ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ៣) - វគ្គ៧
Posted: Oct-12-2016
៤០. ព្រះអង្គចន្ទ (១៨០៦-១៨៣៤)
នៅឆ្នាំ១៨០៦ ព្រះអង្គចន្ទជារាជបុត្រាច្បងរបស់ព្រះអង្គអេងមានព្រះជន្ម១៥ព្រះ វស្សាហើយ ។ ស្ដេចសៀមបានសម្រេចអភិសេកព្រះអង្គឱ្យឡើងគ្រងរាជ្យដោយថ្វាយព្រះ នាមថា «ព្រះបាទសម្ដេចព្រះរាជឱង្ការព្រះឧទ័យរាជាធិរាជរាមាធិបតីព្រះ ស្រីសុរិយោពណ៌» ។ នេះគឺជាលើកទី២ហើយដែលស្ដេចសៀមបង្ហាញឱ្យឃើញអំពីអធិរាជភាពរបស់ គេមកលើកម្ពុជា ។
ព្រះរាជាណាចក្រកម្ពុជាពេលនោះរងនូវការបាក់បែកប្រេះស្រាំខ្លាំង ណាស់ មិនប្រកែកប្រណាំងអ្វីទេ យល់ព្រមទទួលព្រះរាជាតាមតែហេតុការណ៍វិវឌ្ឍ ។ ពេលនោះចៅហ្វ៊ាបែនបានធ្វើកិច្ចការមួយដែលនាំគាត់ឱ្យអាចវិល ត្រលប់មកកាន់កម្ពុជាវិញបាន ។ គឺគាត់បាននាំយកបុត្រីរបស់គាត់ម្នាក់មកថ្វាយព្រះរាជាអង្គចន្ទ ។ ព្រះរាជាប្រហែលជាមិនហ៊ានប្រកែកទេ ទើបទ្រង់យល់ព្រមទទួលយកធ្វើជាមហេសីទៅ ។
នៅពេលនោះ ស្ដេចអាណ្ណាមក៏ចាប់ប្រឆាំងជំទាស់ ហើយបានបញ្ជូនទ័ពមួយកងមកកាន់ភ្នំពេញ ។ ស្ដេចអាណ្ណាមទទួលយល់ព្រមថាឱ្យសៀមរៀបចំពិធីអភិសេកព្រះរាជា កម្ពុជានៅឯបាងកកចុះ ក៏ប៉ុន្ដែបើព្រះរាជាកម្ពុជាយល់ព្រមចំណុះស្ដេចសៀម ព្រះអង្គក៏ត្រូវចំណុះស្ដេចអាណ្ណាមដែរ ហើយត្រូវលើកសួយសារអាករទៅថ្វាយជាទៀងទាត់ ក្នុងនោះមានដំរីឈ្មោលកម្ពស់៥ហត្ថ២ក្បាល ចែរមាស២ ភ្លុកដំរី៣គូ ក្រវាញ ក្រមួន ម្រ័ក្សណ៍ ។ល ។
ពេលនោះពួកនាម៉ឺនសព្វមុខមន្ដ្រីរបស់ព្រះរាជាមិនហ៊ានប្រកែកនឹង សំណើដ៏ប្រមាថនេះទេ មិនដឹងថាតើកម្ពុជាគួរចំណុះសៀមផង និងចំណុះអាណ្ណាមផង ឬក៏យ៉ាងណា គឺមានអធិរាជ២ដែលនឹងប្រកាប់ប្រចាក់គ្នាដើម្បីមូលហេតុនគរចំណុះ វាល្អជាជាងមានអធិរាជតែមួយ ដែលនឹងលេបត្របាក់យកទឹកដីអស់តែម្ដង ។ ម្ល៉ោះហើយពួកគេក៏យល់ព្រមតាម ធ្វើឱ្យទ័ពអាណ្ណាមវិលត្រលប់ទៅសាយហ្គនវិញទៅ តែបានទុកមេទ័ព២នាក់ឱ្យនៅការពារភ្នំពេញ ។ តាមរយៈសន្ធិសញ្ញានេះ ពួកសៀម និងអាណ្ណាមបានមកប្រឈមជួបមុខគ្នានៅកម្ពុជា ហើយនេះមិនមែនដោយសារកាលៈទេសៈចៃដន្យអ្វីទេ គឺដោយមានគោលការណ៍ច្បាស់លាស់ប្រឆាំងគ្នាតែទទួលស្គាល់ទាំងអស់ គ្នា ។ សង្គ្រាមនឹងកើតមានយូរអង្វែង ប៉ុន្ដែគឺដើម្បីឱ្យព្រះរាជាណាចក្ររស់រានមានជីវិត ។
ការដែលព្រះរាជាអង្គចន្ទទទួលស្គាល់អធិរាជភាពរបស់អាណ្ណាម មិនបានធ្វើឱ្យរាជវាំងបាងកកសប្បាយចិត្ដប៉ុន្មានទេ ហើយចាប់ពីពេលនោះមកទំនាក់ទំនងល្អដែលធ្លាប់តែមានរវាងស្ដេចសៀម ជាមួយព្រះរាជាឧត្ដុង្គក៏ចាប់ផ្ដើមប្រេះឆាដែរ ។ និយាយពីស្ដេចយ៉ាឡុងវិញ ដើម្បីបញ្ជាក់ឱ្យរឹតតែឃើញច្បាស់អំពីអធិរាជភាពរបស់ព្រះអង្គ ទ្រង់បានស្រមើស្រមៃឃើញរហូតដល់ឱ្យធ្វើត្រារាងបួនជ្រុងស្មើមួយ អំពីមាសយ៉ាងធ្ងន់ ផ្ញើមកថ្វាយព្រះអង្គចន្ទ (តាមធម្មតាត្រាខ្មែរមានរាងមូល) ។ ព្រះរាជាកម្ពុជាបានទទួលយកត្រានោះ ហើយពោលសរសើរថាសព្វព្រះរាជហឫទ័យខ្លាំងណាស់ ក៏ប៉ុន្ដែទ្រង់មិនដែលបានប្រើវាម្ដងណាឡើយ ។ មរណភាពរបស់ចៅហ្វ៊ាបែនស្ដេចត្រាញ់ដែនដីបាត់ដំបង រួចបន្ដមកទៀតមរណភាពរបស់ស្ដេចសៀមនៅក្នុងឆ្នាំ១៨១១ ហើយនិងការលើកបុត្រាព្រះនាមថា ភេនឌិនខ្លាង ឱ្យឡើងសោយរាជ្យបន្ដ មិនបានធ្វើឱ្យស្ថានការណ៍ធូរស្បើយទេ ។ សៀមមិនយល់ព្រមឱ្យកម្ពុជាមានអធិរាជ២ដូច្នេះទេ កម្ពុជាត្រូវចំណុះតែសៀមមួយគត់ ព្រោះថាមានតែសៀមទេដែលបានអភិសេកស្ដេចខ្មែរ ។ ការបញ្ជូនអ្នកអង្គម្ចាស់ស្ងួន និងអ្នកអង្គម្ចាស់ឯម ជាព្រះអនុជរបស់ព្រះរាជាទៅរាជវាំងសៀមជាមួយនឹងក្រឡាហោមមឿងដែលជា ជនជាតិសៀមស្រាប់ហើយនិងចក្រីបេនផង ដើម្បីទៅចូលរួមក្នុងព្រះរាជពិធីឈាបនកិច្ចស្ដេចសៀម នៅក្នុងខែមេសា ឆ្នាំ១៨១០ គឺជាការសម្ដែងឱ្យឃើញអំពីការគោរពក្នុងនាមជានគរចំណុះ បានធ្វើឱ្យកំហឹងរបស់សៀមធូរស្បើយបន្ដិច ក៏ប៉ុន្ដែមិនបានធ្វើឱ្យវារលត់បាត់ទេ ។ ដើម្បីបង្ហាញឱ្យឃើញនូវសិទ្ធិអធិរាជរបស់ខ្លួនក្នុងការតែងតាំង ព្រះរាជា និងរាជវង្សានុវង្ស ស្ដេចសៀមបានប្រកាសតែងតាំងយ៉ាងឱឡារិកឱ្យអ្នកអង្គម្ចាស់ទាំង២ អង្គ ឡើងជាទីឧភយោរាជ និងជាឧបរាជ ដោយមិនបានសាកសួរយោបល់ព្រះរាជាកម្ពុជាផងទេ ។
នៅសម័យនោះ តេជោមឿង ចៅហ្វាយខែត្រដីកំពង់ស្វាយ មានបំណងចង់បំផុសអ្នកស្រុកក្នុងខែត្រឱ្យបះបោរប្រឆាំងនឹងព្រះរាជា ឡើង ។ នៅបាត់ដំបងឯណោះវិញ ចៅហ្វាយខែត្រថ្មីដែលបានយកឈ្មោះថា បែន ដូចជាឪពុកខ្លួនដែរបានចាប់ផ្ដើមកសាងកំពែងការពារទីក្រុង ។ និយាយពីក្រឡាហោមមឿង និងឧកញ៉ាចក្រីបែន នៅពេលវិលត្រលប់មកដល់រាជធានីឧត្ដុង្គវិញក៏ត្រូវថ្កោលទោសថាជា ភ្នាក់ងាររបស់សៀម និងបានឃុបឃិតឱ្យសៀមតែងតាំងអ្នកអង្គម្ចាស់ទាំង២អង្គ ។ សភាពការណ៍ពេលនោះបានបង្ហាញថាពិតជាមានការរួមគំនិតក្បត់មែន ហើយគំរាមកំហែងមកលើព្រះរាជា ។ ប៉ុន្ដែព្រះបាទអង្គចន្ទមិនបានប្រហែសបន្ដិចណាទេ ទ្រង់បានចេញព្រះរាជបញ្ជាឱ្យឃាត់ខ្លួនលោកក្រឡាហោម និងលោកចក្រី ដែលស្ថិតនៅក្នុងដៃព្រះអង្គស្រាប់ រួចឱ្យគេសម្លាប់ចោល ។ បន្ទាប់មក ទ្រង់បានតែងតាំងឧកញ៉ាវង្សាអគ្គរាជឱ្យឡើងធ្វើជាចៅហ្វាយខែត្រ កំពង់ស្វាយ រួចបញ្ជូនទៅកាន់ទីនោះ ហើយឱ្យចាប់តេជោមឿង ។ ប៉ុន្ដែមន្ដ្រីម្នាក់នេះឆ្លាតនៅពេលបានដឹងថា បក្សពួករបស់ខ្លួនទាំង២នាក់ បានត្រូវគេធ្វើឃាតទៅហើយ និងបំផុសបំផុលប្រជាជនក្នុងខែត្រឱ្យបះបោរមិនបានសម្រេច គាត់ក៏គេចខ្លួនរត់ទៅជ្រកកោននៅឯស្រុកសៀមទៅ ។ នៅបាត់ដំបងឯណោះវិញ ចៅហ្វាយខែត្រថ្មីរឹតតែខិតខំពង្រឹងការការពារបន្ទាយថែមទៀត ។
ស្ដេចសៀមកាន់ជើងពួកបះបោរ ហើយបានបញ្ជូនទ័ពមួយកងមកបាត់ដំបង ។ ការដែលសៀមធ្វើដូច្នេះ នាំឱ្យគេមានជំនឿថា ការរួមគំនិតក្បត់បានចាប់ផ្ដើមឡើងនៅឯបាងកកមែន ដោយមានការគាំទ្រពីស្ដេចសៀមផង ។ ព្រះរាជាកម្ពុជាបានកេណ្ឌទ័ពជាប្រញាប់ រួចបានចាត់ឱ្យយកមួយកងទៅបោះទីតាំងនៅនឹងពាមសែន ត្រង់មាត់ពាមស្ទឹងកំពង់ធំ និងកំពង់ស្វាយ ។ ទ័ពមួយកងទៀត ទ្រង់ឱ្យទៅនៅកំពង់ឆ្នាំង ឯកងទី៣ ទ្រង់ឱ្យទៅបោះទីតាំងនៅស្ទឹងពាក់កន្ដិល ។ ក្នុងពេលជាមួយគ្នានោះ ព្រះអង្គចន្ទទ្រង់បានចាត់មន្ដ្រី២នាក់ ឱ្យទៅសុំជំនួយពីស្ដេចអាណ្ណាម ។
ស្ដេចយ៉ាឡុង ត្រេកអរណាស់នឹងបានចូលមកធ្វើអន្ដរាគមន៍ម្ដងទៀតនៅកម្ពុជា ហើយបានចាត់បញ្ជូនទ័ពអាណ្ណាមមួយកងពីសាយហ្គនមក ដែលដឹកនាំដោយឧត្ដមសេនីយ៍៥នាក់ ។ ទ័ពអាណ្ណាមនេះធ្វើដំណើរតាមទន្លេ ឡើងមកយ៉ាងរួសរាន់ មកដល់ភ្នំពេញមិនបានឈប់ទេ ក៏បន្ដដំណើរទៅបោះទីតាំងចាប់ពីត្រឹមព្រែកមានលាភ (ពីមុនហៅថា ព្រែកពាក់ព្រ័ត្រ) នៅលើកោះជ្រោយចង្វា រហូតដល់កោះចិន ចំពីមុខកំពង់ហ្លួង រួចហើយក៏នាំគ្នាសម្រាកដោយស្ងៀមស្ងាត់ រង់ចាំតែបញ្ជានឹងអាលចេញប្រយុទ្ធ តែមិនសូវជាចង់ប៉ុន្មានទេ ។ គ្មានទ័ពណាបានមកវាយទៅលើទ័ពអាណ្ណាមនេះទេ រហូតដល់ពេលដែលទ័ពសៀមត្រូវបានគេវាយឱ្យបរាជ័យ ហើយរត់ទៅកាន់ស្រុកសៀមវិញអស់ទៅ ទ័ពជំនួយរបស់អាណ្ណាមនេះក៏ដកថយចេញទៅវិញដែរ ដោយគ្មានបានបាញ់កាំភ្លើងមួយគ្រាប់ណាសោះទេ ។ ដោយសព្វព្រះទ័យខ្លាំងណាស់នឹងជ័យជម្នះលើកនេះ ព្រះអង្គចន្ទ និងព្រះអនុជទាំង៣អង្គ បានយាងចូលសាងព្រះផ្នួសនៅវត្ដភ្នំព្រះរាជទ្រព្យ នៅជិតឧត្ដុង្គ បានប៉ុន្មានសប្ដាហ៍ ទ្រង់ក៏លាព្រះផ្នួសចាកសិក្ខាបទមកវិញ ។ រាជពង្សាវតារបានរៀបរាប់ថានៅសម័យនោះនាវាព័រទុយហ្គាល់មានបង្គោល ក្ដោង៣បានមកចូលចតនៅនឹងកំពង់ពោធិតូច (កំពង់ហ្លួង) ហើយមន្ដ្រីម្នាក់ដែលកាន់សាសនាកាតូលិកបានទិញរបស់របរមកពីអឺរ៉ុប ពីនាយកប៉ាល់យកទៅថ្វាយព្រះរាជា ដោយដោះដូរជាមួយផលិតផលរបស់កម្ពុជា (ខែមេសា ឆ្នាំ១៨១១) ។
