១៨. ព្រះរាជាដែលគេមិនបានស្គាល់ព្រះនាម (១២៥០?-១៣០០?)
នៅ ក្រោមរជ្ជកាលរបស់ព្រះរាជាមួយអង្គដែលយើងមិនស្គាល់ព្រះនាម អាចនឹងនិយាយថា នៅក្រោមរាជ្យព្រះបាទជ័យវរ្ម័នបរមេស្វរៈ ជាព្រះរាជាដែលគេស្គាល់ក្រោយគេបង្អស់តាមសិលាចារឹក ឬក៏ថា នៅក្រោមរាជ្យរបស់ស្ដេចដែលសោយរាជ្យបន្ដពីព្រះអង្គ មានរាជទូតចិនមួយរូបមកដល់កម្ពុជានៅឆ្នាំ១២៩៦ ។ ចិនម្នាក់ដែលបានមកជាមួយដែរ ប៉ុន្ដែមិនមែនជាសមាជិករបស់គណៈប្រតិភូ ឈ្មោះ ជីវតាក្វាន់ បានសរសេរកំណត់ត្រាដ៏ចម្លែកមួយអំពីកម្ពុជាដែលគេបានបកប្រែពីរលើកជាភាសាបារាំង (19) ។ ជីវ តាក្វាន់ ហៅស្រុកខ្មែរថា ឆាឡា ឬឆេនឡា តែបាននិយាយថា គេក៏ហៅថា កានពូឆេ ផងដែរ ជាឈ្មោះដែលត្រូវនឹងពាក្យសំស្ក្រឹត កម្ពុជៈ សព្វថ្ងៃអានថា កម្ពុជា ។
អ្នកនិពន្ធ បានធ្វើការរៀបរាប់ត្រួសៗអំពីរាជធានីអង្គរធំ និងថារាជវាំងមានប្រាសាទមាសមួយមានកំពូលសម្រាប់ព្រះរាជា ផ្ទំ ។ ប្រជារាស្ដ្រទាំងប្រុសទាំងស្រីបួងសក់ ស្លៀកសំពត់ ព្រះរាជាពាក់មកុដដាំពេជ្រ និងមានព្រះហស្ដ និងព្រះបាទលាបពណ៌ក្រហម ហើយកាន់ព្រះខ័នមាសពេលចេញពីព្រះបល្ល័ង្ក ។
ជីវ តាក្វាន់បានរៀបរាប់លម្អិតផងដែរអំពីទំនៀមទម្លាប់របស់អ្នកស្រុក អំពីការប្រសូតកូន ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗមុនរៀបអាពាហ៍ពិពាហ៍ ។ គាត់បាននិយាយពីពួកឈួងដែលត្រូវបានគេយកមកធ្វើជាខ្ញុំបម្រើ ប្រាកដណាស់ថានោះគឺពួកជងដែលរស់នៅខែត្រកំពង់សោម ចន្ទតាប៊ុន រយ៉ង និងស្រុកដែលស្ថិតនៅពីខាងកើត និងខាងត្បូងខែត្រទាំងអស់នោះ ។ គាត់បានប្រាប់អំពីតម្លៃដែលគេលក់ពួកនោះ និងនិយាយថា ពួកនោះត្រូវគេមើលងាយមើលថោកខ្លាំងណាស់បើឡើងផ្ទះត្រូវលូននឹង ជង្គង់ ហើយដាក់ដៃសំពះលើថ្ងាស ។ជនណាស្រលាញ់ស្រីជង នឹងត្រូវគេមើលងាយមើលថោកដូចពួកនោះដែរ ។
បន្ទាប់ មក ជីវ តាក្វាន់ និយាយអំពីច្បាប់ ជំងឺឃ្លង់ ដែលកើតមានច្រើនដោយសារអ្នកស្រុកមានទម្លាប់ងូតទឹកក្រោយពីបានរួម សង្វាសនឹងគ្នារួច ។ មនុស្សស្លាប់គេយកទៅចោលក្នុងព្រៃ ឬដុត បើជាស្ដេចវិញ គេយកសព ឬអដ្ឋិធាតុដាក់ក្នុងចេតិយ ។ ជីវ តាក្វាន់ក៏បានពិពណ៌នាអំពីកសិកម្ម និងពាណិជ្ជកម្មផលិតផលកសិកម្មនិង ផលព្រៃឈើផងដែរ ។
