១៦. ព្រះបាទស្រីន្ទ្រវរ្ម័ន
ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទឥន្ទ្រវរ្ម័នទី២គឺព្រះបាទ ស្រីន្ទ្រវរ្ម័ន ដែលប្រហែលជាព្រះអង្គគង់នៅយសោធបុរៈ ដដែល ក៏ប៉ុន្ដែគេមិនដឹងថា តើទ្រង់ឡើងសោយរាជ្យនៅឆ្នាំណា និងសុគតនៅឆ្នាំណាទេ ។
១៧. ព្រះបាទជ័យវរមៈទិបរមេស្វរៈ
ព្រះបាទ ជ័យវរមៈទិបរមេស្វរៈ ដែលសិលាចារឹកខ្លះហៅថា ជ័យវរមៈបរមេស្វរៈ បានឡើងសោយរាជ្យបន្ដពីព្រះបាទស្រីន្ទ្រវរ្ម័ន ប៉ុន្ដែគេមិនបានដឹងពីកាលវេលាទេ ។ព្រះអង្គបានបង្ក្រាបពួក បះបោររួចបានធ្វើសង្គ្រាមជាមួយមហាអំណាចសត្រូវមួយ «ដែលទ្រង់បានដណ្ដើមយករាជធានីយ៉ាងស្រួលដូចជាគេដកស្មៅ» ហើយ «ធ្វើឱ្យជ័យជម្នះព្រះអង្គមានរស្មីបីដូចជាបុស្បុកមួយដែលគេលើក ឡើងនៅចន្លោះសត្វសិង្ហពីរក្បាល» ។
គឺជាស្ដេចមួយអង្គដែលមានកុសលល្អ «ប្រសើរ ជាងទាំងព្រះឥន្ទ្រទៅទៀត ដោយសារទ្រង់បានប្រោះព្រំពិភពលោកឥតឈប់ឈរដោយទឹកភ្លៀងនៃទេពកោសល្យ របស់ព្រះអង្គ ហើយទ្រង់សន្ដោសប្រណីតែទៅតាមក្រមច្បាប់ដែលមានចែងនៅក្នុងគម្ពីរ សាស្ដ្រា និងក្រោយពីបានពិនិត្យហ្មត់ចត់» ប៉ុណ្ណោះ ។ ព្រះអង្គក៏ត្រូវបានគេចាត់ទុកថា ជាព្រះរាជាមួយអង្គដែលប្រកបទៅដោយកិត្ដិគុណ ដោយនិយាយថា «ព្រះអង្គឈរនៅពីលើសិរសានៃព្រះរាជាទាំងឡាយ» ហើយអំណាចរបស់ព្រះអង្គវាតរហូតទៅដល់មាត់សមុទ្រ ។
នេះ គឺជាស្ដេចចុងក្រោយដែលគេស្គាល់តាមសិលាចារឹក ហើយច្បាស់ណាស់ថា ទ្រង់ជាព្រះរាជានៃសម័យកាលអាប់ឱន ជាព្រះរាជានាចុងបញ្ចប់នៃមហាអាណាចក្រកម្ពុជាព្រហ្មញ្ញនិយម ។ ក៏ប៉ុន្ដែ នៅក្នុងរជ្ជកាលរបស់ព្រះអង្គ រាជាណាចក្រខ្មែរនៅមានវិសាលភាពធំធេងនៅឡើយ គឺលាតសន្ធឹងពី អាតូពឺ នៃនគរចម្ប៉ាពីខាងកើត ទៅដល់ឈូងសមុទ្រសៀម និងទៅដល់ភ្នំភួងលួង នៅឯនាយទន្លេសាលូអង់ ពីខាងលិច ទៅដល់ព្រំប្រទល់ស្រុកចិន ឆ្ងាយហួសហ្លួងប្រាបាង ហើយនៅខាងជើងរហូតដល់សមុទ្រចិន និងចំណុចកាម៉ង់នៅខាងត្បូង ។ ទឹកដីអាណាចក្រកម្ពុជាពេលនោះធំណាស់ គឺមានប្រហែលជាមួយលានគីឡូម៉ែត្រក្រឡា ដែលបែងចែកចេញជាក្សត្រប្រទេសស្វយ័តប្រមាណជាម្ភៃក្សត្រប្រទេស ទាំងនោះ ចំណុះ ឬក៏គ្រាន់តែទទួលស្គាល់អនុត្ដរភាពរបស់ព្រះរាជាកម្ពុជា ប៉ុណ្ណោះប៉ុន្ដែរំជើបរំជួលខ្លាំងណាស់ ហើយត្រៀមខ្លួនជាស្រេចនឹងចាប់កាន់អាវុធតស៊ូដែលធ្វើឱ្យព្រះរាជា កម្ពុជា ត្រូវវាយបង្ក្រាបជារឿយៗ ដើម្បីឃុំគ្រងទុកនៅក្នុងអំណាច ។ នៅសម័យដែលយើងបានឈានមកដល់នោះ វាហាក់ដូចជាថា ពួកក្សត្រប្រទេសទាំងអស់នោះរង់ចាំតែពេលអាណាចក្រកម្ពុជាមានការ បាក់បែកគ្នា នឹងអាលងើបក្រោករកសេរីភាព និងឯករាជ្យប៉ុណ្ណោះ ជាពិសេស គឺពួកសៀម ឬថៃ តែម្ដង ដែលកម្រើកមុនគេ ។
No comments:
Post a Comment