តើ តេជោយ៉ត តេជោមាស ជានរណា? តេជោយ៉ត តេជោមាស ៖
ពេលដែលយើងធ្វើដំណើរតាមមាត់ទន្លេ មកដល់មុខវត្តឧណ្ណាលោម យើងនិងឃើញរូបចម្លាក់មេទព័ពីរនាក់កំពុងជិះសេះយ៉ាងអង់អាចក្លាហាន នោះគឺជារូបសំណាក តេជោយ៉ត និងតេជោមាស អ្នកខ្លះក៏ដឹងរឿងគាត់ ខ្លះទៀតក៏មិនដឹង ខាងក្រោមនេះជាសាច់រឿងសង្ខេបរបស់គាត់ ៖
តេជោមាសគឺជាមេទព័ដ៏ពូកែម្នាក់ក្នុង រាជស្តេចព្រះជ័យចេស្តា លោកមានសិស្សម្នាក់ឈ្មោះថា យ៉ត ដែលជាសិស្សពូកែឆ្លាតវៃឧស្សាហ៏ចេញច្បាំងជាមួយលោក។ នាកាលមួយនោះ ស្តេច សំរ៉ែ ដែលបោះបន្ទាយនៅកំពង់ធំ ក៏ប៉ះបោរប្រឆាំង និងព្រះជ័យចេស្តា ស្តេច ក៏បញ្ជាអោយ តេជោមាស នាំទព័ទៅបង្ក្រាបតែច្បាំងមិនចាញ់ឈ្នះគ្នាសោះ ក្រោយមកជំទាវ សែន ដែលជាភរិយាតេជោមាសក៏បានប្រើល្បិចលួងលោម ស្តេចសំរ៉ែ និងមេទព័ផឹកស៊ីរហូតស្រវឹងទន់ខ្លួន ទើបតេជោមាស និង យ៉តលើកទព័ទៅវាយហើយចាប់យកមកថ្វាយស្តេចកាត់ទោស។
ក្រោយមកតេជោមាសក៏ទទួលអនិច្ចកម្មទៅ ហើយតេជោ យ៉ត ក៏បន្តតំណែងមេទព័នេះពីគ្រូខ្លួន ដោយថែមទាំងទទួលបានដាវអាជ្ញាសឹកពីស្តេច ថែមទៀតសំរាប់បង្រ្កាបជនប៉ះបោរ ។ ដោយមានការដកពិសោធន៏ក្នុងសង្រ្គាមច្រើនដង តេជោយ៉ត យល់ថាធ្វើសង្រ្គាមចាញ់គឺដោយសារតែមានខ្មាំងបង្កប់ ដើម្បីរកមុខជនបង្កប់លោកបានបញ្ជាអោយកេណ្ឌទព័ទាំងអស់ទៅលង្វែក ដោយអោយអូសប្ញស្សីបញ្ច្រាស់ចុងទៅកសាងបន្ទាយ តែបក្សពួកម៊ីនចៃចុងរ៉ាក់មិនបានធ្វើតាមទេ ដោយអាងលើបងស្រីខ្លួនឈ្មោះ នូ ដែលជាអ្នកម្នាងស្តេច ធ្លាប់ទទួលសំណូកកាងអោយរួចពីកំណែនទព័។ រកឃើញដូច្នេះតេជោយ៉តក៏អោយគេចាប់ ម៊ីនចៃចុងរ៉ាក់ និងបក្សពួកទៅសម្លាប់ចោល ។ក្រោយបានដំណឹងថាតេជោយ៉តសម្លាប់ប្អូនខ្លួន អ្នកម្នាងនូ ក៏ទូលថ្វាយស្តេចអោយចាប់តេជោយ៉តមកកាត់ទោសសម្លាប់ចោល តែតេជោយ៉តមិនបានមកតាមបញ្ជាស្តេចនោះទេ ដោយលោកសំអាងថាកំពុងជាប់ដៃបង្ក្រាបសត្រូវ ។ តែដោយស្តេចចេះតែបង្ខំពេកលោកក៏ចូលមកតាមរាជបញ្ជា ក្នុងពេលកំពុងសួរដេញដោលគ្នានោះ តេជោយ៉តក៏ចោលកូនកាំបិតសម្លាប់អ្នកម្នាងនូនោះតែម្តងដោយចោទថាគឺអ្នកម្នាងនូនេះឯង ជារណុកក្នុងខ្មាំងទទួលសំណូកការពារបក្សពួកខ្លួនធ្វើអោយរំខានដល់ការងារសឹក ហើយលោកថានិងចូលខ្លួនមកទទួលទោសសារជាថ្មីក្រោយបង្ក្រាបសត្រូវចប់ ។