គាត់បាន និយាយថា កម្ពុជាពេលនោះ មានក្សត្រប្រទេសចំណុះច្រើនជាងកៅសិប ភូមិនីមួយៗមានវត្ដមួយ ហើយគេគោរពមេម្នាក់ដែលគាត់ហៅថា ម៉ៃស៊ី ។ តាមមើលទៅពាក្យនេះ ប្រហែលជាការហៅមិនត្រូវនូវពាក្យមេ ។
បន្ទាប់ មក គាត់និយាយអំពីទ័ពថ្មើរជើងដែលមានខ្លួនទទេ កាន់លំពែង និងខែល ប៉ុន្ដែគ្មានធ្នូព្រួញ ហើយគ្មានអាវក្រោះ ឬមួកក្រាស់ពាក់ទេ ។ ត្រង់នេះហាក់ដូចជាមិនត្រូវ ព្រោះយើងបានឃើញពីខាងលើរួចហើយថា ធ្នូព្រួញបានត្រូវគេប្រើនៅក្នុងការប្រយុទ្ធ ហើយចម្លាក់រាក់នៅប្រាសាទអង្គរវត្ដ បានបង្ហាញរូបអ្នកប្រយុទ្ធខ្លះមានពាក់អាវក្រោះ ហើយដៃឆ្វេងមានកាន់ខែលដែរ ។
ជីវ តាក្វាន់បានបញ្ចប់កំណត់ត្រារបស់គាត់ដោយនិយាយថា ព្រះរាជាកម្រនឹងយាងចេញពីរាជវាំងណាស់ ខ្លួនគាត់បានឃើញព្រះរាជាតែបួនប្រាំដងប៉ុណ្ណោះ ហើយវាហាក់ដូចជាព្រះអង្គខ្លាចគេធ្វើឃាត ។ ព្រះកាយរបស់ព្រះរាជាមានពាសក្រោះដែក ។ ពេលយាងទៅណាមកណា ទ្រង់គង់លើគ្រែស្នែងដែលសែងដោយនារីបួននាក់ ហើយជនទាំងអស់ដែលស្ថិតលើផ្លូវត្រូវក្រាបថ្ងាសដល់ដី ។ ត្រង់នេះ ជីវ តាក្វាន់ ហៅថា សានពាស គឺសំពះ ។
ព្រះរាជា បើកសវនាការមួយថ្ងៃពីរដង ដើម្បីដោះស្រាយកិច្ចការប្រទេស ។ នាម៉ឺន និងប្រជារាស្ដ្រ ដែលចូលមកគាល់ស្ដេចអង្គុយផ្ទាល់ដី ។ នៅខាងក្រៅឯណោះ សំឡេងភ្លេងចាប់បន្លឺឡើង គេផ្លុំស័ង្ខ រួចភីលៀងចាប់បើកវាំងនន ។ ព្រះរាជាលេចព្រះភ័ក្ដ្រនៅមាត់បង្អួច ព្រះហស្ដកាន់ព្រះខ័នមាស ។ ពួកអាមាត្យលើកហត្ថប្រណម ហើយឱនក្បាលដល់ដីរហូតទាល់តែសំឡេងស័ង្ខចប់ ។ ពេលចប់សវនាការ ព្រះរាជាយាងត្រលប់ចូលប្រាសាទវិញ ភីលៀងទាំងពីរទម្លាក់វាំងនន រួចចាកចេញទៅ ។
តទៅនេះគឺជាការ ពិពណ៌នាអំពីក្បួនព្យុហយាត្រា នៅពេលដែលព្រះរាជាយាងចេញដោយដំរី ។ គេសង្កេតឃើញថា ការពិពណ៌នានេះ ប្រហាក់ប្រហែលនឹងក្បួនព្យុហយាត្រា ដែលគេប្រទះឃើញសព្វថ្ងៃនៅភ្នំពេញ ឬនៅប្រទេសសៀម ពេលមានបុណ្យទានម្ដងៗដែរ ។ ជាពិសេស គឺសវនាការនៅពេលដែលព្រះរាជាទទួលអង្គទូត ដូចដែលលោក ឡាលូប៊ែរ បព្វជិត ឈូស៊ី ដឺសូម៉ុង និង ដឺហ្វ័របាំង បានរៀបរាប់នៅចុងសតវត្សរ៍ទី១៧ ។
