ចម្លងចេញពីផស់គេមកទេ!! គេហាមមិនឲ្យចំលងដែរ តែខ្ញុំមកដឹងសុំអ្នកណា? សុំបែបម៉េច? អស់លុយអត់?....ខ្ញុំក៍មិនយកទៅលក់ដូរអីដែរ គ្រាន់តែទុកជាឯកសារ...
ភ្នំពេញ៖នៅក្នុងឆ្នាំ២០១៦ តាមការកត់សម្គាល់ កម្ពុជាបានជួបប្រទះ ព្រឹត្តិការណ៍ជាច្រើន ទាំងនយោបាយ សេដ្ឋកិច្ច សង្គម និង ទំនាក់ទំនងអន្តរជាតិ ។ ឆ្លៀតក្នុងឱកាសនេះយើងសូមរម្លឹកព្រឹត្តការណ៍ ទាំងនោះឡើងវិញដោយផ្ដើមដំបូងនិយាយពីទំនាក់ទំនង អន្តរជាតិជាមុនសិន ។
-លោក ចន ឃើរី រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី ២៥ ២៦ ខែមករាដើម្បី «ពង្រឹង» ទំនាក់ទំនងទ្វេភាគីផ្នែកសេដ្ឋកិច្ចដែលកំពុងកើនឡើង។ លោក ឃើរី បានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ពិភាក្សាពីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចប្រជុំកំពូលនាពេលខាងមុខក្នុងរដ្ឋ California នៅខែកុម្ភៈ ដែលប្រមុខរដ្ឋអាស៊ាន ទាំងដប់នឹងចូលរួម ។
លោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន និងលោករដ្ឋមន្រ្តីការបរទេស ហោ ណាំហុង ត្រូវធ្វើយ៉ាងណាឲ្យសេរីភាពនយោបាយកាន់តែល្អប្រសើរឡើងក្នុងប្រទេសកម្ពុជា។ លោក ឃើរី ក៏បានជួបឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងតំណាងសង្គមស៊ីវិលផងដែរ៕
-លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីអំឡុងខែមេសា រយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ។
លោក វ៉ាង យី បានសរសើរគោលជំហរកម្ពុជា ដែលគាំទ្រគោលជំហរចិនលើការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ក្នុងមួយឆ្នាំនេះលោក វ៉ាង យី បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជាចំនួនពីរលើក(ថ្ងៃ២១-២២មេសានិង៨កក្កដា )៕
-ប្រធានាធិបតីស៊ីជីនពីង នៃសាធារណរដ្ឋប្រជាមានិតចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី១៣-១៤ខែតុលាឆ្នាំ២០១៦ ។ ក្នុងឱកាសទស្សនកិច្ចប្រធានាធិបតីស៊ីជីនពីងបានចូលក្រាបបង្គំគាល់ព្រះករុណា សម្តេច ព្រះបាទ នរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជា និងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដាច់ដោយឡែកពីគ្នា។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនគ្នាយ៉ាងលម្អិតធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិនស្ថិតក្នុងកាលៈទេសៈថ្មី និងលើបញ្ហាដែលជាផលប្រយោជន៍ទៅវិញទៅមកក្នុងក្របខណ្ឌតំបន់និងអន្តរជាតិក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាលនិងបានឈានទៅរកការព្រមព្រៀងជាឯកច្ឆ័ន្ទយ៉ាងច្រើន។ សូមបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ ចិនផ្ដល់ជំនួយ៦០០លានដុល្លារដល់កម្ពុជា។
-មុនមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន មកកម្ពុជារាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាប្រកាសជំហរគាំទ្រចិនលើបញ្ហាសមុទ្រចិនខាងត្បូង។ បញ្ហាសមុទ្រចិនខាងត្បូងនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុចិនជាភាសាខ្មែរ។
យើងសូមសង្ខេបខ្លឹមសារនៃសម្ភាសន៍នោះ គឺប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ថា នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងកម្ពុជា-ចិនមានការរីកចំរើនគួរឲ្យកត់សម្កាល់ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានបន្តពង្រីកនិងធ្វើឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៣។ បន្ថែមពីលើនេះទៀតសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ហើយត្រូវបានរៀបចំប្រជុំជារៀងរាល់ឆ្នាំ។ រហូតមកដល់ពេលនេះកម្ពុជា ចិនបានរៀបចំប្រជុំចំនួនបីដងរួចមកហើយ ដោយទទួលបានជោគជ័យនិងលទ្ធផលគួរឲ្យកត់សម្គាល់។
-ដោយឡែកនៅខែកុម្ភៈចាប់ពីថ្ងៃទី១៦-១៨កុម្ភៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និង ប្រមុខរដ្ឋាភិបាលប្រទេសអាស៊ាន បានធ្វើដំណើទៅសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក។
-ក្នុងកិច្ចសម្ភាសន៍នោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន គឺជាទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការប្រពៃណី ប្រវត្តិសាស្រ្ត និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា ហុចផលប្រយោជន៍ឲ្យគ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក៕
-ទាក់ទងសំណុំរឿងនយោបាយវិញផ្ដើមចេញ ពីការបែកធ្លាយសំឡេងខ្សែរអាត់សន្ទនារវាងឯកឧត្តម កឹម សុខា និង កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលចោទប្រកាន់ថា ជានារីកំណាន់ ឯកឧត្តម កឹម សុខា ។ ដោយសារតែបញ្ហានេះឯកឧត្តម កឹម សុខា បានរងបណ្ដឹងជាបន្តបន្ទាប់រហូតដល់ឃុំខ្លួនឯងនៅទីស្នាក់បក្សដើម្បីឲ្យមានដំណោះស្រាយសម្រាប់រូបឯកឧត្តម ។ សម្រាប់ឯកឧត្តម កឹម សុខា និងគណបក្សសង្គ្រោះជាតិថា រឿងក្ដីក្ដាំទាំងនេះ គឺរឿងនយោបាយ។ នៅថ្ងៃទី៩ ខែកញ្ញា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឯកឧត្តម កឹម សុខា ដាក់ពន្ធនាគាររយៈពេល ៥ខែ និងពិន័យថវិកាចំនួន ៨សែនរៀល។ក្រោមបទចោទបដិសេធមិនចូលខ្លួនទៅតុលាការក្នុងនាមជាសាក្សីនេះ។
សំណុំរឿងបន្តកន្ទុយគ្នាដែរ ឯកឧត្តម កឹម សុខា ត្រូវបានស្រីមុំ និង អតីតសកម្មជនធ្លាប់គាំទ្រកញ្ញាធី សុវណ្ណថា ដាក់ពាក្យបណ្ដឹង ។ កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យប្តឹងចង់ឲ្យសមត្ថកិច្ចស្រាវជ្រាវពីសំឡេងសន្ទនាស្នេហាដែលត្រូវគេអះអាងថា ជាការសន្ទនារវាងឯកឧត្តម កឹម សុខា និងកញ្ញាស្រីមុំ ដោយថា ចំណែកមួយនៃការសន្ទនាមានលក្ខណៈបរិហាកេរ្តិ៍ឈ្មោះនាង។
បន្ទាប់មកសមាគមការពារសិទ្ធិមនុស្សអាដហុក ក៏បានប្រកាសឈប់ផ្តល់មេធាវីការពារសម្រាប់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយថា មានទំនាក់ទំនងសេ្នហាជាមួយឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។
ការសម្រេចឈប់ផ្តល់មេធាវីនេះ ធ្វើឡើងក្រោយពេលដែលកញ្ញាស្រីមុំ អមដោយមេធាវីរបស់សមាគមអាដហុក អ្នកស្រី ទី្រ ឈូន បានទៅតុលាការ ដោយបានឆ្លើយទទួលស្គាល់នៅចំពោះមុខព្រះរាជអាជ្ញាថាមានទំនាក់ទំនងជាមួយឯកឧត្តម កឹម សុខា និងថាធ្លាប់បានទៅទីក្រុងបាងកក ប្រទេសថៃទៀតផង។
