ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាព ដោយគាំងបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧២ឆ្នាំ។
Chan Born ខ្ញុំបាទនិងក្រុមគ្រួសារសូមចូលរួមមរណៈទុក្ខ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានទទួលមរណភាព នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជំងឺបេះដូង ៕
Phorn Sophal Update, ជីវប្រវត្តិសង្ខេប ឯកឧត្តម ហ៊ុន ណេង
ភ្នំពេញ : ឯកឧត្តម ហ៊ុន ណោង មានឈ្មោះដើម ហ៊ុន ឡុងសេង កើតនៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៩៥០ នៅភូមិពាមក ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមាន ឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក ។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុង នោះ ស្រី ៣ នាក់។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ លាង រួចឆេង នៅឆ្នាំ ១៩៧១ និងមានបុត្រាបុត្រីចំនួន ៦ នាក់ ក្នុងនោះស្រី ៣នាក់។
ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ ១៩៧០ លោកបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋម សិក្សាពាមកោះស្នា និងបន្តនៅអនុវិទ្យាល័យស្ទឹងត្រង់។ ជាបន្តបន្ទាប់ លោកបានខិតខំបន្តការសិក្សារៀន សូត្ររហូតដល់ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ច និងរដ្ឋបាល នៅឆ្នាំ ១៩៩៧។ មិនតែប៉ុណ្ណោះ លោកក៏បានទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសពីស្ថាប័នសាកលវិទ្យាល័យជាតិ និងអន្តរជាតិមួយចំនួន ផងដែរ។
ក្នុងចន្លោះឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ លោកស្ថិតនៅក្នុងតំបន់រំដោះនាស្រុកកំណើត និងក្រោយ ពេលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត លោកបានចូលបម្រើក្នុងកងទ័ពនៃរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា។ ចាប់ពីពេលនោះរហូតមក ដោយសារលោកមានបញ្ញាឈ្លាសវៃ និងមាន សមត្ថភាព លោកក៏ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន ៖ ជាប្រធានមន្ទីរខេត្តកំពង់ចាមនៅ ឆ្នាំ១៩៧៩ ជាប្រធានមន្ទីរផែនការខេត្តកំពង់ចាមនៅឆ្នាំ១៩៨១ ជាអភិបាលស្រុកក្រូចឆ្មារនៅឆ្នាំ១៩៨២ ជាអភិបាលខេត្តកំពង់ចាមនៅឆ្នាំ១៩៨៤ ជាអភិបាលខេត្តស្វាយរៀងនៅឆ្នាំ ១៩៩៩ និងវិលត្រឡប់មកធ្វើ ជាអភិបាលខេត្តកំពង់ចាមវិញនៅឆ្នាំ២០០៥ លោកបានចូលនិវត្តនៅឆ្នាំ២០១៣ និងត្រូវបានឈរ ឈ្មោះ និងជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងត្រូវបានជ្រើសតាំងជាសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃ រដ្ឋសភាពជាតិរហូតមកដល់បច្ចុប្បន្ន។
ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ លោកក៏ត្រូវបានប្រទាននូវគ្រឿងឥស្សរិយ យសជាច្រើនពីព្រះមហាក្សត្រ ក្នុងនោះ គ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ថ្នាក់ជាតូបការ។