លុះបង្ក្រាប ឈ្លើយសៀម ប៉ះបោរចប់ លោកក៏ចូលខ្លួនមកទទួលទោសពីព្រះរាជាតាមការសន្យា តែព្រះរាជាមិនបានយកទោសអ្វីឡើយហើយក៏អោយលោកទៅត្រួតត្រានៅខេត្តកំពង់ស្វាយរហូតទៅ ។
តេជោមាស កំពូលមេទ័ពខ្មែរដើមសម័យឧត្តុង្គ #ភាគ៥ # ឧបាយ ជំទាវស្រែន្យ កំចាត់ ស្តេចសម្រែ
ថ្លែងអំពីព្រះចៅថៃណាកាលដែលបានបាក់ទ័ពហើយ ក៏បានរត់គេចមកដល់ប្រទល់ដែន តែក៏ប្រទះឃើញតេជោមាស តេជោយ៉ត និងសេនាកំពុងដេញតាម។ ហើយស្ទាក់កាប់ទ័ពសៀមស្លាប់៤០ប្លាយនាក់ ទាហានសៀមដែលអញ្ជើញគ្រឿងសម្រាប់ ព្រះចៅថៃណា ឃើញហើយភិតភ័យណាស់់ក៏បោះគ្រឿងសម្រាប់រាជ្យទាំង១១មុខចោល (មានព្រះអុងមាក១ ព្រះកៅទណ្ឌដាំពេជ្រ១ ពានព្រះស្រីមាសដាំពេជ្រ១ ព្រះព្រះឈុតមាសដាំពេជ្រ១ ព្រះសែងដាវស្រោមមាស១ ព្រះសែងដាវស្រោមទង់ហ្វា១ ព្រះសែងសួនដាំពេជ្រ១ ទម្រង់ព្រះអគ្គីបញ្ចុះមាស២ លំពែងមាសដាំពេជ្រ២) ។
ឯព្រះចៅថៃណា ក៏ដោះព្រះមាលាដាំពេជ្រ ហើយនោះទៅអោយទ័ពដែលដេញតាម ហើយពោលថា យកតាមក្វាមឆបចុះ ។ ខណៈនោះឧកញ៉ាតេជោមាស ឃើញហើយក៏បញ្ឈប់អោយតេជោយ៉ត និងសេនាឈប់រើសគ្រឿងទាំងនោះ ឯព្រះចៅថៃណាក៏រត់រួចទៅរហូតជួប ទ័ពនគររាជសីមា ទើបបានច្បាំងការពារព្រះអង្គ ហើយនាំទៅកាន់ក្រុងស្រីអយុធ្យាវិញ។ (នៅពេលដែលទ័ពសៀមរត់រួច តេជោយ៉តនឹកស្តាយថា បើកកុំឈប់រើសគ្រឿងរាជ្យទាំងនោះម្ល៉េះសមខ្លួនបានធ្វើគត់ព្រះចៅថៃណាបាត់ទៅហើយ តែឧកញ៉ាតេជោបុរោរាជមាស ប្រាប់ថា សត្រូវណាល្ងង់បែបព្រះចៅថៃណា នេះយើងត្រូវទុកអោយរស់ចុះ តែបើសត្រូវណាដែលឆ្លាតវៃ យើងត្រូវតែសម្លាប់វាឬចាប់វាអោយបាន។ លុះស្រេចហើយតេជោមាសក៏នាំសេនាត្រឡប់ទៅវិញ ព្រមដោយយកគ្រឿងទាំងប៉ុន្មានយកទៅថ្វាយព្រះបាទជ័យជេដ្ឋាព្រះចៅក្រុងកម្ពុជា។
ព្រះចៅក្រុងកម្ពុជា ព្រះអង្គមានព្រះទ័យអំណរណាស់ ព្រមទាំងបានប្រទានរង្វាន់ដល់អស់ពលសេនាតាមការគួរ មុននឹងទ្រង់យាងត្រឡប់ទៅកាន់រាជធានីឧត្តុង្គមានជ័យវិញ។
