Saturday, July 29, 2017

អាណាចក្រ ចេនឡា


  1.  ​ជា​ភាគ​មួយ​នៃ​ចក្រភព​ហ្វូ​-​ណន ទឹកដី​ដើម​របស់​ចេនឡា​ត្រូវបាន​កត់ត្រា​ដោយ​កាល​ប្បវត្តិ​ចិន និង​សិលាចារឹក​យ៉ាង​ជាក់លាក់​។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់លោក ហ្ស​ក ស៊ឺ​ដេ​ស បានបង្ហាញ​ឲ្យ​ដឹងថា ស្រុក​ភ​ទ្រេ​ស្វ​រា​បទ ជា​ភាគ​មួយ​នៃ​វិស័យ (​ឃុំ​) ស្រេ​ស្ថ​បុ​រៈ ហើយ​ដោយសារតែ​ឈ្មោះ​ភ​ទ្រេ​ស្វរៈ សំដៅ​ប្រាសាទ​វត្ត​ភូ ដូច្នេះ គេ​អាច​សន្និដ្ឋានបានថា ស្រេ​ស្ថ​បុ​រៈ គឺ​ស្ថិតក្នុង​តំបន់​វត្ត​ភូ ដែលជា​ទឹកដី​ចាស់​របស់​ព្រះរាជាណាចក្រ​ខ្មែរ នា​សម័យ​ដើម​។ ហើយ​នេះ​ជា​អ្វីមួយ​ដែល​យើង​ចង់​រំឭក​ឡើង​នៅទីនេះ ដែល​ពុំ​បានដឹង​ពីមុនមក ហើយ​នេះ​ជា​អ្វីមួយ ដែល​លោក ហ្ស​ក ស៊ឺ​ដេ​ស បានបញ្ជាក់​។​
  2. ជា​ព័ត៌មាន​បន្ថែម ទាក់ទិន​ទៅ​និង​សន្តតិវង្ស នា​សម័យ​បុ​រេ​អង្គរ សូមជម្រាបថា ព្រះបាទ​រុ​ទ្រ​វរ្ម័ន គឺជា​ស្តេច​ស្ថាបនិក​នៃ​របាក្សត្រ​ខ្មែរ​នា​សម័យ​ចេនឡា ដោយមាន​ព្រះមហាក្សត្រ​ធំៗ​ជាច្រើន​អង្គ ដូចជា ព្រះបាទ​ស្រី​ភ​វ​វរ្ម័នទី​១, ព្រះបាទ​ស្រី​ម​ហេ​ន្ទ្រ​វរ្ម័ន​ចិត្រ​សេនា​, ព្រះបាទ​ស្រី​ឥសាន​វរ្ម័នទី​១, ព្រះបាទ​ជ័យវរ្ម័ន​ទី​២​ជាដើម​។ ដោយសារ ខ្សែស្រឡាយ​នេះ គេ​អាច​បកស្រាយ ឬ​សន្និដ្ឋាន​យ៉ាង​ត្រឹមត្រូវ​ថា ព្រះមហាក្សត្រ​ទាំងឡាយ នា​សម័យអង្គរ​ពិតជា​បាន​ត​ពូជពង្សវង្សត្រកូល​ពី​មហាវីរក្សត្រ​សម័យ​ហ្វូ​-​ណន​យ៉ាង​ជាក់ច្បាស់​។ ហើយដោយ​មូលហេតុ​ខាងលើនេះ ទើប​មានការ​បង្រួបបង្រួម​ហ្វូ​-​ណន (​នគរ​ភ្នំ​) និង​ចេនឡា ឲ្យ​ក្លាយទៅជា​កម្ពុជា​តែមួយ​។ ចាប់តាំងពី​ឆ្នាំ ៦៤៩ វត្តមាន​របស់​ហ្វូ​-​ណន ត្រូវបាន​លុបបំបាត់​ពី​កាល​ប្ប​ប្រវត្តិ​ចិន​ជា​ស្ថាពរ ហើយ​ជំនួស​ដោយ​អាណាចក្រ​ចេនឡា​។​ ផែនទីខាងក្រោម បញ្ជាក់អំពី កម្ពុជាក្រោម ពិតជា អាណាចក្រចេនឡា
