សុគតទៅ សំណង់ប្រាសាទនានាត្រូវបានបញ្ឈប់ ប៉ុន្តែអានុភាពរបស់ខ្មែរនៅតែរុងរឿងនៅឡើយរហូតដល់ចុងសតវត្សទី១៣ មុនការបាក់បែកមហានគរខ្មែរដោយសារភ្លើងសង្គ្រាមវាតទីនិយម ។
«ព្រះមហាក្សត្រខ្មែរមួយព្រះអង្គនៅក្រុងកម្ពុជា ៖ ព្រះបាទជ័យវរ្ម័នទី៧» ដោយលោក ហ្សក សឺដេស ពួកអ្នកតែងរឿងសៀវភៅ និងអ្នកតែងរឿងកាសែត នៅតែនិយាយអំពីសេចក្តីស្ងាត់កំបាំងរបស់អង្គរ ហើយនឹងល្បងធ្វើឱ្យសាធារណជនជឿថា យើងមិនបានដឹងអ្វីសោះអំពីដើមកំណើតនិងអំពីសករាជនៃប្រាសាទខ្មែរទាំងនេះឡើយ ។ ទោះអ្នកប្រាជ្ញបានរិះរកកំណត់៥០ឆ្នាំ ក្នុងពិធីពិនិត្យគេហដ្ឋានបុរាណ និងសិលាចារឹកបុរាណក្តី ក្នុងវេលានេះយើងបានដឹងឥតចន្លោះ អំពីដែលស្តេចទាំងប៉ុន្មានសោយរាជ្យ តៗគ្នា ក្នុងក្រុងអង្គរតាំងពីចុងឆ្នាំ៩០០ដរាបដល់ដាច់ឆ្នាំ១៤០០ ។ យើងបានដឹងស្ទើរតែទាំងអស់ថា ស្តេចអង្គណាឡើងសោយរាជ្យពីឆ្នាំណា ហើយចូលទិវង្គតពីឆ្នាំណាមានជាប់សែលោហិតដូចម្តេចនឹងស្តេចមុន ហើយជាប់សែដូចម្តេចនឹងស្តេចដែលទទួលរាជ្យតទៅ ។ សិលាចារឹកខ្មែរ អាចធ្វើឱ្យយើងដឹងបានថា ស្តេចណាបានកសាងប្រាសាទណាៗ។ ដំណឹងដែលស្រង់បានពីក្នុងពង្សាវតារចិនខ្លះ និងសេចក្តីដែលពិនិត្យផ្ទៀងនឹងចារឹកនៅចម្ប៉ា (ស្រុកចាម) ខ្លះ នាំឱ្យយើងបានដឹងនូវភាគខ្លះអំពីសឹកសាមសង្គ្រាមជ័យ ឬអំពីការចងស្ពានមេត្រីនឹងស្រុកប្រទេស ប៉ុន្តែក្នុងសេចក្តីទាំងនេះមិនប្រទះឃើញរឿងរ៉ាវស្តេចណាមួយ ល្មមឱ្យស្រង់យកមកប្រមូលចងឱ្យបានជាប្រវត្តិមួយចប់ដោយជាក់លាក់បាន និស្ស័យអត្តភាពរបស់ស្តេច នីមួយៗ យើងម៏មិនបានស្គាល់ ហើយថែមទាំងព្រះរូប ផ្សេងៗ ដែលសាងជាតំណាងអង្គស្តេចទាំងឡាយនេះ មិនមែនជាតួអង្គស្តេចណាមួយ ដោយពិតនោះឡើយ សុទ្ធតែសាងឡើងជាតួព្រះឥសូរ ជាព្រះនារាយណ៍ ឬជាលោកេស្វរៈ ។
ប៉ុន្តែនៅមានសេចក្តីប្លែក ចន្លោះ ដោយឡែកៗដែរ គឺអំពីស្តេចមួយអង្គដែលក្នុងសម័យចុងសតវត្សទី១២ បានរចនានូវទីក្រុងដោយប្រាសាទ ដែលមានមុខមនុស្សញញឹមពីលើកំពូលមក គឺស្តេចជ័យវរ្ម័នទី៧ ដែលខ្ញុំមានប្រាថ្នានឹងរំឭកដល់និស្ស័យយា៉ងខ្លាំង ហើយយា៉ងគួរខ្លាចនៃអត្តភាពរបស់លោក ។
រឿងរា៉វដែលជាប្រវត្តិរបស់ស្តេចនេះ ឃើញប្លែកផ្សេងតែឯងណាស់ គឺជាដំបូងអ្នកតែងពង្សាវតារក្នុងស្រុកខ្មែរទុកដាក់លោកជាតួបន្ទាប់បន្សំដែលគ្មានបានកសាងអ្វីសោះ ហើយដែលសោយរាជ្យសម្បត្តិក្នុងសម័យដែលស្រុកទេសកំពុងផ្តើមកើតសេចក្តីអន្តរាយ ។ ជ័យជម្នះរបស់ស្តេចនេះទើបតែនឹងល្បីខ្ចរខ្ចាយឡើងក្នុងឆ្នាំ១៩០៣ នូវវេលាដែលលោក ល្វីហ្វ៊ីណូត៍ បានបោះពុម្ពផ្សាយចារឹក សំស្ក្រឹតមួយ ច្បាប់ឡើងក្នុងប៊ូល្វី តាំងសាលាបារាំងសែលនាចុងបូព៌៌ាប្រទេស គឺចារឹកដែលលោកស៊កម៉ាស្ប៉េរ៉ូ រកឃើញនៅតំបន់សាយហ្វុង ដែលនៅចំពីមុខក្រុងវៀងចន្ទន៍ គឺជាចារឹករបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលសម្តែងអំពីស្នាព្រះហស្តកសាងរោងព្យាបាលមួយក្នុងឆ្នាំ១១៦៨ ។ ហើយលោកល្វីហ្វ៊ីណូត៍ កត់សម្គាល់ថា សេចក្តីចារឹកនេះមានបំណងដូចគ្នានឹងសេចក្តីដែលមានក្នុងចារឹកមួយច្បាប់ទៀតក្នុងខេត្តត្រាំង ហើយចាំបានថាព្រះនាមស្តេចជ័យវរ្ម័នទី៧នោះមានពោលជាញឹកញយក្នុងចារឹកចាម ផ្សេងៗ ថាជាអ្នកវាយដណ្តើមស្រុកយ៉ាងធំ លោកល្វីហ្វ៊ីណូត៍ ថ្លែងសេចក្តីយល់ឃើញថា តាំងពីវេលានេះទៅចារឹកទាំងនេះដែលរៀងរាយតាំងពីក្នុងស្រុកលាវទៅដល់ត្រើយស្រុកអណ្ណាម និងដល់តំបន់ទំនាប ស្រុកកូសាំងស៊ីន នោះចារឹកខ្លះបញ្ជាក់នូវជ័យជម្នះរបស់ស្តេចនេះ ចារឹកខ្លះបញ្ជាក់នូវការបុណ្យ និងគុណប្រយោជន៍របស់ទ្រង់ ចារឹកទាំងនេះបំភ្លឺឱ្យឃើញនូវព្រះភ័ក្ត្រស្តេចធំមួយ ព្រះអង្គក្នុងរឿងជាអតីតដែលនៅក្នុងសេចក្តីងងឹតរបស់ស្រុកខ្មែរ ។
ការស្រាវជ្រាវរកក្នុងរវាង៣០ឆ្នាំក្រោយនេះ បានបញ្ជាក់នូវសេចក្តីយល់ឃើញនេះដោយពេញជួនបរិបូណ៌ ។ ការរកឃើញ អ្វីនីមួយៗថ្មីឡើងក្នុងពង្សាវតាររបស់ស្រុកខ្មែរ សុទ្ធតែទៅលើកិត្តិនាមរបស់ស្តេចជ័យវរ្ម័នទី៧ទាំងអស់ ។ ហើយព្រះមហាក្សត្រដែលកាលពីឆ្នាំ១៩០០ គេស្គាល់តែព្រះនាមនេះ ឥឡូវនេះគេទុកដាក់ថា «ជាស្តេចធំបំផុត» ក្នុងស្រុកខ្មែរ គឺជាស្តេចដែលបានពង្រីកព្រះរាជអាណាខេត្ត ដរាបដល់ព្រំកម្រិតជាទីបំផុត ថែមយកនគរចាមមកបញ្ចូលជាមួយបានមួយគ្រាទៀតផង ព្រមទាំងបានកសាងប្រាសាទយ៉ាង ធំៗ ស្តុកស្តម្ភជាច្រើនក្នុងព្រះនគរដែលគ្មានស្តេចណាដែលធ្វើបានដូច្នេះ ។ សិលាចារឹកជាច្រើនដែលទ្រង់ចាត់ឱ្យចារឹកទុកនៅប្រាសាទតាព្រហ្ម នៅបន្ទាយឆ្មារ និងប្រកាសរោងព្យាបាលទាំងឡាយ ចារឹកធំរបស់ព្រះអគ្គមហេសី ព្រះនាងឥន្ទ្រទេវី ដែលលោកមារ្យាល់ រកឃើញពីឆ្នាំ១៩១៦ នៅជើងពិមានអាកាស ហើយដែលលោកល្វីហ្វ៊ីណូត៍ ចេញផ្សាយក្នុងឆ្នាំ១៩២៥ ចារឹកចាមនៅស្រុកមីសឺន ចារឹកទាំងនេះហើយដែលជាគោលដើមដែលខ្ញុំស្រង់យកមកដើម្បីពណ៌នាអំពីកិច្ចការរបស់ស្តេចជ័យវរ្ម័នទី៧ មួយអន្លើដោយរឿងរា៉វ ផ្សេងៗ ដែលទាញយកមកពីចម្លាក់នៅជញ្ជាំងនៃប្រាសាទបាយ័ន និងបន្ទាយឆ្មារ ដែលមានទំនងជាមួយគ្នានឹងអក្សរចារឹកទាំងឡាយនោះ ។
ព្រះរាជបរិវត្តន៍ព្រះបាទជ័យវរ្ម័នទី៧នោះ យើងបានស្គាល់ជាពិតប្រាកដ ។
ព្រះវររាជបិតាដែលទ្រង់ព្រះនាមថា ធរណិន្ទ្រវរ្ម័នទី២ សោយរាជ្យសម្បត្តិយា៉ងតិចឆ្នាំក្នុងអំឡុងគ្រឹស្តសករាជ១១៥៥ ទ្រង់ត្រូវជាព្រះអនុជរួមអយ្យិកានឹងព្រះបាទសូរ្យវរ្ម័នទី២ ដែលបានផ្សាយព្រះរាជអាណាខេត្តដល់ស្រុកតុងកឹង ហើយដែលកសាងប្រាសាទអង្គរវត្ត ។ ចំណែកខាងព្រះវររាជមាតាដែលទ្រង់ព្រះនាមថា ចួឌាមណឺ នោះទ្រង់ជាប់ទៅក្នុងព្រះរាជវង្សមុនី ដែលសោយរាជសម្បត្តិស្ទើរតែពេញសតវត្សទី១១ទាំងមូល ហើយព្រះរាជវង្សនេះតជាប់មកពីជាតិដទៃប្រហែលជាជាតិជ្វា ហើយជាប់ព័ន្ធខាងប៉ែក ស្រីៗ ទៅនឹងស្តេចគ្រងស្រុកខ្មែរមុន តាំងតែពីមុនបានសាងអង្គរធំ ជារាជធានី ។
ព្រះបាទជ័យវរ្ម័នប្រសូតក្នុងអំឡុងឆ្នាំ១១២០ ឬបើយា៉ងក្រោយណាស់ក្នុងឆ្នាំ១១២៥ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ។ ទំនងជាទ្រង់យកព្រះទេពីតាំងពីនៅក្នុងវ័យជាព្រះកុមារណាស់ ហើយព្រះទេពីនោះជាក្សត្រីដែលតទៅមានអំណាចលើទ្រង់ជាខ្លាំង ហើយមានព្រះរាជបុត្រា១ព្រះអង្គ ដែលតទៅមុខយើងនឹងមានពេលនិយាយឡើងជាថ្មីទៀត ។
ជាក្រោយហេតុភេទដែលយើងមិនបានដឹងច្បាស់នៅឡើយ ព្រះបាទជ័យវរ្ម័នយាងចេញពីក្រុងកម្ពុជា ទុកព្រះទេពី និងព្រះរាជបុត្រក្នុងទីនេះ ដែលយាងទៅនោះ គឺទៅក្នុងចម្បាំង ឬដោយសេចក្តីដែលជាអភ័យដល់ព្រះអង្គដែលយើងមិនបានដឹងឡើយ ទ្រង់យាងទៅគង់នៅស្រុកចម្ប៉ាក្នុងខេត្តវិជ័យ គឺក្នុងខេត្តប៊ិញឌិញសព្វថ្ងៃនេះ ។ ព្រះបាទជ័យវរ្ម័នឃ្លាតបាត់ទៅនេះនាំឱ្យព្រះអគ្គទេពីមានទុក្ខជាទម្ងន់ ហើយសិលាចារឹកនៅពិមានអាកាសដែលព្រះអង្គម្ចាស់ក្សត្រីព្រះរៀមតែងទុកនោះបញ្ជាក់នូវព័ត៌មាននេះដោយច្បាស់លាស់ ។ ចារឹកនោះពោលថា ព្រះនាងមានទឹកព្រះនេត្រជោរដល់ស្រពព្រះកាយ ទ្រង់សោយសោកដូចជានាងសិតា រលឹកអាល័យព្រះស្វាមីដែលឃ្លាតព្រាត់ប្រាសទៅ ។ ព្រះនាងទ្រង់សុបិនឃើញព្រះភស្តា ហើយថាទ្រង់យល់ឃើញនូវសេចក្តីត្រេកអរក្នុងសុបិននេះដែលបង្កើតសេចក្តីទុក្ខផង ។ ព្រះនាងតាំងបែបន់សូមឱ្យព្រះស្វាមីយាងត្រឡប់មកវិញ ។ ព្រះនាងទ្រង់រកឱសថរំងាប់នូវសេចក្តីទុក្ខសង្រេងសង្រៃក្នុងព្រះពុទ្ធសាសនា និងក្នុងការកាន់ក្រឹត្យ ។
