Monday, May 6, 2024

រណសិរ្សរំដោះជាតិប្រជាជនខ្មែរ

ប្រភព Wikipedia រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ឫ រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ; អាចសរសេរកាត់បានថា រជរបខ ឫ KPNLF (ភាសាបារាំង៖ Front national de libération du peuple khmer) គឺជារណសិរ្សនយោបាយមួយដែលបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីប្រឆាំងទៅនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា–ដែលមានយួននៅពីក្រោយ។ ទាហានវៀតណាមប្រមាណ ២០០,០០០ នាក់ ជាមួយនឹងអ្នករត់ចោលជួរខ្មែរក្រហម (អ្នកដែលមិនពេញចិត្តនឹងរបៀបដឹកនាំខ្មែរក្រហម) បានវាយចូលកម្ពុជាក្នុងអំឡុងឆ្នាំ១៩៧៨ ហើយបានកម្ចាត់ទ័ពខ្មែរក្រហមបានយ៉ាងងាយ ហើយក៏ត្រូវបានប្រជាជនខ្មែរមួយចំនួនទទួលស្វាគមន៍ទ័ពវៀតណាមយ៉ាងរាក់ទាក់ដោយមើលឃើញថា វៀតណាមជាអ្នករំដោះខ្លួនឱ្យផុតពីរបបដ៏ឃោឃៅរបស់ប៉ុល-ពត។ ប្រជាជនខ្មែរខ្លះទៀតបែបជាមានការភ័យខ្លាចទៅវិញដោយមើលឃើញថា ពួកវៀតណាមគឺកំពុងឈ្លៀតឱកាសបន្លំធ្វើជាអ្នករំដោះទេ តែតាមការពិតគឺពួកវាប៉ងគ្រប់គ្រងរដ្ឋាភិបាលកម្ពុជារួចយូរៗទៅវានឹងលេបត្របាក់ទឹកដីកម្ពុជាទាំងមូលតែម្តង។ ដូច្នេះហើយបានជា ររជបខ ត្រូវបានបង្កើតឡើង។

ដើមកំណើត

នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩, គណៈកម្មាធិការដើម្បីអព្យាក្រឹតភាពនិងសន្តិភាពនៅកម្ពុជា (Comité pour un Cambodge Neutre et Indépendant, CCNI) ត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីសដោយ មានលោកសឺន សាន (អ្នកអព្យាក្រឹតភាពខ្មែរនាំមុខគេ, អតីតប្រធានធនាគារជាតិនៃកម្ពុជា និងជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជាពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨), លោក ស៊ឹម វ៉ា, យ៉ែម សំបូរ, ញ៉ឹក ជូឡុង, ណុង គីមមី, ថន ឱក, ឆាយ ថុល ជាសមាជិក។ គណៈកម្មាធិការនេះបានចេញសេចក្តីប្រកាស ៦ ចំណុចជំទាស់ស្តីបន្ទោសទៅខ្មែរក្រហម និង"ការឈ្លានពានរបស់វៀតណាមខាងជើង", ដោយបានប្រកាន់ខ្ជាប់នូវសន្និសិទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ និងសំណើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៧៣ ទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅកម្ពុជានិងការបោះឆ្នោតជ្រើស យករដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យវិញ។

វៀតណាមបានវាយលុកចូលរដ្ឋកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងខែធ្នូ ឆ្នាំ១៩៧៨ និងវាយចូលទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ភ្លាមៗនោះ រាជរដ្ឋាភិបាលថៃបានចូលទាក់ទងជាមួយលោកសឺន សានដោយចង់គាំទ្រចលនាតស៊ូប្រឆាំងកុម្មុយនិស្តរបស់លោក។ លោកសឺន សានក៏ធ្វើដំណើរទៅទីក្រុងញូវយ៉កដើម្បីស្នើព្រះអង្គម្ចាស់នរោត្តម សីហនុ (ខណៈពេលនោះទ្រង់កំពុងរៀបចំសេចក្តីថ្លែងការទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ) ឱ្យដឹកនាំ រជរបខ ប៉ុន្តែព្រះអង្គសីហនុបានបដិសេធ និងថែមទាំងមិនផ្តល់ការគាំទ្រទៀតផង។

