- កុរុងកៅណ្ឌិន្យវម៌្ម រឺ កៅណ្ឌិន្យទី២ រឺ ឝ្រុតវម៌្មទី១ (ចិន:僑陳如跋摩, ភិងអ៊ិង:Qiáochénrúbámó) (គ.ស ?-៤៣០) រជ្ជកាល (គ.ស ៤២០-៤៣០) ជាព្រាហ្មណ៍ជាតិឥណ្ឌា ដែលពេលមួយនោះមានសំឡេងអាថ៌កំបាំងមួយបានបញ្ជាអោយព្រាហ្មណ៍នេះទៅសោយរាជ្យនៅអាណាចក្រវ្នំ។ កៅណ្ឌិន្យ មានសេចក្តីរីករាយយ៉ាងខ្លាំង ហើយបានធ្វើដំណើរទៅដល់ស្រុកផានផាន នៅខាងត្បូងដែលអ្នកស្រុកនគរវ្នំបាននាំគ្នាទៅជួប ហើយស្រុះស្រួលលើកព្រះអង្គអោយឡើងសោយរាជ្យ។ ឯកសារខ្លះបានបញ្ជាក់ថា ក្សត្រអង្គនេះមានព្រះនាមក្នុងរាជ្យថា ឝ្រុតវម៌្ម ដែលគេបានថ្វាយព្រះរហស្សនាមថា អ្នកការពារលទ្ធិវេទ។ អូរកែវ ជាមាត់ច្រកសមុទ្រ ជាកំពង់ផែចំណតទូកសំពៅធំៗ មួយយ៉ាងសំខាន់របស់នគរវ្នំ ក្នុងការទាក់ទងរកស៊ីធ្វើជំនួញក្រៅប្រទេសជាមួយនឹងប្រទេសជិតឆ្ងាយ មានប្រទេសនៅតាមសមុទ្រមេឌីទែរ៉ានេ (La Mer Méditerranée) នៅទ្វីបអ៊ឺរ៉ុប ជាដើម ដែលជាកត្តាមួយ ធ្វើឲ្យគេស្មានថា កាលជំនាន់នោះ ពួកជនជាតិឥណ្ឌា ប្រហែលជានាំគ្នាលើកទ័ព មកលុកលុយរាតត្បាតយកនគរខ្មែរ។ មេទ័ពឥណ្ឌាដែលចូលមកលុកលុយវាយយកនគរវ្នំ ហើយប្រកាសតាំងខ្លួនជាស្ដេចនោះ មានដើមកំណើតក្នុងត្រកូលព្រាហ្មណ៍កៅណ្ឌិន្យ ដូចព្រះមហាក្សត្រខ្មែរទី១ដែរ ។
- សាសនាក្នុងកាលបើឡើងគ្រងរាជសម្បត្តិ ព្រះអង្គបានបន្ថែមឈ្មោះ វម៌្ម មកលើព្រះនាមព្រះអង្គ ដែលក្លាយទៅជា កៅណ្ឌិន្យវម៌្ម (អ្នកប្រវត្តិវិទូខ្លះយល់ថា ព្រះមហាក្សត្រខ្មែរដែលមានព្រះនាមកៅណ្ឌិន្យវម៌្ម មានតែមួយទេក្នុងប្រវត្តិសាស្ត្រខ្មែរ)។ ព្រះអង្គជាក្សត្រមួយអង្គប្រកបទៅដោយទសពិធរាជធម៌។ ព្រះអង្គបានតាំងខ្លួនជាអ្នកការពារព្រហ្មញ្ញសាសនា។ ព្រហ្មញ្ញសាសនាដែលគោរពព្រះឥសូរ ហើយដែលគេចាត់ទុកជាសាសនារដ្ឋ ឬសាសនាផ្លូវការ បានជះឥទ្ធិពលទៅគ្រប់ទិសទី។ តែ ព្រះពុទ្ធសាសនារបៀបមហាយានដែលធ្លាប់មានវត្តមានលើទឹកដីខ្មែរ ជាយូរយារណាស់មកហើយ គ៏មិនបានសាបសូន្យដែរ។ ការរីកចម្រើនចេះតែមាន អ្នកកាន់គោរពព្រះពុទ្ធសាសនា ក៏ចេះតែកើនចំនួនច្រើនជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះទេ ព្រះអង្គបានទាំងអញ្ជើញពួកព្រាហ្មណ៍យ៉ាងច្រើនពីប្រទេសឥណ្ឌា ដោយផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់ពួកនេះ ដើម្បីអោយគេជួយរៀបចំកិច្ចការផ្សេងៗខាងសាសនា ការអប់រំ និងខាងសង្គមថែមទៀតផង។
- ការរៀបចំនគរក្នុង របៀបចាត់ចែងនគរ ព្រះអង្គបានយកគំរូទៅតាមប្រទេសឥណ្ឌា បង្កើតឲ្យមានស្ថាប័ន មានវណ្ណៈ មានច្បាច់ទម្លាប់ មានជំនឿ មានការអប់រំ ដែលផ្ដិតផ្អែកទាំងស្រុងទៅលើលទ្ធិព្រហ្មញ្ញសាសនា។ ដើម្បីឲ្យការរៀបចំនគរមានប្រសិទ្ធភាព ព្រះអង្គបានប្រមូលផ្ដុំ និងអញ្ជើញព្រាហ្មណ៍ជាច្រើនមកពីប្រទេសឥណ្ឌា ឲ្យចូលមកជួយធ្វើការកែច្នៃ ដូរប្រែ តម្រែតម្រង់កសាងសង្គមជាតិខ្មែរថ្មី។ ព្រះអង្គបានប្រទានរង្វាន់យ៉ាងកាប់ចិត្ត ជាកិត្តិយស បុណ្យសក្តិ ទ្រព្យសម្បត្តិជាច្រើនដល់ព្រាហ្មណ៍ទាំងនោះ។ ព្រះរាជធានីមានឈ្មោះ វ្យាធបុរ ដែលចិនហៅក្លាយមកជាទូមូ ត្រូវនឹងពាក្យ ទ្មាក់។ ព្រះកៅណ្ឌិន្យវម៌្ម ជាព្រះមហាក្សត្រមួយអង្គខ្លាំងពូកែ ល្បីល្បាញ មាននគរជិតឆ្ងាយជាច្រើនជាចំណុះ។ ក្រោយពីព្រះអង្គចូលទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គទ្រង់ឡើងសោយរាជ្យស្នងព្រះអង្គ ដែលមានព្រះនាមក្នុងរាជ្យថា ឝ្រីន្ទ្រវម៌្ម។
Sunday, July 30, 2017
កៅណ្ឌិន្យវម៌្ម ឝ្រុតវម៌្មទី១ កៅណ្ឌិន្យទី២ ចិន: ឆៀវឆឹនជូ (僑陳如) ៤២០-៤៣០
Subscribe to:
Post Comments (Atom)
No comments:
Post a Comment