Wednesday, July 19, 2017

ស្ដ្រីខ្មែរ​ ដែល​ពូកែ​ក្នុង​ប្រវត្ដិ​សាស្ដ្រ

មិនមែន​តែ​នៅពេល​បច្ចុប្បន្ននេះ​ទេ ​ដែល​ស្ដ្រី​ខ្មែរ ​ពូកែ​មានចំណេះដឹង​ និង​មាន​ស្នាដៃ​ជាច្រើន​នោះទេ។ បើ​យើង​ក្រឡេក​មើល​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរ​ តាំងពី​សម័យ​ដើមដំបូង មាន​ស្ដ្រី​ដែល​ពូកែ​ជាច្រើន ​ដែល​បានរួម​ចំណែក​កសាង​ប្រទេស​ដែលមាន​បន្សល់ទុក​ស្នាដៃ​រហូតមកដល់​បច្ចុប្បន្ន​នេះ។ សូម​ស្វែងយល់​ជាមួយ​ ទស្សនាវដ្ដី​ខ្មែរ​សម័យថ្មី​ នូវ​ស្នាដៃ​នានា​ ដែល​ស្ដ្រី​ខ្មែរ​បាន​បន្សល់ទុក​គួរឱ្យ​ស្ងើចសរសើរ ​មកដល់​សម័យ​បច្ចុប្បន្ននេះ​តាមរយៈ​ ការ​រលឹក​ឡើងវិញ​រប​ស់ឯក​ឧត្ដម​បណ្ឌិតរ​ស់ច​ន្ដ្រា​បុត្រ​អនុប្រធាន​រាជបណ្ឌិតសភា។

ស្ដ្រី​ពូកែ​ប្រចាំ​ប្រ​វ​ត្ដិ​សាស្ដ្រ

នៅក្នុង​សង្គម​ខ្មែរ​កន្លងមក ​មាន​ទស្សនៈ​ពីរ​នៅ​ជាមួយគ្នា​ដែល​មួយ​បញ្ជាក់​ពី​ការលើកតម្កើង​ស្ដ្រី ​គឺ​សង្គម​មាតា​ធិបតេយ្យ​ និង​មួយ​ទៀត​ក្នុងន័យ​បន្ដុះបង្អាប់ ​រើសអើង​ មាក់ងាយ​​ គឺ​ស្ដ្រី​បង្វិលចង្ក្រាន​មិន​ជុំ។ បើទោះបី​ជាមាន​ទស្សនៈ​ និង​ការយល់ឃើញ​ក្រោម​ផ្នត់គំនិត​មើលងាយមើលថោក​ ស្ដ្រី​យ៉ាងណាក៏ដោយ​ ក៏​ស្ដ្រី​ខ្មែរ​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ​ដើម្បី​ភាព​ត្រចះត្រចង់​នៃ​ប្រទេស​ជាតិ​មិន​ចាញ់​បុរស​ប៉ុន្មាន​ដែរ។ ស្ដ្រី​ដែល​បានរួម​ចំណែក​កសាង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ ខ្មែរ​សម័យថ្មី​ សូម​លើក​មក​ជម្រាប​ជូន​ប្រិយមិត្ត​អ្នកអាន​ដូចតទៅ៖

1. ស្ដ្រី​ជា​ស្ដេច​ដែល​គ្រប់គ្រង​ប្រទេស៖ នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​កម្ពុជា​ ចារឹក​យ៉ាងច្បាស់​លាស់​អំពី​ក្សត្រិយ៍​ពីរ​អង្គ​ដែល​មាន​ស្នា​ព្រហស្ថ​ក្នុង​ការកសាង​ប្រទេសជាតិ​របស់​យើង​នៅពេលនោះ។