នៅខែកុម្ភៈ ឆ្នាំ១៩៧៩, លោកឧត្តមសេនីយ៍ ដៀន ដែល និងងួន ពិធូរិទ្ធ បានធ្វើដំណើរទៅប្រទេសថៃដើម្បីបង្កើត កងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនខ្មែរ (កបអរជខ)។ អ្នកទាំងពីរបានធ្វើដំណើរពីជំរុំមួយទៅជំរុំមួយទៀតដើម្បីបញ្ចុះបញ្ចូលមេដឹកនាំតាមតំបន់នោះឱ្យចុះចូលជាមួយពួកគេ។ គិតត្រឹមពាក់កណ្តាលឆ្នាំ១៩៧៩, កបអរជខ មានទាហានទាំងអស់សរុប ១,៦០០ នាក់។

នៅខែសីហា ឆ្នាំ១៩៧៩, លោកសឺន សានបានធ្វើដំណើរមកប្រទេសថៃជាមួយនឹងកូនរបស់លោក និងមនុស្សមួយចំនួនដែលមកពីប្រទេសបារាំង។ រជរបខ ត្រូវបានប្រកាសមានឡើងនៅថ្ងៃទី៩ ខែតុលា នៅឯជំរុំសុខ សាន, ជាជំរុំយោធាមួយដែលស្ថិតនៅក្នុងព្រៃជួរភ្នំក្រវាញ និងមានចំនួនទាហានប្រមាណ ២,០០០ នាក់។ ក្រៅពីនេះ រណសិរ្សរបស់លោកសឺន សាននៅមានជំរុំយោធាចំនួន ១៣ ថែមទៀតនៅពាសពេញផ្ទៃប្រទេសកម្ពុជា ដូចជា ជំរុំឃ្លាំង មឿង (កម្លាំងទាហានសរុប ៥០០ នាក់), ជំរុំពស់វែក (ដឹកនាំដោយរវសេនីយឯក ព្រំ វិត), ចលនាខ្មែរឥស្លាម, ជំរុំព្រៃវែង, ចលនាជាតិនិយម និងជំរុំជាច្រើនទៀត...។ នៅខែបន្ទាប់, លោកសឺន សានបានទទួលតំណែងក្លាយជាមេដឹកនាំនៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរ រួមជាមួយនឹងគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាយោធារណសិរ្ស។

១៣ ជំរុំនេះ ស្ថិតក្រោមការដឹកនាំ បញ្ជារបស់ ឧត្តមសេនីយ៍ ដៀន ដែល  ជាជនជាតិ ចាម មកពី ខេត្ត ឃ្លាំង នៃ កម្ពុជាក្រោម។ លោក ជាមេទ័ពនៅរបប លន់ នល់ និង ជាមេទ័ពរបស់ ចលនារំដោះប្រជាពលរដ្ឋខ្មែររបស់ លោក តា សឺន សាន។ 

ឧត្តមសេនីយ ដៀន ដែល (១៩៣២ - ១៣ ខែកុម្ភៈ ឆ្នាំ២០១៣) គឺជាមន្ត្រីយោធាដ៏លេចធ្លោរបស់កម្ពុជា ហើយក្រោយមកជាអ្នកនយោបាយ។ គាត់បានដឹកនាំប្រតិបត្តិការប្រយុទ្ធនៅកម្ពុជា ទីមួយជាឧត្តមសេនីយនៅក្នុងកងទ័ពនៃសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) និងបន្ទាប់មកជាមេដឹកនាំនៃកងកម្លាំងទ័ពព្រៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរ (KPNLF) ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់វៀតណាម (១៩៧៩-១៩៩២) ។ បន្ទាប់ពីការដកទ័ពរបស់វៀតណាមចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩០ គាត់បានធ្វើជាអធិបតីក្នុងការរំសាយកងកម្លាំងប្រដាប់អាវុធរបស់រណសិរ្សរំដោះជាតិប្រជាជនខ្មែរ នៅខែកុម្ភៈ ឆ្នាំ១៩៩២។ នៅ​ឆ្នាំ​១៩៩៨ លោក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​រដ្ឋសភា​នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ។ គាត់បានចំណាយពេលដប់ប្រាំឆ្នាំចុងក្រោយនៃអាជីពរបស់គាត់ជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា។

រជរបខ ត្រូវបានបង្កើតជាក្រុមស្តាំនិយម, ប្រកាន់យកនយោបាយបែបលោកខាងលិច និងជាបក្សពួកប្រឆាំងកុម្មុយនិស្តដាច់ខាត។ ទាំងនេះបានធ្វើឱ្យ រជរបខ ជាកម្លាំងចលនានយោបាយមួយដែលប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានវៀតណាមនៅពីក្រោយ។

