Thursday, July 20, 2017

២០.ក្សត្រសម័យឆ្នាំ ១៨០៦ ដល់ ១៨៤១

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ២ ជំពូកទី ៣) - វគ្គ៧
Posted: Oct-12-2016


៤០. ព្រះ​អង្គ​ចន្ទ (១៨០៦-១៨៣៤)
នៅ​ឆ្នាំ​១៨០៦ ព្រះ​អង្គ​ចន្ទ​ជា​រាជបុត្រា​ច្បង​របស់​ព្រះ​អង្គអេង​មាន​ព្រះ​ជន្ម​១៥​ព្រះ ​វស្សា​ហើយ ។ ស្ដេច​សៀម​បាន​សម្រេច​អភិសេក​ព្រះអង្គ​ឱ្យ​ឡើង​គ្រងរាជ្យ​ដោយ​ថ្វាយ​ព្រះ​ នាម​ថា​ «ព្រះបាទ​សម្ដេច​ព្រះ​រាជឱង្ការ​ព្រះ​ឧទ័យ​រាជា​ធិរាជ​រាមាធិបតី​ព្រះ​ ស្រីសុរិយោពណ៌» ។ នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​ស្ដេច​សៀម​បង្ហាញ​ឱ្យ​ឃើញ​អំពី​អធិរាជ​ភាព​របស់​ គេ​មក​លើ​កម្ពុជា ។

ព្រះរាជាណាចក្រ​កម្ពុជា​ពេល​នោះ​រង​នូវ​ការ​បាក់បែក​ប្រេះស្រាំ​ខ្លាំង​ ណាស់ មិន​ប្រកែក​ប្រណាំង​អ្វី​ទេ យល់​ព្រម​ទទួល​ព្រះរាជា​តាម​តែ​ហេតុការណ៍​វិវឌ្ឍ ។ ពេល​នោះ​ចៅហ្វ៊ា​បែន​បាន​ធ្វើ​កិច្ចការ​មួយ​ដែល​នាំ​គាត់​ឱ្យ​អាច​វិល​ ត្រលប់​មក​កាន់​កម្ពុជា​វិញ​បាន ។ គឺ​គាត់​បាន​នាំ​យក​បុត្រី​របស់​គាត់​ម្នាក់​មក​ថ្វាយ​ព្រះរាជា​អង្គ​ចន្ទ ។ ព្រះរាជា​ប្រហែល​ជា​មិន​ហ៊ាន​ប្រកែក​ទេ ទើប​ទ្រង់​យល់​ព្រម​ទទួល​យក​ធ្វើ​ជា​មហេសី​ទៅ ។
នៅ​ពេល​នោះ​ ស្ដេច​អាណ្ណាម​ក៏​ចាប់​ប្រឆាំង​ជំទាស់ ហើយ​បាន​បញ្ជូន​ទ័ព​មួយ​កង​មក​កាន់​ភ្នំពេញ ។ ស្ដេច​អាណ្ណាម​ទទួល​យល់​ព្រម​ថា​ឱ្យ​សៀម​រៀបចំ​ពិធី​អភិសេក​ព្រះរាជា​ កម្ពុជា​នៅ​ឯ​បាងកក​ចុះ ក៏​ប៉ុន្ដែ​បើ​ព្រះរាជា​កម្ពុជា​យល់​ព្រម​ចំណុះ​ស្ដេច​សៀម ព្រះ​អង្គ​ក៏​ត្រូវ​ចំណុះ​ស្ដេច​អាណ្ណាម​ដែរ ហើយ​ត្រូវ​លើក​សួយសារ​អាករ​ទៅ​ថ្វាយ​ជា​ទៀង​ទាត់ ក្នុង​នោះ​មាន​ដំរី​ឈ្មោល​កម្ពស់​៥​ហត្ថ​២​ក្បាល ចែ​រមាស​២ ភ្លុក​ដំរី​៣​គូ ក្រវាញ ក្រមួន ម្រ័ក្សណ៍ ។ល ។

ពេល​នោះ​ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី​របស់​ព្រះរាជា​មិន​ហ៊ាន​ប្រកែក​នឹង​ សំណើ​ដ៏​ប្រមាថ​នេះ​ទេ មិន​ដឹង​ថា​តើ​កម្ពុជា​គួរ​ចំណុះ​សៀម​ផង និង​ចំណុះ​អាណ្ណាម​ផង ឬ​ក៏​យ៉ាង​ណា គឺ​មាន​អធិរាជ​២​ដែល​នឹង​ប្រកាប់​ប្រចាក់​គ្នា​ដើម្បី​មូលហេតុ​នគរ​ចំណុះ វា​ល្អ​ជា​ជាង​មាន​អធិរាជ​តែ​មួយ ដែល​នឹង​លេប​ត្របាក់​យក​ទឹកដី​អស់​តែ​ម្ដង ។ ម្ល៉ោះ​ហើយ​ពួក​គេ​ក៏​យល់​ព្រម​តាម ធ្វើ​ឱ្យ​ទ័ព​អាណ្ណាម​វិល​ត្រលប់​ទៅ​សាយហ្គន​វិញ​ទៅ តែ​បាន​ទុក​មេទ័ព​២​នាក់​ឱ្យ​នៅ​ការពារ​ភ្នំពេញ ។ តាម​រយៈ​សន្ធិសញ្ញា​នេះ ពួក​សៀម និង​អាណ្ណាម​បាន​មក​ប្រឈម​ជួប​មុខ​គ្នា​នៅ​កម្ពុជា ហើយ​នេះ​មិន​មែន​ដោយ​សារ​កាលៈ​ទេសៈ​ចៃដន្យ​អ្វី​ទេ​ គឺ​ដោយ​មាន​គោលការណ៍​ច្បាស់​លាស់​ប្រឆាំង​គ្នា​តែ​ទទួល​ស្គាល់​ទាំងអស់​ គ្នា ។ សង្គ្រាម​នឹង​កើត​មាន​យូរ​អង្វែង ប៉ុន្ដែ​គឺ​ដើម្បី​ឱ្យ​ព្រះរាជា​ណាចក្រ​រស់រាន​មាន​ជីវិត ។

ការ​ដែល​ព្រះរាជា​អង្គ​ចន្ទ​ទទួល​ស្គាល់​អធិរាជ​ភាព​របស់​អាណ្ណាម មិន​បាន​ធ្វើ​ឱ្យ​រាជវាំង​បាងកក​សប្បាយ​ចិត្ដ​ប៉ុន្មាន​ទេ ហើយ​ចាប់ពី​ពេល​នោះ​មក​ទំនាក់​ទំនង​ល្អ​ដែល​ធ្លាប់​តែ​មាន​រវាង​ស្ដេច​សៀម​ ជាមួយ​ព្រះរាជា​ឧត្ដុង្គ​ក៏​ចាប់​ផ្ដើម​ប្រេះឆា​ដែរ ។ និយាយ​ពី​ស្ដេច​យ៉ាឡុង​វិញ ដើម្បី​បញ្ជាក់​ឱ្យ​រឹតតែ​ឃើញ​ច្បាស់​អំពី​អធិរាជ​ភាព​របស់​ព្រះ​អង្គ ទ្រង់​បាន​ស្រមើ​ស្រមៃ​ឃើញ​រហូត​ដល់​ឱ្យ​ធ្វើ​ត្រា​រាង​បួន​ជ្រុង​ស្មើ​មួយ​ អំពី​មាស​យ៉ាង​ធ្ងន់ ផ្ញើ​មក​ថ្វាយ​ព្រះ​អង្គ​ចន្ទ (តាម​ធម្មតា​ត្រា​ខ្មែរ​មាន​រាង​មូល) ។ ព្រះរាជា​កម្ពុជា​បាន​ទទួល​យក​ត្រា​នោះ ហើយ​ពោល​សរសើរ​ថា​សព្វ​ព្រះរាជ​ហឫទ័យ​ខ្លាំង​ណាស់ ក៏​ប៉ុន្ដែ​ទ្រង់​មិន​ដែល​បាន​ប្រើ​វា​ម្ដង​ណា​ឡើយ ។ មរណភាព​របស់​ចៅហ្វ៊ា​បែន​ស្ដេច​ត្រាញ់​ដែនដី​បាត់ដំបង​ រួច​បន្ដ​មក​ទៀត​មរណភាព​របស់​ស្ដេច​សៀម​នៅ​ក្នុង​ឆ្នាំ​១៨១១ ហើយ​និង​ការ​លើក​បុត្រា​ព្រះ​នាម​ថា​ ភេនឌិន​ខ្លាង​ ឱ្យ​ឡើង​សោយរាជ្យ​បន្ដ មិន​បាន​ធ្វើ​ឱ្យ​ស្ថានការណ៍​ធូរ​ស្បើយ​ទេ ។ សៀម​មិន​យល់​ព្រម​ឱ្យ​កម្ពុជា​មាន​អធិរាជ​២​ដូច្នេះ​ទេ កម្ពុជា​ត្រូវ​ចំណុះ​តែ​សៀម​មួយ​គត់ ព្រោះ​ថា​មាន​តែ​សៀម​ទេ​ដែល​បាន​អភិសេក​ស្ដេច​ខ្មែរ ។ ការ​បញ្ជូន​អ្នក​អង្គ​ម្ចាស់​ស្ងួន និង​អ្នក​អង្គ​ម្ចាស់​ឯម ជា​ព្រះ​អនុជ​របស់​ព្រះរាជា​ទៅ​រាជវាំង​សៀម​ជាមួយ​នឹង​ក្រឡាហោម​មឿង​ដែល​ជា​ ជនជាតិ​សៀម​ស្រាប់​ហើយ​និង​ចក្រី​បេន​ផង ដើម្បី​ទៅ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ឈាបនកិច្ច​ស្ដេច​សៀម នៅ​ក្នុង​ខែមេសា ឆ្នាំ​១៨១០ គឺជា​ការ​សម្ដែង​ឱ្យ​ឃើញ​អំពី​ការ​គោរព​ក្នុង​នាម​ជា​នគរ​ចំណុះ បាន​ធ្វើ​ឱ្យ​កំហឹង​របស់​សៀម​ធូរ​ស្បើយ​បន្ដិច ក៏​ប៉ុន្ដែ​មិន​បាន​ធ្វើ​ឱ្យ​វា​រលត់​បាត់​ទេ ។ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​នូវ​សិទ្ធិ​អធិរាជ​របស់​ខ្លួន​ក្នុង​ការ​តែង​តាំង​ ព្រះរាជា និង​រាជ​វង្សានុវង្ស ស្ដេច​សៀម​បាន​ប្រកាស​តែង​តាំង​យ៉ាង​ឱឡារិក​ឱ្យ​អ្នក​អង្គ​ម្ចាស់​ទាំង​២​ អង្គ ឡើង​ជាទី​ឧភយោរាជ និង​ជា​ឧបរាជ ដោយ​មិន​បាន​សាកសួរ​យោបល់​ព្រះរាជា​កម្ពុជា​ផង​ទេ ។

នៅ​សម័យ​នោះ តេជោ​មឿង ចៅហ្វាយ​ខែត្រ​ដី​កំពង់ស្វាយ មាន​បំណង​ចង់​បំផុស​អ្នកស្រុក​ក្នុង​ខែត្រ​ឱ្យ​បះបោរ​ប្រឆាំង​នឹង​ព្រះរាជា​ ឡើង ។ នៅ​បាត់ដំបង​ឯណោះ​វិញ ចៅហ្វាយ​ខែត្រ​ថ្មី​ដែល​បាន​យក​ឈ្មោះ​ថា បែន ដូច​ជា​ឪពុក​ខ្លួន​ដែរ​បាន​ចាប់​ផ្ដើម​កសាង​កំពែង​ការពារ​ទីក្រុង ។​ និយាយ​ពី​ក្រឡាហោម​មឿង​ និង​ឧកញ៉ា​ចក្រី​បែន នៅ​ពេល​វិល​ត្រលប់​មក​ដល់​រាជធានី​ឧត្ដុង្គ​វិញ​ក៏​ត្រូវ​ថ្កោល​ទោស​ថា​ជា​ ភ្នាក់ងារ​របស់​សៀម និង​បាន​ឃុបឃិត​ឱ្យ​សៀម​តែង​តាំង​អ្នក​អង្គ​ម្ចាស់​ទាំង​២​អង្គ ។ សភាពការណ៍​ពេល​នោះ​បាន​បង្ហាញ​ថា​ពិតជា​មាន​ការ​រួម​គំនិត​ក្បត់​មែន ហើយ​គំរាម​កំហែង​មក​លើ​ព្រះរាជា ។ ប៉ុន្ដែ​ព្រះបាទ​អង្គ​ចន្ទ​មិន​បាន​ប្រហែស​បន្ដិច​ណា​ទេ ទ្រង់​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​ឃាត់​ខ្លួន​លោក​ក្រឡាហោម និង​លោក​ចក្រី ដែល​ស្ថិត​នៅ​ក្នុង​ដៃ​ព្រះ​អង្គ​ស្រាប់ រួច​ឱ្យ​គេ​សម្លាប់​ចោល ។​ បន្ទាប់​មក ទ្រង់​បាន​តែងតាំង​ឧកញ៉ា​វង្សាអគ្គរាជ​ឱ្យ​ឡើង​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​ កំពង់ស្វាយ រួច​បញ្ជូន​ទៅ​កាន់​ទីនោះ ហើយ​ឱ្យ​ចាប់​តេជោ​មឿង ។ ប៉ុន្ដែ​មន្ដ្រី​ម្នាក់​នេះ​ឆ្លាត​នៅ​ពេល​បាន​ដឹង​ថា បក្សពួក​របស់​ខ្លួន​ទាំង​២​នាក់ បាន​ត្រូវ​គេ​ធ្វើឃាត​ទៅ​ហើយ និង​បំផុស​បំផុល​ប្រជាជន​ក្នុង​ខែត្រ​ឱ្យ​បះបោរ​មិន​បាន​សម្រេច គាត់​ក៏​គេច​ខ្លួន​រត់​ទៅ​ជ្រកកោន​នៅ​ឯ​ស្រុក​សៀម​ទៅ ។ នៅ​បាត់ដំបង​ឯណោះ​វិញ ចៅហ្វាយ​ខែត្រ​ថ្មី​រឹតតែ​ខិតខំ​ពង្រឹង​ការ​ការពារ​បន្ទាយ​ថែម​ទៀត ។
ស្ដេច​សៀម​កាន់ជើង​ពួក​បះបោរ ហើយ​បាន​បញ្ជូន​ទ័ព​មួយ​កង​មក​បាត់ដំបង ។ ការ​ដែល​សៀម​ធ្វើ​ដូច្នេះ នាំ​ឱ្យ​គេ​មាន​ជំនឿ​ថា ការ​រួមគំនិត​ក្បត់​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ឯ​បាងកក​មែន ដោយ​មាន​ការ​គាំទ្រ​ពី​ស្ដេច​សៀម​ផង ។ ព្រះរាជា​កម្ពុជា​បាន​កេណ្ឌ​ទ័ព​ជា​ប្រញាប់ រួច​បាន​ចាត់​ឱ្យ​យក​មួយ​កង​ទៅ​បោះ​ទីតាំង​នៅ​នឹង​ពាមសែន ត្រង់​មាត់ពាម​ស្ទឹង​កំពង់ធំ និង​កំពង់ស្វាយ ។ ទ័ព​មួយ​កង​ទៀត ទ្រង់​ឱ្យ​ទៅ​នៅ​កំពង់ឆ្នាំង ឯ​កង​ទី​៣ ទ្រង់​ឱ្យ​ទៅ​បោះ​ទីតាំង​នៅ​ស្ទឹង​ពាក់កន្ដិល ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ព្រះ​អង្គ​ចន្ទ​ទ្រង់​បាន​ចាត់​មន្ដ្រី​២​នាក់ ឱ្យ​ទៅ​សុំ​ជំនួយ​ពី​ស្ដេច​អាណ្ណាម ។
ស្ដេច​យ៉ាឡុង ត្រេកអរ​ណាស់​នឹង​បាន​ចូល​មក​ធ្វើ​អន្ដរាគមន៍​ម្ដងទៀត​នៅ​កម្ពុជា ហើយ​បាន​ចាត់​បញ្ជូន​ទ័ព​អាណ្ណាម​មួយ​កង​ពី​សាយហ្គន​មក ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​៥​នាក់ ។ ទ័ព​អាណ្ណាម​នេះ​ធ្វើ​ដំណើរ​តាម​ទន្លេ ឡើង​មក​យ៉ាង​រួសរាន់ មក​ដល់​ភ្នំពេញ​មិន​បាន​ឈប់​ទេ ក៏​បន្ដ​ដំណើរ​ទៅ​បោះ​ទីតាំង​ចាប់ពី​ត្រឹម​ព្រែក​មានលាភ (ពី​មុន​ហៅ​ថា​ ព្រែក​ពាក់ព្រ័ត្រ) នៅ​លើ​កោះ​ជ្រោយចង្វា រហូត​ដល់​កោះ​ចិន ចំ​ពីមុខ​កំពង់ហ្លួង រួច​ហើយ​ក៏​នាំ​គ្នា​សម្រាក​ដោយ​ស្ងៀម​ស្ងាត់ រង់​ចាំតែ​បញ្ជា​នឹង​អាល​ចេញ​ប្រយុទ្ធ តែ​មិន​សូវ​ជា​ចង់​ប៉ុន្មាន​ទេ ។ គ្មាន​ទ័ព​ណា​បាន​មក​វាយ​ទៅ​លើ​ទ័ព​អាណ្ណាម​នេះ​ទេ រហូត​ដល់​ពេល​ដែល​ទ័ព​សៀម​ត្រូវ​បាន​គេ​វាយ​ឱ្យ​បរាជ័យ ហើយ​រត់​ទៅ​កាន់​ស្រុក​សៀម​វិញ​អស់​ទៅ ទ័ព​ជំនួយ​របស់​អាណ្ណាម​នេះ​ក៏​ដក​ថយ​ចេញ​ទៅ​វិញ​ដែរ ដោយ​គ្មាន​បាន​បាញ់​កាំភ្លើង​មួយ​គ្រាប់​ណា​សោះ​ទេ ។ ដោយ​សព្វព្រះទ័យ​ខ្លាំង​ណាស់​នឹង​ជ័យជម្នះ​លើក​នេះ ព្រះ​អង្គ​ចន្ទ និង​ព្រះ​អនុជ​ទាំង​៣​អង្គ បាន​យាង​ចូល​សាង​ព្រះ​ផ្នួស​នៅ​វត្ដ​ភ្នំ​ព្រះរាជទ្រព្យ នៅ​ជិត​ឧត្ដុង្គ បាន​ប៉ុន្មាន​សប្ដាហ៍ ទ្រង់​ក៏​លា​ព្រះ​ផ្នួស​ចាក​សិក្ខាបទ​មក​វិញ ។ រាជពង្សាវតារ​បាន​រៀបរាប់​ថា​នៅ​សម័យ​នោះ​នាវា​ព័រទុយហ្គាល់​មាន​បង្គោល​ ក្ដោង​៣​បាន​មក​ចូល​ចត​នៅ​នឹង​កំពង់​ពោធិ​តូច (កំពង់ហ្លួង) ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​សាសនា​កាតូលិក​បាន​ទិញ​របស់​របរ​មក​ពី​អឺរ៉ុប ពី​នាយ​កប៉ាល់​យក​ទៅ​ថ្វាយ​ព្រះរាជា ដោយ​ដោះ​ដូរ​ជាមួយ​ផលិតផល​របស់​កម្ពុជា (ខែមេសា ឆ្នាំ​១៨១១) ។

