Thursday, August 6, 2020

ឃឹន រឿន

ក្រុម​ពលករ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ថៃ នៅតែ​រក្សា​ជំហរ​រឹងមាំ និង​ទន្ទឹង​រង់ចាំ​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០២០។ ចំណែក​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច ចាត់​ទុក​ការ​ប្រកាស​រៀបចំ​គម្រោង មាតុភូមិ​និវត្តន៍​ជាថ្មី​របស់​លោក សម រង្ស៊ី ថា គ្រាន់តែ​ជា​ល្បិចកល​ថ្មី ហើយ​គ្មាន​អ្វី​គួរ​ឱ្យ​ខ្លាច​នោះ​ទេ។

ដំណឹង​ពី​ការរៀបចំ​គម្រោង​មាតុភូមិនិវត្តន៍​ម្តង​ទៀត របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ធ្វើ​ឱ្យ​សកម្មជន និង​ប្រជា​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន បង្ហាញ​ក្ដី​សង្ឃឹម​របស់​ពួក​ខ្លួន​ឡើងវិញ​។ ពួកគាត់​ប្រកាស​ថា មិន​ខ្លាចរអា ឬ​រាថយ​ឡើយ ហើយ​នៅតែ​រក្សា​ជំហរ​ប្ដូរផ្ដាច់​ក្នុង​ការ​រង់ចាំ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​គ្រប់​ពេល ដើម្បី​បញ្ចប់​អំណាច​ផ្ដាច់ការ ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ជួយ​ស្រោចស្រង់​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​ត្រឹមត្រូវ។
សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​៣០​នាក់ ​ត្រូវ​បាន​ឃុំ​ខ្លូន​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់​សមត្ថកិច្ច​ស្រុក​បាធាយ ក្នុង​ខេត្តកំពង់ចាម នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចាប់​ខ្លួន លោកដុង សុវណ្ណរិទ្ធិ ប្រធាន​យុវជន​អតីត​គណបក្ស​សង្រ្គោះជាតិ ដល់​គេហដ្ឋាន ដោយ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ។ ដោយ​ឡែក​ចំពោះ​តុល្យការ​ចុងក្រោយ គឺ​មាន​សកម្មជន និង​អ្នក​គាំទ្រ​អតីត​គណបក្សសង្គ្រោះជាតិ​៣០​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់ ក្នុង​សំណុំ​រឿង​«រួម​គំនិត​ក្បត់ »ខណៈ​ពួកគេ​ប្រកាស​គាំទ្រ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។ ចំណែក​សកម្មជន​១៦១​នាក់​ទៀត​ត្រូវ​បាន​តុលាការចេញ​ដីកា​កោះហៅ​និង​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ពី​បទ​ប៉ុនប៉ង​ផ្ដួលរ​លំរដ្ឋាភិបាល។ លោក ឃិន ជំរឿន ប្រធាន​យុវជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​ថា ក្រៅ​តែ​ពី​សកម្មជន​៣០​នាក់​កំពុង​ជាប់​ឃុំ និង ​១៦១​នាក់ កំពុង​រង​បណ្ដឹង​ពី​តុលាការ នៅ​មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​១២​នាក់​ផ្សេង​ទៀតបាន​រង​អំពើ​ហិង្សា​ដោយ​ប្រយោល​និង​ចំពោះ​មុខ។ ជាក់​ស្ដែង​នៅ​ក្នុង​អំឡុង​ខែ​កញ្ញា អតីត​ប្រធាន​ក្រុម​អង្គរក្ស ​លោក សម រង្ស៊ី ត្រូវ​បាន​ជន​ មិន​ស្គាល់​អត្ត​សញ្ញាណ​ពីរ​នាក់​លួច​វាយ​ពី​ក្រោយ បណ្តាល​ឲ្យ​បែក​ក្បាល​ហូរ​ឈាម ខណៈអតីត​ចៅ​សង្កាត់កោះដាច់ ​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិក៏ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ប្រហារ​ពី​ក្រោយបណ្ដា​ឲ្យ​បាក់​ឆ្អឹង​ដៃ​ឆ្វេង​បី​កំណាត់។

ដោយឡែក​ចំពោះ សកម្មជន​ទាំង​៣០នាក់ ត្រូវ​បាន​អយ្យ​ការ​អម​សាលាដំបូង​ខេត្ត​ចំនួន​៤រួមមាន៖ ឧត្តរមានជ័យ រតនគិរី ស្វាយរៀង កំពង់ចាម កាល​ពី​ពេល​ថ្មីៗ​នេះ ចេញ​ដីកា​ចោទ​ប្រកាន់ នៅ​ក្នុង​សំណុំ​រឿង​ដូច​គ្នា​ពី​បទ “រួម​គំនិត​ក្បត់” តាម​មាត្រា ៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​បន្ទាប់ពី​ធ្វើ​សកម្មភាព ប្រមូលផ្តុំ ឃោសនាគាំទ្រ លោក សម រង្ស៊ី ចំពោះ​ផែនការ​វិល​ត្រឡប់​មក​កម្ពុជាវិញ។ ប៉ុន្តែ​យ៉ាងណា​ក៏​សកម្មជន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ទាំង​នោះ​គឺ លោក ម៉ោញ សារ៉ាត់ ប្រធាន​ក្រុម​ការងារ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​ឧត្តរមានជ័យ​បាន​ភៀស​ខ្លួន​ទៅប្រទេស​ថៃ​ហើយ។

