ជនជាតិចិន(ម៉ាកហ្គូ) ធ្លាប់បានមកបង្កើតនគរនៅក្នុងទឹកដីកម្ពុជាចន្លោះសតវត្សទី១៨
========================
លោក លោកស្រី មិត្តអ្នកអានជាទីមេត្រី !.
តើលោកអ្នក ធ្លាប់បានឮគេនិយាយតៗគ្នាថា ខ្មែរបានបាត់បង់ដែនសមុទ្រ ដោយសារយួនដែរ ឬទេ ?
តើយួនមានមូលដ្ឋានអ្វី មកអះអាងថា ខ្លួនធ្លាប់បានត្រួតត្រាតំបន់សមុទ្រក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះ ? អត្ថបទខាងក្រោម របស់ខ្ញុំបាទនេះ បង្ហាញអំពីព្រឹត្តិការណ៍ទាំងនោះ។
ជនជាតិចិនឯណោះទេ ដែលមកប៉ុនប៉ងបង្កើតនគរថ្មី នៅក្នុងដែនដីនគរខ្មែរ និងនៅតែព្យាយាមកសាងទីតាំងសាសនា របស់គេ រហូតដល់សព្វថ្ងៃ។
-ពាម គឺជាទីតាំងដីសណ្តនៅឈូងសមុទ្រ ព្រះសោទ័តរបស់ខ្មែរ ជាឈ្មោះស្រុកមួយ ដែលជាទីប្រជុំជនចំណុះឲ្យខេត្តក្រមួន-ស និងពេលខ្លះ ព្រះរាជាខ្មែរបានបង្កើតទៅជាអាណាខេត្ត”ពាមព្រះសោទ័ត” ហើយចៅ ហ្វាយខេត្តណាដែលមកកាន់កាប់ទីនេះ ត្រូវមាននាមថា “ឧកញ៉ារាជាសេដ្ឋី (....) ។
នៅក្នុងកំណាព្យសាស្ត្រាស្លឹករឹតវត្តទ្រៀល ដែលនិពន្ធដោយ ព្រះមហាបទុមបារមី ពេជ្ញ រៀបរាប់ពីការលាតសន្ធឹងរបស់ព្រែកជីកវិញតេ ក្នុងល្បះទី២៩៦ ក៏មានឈ្មោះថា”ពាមព្រះសោទ័ត”ដែរ។
ឯលោក អាដេម៉ាដ ឡឺគ្លែរ ថាជាទីប្រជុំជនខម ឬមឿងខម និងក្រោយមកហៅថា ហាទៀន។ រីឯពួកអាណ្ណាមហៅថា “ភួនថាញ់” ហើយវៀតណាមសព្វថ្ងៃ ហៅថា ខេត្តហាទៀង។
-ជាទីតាំងស្ថានីយ៍និយាមការនៃការកំណត់នីវ៉ូទឹកសមុទ្រ សម្រាប់អ្នកសិក្សាផ្នែកផែនទី និងសឹកសង្គ្រាម តាំងពីសម័យបារាំងគ្រប់គ្រង ហើយបន្តរហូតដល់បច្ចុប្បន្ន។
ខាងក្រោមនេះ ខ្ញុំបាទនឹងរៀបរាប់អំពីជនចំណាកស្រុកមកសុំសិទ្ធិជ្រកកោន ទៅជាការព្យាយាមចង់បង្កើតជានគរថ្មីនៅក្នុងទឹកដីកម្ពុជា របស់សែស្រឡាយចិនដែលគ្រប់គ្រងខេត្តពាម និងវាសនាទីរួមខេត្តនេះ ដោយយោងតាមឯកសារប្រវត្តិសាស្ត្រជាច្រើនដែលប្រមូលបាន។
យោងព្រះរាជពង្សាវតារមហាបុរសខ្មែរ បានបញ្ជាក់ថា នៅគ.ស.១៧០៦ ព្រះរាជឱង្ការព្រះស្រីធម្មរាជារាមាធិបតី ទ្រង់ឡើងសោយរាជ្យជាលើកទី២ នៅរាជធានីឧដុង្គឮជ័យ បន្តពីព្រះជ័យចេស្ដាអង្គស៊ូ ជាព្រះបិតា ដែលកាលណោះដាក់រាជ្យ ហើយទ្រង់គង់នៅជាឧបយោរាជវិញ។