ក្រោយពីការសាកសួរកញ្ញាស្រីមុំ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ មួយដោយបញ្ជាក់តាមចម្លើយរបស់កញ្ញាស្រីមុំ ឯកឧត្តម កឹម សុខា បានណែនាំនាង មិនឲ្យនិ យាយការពិតពីទំនាក់ទំនងស្នេហាដែលត្រូវគេទម្លាយតាមខ្សែអាត់សំឡេង។
សំណុំរឿងស្រីមុំ និង ឯកឧត្តម កឹម សុខា នេះបានបណ្ដាលឲ្យមន្ត្រីអាហុកបួនរូប រួមនិងមន្ត្រីគ.ជ.ប កំពុងជាប់ពន្ធនាគាររហូតមកដល់បច្ចុប្បន្ននេះ ពីបទសូកប៉ាន់សាក្សី។ ពួកគេទាំងនោះរួមមាន៖ លោក ណៃ វ៉ង់ដា , លោក យី សុខសាន្ត , លោកស្រី លឹម មុន្នី , លោក នី សុខា និង លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ។
-បន្ទាប់មកក៏មានព័ត៌មានលេចលឺស្ដីពីការចាប់ខ្លួន ឯកឧត្តម កឹម សុខា ប៉ុន្តែព័ត៌មាននេះត្រូវបានច្រានចោលដោយក្រសួងមហាផ្ទៃឲ្យដឹងថា ស្ថាប័ននេះមិនមានគម្រោងចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា នោះទេ ដោយអះអាងថា តំណាងរាស្ត្ររូបនោះមានអភ័យឯកសិទ្ធិសភា។ ជាបន្តបន្ទាប់គណបក្សសង្គ្រោះជាតិក៏បានព្រមានធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួន។
-គណបក្សសង្គ្រោះជាតិបានស្វែងរកការចរចាជាបន្តបន្ទាប់ឈានដល់ការអង្វករតាមរយៈលោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ(CNRP) បានថ្លែងអង្វរករដល់គណបក្សប្រជាជនកម្ពុជា សូមមេត្ដាជួបចរចា ជាមួយបក្សរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានយោបាយ កុំឲ្យឈានដល់ការធ្វើមហាបាតុកម្មទូទាំងប្រទេស។ លោក យឹម សុវណ្ណ បានថ្លែងក្នុងពិធីជួបជុំជាមួយក្រុមយុវជននាថ្ងៃទី១៨ ខែកញ្ញា ថា គណបក្សសង្រ្គោះជាតិ សូមអង្វរដល់ គណបក្សប្រជាជនកម្ពុជា មេត្ដាជួយដោះស្រាយបញ្ហានយោបាយ ដើម្បីកុំឲ្យមានបញ្ហាណាមួ យកើតឡើង ។
-សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ បានប្រកាសថា នឹងមិនចរចាជាមួយ គណបក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែសម្ដេចចង់ឃើញ សមាជិកសភាមកពីគណបក្សដែលមានអាសនៈ ក្នុងរដ្ឋសភាចាប់ដៃគ្នា ជជែកគ្នាដើម្បីស្វែងរកការយោគយល់គ្នាឈានទៅដោះស្រាយបញ្ហានានា ។
សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា "កន្លែងតែមួយគត់ដើម្បីនិយាយគ្នាគឺសភា ! អ្នកឯងដើរចោលសភាហើយ មានកន្លែងណាទៅជួបគ្នា កន្លែងមានមិនទៅធ្វើទេ ដើរចោលជួនកាលអាកន្លែងសភាហ្នឹង វាមានប្រយោជន៍របស់វាដែរ គេមិនណាត់គ្នាមុនតែ ក៏ប៉ុន្តែគេដើរទៅដល់ចាប់ដៃ ចាប់ដៃហើយនិយាយពីរបីមាត់អី និយាយរឿងនេះរឿងនោះ ទៅវារាលដាលដល់រឿងអីចឹង ទៅវាអាចបង្កើតការយោគ យល់គ្នាខ្លះក៏ប៉ុន្តែឥឡូវបើ មិនចរចាធ្វើបាតុកម្មអញ្ជើញទៅប្រាប់ឲ្យច្បាស់ៗឲ្យហើយ" ។
-បន្ទាប់មកនៅថ្ងៃទី៤តុលា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ៍ ទី ៤ ខែតុលា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំរបស់ខ្លួន ដោយមានវត្តមានសមាជិកសភា នៃគណបក្សទាំងពីរ និងដឹកនាំអង្គប្រជុំដោយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ប៉ុន្តែផ្ទុយមកវិញនៅថ្ងៃទី៧តុលា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានធ្វើពហិកាកិច្ចប្រជុំសភាលើកទី៧នីតិកាលទី៥ ដោយអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោកយឹម សុវណ្ណ បានថ្លែងថា មូលហេតុដែលក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មិនចូលប្រជុំសភា ដោយសារតែមានការគំរាមកំហែង មកលើក្រុមតំណាងរាស្រ្តរបស់បក្សខ្លួន។
-ប៉ុន្តែយ៉ាងណាក៏ដោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជ បន្ទូលថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងរដ្ឋសភា និងរាជរដ្ឋាភិបាល បានធានាឲ្យមាន ស្ថិរភាពនយោបាយ និង សង្គម ជាមួយនឹងការគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវ ។
ព្រះរាជសារលើកឡើងទៀតថា ព្រះអង្គអំពាវនាវដល់ប្រជារាស្រ្តទាំងអស់ ទាំងក្នុង និងក្រៅប្រទេសប្រកាន់ខ្ជាប់នូវ គោលការណ៍សាមគ្គីភាពដើម្បីរួបរួមគ្នា សំដៅកសាង និងការពារជាតិ និងសមិទ្ធផលសង្គម៕
-យើងនៅមិនទាន់ណាឆ្ងាយពីសំណុំរឿងនយោបាយនោះទេ សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យបញ្ឈប់បទឈប់បាញ់ពាក្យសម្ដីនៅថ្ងៃភ្ជុំបិណ្ឌ។ ទន្ទឹមនេះឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ បានបង្ហាញការគោរពនិងរក្សាបទឈប់បាញ់ នៅក្នុងរដូវបុណ្យភ្ជុំបិណ្យ តបតាមការអំពាវនាវរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងជាប្រមុខបក្សកាន់អំណាច។
-ប៉ុន្តែយ៉ាងណាក៏ដោយមុនមានការអំពាវនាវនេះ តំណាងរាស្ត្រគណបក្សសសង្គ្រោះជាតិលោក ញយ ចំរើន បានទៅសហរដ្ឋអាមេរិកដើម្បីប្ដឹងសម្ដេចតេជោ ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត។ ករណីប្ដឹងផ្ដល់នេះ ក៏នាំឲ្យមានការបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅលើទឹកដីនៃប្រទេសអូស្ត្រាលីគ្រាដែលលោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅជួបជុំសមាជិកគណបក្សប្រជាជនកម្ពុជានៅទីនោះ។
-សំណុំរឿងប្រចាំឆ្នាំដែលយើងមិនអាចរំលងបាននោះ លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ក្រោមបទចោទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឲ្យមានការរើសអើងប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី ១០ ខែ មេសាឆ្នាំ ២០១៦ បន្ទាប់ពីលោកបានបង្ហោះសារផែនទីក្លែងក្លាយស្ដីពីព្រំដែន កម្ពុជា-វៀតណាម។
ការប្តឹងជំទាស់សុំនៅក្រៅឃុំរបស់លោក អ៊ុំ សំអាន បានធ្វើឡើងចំនួនបីដងរួចមកហើយ តែគ្រប់ការប្ដឹងជំទាស់សុទ្ធតែត្រូវបានបដិសេធ។ បន្ទាប់មកតុលាការកំពូលសម្រេចបិទផ្លូវតវ៉ា។ គណបក្សសង្គ្រោះជាតិ បានអះអាងថា មិនអាចទទួលយកបានទេ ព្រោះថាការបន្តឃុំខ្លួនតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភានេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ៕
-សំណុំរឿងកក្រើកប្រចាំឆ្នាំ២០១៦នេះ គឺឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្ដាលទីក្រុងនៅថ្ងៃទី១០កក្កដា ក្នុងស្ថានីយ៍ប្រេងឥន្ទនៈកាលតិចភ្លើងស្តុបបូកគោ។ ភ្លាមៗអាជ្ញាធរចាប់បានឃាតកបាញ់សម្លាប់ឈ្មោះ ជួប សម្លាប់។ ជួប សម្លាប់ បានសារភាពថា គាត់បាញ់សម្លាប់លោក កែម ឡី ដោយសារតែលោក កែម ឡី ជំពាក់លុយខ្លួន៣០០០ដុល្លារសហរដ្ឋអាមេរិក ហើយមិនព្រមសង។ ចម្លើយសារភាពនាំឲ្យមានការរិះគន់យ៉ាងខ្លាំងរហូតដល់អ្នកដែលស្រឡាញ់លោក កែម ឡី ថានេះជាឆាកល្ខោន។ ប៉ុន្តែយ៉ាងណាក៍ដោយ ជួប សម្លាប់ដែលមានឈ្មោះពិត អឿត អាង អាយុ ៤៤ ឆ្នាំត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយខុសច្បាប់បន្ទាប់ពីបាញ់សម្លាប់លោក កែម ឡី ជាមួយនឹងកំាភ្លើងខ្លីម៉ាក Glock៕