ទោះ​ប្រឈម​នឹង​ការ​ចាប់​ឃុំ​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​តែ​សង្កេត​ឃើញ​ថា សកម្មជន​និង​អ្នក​គាំទ្រអតីត​គណបក្ស​សង្គ្រោះជាតិ នៅ​តែ​គាំទ្រ​គម្រោង​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩​ខែវិច្ឆិកា​ដដែល។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​និង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បានព្រមាន ​ថាបុគ្គល​ទាំង​ឡាយ​ណា ដែល​មាន​ចេតនា​គាំទ្រ អតីត​មេបក្ស​ប្រឆាំង ត្រូវ​បញ្ឈប់សកម្មភាព​ជា​បន្ទាន់ បើ​មិន​ចង់​ឲ្យ​មាន​ការ​ចាប់​ខ្លួន ជា​បន្ត​បន្ទាប់៕

ការរំលោភ​បំពាន​ប្រព័ន្ធ​​តុលាការ​​ដើម្បី​​ស្រប​​តាម​របៀប​វារៈ​នយោបាយ គួរតែបញ្ចប់ ហើយ​បទ​ចោទ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​ត្រូវ​លើក​ចោលថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១៤ - យើងខ្ញុំ ជាក្រុម​សង្គម​ស៊ីវិល​មាន​រាយនាម​ដូច​ខាង​ក្រោម សូមថ្កោល​ទោស​ចំពោះ​ការរំលោភ​បំពាន​យ៉ាង​ជាក់​ស្តែង​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា និង​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទាញ​យក​លទ្ធផល​នៃ​ការ​ចរចារ​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​ថ្មីៗ​ទៅ​លើ​សមាជិក​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សូម​សំណូមពរ​ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទាំងអស់។

នៅវេលាម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០១៤ លោក ឃិន ជំរឿន ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​សាខា​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភោជនីយ​ដ្ឋាន​មួយ​ក្នុង​ទីក្រុង​តាខ្មៅ ហើយ​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ។ លោក ជំរឿន ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​មុន​ពេល​ឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ ម១ (ព្រៃស) នៅ​ម៉ោង ១២ និង ១០​នាទី ថ្ងៃ​ត្រង់។ ភ្លាមៗ​បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោក ជំរឿន​កាលពី​ថ្ងៃសៅរ៍ នគរបាល​ក៏បាន​ចាប់​ខ្លួន​លោក សាន គីមហេង ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​សាខា​ខណ្ឌ​ទួល​គោក និង​លោក នាង សុឃុន សមាជិក​យុវជន​គណបក្ស​សង្គ្រោះជាតិ​សាខា​ខណ្ឌ​ច្បារ​អំពៅ ។

ឈ្មោះរបស់លោក ជំរឿន ត្រូវបានដាក់​បញ្ចូល​ទៅក្នុង​ឯកសារ​តុលាការ ដោយ​ព្រះ​រាជ​អាជ្ញា លោក កែវ សុជាតិ កាល​ពីថ្ងៃទី​១៦ ខែ​កក្កដា ដោយ​លោក​ត្រូវបាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​ញុះញង់ ឲ្យ​មាន​អំពើ​ហិង្សា និង​ដឹកនាំ​ចលនា​កុបកម្ម។ លោក គីម​ហេង និង សុឃុន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា និង​រារាំង​មន្ត្រី​សាធារណៈ ហើយ​និង​ចូលរួម​នៅ​ក្នុង​ចលនា​កុបកម្ម។

បទចោទប្រកាន់ជាផ្លូវការលើលោក ជំរឿន ក៏ត្រូវ​បាន​ចោទ​ទៅ​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៨នាក់​ផ្សេង​ទៀត​ផង​ដែរ (៧នាក់ គឺជា​អ្នក​តំណាង​រាស្ត្រ) ដែល​ធ្លាប់​ត្រូវ​បាន​ឃុំខ្លួន​អស់​មួយ​សប្តាហ៍​នៅ​ពន្ធនាគារ ម១ និង ម២ (ព្រៃស) បន្ទាប់​ពី​មាន​អំពើ​ហិង្សា​បាន​កើត​ឡើង​នៅទី​លាន​ប្រជាធិបតេយ្យ កាល​ពីថ្ងៃទី​១៥ ខែ​កក្កដា។ អ្នក​ទាំង​ប្រាំបី​នាក់ ត្រូវ​បាន​ដោះ​លែង​នៅថ្ងៃ​ទី​២២ ខែ​កក្កដា នៅថ្ងៃ​ដែល​គណបក្ស​ទាំងពីរ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នយោបាយ​មួយ ដែល​ឈាន​ដល់ការ​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ​របស់​គណបក្ស​ទាំង​ពីរ។

ការចាប់ខ្លួនចុងក្រោយបានកើតឡើង នៅពេល​ដែល​គណបក្ស​ទាំងពីរ​កំពុង​ពិភាក្សា​គ្នា​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ខណៈ​ពេល​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបតែ​ត្រូវ​បាន​ដោះ​លែង​បណ្តោះ​អាសន្ន និង​អនុ​ប្រធាន​គណបក្ស ឯក​ឧត្តម កឹម សុខា ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចាប់ពី​ថ្ងៃទី​៨ ដល់ ១៣ ខែ​សីហា ដោយ​ចៅក្រម​ស៊ើប​សួរ​លោក កែវ មុនី។ នៅ​ថ្ងៃ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​សម្រេច​មិន​ដោះលែង​យុវជន​ទាំង​បី​នាក់​នោះ​ទេ បន្ទាប់ពី​សមាជិក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​ស្បថ​ក្នុង​ព្រះ​បរម​រាជ​វាំង​កាលពី​ពីរ​ថ្ងៃ​មុន។