ព្រះ​នាង​សោមា​ ឬ​ព្រះ​នាងនាគ៖ ព្រះមហាក្សត្រ​ដំបូង​នៃ​កម្ពុជា​ គឺ​ព្រះ​នាង​សោមា​ដែល​តាម​ឯកសារ​ចិន​មាន​ឈ្មោះថា ​ព្រះ​នាង​ លីវ យី​ ដែល​ព្រះ​នាង​ជា​អ្នក​ដែល​គ្រប់គ្រង​កម្ពុជា​រហូតដល់​មាន​ស្ដេច​មួយអង្គ​មកពី​ប្រទេស​ឥណ្ឌា​ដែលមាន​ព្រះនាម​ថា ​កៅ​ឌិ​ណ្ឌ​វរ្ម័ន។ ការចង​សម្ព័ន្ធមេត្រី រ​វាង​ស្ដេច​ទាំងពីរ​អង្គ​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ នា​សម័យ​នោះ​មានការ​រីកចម្រើន ​ដោយមាន​ការរួបរួម​ជាតិ​សាសន៍​នានា។ ស្នាដៃ​ដែល​ព្រះ​នាង​មាន​នា​សម័យ​នោះ​គឺ​ ព្រះ​នាង​បាន​ការពារ​ទឹកដី​កម្ពុជា​ ចេះ​ទទួលយក​ការ​ចងសម្ព័ន្ធ​ ជាមួយ​បរទេស​ដើម្បី​កសាង​ប្រទេស​ជាតិ​​រួមបញ្ចូល​សាសន៍​ដទៃ​ ឱ្យទៅជា​ខ្មែរ​តែមួយ​ ក្លាយទៅជា​មហានគរ​ដ៏​រុងរឿង ​មួយនា​សម័យ​នោះ។
ព្រះមហា​ក្សត្រិយ៍​ ស៊ីសុវត្ថិ​កុ​សមៈ​ នារីរត្ន​សេរី​វ​ឌ្ឍ​នា៖ ព្រះ​នាង​ជា​ព្រះ​មាតា​របស់​ព្រះវររាជបិតា​ព្រះបាទ​ន​រោ​ត្ដម​សីហនុ។ បើទោះបីជា​ពុំមាន​ការតែងតាំង ​ជា​ផ្លូវការ​យ៉ាងណាក៏ដោយ​ ក៏​ក្នុងកំឡុងពេល​ដែល​ព្រះបាទ​ន​រោ​ត្ដម​សុរាម្រិត​ ចូល​ទិវង្គត ​ទៅ​កម្ពុជា​មិនបាន​ជ្រើសរើស​ព្រះមហាក្សត្រ​ ទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ​ទេ។ ផ្ទុយ​ទៅ​វិញ​ព្រះមហា​ក្សត្រិយ៍​នេះហើយ ​ដែលជា​តំណាង​របស់​ព្រះមហាក្សត្រ​ បើទោះបីជា​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៤៧​បាន​ចែង​ថា​នៅ​កម្ពុជា​ មិនអាច​មាន​ស្ដេច​ស្រី​សោយរាជ្យ​សម្បត្ដិ​បានទេ។ ហេតុនេះហើយ​ព្រះមហា​ក្សត្រិយានី​អង្គ​នេះ​ទទួល​ព្រះរាជ​កិច្ចដឹកនាំ​ប្រទេសជាតិ​ នា​អំឡុងពេល​អន្ដរ​កាលនោះ។ ចំពោះ​ស្នាដៃ​ដ៏​លេចធ្លោ​ របស់​ព្រះ​មហា​ក្សត្រិយានី ​កុស​មៈ ​នោះ​គឺ​ព្រះ​នាង​បានរៀបចំ​ឱ្យមាន​របាំ​ព្រះរាជ​ទ្រព្យ ​ដែល​ខ្មែរ​ស្ទើរតែ​បាត់បង់​ទម្រង់​ដើម​ទៅហើយ​ នៅពេលដែល​សៀម​ឈ្លានពាន​ទឹកដី ​ហើយ​នាំ​របាំ​នេះ​ទៅ​កាឡៃ​ជា​របាំ​របស់គេ​នោះ។ ព្រះ​​នាង​បាន​កែទម្រង់​របាំ​នេះ ​សារជាថ្មី​ឱ្យមាន​លក្ខណៈ​ទន់ភ្លន់​ជា​ខ្មែរ ​ដូច​ពីមុន​ព្រះ​នាង​បាន​ប្រមូលផ្ដុំ​ អ្នក​សិល្បៈ​ វប្បធម៌​ ដើម្បី​កែច្នៃ​របាំ​នេះ​ដោយ​ រាប់​តាំងពី​សម្លៀកបំពាក់​គ្រឿង​ក្បូរក្បាច់​លម្អផ្សេងៗ រហូតដល់​របាំ​ព្រះ​រាជ​ទ្រព្យ​នេះ​បាន​ត្រូវ​ចុះ​ក្នុង​បញ្ជី ​ជា​បេតិកភណ្ឌ​ពិភពលោក​អរូបី​ រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ។