រាជពង្សាវតារក៏បានកត់សម្គាល់អំពីព្រឹត្ដិការណ៍មួយចំនួនទៀតផង ដែរ មានការបះបោររបស់មនុស្សម្នាក់មានឈ្មោះថា សីលជ័យ ដែលត្រូវគេដាក់ទោសសម្លាប់បង់ ការបកប្រែសៀវភៅដកស្រង់អត្ថបទគម្ពីរព្រះត្រៃបិដកមកជាភាសាសាមញ្ញ ដោយគណៈកម្មការចៅអធិការវត្ដ ដែលប្រមូលផ្ដុំគ្នាធ្វើការនៅវត្ដភ្នំព្រះរាជទ្រព្យ ការចូលទិវង្គតរបស់អ្នកអង្គម្ចាស់ព្រះអង្គកែវឌួង ដែលមានព្រះជន្ម៨២ព្រះវស្សា ហើយនិងការឃើញមានផ្កាយដុះកន្ទុយលេចចេញនៅទិសខាងលិច (66) ។
ខ្យល់ព្យុះដែលប្រមូលផ្ដុំគ្នាបន្ដិចម្ដងៗមកនៅពីលើស្រុកខ្មែរ បានផ្ទុះខ្លាំងឡើងនៅពេលដែលព្រះរាជាអង្គចន្ទប្រព្រឹត្ដកំហុសឆ្គង មួយ ។ បញ្ហាបានកើតឡើងរវាងព្រះអង្គជាមួយនឹងព្រះអង្គស្ងួន ដែលស្ដេចសៀមថ្មីបានតែងតាំងជាទីឧភយោរាជ ។ ដោយមានការភ័យខ្លាច ព្រះអង្គស្ងួនបានរត់ភៀសព្រះកាយទៅគង់នៅពោធិ៍សាត់ ជាមួយព្រះរាជវង្សានុវង្ស និងភីលៀងសេនាទាំងអស់ដែលនៅចម្ងាយតែ៥០គីឡូម៉ែត្រប៉ុណ្ណោះពីដី បាត់ដំបង ។ ព្រះរាជាបានបញ្ជូនព្រះសង្ឃ២អង្គ រួចមន្ដ្រី៤នាក់ទៀត ឱ្យទៅយាងព្រះអង្គត្រលប់មកបន្ទាយពេជ្រវិញ ប៉ុន្ដែព្រះអង្គស្ងួនមិនយល់ព្រមត្រលប់ទៅវិញទេ ។ មិនតែប៉ុណ្ណោះ ទ្រង់បានចាប់មន្ដ្រីទាំង៤នាក់នោះទុកធ្វើជាចំណាប់ខ្មាំងថែមទៀត រួចចាប់ប្រមែប្រមូលទ័ព និងអាវុធយុទ្ធភណ្ឌ ទាមទារឱ្យព្រះរាជាប្រគល់បណ្ដាខេត្ដក្រង ក្រគរ និងខ្លុងថ្វាយ ។
ព្រះរាជាអង្គចន្ទមានព្រះតម្រិះថា ព្រះឧភយោរាជបានត្រូវស្ដេចសៀមតែងតាំងឡើង ស្ដេចសៀមនឹងគាំទ្រព្រះឧភយោរាជ រួមទាំងប្រជារាស្ដ្រខែត្រពោធិ៍សាត់ ដែលធ្លាប់អបអរស្វាគមន៍ព្រះអង្គផង ។ ឆ្លើយតបទៅនឹងសភាពការណ៍នេះ ព្រះអង្គចន្ទបានស្នើសុំជំនួយពីស្ដេចយ៉ាឡុង ។ ឧត្ដមសេនីយ៍អាណា្ណមឈ្មោះ អុងជរអ៊ឹង ឌិញលឿង ដែលបញ្ជានៅសាយហ្គន ហើយជាតំណាងស្ដេចយ៉ាឡុងប្រចាំនៅកូសាំងស៊ីនបានបញ្ជូនទ័ព៥រយនាក់ ឱ្យមកឈរជើងនៅនឹងកោះចិន នៅក្នុងទន្លេសាប ទល់មុខនឹងកំពង់ហ្លួង ។ កម្លាំងទ័ពប៉ុននេះមិនគ្រប់គ្រាន់ទេ អាចប្រៀបបានត្រឹមកងនគរបាលដែលគេប្រើសម្រាប់តែទប់ទល់កុំឱ្យមាន ការលួចពង្រត់ព្រះរាជាប៉ុណ្ណោះ ។ ក៏ប៉ុន្ដែ បើទោះជាយ៉ាងនេះក្ដី ក៏ព្រះរាជាកម្ពុជាបានរៀបចំទទួលស្វាគមន៍ទ័ពនេះយ៉ាងសមរម្យ បង្ហាញឱ្យឃើញថា នៅពេលដែលមានការគំរាមកំហែងពីពួកបះបោរ ព្រះអង្គសព្វព្រះទ័យនឹងហៅរកព្រះរាជាអាណ្ណាមឱ្យមកជួយ ជាជាងរត់ទៅរកស្ដេចសៀម ហើយទ្រង់ទុកចិត្ដអាណ្ណាមជាងទុកចិត្ដសៀម ។
ស្ដេចសៀមបានសម្រេចចិត្ដធ្វើអន្ដរាគមន៍ម្ដង ។ ទ្រង់បានបញ្ជូនទ័ព២កង មួយកងៗមានគ្នា៥ពាន់នាក់ ដែលមួយកងដឹកនាំដោយលោកយមរាជ មួយកងទៀតដឹកនាំដោយពុហុល្លាទេព ។ ព្រះរាជាកម្ពុជាបានបញ្ចេញទ័ព២កងតូចទប់ទល់ មួយកងៗមានគ្នា១ពាន់នាក់ ហើយនិងទ័ពជើងទឹកមួយកងដែលដឹកនាំដោយស្ដេចត្រាញ់ខែត្របាភ្នំ ។ ក៏ប៉ុន្ដែទ័ពតូចៗទាំងអស់នេះមិនអាចទប់ទល់ជាមួយនឹងទ័ពសត្រូវដែល ច្រើនជាង៥ដងបានឡើយ ម្ល៉ោះហើយក៏នាំគ្នាដកថយមិនហ៊ានប្រយុទ្ធទេ ។ នៅពេលដែលព្រះរាជាទទួលបានដំណឹងថាព្រះឧភយោរាជកំពុងដឹកនាំទ័ព ខ្មែរ៣ពាន់នាក់ និងទ័ពសៀម២ពាន់នាក់ ធ្វើដំណើរមកកាន់រាជធានីឧត្ដុង្គ ទ្រង់ក៏ភៀសព្រះកាយចេញពីរាជធានីទៅជាមួយនឹងព្រះរាជវង្សានុវង្ស ក្រោមកិច្ចការពាររបស់ទ័ពអាណ្ណាម ទៅគង់នៅឯកោះដីនៅក្នុងទន្លេមេគង្គ នៅខាងក្រោមភ្នំពេញបន្ដិច ។
នៅពេលដែលព្រះរាជាកំពុងតែយាងចុះតាមទន្លេ ទ័ពរបស់ព្រះអង្គបានបើកការវាយប្រហារទៅលើទ័ពសៀមនៅកំពង់ឆ្នាំង តែត្រូវបរាជ័យ ក៏រត់ចុះទៅទិសខាងត្បូង ដោយនាំប្រជាជនយកទៅផង ដើម្បីកុំឱ្យសៀមកៀរ ។ ពេលទទួលបាននូវព័ត៌មានស្ដីអំពីបរាជ័យនេះ ព្រះឧបរាជអង្គឯម និងអ្នកអង្គម្ចាស់អង្គឌួងបាននាំគ្នាបោះបង់ព្រះរាជាជាព្រះរៀម ហើយរត់ត្រលប់ក្រោយមកកាន់ឧត្ដុង្គវិញដែលទ័ពសៀមកំពុងតែកាន់ កាប់ ។ ការបោះបង់ចោលដោយព្រះអនុជទាំង២ បានធ្វើឱ្យព្រះរាជាអង្គចន្ទអស់សង្ឃឹមជាខ្លាំង ទើបបណ្ដោយខ្លួនព្រះអង្គតាមតែពួកអាណ្ណាម ដែលបន្ទាប់មកបាននាំព្រះអង្គទៅកាន់សាយហ្គន ។
ពេលនេះ ព្រះរាជាណាចក្រត្រូវគ្មានអ្នកដឹកនាំម្ដងទៀតហើយ ព្រោះព្រះរាជាគង់នៅឯស្រុកអាណ្ណាម ចំណែកឯអ្នកអង្គម្ចាស់បះបោរមួយអង្គគឺព្រះឧភយោរាជ ក៏មិនទាន់ហ៊ានចាប់កាន់អំណាចនៅឡើយដែរ ហើយគង់នៅឯពោធិ៍សាត់ឯណោះ ។ ព្រះឧបរាជអង្គឯម និងព្រះអង្គឌួងក៏រៀបចំរដ្ឋាភិបាលបណ្ដោះអាសន្នមួយឡើង ដែលមានពាក់កណ្ដាលជាខ្មែរ និងពាក់កណ្ដាលទៀតជាសៀម រួចហើយបាននាំគ្នាយាងទៅបាងកកនៅក្នុងខែកក្កដា ឆ្នាំ១៨១១ ដើម្បីសុំយោបល់ឯកភាពពីស្ដេចសៀម ។
បន្ដិចក្រោយមកព្រះរាជាអង្គចន្ទមានសេចក្ដីក្លាហានឡើងវិញ បានដឹកនាំទ័ព២ម៉ឺននាក់ចូលមកក្នុងរាជធានីឧត្ដុង្គ ក្នុងនោះមានទ័ពអាណ្ណាម៥ពាន់នាក់ និងទ័ពខ្មែរដែលគាំទ្រតាមដង្ហែព្រះអង្គ ។ ប្រជារាស្ដ្រទាំងអស់ ស្វាគមន៍អបអរទទួលព្រះអង្គហើយព្រះរាជាបានយាងចូលក្នុងព្រះរាជវាំង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៨១៣ ។ ទ័ពសៀមមានការភ្ញាក់ផ្អើលជាខ្លាំងនឹងការយាងត្រលប់មកវិញយ៉ាង រហ័សរបស់ព្រះរាជាបែបនេះ ណាមួយបានឮសំឡេងប្រជាជនទះដៃអបអរសាទរអឺងកងផង អ្នកស្រុកស្រែចម្ការក៏ដកដៃចេញពីខ្លួនអស់ទៅផង ឯនាម៉ឺនសព្វមុខមន្ដ្រីក៏បាននាំគ្នាធ្វើដំណើរទៅកាន់រាជធានី ឧត្ដុង្គ ដើម្បីចូលគាល់ព្រះរាជាផង ទ័ពសៀមទាំងនោះគិតថា នគរទាំងមូលនឹងបះបោរប្រឆាំងនឹងខ្លួនជាមិនខាន ម្ល៉ោះហើយក៏ប្រញិបប្រញាប់ឆាប់នាំគ្នាធ្វើដំណើរទៅកាន់ព្រំដែនជា បន្ទាន់ ។ ប៉ុន្មានខែក្រោយមក ព្រះឧភយោរាជអង្គស្ងួនសុគតនៅបាងកកនោះ ។ សៀមបានបញ្ជូនព្រះអដ្ឋិធាតុរបស់ព្រះអង្គមកថ្វាយព្រះអង្គចន្ទនៅ ក្នុងឆ្នាំ១៨២៤ ។
