Sunday, July 30, 2017

រជ្ជកាលអ្នកម្នាងទៃ ១៦៨៨

ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​៣ អង្គ​ស៊ូ ឬ​ចៅ​ពញា​សូរ (រជ្ជ​កាល​ទី​១ ១៦៧៥ -១៦៨៨) លុះ​វាយ​កំចាត់​ទ័ព​យួន​អោយ​ថយ​ទៅ​វិញ​អស់ ព្រះ​អង្គ​ស៊ូ ឬចៅ​ពញា​សូរ ដែល​មានព្រះ​ជន្ម​១៦​វស្សា បាន​ឡើង​សោយ​រាជ្យ​ស្នង​ព្រះ​រៀម​នៅ​ក្រុង​ឧដុង្គ​មាន​ជ័យ ដោយ​មាន​ព្រះ​នាម​ថា សម្ដេច​ព្រះ​ស្រី​ជ័យ​ជេដ្ឋា​។ ព្រះ​អង្គ​ទ្រង់​​លើក​អង្គលី (អង្គអី?) ព្រះ​អនុជ​រួម​បិតា (អែក​សារ​ខ្លះ​ថា​ជា​ប្រះ​មាតុច្ឆា​) ជា​អគ្គម​ហេសី​។


គួរ​គប្បី​ជ្រាប​ថា នៅ​គ.ស. ១៦៧៩ មាន​នាម៉ឺន​ចិន​ឈ្មោះ​យឿង ង៉ាន​ឌិច និង ត្រឹង ធឿង​ស្វៀង រត់​ពី​ខេត្ដ​ក្វាង​ទុង​ក្វាង​ស៊ី ព្រោះ​ពេល​នោះ​ពួក​ម៉ង់​ស៊ូ វាយ​យក​បាន​ប្រទេស​ចិន​នៃ​រាជ​វង្ស​មិញ​។ ដោយ​ពុំ​ព្រម​ចំនុះ​ពួក​បរ​ទេស​ឈ្លាន​ពាន​ទឹក​ដី ពួក​ចិន​ទាំង​នោះ​បាន​នាំ​គ្នា ៣០០០​នាក់ និង​សំពៅ ​៥០​មក​សុំ​ជ្រក​កោន​នឹង​ស្ដេច​យួន​។ ស្ដេច​ថៃ តុង ទ្រង់​បាន​បញ្ជូន​ជន​ភៀស​ខ្លួន​នោះ​អោយ​ទៅ​នៅ​ក្នុង​ប្រ​ទេស​ខ្មែរ ត្រង់​តំបន់​យ៉ា​ឌិញ (ឧក​ញ៉ា​ឌិន?​)។ ក្រោយ​មក​ពួក​នោះ​បាន​បំបែក​គ្នា​ទៅ​នៅ​ត្រង់​ដូន​ណៃ​ខ្លះ ត្រង់​មេ​សរ​ខ្លះ ប្រកប​របរ​ធ្វើ​ស្រែ​ចំការ បង្កើត​ក្រុង​មាន​ឈ្មួញ​បរ​ទេស​ចូល​លក់​ដូរ​យ៉ាង​ច្រើន គឺ​ឈ្មួញ​ជាតិ​អឺរ៉ុប ឈ្មួញ​ជប៉ុន និង​ឈ្មួញ​ជ្វា​។

គួរ​គប្បី​ជ្រាប​ថា នៅ​ពេល​ដំណាល​គ្នា​ជា​មួយ នឹង​ជន​ជាតិ​ចិន​ភៀស​ខ្លួន​ខាង​លើ​នេះ មាន​ចិន​ម្នាក់​ទៀត​ឈ្មោះ ម៉ាក គីវ មាន​កំណើត​នៅ​ខេត្ដ​ក្វាង​ទុង ជា​ឈ្មួញ​មាន​ឈ្មោះ​ល្បី ធ្លាប់​ធ្វើ​សកម្ម​ភាព​ជំនួញ​នៅ​ប្រទេស​ហ្វីលី​ពីន និង​នៅ​ក្រុង​បាតាវ្យា​នៅ​ពេល​ដែល​ចិន​ច្បាំង​ចាញ់​ពួក ម៉ង់​ស៊ូ លោក​មិន​ព្រម​ប្រកាន់​យក​ទំនៀម​ទំលាប់​បរ​ទេស​ ​មាន​ការ​ក្រង​សក់​ជា​ដើម ក៏​រត់​មក​ជ្រក​កោន​នឹង​ស្ដេច​ខ្មែរ ហើយ​ត្រូវ​បាន​តែង​តាំង​ជា​មន្រ្ដី​ឈរ​ត្រួត​តំបន់​ឆ្នេរ​ឈូង​សមុទ្រ​សៀម​។ ដោយ​ឃើញ​ផ្ទៃ​ក្នុង​របស់​ខ្មែរ មាន​ភាព​ច្របូក​ច្របល់ និង​ដោយ​ជីក​បាន​កំណប់​មួយ គាត់​ក៏​ក្លាយ​ទៅ​​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ​។ គាត់​បាន​សង់​បន្ទាយ និង​ក្រុង​នៅ​មាត់​សមុទ្រ ហើយ​ប្រ​មូល​រាស្រ្ដ​អោយ​ទៅ​នៅ​ត្រង់​ពាម កោះ​ត្រល់ កំពត កំពង់​សោម ក្រមួន​ស ទឹក​ខ្មៅ​។ នៅ​គ.ស. ១៦៨៧ - ១៦៨៨ សៀម​លើក​ទ័ព​ចូល​វាយ​លុក​ដំបន់​ពាម ចាប់​បាន​ម៉ាក​គីវ យក​ទៅ​ប្រ​ទេស​សៀម តែ​ក្រោយ​មក​គាត់​បាន​លួច​រត់​ត្រលប់​មក​ពាម​បាន​វិញ​នៅ​ប្រមាណ គ.ស. ១៧០០​(៣៧)​។