«ពេល ព្រះរាជាយាងចេញពីព្រះរាជវាំង ក្បួនដង្ហែចាប់ផ្ដើមដោយកងទ័ពសេះជាដំបូង ។ បន្ទាប់មក គឺក្រុមកាន់ទង់ និងក្រុមភ្លេង ។ ពួកស្រីភីលៀងមានពីបីរយទៅប្រាំរយនាក់ ស្លៀកស្បៃភ្ញីផ្កា សៀតផ្កាក្នុងសក់ កាន់ទៀនធំៗក្នុងដៃ ទៀនទាំងនោះដុតជាប់ជានិច្ចទោះបីជាពេលថ្ងៃក៏ដោយ ។ បន្ទាប់មកគឺក្រុមភីលៀងកាន់ឧបភោគ ភណ្ឌធ្វើអំពីមាស និងប្រាក់ និងគ្រឿងលម្អផ្សេងៗគ្រប់បែបគ្រប់ម៉ូត មិនដឹងថាសម្រាប់ធ្វើអ្វីខ្លះទេ ។ បន្ទាប់មកទៀត គឺក្រុមនារីកាន់លំពែង និងខែល ដែលជាកងរក្សាព្រះអង្គជាពិសេស ។ បន្ដពីនោះ គឺក្រុមរទេះចៀម រទេះសេះ តែងលម្អដោយមាស ។ រដ្ឋមន្ដ្រី អ្នកអង្គម្ចាស់ សុទ្ធតែជិះដំរី ចេញដំណើរមុនមើលផ្លូវ បាំងក្លស់ពណ៌ក្រហម ។ បន្ទាប់មកទៀត គឺក្រុមស្រីស្នំរបស់ព្រះរាជា អង្គុយលើគ្រែស្នែង ឬជិះរទេះ ឬដំរី ។»
មានក្លស់ជាង មួយរយដែលតុបតែងដោយមាស ។ ក្រោយក្លស់ទាំងនោះ គឺព្រះរាជាគង់ឈរលើដំរី ព្រះហស្ដកាន់ព្រះខ័នមាស ។ សូម្បីតែភ្លុកដំរីក៏សុទ្ធតែលម្អទៅដោយមាសដែរ ។ មានក្លស់សប្រហែលជាម្ភៃ ដែលតែងលម្អទៅដោយមាស និងមានដងធ្វើអំពីមាស ។ ទ័ពដំរីមានដំរីជាច្រើននៅព័ទ្ធជុំវិញព្រះរាជា ។
(1) តាមលោកអៃម៉ូនីញេ គគ៌្យារ ជាឈ្មោះដើមគគីរ ដែលក្លាយមកជាកោះកេរ្ដិ៍ ។
(2) ក្រុម ប្រាសាទកោះកេរ្ដិ៍ មានសារសំខាន់ណាស់ដែរគឺមានប្រាសាទចំនួនប្រហែល ១៥ កប់បាត់ក្នុងព្រៃ ។ លោកអៃម៉ូនីញេ បានរកឃើញសិលាចារឹកជាង៤០ មាន ១៥០០បន្ទាត់ មានរៀបរាប់ឈ្មោះអ្នកបម្រើជាង៤០០០នាក់ ដោយមិនទាន់គិតពីខ្ញុំផង ។ សូមអានសៀវភៅរបស់លោក អៃម៉ូនីញេ កម្ពុជា ក្បាលទី១ ទំព័រ៣៩៧-៤១១ និងក្បាលទី២ ទំព័រ៣៦៨ ។
(3) សិលាចារឹកប្រាសាទគុក សូមអានសៀវភៅរបស់លោកអៃម៉ូនីញេ ឈ្មោះកម្ពុជា ក្បាលទី២ ទំព័រ៤១៩ ។
(4) ក្បាលទី១ ទំព័រ៩០ ។
(5) សិលាចារឹកបាទជុំ
(6) ព្រះបដិមានេះ បានត្រូវពួកចាមសាងសង់ឡើងវិញ ប្រាំឆ្នាំក្រោយមក នៅឆ្នាំ៩៦៥ ដោយព្រះរាជាចាមព្រះនាមថា ជ័យឥន្ទ្រវរ្ម័ន ។
(7) លោក អៃម៉ូនីញេ បានស្នើថា ព្រះរាជេន្ទ្រវរ្ម័ន នេះគឺជាតួអង្គព្រះបក្សីចាំក្រុងក្នុងរឿងនិទាន ។ ការសន្មតិនេះមិនត្រឹមត្រូវទេ ហើយរឹតតែមិនត្រឹមត្រូវណាស់ទៅទៀត ព្រោះថារឿងនេះក៏មានដែរនៅឯស្រុកសៀម គ្រាន់តែមានឈ្មោះផ្សេង និងនៅទីកន្លែងផ្សេងប៉ុណ្ណោះ ។
