១៤. ព្រះបាទជ័យវរ្ម័នទី៨ (១១៦២-១២០១)
ព្រះបាទជ័យវរ្ម័ន បានឡើងសោយរាជសម្បត្ដិបន្ដពីព្រះបាទធរណិន្ទ្រវរ្ម័ន ជាព្រះបិតា នៅឆ្នាំ១១៦២ ។
សិលាចារឹក មួយនៅប្រាសាទអង្គរវត្ដ បានរៀបរាប់ថា ព្រះអង្គបានជ្រើសរើសយកព្រាហ្មណ៍ វិធ្យេសវិធៈ ជាហោរា ហើយបានអភិសេកព្រះអនុជជាព្រះយុវរាជ ដើម្បីឱ្យគេជ្រើសរើសព្រះអនុជនោះ សោយរាជសម្បត្ដិបន្ដពីព្រះអង្គ ។
នៅ ក្រោមរជ្ជកាលស្ដេចអង្គនេះ សង្គ្រាមជាមួយនគរចាម្ប៉ា បានឆាបឆេះឡើងវិញ ដោយកំហុសរបស់ស្ដេចចាម ព្រះបាទស្រីហរិវរ្ម័នទី១ ដែលបានធ្វើការឈ្លានពានបណ្ដាខែត្រខាងត្បូងរបស់តុងកឹង នគរវិជ័យ ប៊ិញឌិញ១៤ ដែលជាទីតាំងរាជធានីនគរផានរ៉ាង ដែលមានស្ដេចចាមជ្រែករាជ្យមួយអង្គ ឬក៏ស្ដេចស្នងបន្ដមួយអង្គសោយរាជ្យ និងវាយកម្ពុជាផងដែរ ដោយចូលរហូតមកដល់ជិតរាជធានីឥន្ទបត្ដ ។ ក្រោយពីបានដុតបំផ្លាញរួចហើយ ពួកចាមមិនបានបន្ដដំណើរទៅឆ្ងាយពីព្រំប្រទល់ដែនរបស់ខ្លួនទេ តែបានត្រលប់ទៅស្រុកវិញ ដោយនាំយកទៅជាមួយនូវជ័យភណ្ឌជាច្រើន ។
លោក ហ្គោប៊ីល នៅក្នុងសៀវភៅរបស់គាត់ឈ្មោះថា កំណត់សម្គាល់ស្ដីអំពីកូសាំងស៊ីន បាននិយាយថា ស្ដេចខ្មែរពេលនោះសម្ងំធ្វើមិនដឹងមិនឮយូរណាស់ រហូតទាល់តែដល់១៨ឆ្នាំក្រោយមក គឺនៅឆ្នាំ១១៩៧ ទើប ព្រះអង្គលើកទ័ពមកវាយកម្ទេចកូសាំងស៊ីន (គឺនគរចាម្ប៉ា) ចាប់ស្ដេចចាមជាឈ្លើយ បំផ្លិចបំផ្លាញខ្ទេចខ្ទី រួចលើកឧកញ៉ាខ្មែរម្នាក់ឱ្យសោយរាជ្យមុននឹងដកទ័ពថយមកវិញ ។ សិលាចារឹកតាព្រហ្មបានឱ្យដឹងថា ព្រះអង្គក៏បានដោះលែងស្ដេចចាមឱ្យមានសិទ្ធិសេរីភាពឡើងវិញផងដែរ ដែលជាហេតុធ្វើឱ្យព្រះរាជាទាំងឡាយ ទៅជាវង្វេងលែងយល់ «នៅពេលដែលឃើញអំពីវិសេសភាពនៃព្រះរាជអាកប្បកិរិយានេះ» ។
សិលាចារឹក ចាមនៅមីសឺននិយាយថា ព្រឹត្តិការណ៍នេះកើតឡើងនៅមហាសករាជ១១១២ត្រូវនឹងគ្រិស្ដសករាជ១១៩០ គឺមុនឯកសារខ្មែរ៧ឆ្នាំ ។ ខាងក្រោមនេះ គឺជាសេចក្ដីសង្ខេបរបស់អត្ថបទសិលាចារឹកដែលលោក ហ៊្វីណូ ក៏បានបកប្រែ ៖
ស្ដេចចាមព្រះ នាមជ័យឥន្ទ្រវរ្ម័នអុងវ៉ាទូ (15) ជាអ្នកបង្កសង្គ្រាម ។ពេលនោះមេទ័ពកម្ពុជាគឺជាជនជាតិចាមមួយ រូបដែលស្ដេចខ្មែរបានយកមកចិញ្ចឹម និងតែងតាំងជាព្រះយុវរាជ (សម្រាប់នគរចាម្ប៉ា) មានឈ្មោះថា ស្រីវិធ្យនន្ដៈ មានកំណើតដើមចេញមកពីទុំប្រូក-វិជ័យ ។ ស្ដេចចាមនាំទ័ពចេញមកជួបនឹងទ័ពខ្មែរនៅក្នុងវាលចាក្លាង ហើយត្រូវបរាជ័យ ។ ខ្មែរដណ្ដើមយករាជធានីវិជ័យ (គឺប៊ិញឌិញ) បាន រីឯស្ដេចចាមត្រូវចាប់បានជាឈ្លើយបញ្ជូនមកកម្ពុជា ។