ការដែលពួកអាណ្ណាមបានជួយលើកព្រះអង្គចន្ទ ឱ្យយាងមកគង់លើរាជសម្បត្ដិវិញនៅពេលនេះហាក់ដូចជាបានប្រព្រឹត្ដ ទៅដោយគ្មានការបង្ហូរឈាមសោះឡើយ អ្វីៗហាក់ដូចជាវិលត្រលប់មករកភាពស្ងប់ស្ងាត់វិញ ហើយស្រាប់តែចៅហ្វាយខែត្រកំពង់ស្វាយឈ្មោះ ម៉េង ដែលជាអ្នកចូលរួមសមគំនិតជាមួយនឹងព្រះអង្គឯម និងព្រះអង្គឌួង បានចាប់ផ្ដើមបំផុសបំផុលអ្នកស្រុកឱ្យបះបោរឡើង ដើម្បីទាក់ទាញឱ្យមានអន្ដរាគមន៍ពីសៀមសាជាថ្មី និងឱ្យគាត់ទទួលបានសិទ្ធិអំណាចដូចមិត្ដចាស់របស់គាត់នៅឯ បាត់ដំបង គឺបែនកាលពីមុនអីចឹង ។ ម៉េងបានបញ្ចុះបញ្ចូលប្អូនគាត់ដែលជាចៅហ្វាយខែត្របារាយណ៍ឱ្យដើរ តាមគាត់ រួចចាប់ផ្ដើមជ្រើសរើសទ័ព ស្រាប់តែព្រះរាជាបានចាត់ទ័ពមួយកងតូចឱ្យទៅកំពង់ស្វាយ ដើម្បីទប់កុំឱ្យការបះបោររីករាលដាល ។ ម៉េង និងប្អូនប្រុស មិនអាចទប់ទល់នឹងទ័ពព្រះរាជា ព្រោះមិនទាន់រើសទ័ពបាន ក៏នាំគ្នារត់ទៅជ្រកកោននៅក្នុងខែត្រទន្លេរពៅ (67) ។ បន្ដិចក្រោយមក ដោយភ័យខ្លាចអ្នកស្រុកចាប់យកមកប្រគល់ឱ្យព្រះរាជា អ្នកទាំង២បាននាំគ្នារត់ឆ្លងទៅនៅឯខោនវិញ ។ ទឹកដីខោននេះ ខ្មែរមិនដែលប្រគល់ឱ្យទៅលាវម្ដងណាទេ ក៏ប៉ុន្ដែបានគោរពស្ដាប់បញ្ជារបស់ចៅនៅបាសាក់ (៦៨) តាំងតែពី៧៥ឆ្នាំមុនមកម្ល៉េះ ។ ម៉េងបានចេញដំណើរបន្ដពីនោះទៅកាន់បាងកក ហើយបានញុះញង់ឱ្យស្ដេចសៀមដណ្ដើមយកដីកំពង់ស្វាយ ។ សៀមបានរៀបចំប្រតិបត្ដិការមួយ វាយដណ្ដើមយកកំពង់ស្វាយ និងបន្ទាយការពារ ដែលចៅហ្វាយខែត្របានបោះបង់ដោយកំសាក ក៏ប៉ុន្ដែពួកសៀមត្រូវបង្ខំចិត្ដបោះបង់ចោលទៅវិញ ក្រោយពីមានការខូចខាតច្រើនពេក ។
នៅក្នុងឆ្នាំ១៨១៤ ទ័ពសៀមបានលេចមុខនៅកូរ៉ាត រួចហើយបានដណ្ដើមយកទឹកដីទាំងអស់ ដែលស្ថិតនៅចន្លោះខែត្រព្រហ្មទេព និងភ្នំដងរែក ហើយក៏បានយកខែត្រម្លូព្រៃ និងទន្លេរពៅផងដែរ ដែលស្ថិតនៅក្នុងដីកំពង់ស្វាយ ក៏ប៉ុន្ដែនៅឆ្ងាយពីរាជធានីឧត្ដុង្គខ្លាំងពេក ជាហេតុធ្វើឱ្យព្រះរាជាមិនសូវបានយកព្រះទ័យទុកដាក់ ។ ដណ្ដើមយកទឹកដីទាំងអស់នោះបានដោយស្រួលរួចហើយ ទ័ពសៀមបានឆ្លងទន្លេទៅដណ្ដើមយកស្ទឹងត្រែង ដាក់បញ្ចូលទៅក្នុងព្រះរាជាណាចក្រសៀមថែមទៀត (៦៩) ។ គឺនៅស្ទឹងត្រែងនេះឯងដែលព្រះរាជាលង្វែកមួយអង្គបានរត់មកជ្រកកោន នៅចុងសតវត្សរ៍ទី១៦ ក្រោយពីសៀមចូលលុកលុយ ។
ព្រះរាជាកម្ពុជាពេលនោះមិនបានប្រកែកតវ៉ាប្រឆាំងអ្វីទេ បណ្ដោយឱ្យសៀមធ្វើតាមតែចិត្ដចង់ ម្ល៉ោះហើយ កម្ពុជាក៏ត្រូវកាត់ផ្ដាច់លែងមានព្រំប្រទល់ដែនជាប់ជាមួយប្រទេស លាវទៀតហើយ ព្រោះមានទឹកដីដែលក្លាយទៅជារបស់សៀមនៅចន្លោះកណ្ដាល ។ នៅក្នុងឆ្នាំ១៨១៥ កម្ពុជា និងសៀមបានចុះសន្ធិសញ្ញាសន្ដិភាពមួយ ក៏ប៉ុន្ដែគេមិនបាននិយាយអំពីទឹកដីដែលសៀមទើបតែយកទៅនេះទេ ។ ទឹកដីនេះបានក្លាយទៅជារបស់សៀម ក៏ប៉ុន្ដែបើគេគិតតាមផ្លូវទូតវិញ គ្មានលក្ខណៈអ្វីឱ្យច្បាស់លាស់ទេ ដូចតែដីបាត់ដំបង និងអង្គរ ដែលយើងបានឃើញពីខាងលើរួចមកហើយ ។
គឺនៅសម័យនោះឯង ដែលគេបានជីកព្រែកជីកវិញតេ រាជពង្សាវតារកម្ពុជានិយាយថានៅក្នុងឆ្នាំ១៨១៥ រាជពង្សាវតារអាណ្ណាមនិយាយថាក្នុងឆ្នាំ១៨១៦ តែសៀវភៅមួយមានឈ្មោះថា «យ៉ាឌិញអុងជី»=ប្រវត្ដិដីកូសាំងស៊ីនថា នៅក្នុងឆ្នាំ១៨២០ (70) ។ ព្រែកនេះគេជីកចេញពីស្ទឹងវិញតេ តម្រង់ទៅរកដៃសមុទ្រហាទៀង ។ កម្លាំងចូលរួមមានទាំងអស់១ម៉ឺននាក់ គឺអាណ្ណាម៥ពាន់នាក់ និងខ្មែរ៥ពាន់នាក់ ជីកព្រែកប្រវែងទាំងអស់៥៣គីឡូម៉ែត្រ ទទឹង៣៣ម៉ែត្រ ជម្រៅ២ម៉ែត្រ៦០ ។ ពលករម្នាក់ៗទទួលបានប្រាក់៧ហ្វ្រង់ និងអង្ករ៣០គីឡូក្រាម ក្នុង១ខែៗ ។ មានវិស្វករអាណ្ណាម៣នាក់ដឹកនាំការងារនេះ ក៏ប៉ុន្ដែពួកពលករមានមេកោយផ្ទាល់ ជាជាតិសាសន៍រៀងៗខ្លួន ។ ស្ដេចនគរទាំង២ គឺស្ដេចយ៉ាឡុង និងព្រះបាទអង្គចន្ទ បានឯកភាពគ្នាឱ្យគេជីកព្រែកនេះឡើង ដែលតភ្ជាប់ទន្លេមេគង្គទៅនឹងឈូងសមុទ្រសៀម ក៏ប៉ុន្ដែប្រជាជនខ្មែរបានចាត់ទុកកំណែននេះថា ជាការជិះជាន់មួយ ហើយនិងជាការអន់ខ្សោយរបស់ព្រះរាជាកម្ពុជានៅចំពោះមុខស្ដេច អាណ្ណាម ព្រោះជីកព្រែកនៅក្នុងទឹកដីខ្មែរ ។ អ្នកស្រុកនៅក្នុងខែត្រពាមបន្ទាយមាស ទ្រាំង និងព្រៃកប្បាស នៅចងចាំអំពីកំណែននេះនៅឡើយបើទោះបីថា កម្រៃដែលគេបានទទួលនៅពេលនោះសមរម្យហើយក៏ដោយ ០,២៣ហ្វ្រង់ (សម្រាប់អង្ករ១ថ្ងៃ) ។ នៅពេលដែលអាជ្ញាធរបារាំងស្នើសុំពលករឱ្យចូលរួមជួយលើកផ្លូវជាតិ ដោយបើកកម្រៃឱ្យច្រើនជាង៤ដង គេតែងតែឮអ្នកស្រុកត្អូញត្អែរពីសម័យជីកព្រែកនោះ ដែលត្រូវគេបង្ខំឱ្យធ្វើការពេញមួយរដូវ «ជីកព្រែកឱ្យយួន» ។
អ្វីដែលធ្វើឱ្យខ្មែររឹតតែខឹងខ្លាំងឡើងថែមទៀតនោះ គឺនៅក្រោយពេលជីកព្រែកនេះរួច ពួកអាណ្ណាមបានកាត់យកដីទាំងអស់ដែលស្ថិតនៅខាងត្បូងព្រែក ចាត់ទុកព្រែកនោះថាជាព្រំដែននគរទាំង២ ។ មិនតែប៉ុណ្ណោះ អាណ្ណាមបានបង្កើតប៉ុស្ដិ៍គយនៅលើត្រើយខាងស្ដាំទន្លេមេគង្គ ត្រង់កន្លែងច្រកចូលទៅក្នុងព្រែក នៅកោះក្ដាក និងនៅពាមជរថែមទៀត ។
នៅពេលដែលខ្មែរ និងអាណ្ណាមកំពុងតែព្រួតដៃគ្នាជីកព្រែកវិញតេ ខាងនិរតីប្រទេស នៅខាងជើងប្រទេសឯណោះវិញ មានពួកបះបោរ១ក្រុមបានលេចមុខឡើងនៅក្នុងខែត្រកំពង់ស្វាយ ។
ឧកញ៉ាតេជោចៅហ្វាយខែត្រកំពង់ស្វាយបានរួសរាន់កេណ្ឌទ័ពបានមួយកង តូច ដើម្បីទប់ទល់នឹងពួកបះបោរ ក៏ប៉ុន្ដែមិនអាចទប់បាន ក៏វាយដកថយមកវិញ ក្រោយពីជំនួយការរបស់ចៅហ្វាយខែត្រត្រូវសត្រូវសម្លាប់បាន ។ ឧកញ៉ាតេជោបានដឹកនាំទ័ពគេចទៅកំពង់លែង នៅក្នុងខែមីនា ឆ្នាំ១៨១៦ ជាមួយនឹងចៅហ្វាយខែត្រព្រៃក្ដី ជាខែត្រតូចមួយនៅលើស្ទឹងសែន ។ ព្រះរាជាខ្ញាល់ជាខ្លាំងនឹងឧកញ៉ាតេជោ ដែលមិនបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ ទ្រង់ក៏ដាក់ឧកញ៉ានរិន្ទសេនាម៉ាជំនួសវិញ ។ ឧកញ៉ានរិន្ទសេនាបានកេណ្ឌទ័ពមួយកងភ្លាម ហើយបានវាយទៅលើពួកបះបោរ ធ្វើឱ្យពួកនោះបរាជ័យនៅក្នុងខែឧសភា ឆ្នាំ១៨១៦ ។
ព្រះរាជាកម្ពុជាពេលនោះទ្រង់ហាក់ដូចជាបានខិតខំថ្លឹងថ្លែង ធ្វើយ៉ាងណាឱ្យមានភាពស្មើគ្នារវាងប្រទេសជាអ្នកការពារទាំង២ ។ យ៉ាងណាមិញ ទ្រង់បានចាត់បញ្ជូនឱ្យទៅតាមកំពត និងតាមសំពៅ នូវសាច់ប្រាក់ចំនួន២០០ឆ្នាំង ទៅថ្វាយស្ដេចសៀម ហើយក៏បានចាត់មន្ដ្រី២រូបឱ្យនាំក្រមួន២ហាប ក្រវាញ១ហាប ម្រ័ក្សណ៍១ហាប ស្ពាន់ធ័រ១ហាប ដង្កោ១ហាប ភ្លុកដំរី២ហាប និងស្នែងខ្ចី២គូ ទៅថ្វាយស្ដេចអាណ្ណាមដែរ ។
នៅក្នុងអំឡុងឆ្នាំ១៨១៦នោះដែរ មានរឿងធំមួយកើតឡើង គឺកូនចៅម្នាក់របស់ពួកព័រទុយហ្គាល់ ដែលមករស់នៅកម្ពុជាកាលពីប៉ុន្មានសតវត្សរ៍មុនបានទទួលការប្រោសប្រណី ពីព្រះរាជាដែលតែងតាំងឱ្យឡើងជាឧកញ៉ាក្រឡាហោម គឺរដ្ឋមន្ដ្រីទ័ពជើងទឹក ។ ជននោះមាននាមត្រកូលថា ម៉ុងតេរ៉ូ ហើយមានឈ្មោះផ្ទាល់ខ្លួនថា បែន និងមានឋានៈជាព្រះរាជពិភេក គឺគ្រូពេទ្យសម្រាប់ព្រះរាជា ។ ជននេះជាកូនកាត់ទេ ក៏ប៉ុន្ដែគេចាត់ទុកគាត់ថា ជាជនអឺរ៉ុប ។ ព្រះរាជាបានចាត់ទុកគាត់ថាជាអ្នកបម្រើស្មោះត្រង់ម្នាក់ ក៏ប៉ុន្ដែពួកសហសេវិកទាំងឡាយស្អប់គាត់ដោយព្រោះតែគាត់ជាប់ខ្សែ ស្រឡាយអឺរ៉ុប ហើយគាត់ឆ្លាតវាងវៃជាងគេ ម្ល៉ោះហើយក៏រករឿងចោទប្រកាន់គាត់ថា គៃបន្លំ សាហាវ មានបទឧក្រិដ្ឋ១០យ៉ាង ។ ព្រះរាជាបានសម្រេចឱ្យគេនាំយកគាត់ទៅតុលាការ ។ តុលាការបានរកទៅឃើញថា គាត់មានកំហុសដោយសារគាត់បានយកប្រាក់ពីអ្នកដែលគាត់បានរកបុណ្យ សក្ដិឱ្យ បានលាក់ខ្ញុំរបស់គេដែលរត់មកជ្រកកោននឹងគាត់ ផ្ទុយទៅនឹងច្បាប់ព្រះនគរដែលកំណត់ថា ត្រូវតែប្រគល់ទៅឱ្យម្ចាស់ដើមវិញបើពុំនោះទេម្ចាស់ថ្មីត្រូវទិញ ខ្ញុំនោះពីម្ចាស់ដើម បានប្រព្រឹត្ដកាមគុណជាមួយប្រពន្ធ ឬសហាយរបស់អ្នកដទៃ ដែលគាត់បានទាក់ទាញឱ្យមកផ្ទះគាត់ ជួនកាលគាត់យករហូតតែម្ដង និងកាត់សេចក្ដីទៅតាមតែលាភសក្ការៈដែលបានទទួល ។ បែនម៉ុងតេរ៉ូ បានសារភាពទទួលស្គាល់កំហុសរបស់ខ្លួន ក៏ប៉ុន្ដែដល់ស្អែកឡើង គាត់គេចខ្លួនបាត់ ។ គេបានតាមចាប់គាត់មកវិញ ហើយព្រះរាជាបានសម្រេចកាត់ទោសគាត់ឱ្យគេសម្លាប់ដោយកាត់ក្បាល ។ ចំណែកកូនប្រុសរបស់គាត់ដែលបានរៀបចំការរត់គេចរបស់គាត់ ព្រះរាជាបានលើកលែងទោសកំហុសឱ្យ ដោយទ្រង់គិតថាគ្នាប្រព្រឹត្ដដូច្នេះក៏ដោយសារតែដើម្បីតបស្នង សងគុណឪពុកប៉ុណ្ណោះ ។