ចារឹកនោះសម្តែងថា ព្រះនាងបានទទួលសេចក្តីចេះដឹងអំពីសំណាក់ព្រះនាងឥន្ទ្រទេវីជាព្រះរៀម ហើយទ្រង់ទុកដាក់ព្រះពុទ្ធជាទីស្រឡាញ់បំផុត ជាទីរលឹកប្រាថ្នា ព្រះនាងទ្រង់ត្រេចតាមផ្លូវជាទីស្រួលរបស់ព្រះអរហន្ត ដែលនៅជាចន្លោះភ្លើងនៃសេចក្តីរសាប់រសល់ និងសមុទ្រនៃសេចក្តីឈឺចាប់ ។
ត្រូវសម្គាល់ទុកថា សេចក្តីឧស្សាហ៍ជ្រះថ្លាក្នុងព្រះពុទ្ធសាសនានេះដែលស្តេចជាព្រះស្វាមីព្រះនាងនឹងធ្វើឱ្យយើងឃើញនូវភស្តុតាងយា៉ងពិស្តារជាក្រោយរាជាភិសេករបស់ទ្រង់ ។
ក្នុងសម័យដែលព្រះបាទជ័យវរ្ម័នគង់នៅឯស្រុកចម្ប៉ានោះ ព្រះបាទធរណិន្ទ្រវរ្ម័នទី២ ជាព្រះវររាជបិតាទ្រង់ទិវង្គត ហើយស្តេចដែលទ្រង់ព្រះនាមថា យសោវរ្ម័ន មិនដឹងជាជាប់ពូជពង្សមកពីណា ឡើងសោយរាជ្យសម្បត្តិជាដំណមក ។ រជ្ជកាលរបស់ស្តេចនេះមានកើតរឿងរ៉ាវដែលនាំឱ្យមានបញ្ហាយា៉ងជ្រៅទូលាយកើតឡើង ហើយដែលមានចារឹកនៅប្រាសាទបន្ទាយឆ្មារ ព្រមទាំងមានឆ្លាក់ជាប់នៅជញ្ជាំងក្នុងប្រាសាទដដែល ។
មានធម្មជាតិអ្វីមួយ ដែលសេចក្តីចារឹកឱ្យឈ្មោះថា រាហុ ទាំងចម្លាក់នៅជញ្ជាំងក៏ឆ្លាក់ជារូបរាហុដែរ មកធ្វើឱ្យអន្តរាយដល់ព្រះបាទ យសោវរ្ម័ននោះបានព្រះកុមារជាព្រះរាជបុត្រាព្រះបាទជ័យវរ្ម័ន ជួយការពាររួចផុតសេចក្តីអន្តរាយ ។ សេចក្តីចារឹកនោះពោលដូច្នេះ ក្នុងវេលាដែលភរតរាហុកើតគំនិតក្បត់ព្រះចៅយសោវរ្ម័ន ឡើងដើម្បីដណ្តើមយកព្រះបរមរាជវាំង សេនា ទាហានក្នុងព្រះនគរក៏បាក់រត់អស់...ស្តេច (ព្រះរាជបុត្រាព្រះបាទជ័យវរ្ម័ន) តាំងប្រយុទ្ធតទល់ជាមួយគ្នា មានសេនា២នាក់ច្បាំងការពារសងខាងទ្រង់ ទ្រង់វាយភរតរហុ ត្រូវច្រមុះដួលផ្ងារទៅ ។
ផុតពីកណ្តាប់ដៃឧត្បាតមិនយូរប៉ុន្មាន ព្រះបាទយសោវរ្ម័ន ក៏ទ្រង់លុះក្នុងកណ្តាប់ដៃមន្ត្រីក្បត់បះបោរម្នាក់ទៀត ។ មន្ត្រីក្បត់នេះឡើងសោយរាជ្យសម្បត្តិពីក្នុងឆ្នាំ១១៦៥ តាំងព្រះនាមជាព្រះបាទត្រីភូវនាទិត្យ ។ ដំណឹងសេចក្តីបះបោរនេះក៏ផ្សាយទៅដល់ស្រុកចម្ប៉ា ចារឹកនៅពិមានអាកាសពោលថា ព្រះបាទជ័យវរ្ម័នយាងត្រឡប់មកជាប្រញាប់ដើម្បីជួយដោះទុក្ខស្តេចយសោវរ្ម័ន ។ យើងអាចនឹងដៅសេចក្តីបានថា ដែលទ្រង់យាងមកនេះគឺដើម្បីនឹងទាមទារយកអំណាចកម្ពុជរាជ្យនោះផង ប៉ុន្តែចារឹកពោលតទៅទៀតថា ខ្មាំងដណ្តើមយករាជសម្បត្តិបានទៅហើយបានសម្លាប់ព្រះបាទយសោវរ្ម័នជាស្រេចផង ព្រះបាទជ័យវរ្ម័ន ក៏គង់នៅក្នុងក្រុងកម្ពុជា ចាំបានឱកាសល្អដើម្បីនឹងស្រោចស្រង់ផែនដីដែលធ្ងន់ទៅដោយបទល្មើសជាឧក្រិដ្ឋ ។ ព្រះនាងដោយអំណាចសេចក្តីកាន់ក្រឹត្យបានជួបព្រះស្វាមីវិញ ហើយក៏ចេញពីត្រណមដែលកាន់តឹងនោះ ទ្រង់មានសេចក្តីប្រាថ្នាចង់ឃើញព្រះស្វាមីស្រង់យកផែនដីពីក្នុងសមុទ្រ គឺសេចក្តីគ្រោះកាចដែលត្រាំនៅនេះឡើងមកវិញ ។
បើនិយាយសម្តីផ្សេងវិញគឺថា ព្រះបាទជ័យវរ្ម័នដែលយាងចូលមកយឺតយូរពេក ហើយឃើញជនក្បត់តាំងនៅលើរាជបល្ល័ង្កទៅហើយ ក៏មិនយាងត្រឡប់ទៅស្រុកចម្បា៉វិញឡើយ ។ ដោយសេចក្តីញុះញង់របស់ព្រះអគ្គទេពី ហើយដោយអំណាចសេចក្តីស្រឡាញ់ចំពោះព្រះទេពីយា៉ងលើសលុប មានតែសេចក្តីលោភយសស័ក្តិទើបស្មើ ទ្រង់ក៏គង់នៅក្នុងកម្ពុជប្រទេសរង់ចាំពេលឱកាសដែលស្រួលល្អ ។ ទ្រង់ចាំអស់កំណត់១៥ឆ្នាំ ។
ក្នុងសម័យដែលមានបះបោរដណ្តើមយករាជសម្បត្តិក្នុងស្រុកខ្មែរនេះ មានមនុស្សម្នាក់មិនដឹងជាមកពីណា ថាឈ្មោះជ័យឥន្ទ្រវរ្ម័ន (ទី៤) មកដណ្តើមយករាជសម្បត្តិស្រុកចម្បា៉ ពីក្នុងឆ្នាំ ១១៦៦-១១៦៧ ។ កិច្ចជាដំបូងរបស់ស្តេចនេះ គឺចងស្ពានមេត្រីនឹងនគរអណ្ណាម ដោយចាត់រាជទូតឱ្យនាំតង្វាយទៅថ្វាយស្តេចស្រុកអណ្ណាម កាលពីឆ្នាំ១១៧០ ។ ឃើញថាបានសេចក្តីសុខសាន្តខាងប៉ែកខាងជើងហើយ ក៏តាំងបែរត្រឡប់ឆ្ពោះមកស្រុកក្រុងកម្ពុជាវិញ ។
ជ័យឥន្ទ្រវរ្ម័នជាស្តេចលើពួកចាម អួតអាងឫទ្ធានុភាពដូចជាក្រុងរាពណ៍ តាំងលើកកងទ័ពដោយរាជរថឆ្ពោះមកច្បាំងនឹងប្រទេស កម្ពុជា ជាប្រទេសល្អ ឧបមាបីដូចជាស្ថានសួគ៌ នេះគឺជាសេចក្តីដែលមានពោលក្នុងចារឹកនៅពិមានអាកាស ។ ប៉ុន្តែគូសត្រូវមានឫទ្ធានុភាពណាស់ដែរ ហើយការប្រយុទ្ធនោះក៏ទៅជាមិនម៉ឺងម៉ាត់។ ក្នុងវេលានោះ ស្តេចជ័យឥន្ទ្រវរ្ម័នក៏ផ្លាស់គំនិតជាថ្មី គឺតាំងលើកមកវាយស្រុកខ្មែរដោយផ្លូវសមុទ្រវិញ។
ក្នុងឆ្នាំ១១៧៧ ក៏ចាត់លើកកងទ័ពជើងទឹកមកដោយទូក សំពៅចាម មានចិនម្នាក់ដែលជាអ្នកលង់សំពៅនាំផ្លូវមក លុះលើកមកដល់ពាមទន្លេមេកុង គឺកាត់ឆ្ពោះតម្រង់រហូតទៅដល់ទន្លេសាប ។ ពួកកងទ័ពនេះចូលលុកលុយមហានគរបាន ហើយក៏ប្រហារស្តេចត្រីភូវនាទិត្យបង់។ កងទ័ពចាមក៏លុកលុយកម្ទេចព្រះនគរ ជញ្ជូនយករបស់ទ្រព្យបានជាច្រើននាំយកទៅ ។
ក្នុងវេលានោះរាជសម្បត្តិក៏ទៅជាទំនេរ ហើយព្រះបាទជ័យវរ្ម័នដែលនៅរង់ចាំពេលបាន១២ឆ្នាំ ក៏ឃើញថាដល់ពេលដែលគួររបស់ទ្រង់ ហើយ តែមុខនឹងតាំងព្រះអង្គជាមហាក្សត្រ ទ្រង់តាំងចាត់ការកម្ចាត់ពួកដែលលុកលុយស្រុកចេញពីព្រះនគរជាមុនសិន ។ ទ្រង់តាំងចេញតសង្គ្រាមជើងទឹកនឹងពួកចាម ចម្បាំងត្រង់នេះហើយដែលមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ គឺជាចម្បាំងដែលដោះក្រុងកម្ពុជាឱ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវ ។
វេលា៤ឆ្នាំតពីខ្មាំងសត្រូវចូលលុកលុយស្រុកក្នុងឆ្នាំ១១៧៧មក គឺដល់មកក្នុងឆ្នាំ១១៨១ ក្រុងកម្ពុជាបានសេចក្តីសុខក្សេមក្សាន្តឡើងវិញ ហើយព្រះបាទជ័យវរ្ម័នក៏តាំងពិធីរាជាភិសេកឡើងសោយរាជ្យសម្បត្តិក្នុងពេលជាមួយដែលទ្រង់តាំងរៀបពិធីសម្ពោធទីក្រុង ថ្មីៗ ។ ក្រុងយសោធបុរគួរនាដូចជាស្រីក្រមុំក្នុងត្រកូលខ្ពស់ សក្តិសមឥតទាស់នឹងគួរស្រឡាញ់ ហើយរាគកំពុងរោលរាល ប្រដាប់តុបតែងដោយវាំងមួយ ដែលរចនាដោយថ្មដ៏មានតម្លៃ ហើយស្លៀកពាក់នូវកំពែងដែលព័ទ្ធជុំវិញ បើកមករូបសមរសជាមួយនឹងព្រះមហាក្សត្រ ដើម្បីឱ្យបានកើតនូវសេចក្តីសុខសួស្តីដល់មនុស្សជាតិទាំងអស់ក្នុងឱកាសបុណ្យជាទីអឹកធឹក នៅក្រោមឆត្រជ័យដែលលើកតម្កើងឡើង ។ នេះជាសេចក្តីដែលពោលក្នុងសិលាចារឹកដែលនៅក្នុងប្រាសាទជ្រុងកំពែងនគរធំ គឺទីក្រុងដែលស្តេចទ្រង់ទុកដូចរៀបសបរសជាមួយនោះ មិនគឺក្រុងណាដទៃក្រៅពីក្រុងនគរធំសព្វថ្ងៃ ដែលទ្វារទិសទក្សិណនៅខាងជើងភ្នំបាខែងបន្តិច ហើយដែលទីកណ្តាលក្រុងមានប្រាសាទបាយ័នជាទីតាំង ។ ក្នុងសម័យដែលចាមមកលុកលុយពីឆ្នាំ១១៧៧នោះ តាមអ្នកប្រវត្តិសាស្ត្រចិនម្នាក់ឈ្មោះ ម៉ាតួនលិន ថាព្រះបាទជ័យវរ្ម័ន បានតាំងប្តេជ្ញាប្រណិធានថា នឹងធ្វើសេចក្តីសងសឹកឱ្យបានល្បីខ្ចរខ្ចាយ ហើយសេចក្តីប្តេជ្ញានេះបានសម្រេចក្នុងវេលាក្រោយ ដែលបានព្យាយាមទ្រាំចាំអស់វារៈ១៨ឆ្នាំ ។
ប៉ុន្តែមុននឹងសម្រេចតាមសេចក្តីប្តេជ្ញានោះទ្រង់មានកិច្ចនឹងរម្ងាប់បះបោរក្នុងព្រះអាណាខេត្តជាមុនសិន គឺមានកើតចលាចលបះបោរក្នុងតំបន់មល្យាង ដែលនៅជាខាងត្បូងខេត្តបាត់ដំបងសព្វថ្ងៃនេះ ។ ដើម្បីនឹងផ្តន្ទាបះបោរនេះ ទ្រង់បានចាត់ខត្តិយវង្សចាមជំទង់មួយអង្គដែលមកពួននៅក្នុងស្រុកខ្មែរឱ្យទៅជួយ ក្នុងស្ថានត្រង់ណេះសិលាចារឹកចាមមួយនៅតំបន់មីសឹនប្រារព្ធសេចក្តីដូច្នេះ ។
កាលនៅពីកុមារតូចក្នុងឆ្នាំ១១៨២ព្រះអង្គម្ចាស់វិទ្យានន្ទន យាងទៅស្រុកខ្មែរ ។ ព្រះរាជាស្រុកខ្មែរ (ជ័យវរ្ម័នទី៧ដែលសោយរាជសម្បត្តិពីឆ្នាំមុន) ដោយទ្រង់ឃើញថា ព្រះអង្គម្ចាស់នេះប្រកបដោយលក្ខណៈ៣៣ប្រការ (សម្រាប់មនុស្សមានបុណ្យ) ក៏យកមកបីបាច់រក្សាស្រឡាញ់រាប់អាន ហើយបង្រៀនចំណេះវិជ្ជាគ្រប់យ៉ាងក្នុងវិទ្យាសាស្ត្រ និងយុទ្ធសាស្ត្រ ។ ក្នុងវេលាដែលគង់នៅស្រុកខ្មែរនោះ ក្នុងស្រុកនេះមានស្រុកមួយឈ្មោះថាមល្យាង ដែលមានសុទ្ធតែមនុស្សខូចកាច នៅតែងធ្វើទុក្ខធ្វើបាបពួកខ្មែរ ហើយបះបោរតព្រះចៅក្រុងកម្ពុជា ។
