រជ្ជកាលព្រះជ័យជេដ្ឋាទី៣ រជ្ជកាលទី២ : ១៦៨៨ - ១៦៩៥
នៅគ.ស. ១៦៨៩ នាម៉ឺនឈ្មោះចៅពញានូរ និងចិនឈ្មោះតាន់ចុងអៀ ដោយតូចចិត្ដមិនបានបុណ្យសក្ដិ ក៏រត់ទៅចូលខាងអង្គនន់ ព្រះអង្គអោយលើកទ័ពមកច្បាំង តាំងបន្ទាយនៅជ្រោយចង្វារ។ ប៉ុន្ដែមន្រ្ដីទាំងពីរត្រូវចាប់បានហើយយកទៅប្រហារជីវិតបង់។
នៅឆ្នាំដដែល ព្រះជ័យជេដ្ឋាដែលបានគ្រងរាជអស់រយៈពេល ១៣ឆ្នាំមកហើយ ក៏ទ្រង់ធ្វើរាជពិធីប្រាប្ដាភិសេក ដោយយកនាមសំរាប់រាជថា សម្ដេចព្រះជ័យជេដ្ឋាបរមសុរិន្ទរាជាធិរាជរាមាអិសូរ លើកអង្គលី (អង្គអី?) ជាអគ្គមហេសី ហៅថាសម្ដេចព្រះភគវតីសិរីចក្រពត្ដិមហាក្សត្រី។ ពេលនោះព្រះអង្គនន់ បានភៀសទៅសុំជំនួយទ័ពយួនមកច្បាំងនឹងព្រះអង្គទៀត។ ទ័ពយួនពីរម៉ឺននាក់បានលើកមកដល់ក្រុងភ្នំពេញ តែត្រូវបរាជ័យថយទៅស្រុកវិញអស់។ ចំណែកអង្គនន់ ទ្រង់រត់ចូលបន្ទាយស្រីសន្ធរការពារខ្លួន។ ក្រោយមកដោយឈឺព្រះទ័យព្រោះបរាជ័យច្រើនដងពេកក៏សុគតទៅក្នុងព្រះជន្មាយុ ៣៧វស្សា។
ចពោះប្រតិបត្ដិការណ៍សឹករបស់យួនលើកនោះ អែកសារយួនបានផ្ដល់ពត៌មានថា ដោយយួនវាយសន្ធាប់ខ្លាំងពេក ព្រះអង្គស៊ូទ្រង់បានថយចូលការពារក្នុងបន្ទាយ ព្រះអង្គទ្រង់បានបញ្ជាអោយនាសា Nac Sa(?) នាំគ្រឿងបណ្ណាការទៅជួនមេទ័ពយួនឈ្មោះ ម៉ាយវ៉ាន-ឡុង (Mai Van Long) តែរាជទូតនោះត្រូវចាប់ឃុំជាឈ្លើយ។ ដោយហេតុនោះព្រះអង្គបានបញ្ជាស្រ្ដីរូបឆោមម្នាក់ឈ្មោះ ជាមដៅលូអាត Chiêm Dao Luât(?) ជាអ្នកមានវោហារថ្វីមាត់អោយយកវត្ថុមានតំលៃដូចមាសប្រាក់ជាដើម ទៅជូនមេទ័ពយួនទៀត។ មេទ័ពនោះនៅតែតឿនអោយព្រះអង្គលើកសួយសារអាករទៅថ្វាយ។ ព្រះអង្គបានបញ្ជាស្រ្ដីដដែលនោះ អោយយកមាសប្រាក់ទៅសូកប៉ាន់ថែមទៀត និងសុំអោយរង់ចាំ។ មេទ័ព Van Long ជឿពាក្យសន្យា មិនព្រមលើកទ័ពចូលវាយសោះ។ មេទ័ពម្នាក់ទៀតឈ្មោះង្វៀង ថាំងសឺន (Nguyên Thang Son) ថ្វាយដំណឹងទៅស្ដេចយួន។ ព្រះអង្គទ្រង់ខ្ញាល់ខ្លាំង ចាត់អោយមេទ័ពង្វៀងហ៊ីវ ហាវ (Nguyên Huu Hao) ទៅជំនួស។ មេទ័ពនោះបានលើកទ័ពទៅ បោះជំរំនៅ Bich-Dôi(?) នៅគ.