រាជពង្សាវតារ​ក៏​បាន​កត់សម្គាល់​អំពី​ព្រឹត្ដិការណ៍​មួយ​ចំនួន​ទៀត​ផង​ ដែរ មាន​ការ​បះបោរ​របស់​មនុស្ស​ម្នាក់​មានឈ្មោះ​ថា សីលជ័យ ដែល​ត្រូវ​គេ​ដាក់​ទោស​សម្លាប់​បង់​ ការ​បកប្រែ​សៀវភៅ​ដក​ស្រង់​អត្ថបទ​គម្ពីរ​ព្រះ​ត្រៃ​បិដក​មក​ជា​ភាសា​សាមញ្ញ ​ដោយ​គណៈកម្មការ​ចៅអធិការ​វត្ដ ដែល​ប្រមូល​ផ្ដុំ​គ្នា​ធ្វើការ​នៅ​វត្ដ​ភ្នំ​ព្រះរាជទ្រព្យ​ ការ​ចូល​ទិវង្គត​របស់​អ្នក​អង្គ​ម្ចាស់​ព្រះ​អង្គ​កែវ​ឌួង ដែល​មាន​ព្រះ​ជន្ម​៨២​ព្រះ​វស្សា​ ហើយ​និង​ការ​ឃើញ​មាន​ផ្កាយ​ដុះកន្ទុយ​លេច​ចេញ​នៅ​ទិស​ខាងលិច (66) ។

ខ្យល់ព្យុះ​ដែល​ប្រមូលផ្ដុំ​គ្នា​បន្ដិច​ម្ដងៗ​មក​នៅ​ពីលើ​ស្រុក​ខ្មែរ បាន​ផ្ទុះ​ខ្លាំង​ឡើង​នៅ​ពេល​ដែល​ព្រះរាជា​អង្គ​ចន្ទ​ប្រព្រឹត្ដ​កំហុស​ឆ្គង ​មួយ ។ បញ្ហា​បាន​កើត​ឡើង​រវាង​ព្រះ​អង្គ​ជាមួយ​នឹង​ព្រះ​អង្គ​ស្ងួន ដែល​ស្ដេច​សៀម​ថ្មី​បាន​តែងតាំង​ជាទី​ឧភយោរាជ ។ ដោយ​មាន​ការ​ភ័យ​ខ្លាច ព្រះ​អង្គ​ស្ងួន​បាន​រត់​ភៀស​ព្រះ​កាយ​ទៅ​គង់នៅ​ពោធិ៍សាត់ ជាមួយ​ព្រះរាជ​វង្សានុវង្ស និង​ភីលៀង​សេនា​ទាំងអស់​ដែល​នៅ​ចម្ងាយ​តែ​៥០​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ដី​ បាត់ដំបង ។ ព្រះរាជា​បាន​បញ្ជូន​ព្រះសង្ឃ​២​អង្គ រួច​មន្ដ្រី​៤​នាក់​ទៀត ឱ្យ​ទៅ​យាង​ព្រះ​អង្គ​ត្រលប់​មក​បន្ទាយ​ពេជ្រ​វិញ ប៉ុន្ដែ​ព្រះ​អង្គ​ស្ងួន​មិន​យល់​ព្រម​ត្រលប់​ទៅ​វិញ​ទេ ។ មិន​តែ​ប៉ុណ្ណោះ ទ្រង់​បាន​ចាប់​មន្ដ្រី​ទាំង​៤​នាក់​នោះ​ទុក​ធ្វើ​ជា​ចំណាប់​ខ្មាំង​ថែម​ទៀត រួច​ចាប់​ប្រមែ​ប្រមូល​ទ័ព និង​អាវុធ​យុទ្ធភណ្ឌ ទាមទារ​ឱ្យ​ព្រះរាជា​ប្រគល់​បណ្ដា​ខេត្ដ​ក្រង ក្រគរ និង​ខ្លុង​ថ្វាយ ។

ព្រះរាជា​អង្គ​ចន្ទ​មាន​ព្រះ​តម្រិះ​ថា ព្រះ​ឧភយោរាជ​បាន​ត្រូវ​ស្ដេច​សៀម​តែងតាំង​ឡើង ស្ដេច​សៀម​នឹង​គាំទ្រ​ព្រះ​ឧភយោរាជ រួម​ទាំង​ប្រជារាស្ដ្រ​ខែត្រ​ពោធិ៍សាត់ ដែល​ធ្លាប់​អបអរ​ស្វាគមន៍​ព្រះ​អង្គ​ផង ។ ឆ្លើយ​តប​ទៅ​នឹង​សភាព​ការណ៍​នេះ​ ព្រះ​អង្គ​ចន្ទ​បាន​ស្នើ​សុំ​ជំនួយ​ពី​ស្ដេច​យ៉ាឡុង ។​ ឧត្ដមសេនីយ៍​អាណា្ណម​ឈ្មោះ​ អុង​ជរអ៊ឹង ឌិញលឿង​ ដែល​បញ្ជា​នៅ​សាយហ្គន​ ហើយ​ជា​តំណាង​ស្ដេច​យ៉ាឡុង​ប្រចាំ​នៅ​កូសាំងស៊ីន​បាន​បញ្ជូន​ទ័ព​៥​រយ​នាក់ ឱ្យ​មក​ឈរ​ជើង​នៅ​នឹង​កោះ​ចិន នៅ​ក្នុង​ទន្លេសាប ទល់​មុខ​នឹង​កំពង់ហ្លួង ។ កម្លាំង​ទ័ព​ប៉ុន​នេះ​មិន​គ្រប់​គ្រាន់​ទេ អាច​ប្រៀប​បាន​ត្រឹម​កង​នគរបាល​ដែល​គេ​ប្រើ​សម្រាប់​តែ​ទប់ទល់​កុំ​ឱ្យ​មាន​ ការ​លួច​ពង្រត់​ព្រះរាជា​ប៉ុណ្ណោះ ។ ក៏​ប៉ុន្ដែ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ព្រះរាជា​កម្ពុជា​បាន​រៀបចំ​ទទួល​ស្វាគមន៍​ទ័ព​នេះ​យ៉ាង​សមរម្យ បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ពេល​ដែល​មាន​ការ​គំរាម​កំហែង​ពី​ពួក​បះបោរ ព្រះ​អង្គ​សព្វព្រះទ័យ​នឹង​ហៅ​រក​ព្រះរាជា​អាណ្ណាម​ឱ្យ​មក​ជួយ ជា​ជាង​រត់​ទៅ​រក​ស្ដេច​សៀម ហើយ​ទ្រង់​ទុក​ចិត្ដ​អាណ្ណាម​ជាង​ទុកចិត្ដ​សៀម ។
ស្ដេច​សៀម​បាន​សម្រេច​ចិត្ដ​ធ្វើ​អន្ដរាគមន៍​ម្ដង ។ ទ្រង់​បាន​បញ្ជូន​ទ័ព​២​កង មួយ​កងៗ​មាន​គ្នា​៥​ពាន់​នាក់ ដែល​មួយ​កង​ដឹកនាំ​ដោយ​លោក​យមរាជ មួយ​កង​ទៀត​ដឹកនាំ​ដោយ​ពុហុល្លា​ទេព ។ ព្រះរាជា​កម្ពុជា​បាន​បញ្ចេញ​ទ័ព​២​កង​តូច​ទប់ទល់ មួយ​កងៗ​មាន​គ្នា​១​ពាន់​នាក់ ហើយ​និង​ទ័ព​ជើងទឹក​មួយ​កង​ដែល​ដឹកនាំ​ដោយ​ស្ដេចត្រាញ់​ខែត្រ​បាភ្នំ ។ ក៏​ប៉ុន្ដែ​ទ័ព​តូចៗ​ទាំង​អស់​នេះ​មិន​អាច​ទប់ទល់​ជាមួយ​នឹង​ទ័ព​សត្រូវ​ដែល ​ច្រើន​ជាង​៥​ដង​បាន​ឡើយ ម្ល៉ោះ​ហើយ​ក៏​នាំ​គ្នា​ដកថយ​មិន​ហ៊ាន​ប្រយុទ្ធ​ទេ ។​ នៅ​ពេល​ដែល​ព្រះរាជា​ទទួល​បាន​ដំណឹង​ថា​ព្រះ​ឧភយោរាជ​កំពុង​ដឹកនាំ​ទ័ព​ ខ្មែរ​៣​ពាន់​នាក់ និង​ទ័ព​សៀម​២​ពាន់​នាក់ ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ឧត្ដុង្គ ទ្រង់​ក៏​ភៀស​ព្រះ​កាយ​ចេញពី​រាជធានី​ទៅ​ជាមួយ​នឹង​ព្រះរាជ​វង្សានុវង្ស ក្រោម​កិច្ច​ការពារ​របស់​ទ័ព​អាណ្ណាម ទៅ​គង់នៅ​ឯ​កោះ​ដី​នៅ​ក្នុង​ទន្លេ​មេគង្គ នៅ​ខាងក្រោម​ភ្នំពេញ​បន្ដិច ។
នៅ​ពេល​ដែល​ព្រះរាជា​កំពុង​តែ​យាង​ចុះ​តាម​ទន្លេ ទ័ព​របស់​ព្រះ​អង្គ​បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​ទ័ព​សៀម​នៅ​កំពង់ឆ្នាំង តែ​ត្រូវ​បរាជ័យ ក៏​រត់​ចុះ​ទៅ​ទិស​ខាងត្បូង ដោយ​នាំ​ប្រជាជន​យក​ទៅ​ផង ដើម្បី​កុំឱ្យ​សៀម​កៀរ ។​ ពេល​ទទួល​បាន​នូវ​ព័ត៌មាន​ស្ដី​អំពី​បរាជ័យ​នេះ​ ព្រះ​ឧបរាជ​អង្គ​ឯម​ និង​អ្នក​អង្គ​ម្ចាស់​អង្គឌួង​បាន​នាំ​គ្នា​បោះ​បង់​ព្រះរាជា​ជា​ព្រះ​រៀម​ ហើយ​រត់​ត្រលប់​ក្រោយ​មក​កាន់​ឧត្ដុង្គ​វិញ​ដែល​ទ័ព​សៀម​កំពុង​តែ​កាន់​ កាប់ ។​ ការ​បោះ​បង់​ចោល​ដោយ​ព្រះ​អនុជ​ទាំង​២ បាន​ធ្វើ​ឱ្យ​ព្រះរាជា​អង្គ​ចន្ទ​អស់​សង្ឃឹម​ជា​ខ្លាំង ទើប​បណ្ដោយ​ខ្លួន​ព្រះ​អង្គ​តាម​តែ​ពួក​អាណ្ណាម ដែល​បន្ទាប់​មក​បាន​នាំ​ព្រះ​អង្គ​ទៅ​កាន់​សាយហ្គន ។