2. ស្ដ្រី​ដែល​ពូកែ​ខាង​អក្សរសាស្ដ្រ៖ តំណែង​នេះ​ត្រូវបាន​ប្រគល់​ថ្វាយ​ដល់​ព្រះ​នាង ​ឥន្ទ្រ​ទេវី។ ព្រោះ​ព្រះ​នាង​ ជា​ស្ដ្រី​ម្នាក់​ដែលមាន​វិជ្ជា​ខ្ពង់ខ្ពស់ ​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា ​មោះមុត ​ឈ្លាសវៃ​ ពូកែ​ល្បីល្បាញ​ខាង​វិជ្ជា​អក្សរសាស្ដ្រ​ មានធម៌​មេ​ត្ដា ​សន្ដោស​ហើយ​ជា​សាស្ដ្រ​ចា​រ្យ​ដែល​បង្ហាត់បង្រៀន​នៅ​ សកល​វិទ្យាល័យ​នៃ​មហានគរ។ កូនចៅ​ជំនាន់​ក្រោយ​អាច​ស្គាល់​ព្រះ​នាង​បាន តាម​រយៈ​​ ការ​ចារ​សិលាចារឹក ​របស់​ព្រះ​នាង​នៅ​ប្រាសាទ ភិមានអាកាស​ ស្ដីអំពី​ភាពជា​ស្ដ្រី​គ្រប់លក្ខណ៍​ របស់​ព្រះ​នាង ​ជ័យ​រាជា​ទេវី ​ដែលជា​ប្អូនស្រី​របស់​ព្រះ​នាង ​និង​ជា​ព្រះ​មហេសី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧។

3. ស្ដ្រី​ដែល​ពូកែ​ខាង​ផ្នែក​ជំនឿ​សាសនា៖ មាន​ស្ដ្រី​ពីរ​អ្នក​ដែល​លេចធ្លោ​នៅក្នុង​ផ្នែក​នេះ៖

ព្រះ​នាង​ជ័យ​រាជា​ទេវី៖ មូលហេតុ​ដែល​អាច​ចាត់ទុកថា​ ព្រះ​នាង​ជា​អ្នក​ដែល​ប្រកាន់ខ្ជាប់ ​នូវ​ការ​ប្រតិ​ប​ត្ដិ​សាសនា​នោះ​ក៏​ព្រោះ​ តាមរយៈ​សិលាចារឹក​ដែល​កត់ត្រា ​ដោយ​ព្រះ​នាង​ឥន្ទ្រ​ទេវី​នោះបាន​អធិប្បាយ​បង្ហាញថា “ព្រះ​​មហេសី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ព្រះ​នាង​ជ័យ​រាជា​ទេវី​ ប្រៀបបាន​ទៅនឹង​ព្រះ​នាង​សិ​តា​ ដែល​កំពុងតែ​ព្រាត់​ពី​ស្វាមី​ គឺ​ព្រះរាម។ ព្រះរាម​ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧។ ឯ​ស្ដេច​ចាម​ប្រៀបបាន​ទៅនឹង​ក្រុង​រាពណ៍។ នៅ​ពេល​ដែល​ព្រះ​ស្វាមី​យាង​ចេញ ទៅ​ធ្វើសង្គ្រាម​នឹង​ខ្មាំង ​ព្រះ​នាង​ជ័យ​រាជា​ទេវី ​បាន​ចូល​កាន់សីល​ កាន់​ត្រណម​គោរព​ទៅកាន់​ក្បួនខ្នាត​ប្រពៃណី ​មិន​ធ្វេសប្រហែស​សោះឡើយ។ ព្រះ​នាង​តែងតែ​ខំ​ស្វាធ្យាយន៍​ធម៌​ បួងសួង​បន់ស្រន់​ សុំឱ្យ​ព្រះ​ស្វាមី ​បាន​ជួបតែ​សេចក្ដីសុខ​ និង​ជ័យជំនះ​ឈ្នះ​លើស​ត្រូវ។ ព្រះ​នាង​មាន​រូបរាងកាយ​ ស្គម​ស្គាំង​​ ហើយ​មិន​យក​ចិ​ត្ដ​ទុកដាក់​ នឹង​សក់​របស់​ព្រះ​នាង​ឡើយ។ កាលបើ​នឹកឃើញ​ទៅដល់​ព្រះ​ស្វាមីម្ដងៗ ព្រះ​នាង​​តែងតែ​ឈឺ​ចុកចាប់​ពើត​ក្នុង​ទ្រូង។ តែ​ការឈឺ​ចុកចាប់​នេះ​ ធ្វើឱ្យ​ព្រះ​នាង​សប្បាយ​រំសាយ​ទុក្ខ​ទៅវិញ។ ព្រះ​នាង​ ជ័យ​រាជា​ទេវី​ ស្មោះត្រង់​រងចាំ​ការវិលត្រឡប់​របស់​ ព្រះ​បាទជ័យវរ្ម័ន​ជានិច្ច។ក្រៅពី​អ្វីដែល​បានបញ្ជាក់​លើ​សិលាចារឹក​នេះ​ ព្រះ​នាង​ជ័យ​រាជា​ទេវី ​បាន​ជួយ​ដល់ ​ព្រះ​បាទជ័យ​វរ្ម័នទី៧ ជាច្រើន​ក្នុង​ការកសាង​ប្រទេសជាតិ​នៅពេលនោះ ​ដែល​បាន​ក្លាយជា​មហានគរ​ម​ហា​អំណាច​មួយ។ ព្រះ​នាង​បានផ្ដល់​ជា​គំនិតផ្សេងៗដូចជា កសាង​មន្ទីរពេទ្យ ​សាលាសំណាក់​ជាដើម ​ដែលមាន​ចំនួន​ដ៏​ច្រើន​ នា​សម័យ​កាលនោះ។ ព្រះ​នាង​ជ័យ​រាជា​ទេវី​ជា​អគ្គមហេសី​ដ៏​កំពូល​ ជាទី​ប្រឹក្សា​ ជា​អ្នក​ដែល​គិតគូរ​អំពី​សាសនា​ អ្នក​ប្រតិ​ប​ត្ដិ​សាសនា ​ដែល​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង​ ដើម្បី​ជួយ​ស្វាមី​ ក្នុង​ការកសាង​ប្រទេសជាតិ។
លោកយាយ​ពេញ៖ ស្ដ្រី​ចំណាស់​ម្នាក់នេះ​ បានធ្វើ​ឱ្យមាន​ទីក្រុង​ភ្នំពេញ​មកដល់​សព្វថ្ងៃនេះ​ ព្រោះ​លោក​យាយ​​ បាន​ប្រមូលផ្ដុំ​កម្លាំង​អ្នកស្រុក ​អ្នកភូមិ ​ដើម្បី​ពូន​ភ្នំ​មួយ ​ដើម្បី​ធ្វើជា​ទីសក្ការៈ​បូជា​ នូវ​ព្រះអង្គ​ មាន​ព្រះភ័ក្ដ្រ​បួន ​ដែល​លោកយាយ​បាន​ជួបប្រទះ​ នៅពេលដែល​លោកយាយ​ស្រង់ដើម​គគីរ​ធំ​មួយ ​ដែល​អណ្ដែត​ទឹក​នៅ​ទន្លេ​បួន​មុខ។ លោកយាយ​ជា​អ្នក​ដែល​បាន​កសាង​ទីតាំង ​ដែល​ក្រោយមក​ ព្រះបាទ​ពញាយ៉ាត ​បាន​កសាង​រាជធានី​រហូតដល់​បច្ចុប្បន្ន​នេះ។