មកដល់ឆ្នាំ១៦៣៧ ព្រះបាទជ័យជេដ្ឋាទី២ស្តេចសោយរាជ្យសម្បត្តិបាន៤ឆ្នាំ។ កើតហេតុនៅឯស្រុក ក្រាំងសម្រែ ខេត្តបរិបូណ៌ មានបុរសម្នាក់ឈ្មោះសំ បានតាំងខ្លួនជាស្តេច សម្រែ ដោយប្រកាសនាមជា ស្តេចសម្រែរាជាធិរាជ ហើយថាអាចតាំងគាថា ហៅភ្លៀង ហៅខ្យល់ អោយរាស្ត្រធ្វើស្រែបានទើបមានរាស្ត្រជាច្រើនចុះចូល ហើយថែមទាំងនាំគ្នាលើកសរសើរថា ស្តេចសម្រែនេះជាព្រះបាទធម្មិករាជទៀតផង ។ ស្តេចសម្រែនេះបានតាំងកំពែងវាំងនៅភូមិស្វាយរំពារស្រុកកំពង់ហៅ។ ចៅមឿង កំពង់ហៅបានជ្រាបដំណឹងក៏បកសំបុត្ររាយការណ៍ទៅកាន់ ឧកញ៉ាតេជោមាស អោយជ្រាបសេចក្តី។ ឧកញ៉ាតេជោបុរោរាជមាសក៏បានប្រមែប្រមូលទ័ពហើយតែងសំបុត្រទៅប្រាប់ ចៅមឿងគោកសេះ និងចៅមឿងកំពង់ហៅ ថាដល់ថ្ងៃ១៣កើត ខែមាឃ នឹងលើកទ័ពទៅសង្គ្រប់ព្រមគ្នាតែម្តង។ តែបម្រើសំបុត្រដែលនាំសំបុត្រទៅនោះត្រូវបានទ័ពស្តេចសម្រែចាប់បាន ឯតេជោមាស និងតេជោយ៉តពុំបានដឹងថាស្តេចសម្រែបានចាប់បម្រើសំបុត្រខ្លួនសម្លាប់ចោលនោះទេ នឹកស្មានតែសំបុត្រដល់ដៃចៅមឿងទាំងពីរហើយ លុះដល់ថ្ងៃកំណត់ដោយពុំដឹងពីឫទ្ធីនុភាពនៃស្តេចសម្រែក៏នាំទ័ពតែ២០០នាក់ទៅវាយចូលបន្ទាយស្តេចសម្រែ ដោយឥតគិតមុខក្រោយឡើយ។
ស្តេចសម្រែឃើញហើយក៏សម្តែងមន្តវិជ្ជាការធ្វើអោយកងទ័ពតេជោមាសរត់ខ្ចាត់ខ្ចាយអស់សល់តែតេជោមាសនិងតេជោយ៉តដែលកំពុងប្រើអាវុធការពារខ្លួនតែដោយទ័ពខាងសត្រូវច្រើនពេកពីអាចទ្រាំទ្របានក៏គេចទៅពួនត្រង់ច្រកភ្នំ។ ស្តេចសម្រែក្រឡេកទៅឃើញឧកញ៉ារាមរាជតេជោយ៉ត ក៏ស្រែកថាខ្លួនឯងនេះហើយឬឧកញ៉ាតេជោ? យើងបានឮឈ្មោះយូរមកហើយតែពុំដែលបានឃើញមុខឥឡូវទើបនឹងបានឃើញមុខច្បាស់ សមជាសេនាមែន តែហេតុដូចម្តេចចិត្តដូចស្រីទៅវិញឃើញតែទ័ពហើយរារត់ស្តាយជីវិតជាងកេរ្តិ៍ឈ្មោះដូច្នោះ? តេជោមាស តេជោយ៉តលុះឮសំដី ស្តេចសម្រែហើយក៏នឹកខ្មាសអស់រាស្ត្រដែលចុះចូលនឹងស្តេចសម្រែជាពន់ពេកក៏ចេញពីច្រកព្រៃភ្នំមកប្រកាប់ចាក់នឹងស្តេចសម្រែ។
ក្នុងពេលកំពុងប្រយុទ្ធនោះតេជោមាសបានផុងជើងទៅក្នុងដី ធ្លាក់អាវុធពីដៃ ស្តេចសម្រែឃើញហើយក៏ស្ទុះទៅកាប់តេជោមាស តែតេជោមាសស្ទុះលោតពីរណ្តៅរួចហើយគេចទៅបាំងនៅក្រោយគល់ឈើ។ ដោយឡែកចៅមឿងគោកសេះ នឹងចៅមឿងកំពង់ហៅ កាលបើបានដឹងអំពីដំណើរនៃការប្រយុទ្ធគ្នាហើយ ក៏ប្រញាប់ប្រញាល់លើកទ័ពមកជួយ តេជោមាសនិងតេជោយ៉ត ។ ស្តេចសម្រែ កាលដែលឃើញវេលាព្រលប់ហើយនោះក៏បានដកទ័ពថយទៅកាន់បន្ទាយវិញ។