ក្នុងរាជ្យទី២ របស់ព្រះអង្គនេះ ទ្រង់បញ្ជាឲ្យចៅហ្វាយស្រុកខេត្តពាម ឧកញ៉ារាជាសេដ្ឋី កៀរពួកលាវដែលនៅក្នុងស្រុកបាទី ឲ្យទៅនៅជ្រោយរាពណ៍(រាម) កំពង់សោម។ ប៉ុន្តែពួកលាវទាំងនោះដែលមានព្រះញាតិវង្សម្នាក់ឈ្មោះ សុគន្ធបទ បានសមគំនិតផង មិនព្រមទៅតាមបញ្ជា ក៏នាំគ្នាក្រោកបះបោរឡើង។ តែទីបំផុត ពួកលាវបះបោរទាំងនោះ ច្បាំងចាញ់ចៅហ្វាយស្រុកខេត្តពាម ដែលជាមេទ័ពរបស់ព្រះរាជា ហើយត្រូវបែកខ្ចាត់ខ្ចាយជាបីក្រុម។ គឺមួយក្រុមរត់ទៅរស់នៅព្រៃលើ មួយក្រុមទៀតរត់ទៅពឹងយួន និងមួយក្រុមទៀត រត់ទៅពឹងព្រះកែវហ្វាអង្គអឹម ដែលតាំងពីដាក់រាជ្យមកមិនសប្បាយព្រះទ័យ ដោយឃើញព្រះស្រីធម្មរាជារាមាធិបតី ជាប្អូនថ្លៃឡើងសោយរាជ្យជាលើកទី២ ហើយមានបំណងចង់វាយដណ្ដើមរាជ្យពីព្រះស្រីធម្មរាជារាមាធិបតី នោះផង។
ឆ្លៀតឱកាសដែលផ្ទៃក្នុងរបស់ខ្មែរនៅមានភាពច្របូកច្របល់ ចិនម្នាក់ឈ្មោះ “ម៉ាកគីវ” ឬ"ម៉ាកហ្គូ" ឯកសារខ្លះហៅថា"ម៉ាកហ្គូ" ដែលជាអតីតបក្សពួករបស់សន្ដតិវង្សមិញ/ម៉េង បានភៀសខ្លួនមកនៅប្រទេសខ្មែរភាគខាងក្រោម ហើយត្រូវបានព្រះរាជាខ្មែរតែងតាំងជាមន្ត្រី ឈរត្រួតត្រា និងទារថ្លៃភាស៊ីទូកសំពៅ ទុកថ្វាយព្រះរាជាខ្មែរ នៅតំបន់ឆ្នេរសមុទ្ររបស់ខ្មែរតាំងពីរាជ្យអងស៊ូ បានក្រឡាស់ចិត្តក្បត់ស្ដេចខ្មែរ ប្រែជាលើកដង្វាយទៅថ្វាយស្ដេចង្វៀន ប្រទេសយួន សុំចុះចូលខាងយួនវិញ។ ស្របបំណងស្ដេចយួន ដែលមានគំនិតទន្ទ្រានលេបទឹកដីខ្មែរផង ស្ដេចយួនក៏ឆ្លៀតជំរុញឲ្យប្រជារាស្ត្រយួន ចូលមកនៅទាំងបំពានក្នុងតំបន់ពាម ដែលស្ថិតក្រោមការត្រួតត្រារបស់ចិនឈ្មោះ ម៉ាកហ្គូ នោះជាច្រើន។ ចាប់ពីពេលនោះមក បើតាមឯកសារនោះបញ្ជាក់ថា ឆ្នាំ១៧០៧ នៃគ.ស ដីខ្មែរត្រង់ភូមិភាគពាម នោះបានក្លាយទៅជានគរចិនមួយ ដែលលែងចំណុះឲ្យព្រះរាជាខ្មែរទៀតហើយ។