លោក អ៊ី សារ៉ុម នាយក​ប្រតិបត្តិ​ស្តីទី​នៃ​សមាគម​ធាង​ត្នោត​បាន​មាន​ប្រសាសន៍​ថា៖ “ចាប់​តាំងពី​ការ​ចាប់​ផ្តើម គឺ​មាន​ភាព​ច្បាស់​លាស់​ណាស់​ថា ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​សមាជិក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​យុវជន គឺ​ជា​រឿង​នយោបាយ​ទាំង​ស្រុង”។

លោក យ៉េង វីរៈ នាយកប្រតិបត្តិ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​មាន​ប្រសាសន៍​ថា៖ “តុលាការ​គួរតែ​អនុវត្ត​ទៅ​តាម​ច្បាប់ ជា​ជាង​តាម​របៀប​វារៈ​នយោបាយ ហើយ​ដោះ​លែង​មេដឹក​នាំ​យុវជន​ទាំង​បី​នាក់ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅលើ​សមាជិក​ទាំង​អស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ”។

ពេលវេលានៃការចាប់ខ្លួន​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងបី​នាក់ រួម​ទាំង​ការ​ចេញ​ដីកា​កោះ​ហៅ​សាក​សួរ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ប្រាំបី​នាក់ និង​ឯកឧត្តម កឹម សុខា ហើយ​និង​ការ​ប្រញាប់​ប្រញាល់​បន្ត​នីតិ​វិធី ដែល​បន្ត​ធ្វើ​ការ​ឃុំខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ប្រាំបី​នាក់​ដោយ​មិន​ត្រឹម​ត្រូវ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​អានុភាព​នៅ​ក្នុង​ការ​ចរចា​នយោបាយ និង​បញ្ជៀស​នូវ​កំណែ​ទម្រង់​ការបោះ​ឆ្នោត​ឲ្យ​បាន​ត្រឹម​ត្រូវ និង​លទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ការ​ព្រម​ព្រៀង​នយោបាយ។

ណាលី ពីឡូក នាយិកា អង្គការសិទិ្ធមនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “នេះជា​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​ឱកាស​ក្នុង​ការ​កែទម្រង់​ការ​បោះឆ្នោត និង​លទិ្ធ​ប្រជា​ធិបតេយ្យ ដែល​បាន​លើក​ឡើង​ក្នុង​ការ​ចរចា​នេះ​ត្រូវ​បាន​បាត់​បង់ ដែល​ជា​លទ្ធផល​នៃ​ការ​រំលោភ​បំពាន​លើ​ប្រព័ន្ធ​យុត្តិធម៌​នា​ពេល​ចុង​ក្រោយ​នេះ”។

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​មាន​ប្រសាសន៍​ថា៖ “អត្ថន័យ​នៃ​កិច្ច​ព្រម​ព្រៀង​ទាំងបី​របស់​គណបក្ស​ទាំង​ពីរ​អំពី​បច្ចេកទេស​លើ​កំណែ​ទម្រង់ មិន​ទាន់​មាន​លក្ខណៈ​សមស្រប​ពេញលេញ និង​មិន​ទាន់​ធានា​បាន​នូវការ​ផ្លាស់​ប្តូរ​ដ៏​មាន​ន័យ​និង​ពិត​ប្រាកដ ទៅនឹង​ការ​ព្រម​ព្រៀង​កាល​ពីថ្ងៃ​ទី ២២ ខែ​កក្កដា ដែល​កំពុង​ត្រូវការ​ជា​បន្ទាន់​នោះ​ទេ។ នេះ​ជា​ការ​ចាំបាច់​ដែល​គណបក្ស​ទាំង​ពីរ ត្រូវតែ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ជាក់​លាក់​នានា ដើម្បី​ធ្វើការ​កែ​ទម្រង់​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​មាន​ក្នុងការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣ ដូចជា​កំហុស​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជាដើម”។

ការបំភិតបំភ័យ និងការគាបសង្កត់​សិទិ្ធ​មនុស្ស​ជា​មូល​ដ្ឋាន ដូចជា​សិទិ្ធ​សេរី​ភាព​ក្នុង​ការ​ជួបជុំ ដោយ​ការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ​ថា​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់។ យើងខ្ញុំ ជាក្រុម​សង្គម​ស៊ីវិល​មាន​រាយនាម​ដូច​ខាង​ក្រោម សំណូម​ពរ​ដោយ​ទទួច សូម​ឲ្យ​ធ្វើការ​ដោះលែង​នូវ​មេដឹកនាំ​យុវជន​ទាំង​បី​នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវ​លើក​ចោល​នូវ​រាល់​ការ​ចោទ​ប្រកាន់​ទាំងអស់​ដែល​មិនមាន​មូលដ្ឋាន​ច្បាប់​មក​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ។ យើងខ្ញុំ សូម​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល សូម​មេត្តា​បញ្ឈប់​នូវការ​រំលោភ​បំពាន​លើ​នីតិ​វិធី​តុលាការ ដើម្បី​សម្រេច​នូវ​របៀប​វារៈ​នយោបាយ​របស់​ខ្លួន។