លុះព្រឹកឡើងឧកញ៉ាតេជោបុរោរាជ មាស បានប្តឹងសំបុត្រទៅកាន់សម្តេចចៅហ្វាទឡ្ហៈសមុហនាយក អោយនាំសេចក្តីទៅទូលថ្វាយព្រះចៅផែនដីដើម្បីសុំកងទ័ពជំនួយ។ ព្រះបាទជ័យជេដ្ឋាធិរាជត្រាស់ថា ឧកញ៉ាតេជោមាសនេះជាសេនាតាំងតែពីរាជ្យព្រះវរបិតាមកបើទ្រង់ត្រាស់អោយធ្វើសង្គ្រាមនៅទីណានោះតែងជោគជ័យគ្រប់គ្រា មិនដែលសុំកងទ័ពជំនួយម្តងណាឡើយ ។ ការណ៍ដែលឧកញ៉ាតេជោមាស សុំកងទ័ពជំនួយប្រហែលជាស្តេចសម្រែនោះខ្លាំងពូកែណាស់ហើយមើលទៅ ទើបស្តេចត្រាស់អោយ ឧកញ៉ាចក្រី ឧកញ៉ារាជតេជៈ ចៅពញាលីធ្នូ ចៅហ្វាយខេត្តទ្រាំង ចៅពញាមន្ដ្រីភក្ដិចៅហ្វាយខេត្តកំពង់សៀម និងចៅពញាពេជ្រតេជោចៅហ្វាយខេត្តជើងព្រៃ លើករេហ៍ពល ២៥ ០០០ នាក់ទៅជួយតេជោមាស។
ស្តេចសម្រែ កាលបើបាន ដឹងថាកងទ័ពហ្លួង លើកមកដល់ហើយក៏បានឡើងទៅសង្កេតលើខ្នងភ្នំទូកមាស ពិនិត្យមើលឃើញកងទ័ពច្រើនឥតគណនា ។ លុះពិនិត្យមើលឫក្សទិសខាងកើតឃើញមានអ័ព្ទស្មើឯទិសខាងលិចមានពណ៌៣ប្រការ គឺ ខៀវ ក្រហម លឿង ។ ហើយស្តេចសម្រែក៏បាននិយាយនឹងសេនាថាយប់នេះយើងនឹងមានជ័យជំនះជាធំ ។ លុះដល់ព្រលប់ហើយស្តេចសម្រែបានអោយសេនានាំយកកងទ័ពជាច្រើនទៅបោះទីតាំងនៅខាងត្បូង ខាងកើត និងខាងជើងបន្ទាយ ហើយផ្តាំថាបើបានឮស្នូរកាំភ្លើង អោយកងទ័ពទាំងអស់វាយចូលមកខាងលិចខាងជើងភ្នំ ឯកងទ័ពដែលនៅខាងកើតអោយយកចំបើងចងជារូបមនុស្សកាន់បញ្ឆេះ ១០០០ រូប ទៅបោះនៅជិតបន្ទាយកងទ័ពហ្លួងទាំង៣ទិសហើយស្រែកហ៊ោបាញ់កាំភ្លើងអោយកក្រើក ។ ឯទ័ពខាងបន្ទាយហ្លួងពុំដឹងការពិតស្មានជាទ័ពវាយបន្ទាយពិតៗ ក៏បាញ់កាំភ្លើងតូចធំតទល់លុះបាញ់អស់គ្រាប់ហើយស្តេចសម្រែបានសេកមន្តវិជ្ជាការហើយសម្រុកទ័ពវាយខ្ទប់ទ័ពហ្លួងបែកបាក់ខ្ចាត់ខ្ចាយអស់ ។
