Wednesday, July 19, 2017

រចនាបថសម័យអង្គរ

II. រចនាបថសម័យអង្គរ

  1. ៥ រចនាបថគូលែន (ពាក់កណ្ដាលស.ត.វទី ១ -ស.វ ទី ៩)
  2. ៦ រចនាបថព្រះគោ (ចុងនៃ ស.ត.វទី ១ -ស.វ ទី ៩)
  3. ៧ រចនាបថបាខែង (ចុងនៃ ស.ត.វទី ៩-និងដើម ស.វ ទី ១០)
  4. ៨ រចនាបថកោះកែ (គ.ស.វ ទី ១០)
  5. ៩ រចនាបថបន្ទាយស្រី (ពាក់កណ្ដាលទី២ នៃ គ.ស.វ ទី ១០)
  6. ១០ រចនាបថឃ្លាំង (ចុង គ.ស.វ ទី ១០ និងពាក់កណ្ដាលទី ១ នៃគ.ស.វទី ១១)
  7. ១១ រចនាបថបាពួន (ពាក់កណ្ដាលទី ២ នៃគ.ស.វទី ១១)
  8. ១២ រចនាបថអង្គរវត្ដ (ពាក់កណ្ដាលទី ១ នៃគ.ស.វទី ១២)
  9. ១៣ រចនាបថបាយ័ន (ពាក់កណ្ដាលទី ១ នៃគ.ស.វទី ១២ និងដើមគ.ស.វ ទី ១៣)

II. រចនាបថសម័យអង្គរ
១  រចនាបថគូលែន (ពាក់កណ្ដាលស.ត.វទី ១ -ស.វ ទី ៩)
រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (គ.ស ៨០២-៨៥០) ដែល មានរាជធានី នៅជា ច្រើនកន្លែង ។ ចំពោះប្រាសាទដែលគេរាប់បញ្ចូលនៅក្នុងរចនាបថមានដូចជា ប្រាសាទព្រែបាសាទ ប្រាសាទភ្នំគូលែន ប្រាសាទដំរីក្រាប ប្រាសាទអូបាង ប្រាសាទខ្ទីងងាប់ …។ ដោយព្រះបាទជ័យវរ្ម័នទី ២ ធ្លាប់បានគង់នៅប្រទេសជ្វា ហើយនៅក្នុងរាជរបស់ព្រះអង្គ គេបានបង្កើត ពិធីទេវរាជ ថែមទៀតផង ។ ដូចនេះហើយទើបសិល្បៈខ្មែរក៏បាន ទទួលឥទ្ធិពលទាំងនេះខ្លះ ដែលជាហេតុនាំឱ្យ មានការកសាងប្រាសាទភ្នំជាដើម ។ ជាទូទៅសិល្បៈខ្មែរ ក្នុងសម័យនោះពុំសូវមានក្បាច់រចនាប៉ុន្មានទេ ប៉ុន្ដែ សិល្បករបានបង្កើតនូវភាពថ្មីៗ ជាច្រើនដែលគេឱ្យឈ្មោះថា បុនព្ភពសម័យទី ១ (Lére Renaissance) ក្នុង ប្រវត្ដិសិល្បៈខ្មែរ ។
ដូចនៅក្នុងសម័យមុន គេសង់ប្រាសាទអំពីឥដ្ឋនៅឡើយ ប៉ុន្ដែគេនិយមស្ថាបនាប្រាសាទ លើភ្នំដើម្បី តម្រូវទៅតាមពិធីទេវរាជ ទស្សនៈនេះហើយ ដែលជាកត្ដានាំឱ្យកើតមានប្រាសាទភ្នំ (Temple Mentange)ជា ច្រើននៅសម័យក្រោយមកទៀត ។
២  រចនាបថព្រះគោ (ចុងនៃ ស.ត.វទី ១ -ស.វ ទី ៩)
រចនាបថព្រះគោស្ថិតនៅក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) និងព្រះបាទយសោវរ្ម័នទី ១ (គ.ស ៨៨៩-៩០០) ដែលដំបូងបានគង់នៅក្នុងរាជធានី ហរិហរល័យដែរ គឺនៅរលួសខេត្ដសៀមរាប ។ ប្រាសាទ ដែលគេរាប់បញ្ចូលក្នុងរចនាបថព្រះគោគឺ ប្រាសាទព្រះគោ (គ.ស ៨៧៩) ប្រាសាទបាគង (គ.ស ៨៨១)ដែល កសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី ១ ។ រីឯប្រាសាទលលៃវិញ គឺនៅ(គ.ស ៨៩៣) ដែលជាស្នាដៃរបស់ព្រះបាទឥន្ទ្រវរ្ម័នទី ១ ។ នៅសម័យនេះ គេតែងតែកសាងប្រាសាទអំពីឥដ្ឋបូកបាយអដដែល ប៉ុន្ដែគេកសាងប្រាង្គជា ច្រើន លើខឿនតែមួយ (ព្រះលលៃ) ដើម្បីឧទ្ទិសចំពោះបុព្វជន មានព្រះមាតាបិតាជាដើម ។ ម្យ៉ាងទៀត គេបាន កសាងប្រាសាទភ្នំបាគង ដែលមានច្រើនជាន់ ដើម្បីតំកល់លិង្គព្រះឥសូរ ហើយនៅជាន់ទី ៤ កនេប្រាសាទនេះ គេបានសាកល្បងសង់ប្រាសាទតូចៗ អំពីថ្មភក់ចំនួន ១២ ។
 
ឈ្មោះ: ប្រាសាទបាគង
អ្នកកសាង: ព្រះបាទឥន្រ្ទវរ្ម័នទី១

កាលបរិច្ឆេទកសាង: ៨៨១
ឧទ្ទិសថ្វាយ: ព្រះឥសូរ
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ខាងត្បូង ប្រាសាទព្រះគោ ខេត្តសៀមរាប