នៅគ.ស.១៦៨២ ព្រះ​អង្គនន់ ដែល​បាន​ភៀស​ព្រះ​អង្គ​ទៅ​ស្រុក​យួន​នោះ ទ្រង់​បាន​ប្រមែ​ប្រ​មូល​ពួក​ចិន ដែល​ជា​ចំនូល​ថ្មី​នៅ​ដូន​ណៃ យ៉ា​ឌិញ ផ្សំ​គ្នា​ជា​មួយ​ទ័ព​យួន​ខ្លះ​ លើក​ទៅ​វាយ​ព្រះ​ជ័យ​ជេដ្ឋា​ទៀត ដំបូង​វាយ​​យក​បាន​ខេត្ដ​ព្រះ​ត្រ​ពាំង បាសាក់ ហើយ​លើក​បង្ហួស​ដល់​ភ្នំពេញ​ឧដុង្គ កាល​នោះ​ព្រះ​ជ័យ​ជេដ្ឋា កំពុង​តែ​គង់​នៅ​វាំង​ទ្រនំ​ជ្រឹង ទ្រង់​កែន​ទ័ព​ទៅ​ច្បាំង​ឈ្នះ​ទ័ព​ចិន​ក៏​ថយ​ទៅ​នៅ​កោះ​តែង​អស់ ប៉ុន្ដែ​ពួក​នោះ​បាន​ចាប់​ព្រះ​មាតា​ព្រះ​អង្គ​ទៅ​ឃុំ​ទុក​នៅ​ជ្រោយ​ចង្វារ ក្រោយ​មក​បាន​ពញា​ហុក​ទៅ​រំដោះ​បាន​មក​វិញ​។ នៅ​គ.ស. ១៦៨៣ ព្រះ​ជ័យ​ជេដ្ឋា ទ្រង់​យាង​ទៅ​គង់​នៅ ឧដុង្គ​មាន​ជ័យ​វិញ​។ នៅគ.ស. ១៦៨៤ ព្រះ​អង្គនន់ ត្រ​លប់​មក​ពី​ស្រុក​យួន មក​តាំង​បន្ទាយ​នៅ​ស្រីសន្ធរ ហើយ​លើក​ទ័ព​ចំរុះ​ខ្មែ​ចិន​ទៅ​វាយ​ក្រុង​ភ្នំពេញ តែ​ត្រូវ​បរា​ជ័យ​ថយ​ចូល​បន្ទាយ​វិញ​។ នៅគ.ស. ១៦៨៨ ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​ប្រ​ឈួន​ដោយ​ជំងឺ​ពិស​ក្ដៅ (អែក​សារ​ខ្លះកើត​អុត​ធំ) ក៏​ប្រគល់​រាជ​សម្បត្ដិ​ថ្វាយ​ព្រះ​មាតា​។

រជ្ជកាលអ្នកម្នាងទៃ ១៦៨៨

ព្រះ​មាតា​ទ្រង់​បាន​សោយ​រាជ្យ​ជំនួស​បាន​៣ខែ​។ លុះ​ព្រះ​ជ័យ​ជេដ្ឋា ទ្រង់​បាន​ជា​សះ​ស្បើយ​ហើយ ក៏​ទ្រង់​ចេញ​ព្រះ​ផ្នួស​បាន​៧​ថ្ងៃ​ហើយ​លា​មក​ឡើង​សោយ​រាជ្យ​វិញ​។

No comments:

Post a Comment