(8) សិលាចារឹកលពបុរី ។
(9) សព្វថ្ងៃគឺលវោ ពីមុនគឺ លូវ៉ូ លោវែក លពបុរី លវបុរី នវបុរី ។
(10) សិលាចារឹកព្រះងោក សៀវភៅកម្រង ទំព័រ១៦១ ។
(11) សៀវភៅរបស់លោក អៃម៉ូនីញេ មានឈ្មោះថា កម្ពុជា ក្បាលទី២ ទំព័រ១៦៧-១៦៨ តាមការបកប្រែរបស់វេជ្ជបណ្ឌិត គែន ។
(12) សៀវភៅ របស់លោកអៃម៉ូនីញេមានឈ្មោះថា កម្ពុជា ក្បាលទី២ ត្រង់សិលាចារឹកព្រះគោ ទំព័រ១៦៨ តាមការបកប្រែរបស់វេជ្ជបណ្ឌិត គែន ។
(13) អ្នកខ្លះ យល់ថា ពាក្យថាកោះនេះ មើលទៅប្រហែលជាសំដៅយកបន្ទាយដែលមានកំពែងរឹងមាំទេ ។ ខ្ញុំគិតថា នោះគួរតែជាកោះនៅកណ្ដាលសមុទ្រ មិនមែនជាកំពូលភ្នំណាមួយនៅលើខ្ពង់រាបឥណ្ឌូចិននោះទេ ។
(14) ខ្ញុំចាត់ទុក ផានរ៉ាង ថាជារដ្ឋសម្ព័ន្ធមេត្រី ជាជាងខែត្រមួយចំណុះឱ្យចាម្ប៉ា ។
(15) លោក ហ្វ៊ីណូត៍ និយាយថាស្ដេចនោះ «ជាស្ដេចជ្រែករាជ្យ» ក៏ប៉ុន្ដែគ្មានហេតុការណ៍ណាបញ្ជាក់ទេ ហើយអត្ថបទរបស់គាត់ ធ្វើឱ្យគេធ្វើការសន្និដ្ឋានបានច្រើនយ៉ាង ។ ឈ្មោះ អុងវ៉ាទូ ប្រហែលជាឈ្មោះសាមញ្ញ រីឯជ័យឥន្ទ្រជាឈ្មោះពេលអភិសេក ។
(16) ហេតុការណ៍នេះបញ្ជាក់អ្វីដែលបានអះអាងខាងលើ ៖ ព្រះយុវរាជមិនបានបង្កើតរដ្ឋមួយថ្មីទេ គឺសោយរាជ្យនៅរាជបុរីមួយដែលមានរួចមកហើយ ។
(17) តាមមើលទៅទំនាបអាងទន្លេមេណាមខាងក្រោមបានត្រូវចិនហៅថា ឡូហូ ហើយអាងទន្លេមេណាមខាងលើដែលមានពួកសៀម ឬថៃ កាន់កាប់រួចទៅហើយ ចិនហៅថា សៀន ។
(18) គេប្រហែលជាត្រូវនិយាយឱ្យស្រួលស្ដាប់ជាងនេះវិញថា គឺនៅសម័យនោះហើយដែលពួកថៃបានមករស់នៅពាសពេញទឹកដីសៀមសព្វថ្ងៃ ដែលពីមុនជាទឹកដីរបស់ពួកមនខ្មែរ បានចាប់ផ្ដើមបះបោរឡើងក្រោមការដឹកនាំរបស់ស្ដេច សុខោទ័យ និងក្សត្រប្រទេសក្បែរខាងមួយចំនួន ។ បើដូច្នោះមែន ទឹកដីទាំងអស់នោះត្រូវបាត់បង់ផុតពីដៃខ្មែរទៅ ដែលគេចាប់ផ្ដើមចាត់ទុកថាជាសត្រូវវិញ ហើយប្រជារាស្ដ្រត្រូវធ្លាក់ក្នុងអំណាចពួកថៃវិញម្ដង ។
(19) នេះជារឿងមួយគួរឱ្យសង្ស័យណាស់ ពីព្រោះគេត្រូវទទួលស្គាល់ថា មានស្ដេចបីព្រះអង្គសោយរាជ្យនៅក្នុងសតវត្សរ៍ទី១៣ ដោយមួយអង្គៗសោយរាជ្យជាមធ្យមចំនួន៣១ឆ្នាំ ។
No comments:
Post a Comment