ពេល​នេះ ព្រះរាជាណាចក្រ​ត្រូវ​គ្មាន​អ្នកដឹកនាំ​ម្ដងទៀត​ហើយ ព្រោះ​ព្រះរាជា​គង់នៅ​ឯ​ស្រុក​អាណ្ណាម ចំណែក​ឯ​អ្នក​អង្គ​ម្ចាស់​បះបោរ​មួយ​អង្គ​គឺ​ព្រះ​ឧភយោរាជ ក៏​មិន​ទាន់​ហ៊ាន​ចាប់​កាន់​អំណាច​នៅ​ឡើយ​ដែរ ហើយ​គង់នៅ​ឯ​ពោធិ៍សាត់​ឯណោះ ។ ព្រះ​ឧបរាជ​អង្គ​ឯម និង​ព្រះ​អង្គឌួង​ក៏​រៀបចំ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​មួយ​ឡើង ដែល​មាន​ពាក់​កណ្ដាល​ជា​ខ្មែរ និង​ពាក់​កណ្ដាល​ទៀត​ជា​សៀម រួច​ហើយ​បាន​នាំ​គ្នា​យាង​ទៅ​បាងកក​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៨១១ ដើម្បី​សុំ​យោបល់​ឯកភាព​ពី​ស្ដេច​សៀម ។
បន្ដិច​ក្រោយមក​ព្រះរាជា​អង្គ​ចន្ទ​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ បាន​ដឹកនាំ​ទ័ព​២​ម៉ឺន​នាក់​ចូល​មក​ក្នុង​រាជធានី​ឧត្ដុង្គ ក្នុង​នោះ​មាន​ទ័ព​អាណ្ណាម​៥​ពាន់​នាក់ និង​ទ័ព​ខ្មែរ​ដែល​គាំទ្រ​តាម​ដង្ហែ​ព្រះ​អង្គ ។ ប្រជារាស្ដ្រ​ទាំងអស់ ស្វាគមន៍​អបអរ​ទទួល​ព្រះ​អង្គ​ហើយ​ព្រះរាជា​បាន​យាង​ចូល​ក្នុង​ព្រះរាជវាំង​ នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​១៨១៣ ។ ទ័ព​សៀម​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នឹង​ការ​យាង​ត្រលប់​មក​វិញ​យ៉ាង​ រហ័ស​របស់​ព្រះរាជា​បែប​នេះ​ ណា​មួយ​បាន​ឮ​សំឡេង​ប្រជាជន​ទះដៃ​អបអរសាទរ​អឺងកង​ផង អ្នកស្រុក​ស្រែ​ចម្ការ​ក៏​ដក​ដៃ​ចេញពី​ខ្លួន​អស់​ទៅ​ផង ឯ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ក៏​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ ឧត្ដុង្គ ដើម្បី​ចូល​គាល់​ព្រះរាជា​ផង ទ័ព​សៀម​ទាំងនោះ​គិត​ថា នគរ​ទាំងមូល​នឹង​បះបោរ​ប្រឆាំង​នឹង​ខ្លួន​ជា​មិន​ខាន ម្ល៉ោះ​ហើយ​ក៏​ប្រញិប​ប្រញាប់​ឆាប់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​ជា ​បន្ទាន់ ។ ប៉ុន្មាន​ខែ​ក្រោយ​មក ព្រះ​ឧភយោរាជ​អង្គ​ស្ងួន​សុគត​នៅ​បាងកក​នោះ ។ សៀម​បាន​បញ្ជូន​ព្រះ​អដ្ឋិធាតុ​របស់​ព្រះ​អង្គ​មក​ថ្វាយ​ព្រះ​អង្គ​ចន្ទ​នៅ​ ក្នុង​ឆ្នាំ​១៨២៤ ។

ការ​ដែល​ពួក​អាណ្ណាម​បាន​ជួយ​លើក​ព្រះ​អង្គ​ចន្ទ ឱ្យ​យាង​មក​គង់​លើ​រាជសម្បត្ដិ​វិញ​នៅ​ពេល​នេះ​ហាក់​ដូច​ជា​បាន​ប្រព្រឹត្ដ​ ទៅ​ដោយ​គ្មាន​ការ​បង្ហូរឈាម​សោះ​ឡើយ អ្វីៗ​ហាក់​ដូចជា​វិល​ត្រលប់​មក​រក​ភាព​ស្ងប់ស្ងាត់​វិញ ហើយ​ស្រាប់​តែ​ចៅហ្វាយ​ខែត្រ​កំពង់ស្វាយ​ឈ្មោះ ម៉េង ដែល​ជា​អ្នក​ចូលរួម​សម​គំនិត​ជាមួយ​នឹង​ព្រះ​អង្គ​ឯម និង​ព្រះ​អង្គឌួង បាន​ចាប់​ផ្ដើម​បំផុស​បំផុល​អ្នកស្រុក​ឱ្យ​បះបោរ​ឡើង ដើម្បី​ទាក់​ទាញ​ឱ្យ​មាន​អន្ដរាគមន៍​ពី​សៀម​សា​ជា​ថ្មី និង​ឱ្យ​គាត់​ទទួល​បាន​សិទ្ធិ​អំណាច​ដូច​មិត្ដ​ចាស់​របស់​គាត់​នៅ​ឯ​ បាត់ដំបង គឺ​បែន​កាលពី​មុន​អីចឹង ។ ម៉េង​បាន​បញ្ចុះ​បញ្ចូល​ប្អូន​គាត់​ដែល​ជា​ចៅហ្វាយ​ខែត្រ​បារាយណ៍​ឱ្យ​ដើរ​ តាម​គាត់ រួច​ចាប់ផ្ដើម​ជ្រើស​រើស​ទ័ព ស្រាប់​តែ​ព្រះរាជា​បាន​ចាត់​ទ័ព​មួយ​កង​តូច​ឱ្យ​ទៅ​កំពង់ស្វាយ ដើម្បី​ទប់​កុំឱ្យ​ការ​បះបោរ​រីក​រាលដាល ។ ម៉េង និង​ប្អូនប្រុស មិន​អាច​ទប់ទល់​នឹង​ទ័ព​ព្រះរាជា ព្រោះ​មិន​ទាន់​រើស​ទ័ព​បាន ក៏​នាំ​គ្នា​រត់​ទៅ​ជ្រកកោន​នៅ​ក្នុង​ខែត្រ​ទន្លេរពៅ (67) ។ បន្ដិច​ក្រោយ​មក ដោយ​ភ័យ​ខ្លាច​អ្នកស្រុក​ចាប់​យក​មក​ប្រគល់​ឱ្យ​ព្រះរាជា អ្នក​ទាំង​២​បាន​នាំ​គ្នា​រត់​ឆ្លង​ទៅ​នៅ​ឯ​ខោន​វិញ ។ ទឹកដី​ខោន​នេះ ខ្មែរ​មិន​ដែល​ប្រគល់​ឱ្យ​ទៅ​លាវ​ម្ដង​ណា​ទេ ក៏​ប៉ុន្ដែ​បាន​គោរព​ស្ដាប់​បញ្ជា​របស់​ចៅ​នៅ​បាសាក់ (៦៨) តាំង​តែ​ពី​៧៥​ឆ្នាំ​មុន​មក​ម្ល៉េះ ។ ម៉េង​បាន​ចេញ​ដំណើរ​បន្ដ​ពី​នោះ​ទៅ​កាន់​បាងកក ហើយ​បាន​ញុះញង់​ឱ្យ​ស្ដេច​សៀម​ដណ្ដើម​យក​ដី​កំពង់ស្វាយ ។ សៀម​បាន​រៀបចំ​ប្រតិបត្ដិការ​មួយ វាយ​ដណ្ដើម​យក​កំពង់ស្វាយ និង​បន្ទាយ​ការពារ ដែល​ចៅហ្វាយ​ខែត្រ​បាន​បោះបង់​ដោយ​កំសាក ក៏​ប៉ុន្ដែ​ពួក​សៀម​ត្រូវ​បង្ខំចិត្ដ​បោះបង់​ចោល​ទៅ​វិញ ក្រោយ​ពី​មាន​ការ​ខូចខាត​ច្រើន​ពេក ។

នៅ​ក្នុង​ឆ្នាំ​១៨១៤ ទ័ព​សៀម​បាន​លេចមុខ​នៅ​កូរ៉ាត រួច​ហើយ​បាន​ដណ្ដើម​យក​ទឹកដី​ទាំងអស់ ដែល​ស្ថិត​នៅ​ចន្លោះ​ខែត្រ​ព្រហ្មទេព និង​ភ្នំ​ដងរែក ហើយ​ក៏​បាន​យក​ខែត្រ​ម្លូព្រៃ និង​ទន្លេរពៅ​ផង​ដែរ ដែល​ស្ថិត​នៅ​ក្នុង​ដី​កំពង់ស្វាយ ក៏​ប៉ុន្ដែ​នៅ​ឆ្ងាយ​ពី​រាជធានី​ឧត្ដុង្គ​ខ្លាំង​ពេក ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះរាជា​មិន​សូវ​បាន​យក​ព្រះ​ទ័យ​ទុកដាក់ ។ ដណ្ដើម​យក​ទឹកដី​ទាំង​អស់នោះ​បាន​ដោយ​ស្រួល​រួច​ហើយ ទ័ព​សៀម​បាន​ឆ្លង​ទន្លេ​ទៅ​ដណ្ដើម​យក​ស្ទឹងត្រែង ដាក់​បញ្ចូល​ទៅ​ក្នុង​ព្រះរាជា​ណាចក្រ​សៀម​ថែម​ទៀត (៦៩) ។ គឺ​នៅ​ស្ទឹងត្រែង​នេះឯង​ដែល​ព្រះរាជា​លង្វែក​មួយ​អង្គ​បាន​រត់​មក​ជ្រកកោន​ នៅ​ចុង​សតវត្សរ៍​ទី​១៦ ក្រោយ​ពី​សៀម​ចូល​លុក​លុយ ។

ព្រះរាជា​កម្ពុជា​ពេល​នោះ​មិន​បាន​ប្រកែក​តវ៉ា​ប្រឆាំង​អ្វី​ទេ បណ្ដោយ​ឱ្យ​សៀម​ធ្វើ​តាម​តែ​ចិត្ដ​ចង់ ម្ល៉ោះ​ហើយ កម្ពុជា​ក៏​ត្រូវ​កាត់​ផ្ដាច់​លែង​មាន​ព្រំប្រទល់​ដែន​ជាប់​ជាមួយ​ប្រទេស​ លាវ​ទៀត​ហើយ ព្រោះ​មាន​ទឹកដី​ដែល​ក្លាយ​ទៅជា​របស់​សៀម​នៅ​ចន្លោះ​កណ្ដាល ។ នៅ​ក្នុង​ឆ្នាំ​១៨១៥​ កម្ពុជា និង​សៀម​បាន​ចុះ​សន្ធិសញ្ញា​សន្ដិភាព​មួយ ក៏​ប៉ុន្ដែ​គេ​មិន​បាន​និយាយ​អំពី​ទឹកដី​ដែល​សៀម​ទើបតែ​យក​ទៅ​នេះ​ទេ ។ ទឹកដី​នេះ​បាន​ក្លាយ​ទៅជា​របស់​សៀម ក៏​ប៉ុន្ដែ​បើ​គេ​គិត​តាម​ផ្លូវ​ទូត​វិញ គ្មាន​លក្ខណៈ​អ្វី​ឱ្យ​ច្បាស់​លាស់​ទេ ដូច​តែ​ដី​បាត់ដំបង និង​អង្គរ ដែល​យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ ។

គឺ​នៅ​សម័យ​នោះ​ឯង ដែល​គេ​បាន​ជីក​ព្រែកជីក​វិញតេ​ រាជពង្សាវតារ​កម្ពុជា​និយាយ​ថា​នៅ​ក្នុង​ឆ្នាំ​១៨១៥​ រាជពង្សាវតារ​អាណ្ណាម​និយាយ​ថា​ក្នុង​ឆ្នាំ​១៨១៦ តែ​សៀវភៅ​មួយ​មាន​ឈ្មោះ​ថា «យ៉ាឌិញ​អុង​ជី»=ប្រវត្ដិ​ដី​កូសាំងស៊ីន​ថា នៅ​ក្នុង​ឆ្នាំ​១៨២០ (70) ។ ព្រែក​នេះ​គេ​ជីក​ចេញពី​ស្ទឹង​វិញតេ តម្រង់​ទៅ​រក​ដៃសមុទ្រ​ហាទៀង ។ កម្លាំង​ចូលរួម​មាន​ទាំងអស់​១​ម៉ឺន​នាក់ គឺ​អាណ្ណាម​៥​ពាន់​នាក់ និង​ខ្មែរ​៥​ពាន់​នាក់ ជីក​ព្រែក​ប្រវែង​ទាំង​អស់​៥៣​គីឡូម៉ែត្រ​ ទទឹង​៣៣​ម៉ែត្រ​ ជម្រៅ​២​ម៉ែត្រ​៦០ ។​ ពលករ​ម្នាក់ៗ​ទទួល​បាន​ប្រាក់​៧​ហ្វ្រង់​ និង​អង្ករ​៣០​គីឡូក្រាម ក្នុង​១​ខែៗ ។ មាន​វិស្វករ​អាណ្ណាម​៣​នាក់​ដឹកនាំ​ការងារ​នេះ ក៏​ប៉ុន្ដែ​ពួក​ពលករ​មាន​មេកោយ​ផ្ទាល់ ជា​ជាតិ​សាសន៍​រៀងៗ​ខ្លួន ។ ស្ដេច​នគរ​ទាំង​២ គឺ​ស្ដេច​យ៉ាឡុង និង​ព្រះបាទ​អង្គ​ចន្ទ បាន​ឯកភាព​គ្នា​ឱ្យ​គេ​ជីក​ព្រែក​នេះ​ឡើង ដែល​ត​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​នឹង​ឈូង​សមុទ្រ​សៀម ក៏​ប៉ុន្ដែ​ប្រជាជន​ខ្មែរ​បាន​ចាត់​ទុក​កំណែន​នេះ​ថា ជា​ការ​ជិះជាន់​មួយ ហើយ​និង​ជា​ការ​អន់​ខ្សោយ​របស់​ព្រះរាជា​កម្ពុជា​នៅ​ចំពោះ​មុខ​ស្ដេច​ អាណ្ណាម ព្រោះ​ជីក​ព្រែក​នៅ​ក្នុង​ទឹកដី​ខ្មែរ ។ អ្នកស្រុក​នៅ​ក្នុង​ខែត្រ​ពាម​បន្ទាយមាស​ ទ្រាំង​ និង​ព្រៃកប្បាស​ នៅ​ចង​ចាំ​អំពី​កំណែន​នេះ​នៅ​ឡើយ​បើ​ទោះបី​ថា កម្រៃ​ដែល​គេ​បាន​ទទួល​នៅ​ពេល​នោះ​សមរម្យ​ហើយ​ក៏​ដោយ ០,២៣​ហ្វ្រង់ (សម្រាប់​អង្ករ​១​ថ្ងៃ) ។ នៅ​ពេល​ដែល​អាជ្ញាធរ​បារាំង​ស្នើ​សុំ​ពលករ​ឱ្យ​ចូលរួម​ជួយ​លើក​ផ្លូវជាតិ ដោយ​បើក​កម្រៃ​ឱ្យ​ច្រើន​ជាង​៤​ដង គេ​តែងតែ​ឮ​អ្នកស្រុក​ត្អូញត្អែរ​ពី​សម័យ​ជីក​ព្រែក​នោះ ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើ​ការ​ពេញ​មួយ​រដូវ «ជីក​ព្រែក​ឱ្យ​យួន» ។

