Sunday, July 30, 2017

អង្គនន់ ១៦៣៩ -១៦៤១

ព្រះបាទបទុមរាជា អង្គនន់ ១៦៣៩ -១៦៤១

លុះ​ព្រះ​អង្គ​ទង​រាជា សោយ​ទី​វង្គត​ទៅ​នៅគ.ស. ១៦៣៩ ព្រះ​អង្គ​ទន់ រាជ​បុត្រ​ច្បង​ព្រះ​ឧទ័យ​ព្រះ​ជន្ម​បាន​២១​វស្សា ត្រូវ​បាន​លើក​អោយ​ឡើង​សោយរាជ្យ​ស្នង​ព្រះ​រៀម​នៅ​រាជ​ធានី​ឧដុង្គ ដោយ​មាន​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​បរម​រាជា​ធិ​រាជ​រាមា​ធិបតី​។ ព្រះ​អង្គ​ទ្រង់​យក​ព្រះ​រាជ​បុត្រី​សម្ដេច​ ព្រះ​ជ័យ​ជេដ្ឋា​ទី​២ ដែល​ត្រូវ​ជា​ព្រះ​អនុជ​ព្រះ​អយ្យកា​១ ជា​ព្រះ​អគ្គម​ហេសី លើក​ព្រះ​នាម​ហៅ​សម្ដេច​ព្រះ​ភគ​វតី​ព្រះ​បវរ​ក្សត្រី (អែក​សារ​សៀម​ថា ឈ្មោះ​អ្នក​យ៉ា)​។ ព្រះ​អង្គ​មាន​បុត្រ​ជា​មួយ​អគ្គ​មហេសី​នេះ​នាម ស្រី​ជ័យ​ជេដ្ឋា​។ អែ​ព្រះ​បិតា គឺ​ព្រះ​ឧទ័យ​ទ្រង់ គង់​នៅ​ជា​ព្រះ​ឧភ​យោ​រាជ​ដដែល​។

អន្ដរាគមរបស់យួន

នៅ​គ.ស.១៦៤១ ចៅ​ពញា​ចន្ទ​ព្រះ​រាជ​បុត្រ​ពៅ​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ ដោយ​អន់​ព្រះ​ទ័យ​ព្រោះ​មិន​បាន​ឡើង​សោយរាជ្យ បាន​អោយ​បក្ស​ពួក​ចូល​លុក​ព្រះ​រាជ​វាំង​ធ្វើ​គត​បាន​ទាំង​សម្ដេច​ឧភ​យោរាជ និង​ព្រះ​បទុម​រាជា​។ បទ​ឧក្រិដ្ឋ ដែល​ចៅ​ពញា​ចន្ទ​ទ្រង់​បាន​ប្រ​ព្រឹត្ដ​នោះ បណ្ដាល​អោយ​វិបត្ដិ​ជា​ថ្មី​ទៀត​ក្នុង​រាជ​វង្ស​ខ្មែរ​រហូត​ដល់​មាន​ចំបាំង​គ្នាអែង​ក្នុង​ស្រុក ហើយ​ដែល​ជា​ឱកាស​ល្អ​អោយ​យួន​លូក​ដៃ​ចូល​ជ្រៀត​ជ្រែក​ក្នុង​ផ្ទៃ​ក្នុង​របស់​ខ្មែរ​ជា​លើក​ដំបូង​។

ព្រះរាជាខ្មែរដែលប្តូរទៅកាន់សាសនាឥស្លាម
គឺព្រះរាមាធិបតីអង្គច័ន្ទអ៊ីប្រាហ៊ីម (ឆ្នាំ១៦៤១-ឆ្នាំ១៦៥៩) 
=======================

