ព្រះបរមរាជវាំងកម្ពុជា (អង់គ្លេស: Royal Palace of Cambodia) គឺជាសំណង់អាគារដែលមានរចនាសម្ព័ន ជាព្រះរាជដំណាក់របស់អង្គព្រះមហាក្សត្រនៃកម្ពុជា ដែលទ្រង់គង់ប្រថាប់រស់នៅជាអចិន្ត្រៃយ៍ ។ ព្រះបរមរាជវាំងកម្ពុជា មានឈ្មោះពេញជាផ្លូវការណ៍ហៅថា "ព្រះបរមរាជវាំងចតុមុខ ព្រះបរមទេវតា" (Preah Borom Reacheaveang Chaktomuk Preah Borom Devata) តែដោយសាររាជវាំងមួយនេះឆ្លងកាត់នូវភ្លើងសង្គ្រាមអស់ជាច្រើនឆ្នាំ ទើបឈ្មោះដើមត្រូវបានគេបំភ្លេច និងត្រូវបានហៅជំនួសថា ព្រះបរមរាជវាំងចតុមុខសិរីមង្គល ។ ព្រះបរមរាជវាំងកម្ពុជា ចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ ១៨៦៦ ហើយត្រូវបានបញ្ចប់ និងដាក់ឱ្យប្រើប្រាសជាផ្លូវការណ៍ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៨៧០ ក្នុងរាជព្រះបាទ នរោត្តម ។
មុនពេលសាងសង់ព្រះបរមរាជវាំងថ្មីនៅតំបន់ចតុមុខ ព្រះបាទ នរោត្តម បានសម្រេចព្រទ័យក្នុង ការផ្លាសប្ដូររាជធានីពីឧដុង្គ មកតំបន់ចតុមុខក្នុងឆ្នាំ ១៨៦៥ នៃគ.សករាជ ដោយការប្រឹក្សាយោបល់ពីទេសាភិបាលបារាំង ពាក់ព័ន្ធទៅនិងចលនាបះបោរជាច្រើន ដែលបានបង្កើតឡើងជាបន្តបន្ទាប់ មូលហេតុសំខាន់ពីរដែលកើតមានចលនាបះបោរជាច្រើនកើតឡើង៖
- ទី១-ការជំរិទ្ធទារពន្ធពីទេសាភិបាលបារាំង
- ទី២-ក៏ព្រោះតែ សន្ធិសញ្ញា បារាំង-សៀម (Franco-Siamese Treaty of 1864) ដែលចុះនៅថ្ងៃទី១២ ខែមេសា ឆ្នាំ ១៨៦៤ នៃគ.សករាជ ដែលបារាំងបានកាត់ទឹកដីប្រទេសកម្ពុជាទៅឱ្យប្រទេសសៀម ចំនួន ៧ ខេត្ត ដូចជា៖ ១.ខេត្តកោះកុង, ២.ខេត្តពោធិ៍សាត់ ៣.ខេត្តបាត់ដំបង ៤.ស្វាយសុីសុផុន (បច្ចុប្បន្ន: ខេត្តបន្ទាយមានជ័យ) ៥.ខេត្តសៀមរាប ៦.ម្លូព្រៃ (បច្ចុប្បន្ន: ខេត្តព្រះវិហារ), ៧.ទន្លេរពៅ (បច្ចុប្បន្ន: ខេត្តស្ទឹងត្រែង) ហើយបារាំង បានកាត់ខេត្តចម្ប៉ាសាក់ របស់កម្ពុជា ទៅឱ្យប្រទេសឡាវផងដែរ ។
ដោយបែបនេះហើយ ទើបកើតមានការបះបោរមិនឈប់ឈរ ពាសពេញផ្ទៃប្រទេស ការបង្ហូរឈាមរវាងប្រជាជនខ្មែរ និង បារាំងបានចាប់ផ្ដើមពីឆ្នាំ ១៨៦៤ រហូតដល់បារាំង យល់ព្រមចុះសន្ធិសញ្ញា ជាមួយនិង ព្រះបាទនរោត្តម ដោយប្ដូរពីការដាក់ អណានិគមលើកម្ពុជា ទៅជា ដែនអណាព្យាបាលបារាំងវិញ ក្នុងឆ្នាំ ១៨៨៧ នៃគ.សករាជ (French protectorate of Cambodia 1887) ។ ក្រោយពេលព្រះបាទ នរោត្តម ផ្លាសប្ដូររាជធានី ពីឧដុង្គ មកតំបន់ចតុមុខ ក្នុងឆ្នាំ ១៨៦៥ ក្រុងនេះត្រូវបានប្រសិទ្ធនាមថា ក្រុងភ្នំពេញ ហើយការសាងសង់ព្រះបរមរាជវាំងថ្មី ត្រូវបានធ្វើឡើងនៅអំឡុងខែ កក្កដា ឆ្នាំ ១៨៦៦ និង ត្រូវបានបញ្ចប់ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ ១៨៧០ នៃគ.សករាជ ។