បើយោងសៀវភៅប្រវត្តិសាស្ត្រកម្ពុជា របស់ អាដេម៉ា ឡឺក្លែរ បានសរសេរថា ម៉ាកហ្គូ កើតនៅក្នុងភូមិឡេក្វាត សង្កាត់ហៃគឿង ស្រុកឡយចៅ ខែត្រកង់តុង។ នៅពេលក្លាយជាអ្នកមាន ចិននេះ កើតគំនិតចង់ធ្វើឱ្យជីវិតខ្លួនកាន់តែប្រសើរ និងថ្កុំថ្កើងឡើង ក៏ទៅតាំងទី លំនៅឯពាម ប្រមែប្រមូលពួកចោរសមុទ្រ ជាតិចិន និងយួនជាច្រើននាក់ ព្រមទាំងពួកអាវាសែផេ្សងៗ ដែលរង់ចាំតែពេលបម្រើចៅហ្វាយខ្លាំងពូកែណាម្នាក់ ឱ្យមករស់នៅជាមួយខ្លួន។
ម៉ាកហ្គូ បានដណ្ដើមយកទីប្រជុំជនធំៗ ចំនួន៧ ដាក់មកក្នុងអំណាចរបស់ខ្លួន គឺ៖
១-ពាម ដែលក្រោយមកមានឈ្មោះថា ហាទៀង
២-កោះត្រល់ ដែលក្រោយមកមានឈ្មោះថា ភូកុក
៣-ស្រែអំបិល ហៅថា លួងកៃ
៤-កំពង់សោម ហៅថា វឿងធំ
៥-ក្រមួនស
៦-កំពត ហៅថា កានវត និង
៧-ទឹកខ្មៅ ហៅថា កាម៉ៅ នៅភាគខាងត្បូង។
ការប្រមូលបានទីប្រជុំជនទាំង៧ ដាក់មកក្នុងអំណាចរបស់ខ្លួន មានន័យថា អតីតមេចោរសមុទ្រនេះ បានបង្កើត«ក្សត្រប្រទេសមួយ» នៅលើទឹកដីកម្ពុជាតែម្តង។
ដើម្បីធានាអនាគតរបស់ខ្លួន ម៉ាកហ្គូ បានបញ្ជូនទូត ទៅចូលគាល់សេ្ដចអាណ្ណាម ទូលថាទឹកដីអាណាខេត្តភាគអាគេ្នយ៍នេះ ខ្លួនសូមលើកថ្វាយសេ្ដចអាណ្ណាម ហើយសុំការអនុញ្ញាតគ្រប់គ្រងជំនួស។
នៅ គ.ស.១៧១៥ សេ្ដចយួន បានចាត់តាំងលើក ម៉ាហ្គូ ជាអភិបាល ហើយជាឧត្ដមសេនីយ៍ លើទឹកដីមាត់ឈូងសមុទ្រព្រះសោទ័តទាំងមូល បើទោះបីសេ្ដចយួនដឹងថា ម៉ាកហ្គូ ម្នាក់នេះ គ្មានសិទ្ធិអ្វីបន្ដិចបន្ដួចសោះលើទឹកដីទាំងអស់នោះក៏ដោយ។ ព្រោះថា ទ័ពរបស់គេមិនដែលវាយដណ្ដើមបានម្ដងណាទេ ហើយក៏គ្មានការធ្វើសម្បទានឱ្យ ឬក៏មានការប្រទូសរ៉ាយអ្វីដែរ។ គឺដោយបែបនេះហើយដែល ម៉ាកហ្គូ បានក្លាយខ្លួនទៅជាមន្ដ្រីដ៏មហិមាម្នាក់។ តែ ក៏ជាមេចោរសមុទ្រដ៏សាហាវម្នាក់ សម្រាប់រាជវាំងក្រុងហ្វេ ក៏ដូចជារាជវាំងកម្ពុជា ផងដែរ។
នៅពេលដែលពួកសៀមចង់ដឹកនាំទ័ពមកចុះនៅខេត្តពាម ដើម្បីបន្ដដំណើរឡើងទៅវាយអ្នក អង្គអឹម ពួកសៀម បានមកជួប ឧបសគ្គមួយ គឺ ម៉ាកហ្គូ នេះឯង ដែលគាំទ្រសេ្ដចកំពុងសោយរាជ្យ (គឺអ្នក អង្គឯម) ហើយបានកេណ្ឌទ័ព ចេញពីពួកមនុស្សយង់ឃ្នង ចម្រុះជាតិសាសន៍ ត្រៀមប្រយុទ្ធរួចជាសេ្រច។ ម៉ាកហ្គូ បានវាយទ័ពជើងទឹកសៀម ដែលដឹកនាំដោយ ពញាកាសា និងតេជោ ឱ្យបរាជ័យ រត់បែកខ្ចាត់ខ្ចាយ ទាំងស្រុង។