អ្វី​ដែល​ធ្វើ​ឱ្យ​ខ្មែរ​រឹតតែ​ខឹង​ខ្លាំង​ឡើង​ថែម​ទៀត​នោះ គឺ​នៅ​ក្រោយ​ពេល​ជីក​ព្រែក​នេះ​រួច ពួក​អាណ្ណាម​បាន​កាត់​យក​ដី​ទាំងអស់​ដែល​ស្ថិត​នៅ​ខាងត្បូង​ព្រែក ចាត់​ទុក​ព្រែក​នោះ​ថា​ជា​ព្រំដែន​នគរ​ទាំង​២ ។ មិន​តែ​ប៉ុណ្ណោះ អាណ្ណាម​បាន​បង្កើត​ប៉ុស្ដិ៍​គយ​នៅ​លើ​ត្រើយ​ខាងស្ដាំ​ទន្លេ​មេគង្គ ត្រង់​កន្លែង​ច្រក​ចូល​ទៅ​ក្នុង​ព្រែក នៅ​កោះ​ក្ដាក និង​នៅ​ពាមជរ​ថែម​ទៀត ។
នៅ​ពេល​ដែល​ខ្មែរ និង​អាណ្ណាម​កំពុង​តែ​ព្រួត​ដៃ​គ្នា​ជីក​ព្រែក​វិញតេ​ ខាង​និរតី​ប្រទេស នៅ​ខាងជើង​ប្រទេស​ឯណោះ​វិញ​ មាន​ពួក​បះបោរ​១​ក្រុម​បាន​លេចមុខ​ឡើង​នៅ​ក្នុង​ខែត្រ​កំពង់ស្វាយ ។
ឧកញ៉ា​តេជោ​ចៅហ្វាយខែត្រ​កំពង់ស្វាយ​បាន​រួសរាន់​កេណ្ឌ​ទ័ព​បាន​មួយ​កង​ តូច ដើម្បី​ទប់ទល់​នឹង​ពួក​បះបោរ ក៏​ប៉ុន្ដែ​មិន​អាច​ទប់​បាន ក៏​វាយ​ដកថយ​មក​វិញ ក្រោយ​ពី​ជំនួយការ​របស់​ចៅហ្វាយ​ខែត្រ​ត្រូវ​សត្រូវ​សម្លាប់​បាន ។ ឧកញ៉ា​តេជោ​បាន​ដឹកនាំ​ទ័ព​គេច​ទៅ​កំពង់លែង នៅ​ក្នុង​ខែមីនា ឆ្នាំ​១៨១៦ ជាមួយ​នឹង​ចៅហ្វាយ​ខែត្រ​ព្រៃក្ដី ជា​ខែត្រ​តូច​មួយ​នៅ​លើ​ស្ទឹងសែន ។ ព្រះរាជា​ខ្ញាល់​ជា​ខ្លាំង​នឹង​ឧកញ៉ា​តេជោ ដែល​មិន​បំពេញ​ភារកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ ទ្រង់​ក៏​ដាក់​ឧកញ៉ា​នរិន្ទ​សេនា​ម៉ា​ជំនួស​វិញ ។ ឧកញ៉ា​នរិន្ទ​សេនា​បាន​កេណ្ឌ​ទ័ព​មួយ​កង​ភ្លាម ហើយ​បាន​វាយ​ទៅ​លើ​ពួក​បះបោរ ធ្វើ​ឱ្យ​ពួក​នោះ​បរាជ័យ​នៅ​ក្នុង​ខែឧសភា ឆ្នាំ​១៨១៦ ។

ព្រះរាជា​កម្ពុជា​ពេល​នោះ​ទ្រង់​ហាក់​ដូចជា​បាន​ខិតខំ​ថ្លឹងថ្លែង ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ភាព​ស្មើគ្នា​រវាង​ប្រទេស​ជា​អ្នក​ការពារ​ទាំង​២ ។ យ៉ាង​ណាមិញ ទ្រង់​បាន​ចាត់​បញ្ជូន​ឱ្យ​ទៅ​តាម​កំពត និង​តាម​សំពៅ នូវ​សាច់​ប្រាក់​ចំនួន​២០០​ឆ្នាំង ទៅ​ថ្វាយ​ស្ដេច​សៀម ហើយ​ក៏​បាន​ចាត់​មន្ដ្រី​២​រូប​ឱ្យ​នាំ​ក្រមួន​២​ហាប ក្រវាញ​១​ហាប ម្រ័ក្សណ៍​១​ហាប ស្ពាន់ធ័រ​១​ហាប ដង្កោ​១​ហាប ភ្លុក​ដំរី​២​ហាប និង​ស្នែង​ខ្ចី​២គូ ទៅ​ថ្វាយ​ស្ដេច​អាណ្ណាម​ដែរ ។
នៅ​ក្នុង​អំឡុង​ឆ្នាំ​១៨១៦​នោះ​ដែរ មាន​រឿង​ធំ​មួយ​កើត​ឡើង គឺ​កូនចៅ​ម្នាក់​របស់​ពួក​ព័រទុយហ្គាល់ ដែល​មក​រស់នៅ​កម្ពុជា​កាលពី​ប៉ុន្មាន​សតវត្សរ៍​មុន​បាន​ទទួល​ការ​ប្រោសប្រណី ​ពី​ព្រះរាជា​ដែល​តែង​តាំង​ឱ្យ​ឡើងជា​ឧកញ៉ា​ក្រឡាហោម គឺ​រដ្ឋមន្ដ្រី​ទ័ព​ជើងទឹក ។ ជន​នោះ​មាន​នាម​ត្រកូល​ថា​ ម៉ុងតេរ៉ូ ហើយ​មាន​ឈ្មោះ​ផ្ទាល់ខ្លួន​ថា បែន និង​មាន​ឋានៈ​ជា​ព្រះរាជ​ពិភេក គឺ​គ្រូពេទ្យ​សម្រាប់​ព្រះរាជា ។ ជន​នេះ​ជា​កូនកាត់​ទេ ក៏​ប៉ុន្ដែ​គេ​ចាត់​ទុក​គាត់​ថា ជា​ជន​អឺរ៉ុប ។ ​ព្រះរាជា​បាន​ចាត់​ទុក​គាត់​ថា​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​ម្នាក់​ ក៏​ប៉ុន្ដែ​ពួក​សហសេវិក​ទាំងឡាយ​ស្អប់​គាត់​ដោយ​ព្រោះតែ​គាត់​ជាប់​ខ្សែ​ ស្រឡាយ​អឺរ៉ុប ហើយ​គាត់​ឆ្លាត​វាងវៃ​ជាងគេ ម្ល៉ោះ​ហើយ​ក៏​រករឿង​ចោទ​ប្រកាន់​គាត់​ថា គៃ​បន្លំ សាហាវ មាន​បទឧក្រិដ្ឋ​១០​យ៉ាង ។ ព្រះរាជា​បាន​សម្រេច​ឱ្យ​គេ​នាំ​យក​គាត់​ទៅ​តុលាការ ។ តុលាការ​បាន​រក​ទៅ​ឃើញ​ថា គាត់​មាន​កំហុស​ដោយ​សារ​គាត់​បាន​យក​ប្រាក់​ពី​អ្នក​ដែល​គាត់​បាន​រក​បុណ្យ​ សក្ដិ​ឱ្យ បាន​លាក់​ខ្ញុំ​របស់​គេ​ដែល​រត់​មក​ជ្រកកោន​នឹង​គាត់ ផ្ទុយ​ទៅ​នឹង​ច្បាប់​ព្រះ​នគរ​ដែល​កំណត់​ថា ត្រូវ​តែ​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​បើ​ពុំនោះ​ទេ​ម្ចាស់​ថ្មី​ត្រូវ​ទិញ ​ខ្ញុំ​នោះ​ពី​ម្ចាស់​ដើម​ បាន​ប្រព្រឹត្ដ​កាមគុណ​ជាមួយ​ប្រពន្ធ​ ឬ​សហាយ​របស់​អ្នក​ដទៃ ដែល​គាត់​បាន​ទាក់​ទាញ​ឱ្យ​មក​ផ្ទះ​គាត់ ជួន​កាល​គាត់​យក​រហូត​តែ​ម្ដង និង​កាត់​សេចក្ដី​ទៅ​តាម​តែ​លាភ​សក្ការៈ​ដែល​បាន​ទទួល ។ បែន​ម៉ុងតេរ៉ូ បាន​សារភាព​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ក៏​ប៉ុន្ដែ​ដល់​ស្អែក​ឡើង គាត់​គេចខ្លួន​បាត់ ។ គេ​បាន​តាម​ចាប់​គាត់​មក​វិញ ហើយ​ព្រះរាជា​បាន​សម្រេច​កាត់ទោស​គាត់​ឱ្យ​គេ​សម្លាប់​ដោយ​កាត់​ក្បាល ។ ចំណែក​កូនប្រុស​របស់​គាត់​ដែល​បាន​រៀបចំ​ការ​រត់គេច​របស់​គាត់ ព្រះរាជា​បាន​លើក​លែង​ទោស​កំហុស​ឱ្យ ដោយ​ទ្រង់​គិត​ថា​គ្នា​ប្រព្រឹត្ដ​ដូច្នេះ​ក៏​ដោយសារ​តែ​ដើម្បី​តបស្នង​ សងគុណ​ឪពុក​ប៉ុណ្ណោះ ។
ព្រះ​អង្គ​ចន្ទ​មាន​ព្រះរាជ​បំណង​ចង់​ឱ្យ​ការ​ផ្ដល់​យុត្ដិធម៌​របស់​ព្រះ ​អង្គ​ត្រូវ​បាន​អនុវត្ដ​ពេញ​លេញ ម្ល៉ោះ​ហើយ​ទ្រង់​បាន​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ដែល​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​ បែន​ម៉ុងតេរ៉ូ ទាំងអស់ ទោះ​បីជា​អ្នក​ទាំង​អស់នោះ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​របស់​បែន​ក៏​ដោយ ។ ក្រឡាបញ្ជី​រ័ត្ន និង​ក្រឡាបញ្ជី​នូ​ត្រូវ​វាយ​៥០​រំពាត់ រួច​ហើយ​ត្រូវ​ចាត់​ទុកជា​ខ្ញុំ​រាជការ​ដូច​ជា​ពួក​អ្នក​ថែទាំ​សេះ​អីចឹង ។​ អ្នក​រួមគំនិត​ឯ​ទៀតៗ​ត្រូវ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ រួម​ទាំង​មន្ដ្រី​អ្នក​យាមគុក​ផង​ដែល​បាន​ធ្វើ​ឱ្យ​អ្នកទោស​រត់​រួច ។​ ពួក​រាជការ​ណា​ដែល​បាន​ទិញ​បុណ្យ​សក្ដិ​ត្រូវ​បញ្ចុះ​ឋានៈ ទម្លាក់​ឱ្យមក​ជា​រាស្ដ្រ​សាមញ្ញ ហើយ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​ត្រូវ​រឹបអូស (71) ។

នៅ​ក្នុង​ឆ្នាំ​១៨១៧ រាជការ​បាន​កំណត់​យក​ពន្ធ​ស្រូវ​៥​ថាំង​លើ​ស្រូវ​៥០​ថាំង​ដំបូង រួច​បាន​សម្រេច​ថា ត​ទៅ​អនាគត​ពន្ធ​នេះ​នឹង​ត្រូវ​គិត​រហូត​ដល់​ចំនួន​កូនចៅ​ និង​ខ្ញុំកំដរ​ដែល​ស្ថិត​នៅ​ក្នុង​បន្ទុក​គ្រួសារ​ថែម​ទៀត ។​ ម្ល៉ោះ​ហើយ ព្រះរាជា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​គេ​ធ្វើ​សម្រង់​ចំនួន​ប្រជាជន មាន​រៀបរាប់​អំពី​ឈ្មោះ​មេ​គ្រួសារ ប្រពន្ធ កូន ចៅ និង​ខ្ញុំកំដរ ដោយ​បញ្ជាក់​ច្បាស់​អំពី​ភេទ និង​អាយុ​ផង​ដែរ ។
នៅ​ក្នុង​ឆ្នាំ​នោះ ក្រោយ​ពី​មាន​ភាព​រាំងស្ងួត​ខ្លាំង​រួច​មក មាន​ទឹកជំនន់​មួយ​យ៉ាង​ធំ​ប្លែក​ពី​សព្វដង ធ្វើ​ឱ្យ​ផល​ស្រូវ​ថយ​ចុះ​ម្យ៉ាង​ដោយ​សារ​ប្រជាជន​មិន​អាច​ភ្ជួរ​រាស់​ដី​ បាន​ទាន់​ពេល​ ម្យ៉ាង​ទៀត​ដោយ​សារ​សំណាប​សន្ទូង​ត្រូវ​ទឹក​លិច​បាត់​អស់ ។ ផ្ទះ​ជា​ច្រើន​ត្រូវ​ទឹក​ជំនន់​ហូរ​នាំ​យក​ទៅ​បាត់ សត្វ​ពាហណៈ​ក៏​លង់​ទឹក​ស្លាប់​ច្រើន សត្វ​ធាតុ​រត់​ទៅ​ជ្រក​នៅ​ឯ​ដី​ខ្ពង់រាប​ខ្ពស់ៗ​អស់ ។ អ្នកស្រុក​ត្រូវ​នាំ​គ្រួសារ និង​គោក្របី​ទៅ​រក​ទី​ខ្ពស់​ដែរ ។ ពេល​នោះ​មាន​ការ​ចាប់​ជំរត់​មនុស្ស និង​លួច​គោក្របី​ជា​ច្រើន ។ បន្ទាយ​ល្វាឯម ដែល​ពួក​អាណ្ណាម​បាន​សាងសង់​ឡើង ត្រូវ​បំផ្លាញ​ខ្ទេច​អស់ ហើយ​ទឹក​លិច​ព្រះរាជវាំង​កម្ពស់​២​ហត្ថ​កន្លះ ។ ទុរ្ភិក្ស​រាលដាល​ពាស​ពេញ​នគរ ព្រោះ​ស្រូវ​លិច​ទឹក​ខូច​គ្មាន​សល់ ស្រូវ​១​ថាំង​តម្លៃ​៥​បាត គឺ​ប្រហែល​ជា​៤៧​ក្រាម​ប្រាក់​សុទ្ធ ស្មើ​នឹង​១០​ហ្វ្រង់ ។ មាន​កើត​ចោរ​ដើរ​កាប់​សម្លាប់​លួច​ប្លន់​ជា​ច្រើន ណា​មួយ​មាន​អាសន្នរោគ ជំងឺ​សត្វ និង​អុត ពាស​ពេញ​ប្រទេស​ទៀត​ផង ។

នៅ​ដំណាច់​ឆ្នាំ មេទ័ព​អាណ្ណាម​ត្រូវ​ផ្លាស់​ចេញ ព្រះរាជា​បាន​ជូន​ដំណើរ​រហូត​ទៅ​ដល់​សាយហ្គន ដើម្បី​បាន​ចូល​សម្ដែង​ការ​គួរសម​ចំពោះ​លោក​សេនាប្រមុខ​ដែល​ឈរ​ជើង​នៅ​ទីនោះ ​ផង ។​ ប៉ុន្មាន​ខែ​ក្រោយ​មក​បន្ទាប់​ពី​បាន​សម្ដែង​ការ​គោរព​ក្នុង​ឋានៈ​ជា​នគរ​ ចំណុះ​ដល់​អាណ្ណាម​រួច​ហើយ​ព្រះរាជា​បាន​ចាត់​មន្ដ្រី​ជាន់​ខ្ពស់​២​នាក់​ ឱ្យ​ចុះ​សំពៅ​តាម​កំពត​ទៅ​ចូលរួម​ព្រះរាជ​ពិធី​បូជាសព​ព្រះ​ឧបរាជ​សៀម ។ នេះ​ជា​ការ​សម្ដែង​ឱ្យ​ឃើញ​នូវ​ការ​ទទួលស្គាល់​ភាព ជា​ចំណុះ​ស្ដេច​បាងកក ។

នៅ​ឆ្នាំ​១៨១៨​អ្នក​កាន់សីល​ម្នាក់​នៅ​បាភ្នំ​ឈ្មោះ​ថា​ កែ ​កើត​ជំងឺ​ឡប់សតិ​ហើយ​ប្រកាស​ថា​ខ្លួន​ជា​អ្នក​មាន​បុណ្យ បាន​កេណ្ឌ​ទ័ព​សម្លាប់​ឧកញ៉ា​តេជោ​ម៉ុន​ជា​ចៅហ្វាយ​ខែត្រ​ចោល ហើយ​ទាក់​ទាញ​មន្ដ្រី​៣​នាក់ ដែល​មិន​សប្បាយ​ចិត្ដ​ឱ្យ​ចូល​ដៃ​ជាមួយ ចាប់​ផ្ដើម​កាប់​សម្លាប់​ពួក​អាណ្ណាម​យ៉ាង​រង្គាល ។ ដើម្បី​ការពារ​ជន​រួម​ជាតិ​របស់​គេ មេទ័ព​អាណ្ណាម​២​នាក់​គឺ​ អុង​តាក្វាន (ឡេ​វ៉ាន់យៀត) និង​អុង​ចាន់ដូវ បាន​ដឹកនាំ​ទ័ព​៥​ពាន់​នាក់ មក​បោះ​ទីតាំង​នៅ​កោះសូទិន ក្នុង​ខែត្រ​កំពង់ចាម ។ ពេល​នោះ​ព្រះរាជា​កម្ពុជា​បាន​បញ្ជូន​ចៅហ្វ៊ា​ទួនផា ឱ្យ​ដឹកនាំ​ទ័ព​២​ពាន់​នាក់​ទៅ​វាយ​ពួក​បះបោរ​ដែរ ។​ ទ័ព​ទាំង​២​កង​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ទ័ព​បះបោរ​ដែល​មាន​ចំនួន​តិច​ ជាង​ មិន​អាច​ទប់ទល់​បាន ហើយ​ឡោម​ព័ទ្ធ​ចាប់ កែ សម្លាប់​ចោល​ទៅ ។ ពួក​មន្ដ្រី​៣​រូប​ដែល​មិន​សប្បាយ​ចិត្ដ ហើយ​ចូល​ដៃ​ចូល​ជើង​ជាមួយ​ពួក​ក្បត់ ត្រូវ​ចាប់​បាន​ជា​ឈ្លើយ ហើយ​បញ្ជូន​ទៅ​ឱ្យ​មេទ័ព​អាណ្ណាម​នៅ​ឯ​បេនញែ (សាយហ្គន) ។ ក្រោយ​ពី​សាកសួរ​ចម្លើយ​រួច មេទ័ព​អាណ្ណាម​ក៏​បញ្ជូន​អ្នក​ទាំង​៣​នាក់​មក​ថ្វាយ​ព្រះរាជា​កម្ពុជា​វិញ ។ ព្រះ​អង្គ​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​សម្លាប់​ចោល​ទៅ ។