ព្រះមហាក្សត្រទ្រង់ព្រះតម្រិះឃើញថា ព្រះអង្គម្ចាស់ប៉ិនប្រសប់ក្នុងពិធីអាវុធគ្រប់យ៉ាង ក៏ទ្រង់ចាត់ឱ្យត្រួតទ័ពខ្មែរទៅវាយយកស្រុកមល្យាង ។ ព្រះអង្គម្ចាស់ក៏ចាត់ការបានសម្រេចគ្រប់ប្រការ តាមសេចក្តីប្រាថ្នារបស់ព្រះមហាក្សត្រ ។ លុះព្រះមហាក្សត្រទ្រង់ឃើញតម្លៃរបស់ព្រះអង្គម្ចាស់នេះ ក៏ទ្រង់ប្រោសព្រះរាជទានស័ក្តិយសជាយុវរាជ ហើយទ្រង់ព្រះរាជទានគ្រប់គ្រឿងសប្បាយ និងទ្រព្យសម្បត្តិទាំងអស់ក្នុងក្រុងកម្ពុជា ។
ព្រះអង្គម្ចាស់ចាមនេះ បានជាអាវុធរបស់ព្រះបាទជ័យវរ្ម័នក្នុងការកែខ្លួនសងសឹកពួកចាម ។ សេចក្តីកែខ្លួននេះជាផលនៃសេចក្តីទន្ទឹងចាំជាយូរឆ្នាំ តាមសេចក្តីរបស់អ្នកប្រវត្តិសាស្ត្រចិន ទ្រង់ចាត់ការរៀបចំដោយចងស្ពានមេត្រីនឹងស្តេចស្រុកអណ្ណាម លីកាវតុង ជាមុន ហើយក៏បង្អង់ចាំរកឱកាសដ៏គួរល្អ ។ ឱកាសនេះមានឡើងក្នុងឆ្នាំ១១៩០ ក្នុងវេលាដែលជ័យឥន្ទ្រវរ្ម័នទី៤ ដែលជាសត្រូវចាស់របស់ព្រះអង្គលើកកងទ័ពម្តងទៀត ។
តើទ្រង់ស្តេចចេញច្បាំងនឹងចាមដោយព្រះអង្គឯងឬអ្វី ត្រង់នេះដូចជាមិនប្រាកដ គ្រាន់តែមានចារឹកថ្មមួយនៅប្រាសាទពោនគរ» ក្នុងខេត្តញ៉ាត្រាង ពោលថា «ទ្រង់យកទីក្រុងចម្ប៉ា ហើយប្រមូលយកព្រះសិវលិង្គទាំងអស់ទៅ» ។ បើទុកជាដូច្នេះក៏ដោយ គឺទ្រង់គ្រាន់តែប្រគល់ទ័ពឱ្យព្រះអង្គម្ចាស់វិទ្យានន្ទន ត្រួតត្រាទៅ ។ ព្រះអង្គម្ចាស់នេះវាយយកបានក្រុងវិជ័យ (ប៊ិញឌិញ) ហើយចាប់បានស្តេចជ័យឥន្ទ្រវរ្ម័នបញ្ជូនជាឈ្លើយមកឯក្រុងកម្ពុជា ។ ព្រះអង្គម្ចាស់នេះក៏លើកខត្តិយវង្សខ្មែរមួយអង្គជាព្រះអនុជថ្លៃនៃព្រះបាទជ័យវរ្ម័នទី៧ ឱ្យគ្រងរាជ្យជាជំនួសក្នុងទីនោះ ហើយចំណែកទ្រង់ក៏យាងទៅតាំងទីក្រុងមួយថ្មីនៅទីខាងត្បូងក្នុងតំបន់បណ្ឌុរង្គ គឺផាងរ៉ាង សព្វថ្ងៃនេះឯង ។ ស្រុកចម្បា៉ក៏តាំងបែកមានស្តេច២ព្រះអង្គដូច្នេះឡើង គឺស្តេចមួយអង្គជាព្រះរាជវង្សស្តេចស្រុកខ្មែរ ហើយស្តេចមួយអង្គទៀតជាអ្នកនៅក្នុងទំនុកបម្រុងស្រុកខ្មែរ ។ បែបផែននេះមិនស្ថិតស្ថិរនៅយូរឡើយ ។ អាស្រ័យដោយកើតបះបោរនៅប៊ិញឌិញ ដែលដេញព្រះអនុជថ្លៃព្រះបាទជ័យវរ្ម័នទី៧ចេញទៅនោះ ព្រះអង្គម្ចាស់ចាមវិទ្យានន្ទន ដែលសោយរាជ្យនៅផាងរ៉ាង ចង់ដោះដៃពីស្តេចខ្មែរដែលជាអ្នកទំនុកបម្រុង ហើយក៏តាំងបញ្ចូលនគរទៅជាតែមួយវិញ ដើម្បីកាន់កាប់តែមួយព្រះអង្គឯងនៅវេលាក្រោយដែលបានសម្លាប់ស្តេចជ័យឥន្ទ្រវរ្ម័នទី៤ ដែលជាឈ្លើយនៅក្នុងស្រុកខ្មែរ ហើយដែលព្រះបាទជ័យវរ្ម័នទី៧ បានដោះលែងឱ្យទៅតតាំងជាមួយ ។ លុះដល់មកឆ្នាំ១២០៣ ទើបស្តេចវិទ្យានន្ទន ត្រូវមាម្នាក់បានសំណូកអំពីស្រុកខ្មែរ ហើយបណ្តេញចេញពីនគរចម្ប៉ា ។ តាំងពីឆ្នាំ១២០៣រហូតដល់ឆ្នាំ១២២០ ស្រុកចម្ប៉ាទុកដូចជាខេត្តមួយរបស់ស្រុកខ្មែរ ។
ការវិវាទរបស់ព្រះបាទជ័យវរ្ម័នទី៧ ជាមួយនឹងប្រទេសជិតខាង ខាងកើតមិនរារាំងមិនឱ្យទ្រង់ពង្រីកទីដែនទៅខាងលិចឡើយ ។ ក្នុងរជ្ជកាលនេះហើយដែលមានកើតសិលាចារឹកខ្មែរ ដែលជាខាងជើងបំផុតចារិកខ្មែរឯទៀត គឺចារឹកនៅសាយហ្វុង នៅពីខាងមុខក្រុងវៀងចន្ទន៍ ហើយពួកអ្នកប្រវត្តិសាស្ត្រចិនបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទ្រង់បង្ក្រាបជ្រោយម៉ាឡាយូ១ភាគ ហើយទន្ទ្រានផ្សាយឫទ្ធានុភាពរហូតទៅដល់ស្រុកភូមា ។
ក្នុងពេលជាមួយគ្នានោះ មរណទុក្ខយ៉ាងទម្ងន់ធ្លាក់មកលើទ្រង់ គឺព្រះអគ្គមហេសីទ្រង់សោយព្រះវិលាល័យ ។ ព្រះអគ្គមហេសើនេះមានព្រះរៀមក្សត្រីមួយព្រះអង្គតាមដែលមានពោលក្នុងសិលាចារឹកថា នាងនេះពូកែលើសលុបឥតនរណាស្មើក្នុងវិទ្យាសាស្ត្រ និងក្នុងបរមត្ថ ហើយព្រះរាជាទ្រង់តាំងជាបរិនាយកាចារ្យក្នុងអារាមព្រះពុទ្ធសាសនាយ៉ាងល្បីល្បាញមួយហើយបង្រៀនពួកស្រីៗ ។ គឺព្រះនាងនេះហើយ ដែលធ្វើឱ្យយើងដឹងដោយសិលាចារឹកយ៉ាងធំមួយនៅពិមានអាកាស ដែលព្រះនាងតែងសេចក្តីដោយខ្លួនឯង ។ ចារឹកនោះពោលថា ព្រះនាងគង់នៅក្នុងទីមួយ ឈ្មោះថា នរេន្ទ្រាស្រម ដែលជាទីចូលចិត្តដោយការសិក្សាដែលពួក ស្រីៗរាជបរិពារមករៀនសូត្រ ។ ព្រះនាងក៏ល្បីល្បាញក្នុងទីនោះដោយការគោរពរបស់បណ្តាសិស្សទាំងឡាយ ព្រះនាងជាអ្នកធ្វើឱ្យពួកស្រីទាំងនេះបានសេចក្តីសុខឧបមាដូចជាទេវធីតាឈ្មោះ សរស្វតី បែងភាគមក ។ វេលាដែលព្រះអគ្គមហេសី ដែលជាព្រះអនុជសោយព្រះវិលាល័យទៅព្រះបាទជ័យវរ្ម័នទី៧ ទ្រង់យកព្រះនាងជាព្រះមហេសី ប៉ុន្តែយសសក្តិដែលខ្ពង់ខ្ពស់នេះ មិននាំឱ្យព្រះនាងងាកចេញពីសេចក្តីស្មោះស្ម័គ្រក្នុងវិទ្យាសាស្ត្រឡើយ «ព្រះនាងបានផ្សាយសេចក្តីមេត្តាព្រះមហាក្សត្រចំពោះដល់ ស្រីៗណា ដែលចូលចិត្តសិក្សាវិទ្យាសាស្ត្រ ឧបមាដូចជាទឹកទិព្វយា៉ងប្រសើរ ដែលចេញមកជាសេចក្តីចេះដឹង» ។
យើងឥតបានដឹងជាប្រាកដឡើយអំពីឆ្នាំដែលព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ទិវង្គត ។ យើងគ្រាន់តែបានដឹងជាការជាក់លាក់ថា កាលពីឆ្នាំ១២០១ នោះទ្រង់សោយរាជ្យសម្បត្តិនៅឡើយ ក្នុងឆ្នាំនោះហើយទ្រង់ចាត់រាជទូតទៅនគរចិន ប៉ុន្តែដោយទ្រង់ព្រះជរាណាស់ទៅហើយ នោះមិនគួរជឿព្រះជន្មានៅយូរបានតពីឆ្នាំនោះមកឡើយ ។
ព្រះបាទជ័យវរ្ម័ន មានព្រះរូបរាងធំខ្ពស់ មានទម្ងន់ មានព្រះកេសាវែងបួងចុកឡើងចំពាក់កណ្តាលព្រះសិរ ។ បែបផែនទាំងនេះឃើញនៅជាប់ព្រះបរមរូបពីរព្រះអង្គ ដោយមួយព្រះអង្គនៅនគរធំ និងមួយព្រះអង្គទៀតឃើញនៅប្រាសាទភិមា៉យ ជិតអង្គររាជ ហើយយកទៅតម្កល់ទុកនៅក្រុងបាងកក ។ រួបទាំងពីរនេះខ្ញុំតម្រូវថា ជារូបសាងតំណាងបុគ្គលតែមួយ គឺជាព្រះរូបព្រះបាទជ័យវរ្ម័នទី៧ ទាំងពីរព្រះអង្គ។ ព្រះហស្ថទាំងពីរបាក់ដាច់បាត់ ប៉ុន្តែដោយមិនឃើញមានស្នាមព្រះហស្ថនៅលើព្រះឱរានោះអាចនឹងស្មានថា ព្រះហស្ថទាំងនេះមកប្រជុំគ្នានៅមុខព្រះឱរា ហើយព្រះហស្ថ មួយៗទ្រង់កាន់ផ្កាឈូកមួយក្នុងទំនងធម្មតាតាមទំនៀមអ្នកធ្វើអំណោយ ។ ប្រហែលជាព្រះរូបនៅនគរធំនោះគេតម្កល់ឱ្យឆ្ពោះព្រះភ័ក្ត្រទៅរកប្រាសាទបាយ័នក្នុងទីបន្ទប់មួយនៅទ្វារខាងកើតនៃព្រះមហា នគរ ។ នៅទ្វារខាងកើតបន្ទាយព្រះខ័ននោះ គេគាស់បានរូបស្រី២អង្គុយលុតជង្គង់នៅទីផ្លូវចូលទាំងសងខាង (សព្វថ្ងៃរូបមួយនៅទីពិពិចភណ្ឌ ស្ថានក្រុងហាណូយ មួយទៀតនៅទីពិពិចភណ្ឌ ស្ថានគ្វីមេត៍ ក្រុងប៉ារីស) រួមទាំងពីរនេះទំនងជារូបស្រីបងប្អូនទាំងពីរ ដែលជាអគ្គមហេសីតគ្នារបស់ព្រះបាទជ័យវរ្ម័ន ។ ដែលនាំឱ្យរឹតតែជាក់សេចក្តីជាងនេះទៅទៀត គឺអំពីដែលប្រាសាទភិម៉ាយមានរូបស្រីអង្គុយលុតជង្គង់នៅជិតរូបស្តេចនោះដែរ គឺរូបនេះធ្វើតាមរូបទាំងពីរដែលគាស់នៅក្នុងប្រាសាទព្រះខ័ន ។
រូបទាំងប៉ុន្មាននេះសុទ្ធតែមានព្រះពុទ្ធរូបជាប់នៅនឹងផ្នួងព្រះកេសាទាំងអស់ គឺធ្វើឱ្យឃើញថា ជារូបព្រះរាជទេវីដែលដំឡើងព្រះយសឡើងជាទេវធីតា ក្នុងព្រះពុទ្ធសាសនា ជាតារា ឬជាប្រាជ្ញាបារមីតា ។
នៅបន្ទាយឆ្មារ ដែលជាប្រាសាទរបស់ព្រះបាទជ័យវរ្ម័នទី៧ សាងដែរនោះ គេបានរកឃើញរូបអ្នកធ្វើអំណោយ១ ហើយដែលប្រហែលជាព្រះរូបព្រះបាទជ័យវរ្ម័ន ។ ប៉ុន្តែក្នុងទីនេះ គេរចនាជាបែបផែនព្រះពុទ្ធរូប ព្រោះថាព្រះរាជានេះដំឡើងព្រះអង្គជាព្រះពុទ្ធតាំងពីកាលគង់ព្រះជន្មានៅ ។ ដោយកុំឱ្យទាស់ខុសនឹងក្បួនពុទ្ធចេតិយ នោះរូបដែលធ្វើតំណាងនេះក៏បាត់ធាត់ធំទៅ ហើយរាងរៅក៏ធ្វើឱ្យស្តើងចុះ ចំណែកខាងលើព្រះសិរសានោះធ្វើជាព្រះឧស្ណិស ព្រមទាំងក្រវិលជាជំនួសផ្នួងព្រះកេសានោះវិញ ។ មិនមែនជារូបតំណាងព្រះអង្គជាពិតប្រាកដនោះទេ គឺជារូបដែលរចនាឡើងដោយយកក្បួនខ្នាតក្នុងគម្ពីរព្រះពុទ្ធសាសនាមកធ្វើតាម ។