ឧកញ៉ាតេជោមាសការបើបានដឹងពីកងទ័ពហ្លួងខ្ចាត់ខ្ចាយអស់ហើយក៏រិតតែអំពល់ចិត្តដេកគិតនឹកឧបាយពុំទាន់បាន បាយពុំនឹកទឹកពុំស្រេក ។ ឯអ្នក ជំទាវមហាទេវីនារីសោភ័ណស្រែន្យ បានឃើញទឹកមុខតេជោមាសក្រៀមក្រំក៏បានជម្រាបសួរអំពីដំណើរសឹកសង្គ្រាម ហើយក៏បានសន្យាអាសារជួយចាប់ស្តេចសម្រែអោយទាល់តែបាន រួចក៏បានខ្សឹបប្រាប់ឧបាយដែលខ្លួនគិតនោះប្រាប់ស្វាមីគ្រប់ប្រការ។ ឧកញ៉ាតេជោមាស ស្តាប់យល់ឧបាយហើយក៏យល់ព្រមតាម ទើបទាំងពីរនាក់ក្លែងធ្វើជាឈ្លោះគ្នា ដល់លែងលះចែកទ្រព្យសម្បត្តិ។ ជំទាវស្រែន បាន យកប្រាក់ ត្រីងៀត និង ដែក ហើយទៅរស់នៅដែនកំពង់ហៅ ដោយបង្កើតជាកន្លែងលក់ត្រីប្រាងៀត និងលក់ផ្គាក់ដាវ ដែលមានចំងាយពីគ្នាប្រាំសិន អ្នកជំទាវផ្តាំទៅបាវដែលនៅចាំលក់ត្រីងៀតនិងដាវ នោះថា បើទ័ពខាងស្តេចសម្រែមកទិញត្រូវលក់អោយថោកៗ តែបើខាងតេជោមាសមកទិញវិញនោះត្រូវលក់អោយថ្លៃៗ។ លុះលក់យូរៗទៅ សូរស័ព្ទដែលតេជោមាសនិងជំទាវស្រែន្យឈ្លោះគ្នានោះ ព្រមដោយរឿងលក់ថោកលក់ថ្លៃ បានលេចឮដល់ស្តេចសម្រែ ។
ស្តេចសម្រែពិគ្រោះនឹងមន្ត្រីថា ជំទាវនេះបានឈ្លោះគ្នាជាមួយប្តី ហើយនៅកំពង់ហៅជាង១ខែហើយ ថែមទាំងលក់របស់អោយយើងថោកៗទៀតប្រាកដណាស់ថានាងប្រាថ្នាចង់ធ្វើជាមហេសីយើង ។ មន្ត្រីបានទូលថា ព្រះអង្គមានព្រះជន្ម៥២ ឯជំទាវនោះទើបមានអាយុ២៨ទេ សាច់សម្បុរសម្រស់គួរជាទីជ្រះថ្លាណាស់ព្រោះពុំទាន់មានកូនមួយនៅឡើយទេ រូបឆោមលោមពណ៌ស្រស់ឆើតឆាយជាងក្រមុំដែលទើបនឹងចេញម្លប់ទៀត។
ស្តេចសម្រែឮហើយ ត្រេកអរក្រៃកាលបើបានតង្វាយល្អៗក៏អោយបម្រើនាំទៅជូនជំទាវស្រែនជានិច្ចឯជំទាវស្រែនតែងនាំនំចំណីប្លែកៗ ផ្ញើរទៅថ្វាយស្តេចសម្រែជានិច្ច។ អ្នកជំទាវមហាទេវីនារីសោភ័ណស្រែន្យ កាលបើយល់ថាឧបាយកលជិតបានសម្រេចដូចគំនិតហើយក៏យកក្មួយប្រុសនឹងក្មួយស្រីដែលនៅជាមួយមករៀបមង្គលការ ហើយអោយបម្រើរទៅអញ្ជើញស្តេចសម្រែមកចូលរួម។ ឯតេជោមាសលុះជិតដល់កំណត់ហើយក៏អោយតេជោយ៉តសម្រិតសម្រាំងទ័ពមានថ្វីដៃទៅបន្លំខ្លួនរស់នៅជាមួយជំទាវស្រែន្យ ហើយផ្តាំថាបើស្រេចការហើយអោយព្រួយទៅចាប់ស្តេចសម្រែអោយស្រេចតែបាន។