បន្ទាយស្រី
សហគមន៍បឹងកក់ (BKL)
សហគមន៍បុរីកីឡា (BK)
សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
សហព័ន្ធសហជីព កម្មករចំនីអាហារ និងសេវាកម្ម (CFSWF)
សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
បណ្តាញយុវជនកម្ពុជា (CYN)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
បណ្តាញកសាងសន្តិភាព (CPN)
អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
សមធម៌កម្ពុជា (EC)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
លីកាដូ កាណាដា
គណៈកម្មាធិការអព្យាក្រឹត្យ និងមិនលំអៀងសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា (NICFEC)
សមាគមធាងត្នោត (STT)
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
សហគមន៍ថ្មគោល


សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
▪ លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេត នៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
▪ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក, ទូរស័ព្ទលេខ៖ ០១២ ៩២០ ៧៣០
ជីវភាព​លំបាក​ខ្លាំង​របស់​សកម្មជន​បក្ស​ប្រឆាំង​មួយ​គ្រួសារ រស់​នៅ​ភៀស​ខ្លួន​នយោបាយ​ក្នុង​ថៃ​ជិត ២ឆ្នាំ គ្រួសារ​មួយ​ដែល​ប្ដី​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​រាជធានី​ភ្នំពេញ នាំ​ប្រពន្ធ​កូន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ជិត ២ឆ្នាំ​ហើយ ដោយ​កំពុង​រស់​នៅ​យ៉ាង​លំបាក​វេទនា​ខុស​ពី​គេ​ឯង ព្រោះ​តែ​ចង់​បន្ត​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​នេះ​នៅ​ក្រៅ​ប្រទេស ដើម្បី​តស៊ូ​​ទាមទារ​ឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ និង​មាន​ការ​រីក​ចំរើន​ដូច​ប្រទេស​សេរី​លោក​ខាង​លិច។ គ្រួសារ​នេះ​មាន​សមាជិក ៤នាក់ ហើយ​មាន​កូន​ពិការ​ដើរ​មិន​រួច​ម្នាក់ ក៏​រស់​នៅ​ជា​មួយ​ឪពុកម្ដាយ​នៅ​ទីក្រុង​បាងកក​ដែរ។ (ប្រភព Cambodian Australian News Network)

តើ​គ្រួសារ​នេះ​មាន​ជីវិត​រស់​នៅ​បែប​ណា​ខ្លះ ពេល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​នោះ?

ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មួយ​គ្រួសារ​នេះ បាន​ចាកចេញ​ពី​ប្រទេស​ ដោយសារ​ភ័យខ្លាច​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ដាក់​គុក និង​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ក្រុម​គ្រួសារ។ ការ​ភៀស​ខ្លួន​នេះ ដោយ​ប្ដី គឺ​លោក ឃឹន រឿន បាន​ចេញ​ពី​ស្រុក​កំណើត​ទៅ​ប្រទេស​ថៃ​ជា​មួយ​កូន​ស្រី​ដែល​ពេល​នោះ​នាង​ទើប​តែ​មាន​អាយុ​ជាង ១០ឆ្នាំ ឆ្លង​ដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ខែ​តុលា ឆ្នាំ២០១៨ គឺ​ចេញ​ទៅ​មុន​ប្រពន្ធ និង​កូន​ប្រុស​ពៅ​​ប្រហែល ១ខែ​ប៉ុណ្ណោះ។ អ្នក​ទាំង ៤នាក់​នេះ រស់​នៅ​ក្រៅ​ប្រទេស​យ៉ាង​លំបាក​ ដោយសារ​តែ​មិន​មាន​ការ​ងារ​ធ្វើ ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន ហើយ​ថែម​ទាំង​មាន​កូន​ប្រុស​ម្នាក់​ពិការ​ម្នាក់ ដែល​ត្រូវ​មើល​ថែ​ក្នុង​បន្ទុក​គ្រួសារ​ទៀត​ផង។ សព្វ​ថ្ងៃ​ពួក​គេ​រស់​នៅ​ក្នុង​បន្ទប់​ជួល​តូច​ចង្អៀត​មួយ​កន្លែង នៅ​កណ្ដាល​ទីក្រុង​បាងកក ដែល​មាន​ទំហំ ៤ម៉ែត្រ ៤ជ្រុង។ អាគារ​នេះ​មាន​កម្ពស់ ៤ជាន់ ជញ្ជាំង​ស្នឹម​ខ្មៅ ហើយ​ស្ទើរ​តែ​រលំ​ដួល​ទៅ​ហើយ។