ព្រះអង្គចន្ទមានព្រះរាជបំណងចង់ឱ្យការផ្ដល់យុត្ដិធម៌របស់ព្រះ អង្គត្រូវបានអនុវត្ដពេញលេញ ម្ល៉ោះហើយទ្រង់បានដាក់ទណ្ឌកម្មលើអ្នកដែលបានចូលដៃចូលជើងជាមួយ បែនម៉ុងតេរ៉ូ ទាំងអស់ ទោះបីជាអ្នកទាំងអស់នោះជាអ្នកនៅក្រោមបញ្ជារបស់បែនក៏ដោយ ។ ក្រឡាបញ្ជីរ័ត្ន និងក្រឡាបញ្ជីនូត្រូវវាយ៥០រំពាត់ រួចហើយត្រូវចាត់ទុកជាខ្ញុំរាជការដូចជាពួកអ្នកថែទាំសេះអីចឹង ។ អ្នករួមគំនិតឯទៀតៗត្រូវដាក់ទណ្ឌកម្មផ្សេងៗ រួមទាំងមន្ដ្រីអ្នកយាមគុកផងដែលបានធ្វើឱ្យអ្នកទោសរត់រួច ។ ពួករាជការណាដែលបានទិញបុណ្យសក្ដិត្រូវបញ្ចុះឋានៈ ទម្លាក់ឱ្យមកជារាស្ដ្រសាមញ្ញ ហើយទ្រព្យសម្បត្ដិទាំងអស់ត្រូវរឹបអូស (71) ។
នៅក្នុងឆ្នាំ១៨១៧ រាជការបានកំណត់យកពន្ធស្រូវ៥ថាំងលើស្រូវ៥០ថាំងដំបូង រួចបានសម្រេចថា តទៅអនាគតពន្ធនេះនឹងត្រូវគិតរហូតដល់ចំនួនកូនចៅ និងខ្ញុំកំដរដែលស្ថិតនៅក្នុងបន្ទុកគ្រួសារថែមទៀត ។ ម្ល៉ោះហើយ ព្រះរាជាបានចេញព្រះរាជបញ្ជាឱ្យគេធ្វើសម្រង់ចំនួនប្រជាជន មានរៀបរាប់អំពីឈ្មោះមេគ្រួសារ ប្រពន្ធ កូន ចៅ និងខ្ញុំកំដរ ដោយបញ្ជាក់ច្បាស់អំពីភេទ និងអាយុផងដែរ ។
នៅក្នុងឆ្នាំនោះ ក្រោយពីមានភាពរាំងស្ងួតខ្លាំងរួចមក មានទឹកជំនន់មួយយ៉ាងធំប្លែកពីសព្វដង ធ្វើឱ្យផលស្រូវថយចុះម្យ៉ាងដោយសារប្រជាជនមិនអាចភ្ជួររាស់ដី បានទាន់ពេល ម្យ៉ាងទៀតដោយសារសំណាបសន្ទូងត្រូវទឹកលិចបាត់អស់ ។ ផ្ទះជាច្រើនត្រូវទឹកជំនន់ហូរនាំយកទៅបាត់ សត្វពាហណៈក៏លង់ទឹកស្លាប់ច្រើន សត្វធាតុរត់ទៅជ្រកនៅឯដីខ្ពង់រាបខ្ពស់ៗអស់ ។ អ្នកស្រុកត្រូវនាំគ្រួសារ និងគោក្របីទៅរកទីខ្ពស់ដែរ ។ ពេលនោះមានការចាប់ជំរត់មនុស្ស និងលួចគោក្របីជាច្រើន ។ បន្ទាយល្វាឯម ដែលពួកអាណ្ណាមបានសាងសង់ឡើង ត្រូវបំផ្លាញខ្ទេចអស់ ហើយទឹកលិចព្រះរាជវាំងកម្ពស់២ហត្ថកន្លះ ។ ទុរ្ភិក្សរាលដាលពាសពេញនគរ ព្រោះស្រូវលិចទឹកខូចគ្មានសល់ ស្រូវ១ថាំងតម្លៃ៥បាត គឺប្រហែលជា៤៧ក្រាមប្រាក់សុទ្ធ ស្មើនឹង១០ហ្វ្រង់ ។ មានកើតចោរដើរកាប់សម្លាប់លួចប្លន់ជាច្រើន ណាមួយមានអាសន្នរោគ ជំងឺសត្វ និងអុត ពាសពេញប្រទេសទៀតផង ។
នៅដំណាច់ឆ្នាំ មេទ័ពអាណ្ណាមត្រូវផ្លាស់ចេញ ព្រះរាជាបានជូនដំណើររហូតទៅដល់សាយហ្គន ដើម្បីបានចូលសម្ដែងការគួរសមចំពោះលោកសេនាប្រមុខដែលឈរជើងនៅទីនោះ ផង ។ ប៉ុន្មានខែក្រោយមកបន្ទាប់ពីបានសម្ដែងការគោរពក្នុងឋានៈជានគរ ចំណុះដល់អាណ្ណាមរួចហើយព្រះរាជាបានចាត់មន្ដ្រីជាន់ខ្ពស់២នាក់ ឱ្យចុះសំពៅតាមកំពតទៅចូលរួមព្រះរាជពិធីបូជាសពព្រះឧបរាជសៀម ។ នេះជាការសម្ដែងឱ្យឃើញនូវការទទួលស្គាល់ភាព ជាចំណុះស្ដេចបាងកក ។
នៅឆ្នាំ១៨១៨អ្នកកាន់សីលម្នាក់នៅបាភ្នំឈ្មោះថា កែ កើតជំងឺឡប់សតិហើយប្រកាសថាខ្លួនជាអ្នកមានបុណ្យ បានកេណ្ឌទ័ពសម្លាប់ឧកញ៉ាតេជោម៉ុនជាចៅហ្វាយខែត្រចោល ហើយទាក់ទាញមន្ដ្រី៣នាក់ ដែលមិនសប្បាយចិត្ដឱ្យចូលដៃជាមួយ ចាប់ផ្ដើមកាប់សម្លាប់ពួកអាណ្ណាមយ៉ាងរង្គាល ។ ដើម្បីការពារជនរួមជាតិរបស់គេ មេទ័ពអាណ្ណាម២នាក់គឺ អុងតាក្វាន (ឡេវ៉ាន់យៀត) និងអុងចាន់ដូវ បានដឹកនាំទ័ព៥ពាន់នាក់ មកបោះទីតាំងនៅកោះសូទិន ក្នុងខែត្រកំពង់ចាម ។ ពេលនោះព្រះរាជាកម្ពុជាបានបញ្ជូនចៅហ្វ៊ាទួនផា ឱ្យដឹកនាំទ័ព២ពាន់នាក់ទៅវាយពួកបះបោរដែរ ។ ទ័ពទាំង២កងបានបើកការវាយប្រហារទៅលើទ័ពបះបោរដែលមានចំនួនតិច ជាង មិនអាចទប់ទល់បាន ហើយឡោមព័ទ្ធចាប់ កែ សម្លាប់ចោលទៅ ។ ពួកមន្ដ្រី៣រូបដែលមិនសប្បាយចិត្ដ ហើយចូលដៃចូលជើងជាមួយពួកក្បត់ ត្រូវចាប់បានជាឈ្លើយ ហើយបញ្ជូនទៅឱ្យមេទ័ពអាណ្ណាមនៅឯបេនញែ (សាយហ្គន) ។ ក្រោយពីសាកសួរចម្លើយរួច មេទ័ពអាណ្ណាមក៏បញ្ជូនអ្នកទាំង៣នាក់មកថ្វាយព្រះរាជាកម្ពុជាវិញ ។ ព្រះអង្គបានចេញព្រះរាជបញ្ជាឱ្យសម្លាប់ចោលទៅ ។
ដប់ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៨២៩ ស្ដេចសៀមបានបញ្ជូនចៅឃុនបឌិន (៧២) ឱ្យទៅធ្វើសង្គ្រាមជាមួយស្ដេចលាវ ដណ្ដើមយករាជធានីវៀងចន្ទបាន ។ ចៅឃុនបឌិនចាប់ស្ដេចលាវបានជាឈ្លើយ ហើយនាំយកមកបាងកកដាក់ឱ្យប្រជាជនស្ដីជេររួចធ្វើឃាតចោលទៅ ។ សៀមដុតបំផ្លាញរាជធានីវៀងចន្ទខ្ទេចខ្ទី ហើយបានកៀរអ្នកស្រុកយកមកដាក់នៅលើត្រើយទន្លេមេគង្គខាងស្ដាំ រួចបែងចែកឱ្យទៅរស់នៅតាមខែត្រផ្សេងៗ ។ គេត្រូវរង់ចាំរហូតដល់ពេលដែលពួកបារាំងបានមកត្រួតត្រាលើប្រទេស លាវ ទើបរាជធានីនេះត្រូវបានគេកែលម្អ កាប់ព្រៃឈើចេញ យកធ្វើជារាជធានីរបស់លាវឡើងវិញ ។ សព្វថ្ងៃនេះមានរ៉េស៊ីដង់ធំបារាំងម្នាក់រស់នៅទីនោះ ។
ក្រោយពីបានធ្វើសង្គ្រាមបំផ្លិចបំផ្លាញលាវ គម្ពីរក្បួនច្បាប់ និងអារ្យធម៌របស់ប្រជាជនលាវ ឱ្យវិលធ្លាក់ចូលទៅក្នុងសភាពព្រៃផ្សៃដូចកាលពី៦-៧សតវត្សមុនរួច មក ព្រះរាជាបាងកកបានចូលមកលុកលុយកម្ពុជា តាមសំណើរបស់ចៅហ្វាយខែត្រពោធិ៍សាត់ ដែលទើបតែនាំអ្នកស្រុករបស់ខ្លួនចំនួន២ភាគ៣ ទៅរស់នៅឯស្រុកសៀម ដោយមិនទាំងបានប្រកាសសង្គ្រាមផងទេ ។ សៀមធ្វើយ៉ាងនេះ គឺដើម្បីកុំឱ្យអាណ្ណាមមានអធិរាជភាពមកលើកម្ពុជាខ្លាំងពេក ។
ការពើបប្រយុទ្ធដំបូងបានផ្ទុះឡើងនៅកំពង់ឆ្នាំង ពេលដែលពួកសៀមបានទៅដល់ក្រោយពីឆ្លងកាត់បាត់ដំបង និងពោធិ៍សាត់រួច ។ ពេលនោះព្រះរាជាកម្ពុជាមិនទាន់កេណ្ឌទ័ពបាននៅឡើយ ។ ទ័ពខ្មែរត្រូវបរាជ័យ ហើយមេទ័ពលោកឧកញ៉ាចក្រីភិតភ័យជាខ្លាំង រត់រហូតទៅដល់ខែត្រព្រៃកប្បាស នៅខាងត្បូងឯណោះ ។
ព្រះរាជាដែលគង់នៅភ្នំពេញ បាននាំព្រះរាជវង្សានុវង្សរត់គេចព្រះអង្គទៅនៅឯលង់ហោ (វិញឡុង) ។ មួយថ្ងៃបន្ទាប់ពីព្រះរាជាយាងចេញដំណើរផុត ទ័ពសៀម៤កងចូលមកដល់ឧត្ដុង្គ រួចបន្ដដំណើរមកដល់ភ្នំពេញ ប៉ុន្មានថ្ងៃក្រោយមកជាមួយនឹងព្រះអនុជរបស់ព្រះរាជាទាំង២អង្គគឺ ព្រះឧបរាជអង្គឯម និងព្រះអង្គឌួង ។ ទ័ពទាំង៤កងនេះបញ្ជាដោយអគ្គបញ្ជាការចៅឃុនបឌិន ជាវីរបុរសដែលទើបតែបានវាយកម្ទេចរាជធានីវៀងចន្ទ និងអតីតចៅហ្វាយខែត្រពោធិ៍សាត់ឈ្មោះ កា ។ មកដល់ភ្នំពេញបានប៉ុន្មានថ្ងៃ ពួកនេះបានបន្ដដំណើរទៅវាយយកចូវដុក នៅនឹងមាត់ពាមព្រែកវិញតេ ដើម្បីធានារក្សាឱ្យបានទំនាក់ទំនងជាមួយឈូងសមុទ្រសៀម ដែលមានទ័ពមួយកងត្រូវចេញដំណើរមក ។ ទ័ពជើងទឹកនេះបានមកចុះចតនៅហាទៀង វាយដណ្ដើមយកទីក្រុងនេះបានដោយគ្មានការប្រយុទ្ធ ហើយទុកទ័ពមួយកងឱ្យនៅថែរក្សា រួចក៏បន្ដដំណើរទៅជួបជាមួយបឌិននៅឯចូវដុក ។ ចៅឃុនបឌិនក៏សម្រេចធ្វើដំណើរចុះទៅវិញឡុងដែលព្រះរាជាគង់នៅ ហើយវាយយកបាននៅក្នុងខែធ្នូ ឆ្នាំ១៨៣១ ។