ពេញមួយជីវិតរបស់ឯកឧត្តម ហ៊ុន ណេង ពិសេសពេលវេលាដែលលោកបានមកដឹកនាំនៅ ខេត្តកំពង់ចាម លោកតែងតែបំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍ នៅខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ។ តាមរយៈសកម្មភាពទាំងអស់នេះ បានធ្វើឲ្យលោកទទួលបាននូវការ គោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕
ដោយ : សុខ ខេមរា
National Assembly Of Cambodia ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាកម្ពុជា រៀបចំពិធីជប់លៀងជូនដល់គណៈប្រតិភូគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាឡាវ និងវៀតណាម បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំលើកទី៤ ស្ដីពី "តួនាទី ភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ក្នុងការកសាងសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព"។
ពិធីជប់លៀងបានធ្វើឡើងនៅរាត្រីថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ខេមរបុត្រដែលប្រែខ្លួនពីកូនកសិករ ជារដ្ឋបុរសដ៏អស្ចារ្យរបស់កម្ពុជា (ភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំហើយ។
សម្តេចតេជោ ហ៊ុន សែន បានភពកំណើតក្នុងគ្រួសារត្រកូលកសិករតាមដងទន្លេមេគង្គក្នុងភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានបិតានាម ហ៊ុន នាង និងមាតានាម ឌី ប៉ុក (អ្នកមានគុណទាំងពីរបានលាចាកលោកនេះទៅហើយ)។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ សម្តេចតេជោ ហ៊ុន សែន ជាកូនទី៣ ក្នុងចំណោមបងប្អូន ៥ នាក់ រួមមាន៖ លោក ហ៊ុន ឡុង ឬ ហ៊ុន សាន, លោក ហ៊ុន សេង/ ហ៊ុន ណេង (បងប្រុសទី១ និងទី២), លោកស្រី ហ៊ុន សេងនី, លោកស្រី ហ៊ុន ស៊ីណាត និងលោកស្រី ហ៊ុន ប៊ុនធឿន។ លោកស្រីទាំង៣រូបជាប្អូនស្រី។
ឆ្នាំរោង តំណាងដោយសត្វនាគរាជ្យ សត្វមានអនុភាពអស់បណ្តាសត្វតំណាងឆ្នាំកំណើតទាំង១២ ដែលជាឆ្នាំសម្តេចតេជោ ហ៊ុន សែន ចាក់ឧទររបស់មាតានោះ មានទឹកជំនន់យ៉ាងធំថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបិតា និងមាតា ដាក់នាមកំណើតថា «ណាល់» ដើម្បីឱ្យជួននឹងនាមរបស់បិតា «នាង» និងនាមបងប្រុស «ណេង»។ ការដាក់នាម «ណាល់» ដោយសារពេលប្រសូតមកទារករូបនេះ មានសាច់ទ្រលុកទ្រលន់ ហើយទំនៀមទម្លាប់អ្នកជនបទពេលទារកណាសាច់ទ្រលុកទ្រលន់បែបនេះគេហៅថា «ណាល់»។
មិត្តអ្នកអាន និងទស្សនាអាចនឹងងឿងឆ្ងល់ថា ឈ្មោះកំណើត គឺ «ណាល់» ហេតុអ្វីបានជាបច្ចុប្បន្នមេដឹកនាំកម្ពុជារូបនេះ មានឈ្មោះ «សែន» ទៅវិញ។ ឈ្មោះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ ត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុងពេលបម្រើការងារជាកងទ័ព ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួនពីខ្មាំងសត្រូវ។
នៅថ្ងៃ១៤ ខែមេសា ឆ្នាំ១៩៧០ ពេលដែលចូលរួមចលនាតស៊ូក្នុងព្រៃតាមការអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីដណ្តើមអំណាចពីរដ្ឋាភិបាលសេនាប្រមុខ លន់ នល់ និងប្រឆាំងកងទ័ពអាមេរិកនោះ សម្តេចតេជោ ហ៊ុន សែន បានប្តូរពីឈ្មោះ «ហ៊ុន បូណាល់» ទៅជា «ហ៊ុន សំរេច» តែឈ្មោះនេះ ក៏បានប្តូរម្តងទៀតនៅចុងឆ្នាំ១៩៧៤ គឺប្តូរពី «ហ៊ុន សំរេច» មកជា «ហ៊ុន សែន» ហើយប្រើជាប់មកដល់ពេលបច្ចុប្បន្ន។
