- វ្រះបាទជយវម៌្មទី៧ រជ្ជកាល (១០៨០-១១០៧) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីជយវម្ម៌ទេវ។ រាជបុរោហិត ព្រាហ្មណ៍យោគេឝ្វរបណ្ឌិត តាមឯកសារលោកត្រឹង-ងា ថាទិវាករបណ្ឌិតទៅវិញ។ ព្រះអង្គមានជាប់សាច់សារលោហិតជាមួយនិងពួកអភិជននៃព្រះរាជវង្សានុវង្សនៅមហិធរបុរ ដែលស្ថិតនៅប៉ែកខាងជើងនៃកម្វុជទេឝ ព្រះបាទជយវម៌្មទី៧ បានប្រកាសថា ទ្រង់ជាស្តេចនៅគ្រិស្តសករាជឆ្នាំ ១០៨០ ក្នុងខណៈដែលប្រទេសជាតិស្ថិតក្នុងភាពវឹកវរក្នុងចុងរាជ្យព្រះបាទហស៌វរ្ម័នទី៣ ដែលជយវម៌្មទី៧ បានបះបោរនៅទិសខាងលិចនៃប្រទេស គឺនៅក្រុងមហិធរបុរ ដែលប្រហែលជាស្ថិតនៅខាងជើងឆៀងខាងលិចវាលទំនាបខាងលើនៃទន្លេមូល ក្នុងប្រទេសថៃ សព្វថ្ងៃ។ កំឡុងរជ្ជកាលនៃឧទយាទិត្យវម៌្មទី២ និង ហឝ៌វម៌្មទី៤មានការបះបោរផ្ទៃក្នុងមួយចំនួន និង ធ្វើសង្គ្រាមបរាជ័យជាមួយចាម្ប៉ា។
- នៅឆ្នាំ១០៨២ ទ្រង់ ប្រកាសឡើងសោយរាជ្យដោយយកក្រុងមហិធរបុរ ជារាជធានី។ ក្នុងសិលាចារឹកនៅការផ្ដើមនៃរជ្ជកាលទ្រង់ ទ្រង់បានប្រកាសខ្លួនថាជាកូនចៅនៃទេវបុព្វបុរស ឫសីកម្វុស្វយម្ភុវ និង ទេវអប្សរ មេរា[២][៣] ផ្ទុយពីមានបុព្វការីជនជាខ្សែស្រឡាយស្ដេចទៅវិញ។ បើតាមគេប៉ាន់ស្មាន ប្រហែលទ្រង់មានប្រភពចេញមកពីវង្សស្ដេចត្រាញ់មួយ។ បើយោលទៅតាមសិលាចារឹកនៅភ្នំរុង និងតាមការសិក្សាស្រាវជ្រាវរបស់លោកហ៊្សក-សឺដេស គេអាចដឹងថា ព្រះបិតាព្រះបាទជយវម៌្មទី៧ ព្រះនាមហិរណ្យវម៌្ម ហើយព្រះមាតាព្រះនាម ហិរណ្យលក្ឝ្មី។ ព្រះអង្គមានព្រះភាតាបង្កើតទាំងអស់បួនអង្គ ដែលគេស្គាល់ព្រះនាមតែពីរអង្គប៉ុណ្ណោះគឺ ធរណេន្ទ្រវម៌្មទី២ និងយុវរាជទី២។ ព្រះអង្គបានក្រោកបះបោរ ហើយវាយសង្កត់យកខេត្តភាគខាងលិចនៃប្រទេស។
- ព្រះបាទជយវម៌្មទី៧ ត្រូវបានរៀបចំពិធីរាជាភិសេកដោយព្រះគ្រូព្រាហ្មណ៍បុរោហិត របស់ព្រះបាទហឝ៌វម៌្មទី៤ ឈ្មោះទិវាករបណ្ឌិត (យោគេឝ្វរបណ្ឌិត) ដែលប្រហែលជាមានហេតុកើតទំនាស់អ្វីជាមួយព្រះរាជាក្រុងអង្គរ ឬដោយប្រាថ្នាលាភសក្ការៈ រួចចាកចោលក្រុងអង្គរ ទៅបំរើរាជវង្សថ្មីនេះ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅឯរាជធានីអង្គរឯណោះវិញ ព្រះរាជាដែលឡើងសោយរាជ្យស្របច្បាប់បន្តពីព្រះបាទហឝ៌វម៌្មទី៤ គឺព្រះបាទន្ឫបតេន្ទ្រវម៌្មទី២ ដែលត្រូវបានរៀបចំអភិសេក ក្រោយពីពេលដែលព្រះបាទហឝ៌វម៌្មទី៤ សោយទិវង្គតទៅ។ ជយវម៌្មទី៧មិនមែនអ្នកនៅក្នុងវណ្ណៈស្ដេចទេ។ ជយវម៌្មទី៧ជាមន្ត្រីម្នាក់ ដែលក្បត់ស្ដេច ធ្វើរដ្ឋប្រហារដណ្ដើមរាជ្យ ហើយក្លាយទៅជាស្ដេច ដោយដាក់ឈ្មោះថ្មីជា ជយវម៌្មទី៧។
- តាមព្រហ្មញ្ញសាសនា ស្ដេចអង្គនេះ ដែលមកពីវណ្ណៈមន្ត្រី មិនអាចឡើងចូលទៅក្នុងវណ្ណៈស្ដេចបានទេ។ ប៉ុន្តែ ដោយព្រះអង្គគោរពប្រកាន់យកពុទ្ធសាសនា ដែលជាសាសនាមិនប្រកាន់វណ្ណៈ អាចទទួលស្គាល់ និងគោរពថា ជយវម៌្មទី៧ ជាស្ដេចពេញអង្គបាន។ សូយ៌្យវម៌្មទី២ ដែលមានកំណើតក្នុងវណ្ណៈស្ដេចពិតប្រាកដ បានមកកាន់ព្រហ្មញ្ញសាសនាវិញ។ សូយ៌្យវម៌្មទី២ ដែលបានឡើងសោយរាជ្យ ដោយសំលាប់ស្ដេច ដែលមានជាប់សាច់ឈាមជាមួយជយវម៌្មទី៧។ ជយវម៌្មទី៨ ដែលកាន់ពុទ្ធសាសនា គឺជាស្ដេច ដែលមានជាប់សាច់ឈាមជាមួយជយវម៌្មទី៧ ដែលជាស្ដេចមកពីវណ្ណៈមន្ត្រី។
- ក្នុងរាជ្យរបស់ព្រះបាទន្ឫបតេន្ទ្រវម៌្មទី២ ទ្រង់បានទទួលច្បាំងជាមួយព្រះបាទជយវម៌្មទី៧ ដែលបានសោយរាជ្យនៅខាងលិចនៃប្រទេស។ ថ្វីត្បិតតែព្រះបាទជយវម៌្មទី៧ អាចវាយទន្ទ្រានយកបានខេត្តទាំងឡាយភាគខាងជើង និងភាគខាងកើតក្តី ក៏ប៉ុន្តែតំបន់អង្គរ ខេត្តទាំងឡាយភាគខាងលិច និងខាងត្បូងបឹងទន្លេសាប នៅតែស្មោះត្រង់នឹងព្រះរាជាក្រុងអង្គរដដែល។ ជយវម៌្មទី៧ប្រហែលជាបានជាប់ដៃក្នុងការតស៊ូប្រឆាំងជាច្រើនឆ្នាំរបស់អ្នកដែលមានភក្ដីភាពទៅនឹងខ្សែស្រឡាយស្របច្បាប់នៃហឝ៌វម៌្មទី៤ និង រជ្ជទាយាទរបស់ទ្រង់គឺ ន្ឫបតេន្ទ្រវម៌្មទី២ ដែលបានសោយរាជ្យនៅអង្គររហូតដល់ឆ្នាំ ១១១៣។
- ព្រះបាទន្ឫបតេន្ទ្រវម៌្មទី២ ទ្រង់សោយរាជ្យនៅរាជធានីអង្គរ មានរយៈពេលស្មើគ្នា និងរាជ្យមហាក្សត្របីអង្គទៀត នៅភាគខាងលិចនៃប្រទេស គឺព្រះបាទជយវម៌្មទី៧ យុវរាជទី២ និងព្រះបាទធរណេន្ទ្រវម៌្មទី២ គឺរហូតដល់ឆ្នាំ១១១៣ ក្រោយពេលដែលព្រះបាទសូយ៌្យវម៌្មទី២ បានក្រោកបះបោរឡើង ហើយធ្វើគត់ព្រះបាទធរណេន្ទ្រវម៌្មទី២ ជាស្ដេចភាគខាងលិចបាន រួចបន្តលើកទ័ពមកច្បាំងជាមួយព្រះអង្គជាស្ដេចសោយរាជ្យនៅអង្គរនេះទៀត។ ទីបំផុត ព្រះបាទន្ឫបតេន្ទ្រវម៌្មទី២ ត្រូវព្រះបាទសូយ៌្យវម៌្មទី២ ធ្វើគត់បាន ហើយបង្រួបបង្រួមទឹកដីខ្មែរអោយចូលគ្នាឡើងវិញនៅឆ្នាំ ១១១៣ នៃគ្រិស្ដសករាជនោះ។