លុះដល់ថ្ងៃមង្គលការស្តេចសម្រែក៏បានអញ្ជើញមករោងការដោយជំទាវស្រែនបានរៀបចំទីសម្រាប់ប្រថាប់ មានរបៀបរៀបរយមានប្រដាប់សម្រាប់សោយយ៉ាងរបៀបក្សត្រ នៅលើគ្រែព្រំមានពូកខ្នល់ខ្នើយសុទ្ធតែរំលចត្បូង ។ ស្តេចសម្រែគិតថា ជំទាវស្រែននេះប៉ិនប្រសព្វរៀបចំល្អវិសេសវិសាលជាស្រីដ៏ទៃ បើអញតម្កើងជាមហេសីមុខជាល្បីឈ្មោះ ពេញស្រុកជាមិនខាន ។ អ្នកជំទាវក្រឡេកមើលទឹកមុខស្តេចសម្រែហើយយល់ប្រាកដថាស្តេចសម្រែពិតជាចង់បានខ្លួនមែន។ ហើយក៏បង្គាប់អោយបម្រើបាវស្រីទាំងដប់នាក់ដែលតែងខ្លួនសម្រិតសម្រាំងទុកនោះ យកព្រះក្រយានិងសុរាមកថ្វាយស្តេចសម្រែ។ ស្តេចសម្រែឃើញជំទាវស្រែនដែលមកបម្រើខ្លួននោះ តែងខ្លួនស្លៀកពាក់សុទ្ធតែព្រែ មានពាក់អលង្ការពេជ្រពេញខ្លួនថែមដោយសម្បុរសក្បុសភ្លឺចាំងភ្នែក រិតតែធ្វើអោយស្តេចសម្រែភ្លើតភ្លើនចិត្ត ទប់សេចក្ដីស្រឡាញ់មិនបាន ក៏ទទួលពែងស្រាមកសោយហើយសោយទៀត ។ ឯពួកបម្រើស្រីក៏ជម្រុញអោយពួកមន្ត្រីស្តេចសម្រែផឹកហើយផឹកទៀតទាល់តែ ដួលទាំងស្តេចនឹងមន្ត្រី ។ ឯកងទ័ពដែលបានបង្កប់នោះក៏ ចូលទៅចាប់ចងស្តេចសម្រែ និងក្រុមមន្ត្រីបានសម្រេចហើយបាញ់កាំភ្លើងអោយទ័ពចៅមឿងទាំងអស់សម្រុកចូលមករោងការ រួចបញ្ជូនទៅអោយតេជោមាសកាត់សេចក្តី។ ឧកញ៉ាតេជោមាសបានបង្គាប់អោយគេកាត់ក្បាលស្តេចសម្រែហើយដោតថ្វាយអ្នកតាព្រៃភ្នំ។ ឯជំទាវស្រែនកាលបើបានសម្រេចកិច្ចការហើយក៏ត្រឡប់ទៅនៅជាមួយស្វាមីវិញហើយបានសុំអោយអ្នកដែលជួយលោកក្នុងកិច្ចឧបាយទាំងអស់បានរួចពន្ធរយៈពេល៣ឆ្នាំ។និងជម្រាបស្វាមីអោយរៀបចំសូត្រមន្ត រៀបល្បែងមហោស្រពអបអរជ័យជម្នះ៧ថ្ងៃ។ ព្រមទាំងបាន សាងរូបសំណាកតេជោមាសក្រហមក ជំទាវស្រែន តេជោយ៉ត ទុកនៅលើភ្នំទូកមាស និងភ្នំសន្ទុកទៀតផង។
លុះរួចស្រេចកាលណា តេជោមាសបានបកសំបុត្រទៅថ្វាយព្រះមហាក្សត្រអំពីជ័យជម្នះ ព្រះបាទជ័យជេដ្ឋាក៏បានត្រាស់អោយតេជោមាសមកចូលគាល់ក្នុងរាជធានី ហើយព្រះរាជទានតបគុណបំណាច់ដល់តេជោមាសជាឧកញ៉ាតេជោបុរោរាជធានី ប្រទានកិត្តិយសជាគ្រឿងពេជ្រ១សម្រាប់ ឯជំទាវស្រែន្យ អោយឡើងជាអ្នកជំទាវមហៃទេវីនារីរាជធានី ហើយប្រទានគ្រឿងយសមាសដាំត្បូងទទឹម១សម្រាប់។ និងប្រោសប្រទានឡើងដំណែងដល់ចៅមឿងទាំងអស់ដែលមានគុណសម្បត្តិក្នុងការកម្ចាត់ស្តេចសម្រែ។
ពីឯកសារមហាបុរសភាគ៤
No comments:
Post a Comment