លោក លោកស្រីជាទីមេត្រី!.
ថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍លោកអ្នក ត្រលប់ទៅមើលនៅសតវត្សរ៍ទី ១៧ គឺក្រោយសម័យលង្វែក នាអំឡុងដើមសម័យឧដុង្គ ដើម្បីរំលឹកនូវព្រឹត្តិការណ៍នៃស្តេច១អង្គ ព្រះនាម “ព្រះរាមាធិបតីអង្គច័ន្ទ” វិញម្តង ដែលជាព្រះមហាក្សត្រសោយរាជ្យនៅចន្លោះឆ្នាំ១៦៤១ ដល់ឆ្នាំ១៦៥៩ ជាព្រះរាជាខ្មែរ តែ១អង្គគត់ ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលទ្រង់ចូលសាសន៍ ដោយកាន់សាសនាឥស្លាម ព្រមទាំងចង់រំលឹក អំពីដំណក់ឈាម ១តក់របស់បុត្រីស្តេចយួន “ង្វៀង ភុកង្វៀន” ដែលមាន នាមថា “ង្វៀង ង៉ុកវ៉ាន” ហៅអង្គចូវ ជាមហេសីរបស់ព្រះជ័យជេដ្ឋាទី២ មកជំរាបជូនលោកអ្នក ផងដែរ។
តើរឿងរ៉ាវនេះមានដំណើរដើមទងយ៉ាងណា? ហើយតើ បច្ឆាញាតិរបស់បុត្រីយួនអង្គនេះ មានវាសនាយ៉ាងណាដែរ ? និងតើ ស្តេចក្រោយៗ អង្គណាខ្លះ ដែលនឹងទាមទារទឹកដីពីស្តេចយួន ខ្ចីកន្លងមក កាលពីនៅក្នុងរាជ ព្រះជ័យជេដ្ឋាទី២ នោះ ?

ក្រោយពី”ព្រះរាមាធិបតីពញានូ” ជាអនុជទី២ របស់”ព្រះរាជសម្ភារ” ប្រឈួនហើយសុគតទៅ ឆ្នាំ១៦៣៩ នោះមក ពួកនាម៉ឺនសព្វមុខមន្ត្រី ដោយបានទទួលការចង្អុលបង្ហាញពី ព្រះឧទ័យ ផងនោះ ក៏បានលើក”ព្រះអង្គនន់” ដែលជាព្រះរាជបុត្រច្បងរបស់ព្រះឧទ័យ មហាឧបយោរាជ ឲ្យឡើងគ្រងរាជជំនួស ម្តងវិញ។ 
ព្រះរាជាអង្គនន់ (ប្រវត្តិវិទូ បានដាក់នាមថាព្រះអង្គនន់ទី១) សោយរាជ្យមិនបានយូរប៉ុន្មានឡើយ គឺបានត្រឹមតែរយៈពេលពីរឆ្នាំប៉ុណ្ណោះ ព្រោះ “ចៅពញាច័ន្ទ” ជាព្រះរាជបុត្រាទី៣ របស់ព្រះជ័យជេដ្ឋា ជាមួយម៉មលាវ ឈ្មោះអ្នកម្នាង”បុស្សា” ដែលជាអនុជរួមបិតា ជាមួយព្រះរាជសម្ភារ”ពញាតូ” និងព្រះរាមាធិបតី”ពញានូ” នោះ ទ្រង់អាក់អន់ព្រះទ័យ ហើយនឹកគិតថា រាជ្យសម្បត្តិនេះ ត្រូវតែបានមកព្រះអង្គ ដែលជាព្រះរាជបុត្រាបន្ទាប់ នៃក្រសែខាងក្សត្រសោយរាជ្យ គឺមិនត្រូវ បានទៅព្រះអង្គនន់ (ជាជីដូនមួយ) ដែលជាខ្សែឧបយោរាជឡើយ។ 
គិតដូច្នោះហើយ ចៅពញាច័ន្ទ ក៏បញ្ចុះបញ្ចូលមេទ័ពជំនិតរបស់ព្រះអង្គបួននាក់ ដែលសុទ្ធតែធ្លាប់មានថ្វីដៃ ក្នុងសង្គ្រាម បង្ក្រាបអ្នកសិល្ប៍ បល្ល័ង្កពេជ្រ និងបល្ល័ង្ករ័ត្ន ពីរាជ្យមុននោះ ឲ្យចែកផ្លូវគ្នានាំសេនាទាហានចូលវាយលុក ទាំងព្រះមហាឧបយោរាជព្រះឧទ័យ និងព្រះបទុមរាជាអង្គនន់ ជាស្ដេចសោយរាជ្យក្នុងពេលអាធ្រាត្រស្ងាត់ព្រមគ្នា។
ទីបំផុត ទ័ពចៅពញាច័ន្ទ ក៏ធ្វើគត់ព្រះឧទ័យ ជាមា និងព្រះបទុមរាជាអង្គនន់ បានតាមបំណងមែន។ 
នៅគ្រានោះ មិនទាន់មានការបាត់បង់ទឹកដីនៅឡើយទេ បើចាប់គិតតាមផែនទីកាលពីសម័យកង្វែក កន្លងមក (មានផែនទីភ្ជាប់ខាងក្រោម)
ក្រោយពីធ្វើគត់ រួចហើយ សម្ដេចចៅពញាច័ន្ទ ក៏បានទទួលពិធីប្រាប្ដាភិសេកឡើងសោយរាជ្យសម្បត្តិនៅរាជធានីឧដុង្គ ដោយមានព្រះនាមក្នុងរាជ្យថា “ព្រះបាទសម្ដេចព្រះរាមាធិបតី”។ ប៉ុន្តែ អ្នកប្រវត្តិវិទូជាច្រើន និយមហៅព្រះនាមព្រះអង្គថា “ព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម” ព្រោះព្រះអង្គជាមហាក្សត្រខ្មែរតែ១អង្គគត់ ដែលទ្រង់បានចូលសាសន៍ គឺកាន់សាសនាឥស្លាម។