-ក្រៅពីរឿងនយោបាយ ឃាតកម្ម ទំនាក់ទំនងអន្តរជាតិ យើងសូមរម្លឹកករណីផ្សេងទៀតដែលទើបតែកើតឡើងនៅចុងឆ្នាំ២០១៦នេះវិញ។ វិបត្តិស្រូវធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មាននាំឲ្យកសិករនៅខេត្តបាត់ដំបងដឹកស្រូវចាក់ចោលដើម្បីឲ្យរាជរដ្ឋាភិបាលរកដំណោះស្រាយលើបញ្ហានេះ។ រាជរដ្ឋាភិបាលក៏បានទម្លាក់កញ្ចប់ថវិកា២លានដុល្លារ ដើម្បីទប់ទល់បញ្ហា។ បន្ថែមពីលើការទម្លាក់កញ្ចប់ថវិការាជរដ្ឋាភិបាលបានអំពាវនាវឲ្យកសិករជួយទិញស្រូវពីកសិករ
-មុនវិបត្តិស្រូវធ្លាក់ថ្លៃកម្ពុជា បានជួបគ្រោះរាំងស្ងួត មិនធ្លាប់មានពោលគឺ ១០០ឆ្នាំជួបម្ដង។
ក្រោយបញ្ហាអាកាសធាតុ ផុតរសាយទៅរាជរដ្ឋាភិបាលបានរៀបចំ ពិធីបុណ្យអុំទូកឡើងវិញ ពោលគឺនៅថ្ងៃទី១៣ដល់១៥វិច្ឆិកាកម្ពុជាបានប្រារព្ធ ពិធីបុណ្យអុំទូកឡើងវិញបន្ទាប់ពី អវត្តមានរយៈពេលបួនឆ្នាំ ក្រោមហេតុផលផ្សេងៗ។ ក្នុងនោះឆ្នាំ២០១១ ២០១២ ២០១៣ និង ២០១៥ ៕
-ប្រមុខរាជរដ្ឋាភិបាលជួបជាមួយអ្នកបរិស្ថាន ជាលើកដំបូងនឹងទទួលយកបញ្ហាមកដោះស្រាយ ។ ដោយមានការចូលរួមពីព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលមិនសំចៃ មាត់នៅក្នុងការរិះគន់រាជរដ្ឋាភិបាលនិងមន្ត្រីអង្គការសង្គមស៊ីវិលដទៃទៀត។ ក្នុងនោះសំណូមពរទាំង១៦ចំណុចរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន១៩អង្គការ ដែលបានស្នើសុំឲ្យមានការ ពន្លឿនដំណើរការក្នុងការទាមទារ ទទួលស្គាល់សហគមន៍ព្រៃឈើ, សហគមន៍នេសាទ, សហគមន៍តំបន់ការពារធម្មជាតិ, សហគមន៍តំបន់អេកូទេសចរណ៍ និងការចុះបញ្ជីដីកម្មសិទ្ធិ សមូហភាព សហគមន៍ជនជាតិដើមភាគតិច រួមជាមួយ នឹងការផ្ដល់ធនធានមនុស្ស បច្ចេកទេស សម្ភារៈ និងកញ្ចប់ថវិកាជាតិដល់សហគមន៍ទាំងនោះ ដើម្បីឲ្យពួកគាត់មានលទ្ធភាពក្នុងការគ្រប់គ្រងការពារនិងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅក្នុងតំបន់របស់ពួកគាត់ជាដើមនោះ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដោះស្រាយឲ្យបានតាមសំណូមពរស្ទើរតែទាំងអស់ ៕
-និយាយបញ្ហាប្រាក់ឈ្នួល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ កិច្ចប្រជុំត្រីភាគីបានបោះឆ្នោតសម្រេច យកតួលេខ ១៤៨ដុល្លារ និងការអន្តរាគមន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំនួន៥ដុល្លារបន្ថែមទៀត ធ្វើឲ្យប្រាក់ឈ្នួលគោល សម្រាប់កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ និងស្បែកជើង ទទួលបាន១៥៣ដុល្លារ សម្រាប់ឆ្នាំ២០១៧។ យោងតាមលោក សៀង សម្បត្តិ ប្រធានសហសហព័ន្ធ សហជីពមិត្តភាពកម្មករ បានឲ្យដឹងថា ការបោះឆ្នោតនៅថ្ងៃនេះ តួលេខ ១៤៨ដុល្លាររបស់ក្រសួងការងារ សម្រាប់ប្រាក់ឈ្នួលគោល សម្រាប់កម្មករ-កម្មការិនីវិស័យកាត់ដេរនិងស្បែកជើង ត្រូវបានឈ្នះ បូករួមអន្តរាគមន៍ពី សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឲ្យប្រាក់ឈ្នួលកម្មករលើវិស័យនេះ ទទួលបាន ១៥៣ ដុល្លារ សម្រាប់ឆ្នាំ២០១៧ ដោយចាប់ផ្តើមអនុវត្តពីខែមករា តទៅ៕
-បង្វែអារម្មណ៍មកលើការចុះឈ្មោះបោះឆ្នោតវិញម្តង នៅថ្ងៃទី១កញ្ញា គ.ជ.ប បានប្រកាសចុឈ្មោះបោះឆ្នោតថ្មីដែលមានរយៈពេលបីខែរហូតដល់ខែវិច្ឆិកា។ ការចុះឈ្មោះឆ្នោតធ្វើឡើងក្រោមជំនួយបច្ចេកទេសរបស់ប្រទេសជប៉ុន និងសហភាពអឺរ៉ុប។ បើតាមគ.ជ.ប មានពលរដ្ឋខ្មែរគ្រប់អាយុចុះឈ្មោះមានចំនួន៨លាននាក់។
គិតត្រឹមថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៦ មានគណបក្សនយោបាយចំនួន១០ដែលមានអ្នកសង្កេតការណ៍ជាង ១៣,៦៥៤នាក់ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អនុញ្ញាតដើម្បីចូលរួមសង្កេតការណ៍ ដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ ចំនួន១៦៣៣ ទូទាំងប្រទេស ។ ក្នុងចំណោមគណបក្សនយោបាយចំនួន១០មានគណបក្ស៤ដែលបានដាក់អ្នកសង្កេតការណ៍ច្រើនជាងគេគឺ ទី១,គណបក្សប្រជាជនកម្ពុជា ,ទី២គណបក្សសង្រ្គោះជាតិ ,ទី៣គណបក្សហ្វ៊ុនស៊ិនប៉ិច ,និងទី៤គណបក្សខ្មែររួបរួមជាតិ៕
បញ្ហាសេដ្ឋកិច្ច នៅថ្ងៃទី០៥ ខែតុលា ធនាគារពិភពលោក បានប៉ានស្មានថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៦កើនដល់ ៧% ដោយសារការនាំចេញសម្លៀកបំពាក់ខ្លាំងក្លា និងសកម្មភាពសាងសង់នៅតែមាន។ បើតាមរបាយការណ៍ របស់ធនាគារពិភពលោក ការនាំចេញសម្លៀកបំពាក់កម្ពុជា កើនឡើង ១០.៥% បើគិតជាទឹកប្រាក់ ធៀបនឹងឆ្នាំមុន រយៈពេលដូចគ្នា មានត្រឹម ៧.៨%។ បន្ថែមពីនេះទៀត ចំណូលចិត្តវិនិយោគិន ក្នុងវិស័យសំណង់ មានទឹកប្រាក់កើនឡើង ដល់ ៦.៨ពាន់លានដុល្លារអាមេរិក ធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះដែរ ការប្រមូលចំណូលរបស់រដ្ឋាភិបាលកម្ពុជា បានកើនដល់ ១៨.៥% នៃ ផលិតផលក្នុងស្រុកសរុប ឆ្នាំ២០១៥ ធៀបនឹង ១៨.១% នៅឆ្នាំ២០១៤។
ធនាគារពិភពលោក ក៏បានបន្តព្យាករណ៍ទុកថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងពីរឆ្នាំខាងមុខនឹងមានកំណើនត្រឹម ៦.៩% ដែលជម្រុញដោយសារការនាំចេញ សំណង់ និងការចំណាយរបស់រាជរដ្ឋាភិបាល។ ទោះបីជាយ៉ាងនេះក្តី ភាពមិនប្រាកដប្រជាទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ការថយចុះនៃកំណើនអត្រាការប្រាក់សហរដ្ឋអាមេរិក សម្ពាធនានាក្នុងតំបន់ និងកំណើនទាបនៅលើពិភពលោក អាចជាហានិភ័យ ដល់សេដ្ឋកិច្ចកម្ពុជា៕
-ដោយឡែកកាលពីពាក់កណ្ដាល ខែសីហាឆ្នាំ២០១៦ មានកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបជំហានដំបូង ស្ដីពីការអនុវត្តបន្តការងារគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា នាក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ សីហា។ របាយការណ៍ដែលចុះជំរឿនជាង១ឆ្នាំកន្លះ ចាប់ខែមីនា ២០១៥ ដល់ខែសីហា ២០១៦ បង្ហាញថា មានជនអន្តោប្រវេសន៍រស់ក្នុងប្រទេសកម្ពុជាជាង១៦ម៉ឺននាក់ (១៦០.៨៧២) ក្នុងនោះមានជនជាតិវៀតណាមជាង៩៥ភាគរយ ឬស្មើនឹងប្រមាណ ១៦ម៉ឺននាក់៕