នៅ ពេលនោះ ឧត្ដមសេនីយ៍ខ្មែរ គឺព្រះយុវរាជ ក៏បានលើកព្រះអង្គម្ចាស់ អ៊ិន ដែលត្រូវជាព្រះអនុជថ្លៃរបស់ព្រះរាជាកម្ពុជា ឱ្យឡើងសោយរាជ្យក្រោមព្រះនាមថា សុរិយជ័យវរ្ម័ន រួចហើយខ្លួនឯងសោយរាជ្យនៅឯរាជបុរៈ(ផានរ៉ាង) មានព្រះនាមថា សុរិយាវរ្ម័ន (16) ។
ស្ដេចនៅ វិជ័យ (ប៊ិញឌិញ) ពោលគឺ ព្រះអនុជថ្លៃរបស់ព្រះបាទជ័យវរ្ម័នទី៨ មិនទាន់សោយសុខនឹងរាជសម្បត្ដិយូរប៉ុន្មានផង ក៏ត្រូវរាជវង្សចាមមួយអង្គឈ្មោះ រាសូបតិ ដេញកម្ចាត់ចេញពីរាជធានី ហើយឡើងសោយរាជ្យខ្លួនឯងក្រោមឈ្មោះថា ជ័យឥន្ទ្រវរ្ម័ន ។
បន្ទាប់ ពីមានព្រឹត្តិការណ៍នេះ កងទ័ពខ្មែរត្រូវបង្ខំចិត្ដចាកចេញពីនគរចាម្ប៉ា ប៉ុន្ដែទ័ពមួយកងដែលនៅឯរាជបុរី (ផានរ៉ាង) ជាមួយនឹងស្ដេចសុរិយាវរ្ម័ន-វិធ្យនន្ដ ប្រហែលជាមិនបានត្រលប់មកកម្ពុជាវិញទេ ។ កងទ័ពទាំងអស់នោះ បានវិលត្រលប់ទៅចាម្ប៉ាវិញនៅពេលក្រោយមកតែម្ដងនេះ ដឹកនាំដោយស្ដេចចាម ដែលសោយរាជ្យនៅវិជ័យពីមុន គឺព្រះបាទឥន្ទ្រវរ្ម័នវ៉ាទូ ដែលត្រូវនាំយកមកកម្ពុជាជាឈ្លើយ ប៉ុន្ដែត្រូវបានព្រះរាជាកម្ពុជាទុកព្រះទ័យ ហើយចាត់ឱ្យត្រលប់ទៅរំដោះនគរចាម្ប៉ាវិញ ។ ពេលមកដល់នគរចាម្ប៉ា ឥន្ទ្រវរ្ម័នវ៉ាទូ បានអំពាវនាវសុំជំនួយពីស្ដេចរាជបុរី ។ ស្ដេចរាជបុរីសុរិយាវរ្ម័នបានលើកទ័ពវាយលុកដណ្ដើមយកវិជ័យបានមុន ចាប់ស្ដេចជ័យឥន្ទ្រវរ្ម័នរាសូបតិធ្វើឃាតរួចហើយប្រកាសខ្លួនឯងជា ព្រះរាជា ។
ឥន្ទ្រវរ្ម័នវ៉ាទូខូច ចិត្ដជាខ្លាំងនឹងការប្រព្រឹត្ដរបស់សុរិយាវរ្ម័ន ហើយប្រហែលជាត្រូវកងទ័ពខ្មែរបោះបង់ចោលផង ក៏គេចខ្លួនទៅនៅឯអមរាវតី គឺក្វាងណាមសព្វថ្ងៃ បង្កទ័ព រួចវិលមកវាយវិជ័យដែលស្ដេចផានរ៉ាងគង់នៅ ។ វ៉ាទូត្រូវសុរិយាវរ្ម័នធ្វើឃាតបាននៅក្នុងការប្រយុទ្ធមួយនៅពេល ក្រោយមក ។ ពេលនោះព្រះរាជាកម្ពុជាបានឈ្វេងយល់អំពីអំពើក្បត់របស់អតីតយុវរាជ ក៏បញ្ជូនទ័ពទៅបង្ក្រាប តែត្រូវបរាជ័យ ។ ទោះជាយ៉ាងណាក្ដី ស្ដេចសុរិយាវរ្ម័នបានបោះបង់រាជធានីវិជ័យចោល ត្រលប់ទៅសោយរាជ្យនៅឯផានរ៉ាងវិញ ដោយទុករជ្ជទាយាទបួនអង្គនៅសោយរាជ្យបន្ដបន្ទាប់គ្នានៅលើ រាជបល្ល័ង្កវិជ័យ ។