ប្រធានាធិបតេយ្យអាមេរិកលោករ៉ូណល់ វីហ្កេនបានផ្តល់ជំនួយដល់ រជរបខ ដើម្បីបញ្ចប់ការកាន់កាប់របស់វៀតណាមនៅកម្ពុជា។[៧] មិនមែនមានតែ រជរបខ ទេដែលទទួលបានជំនួយពីអាមេរិក គឺរាល់ចលនាតស៊ូប្រឆាំងកុម្មុយនិស្តនៅទូទាំងពិភពលោកសុទ្ធតែទទួលបានជំនួយពីអាមេរិកទាំងអស់។[
រជរបខ បានជ្រើសយកទង់សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) ជាទង់របស់ចលនាខ្លួន។

កម្លាំងនយោបាយមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ចាប់តាំងពីបានបង្កើតមក រជរបខ ភាគច្រើនបានពឹងផ្អែកលើជំនួយហិរញ្ញវត្ថុពីអន្តរជាតិដើម្បីជួយរក្សាជំរុំស៊ីវិលរបស់ពួកគេនិងអនុវត្តប្រតិបត្តិការយោធា។ សានគឺជាបុគ្គលដ៏សំខាន់មួយរូបសម្រាប់ការប្រមូលជំនួយហិរញ្ញវត្ថុនេះក៏ដូចជាការបង្កើនការយល់ដឹងជាអន្តរជាតិអំពីប្រយោជន៍របស់រណសិរ្សខ្លួន។ នៅឆ្នាំ១៩៨២, លោកបានធ្វើដំណើរទៅរៃអង្គាសប្រាក់នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ សានមានប្រជាប្រិយភាពខ្លាំងណាស់ជាមួយនឹងអាកប្បកិរិយាដ៏ស្ងប់ស្ងាត់និងការបន្ទាបខ្លួននិងបុគ្គលិកលក្ខណៈដែលគួរឱ្យចូលចិត្តរបស់លោក។[៩] បន្ថែមលើការធ្វើដំណើររបស់សាន, រជរបខ បានចាត់ទុកខ្លួនឯងជាក្រុមមិនមែនកុម្មុយនិស្តដំបូងគេបង្អស់នៅកម្ពុជាដែលប្រឆាំងនឹង សបក។ មតិនេះបានបង្កើនឱ្យមានការគាំទ្រច្រើនឡើងៗពីសំណាក់ប្រទេសលោកខាងលិចដោយពួកគេមិនចង់ឱ្យកម្ពុជាធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកកុម្មុយនិស្តយួន។

ដើម្បីបង្កើននូវនិន្នការនយោបាយនិងចង់ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ, រជរបខ បានចុះចូលជាមួយខ្មែរក្រហម និងរណសិរ្សបង្រួបបង្រួមជាតិដើម្បីឯករាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការកម្ពុជា (ហ៊្វុនស៊ិនប៉ិច) រួមគ្នាបង្កើតបានចេញជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រចកប)។ ទោះជា រជរបខ និងហ៊្វុនស៊ិនប៉ិច មិនពេញចិត្តនឹងទស្សនវិជ្ជារបស់ខ្មែរក្រហមក្តី ក៏ពួកគេត្រូវតែបង្ខំចិត្តចុះចូលដែរដើម្បីបង្កើនការទទួលស្គាល់ពីអន្តរជាតិ។ អ្នកខ្លះជឿថាសម្ព័ន្ធភាពរវាងបីបក្សពួកនេះបានបង្កើតឡើងដោយសារតែរដ្ឋាភិបាលខ្មែរក្រហមត្រូវបានទទួលស្គាល់ដោយអសបថាជារដ្ឋាភិបាលតំណាងឱ្យប្រទេសកម្ពុជា ទោះបីជាសម្ព័ន្ធនេះខ្វះខាតលក្ខណៈពេញលេញសម្រាប់ការទទួលស្គាល់បែបនេះក៏ដោយ។[១០]