ឯកសារខ្លះសរសេរថា ព្រះអង្គច័ន្ទ ទ្រង់បានចូលសាសន៍ និងកាន់សាសនាឥស្លាម នេះ បន្ទាប់ពីព្រះអង្គបានរៀបអភិសេកជាមួយស្ត្រីជាជនជាតិចាម ម្នាក់ ដែលព្រះអង្គបានជួបក្នុងដំណើរវិលត្រឡប់មកពីក្រសាលទន្លេធំពីខេត្តក្រចេះ។ នៅពេលនោះ ព្រះអង្គទ្រង់ឆៀងចូលពិនិត្យរាជធានីចាស់ស្រីសន្ធរ ហើយយាងមកដល់ខាងត្បូងកំពង់លួង វិញ ព្រះអង្គក៏បានជួបនឹងនារីចាម ដ៏មានរូបរាងល្អស្អាត ចរិយាល្អប្រពៃម្នាក់ ចុះមកដងទឹក។ នាងក្រមុំចាម នោះឈ្មោះ នាងវ៉ះ ជាកូន ចៃសុន និងនាងម៉ា ជា “ព្រះរាជវង្សចាម” ។
ព្រះអង្គទ្រង់ព្រះស្នេហានឹង នាងវ៉ះ ក្រមុំចាម នោះខ្លាំងណាស់ ហើយក៏បានទាក់ទងរួមមេត្រី រួចលើកនាងជាព្រះស្នំឯក។ 
ឯកសារខ្លះបានរៀបរាប់ថា ដោយព្រះអង្គចង់គេចឲ្យផុតពីបាបកម្មដែលព្រះអង្គបានធ្វើគត់ព្រះឧទ័យ ជាមា និងព្រះបទុមរាជាអង្គនន់ ទៅតាមជំនឿព្រះពុទ្ធសាសនា និងដោយគោរពតាមប្រពៃណីនៃជនជាតិចាម ផង ព្រះអង្គក៏ព្រមចូលកាន់សាសនាឥស្លាម ដោយកាត់ចុងអង្គជាតិ និងយកព្រះនាមថា អ៊ីប្រាហ៊ីម។ ស្បែកចុងអង្គជាតិរបស់ព្រះអង្គនោះ បើតាមឯកសារខ្លះអះអាងថា ត្រូវបានគេយកទៅតម្កល់ទុកនៅក្នុងព្រះវិហារឥស្លាម មួយ ខាងត្បូងកំពង់លួង ដែលបានប្ដូរឈ្មោះទីនោះជាប់ជាភូមិឃ្លាំងស្បែក ជារៀងរហូតមក។