ប្រាសាទបាគង ស្ថិតនៅខាងត្បូងបំផុតក្នុងចំណោម ប្រាសាទរលួសដែល ព្រះបាទឥន្រ្ទវរ្ម័នទី១ បានកសាងនៅ ឆ្នាំ៨៨១ នៃគ្រិស្តសករាជ ។ ប្រាសាទនេះ មានទ្រង់ទ្រាយ ខ្ពស់សង់ពីលើខឿន ៣ជាន់ សម្រាប់តម្កល់លិង្គទេវរាជ ឈ្មោះ "ឥន្រេ្ទស្វរ" ដែលផ្តល់តមៃ្លទៅលើលទ្ធិបុគ្គលនិយម ដែលជាមែកធាងមួយនៃលទ្ធិទេវរាជ។ ប្រាសាទនេះមាន កំពែងខាងក្រៅធ្វើអំពី ថ្មបាយកៀ្រម មួយចំណែកកប់បាត់ទៅ ក្នុងព្រៃមួយចំណែកទៀតបាក់បែក ខូចអស់ដែលមានបណ្តោយ ៨៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ដោយមាន សិន្ធុព័ទ្ធជុំវិញទទឹង ៦០ម៉ែត្រ ប៉ុនែ្តទឹកស្រះរីងខះអស់នៅសល់តែ ទិសខាងកើតទេ មានប្រាសាទតូចៗព័ទ្ធជុំវិញ ប្រាសាទធំសង់ពីថ្មប្រផេះ ប្រកបដោយ ក្បូរច្បាច់រចនារស់រវើក ។ ប្រាសាទកណ្តាលមានលក្ខណៈជាភ្នំមាន ៥ថ្នាក់ដោយមានជណ្តើរឡើងទៅលើគ្រប់ទិសទាំង ៤តែជញ្ជាំងទិសខាងកើតនៅ ល្អជាងគេ នៅហោជាងទ្វារខាងកើត មានរូបចម្លាក់យក្សក្រុងរាពណ៍ឬ ឥន្ទជិត ថែ្លងសរកើតជាចំណងនាគបាស ទៅរុំព័ទ្ធព្រះលក្ស៍ដែលមានទ័ពស្វាចោមរោមជាបរិវា ។ នៅតាមថ្នាក់នីមួយៗ សុទ្ធតែមានចម្លាក់រឿងដកស្រង់ចេញពី ព្រហ្មញ្ញសាសនា តែគួរឲ្យស្តាយរូបចម្លាក់ទាំងនោះរលុបស្ទើរអស់ទៅហើយ ដោយទ្រាំទ្រនឹង ធាតុអាកាសក្តៅត្រជាក់ភ្លៀងខ្យល់ ជាង១ពាន់ឆ្នាំ ។ យោងតាមឯកសារ ប្រវត្តិសាស្រ្តខែ្មរ បញ្ជាក់ថា បន្ទាប់ពីបានឡើងសោយរាជ្យសម្បត្តិនៅ គ,ស ៨៧៧ ព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានមកគង់នៅរាជធានី ហរិហរាល័យ ឬទីក្រុងរលួស ដែលព្រះបាទជ័យវរ្ម័នទី២ បានត្រួសត្រាយជាដំបូង។ ក្រៅពីការចាត់ការឲ្យជីកបារាយណ៍" ឥន្រ្ទតដាក" នៅខាងជើងរាជធានីដែលមានបណ្តោយ ៣០០០ម៉ែត្រ ទទឹង ៨០០ម៉ែត្រ ដែលសព្វថៃ្ងគោកអស់ ក្លាយទៅជាវាលស្រែ នោះព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានកសាង ប្រាសាទបាគង ដែលជាប្រាសាទភ្នំទី១ ធ្វើអំពីថ្មភក់ទុកជាគោលចារឹករបស់រាជធានីនិងដើម្បី ជានិមិត្តរូប នៃព្រះរាជអំណាចរបស់ ព្រះអង្គ ដែលលាតសន្ធឹងដល់តំបន់ពាយ័ព្យរហូតដល់សមុទ្រ ។ ពេលឡើងទៅទស្សនា ដល់ចំណុចខ្ពស់បំផុត នៃប្រាសាទបាគង]អ្នកទេសចរគ្រប់រូបទទួលអារម្មណ៍ ដូចកំពុងរស់នៅក្នុងវិមានទិព្វ នាឋានត្រៃត្រឹង្សទេវលោកយ៉ាងនោះដែរ ព្រោះតែបេតិកភណ្ឌជាតិមួយនេះ មានអាយុកាលមុនប្រាសាទអង្គរវត្ត ទៅទៀត។ [១


៣  រចនាបថបាខែង (ចុងនៃ ស.ត.វទី ៩-និងដើម ស.វ ទី ១០)
រចនាបថបាក់ខែងស្ថិតនៅក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី ១ (គ.ស ៨៨៩-៩០០) ដែលមានរាជធានី នៅយសោធបុរៈ(ភ្នំបាក់ខែង) ចំពោះប្រាសាទដែលចាក់ចូលក្នុងរចនាបថនោះមាន ប្រាសាទភ្នំបាក់ខែង ប្រាសាទភ្នំក្រោម ប្រាសាទភ្នំបូក ។ ល ។ នៅក្នុងសម័យនេះ រូបបដិមាទាំងឡាយ មានរាងត្រង់ៗ មានមាឌធំហើយមាំទៀតផង។ ចញ្ចើមទាំងពីរត្រង់ហើយជាប់គ្នា ចំណែកឯផ្នែក និងបបូរមាត់វិញ សិល្បៈករបានឆ្លាក់ឱ្យឃើញជា រង្វង់ពីរផ្នក់យ៉ាងច្បាស់ ។ ជើងសក់ និងពុកចង្កា ឆ្លាក់ជាប់គ្នាតែម្ដង ។ រូបបដិមាទាំងនេះមានស្លៀកសំពត់ជីប ជាផ្នត់ជុំវិញខ្លួនហើយមានជាយខាងលើ បត់ជាផ្នត់ទំលាក់ចុះមកក្រោម ។

ឈ្មោះ: ប្រាសាទភ្នំបាខែង
អ្នកកសាង: ព្រះបាទយសោវរ្ម័នទី១

កាលបរិច្ឆេទកសាង: ៨៨៩ - ៩១០
ឧទ្ទិសថ្វាយ: ព្រះសិវ
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