បើត្រូវបង្រួមសេចក្តីអំពីដែលយើងបានដឹងស្គាល់ ក្នុងបរិវត្តិន៍នៃស្តេចជ័យវរ្ម័នទី៧ គឺពីកុមារគង់នៅប្រទេសក្រៅឆ្ងាយអំពីទេពីបុត្រ ។ យាងត្រឡប់មកព្រះនគរវិញក្នុងពេលដែលស្រុកកំពុងកើតចលាចល ទ្រង់គង់ចាំឱកាសស្រួលជាយូរឆ្នាំ ទ្រង់បានរាជសម្បត្តិក្នុងវ័យដែលជិតជរាណាស់ទៅហើយ ទ្រង់កសាងព្រះនគរថ្មី ទ្រង់បង្ក្រាបបះបោរក្នុងស្រុក ទ្រង់ភ្ជាប់ស្រុកចម្ប៉ាមកក្នុងដែនខ្មែរ និងពង្រីកព្រំដែនលុះដល់ព្រំយ៉ាងឆ្ងាយ ទ្រង់ប្រាសព្រាត់ព្រះអគ្គមហេសីសម្លាញ់ ដែលជឿព្រះពុទ្ធសាសនាដោយជ្រៅជ្រះ ហ្មត់ចត់ ហើយទ្រង់យកស្ត្រីមួយអង្គទៀតដែលមានវិជ្ជាយ៉ាងខ្ពស់មកជាជំនួស ទាំងនេះហើយជាបរិច្ឆេទយ៉ាងសំខាន់នៃកិច្ចការរបស់ព្រះបាទជ័យវរ្ម័នទី៧ ។
ចំពោះក្នុងសេចក្តីកត់សម្គាល់រឿងប្រវត្តិនេះ លេចមុខបុរសម្នាក់ដែលមានស្វាហាប់ និងលោភយស តែប្រកបដោយគំនិតផ្សេងក្នុងផ្លូវរដ្ឋប្រសាសនូបាយ ដែលនាំឱ្យស្រោចស្រង់ព្រះនគរបានរួចពីបាក់បែកខ្ទេចខ្ទី ហើយកសាងឡើងដោយតេជោនុភាពរបស់ព្រះអង្គ ។ សិលាចារឹកពោលអំពីព្រះរាជានេះដោយឡែកទៀតថា ទ្រង់ជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងហ្មត់ចត់ ។ សិលាចារឹកនៅតាព្រហ្មពោលថា«ទ្រង់គោរពនូវផ្លូវដ៏ប្រសើរបំផុត ដែលនាំទៅកាន់ទីត្រាស់ដឹងយ៉ាងខ្ពស់ គឺលទ្ធិយ៉ាងឯកដែលឥតមានអ្វីទទឹងទាស់ ដើម្បីឱ្យបានយល់ច្បាស់នូវសេចក្តីពិតប្រាកដ គឺព្រះធម៌ដែលក្នុងលោកទាំង៣ អមគ្គបុគ្គលត្រូវគោរពប្រតិបត្តិ គឺព្រះខ័នដែលកម្ចាត់បង់នូវកំពោតនៃរាគ» ។ ទ្រង់មានសេចក្តីជឿនេះជាប់តមកអំពីព្រះបាទធរណិន្ទ្រវរ្ម័នទី២ជាព្រះវរាជបិតា ដែលទ្រង់កាត់ផ្តាច់នូវទំនៀមទម្លាប់របស់ស្តេចអង្គមុនៗ ដែលគោរពព្រហ្មញ្ញសាសនា ។ សិលាចារឹកដដែលពោលថា ទ្រង់រកឃើញសេចក្តីគាប់ព្រះរាជហឫទ័យក្នុងទឹកទិព្វគឺសាសនាព្រះសក្យមុនីនេះ ជាព្រះពុទ្ធសាសនាគណៈមហាយាននិកាយដែលថ្កុំថ្កើងដោយការគោរពព្រះលោកេស្វរ ហើយការដំឡើងយសបុគ្គលដែលមរណភាពឡើងជាព្រះពោធិសត្វ ។
និស្ស័យរបស់ស្តេចជ័យវរ្ម័នទី៧ ដែលលេចឡើងដោយសារតែសិលាចារឹកដែលខ្ញុំស្រង់យកសេចក្តីមកនេះ នឹងចេញពេញវគ្គឡើងក្នុងការយា៉ងអស្ចារ្យដែលទ្រង់ធ្វើទុក ហើយធ្វើឱ្យយើងដឹងស្គាល់នូវនិស្ស័យសន្តានលោកជាជាងអក្សរចារឹកទៅទៀត ។
ការងារនោះ គឺការកសាងនគរធំ ព្រមទាំងកំពែងជុំវិញចំនួន១២គីឡូម៉ែត្រ គូឬកសិណយ៉ាងទូលាយនៅជុំវិញទ្វារទាំង៥ និងប្រាសាទបាយ័ននៅចំកណ្តាល គឺប្រាសាទតាព្រហ្ម បន្ទាយក្តី ព្រះខ័ន នាគព័ន្ធ តាសោម ក្រោលគោ តានៃ គឺប្រាសាទបន្ទាយឆ្មារនៅក្នុងតំបន់ទិសពាយ័ព្យ វត្តនគរនៅក្នុងកំពង់ចាម ប្រាសាទតាព្រហ្មនៅ
បាទី ធម្មសាលាទាំងប៉ុន្មាននេះទុកសម្រាប់អ្នកដែលមានដំណើរទៅកាន់ទីគោរពបូជាវត្ថុដែលស័ក្តិសិទ្ធិ ហើយតាំងនៅរៀងជាជួរតាមថ្នល់ដែលលើកឱ្យខ្ពស់ឡើង ប្រហែលជាមានថ្នល់ជាច្រើនដែលជាការចាត់ចែងកសាងរបស់ទ្រង់ គឺរោងព្យាបាលរោគទាំង១០២ ដែលរៀបរៀងក្នុងទិសទាំង៤នៃព្រះនគរ ។ តើមានក្សត្រណាមួយអាចអួតអាងថា បានធ្វើឱ្យថ្មរញ្ជួយកម្រើកបានដូចក្សត្រអង្គនេះ ។
ប៉ុន្តែយើងត្រូវពិនិត្យមើលប្រាសាទទាំងនេះ ហើយល្បងពិចារណារិះរកនូវដួងចិត្តដែលនាំឱ្យកសាងប្រាសាទទាំងនេះឡើង និងឱ្យបានយល់នូវគំនិតវិញ្ញាណរបស់អ្នកដែលកសាង ។
ក្រុងយសោធរបុរៈ ត្រូវពួកចាមកម្ទេចកាលពីឆ្នាំ១១៧៧ ឃើញថាតាមធម្មតាគឺព្រះបាទជ័យវរ្ម័នទី៧ ទ្រង់រៀបចំជួសជុលឡើងជាថ្មី ។ ទ្រង់បានធ្វើល្អជាងដើម បានសាងទីក្រុងថ្មីមួយទៀតដែលមានទាំងប្រាសាទចាស់សាង ពី មុនៗមកក្នុងកំពែងនោះផង ប៉ុន្តែដែលសំខាន់នោះគឺថា កំពែងជុំវិញ និងប្រាសាទកណ្តាលសុទ្ធតែជាការថ្មីទាំងអស់ ។
នៅជាកណ្តាលមានប្រាសាទបាយ័នតាំងនៅជាខាងត្បូងវាំងចាស់ដែលជាវាំងរបស់ស្តេច មុនៗ ។ មានផ្លូវ៤ចេញពីប្រាសាទបាយ័នទៅគ្រប់ទិសទាំង៤ឆ្ពោះទៅទ្វារគ្រប់ទិស ហើយចែកទីក្រុងនោះ ជាប៉ែកៗ ។ មានកំពែងយ៉ាងហំ កសិណយ៉ាងទូលាយ ហើយជុំវិញមានគ្រឿងបញ្ចេញទឹកដើម្បីបញ្ចូលទៅក្នុងទីជុំវិញក្រុងឱ្យបានមានជីជាតិល្អ ។
នៅក្រុងកម្ពុជាក៏ដូចជានៅក្នុងស្រុកឥណ្ឌាដែរ គឺមានបែបតំណាងសម្រាប់កសាង និងរៀបចំទីក្រុងរាជធានី ។ ទីក្រុងរបស់ប្រទេសនីមួយៗគឺធ្វើតំណាងលោកទាំងមូលដោយបង្រួមឱ្យតូចចុះ ។ ទំនៀមទម្លាប់នេះនៅប្រកាន់មាំនៅឡើយ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ បានជាក្នុងសិលាចារឹកដែលទ្រង់ចាត់ឱ្យតម្កល់នៅជ្រុងកំពែងនគរធំទាំង៤នោះ ទ្រង់ពោលប្រៀបថា កំពែងនេះគឺជាដងកំពែងចក្កវាឡ ហើយកសិណជុំវិញនោះ គឺមហាសមុទ្រដែលអមលោក ។ ចំណែកទ្វារតាមទំនៀមការកសាងក្នុងប្រទេសអាស៊ី នោះគេធ្វើតាមក្បាច់ក្បូរដែលសំខាន់នៅប្រាសាទកណ្តាលនៅគ្រប់ទិសទាំង៤ក្នុងក្បាច់ក្បូរប្រាសាទបាយ័ននេះ គឺកំពូលដែលមានមុខមនុស្សទាំង៤ ។ អស់ទាំងស្ពានព្រមទាំងបង្កាន់ដៃធ្វើជានាគម្ខាងមានទេវតាទ្រ ម្ខាងមានយក្សទ្រ នោះបញ្ជាក់នូវបែបតំណាងនៃកសិណឱ្យរឹតតែច្បាស់ឡើងដោយរំលឹករឿងបុរាណត្រង់កូរសមុទ្រ ។
បែបតំណាងរបស់ប្រាសាទកណ្តាល ដែលយើងហៅថា បាយ័ននោះ មិនច្បាស់លាស់សេចក្តីដោយហេតុហាត់ដោរបស់ប្រាសាទនេះ គេបានប្រែកែ២ ឬ៣ដងក្នុងវេលាដែលកសាងនោះ ប៉ុន្តែមានសេចក្តីមួយដែលជាពិតប្រាកដ គឺជាកំពូលកណ្តាលនោះត្រូវគ្នានឹងភ្នំកណ្តាលនៃទីក្រុងមុនៗ ដូចយ៉ាងភ្នំបាខែងចំកណ្តាលនគរដំបូងប្រាង្គធំនៅកោះកេរ ប្រាសាទពិមានអាកាស ប្រាសាទបាពួន ចំកណ្តាលនគរទី២ និងទី៣ ។
ប៉ុន្តែមិនមែនធ្វើជាតួចេតិយមានថ្នាក់តំណាងភ្នំមេរុ ជាស្នូលលោកដែលតម្កល់នូវទេវរាជធ្វើជារូបសិវលិង្គមាសនោះឡើយ គឺជាប្រាសាទសម្រាប់ព្រះពុទ្ធសាសនាវិញ ។ ភាពទំនងខាងព្រះពុទ្ធសាសនានៃប្រាសាទបាយ័ននោះ យើងបានស្គាល់ឡើងក្នុងឆ្នាំ១៩២៣ ដែលបានឃើញនូវហោជាងព្រះពោធិសត្វលោកេស្វរ ។ ភាពទំនងនេះទើបនឹងបានដាក់ឡើងទៅទៀត ។
គឺលោកទ្រូអេ ជាអ្នករក្សាអង្គរនូវវេលាដែលកំពុងចាត់ការទល់ទ្រកំពូលកណ្តាលប្រាសាទបាយ័នឱ្យមាំឡើង ក៏ប្រទះឃើញរណ្តៅមួយនៅចំកណ្តាលទីអាសនៈ ដែលមានដុំថ្ម និងកម្ទេចកំទីគ្រប់យ៉ាងចាក់លុបពេញ ។ លុះបានរើស្តាររណ្តៅនេះចេញអស់ទៅ ក៏ប្រទះឃើញ បំណែកៗព្រះពុទ្ធរូបមួយព្រះអង្គយ៉ាងធំ ដែលអាចនឹងយកមកផ្គុំបានឡើងវិញឥតខ្វះខាត ហើយយើងអាចនឹងទុកដាក់ជាប្រាកដបានថា ព្រះពុទ្ធរូបនេះ ជារូបដំបូងដែលតាំងកណ្តាលប្រាសាទបាយ័ន ។
ដោយហេតុអ្វី ហើយព្រោះស្នាដៃនរណាបានជាព្រះពុទ្ធរូបនេះបាក់មែកខ្ទេចខ្ទី ហើយទម្លាក់ចុះទៅក្នុងរណ្តៅដែលជារណ្តៅប្រហែលជាក្នុងជាន់ដើមគេដាក់នូវវត្ថុដែលជាគ្រឿងពុទ្ធបូជា ដូច្នេះសេចក្តីឆ្លើយក្នុងរឿងនេះងាយទេ ។ យើងបានដឹងថា តពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មក ត្រឡប់មានការប្រតិបត្តិព្រហ្មញ្ញសាសនាមកវិញ