-ទាក់ទងរឿងរ៉ាវក្ដីក្ដាំរបស់ឯកឧត្តម សម រង្ស៊ី វិញ កាលពីចុងខែតុលា រាជរដ្ឋាភិបាលកម្ពុជាហាមឃាត់ឯកឧត្តម សម រង្ស៊ី មិនឲ្យចូលស្រុក។ លិខិតដែលមានត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រីនោះ ត្រូវបានចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី២១ ខែតុលា។ លិខិតនោះ បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ៤សំខាន់ៗ គឺការតម្រូវឲ្យគ្រប់ក្រុមហ៊ុន អាកាសចរណ៍ទាំងអស់ ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិនត្រូវអនុញ្ញាតឲ្យឯកឧត្តម សម រង្ស៊ី ឡើងយន្តហោះមកកម្ពុជាទេ ហើយត្រូវផ្ដល់របាយការណ៍ទៀងទាត់ក្នុងករណីមានការទិញសំបុត្រយន្តហោះធ្វើដំណើរមកកម្ពុជា។
បន្ថែមពីនេះ ករណីធ្វើដំណើរមកកាន់កម្ពុជា តាមរយៈយន្តហោះណាមួយ យន្តហោះនោះនឹងត្រូវបង្វែរឲ្យវិលត្រឡប់ទៅកាន់អាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឲ្យចុះចតនៅកម្ពុជាឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងករណីយន្តហោះណាដែលដឹកប្រធានបក្សប្រឆាំងនេះ ចុះចតដល់អាកាសយានដ្ឋានណាមួយនៅកម្ពុជា យន្តហោះនោះនឹងមិនត្រូវបានអនុញ្ញាតឲ្យភ្ញៀវចាកចេញពីយន្តហោះឡើយ និងត្រូវបញ្ជាឲ្យត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ។ និងចុងក្រោយ គឺក្នុងករណីដែលបុគ្គល សម រង្ស៊ី បានចាកចេញផុតពីយន្តហោះ នគរបាលអន្តោប្រវេសន៍ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឲ្យបុគ្គលនេះចូលកម្ពុជាបាន និងចាត់វិធានការ ផ្សេងទៀតតាមការចាំបាច់ ។
បន្ទាប់មកកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដែលជាអនុប្រធានផ្នែកកិច្ចការសាធារណៈ នៅក្នុងគណបក្សនេះ បានបន្តរិះគន់ចំពោះបំណងវិលត្រឡប់មកវិញរបស់ឯកឧត្តម សម រង្ស៊ីតា មរយៈគេហទំព័របណ្តាញទំនាក់ទំនងសង្គមទ្វីតធើ។ តាមរយៈកាសែតដេលី កញ្ញាបានរិះគន់មេបក្សខ្លួនថា “មានមនុស្សមើលទូរទស្សន៍ច្រើនណាស់នៅពេលទំនេរប្រសិនបើលោកគោរពទស្សនិកជន យ៉ាងហោចណាស់លោកគួរតែធ្វើឲ្យការភូតកុហករបស់លោកមើលទៅគួរទុកចិត្តបានផង”។
-ដោយឡែកទាក់ទងរឿងការបោះឆ្នោតនៅអាមេរិក នៅថ្ងៃទី៨វិច្ឆិកាវិញ សម្រាប់កម្ពុជា បានធ្វើឲ្យមានការភ្ញាក់ខ្លាំងសម្រាប់អ្នកនយោបាយខ្មែរ។ សម្ដេចតេជោ ហ៊ុន សែន ម្ដងជាពីរដងបានគាំទ្របេក្ខភាពប្រធានាធិបតីអាមេរិក គឺលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណៈរដ្ឋ។ នៅទីបំផុតលោក ដូណាល ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកដូចការចង់បានរបស់សម្ដេចតេជោមែន ។ ភ្លាមៗក្រោយការជាប់ឆ្នោតសម្ដេចតេជោ ចូលរួមអបអរជាមួយ លោកត្រាំ និងបានប្រកាសធ្វើការជាមួយគ្នា។
ក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន បានសរសេរថា «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវក្តីអំណរសាទរអស់ពីដួងចិត្តជូនចំពោះឯកឧត្តម ក្នុងឱកាសដែលឯកឧត្តមត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក”។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជំហរកម្ពុជា និងប្រជាជនកម្ពុជាថា នៅតែប្តេជ្ញាចិត្តចូលរួមនៅក្នុងកិច្ចប្រឹងប្រែងជាមួយរដ្ឋាភិបាល និងប្រជាជនអាមេរិក ក្នុងការលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងនៅកម្រិតទ្វេភាគី និងពហុភាគី។
សម្តេចបញ្ជាក់ថា «ខ្ញុំរីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម មិនត្រឹម តែ អភិវឌ្ឍន៍ ទំនាក់ទំនងប្រទេសយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់បុព្វហេតុដ៏ធំធេង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជាតិទាំងអស់»។
សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបង្ហាញថា លោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋ បានឈ្នះលើសលុបទៅលើ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមកពីគណបក្សប្រជាធិបតេយ្យ។ លោក Donald Trump ទទួលបានការបោះឆ្នោតគាំទ្រច្រើនលើសពី៥០បូក១ ក្នុងចំណោមតំណាងរដ្ឋសរុប ៥៣៨សំឡេង ខណៈដែល លោកស្រី Hillary ទទួលបានត្រឹមតែ ២១៨សំឡេងប៉ុណ្ណោះ។
-ក្រៅពីប្រមុខរាជរដ្ឋាភិបាលគណបក្សប្រឆាំងនៅកម្ពុជាក៏បានផ្ញើសារអបអរលោក ដូណាល់ ត្រាំ ផងដែរ។ ការប្រកាសគាំទ្រ និង អបអរសាទរដល់ជ័យជំនះលោក ដូណាល់ ត្រាំ របស់ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានធ្វើឡើងភ្លាមៗបន្ទាប់ពី លទ្ធផលបោះឆ្នោតជ្រើសរើស ប្រធានាធិបតី សហរដ្ឋអាមេរិក ត្រូវបានប្រកាសថា លោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋ បានឈ្នះលើសលុបទៅលើ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមកពីគណបក្សប្រជាធិបតេយ្យ។ លោក Donald Trump ទទួលបានសន្លឹកឆ្នោតមិនតិចជាង ៣០០ ក្នុងចំណោមតំណាងរដ្ឋសរុប ៥៣៨សំឡេង ខណៈដែល លោកស្រី Hillary ទទួលបានត្រឹមតែ ២១៨សំឡេងប៉ុណ្ណោះ។
ឯកឧត្តម កឹម សុខា បានសរសេរ នៅលើទំព័រ Facebook ថា «ខ្ញុំសូមអបអរសាទរចំពោះជ័យជំនះដ៏ធំធេងរបស់គណបក្សសាធារណរដ្ឋនៅសហរដ្ឋអាមេរិក ដែលឈ្នះទាំងក្នុងរដ្ឋសភា ទាំងក្នុងព្រឹទ្ធសភា ជាពិសេសជ័យជំនះរបស់លោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី ស.រ.អា ទី ៤៥ នេះ»។
ឯកឧត្តមបន្ថែមថា «មុននេះបន្តិចលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យបានប្រកាសទទួល ស្គាល់ជ័យជំនះរបស់ លោកត្រាំ ហើយ។ ខ្ញុំជឿជាក់ថា គោលនយោបាយរបស់គណបក្សសាធារណរដ្ឋ ដែលឲ្យតម្លៃទៅលើសិទ្ធិ សេរីភាពរបស់មនុស្ស ជាពិសេសដែលខ្ញុំផ្ទាល់ធ្លាប់បានទទួលនូវកិច្ចសហប្រតិបត្តិការ តាំងពីខ្ញុំនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារហូតមកនោះ ប្រាកដជានឹងបន្តឲ្យកាន់តែកក់ក្តៅ និងរឹងមាំថែមទៀតជាមិនខានសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ សេរីភាពនៅប្រទេសកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ»។
-ផ្ទុយពីជំហរគណបក្ស ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានខេមបូឌាដេលី ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែ វិច្ឆិកា បានហៅលោក ដូណាល់ ត្រាំ ថាមិនមែនជាអ្នកប្រជាធិបតេយ្យហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយ។ឯកឧត្តម សម រង្ស៊ី ថែមទាំងបានលើកឡើងទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុត ចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ៕
-នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ លោក ប៉ែន សុវណ្ណ ដែលជាសមាជិករដ្ឋសភា និងជាអតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ បានទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាព៌ាធនៅគេហដ្ឋានរបស់សព ទីរួមខេត្តតាកែវ។ ក្រោយមរណភាពលោក ប៉ែន សុវណ្ណ គណបក្សសង្គ្រោះជាតិសម្រេចជ្រើសេរើសលោកវេជ្ជបណ្ឌិត សួន រីដា ជាតំណាងរាស្រ្តប្រចាំខេត្តកំពង់ស្ពឺ៕