ផ្នែកយោធានៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរគឺកងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងខែមិនា ឆ្នាំ១៩៧៩ ដោយឧត្តមសេនីយ៍ដៀន ដែល និងមានលោកសាក់ ស៊ុតសាខនជាមេបញ្ជាការពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩២។[១១] ទោះយ៉ាងណានៅក្នុងអង្គភាពនីមួយៗ មេបញ្ជាការតែងតែមានស្វ័យភាពរៀងខ្លួនៗ ដែលធ្វើឱ្យលោកឧត្តមសេនីយ៍សាខនមានការលំបាកក្នុងការសម្របសម្រួលសកម្មភាពរបស់អង្គភាពនីមួយៗ។ នេះអាចនាំឱ្យមានការភាន់ច្រលំនិងអប្រសិទ្ធភាពនៅពេលមានការប្រយុទ្ធទ្រង់ទ្រាយធំ។ ម៉្យាងវិញទៀតអង្គការនេះទទួលបានអត្ថប្រយោជន៍ជាទម្រង់នៃភាពបត់បែននិងចលភាពដ៏ប្រសើររបស់កងកម្លាំងប្រដាប់អាវុធ។

ក្រុមយោធានេះមានទំនោរក្នុងការធ្វើសកម្មភាពដោយអង្គភាពរៀងៗខ្លួន ប៉ុន្តែនៅពេលខ្លះ កបអរជខ ក៏ត្រូវចូលរួមជាមួយកងកម្លាំងផ្សេងទៀតដែរដើម្បីធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើគោលដៅ ឫតំបន់ជាក់លាក់ណាមួយ។ ឧទាហរណ៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៨៦, រចកប បានបើកការវាយប្រហារដណ្តើមបានក្រុងបាត់ដំបង, ដែលជាក្រុងធំទីពីរនៅក្នុងប្រទេសកម្ពុជា។[១២]

ការធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំរបស់ កបអរជខ ត្រូវបានបញ្ចប់ បន្ទាប់ពីវៀតណាមបានបើកការវាយប្រហារមកលើនៅរដូវប្រាំងក្នុងអំឡុងឆ្នាំ១៩៨៤–៨៥។ ការវាយឆ្មក់របស់យួននេះបានបង្កឱ្យមានការខាតបង់ជាច្រើន, វាមិនមែនខាតបង់តែខាង កបអរជខ មួយនោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់ប្រទេសថៃទៀតផង។ ទោះបីជាត្រូវបានបាត់បង់ចំនួនអាវុធ និងទាហានប្រហែល ៣០% ក្តី, កបអរជខ នូវតែអាចបន្តធ្វើប្រតិបត្តិការនៅតាមព្រៃបានពេញមួយអត្ថិភាពខ្លួនដដែរ។

