Saturday, July 29, 2017

មូលហេតុ​​បារាំង​ដាក់​អាណានិគម​

មូលហេតុ​ដែល​បារាំង​ដាក់​អាណានិគម​លើ​ដែន​ដី​កម្ពុជា​ក្រោម (ភាគ​៩)
ដោយ យាង សុជាមេត្តា
ខ្មែរ | នាទី​ប្រចាំ​សប្ដាហ៍ | នាទី​​កម្ពុជាក្រោម

មូលហេតុ​ដែល​បារាំង​ដាក់​អាណានិគម​លើ​ដែន​ដី​កម្ពុជា​ក្រោម (ភាគ​៩)
ដោយ យាង សុជាមេត្តា
2014-04-03  អ៊ីម៉ែល មតិ ចែករំលែក បោះពុម្ព

នៅ​សប្ដាហ៍​នេះ លោក យាង សុជាមេត្តា នឹង​រៀប​រាប់​អំពី​ប្រវត្តិ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម បន្ត​ទៀត ដោយ​សូម​រាយការណ៍​ជូន​អំពី​មូលហេតុ​ផ្សេងៗ​ដែល​ជំរុញ​ឲ្យ​អាណានិគម​និយម​បារាំង មក​ចាប់​យក​ដែន​ដី​កម្ពុជា​ក្រោម ធ្វើ​ជា​ដែន​ដី​អាណានិគម​របស់​ខ្លួន​ដំបូង​បង្អស់​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍។


  1. បដិវត្តន៍​ឧស្សាហកម្ម​នៅ​ទ្វីប​អឺរ៉ុប នា​ចុង​សតវត្ស​ទី​១៨ គឺ​ជា​ចំណុច​របត់​ចាប់​ផ្ដើម​សំខាន់​បំផុត ដែល​បាន​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទ្វីប​មួយ​នេះ ដើម្បី​ស្វះស្វែង​រក​វត្ថុ​ធាតុ​ដើម​ពី​តំបន់​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក។ ក្នុង​ចំណោម​ជាតិ​សាសន៍​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ហើយ​ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​អាណានិគម​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ភូមិ​ភាគ​មួយ​នេះ រួម​មាន ជនជាតិ​អង់គ្លេស ជនជាតិ​ហូល្លង់ដ៍ ជនជាតិ​ព័រទុយហ្គាល់ ជនជាតិ​អេស្ប៉ាញ និង​ជនជាតិ​បារាំង។
  2. មុន​ការ​មក​ដល់​របស់​បារាំង លើ​ដែន​ដី​កម្ពុជា​ក្រោម ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប មួយ​ចំនួន​បាន​មក​បោះ​ទីតាំង​ធ្វើ​អាណានិគម​លើ​ប្រទេស​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ខ្លះ​មុន​រួច​ទៅ​ហើយ ដូច​ជា អង់គ្លេស មក​ធ្វើ​អាណានិគម​នៅ​ប្រទេស​ភូមា និង​ម៉ាឡេស៊ី ពួក​ហូល្លង់ដ៍ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ពួក​អេស្ប៉ាញ នៅ​ប្រទេស​ហ្វីលីពីន និង​ពួក​ព័រទុយហ្គាល់ នៅ​ទីម័រខាងកើត។ ចំណែក​បារាំង វិញ បារាំង គឺ​ជា​ក្រុម​មនុស្ស​មក​ពី​អឺរ៉ុប ចុង​ក្រោយ​បង្អស់​ដែល​បាន​មក​ចាប់​យក​ដែន​ដី​កម្ពុជា​ក្រោម ធ្វើ​ជា​អាណានិគម​របស់​ខ្លួន ហើយ​ពី​ដែន​ដី​សណ្ដ​ទន្លេ​មេគង្គ​មួយ​នេះ បារាំង បាន​ពង្រីក​អំណាច​របស់​ពួក​គេ​ទៅ​លើ​ប្រទេស​ផ្សេង​ទៀត ក្នុង​សហភាព​ឥណ្ឌូចិន។ រីឯ​ប្រទេស​ថៃ វិញ ថៃ គឺ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ដែល​មិន​ស្ថិត​នៅ​ក្រោម​អាណានិគម​នៃ​ប្រទេស​អឺរ៉ុប ណា​មួយ​ឡើយ។


ងាក​មក​មើល​ដែន​ដី​កម្ពុជា​ក្រោម វិញ តើ​អាច​មាន​កត្តា​អ្វី​ខ្លះ​ដែល​បាន​ជំរុញ​ឲ្យ​បារាំង ចាប់​អារម្មណ៍​ដែន​ដី​មួយ​នេះ?