សូមបញ្ចប់រឿងរ៉ាវនៃការផ្លាស់ប្តូរឈ្មោះ មកកាន់ដំណើរជីវិតរបស់កុលបុត្រកម្ពុជាដែលបានវិវឌ្ឍន៍ខ្លួនពីកូនកសិករ កូនទាហាន ទៅជាមេទ័ព ជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្ត្រីវិញម្តង។ កុមារា «ហ៊ុន បូណាល់» ជាក្មេងដែលស្រឡាញ់ការសិក្សារៀនសូត្រ និងបានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សានៅឆ្នាំ១៩៦៥ ហើយត្រូវបានឃ្លាតឆ្ងាយស្រុកកំណើត អ្នកមានគុណ និងបងប្អូន មកសិក្សាបន្តថ្នាក់វិទ្យាល័យនៅវិទ្យាល័យឥន្ទ្រទេវី ដោយផ្ញើប្រាណជាមួយព្រះសង្ឃនៅវត្តនាគវន្តចន្លោះឆ្នាំ១៩៦៥-១៩៦៨។
សម្តេចតេជោ ហ៊ុន សែន មានឧត្តមភរិយានាម «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី» ដែលមានដើមថា «ប៊ុន សាំងហ៊ាង»។ ចំណងស្នេហ៍ដ៏ជ្រាលជ្រៅក្នុងយុវភាពរវាងកំលោះ «ហ៊ុន សំរេច» និងក្រមុំ «ប៊ុន សាំងហ៊ាង» បានកើតមានឡើងនៅចុងឆ្នាំ១៩៧៣ ក្នុងគ្រាដែលកំលោះក្រមុំមួយគូនេះ ជាយុទ្ធជន យុទ្ធនារីក្នុងចលនាតស៊ូរំដោះជាតិដូចគ្នា។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានអង្គការអាវខ្មៅខ្មែរក្រហមរៀបចំអាពាហ៍ពិពាហ៍ជូននៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ១៩៧៦ ជាមួយគូស្រករ១២គូផ្សេងទៀត។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាគូទី១៣។
ការរៀបអាពាហ៍ពិពាហ៍ក្នុងរបបអាវខ្មៅត្រូវបានរៀបចំយ៉ាងសោះកក្រោះជាទីបំផុតគ្មានឡើយឈុតសម្លៀកបំពាក់ប្រពៃណី គ្មានការបន្លឺសំឡេងភ្លេងការ គ្មានសាច់ញាតិ មិត្តភក្តិចូលរួមអបអរនោះឡើយ។ អ្នករៀបការទាំង១៣គូ ត្រូវបានរៀបចំឱ្យអង្គុយនៅនឹងតុតម្រៀបជួរគ្នា ដោយនារីអង្គុយមុខ ហើយបុរសជាគូអង្គុយខាងក្រោយ ។ អាពាហ៍ពិពាហ៍ត្រូវបានទទួលដឹងឮដោយគណៈអធិបតី១រូប និងគណៈចាត់តាំង១រូប។
បើទោះបីអាពាហ៍ពិពាហ៍ត្រូវបានរៀបចំឡើងក្នុងបរិយាកាសដ៏សែនសោះកក្រោះយ៉ាងណាក្តី តែចំណងស្នេហ៍ដែលកប់ជ្រៅក្នុងក្រអៅបេះដូងធ្វើឱ្យចំណងអាពាហ៍ពិពាហ៍បានរក្សាជាអមតៈមកដល់ពេលបច្ចុប្បន្ន។ ខុសពីគូស្រករមួយចំនួនដែលត្រូវចាប់ផ្សំផ្គុំ និងបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍ដោយអង្គការខ្មែរក្រហមនោះ ពួកគេត្រូវបង្ខំចិត្តចែកផ្លូវគ្នានៅពេលរបបមួយនេះត្រូវដួលរលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
មរតកនៃចំណងស្នេហ៍ដ៏ជ្រាលជ្រៅនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានបុត្រា និងបុត្រីចំនួន ៦រូបរួមមាន៖ ១. លោក ហ៊ុន កំសត់ (ស្លាប់ពេលកើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦), ២. លោក ហ៊ុន ម៉ាណែត (កើតថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧), ៣. លោកស្រី ហ៊ុន ម៉ាណា (កើតនៅថ្ងៃ១៥ ខែកញ្ញា ឆ្នាំ១៩៨០), ៤. លោក ហ៊ុន ម៉ានិត (កើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៨១), ៥. លោក ហ៊ុន ម៉ានី (កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៨២) និងទី៦. លោកស្រី ហ៊ុន ម៉ាលី (កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៨៣)។