ប្រាសាទភ្នំបាខែង
 



ប្រាសាទភ្នំបាខែង
កនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នា មុនពេលដែលពួកគេត្រូវបញ្ចប់ ដំណើរទេសចរណ៍នៅលើទឹកដី ខេត្តសៀមរាប មុនពេល ដែលរាត្រីកាលមកដល់នោះ គឺប្រាសាទភ្នំបាខែង ទីនោះគឺជាទីប្រជុំនូវភ្ញៀវទេសចរ រាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល ។
ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះស្ថិតនៅខាងឆ្វែងដៃផ្លូវពី អង្គរវត្តទៅ អង្គរធំ ជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើននៅពេលថ្ងៃលិច។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅរាជព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ដែលគោរពព្រហ្មមញ្ញសាសនា។ ភ្នំបាខែងមានកំពស់ ៦៥ម។ ប្រាសាទភ្នំបាខែងមានកំពូល ១០៩ និងមានកំពស់៤៥ម។ ប្រាសាទនេះតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌៧ជាន់របស់ ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។
ប្រាសាទនេះពិតជាមានលក្ខណៈពិសេសដោយសារតែប្រាង្គទាំង ១០៨មានលក្ខណៈតម្រៀបស្មើៗគ្នាគឺ ១២ ប្រាង្គធំកណ្តាលមួយនៅជាន់ខាងលើ។ សព្វនេះ ប្រាង្គមួយចំនួនធំត្រូវបានដួលរលំ។ ប្រាង្គទាំង១២ នៅតាមថ្នាក់និមួយៗគឺតំណាងឱ្យសត្វទាំង១២ នៃឆ្នាំ ហើយប្រាង្គទាំង ១០៨នោះ ប្រហែលជានិមិត្តសញ្ញានៃចន្លោះពេលតាមច័ន្ទគតិទាំង៤ ដែលមានរយះពេល ២៧ថ្ងៃ នៃចន្លោះពេលនិមួយៗ។ នៅតាមទិសនិមួយៗ យើងអាចមើលតែ ៣៣ប្រាង្គប៉ុណ្ណោះ នេះតំណាងឱ្យចំនួនទេវតាទាំង៣៣ ក្នុងព្រហ្មមញ្ញសាសនា។
ជណ្តើរឡើងប្រាសាទនេះមានលក្ខណៈចោទខ្លាំង។ នៅតាមជណ្តើរនៃថ្នាក់ទាំង៥ មានតោឈយាមផ្លូវ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ ដែលមានគោបុរៈ។ ក្រៅពីនេះមានកូនប្រាសាទនៅខាថជើងដែលមានតំកល់លឹង្គពីរ និងមានបណ្ណាល័យពីរ។ នៅលើភ្នំនេះមានព្រះបាទជាន់ទុកដែលស្ថតនៅចំកណ្តាល នៃផ្លូវចូលទៅកាន់ប្រាសាទ។
នៅប្រាង្គកណ្តាលដើមឡើយមានតំកល់លឹង្គព្រះឥសូរ។ ប្រាង្គនេះមានទ្វាចូលតាមទិសទាំងបួន។ ប្រាង្គទាំងបួននៅជាន់ខាងលើក៏មានតំកល់លឹង្គព្រះឥសូរផងដែរ តែមានទ្វាចូលតែពីរទិស។ ប្រាង្គកណ្តាលមានចំលាក់អប្សរា។ សិលាចារិកមាននៅផ្នែកខាថលិចនៃទ្វាខាងជើងនៃប្រាង្គកណ្តាល។ តាមសិលាចារិក ប្រាសាទភ្នំបាខែងគឺស្ថិតនៅចំកណ្តាលទីក្រុង យសោធបុរ។ នេះត្រូវបានបញ្ជាក់ដោយការរកឃើញស្លាក់ស្នាមកំពែងចាស់របស់ទីក្រុង នៅចុងសតវត្សរ៍ទី៩។ ប្រាសាទនេះមានឈ្មោះដើមថា យសោធរគិរី ។ ក្រោយមកគេហៅថា ភ្នំកណ្តាល ។ ការហៅនេះប្រហែលជាគេគិតទៅលើការប្រៀបធៀបរវាងភ្នំបូក និងភ្នំក្រោម ហើយភ្នំនេះនៅកណ្តាលគេ។ បច្ចុប្បន្នគេហៅថាប្រាសាទភ្នំបាខែង។ យើងរកឃើញឈ្មោះនេះជាលើកដំបូងនៅក្នុងសិលាចារិករបស់ប្រាសាទនៅសតវត្សរ៍ទី១៦។
៤  រចនាបថកោះកែ (គ.ស.វ ទី ១០)
រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៤ (គ.ស ៩២៨-៩៤១ )ដែលទ្រង់បានតាំងរាជធានី នៅកោះកែ ចម្ងាយប្រមាណ ១០០ គីឡូមែត្រ នៅទិសឦសាន នៃភូមិភាគអង្គរ ។ ប្រាសាទដែលគេរាប់បញ្ចូល នៅក្នុងរចនាបថនេះ គឺប្រាសាទនៅកោះកែទាំងអស់ ហើយនៅក្នុងចំណោមប្រាសាទទាំងអស់នេះគេឃើញមាន ប្រាសាទមួយសង់លើខឿនប្រាំពីរជាន់ ដែលមានកំពស់ប្រមាណ ៣៥មែត្រ។ រីឯរូបបដិមា មានសភាពប្រហាក់ ប្រហែលគ្នាទៅនិងសម័យមុនៗដែរ តែច្រើនមាន មាឌធំៗ ប្រកបដោយចលនា ផ្សេងៗ ដូចជារូបដើរ រូបរាំ ឬរូប ប្រយុទ្ធគ្នា (សុគ្រិព និងពាលី)ដើម្បីបង្ហាញអំណាច និងថាមពលឱ្យស្របទៅតាមព្រះទ័យនៃព្រះបាទជ័យវរ្ម័នទី៤ដែលជាស្ដេច ជ្រែករាជ
ប្រាសាទកោះកេរ
សព្វថៃ្ងនេះយ៉ាងហោចណាស់ក្នុងមួយថៃ្ង មានភ្ញៀវទេសចរបរទេស ពី២០ ទៅ៤០ នាក់ដែរ បានទៅទស្សនា តំបន់ប្រវត្តិសាស្រ្តកោះកេរ នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនខាំសូមេធបានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមក។ កំណើនភ្ញៀវទេសចរ ទៅកាន់តំបន់ ប្រាសាទកោះកេរខាងលើនេះ មិនបាននិយាយពីភ្ញៀវទេសចរក្នុងស្រុកផងទេ។ លោកខេង សុមេធ នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការអភិវឌ្ឍន៍នៅ តំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារនោះបាននិយាយថាផ្លូវប្រវែង ១០៥ម៉ែត្រចេញពីរង្វង់មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេ គឺបានធ្វើរួចរាល់ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឲ្យចំនួនភេ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរក្នុងស្រុក មានការកើនឡើងជាលំដាប់ លោកបាននិយាយថា ទោះបីជាផ្លូវនោះល្អហើយក្តីក៏ ក្រុមហ៊ុននៅតែកែសម្រួលជារៀងរាល់ថៃ្ង ដើម្បីឲ្យបានកាន់តែប្រសើរឡើងសំរាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ បានប្រកបដោយសុវត្ថិភាព ក៏ដូចជាសំរាប់ប្រជាពលរដ្ឋនៅក្នុង តំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយ។
ប្រាសាទកោះកែរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកែរ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។
 