វិបត្តិផ្ទៃក្នុងមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ដូចក្រុមបក្សពួកនយោបាយផ្សេងទៀតអញ្ជឹង, រជរបខ ក៏មានចំនួនវិបត្តិផ្ទៃក្នុងគួរសមផងដែរ។ តាមប្រវត្តិសាស្រ្ត, វិបត្តិផ្ទៃក្នុងរបស់រណសិរ្សនេះត្រូវបានបែកចែកជាពីរធំៗ ទីមួយគឺវិបត្តិមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងទីពីរគឺវិបត្តិក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ រណសិរ្សនេះត្រូវបានបែងចែកជាពីរក្រុមនៅចុងខែធ្នូ ឆ្នាំ១៩៨៥។ 
  1. ក្រុមមួយគឺមានលោកសឺន សាន, ប្រធានរណសិរ្សផ្ទាល់ ក្រុមពីរមានលោកសាក់ ស៊ុតសាខន ជាមេបញ្ជាការយោធានៃរណសិរ្ស, ប្រធានបុគ្គលិក លោកដៀន ដែល និងសមាជិករណសិរ្សពីរនាក់ទៀតឈ្មោះថាអាប់ឌុល ហ្កាហ្វា ពាង មែត និងហ៊ីង គុន្ធថន (សូមបញ្ជាក់ថាឈ្មោះអ្នកទាំងពីរនេះអាចសរសេរខុស ព្រោះឈ្មោះបុគ្គលទាំងពីរនៅក្នុងឯកសារដើមគឺបានសរសេរជាភាសា អង់គ្លេស)។
  2. ក្រុមទីពីរ ឫហៅថា"អ្នកប្រឆាំង"បានចោទប្រកាន់លោកសានថា គ្មានឆន្ទៈក្នុងការវាយប្រហារលើទាហានយួន ទោះបីជាមានទាហានរបស់សីហនុគ្រាំទ្រក៏ដោយ និងចេះតែចូលជ្រៀតជ្រែកក្នុងកិច្ចការយោធា។ ពួកគេក៏បានចោតប្រកាន់លោកសានថា មិនមែនជាអ្នកប្រជាធិបតេយ្យនោះទេដោយរបៀបគ្រប់គ្រងរបស់រូបលោកគឺដូចជាការយអំណាចមកសង្កត់អញ្ជឹង។
នៅថ្ងៃទី២ ខែមករា, ក្រុមអ្នកប្រឆាំងបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាពួកគេគឺជាអ្នកគ្រប់គ្រងថ្មីលើក្រុមរណសិរ្សនេះ។ លោកដៀន ដែល និង ស៊ុតសាខន បានបង្កើតគណៈកម្មាធិការកណ្តាលនៃការស្រោចស្រង់ដែលមានមុខងារដឹកនាំរណសិរ្សទាំងមូល។ បន្ទាប់មក សានក៏បានចេញសេចក្តីជំទាស់មួយដោយនិយាយថាសកម្មភាពរបស់ ដែល និង ខន គឺខុសនឹងច្បាប់ ហើយប្រឆាំងនឹងស្មារតីបក្ស បើបុគ្គលទាំងពីរចង់ចុះសម្រួលជាមួយបក្សទាំងមូលនោះ អ្នកទាំងពីរនឹងត្រូវតែ បញ្ឍប់សកម្មភាពទាំងនេះដែលកំពុងធ្វើឱ្យបែកបាក់សាមគ្គីភាពគ្នា។ សម្រាប់លោក អាប់ឌុល និង គុន្ធថន, សានជឿ ថាទាល់តែអ្នកទាំងពីរប្រព្រឹត្តិសកម្មភាពណាដែលគោរពនឹងវិន័យបក្សទើបពួកគេមានសឹទ្ធចូលរួមម្តងទៀត។ សានបានបន្តទៀតថា លោកកំពុងមានការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋ, សមាគមអាស៊ាន និងចិន។

តែទោះជាយ៉ាងណាក៏ដោយ, ការឈ្លោះប្រកែកគ្នារវាងមេដឹកនាំបក្សនៅតែបន្ត ដោយសារតែគ្មានភាគីណាមួយមានអំណាចអាចយកឈ្នះលើភាគីម្ខាងទៀតបាននោះទេ។ ច្រើនខែតមកទៀត, អាជ្ញាធរថៃបានចាប់ផ្តើមមានការព្រួយបារម្ភពីបញ្ហាផ្ទៃក្នុងរបស់ រជរបខ ហើយជាពិសេសគឺសមត្ថភាពរបស់ពួកគេក្នុងការបញ្ឆេះសង្គ្រាមជាមួយនឹង សបក។ ដូចនេះហើយ, ថៃបានចាប់បង្កើតនូវគណៈកម្មាធិការយោធាបន្តោះអាសន្នមួយដែលមានសមាជិក ១០ នាក់ដោយមិនបានឱ្យខន និងសានដឹងនោះទេ។ គោលបំណងរបស់គណៈកម្មាធិការថ្មីនេះគឺត្រូវធ្វើប្រតិបត្តិការនិងបញ្ជាការកងកម្លាំងយោធា រជរបខ ប្រឆាំងនឹង សបក រហូតទាល់តែជម្លោះត្រូវបានបញ្ចប់។ សមាជិកកំពូលនៃគណៈកម្មាធិការនេះមានលោកដៀន ដែល (ខាងស៊ុតសាខន) និងលោកព្រំ វិត (ជាប្រធានគណៈបញ្ជាការថ្មីរបស់សាន)។[១១]

ទីបំផុត ភាពមិនចុះសម្រុងគ្នានៃមេដឹកនាំបក្សក៏ត្រូវបានដោះស្រាយបន្ទាប់ពីមានការចូលធ្វើអន្តរាគមន៍ដោយភាគីទីបី (ថៃ)។ សានត្រូវបានអនុញ្ញាតឱ្យរក្សាតំណែងជាប្រធានរណសិរ្ស និងអំណាចស៊ីវិលផ្សេងៗទៀត ខណៈពេលដែលលោកស៊ុតសាខនក៏បានរក្សាតំណែងខ្លួនជាមេបញ្ជាការ កបអរជខ និងបន្តធ្វើប្រតិបត្តិការយោធារួមគ្នារវាង កបអរជខ និងហ៊្វុនស៊ិនប៉ិច[៦] ប៉ុន្តែសន្តិភាពផ្ទៃក្នុងមិនបានបន្តទៅយូរទេ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអនុវត្ត, ស៊ុត សាខន បានរត់ទៅបង្កើតគណបក្សនយោបាយផ្ទាល់ខ្លួនគឺគណបក្សប្រជាធិបតេយ្យសេរី

អត្ថិភាព ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស

នៅក្នុងឆ្នាំ១៩៩១, បារាំង និងប្រទេសឥណ្ឌូនេស៊ីបានអំពាវនាវឱ្យមានសន្និសីទសន្តិភាពមួយអំពីសង្គ្រាមស៊ីវិលនៅកម្ពុជា។ បក្សពួកនយោបាយទាំងបួននៅប្រទេសកម្ពុជាក៏បានសម្រេចចិត្តចូលរួមក្នុងសន្និសីទនេះក៏ដូចជា អសប និងប្រទេសផ្សេងៗទៀតផងដែរ (ឧទាហរណ៍: សហរដ្ឋ, សហភាពសូវៀត, ចិន, និងអង់គ្លេស)។ គោលបំណងនៃសន្និសីទមួយនេះគឺចង់ឱ្យមានសាមគ្គីភាព, សន្តិភាព, អព្យាក្រឹតភាព និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ នៅខែតុលា ឆ្នាំ១៩៩១, គ្រប់ភាគីទាំងអស់បានយល់ព្រមចុះលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

កិច្ចព្រមព្រៀងនេះបានអំពាវនាវឱ្យមានការបោះឆ្នោតដែលនឹងត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ ដើម្បីកំណត់អនាគតនៃរដ្ឋាភិបាលកម្ពុជាថ្មី។ កម្ពុជានឹងត្រូវបានពិនិត្យឃ្លាំមើលដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ឫហៅកាត់ថាអ៊ុនតាក់រហូតដល់ចប់ការបោះឆ្នោត។ កិច្ចព្រមព្រៀងសន្តិភាពបានកំណត់ថាបក្សពួកទាំងបួនត្រូវកែសហការជាមួយអ៊ុនតាក់ដើម្បីបញ្ឈប់ជម្លោះសង្គ្រាមនៅកម្ពុជា។ ក្រុមទាំងអស់បានអនុវត្តិតាមអ៊ុនតាក់ លើកលែងតែខ្មែរក្រហមទេដែលបានតវ៉ានិងមិនខ្ចីចូលរួមក្នុងការបោះឆ្នោត។

ភាពចាំបាច់ដើម្បីផ្លាស់ប្តូរពីក្រុមយោធាទៅ គណបក្សនយោបាយ នឹងត្រូវការសម្រួលប្តូរឈ្មោះ។ រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ត្រូវបានប្តូរមកជា គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា (គបសពស)។ គបសពស ត្រូវបានដឹកនាំដោយលោកសឺន សាន ហើយនៅក្នុងការបោះឆ្នោតដែលបានអនុម័តដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ គបសពស ដណ្តើមបាន ១០ អសានៈលើអាសនៈសរុបចំនួន ១២០ ក្នុងរដ្ឋសភាជាតិ

ដោយសារតែអសមត្ថភាពនៃគណបក្សណាមួយក្នុងការឈ្នះសម្លេងភាគច្រើន, គបសពស បានក្លាយជាសមាជិកជាន់ទាបនៃរដ្ឋាភិបាលចម្រុះថ្មី ដែលមានបក្សប្រជាជនកម្ពុជា និងហ៊្វុនស៊ិនប៉ិចជាសមាជិកកំពូល។ ក្នុងនាមជាសមាជិកនៃសម្ព័ន្ធភាព, រដ្ឋាភិបាលនឹងត្រូវផ្តល់ឱ្យ គបសពស នូវតួនាទីមួយចំនួនក្នុងគណៈរដ្ឋមន្រ្តីចែកអំណាច និងអាចក្លាយជាសមាជិកនៃរដ្ឋសភាជាតិបាន (ឧទាហណ៍: អៀង មូលីជារដ្ឋមន្រ្តីក្រសួងព័ត៌មានហើយលោកកឹម សុខាជាប្រធានគណៈកម្មការសឹទ្ធមនុស្សនៅក្នុងរដ្ឋសភាជាតិ)។

No comments:

Post a Comment