រឿងរ៉ាវស្នេហា និងជីវិតគ្រួសារក្នុងគ្រាជាតិកម្ពុជាមានកលិយុគរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានរឿងរ៉ាវប្រៃល្វីងជូរចត់កម្សត់វេទនា និរាសព្រាត់ប្រាស់ច្រើនអនេកមិនអាចរៀបរាប់អស់នោះឡើយ ដែលមិនខុសពីជីវិតរបស់ប្រជាពលរដ្ឋខ្មែរដទៃទៀតប៉ុន្មាននោះឡើយ។
ឥឡូវយើងសូមស្លេះនូវសាវតារ ព្រមទាំងប្រវត្តិរឿងរ៉ាវជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ហើយងាកទៅចាប់អារម្មណ៍ពីប្រវត្តិនៃការតស៊ូក្នុងការរំរំដោះជាតិ ការស្វះស្វែងរកសុខសន្តិភាព ការបញ្ចប់ភ្លើងសង្គ្រាម ការដឹកនាំ និងការប្រឹងប្រែងអភិវឌ្ឍន៍ជាតិកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានគេប្រសិទ្ធនាមជាបុរសខ្លាំងរបស់កម្ពុជាក្នុងរយៈពេលប្រមាណជា ៤០ឆ្នាំចុងក្រោយនេះវិញម្តង។
នៅអំឡុងឆ្នាំ១៩៦៩ នៅពេលប្រទេសកម្ពុជាធ្លាក់ចូលក្នុងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរនោះ យុវជន ហ៊ុន បូណាល់ ក៏បានធ្វើដំណើរត្រឡប់ទៅរស់នៅជាមួយឪពុកម្តាយវិញ តែមិនមែនរស់នៅស្រុកស្ទឹងត្រង់ទៀតនោះទេ គឺទៅនៅស្រុកមេមត់វិញម្តង ព្រោះលោកឪពុកអ្នកម្តាយ បានផ្លាស់ប្តូរទៅរស់នៅ និងប្រកបមុខរបរនៅទីនោះ។ ការមកវិលត្រឡប់មករស់នៅក្នុងស្រុកមេមត់នេះ យុវជន ហ៊ុន បូណាល់ បានរកស៊ីជួញដូរអង្ករ ថ្នាំពេទ្យ និងទំនិញមួយចំនួនទៀតជាមួយវៀតកុង (កងទ័ពរំដោះវៀតណាមខាងជើង) ដែលរស់នៅលើទឹកដីកម្ពុជា។
យុវជន ហ៊ុន បូណាល់ ពេលនៅសិក្សាមានបំណងប្រាថ្នាចង់ត្រឹមធ្វើជាគ្រូបង្រៀនម្នាក់ប៉ុណ្ណោះ តែដោយសារតែប្រទេសជាតិបានធ្លាក់ចូលក្នុងវិបត្តិ នៃការបែកបាក់សង្គ្រាមរាំងជល់នោះ យុវជនរូបនេះ ក៏ដូចជាយុវជនដទៃទៀតបានសម្រេចចិត្តចូលក្នុងចលនាតស៊ូរំដោះជាតិតាមព្រះរាជអំពាវនាវរបស់សម្តេច នរោត្តម សីហនុ ក្រោយពេលព្រះអង្គត្រូវបានសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ ហ៊ុន បូណាល់ បានសម្រេចចិត្តចូលបម្រើកងទ័ពចលនាតស៊ូក្នុងព្រៃនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ ដែលកាលបរិច្ឆេទនេះហើយ ត្រូវបានកំណត់ជាថ្ងៃកំណើតទី២ ហើយក៏ជាពេលផ្លាស់ប្តូរឈ្មោះពី ហ៊ុន បូណាល់ មក ហ៊ុន សំរេច ហើយក្រោយមកនៅអំឡុងឆ្នាំ១៩៧៤ ក៏បានប្តូរមកជា ហ៊ុន សែន ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួន។
ក្នុងពេលបម្រើការងារជាកងទ័ពតស៊ូក្នុងព្រៃនេះ ដោយសារតែភាពឆ្លាតវៃរបស់ខ្លួនសមមិត្ត ហ៊ុន សំរេច ទទួលបានការទុកចិត្តថ្នាក់ដឹកនាំកងទ័ពតស៊ូ និងបានវិវឌ្ឍន៍ខ្លួនពីកូនទាហានតូចតាចទៅជាមេបញ្ជាការមួយរូបមានប្រជាប្រិយភាពផងដែរ។ លើសមរភូមិមេបញ្ជាការ ហ៊ុន សម្រេច រួមនឹងយុទ្ធជនរួមអាវុធដទៃទៀត បានប្រកៀកស្មាគ្នាប្រយុទ្ធយ៉ាងស្រួចស្រាវជាមួយកងទ័ពអាមេរិក និងកងទ័ពនៃរបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់។