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ក្នុង​វ័យ ៣៨ឆ្នាំ គឺ​លោក ឃិន រឿន រៀបរាប់​ប្រាប់​អាស៊ី​សេរី​ថា បន្ទប់​ដែល​​លោក​កំពុង​ស្នាក់​នៅ​នេះ​ ជួល​ពី​​ម្ចាស់​ជនជាតិ​ថៃ​តម្លៃ ៣ពាន់​បាត ឬ​ប្រមាណ ១០០​ដុល្លារ​អាមេរិក​ក្នុង​ខែ ដើម្បី​ស្នាក់​នៅ​លាក់​ខ្លួន បន្ត​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្រៅ​ប្រទេស។ នៅ​ក្នុង​ផ្ទះ​ជួល​នេះ មាន​បន្ទប់​ទឹក​​តូច​មួយ​ផ្ទាល់​ខ្លួន​សម្រាប់​ពួក​គេ​ប្រើប្រាស់​ដែរ តែ​គ្មាន​ផ្ទះ​​បាយ​ធ្វើ​ម្ហូប​អាហារ​ទេ។ ពួក​គាត់​ចម្អិន​អាហារ​នៅ​ក្នុង​បន្ទប់ ហើយ​ពុំ​មាន​បង្អួច​បើក​ឱ្យ​ខ្យល់​ចេញ​ចូល​ឡើយ។ នៅ​ក្នុង​បន្ទប់​តូច​នេះ មាន​ក្រណាត់​ភួយ​ចាស់ៗ ក្រាល​នៅ​លើ​ឥដ្ឋការ៉ូ ហើយ​ដេក​តំរៀម​គ្នា ហាក់​ពុំ​មាន​ខ្យល់​ដក​ដង្ហើម​គ្រប់គ្រាន់​ទេ គឺ​មាន​កង្ហារ​មួយ​តូច​បក់​ខ្យល់​ប្រើ​ទាំង​អស់​គ្នា កាត់​បន្ថយ​ការ​ថប់​ដង្ហើម​បាន​ខ្លះ​ដែរ។ ពួក​គេ​ដាក់​ឆ្នាំង​ចាន គ្រឿង​ដាំ​ស្ល និង​សំលៀក​បំពាក់​លាយឡំ​គ្នា​នៅ​ក្នុង​បន្ទប់​តែ​មួយ រយីងរយោង​ពេញ​ផ្ទះ។ ពេល​កង្ហារ​បក់​ខ្យល់​ត្រូវ​ច្រមុះ​ម្ដងៗ មាន​ក្លិន​ស្អុយ​ស្ទើរ​ពិបាក​ដក​ដង្ហើម។ បុរស​មាឌ​ក្រអាញ​រូប​នេះ ថ្លែង​ក្នុង​ទឹក​មុខ​ស្រពោន​​ថា ​បន្ទប់​ជួល​​នេះ​ល្អ​បំផុត​សម្រាប់​ពួក​គេ​រស់​នៅ​ហើយ ប៉ុន្តែ​មិន​រំពឹង​ថា នឹង​អាច​ស្នាក់​នៅ​ទី​នេះ​បាន​យូរ​ទៅ​មុខ​ទៀត​ទេ ដោយ​សារ​គ្មាន​​មិន​មាន​លទ្ធភាព​រក​ប្រាក់​បង់​ថ្លៃ​បន្ទប់​បាន៖ «បន្ទប់​នេះ​ខ្ញុំ​ចាត់​ថា​ល្អ​ ប៉ុន្តែ​លើក​មុន​មិន​បាន​ល្អ​ប្រហែល​នេះ​ទេ ប៉ុន្តែ​ជាក់​ស្ដែង​យើង​ខ្វះខាត​ សំខាន់​កត្តា​ខ្វះខាត​ហ្នឹង តែ​បើ​យើង​នៅ​ល្អ​បន្តិច​​យើង​អត់​មាន​លទ្ធភាព​រស់​នៅ​ទេ​ សូម្បី​តែ​ការ​ហូប​ចុក​យើង​ខ្វះ​ទៅ​ហើយ ទម្រាំ​តែ​ថ្លៃ​បន្ទប់​ទៀត​វា​មិន​ស្រួល​ទេ​ ហើយ​យើង​ត្រូវ​ការ​គេច​ប៉ូលិស​ថៃ​ជា​រៀង​រាល់​ថ្ងៃ​ ដោយសារ​មិន​មាន​ឯកសារ​ក្នុង​ខ្លួន»។

ពួកគេ​ទាំង ៤នាក់​នេះ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​បាងកក ផ្ដល់​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​នយោបាយ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៩។ លោក ឃិន រឿន ថ្លែង​ថា ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​ថៃ លោក​បាន​ផ្លាស់​ទីតាំង​ស្នាក់​នៅ ៣កន្លែង​មក​ហើយ ដោយសារ​ប៉ូលិស​ថៃ​តាម​ចាប់​ខ្លួន​លោក​ដល់​ទី​កន្លែង​ជា​ញឹកញយ។ លោក​បាន​គេច​ខ្លួន​ទាន់​ពេល ដោយសារ​លោក​បាន​ទទួល​ដំណឹង​មុន។ សព្វ​ថ្ងៃ​ពួក​គាត់​រស់​នៅ​ប្រទេស​ថៃ​ទាំង​ភិតភ័យ ហើយ​ខ្វះ​មុខ​ខ្វះ​ក្រោយ ព្រោះ​ត្រូវ​រស់​លាក់​ខ្លួន​ពី​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ទៅ​ស្រុក​ខ្មែរ​វិញ​ផង និង​គ្មាន​ការងារ​ធ្វើ ដោយសារ​គ្មាន​ឯកសារ​ស្រប​ច្បាប់ ដោយ​រស់​នៅ​ពឹងផ្អែក​លើ​ប្រាក់​ជំនួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​ឱ្យ​គ្រួសារ​សកម្មជន​ភៀស​ខ្លួន ១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ហើយ​យូរ​ម្ដង នៅ​ពេល​ដែល​កូន​ឈឺ​ធ្ងន់​ត្រូវ​ការ​ព្យាបាល​បន្ទាន់ គឺ​សុំ​ប្រាក់​ពី​បង​ប្អូន​នៅ​ស្រុក​ខ្មែរ​បាន​ខ្លះ​ដែរ ប្រមាណ​ពី​២០០ ទៅ ៥០០​ដុល្លារ​អាមេរិក ដើម្បី​ដោះ​ទ័ល​ជីវភាព​គ្រួសារ៖ «ហើយ​ថ្លៃ​ស៊ីចាយ​យើង​មាន​ការ​លំបាក​ ហើយ​ពេល​ដែល​យើង​ដាក់​ពាក្យ​ទៅ យូអិន (UN) គេ​ឱ្យ​កាត​យើង ហើយ​ខ្ញុំ​យក​កាត​នោះ​ទៅ​បើក​អំណោយ​ពី យូអិន គឺ​មួយ បើក​ម្ដង ឬ ២ដង តាម​សហគមន៍​អង្គការ​ជា​ដៃ​គួរ​របស់ យូអិន ហ្នឹង។ បន្ទាប់​មក​វា​មិន​គ្រប់​ទេ ខ្ញុំ​បាន​ទៅ​រក​អាហារ​នៅ​វត្ត​លោក​មួយ ឬ ២វត្ត ដែល​ព្រះសង្ឃ​ខ្មែរ​គង់​នៅ ហើយ​ស្គាល់​ខ្ញុំ ក៏​ហៅ​ខ្ញុំ​ទៅ​យក​អាហារ​គ្រប់​បែប​យ៉ាង​ដែល​ខ្ញុំ​ខ្វះខាត គឺ​លោក​ជួយ​ច្រើន»។