ដូចឃើញមានស្នាមដាននៅគ្រប់ប្រាសាទដែលស្តេចអង្គនេះសាងទាំងអស់ ដូចយ៉ាងការគាស់ដាប់នូវព្រះពុទ្ធរូបគ្រប់អង្គ ហើយកែធ្វើជាតាបសមានពុកមាត់វែង កែទៅជាសិវលិង្គ និងជាអ្វី ផ្សេងៗ ដែលជាព្រហ្មញ្ញសាសនាទៅវិញ ។ ដោយការត្រឡប់សាសនា ហើយជាប់ដោយទាំងអំពើបំផ្លាញវត្ថុ ល្អៗមកជាមួយផង នេះហើយដែលខ្ញុំអាចនឹងតម្រូវការទម្លាយបំផ្លាញនូវព្រះពុទ្ធរូបធំនៅកណ្តាលប្រាសាទបាយ័ននេះ ឬបើពុំនោះសោតក៏ជាស្នាដៃពួកអ្នករុករានរករបស់ទ្រព្យ គឺគេវាយកម្ទេចព្រះពុទ្ធរូបសិន ទើបគេជីករណ្តៅជាក្រោយ ដើម្បីទៅកាន់ទីដែលតម្កល់គ្រឿងពុទ្ធបូជា ។
ចំពោះនឹងយើងរាល់គ្នា រូបថ្មនេះគឺជាព្រះពុទ្ធរូបធម្មតា ដូចជាព្រះពុទ្ធរូបទាំងពាន់អង្គឯទៀតនោះដែរ ប៉ុន្តែចំពោះនឹងព្រះបាទជ័យវរ្ម័នវិញ ទំនងជារូបនេះធ្វើតំណាងអ្វីដែលសំខាន់ជាងនេះទៅទៀត ។ ខ្ញុំបានពោលថា ឯភ្នំកណ្តាលទាំងប៉ុន្មានរបស់ទីក្រុង ចាស់ៗ នោះសុទ្ធតែជាឋានៈរបស់ព្រះសិវលិង្គ ដែលតម្កល់នូវសារៈនៃព្រះកិត្តិយសរបស់ស្តេច (រាជ្យសារៈ) ។ ដែលថាព្រះបាទជ័យវរ្ម័នទី៧ដែលប្រាសាទ ផ្សេងៗបញ្ជាក់នូវសេចក្តីស្រឡាញ់ឫទ្ធិអំណាច ទ្រង់បដិសេធនូវការគោរពទេវរាជបុរាណនោះហាក់ដូចជាពិតតិចណាស់ បើថាទ្រង់ល្បងនឹងបញ្ចូលការគោរពនេះទៅនឹងវិធីព្រះពុទ្ធសាសនា ដែលទ្រង់គោរពនោះឃើញត្រូវជាង តើព្រះពុទ្ធរូបអាចនឹងបញ្ចូលសារៈនៃព្រះកិត្តិយសរបស់ស្តេចមក ហើយទៅជាព្រះទេវរាជបានឬទេ សេចក្តីនេះនឹងមិនមានឆ្ងល់ឡើយកាលណាយើងបានមានទ្រង់គ្រឿងដោយគ្រឿងដែលលើកចុះឡើងបានធ្វើដោយវត្ថុដ៏មានតម្លៃមានទំនងដូចគ្នានឹងព្រះពុទ្ធរូបកែវមរកតនៅក្រុងបាងកក ហើយព្រះកែវមរកតនេះគង់នៅលើបល្ល័ង្កកណ្តាលព្រះរាជវាំង គេទុកដាក់ថា ជាវត្ថុស័ក្តិសិទ្ធិសម្រាប់ថែរក្សាការពារនគរសៀម ។
សេចក្តីសម្គាល់ទាំងនេះធ្វើនូវសំអាងដែលខ្ញុំតម្រូវមិនឱ្យអង់អាចពេក គឺសំអាងដែលថាព្រះពុទ្ធរូបដែលទើបនឹងរកឃើញនៅប្រាសាទបាយ័ននេះ ជារូបដែលធ្វើជំនួសសារៈនៃកិត្តិយសរបស់ ស្តេច ។ គំនិតរបស់ខ្ញុំទៅឆ្ងាយពីនេះទៅទៀត ហើយខ្ញុំពិចារណាថា បើព្រះពុទ្ធរូបនេះមិនជារូបដែលធ្វើតំណាងអង្គព្រះមហាក្សត្រព្រះអង្គឯងទេ ឬអ្វី ។
កាលមុននេះបន្តិចខ្ញុំបានរំលឹកដល់សេចក្តី ដែលកើតមានការគោរពដល់បុគ្គលដែលមរណភាពទៅហើយ ឬជួនកាលបុគ្គលដែលនៅរស់ក្នុងសភាពជាពោធិសត្វលោកេស្វរៈ ។ សព្វថ្ងៃនេះនៅក្នុងកម្ពុជប្រទេសនិងក្នុងស្យាមប្រទេស ការបញ្ចូលព្រះរាជាដែលទ្រង់ទិវង្គតទៅក្នុងការគោរពព្រះពុទ្ធរូបទ្រង់គ្រឿង នោះបានឡើងជាកិច្ចមួយត្រូវធ្វើជាធម្មតា សេចក្តីបញ្ចូលជាមួយនេះមានរហូតដល់សាងព្រះពុទ្ធរូបនោះឱ្យស្មើនឹងទម្ងន់ឬឱ្យប៉ុនគ្នានឹងព្រះរូបរបស់ស្តេចដែលគេចង់គោរពនោះ ។ ខ្មែរ និងសៀមដែលពេញទៅដោយសេចក្តីស្មោះត្រង់នឹងព្រះពុទ្ធសាសនាហីនយាននិកាយ មើលសេចក្តីកត់សម្គាល់យា៉ងសំខាន់របស់លោកព្រីលុស្គី ក្នុងរឿងព្រះពុទ្ធសាសនារបស់លោក ។ ក្នុងគំនិតរបស់សាធារណជនថា ព្រះពុទ្ធរូបគឺធ្វើតាមរូបព្រះមហាក្សត្រ ដែលត្រួតត្រាលោកទូទៅ (ស្តេចមហាចក្រពត្រាធិរាជ) ហើយព្រះមហាក្សត្រនេះជាបុគ្គលដែលប្រសើរផុតមនុស្ស មានស័ក្តិស្មើគ្នានឹងទេព្តាអាចត្រួតត្រាបង្គាប់បញ្ជាយក្ស និងមនុស្សបានជាអនេក។ ដើម្បីនឹងប្រដូចព្រះពុទ្ធមកនឹងស្តេច ក្នុងរឿងព្រះពុទ្ធប្រវត្តិនោះគេធ្វើត្រង់ព្រះអង្គប្រសូតក្នុងព្រះបរមរាជវាំង ក្នុងកណ្តាលសេចក្តីលំអ និងសេចក្តីត្រេកត្រអាល ព្រះអង្គផ្ចាញ់មារ ព្រមទាំងសេនា ហើយដណ្តើមយកដើមពោធិព្រឹក្ស ដែលទុកដូចគ្នានឹងសារៈនៃព្រះកិត្តិយសរបស់ស្តេចជាម្ចាស់លោកទូទៅដែរ ។ រួចពីនេះព្រះអង្គសម្តែងព្រះធម្មចក្រនៅពារាណសីដែលជាក្រុងប្រកបដោយកិត្តិយសជាងនគរឯទៀតទាំងអស់ ។ ព្រះអង្គទ្រង់ចីវរសម្រាប់យកសង្ឃរាជ ហើយការបូជាព្រះមបរមសពក៏យកលំអានតាមព្រះសពរបស់មហាក្សត្រដែរ ឃើញថាវិធីតាំងព្រះពុទ្ធរាជមានផ្សាយទូទៅក្នុងកម្ពុជប្រទេសយើង មានភស្តុតាងជាសំអាង ក្នុងការដែលព្រះពុទ្ធរូបជាច្រើនទាំងអង្គតូច អង្គធំ សាងពីវត្ថុអ្វីផ្សេងៗ មានទ្រង់គ្រឿងសម្រាប់រាជ្យ ។ ប៉ុន្តែអស់លោកនឹងថាឱ្យខ្ញុំដូច្នេះមិនខាន ព្រះពុទ្ធរូបនៅបាយ័នមានទ្រង់គ្រឿងឯណា តើនរណាបានជម្រាបលោកថា ព្រះពុទ្ធរូបនេះកាលពីដើមមិនពីស្រុកលង្កា នោះមិនព្រមទទួលជឿថាព្រះពុទ្ធរូបទាំងនេះជាតំណាងស្តេចដែលតាំងឡើងជាព្រះពុទ្ធនោះឡើយ ប៉ុន្តែឯចំណែកសៀមដែលជាអ្នកប្រកាន់របៀបច្បាប់បុរាណ គេទូលស្តេចដោយចេញព្រះនាមថា ព្រះពុទ្ធជាម្ចាស់ ។
ឃើញថាព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ទុកព្រះអង្គដូចជាព្រះពុទ្ធមួយអង្គដែលគង់ព្រះធរមាននៅ យើងនឹងមិនមានសេចក្តីសង្ស័យឡើយកាលណាឃើញទ្រង់លើកប្រាសាទតាព្រហ្ម ឧទ្ទិសដល់សម្តេចព្រះវររាជជននីដែលតាំងលើកឡើងជាប្រាជ្ញាបារមីតា ដោយយើងបានដឹងថា ប្រាជ្ញាបារមីតាគេទុកជាព្រះមាតារបស់ព្រះពុទ្ធទាំងឡាយ ហើយទាំងចារឹករបស់ព្រះបាទជ័យវរ្ម័នក៏បញ្ជាក់ក្នុងរឿងនេះដែរ ។ ក្នុងទីបំផុត រូបអ្នកធ្វើអំណោយនៅប្រាសាទបន្ទាយឆ្មារដែលរចនាឡើងមានសភាពជាព្រះពុទ្ធរូបធ្វើកិរិយាបូជានូវផ្កាឈូកពីរនោះ ខ្ញុំបានពោលថាប្រហែលជាព្រះរូបព្រះបាទជ័យវរ្ម័នដែរ ។
ប្រសិនបើគេទទួលជឿជាមួយនឹងខ្ញុំថា ព្រះពុទ្ធរូបនៅបាយ័នជាតំណាងព្រះទេវរាជ ហើយជារូបរបស់ស្តេចជ័យវរ្ម័នទី៧ នោះប្រហែលជាត្រូវស្គាល់ក្នុងមុខ ធំៗ ដែលរចនានូវកំពូលប្រាសាទទាំងប៉ុន្មានក្នុងរជ្ជកាលរបស់ព្រះអង្គនោះថាជាព្រះភ័ក្ត្ររបស់ព្រះអង្គឯងតែម្តង ។
ត្រូវយើងកត់សម្គាល់ថា ក្នុងសេចក្តីចូលចិត្តរបស់អ្នកស្រុកឥណ្ឌាថា នាម និងរូបជាតំណាងនៃការដែលជាពិតប្រាកដ ។ ប្រការ១ទៀតយើងដឹងថា ឈ្មោះប្រាសាទទាំងប៉ុន្មានដែលព្រះបាទជ័យវរ្ម័នទី៧កសាងច្រើនតែយកព្យាង្គខាងដើមរបស់ព្រះនាមទ្រង់ ដូចយ៉ាងស្រីជ័យទៅដាក់ជាដំបូង ។ ហើយក្នុងស្ថាននេះ យើងមិនអាចនឹងប្លែកអ្វីក្នុងចិត្តឡើយអំពីដែលទ្រង់បញ្ចូលរាងរៅរបស់ព្រះអង្គ ទៅជាមួយនឹងព្រះនាមរបស់ព្រះអង្គផង ។
ជាសរុបសេចក្តីមកថា ប្រាសាទបាយ័នអាចនឹងទុកដាក់បានថា ជាភ្នំកណ្តាលរបស់ទីក្រុងថ្មី ហើយនៅទីកំពូលមានអាសនៈសម្រាប់ព្រះទេវរាជ ដែលសាងជាព្រះពុទ្ធរូបជំនួស តាមបែបភាពរាងរៅរបស់ព្រះមហាក្សត្រដែលជាអ្នកសាងប្រាសាទ ។ ប្រាសាទបាយ័នជាអ្វីម្យា៉ងជាងនេះទៅទៀត ។ អក្សរចារឹកដែលឆ្លាក់នៅលើទ្វារទាំងឡាយ ដែលឆ្ពោះទៅកាន់ទីវិហារទាំងប៉ុន្មាននោះ ធ្វើឱ្យយើងស្គាល់នូវឈ្មោះរបស់រូបទាំងប៉ុន្មានដែលស្តេចជ័យវរ្ម័នទី៧ទ្រង់ប្រមូលមកតម្កល់ក្នុងទីនោះ ។ យើងប្រទះព្រះនាមបុព្វបុរស និងព្រះរាជវង្សានុវង្សរបស់ព្រះអង្គដែលដំឡើងជាព្រះលោកេស្វរៈ ឬជាព្រះប្រាជ្ញាបរមីតាឡើង ដូចដែលខ្ញុំទើបពោលរួចមកនោះមួយចំណែក ហើយមួយចំណែកទៀតយើងបានប្រទះព្រះនាមទេព្តា ផ្សេងៗ សម្រាប់ស្រុកដែលគេគោរពបូជាក្នុងតំបន់ ផ្សេងៗ ក្នុងព្រះនគរ ប្រាសាទបាយ័នក្នុងស្ថាននេះមានទំនងហាក់ដូចជាទីបញ្ចុះសពអ្នកដែលល្បីឈ្មោះនាមនៅទីនេះហើយដែលជាកន្លែងប្រជុំនូវការគោរពសម្រាប់ព្រះរាជវង្សានុវង្ស និងការគោរពសម្រាប់គ្រប់ ខេត្តនៅក្នុងព្រះនគរ ។ ដែលទីក្រុងទាំងមូលព្រមទាំងកំពែងនិងភ្នំកណ្តាល ធ្វើជាតំណាងនូវលោកទាំងមូលដោយបង្រួមឱ្យតូចចុះ មានប្រការយា៉ងណាមិញ ឬប្រាសាទបាយ័នក៏ធ្វើតំណាងព្រះមហានគរទាំងមូល ដោយបង្រួមឱ្យតូចចុះមានប្រការយា៉ងនោះដែរ ។
ឥឡូវនេះយើងត្រូវពិនិត្យមើលការកសាងឯទៀតរបស់ព្រះបាទជ័យវរ្ម័នទី៧ ។
រូបកណ្តាលនៅបន្ទាយក្តីនោះបាត់រកមិនឃើញ ហើយយើងមិនទាន់ដឹងនៅឡើយថា បន្ទាយព្រះខ័ននោះធ្វើឧទ្ទិសដល់អ្នកឯណា ។ ការរើកកាយទីអាសនៈប្រាសាទនេះសព្វថ្ងៃ មិនទាន់ធ្វើដល់ទៅកំពូលកណ្តាលនៅឡើយ កាលណាកកាយទៅដល់ប្រហែលនឹងបានដឹងរឿងរ៉ាវជាប្រាកដមិនខាន ។