-នៅថ្ងៃទី១៧ វិច្ឆិកា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ បានប្រកាសសាលក្រមផ្តន្ទាទោស អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ ៦ខែ និងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១០០រៀល។ ក្រោយពេលប្រកាសសាលក្រម លោក អ៊ី ថាវរៈ ក៏បានសម្រេច បង្គាប់ឲ្យសមត្ថកិច្ចមន្រ្តីនគរបាលយុត្តិធម៌ តាមចាប់ខ្លួនអ្នកស្រី ថាក់ ឡានី មកអនុវត្តទោសក្នុងពន្ធនាគារផងដែរដែលបានចោទសម្តេចតេជោ ហ៊ុន សែន ជាអ្នកបញ្ជាសម្លាប់លោកកែម ឡី។
សូមបញ្ជាក់ថា កាលពីថ្ងៃទីសវនាការ កាលពីថ្ងៃទី២ ខែវិច្ឆិកា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើសេចក្ដីសន្និដ្ឋាន តម្កល់បទចោទប្រកាន់លើអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ទុកជាបានការដដែល និង ស្នើតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់។ ក្នុងសវនាការនោះ សាក្សីជាច្រើននាក់ បញ្ជាក់ដូចគ្នាថា អ្នកស្រី ថាក់ ឡានី ពិតជាបាននិយាយចោទប្រកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី ថា ជាអ្នកនៅពីក្រោយខ្នង នៃការសម្លាប់លោកបណ្ឌិត កែម ឡី ពិតប្រាកដមែន ពោលគឺមិនមែនជាសំឡេងកាត់ត ដូចការអះអាងរបស់អ្នកស្រី ថាក់ ឡានី នោះឡើយ ៕
-ដោយឡែក អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ បានបរាជ័យ ក្នុងការស្នើសុំ នៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីលោក ងួន រតនា ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសភាស៊ើបសួរ សាលាឧទ្ធរណ៍ សម្រេចបដិសេធសំណើនេះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ អ្នកស្រី ទេព វន្នី ជាប់ចោទពីបទហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៩៥៦ ចុះថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៣។
គួររំលឹកថា សកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី បន្តជាប់ឃុំក្នុងពន្ធនាគារ ខណៈដៃគូ គឺ អ្នកស្រី បូវ សោភា ត្រូវបានដោះលែង ឲ្យមានសេរីភាពឡើងវិញ។
លោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ សីហា សម្រេចកែប្រែបទចោទប្រកាន់ លើស្ត្រីបឹងកក់ពីរនាក់ ពីបទ " ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ " ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាចលនាបដិវត្តន៍ពណ៌ មកជាបទ " ប្រមាថ " វិញ។
តុលាការសម្រេចផ្ដន្ទាទោស ស្ត្រីបឹងកក់ទាំងពីរនាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ៦ថ្ងៃ និងពិន័យជាប្រាក់៨ម៉ឺនរៀល ពីបទ " ប្រមាថ " តាមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។ ក្រោយការសម្រេចនេះ អ្នកស្រី បូវ សោភា ត្រូវបានដោះលែង ឲ្យមានសេរីភាពឡើងវិញ កាលពីយប់ថ្ងៃទី២២ សីហា។
ទោះបីយ៉ាងណា ឈ្មោះ ទេព វន្នី ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយនៅមានពីរករណី ផ្សេងទៀត នៅស្ថាប័នតុលាការ ដូចជាករណីទី១ បទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងករណីទីពីរ បទល្មើសប្រមាថអ្នករាជការសាធារណៈ និង បទប្រឆាំងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស ជាដើម៕
-កម្ពុជាស្នើឲ្យ UN ដកការិយាល័យខ្លួនចេញ៖ ក្រសួងការបរទសខ្មែរដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានស្នើអង្គការសហប្រជាជាតិ(UN) ដកការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅកម្ពុជាចេញពីកម្ពុជា ប៉ុន្តែការស្នើនេះ ត្រូវបានបក្សប្រឆាំង បក្សទើបកើតថ្មី អ្នកវិភាគ និងសង្គមស៊ីវិលមិនគាំទ្រ។
ក្រសួងការបទេសកម្ពុជា បានបញ្ជាក់ ពីជំហររបស់កម្ពុជា ដែលពាក់ព័ន្ធទៅនិងអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីប្រកាន់ខ្ជាប់នូវការ គោរពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដូចមានចែង នៅក្នុងរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៥ វិច្ឆិកានោះ ក្រសួងការបរទេស ទុកពេលឲ្យការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីឆ្លើយតបមក កាន់ក្រសួងវិញថា តើខ្លួនចង់បន្តការងារ នៅកម្ពុជាឬក៏អត់? តែបើការិយាល័យនៅតែ មិនឆ្លើយតបនោះក្រសួង នឹងបិទជាផ្លូវការណ៍ ព្រោះហួសកាល កំណត់នៃការបន្តកុងត្រា។
មុនក្រសួងការបរទេសចេញ សេចក្តីប្រកាសព័ត៌មាន ព្រមានទៅកាន់ការយាល័យ UN នៅកម្ពុជា នេះ បន្ទាប់ពីលោកស្រី វ៉ាន់ ហេលី មន្រ្តីជាន់ខ្ពស់ការិយាល័យ អង្គការសហប្រជាជាតិនៅកម្ពុជា បានស្នើឲ្យក្រសួងការបទេសកម្ពុជា បកស្រាយឲ្យបានច្បាប់ អំពីមូលហេតុដែល មិនឲ្យឯកឧត្តម សម រង្សី ចូលស្រុកវិញដើម្បីទទួលទោស ។ ក្រោយពីមានការ ស្នើសុំបែបនេះហើយ ក្រសួងក៏បានឆ្លើយ ទៅកាន់លោកស្រី វ៉ាន់ហេលីថា នេះជាការជ្រៀតជ្រែក ផ្ទៃក្នុងនយោបាយកម្ពុជា។
ក្នុងនោះ ទាំងបក្សប្រឆាំងនៅកម្ពុជា និងក្រុមអង្គការសង្គមស៊ីវិល ព្រមទាំងអ្នកវិភាគបានលើកឡើងស្រដៀងគ្នាថា ការស្នើឲ្យUNដកការិយាចេញនេះ នឹងធ្វើឲ្យកម្ពុជាខាតបង់ច្រើន ៕
-អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា សម្រេចដាក់ពន្ធនាគារ នួន ជា និង ខៀវ សំផន អស់មួយជីវិត៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាស សាលដីកាស្ថាពរ លើបណ្តឹងសាទុក្ខ ក្នុងសំណុំរឿង ០០២/០១ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន ដោយសម្រេច ដាក់គុកលោកទាំងពីរ អស់មួយជីវិត និងបិទផ្លូវតវ៉ាផងដែរ។ សំណុំរឿង០០២/០១ គឺជាការជំនុំជម្រះលើកទីមួយ នៃការជំនុំជម្រះយ៉ាងតិចពីរ ប្រឆាំងនឹង ខៀវ សំផន អតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ និង នួន ជា អតីតអនុលេខាបក្ស កុម្មុយនីស្តកម្ពុជា។
បទចោទនៅក្នុងសំណុំរឿង ០០២/០១ គឺផ្តោតលើបទឧក្រិដ្ឋប្រឆាំង នឹងមនុស្សជាតិ ដែលបានប្រព្រឹត្ត នៅក្នុងអំឡុងពេល ជម្លៀសនៅទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទី ដោយបង្ខំបន្តបន្ទាប់ ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់ អតីតមន្ត្រីរដ្ឋការសម័យ លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ នៅថ្ងៃទី ៧ ខែ សីហា ២០១៤ អង្គជំនុំជម្រះសាលាដំបូង រកឃើញថា ជនជាប់ចោទមានពិរុទ្ធភាព ពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារជនជាប់ចោទ ទាំងពីរអស់មួយជីវិត។