៥  រចនាបថបន្ទាយស្រី (ពាក់កណ្ដាលទី២ នៃ គ.ស.វ ទី ១០)
រចនាបថបន្ទាយស្រី ស្ថិតនៅក្នុងរជ្ជកាលព្រះបាទរាជិន្ទ្រវរ្ម័ន (គ.ស ៩៤៤-៩៦៨) ដែលទ្រង់បានតាំង រាជធានីនៅអង្គរវិញ ។ ចំពោះប្រាសាទរួមមានប្រាសាទ មេបុណ្យ ខាងកើត (គ.ស ៩៥២) ប្រាសាទប្រែរូប (គ.ស ៩១៦) ប្រាសាទបន្ទាយស្រី (គ.ស ៩៦៧) យោងទៅតាមឯកសារប្រវត្ដិសាស្ដ្រខ្លះនិយាយថា ប្រាសាទ បន្ទាយស្រី ជាប្រាសាទរបស់ព្រាហ្មណ៍ម្នាក់នាម យជ្ញវរាហៈ ។ ប្រាសាទនេះពុំមែនជាប្រាសាទភ្នំទេ ជាប្រាសាទ ដែលសង់ក្បាច់ម្នាក់នៅគង់វង្សល្អជាងគេរហូតមកដល់បច្ចុប្បន្ន ។ ចំណែករូបបដិមាវិញមានច្រើន មានរាងតូចៗ ទឹកមុខសុភាព មានបបូរមាត់ក្រាស់ហើយខ្លី មានរបៀបតុបតែងសក់ថ្មី ហើយពុំមានមកុដឡើយ ។ បដិមាទាំង នេះមានស្លៀកពាក់សំពត់ជីបជាផ្នត់ផង សំពត់លាតរលីងផង ។
ប្រាសាទបន្ទាយស្រី
ប្រាសាទបន្ទាយស្រី

 
កាលបរិច្ឆេទកសាង: ៩៦៧
ឧទ្ទិសថ្វាយ: ព្រះវិស្ណុ
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: តំបន់អង្គរ

ប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅលើ ពិភពលោកដែរ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ ប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃ ខេត្តសៀមរាប តែងតែឆ្លៀតចំណាយពេល ធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត ។ ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា "ឥសូរបុរៈ" ប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌ផ្កាឈូក។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ" មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។
ប្រាសាទបន្ទាយស្រីស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ចំងាយ ៣៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧គីឡូម៉ែត្រនិងមានចំងាយ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅ ភ្នំគូលេន ។ តាមឯកសារប្រវត្តិសាស្រ្តអាណាចក្រខ្មែរបានកត់ត្រាថា ប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរជកាលព្រះបាទរាជេន្រ្ទវរ្ម័នគឺមុនការកសាងប្រាសាទអង្គរវត្ត និងអង្គរធំ ដោយព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់ពណ៌ស៊ីជម្ពូ និងរំលេចដោយទេពអប្សរចំនួន១៥០០ ដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នា ហើយលើសពីនេះសិលាចារឹក ផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើ ប្រាសាទអង្គរវត្តទៅទៀតគឺដូចជាក្បាច់ដែលបានឆ្លាក់លើប្រាក់លើ ស្ពាន់ដូច្នេះដែរ ។ បើតាមមគ្គុទេសក៏វិញបញ្ជាក់ថា ព្រះបាទជ័យរ្ម័នទី៥ ទ្រង់ជាអ្នកកសាងប្រាសាទនេះដែលតាមសិលាចារឹថា "ឥសូរបុរៈ" ឈ្មោះត្រីភុវតមហេស្វរៈប្រែថា "ស្ពាននៃព្រះឥសូរជាធំត្រៃភព" ប្រែថា "បុរីព្រះឥសូរ" មិនមែនឈ្មោះបន្ទាយស្រីដូចយើងស្គាល់ទេ ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធ៣ជាន់មានទីលានក្រាលថ្មវែងទៅ ទិសខាងកើត មានគោបុរៈប្រកបដោយក្បាច់វិចិត្រ នៅចំកណ្តាលទីលានមានរោងទងខ្វាត់ខ្វែងក្រឡាចត្រង្គចេញទៅខាង ជើងមួយ ចេញទៅខាងត្បូងបីសុទ្ធសឹងប្រកបដោយក្បាច់រចនាល្អវិចិត្រ ។ សព្វថ្ងៃនេះបាក់ធ្លាក់អស់ហើយសល់តែសរសរច្រូងច្រាងគួរអោយស្តាយ ។ ប្រាសាទបន្ទាយស្រីជាប្រាសាទមួយដែលមានក្បាច់រចនាយ៉ាងបញ្ចង់ឆើត ឆាយ មានសន្ទឹកភ្ញីវល្លិវិលវង់ល្អិតឆ្មាស្រស់រស់រវីក ដែលមើលទៅគួរអោយនឹកគិតឥតមានក្តីង្ស័យថា " ទេវតានិមិ្មត " ។ សន្លឹកក្បាច់មួយទងៗដែលវិលវង់មូលក្រឡង់អាចទាញភ្នែកគយគន់មើល ម្តងហើយម្តងទៀតនិងអោយឈរទ្រឹងភាំងភ្លេចខ្លួនជញ្ជក់មាត់ដោយ សេចក្តីស្ងើចថ្វីដៃសម្តែងអោយឃើញថា សម័យកសាងប្រាសាទបន្ទាយស្រីនេះជាសម័យនៃការចេះដឹងស្ទាត់ជំនាញ របស់បុព្វបុរស់ខ្មែរនាសម័យនោះ ។ ប្រាសាទបន្ទាយស្រីកន្លងមកត្រូវរងនូវភាពមហន្តរាយ ដោយសារតែសង្គ្រាមបានធ្វើអោយប្រាសាទបុរាណមួយនេះខូចខាតខ្ទេច ខ្ទីអស់យ៉ាងច្រើន ។ របងកំពែងការពារខាងក្រៅត្រូវបានគេធ្វើការជីកគាស់កាយរុករក វត្ថុបុរាណកាលពីអំឡុងប្រទេសស្ថិតនៅក្នុងសង្គ្រាម ។ គំនរដុំថ្មប្រាសាទត្រូវទុករាយប៉ាយនៅមុខប្រាសាទ ។ តួប្រាសាទខាងក្នុងមួយភាគត្រូវបាក់បែកស្រុតទ្រុឌដែលមើលទៅគួ អោយសង្វេគ ។