ឯកសារប្រវត្តិសាស្ត្រខ្លះទៀតនិយាយផ្សេងពីនេះទៅវិញ ដោយអះអាងថា ប្រការដែលព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម សុខចិត្តចូលសាសន៍ និងកាន់សាសនាឥស្លាម នេះ គឺប្រហែលមកពីព្រះអង្គចង់សងគុណពួកចាម ដែលព្រះអង្គបានពឹងពាក់ ក្នុងការវាយដណ្ដើមរាជ្យកន្លងមក។
កាលបើបានឡើងគ្រងរាជ្យហើយ ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រណីពួកចាមជ្វា លើកជាមន្ត្រីធំ ហើយលើកចៃសុន ជាព្រះបិតាក្មេក ឲ្យឡើងជាសម្ដេចបរទេសរាជ ឲ្យត្រួតអស់លើពួកចាមជ្វា ថែមទៀតផង។

ក្នុងរាជ្យព្រះអង្គ គឺនៅ ក្នុងឆ្នាំ១៦៤៣ មានព្រឹត្តិការណ៍ទាស់ទែងគ្នាដ៏ធំមួយរវាងពួកហូល្លង់ដ៍ ដែលពីខាងដើមបានគាំទ្រ និងអបអរសាទរយ៉ាងក្លៀវក្លាចំពោះព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម ដែលបានកម្ចាត់ស្ដេចជ្រែករាជ្យ គឺព្រះឧទ័យ និងព្រះអង្គនន់ បាននោះ។ ហើយពួកហូល្លង់ដ៍ នេះ ឈ្លោះជាមួយពួកព័រទុយហ្គាល់ ដែលជាសម្ព័ន្ធរបស់ឈ្មួញចាមជ្វា ជាច្រើននាក់ ដែលជាបរិវាររបស់ព្រះអង្គច័ន្ទ។ ព្រះអង្គបានបណ្តោយឲ្យពួកចាមជ្វា និងព័រទុយហ្គាល់ កាប់សម្លាប់ឈ្មួញហូល្លង់ដ៍ ស្លាប់អស់ជាច្រើននាក់ ហើយរឹបអូសយកកប៉ាល់ និងទំនិញរបស់ពួកនេះដែលចតនៅកំពង់ហ្លួង ផង។ ហើយក្រោយនោះបន្តិច កប៉ាល់ហូល្លង់ដ៍ មួយទៀតមកពីកោះតៃវ៉ាន់ ដែលពួកព័រទុយហ្គាល់ ហៅថា ហ្វ័រមូហ្សា (Formosa) ក៏ត្រូវគេរឹបអូសទៀត។
ដើម្បីជាការសងសឹក ទេសាភិបាលហូល្លង់ដ៍ នៃក្រុងបាតាវ្យា ក្រុងហ្សាការតា (Jakarta) បានបញ្ជូនកប៉ាល់៥ ទាហាន ១៦០នាក់ និងនាវិកជាតិអឺរ៉ុប ២៤០នាក់ ចេញដំណើរមកកម្ពុជា។ កប៉ាល់នេះមកដល់ចតុមុខនៅថ្ងៃទី៦ ខែកក្កដា ហើយចតនៅទីនោះរហូតដល់ខែមករា ឆ្នាំ១៦៤៥។ ដោយគ្មានបានទទួលសំណងអ្វីពីព្រះអង្គច័ន្ទ មេបញ្ជាការកប៉ាល់នោះ ក៏សម្រេចចិត្តថាត្រូវតែបន្តដំណើរឡើងទៅដល់ក្រុងឧដុង្គ។ ជម្លោះទាស់ទែងវាយតប់គ្នា ក៏កើតមានឡើង។ ទ័ពខ្មែរបានយកសម្រាស់ និងក្បូនឫស្សីយ៉ាងច្រើន ទៅដាក់ឃាំងរាំងផ្លូវទឹក ហើយយកកាំភ្លើងធំតម្រៀបភ្ជង់ពីលើច្រាំងទាំងសងខាង។ ការប្រយុទ្ធគ្នាបានផ្ទុះឡើង មេបញ្ជាការហូល្លង់ដ៍ ត្រូវស្លាប់ ទាហាន និងនាវិក ១២០នាក់ទៀត ក៏ត្រូវស្លាប់ដែរ ប៉ុន្តែទីបំផុត នាវាទាំងអស់នោះបានរំដោះខ្លួនបាន។ ក្នុងពេលជាមួយគ្នានោះដែរ កប៉ាល់ហូល្លង់ដ៍ មួយទៀត ធ្វើដំណើរតាមទន្លេបាសាក់ ក៏ត្រូវវាយប្រហារដោយនាវាខ្មែរ ដែលគ្រប់គ្រងដោយពួកព័រទុយហ្គាល់ និងដឹកនាំដោយព្រះរាជាផ្ទាល់ព្រះអង្គ។ នាវាហូល្លង់ដ៍ នេះ ខូចខាតជាទម្ងន់ ប៉ុន្តែទីបំផុតអាចធ្វើដំណើរវិលទៅសមុទ្រវិញបាន។