  3. លោក ហ្ស​ក ស៊ឺ​ដេ​ស ក៏បាន​បន្តទៀតថា ក្នុង​សិលាចារឹក​ស្រេ​ស្ថ​បុ​រៈ គឺជា​ព្រះរាជ​ធានី​របស់​ព្រះមហាក្សត្រ​ស្រេ​ស្ថ​វរ្ម័ន ព្រះរាជបុត្រ ហើយ​និង​អ្នកជា​សោយរាជ្យ​បន្ត​ពី​ព្រះ​ស្រុត​វរ្ម័ន ដែលជា​ព្រះ​រាជធានី​ដំបូង ដែល​បាន​ឲ្យ​កំណើត​ទៅ​ព្រះរាជា​ទាំងឡាយនា​ជំនាន់​ក្រោយមកទៀត ដែល​អនុស្សាវរីយ៍​បាន​កត់​ត្រាទុក​។ ឧទាហរណ៍​ជាក់ស្តែង នៅ​ឆ្នាំ ៧៥៧ សក​: សិលាចារឹក​នៃ​ប្រាសាទគោកពោធិ៍​បាន​ចាត់ទុកថា ទីក្រុង​ស្រេ​ស្ថ​បុ​រៈ គឺជា​ទីក្រុង​ដ៏​មហា​ពិសិដ្ឋ នៅ​ឆ្នាំ ៩២៣​សក​: ព្រះបាទ​ឧ​ទ័យា​ទិ​ត្យ​វរ្ម័នទី​១ ទ្រង់​បាន​ស្ងើចសរសើរ​ថា ទ្រង់​បាន​ត​ពូជពង្ស​តាមរយៈ​ខ្សែស្រឡាយ​របស់​ព្រះ​វ​រាជមាតា​របស់​ទ្រង់ ចេញពី​ព្រះរាជវង្សានុវង្ស​នៃ​ស្រេ​ស្ថ​បុ​រៈ រីឯ​ព្រះបាទ​ជ័យវរ្ម័ន​វិញ ព្រះមហាក្សត្រ​អង្គ​នេះ ក៏បាន​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​ក៏បាន​ត​ពូជពង្សវង្សត្រកូល​ចេញពី​អតីតព្រះមហាក្សត្រ​ស្រេ​ស្ថ​វរ្ម័ន ដែលជា​ព្រះមហា​ធិ​រាជនៃ​ស្រេ​ស្ថ​បុ​រៈដែរ​។​
  4. ម្យ៉ាងវិញទៀត គឺ​សន្តតិវង្ស​នៃ​ព្រះ​រាជធានី​ស្រេ​ស្ថ​បុ​រៈ​នេះហើយ ដែល​ឲ្យ​កំណើត​ទៅ​ឲ្យ​ទេវ​កថា​វិទ្យា​នៃ​មហាឥសី​កម្ពុ ដែល​ខ្លឹមសារ​ត្រូវ​បានចែង​ក្នុង​សិលាចារឹក​បក្សី​ចាំ​ក្រុង​នៅក្នុង​ទីក្រុង​យ​សោធ​បុ​រៈ គឺ​អង្គរ​។ ជា​ព័ត៌មាន សូម​រំឭកថា ខ្លឹមសារ​នៃ​សិលាចារឹក​នេះ បាន​ពិពណ៌នា​ថា ព្រះរាជវង្សានុវង្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​សម័យអង្គរ គឺ​សុទ្ធសឹងតែ​បាន​ត​ពូជពង្សវង្សត្រកូល​ចេញពី​សន្តតិវង្ស​សូរ្យ​វង្ស ហើយ​ព្រះមហាក្សត្រ​នៃ​សន្តតិវង្ស បានកើត​ចេញពី​មហាឥសី​កម្ពុ ដែលមាន​ប្រភព​ចេញពី​ព្រះ​បាន​ស្រុ​ត្ថ​វរ្ម័ន ហើយ​ព្រះ​បាន​សេ​ស្ថ​វរ្ម័ន​ក៏​ត្រូវបាន​ប្រៀបធៀប​ទៅ​និង​ព្រះអាទិត្យ​នៅលើ​មេ​ឃា ដែលជា​គ្រួសារ​នៃ​ព្រះ​ស្រី​កម្ពុ​។​