៦  រចនាបថឃ្លាំង (ចុង គ.ស.វ ទី ១០ និងពាក់កណ្ដាលទី ១ នៃគ.ស.វទី ១១)
រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៥ (គ.ស ៩៦៨-១០០១)និងព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៥០) ដែលមានរាជធានីនៅអង្គរ ។ គេរាប់បញ្ចូលក្នុងរចនាបថឃ្លាំង នូវប្រាសាទកែវ ប្រា សាទឃ្លាំងខាងជើង ប្រាសាទវិមានអាកាស ។ ចំពោះរូបចម្លាក់បដិមាវិញមានទឹកមុខសុភាពដូចសម័យបន្ទាយ ស្រីដែរ លាក់តែសម្លៀកបំពាក់ជីបជាផ្នត់ជាដរាប ហើយគេឃើញសំពត់មួយថ្មី ផ្លែកពីមុន គឺខាងក្រោយសំពត់ ឡើងរហូតដល់ខ្នង ឯខាងមុខធ្លាក់សំយេះមកក្រោម បញ្ចេញក្បាលពោះកណ្ដាលវាល ។
៧  រចនាបថបាពួន (ពាក់កណ្ដាលទី ២ នៃគ.ស.វទី ១១)
រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទឧទយទិត្យវរ្ម័នទី ២ (គ.ស ១០៥០-១០៦៦) ព្រះបាទហ៌ស វរ្ម័នទី ៣ (គ.ស ១០៦៦-១០៨០)ដែលមានរាជធានីនៅអង្គរដែរ ចំពោះប្រាសាទដែលបញ្ចូលក្នុងរចនាបថនោះ មានដូចជា ប្រាសាទបាពួន ប្រាសាទមេបុណ្យខាងលិច និងប្រាសាទវត្ដខ្នារ ។ នៅក្នុងសម័យនោះ ការកសាងប្រា សាទ ភ្នំរិតតែមានការរីកចម្រើនឡើងថែមទៀត គឺប្រាសាទបាពួនមានថែវពីរជាន់ ប្រក់ថ្មភក់ព័ទ្ធជុំវិញ ព្រមទាំង មានប្រាង្គនៅគ្រប់ជ្រុងថែវ និងមានគោបុរៈនៅត្រង់ជណ្ដើរគ្រប់ទិសទាំងបួនទៀត ។ នៅក្នុងប្រាសាទបាពួន គេ សង្កេតឃើញមានរចនាក្បាច់រឿង នៅតាមជញ្ជាំងគោបុរៈនិងជញ្ជាំងប្រាង្គជ្រុងជាន់ទី២ក្បាច់រឿង ទាំងនេះ ចែកជាផ្ទាំងតូចដាច់ៗពីគ្នាមានរាងចតុកោណ កែងស្មើរ។ ចតុកោណកែង ហើយច្រើនតែរឿងដែលទាក់ទងទៅ និងព្រះវិស្ណុ រីឯរូបបដិមាវិញ ពុំខុសពីរចនាបថឃ្លាំង   ឡើយ ។
បា្រសាទបាពួន
មានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រលានជល់ដំរី។ ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយព្រះបាទឧទាយទិត្យវរ្ម័នទី២ (១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានចំលាក់ខុសពីប្រាសាទផ្សេងៗទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនឹងឥដ្ឋ។ ចម្លាក់នេះនៅសេសសល់តិចតួចប៉ុណ្ណោះ។ ប្រាសាទភ្នំនេះមានរាង ដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទងទៅនឹងល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែក។
ប្រាសាទនេះជាប្រភេទប្រាសាទភ្នំតំណាងអោយភ្នំព្រះសុមេរុ មានកំពែងប្រវែង ៤២៥ X ១២៤ ម៉ែត្រព័ទ្ធជុំវិញ។ លក្ខណៈពិសេសមួយទៀតនៃប្រាសាទនេះ គឺផ្លូវចូលប្រវែង ២០០ម៉ែត្រ នៅទិសខាងកើត មានលក្ខណៈជាស្ពានទ្រដោយសរសរមូលបីជួរ។ នៅជាន់ទីមួយ ទីពីរ ទីបី នៃប្រាសាទមានថែវធ្វើពីថ្មភក់។
អំពីឈ្មោះប្រាសាទ
ប្រាសាទបាពួនមានឈ្មោះដើមហៅថា ត្រីភូវនចូនាមណី ដែលក្រោយមកឈ្មោះនេះនៅសល់តែភូវន តែប៉ុណ្ណោះ ហោយពាក្យថា ភូវន ក្លាយជាភូនវិញ។ ពាក្យត្រីភូវន មានន័ថាអ្នកដែលគ្រប់គ្រងលើភពទាំងបី។ ចំនែកពាក្យដែលក្លាយទៅជាពួន គឺមានន័យថាលាក់បំបាំងកាយ ដែលប្រាស់ចាក់ពីឈ្មោះដើមដែលមានន័យគ្រប់គ្រាន់[១]។