បែបតំណាងនៃប្រាសាទនាគព័ន្ធនោះលោកល្វីហ្វ៊ីណូត៍ និងលោកវិកទ័រ គោលួបែហ្វ បានវិនិច្ឆ័យសេចក្តីដោយច្បាស់ជាស្រេចហើយកាលពីឆ្នាំ១៩២៣ ។ គឺជាតំណាងស្រះអនោតត្ត១ដែលតាមរឿងរ៉ាវមាន តៗមកក្នុងស្រុកឥណ្ឌាថា នៅក្នុងព្រៃព្រះហេមពាន្ត (ហិមាល័យ) ។ ទឹកក្នុងស្រះនេះប្រកបដោយអានុភាពជាទីអស្ចារ្យ ហូរចេញពីស្រះនោះមកដោយរន្ធដែលមានជាក្បាលមនុស្ស ជាក្បាលរាជសីហ៍ ជាក្បាលដំរី និងក្បាលគោ ដែលនៅក្នុងទីកុដិ តូចៗទាំង៤ដែលនៅគ្រប់ទិស ហើយដែលអ្នកដំណើរទៅថ្វាយបង្គំវត្ថុដ៏ស័ក្តិសិទ្ធិចូលទៅជំរះមន្ទិលក្នុងទីនោះ ។
ប្រាសាទតាព្រហ្ម និងបន្ទាយឆ្មារ យើងដឹងថា ជាប្រាសាទដែលសាងដើម្បីជាជ័យមង្គលដល់ព្រះរាជវង្សយ៉ាងជិតរបស់ស្តេច ។
ប្រាសាទបន្ទាយឆ្មារសាងដើម្បីការគោរពដល់ព្រះរាជបុត្រ១អង្គទ្រង់ព្រះនាមថាគ្រិន្ទ្រកុមារ និងគ្នា៤នាក់ដែលជាភឿនចម្បាំង ហើយដែលបានជួយជីវិតព្រះកុមារជាច្រើនគ្រាមានចម្បាំងនឹងរាហូ និងចម្បាំងនឹងពួកចាមជាដើម ។
ប្រាសាទតាព្រហ្មសាងឡើងក្នុងឆ្នាំ ១១៨៦ ដើម្បីតម្កល់ព្រះបរមរូបសម្តេចព្រះវររាជជននី ដែលតាំងលើកឡើងជាព្រះប្រាជ្ញាបារមីតា ព្រមទាំងព្រះរូបសម្តេចព្រះគ្រូ និងព្រះរូប២៦០ទៀត ។
សិលាចារឹកធំដែលនៅមួយកន្លែងដដែលនៅឡើយ ហើយដែលខ្ញុំមានប្រែចេញកាលពីឆ្នាំ១៩០៦ នោះធ្វើឱ្យយើងដឹងច្បាស់នូវមនុស្សដែលធ្វើរាជការក្នុងប្រាសាទនោះ ទាំងគ្រឿងប្រដាប់
សម្រាប់ប្រាសាទនោះ និងស្បៀងអាហារដែលមានប្រយោជន៍ដល់ការបូជា ។ យើងបានដឹងថាប្រាសាទនោះមានភូមិចំណុះចំនួន៣.១៤០ភូមិ ហើយមនុស្សដែលធ្វើការថែរក្សាប្រាសាទនេះចំនួន៧៩.៣៦៥នាក់ មនុស្ស១២.៦៤០នាក់ នៅក្នុងកំពែង ក្នុងមនុស្សទាំងប៉ុន្មាននេះ មានអធិការ៨រូប មានមេគណៈ ២.៧៤០ មានអ្នកគាល់បម្រើ២.២០២នាក់ មានស្ត្រីរបាំ៦១៥នាក់ គ្រឿងប្រដាប់សម្រាប់ប្រាសាទនោះគឺមានចានជាមាស១ ទម្ងន់ជាង៥.០០០គីឡូក្រាម បើតាមថ្លៃសព្វថ្ងៃ១០០លានហ្វ្រង់ (គឺ១០លានរៀល) ចំណែកចានជាប្រាក់ ក៏មានទម្ងន់ប្រហែលគ្នាដែរ ពេជ្រទាំងគ្រាប់ធំ៣៥គ្រាប់ កែវមុត្តា ៤០.៦២០គ្រាប់ ត្បូងយ៉ាងល្អ៤.៥៤០គ្រាប់ ផ្តិលមាសយ៉ាង ធំ១ រនាំងស្រុកចិន ៩៦៧ ត្រែធ្វើដោយព្រែ៥១២ ក្លស់ ៥២៣ ។ រួចពីនេះរៀបរាប់ស្បៀងអាហារគ្រប់យា៉ងគឺ អង្ករ ទឹកដោះគោ កករស្ករ ប្រេង គ្រាប់ផ្សេងៗ ដែលសម្រាប់ប្រើក្នុងការបូជារាល់ថ្ងៃ ហើយចំនួនដែលត្រូវចាយសម្រាប់ថ្ងៃបុណ្យ និងបញ្ជីវត្ថុដែលត្រូវឃ្លាំងធំបើកឱ្យរាល់ឆ្នាំ គឺគ្រាប់ផ្សេងៗ ទឹកដោះគោ ទឹកឃ្មុំ ប្រេង ក្រមួន ខ្លឹមចន្ទន៍ គ្រឿងចីវរ ២.៣៨៧គូ សម្រាប់ទ្រង់ថ្វាយព្រះរូបទាំងអស់ ។
សិលាចារឹកនោះបញ្ចប់សេចក្តីថាដូច្នេះ ដែលធ្វើនូវបុញ្ញកិរិយាវត្ថុទាំងប៉ុន្មាននេះ មហាក្សត្រដោយមានសេចក្តីគោរពបំផុតជាចំពោះព្រះវររាជមាតាបានទ្រង់ឧទ្ទិសដូច្នេះ ដោយអំណាចអានុភាពរបស់ការដ៏ប្រសើរដែលខ្ញុំបានធ្វើនេះ សូមឱ្យព្រះវររាជមាតាខ្ញុំនូវវេលាដែលទ្រង់រួចផុតពីសមុទ្រសាគរ ពោលគឺសង្សារវដ្ត ហើយបានសម្រេចនូវភាវជាព្រះពុទ្ធ ។
ខ្ញុំនឹងមិននិយាយឡើយអំពីប្រាសាទទៀតផ្សេងៗ ទោះប្រាសាទបន្ទាប់បន្សំនៅក្នុងបរិវេណអង្គរក្តី ទោះប្រាសាទវត្តនគរនៅក្នុងខេត្តកំពង់ចាមក្តី ទោះប្រាសាទតាព្រហ្មនៅបាទីក្តី
ទោះប្រាសាទសម្រាប់សំចតដែលនៅរៀងតាមផ្លូវក្នុងព្រះនគរក្តី ។ ប៉ុន្តែខ្ញុំមិនអាចនឹងសម្ងំស្ងៀមមិននិយាយអំពីរោងព្យាបាលរោគទាំង១០២ ដែលរៀងរាយពាសពេញព្រះនគរនោះបាន ឡើយ។ រោងព្យាបាលទាំងនេះច្បាស់ជាកសាងដោយគ្រឿងដែល ស្រាលៗជាប្រាកដ ដូចយ៉ាងឈើ និងឥដ្ឋ ឬក៏ធ្វើដោយឈើទាំងអស់ ព្រោះរកស្នាមដានមិនឃើញមួយសោះ ទោះត្រង់កន្លែងដែលមានចារឹកជាទីសម្គាល់ថាមានរោងព្យាបាលនៅត្រង់ទីនោះក្តីរកស្នាមដានក៏មិនឃើញ ។
គេបានរកឃើញសិលាចារឹករឿងនេះចំនួន១២ ចារឹកទាំងនេះមានសេចក្តីដូចគ្នាទាំងអស់ដែលយើងឱ្យឈ្មោះថា ប្រកាសរោងព្យាបាល ហើយស្រង់សេចក្តីខ្លះមកយា៉ងដូច្នេះ ។
នមស្ការដល់ព្រះរតនត្រ័យ និងសរសើរដល់ស្តេចតាមទម្លាប់ស្រេចហើយ សេចក្តីចារឹកនោះធ្វើឱ្យយើងដឹងថា រោងព្យាបាលតាំងនៅក្រោមសេចក្តីប្រសិទ្ធីនៃព្រះពុទ្ធ ដែលកម្ចាត់រោគទ្រង់ព្រះនាមថា ភៃសជ្យគុរុវៃទុរ្យប្រភា «គ្រូថ្នាំដែលមានពន្លឺដូចជាកែវដ៏ប្រសើរ ដែលឈ្មោះថា វៃទុរ្យ» គឺជាព្រះពុទ្ធមួយព្រះអង្គដែលគេរាប់អានជាងគេសព្វថ្ងៃនៅក្នុងស្រុកចិន និងស្រុកទីបេត៍ ហើយព្រះពុទ្ធអង្គនេះគេតម្កល់ក្នុងព្រះវិហារមួយដែលជាប់គ្នានឹងរោងព្យាបាលរោគ ។ តពីនេះទៅមានរបៀបលក្ខណប្បបញ្ញតិសម្រាប់មន្ទីរដូចខាងក្រោមនេះ ។
«មនុស្សទាំង៤ពួកអាចនឹងចូលមកឱ្យគេរក្សារោគក្នុងទីនេះបានគ្រប់គ្នា ។ មានគ្រូពេទ្យ២នាក់ក្នុងពេទ្យម្នាក់ មានមនុស្សក្រោមបង្គាប់ជាច្រើនគឺប្រុសម្នាក់និងស្រី២នាក់ ដែលត្រូវបានទីលំនៅក្នុងទីនោះ មេឃ្លាំង២នាក់មានមុខក្រសួងត្រូវចែកថ្នាំ ចុងភៅ២នាក់ដែលមានអំណាចត្រូវបានអុសនិងទឹក ហើយត្រូវបោសសម្អាតមន្ទីរព្យាបាលផង អ្នកបម្រើប្រុស២នាក់សម្រាប់រៀបចំតង្វាយព្រះដែលត្រូវបានថ្នាំសង្កូវ និងអុស អ្នកព្យាបាលរោគ១៤នាក់ត្រូវចែកថ្នាំ ស្រី៦នាក់មានមុខក្រសួងត្រូវដាំទឹកក្តៅ និងបុកថ្នាំ ស្រី២នាក់សម្រាប់បុកស្រូវ ទាំងអស់ត្រូវស្រី៨នាក់ ដែលត្រូវបានទីលំនៅក្នុងមន្ទីរ គឺ២នាក់១បន្ទប់ ។ ចំនួនមនុស្សទាំងអស់ដែលត្រូវបានលំនៅក្នុងរោងព្យាបាលត្រូវ៣២នាក់ ។ ម្យា៉ងទៀតនៅមានមនុស្សបម្រើ៦៦នាក់ទៀតដែលនៅដោយចេញសោហ៊ុយខ្លួនឯង ។ រួមទាំងអស់ត្រូវ៩៨ នាក់ ។ អង្ករសម្រាប់គ្រឿងបូជានោះកំណត់មួយថាំងក្នុងមួយថ្ងៃ ហើយសំណល់ពីគ្រឿងបូជាទាំងប៉ុន្មានត្រូវឱ្យទៅអ្នកជំងឺ ។ ដែលត្រូវបើកក្នុង១ឆ្នាំ៣ដងអំពីឃ្លាំងហ្លួងដូចខាងក្រោមនេះ ត្រង់នេះមានរាយឈ្មោះវត្ថុជាច្រើន ក្នុងពួកវត្ថុទាំងនេះគឺទឹកឃ្មុំ ស្ករ ករ្បូរ ល្ង គ្រឿងទេស កៃឡាតខ្មៅ ឡាវហាវ វ៉ាន់ស៊ុយ ជាក់ជី ក្រវាញ ខ្ញី សំបោរល្វែង អប់ទឹកខ្មេះពីផ្លែពុទ្រារបស់ទាំងនេះសុទ្ធតែវាស់ប្រគល់ឱ្យដោយទៀងទាត់ណាស់ ។
ក្រៅអំពីរោងព្យាបាលក្នុងខេត្តក្រៅទាំងប៉ុន្មាន ដែលយើងទើបនឹងឃើញលក្ខណប្បបញ្ញត្តិនេះត្រូវនៅមានរោងព្យាបាល ធំៗ សំខាន់ៗជាងនេះទៅទៀតក្នុងទី ធំៗដូចយ៉ាងអង្គរជាដើម ។ ដែលតាមពិតនោះសិលាចារឹកនៅប្រាសាទតាព្រហ្ម នៅកន្លែងដែលរៀបរាប់អំពីការកសាងប្រាសាទនេះរួចហើយ ក៏ពោលរំលឹកដល់ការកសាងរោងព្យាបាលទាំង១០២ ក្នុងឆ្នាំ១១៨៦ជាមួយគ្នា ហើយធ្វើឱ្យឃើញបែបជាបញ្ជីចំណាយរបស់សម្រាប់ឆ្នាំក្នុងការដែលចាត់ចែងរោងព្យាបាលទាំងនេះ ។ យើងឃើញឈ្មោះស្បៀងដដែលក្នុងទីនេះទៀត តែមានចំនួនទ្វេឡើងជាច្រើន សួនជាងចំនួនដែលមានក្នុងប្រកាសរោងព្យាបាល គឺគុណជា ៣ x ១០២។ ដូច្នេះឃើញថា ក្រសួងរោគាភិបាលក្នុង១ឆ្នាំចាយអស់ស្រូវ ១១.១៩២តោន ដែលត្រូវភូមិ៨៣៨ មានមនុស្ស៨១.៦៤០នាក់ចេញ រោងព្យាបាលទាំងអស់ប្រើអស់ល្ង២.១២៤គីឡូក្រាម ក្រវាញ១០៥គីឡូក្រាម គ្រាប់កៃឡាត់៣.៤០២គ្រាប់ ថ្នាំគ្រុន៤៨.០០០គ្រាប់ ថ្នាំសម្រាប់បិទឫសដូងបាត១.៣៦០ប្រអប់ ហើយឯរបស់ឯទៀតក្រៅពីប៉ុន្មានមុខនេះដូចគ្នាទាំងអស់ ។