ដល់ខែកក្កដា ឆ្នាំ១៦៥២ ពួកហូល្លង់ដ៍ បានសុំចរចា រកសន្តិភាពជាមួយខ្មែរ ហើយកិច្ចព្រមព្រៀងមួយ បានត្រូវចុះហត្ថលេខានៅខែកក្កដា ឆ្នាំ១៦៥៣។

#ការទាមទារយមដីពីយួនវិញ៖
មកដល់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ផងដែរថា យោងតាមព្រះរាជពង្សាវតារ មហាបុរសខ្មែរបានបញ្ជាក់ថា ឆ្នាំ១៦៣៨ ព្រះរាមាធិបតីពញានូ ដែលជាព្រះរៀម របស់ព្រះបាទអង្គច័ន្ទអ៊ីប្រហ៊ីម ទ្រង់ក៏បានទាមទារយកដីកំពង់ក្របី ព្រៃនគរ ដែលព្រះចៅអណ្ណាមក្រុងវ៉េ បានខ្ចី ដើម្បីបង្ហាត់ទ័ពក្នុងរយៈពេល ៥ឆ្នាំនោះមកវិញដែរ។ ប៉ុន្តែត្រូវព្រះអង្គចូវ ដែលពេលនោះបានឡើងងារជា”ព្រះទាវធិតា មហារាជិនី” យកលេសថាសង្គ្រាមរវាងយួនគ្នាឯង គឺត្រកូលទ្រិញ និងត្រកូលង្វៀង មិនទាន់ចប់ ហើយសុំអង្វរខ្ចីបន្តទៅមុខមួយរយៈ ទៀតសិន។
ព្រះរាជពង្សាវតារមហាបុរសខ្មែរដដែល បានអធិប្បាយបន្តថា ឆ្នាំ១៦៥៥ ព្រះរាមាធិបតីអង្គច័ន្ទអ៊ីប្រាហ៊ីម ទ្រង់ក៏បានទាមទារយកដីកំពង់ក្របី ព្រៃនគរ ដែលព្រះចៅស្តេចយួន បានខ្ចីធ្វើជាមូលដ្ឋានបង្កទ័ព នោះមកវិញទៀត។ ព្រោះចម្បាំងនោះបានស្ងប់ស្ងាត់ឡើងវិញហើយ។ ប៉ុន្តែត្រូវបានព្រះទាវធីតាអង្គចូវ អង្វរសុំឲ្យយួននៅបន្ត ទៅទៀតសិន។

