១៥. ព្រះបាទឥន្ទ្រវរ្ម័នទី២ (១២០១)
ព្រះបាទ ឥន្ទ្រវរ្ម័នទី២ ដែលត្រូវបានអភិសេកជាព្រះយុវរាជតាំងតែពីក្នុងរជ្ជកាលមុន បានឡើងសោយរាជ្យបន្ដពីព្រះបាទជ័យវរ្ម័នទី៨នៅឆ្នាំ១២០១ ក្រោយពេលដែលកម្ពុជាបានបញ្ជូនរាជទូតទៅស្រុកចិនបន្ដិច ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនបានរៀបរាប់ថា ស្ដេចអង្គនេះបានវាយលុករាតត្បាតទឹកដីជាច្រើន ដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ចិន ជាអាទិគឺទឹកដីដែលស្ថិតនៅពីខាងជើងហ្លួងប្រាបាង ហើយស្ដេចចិនបានបញ្ជូនទូតមកកម្ពុជានៅឆ្នាំ១២០៦ ដើម្បីសាកសួរមូលហេតុ ហើយស្ដេចខ្មែរក៏យល់ព្រមបញ្ឈប់ការវាយប្រហារនោះ ។
ប្រមាណ ជា១២ឆ្នាំក្រោយមក ព្រះយុវរាជដែលដឹកនាំនគរចាម្ប៉ា ជំនួសព្រះរាជាកម្ពុជា បានឆ្លៀតឱកាសដែលមានសង្គ្រាមផ្ទៃក្នុងធ្វើឱ្យអាណ្ណាមចុះខ្សោយ ក៏រៀបចំទ័ពមួយកងមានចម្រុះខ្មែរចាម ហើយធ្វើការលុកលុយខែត្រង៉េអាន និងវាយទៅលើទ័ពអាណ្ណាមដែលចេញមកទប់ទល់ ។ ប៉ុន្ដែពីរឆ្នាំក្រោយពីជោគជ័យនេះគឺ នៅឆ្នាំ១២២០ មិនដឹងជាដោយមូលហេតុអ្វី ស្រាប់តែព្រះយុវរាជបោះបង់នគរចាម្ប៉ាចោល ហើយដឹកនាំទ័ពត្រលប់ចូលមកកម្ពុជាវិញ ។ មកទល់នឹងពេលនោះ នគរចាម្ប៉ាបានស្ថិតនៅក្រោមអាណានិគមរបស់កម្ពុជា ហើយមានរាជវង្សខ្មែរសោយរាជ្យអស់ពេល៣២ឆ្នាំគត់។ តាម មើលទៅ ប្រហែលជានៅដើមសតវត្សរ៍ទី១៣នោះ មានកើតការបះបោររបស់ពួកអ្នកស្រុកសៀម ហើយជាពេលដែលស្ដេចថៃចាប់ផ្ដើមបះបោរទាមទារឯករាជ្យដែរ (18) ។
បើ ទោះជាយ៉ាងណាក្ដី នៅចុងសតវត្សរ៍ទី១៣ រាជទូតចិនបានរៀបរាប់ថា ស្រុកខ្មែរពេលនោះខ្សត់ប្រជាជនអាស្រ័យដោយមានសង្គ្រាមមិនចេះចប់ មិនចេះហើយជាមួយពួកសៀម ។ បើសិនជារឿងហេតុបានកើតមានដូច្នោះមែន នោះហើយជាមូលហេតុដែលនាំឱ្យបោះបង់នគរចាម្ប៉ាចោល ព្រោះខ្មែរត្រូវប្រមូលផ្ដុំកម្លាំងទប់ទល់នឹងពួកសៀមវិញ ។
No comments:
Post a Comment