បន្ទាប់ពីការតស៊ូប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំទីបំផុតកងទ័ពសាធារណរដ្ឋត្រូវអស់បង្អែកក្រោយសហរដ្ឋអាមេរិកសម្រេចិត្តដកខ្លួនចេញពីសមរភូមិសង្គ្រាមនៅឥណ្ឌូចិន ហើយក៏ត្រូវបានចាញ់ក្នុងសមរភូមិសង្គ្រាម រាជធានីភ្នំពេញ ក៏ត្រូវបានធ្លាក់ចូលក្នុងដៃរបស់កងទ័ពតស៊ូនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ តែជាអកុសលនៅពេលសង្គ្រាមតស៊ូជាច្រើនឆ្នាំជិតនឹងទទួលបានជោគជ័យទៅហើយ ពោលនៅមុនមួយថ្ងៃនៃជ័យវាយកាន់កាប់រាជធានីភ្នំពេញ គឺថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥ យុទ្ធជន ហ៊ុន សំរេច បានរងរបួសភ្នែកខាងឆ្វេងដោយសារអំបែងគ្រាប់កាំភ្លើងធំក្នុងសមរភូមិសង្គ្រាមនៅក្នុងខេត្តកំពង់ចាម ហើយបណ្តាលឱ្យពិការមកដល់ពេលបច្ចុប្បន្ននេះ។
ជោគជ័យ១៧ មេសា ឆ្នាំ១៩៧៥ ជាក្តីរីករាយមួយសម្រាប់កងទ័ពតស៊ូ តែសម្រាប់យុទ្ធជន ហ៊ុន សម្រេច មិនបានសប្បាយរីករាយជាមួយជ័យជម្នះនេះឡើយ ដ្បិតអីត្រូវរងរបួសពិការភ្នែកម្ខាងទៅហើយ។ ការរងរបួសមុនថ្ងៃទទួលជ័យជម្នះរបស់កងទ័ពតស៊ូ រហូតពិការភ្នែករបស់យុទ្ធជន ហ៊ុន សំរេច ហាក់បានបង្ហាញជាប្រផ្នូលមិនល្អមួយសម្រាប់អ្នកតស៊ូក្នុងព្រៃទាំងអស់ និងប្រជាពលរដ្ឋខ្មែរទាំងមូលផងដែរ។
ចលនាតស៊ូរំដោះយកទីក្រុងភ្នំពេញក្រោមទង់ដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៧ ខែមេសា ជាពេលវេលាដ៏សែនរីករាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកតស៊ូផងដែរថា សង្គ្រាមនៅកម្ពុជានឹងត្រូវបានបញ្ចប់ ហើជំនួសមកវិញដោយភាពសុខសាន្តដែលជាបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជានាពេលនោះ។ ផ្ទុយទៅវិញថ្ងៃជ័យជម្នះនេះបានប្រែក្លាយទៅជាសុបិនយ៉ាងអាក្រក់សម្រាប់ប្រជាពលរដ្ឋ និងមេដឹកនាំចលនាតស៊ូមួយចំនួន។
ក្រោយវាយដណ្តើមកាន់កាប់រាជធានីភ្នំពេញ ក្រុមមេដឹកនាំកំពូលនៃរបបខ្មែរក្រហម មានដូចជា ប៉ុល ពត នួន ជា ខៀវ សំផន អៀង សារី ជាដើមនោះ បានរួមគ្នារៀបចំកិច្ចកល ដើម្បីក្តោបក្តាប់អំណាច ដោយបានសម្លាប់មេដឹកនាំចលនាតស៊ូមួយចំនួន ចាប់សម្តេច នរោត្តម សីហនុ និងព្រះញាតិវង្ស ឃុំក្នុងព្រះបរមរាជវាំង បង្ខំប្រជាពលរដ្ឋចេញពីផ្ទះសម្បែង និងធ្វើការយ៉ាងទារុណជាទីបំផុត។
ជំងឺសង្ស័យច្រើន និងការបារម្ភបាត់បង់អំណាចរបស់ខ្លួនផងនោះ បានបង្ខំឱ្យមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យសម្លាប់រង្គាលអ្នកតស៊ូ កម្មាភិបាល និងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនក្រោមការចោទប្រកាន់ជាជនក្បត់។ ក្រោមការដឹកនាំរបស់ ប៉ុល ពត និងបក្ខពួករយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាពលរដ្ឋខ្មែរច្រើនជាង ២លាននាក់ ត្រូវបានសម្លាប់ និងស្លាប់ដោយជំងឺ ការធ្វើពលកម្មហួសប្រមាណ និងការអត់ឃ្លាន។
ដោយសារតែការមិនអាចអត់ទ្រាំមើលនូវទារុណកម្ម ការសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរបាននោះ សមមិត្ត ហ៊ុន សែន រួមនឹងយុទ្ធមិត្ត៤រូបផ្សេងទៀត បានសម្រេចចិត្តភៀសខ្លួនចូលទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ក្នុងបំណងស្វែងរកការគាំទ្រពីវៀតណាម ដើម្បីវាយប្តួលរំលំរបបខ្មែរក្រហម។