-កម្ពុជា-វៀតណាម រួមគ្នាធ្វើលិខិតស្នើ ទៅបារាំង សុំអ្នកឯកទេស ជួយធ្វើផែនទីពីខ្នាត ១/១០០ពាន់ មក១/៥០ពាន់វិញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឯកភាពគ្នា ធ្វើលិខិតទៅរដ្ឋាភិបាលបារាំង ស្នើសុំអ្នកឯកទេស មកជួយធ្វើផែនទី គឺផែនទីខ្នាត ១/១០០ពាន់ ទៅជាផែនទី ១/៥០ពាន់វិញ ។
ការព្រមព្រៀងគ្នានេះ បានធ្វើឡើង ក្នុងជំនួបទ្វេភាគីជាមួយ លោក ង្វៀន សួនហ៊្វុកនិងសម្តេចតេជោពិភាក្សាទៅលើការងារមួយចំនួន និងអំពីបញ្ហាព្រំដែន នៃប្រទេសទាំងពីរ ។
សម្តេចបញ្ជាក់ថា “ពាក់ព័ន្ធនឹងកិច្ចការព្រំដែន នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការធ្វើលិខិតរួមគ្នាស្នើទៅកាន់ប្រទេសបារាំង ដើម្បីស្នើសុំឲ្យអ្នកឯកទេសបារាំងមកជួយធ្វើផែនទី គឺផ្ទេរពីផែនទី ពីខ្នាត១លើ១០០ពាន់ មក១លើ៥០ពាន់វិញ ហើយសម្តេចតេជោ បានចាត់តាំង ឯកឧត្តម ឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស ពង្រាងឯកសារជាមួយភាគីវៀតណាម ដើម្បីរៀបចំលិខិតស្នាមផ្លូវការ” ។
ឯកឧត្ដម សម រង្ស៊ី គាំទ្រការចម្លងផែនទី ពីផែនទីខ្នាត១/១០០ពាន់ មកខ្នាត១/៥០ពាន់៖ ប្រធានគណបក្សសង្រ្គោះជាតិ ឯកឧត្ដម សម រង្ស៊ី បានបង្ហាញជំហរគាំទ្រ ចំពោះការចម្លងផែនទី ពីផែនទីខ្នាត១/១០០ពាន់ មកខ្នាត១/៥០ពាន់វិញ ដែលជាការផ្ដួចផ្ដើម ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន សួនហ៊្វុក ក្នុងអំឡុងពេលអញ្ជើញ ចូលរួមកិច្ច ប្រជុំកំពូលរវាងកម្ពុជា-ឡាវ-វៀតណាមលើកទី៩ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ នាខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ ទោះបីជាឯកឧត្តមគាំទ្រក៏ដោយ ប៉ុន្តែឯកឧត្តមអះអាងថា មិនចាំបាច់កែរដ្ឋធម្មនុញ្ញនោះទេ៕
-តំណាងរាស្រ្ត CNRP ចូលរួមប្រជុំសភាអនុម័តថវិកាជាតិ៖ សមាជិកសភាគណបក្សសង្រ្គោះជាតិ(CNRP) បានចូលប្រជុំពេញអង្គសភា ដើម្បីសួរដេញដោល លើសេចក្តីព្រាងច្បាប់ ថវិកាជាតិសម្រាប់ឆ្នាំ២០១៧ នៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ប៉ុន្តែអវត្តមាន ឯកឧត្តម កឹម សុខាប្រធានស្ដីទី។ ក្នុងកិច្ចប្រជុំមានតំណាងរាស្រ្តចូលរួម៣៩រូប ប៉ុន្តែសេចក្តីព្រាងច្បាប់ថវិកាជាតិគឺអត់មានអ្នកណាលើកដៃយល់ព្រមនោះទេ៕
-ព្រះមហាក្សត្រលើកលែងទោសដល់ ឯកឧត្តម កឹម សុខា៖ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានលើកលែងទោស ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ តាមការស្នើសុំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃសុក្រទី២ ខែធ្នូ ឆ្នាំ២០១៦។ ការទូលស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីឯកឧត្តម កឹម សុខា បានសរសេរលិខិតជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែធ្នូ ដើម្បីសុំឲ្យសម្តេចធ្វើអន្តរាគមន៍ទូលថ្វាយ ព្រះករុណា ដើម្បីសុំព្រះរាជទានលើកលែងទោស។
មុនឈានដល់ដំណាក់កាលលើកលែងទោសនេះ ឯកឧត្តម កឹម សុខា បានផ្ញើលិខិតមួយច្បាប់ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីជួយអន្តរាគមន៍ ទៅព្រះមហាក្សត្រ ប្រោសព្រះរាជទានលើកលែងទោស ។
លិខិតស្នើសុំអន្តរាគមន៍របស់ឯកឧត្តម កឹម សុខា ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងថា " ខ្ញុំសង្ឃឹមថា ករណីដែលចោទប្រកាន់មកលើរូបខ្ញុំ តាមផ្លូវតុលាការ សម្តេចប្រាកដ ជានឹងពិចារណា ដោយក្តីយោគយល់បំផុត ដើម្បីស្នើសុំព្រះមហាក្សត្រ ប្រោសព្រះរាជទានលើកលែងទោស។”
ឯកឧត្តម កឹម សុខា បានសរសរបន្តថា " ខ្ញុំមានជំនឿយ៉ាងមុតមាំថា សម្តេច នឹងពិចារណាក្នុងនាមមេដឹកនាំខ្មែរ ដើម្បងីបង្ហាញឲ្យប្រជាជាតិ បានឃើញថា យើងជាខ្មែរ ចេះដោះស្រាយបញ្ហាដោយខ្មែរ និងខ្មែរ និងបង្ហាញឲ្យពិភពលោក មើលឃើញថា អ្នកនយោបាយខ្មែរមានការអធ្យាស្រ័យ អត់ឨនឲ្យគ្នាទៅវិញទៅមក ស័ក្តិសមជាប្រជាជាតិដែលមានអរិយ្យធម៌ខ្ពង់ខ្ពស់និងជាអ្នកកាន់ព្រះពុទ្ធសាសនា"។
បន្ទាប់មកសម្តេចតេជោ បានទូលថ្វាយព្រះមហាក្សត្រ សុំលើកលែងទោស ឯកឧត្តម កឹម សុខា នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦ សម្តេចតេជោបានទូលថ្វាយព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីស្នើសុំព្រះរាជតម្រិះលើសេចក្តីព្រាងព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។
យោងតាមលិខិតក្រាបបង្គំគាល់របស់សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា “ទូលបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមបរមរាជានុញ្ញាតិដ៏ខ្ពង់ខ្ពស់ ស្នើសូមព្រះករុណាថ្លៃវិសេស សូមទ្រង់ព្រះមេត្តាព្រះរាជទានលើកលែងទោស ឲ្យទណ្ឌិតឈ្មោះ កឹម សុខា ដែលត្រូវបានផ្តន្ទោទោសតាមអំណាចសាលាដីកាព្រហ្មទណ្ឌសា្ថពរលេខ ១៣០ “ក្រI. សវ” ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍ ដូចមានសេចក្តីព្រាងព្រះរាជក្រឹត្យទូលថ្វាយភ្ជាប់មកជាមួយនេះ”។
លិខិតដដែល បន្តទៀតថា “សេចក្តីដូចបានជម្រាបជូនខាងលើ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាសក្តារៈទ្រង់ព្រះរាជតម្រិះលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ដោយព្រះរាជហឫទ័យអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុត”៕
-គណបក្សសង្គ្រោះជាតិដាក់ឯកឧត្តមកឹម សុខាជាប្រធានក្រុមតំណាងរាស្រ្តមតិភាគតិចជំនួស ឯកឧត្តម សម រង្ស៊ី ៖ដើម្បីបង្កការងាយស្រួលក្នុងការចរចាជាមួយគណបក្សប្រជាជនកម្ពុជា អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ថា គណបក្ស បានដាក់លិខិតស្នើសុំប្រធានរដ្ឋសភា សម្តេច ហេង សំរិន ឲ្យមានប្រធានក្រុមតំណាងរាស្រ្តភាគតិចក្នុងរដ្ឋសភាគឺឯកឧត្តម កឹម សុខាជំនួសឯកឧត្តម សម រង្ស៊ី ប៉ុណ្ណោះមិនមែនជាការដោះដូរអ្វីនោះទេ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា មូលហេតុស្នើឲ្យមានប្រធានក្រុមមតិភាគតិចនេះ ដើម្បីឲ្យមានប្រធានក្រុម ធ្វើយ៉ាងណាស្រួលក្នុងការចរចាការងារជាមួយគណបក្សប្រជាជនកម្ពុជា។
លោកថា គឺមិនមែនដោះដូរអ្វីនោះទេ ព្រោះបទបញ្ជាផ្ទៃត្រង់ប្រការ៤៨ថ្មី៣មានចែងពីថ្នាក់ដឹកនាំតំណាងរាស្រ្តនៃគណបក្សនយោបាយ និងក្រុមដឹកនាំមតិភាគតិច។