អ្នក​ភៀស​ខ្លួន​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង ៣ឆ្នាំ​នៅ​កម្ពុជា​រួច​មក​ហើយ ដោយសារ​ចូល​រួម​តវ៉ា​ជា​មួយ​ជា​មួយ​ប្រជាពលរដ្ឋ ទាមទារ​អាជ្ញាធរ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តស៊ូ​មតិ កាល​ពី​ឆ្នាំ​២០១៤។ ក្រៅ​ពី​ជីវភាព​ខ្វះ​ខាង​ហូប​មិន​គ្រប់​ហើយ គឺ​អំឡុង​ពេល​រស់​នៅ​ក្រៅ​ប្រទេស គ្រួសារ​សមាជិក ៤នាក់​នេះ ក៏​ត្រូវ​រស់នៅ​ជុំ​គ្នា​ស្ទើរ​គ្រប់​ពេល​ដែរ​ ជាពិសេស ប្រពន្ធ គឺ​លោក​ស្រី ឡេង កល្យាណ ត្រូវ​មើល​ថែ​កូន​ប្រុស​ពៅ​អាយុ ៨ឆ្នាំ ដែល​ពិការ​ស្វិត​ដៃ​ជើង​ទាំង​សង្ខាង ដោយសារ​ជំងឺ​រលាក​ស្រោម​ខួរ គ្មាន​ប្រាក់​ព្យាបាល​ទាន់​ពេល ហើយ​បណ្ដាល​ឱ្យ​កូន​ក្លាយ​ជា​ជន​ពិការ​និយាយ​មិន​កើត ដើរ​មិន​រួច បាន​តែ​ដេក​នៅ​លើ​កន្ទេល​ជា​រៀង​ថ្ងៃ។ សព្វ​ថ្ងៃ​ឪពុក​ម្ដាយ​តែង​តែ​នាំ​កូន​ទៅ​មន្ទីរ​កុមារ​នៅ​ទីក្រុង​បាងកក ប្រមាណ ២ដង​ក្នុង​មួយ​ខែ ដើម្បី​ព្យាបាល​ជំងឺ​ ប៉ុន្តែ​ហាក់​មិន​បាន​ធូរស្រាល​ឡើយ។

លោក​ស្រី ឡេង កល្យាណ ដៃ​បី​កូន​បណ្ដើរ​និយាយ​រៀបរាប់​បណ្ដើរ​ថា កូន​របស់​លោក​ស្រី​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​តាំង​តែ​ប្ដី​ជាប់​គុក​រហូត​មក ដែល​ធ្វើ​ឱ្យ​ជីវភាព​របស់​គ្រួសារ​លោក​ស្រី​កាន់​តែ​លំបាក។ ស្ត្រី​​​សម្បុរ​សណ្ដែក​បាយ​រូប​នេះ ថ្លែង​ទាំង​ទឹក​ភ្នែក​ទៀត​ថា លោក​ស្រី​សម្រេច​ចិត្ត​ភៀស​ខ្លួន​តាម​ប្ដី ដោយសារ​នៅ​ឯ​ស្រុក​កំណើត អាជ្ញាធរ​ខ្មែរ​តាម​យាយី​គ្រប់​ទី​កន្លែង និង​ម្យ៉ាង​ទៀត មិន​​ពេញ​ចិត្ត​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ដែល​ចាប់​ចង​មនុស្ស​តាម​ទំនើង​ចិត្ត។ ជា​ពិសេស ការ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​គុក ជិត ១០០​នាក់ កាល​ពី​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បង្ក្រាប​ក្រុម​បក្ស​ប្រឆាំង​កាល​ពី​ខែ​ឆ្នាំ២០១៩៖ «ខ្ញុំ​តូច​ចិត្ត​ដែរ។ តែ​យើង​និយាយ​មិន​កើត។ ពេល​ឃើញ​គេ​មាន​ហូប​បរិបូរ​អ៊ីចឹង ហើយ​យើង​ឯ​ណេះ វា​អត់។ ខ្ញុំ​ចង់​ទៅ​ធ្វើ​ការ​អ៊ីចឹង មិន​មាន​អ្នក​មើល​កូន​ ណា​មួយ​បើ​ប្ដី​ខ្ញុំ​ទៅ​ធ្វើ​ការ​ខ្លាច​ប៉ូលិស​ចាប់ ព្រោះ​យើង​អត់​មាន​ច្បាប់ ហើយ​អ៊ីចឹង​ពិបាក។ បើ​កាល​នៅ​ខ្មែរ ពិបាក​រឿង​គេ​តាម​រក​រឿង តាម​សួរ​យើង​តាម​ថត​រូប គ្រាន់​តែ​គាត់​ចេញ​ពី​គុក​ព្រៃ​ស​ភ្លាម​មាន​ប៉ូលិស​មូលដ្ឋាន​តាម​សួរ​ប្ដី​តាម​ផ្ទះ​រហូត»។