ការចាកឆ្ងាយប្រទេសកំណើតទាំងប្រថុយប្រថាន និងផ្សងគ្រោះថ្នាក់ជាច្រើន ដើម្បីធ្វើចលនារំដោះប្រទេស និងប្រជាជនចេញវាលពិឃាតនាពេលនោះ គឺជាពេលវេលាដ៏សែនលំបាក និងសោកសៅជាទីបំផុតសម្រាប់សមមិត្ត ហ៊ុន សែន បើធៀបនឹងការនឹងការត្រូវឃ្លាតចាកឆ្ងាយស្រុកកំណើត ដើម្បីស្វែងរកវិជ្ជាពីកុមារភាពក្នុងឆ្នាំ១៩៦៥នោះ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការចាកចេញពីប្រទេសនាពេលនោះ មិនដឹងថា មានជីវិតវិលត្រឡប់មករកភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ដែលមានអាយុទើប៥ខែឬយ៉ាងណា? ដ្បិតការឆ្លងដែននាពេលនោះត្រូវយកជីវិតផ្សងគ្រោះថ្នាក់ដើរកាត់ចំការមីន ដែលរាយនៅតាមព្រំដែនកម្ពុជា និងវៀតណាម។ អាចត្រូវវៀតណាមចាប់ដាក់គុក ឬចាប់បញ្ជូនមករដ្ឋាភិបាលរបស់ ប៉ុល ពត វិញ ដែលសុទ្ធតែជាការប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។
អាចចាត់ទុកថាទេវតាអានិតអាសូរដល់ជីវិតប្រជាពលរដ្ឋខ្មែរ បានបន្ទន់ចិត្តកម្មាភិបាល និងថ្នាក់ដឹកនាំវៀតណាម ឱ្យទន់ចិត្តស្តាប់នូវការពន្យល់ ក៏ដូចជាបំណងរបស់សមមិត្ត ហ៊ុន សែន ស្របនឹងគោលដៅរដ្ឋាភិបាលវៀតណាម ដែលចង់វាយផ្តួលរំលំកងទ័ពខ្មែរក្រហមតែងតែបង្កសង្គ្រាមជាមួយខ្លួនដែរនោះ។ ទីបំផុតរដ្ឋាភិបាលវៀតណាម បានព្រមជួយសមមិត្ត ហ៊ុន សែន និងចលនាខ្មែរតស៊ូដទៃទៀត ដឹកនាំដោយសមមិត្ត ជា ស៊ីម និងសមមិត្ត ហេង សំរិន ជាដើមនោះ បង្កើតអង្គការចលានតស៊ូមួយឈ្មោះថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ។
ក្រោមទង់ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» និងជំនួយពីកងទ័ពរបស់វៀតណាមផងនោះ កងទ័ពតស៊ូរបស់ខ្មែរដឹកនាំដោយសមមិត្ត ជា ស៊ី សមមិត្ត ហេង សំរិន និងសមមិត្ត ហ៊ុន សែន បានប្រយុទ្ធវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត យ៉ាងស្រួចស្រាវ រហូតដណ្តើមបានជ័យជម្នះ និងកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
ជ័យជម្នះថ្ងៃ៧ មករា ជាជោគជ័យប្រវត្តិសាស្ត្រ ជាពេលវេលាដ៏សែនរីករាយរបស់ប្រជាពលរដ្ឋខ្មែរ ដែលជីវិតរបស់ពួកគេត្រូវបានស្រោចស្រង់ចេញពីរណ្តៅមរណា។ ប្រជាពលរដ្ឋខ្មែរដែលតែងតែបន់ព្រះសំពះទេវតាស្វែងរកការជួយសង្គ្រោះជីវិតរបស់ខ្លួនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រៀបប្រដូចថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទីពីររបស់ខ្លួន។
ក្រោយថ្ងៃរំដោះរបបថ្មីមួយ គឺរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើងឡើងដឹកនាំដោយឥស្សរជនដែលជាមេចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិ។ នៅថ្ងៃទី០៨ មករា សមមិត្ត ហេង សំរិន បានតែងតាំងជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា សមមិត្ត ប៉ែន សុវណ្ណ ជាអនុប្រធាន និងជារដ្ឋមន្ត្រីការពារជាតិ។ ខណៈសមមិត្ត ហ៊ុន សែន ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេសក្នុងវ័យប្រមាណ ២៧ឆ្នាំ ដែលជារដ្ឋមន្ត្រីមានវ័យក្មេងជាងគេបំផុតលើពិភពលោក។
ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសដែលមិនធ្លាប់មានចំណេះជំនាញលើការងារនេះជារឿងដ៏លំបាកមួយសម្រាប់ សមមិត្ត ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា សម្តេចទទួលយកតួនាទីនេះទាំងទើសទាល់ដោយសារមិនមានជំនាញ និងពិសោធន៍លើការងារនេះ តែដោយសារឆន្ទៈយុវជនបានជំរុញសម្តេចឱ្យបំពេញលើការងារប្រកបដោយជោគជ័យ និងមោទនភាពផងដែរ។
ក្រោយកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីការបរទេសផងអស់រយៈពេលប្រមាណជា ៦ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ត្រូវបានសភាសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជំនួសលោក ចាន់ ស៊ី ដែលបានទទួលមរណភាពដោយសារមហារីកគ្រាប់ឈាម។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា សម្តេចមិនអាចទទួលតំណែងនេះបានឡើយប្រសិនបើគ្មានការគាំទ្រពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ ជាពិសេសសម្តេច ហេង សំរិន សម្តេច ជា ស៊ីម លោក សាយ ភូថង និងលោក ជា សុទ្ធ ជាដើមនោះ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា សម្តេចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលនោះ ដោយសម្តេចទទួលបានសំឡេងគាំទ្រ១០០ភាគរយ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ និងគ្មានសន្លឹកមោឃៈនោះឡើយ។
ជាមួយការឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីរបស់កម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ត្រូវប្រឈមនឹងការដោះស្រាយបន្ទុកដ៏ធំមួយរបស់ជាតិ និងប្រជាជន គឺគ្រោះខ្វះខាតស្បៀង ដ្បិតមុនពេលឡើងកាន់តំណែងមួយឆ្នាំ ពោលនៅឆ្នាំ១៩៨៤ កម្ពុជាជួបគ្រោះទឹកជំនន់ផង និងគ្រោះរាំងស្ងួតផង។ សម្តេចតេជោ បានចាត់ទុកបញ្ហានេះ គឺជាការសាកល្បងដ៏ធំសម្រាប់សមត្ថភាពដឹកនាំរបស់សម្តេច។ នៅពេលនោះ សម្តេចបានប្រកាសនៅមុខសមាជិករដ្ឋសភាទាំងអស់ថា «មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ»។ ពាក្យពេចន៍ប្តេជ្ញាចិត្តរបស់សម្តេចតេជោ មួយឃ្លានេះ ត្រូវបានប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន។
ក្រោយពេលឡើងកាន់តំណែងនេះមិនត្រឹមតែប្រឈមនឹងគ្រោះអត់ស្បៀងដែលត្រូវដោះស្រាយប៉ុណ្ណោះទេ តែនាយករដ្ឋមន្ត្រីរូបនេះនៅប្រឈមបញ្ហាជាច្រើនទៀត។ ការងារអាទិភាពចំនួន៤សំខាន់ដែលនាយករដ្ឋមន្ត្រីវ័យ៣៣រូបនេះ បានដាក់ចេញ ដើម្បីជាបន្ទាត់នយោបាយដឹកនាំរបស់ខ្លួន គឺការស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបញ្ហាទាំង៤នេះត្រូវបានបំផ្លាញគ្មានសល់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្រៅពីការគិតគូរក្នុងការស្តារប្រទេសឡើងវិញហើយនោះ នាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវប្រឈមលើការមិនយល់គ្នាពីសេដ្ឋកិច្ចទីផ្សារនៅក្នុងជួរបក្ស ខណៈក្រុមខ្មែរដែលនៅសេសល់នៅតាមព្រំដែន ព្រមទាំងចលនាតស៊ូដទៃទៀត ធ្វើសកម្មភាពវាយឆ្មក់ និងធ្វើសកម្មភាពផ្សេងៗប៉ងដណ្តើមកាន់កាប់ប្រទេសជាថ្មី។