រហូតមកដល់ គ.ស.១៧៣៦ ម៉ាកហ្គូ បានស្លាប់ក្នុងអាយុ ៧៨ឆ្នាំ នៅខេត្តពាម(ឯកសារយួនថាស្លាប់នៅកោះត្រល់ តែយកមកបញ្ចុះនៅខេត្តពាម)។
កូនប្រុសគាត់ឈ្មោះ ម៉ាកតុង បានឡើងកាន់អំណាចបន្តពីគាត់ មានឋានៈជាបេសកជនរបស់ព្រះចៅអធិរាជចិន ហើយមានសិទ្ធិបោះពុម្ពកាក់ស័ង្កសី។ គេនិយាយថា ម៉ាកតុង នេះបានកសាងផ្លូវជាច្រើន ហើយក៏បានជីកព្រែក ជីកប្រឡាយ ជាច្រើនផងដែរ តែអ្នកក្រោយៗ មិនបានថែរក្សាឱ្យល្អទេ។ គាត់បានឱ្យគេសាងសង់ផ្សារមួយ ហើយបានចាត់ឱ្យពង្រឹងប្រព័ន្ធការពារទីក្រុង ដែលឪពុករបស់គាត់បានសាងសង់ឡើងនៅត្រង់ច្រកចូលកំពង់ផែពាម។ ម៉ាកតុង ល្បីល្បាញពូកែ ខាងការការពារទីក្រុង ប្រឆាំងនឹងមេចោរសមុទ្រ ជាតិចិនឈ្មោះ ហួកញាន នៅក្នុងគ.ស.១៧៧០ និងប្រឆាំងអ្នកផ្សងពេ្រងចិនម្នាក់ទៀតឈ្មោះ ត្រាន់ថាយ ដែលត្រូវរ៉ូវគ្នា ជាមួយបងប្អូនជីដូនមួយគាត់២នាក់ ចង់ផ្តួលរំលំគាត់ ហើយក៏ធ្លាប់ប្រឆាំងនឹង ឧកញ៉ាខែ នៅខេត្តក្រមួន-ស ដោយសហការជាមួយជនជាតិម៉ាឡេម្នាក់ឈ្មោះ លីម៉ាលូ ដែលបានដឹកនាំកម្លាំង ១ពាន់នាក់ មកវាយប្រហារលើគាត់។
មានតែពួកសៀមទេ ដែលអាចដណ្ដើមយកខេត្តពាម បាននៅក្នុងឆ្នាំ១៧៧២ ក្រោយពីឡោមព័ទ្ធអស់ពេល៣ថ្ងៃ។ ប៉ុន្ដែ ម៉ាកតុង បានទទួលអំណាចគ្រប់គ្រងលើខេត្តពាម វិញនៅឆ្នាំ១៧៧៥ ក្រោយពីបានចុះសន្ធិសញ្ញាមួយ ជាមួយព្រះចៅ តាក់ ស៊ីន ស្តេចសៀម(១៧៦៩-៨២)។
នៅចុងឆ្នាំ១៧៧៩ ពេលដែលគាត់ធ្វើដំណើរទៅកាន់រាជធានីធនបុរីរបស់ព្រះចៅតាកស៊ីន ដើម្បីចូលគាល់សេ្ដចសៀម ម៉ាកតុង បានត្រូវសេ្ដចសៀមឃាត់មិនឱ្យវិលត្រលប់មកពាមវិញទេ។ សេ្ដចសៀមបានឱ្យគេកាត់ក កូនច្បងរបស់គាត់ ជាមួយនឹងរាជវង្សយួនម្នាក់ ដែលបានធ្វើដំណើរទៅជាមួយគ្នា និងបរិពារហែហម ៥០នាក់ទៀតផង។ ម៉ាកតុង ត្រូវគេធ្វើទារុណកម្មយ៉ាងខ្លាំង។
ដោយទ្រាំមើលទារុណកម្មនោះមិនបាន ជនជាតិសៀមម្នាក់ ក៏បានលួចប្រគល់ថ្នាំពុលឱ្យត្រកូលចិនបំបែករដ្ឋនេះ ផឹកសម្លាប់ខ្លួនតែម្តងទៅ នាឆ្នាំ១៧៨១ ដោយបានសន្យាថាជួយជីវិតកូនគេ ៣នាក់ និងចៅ ៤នាក់។