លោក​ស្រី​បន្ថែម​ថា ពេល​នៅ​ភៀស​ខ្លួន​ក្រៅ​ប្រទេស លោកស្រី​មិន​ដែល​ស្ដី​បន្ទោស​ប្ដី​ឱ្យ​ឈប់​ធ្វើ​ជា​អ្នក​នយោបាយ​ឡើយ គឺ​តែងតែ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ប្ដី​ជា​និច្ច ដោយសារ​ចង់​ឱ្យ​ប្រទេស​កំណើត​មាន​ប្រជាធិបតេយ្យ​ពេញលេញ និង​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន​​​ដូច​ប្រទេស​សេរី​លោក​ខាង​លិច៖ «ចា! ដោយសារ​តែ​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ត្រង់​ជា​ប្ដី​ប្រពន្ធ​ស្រលាញ់​គ្នា​រហូត​មក​បង។ ខ្ញុំ​មិន​ខឹង​គាត់​ទេ ព្រោះ​ការងារ​ដើម្បី​ប្រទេស​ជាតិ ណា​មួយ​​ស្រុក​យើង​វា​អ៊ីចឹង។ បើ​យើង​អត់​ទ្រាំទ្រ​ទេ ពួក​គាត់​ក៏​ពិបាក ធ្វើ​ឱ្យ​ជាតិ​យើង​កាន់​តែ​យ៉ាប់​ទៅ​ណា​បង។ ដល់​ពេល​អ៊ីចឹង ខ្ញុំ​អត់​ខឹង​នឹង​គាត់​ទេ»។

ក្រោយ​ពី​ពួក​គាត់​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ចប់ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​​នេះ បាន​នាំ​កូន​ប្រុស​ពិការ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​នៅ​ទីក្រុង​បាងកក​ភ្លាមៗ ដោយ​ប្រពន្ធ​ដើរ​កាន់​រទេះ​រុញ​សម្រាប់​ដាក់​​ឱ្យ​កូន​ដេក​គាប​ជាប់​ខ្លៀក ហើយ​ប្ដី​បី​កូន​ព្រនាក់​លើ​ស្មា បណ្ដើរ​គ្នា​ដើរ​ចុះ​ពី​បន្ទប់​ជាន់​ទី២ ទៅ​មន្ទីរ​ពេទ្យ​តាម​ការ​ណាត់ ដើម្បី​ឱ្យ​គ្រួ​ពេទ្យ​តាម​ដាន​សុខភាព​របស់​កូន ក្រែង​ជំងឺ​បាន​ធូរស្រាល​ជាង​មុន។

ចំណែក​កូន​ស្រី ឈ្មោះ ឃិន សុវណ្ណលីដា វិញ ថ្ងៃ​នោះ​នាង​មិន​បាន​ទៅ​ពេទ្យ​ជា​មួយ​ឪពុក​ម្ដាយ​ទេ គឺ​នាង​នៅ​​ចាំ​ផ្ទះ​ម្នាក់​ឯង ដាំ​ស្ល​ជំនួស​ម្ដាយ។ កុមារី​រូប​នេះ​មាន​វ័យ​ជំទង់​​អាច​ចូល​រៀន​អនុវិទ្យាល័យ​បាន​ហើយ តែ​ត្រូវ​ភៀស​ខ្លួន​ជា​មួយ​ឪពុកម្ដាយ ទើប​មិន​បាន​ចូល​សាលា​រៀន​តាម​លំដាប់លំដោយ​ត្រឹមត្រូវ​នឹង​គេ។ សម្បុរ​ស្រអែម​សក់​វែង​ប្រាស់​ស្មា មុខ​ស្រដៀង​ឪពុក​នាង កុមារី ឃិន សុវណ្ណលីដា ​រៀបរាប់​ដោយ​សំដី​មួយៗ ថា ក្នុង​អំឡុង​ពេល​នៅ​ក្រៅ​ប្រទេស​នេះ នាង​មិន​បាន​ចូល​រៀន​សាលា​​ចំណេះ​ទូទៅ​ដូច​កូន​អ្នក​ស្រុក​ឡើយ ដោយ​នាង​បាន​ត្រឹមតែ​ចូល​រៀន​ភាសា​ថៃ​ថ្នាក់​ទី៣ របស់​អង្គការ ជួយ​ជន​ភៀស​ខ្លួន ប៊ីអារ៍ស៊ី (BRC) ជា​មួយ​កុមារ​ភៀស​ខ្លួន​ចម្រុះ​ជាតិ​សាស្ត្រ​នៅ​ទីក្រុង​បាងកក​ប៉ុណ្ណោះ៖ «គ្រូបង្រៀន​គឺ គ្រូ​ជន​ជាតិ​ថៃ សិស្ស​រៀន​សុទ្ធតែ​ជន​ជាតិ​គេ​ទាំង​អស់។ ជន​ជាតិ​វា​មាន​ច្រើន​ ខ្មែរ​វា​មាន​តិច។ អ៊ីចឹង ខ្ញុំ​និយាយ​ភាសា​ថៃ​រហូត ហើយ​គេ​និយាយ​ភាសា​ថៃ​ទៅ​ខ្ញុំ​ចេះ​តាម​គេ​អ៊ីចឹង​ទៅ ហើយ​ពេល​គេ​និយាយ​មក​ខ្ញុំ​អាច​និយាយ​ទៅ​គេ​វិញ​បាន​ស្ដាប់​បាន។ ប៉ា​ខ្ញុំ​គាត់​ធ្វើ​ការ អ៊ីចឹង​ហើយ​យើង​ជា​កូន​គាត់ យើង​ត្រូវ​តែ​ដើរ​តាម​គាត់​ហើយ​ ខ្ញុំ​អត់​ខឹង​គាត់​ទេ។ ធម្មតា​ដូច​គេ​ដូច​ឯង»។