៨  រចនាបថអង្គរវត្ដ (ពាក់កណ្ដាលទី ១ នៃគ.ស.វទី ១២)
រចនាបថអង្គរវត្ដ គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (គ.ស ១១១៣-១១៤៥) ដែលមានរាជធានីនៅអង្គរ។ប្រាសាទដែលចាក់បញ្ចូល ក្នុងរចនាបថនេះគឺប្រាសាទ បឹងមាលាប្រាសាទព្រះ បាលិលេយ្យ ប្រា សាទកំពូល ប្រាសាទបាគង។ ល ។ នៅក្នុងរចនាបថនេះ ស្ថាបត្យករខ្មែរ មានការរីកចម្រើនឡើងដល់កំពូល។ នៅលើជញ្ជាំងថែវជាន់ទី ១ មានក្បាច់រឿងចែកជា ៨ ផ្ទាំងធំៗ ហើយ វែងៗ ហើយក្បាច់រឿងទាំងនោះមានរឿង ផ្សេងៗ ពីគ្នាដូចតទៅ ៖
ផ្ទាំងទី ១ ៖ (ជញ្ជាំងខាងលិចឆៀងខាងត្បូង) បង្ហាញពីចម្បាំងបាណ្ឍៈ និងកៅវរៈក្នុងមហាភារតៈ។
ផ្ទាំងទី ២ ៖ (ជញ្ជាំងខាងត្បូងឆៀងខាងលិច) បង្ហាញពីរាជព្យូហត្រាក្នុងសម័យអង្គរ។
ផ្ទាំងទី ៣ ៖ (ជញ្ជាំងខាងត្បូងឆៀងខាងកើត) អធិប្បាយពីឋានសួគ៌ និងឋាននរក។
ផ្ទាំងទី ៤ ៖ (ជញ្ជាំងខាងកើតឆៀងខាងត្បូង) ចែងពីការកូសមុទ្រដោះ ដើម្បីបង្កើតទឹកអម្រិត ដក ស្រង់ពីរឿងហមាយាណៈ ។
ផ្ទាំងទី ៥ ៖ (ជញ្ជាំងខាងកើតឆៀងខាងជើង) ពណ៌នាពីចម្បាំងរវាងទេវតា និងអសុរៈ ។
ផ្ទាំងទី ៦ ៖ (ជញ្ជាំងខាងជើងឆៀងខាងកើត) ពណ៌នាពីចម្បាំងរវាងក្រឹស្ណៈ និងសុរពាណៈ ដកស្រង់ ពីគម្ពីរ ហរិវង្ស ។
ផ្ទាំងទី ៧ ៖ (ជញ្ជាំងខាងជើងឆៀងខាងលិច) ចែងអំពីចម្បាំងរវាងពួកទេវតា និងអសុរៈ ក្នុងព្រាហ្ម សាសនា ។
ផ្ទាំងទី ៨ ៖ (ជញ្ជាំងខាងលិចឆៀងខាងជើង) រៀបរាប់អំពីចម្បាំងរវាងព្រះរាម និងរាមពណ៌ ក្នុងរឿងរាមកេរិ៍ ។
នៅក្នុងរចនាបថនេះ លើជញ្ជាំងប្រាសាទ ជាពិសេសលើជញ្ជាំងប្រាសាទអង្គរវត្ដ គេសង្កេត ឃើញមានរូប ទេវតា ឬទេពអប្សរឈររេរាំញញឹមប្រិមប្រិយ ដោយគ្មានស៊ុមជាទីជម្រកឡើយ ។ នៅជញ្ជាំងអង្គរវត្ដ រូបទេព អប្សរមានច្រើនពន់ពេកណាស់ ហើយមានការវិការខុសៗគ្នាទាំងអស់ ច្រើនពាក់មកុដកំពូលបីខ្ពស់ៗ និងស្លៀក សំពត់ផ្កាស្ដើងៗ គ្មានផ្នត់ ដោយទម្លាក់ជាយសងខាង ម្ខាងធំ ម្ខាងតូច ។ ឯទេបអប្សរខ្លះទៀត ឥតមានពាក់មកុដ ទេ តែមានក្រងសក់ជាច្រើនបែបយ៉ាង ដូចក្រងជាភួងផ្កាជាដើម ។ នៅក្នុងសម័យនេះដែរ គេសង្កេតឃើញមាន រូបព្រះពុទ្ធជាច្រើន ហើយព្រះពុទ្ធរូបទាំងនេះ ភាគច្រើនសាងជាបែបឈានមុទ្រះ ដោយមាននាគមុចលិន្ទ ដក ពពារប្រក់ពីលើ ។
ប្រាសាទបឹងមាលា
 
ជញ្ជាំងនិងបង្អួចនៃប្រាសាទបេងមាលា
ឈ្មោះ: ប្រាសាទបេងមាលា
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២

កាលបរិច្ឆេទកសាង: ដើមសតវត្សទី១២
ឧទ្ទិសថ្វាយ: ព្រះវិស្ណុ
ស្ថាបត្យកម្ម: អង្គរវត្ត

ទីតាំង: ៤០គ.មពីខាងកើតក្រុមប្រាសាទនៅអង្គរ និង ៧៧គ.មពីក្រុងសៀមរាប


ប្រាសាទបេងមាលា
មានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រសាទបេងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។ ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះដូចេ្នះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។

បា្រសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀ្រមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។ អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីក កសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះ ប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងទន្ទឹមនោះកសិណទឹកមួយៗបានក្លាយទៅជា និមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។


៩  រចនាបថបាយ័ន (ពាក់កណ្ដាលទី ១ នៃគ.ស.វទី ១២ និងដើមគ.ស.វ ទី ១៣)
រចនាបថបាយ័នគឺស្ថិតនៅក្នុងរជ្ជ កាលព្រះបាទជ័យវរ្ម័នទី ៧ ។ (គ.ស ១១៨១-១២១៨) ដែលមានរាជធានីនៅអង្គរ ។ នៅក្នុងរចនាបថនោះ ប្រាសាទរួមមាន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី ប្រាសាទព្រះខាន់ ប្រាសាទនាគព័ន្ធ ។ ចេនាបថបាយ័ន ស្ថាបត្យកម្មខ្មែរបានចុះអន់ថយ បន្ដិចវិញ ព្រោះប្រាសាទទាំងឡាយចើនស្ថាបនាដោយប្រញាប់ ព្រញាលពេក ឯថ្ម វិញ ក៏ពុំសូវមានគុណភាពដូចសម័យមុនៗ ដែរ ។ ប្រាសាទបាយ័នមានប្លង់ស្មុកស្មាញ ហើយរុះរើសាងឡើងវិញ ជាច្រើនគ្រា។ លើកលែងតែប្រាសាទបាយ័ន ដែលមានប្លងបែបជាប្រាសាទភ្នំ ក្នុងរចនាបថនេះ ប្រាសាទទាំងឡាយ សុទ្ធតែសង់នៅលើដីរាបស្មើបែបជាវត្ថអារាម ដើម្បីស្របទៅតាមទស្សនៈ នៃព្រះពុទ្ធសាសនា ។ លក្ខណៈពិសេសនៃរចនាបថនេះ គឺប្រាំងមុខបួន ញញឹមប្រិយប្រិយ និងមាននាគអបសងខាងផ្លូវ ដែល ឆ្លងចូលទៅក្នុងប្រាសាទ ក្បាលនាគបែរចេញមកខាងក្រៅ នាគម្ខាងមានពួកទេវតាជាអ្នកចាប់ទាញ ឯម្ខាងទៀត មានពួកអសុរៈចាប់ទាញ ជានិមិត្ដរូបនៃការកូរសមុទ្រទឹកដោះ ។
នៅលើជញ្ជាំងថែវខាងក្រៅ នៃប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ គេសង្កេតឃើញក្បាច់រឿង ដែល ទាក់ទងទៅនិងប្រវត្ដិសម័យព្រះបាទជ័យវរ្ម័នទី ៧ ដូចជាចម្បាំងខ្មែរ ចាម និងបដិសណ្ឋារកិច្ចចំពោះ គណៈប្រតិ ភូបរទេសជាដើម ។ ម្យ៉ាងទៀតក្បាច់រឿងនេះ មានបង្ហាញសកម្មភាពផ្សេងៗ នៃប្រជាពលរដ្ឋ ដូចជានេសាទ កីឡា ល្បែងប្រជល់មាន់ជាដើម ។ សម្លៀកបំពាក់ និងកាយវិការនៃរូបចម្លាក់ទាំងអស់នោះមិនសូវខុសពីសម័យ ខ្មែរយើងបច្ចុប្បន្នប៉ុន្មានទេ ។
 
ឈ្មោះ: ប្រាសាទបាយ័ន
អ្នកកសាង: ព្រះបាទជយវរ្ម័ន ទី ៧

កាលបរិច្ឆេទកសាង: ចុងគ្រិស្តសតវត្សរ៍ទី ១២

ឧទ្ទិសថ្វាយ: ព្រះពុទ្ធ និង ព្រះពោធិសត្វលោកេស្វរៈ
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ក្រុងអង្គរធំ ខេត្តសៀមរាប





ប្រាសាទបាយ័ន ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី ១៣ ដោយព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី ១ និងទី ២ មានថែវដែលមានចុម្លាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ចម្បាំង និងព្យុហយាត្រា ជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ[១]។
  ប្រាសាទ បាយ័ន
ពាក្យថាបាយ័ន អ្នកគ្រូ ពៅ សាវរស បានលើកពីគំនិតរបស់លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ ព្រះបាទជយវរ្ម័ន ទី ៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេ មានរាងមូល ដែលរំលឹកដល់យន្ត្រ។ គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់លោក សេដែស (Cœdès) ដែលបានឲ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័ន ជាមួយ វជយន្ត ដែលនិយាយនៅក្នុងសិលាចារឹក។ វជយន្ត គឺជាវាំងរបស់ព្រះឥន្ទ បើតាមអត្ថបទ ល្បើកអង្គរវត្ត ដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឲ្យព្រះពិស្ណុការ (វិឝ្វកម៌ន៑) ចុះមកឋានកណ្តាល ដើម្បីកសាងប្រាសាទឲ្យព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬ ទេវជយន្ត។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើឲ្យដូចទៅនឹងស្នាដៃ នៅលើផែនដីរបស់វិឝ្វកម៌ន៑។[២]
ព្រះពុទ្ធរាជនៅប្រាសាទបាយ័ន
គេបានប្រទះឃើញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគ ស្ថិតនៅក្នុងឥរិយាបថសមាធិ នៅបាតអណ្តូង ដែលស្ថិតនៅចំកណ្តាលប្រាសាទបាយ័ន កាលពីឆ្នាំ ១៩៣២ ។ ចម្លាក់ព្រះពុទ្ធអង្គនេះ បង្អាញឲ្យយើងដឹងនូវផ្នត់គំនិតនយោបាយនាសម័យព្រះបាទជយវរ្ម័នទី ៧ កាលពីចុងគ្រិស្តសតវត្សរ៍ទី១២ ដើមគ្រិស្តសតវត្សរ៍ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្តិសាស្រ្ត បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីការបង្ហាញនូវផ្នត់គំនិតនយោបាយរបស់ ព្រះបាទជយវរ្ម័ន ទី ៧ នាសតវត្សរ៍នោះ ចម្លាក់ថ្មបុរាណនេះនៅមានសារៈសំខាន់មួយទៀត គឺបង្ហាញពីការផ្លាស់ប្តូរពីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជក្នុង រជ្ជកាលរបស់ព្រះបាទជយវរ្ម័ន ទី ៧ ។ ពីព្រោះថា បល្ល័ង្ក ឬព្រះអាទិទេពខាងព្រហ្មញ្ញសាសនា ត្រូវបានជំនួសដោយព្រះបដិមាតំណាងឲ្យព្រះសម្មាសម្ពុទ្ធអង្គ ឬព្រះអវលោកេស្វរៈទៅវិញ ដូចករណីចម្លាក់ព្រះពុទ្ធអង្គខាងលើនេះ ជាដើម ។ លោកបណ្ឌិតបានបន្តឲ្យដឹងថា ការផ្លាស់ប្តូរប្រព័ន្ធសាសនាខាងលើនេះ អាចគូសបញ្ជាក់តាមរយៈព្រះភក្រ្តរបស់ព្រះអង្គ ដែលតំណាងឲ្យព្រះរូបរបស់ព្រះមហាវីរក្សត្រ គឺព្រះបាទជ័យវរ្ម័ន ទី ៧ តែម្តង នេះជាចំណុចយ៉ាងសំខាន់បំផុត ។ តាមការស្រាវជ្រាវខាងបុរាណវិទ្យា និង ខាងសិលាចារឹក លោកសាស្រ្តាចារ្យបានឲ្យដឹងថា ការដែលគេឆ្លាក់ព្រះរូបព្រះមហាក្សក្រោមរូបភាពរបស់ព្រះពុទ្ធ ឬគេថ្វាយព្រះនាមព្រះមហាក្សត្រទៅជាព្រះពុទ្ធរូប គឺជាប្រពៃណីទូទៅក្នុងសង្គមខែ្មរបុរាណ ។ លោក ត្រាណេ បានបញ្ជាក់ឲ្យដឹងថា កត្តាទាំងនេះហើយដែលបង្ហាញឲ្យយើងដឹងថា ព្រះពុទ្ធអង្គនៃប្រាសាទបាយ័ន ដែលសព្វថៃ្ង គេបានយកទៅទុកនៅក្នុងអគារកែ្បរ លានព្រះគម្លង់ ពិតជាតំណាងឲ្យព្រះពុទ្ធរាជ ជំនួសឲ្យទេវរាជយ៉ាងប្រាកដមែន។ ចំពោះចលនាបន្លាស់ប្រព័ន្ធគំនិតពីទេវរាជ មកពុទ្ធរាជ បានទទួលការគាំទ្រពីអ្នកប្រាជ្ញធំៗ ដូចជា ហ្គ្រោស៍លីយ៉េរ៍ និង សេដែស ជាដើម ។ គួររំឭកថា ព្រះពុទ្ធដ៏ធំរបស់យើង ត្រូវបានគេជួលជុលឡើងវិញ ព្រោះត្រូវបានគេកមេ្ទចជាច្រើនចំណែក ហើយទម្លាក់ចោលក្នុងបាតអណ្តូង ក្រោយពីប្រតិកម្មសិវនិយមចំពោះលទ្ធិព្រះពុទ្ធសាសនា ក្រោយពី ព្រះបាទជយវរ្ម័ន ទី ៧ បានសោយទិវង្គតទៅនោះ ។
ចម្លាក់ត្រីប្រាសាទបាយ័ន្តនិងអង្គរវត្ត
ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងរោងំខាងកើត ស្លាបខាងត្បូង ប្រាសាទអង្គវត្ត បង្ហាញពីរឿងទេវកថាមួយបរិយាអំពី”ការកូរសមុទ្រទឹកដោះ”។ផ្ទាំងចម្លាក់នេះមានបណ្តោយប្រវែង ៥០ មែត្រ ចែកជាបីផ្នែក ផ្នែកខាងលើនៃផ្ទាំងចម្លាក់ បង្ហាញនូវពូកទេពអប្សរា កំពុងហោះរេរាំនៅលើផ្ទៃ អាកាស។ ផ្នែកកណ្តាល បង្ហាញពសកម្មភាពកូរសមុទ្រទឹកដោះដោយពូកអាសូនិងទេវតាដែលមានព្រះនារាយណ៍ជាអាជ្ញាកណ្តាល។ពួកអាសូរដែលឈរនៅផ្នែក ខាងក្រោមបង្ហាញពី ពពួកសត្វទឹកជាច្រើនប្រភេទដែលមានរូបរាងប្លែកៗ។ ក្នុងនោះ ត្រីខ្លះមានរូបរាងចម្លែកណាស់ ហើយមិនដែលប្រទះឃើញក្នុងធម្មជាតិទៀតផង។ តាមរយៈដំណើររឿងខាងលើ ការកូសមុទ្រទឹកដោះប្រព្រឹត្តទៅ អស់រយៈពេល១.០០០ឆ្នាំ ហើយលេចចេញនូវបតុភូត ផ្សេងៗជាច្រើនដូចជា ពួកទេពអប្សរា ដំរីព្វរ៉ាវ័ន្ត សេះ ឧច្ច័យស្រព នាងលក្សីនិងអ្វីៗជាច្រើនទៀត ។ចុងក្រោយបង្អស់គឺទឹកអម្រឹតដែលជាទឹកមន្តពិសិដ្ឌសម្រាប់ធ្វើអោយជីវិតលែងស្លាប់។ ក្រៅពីប្រាសាទអង្គវត្ត ចម្លាក់ត្រីក៍មានបង្ហាញនៅលើជញ្ជាំងប្រាសាទដទៃដែរ។ ប្រាសាទបាយ័ន្ត ដែលសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន (ទី៧)នៅអំពីរឿងរ៉ាវប្រវត្តិសាស្រ្តទេវកថានិងជីវកថាប្រចាំថ្ងៃរបស់ប្រជាជន។ ចម្លាក់នៅរោងទងខាងត្បូង ស្លាបខាងកើតនៃប្រាសាទនេះបង្ហាញអំពីការប្រើប្រាស់ឧបករណ៍នេសាទដូចជាធ្មុកដៃ និងសំណាញ់ ។លើសពីនេះ ចម្លាក់ហាក់ដូចជា បង្ហាញពីផល់ប្រយោជន៍ត្រីក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននាសម័យអង្គរ។ ម្យ៉ាងទៀត ចម្លាក់ទាំងនេះមើលទៅហាក់ ដូចជាត្រីកំពុងហែលក្នុងទឹកតាមបែបធម្មជាតិ។ តាមរយៈសារណាបញ្ចាប់បរិញ្ញាប័ត្ររបស់ លោក ជ័យ ឈន (១៩៧៣) យើងអាច ស្គាល់ ឈ្មោះត្រី ខ្លះដែល ឆ្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័នវិភាគរក ប្រភេទពូជត្រីទាំអស់នេះទេ។ ដោយមានការជួយជ្រោមជ្រែងពីរលោក ទូច សៀង តាណា អ្នកអែកទេសត្រីប្រចាំគណះកម្មាធិការជាតិទន្លេ មេគង្គ និងអ្នស្រី Barbara Albrecht យើងអាចបញ្ចាក់ អំពីអំបូរត្រី ឬជួនកាលថែមទាំងអាចស្គាល់ប្រភេទពូជ ត្រីដែលឆ្លាក់នៅលើជញ្ជាំងរោងទងខាងត្បូងនៃប្រាសាទបាយ័ន និងរោងទងខាងកើតនៃប្រាសាទអង្គរវត្តទៀតផង ។ ក្នុងចំណោមប្រភេទត្រីចំនួន១៦ដែល ឆ្លាក់បង្ហា្ញញនៅលើជញ្ជាំងនៃរោងទងប្រាសាទអង្គវត្ត និងបាយ័ន យើងអាចវិភាគស្គាល់ពូជត្រីចំនួន១៣ ការសង្កេតពិនិត្យផ្ទាល់លើចម្លាក់នៃប្រាសាទទាំងពីនេះ យើងរាប់ឃើញមានត្រីចំនួន ១.១៩៣។ ចំនូននេះយើងរាប់ចំពោះត្រីដែលអាចមើលឃើញច្បាស់ប៉ុណ្ណោះ។ ក្រៅពីនេះ មានត្រីជាច្រើនទៀតដែលយើងពុំមានលទ្ធភាពវិភាគបាន ដោយហេតុថាចម្លាក់ខ្លះឆ្លាក់មិនទាន់រូច ហើយផ្នែកខ្លះពុកផុយដោយសារធម្មជាតិនិងការបំផ្លាញដោយទង្វើមនុស្ស។ ចម្លាក់មច្ឆជាតិមិនត្រឹមតែឆ្លាក់ទៅលើប្រាសាទទាំងពីរខាងលើទេ។ នៅលើជញ្ជាំងស្រះស្រី(ឈ្មោះបុរាណកេហៅ “សិលាតដាក”) ដែលស្ថិតក្នុង បរិវេណព្រះបរមរាជ្យវាំងអង្គរ និងជញ្ជាំងលានស្តេច គម្លង់ចម្លាក់ត្រីច្រើនដែរ។ តែនៅទីនេះយើងសូមលើកយកតែចម្លាក់ត្រីនៅប្រាសាទអង្គរវត្តនិងបាយ័នមកសិក្សាតែប៉ុណ្ណោះ។ ចម្លាក់នៅប្រាសាទអង្គវត្តមាន បង្ហាញអំបូរត្រីមានស្រកាច្រើន ។គេចាត់ទុកថាប្រភេទត្រីមានស្រកានេះប្រហែល ៧៨%នៃប្រភេទត្រីទាំងអស់ ។ក្រៅពីនោះ អំបូរត្រីស្លាតមាន៧%អំបូរត្រីរាស់មាន៤%និងអំបូរត្រីផ្ទូងមាន៤.៦។

No comments:

Post a Comment