  5. មានន័យថា ទីក្រុង​ស្រេ​ស្ថ​បុ​រៈ គឺជា​ប្រភព​កំណើត​នៃ​ព្រះរាជវង្សានុវង្ស​ខ្មែរ ដំបូងបង្អស់ ដូចដែល​ត្រូវបាន​គូសបញ្ជាក់​ដោយ សិលាចារឹក​ប្រាសាទបក្សីចាំក្រុង ហើយ​គុណបំណាច់​ដ៏​មហា​ធំធេង​នៃ​សន្តតិវង្ស​នេះ គឺ​បាន​ងើប​បំរះ​ចង្វាក់​នៃ​សួយ​សា​អាករ ពោលគឺ ការត្រួតត្រា​របស់​ហ្វូ​-​ណន​។ នេះ​ក៏​ស​ឲ្យ​ឃើញថា ព្រះបាទ​ស្រុត​វរ្ម័ន និង​ព្រះបាទ​ស្រេ​ស្ថ​វរ្ម័ន គឺជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូងបង្អស់​នៃ​អាណាចក្រ​ចេនឡា​ដែល​ដើមឡើយ​ស្ថិតក្នុង​ព្រំប្រទល់​នៃ​ហ្វូ​-​ណន ពោលគឺ ទទួល​ស្វយ័តភាព សុវត្ថិភាព ហើយ ដែល​វត្តមាន​ត្រូវបាន​គូសបញ្ជាក់​ដោយ​កលប្ប​ប្រវត្តិ​ចិន​យ៉ាង​ជាក់ច្បាស់​។ 
  6. ​ប្រភព​ឯកសារ​ចិន​បាន​ឲ្យ​ដឹងថា អាណាចក្រ​ចេនឡា​បាន​បើក​ការវាយលុក​ហ្វូ​-​ណន ពី​ទិស​ខាងជើង ពោល​គឹ តំបន់​ប្រាសាទ ព្រោះថា អាណាចក្រ​នេះ​ស្ថិតនៅ​ខាងជើង​នៃ​ហ្វូ​-​ណន ឬ​នគរ​ភ្នំ ពោលគឺ​នៅ​ចម្ប៉ា​សាក់​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​។ ភាពត្រឹមត្រូវ​នៃ​ទស្សនៈ​នេះ ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​សិលាចារឹក​របស់​ព្រះអង្គម្ចាស់​ចិត្រ​សេនា (​ចិត្រ​សេនា​) ឬ​ព្រះបាទ​ភ​វ​វរ្ម័ន ដែល​គេ​បាន​រកឃើញ​នៅតាម​បណ្តោយ​នៃ​ដង​ទន្លេ​មេគ្គ នៅ​វត្ត​ភូ នៅ​ភ្នំ​លៈខោន​, ថ្ម​គ្រែ​, ស្ទឹងត្រែង​, ក្រចេះ និង​ជ្រោយ​អំពិល​ជាដើម នៅ​វាល​កន្ទេល ហើយ​ថ្មីៗ​នេះ នៅ​គៀនស្វាយ​
  7. តំបន់​ប្រាសាទ​គឺជា​ទឹកដី​កម្ពុ​យ៉ាង​ប្រាកដ ហើយ​នេះ​ជា​អ្វីមួយ​ដែល​កវី​បាន​ចារ​សិលាចារឹក​ភូមិ​បាន​ថា​ត បាន​រំឭក​ឲ្យ​ដឹង​ដោយ​បញ្ជាក់ថា ភ្នំ ភ​ទ្រេ​ស្វរៈ ឬ​វត្ត​ភូ ស្ថិត​នៅទីនេះ​ក្នុងប្រទេស​កម្ពុ (​ក​ម្វុ​)​។ ព្រះបាទ​ភ​វ​វរ្ម័នទី​១ ព្រះអង្គម្ចាស់​ចិត្រ​សេនា ដែល​ក្រោយពី​រៀន​រាជា​ពិសេស​ត​ពី​ព្រះបាទ​ភ​វ​វរ្ម័នទី​១ ហើយ​បាន​ក្លាយទៅជា​ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន ហើយ​បាន​សោយរាជ្យ​បន្ត​ពី​ស្តេច​អង្គ​នេះ ដែល​បាន​ត​ពូជពង្សវង្សត្រកូល​ពី​ព្រះមហាក្សត្រ​នៃ​ហ្វូ​-​ណន ដែល​បាន​បន្សល់ទុក​នូវ​មូលនិធិ​សាសនា​ដ៏​ច្រើន​លើសលុប នៅក្នុង​ភូមិភាគ​ខាងត្បូង ដែលជា​មជ្ឈមណ្ឌល​នយោបាយ​របស់​ហ្វូ​-​ណន ដូច​នៅ​សម្បូរ​ព្រៃ​គុក និង ហាន់ជ័យ (Cf. ប្រាសាទជ្រៃ​, ប្រាសាទ​ហាន់ជ័យ​), ក្រចេះ (​ភ្នំ​សុ​ណ៌​កាលី​) និង ស្ទឹងត្រែង​ជាដើម ដែល​ដើមឡើយ​ជា​ទឹកដី​របស់​ហ្វូ​-​ណន ធ្វើឡើង​សម្រាប់​ផ្សះផ្សា​ជាតិ ហើយ​ព្រះបាទ​ជ័យ​វរ្ម័នទី​២ មុន​ការបង្រួបបង្រួម​ប្រទេស​កម្ពុជា​ជាថ្មី​ម្តងទៀត ដែល​ត្រូវបាន​បាក់បែក​នៅ​ស​.