កុមារី​រូប​នេះ​បន្ត​ថា​ នាង​ចង់​រៀន​សូត្រ​ឱ្យ​បាន​ជ្រៅជ្រះ ប្រសិន​បើ​មាន​ឱកាស​បាន​ចូល​រៀន​ត្រឹមត្រូវ ដើម្បី​មាន​ចំណេះ​​ធ្វើ​ការងារ​បាន​ខ្ពង់ខ្ពស់​ទៅ​ថ្ងៃ​អនាគត។

ទាក់ទង​នឹង​បញ្ហា​នយោបាយ​កន្លង​មក ទាំង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​លោក ស ខេង​ និង​លោក​​នាយករដ្ឋមន្ត្រី​ហ៊ុន សែន សុទ្ធតែ​បាន​អះអាង​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ត្រឹមត្រូវ​ ហើយ​ចាត់​ទុក​ក្រុម​ភៀស​ខ្លួន​នយោបាយ​នៅ​ក្រៅ​ប្រទេស​របស់​បក្ស​ប្រឆាំង​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់។ ថ្មីៗ នេះ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន​ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ​រដ្ឋាភិបាល​របស់​លោក​មិន​មិន​បារម្ភ​អំពី​សកម្មជន​បក្ស​ប្រឆាំង​ ដែល​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថៃ​នោះ​ទេ​ ហើយ​អាជ្ញាធរ​ខ្មែរ​ក៏​មិន​បាន​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​សកម្មជន​ទាំង​ដែរ គឺ​ពួក​គេ​ភ័យ​ខ្លាច​ហើយ​រត់​ភៀស​ខ្លួន​ដោយ​ខ្លួន​ឯង។

ផ្ទុយ​ពី​ការ​លើក​នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន បាន​ចេញ​របាយការណ៍​​​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ថា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​ទាមទារ​ប្រទេស​នេះ​បើក​ឱ្យ​មាន​​សេរីភាព​ដល់​ការ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ដីធ្លី។

អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International បាន​រក​ឃើញ​ថា ករណី​​រំលោភ​សិទ្ធិ​មនុស្ស រួម​មាន អំពើ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​បំភិតបំភ័យ និង​ការ​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត​ ទៅ​លើ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​កើន​ឡើង​ខ្លាំង ក្នុង​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ២០១៩។ ជា​ពិសេស មាន​ការ​បង្ក្រាប​ខ្លាំង​​នៅ​ពេល​ដំណើរ​ត្រឡប់​ចូល​ស្រុក​វិញ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក សម រង្ស៊ី ​កាលពីថ្ងៃទី៩ វិច្ឆិកា។ អំឡុង​ពេល​នោះ​មាន​សកម្មជន និង​​ក្រុម​អ្នកគាំទ្រ​គណ​បក្ស​ប្រឆាំង​ ជិត ១០០នាក់ ត្រូវ​បាន​ចាប់​ដាក់​គុក ​ហើយ​ជាង ១០០នាក់​ទៀត រង​បទ​ចោទ​ដែល​មាន​ចរិត​នយោបាយ គឺ​ពី​បទ រួម​គំនិត​ក្បត់​ជាតិ។ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល ឈប់​តាម​យាយី​សកម្មជន​គណបក្ស​ប្រឆាំង​ និង​ទាមទារ​ឱ្យ​ប្រញាប់​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ជា​ដើម។

បើ​ទោះ​ជា​មាន​ជីវភាព​លំបាក​យ៉ាង​ណា​ក្ដី ក៏​ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះ អះអាង​ដូច​គ្នា​ថា ពួក​គាត់​នឹង​ខំ​ប្រឹង​តស៊ូ​រស់​នៅ​ភៀស​ខ្លួន​ផ្នែក​នយោបាយ​នៅ​ក្រៅ​ប្រទេស​បែប​នេះ​បន្ត​ទៀត ដោយ​មិន​មាន​រាថយ ដើម្បី​ចូល​រួម​ជា​មួយ​សកម្ម​ជន​នយោបាយ​ដទៃ​ទៀត ទាមទារ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ឱ្យ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ត្រូវ​រៀបចំ​ឱ្យ​មាន​ការ​បោះ​ឆ្នោត ដោយ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ប្រកួត​ប្រជែង​​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​ឡើង​វិញ៕

No comments:

Post a Comment