ស ១៦៩០។ ពេលនោះស្ដេចយួនបញ្ជូនទូតអោយមកប្រាប់ថា : «ប្រសិនបើអង្គស៊ូ ចង់រួចទោសត្រូវលើកសួយសាមានដំរីឈ្មោល ៥០ មាស ៥០០តំលឹង ប្រាក់ ២០០០តំលឹង កុយរមាស៥០ ថ្វាយយ៉ាងប្រញាប់ បើពុំនោះទេត្រូវលើកទ័ពចូលវាយលុកភ្លាម»។ ព្រះអង្គស៊ូទ្រង់បានបញ្ជាអោយយកដំរីតូច២០ ក្បាល មាស ១០០តំលឹង ប្រាក់៥០០តំលឹង ទៅជូនង្វៀង ហ៊ីវហាវ។ មេទ័ពយួនភាកច្រើនយល់ថា ព្រះអង្គស៊ូ មិនស្មោះត្រង់សុំចូលវាយលុក តែព្រះអង្គបានបញ្ជាអោយនាង ដៅលូអាន(?) ទៅអង្វរករសុំអោយពន្យារពេលទៀត។ មេទ័ពង្វៀងហ៊ីវហាវ យល់ថាយួនមិនបាច់ច្បាំងក៏ស្ដេចខ្មែរព្រមចំនុះទៅហើយ ដូច្នេះមិនបាច់វាយលុកធ្វើអ្វី។ ចាប់ពីពេលនោះមកពួកមេទ័ពយួនបែកបាក់គ្នា។ ព្រះអង្គស៊ូ ទ្រង់បញ្ជាអោយនាងដៅលូអាន យកដង្វាយមានដំរីតូច ១០ក្បាល កុយរមាស៦ មាស៥០តំលឹង ប្រាក់ ១០០តំលឹងទៅជូនបន្ថែមទៀត។ ដោយហេតុនោះ ទោះបីពួកសេនាសុំវាយលុកយ៉ាងណាក៏ដោយក៏ ង្វៀង ហ៊ីវហាវ ដកទ័ពថយទៅនៅត្រង់បារា។ ស្ដេចយួនខ្ញាល់ខ្លាំង ទ្រង់ដកហូតបុណ្យសក្ដិពីមន្រ្ដីរូបនោះ។
អែកសារយួនបានបញ្ជាក់ទៀតថា ប្រតិបត្ដិការណ៍សឹកនោះឃើញថាបានទទួលផលល្អ ដោយព្រះអង្គស៊ូព្រមចំនុះ និងព្រមលើកសួយសារអាករថ្វាយ។ ជនជាតិយួនចូលទៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើង។ ទ័ពយួនយកដីនោះ (បៀងវ៉ា យ៉ាឌិញ) ចែកជាតំបន់ ហើយចាត់មន្រ្ដីអោយឈរត្រួតត្រា តែក្រៅផ្លូវការនៅឡើយ (៣៧)។ នៅគ.ស ១៦៩០ ព្រះជ័យជេដ្ឋា ទ្រង់មានបុត្រជាមួយអង្គលី (អង្គអី) នាមធម្មរាជា លើកអង្គយ៉ង បុត្រព្រះអង្គជីអោយនាមថា ឧទ័យរាជា ហើយផ្សំផ្គំ និងព្រះសុជាតិក្សត្រី (បុត្រីអង្គនន់) ជាជាយា។ ព្រះឧទ័យរាជាមានបុត្រនាមអង្គតន់ ដែលតមកទៀតមាននាមថាអង្គទង។
លុះស្រុកបានសន្ដិភាពឡើងវិញហើយ ព្រះជ័យជេដ្ឋាទ្រង់បញ្ជាអោយសើរើច្បាប់សំរាប់រដ្ឋ ហើយរៀបចំឡើងវិញ ដោយមានការបន្ធូបន្ថយទណ្ឌកម្មដែលលក្ខណធ្ងន់ហួសប្រមាណ និងការបំបាត់ចោលនូវទោសប្រហារជីវិតបង់ផង។ ម្យ៉ាងទៀតព្រះអង្គក៏ទ្រង់បានរៀបចំអោយមានរូបមន្ដសំរាប់ធ្វើសច្ចាប្រណិធានខាងនយោបាយ និងខាងតុលាការ។
នៅគ.ស. ១៦៩២ ស្ដេចចាមនាម បាត្រាញ់ មិនព្រមលើកសួយសារអាករថ្វាយស្ដេចយួន។ ស្ដេចង្វៀង តុកជូ បញ្ជាអោយមេទ័ពង្វៀង ហ៊ីវគិញ លើកទ័ពទៅវាយហើយចាប់បាន។ រាជវង្សានុវង្សចាមនៅបឹងវិច បឹងរាំងដោយមានបរិវារ ៥០០០នាក់ បានភៀសចូលសុំជ្រកកោននឹងព្រះជ័យជេដ្ឋា។ ព្រះអង្គក៏ទ្រង់សន្ដោសអោយទៅនៅត្បូងឃ្មុំខ្លះ ស្ទឹងត្រង់ខ្លះ ជ្រោយចង្វាខ្លះ ព្រែកប្រាខ្លះ។ នៅគ.ស ១៦៩៥ ព្រះអង្គទ្រង់បង្វែររាជសម្បត្ដិ អោយទៅព្រះភាគិនេយ្យ (ក្មួយ) ព្រះឧទ័យរាជា (បុត្រអង្គជី)។
No comments:
Post a Comment