ដប់​ឆ្នាំ​ក្រោយមក គឺ​នៅ​ក្នុង​ឆ្នាំ​១៨២៩ ស្ដេច​សៀម​បាន​បញ្ជូន​ចៅ​ឃុន​បឌិន (៧២) ឱ្យ​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ស្ដេច​លាវ ដណ្ដើម​យក​រាជធានី​វៀងចន្ទ​បាន ។ ចៅ​ឃុន​បឌិន​ចាប់​ស្ដេច​លាវ​បាន​ជា​ឈ្លើយ ហើយ​នាំ​យក​មក​បាងកក​ដាក់​ឱ្យ​ប្រជាជន​ស្ដីជេរ​រួច​ធ្វើ​ឃាត​ចោល​ទៅ ។​ សៀម​ដុត​បំផ្លាញ​រាជធានី​វៀងចន្ទ​ខ្ទេចខ្ទី​ ហើយ​បាន​កៀរ​អ្នកស្រុក​យក​មក​ដាក់​នៅ​លើ​ត្រើយ​ទន្លេ​មេគង្គ​ខាងស្ដាំ រួច​បែង​ចែក​ឱ្យ​ទៅ​រស់នៅ​តាម​ខែត្រ​ផ្សេងៗ ។ គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​ដែល​ពួក​បារាំង​បាន​មក​ត្រួតត្រា​លើ​ប្រទេស​ លាវ ទើប​រាជធានី​នេះ​ត្រូវ​បាន​គេ​កែ​លម្អ កាប់​ព្រៃឈើ​ចេញ យក​ធ្វើ​ជា​រាជធានី​របស់​លាវ​ឡើង​វិញ ។ សព្វ​ថ្ងៃនេះ​មាន​រ៉េស៊ីដង់​ធំ​បារាំង​ម្នាក់​រស់នៅ​ទីនោះ ។
ក្រោយ​ពី​បាន​ធ្វើសង្គ្រាម​បំផ្លិចបំផ្លាញ​លាវ គម្ពីរ​ក្បួនច្បាប់ និង​អារ្យធម៌​របស់​ប្រជាជន​លាវ ឱ្យ​វិល​ធ្លាក់​ចូល​ទៅ​ក្នុង​សភាព​ព្រៃផ្សៃ​ដូច​កាលពី​៦-៧​សតវត្ស​មុន​រួច​ មក ព្រះរាជា​បាងកក​បាន​ចូល​មក​លុក​លុយ​កម្ពុជា តាម​សំណើ​របស់​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់ ដែល​ទើប​តែ​នាំ​អ្នកស្រុក​របស់​ខ្លួន​ចំនួន​២​ភាគ​៣ ទៅ​រស់​នៅ​ឯ​ស្រុក​សៀម ដោយ​មិន​ទាំង​បាន​ប្រកាស​សង្គ្រាម​ផង​ទេ ។ សៀម​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​កុំ​ឱ្យ​អាណ្ណាម​មាន​អធិរាជ​ភាព​មក​លើ​កម្ពុជា​ខ្លាំង​ពេក ។
ការ​ពើប​ប្រយុទ្ធ​ដំបូង​បាន​ផ្ទុះ​ឡើង​នៅ​កំពង់ឆ្នាំង ពេល​ដែល​ពួក​សៀម​បាន​ទៅ​ដល់​ក្រោយ​ពី​ឆ្លង​កាត់​បាត់ដំបង និង​ពោធិ៍សាត់​រួច ។ ពេល​នោះ​ព្រះរាជា​កម្ពុជា​មិន​ទាន់​កេណ្ឌ​ទ័ព​បាន​នៅ​ឡើយ ។ ទ័ព​ខ្មែរ​ត្រូវ​បរាជ័យ ហើយ​មេទ័ព​លោក​ឧកញ៉ា​ចក្រី​ភិតភ័យ​ជា​ខ្លាំង រត់​រហូត​ទៅ​ដល់​ខែត្រ​ព្រៃកប្បាស នៅ​ខាងត្បូង​ឯណោះ ។

ព្រះរាជា​ដែល​គង់នៅ​ភ្នំពេញ បាន​នាំ​ព្រះរាជ​វង្សានុវង្ស​រត់គេច​ព្រះ​អង្គ​ទៅ​នៅ​ឯ​លង់ហោ (វិញឡុង) ។ មួយ​ថ្ងៃ​បន្ទាប់​ពី​ព្រះរាជា​យាង​ចេញ​ដំណើរ​ផុត ទ័ព​សៀម​៤​កង​ចូល​មក​ដល់​ឧត្ដុង្គ រួច​បន្ដ​ដំណើរ​មក​ដល់​ភ្នំពេញ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ជាមួយ​នឹង​ព្រះ​អនុជ​របស់​ព្រះរាជា​ទាំង​២​អង្គ​គឺ​ ព្រះ​ឧបរាជ​អង្គ​ឯម​ និង​ព្រះ​អង្គឌួង ។​ ទ័ព​ទាំង​៤​កង​នេះ​បញ្ជា​ដោយ​អគ្គបញ្ជាការ​ចៅឃុន​បឌិន ជា​វីរបុរស​ដែល​ទើបតែ​បាន​វាយ​កម្ទេច​រាជធានី​វៀងចន្ទ និង​អតីត​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់​ឈ្មោះ កា ។ មក​ដល់​ភ្នំពេញ​បាន​ប៉ុន្មាន​ថ្ងៃ ពួក​នេះ​បាន​បន្ដ​ដំណើរ​ទៅ​វាយ​យក​ចូវដុក នៅ​នឹង​មាត់ពាម​ព្រែក​វិញតេ ដើម្បី​ធានា​រក្សា​ឱ្យ​បាន​ទំនាក់​ទំនង​ជាមួយ​ឈូង​សមុទ្រ​សៀម ដែល​មាន​ទ័ព​មួយ​កង​ត្រូវ​ចេញ​ដំណើរ​មក ។ ទ័ព​ជើងទឹក​នេះ​បាន​មក​ចុះ​ចត​នៅ​ហាទៀង វាយ​ដណ្ដើម​យក​ទីក្រុង​នេះ​បាន​ដោយ​គ្មាន​ការ​ប្រយុទ្ធ​ ហើយ​ទុក​ទ័ព​មួយ​កង​ឱ្យ​នៅ​ថែរក្សា រួច​ក៏​បន្ដ​ដំណើរ​ទៅ​ជួប​ជាមួយ​បឌិន​នៅ​ឯ​ចូវដុក ។ ចៅ​ឃុន​បឌិន​ក៏​សម្រេច​ធ្វើ​ដំណើរ​ចុះ​ទៅ​វិញឡុង​ដែល​ព្រះរាជា​គង់នៅ ហើយ​វាយ​យក​បាន​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​១៨៣១ ។
នៅ​ពេល​នោះ​នៅ​តាម​បណ្ដា​ខែត្រ​ភាគ​ខាងកើត​វិញ​ លោក​ចក្រី​ឡុង​ និង​លោក​យមរាជ​ហ៊ូ​បាន​រៀបចំ​ទ័ព បំពាក់​អាវុធ​យ៉ាង​រហ័ស រួច​វាយ​កងទ័ព​សៀម​មួយ​កង​ឱ្យ​បរាជ័យ​នៅ​ក្នុង​ខែត្រ​ព្រៃវែង ។ ក្រុម​អ្នកក្លាហាន​ខ្មែរ​ផ្សេងៗ​ទៀត បាន​ប្រមែ​ប្រមូល​គ្នីគ្នា រៀបចំ​ជា​កងទ័ព​ដែរ ហើយ​វាយ​ឆ្មក់​មក​លើ​ទ័ព​សៀម​ដែល​ដើរ​ពាស​ពេញ​ប្រទេស​រាល់ថ្ងៃ ។ មេទ័ព​សៀម​ទទួល​បាន​ដំណឹង​នេះ​ជា​ហូរហែ ក៏​សម្រេច​ចិត្ដ​ធ្វើការ​ប្រយុទ្ធ​ដោយ​គ្មាន​អែអង់ ។ ការ​ដណ្ដើម​យក​វិញឡុង​បាន​ជា​ជ័យជម្នះ​ដ៏​អស្ចារ្យ​មួយ ធ្វើ​ឱ្យ​អ្នកស្រុក​ខ្លាច​រអា​លែង​ហ៊ាន​បះបោរ​ប្រឆាំង និង​ទទួលស្គាល់​សៀម​ថា ជា​អ្នក​មក​រំដោះ​ទៅ​វិញ ។ ក៏​ប៉ុន្ដែ​ជា​គ្រោះ​ចង្រៃ ទ័ព​ជើង​ទឹក​របស់​បឌិន​បាន​ត្រូវ​វាយ​ឱ្យ​បរាជ័យ ហើយ​បំផ្លិច​អស់​ទាំង​ស្រុង រហូត​ដល់​មេទ័ព​សៀម​នេះ​គ្មាន​សល់​កម្លាំង​នឹង​បន្ដ​ការ​ប្រយុទ្ធ​ទប់ទល់​ ពួក​អាណ្ណាម​ដែល​មក​ដល់​តាម​ជើង​គោក​ផង​ និង​ជើង​ទឹក​ផង​ ហើយ​ខ្លាំងក្លា​ព្រោះ​មាន​វិន័យ​ និង​រៀបចំ​ដោយ​នាយ​ទាហាន​បារាំង​ដែល​ទើបតែ​ចូល​បម្រើ​ស្ដេច​យ៉ាឡុង មាន​ជា​អាទិ​លោក​វរសេនីយ៍ទោ ឡូរ៉ង់​បារីស៊ី ។ ចៅ​ឃុន​បឌិន​បាន​វិល​ត្រលប់​ចូល​ទៅ​ស្រុក​សៀម​វិញ ក្រោយ​ពី​បាន​ដុត​កម្ទេច​ភ្នំពេញ​ចោល ព្រោះ​អ្នកស្រុក​មិន​ព្រម​ទៅ​តាម ។ ចំណែក​ទ័ព​ដែល​សេស​សល់​បាន​នាំ​គ្នា​ទៅ​ចុះ​សំពៅ​នៅ​ហាទៀង​ កំពត​ រួច​ត្រលប់​ទៅ​បាងកក​តាម​សមុទ្រ​អស់​ទៅ ។

ព្រះ​ឧបរាជ​អង្គ​ឯម និង​អ្នក​អង្គ​ម្ចាស់​អង្គឌួង ដែល​គង់នៅ​ឯ​ភ្នំពេញ ក៏​យាង​ចុះ​ទូក​ចេញ​ដំណើរ​ទៅ​តាម​ទ័ព​សៀម​ដែរ ហើយ​មិន​បាន​ឈប់​សម្រាក​នៅ​នឹង​ឧត្ដុង្គ​ទេ ព្រោះ​អ្នកស្រុក​មិន​អបអរ​ស្វាគមន៍ ដូច្នេះ​ទ្រង់​ក៏​ធ្វើ​ដំណើរ​រហូត​មក​ដល់​បាត់ដំបង ។​ តាម​ផ្លូវ​ទ្រង់​បាន​ចាប់​បង្ខំ​ទូក​ទាំង​អស់​ដែល​បាន​ជួប​ និង​អ្នកស្រុក​ដែល​រស់នៅ​តាម​មាត់​ច្រាំង​ទន្លេ ឱ្យ​ចូលរួម​ដំណើរ​ទៅ​ជាមួយ ។ ក៏​ប៉ុន្ដែ​នៅ​ពេល​ពួក​អ្នកស្រុក​មាន​ចំនួន​កាន់តែ​ច្រើន​ឡើងៗ ពួក​នោះ​ក៏​នាំ​គ្នា​បះបោរ​ឡើង រើបម្រះ​វិល​ត្រលប់​មក​ភូមិ​ស្រុក​វិញ​អស់ ។
ពេល​អស់​ទ័ព​សៀម អាណ្ណាម​បាន​ក្លាយជា​ម្ចាស់​កម្ពុជា​ម្ដង​ទៀត ។ ស្ដេច​អាណ្ណាម​បាន​បញ្ជូន​ទ័ព​១​ម៉ឺន​៥​ពាន់​នាក់​មក​កម្ពុជា ហើយ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ឆន្ទៈ​យុត្ដិធម៌​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​យក​ប្រាក់​ចំនួន​១៤១​ណែន​មក​ថ្វាយ​ព្រះរាជា​កម្ពុជា ជា​សំណង​ថ្លៃ​ដំរី​ចំនួន​៨៨​ក្បាល​ដែល​មេទ័ព​អាណ្ណាម​ម្នាក់​បាន​ចាប់​យក​ទៅ ដោយ​មិន​មាន​ព្រះរាជ​បញ្ជា​ផង​ទេ ។​ តាម​ពិត​ទៅ​តម្លៃ​សំណង​នេះ​មិន​ជា​ច្រើន​ប៉ុន្មាន​ទេ​គឺ​តែ​១៣០​ហ្វ្រង់​ សម្រាប់​ដំរី​មួយ​ក្បាល​ប៉ុណ្ណោះ ។ ក៏​ប៉ុន្ដែ​ស្ដេច​អាណ្ណាម​ធ្វើ​យ៉ាង​នេះ​គឺ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា ទ្រង់​មិន​រំលោភ​បំពាន​ទេ ហើយ​ជា​នយោបាយ​ផង​ដែរ ។​ បន្ទាប់​មក​ស្ដេច​អាណ្ណាម​បាន​ធ្វើ​ត្រាប់​តាម​ព្រះ​ចៅ​អធិរាជ​ចិន​ និង​ពួក​ម៉ុងហ្គោល ដោយ​ទ្រង់​បាន​ផ្ញើ​សម្លៀក​បំពាក់​បែប​អាណ្ណាម មាន​រួម​ទាំង​មួក​ផង មក​ថ្វាយ​ព្រះរាជា​កម្ពុជា​ជា​ជំនូន ។ ថ្ងៃស្អែក​ឡើង ព្រះរាជា​កម្ពុជា​បាន​គ្រង​ព្រះ​ពស្ដ្រា​នេះ​យាង​ចូល​មក​ភ្នំពេញ ធ្វើ​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ដ្រី​មួយ​ចំនួន​មាន​ការ​អាម៉ាស​ជា​ខ្លាំង ។ ក៏​ប៉ុន្ដែ​ក៏​នៅ​មាន​នាម៉ឺន​ខ្លះ​ដែល​ស្លៀក​ពាក់​តាម​ព្រះ​អង្គ​ដែរ​ដើម្បី ​អែបអប​ផង និង​ដោយ​ភ័យ​ខ្លាច​ផង ព្រោះ​ពួក​គេ​ក៏​បាន​ទទួល​សម្លៀក​បំពាក់​នេះ​ពី​ស្ដេច​អាណ្ណាម​ដូច​គ្នា ។ ម្ដង​នេះ គេ​ឃើញ​ច្បាស់​ថា​ពួក​អាណ្ណាម​មាន​ប្រៀប​ខ្លាំង​ជាង​ពួក​សៀម​ប្រាកដ​ណាស់ ។