សូមបញ្ជាក់ថា រដ្ឋសភាបានអនុម័តតែងតាំងប្រធានក្រុមតំណាងរាស្រ្តមតិភាគច្រើន និងមតិភាគតិចក្នុងរដ្ឋសភា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤។ ក្នុងនោះ ក្រុមដឹកនាំមតិភាគច្រើនក្នុងសភាមកពីគណបក្សប្រជាជនកម្ពុជា គឺសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាប្រធាន ចំណែកគណបក្សសង្រ្គោះជាតិគឺឯកឧត្តម សម រង្ស៊ីជាប្រធាន។
ទាក់ទងករណីនេះដែរ តាមរយៈ TWITTER ឯកឧត្តម សម រង្ស៊ី បានគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានក្លាយជាប្រធាននៃសមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិ សម្រាប់ចរចាជាមួយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ”។ ចំណែកឯកឧត្តមផ្ទាល់ជាសមភាគីចរចាជាមួយសម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា៕
-លោក មេឃុំ ស៊ាង ចែតមកពីគណបក្សសម រង្ស៊ី ព្រះមហាក្សត្រព្រះរាជទានលើកលែងទោស៖បន្ទាប់ពីឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ មានសេរីភាពចេញពីទីស្នាក់ការបក្សវិញ លោក មេឃុំ ស៊ាង ចែត ដែលជាប់ពាក់ព័ន្ធនឹងករណីឯកឧត្តម កឹម សុខា រឿងរ៉ាវស្នេហាជាមួយស្រី មុំ ក៏ត្រូវបានព្រះមហាក្សត្រលើកលែងទោសដូចគ្នានឹងឯកឧត្តម កឹម សុខា។ លោក មេឃុំ ស៊ាង ចែត បានថ្លែងអំណរព្រះគុណដល់ ព្រះមហាក្សត្រកម្ពុជា ក្រោយពីព្រះអង្គបាន ព្រះរាជទានលើកលែងទោស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ។ លោកក៏បានស្នើឲ្យ គណបក្សនយោបាយទាំងពីរ រួបរួមដោះស្រាយគ្នា ជៀសវាងការឈ្លោះទាស់ទែងគ្នាទៀត ធ្វើយ៉ាងណាដើម្បីឲ្យ ប្រទេសជាតិរីកចំរើន និងពលរដ្ឋមានសេចក្តីសុខ ។ ជាមួយគ្នានោះ លោកផ្ដាំផ្ញើទៅប្រធាន គណបក្សសង្រ្គោះជាតិ និងអនុប្រធានរួបរួមគ្នា ស្រឡាញ់គ្នា ទោះបីជាបានជួបប្រទះ បញ្ហាអ្វីនាពេលកន្លងមក ខណៈឯកឧត្តម សម រង្ស៊ី កំពុងនៅក្រៅប្រទេសក៏ដោយ ។
លោក ស៊ាង ចែត ត្រូវបានសមត្ថកិច្ចនៃអង្គភាព ប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុង លិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ។ ក្នុងលិខិតចំហរនោះ ស្រីមុំ បានចោទលោក ស៊ាង ចែត ថាបានយកលុយ៥០០ដុល្លារ ទៅឲ្យម្តាយរបស់នាង ដើម្បីឲ្យគាត់ជួយប្រាប់រូបនាង កុំឲ្យនិយាយការពិត ប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងរវាងនាង និងឯកឧត្តម កឹម សុខា ដែលសមត្ថកិច្ចសង្ស័យថា ជារឿងសញ្ចារកម្ម ៕
-ឯកឧត្តម កឹម សុខា ក្លាយជាដៃគូ សន្ទនា ជាមួយសម្ដេចតេជោ ហ៊ុន សែន ៖ក្រោយពីឯកឧត្តម កឹម សុខា បានឡើងជាប្រធានតំណាងរាស្រ្តមតិភាគតិចក្នុងរដ្ឋសភាមក នៅក្នុងសម័យប្រជុំពេញអង្គ លើកទី៧ នីតិកាលទី៥ នៃរដ្ឋសភា នៅថ្ងៃទី៧ ធ្នូ ឆ្នាំ ២០១៦សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាឯកឧត្តម កឹម សុខាក្លាយជាដៃគូសន្ទនាជាមួយសម្តេចតេជោ ជំនួសឯកឧត្តម សម រង្ស៊ី។
ក្នុងសម័យប្រជុំសម្តេចតេជោបានថ្លែងថា ប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភា ឯកឧត្តមកឹម សុខា ជាគូសន្ទនាជាមួយប្រមុខ រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិ ប្រធានក្រុមមតិភាគតិចមានឋានៈស្មើ នាយករដ្ឋមន្ត្រី។ សម្តេចបញ្ជាក់ថា ដូច្នេះពុំមានអ្វីកើតឡើងទេ តែគ្រាន់តែបញ្ជាក់ ជូនសាធារណមតិ ឲ្យបានច្បាស់ និងកុំមានការបកស្រាយខុសចំពោះឯកឧត្តម កឹម សុខាក្លាយជាដៃគូសន្ទនាជាមួយសម្តេច ហើយបញ្ឈប់ការនិយាយថា ប្រធានរដ្ឋសភាធ្វើមិនត្រឹមត្រូវ ។
សម្ដេចបានបន្ថែមថា” ខ្ញុំសូមអាន និងបកស្រាយឲ្យបានច្បាស់ ទៅលើមាត្រាទី៤៨ នៃបទបញ្ជាផ្ទៃក្នុង ត្រង់កថាខណ្ឌមួយនិយាយថា ប្រធានក្រុម តំណាងរាស្ត្រនៃអ្នកនយោបាយក្រៅរដ្ឋាភិបាល ដែលមានអាសនៈនៅក្នុងរដ្ឋសភាចាប់ពី ២៥ភាគរយឡើងទៅ មានឈ្មោះហៅថាប្រធានក្រុមភាគតិចនៅរដ្ឋសភា ។
ប្រធានក្រុមមតិភាគតិច ជាគូសន្ទនាជាមួយប្រមុខ រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិ ប្រធានក្រុមមតិភាគតិចមានឋានៈស្មើ នាយករដ្ឋមន្ត្រី នៅទីនេះ អត្ថបទនេះបានបញ្ជាក់ច្បាស់ថា លុះត្រាតែមនុស្សនោះ បានតែងតាំងធ្វើជាប្រធាន ក្រុមតំណាងរាស្ត្រសិន ទើបមានសិទ្ធិធ្វើជាប្រធានក្រុមសម្លេងភាគតិចអីចឹងទេ ឆ្លងការតាមការតែងតាំងនេះ នៅក្នុងមាត្រាទី៤៨នេះ មិនតម្រូវឲ្យមានមនុស្ស ២នាក់ កាន់ដំណែងពីរម្នាក់ឯង ប្រធានក្រុមភាគតិចមួយម្នាក់និងប្រធាន ក្រុមតំណាង រាស្ត្រម្នាក់នោះទេ “។
នៅក្នុងសម័យប្រជុំសភា ឯកឧត្តម កឹម សុខា បានប្ដេជ្ញាចិត្តបន្តដោះស្រាយ បញ្ហានានាជារបៀបខ្មែរ និងខ្មែរដើម្បីផលប្រយោជន៍ជាតិ ជាមួយសម្ដេចតេជោ ហ៊ុន សែន ។ ឯកឧត្តមបន្តថា ទោះជាមានការតិះទានរិះគន់មកលើឯកឧត្តម និងគណបក្សទាំងមូលក៏ដោយ គឺឯកឧត្តមទទួលស្វាគមន៍យកជានិច្ច ដើម្បីស្ថាបនាឡើងវិញប្រកបដោយ សីលធម៌សេចក្ដីថ្លៃថ្នូរ ជៀសវាងការជេរប្រមាថ លាបពណ៌ដែលនាំឲ្យមានការបែកបាក់សង្គម ។
ព្រមជាមួយគ្នានេះ លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានថ្លែងថា EU រីករាយស្វាគមន៍ចំពោះ ការបន្តវប្បធម៌សន្ទនា រវាងគណបក្សនយោបាយធំៗ ទាំងពីរ ដែលបានធ្វើឲ្យស្ថានការណ៍នយោបាយ វិលទៅរកភាពប្រក្រតីវិញ។ ចំណែកឯកអគ្គរដ្ឋទូតអាមេរិក លោក Heidt បានថ្លែងថា អាមេរិក សូមស្វាគមន៍ការលើកលែងទោស របស់ព្រះមហាក្សត្រ ចំពោះឯកឧត្តម កឹម សុខា ដែលជាការបានអនុញ្ញាត ឲ្យឯកឧត្តម បន្តឡើងវិញ នូវការងារក្នុងរដ្ឋសភាជាតិ។
-ប្រធានាធិបតីហ្វីលីពីនបានមកទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ៖ លោក រ៉ូឌ្រីហ្គោ ឌូតឺតេប្រធានាធិបតីហ្វីលីពីន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៣-១៤ខែធ្នូ ក្រោយពីលោកឡើងកាន់ដំណែងអស់រយៈពេលជាច្រើនខែ តបតាមការអញ្ជើញពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
ព្រមជាមួយគ្នានេះ ភាគីទាំងពីកម្ពុជា-ហ្វីលីពីន បានចុះហត្ថលេខាកិច្ចព្រមព្រៀងជាមួយចំនួន៤ចំណុច ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងលោក ឌូតឺតេ។
ឯកសារទាំង៤ ដែលបានចុះហត្ថលេខានោះ រួមមាន៖ទី១-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន, ទី២-អនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ , ទី៣-អនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកីឡា និងទី៤-ការអនុវត្តកម្មវិធី កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍។ ក្នុងជំនួបជាមួយរាជរដ្ឋាភិបាល លោក ឌូតឺតេ បានផ្តល់អាហាររូបករណ៍៦០កន្លែង ដល់និស្សិតកម្ពុជា លើមុខជំនាញផ្សេងៗទៅសិក្សានៅហ្វីលីពីន។