ក្នុងពេលដែល ម៉ាកតុង ជាប់ឃុំឃាំងនៅឯស្រុកសៀម កូនគាត់ឈ្មោះ ម៉ាក់ទឺសាញ បានឡើងកាន់អំណាចបន្តពីគាត់ នៅឯខេត្តពាម ហើយបានក្លាយខ្លួនជាអ្នកគាំទ្រសេ្ដច ង្វៀន ផាក់ អាញ់(Nguyễn Phúc Ánh) (ជារឿយៗហៅថា ង្វៀន អាញ់ = Nguyễn Ánh ) (ក្រោយមកហៅថា យ៉ាឡុង) យ៉ាងដាច់ខាតម្នាក់ ដែលកំពុងតស៊ូដណ្ដើមអំណាច ពីពួកតៃសឺននៅយួនកណ្តាល ឲ្យជ្រកកោនគេចខ្លួន នៅលើកោះត្រល់ រយៈពេលជិត៣០ឆ្នាំ។
ស្តេច យ៉ាឡុង នេះហើយ ដែលដែលក្រោយមកទៀត បញ្ជាឲ្យមានការជីកព្រែកវិញតេ ពីខេត្តមាត់ជ្រូកទៅខេត្តពាម បង្កសោកនាដកម្មដល់រាស្ត្រខ្មែរដែលមិនអាចបំភ្លេចបាន នាគ្រានោះ។
គ.ស. ១៧៩០ ក្រោយពី ម៉ាកទឺសាញ បានស្លាប់ទៅ ប្អូនប្រុសរបស់គាត់ឈ្មោះ ម៉ាក់កុងប៊ិញ បានឡើងកាន់អំណាចបន្ដ។ គឺ ម៉ាកកុងប៊ិញ នេះឯង ដែលបានទទួលសព ម៉ាក់តុង ពីសេ្ដចសៀម(ព្រះពុទ្ធយ៉តហ្វា ចូឡាលោក ហៅរាមាទី១) ដែលបានផ្ញើមកឱ្យ នៅក្នុងឆ្នាំដដែលនោះ។ ម៉ាក់កុងប៊ិញ បានរៀបចំបញ្ចុះសពជីតានៅលើភ្នំ ប៊ិញសឺន ក្បែរផ្នូររបស់ ម៉ាកហ្គូ ជាឪពុក។
បច្ចុប្បន្នសែស្រឡាយចិនបន្តក្រោយៗមក(អំឡុងទសវត្ស៨០) គេបាន សាងរូបសំណាក ម៉ាកហ្គូ មួយយ៉ាងធំ ប៉ែកខាងកើតស្ពានថ្ម ដែលមានភ្ជាប់រូបនៅខាងក្រោមអត្ថបទនេះ។
នៅក្នុង គ.ស.១៨០៩ ម៉ាក់កុងប៊ិញ ក៏បានស្លាប់ ដោយបន្សល់ទុកតែកូនតូចៗ មិនអាចកាន់អំណាចបន្ដពីគាត់បាន។ ក៏ប៉ុន្ដែ មកដល់ ឆ្នាំ១៨១៦ មានកូនប្រុសគាត់ម្នាក់ឈ្មោះ ម៉ាក់ឌិន បានឡើងធ្វើជាអ្នកគ្រប់គ្រងខេត្តពាម រួចជាចៅហ្វាយក្រុង នៅក្នុង គ.ស.១៨១៨។
នៅក្នុងរាជរបស់អធិរាជ យ៉ាឡុង (១៨០២-១៨២០) ស្តេចនេះមិនបានពង្វាតទឹកដីវៀតណាមមកដល់ពាមទេ ព្រោះដោយសារសាគុណដ៏ធំរបស់ ម៉ាតុង ដែលបានផ្តល់ទីតាំងលាក់ខ្លួនពីការកាប់សម្លាប់របស់ពួកតៃសឺន និងបានជួយច្បាំងយកទឹកដីវិញផងដែរ ទើបនៅគ.ស.១៨១៥ នៅពេលដែលស្តេច យ៉ាឡុង គូសព្រំដែន ដោយជីក”ព្រែកជីកវិញតេ”នោះ គេបានទុកពីកំពង់ផែពាមប្រហែលជាង ១០គីឡូម៉ែត្រ នៅប៉ែកខាងកើតផងដែរ។