នៅពេលនោះនៅតាមបណ្ដាខែត្រភាគខាងកើតវិញ លោកចក្រីឡុង និងលោកយមរាជហ៊ូបានរៀបចំទ័ព បំពាក់អាវុធយ៉ាងរហ័ស រួចវាយកងទ័ពសៀមមួយកងឱ្យបរាជ័យនៅក្នុងខែត្រព្រៃវែង ។ ក្រុមអ្នកក្លាហានខ្មែរផ្សេងៗទៀត បានប្រមែប្រមូលគ្នីគ្នា រៀបចំជាកងទ័ពដែរ ហើយវាយឆ្មក់មកលើទ័ពសៀមដែលដើរពាសពេញប្រទេសរាល់ថ្ងៃ ។ មេទ័ពសៀមទទួលបានដំណឹងនេះជាហូរហែ ក៏សម្រេចចិត្ដធ្វើការប្រយុទ្ធដោយគ្មានអែអង់ ។ ការដណ្ដើមយកវិញឡុងបានជាជ័យជម្នះដ៏អស្ចារ្យមួយ ធ្វើឱ្យអ្នកស្រុកខ្លាចរអាលែងហ៊ានបះបោរប្រឆាំង និងទទួលស្គាល់សៀមថា ជាអ្នកមករំដោះទៅវិញ ។ ក៏ប៉ុន្ដែជាគ្រោះចង្រៃ ទ័ពជើងទឹករបស់បឌិនបានត្រូវវាយឱ្យបរាជ័យ ហើយបំផ្លិចអស់ទាំងស្រុង រហូតដល់មេទ័ពសៀមនេះគ្មានសល់កម្លាំងនឹងបន្ដការប្រយុទ្ធទប់ទល់ ពួកអាណ្ណាមដែលមកដល់តាមជើងគោកផង និងជើងទឹកផង ហើយខ្លាំងក្លាព្រោះមានវិន័យ និងរៀបចំដោយនាយទាហានបារាំងដែលទើបតែចូលបម្រើស្ដេចយ៉ាឡុង មានជាអាទិលោកវរសេនីយ៍ទោ ឡូរ៉ង់បារីស៊ី ។ ចៅឃុនបឌិនបានវិលត្រលប់ចូលទៅស្រុកសៀមវិញ ក្រោយពីបានដុតកម្ទេចភ្នំពេញចោល ព្រោះអ្នកស្រុកមិនព្រមទៅតាម ។ ចំណែកទ័ពដែលសេសសល់បាននាំគ្នាទៅចុះសំពៅនៅហាទៀង កំពត រួចត្រលប់ទៅបាងកកតាមសមុទ្រអស់ទៅ ។
ព្រះឧបរាជអង្គឯម និងអ្នកអង្គម្ចាស់អង្គឌួង ដែលគង់នៅឯភ្នំពេញ ក៏យាងចុះទូកចេញដំណើរទៅតាមទ័ពសៀមដែរ ហើយមិនបានឈប់សម្រាកនៅនឹងឧត្ដុង្គទេ ព្រោះអ្នកស្រុកមិនអបអរស្វាគមន៍ ដូច្នេះទ្រង់ក៏ធ្វើដំណើររហូតមកដល់បាត់ដំបង ។ តាមផ្លូវទ្រង់បានចាប់បង្ខំទូកទាំងអស់ដែលបានជួប និងអ្នកស្រុកដែលរស់នៅតាមមាត់ច្រាំងទន្លេ ឱ្យចូលរួមដំណើរទៅជាមួយ ។ ក៏ប៉ុន្ដែនៅពេលពួកអ្នកស្រុកមានចំនួនកាន់តែច្រើនឡើងៗ ពួកនោះក៏នាំគ្នាបះបោរឡើង រើបម្រះវិលត្រលប់មកភូមិស្រុកវិញអស់ ។
ពេលអស់ទ័ពសៀម អាណ្ណាមបានក្លាយជាម្ចាស់កម្ពុជាម្ដងទៀត ។ ស្ដេចអាណ្ណាមបានបញ្ជូនទ័ព១ម៉ឺន៥ពាន់នាក់មកកម្ពុជា ហើយដើម្បីបង្ហាញឱ្យឃើញពីឆន្ទៈយុត្ដិធម៌របស់ព្រះអង្គ ព្រះអង្គបានយកប្រាក់ចំនួន១៤១ណែនមកថ្វាយព្រះរាជាកម្ពុជា ជាសំណងថ្លៃដំរីចំនួន៨៨ក្បាលដែលមេទ័ពអាណ្ណាមម្នាក់បានចាប់យកទៅ ដោយមិនមានព្រះរាជបញ្ជាផងទេ ។ តាមពិតទៅតម្លៃសំណងនេះមិនជាច្រើនប៉ុន្មានទេគឺតែ១៣០ហ្វ្រង់ សម្រាប់ដំរីមួយក្បាលប៉ុណ្ណោះ ។ ក៏ប៉ុន្ដែស្ដេចអាណ្ណាមធ្វើយ៉ាងនេះគឺចង់បង្ហាញឱ្យឃើញថា ទ្រង់មិនរំលោភបំពានទេ ហើយជានយោបាយផងដែរ ។ បន្ទាប់មកស្ដេចអាណ្ណាមបានធ្វើត្រាប់តាមព្រះចៅអធិរាជចិន និងពួកម៉ុងហ្គោល ដោយទ្រង់បានផ្ញើសម្លៀកបំពាក់បែបអាណ្ណាម មានរួមទាំងមួកផង មកថ្វាយព្រះរាជាកម្ពុជាជាជំនូន ។ ថ្ងៃស្អែកឡើង ព្រះរាជាកម្ពុជាបានគ្រងព្រះពស្ដ្រានេះយាងចូលមកភ្នំពេញ ធ្វើឱ្យនាម៉ឺនសព្វមុខមន្ដ្រីមួយចំនួនមានការអាម៉ាសជាខ្លាំង ។ ក៏ប៉ុន្ដែក៏នៅមាននាម៉ឺនខ្លះដែលស្លៀកពាក់តាមព្រះអង្គដែរដើម្បី អែបអបផង និងដោយភ័យខ្លាចផង ព្រោះពួកគេក៏បានទទួលសម្លៀកបំពាក់នេះពីស្ដេចអាណ្ណាមដូចគ្នា ។ ម្ដងនេះ គេឃើញច្បាស់ថាពួកអាណ្ណាមមានប្រៀបខ្លាំងជាងពួកសៀមប្រាកដណាស់ ។
ក្រោយពីបានលើកព្រះរាជាកម្ពុជាឱ្យឡើងគ្រងរាជបល្ល័ង្កវិញរួច ហើយ ពួកអាណ្ណាមក៏នាំគ្នាដកថយចេញទៅកូសាំងស៊ីនវិញអស់ទៅ ដោយមានជំនឿជឿជាក់ថា ម្ដងនេះពួកសៀមលែងហ៊ានមកតវ៉ាដណ្ដើមសិទ្ធិត្រួតត្រាលើស្រុកខ្មែរ ទៀតហើយ ព្រោះថាពួកគេបានវាយសៀមឱ្យបរាជ័យ និងបានលើកព្រះរាជាដែលសៀមទម្លាក់ពីរាជសម្បត្ដិឱ្យឡើងសោយរាជ្យ វិញ ។
ក៏ប៉ុន្ដែមានមូលហេតុមួយផ្សេងទៀតដែលបង្ខំស្ដេចអាណ្ណាមមិញម៉ាង ឱ្យហៅទ័ពត្រលប់ទៅកូសាំងស៊ីនវិញ គឺដើម្បីវាយបង្ក្រាបពួកបះបោរដែលចង់បំបែកកូសាំងស៊ីនចេញពី អាណ្ណាម ។ ពួកនោះបានគ្រប់គ្រងលើសាយហ្គន ហើយថែមទាំងបានស្រែកហៅរកជំនួយពីសៀមទៀតផង ។ ទ័ពសៀមបានចូលលុកលុយកម្ពុជា ហើយបង្ខំឱ្យព្រះរាជាគេចព្រះអង្គទៅគង់នៅឯវិញឡុងម្ដងទៀត ។
ពេលនោះស្ដេចអាណ្ណាមបានកោះហៅមេទ័ពដែលនៅប្រចាំការនៅភ្នំពេញ ឈ្មោះ អុងបាវហូ ដែលទ្រង់សង្ស័យថាបានចូលដៃចូលជើងជាមួយមេរបស់ពួកបះបោរឈ្មោះ អុងគាម៉ា ឱ្យវិលត្រលប់ទៅរាជធានីវ៉េវិញ ។ ក៏ប៉ុន្ដែអុងបាវហូមិនបានគោរពតាមព្រះរាជបញ្ជានេះទេ បែរជារត់គេចខ្លួនទៅស្រុកសៀមទៅវិញ ។ ស្ដេចអាណ្ណាមបានផ្លាស់ អុងថួយ ឱ្យមកជំនួស អុងបាវហូ ។
ទ័ពស្ដេចអាណ្ណាមបានវាយដណ្ដើមយកសាយហ្គនបានមកវិញ ក្រោយពីបានឡោមព័ទ្ធអស់ពេល៤ខែ និងធ្វើការប្រយុទ្ធជាច្រើនលើកច្រើនសា ។ ចៅហ្វាយក្រុងឈ្មោះ អុងផូវេខូយ ត្រូវគេសម្លាប់បាន ធ្វើឱ្យគ្នាគាត់ឈ្មោះ អុងដុងជុក (ចៅហ្វាយស្រុកមាត់ជ្រូកចូវដុក) រត់គេចចូលមកក្នុងកម្ពុជា ។ ព្រះរាជាបានឱ្យគាត់ទៅពួននៅឯពាមជីកង នៅត្រើយទន្លេធំខាងឆ្វេង ក្រោមកំពង់ចាមបន្ដិច ។
នៅឆ្នាំបន្ទាប់ ពេលដែលព្រះរាជាអង្គចន្ទសុគតដោយរោគរាកមួលនៅលើព្រះទីនាំងនាវា ដែលចតនៅកោះពោធិព្រះបាទ ពួកអាណ្ណាមគិតឃើញថា ព្រះរាជាណាចក្រកម្ពុជាពេលនេះច្បាស់ជាត្រូវធ្លាក់ក្នុងដៃស្ដេច មិញម៉ាង (៧៣) ដែលបានឡើងសោយរាជ្យបន្ដពីស្ដេចយ៉ាឡុងតាំងតែពីឆ្នាំ១៨១១មកមែន ទែនហើយ ។ គោរពតាមបញ្ជារបស់ស្ដេចមិញម៉ាង អុងខាំម៉ាងបានកោះប្រជុំនាម៉ឺនសព្វមុខមន្ដ្រី រដ្ឋមន្ដ្រី ព្រះសង្ឃរាជ និងពួកបារគូផង ដើម្បីធ្វើការជ្រើសរើសព្រះរាជាថ្មីមួយព្រះអង្គ ។ ការជ្រើសរើសព្រះរាជាថ្មីនេះ គេមិនបានឱ្យដំណឹងទៅស្ដេចសៀមជ្រាបផងទេ ។
ព្រះបាទអង្គចន្ទ គ្មានព្រះរាជបុត្រាទេ បុត្រាមួយព្រះអង្គដែលប្រសូតនៅឯឧត្ដុង្គបានសុគតទៅតែប៉ុន្មាន ម៉ោងប៉ុណ្ណោះក្រោយពីប្រសូតរួច ។ និយាយអំពីព្រះអនុជរបស់ព្រះអង្គ មានព្រះឧបរាជអង្គឯម អ្នកអង្គម្ចាស់អង្គឌួង និងអង្គស្ងួនវិញ ពួកអាណ្ណាមមិនយល់ព្រមឱ្យឡើងសោយរាជ្យទេ ព្រោះអ្នកទាំង២ខាងដើម បានប្រយុទ្ធប្រឆាំងនឹងព្រះរាជា ចូលដៃជាមួយសៀម និងទៅរស់នៅស្រុកសៀម ។ ដូច្នេះគ្មានអ្នកស្នងរាជ្យជាបុរសទេ ។ ក្រុមប្រឹក្សាមិនយល់ព្រមប្រគល់ព្រះរាជបល្ល័ង្កទៅឱ្យព្រះរាជបុត្រី ច្បងរបស់ព្រះអង្គចន្ទព្រះនាម បែន ឡើយ ព្រោះព្រះនាងត្រូវជាចៅរបស់ចៅហ្វ៊ាបែន ដែលបានលើកកូនស្រីថ្វាយព្រះរាជា ក្រោយពីបានប្រគល់ដីបាត់ដំបងឱ្យទៅសៀមរួច ណាមួយព្រះនាងប្រឆាំងនឹងអាណ្ណាមខ្លាំងណាស់ទៀត ។ គេបានឯកភាពគ្នាលើកព្រះអង្គម្ចាស់ក្សត្រីអង្គ ម៉ី ឱ្យឡើងសោយរាជ្យវិញ ។
៤១-ព្រះក្សត្រីអង្គម៉ី (១៨៣៤-១៨៤១)
ព្រះក្សត្រីអង្គម៉ី (៧៤) ជាបុត្រីរបស់ព្រះរាជាអង្គចន្ទជាមួយព្រះជាយាលំដាប់ទី៣មានឈ្មោះ ថា អ្នកម្នាងក្រចាន់ ពេលនោះទ្រង់មានព្រះជន្ម២១ព្រះវស្សាហើយ ។ ព្រះអនុជក្សត្រីរបស់ព្រះនាងព្រះនាមថា ព្រះអង្គម្ចាស់ពៅ ត្រូវបានលើកឱ្យឡើងធ្វើជាព្រះឧបរាជ ដែលតាំងតែពីពេលណាមកមិនដែលមាននារីទទួលនូវឋានៈនេះទេ ។ ព្រះក្សត្រីស្ងួន ដែលតូចជាងគេ បានគង់នៅជាមួយព្រះរៀមទាំង២អង្គ ហើយទទួលឋានៈជាព្រះកែវហ្វ៊ា ។