ឆ្លងតាម​ការ​ជម្រាបជូន​ខាងលើនេះ​ លោកអ្នក​ពិតជា​បាន​ជ្រាប​នូវ​ស្នាដៃ​មហាសាល​ របស់​ស្ដ្រី​ខ្មែរ​យើង​ដែល​មិនអាច​ខ្វះ​បាន​ទោះ​​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។ ស្ដ្រី​ថ្វីត្បិតតែ​មាន​កម្លាំងកាយ​មិន​មាំមួន​ដូច​បុរស​ តែ​កម្លាំង​ចិ​ត្ដ​ភាព​អត់ធ្មត់​មាន​ច្រើនជាង​បុរស​ឆ្ងាយ​ណាស់។ ការឱ្យ​តម្លៃ​ទៅលើ​ស្ដ្រី​ ពិតជា​ត្រូវតែមាន​ព្រោះ​ សូម្បីតែ​នៅ​បរទេស​ក៏មាន​សុភាសិត​មួយ​ពោលថា "​នៅ​ក្នុង​លោក​នេះ​ បើ​គ្មាន​ស្ដ្រី​ទេនោះ​ អំពើអាក្រក់​ក៏​ពុំ​អាច​កើតមាន ​អំពើ​ល្អ​ក៏​មិនមាន​ដូចគ្នា​ដែរ"។

បុគ្គលម្នាក់ៗទោះបី​បុរស​ក្ដី ​ស្ដ្រី​ក្ដី ​អាច​មានគុណ​សម្បត្ដិ​ សមត្ថភាព ​និង​ទេពកោសល្យ​ ខុសប្លែកគ្នា​ តែ​ភាពខុសគ្នា​នេះ​ពុំ​អាច​កែប្រែ​តម្លៃ​របស់​មនុស្ស​បានឡើយ។ សិទ្ធិ​ស្ដ្រី​ គឺជា​សិទ្ធិមនុស្ស ​និង​ជា​អំណាច​របស់​ស្ដ្រី​ដែល​ធ្វើអ្វីៗ បាន​តាម​សមត្ថភាព ​និង​លទ្ធភាព ​ដោយ​អនុលោម​ទៅតាម​ច្បាប់ ​និង​សីលធម៌៕

No comments:

Post a Comment