​វ​ទី ៨ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​២ (​ពី​រស​.​វ​ក្រោយ​)​។ ដោយ​ព្រះអង្គ​បាន​តាំង​ព្រះ​រាជ្យ​ធានី​របស់​ទ្រង់​នៅ​ខាងជើង​នៃ​ទន្លេសាប ឆ្ងាយ​ពី​វ្យា​ធ​បុ​រៈ ឬ​អង្គ​បុរី អតីត​រាជធានី​ហ្វូ​-​ណន​។​
  8.  ​គឺ​ព្រះមហាក្សត្រ​អង្គ​នេះហើយ ដែល​បានប្រកាសថា ព្រះអង្គ គឺជា​ព្រះមហាក្សត្រ​នៃ​ជនជាតិខ្មែរ​ទាំងអស់ ដែលជា​បុត្រ​របស់​មហាឥសី​កម្ពុ ហើយ​ព្រះអង្គ ជា​អ្នកទទួល​កេរ្តិ៍តំណែល​ស្របច្បាប់​នៃ​សន្តតិវង្ស​សូរ្យ​វង្ស​។ ក្នុង​រាជ្យ​របស់​ទ្រង់​នេះ ហើយ ដែល​ឈ្មោះ​នៃ​ប្រទេស​កម្ពុជា​ត្រូវបាន​កត់ត្រា​ទុកជា​លើកដំបូង​បង្អស់ តាមរយៈ​សិលាចារឹក​ចាម ដែល​ពណ៌នា​ថា ទ្រង់​ជា​ឆ្នាំ កិត្តិយស​នៃ​ពូជ​សូរ​វង្ស​នៃ​ស្រី​កម្ពុ (​ឥសី​កម្ពុ​) ហើយ​ព្រះអង្គ​គឺជា​ព្រះមហាក្សត្រ​ស្តេច​ទាំងឡាយ​នៃ​កម្ពុជា (​កម្ពុជ​រាជេន្ទ្រ​) ហើយ​ព្រះរាជ​នី​ទីមួយ​របស់​ព្រះអង្គ​មាន​ព្រះនាម​ថា ប្រាណ ដោយមាន​គោ​រម្យ​ងា​ថា កម្ពុជា​រា​ជល​ក្ម្សី​។ ម្យ៉ាងវិញទៀត ក្នុង​រាជ្យ​របស់​ព្រះបាទ​យ​សោ​វរ្ម័នទី​១ គោរមងារ​មួយចំនួន ដូចជា កម្ពុ​ជេ​ន្រ កម្ពុ​ជេ​ស្វរៈ កម្ពុជ​បុរី បាន​ប្រើ​ជា​ផ្លូវការ​។​

​    ​រួម​សេចក្តី​មក ការដែល​សិលាចារឹក​នៃ​ប្រាសាទបក្សីចាំក្រុង​បាន​ចាត់ទុកថា វង្ស​ព្រះមហាក្សត្រ​ខ្មែរ​ទាំងឡាយ ដែល​បាន​គ្រប់គ្រង​ទឹកដី​អង្គរ​សុទ្ធសឹងតែ​បាន​ត​ពូជពង្ស​ពី​អតីត​មហាក្សត្រ​បុ​រេ​អង្គរ ដែល​បាន​ចាប់​ពន្លក​នៅ​ស្រេ​ស្ថ​បុ​រៈ ក្នុង​តំបន់​ចម្ប៉ា​សាក់ គឺមាន​ភាពត្រឹមត្រូវ​យ៉ាងពិត​ប្រាកដ ពោលគឺ មិនមែនជា​រឿងនិទាន ដូចដែល​លោកគ្រូ ក្លូត ហ្ស័​ក​បានគិត​នោះទេ​៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment