២៤ កញ្ញា ១៩៩៣-២៤កញ្ញា ២០២០៖ ជាទិវាឈប់សំរាក សប្បាយ ធ្វើការងារបោសសំអាតផ្ទះ ឬដើរផ្សារ ដើម្បីអបអរសាទ ថ្ងៃដែលប្រទេសកម្ពុជាយើង មានស្តេចឡើងវិញ ជា ទិវារដ្ឋធម្មនុញ្ញកម្ពុជា-- យើងដូរពាក្យ សមមិត្ត មកជា ឯកឧត្តម..ដូរពី រដ្ឋកម្ពុជា មកជា ព្រះរាជាណាចក្រកម្ពុជាវិញ។🥰 ទិវារដ្ឋធម្មនុញ្ញកម្ពុជា នេះ ល្អ សម្រាប់យើង គោរព ជាតិ សាសនា ព្រះមហាក្សត្រ ចំណែក ក្រុមខ្មែរបេះបោរ ផ្តាច់ទឹកដី ចង់ផ្លាស់ប្តូររបប គាត់មិន សប្បាយចិត្តទេ ព្រោះពួកគាត់គិតថា ជាកិច្ចព្រមព្រៀង សន្តិភាព រវាង រដ្ឋាភិបាលភ្នំពេញ ជាមួយ រដ្ឋាភិបាល សម្តេច សីហនុ ខណៈពួកគេ ប្រឆាំងរបបរាជានិយម-- គ្រប់ពេលវេលា បើក ហ្វេសប៊ុក មកឃើញថា តែ ទាមទារ ២៣ តុលា ១៩៩១ ព្រោះជាថ្ងៃ ពួកគេ ចូលរូម ស៊ីញ៉េ បង្កើតរដ្ឋធម្មនុញ្ញ ដល់ពេលបង្កើតមក ទៅជា ព្រះរាណាចក្រកម្ពុជា ដែលខុសបំណងពួកគេ...ដូច្នេះលោកអ្នកអាចតាមដានមើលទៅ អ្នកប្រឆាំង និយាយ រឿងព្រំដែន រឿងចិន រឿងវៀតណាម រឿងនយោបាយ...តែងតែភ្ជាប់ ស្មារតី ២៣ តុលា ៗៗៗៗ ( ប្រវត្តិរដ្ឋធម្មនុញ្ញនានានៅកម្ពុជា)
ភ្នំពេញ ៖ ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧ ហើយរដ្ឋធម្មនុញ្ញ ដែលប្រទេសកម្ពុជា កំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា ឯករាជជាតិ នរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយគិតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ មានរយៈពេល២៥ឆ្នាំហើយ ដូច្នេះបើនិយាយពីមនុស្ស ក៏ចូលវ័យមួយចាស់ចិត្ត ចាស់គំនិត ដឹងខុសត្រូវ ពេញរូបពេញរាង ដែលអាចគ្រប់គ្រងខ្លួនឯងបាន ដោយមិនចាំបាច់ពឹងអ្នកដទៃទៀតនោះទេ។
តាមឯកបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញ ដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃនេះ បានកើតឡើងជាថ្មី បន្ទាប់ពីសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្ស ហើយត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ រដ្ឋធម្មនុញ្ញនេះ បានបង្ហាញពីស្មារតីរួបរួមសាមគ្គីភាពរបស់ប្រមុខដឹកនាំខ្មែរ រួមមានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាមេដឹកនាំចលនាតស៊ូ និងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា។
តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់រដ្ឋសភាបានអះអាងថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ដែលជាឆ្អឹងខ្នងរបស់រដ្ឋនីមួយៗ ដែលនិយាយអំពីការគ្រប់គ្រងប្រទេសលើគ្រប់វិស័យទាំងអស់ ប៉ុន្តែនិយាយតែរឿងសំខាន់ៗតែប៉ុណ្ណោះ។ សម្រាប់វិស័យផ្សេងៗ មានច្បាប់អនុវត្តជាបន្តបន្ទាប់ទៀត ហើយសម្រាប់ខួប២៥ឆ្នាំនេះ មិនមានរៀបចំពិធីអ្វីធំដុំនោះទេ។ លោកបន្តថា ដោយសារតែមានរដ្ឋធម្មនុញ្ញទើបធ្វើឲ្យប្រទេសកម្ពុជា មានការអភិឌ្ឍទៅមុខឥតឈប់ឈរ។
រដ្ឋធម្មនុញ្ញជាច្បាប់កំពូលសម្រាប់ប្រទេសកម្ពុជា ដែលប្រកាន់នូវរបបប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញគ្រប់គ្រងបញ្ហាអធិបតេយ្យភាព តួនាទី និងឋានៈរបស់ព្រះមហាក្សត្រ សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និងកិច្ចការសង្គម ការប្រព្រឹត្តទៅនៃរដ្ឋសភា ព្រឹទ្ធសភា សមាជនិងរាជរដ្ឋាភិបាល ការប្រព្រឹត្តទៅនៃស្ថាប័នតុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាលនិងសភាជាតិ។ ជាពិសេសរដ្ឋធម្មនុញ្ញ គឺជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ មិនតែប៉ុណ្ណោះរាល់ច្បាប់ និងឯកសារគតិយុត្តិទាំងឡាយរបស់កម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តិទាំងនោះ នឹងអធមនុញ្ញភាព។
នៅក្នុងបុព្វកថា របស់រដ្ឋធម្មនុញ្ញ ក៏បានដាស់តឿន និងរំលឹកដល់កូនខ្មែរផងដែរថា សង្គ្រាមបាននាំកម្ពុជាឲ្យអន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ យើងជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព” ទ្បើងវិញ។
គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០១៨ នេះ រដ្ឋធម្មនុញ្ញនេះ បានធ្វើវិសោធនកម្មចំនួន៨ លើកហើយ។ លើកទី១ ធ្វើឡើងនៅខែកក្កដា ឆ្នាំ១៩៩៤, លើកទី២ ខែមីនា ឆ្នាំ១៩៩៩, លើកទី៣ ខែកក្កដា ឆ្នាំ ២០០១, លើកទី៤ ខែមិថុនា ឆ្នាំ២០០៥, លើកទី៥ ខែមីនា ឆ្នាំ២០០៦, លើកទី៦ ខែកុម្ភៈ ឆ្នាំ២០០៨, លើកទី៧ ខែតុលា ឆ្នាំ២០១៤ គឺធ្វើវិសោធនកម្មមាត្រា៧៦ ដាក់បញ្ចូលច្បាប់បោះឆ្នោតទៅច្បាប់កំពូលរបស់ជាតិ និងលើកទី៨ នៅខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានកែប្រែមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៥៣ និងមាត្រា១១៨ ស្តីពីការកំណត់សមាសភាពសមាជិកគណៈរដ្ឋមន្ត្រី។
ដើម្បីអបអរសាទរខួបលើកទី២៥ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ ក្រុមប្រឹក្សាធម្មនុញ្ញបានចាត់ឱ្យបោះពុម្ពផ្សាយរដ្ឋធម្មនុញ្ញចំនួន២,៥០០០ច្បាប់ ដើម្បីធ្វើការចែកជូនគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់។ ការបោះពុម្ពផ្សាយនេះ ជាការបញ្ជ្រាបការយល់ដឹងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសទៅក្នុងមជ្ឈដ្ឋានទាំងអស់របស់សង្គមជាតិ ដើម្បីលើកកម្ពស់នីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបន្តបោះពុម្ពផ្សាយជាច្រើនម៉ឺនច្បាប់ទៀត ដោយធ្វើយ៉ាងណាឱ្យច្បាប់កំពូលរបស់ជាតិមួយនេះ ត្រូវបានផ្សព្វផ្សាយទៅដល់គ្រប់ស្រទាប់នៃសង្គម ជាពិសេសបានដល់អាជ្ញាធរមូលដ្ឋាន រួមមានក្រុមប្រឹក្សាឃុំ-សង្កាត់ ជាដើម។
តាមឯកសា រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីបដិសន្ធិឡើង មកបានឆ្លងកាត់រដ្ឋធម្មនុញ្ញចំនួន៦ លើករួចមកហើយ គឺទី១. រដ្ឋធម្មនុញ្ញ ប្រទេសកម្ពុជា (១៩៤៧ ១៩៧០) ទី២. រដ្ឋធម្មនុញ្ញ សាធារណខ្មែរ (១៩៧០ ១៩៧៥) ទី៣. រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យ (១៩៧៥ ១៩៧៩) ទី៤. រដ្ឋធម្មនុញ្ញ សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩ ១៩៨៩) ទី៥. រដ្ឋធម្មនុញ្ញ រដ្ឋកម្ពុជា (១៩៨៩ ១៩៩៣) ទី៦. រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា (១៩៩៣ បច្ចុប្បន្ន)។
១. រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា (១៩៤៧ ១៩៧០) រដ្ឋធម្មនុញ្ញនេះ បែងចែកជា១២ ជំពូក និងមាន១២២ មាត្រា។ ជំពូកទី១ ចែងអំពីធម្មជាតិ និងសណ្ឋានដីរបស់រដ្ឋ ជំពូកទី២ ចែងអំពី សេរីភាព សិទ្ធិ និង ករណីយកិច្ចរបស់ខេមរជន ជំពូកទី៣ ចែងអំពី ច្បាប់និងអំណាច ជំពូកទី៤ ចែងអំពី ព្រះមហាក្សត្រ ជំពូកទី៥ ចែងអំពី រដ្ឋសភា ជំពូកទី៦ ចែងអំពីក្រុមប្រឹក្សា ព្រះរាជាណាចក្រកម្ពុជា ជំពូកទី៧ ចែងអំពី សភាប្រជារាស្ត្រ ប្រចាំខេត្ត និង រាជធានី ជំពូកទី៨ ចែងអំពី សមាជជាតិ ជំពូកទី៩ ចែងអំពីរដ្ឋមន្ត្រី ជំពូកទី១០ ចែងអំពី អំណាចតុលាការ ជំពូកទី១១ ចែងអំពីបញ្ញត្តិទូទៅ និង ជំពូកទី១២ ចែងអំពីបទបញ្ញត្តិពិសេស។
២. រដ្ឋធម្មនុញ្ញសាធារណរដ្ឋកម្ពុជា (១៩៧០ ១៩៧៥) ក្នុងរបបនេះ រដ្ឋធម្មនុញ្ញបានបែងចែកជា ១១ជំពូក មានមាត្រា១២១ និងមានមាត្រាអវសានដែលដាក់ ជាធរមាននៃរដ្ឋធម្មនុញ្ញ។ ជំពូកទី១ ចែងអំពីបញ្ញត្តិ ជាគ្រឹះជំពូកទី២ ចែងអំពីសិទ្ធិនិងករណីយកិច្ចនៃពលរដ្ឋ ជំពូកទី៣ ចែងអំពីប្រធានាធិបតី នៃសាធារណរដ្ឋជំពូកទី៤ចែងអំពីរដ្ឋាភិបាល ជំពូកទី៥ ចែងអំពី សហសភា ជំពូកទី៦ ចែងអំពី ការទាក់ទងរវាងសហសភា និងរដ្ឋាភិបាល ជំពូកទី៧ ចែងអំពីអំណាចតុលាការ ១.ក្រុមចៅក្រម ២.តុលាការ កំពូល ៣.ឧត្តមក្រុមប្រឹក្សាតុលាការ ជំពូកទី៨ ចែងអំពី ស្ថាប័នដទៃទៀត នៃសាធារណរដ្ឋ ជំពូកទី៩ ចែងអំពីសមូហភាពដែនដី ជំពូកទី១០ ចែងអំពីការពិនិត្យនិងវិសោធនកម្ម ជំពូកទី១១ ចែងអំពីអន្តរប្បញ្ញត្តិ។