ក្រោយ​ពី​បាន​លើក​ព្រះរាជា​កម្ពុជា​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​វិញ​រួច​ ហើយ ពួក​អាណ្ណាម​ក៏​នាំ​គ្នា​ដកថយ​ចេញ​ទៅ​កូសាំងស៊ីន​វិញ​អស់​ទៅ ដោយ​មាន​ជំនឿ​ជឿជាក់​ថា ម្ដង​នេះ​ពួក​សៀម​លែង​ហ៊ាន​មក​តវ៉ា​ដណ្ដើម​សិទ្ធិ​ត្រួតត្រា​លើ​ស្រុក​ខ្មែរ ​ទៀត​ហើយ​ ព្រោះថា​ពួក​គេ​បាន​វាយ​សៀម​ឱ្យ​បរាជ័យ​ និង​បាន​លើក​ព្រះរាជា​ដែល​សៀម​ទម្លាក់​ពី​រាជសម្បត្ដិ​ឱ្យ​ឡើង​សោយរាជ្យ​ វិញ ។
ក៏​ប៉ុន្ដែ​មាន​មូលហេតុ​មួយ​ផ្សេង​ទៀត​ដែល​បង្ខំ​ស្ដេច​អាណ្ណាម​មិញម៉ាង​ ឱ្យ​ហៅ​ទ័ព​ត្រលប់​ទៅ​កូសាំងស៊ីន​វិញ គឺ​ដើម្បី​វាយ​បង្ក្រាប​ពួក​បះបោរ​ដែល​ចង់​បំបែក​កូសាំងស៊ីន​ចេញពី​ អាណ្ណាម ។ ពួក​នោះ​បាន​គ្រប់គ្រង​លើ​សាយហ្គន ហើយ​ថែម​ទាំង​បាន​ស្រែក​ហៅ​រក​ជំនួយ​ពី​សៀម​ទៀត​ផង ។ ទ័ព​សៀម​បាន​ចូល​លុកលុយ​កម្ពុជា ហើយ​បង្ខំ​ឱ្យ​ព្រះរាជា​គេច​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​វិញឡុង​ម្ដង​ទៀត ។
ពេល​នោះ​ស្ដេច​អាណ្ណាម​បាន​កោះ​ហៅ​មេទ័ព​ដែល​នៅ​ប្រចាំការ​នៅ​ភ្នំពេញ​ ឈ្មោះ អុង​បាវហូ ដែល​ទ្រង់​សង្ស័យ​ថា​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​មេ​របស់​ពួក​បះបោរ​ឈ្មោះ អុង​គាម៉ា ឱ្យ​វិល​ត្រលប់​ទៅ​រាជធានី​វ៉េ​វិញ ។ ក៏​ប៉ុន្ដែ​អុង​បាវហូ​មិន​បាន​គោរព​តាម​ព្រះរាជ​បញ្ជា​នេះ​ទេ បែរជា​រត់គេច​ខ្លួន​ទៅ​ស្រុក​សៀម​ទៅ​វិញ ។ ស្ដេច​អាណ្ណាម​បាន​ផ្លាស់ អុង​ថួយ ឱ្យមក​ជំនួស អុង​បាវហូ ។
ទ័ព​ស្ដេច​អាណ្ណាម​បាន​វាយ​ដណ្ដើម​យក​សាយហ្គន​បាន​មក​វិញ ក្រោយ​ពី​បាន​ឡោម​ព័ទ្ធ​អស់​ពេល​៤​ខែ និង​ធ្វើការ​ប្រយុទ្ធ​ជា​ច្រើន​លើក​ច្រើន​សា ។ ចៅហ្វាយ​ក្រុង​ឈ្មោះ អុង​ផូវេ​ខូយ ត្រូវ​គេ​សម្លាប់​បាន ធ្វើ​ឱ្យ​គ្នា​គាត់​ឈ្មោះ អុង​ដុងជុក (ចៅហ្វាយ​ស្រុក​មាត់ជ្រូក​ចូវដុក) រត់គេច​ចូល​មក​ក្នុង​កម្ពុជា ។ ព្រះរាជា​បាន​ឱ្យ​គាត់​ទៅ​ពួន​នៅ​ឯ​ពាមជីកង នៅ​ត្រើយ​ទន្លេធំ​ខាងឆ្វេង ក្រោម​កំពង់ចាម​បន្ដិច ។
នៅ​ឆ្នាំ​បន្ទាប់ ពេល​ដែល​ព្រះរាជា​អង្គ​ចន្ទ​សុគត​ដោយ​រោគ​រាក​មួល​នៅ​លើ​ព្រះ​ទីនាំង​នាវា ដែល​ចត​នៅ​កោះ​ពោធិ​ព្រះបាទ ពួក​អាណ្ណាម​គិត​ឃើញ​ថា ព្រះរាជា​ណាចក្រ​កម្ពុជា​ពេល​នេះ​ច្បាស់​ជា​ត្រូវ​ធ្លាក់​ក្នុង​ដៃ​ស្ដេច​ មិញម៉ាង (៧៣) ដែល​បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ស្ដេច​យ៉ាឡុង​តាំង​តែ​ពី​ឆ្នាំ​១៨១១​មក​មែន​ ទែន​ហើយ ។ គោរព​តាម​បញ្ជា​របស់​ស្ដេច​មិញម៉ាង​ អុង​ខាំម៉ាង​បាន​កោះ​ប្រជុំ​នាម៉ឺន​សព្វ​មុខ​មន្ដ្រី​ រដ្ឋមន្ដ្រី​ ព្រះ​សង្ឃរាជ​ និង​ពួក​បារគូ​ផង ដើម្បី​ធ្វើការ​ជ្រើស​រើស​ព្រះរាជា​ថ្មី​មួយ​ព្រះ​អង្គ ។ ការ​ជ្រើស​រើស​ព្រះរាជា​ថ្មី​នេះ គេ​មិន​បាន​ឱ្យ​ដំណឹង​ទៅ​ស្ដេច​សៀម​ជ្រាប​ផង​ទេ ។
ព្រះបាទ​អង្គ​ចន្ទ គ្មាន​ព្រះរាជ​បុត្រា​ទេ បុត្រា​មួយ​ព្រះ​អង្គ​ដែល​ប្រសូត​នៅ​ឯ​ឧត្ដុង្គ​បាន​សុគត​ទៅ​តែ​ប៉ុន្មាន​ ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​ប្រសូត​រួច ។ និយាយ​អំពី​ព្រះ​អនុជ​របស់​ព្រះ​អង្គ មាន​ព្រះ​ឧបរាជ​អង្គ​ឯម អ្នក​អង្គ​ម្ចាស់​អង្គឌួង និង​អង្គ​ស្ងួន​វិញ ពួក​អាណ្ណាម​មិន​យល់​ព្រម​ឱ្យ​ឡើង​សោយរាជ្យ​ទេ ព្រោះ​អ្នក​ទាំង​២​ខាង​ដើម បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ព្រះរាជា ចូល​ដៃ​ជាមួយ​សៀម និង​ទៅ​រស់នៅ​ស្រុក​សៀម ។ ដូច្នេះ​គ្មាន​អ្នក​ស្នងរាជ្យ​ជា​បុរស​ទេ ។ ក្រុមប្រឹក្សា​មិន​យល់​ព្រម​ប្រគល់​ព្រះរាជ​បល្ល័ង្ក​ទៅ​ឱ្យ​ព្រះរាជ​បុត្រី ​ច្បង​របស់​ព្រះ​អង្គ​ចន្ទ​ព្រះ​នាម​ បែន ​ឡើយ ព្រោះ​ព្រះ​នាង​ត្រូវជា​ចៅ​របស់​ចៅហ្វ៊ា​បែន ដែល​បាន​លើក​កូនស្រី​ថ្វាយ​ព្រះរាជា ក្រោយ​ពី​បាន​ប្រគល់​ដី​បាត់ដំបង​ឱ្យ​ទៅ​សៀម​រួច ណា​មួយ​ព្រះ​នាង​ប្រឆាំង​នឹង​អាណ្ណាម​ខ្លាំង​ណាស់​ទៀត ។ គេ​បាន​ឯកភាព​គ្នា​លើក​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​អង្គ ​ម៉ី​ ឱ្យ​ឡើង​សោយរាជ្យ​វិញ ។

៤១-ព្រះ​ក្សត្រី​អង្គ​ម៉ី (១៨៣៤-១៨៤១)
ព្រះ​ក្សត្រី​អង្គ​ម៉ី (៧៤) ជា​បុត្រី​របស់​ព្រះរាជា​អង្គ​ចន្ទ​ជាមួយ​ព្រះ​ជាយា​លំដាប់​ទី​៣​មាន​ឈ្មោះ​ ថា អ្នក​ម្នាង​ក្រចាន់ ពេល​នោះ​ទ្រង់​មាន​ព្រះ​ជន្ម​២១​ព្រះ​វស្សា​ហើយ ។ ព្រះ​អនុជ​ក្សត្រី​របស់​ព្រះ​នាង​ព្រះ​នាម​ថា​ ព្រះ​អង្គម្ចាស់​ពៅ ត្រូវ​បាន​លើក​ឱ្យ​ឡើង​ធ្វើ​ជា​ព្រះ​ឧបរាជ ដែល​តាំង​តែ​ពី​ពេល​ណាមក​មិន​ដែល​មាន​នារី​ទទួល​នូវ​ឋានៈ​នេះ​ទេ ។ ព្រះ​ក្សត្រី​ស្ងួន ដែល​តូច​ជាងគេ បាន​គង់នៅ​ជាមួយ​ព្រះ​រៀម​ទាំង​២​អង្គ ហើយ​ទទួល​ឋានៈ​ជា​ព្រះកែវហ្វ៊ា ។
ប្រជាជន​ហាក់​ដូចជា​មិន​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​ទេ​ចំពោះ​ការ​ដែល​គេ​ ជ្រើសរើស​ព្រះ​ក្សត្រី​មួយ​អង្គ ឱ្យ​ឡើង​គង់​លើ​រាជបល្ល័ង្ក​ដូច្នេះ​ពីព្រោះ​ថា​ថ្វីបើ​កន្លង​មក​គេ​មិន​ដែល ​ឃើញ​មាន​ព្រះ​មហាក្សត្រី​សោយរាជ្យ​សម្បត្ដិ​ក៏​ដោយ​ក៏​ប៉ុន្ដែ​គេ​ធ្លាប់​ ប្រទះ​ឃើញ​ព្រះរាជា​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​អគ្គមហេសី ឬ​ព្រះ​មាតា​ជា​ញឹកញយ​ដែរ ដើម្បី​ទ្រង់​អាច​យាង​ចូល​សាង​ព្រះ​ផ្នួស​បាន ។ ម្ល៉ោះ​ហើយ​ប្រជាជន​ហាក់​ដូចជា​ត្រូវ​បង្វឹក​បង្ហាត់​ឱ្យ​ចេះ​ទទួល​យក​ សភាពការណ៍​នេះ​ជា​បណ្ដើរៗ​មក​ហើយ ។ ក៏​ប៉ុន្ដែ​មាន​អ្នកខ្លះ​បាន​អះអាង​ប្រកប​ទៅ​ដោយ​មូលហេតុ​ត្រឹមត្រូវ​ថា ការ​ជ្រើស​រើស​យក​ក្សត្រី​មួយ​អង្គ​ឱ្យ​ឡើង​សោយរាជ្យ​ដូច្នេះ​ត្រូវ​ចាត់​ ទុកជា​មោឃៈ ពីព្រោះ​ថា បើ​តាម​ទំនៀម​ពី​បុរាណ​ដែល​កន្លង​មក​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ដល់ គឺថា​ប្រសិន​ណា​បើ​គ្មាន​រជ្ជទាយាទ​ជា​បុរស​ដើម្បី​បន្ដវេន​ពី​ព្រះរាជា​ទេ រដ្ឋមន្ដ្រី និង​អ្នកមុខ​អ្នកការ​ទាំងអស់​ត្រូវ​ជ្រើស​រើស​ព្រះរាជា​ចេញពី​ក្នុង​ចំណោម​ មេក្រុម​បារគូ ។ អ្នកខ្លះ​ទៀត​និយាយ​ថា ទំនៀម​ពី​បុរាណ​នោះ​មិន​មែន​និយាយ​ថា «គ្មាន​រជ្ជទាយាទ​បុរស» នោះ​ទេ តែ​ថា «ក្នុង​ករណី​ដែល​គ្មាន​រាជវង្សានុវង្ស​បន្ដវេន» តែ​ម្ដង ។​ ឥឡូវនេះ​គេ​នៅ​មាន​សល់​អ្នក​អង្គ​ម្ចាស់​ក្នុង​រាជវង្សានុវង្ស​នៅឡើយ​ ដូច្នេះ​មិន​អាច​និយាយ​ថា​គ្មាន​រាជវង្សានុវង្ស​បន្ដវេន​បាន​ទេ ។ ពួក​មន្ដ្រី​ធំៗ​មួយ​ចំនួន​បាន​ប្រជុំ​គ្នា​ជា​សម្ងាត់​នៅ​លើ​កំពូលភ្នំ​ ព្រះរាជ​ទ្រព្យ​ពិភាក្សា​រឿង​នេះ ហើយ​មាន​មន្ដ្រី​ម្នាក់​ហ៊ាន​រហូត​ដល់​និយាយ​ថា «បើ​គេ​រើស​ក្សត្រា​មួយ​អង្គ​មិន​បាន​ទេ​ ការ​ជ្រើស​តាំង​នេះ​ត្រូវ​ចាត់​ទុកជា​មោឃៈ ។​ បើសិនជា​រើស​បាន​ក្សត្រា​មួយ​អង្គ​ក៏​ប៉ុន្ដែ​ប្រជារាស្ដ្រ និង​ព្រះរាជា​សៀម​មិន​ទទួល​ស្គាល់​នោះ ​យើង​នឹង​មាន​សង្គ្រាម ។ ប៉ុន្ដែ​បើសិន​ណា​ជា​គេ​រើស​បាន​ក្សត្រី​មួយ​អង្គ ហើយ​បើ​សិនជា​ស្ដេច​សៀម​មិន​ធ្វើ​អន្ដរាគមន៍​ទេ នោះ​វាសនា​ស្រុក​ខ្មែរ​នឹង​ត្រូវ​ចប់ ព្រោះ​ច្បាស់​ជា​អាណ្ណាម​កាត់​បញ្ចូល​ធ្វើ​ជា​ទឹកដី​របស់​គេ​ជា​សម្រេច​តែ​ ម្ដង» ។ ព្រះសង្ឃ​មួយ​អង្គ​បាន​ស្នើ​ឡើង​ថា យើង​គួរ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​សៀម ។ ក៏​ប៉ុន្ដែ​អ្នក​ដែល​មាន​គំនិត​ទាំង​អស់​នេះ មិន​បាន​ត្រូវ​គេ​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​ការ​ជ្រើស​រើស​ព្រះរាជា​ផង​ទេ ។ ចំណែក​ឯ​ប្រជាជន​វិញ គេ​អស់​កម្លាំង​នឿយ​ណាយ​នឹង​សង្គ្រាម និង​ចង់​បាន​សន្ដិភាព​ណាស់ តែ​មិន​បាន​គិត​ដល់​ថា ព្រះ​មហាក្សត្រី​នឹង​គ្មាន​ឥទ្ធិពល ហើយ​ក៏​មិន​បាន​ដឹង​ថា​មេទ័ព​អាណ្ណាម អុង​ទួនគុន ដែល​នៅ​ពី​ខាងក្រោយ​ព្រះ​នាង​មាន​អំណាច​ខ្លាំង​ណាស់​អាច​នឹង​បញ្ជា​លើ​រាល់​ រដ្ឋមន្ដ្រី​បាន ។​ ដោយ​ពិនិត្យ​ឃើញ​ថា​ព្រះ​មហា​ក្សត្រី​ទន់​ខ្សោយ ហើយ​ចំណុះ​អាណ្ណាម​ខ្លាំង​ពេក មាន​ពាក្យ​ចចាម​អារ៉ាម​លេច​ឡើង​ក្នុង​ចំណោម​បក្សពួក​អ្នក​អង្គម្ចាស់ និង​សៀម សាយ​ភាយ​ទៅ​ដល់​ក្នុង​ស្រទាប់​ប្រជាជន​ថា ព្រះ​នាង​បាន​សហាយ​ជាមួយ​មេទ័ព​អាណ្ណាម ។ រឿង​នេះ​មិន​ពិត​ទេ ក៏​ប៉ុន្ដែ​ការ​និយាយ​បង្ខូច​ព្រះ​កិត្ដិនាម​បាន​រីក​រាល​សាយ​ភាយ​ទប់​លែង​ បាន រហូត​ទាល់​តែ​ព្រះ​មហាក្សត្រី​ធ្លាក់ខ្លួន​ទៅ​ជា​មនុស្ស​ឆ្កួត (៧៥) ។