កំឡុងសតវត្សទី១៩ ព្រះរាជាណាចក្រកម្ពុជាបានដោះខ្លួនពីរដ្ឋចំណុះនៃនគរសៀមដែលបានដាក់បញ្ចូលខេត្តភាគខាងលិចរបស់ប្រទេសនេះ រួមមានអង្គរ ដែលកាលណោះឥទ្ធិពលអំណាចរបស់រាជវង្សង្វៀនយួនបានធំធាត់ឡើងដែលជាការគំរាមកំហែងដល់ប៉ែកខាងកើតនៃប្រទេស។ បន្ទាប់ពីការបង្កើតអាណានិគមបារាំងនៅកូសាំងស៊ីន (វៀតណាមខាងត្បូងសម័យបច្ចុប្បន្ន) នៅឆ្នាំ ១៨៦៧ ព្រះបាទនរោត្តមកម្ពុជាបានស្នើសុំឱ្យបារាំងដាក់អាណាព្យាបាលលើនគររបស់ទ្រង់។ នៅពេលនោះ លោក ព្យាំរប៉ូល-ដឺ-ឡា-ហ្គ្រង់ឌ្យែរ ទេសាភិបាលអាណានិគមកូសាំងស៊ីន កំពុងបន្តផែនការដើម្បីពង្រីកអំណាចបារាំងលើវៀតណាមទាំងមូលហើយបានប្រមើលឃើញកម្ពុជាជាប្រទេសទ្រនាប់រវាងដែនកម្មសិទ្ធិបារាំងនៅវៀតណាមនិងសៀម។ នៅថ្ងៃ ១១ សីហា ១៨៦៣ ព្រះបាទនរោត្តមបានចុះព្រះហស្ថលេខាលើសន្ធិសញ្ញាមួយដែលទទួលស្គាល់អាណាព្យាបាលបារាំងលើព្រះរាជាណាចក្ររបស់ទ្រង់។ ស្ថិតនៅក្រោមសន្ធិសញ្ញានេះ របបរាជានិយមនៅកម្ពុជាត្រូវបានបន្សល់ឱ្យនៅមានដដែល ក៏ប៉ុន្តែអំណាចត្រូវបានស្ថិតក្នុងដៃនៃឯកាធិបតីដ៏ច្រើនសម្បើមដែលមានទីតាំងនៅភ្នំពេញ។ បារាំងក៏ទទួលបន្ទុកលើទំនាក់ទំនងការបរទេសនិងពាណិជ្ជកម្មរបស់កម្ពុជាផងដែរ ដូចគ្នាបារាំងក៏ផ្ដល់នូវការការពារខាងយោធា។ សៀមក្រោយមកបានទទួលស្គាល់អាណាព្យាបាលរបស់បារាំងបន្ទាប់ពីបារាំងបានប្រគល់ខេត្តបាត់ដំបងរបស់កម្ពុជា និងទទួលស្គាល់ការគ្រប់គ្រងរបស់ថៃនៅអង្គរ។
នៅឆ្នាំ ១៨៦២ បន្ទាប់ពីដំណើររបស់ឧត្ដមនាវីបូណា (ទេសាភិបាលបារាំងប្រចាំក្រុងព្រៃនគរ) មកកម្ពុជា បារាំងយល់ថា ភូមិសាស្ត្រអាចឱ្យបារាំងបង្កើតមូលដ្ឋានបន្តដំណើរទៅកាន់កាប់ទិសឧត្ដរ និងបស្ចិមនៃឥណ្ឌូចិន ព្រមទាំងអាចបង្កើតរបាំងខណ្ឌដែនដី ដែលកាន់កាប់ដោយបារាំង និងអង់គ្លេសនៅឥណ្ឌូចិន។ បារាំងឱ្យលោក ឡាក្រង់ឌីយែ មកចរចាបញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦១-១៩០៤) ឱ្យយល់ព្រមចុះព្រះហស្ថលេខាលើសន្ធិសញ្ញាស្ដីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា ថ្ងៃ ១១ សីហា ១៨៦៣។ ប្រទេសសៀម ប្រឆាំងយ៉ាងខ្លាំងនឹងសន្ធិសញ្ញានេះ ហើយធ្វើការគំរាមកំហែង ព្រះបាទនរោត្ដមដោយមិនព្រមប្រគល់ម្កុដរាជ និងគ្រឿងរាជកកុធភណ្ឌមកថ្វាយព្រះអង្គវិញទេ។ ពួកមន្ត្រីខ្មែរដែលមាននិន្នាការលំអៀងទៅខាងសៀមបានទាក់ទាញ ព្រះបាទនរោត្ដម ឱ្យវិលមករកសៀមវិញ។ ប៉ុន្តែ បារាំងបានប្រឆាំងតបវិញ ដោយបញ្ជូនកប៉ាល់ប្រាំគ្រឿង និងទាហានជើងទឹក ១០០ នាក់ ឡើងមកកាន់រាជធានីឧត្ដុង្គ និងទីក្រុងភ្នំពេញ ។
បារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបឱ្យទៅសៀម និងធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀម ស្ដីពីពិធីរាជាភិសេកព្រះបាទនរោត្ដមជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គ នាថ្ងៃ ៣ មិថុនា ១៨៦៤។ មកដល់ឆ្នាំ ១៨៦៧ ទើបសៀមព្រមទទួលស្គាល់សិទ្ធិរបស់ប្រទេសបារាំង ដើម្បីដាក់របបអាណាព្យាបាលមកលើកម្ពុជា។
No comments:
Post a Comment