ឯកសារ ពង្សាវតារអាណ្ណាមបាននិយាយថា ស្ដេចនេះបានបញ្ជូនរាជទូតទៅគាល់ស្ដេចអាណ្ណាម លីអាញ់តុង នៅឆ្នាំ១១៩០ដែលបានច្បាំងមានជ័យជម្នះលើជនក្បត់ម្នាក់ដែលចង់ ធ្វើខ្លួនថាជារាជបុត្រស្ដេច ហើយនិងឧត្ដមសេនីយ៍ក្បត់ម្នាក់ ។
ឯកសារប្រវត្ដិសាស្ដ្រចិន បានលើកអំពីរាជទូតកម្ពុជាម្នាក់ ដែលនាំសួយសារអាករទៅថ្វាយស្ដេចចិននៅឆ្នាំ១២០០ ។
ឆ្លៀតឱកាស ដែលចាមឈ្លានពានកម្ពុជា និងការធ្វើសង្គ្រាមអូសបន្លាយមិនចេះចប់ ក្សត្រប្រទេសចំណុះទាំងឡាយនៅខាងជើងស្រុកខ្មែរបានក្រោកទាមទារ ឯករាជ្យ ផ្ដាច់ចំណងទាក់ទងជាមួយមហានគរ ។ ប៉ុន្ដែព្រះបាទជ័យវរ្ម័នទី៨បានលើកទ័ពបង្ក្រាបរហូតទៅដល់ចន្ទនបុរៈ (វៀងច័ន្ទ) ស្រីធម្មគិរី (ហ្លួងប្រាបាង) ហើយចាប់ស្ដេចនគរទាំងពីរឱ្យលើកសួយសារអាករមកថ្វាយ ។ ក្នុងពេលដែលព្រះរាជាកម្ពុជាស្ថិតនៅឆ្ងាយប្រមាណជា៩០០គីឡូម៉ែត្រ ពីរាជធានី ដូច្នេះមានទ័ពមជ្ឈិមមួយកងដែលស្ថិតនៅក្រោមបញ្ជារបស់ព្រះកម្រតេង ជាអភិបាលនគររាជសីមា (កូរ៉ាត់) ឈ្មោះថា អញរាជេន្ទ្រវរ្ម័ន បានចាប់វាតអំណាចត្រួតត្រាលើរាល់អាណាខែត្រខាងលិចគឺត្រូវនឹង ស្រុកសៀម (17) សព្វថ្ងៃ ។
តាម មើលទៅអាណាចក្រខ្មែរពេលនោះលាតសន្ធឹងហួសទឹកដីសុខោទ័យទៅទៀត ហើយក្សត្រប្រទេសដ៏ខ្លាំងពូកែមួយនេះក៏នៅចំណុះស្ដេចខ្មែរផងដែរ បើហោចណាស់ក៏តាមផ្លូវការដែរ ទោះបីថាមានស្ដេចថៃសោយរាជ្យក៏ដោយ ។ គឺនៅសុខោទ័យនេះឯងដែលគេរកឃើញសិលាចារឹកខ្មែរមួយចំនួន ហើយនិងឯកសារមានឈ្មោះថា ត្រៃភូមិ ដែលប្រហែលជាគេសរសេរនៅពាក់កណ្ដាលទីមួយនៃសតវត្សរ៍ទី១៣ ត្រូវនឹងសតវត្សរ៍ទី១២នៃមហាសករាជ ។ ស្ដេចអញរាជេន្ទ្រវរ្ម័ន ក៏ប្រហែលជាបានដឹកនាំទ័ពរហូតដល់ប្រទេសភូមាទៀតផង ។
ដូច ជាព្រះរាជាមុនៗដែរ ព្រះបាទជ័យវរ្ម័នទី៨ មិនគ្រាន់តែជាស្ដេចដែលពូកែខាងចម្បាំងប៉ុណ្ណោះទេ ប៉ុន្ដែក៏ពូកែខាងការគ្រប់គ្រងប្រទេស និងជាអ្នកច្បាប់ម្នាក់ផងដែរ ។ សិលាចារឹកបានលើកឡើងថា «ព្រះអង្គបានប្រគល់អវយវៈទាំងអស់របស់ព្រះអង្គឱ្យគោព្រៃ» មានន័យថា ព្រះអង្គអនុវត្ដនូវយុត្ដិធម៌ ។ ទ្រង់យល់ដឹង និងរំលែកទុក្ខលំបាករបស់ប្រជារាស្ដ្រ ហើយបានចាត់ឱ្យកសាងមន្ទីរពេទ្យជាច្រើននៅតាមទីក្រុង និងវត្ដអារាម ដែលមានគ្រូពេទ្យពីររូបនៅចាំព្យាបាលជំងឺវណ្ណៈទាំងបួន ជាមួយនឹងគិលានុបដ្ឋាកម្នាក់ គិលានុបដ្ឋាយិកាពីរនាក់ អ្នកកាន់ឃ្លាំងពីរនាក់ អ្នកដាំស្លពីរនាក់ ។ល ។
No comments:
Post a Comment