ឥឡូវនេះ​អ្វីៗ​បាន​សម្ដែង​ចេញ​ឱ្យ​ឃើញ​ច្បាស់​ណាស់​ថា អាណ្ណាម​ប្រុងប្រៀប​នឹង​យក​កម្ពុជា​ធ្វើ​ជា​ទឹកដី​របស់​គេ​មែន​ទែន​ហើយ ហើយ​ការ​ដែល​គេ​រៀបចំ​ព្រះ​មហាក្សត្រី​អង្គ​ម៉ី​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​ នេះ គឺ​គ្រាន់តែ​ដើម្បី​ទម្លាប់​ប្រជាជន​ឱ្យ​ស៊ាំ​នឹង​ភាព​គ្មាន​ស្ដេច​សោយរាជ្យ ឱ្យ​បំភ្លេច​ព្រះរាជ​វង្សានុវង្ស​ចោល​ប៉ុណ្ណោះ បើ​ទោះជា​ថា កន្លង​មក​ប្រជារាស្ដ្រ​ធ្លាប់​បាន​ធ្វើ​ពលី​កម្ម​ជា​ច្រើន​ដើម្បី​រាជ​ បល្ល័ង្ក​ក៏​ដោយ ។
តាម​ព្រះរាជក្រឹត្យ​មួយ​របស់​ស្ដេច​អាណ្ណាម ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​គ្រប់គ្រង​ដោយ​មន្ដ្រី​អាណ្ណាម​៣​នាក់​គឺ​ ទ្រឿង​មិញយ៉ាង ផាម​វ៉ាន់ឌាន និង​ត្រាន់​វ៉ាន់ណាង ដែល​មក​នៅ​ដឹកនាំ​ប្រទេស​ដោយ​មាន​ជំនួយ​ពី​រដ្ឋមន្ដ្រី និង​ចៅហ្វាយ​ខែត្រ​ខ្មែរ​ជា​ច្រើន​នាក់ ។
រាជធានី​ភ្នំពេញ​ពេល​នោះ​គេ​ដូរ​ឱ្យ​ហៅ​ថា​ ត្រានតាយ​ ឬ​ត្រាន​ណាំយ៉ាង​វិញ (ភ្នំ​=​ណាំ​ ពេញ​=​យ៉ាង) ។
រ៉េស៊ីដង់​អាណ្ណាម​ពេល​នោះ​នឹក​គិត​ថា​ គេ​មាន​អំណាច​ខ្លាំង​ណាស់ ហើយ​បាន​បង្ខំ​ឱ្យ​មន្ដ្រី​ទាំងអស់​ស្លៀក​សម្លៀក​បំពាក់​តាម​របៀប​អាណ្ណាម (76) ឱ្យ​បួងសក់ និង​ផ្ដល់​ឋានៈ​ឱ្យ​តាម​របៀប​អាណ្ណាម ហើយ​បាន​ដាក់​មេ​អាណ្ណាម​ម្នាក់​នៅ​ជាប់​នឹង​ចៅហ្វាយ​ខែត្រ​កម្ពុជា ដើម្បី​ត្រួត​ពិនិត្យ​លើ​រាល់​សកម្មភាព​ផង និង​ដឹកនាំ​ការងារ​រដ្ឋបាល​ផង ។
មិន​តែ​ប៉ុណ្ណោះ អាណ្ណាម​មាន​បំណង​ចង់​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​ខ្មែរ​បាត់បង់​អស់​នូវ​ធាតុ​ ដើម​របស់​ខ្លួន ដោយ​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ទេស​ទាំងអស់​ថែម​ទៀត ។ យោង​តាម​សំណើ​របស់​ពួក​អ្នក​ដែល​នៅ​ជាប់​នឹង​ចៅហ្វាយ​ខែត្រ​ខ្មែរ ព្រះរាជា​អាណ្ណាម​បាន​សម្រេច​ប្ដូរ​ឈ្មោះ​ខែត្រ ដោយ​បន្ថយ​ចំនួន​ពី​៥៦​មក​នៅ​ត្រឹម​៣៣​វិញ ហើយ​បាន​បង្កើត​ស្រុក​២​សម្រាប់​ទឹកដី​ដែល​មាន​ពួក​អ្នកស្រុក​ព្រៃ​រស់​នៅ រួច​ឱ្យ​ហៅ​តាម​ឈ្មោះ​អាណ្ណាម​ទាំងអស់ ។

ឈ្មោះ​ខែត្រ​ទាំង​៣៣​នោះ​មាន ណាមយ៉ាង ឬ​ត្រានតាយ សម្រាប់​ភ្នំពេញ​ ក្រៅពី​នេះ​ជា​ឈ្មោះ​ខែត្រ​ថ្មី​ដែល​គេ​បាន​បង្រួម​ឱ្យ​តិច ដែល​ខ្ញុំ​មិន​ដឹង​ថា​ឈ្មោះ​ណា​ត្រូវ​នឹង​ខែត្រ​ចាស់​ណា​មួយ​ទេ ៖ ថានធូ​ តាំដន​ ទុយឡាប់​ បាណាម​ (បាក់ណាម) បាឡាយ​ (បារាយណ៍) ប៊ិញធាន ​(កោះអញ្ចៀន) ខាបាត​ ឡាវេន ​(ព្រៃវែង) ហៃដុង​ គិមទ្រឿង ​ចាវជុង ​កាអាវ​ វ៉ាងវ៉ាន​ ហាប៊ិញ​ ជុងឡយ ​សានភូ​ (ប្រហែល​គឺ​សម្បូរ) សានបុក​ (សម្បុក) តាំវូ​ ខាយបៀន​ ហៃតាយ​ ខាស៊ុម (កោះសូទិន) ថេឡាប់​ តាំកាយ​ ឡូវៀត (លង្វែក) ឡុងទន (សំរោងទង) ក្វាងបៀន​ ហួយី​ ចានតាយ​ អ៊ីយី​ ចានថាញ់​ ម៉ាត់លួត​ អ៊មអាន ។ ឯ​ស្រុក​សម្រាប់​អ្នកស្រុក​ព្រៃ​២​នោះ​គឺ កាញ់ចេ (ក្រចេះ) និង​កាន់យ៉ើ (កញ្ជរ) ។
មាន​មន្ដ្រី​ទាំងអស់​១០៧​រូប​ដែល​ទទួល​បន្ទុក​ការងារ​រដ្ឋបាល​ស៊ីវិល និង​ខាង​កងទ័ព ។ គឺ​មាន ៖ ទួងក្វាន ឬ សេនាប្រមុខ​១​រូប​ ថាមតាន់ ឬ​អ្នក​មាន​ភារៈ​ចាត់ចែង និង​ថែរក្សា​ទ្រព្យ​កងទ័ព​១​រូប​ ដេដុក ឬ​អគ្គមេ​បញ្ជាការ​១​រូប​ ហ៊ាបតាន់ ឬ​វរសេនីយ៍ឯក​១​រូប​ ឡាញ់ប៊ិញ ឬ​វរសេនីយ៍ត្រី​២​រូប​ ផឡាញ់​ប៊ិញ ឬ​ជំនួយការ​វរសេនីយ៍ត្រី​២​រូប ប៊ិញប៊ីដាវ ឬ​ឆ្មាំ​កងទ័ព​១​រូប​ លឿង​ប៊ីដាវ ឬ​ឆ្មាំ​ខាង​ភស្ដុភារ​១​រូប​ វៀន​ង៉យឡាង ឬ​នាយ​ការិយាល័យ​ក្រសួង​២​រូប​ ជូស៊ូ​ ឬ​នាយ​រង​ការិយាល័យ​ក្រសួង​៣​រូប​ បាតវូ​ ឬ​ផ្នែក​ខាង​របៀប​៤​រូប​ បាតផាម​ ឬ​លេខាធិការ ថ្នាក់​ទី​៨​ចំនួន​៨​រូប​ គួនផាម ឬ​លេខា​ថ្នាក់​ទី​៩​ចំនួន​៨​រូប​ ថឡាយ ឬ​នាយទោ​ផ្គត់ផ្គង់​ស្បៀង​៦០​រូប​ ហួនដាវ ឬ សាស្ដ្រាចារ្យ​១២​រូប​ ហើយ​និង​យ៉ាវថ ឬ​គ្រូ​បង្រៀន ។
ទ្រឿង​មិនយ៉ាង​បាន​ទទួល​ការ​ចាត់តាំ​ង​ឱ្យ​ធ្វើ​ជា​ទួងក្វាន​នៅ​ភ្នំពេញ​ ឯ​ឡេ​ដៃគឿង​ គឺជា​ថាមតាន់ ។​ មាន​ ជាន​ភូស៊ូ ម្នាក់​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​អ្នក​ទាំង​២ មាន​ភារកិច្ច​ត្រួត​ពិនិត្យ​សេវា​ស៊ីវិល និង​យោធា​នៅ​ក្នុង​ភូ (ខែត្រ) ៣ គឺ​ហាយតាយ​ ហាយដុង និង​សានទិញ ។
ទ័ព​អាណ្ណាម​នៅ​កម្ពុជា​ក៏​បាន​ត្រូវ​គេ​រៀបចំ​ឡើង​វិញ​ដែរ ដោយ​បែងចែក​ជា​២៥​កង​ពល និង​មាន​កងពល​ពិសេស​មួយ ទទួល​បន្ទុក​ថែរក្សា​ពង្រាប និង​បង្ហាត់​ដំរី​ចម្បាំង ។

យើង​នឹង​វិល​ត្រលប់​មក​មើល​ការ​រៀបចំ​នេះ​នៅ​ពេល​ក្រោយ ។ កម្ពុជា​ទាំងមូល​បាន​ត្រូវ​អាណ្ណាម​បែង​ចែក​ចេញ​ជា​៨​ភូ (ខែត្រ) មាន​ទាំងអស់​១៨​ហ្វៀន (មណ្ឌល​រដ្ឋបាល) គឺ ៖
ភូ​ត្រាន់តាយ​ ភ្នំពេញ​ មាន​ហ្វៀន​២​គឺ ថៃអាន និង​លូអាន
ភូ​ញាហ្វា មាន​ហ្វៀន​២​ដែរ​គឺ ធឿងផុង និង​ផុងញួង
ភូ​ណាមនិញ មាន​ហ្វៀន​៣​គឺ ណាមធិញ​ ណាមថៃ និង​ភូណាម
ភូ​វ៉ូកុង មាន​ហ្វៀន​៣​ដែរ​គឺ ប៊ិញជុង​ គីតូ និង​ជុងធុយ
ភូ​ទាំង​៤​នេះ ត្រួតត្រា​ដោយ ទួងក្វាន និង ថាមតាន់ ។
ភូ​ហាយ​តាយ មាន​ហ្វៀន​២​គឺ ហាយប៊ិញ និង​ថានជុង
ភូ​ហាប៊ិញ មាន​ហ្វៀន​២​ដែរ​គឺ ជុងហា និង​ភូឡាយ​
ភូ​ទាំង​២​នេះ ត្រួតត្រា​ដោយ ជាន​ភូស៊ូ ។​
ភូ​សានទិញ មាន​ហ្វៀន​២​គឺ ក្វេឡាំ និង​សានដុង
ភូ​មីឡាម មាន​ហ្វៀន​២​ដែរ​គឺ មីឡាម និង​ដាវឡាម
ភូ​ទាំង​២​នេះ ត្រួតត្រា​ដោយ ជាន​ភូស៊ូ នៅ​សានទិញ ។ ចំណែក​ឯ​កងពល​ទាហាន​ទាំង​៥ មួយៗ​មាន​៥​កង​វរសេនា​ធំ ដោយ​មិន​មាន​គិត​ដល់​កង​អនុសេនា​ធំ​កម្ពុជា​ផង​ទេ មាន ៖ កងពល​កណ្ដាល មាន​២៦៩៦​នាក់​ កងពល​បើក​ផ្លូវ​ មាន​២១១៦​នាក់​ កងពល​ស្លាប​ខាងឆ្វេង​ មាន​២៥៣០​នាក់​ កងពល​ស្លាប​ខាងស្ដាំ​ មាន​២២០០​នាក់​ និង​កងពល​បិទ​គូទ​មាន​២២៥៥​នាក់ សរុប​ទាំងអស់​ត្រូវជា​១១.៧៩៦​នាក់ ។
រៀបចំ​ដូច្នេះ​រួច​ហើយ ស្ដេច​អាណ្ណាម​បាន​ចាត់តាំង ឡេ​វ៉ាន់ឌុក ឱ្យ​ធ្វើ​ជា​ធិញលុក​រាជ​អធិការ​របស់​ព្រះរាជា​ប្រចាំ​កម្ពុជា ។
ពួក​អាណ្ណាម​បាន​ហៅ​ព្រះ​ក្សត្រី​អង្គ​ម៉ី​ ថា​ ង៉ុក​វ៉ាន​ ហើយ​ថ្វាយ​ព្រះ​ឋានៈ​ជា​ភាសា​អាណ្ណាម​ថា​ មីឡាម​ក្វានជួ (ព្រះ​មហាក្សត្រី​នៃ​ភូ​មីឡាម) ។ ព្រះ​រៀម​របស់​ព្រះ​នាង​ព្រះ​ក្សត្រី​បែន ទទួល​ឋានៈ​ថា​ លូអាន​ក្វាន (ក្សត្រី​ទី​២​នៃ​លូអាន) ព្រះ​អនុជ​ក្សត្រី​មួយ​អង្គ​ទទួល​ឋានៈ​ជា​ ថាវជុង​ក្វានក្វាន​ និង​មួយ​អង្គ​ទៀត​ជា តាប់និញ​ក្វានក្វាន ។