៣. រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ ១៩៧៩) របបនេះរដ្ឋធម្មនុញ្ញ មាន ១៦ជំពូក និងមាន ២១ មាត្រា។ ជំពូកទី១ ចែងអំពីរបបរដ្ឋ ជំពូកទី២ ចែងអំពីរបបសេដ្ឋកិច្ច ជំពូកទី៣ ចែងអំពីរបបវប្បធម៌ ជំពូកទី៤ ចែងអំពីរបបដឹក នាំនិងធ្វើការងារ ជំពូកទី៥ ចែងអំពី អំណាចធ្វើច្បាប់ ជំពូកទី៦ ចែងអំពី អង្គការអនុវត្តច្បាប់ ជំពូកទី៧ ចែងអំពី តុលាការ ជំពូកទី៨ ចែងអំពី គណៈប្រធាន ជំពូកទី៩ ចែងអំពី សិទ្ធិ និងករណីយកិច្ច របស់ប្រជាជនកម្ពុជាម្នាក់ៗ ជំពូកទី១០ ចែងអំពី រដ្ឋធានី ជំពូកទី១១ ចែងអំពីទង់ជាតិ ជំពូកទី១២ ចែងអំពីសញ្ញាជាតិ ជំពូកទី១៣ ចែងអំពីភ្លេងជាតិ ជំពូកទី១៤ ចែងអំពី កងទ័ពបដិវត្តកម្ពុជា ជំពូកទី១៥ ចែងអំពី សិទ្ធិខាងជំនឿ និង សាសនា ជំពូកទី១៦ ចែងអំពីនយោបាយក្រៅប្រទេស។
៤. រដ្ឋធម្មនុញ្ញ សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩ ១៩៨៩) របបនេះរដ្ឋធម្មនុញ្ញ បែងចែកជា១០ ជំពូក និងមាន៩៣ មាត្រា។ ជំពូកទី១ ចែងអំពីរបបនយោបាយ ជំពូកទី២ ចែងអំពី របបសេដ្ឋកិច្ច និងគោលនយោបាយ វប្បធម៌ សង្គមកិច្ច ជំពូកទី៣ ចែងអំពី សិទ្ធិ និង ករណីយកិច្ច របស់ប្រជាពលរដ្ឋ ជំពូកទី៤ ចែងអំពី រដ្ឋសភា ជំពូកទី៥ ចែងអំពី ក្រុមប្រឹក្សារដ្ឋ ជំពូកទី៦ ចែងអំពី ក្រុមប្រឹក្សារដ្ឋមន្ត្រី ជំពូកទី៧ ចែងអំពីគណៈកម្មាធិការ ប្រជាជនបដិវត្តមូលដ្ឋាន ជំពូកទី៨ ចែងអំពី សាលាជម្រះក្តី និង អយ្យការ ជំពូកទី៩ ចែងអំពី សញ្ញាជាតិ ទង់ជាតិ ភ្លេងជាតិ និង រដ្ឋធានី ជំពូកទី១០ ចែងអំពី អានុភាពនៃរដ្ឋធម្មនុញ្ញ និង ការកែប្រែរដ្ឋធម្មនុញ្ញ។
៥. រដ្ឋធម្មនុញ្ញ រដ្ឋកម្ពុជា (១៩៨៩ ១៩៩៣) របបនេះ និងរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា មានដូចគ្នា គ្រប់ជំពូក គ្រប់មាត្រា ដោយគ្រាន់តែប្តូរឈ្មោះ ពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញតែប៉ុណ្ណោះ។
៦. រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣) ក្នុងរដ្ឋធម្មនុញ្ញនេះ បែងចែកជា ១៤ ជំពូក ១៣៩ មាត្រា។ ជំពូកទី១ ចែងអំពី អធិបតេយ្យ ជំពូកទី២ ចែងអំពី ព្រះមហាក្សត្រ ជំពូកទី៣ ចែងអំពី សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ជំពូកទី៤ ចែងអំពី របបនយោបាយ ជំពូកទី៥ ចែងអំពី សេដ្ឋកិច្ច ជំពូកទី៦ ចែងអំពី អប់រំវប្បធម៌ និង សង្គមកិច្ច ជំពូកទី៧ ចែងអំពី រដ្ឋសភា ជំពូកទី៨ ចែងអំពី រាជរដ្ឋាភិបាល ជំពូកទី៩ ចែងអំពី អំណាចតុលាការ ជំពូកទី១០ ចែងអំពីក្រុមប្រឹក្សាធម្មនុញ្ញ ជំពូកទី១១ ចែងអំពី ការគ្រប់គ្រងរដ្ឋបាល ជំពូកទី១២ ចែងអំពី សមាជជាតិ ជំពូកទី១៣ ចែងអំពីអានុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ ជំពូកទី១៤ ចែងអំពីអន្តរប្បញ្ញត្តិ៕
No comments:
Post a Comment