ការកសាងរោងព្យាបាលទាំងនេះ មិនមែនគ្រាន់តែជាការដែលត្រូវយកផលប្រយោជន៍ជាធំឡើយ គឺការនេះត្រូវដល់កិច្ចការជាផ្លូវសាសនា និងជាផ្លូវពិធីជាសណ្តាប់ស្រុកផង ។ ក្នុងស្ថាននេះយើងត្រូវស្តាប់ប្រកាសរោងព្យាបាលទាំងឡាយ ដែលមានសេចក្តីថា ទ្រង់ប្រឈួនដោយជំងឺបណ្តារាស្ត្ររបស់ព្រះអង្គ ជាជាងដែលប្រឈួនដោយព្រះរោគផ្ទាល់ព្រះអង្គទៅទៀតដោយហេតុថា គឺសេចក្តីឈឺរបស់សាធារណជនដែលធ្វើឱ្យទៅជាសេចក្តីឈឺចាប់របស់ស្តេច មិនមែនសេចក្តីឈឺចាប់ផ្ទាល់ព្រះអង្គនោះទេ ។ នេះហើយជាគំនិតយ៉ាងសំខាន់ក្នុងបែបស៊ីវិល័យ និងក្នុងបែបគ្រប់គ្រងនគរ ។ ព្រះមហាក្សត្រជាកំពូលបំផុតរបស់ព្រះនគរ ត្រូវទទួលខុសត្រូវក្នុងសេចក្តីសុខរបស់បណ្តារាស្ត្រ ហើយត្រូវឈឺចាប់ដោយសេចក្តីឈឺចាប់របស់រាស្ត្រ ។ ដែលហៅថាសេចក្តីល្អនោះគឺ ស្តេចណាដែលសោយរាជ្យសម្បត្តិហើយ រដូវទាំងប៉ុន្មាននៅទៀងឥតប្រែប្រួល ហើយទឹកភ្លៀងធ្លាក់តាមកាល តាមសម័យ កាលណាតែប្រព្រឹត្តការអ្វីឱ្យទាស់ខុសបន្តិចអំពីសណ្តាប់ប្រវេណី នឹងនាំឱ្យកើតមហាភ័យអ្វី ផ្សេងៗ ។
ដែលផ្សាយនូវផលប្រយោជន៍ក្នុងរោងព្យាបាល ចំពោះដល់បណ្តារាស្ត្រដូច្នេះ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បំពេញកិច្ចយា៉ងផ្សេងក្នុងផ្លូវព្រះពុទ្ធសាសនាថែមទៀតផង គឺការតពូជពង្សម្យ៉ាងមានផលល្អ ។ ប្រកាសនោះថ្លែងសេចក្តីតទៅទៀតថា ព្រះរាជហឫទ័យពេញដោយសេចក្តីមេត្តាដើម្បីសេចក្តីសុខចម្រើនដល់លោកទាំងមូល ព្រះមហាក្សត្រទ្រង់ធ្វើសេចក្តីឧទ្ទិសដូច្នេះថា សត្វទាំងអស់ដែលលិចលង់ក្នុងសមុទ្រ គឺវដ្តសង្សារ សូមឱ្យខ្ញុំស្រោចស្រង់បានដោយអំណាចអំពើដ៏ប្រសើរនេះ ។ សូមឱ្យក្សត្រគ្រប់អង្គក្នុងកម្ពុជប្រទេសដែលជាប់ដោយសេចក្តីល្អ ហើយដែលជាអ្នកជួយថែរក្សាការកសាងរបស់ខ្ញុំ បានដល់ទីដែលផុតចាកទុក្ខដែលគ្មានជំងឺមួយអន្លើដោយព្រះរាជវង្សពង្សា ព្រះអគ្គមហេសី សេនាមាត្រ និងមិត្រសម្លាញ់ទាំងអស់គ្នា ។
ដែលព្រះបាទជ័យវរ្ម័នទី៧ ទ្រង់សព្វព្រះរាជហឫទ័យកសាងរោងព្យាបាលដោយវត្ថុដែលស្រាលៗ ពួកអ្នកតែងប្រវត្តិការគង់ទុកដាក់ព្រះអង្គថា ជាព្រះមហាក្សត្រមានព្រះទ័យបុណ្យដែលស្រុកខ្មែរមិនដែលបានប្រទះឃើញដូច្នេះ ប៉ុន្តែអ្នកស្រាវជ្រាវប្រាសាទបុរាណ និងអ្នកដើរមើលស្រុកគង់មិនបានដឹងស្គាល់នូវការនេះសោះឡើយ ។ អ្នកទាំងនេះគេទុកដាក់ថា ជាស្តេចធំ ចំពោះតែពីការដែលកសាងទាំងប៉ុន្មាន ដែលវិចិត្រដោយថ្មដែលទ្រង់តាំងប្រតិស្ឋឡើង ហើយចាត់ការឱ្យបានសម្រេចក្នុងរជ្ជកាលយ៉ាងខ្លីរបស់ទ្រង់ដែលមិនយូរហួសកំណត់២០ឆ្នាំឡើយ ។
ការកសាងទាំងនេះ គួរឱ្យស្ងើចចំពោះនឹងយើងដែលគ្រាន់តែជាអ្នកសង្កេតដោយជិះរថយន្តមួយត្រួស ឬដោយឡើងមើល ។ ប៉ុន្តែត្រូវពិចារណាមើល តើប្រាសាទទាំងនេះជាតំណាងអ្វីចំពោះនឹងជនជាតិខ្មែរដែលងើបពីសេចក្តីនឿយលំបាកដាមញើស ដោយការកសាងប្រាសាទនគរវត្ត បន្ទាយសំរែ បឹងមាលា និងព្រះវិហារមួយភាគយា៉ងធំ ។ ត្រូវពិចារណាមើលតើការកសាងប្រាសាទ ផ្សេងៗដែលមានបែបរចនាដូចគ្នា នឹងប្រាសាទបាយ័ន តើជាតំណាងអ្វីខ្លះ ។
តើកូនជាងធ្វើថ្មមានចំនួនប៉ុន្មាននាក់ ដែលទៅជីកគាស់យកថ្មនៅភ្នំគូលែន ពួកកម្មករដែលដឹកនាំយកថ្ម ធំៗទាំងនេះមកចំនួនប៉ុន្មាននាក់ ពួកជាងរៀបថ្មបន្តុបឡើងប៉ុន្មាននាក់ ពួកជាងឆ្លាក់ និងជាងរចនានូវក្បាច់លំអប៉ុន្មាននាក់ ត្រូវរំពឹងមើលអំពីចំនួនមនុស្សដែលស្រាវជ្រើសមកដោយការកេណ្ឌកង ធ្វើការដូចជាមនុស្សជាប់ទោសជាមហន្ត គេបង្ខំឱ្យធ្វើការយា៉ងធ្ងន់ឥតសម្រាក ដើម្បីសាងនូវប្រាសាទយសស័ក្តិសម្តេចព្រះបរមរាជជននី និងព្រះមកុដកុមារ ដែលជាប្រាសាទឥតមានប្រយោជន៍អ្វី គ្រាន់តែជាការសម្រាប់បុណ្យអំណាចប៉ុណ្ណោះ ។ ហើយមិនគ្រាន់តែរវល់ដល់មនុស្សដែលជាអ្នកកសាងប៉ុណ្ណោះទេ ត្រូវរំឭកឡើងវិញថា គ្រាន់តែការសម្រាប់សម្តេចព្រះវររាជជននី១អង្គ នាំឱ្យរវល់ដល់មនុស្សកំណែន៨០.០០០នាក់ ។ ត្រូវពិចារណាដល់សម្បត្តិទាំងប៉ុន្មានដែលព្រះមហាក្សត្រអង្គនេះយកមកទុកឱ្យនៅស្ងៀមដោយសេចក្តីឆ្កួតយស នាំបណ្តាលឡើង សម្បត្តិទាំងនេះគឺ មាស៥.០០០គីឡូក្រាម ប្រាក់ចំនួនស្មើគ្នា ត្បូងមុត្តា៤០.០០០គ្រាប់ ក្រៅអំពីស្បៀងអាហារដែលមានចំនួនជាច្រើនគ្រប់បែបយា៉ង ដែលបំផ្លាញចោលទទេក្នុងការទេវបូជានេះ ។
តើប្រទេសកម្ពុជាដល់មកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ បានប្រទះលើសេចក្តីចម្រើនដែលមិនដែលប្រទះមានពីដើមមកឬអ្វី សេចក្តីនេះយើងគួរពោលថា ស្រុកខ្មែរក្នុងជាន់នោះត្រូវស្តេចដែលលោភយសរឹតអស់ឈាមនៅតែសាច់ទទេវិញ យើងមិនអាចនឹងពិនិត្យឱ្យដឹងបានថា ទ្រព្យសម្បត្តិទាំងនេះ មានជាប្រាកដបានឡើយ ប៉ុន្តែដែលយើងអាចនឹងឃើញផ្ទាល់នឹងភ្នែកយើងបាន នេះគឺគំនរថ្មដែលរចនាសូនប៉ាន់ឡើងតាមសេចក្តីប្រាថ្នារបស់ទ្រង់ សេចក្តីប្រញាប់ក្នុងការដែលបន្តុបថ្មឡើង ដោយមិនបាច់ផ្លាស់មុខតំណឱ្យខុសពីគ្នា ការអស់នូវថ្មភក់ ហើយយកថ្មបាយក្រៀមមកជាជំនួស ការមិនហើយស្រេចនូវក្បាច់ចម្លាក់ជញ្ជាំង ការរចនាក្បាច់ក្បូរមិនសូវហ្មត់ចត់ ។ ព្រះបាទជ័យវរ្ម័នទី៧ ដែលក្នុងជាន់នោះមិនមែននៅក្នុងវ័យក្មេង ទ្រង់មានប្រាថ្នាឱ្យបានការដែលទ្រង់គិតទុកនោះ ហើយស្រេចទាន់ក្នុងរជ្ជកាលព្រះអង្គ ។
តើក្នុងវេលាក្រោយដែលទ្រង់ទិវង្គតទៅនោះ ទៅជាដូចម្តេចទៅដោយអាស្រ័យសិលាចារឹកទាំងឡាយ យើងបានដឹងជាក្សត្រដែលសោយរាជ្យជាតំណមក បដិសេធបោះបង់ព្រះពុទ្ធសាសនា ហើយទៅចូលកាន់ព្រហ្មញ្ញសាសនាដែលធ្លាប់កាន់ពីដើមមកវិញ ដោយហេតុនេះបានជានៅប្រាសាទ ផ្សេងៗ យើងឃើញស្នាមដានរបស់ការប្រែខ្លះសាសនានេះ ។ ដែលជាការណ៍ពិតនោះ ស្តេចជ័យវរ្ម័នទី៧ទ្រង់ធ្វើស្រុកទេសឱ្យហិនហោចដោយសេចក្តីលោភយស ហើយតាំងពីនោះមកក្រុងកម្ពុជាក៏គ្មាននូវកម្លាំងការពារសេចក្តីលុកលុយរបស់ប្រទេសថ្មីដែលនៅជាប់គ្នានៅទិសខាងលិច ។ កាលពីឆ្នាំ១២៩៦រាជទូតចិនម្នាក់ឈ្មោះចៀវ តាកួន បានមកដល់ស្រុកខ្មែរវេលាដែលមកដល់ក៏បានឃើញខ្ទេចខ្ទីទាំងមូលដោយកើតសង្គ្រាមនឹងសៀម ហើយក្នុងវេលាសង្គ្រាមនោះ គេបង្ខំអ្នកស្រុកទាំងអស់គ្នាឱ្យចេញតតាំង ។
អ្នកតែងរឿងខ្លះ ទុកដាក់សេចក្តីអន្តរាយយ៉ាងឆាប់របស់ក្រុងកម្ពុជាថាជាប្រសា្នដែលវាយសេចក្តីមិនបែក ហើយមិនព្រមទទួលជឿថា ប្រាសាទខ្មែរទាំងនេះជាស្នាដៃបុព្វបុរសរបស់ខ្មែរសព្វថ្ងៃកសាងឡើយ ។
ក្នុងរឿងនេះឥតមានប្រស្នាអ្វីដែលវាយសេចក្តីមិនបែកនោះទេ ហើយខ្មែរសព្វថ្ងៃច្បាស់ជាជាប់ពូជផ្ទាល់អំពីពួកជាងសង់ប្រាសាទទាំងនោះមកដោយពិតប្រាកដ ទាំងភាសាសោតក៏មានបញ្ជាក់តាំងពីក្នុងឆ្នាំ៧០០ មកដោយសិលាចារឹកខ្លះដែលមានប្លែកអំពីភាសាខ្មែរសព្វថ្ងៃ តែដោយពាក្យបុរាណប៉ុណ្ណោះ ។
ប៉ុន្តែស្រុកណា ដែលជាស្រុកអាចនឹងទ្រាំឱ្យកេណ្ឌរាស្ត្រជាច្រើនរយឆ្នាំ ក្នុងការកសាងប្រាសាទដែល ធំៗជានិច្ច ដែលច្រើនជានិច្ច ស្រុកណាអាចនឹងទ្រាំឱ្យសេចក្តីឧស្សាហ៍ព្យាយាមរបស់រាស្ត្រស្រូបចូលទៅក្នុងការថែទាំនូវប្រាសាទទាំងនេះ ហើយទ្រព្យសម្បត្តិទាំងប៉ុន្មានហូរចូលទៅក្នុងប្រាសាទទាំងអស់ ។
លុះដល់មកក្នុងថ្នាក់អានុភាពដែលខ្ពស់បំផុត ជាតិខ្មែរក៏ស្រុតចុះក្រោមទំងន់របស់ជ័យមង្គលនៃព្រះមហាក្សត្រ ។ នៅពីខាងលើប្រាសាទដែលបាក់បែកទាំងប៉ុន្មានដែលជាយសសក្តិក្នុងអតីតកាល ឃើញនៅសល់តែព្រះភ័ក្ត្រញញឹមរបស់ព្រះបាទជ័យវរ្ម័ន ដែលដំឡើងព្រះអង្គជាព្រះពុទ្ធតាំងពីកាលគង់ព្រះជន្មានៅឡើយ ។
ការវិភាគលើសេចក្តីសន្និដ្ឋានរបស់លោក ហ្សក សឺដេស ដោយលោកសាស្ត្រាចារ្យវង់ សុធារ៉ា សេចក្តីសន្និដ្ឋានរបស់លោកហ្សក សឺដេស (George Coedes) ជាគំនិតមួយដែលមិនអាចទទួលយកបានដោយសារវាជាការសម្លឹងមើល និងកាត់សេចក្តីប្រកបដោយទុទិ្ទដ្ឋិនិយម ។
ពីព្រោះព្រះបាទជ័យវរ្ម័នទី៧មានគុណបំណាច់ដ៏មហិមាសម្រាប់ប្រទេសកម្ពុជា ។ ដំបូងព្រះអង្គដេញកម្ចាត់កងទ័ពចាមដែលកំពុងឈ្លានពាន និងកាន់កាប់ទីក្រុងអង្គរ ។ ព្រះអង្គស្តារការឯកភាពនៃប្រទេស និងកសាងសំណង់ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ជាពិសេសការស្ថាបនាទីក្រុង បន្ទាយប្រាការដ៏រឹងមាំសម្រាប់អនាគត ។ ប្រាសាទជាច្រើនដែលព្រះអង្គបានសាងឡើង ថ្វីបើមើលទៅហាក់ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដើម្បីតែចង់លើកកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់មាតាបិតា, បុត្រា និងសាច់ញាតិខ្លួន តែវាបង្ហាញឱ្យឃើញនូវស្មារតីដឹងគុណ តបគុណរបស់ព្រះរាជាចំពោះបុព្វការីជន ញាតិមិត្ត និងព្រះរាជគ្រូ ជាពិសេសពួកវីរបុរស និងយុទ្ធជនដែលបានបូជាជីវិតដើម្បីការពារប្រទេស ដូចជាប្រាសាទបន្ទាយឆ្មារ, បាយ័ន ព្រះខ័ន និងតាព្រហ្មជាដើម ។
ម្យ៉ាងទៀត ប្រាសាទទាំងនេោះបំពេញមុខងារជាថ្នាលបណ្តុះបញ្ញវន្ត អ្នកជំនាញសិប្បកម្ម និងជាមជ្ឈមណ្ឌលវប្បធម៌ប្រមូលកម្លាំងសហគមន៍តាមរយៈសកម្មភាព សំខាន់ៗខាងសាសនា ។
ជាការណ៍ពិតណាស់ ដើម្បីកសាងសំណង់ទាំងអស់នេះឡើង មុខជាទាមទារនូវកម្មករធ្វើការចំនួនរាប់សែនលាននាក់ ។ ប៉ុន្តែបើតាមចារឹកព្រះខ័នដដែលទំនងជាព្រះអង្គមិនបានកេណ្ឌប្រជាជាតិរបស់ខ្លួនយកប្រើទាំងអស់នោះទេ ។ ពីព្រោះព្រះរាជបុត្រវីរកុមារថា ក្នុងការបង្កើតមូលនិធិប្រាសាទទាំងអស់នោះ ព្រះបាទជ័យវរ្ម័នទី៧ បានប្រើប្រាស់មនុស្សប្រុសស្រី ជនជាតិចាម, យួន (យវនៈ), មនភូមា (បុកាំ=បា៉ហ្គន) និងមនថៃ (រវញ=រមញ0x017d7) ចំនួន៣០៦.៣៧២នាក់ ដែលរស់នៅជាភូមិចំនួន១៣.៥០០ភូមិ ។ ពួកអ្នកទាំងនេះមានភារកិច្ចខាងជីកកាប់គាស់ថ្ម និងកាប់ឈើ ហើយពួកគេត្រូវបម្រើការងាររបស់ព្រះដើម្បីធានានូវការថែរក្សាការពារកុំឱ្យដាច់រយៈ ។
ពួកគេត្រូវរស់នៅជាពលមូលនិធិរបស់ប្រាសាទដែលត្រូវបំពេញពលកម្មផលិតដើម្បីផ្គត់ផ្គង់ និងថ្វាយដល់ប្រាសាទនូវអង្ករមិនឱ្យខ្វះពីទម្ងន់៤០០.១២៦ខារី (=៣៨.២២៦,៥តោន) ក្នុងមួយឆ្នាំ (K.908, st.177-8) ។ វាអាចថា អ្នកស្រុកក្រៅទាំងអស់នោះ ជាឈ្លើយសឹកដែលព្រះអង្គរឹបអូសយកបានមកនៅពេលច្បាំងឈ្នះ ។
ប្រាសាទបាយ័នដែលសង់ឡើងជាផ្ចិតនៃរាជធានីអង្គរ យសោធរបុរៈទី៣ បង្ហាញនូវភស្តុតាងយ៉ាងប្រត្យក្សថា ព្រះបាទជ័យវរ្ម័នទី៧ បានយកព្រះទ័យទុកដាក់ក្នុងការប្រមូលកម្លាំងសាមគ្គីភាពពីគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការសាសនា ។ ព្រះភ័ក្ត្របួននៃតួប៉មទាំង៥៤ មិនមែនត្រឹមតែតំណាងឱ្យព្រះភ័ក្ត្ររបស់ព្រះអង្គផ្ទាល់ (Coedes,1947,1992) ព្រះពោធិសត្វលោកេស្វរៈ (Prasat Chrung) ខាងពុទ្ធសាសនាមហាយាន តែជាតំណាងឱ្យមុខបួនរបស់ទុម្ពុរុ ដែលជាតួព្រះឥសូរពេលមានឫទ្ធិអំណាចបំផុត (Bosch cited in Majumdar, 1944) ។ ម្ល៉ោះហើយទាំងបរិស័ទពុទ្ធសាសនា និងទាំងព្រហ្មញ្ញសាសនា គួរតែមានអារម្មណ៍ថា អាចទទួលយកបានចំពោះស្ថាបត្យកម្មបែបនេះ ។ នៅតាមតួប៉ម និងកុដិជាច្រើន គេឃើញមានឈ្មោះអាទិទេពដែលគេបានឧទ្ទិសថ្វាយ មានទម្រង់ជាព្រះឥសូរ និងសក្តិរបស់ព្រះអង្គក្នុងពេលដែលកន្លែងជាច្រើនទៀត គេប្រតិស្ឋានព្រះពុទ្ធរូបប្រក់នាគ។ រីឯនៅបង្កាន់ដៃនាគសងខាងច្រកចូលប្រាសាទ គេឃើញមានរូបគ្រុឌនៅឱបកនាគយ៉ាងសង្ហា ដែលជាការបង្ហាញនូវគំនិតធ្វើឱ្យគូសត្រូវស៊ីសាច់ហុតឈាមមួយគូនេះរួបរួមគ្នា ក្លាយជាមិត្តនឹងគ្នាវិញ ។ បើក្រឡេកមើលស្ពានឆ្លងជយសិន្ធុចូលក្នុងខ្លោងទ្វារកំពែងជយគិរីវិញ ម្ខាងមានរូបទេវតា៥៤អង្គ ដែលតំណាងឱ្យសភាវៈល្អ និងម្ខាងទៀតមានរូបយក្ស៥៤នាក់ ដែលតំណាងឱ្យសភាវៈអាក្រក់ អង្គុយកាន់នាគដ៏ធំពីររៀងខ្លួន ។ តើនេះមិនមែនជាការបង្ហាញនូវគំនិតដែលថា ទាំងសភាវៈល្អ និងអាក្រក់សុទ្ធតែប្រើឱ្យមានប្រយោជន៍៍បានដូចគ្នាទេឬ ?
ព្រះបាទជ័យវរ្ម័នទី៧ ជា «ស្តេចចក្រពត្តិដ៏ពិតប្រាកដមួយអង្គ ដែលមានជំនាញក្នុងការប្រើនយោបាយចិញ្ចឹមសត្រូវឱ្យវាយប្រហារគ្នាឯង» បែបដូចរឿងវិទ្យានន្ទន៍ ដែលច្បាំងដណ្តើមយកស្រុកចាម និងស្តេចចាមមួយអង្គទៀត នាមអុងធនបតិគ្រាម វាយប្រហារកម្ចាត់ក្មួយឈ្មោះវិទ្យានន្ទន៍ ដែលក្បត់រឹងរូសមិនព្រមនៅក្រោមអំណាចព្រះអង្គ ។ ហើយនយោបាយបែបនេះ ត្រូវអយុធ្យា និងយួនយកទៅប្រើនៅពេល ក្រោយៗមក ដើម្បីគំរាមស្តេចខ្មែរនៅក្រោមឥទ្ធិពលអំណាចរបស់ខ្លួន ។
ចំណែកសិលាចារឹករបស់ព្រះនាងឥន្ទ្រទេវី បានឱ្យដឹងថា ព្រះអង្គប្រកាន់យកទ្រឹស្តីមួយថា «ការឈឺចុកចាប់ពីជំងឺនៅក្នុងរាងកាយរបស់ទ្រង់ មិនមែនជាសេចក្តីឈឺចាប់ពិតប្រាកដរបស់ព្រះអង្គទេ ផ្ទុយទៅវិញមានតែជំងឺតម្កាត់ និងទុក្ខវេទនារបស់ប្រជារាស្ត្រព្រះអង្គនោះទេ ដែលនាំឱ្យព្រះអង្គមានសេចក្តីឈឺចាប់» ។ លោកសឺដេស ធ្លាប់អះអាងថា នេះជាឆន្ទៈ និងស្មារតីទទួលខុសត្រូវរបស់មេដឹកនាំនៅសម័យសតវត្សរ៍ទី២០ប៉ុណ្ណោះ ដែលតែងប្រកាន់យក ។ ប៉ុន្តែ មេដឹកនាំខ្មែរ គឺព្រះបាទជ័យវរ្ម័នទី៧ បានបង្កើតទ្រឹស្តីដ៏ជឿនលឿនបំផុតនេះតាំងពីចុងសតវត្សរ៍ទី១២មកម្ល៉េះ ។
ចំពោះចំណោទថា ព្រះបាទជ័យវរ្ម័នទី៧ខ្ជះខ្ជាយទ្រព្យសម្បត្តិមានតម្លៃ សម្រាប់ដាក់តាំងលំអសម្រាប់បំពេញតម្រូវការបូជាចំពោះព្រះ ដោយឥតប្រយោជន៍នោះ ជាការណ៍ពិបាកនឹងជឿបានថា គេអាចយកមាស ឬប្រាក់ទម្ងន់៥តោន ឬ៥០០គីឡូក្រាមមកធ្វើភាជន៍បានណាស់ ។ ប៉ុន្តែវាអាចជាភាជន៍ថ្មទឹបទឹកមាស ឬទឹកប្រាក់ ហើយឧបកិច្ចថា ជាភាជន៍មាស ឬប្រាក់តែម្តង ។ ហើយបើសិនជាទ្រព្យបែបនោះមានមែន ក៏ជារឿងពិបាកបន្ទោស ពីព្រោះពួកអាស៊ីបុរាណមិនសូវយល់អំពីសារសំខាន់នៃទ្រឹស្តីសេដ្ឋកិច្ច និងមុខជំនួញបែបដូចពួកអឺរ៉ុបឡើយ។ រហូតមកដល់សតវត្សរ៍ទី១៦-១៧ទៅហើយ ក៏នៅមានអ្នកដឹកនាំនៅអាស៊ីអាគ្នេយ៍មួយចំនួន សង្វាតយកមាសសុទ្ធទៅធ្វើចេតិយ ឬបិទលម្អវត្ថុសក្ការៈផ្សេងៗ សម្រាប់គោលបំណងបូជាព្រះ និងបំពេញភាពឆើតឆាយដែរ ។
ចំណុចទាំងអស់នេះសរឱ្យជឿបានថា ព្រះអង្គប្រហែលជាមិនបានអនុវត្តនយោបាយប្រាសចាកពីមាគ៌ាសប្បុរសធម៌ និងយុត្តិធម៌ឡើយ ។
តើមានប្រទេសណាមួយដែលមិនមានមោទនភាពចំពោះប្រវត្តិសាស្ត្ររបស់ខ្លួន ត្រង់ពេលវាតទីទឹកដីបានធំធេង រឹបអូសយកបានជ័យភណ្ឌដ៏អនេករបស់អ្នកចាញ់សង្គ្រាម ? តើមានប្រទេសណាខ្លះដែលបានដាក់កំហុសចោទប្រកាន់ ជេរប្រទេចចំពោះស្តេចសឹកដ៏ជាញជ័យរបស់ខ្លួន ? រហូតមកដល់សព្វថ្ងៃនេះ តើមានប្រទេសណាមួយ ដែលអស់មហិច្ឆតាវាតទីទឹកដី និងអំណាចរបស់ខ្លួន ?
ខ្ញុំពិតជាមានគំនិតឯកភាពចំពោះទស្សនៈដែលលោកសាស្ត្រាចារ្យបណ្ឌិត ឡុង សៀម ធ្លាប់បានផ្តល់សម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីឆ្នាំ២០០៦ ថា ប្រទេស នីមួយៗក្នុងលោកនេះ ត្រូវការជាចាំបាច់នូវអត្ថិភាពនៃវីរបុរសប្រវត្តិសាស្ត្រជាតិ ដែលមិនអាចមានអ្នកណាម្នាក់មកសម្អុយបន្ទាបបន្ថោក និងប៉ះពាល់បានឡើយ ។ ការតាំងឱ្យមានវីរបុរសជាតិបែបនេះ គឺដើម្បីផលប្រយោជន៍នៃធម៌បង្កើតកម្លាំងសាមគ្គីភាពជាតិ ។ ព្រោះលោកគឺជាស្នូល ឬជាមេដែកដែលអាចឆក់ស្រូបប្រជាជាតិឱ្យប្រមូលផ្តុំគ្នាវេញត្របាញ់កម្លាំងគ្នា នៅជុំវិញរដ្ឋាភិបាលប្រជាជាតិរបស់ខ្លួន និងធ្វើការអ្វីដើម្បីចម្រើនប្រទេសជាតិរបស់ខ្លួនឱ្យបានរុងរឿង ៕

No comments:
Post a Comment