  1. ១. កត្តា​ភូមិសាស្ត្រ ដូច​បាន​រៀប​រាប់​ខាង​ដើម​ហើយ​ថា មុន​ការ​មក​ដល់​របស់​បារាំង ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ មាន​ប្រទេស​អឺរ៉ុប ផ្សេង​ទៀត បាន​មក​បោះ​ទីតាំង​ក្នុង​តំបន់​នេះ​ខ្លះ​រួច​ទៅ​ហើយ។ ដោយ​មើល​ឃើញ​ថា ដែន​ដី​កម្ពុជា​ក្រោម នៅ​ពុំ​ទាន់​មាន​អាណានិគម​អឺរ៉ុប ណា​មួយ​មក​បោះ​ទីតាំង​នៅ​ឡើយ និង​ម្យ៉ាង​ទៀត ប្រហែល​ជា​បារាំង គិត​ថា ពួក​គេ​អាច​មាន​លទ្ធភាព​ច្រើន ដើម្បី​ដណ្ដើម​យក​ដែន​ដី​នេះ​មក​ដាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ដោយ​មិន​ចាំបាច់​ចំណាយ​កម្លាំង​ទ័ព​ច្រើន​ផង។ មួយ​វិញ​ទៀត កម្ពុជា​ក្រោម គឺ​ជា​ដែន​ដី​ដែល​ជាប់​នឹង​សមុទ្រ។ កត្តា​នេះ អាច​ធ្វើ​ឲ្យ​បារាំង ធ្វើ​ដំណើរ​បាន​ទូលំទូលាយ ដើម្បី​ទាក់ទង​ជាមួយ​តំបន់ ឬ​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដែល​នៅ​ក្បែរៗ​នោះ។ ជាក់ស្តែង ក្រោយ​ពី​បាន​គ្រប់គ្រង​កម្ពុជា​ក្រោម​ទាំង​ស្រុង​ហើយ នៅ​ឆ្នាំ​១៨៦៧ បារាំង បាន​ពង្រឹង​អំណាច​យោធា​របស់​ពួក​គេ​ពី​ទីនោះ និង​វាត​ទី​ទៅ​កាន់​កន្លែង​ផ្សេង​ទៀត​ក្នុង​ភូមិ​ភាគ​ឥណ្ឌូចិន។
  2. ២. កត្តា​នយោបាយ​នៅ​កម្ពុជា​ក្រោមៈ ស្ថានភាព​នយោបាយ​ចម្រូងចម្រាស​រវាង​ប្រទេស​កម្ពុជា និង​យួន​អណ្ណាម អំពី​ជោគ​វាសនា​អនាគត​នៃ​ដែន​ដី​កម្ពុជា​ក្រោម ក៏​ជា​កត្តា​មួយ​អាច​ឲ្យ​បារាំង មាន​ឱកាស​លូក​ដៃ​ចូល​កាន់​កាប់​តំបន់​មួយ​នេះ។ ជា​ការ​ពិត​ណាស់ មុន​ការ​មក​ដល់​របស់​បារាំង ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​អង្គឌួង បាន​ទាមទារ​ម្តង​ហើយ​ម្តង​ទៀត​នូវ​ទឹក​ដី​ដែល​ត្រូវ​ប្រទេស​អណ្ណាម ឈ្លាន​ពាន​យក។ ព្រះអង្គ​ថែម​ទាំង​បាន​ផ្ញើ​ព្រះរាជសារ​ទៅ​ថ្វាយ​អធិរាជ​បារាំង ចំនួន ២​លើក ដើម្បី​ទៅ​ពឹងពាក់​បារាំង ហើយ​ដែល​ក្នុង​ព្រះរាជសារ​ទី​២​របស់​ព្រះអង្គ ព្រះអង្គ​ថែម​ទាំង​បាន​រៀប​រាប់​ពី​ប្រវត្តិ​នៃ​ការ​បាត់​បង់​ទឹក​ដី​ទាំង​នោះ​ឲ្យ​បារាំង បាន​យល់​ទៀត​ផង។ ប្រហែល​ជា​ដោយសារ​ស្ថានភាព​ចម្រូងចម្រាស និង​ភាព​មិន​ច្បាស់​លាស់​នេះ​ហើយ ហើយ​ស្រប​ពេល​ដែល​ស្ដេច​យួន​អណ្ណាម ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អឺរ៉ុប ផង​នោះ បារាំង ក៏​ឆក់​យក​ឱកាស​នេះ ដើម្បី​លើក​ទ័ព​វាយ​ដណ្ដើម​យក​កម្ពុជា​ក្រោម តែ​ម្តង។
  3. ៣. ខ្មែរ​ក្រោម​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​បារាំង ខុស​ពី​ប្រជាជន​អណ្ណាម ដែល​ព្រួយ​បារម្ភ​ចំពោះ​វត្តមាន​របស់​បារាំង នៅ​លើ​ដែន​ដី​កម្ពុជា​ក្រោម ពលរដ្ឋ​ខ្មែរ​ក្រោម​បែរ​ជា​អបអរ​សាទរ​ចំពោះ​វត្តមាន​របស់​បារាំង នៅ​ទីនោះ​ទៅ​វិញ។ នរណា​ក៏​អាច​ដឹង​ដែរ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​តាំង​ពី​ដើម​មក មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ឈ្លាន​ពាន​របស់​យួន​អណ្ណាម និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​ពួក​នេះ ចំពោះ​ពលរដ្ឋ​ខ្មែរ ពួក​គេ​ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​មាន​វត្តមាន​របស់​បារាំង ដែល​គេ​ចាត់​ទុក​ថា មាន​កម្លាំង​ខ្លាំង​ជាង​យួន នៅ​លើ​ទឹក​ដី​កំណើត​របស់​ពួក​គេ។ ប្រការ​នេះ វា​មិន​ខុស​ទៅ​នឹង​ការ​ចូល​រួម​របស់​ខ្មែរ​ក្រោម​ជាមួយ​កងទ័ព​អាមេរិកាំង ដើម្បី​វាយ​ប្រហារ​ទៅ​លើ​កងទ័ព​កុម្មុយនីស្ត​យួន​ខាង​ជើង ក្នុង​សម័យ​សង្គ្រាម​នៅ​វៀតណាម នោះ​ឡើយ។