បើតាមសៀវភៅប្រវត្តិសាស្ត្រមហាបុសខ្មែរ បណ្តាទំព័រចុងភាគទី៦ បានរៀបរាប់ថា៖ ខេត្តពាម ត្រូវបានខ្មែរដណ្តើមបានវិញនៅគ.ស.១៨៤០ គឺក្នុងអំឡុងឆ្នាំ ដែលយួនចាប់អ្នកអង្គម្ចាស់”ប៉ែន” យកទៅជ្រមុជទឹកនៅខេត្ត លង់ហោរ និងចាប់ក្សត្រអង្គ ម៉ី យកទៅក្រុងវ៉េបាត់ទៅហើយនោះ (អំឡុងឆ្នាំ១៨៤០ដល់៤១) ដែលប្រជារាស្ត្រខ្មែរនាំគ្នាធ្វើការបះបោរ ដេញកាប់យួន ស្ទើររាបពេញផ្ទៃប្រទេស ហើយដណ្តើមបានអាណាខេត្តនានាស្ទើរគ្រប់ទាំងអស់ ដោយនៅសល់តែបន្ទាយធំៗប៉ុណ្ណោះដែលមិនទាន់បំបែកបាន។ ពេលនោះកងទ័ពខ្មែរបានគ្រប់់គ្រងខេត្តពាមវិញ ហើយក្រោមក ព្រះអង្គដួង ទ្រង់បានចាត់តាំងឲ្យ“ឧកញ៉ារាជាសេដ្ឋី កែប” ធ្វើជាចៅហ្វាយខេត្តនៅទីនោះ។
បើយោងលើនិក្ខេបបទថ្នាក់បណ្ដិតរបស់លោក សារិន ឆាក នៅម្តុំទំព័រ១៨០ ដែលរៀបរាប់យ៉ាងពិស្តា នូវការរៀបចំអនុក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩១៤ បានបញ្ជាក់ថា មានព្រះរាជប្រកាសមួយចុះថ្ងៃទី១២ ខែមីនា ឆ្នាំ១៩០៤ របស់ព្រះបាទនរោត្តម ថា «នឹង”សង”ទៅកូសាំងស៊ីនវិញ នូវចម្រៀកដីដែលលាតសន្ធឹងចន្លោះពីខេត្តកំពតដល់ហាទៀន(ពាម) នូវឃុំសាគី(ឃុំទីរួមខេត្តពាម) និងភូមិកោះចន្លុះ ជាថ្នូរទៅនឹងចម្រៀកដីនៅមាត់ទន្លេកាកៃ រវាងខេត្តតៃនីញ និងខេត្តព្រៃវែង»។ វាគឺជាចម្រៀងដីដ៏តូចនៅប្របមាត់ទន្លកាកៃ បើប្រៀបធៀបជាមួយឃុំទាំងពីរនៅពាម វាមិនបានពាក់កណ្តាលឃុំមួយផង ហើយបារាំងយកមកធ្វើជាលេសឲ្យ"សង" ថាបានធ្វើអនុប្បទានមកឲ្យកម្ពុជាកន្លងមក។
ទឡ្ហីករណ៍នេះហើយ ដែលយើងឃើញព្រំប្រទល់ប្រទេសកម្ពុជាសព្វថ្ងៃ ឃ្វាងមកទិសខាងលិច ឆៀងចូលដីខ្មែរ ដោយព័ទ្ធយក ២ឃុំនេះឯង។
ដូច្នេះ ទីប្រជុំជននៅឈូងព្រះសោទ័ត ឬហៅថាអាណាខេត្តពាម របស់ខ្មែរ ដែលខ្មែរបានមកគ្រប់គ្រងវិញចំនួន ៧៤ឆ្នាំ(១៨៤០-១៩១៤) ក៏ត្រូវធ្លាក់ចូលដៃបារាំង បន្តទៅទៀត។ ក្រោយពីបារាំងប្រគល់ឲ្យស្តេច បាវដាយ នៅឆ្នាំ១៩៤៩ ដីនេះក៏ក្លាយជាដីរបស់វៀតណាមរហូតមក។
នៅឆ្នាំ២០០០ វៀតណាមបានរៀបចំប្តូរតំបន់នេះ ពីទីប្រជុំជនស្រុក មកជាទីប្រជុំជនខេត្ត ហាទៀង រហូតដល់បច្ចុប្បន្ន៕
-----------------------------------------
ដោយ៖ Ny Watthanak
No comments:
Post a Comment