បន្ថែមពីលើនោះពួកបស្ចិមប្រទេសមិនត្រឹមតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់រដ្ឋាភិបាលរបស់សមមិត្ត ហ៊ុន សែន ប៉ុណ្ណោះទេ ពួកគេថែមទាំងមិនទទួលស្គាល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជានៅអង្គការសហប្រជាជាតិថែមទៀតផង ហើយទទួលស្គាល់អាសនៈរបស់ខ្មែរក្រហមទៅវិញ។ ទោះមានបញ្ហាស្មុគស្មាញ និងចាក់ស្រេះយ៉ាងណាក្តី ដោយសារភាពសាមគ្គីយ៉ាងរឹងមាំរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជានោះ ធ្វើឱ្យបញ្ហានេះត្រូវបានដោះស្រាយជាបន្តបន្ទាប់ដោយជោគជ័យ។
នៅឆ្នាំ១៩៨៦ ដោយសារបន្ទុកការងារកាន់តែច្រើន សមមិត្ត ហ៊ុន សែន បានបោះបង់មុខតំណែងជារដ្ឋមន្ត្រីការបរទេស ដោយផ្ទេរទៅឱ្យសមមិត្ត គង់ គាំ ជំនួសវិញ ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការដឹកនាំក្នុងនាមជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីនោះ។
ដ្បិតថាប្រទេសកម្ពុជាវាយផ្តួលរំលំរបបខ្មែរក្រហមឱ្យដួលរលំយ៉ាងណាក្តី តែកងកម្លាំងអង្គការចាត់តាំងរបស់ពួកគេមិនបានដួលរលំនោះឡើយ នៅតែប្រមូលផ្តុំតស៊ូនៅតាមជាយដែនខ្មែរថៃ និងតំបន់មួយចំនួនទៀត ដូចជានៅកំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យជាដើម។ ក្រៅពីនោះអាសនៈរបស់ពួកគេនៅតែទទួលស្គាល់ដោយអង្កការសហប្រជាជាតិ បន្ថែមពីលើនោះចលនាតស៊ូចំនួនពីរទៀត ដែលដឹកនាំសម្តេច នរោត្តម សីហនុ និងលោកតា សឺន សាន្ត តែងតែរិះរកគ្រប់វិធីទាំងការប្រើការប្រើកម្លាំងប្រដាប់អាវុធ និងការទូត ដើម្បីផ្តួលរំលំរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
ដោយមើលឃើញថាការស្ថិតក្នុងស្ថាភាពសន្តិភាពផង និងសង្គ្រាមផង មិនអាចធ្វើឱ្យកម្ពុជាអាចមានការអភិវឌ្ឍ និងនាំក្តីសុខជូនប្រជាពលរដ្ឋ ហើយជាការគំរាមកំហែងដល់របបដឹកនាំរបស់ខ្លួនផងនោះ។ សមមិត្ត ហ៊ុន សែន ក៏បានកើតចិត្តចង់ស្វែងរកសុខសន្តិភាព ដោយបង្រួបបង្រួមគ្រប់ភាគីជម្លោះ។
នៅឆ្នាំ១៩៨៧ បន្ទាប់ពីមានចរន្តចរចាស្វែងរកសន្តិភាពជូនជាតិរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាមួយក្រុមចលនាត្រីភាគីនោះ សមមិត្ត ហ៊ុន សែន បានទទួលយកតំណែងរដ្ឋមន្ត្រីការបរទេសមកកាន់កាប់វិញ ដើម្បីមានភាពងាយស្រួលក្នុងជួបចរចាជាមួយមេដឹកនាំរបស់ចលនាត្រីភាគី ដែលសម្តេច នរោត្តម សីហនុ ជាព្រះប្រធាននោះ។
ក្រោយពេលមានការឯកភាពពីកម្មាភិបាលជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសំណាក់វៀតណាមផងនោះ សមមិត្ត ហ៊ុន សែន បានចូលជួបចរចាជាលើកដំបូងជាមួយសម្តេច នរោត្តម សីហនុ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅទីក្រុងហ្វែរអង់តាដឺណ័រ (Fair Anta Denor) ប្រទេសបារាំង។ ក្នុងអំឡុងពេលចរចានេះ ក៏មានសភាពតានតឹងខ្លះផងដែរ ព្រោះពេលខ្លះមិនទទួលបានលទ្ធផលល្អប្រសើរ។
មានពេលមួយនោះនៅពេលចុះពីលើយន្តហោះភ្លាមសមមិត្ត ហ៊ុន សែន បានដកកាំភ្លើងខ្លីបាញ់ឡើងលើ ដើម្បីរំសាយកំហឹង។ ការបាញ់នេះ ក៏ដោយសារតែសមមិត្តខឹងគេមិនជួសជុលម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ធ្វើការឱ្យផង និងមានសភាពតានតឹងនៅក្នុងអារម្មណ៍ខ្លះផង បន្ទាប់ពីជិះយន្តមកពីចរចាជាមួយគូបដិបក្ខមិនទទួលបានលទ្ធផលល្អដូចបំណង ខណៈកម្មាភិបាលខ្លះនៅក្នុងជួបក្សប្រជាជនបដិវត្តន៍កម្ពុជសម្តែងការមិនពេញចិត្តចំពោះលទ្ធផលនោះ។
No comments:
Post a Comment