ប្រជាជនហាក់ដូចជាមិនមានការភ្ញាក់ផ្អើលអ្វីទេចំពោះការដែលគេ ជ្រើសរើសព្រះក្សត្រីមួយអង្គ ឱ្យឡើងគង់លើរាជបល្ល័ង្កដូច្នេះពីព្រោះថាថ្វីបើកន្លងមកគេមិនដែល ឃើញមានព្រះមហាក្សត្រីសោយរាជ្យសម្បត្ដិក៏ដោយក៏ប៉ុន្ដែគេធ្លាប់ ប្រទះឃើញព្រះរាជាដាក់រាជសម្បត្ដិថ្វាយព្រះអគ្គមហេសី ឬព្រះមាតាជាញឹកញយដែរ ដើម្បីទ្រង់អាចយាងចូលសាងព្រះផ្នួសបាន ។ ម្ល៉ោះហើយប្រជាជនហាក់ដូចជាត្រូវបង្វឹកបង្ហាត់ឱ្យចេះទទួលយក សភាពការណ៍នេះជាបណ្ដើរៗមកហើយ ។ ក៏ប៉ុន្ដែមានអ្នកខ្លះបានអះអាងប្រកបទៅដោយមូលហេតុត្រឹមត្រូវថា ការជ្រើសរើសយកក្សត្រីមួយអង្គឱ្យឡើងសោយរាជ្យដូច្នេះត្រូវចាត់ ទុកជាមោឃៈ ពីព្រោះថា បើតាមទំនៀមពីបុរាណដែលកន្លងមកគ្មាននរណាម្នាក់ចាប់អារម្មណ៍ដល់ គឺថាប្រសិនណាបើគ្មានរជ្ជទាយាទជាបុរសដើម្បីបន្ដវេនពីព្រះរាជាទេ រដ្ឋមន្ដ្រី និងអ្នកមុខអ្នកការទាំងអស់ត្រូវជ្រើសរើសព្រះរាជាចេញពីក្នុងចំណោម មេក្រុមបារគូ ។ អ្នកខ្លះទៀតនិយាយថា ទំនៀមពីបុរាណនោះមិនមែននិយាយថា «គ្មានរជ្ជទាយាទបុរស» នោះទេ តែថា «ក្នុងករណីដែលគ្មានរាជវង្សានុវង្សបន្ដវេន» តែម្ដង ។ ឥឡូវនេះគេនៅមានសល់អ្នកអង្គម្ចាស់ក្នុងរាជវង្សានុវង្សនៅឡើយ ដូច្នេះមិនអាចនិយាយថាគ្មានរាជវង្សានុវង្សបន្ដវេនបានទេ ។ ពួកមន្ដ្រីធំៗមួយចំនួនបានប្រជុំគ្នាជាសម្ងាត់នៅលើកំពូលភ្នំ ព្រះរាជទ្រព្យពិភាក្សារឿងនេះ ហើយមានមន្ដ្រីម្នាក់ហ៊ានរហូតដល់និយាយថា «បើគេរើសក្សត្រាមួយអង្គមិនបានទេ ការជ្រើសតាំងនេះត្រូវចាត់ទុកជាមោឃៈ ។ បើសិនជារើសបានក្សត្រាមួយអង្គក៏ប៉ុន្ដែប្រជារាស្ដ្រ និងព្រះរាជាសៀមមិនទទួលស្គាល់នោះ យើងនឹងមានសង្គ្រាម ។ ប៉ុន្ដែបើសិនណាជាគេរើសបានក្សត្រីមួយអង្គ ហើយបើសិនជាស្ដេចសៀមមិនធ្វើអន្ដរាគមន៍ទេ នោះវាសនាស្រុកខ្មែរនឹងត្រូវចប់ ព្រោះច្បាស់ជាអាណ្ណាមកាត់បញ្ចូលធ្វើជាទឹកដីរបស់គេជាសម្រេចតែ ម្ដង» ។ ព្រះសង្ឃមួយអង្គបានស្នើឡើងថា យើងគួរនាំគ្នាធ្វើដំណើរទៅស្រុកសៀម ។ ក៏ប៉ុន្ដែអ្នកដែលមានគំនិតទាំងអស់នេះ មិនបានត្រូវគេអញ្ជើញឱ្យចូលរួមក្នុងការជ្រើសរើសព្រះរាជាផងទេ ។ ចំណែកឯប្រជាជនវិញ គេអស់កម្លាំងនឿយណាយនឹងសង្គ្រាម និងចង់បានសន្ដិភាពណាស់ តែមិនបានគិតដល់ថា ព្រះមហាក្សត្រីនឹងគ្មានឥទ្ធិពល ហើយក៏មិនបានដឹងថាមេទ័ពអាណ្ណាម អុងទួនគុន ដែលនៅពីខាងក្រោយព្រះនាងមានអំណាចខ្លាំងណាស់អាចនឹងបញ្ជាលើរាល់ រដ្ឋមន្ដ្រីបាន ។ ដោយពិនិត្យឃើញថាព្រះមហាក្សត្រីទន់ខ្សោយ ហើយចំណុះអាណ្ណាមខ្លាំងពេក មានពាក្យចចាមអារ៉ាមលេចឡើងក្នុងចំណោមបក្សពួកអ្នកអង្គម្ចាស់ និងសៀម សាយភាយទៅដល់ក្នុងស្រទាប់ប្រជាជនថា ព្រះនាងបានសហាយជាមួយមេទ័ពអាណ្ណាម ។ រឿងនេះមិនពិតទេ ក៏ប៉ុន្ដែការនិយាយបង្ខូចព្រះកិត្ដិនាមបានរីករាលសាយភាយទប់លែង បាន រហូតទាល់តែព្រះមហាក្សត្រីធ្លាក់ខ្លួនទៅជាមនុស្សឆ្កួត (៧៥) ។
ឥឡូវនេះអ្វីៗបានសម្ដែងចេញឱ្យឃើញច្បាស់ណាស់ថា អាណ្ណាមប្រុងប្រៀបនឹងយកកម្ពុជាធ្វើជាទឹកដីរបស់គេមែនទែនហើយ ហើយការដែលគេរៀបចំព្រះមហាក្សត្រីអង្គម៉ីឱ្យឡើងគ្រងរាជបល្ល័ង្ក នេះ គឺគ្រាន់តែដើម្បីទម្លាប់ប្រជាជនឱ្យស៊ាំនឹងភាពគ្មានស្ដេចសោយរាជ្យ ឱ្យបំភ្លេចព្រះរាជវង្សានុវង្សចោលប៉ុណ្ណោះ បើទោះជាថា កន្លងមកប្រជារាស្ដ្រធ្លាប់បានធ្វើពលីកម្មជាច្រើនដើម្បីរាជ បល្ល័ង្កក៏ដោយ ។
តាមព្រះរាជក្រឹត្យមួយរបស់ស្ដេចអាណ្ណាម ព្រះរាជាណាចក្រកម្ពុជាត្រូវគ្រប់គ្រងដោយមន្ដ្រីអាណ្ណាម៣នាក់គឺ ទ្រឿងមិញយ៉ាង ផាមវ៉ាន់ឌាន និងត្រាន់វ៉ាន់ណាង ដែលមកនៅដឹកនាំប្រទេសដោយមានជំនួយពីរដ្ឋមន្ដ្រី និងចៅហ្វាយខែត្រខ្មែរជាច្រើននាក់ ។
រាជធានីភ្នំពេញពេលនោះគេដូរឱ្យហៅថា ត្រានតាយ ឬត្រានណាំយ៉ាងវិញ (ភ្នំ=ណាំ ពេញ=យ៉ាង) ។
រ៉េស៊ីដង់អាណ្ណាមពេលនោះនឹកគិតថា គេមានអំណាចខ្លាំងណាស់ ហើយបានបង្ខំឱ្យមន្ដ្រីទាំងអស់ស្លៀកសម្លៀកបំពាក់តាមរបៀបអាណ្ណាម (76) ឱ្យបួងសក់ និងផ្ដល់ឋានៈឱ្យតាមរបៀបអាណ្ណាម ហើយបានដាក់មេអាណ្ណាមម្នាក់នៅជាប់នឹងចៅហ្វាយខែត្រកម្ពុជា ដើម្បីត្រួតពិនិត្យលើរាល់សកម្មភាពផង និងដឹកនាំការងាររដ្ឋបាលផង ។
មិនតែប៉ុណ្ណោះ អាណ្ណាមមានបំណងចង់ធ្វើឱ្យព្រះរាជាណាចក្រខ្មែរបាត់បង់អស់នូវធាតុ ដើមរបស់ខ្លួន ដោយបានប្ដូរឈ្មោះស្រុកទេសទាំងអស់ថែមទៀត ។ យោងតាមសំណើរបស់ពួកអ្នកដែលនៅជាប់នឹងចៅហ្វាយខែត្រខ្មែរ ព្រះរាជាអាណ្ណាមបានសម្រេចប្ដូរឈ្មោះខែត្រ ដោយបន្ថយចំនួនពី៥៦មកនៅត្រឹម៣៣វិញ ហើយបានបង្កើតស្រុក២សម្រាប់ទឹកដីដែលមានពួកអ្នកស្រុកព្រៃរស់នៅ រួចឱ្យហៅតាមឈ្មោះអាណ្ណាមទាំងអស់ ។
ឈ្មោះខែត្រទាំង៣៣នោះមាន ណាមយ៉ាង ឬត្រានតាយ សម្រាប់ភ្នំពេញ ក្រៅពីនេះជាឈ្មោះខែត្រថ្មីដែលគេបានបង្រួមឱ្យតិច ដែលខ្ញុំមិនដឹងថាឈ្មោះណាត្រូវនឹងខែត្រចាស់ណាមួយទេ ៖ ថានធូ តាំដន ទុយឡាប់ បាណាម (បាក់ណាម) បាឡាយ (បារាយណ៍) ប៊ិញធាន (កោះអញ្ចៀន) ខាបាត ឡាវេន (ព្រៃវែង) ហៃដុង គិមទ្រឿង ចាវជុង កាអាវ វ៉ាងវ៉ាន ហាប៊ិញ ជុងឡយ សានភូ (ប្រហែលគឺសម្បូរ) សានបុក (សម្បុក) តាំវូ ខាយបៀន ហៃតាយ ខាស៊ុម (កោះសូទិន) ថេឡាប់ តាំកាយ ឡូវៀត (លង្វែក) ឡុងទន (សំរោងទង) ក្វាងបៀន ហួយី ចានតាយ អ៊ីយី ចានថាញ់ ម៉ាត់លួត អ៊មអាន ។ ឯស្រុកសម្រាប់អ្នកស្រុកព្រៃ២នោះគឺ កាញ់ចេ (ក្រចេះ) និងកាន់យ៉ើ (កញ្ជរ) ។
មានមន្ដ្រីទាំងអស់១០៧រូបដែលទទួលបន្ទុកការងាររដ្ឋបាលស៊ីវិល និងខាងកងទ័ព ។ គឺមាន ៖ ទួងក្វាន ឬ សេនាប្រមុខ១រូប ថាមតាន់ ឬអ្នកមានភារៈចាត់ចែង និងថែរក្សាទ្រព្យកងទ័ព១រូប ដេដុក ឬអគ្គមេបញ្ជាការ១រូប ហ៊ាបតាន់ ឬវរសេនីយ៍ឯក១រូប ឡាញ់ប៊ិញ ឬវរសេនីយ៍ត្រី២រូប ផឡាញ់ប៊ិញ ឬជំនួយការវរសេនីយ៍ត្រី២រូប ប៊ិញប៊ីដាវ ឬឆ្មាំកងទ័ព១រូប លឿងប៊ីដាវ ឬឆ្មាំខាងភស្ដុភារ១រូប វៀនង៉យឡាង ឬនាយការិយាល័យក្រសួង២រូប ជូស៊ូ ឬនាយរងការិយាល័យក្រសួង៣រូប បាតវូ ឬផ្នែកខាងរបៀប៤រូប បាតផាម ឬលេខាធិការ ថ្នាក់ទី៨ចំនួន៨រូប គួនផាម ឬលេខាថ្នាក់ទី៩ចំនួន៨រូប ថឡាយ ឬនាយទោផ្គត់ផ្គង់ស្បៀង៦០រូប ហួនដាវ ឬ សាស្ដ្រាចារ្យ១២រូប ហើយនិងយ៉ាវថ ឬគ្រូបង្រៀន ។
ទ្រឿងមិនយ៉ាងបានទទួលការចាត់តាំងឱ្យធ្វើជាទួងក្វាននៅភ្នំពេញ ឯឡេដៃគឿង គឺជាថាមតាន់ ។ មាន ជានភូស៊ូ ម្នាក់ស្ថិតនៅក្រោមការត្រួតត្រារបស់អ្នកទាំង២ មានភារកិច្ចត្រួតពិនិត្យសេវាស៊ីវិល និងយោធានៅក្នុងភូ (ខែត្រ) ៣ គឺហាយតាយ ហាយដុង និងសានទិញ ។
ទ័ពអាណ្ណាមនៅកម្ពុជាក៏បានត្រូវគេរៀបចំឡើងវិញដែរ ដោយបែងចែកជា២៥កងពល និងមានកងពលពិសេសមួយ ទទួលបន្ទុកថែរក្សាពង្រាប និងបង្ហាត់ដំរីចម្បាំង ។
យើងនឹងវិលត្រលប់មកមើលការរៀបចំនេះនៅពេលក្រោយ ។ កម្ពុជាទាំងមូលបានត្រូវអាណ្ណាមបែងចែកចេញជា៨ភូ (ខែត្រ) មានទាំងអស់១៨ហ្វៀន (មណ្ឌលរដ្ឋបាល) គឺ ៖
ភូត្រាន់តាយ ភ្នំពេញ មានហ្វៀន២គឺ ថៃអាន និងលូអាន
ភូញាហ្វា មានហ្វៀន២ដែរគឺ ធឿងផុង និងផុងញួង
ភូណាមនិញ មានហ្វៀន៣គឺ ណាមធិញ ណាមថៃ និងភូណាម
ភូវ៉ូកុង មានហ្វៀន៣ដែរគឺ ប៊ិញជុង គីតូ និងជុងធុយ
ភូទាំង៤នេះ ត្រួតត្រាដោយ ទួងក្វាន និង ថាមតាន់ ។
ភូហាយតាយ មានហ្វៀន២គឺ ហាយប៊ិញ និងថានជុង
ភូហាប៊ិញ មានហ្វៀន២ដែរគឺ ជុងហា និងភូឡាយ
ភូទាំង២នេះ ត្រួតត្រាដោយ ជានភូស៊ូ ។
ភូសានទិញ មានហ្វៀន២គឺ ក្វេឡាំ និងសានដុង
ភូមីឡាម មានហ្វៀន២ដែរគឺ មីឡាម និងដាវឡាម
ភូទាំង២នេះ ត្រួតត្រាដោយ ជានភូស៊ូ នៅសានទិញ ។ ចំណែកឯកងពលទាហានទាំង៥ មួយៗមាន៥កងវរសេនាធំ ដោយមិនមានគិតដល់កងអនុសេនាធំកម្ពុជាផងទេ មាន ៖ កងពលកណ្ដាល មាន២៦៩៦នាក់ កងពលបើកផ្លូវ មាន២១១៦នាក់ កងពលស្លាបខាងឆ្វេង មាន២៥៣០នាក់ កងពលស្លាបខាងស្ដាំ មាន២២០០នាក់ និងកងពលបិទគូទមាន២២៥៥នាក់ សរុបទាំងអស់ត្រូវជា១១.៧៩៦នាក់ ។
រៀបចំដូច្នេះរួចហើយ ស្ដេចអាណ្ណាមបានចាត់តាំង ឡេវ៉ាន់ឌុក ឱ្យធ្វើជាធិញលុករាជអធិការរបស់ព្រះរាជាប្រចាំកម្ពុជា ។
ពួកអាណ្ណាមបានហៅព្រះក្សត្រីអង្គម៉ី ថា ង៉ុកវ៉ាន ហើយថ្វាយព្រះឋានៈជាភាសាអាណ្ណាមថា មីឡាមក្វានជួ (ព្រះមហាក្សត្រីនៃភូមីឡាម) ។ ព្រះរៀមរបស់ព្រះនាងព្រះក្សត្រីបែន ទទួលឋានៈថា លូអានក្វាន (ក្សត្រីទី២នៃលូអាន) ព្រះអនុជក្សត្រីមួយអង្គទទួលឋានៈជា ថាវជុងក្វានក្វាន និងមួយអង្គទៀតជា តាប់និញក្វានក្វាន ។
មានការងារមួយដែលមានប្រយោជន៍ ក៏ប៉ុន្ដែបានធ្វើឱ្យអ្នកស្រុកខឹងសម្បាជាខ្លាំង គឺកំណែនឱ្យធ្វើផ្លូវយុទ្ធសាស្ដ្រមួយដោយគ្មានផ្ដល់កម្រៃ តភ្ជាប់ពីភ្នំពេញទៅស្ពានយមរាជ បច្ចុប្បន្ននៅលើផ្លូវទៅកំពត (ប្រហែលជា៤គីឡូម៉ែត្រពីភ្នំពេញ) រួចបន្ដទៅទ្រាំង និងបន្ទាយមាស និងការបង្កើតឱ្យមានក្រុមរត់សំបុត្របន្ដគ្នាប្រចាំតាមសាលា នីមួយៗ ដែលមានគ្នា៣០នាក់ផ្លាស់ប្ដូរវេនគ្នា ជ្រើសរើសចេញពីអ្នកស្រុករស់នៅក្នុងភូមិជិតៗ ។ ផ្លូវនេះដែលក្រោយមកគឺផ្លូវពីភ្នំពេញទៅកំពត ខ្មែរហៅថា ផ្លូវអាណ្ណាម (77) ។
នៅសម័យនោះ គឺក្នុងឆ្នាំ១៨៣៥ នៅឯកំពង់សោម មានបងប្អូន២នាក់ដែលមានឋានៈជាឧកញ៉ាគឺ ឧកញ៉ាជ័យ និងឧកញ៉ាជូ បានប្រកែកមិនព្រមគោរពតាមបញ្ជារបស់អាណ្ណាមទេ ហើយចាប់ផ្ដើមកាន់អាវុធប្រឆាំងឡើង ។ ទាំង២នាក់បងប្អូនធ្វើការប្រយុទ្ធអស់កាលយ៉ាងយូរ តែមិនអាចបង្ក្រាបទ័ពចម្រុះអាណ្ណាម-ខ្មែរបាន ហៀបតែនឹងត្រូវគេចាប់បានទៅហើយ ក៏នាំគ្នារត់គេចឆ្លងព្រំដែនទៅជ្រកកោននៅឯបាងកកបាត់ទៅ ។
នៅឆ្នាំ១៨៣៦ នៅខែត្រកំពង់ស្វាយឯណោះវិញ តេជោរាមដែលបះបោរប្រឆាំងនឹងរបបថ្មីបានត្រូវគេចាប់យកមកភ្នំពេញ ហើយអុងទួងគុនចេញបញ្ជាឱ្យគេសម្លាប់ចោលទៅ ។ គេបានលើកស្នងអីជំនួយការរបស់តេជោរាម ឱ្យឡើងកាន់អំណាចបន្ដពីគាត់ ។ មុនដំបូងស្នងអីបានបំពេញការងារល្អណាស់ ក៏ប៉ុន្ដែដល់មកឆ្នាំ១៨៣៧ ស្រាប់តែឈ្មោះនេះបានចាប់រ៉េស៊ីដង់អាណ្ណាមសម្លាប់ចោល ហើយចាប់កេណ្ឌទ័ព ។ ស្នងអីធ្វើសកម្មភាពបានប៉ុន្មានសប្ដាហ៍ ក៏រត់គេចខ្លួនដោយនាំយកអ្នកស្រុកស្ទោង និងជីក្រែងមួយចំនួនធំផង ទៅនៅឯទន្លេរពៅ ដែលស្ថិតនៅក្រោមការត្រួតត្រារបស់សៀមនៅឡើយ ។ ពួកអាណ្ណាមបានសម្លាប់ប្រជាជនខែត្រកំពង់ស្វាយអស់ជាច្រើន ដែលគេចោទថាបានគាំទ្រស្នងអី ។ អ្នកស្រុកមួយចំនួនទៀត គេនាំយកទៅអាណ្ណាម ។
ព្រឹត្ដិការណ៍ទាំងអស់នេះ រួមទាំងការបះបោរ និងការប្រឆាំងអាណ្ណាមផង បានធ្វើឱ្យប្រជាជនកម្ពុជាមានការព្រួយបារម្ភជាខ្លាំង ។ គេក៏ចាប់តាំងនាំគ្នាងាកបែរទៅរកខែត្របាត់ដំបង ដីខ្មែរពីមុន តែឥឡូវបានក្លាយទៅជារបស់សៀមហើយ ដែលមានរាជវង្ស២អង្គកំពុងរស់នៅ គឺព្រះអង្គឯម និងព្រះអង្គឌួង (78) ។ ស្ដេចសៀមបានអនុញ្ញាតឱ្យព្រះអង្គឯមគង់នៅនឹងបាត់ដំបង ឯព្រះអង្គឌួងឱ្យគង់នៅមង្គលបុរី ។ ក្សត្រទាំង២អង្គបានឃ្លាតឆ្ងាយពីរាជបល្ល័ង្កហើយ ដោយត្រូវអាណ្ណាមបំបែក បណ្ដេញកាត់កាលចោល និងនៅជាមួយសៀម ក៏ស្ដេចសៀមមិនបានផ្គត់ផ្គង់ឱ្យល្អណាស់ណាដែរ ព្រោះមានគេច្រណែននិន្ទា ។ ក៏ប៉ុន្ដែព្រះអង្គនៅតែជាសេចក្ដីសង្ឃឹមចុងក្រោយរបស់ប្រទេសជាតិ ដដែល ។ ទម្លាប់ជាប្រពៃណីមួយបាននិទានតៗគ្នាថា «កាលណាទឹកហូរចុះពីខាងជើងមកខាងត្បូង កាត់ពីមុខកំពង់ហ្លួង ទឹកនោះបានប្រាប់អ្នកស្រុកថា ព្រះអង្គម្ចាស់ទាំងឡាយមានព្រះកាយពលល្អទេ ព្រះមហេសីទាំងអស់របស់ព្រះអង្គបានប្រសូតព្រះរាជបុត្រាថ្វាយព្រះ អង្គ ហើយអ្នកស្រុកនិយាយថា ព្រះអាទិត្យនៅតែរះឯជើងមេឃរៀងរាល់ថ្ងៃ មិនទាន់រលត់បាត់នៅឡើយ» ។
នៅពេលដែលហៀបនឹងរលត់ទៅហើយ ប្រជាជនខ្មែរដ៏កម្សត់នៅតែនឹកដល់ព្រះរាជវង្សានុវង្សនៅឡើយ បើទោះបីថារាជវង្សានុវង្សនោះបានដឹកនាំគេអស់កាលជាច្រើនសតវត្ស ឱ្យធ្វើសង្គ្រាមកាប់សម្លាប់តែគ្នាឯង ឬប្រឆាំងនឹងបរទេសឱ្យគាំទ្រសមាជិករាជវង្សដណ្ដើមអំណាច ដណ្ដើមរាជបល្ល័ង្កគ្នា កាត់យកខែត្រផ្សេងៗទៅកាន់កាប់ ក៏ប៉ុន្ដែមិនចេះគ្រប់គ្រង ហើយមិនដែលបាននឹកគិតដល់សុខទុក្ខរបស់ប្រជាជនដ៏កម្សត់បន្ដិចណាក៏ ដោយ ។ ទោះជាយ៉ាងណាក្ដី ប្រជាជននៅមានសេចក្ដីសង្ឃឹមតែលើរាជវង្សមួយនេះប៉ុណ្ណោះ ព្រោះថាគ្មានអ្នកមានបុណ្យណាម្នាក់ចេញមុខមកជួយ ដូចជានៅស្រុកចិន អាណ្ណាម ភូមា សៀម ដើម្បីបំផុសអ្នកស្រុកឱ្យនាំគ្នាបះបោរឡើងវាយប្រហារទៅលើពួក សត្រូវរបស់ព្រះរាជាណាចក្រ ហើយបណ្ដេញចេញ ដណ្ដើមយករាជបល្ល័ង្កមកវិញ រួចឡើងអង្គុយលើរាជបល្ល័ង្កនោះ ក្រោមស្នូរទះដៃអបអរសាទរពីប្រជាជនទាល់តែសោះ ។ ចៅហ្វ៊ាបែន និងចៅហ្វ៊ាមូប្រហែលជាអាចបំពេញនូវតួនាទីជាវីរជននេះបាន ក៏ប៉ុន្ដែ អ្នកទាំង២នាក់នេះមិនមែនជាអ្នកមានបុណ្យទេ ហើយក៏គ្មានឆន្ទៈខ្ពស់នឹងបំពេញភារកិច្ចនេះដែរ មិនតែប៉ុណ្ណោះ ថែមទាំងបានក្បត់ជាតិជាបន្ដបន្ទាប់ទៅទៀត កាត់ផ្ដាច់យកទឹកដីមាតុភូមិទៅឱ្យសៀមទៅវិញ ។ ម្ល៉ោះហើយ ប្រជាជនដែលហាក់បីដូចជាត្រូវសណ្ដំទៅហើយ បានភ្លេចអ្នកទាំងអស់នោះសូន្យឈឹង ទើបបានជានាំគ្នាបែរមករករាជវង្សស្ដេចដែលសោយរាជ្យលើពួកគេ ហើយសម្លឹងមើលទៅបាត់ដំបង ដែលមានក្សត្រាទាំង២អង្គគង់នៅ ។
មេទ័ពអាណ្ណាមអុងទួងគុន បានយល់ច្បាស់ណាស់ថាកម្ពុជានៅមានថាមពលដែលកំពុងតែក្រាបសម្ងំ ហើយអាចនឹងងើបក្រោកឡើងបះបោរប្រឆាំងនឹងការត្រួតត្រារបស់យួន លើរាជវង្សានុវង្សនេះឯង ។ គាត់បានប្ដេជ្ញាថានឹងកម្ចាត់កម្ចាយក្សត្រទាំង២អង្គនេះចេញ ដោយធ្វើយ៉ាងណាបំបែកបំបាក់ពីគ្នាសិន ព្រោះកន្លងមក ក្សត្រទាំង២អង្គសាមគ្គីគ្នាស្អិតល្មួតណាស់ រួចសឹមឆ្លៀតយកឱកាសដែលលេចចេញពីព្រឹត្ដិការណ៍នេះដើម្បីបំផ្លិច បំផ្លាញចោលតែម្ដង ។
អុងទួងគុនបានចាត់ឱ្យជនអាណ្ណាមម្នាក់ក្លែងខ្លួនធ្វើជាខ្មែរ ដោយដាក់ឈ្មោះថា ភគវា នាំលិខិតមួយទៅថ្វាយព្រះឧបរាជអង្គឯមទូលថាអាណ្ណាមមកកម្ពុជានេះ ក្នុងគោលបំណងដើម្បីជួយធ្វើឱ្យមានសន្ដិភាព ។ ការដែលលើកព្រះមហាក្សត្រីអង្គម៉ីឱ្យឡើងសោយរាជ្យនេះ ក៏ព្រោះតែថាព្រះនាងគ្រាន់តែជាព្រះមហាក្សត្រីបណ្ដោះអាសន្ន ប៉ុណ្ណោះ រង់ចាំតែពេលដែលមានក្សត្រាខ្មែរមួយអង្គចង់វិលត្រលប់មកសោយរាជ្យ វិញ អាណ្ណាមនឹងជួយជ្រោមជ្រែង ។ ក៏ប៉ុន្ដែព្រះឧបរាជមានគូប្រជែងមួយ គឺព្រះអង្គឌួង ជាអនុជរបស់ព្រះអង្គ ដែលរៀបចំផែនការក្បត់នឹងព្រះអង្គរួចទៅហើយ ។
ព្រះឧបរាជគិតថាភ័ព្វសំណាងព្រះអង្គបានមកដល់ហើយៗ ជឿសម្ដីអាណ្ណាមថា ព្រះអនុជជាគូប្រជែងរបស់ព្រះអង្គ ទ្រង់ក៏បានចារព្រះសារលិខិតមួយច្បាប់ទៅថ្វាយស្ដេចសៀមថា ព្រះអនុជកំពុងតែធ្វើចលនាប្រឆាំងនឹងផលប្រយោជន៍សៀមនៅស្រុកខ្មែរ ។ ស្ដេចសៀមបានចាត់មន្ដ្រី២នាក់ឱ្យមកយាងព្រះអង្គឌួងទៅបាងកកភ្លាម ហើយហាមផ្ដាច់មិនឱ្យយាងមកមង្គលបុរីវិញទេ ។
ដោយកម្ចាត់ព្រះអនុជឱ្យបាត់ពីមុខពីមាត់រួចហើយ ព្រះឧបរាជបានយាងទៅគង់នៅពោធិ៍សាត់ជាមួយព្រះរាជវង្ស ព្រះរាជបុត្រាបុត្រីរបស់ព្រះអង្គឌួង ដែលទ្រង់រក្សាទុកជាចំណាប់ខ្មាំង និងមន្ដ្រីខ្មែរជាច្រើនទៀតនៅបាត់ដំបងដែលទ្រង់មិនអាចទុកចោល បាន ។ មេទ័ពអាណ្ណាមដែលបញ្ជានៅទីនោះបានចាប់ខ្លួនអ្នកទាំងអស់នោះ ហើយបញ្ជូនមកភ្នំពេញ ។ ព្រះឧបរាជអង្គឯមមិនយល់ថាហេតុអ្វីក៏មានរឿងដូច្នេះទេ តែចំពោះខ្លួនព្រះអង្គ មេទ័ពអាណ្ណាមទទួលរាក់ទាក់បំផុត ម្ល៉ោះហើយទ្រង់ក៏យាងមកភ្នំពេញជាមួយនឹងគេឯង មានកងការពារជូនដំណើរហាក់បីដូចជាមានកិត្ដិយសណាស់ ។ ពេលយាងមកដល់ភ្នំពេញ អុងទួងគុនបានទទួលស្វាគមន៍ព្រះអង្គគគ្រឹកគគ្រេងទាំងប្រជាជនក៏ ទះដៃអបអរសាទរព្រោះមើលឃើញថាព្រះអង្គនេះហើយជាអ្នកមករំដោះគេ ។ ការដែលប្រជាជនអបអរសាទរទទួលព្រះឧបរាជខ្លាំងហួសហេតុពេកបានធ្វើ ឱ្យអុងទួងគុនអន់ចិត្ដ ដល់យប់ឡើងក៏ចាប់ព្រះអង្គដាក់ក្នុងទ្រុងដែក ហើយបញ្ជូនទៅកាន់រាជធានីវ៉េនៅថ្ងៃស្អែកឡើង (១៨៤០) ។
ចំពោះមន្ដ្រីមកពីខែត្របាត់ដំបង មានមួយចំនួនធំត្រូវគេសម្លាប់ចោលភ្លាមដោយមិនចាំបាច់កាត់ទោស នៅសល់ខ្លះគេបញ្ជូនទៅវ៉េដែរហើយឃុំទុកនៅទីនោះ ។ ចំណែកនៅបាងកកឯណោះវិញ ព្រះអង្គឌួងដែលព្រះរៀមចោទប្រកាន់ថាក្បត់ បានត្រូវសៀមឃាត់ខ្លួន ដាក់ច្រវាក់ទុកនៅក្នុងព្រះបរមរាជវាំងដែរ ។
នៅពេលដែលស្ថានការណ៍នៅកម្ពុជាកំពុងតែអាក្រក់ទៅៗ រ៉េស៊ីដង់អាណ្ណាមក៏មិនចេះស្កប់ស្កល់នឹងចំណង់របស់គេដែរ ។ គេចង់ឱ្យខ្មែរប្ដូរសាសនាកាន់តាមគេវិញ ម្ល៉ោះហើយគេបណ្ដេញលោកសង្ឃចេញពីវត្ដអារាម បញ្ជាឱ្យកាប់ដើមពោធិគាស់រំលើងព្រះពុទ្ធបដិមា និងឱ្យវាយកម្ទេចចេតិយចោល ។ លើសពីនោះទៅទៀត គេចង់ឱ្យស្រុកនេះគ្មានអ្វីជាតំណាង ដោយបានឱ្យរដ្ឋមន្ដ្រីរបស់ព្រះមហាក្សត្រីធ្វើដំណើរទៅសាយហ្គន តែបានភរថាឱ្យទៅវ៉េ ក្នុងនោះមានលោកចៅហ្វ៊ាឡុងសម្ដេចចៅពញាហ៊ូ និងលោកក្រឡាហោមគិញដោយយកលេសថាស្ដេចអាណ្ណាមចង់ជួបរួមគ្នាជាមួយ នឹងព្រះឧបរាជដែលទើបតែយាងទៅដល់ ។ ប៉ុន្មានថ្ងៃបន្ទាប់មក គេបានបញ្ជូនព្រះមហាក្សត្រី ព្រះអនុជអង្គពៅជាព្រះឧបរាជ និងព្រះអនុជអង្គស្ងួន ទៅសាយហ្គនទៀត ។ ព្រះរៀមក្សត្រីអង្គបែន ជាចៅរបស់ចៅហ្វ៊ាបែន ដែលបានប្រគល់ខែត្របាត់ដំបងទៅឱ្យសៀមកាលពីមុន ពេលនេះទ្រង់មានព្រះជន្ម៣២ព្រះវស្សាហើយ (១៨៤១) បានត្រូវគេនាំយកទៅលង់ហោ (វិញឡុង) ។ គេបាននិយាយថាព្រះក្សត្រីអង្គនេះនឹងត្រូវដោះស្រាយខុសពីព្រះអនុជ ទាំងអស់ ព្រោះទ្រង់មានព្រះមាតាជាបុត្រីរបស់ចៅហ្វ៊ាបែន ដែលបានគេចព្រះអង្គទៅនៅឯបាត់ដំបង ហើយទ្រង់មានព្រះបិតុលាម្នាក់ជាសត្រូវស្លាប់រស់របស់អាណ្ណាម ។ ទៅដល់វិញឡុង គេឃុំព្រះនាងទុកសិន បន្ទាប់មក គេយកព្រះនាងចេញពីទីឃុំឃាំងទៅជ្រមុជទឹកទន្លេសម្លាប់ចោលដោយមិន ដឹងជាមានរឿងអ្វី (១៨៤២) ។
ការដែលអាណ្ណាមធ្វើទាំងប៉ុន្មាននេះ ប្រជាជនបានឃើញ និងដឹងឮទាំងអស់ ធ្វើឱ្យគាត់អាចកាត់ស្មានបានថា បើព្រះរាជវាំងអាណ្ណាមបន្ដធ្វើអ្វីតទៅទៀតនោះគឺមិនយូរមិនឆាប់គេ នឹងយកព្រះរាជាណាចក្រកម្ពុជាដាក់បញ្ចូលទៅក្នុងទឹកដីកូសាំងស៊ីនជា មិនខាន ។ អាណ្ណាមបានរៀបចំអនុវត្ដវិធានការ២ ដែលមានសារសំខាន់គ្រាន់បើដែរ ហើយដែលរាល់ប្រជាជនស៊ីវីល័យតែងតែធ្វើគឺការធ្វើសម្រង់ស្ថិតិ ប្រជាជន និងការចុះបញ្ជីសុរិយោដីអចលនទ្រព្យ ដូចដែលគេបានធ្វើរួចហើយនៅអាណ្ណាម ។ ក៏ប៉ុន្ដែប្រជាជនយល់ថា នេះគឺជាសកម្មភាពដំបូងនៃការកាត់យកទឹកដីហើយៗមានកំហឹងកាន់តែ ខ្លាំងឡើងៗ ។ ពេលនោះពួកអ្នកដែលស្រលាញ់សៀម គឺបក្សពួករបស់ព្រះឧបរាជអង្គឯម និងអ្នកអង្គម្ចាស់អង្គឌួង បានលួចចុះទៅបំផុសប្រជាជនតាមស្រុកស្រែចម្ការឱ្យបះបោរឡើង ហើយចាប់ផ្ដើមកាប់សម្លាប់ជនអាណ្ណាមឥតរើសមុខ ។ ការកាប់សម្លាប់នេះ បានរីករាលដាលរហូតមកដល់ភ្នំពេញ ដែលទ័ពអាណ្ណាមបាននាំគ្នារត់មកជ្រកនៅទាំងកងៗ តែក៏ត្រូវគេលួចសម្លាប់នៅពេលយប់ដែរ ។ ក្នុងរយៈពេលតែ៨ថ្ងៃប៉ុណ្ណោះ កម្ពុជាទាំងមូលសឹងតែគ្មានវត្ដមានអាណ្ណាមតទៅទៀត លើកលែងតែនៅតាមទីប្រជុំជនធំៗ ដែលគេមិននឹកស្មានថាប្រជាជនខ្មែរពេលនោះអាចធ្វើដូច្នេះបានសោះ ។
ប្រជាជនបានបះបោរជាទូទៅ ហើយពួកមន្ដ្រីធំៗបានលួចប្រជុំគ្នាជាសម្ងាត់ និងបានសម្រេចថា ត្រូវហៅរកសៀមឱ្យមកជួយកម្ពុជាម្ដងទៀត ។ គេនាំគ្នាបង្កើតគណៈកម្មការរដ្ឋាភិបាលបណ្ដោះអាសន្នមួយ រួចបានចាត់តាំងមន្ដ្រីធំ២រូបគឺឧកញ៉ាវិបុលឡុង ជាអនុរដ្ឋមន្ដ្រីខាងទ័ពជើងទឹក និងឧកញ៉ាសួគ៌ាលោក មួក ចៅហ្វាយខែត្រពោធិ៍សាត់ ឱ្យនាំយកញត្ដិមួយទៅបាងកក សុំអន្ដរាគមន៍របស់សៀម និងការលើកព្រះអង្គឌួងឱ្យឡើងសោយរាជ្យលើរាជបល្ល័ង្កកម្ពុជា តាមចំណង់ចំណូលចិត្ដរបស់ប្រជារាស្ដ្រ ។
ស្ដេចសៀមបានឯកភាពតាមការស្នើសុំទាំង២ រួចបានចាត់តាំងចៅឃុនបឌិនឱ្យកេណ្ឌទ័ពមករៀបចំ លើករាជវង្សកម្ពុជាឱ្យសោយរាជ្យឡើងវិញ ។
ប៉ុន្មានសប្ដាហ៍ក្រោយមក មេទ័ពអាណ្ណាមទាំង៣នាក់ដែលឈរជើងនៅពោធិ៍សាត់បានត្រូវវាយឱ្យ បរាជ័យ ហើយបាននាំគ្នារើសម្ភារដកថយចេញ ដោយបោះបង់បន្ទាយពោធិ៍សាត់ទុកឱ្យទ័ពសៀម ។ ចៅឃុនបឌិនបានដឹកនាំទ័ពបន្ដដំណើរចូលមកក្នុងផ្ទៃប្រទេស ក្រោមស្នូរទះដៃអបអរសាទរពីប្រជាជនដែលបាននាំគ្នាងើបក្រោកឈរឡើង ជួយគាំទ្រវាយប្រហារទៅលើកងទ័ពសត្រូវដែលរត់គេចពាសពេញប្រទេស ។
ពេលនោះព្រះចៅអធិរាជអាណ្ណាមបានបញ្ជូនទ័ពជំនួយមួយកងមកជាមួយ ព្រះឧបរាជអង្គឯម រាជបុត្រារបស់ព្រះអង្គព្រះនាមថា អង្គភឹម និងព្រះក្សត្រីទាំង៣អង្គដែលជាបុត្រីរបស់ស្ដេចអង្គចន្ទដោយ សង្ឃឹមថា នឹងធ្វើឱ្យមានការបែកបាក់គ្នារវាងខ្មែរ និងខ្មែរ ។ ក៏ប៉ុន្ដែក្រោយពីមានអាវុធកាន់នៅក្នុងដៃ ក្រុមនេះបានបែរទៅប្រឆាំងនឹងពួកអាណ្ណាមដែលជិះជាន់ពួកគេអស់ពេល ៧ឆ្នាំមកហើយ រួចក៏នាំគ្នារត់ទៅចុះចូលជាមួយទ័ពសៀមវិញ ភ្លេចអស់អំពើឃោរឃៅរបស់សៀមកាលពីពេលមុន ។ ទ័ពសៀមវាយរុញច្រានទ័ពអាណ្ណាម ដែលដកថយទៅជាក្រុមតូចៗ ដោយដេញតាមរហូតទៅជិតដល់ចូវដុក ។ នៅទីនោះ មានមេទ័ពអាណ្ណាមជាច្រើន ក្នុងនោះរួមមានទាំងមេទ័ពប្រចាំខែត្រពោធិ៍សាត់ទាំង៣នាក់ផង បាននាំគ្នាផឹកថ្នាំសម្លាប់ខ្លួន ដើម្បីជៀសវាងការទទួលទណ្ឌកម្មពីព្រះចៅអធិរាជ ។