  4. ៤. បញ្ចៀស​ជម្លោះ​ជាមួយ​ប្រទេស​អឺរ៉ុប ដូច​គ្នា កត្តា​មួយ​ទៀត​ដែល​បាន​ជំរុញ​ឲ្យ​បារាំង មក​ចាប់​យក​ដែន​ដី​កម្ពុជា​ក្រោម នោះ គឺ​ដើម្បី​បញ្ចៀស​ជម្លោះ​រវាង​ពួក​អាណានិគម​បារាំង ដែល​ជា​អ្នក​ចំណូល​ថ្មី​ជាមួយ​មហា​អំណាច​អឺរ៉ុប ផ្សេង​ទៀត ដែល​កំពុង​តែ​ស្វែង​រក​ផល​ប្រយោជន៍​ផ្សេងៗ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ដូច​គ្នា។ ប្រការ​នេះ ជំរុញ​ឲ្យ​ពួក​អាណានិគម​បារាំង ស្វែង​រក​ទឹក​ដី​ដែល​នៅ​ទំនេរ​ពី​ការ​កាន់​កាប់​របស់​ពួក​អាណានិគម ដែល​បាន​មក​ដល់​មុន ហើយ​តាម​មើល​ទៅ ដែន​ដី​កម្ពុជា​ក្រោម គឺ​ជា​ជម្រើស​ល្អ​បំផុត​មួយ​សម្រាប់​ពួក​គេ។ លើស​ពី​នេះ បារាំង អាច​គិត​ថា ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​តំបន់​ដែល​មាន​សុវត្ថិភាព​ពី​ការ​វាយ​ប្រហារ​ផ្សេងៗ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ជាពិសេស​ពី​សំណាក់​អាណានិគម​អង់គ្លេស ដែល​កំពុង​ឈរ​ជើង​នៅ​ប្រទេស​ភូមា ហើយ​ដែល​នៅ​ជាប់​នឹង​ព្រំ​ប្រទល់​នៃ​សហភាព​ឥណ្ឌូចិន នា​ពេល​ក្រោយ​មក។ លើស​ពី​នេះ ដែន​ដី​កម្ពុជា​ក្រោម មាន​ប្រទេស​កម្ពុជា ជា​តំបន់​ទ្រនាប់ ឬ​ជា​រនាំង​ពី​ការ​វាយ​ប្រហារ​មក​ពី​ទិស​ខាង​លិច​ផង​ដែរ។
  5. ៥. កត្តា​សេដ្ឋកិច្ច និង​កិត្យានុភាព​ជាតិ​បារាំង កត្តា​ចម្បង​បំផុត​សម្រាប់​វត្តមាន​របស់​បារាំង នៅ​ដែន​ដី​កម្ពុជា​ក្រោម និយាយ​ដោយ​ឡែក និង​នៅ​ភូមិ​ភាគ​សហភាព​ឥណ្ឌូចិន និយាយ​ជា​រួម គឺ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​គេ​អាច​ទាញ​យក​បាន​ពី​តំបន់​ទាំងអស់​នេះ ជាពិសេស ដើម្បី​ស្វែង​រក​វត្ថុ​ធាតុ​ដើម​ដែល​មាន​តម្លៃ​ថោក និង​ស្វែង​រក​ទីផ្សារ​សម្រាប់​ផលិតផល​សម្រេច​របស់​ពួក​គេ។ អ្វី​ដែល​បារាំង ចង់​បាន​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នោះ គឺ​បង្កើត​ឲ្យ​បាន​មូលដ្ឋាន​មួយ​ដែល​នៅ​ជាប់​នឹង​សមុទ្រ តាម​បណ្តោយ​ឆ្នេរ​នៃ​ប្រទេស​វៀតណាម ហើយ​ពី​ទី​នោះ បារាំង អាច​ពង្រីក​វិសាលភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​នយោបាយ​របស់​ពួក​គេ​ដល់​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ចិន ថែម​ទៀត។ តាម​ពិត បារាំង នៅ​ពេល​នោះ​បាន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន រួច​ទៅ​ហើយ ហើយ​ការ​បោះ​ទីតាំង​របស់​ពួក​គេ​នៅ​លើ​ដែន​ដី​កម្ពុជា​ក្រោម រឹត​តែ​ជួយ​សម្រួល​ឲ្យ​ដំណើរ​ការ​ពាណិជ្ជកម្ម ប្រព្រឹត្ត​ទៅ​បាន​ល្អ​ថែម​ទៀត ដោយសារ​តែ​ដែន​ដី​មួយ​នេះ​បាន​ដើរ​តួនាទី​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់​សម្រាប់​បារាំង ក្នុង​ដំណាក់​កាល​ដំបូង​នៃ​អាណានិគម​និយម​របស់​ពួក​គេ។