- ដូច្នេះយើងឃើញប្រទេសកម្ពុជាចែកជានគរពីរដែលមានស្ដេចពីរសោយរាជ្យ គឺព្រះបាទន្ឫបតេន្ទ្រវម៌្មទី២ ដែលត្រួតត្រាគ្រប់គ្រងទឹកដីផ្នែកខាងត្បូង និងព្រះបាទជយវម៌្មទី៧ ដែលកាន់កាប់ទឹកដីផ្នែកខាងជើងជួរភ្នំដងរែក ព្រះអង្គបានធ្វើចំបាំងវាតទឹកដីយកប្រទេសជិតខាង ដែលស្ថិតក្នុងភូមិភាគខាងជើងកម្ពុជា ឬខាងជើងភ្នំដងរែក មកដាក់ជានគរចំណុះ បញ្ចូលឲ្យនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ព្រះអង្គ។ ទិដ្ឋភាពបែងចែកទឹកដី មួយខាងជើង មួយខាងត្បូងដោយយកជួរភ្នំដងរែកជាព្រំដែនសីមាបញ្ជាក់ឲ្យយើង សន្និដ្ឋានបានថា ធាតុដើមនៃនគរវ្នំ និងកម្វុជ កម្វុជគោក និងកម្វុជទឹក មានការពិបាកជាច្រើនក្នុងការរំលាយខ្លួនបញ្ចូលជាកម្ពុជាតែមួយ។ ទោះបីជាមានការខំប្រឹងប្រែងបង្រួបបង្រួម បង្កបង្កើតឲ្យមានលក្ខណៈឯកភាពជាតិអំពីសំណាក់ព្រះមហាក្សត្រខ្មែរដែល ធំខ្លាំងពូកែ ក្លាហានដូចម្ដេចក៏ដោយ។ [៦]ដើម្បីពង្រីកអានុភាពអាទិទេព គឺអំណាចរបស់ព្រះអង្គ ព្រះបាទជយវម៌្មទី៧ ទ្រង់បានកសាងបូជនីយដ្ឋានជាច្រើន ឧទ្ទិសចំពោះព្រះពុទ្ធផង និងចំពោះព្រះឥសូរ ផង ដូចជា បានបន្តការកសាងនៅភ្នំសណ្ដក នៅភ្នំព្រះវិហារ នៅវត្តភូ និងវិមាយជាដើម។ ព្រះអង្គទទួលបានបច្ឆាមរណនាមថា វ្រះបាទបរមកៃវល្យបទ។
- បញ្ហាការឡើងសោយរាជ្យៈព្រះធរណេន្ទ្រវម៌្មទី២ ជាព្រះជេដ្ឋា គួរតែបានសោយរាជសម្បត្តិមុនព្រះបាទជយវម៌្មទី៧ ដ៏ជាព្រះអនុជ នេះហេតុម្ដេចព្រះអនុជបានសោយរាជ្យមុនព្រះរៀមទៅវិញ? មានបរិហារថា: ការសោយរាជ្យរបស់ព្រះបាទជយវម៌្មទី៧នោះ មិនបានប្រព្រឹត្តទៅតាមកំដាប់នៃច្បាប់រាជសន្តតិវង្សទេ គឺក្នុងពេលនោះមានការណ៍បះបោរក្នុងនគរ ព្រះបាទជយវម៌្មទី៧ ស្ដេចចេញកំរាបទាល់តែរាបទាបទៅវិញ ដូច្នេះរាជសម្បត្តិទើបបានទៅព្រះអង្គដូចពោលមក កាលទ្រង់សោយទិវង្គតហើយ គ្មានរាជឱរសនឹងទទួលរាជសម្បត្តិស្នង គេទើបអញ្ជើញព្រះជេដ្ឋាធិរាជដែលជាព្រះរាជវង្សជាន់ខ្ពស់ ឲ្យទទួលគ្រងរាជសម្បត្តិតមក។
Wednesday, July 19, 2017
ប្រវត្តិ វ្រះបាទជយវម៌្មទី៧
Subscribe to:
Post Comments (Atom)
No comments:
Post a Comment