ក្នុងជំនួបដដែលនោះ ប្រធានាធិបតីហ្វីលីពីន លោក Duterte ក៏បានលើកឡើងទៀតថា ម្តាយ និងពូរបស់លោក ក៏ធ្លាប់ទៅលេងប្រាសាទអង្គរវត្ត ហើយម្តាយលោក មានចំណាប់អារម្មណ៍ល្អណាស់ ពីអង្គរវត្តផងដែរ នេះបើតាមការឲ្យដឹង ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ ទាក់ទងទៅនឹងលោក ប៉ាក់ គីអៅ ស្តេចប្រដាល់ ពិភពលោកវិញ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា នៅពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខ លោក ប៉ាក់ គីអៅ នឹងមកចូលរួមផងដែរ។
លោកថា ព្រមជាមួយគ្នា នៅឆ្នាំក្រោយ ស្តេចប្រដាល់ពិភពលោករូបនេះ បានអះអាងថា នឹងមកលេងកម្ពុជាម្តងទៀត។ បើតាមរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ លោក ប៉ាក់ គីអៅ បានកោតសរសើរ វិស័យកីឡានៅកម្ពុជា ថាមានរីកចំរើន ជាពិសេស ផ្នែកកីឡាប្រដាល់តែម្តង។ លោក ប៉ាក់ គីអៅ ក៏បានសង្កត់ធ្ងន់ថា លោកនឹងជួយបង្ហាត់បង្រៀន និងបង្វឹកដល់កីឡាករកម្ពុជា លើផ្នែកកីឡាប្រដាល់នេះ។
អ្វីដែលចាប់អារម្មណ៍នោះភាគីទាំងពីរមិនបានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូងដែលកំពុងមានការខ្វែងគំនិតគ្នារវាងហ្វីលីពីននិងចិនមកពិភាក្សានោះទេ ព្រោះកម្ពុជាធ្លាប់បានអះអាងនាពេលកន្លងមកថា កម្ពុជារក្សាភាពអព្យាក្រឹត្យ ហើយស្នើឲ្យដោះស្រាយដោយសន្តិវិធី៕
-គណបក្សកាន់អំណាចរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០រយៈពេល២ថ្ងៃ៖ក្រោយពីបញ្ចប់សន្និបាតរយៈពេល២ថ្ងៃ(១៧-១៨ធ្នូ) នៅមជ្ឈមណ្ឌលមហាសន្និបាតកោះពេជ្រ ដោយមានការចូលពីសមាជិកជាង២ពាន់នាក់រួចមក គណបក្សបានចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃសន្និបាត។
យោងតាមសេចក្ដីប្រកាសលទ្ធផលសន្និបាត របស់គណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី១៨ធ្នូ បានឲ្យដឹងថា គណបក្សបន្តអនុវត្តផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ខាងមុខ ឲ្យសម្រេចបានជោគជ័យ ដើម្បីបម្រើប្រជាជន ក្នុងការជំរុញការអភិវឌ្ឍ ឃុំ-សង្កាត់ បន្តទៀត។ នៅក្នុងដំណើរការនេះ គណបក្សប្រជាជនកម្ពុជា នឹងគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ហើយចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាជ្ញាធរមានសមត្ថកិច្ច គ្រប់គណបក្សនយោបាយ និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងការពង្រឹង បរិយាកាសនយោបាយឲ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រឹត្យ និងប្រជាធិបតេយ្យ ដើម្បីធានាឲ្យការបោះឆ្នោត បានប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌" ។
ប្រភពដដែលបន្ថែមថា "ដំណើរការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ក្រោមការចាត់ចែង របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានប្រព្រឹត្តទៅ ដោយរលូនសម្រេចបាន លទ្ធផលយ៉ាងធំធេង ដែលទទួលបានការសាទរ និងកោតសរសើរ ពីសាធារណជនជាតិ -អន្តរជាតិ។ ដំណើរវិវត្តន៍ជាវិជ្ជមាននេះ បានបង្ហាញច្បាស់ថា លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជាកាន់តែ បានលើកកម្ពស់ហើយប្រជាជនកម្ពុជា បានអនុវត្តន៍នូវសិទ្ធិ និងករណីយកិច្ច របស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ក្នុងភាពជាម្ចាស់វាសនា របស់ប្រទេសជាតិ" ។
ការប្រកាសនេះ បានទទួលការស្វាគមន៍ និងគាំទ្រពីក្រុមគណបក្សប្រឆាំងនៅកម្ពុជា ខណៈ អ្នកវិភាគបានថ្លែងថា គណបក្សកាន់អំណាច ត្រូវបានឲ្យហើយពង្រឹងបន្ថែមទៀត ដើម្បីធានាដល់ស្ថិរភាព នយោបាយ ។
-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បំពេញទស្សនកិច្ចផ្លូវរដ្ឋ២ថ្ងៃនៅវៀតណាម៖នៅក្នុងការដំណើរបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី២០-២១ធ្នូ នោះសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានធ្វើការប្ដេជ្ញារួមគ្នា ស្វែងរកដំណោះស្រាយជាស្ថាពរ នូវកំណាត់ខ្សែព្រំដែន ដែលនៅសេសសល់ ដើម្បីបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីកសាងបន្ទាប់ព្រំដែននៃសន្តិភាព ស្ថេរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ភាគីទាំងពីរបានប្តេជ្ញាអនុវត្តយ៉ាងពេញលេញ នូវគោលការណ៍ ដែលមានចែង ក្នុងសេចក្តីប្រកាសរួមកម្ពុជា វៀតណាម ឆ្នាំ១៩៩៩ ឆ្នាំ២០០៥ ឆ្នាំ២០១១ ឆ្នាំ២០១៤ និងឆ្នាំ២០១៦ ដើម្បីគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងធានាថា មិនឱ្យមានកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគំរាមកំហែង សន្តិសុខប្រទេសមួយទៀត និងដោះស្រាយរាល់បញ្ហា ដែលកើតឡើងរវាងប្រទេសទាំងពីរ តាមរយៈការពិភាក្សាដោយសន្តិវិធី។ មេដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចប្រជុំកម្រិតខ្ពស់ ការទាក់ទងនិងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ និងជំរុញ ឱ្យមានការប្រាស្រ័យទាក់ទងគ្នា រវាងប្រជាជន និងប្រជាជន ជាពិសេសនៅតាម បណ្តាខេត្តជាប់ព្រំដែន។
ទន្ទឹមនឹងនេះ មេដឹកនាំទាំងពីរ បានឯកភាពធ្វើការជាមួយគ្នា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត របស់ប្រទេសទាំងពីរ ដើម្បីបង្កើនការយោគយល់គ្នា ទៅវិញទៅមក រវាងប្រជាជនទាំងពីរ ពិសេសរវាងយុវជនជំនាន់ក្រោយ។ ព្រមជាមួយគ្នានោះ កម្ពុជា បានឯកភាពគ្នាចំពោះជំហរ របស់ភាគីវៀតណាម ក្នុងការដោះស្រយបញ្ហាសមុទ្រិនខាងត្បូង ដោយសន្តិវិធី និងការអត់ត្មត់ខ្ពស់ជៀសវាងការគំរាមកំហែងណាមួយដែលនាំឲ្យមានអស្ថិរភាពក្នុងតំបន់។ "ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅសមុទ្រចិនខាងត្បូង ការដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធី ការអត់ធ្មត់ ការជៀសវាងការគំរាមកំហែង និងការប្រើប្រាស់កម្លាំង ស្របតាមគោលការណ៍ច្បាប់អន្តរជាតិដែលទទួលស្គាល់ជាសកល រួមមាន អនុសញ្ញាអង្គការ សហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS)"។ កម្ពុជា-វៀតណាម ក៏បានប្តេជ្ញាប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពីក្រមប្រតិបត្តិនៃបណ្តាភាគីក្នុងសមុទ្រចិនខាងត្បូង (DOC) និងការបញ្ចប់ឱ្យបានឆាប់នូវ ក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង (COC)៕
No comments:
Post a Comment