បន្ថែម​ពី​លើ​កត្តា​សេដ្ឋកិច្ច​នេះ ការ​បោះ​ទីតាំង​របស់​បារាំង នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ដោយ​ផ្ដើម​ចេញ​ពី​ការ​កាន់​កាប់​ដែន​ដី​កម្ពុជា​ក្រោម ក៏​ជា​កត្តា​កិត្យានុភាព​ជាតិ​មួយ​របស់​បារាំង ដែល​មិន​អាច​ប្រកែក​បាន។ ដូច​គ្នា​ទៅ​នឹង​មហា​អំណាច​អឺរ៉ុប ផ្សេង​ទៀត ដែល​បាន​មក​បោះ​ទីតាំង​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​មុន​បារាំង ប្រទេស​បារាំង ក៏​ចង់​បង្ហាញ​ឥទ្ធិពល​នៃ​អរិយធម៌​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មួយ​នេះ​ដែរ។ ជាក់ស្តែង បារាំង បាន​បន្សល់​ទុក​នូវ​អរិយធម៌ អត្តសញ្ញាណ និង​របៀប​របប​របស់​ខ្លួន​មួយ​ចំនួន​ក្នុង​ទឹក​ដី​នៃ​អតីត​អាណានិគម​និយម​របស់​ខ្លួន រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ៕

No comments:

Post a Comment