#បច្ឆាញាតិអង្គចូវ៖
អង្គចូវ មហេសី ព្រះជ័យជេដ្ឋាទី២ មានតែបុត្រី១អង្គប៉ុណ្ណោះ នាម”អង្គញ៉ា”(ឯកសារព័មានព្រៃនគរ)។ រីឯព្រះរាជពង្សាវតារ មហាបុរសខ្មែរវិញ ថាមាននាម “ក្សត្រីទេពបញ្ជរ” ដែល ត្រូវបានព្រះបទុមរាជាអង្គនន់ យកធ្វើជាមហេសី និងក្រោយមកទៀត(កាលព្រះអង្គគ្រងរាជ) ទ្រង់លើកថ្វាយព្រះនាមជា”ព្រះវរក្សត្រីស្រីចក្រពត្តិរាជ”។ រីឯអ្នកម្នាងនូ និងអ្នកម្នាងច័ន្ទ ជាមហេសី។
ព្រះបទុមរាជាអង្គនន់ទី១ ជាមួយព្រះអគ្គមហេសីទេពបញ្ជរ ទ្រង់មានបុត្រាមួយព្រះអង្គ ព្រះនាមជ័យជេដ្ឋ។
បើតាមឯកសារប្រវត្តិសាស្ត្ររបស់លោក អាដេម៉ារ ឡឺក្លែរ ដោយយោងតាមឯកសារហូល្លង់ដ៍ ទៀតផងនោះ បានបញ្ជាក់ថា បន្ទាប់ពីឃាតកម្មមកលើព្រះឧទ័យ មានរាជកុមារ ៣អង្គ បានភៀសខ្លួនរួចពីការកាប់សម្លាប់រង្គាល។ គឺរាជបុត្ររបស់ព្រះរាជាអង្គនន់ និងត្រូវជាព្រះរាជនត្ដា(ចៅ) របស់ព្រះឧទ័យ បានគេចចូលទៅជ្រកកោននៅក្នុងវត្ដមួយ។ ម្ល៉ោះហើយ ក៏ទទួលបាននូវសិទ្ធិជ្រកកោន ដែលនៅសម័យនោះ គ្មាននរណារំលោភបានទេ នៅក្នុងព្រះជាណាចក្រ ទាំងមូល។
ព្រះរាជាអង្គច័ន្ទ ធ្វើហាក់ដូចជាបានបំភេ្លចកុមារទាំងនោះហើយ ប៉ុន្ដែបានតាមដានរហូត។
លុះដល់ពេលដែលមានប្រជាជន ១ម៉ឺន២ពាន់នាក់ ខឹងសម្បា ហើយកាន់អាវុធឡើង ធ្វើឱ្យរាជកុមារទាំង៣ រត់ចេញពីវត្ដ រួចចាប់កុមារបងទាំង ២អង្គ មកប្រគល់ឱ្យព្រះរាជា ដែលក្រោយមក ត្រូវបានសម្លាប់យ៉ាងឃោរឃៅបំផុត។ រីឯរាជកុមារពៅ បានត្រូវព្រះ”វររាជមាតាអង្គចូវ" ជួយសង្គ្រោះយកទៅចិញ្ចឹមបីបាច់ថែរក្សា មិនព្រមប្រគល់ឱ្យព្រះរាជាពញាច័ន្ទទេ។ សូមបញ្ជាក់ថា ងារព្រះ"វររាជមាតា មហារាជនី"របស់ ព្រះអង្គចូវនេះ ជាងារមួយដែលគ្មាននរណាអាចប៉ះពាល់បាន សូម្បីតែព្រះមហាក្សត្រ ក៏ដោយ។
ព្រះរាជកុមារពៅនេះ ទំនងជាព្រះរាជបុត្រារបស់ ព្រះអគ្គមហេសីទេពបញ្ជរ នេះហើយ ដែលត្រូវជាព្រះនត្តាផ្ទាល់(ចៅ) របស់ទាវធីតាអង្គចូវ នេះឯង។ 
លុះដល់ឆ្នាំ១៦៥៦ ព្រះទាវធីតាអង្គចូវ ដែលប្រហែលជាមិនសប្បាយព្រះទ័យនឹងព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម ដែលបានទទូចទាមទារដីខ្មែរមកវិញនោះ បានសុំលាព្រះអង្គច័ន្ទ ជាស្ដេចផែនដី ដកព្រះកាយ ចេញពីរាជធានីឧដុង្គ ទៅគង់នៅភ្នំពេញវិញ ក្នុងគោលបំណងចាកចេញពីការតាមដានពីព្រះរាជា ព្រមទាំងអាចងាយទាក់ទងនឹងញាតិសន្តាន នៅប្រទេសយួនផង និងបានថែមទាំងនាំយកព្រះអង្គសូ និងព្រះអង្គតន់ ដែលជាបុត្ររបស់ព្រះឧទ័យ និងជាព្រះអនុជរបស់ព្រះអង្គនន់ ព្រមទាំងព្រះរាជកុមារពៅនេះ ទៅជាមួយផងទៀត។

#ការសងសឹករបស់បុត្រព្រះឧទ័យ៖
បានឱកាសល្អហើយ នៅឆ្នាំ១៦៥៨ ព្រះអង្គសូ និងព្រះអង្គតន់ នោះ ដោយមានការជួយជ្រោមជ្រែងពីអង្គចូវ បានចាត់មន្ត្រីសម្ងាត់ ឲ្យទៅបញ្ចុះបញ្ចូលរាស្ត្រក្នុងខេត្តជាច្រើន ហើយលើកទ័ព ទៅច្បាំងនឹងព្រះអង្គច័ន្ទ ដែលកាលនោះទ្រង់សោយរាជ្យបាន ១៧ព្រះវស្សា។ តែត្រូវទទួលបរាជ័យ ដោយចាញ់ស្នាដៃ ទ័ពព្រះរាជា។
ទីបំផុត បុត្រព្រះឧទ័យ ទាំងពីរ បានសុំឲ្យព្រះទាវធីតាអង្គចូវ បុត្រីស្ដេចយួន ធ្វើលិខិតទៅសុំទ័ពយួន មកជាជំនួយ។ ស្ដេចយួន បានចាត់ទ័ពច្រើនពាន់នាក់ ឲ្យមករួមជាមួយទ័ពព្រះអង្គសូ និងព្រះអង្គតន់ ច្បាំងតតាំងនឹងព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម។ ពេលនេះ ព្រះអង្គច័ន្ទ ទទួលបរាជ័យ ហើយត្រូវយួន ចាប់ដាក់ទ្រុងដែក នាំយកទៅស្រុកយួន ទៅ។ 
ចំណែកខាងព្រះអង្គអឹម ដែលជាបុត្រព្រះឧទ័យ ដែរ តែចូលខាងព្រះរាមាធិបតីអង្គច័ន្ទអ៊ីប្រាហ៊ីម នោះ ក៏ក្ស័យព្រះជន្មក្នុងសមរភូមិនោះទៅ។

ដោយក្តីលោភលន់របស់មេទ័ពយួន ដែលចង់យកប្រទេសខ្មែរដាក់ជាចំណុះប្រទេសយួន ហើយមានបំណងប្រុងចាប់យកព្រះអង្គសូ និងព្រះអង្គតន់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននាំយកទៅស្រុកយួន ផងនោះ ទ័ពយួន ដែលច្បាំងឈ្នះទ័ពព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម ហើយ បែរជាមកច្បាំងនឹងទ័ពព្រះអង្គសូ និងព្រះអង្គតន់ វិញទៀត។ តែទីបំផុត ស្ដេចទាំងពីរវាយឈ្នះទ័ពយួន។ យួនក៏នាំទ័ពរត់ត្រឡប់ទៅស្រុកវិញអស់ទៅ។ 
ក្រោយមក ព្រះអង្គសូ ក៏ឡើងសោយរាជ្យ រីឯព្រះអង្គតន់ បានធ្វើជាមហាឧបយោរាជ ដែរ។

ចំណែកខាងព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម ដែលយួន ចាប់ដាក់ទ្រុងដែកនាំយកទៅស្រុកយួន នោះ ឯកសារខ្លះអះអាងថា យួន វាឃុំព្រះអង្គនៅក្វាងប៉ិញ រហូតដល់មួយឆ្នាំក្រោយមក ព្រះអង្គទ្រង់សុគតនៅទីនោះទៅ។
រីឯ ឯកសារខ្លះទៀតនិយាយថា ព្រះអង្គត្រូវពួកយួន ដែលអាក់អន់ចិត្តនឹងព្រះអង្គសូ និងព្រះអង្គតន់ ដោះលែងរួចនាំវិលត្រឡប់មកប្រទេសកម្ពុជាវិញ តែធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ ព្រះអង្គទ្រង់ប្រឈួន ហើយសុគតនៅត្រង់ស្រុកបត់ចិញ្ចៀន នេះទៅ៕
------------------------------------
ដោយ៖ Ny Watthanak

No comments:

Post a Comment