មាន​ការងារ​មួយ​ដែល​មាន​ប្រយោជន៍ ក៏​ប៉ុន្ដែ​បាន​ធ្វើ​ឱ្យ​អ្នកស្រុក​ខឹងសម្បា​ជា​ខ្លាំង គឺ​កំណែន​ឱ្យ​ធ្វើ​ផ្លូវ​យុទ្ធសាស្ដ្រ​មួយ​ដោយ​គ្មាន​ផ្ដល់​កម្រៃ ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ស្ពាន​យមរាជ បច្ចុប្បន្ន​នៅ​លើ​ផ្លូវ​ទៅ​កំពត (ប្រហែល​ជា​៤​គីឡូម៉ែត្រ​ពី​ភ្នំពេញ) រួច​បន្ដ​ទៅ​ទ្រាំង​ និង​បន្ទាយមាស​ និង​ការ​បង្កើត​ឱ្យ​មាន​ក្រុម​រត់​សំបុត្រ​បន្ដ​គ្នា​ប្រចាំ​តាម​សាលា​ នីមួយៗ ដែល​មាន​គ្នា​៣០​នាក់​ផ្លាស់​ប្ដូរ​វេន​គ្នា ជ្រើស​រើស​ចេញ​ពី​អ្នកស្រុក​រស់នៅ​ក្នុងភូមិ​ជិតៗ ។ ផ្លូវ​នេះ​ដែល​ក្រោយ​មក​គឺ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​កំពត ខ្មែរ​ហៅ​ថា​ ផ្លូវ​អាណ្ណាម (77) ។
នៅ​សម័យ​នោះ គឺ​ក្នុង​ឆ្នាំ​១៨៣៥ នៅ​ឯ​កំពង់សោម មាន​បងប្អូន​២​នាក់​ដែល​មាន​ឋានៈ​ជា​ឧកញ៉ា​គឺ ឧកញ៉ា​ជ័យ និង​ឧកញ៉ា​ជូ បាន​ប្រកែក​មិន​ព្រម​គោរព​តាម​បញ្ជា​របស់​អាណ្ណាម​ទេ ហើយ​ចាប់​ផ្ដើម​កាន់​អាវុធ​ប្រឆាំង​ឡើង ។ ទាំង​២​នាក់​បងប្អូន​ធ្វើការ​ប្រយុទ្ធ​អស់​កាល​យ៉ាង​យូរ​ តែ​មិន​អាច​បង្ក្រាប​ទ័ព​ចម្រុះ​អាណ្ណាម​-​ខ្មែរ​បាន​ ហៀប​តែ​នឹង​ត្រូវ​គេ​ចាប់​បាន​ទៅ​ហើយ ក៏​នាំ​គ្នា​រត់គេច​ឆ្លង​ព្រំដែន​ទៅ​ជ្រក​កោន​នៅ​ឯ​បាងកក​បាត់​ទៅ ។
នៅ​ឆ្នាំ​១៨៣៦​ នៅ​ខែត្រ​កំពង់ស្វាយ​ឯណោះ​វិញ​ តេជោ​រាម​ដែល​បះបោរ​ប្រឆាំង​នឹង​របប​ថ្មី​បាន​ត្រូវ​គេ​ចាប់​យក​មក​ភ្នំពេញ ហើយ​អុង​ទួងគុន​ចេញ​បញ្ជា​ឱ្យ​គេ​សម្លាប់​ចោល​ទៅ ។ គេ​បាន​លើក​ស្នងអី​ជំនួយការ​របស់​តេជោ​រាម ឱ្យ​ឡើង​កាន់​អំណាច​បន្ដ​ពី​គាត់ ។ មុន​ដំបូង​ស្នងអី​បាន​បំពេញ​ការងារ​ល្អ​ណាស់ ក៏​ប៉ុន្ដែ​ដល់​មក​ឆ្នាំ​១៨៣៧ ស្រាប់តែ​ឈ្មោះ​នេះ​បាន​ចាប់​រ៉េស៊ីដង់​អាណ្ណាម​សម្លាប់​ចោល ហើយ​ចាប់​កេណ្ឌ​ទ័ព ។ ស្នងអី​ធ្វើ​សកម្មភាព​បាន​ប៉ុន្មាន​សប្ដាហ៍ ក៏​រត់គេច​ខ្លួន​ដោយ​នាំ​យក​អ្នកស្រុក​ស្ទោង និង​ជីក្រែង​មួយ​ចំនួន​ធំ​ផង ទៅ​នៅ​ឯ​ទន្លេ​រពៅ ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សៀម​នៅ​ឡើយ ។ ពួក​អាណ្ណាម​បាន​សម្លាប់​ប្រជាជន​ខែត្រ​កំពង់ស្វាយ​អស់​ជា​ច្រើន ដែល​គេ​ចោទ​ថា​បាន​គាំទ្រ​ស្នង​អី ។ អ្នកស្រុក​មួយ​ចំនួន​ទៀត គេ​នាំ​យក​ទៅ​អាណ្ណាម ។

ព្រឹត្ដិការណ៍​ទាំង​អស់នេះ រួម​ទាំង​ការ​បះបោរ និង​ការ​ប្រឆាំង​អាណ្ណាម​ផង បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ។ គេ​ក៏​ចាប់​តាំង​នាំ​គ្នា​ងាក​បែរ​ទៅ​រក​ខែត្រ​បាត់ដំបង ដី​ខ្មែរ​ពី​មុន តែ​ឥឡូវ​បាន​ក្លាយ​ទៅជា​របស់​សៀម​ហើយ ដែល​មាន​រាជវង្ស​២​អង្គ​កំពុង​រស់នៅ គឺ​ព្រះ​អង្គ​ឯម និង​ព្រះ​អង្គឌួង (78) ។ ស្ដេច​សៀម​បាន​អនុញ្ញាត​ឱ្យ​ព្រះ​អង្គ​ឯម​គង់នៅ​នឹង​បាត់ដំបង​ ឯ​ព្រះ​អង្គឌួង​ឱ្យ​គង់នៅ​មង្គលបុរី ។​ ក្សត្រ​ទាំង​២​អង្គ​បាន​ឃ្លាតឆ្ងាយ​ពី​រាជបល្ល័ង្ក​ហើយ ដោយ​ត្រូវ​អាណ្ណាម​បំបែក បណ្ដេញ​កាត់​កាល​ចោល និង​នៅ​ជាមួយ​សៀម ក៏​ស្ដេច​សៀម​មិន​បាន​ផ្គត់ផ្គង់​ឱ្យ​ល្អ​ណាស់​ណា​ដែរ ព្រោះ​មាន​គេ​ច្រណែន​និន្ទា ។ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​នៅ​តែ​ជា​សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​ប្រទេស​ជាតិ​ ដដែល ។ ទម្លាប់​ជា​ប្រពៃណី​មួយ​បាន​និទាន​តៗ​គ្នា​ថា «កាលណា​ទឹក​ហូរ​ចុះ​ពី​ខាងជើង​មក​ខាង​ត្បូង កាត់​ពីមុខ​កំពង់ហ្លួង ទឹក​នោះ​បាន​ប្រាប់​អ្នកស្រុក​ថា ព្រះ​អង្គ​ម្ចាស់​ទាំងឡាយ​មាន​ព្រះ​កាយពល​ល្អ​ទេ ព្រះមហេសី​ទាំងអស់​របស់​ព្រះ​អង្គ​បាន​ប្រសូត​ព្រះរាជ​បុត្រា​ថ្វាយ​ព្រះ​ អង្គ ហើយ​អ្នកស្រុក​និយាយ​ថា ព្រះអាទិត្យ​នៅ​តែ​រះ​ឯជើង​មេឃ​រៀង​រាល់ថ្ងៃ មិន​ទាន់​រលត់​បាត់​នៅ​ឡើយ» ។

នៅ​ពេល​ដែល​ហៀប​នឹង​រលត់​ទៅ​ហើយ ប្រជាជន​ខ្មែរ​ដ៏​កម្សត់​នៅ​តែ​នឹក​ដល់​ព្រះរាជ​វង្សានុវង្ស​នៅ​ឡើយ បើ​ទោះបី​ថា​រាជវង្សានុវង្ស​នោះ​បាន​ដឹកនាំ​គេ​អស់​កាល​ជា​ច្រើន​សតវត្ស ឱ្យ​ធ្វើ​សង្គ្រាម​កាប់​សម្លាប់​តែ​គ្នា​ឯង ឬ​ប្រឆាំង​នឹង​បរទេស​ឱ្យ​គាំទ្រ​សមាជិក​រាជវង្ស​ដណ្ដើម​អំណាច ដណ្ដើម​រាជបល្ល័ង្ក​គ្នា​ កាត់​យក​ខែត្រ​ផ្សេងៗ​ទៅ​កាន់កាប់ ក៏​ប៉ុន្ដែ​មិន​ចេះ​គ្រប់គ្រង​ ហើយ​មិន​ដែល​បាន​នឹកគិត​ដល់​សុខទុក្ខ​របស់​ប្រជាជន​ដ៏​កម្សត់​បន្ដិច​ណា​ក៏​ ដោយ ។ ទោះជា​យ៉ាង​ណា​ក្ដី ប្រជាជន​នៅ​មាន​សេចក្ដី​សង្ឃឹម​តែ​លើ​រាជវង្ស​មួយ​នេះ​ប៉ុណ្ណោះ ព្រោះថា​គ្មាន​អ្នក​មាន​បុណ្យ​ណា​ម្នាក់​ចេញ​មុខ​មក​ជួយ ដូច​ជា​នៅ​ស្រុក​ចិន​ អាណ្ណាម​ ភូមា​ សៀម ដើម្បី​បំផុស​អ្នកស្រុក​ឱ្យ​នាំ​គ្នា​បះបោរ​ឡើង​វាយ​ប្រហារ​ទៅ​លើ​ពួក​ សត្រូវ​របស់​ព្រះរាជា​ណាចក្រ ហើយ​បណ្ដេញ​ចេញ ដណ្ដើម​យក​រាជបល្ល័ង្ក​មក​វិញ រួច​ឡើង​អង្គុយ​លើ​រាជបល្ល័ង្ក​នោះ ក្រោម​ស្នូរ​ទះដៃ​អបអរសាទរ​ពី​ប្រជាជន​ទាល់​តែ​សោះ ។ ចៅហ្វ៊ា​បែន និង​ចៅហ្វ៊ា​មូ​ប្រហែល​ជា​អាច​បំពេញ​នូវ​តួនាទី​ជា​វីរជន​នេះ​បាន ក៏​ប៉ុន្ដែ អ្នក​ទាំង​២​នាក់​នេះ​មិនមែន​ជា​អ្នក​មាន​បុណ្យ​ទេ ហើយ​ក៏​គ្មាន​ឆន្ទៈ​ខ្ពស់​នឹង​បំពេញ​ភារកិច្ច​នេះ​ដែរ មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​បាន​ក្បត់​ជាតិ​ជា​បន្ដ​បន្ទាប់​ទៅ​ទៀត កាត់​ផ្ដាច់​យក​ទឹកដី​មាតុភូមិ​ទៅ​ឱ្យ​សៀម​ទៅ​វិញ ។ ម្ល៉ោះ​ហើយ ប្រជាជន​ដែល​ហាក់​បី​ដូចជា​ត្រូវ​សណ្ដំ​ទៅ​ហើយ បាន​ភ្លេច​អ្នក​ទាំង​អស់​នោះ​សូន្យ​ឈឹង ទើប​បាន​ជា​នាំ​គ្នា​បែរ​មក​រក​រាជវង្ស​ស្ដេច​ដែល​សោយរាជ្យ​លើ​ពួក​គេ ហើយ​សម្លឹង​មើល​ទៅ​បាត់ដំបង ដែល​មាន​ក្សត្រា​ទាំង​២​អង្គ​គង់នៅ ។
មេទ័ព​អាណ្ណាម​អុង​ទួងគុន បាន​យល់​ច្បាស់​ណាស់​ថា​កម្ពុជា​នៅ​មាន​ថាមពល​ដែល​កំពុង​តែ​ក្រាប​សម្ងំ ហើយ​អាច​នឹង​ងើប​ក្រោក​ឡើង​បះបោរ​ប្រឆាំង​នឹង​ការ​ត្រួតត្រា​របស់​យួន លើ​រាជវង្សា​នុវង្ស​នេះ​ឯង ។ គាត់​បាន​ប្ដេជ្ញា​ថា​នឹង​កម្ចាត់​កម្ចាយ​ក្សត្រ​ទាំង​២​អង្គ​នេះ​ចេញ ដោយ​ធ្វើ​យ៉ាង​ណា​បំបែក​បំបាក់​ពី​គ្នា​សិន ព្រោះ​កន្លង​មក ក្សត្រ​ទាំង​២​អង្គ​សាមគ្គី​គ្នា​ស្អិត​ល្មួត​ណាស់ ​រួច​សឹម​ឆ្លៀត​យក​ឱកាស​ដែល​លេច​ចេញពី​ព្រឹត្ដិការណ៍​នេះ​ដើម្បី​បំផ្លិច​ បំផ្លាញ​ចោល​តែ​ម្ដង ។

អុង​ទួងគុន​បាន​ចាត់​ឱ្យ​ជន​អាណ្ណាម​ម្នាក់​ក្លែង​ខ្លួន​ធ្វើ​ជា​ខ្មែរ ដោយ​ដាក់​ឈ្មោះ​ថា ភគវា នាំ​លិខិត​មួយ​ទៅ​ថ្វាយ​ព្រះ​ឧបរាជ​អង្គ​ឯម​ទូល​ថា​អាណ្ណាម​មក​កម្ពុជា​នេះ​ ក្នុង​គោលបំណង​ដើម្បី​ជួយ​ធ្វើ​ឱ្យ​មាន​សន្ដិភាព ។​ ការ​ដែល​លើក​ព្រះ​មហាក្សត្រី​អង្គ​ម៉ី​ឱ្យ​ឡើង​សោយរាជ្យ​នេះ ក៏​ព្រោះតែ​ថា​ព្រះ​នាង​គ្រាន់​តែ​ជា​ព្រះ​មហាក្សត្រី​បណ្ដោះ​អាសន្ន​ ប៉ុណ្ណោះ រង់​ចាំតែ​ពេល​ដែល​មាន​ក្សត្រា​ខ្មែរ​មួយ​អង្គ​ចង់​វិល​ត្រលប់​មក​សោយរាជ្យ​ វិញ អាណ្ណាម​នឹង​ជួយ​ជ្រោមជ្រែង ។ ក៏​ប៉ុន្ដែ​ព្រះ​ឧបរាជ​មាន​គូប្រជែង​មួយ គឺ​ព្រះ​អង្គឌួង ជា​អនុជ​របស់​ព្រះ​អង្គ ដែល​រៀបចំ​ផែនការ​ក្បត់​នឹង​ព្រះ​អង្គ​រួច​ទៅ​ហើយ ។
ព្រះ​ឧបរាជ​គិត​ថា​ភ័ព្វសំណាង​ព្រះ​អង្គ​បាន​មក​ដល់​ហើយៗ ជឿ​សម្ដី​អាណ្ណាម​ថា ព្រះ​អនុជ​ជា​គូប្រជែង​របស់​ព្រះ​អង្គ ទ្រង់​ក៏​បាន​ចារ​ព្រះ​សារលិខិត​មួយ​ច្បាប់​ទៅ​ថ្វាយ​ស្ដេច​សៀម​ថា ព្រះ​អនុជ​កំពុង​តែ​ធ្វើ​ចលនា​ប្រឆាំង​នឹង​ផលប្រយោជន៍​សៀម​នៅ​ស្រុក​ខ្មែរ ។ ស្ដេច​សៀម​បាន​ចាត់​មន្ដ្រី​២​នាក់​ឱ្យ​មក​យាង​ព្រះ​អង្គឌួង​ទៅ​បាងកក​ភ្លាម ហើយ​ហាម​ផ្ដាច់​មិន​ឱ្យ​យាង​មក​មង្គលបុរី​វិញ​ទេ ។
ដោយ​កម្ចាត់​ព្រះ​អនុជ​ឱ្យ​បាត់​ពីមុខ​ពី​មាត់​រួច​ហើយ ព្រះ​ឧបរាជ​បាន​យាង​ទៅ​គង់នៅ​ពោធិ៍សាត់​ជាមួយ​ព្រះរាជ​វង្ស ព្រះរាជ​បុត្រាបុត្រី​របស់​ព្រះ​អង្គឌួង ដែល​ទ្រង់​រក្សា​ទុកជា​ចំណាប់​ខ្មាំង និង​មន្ដ្រី​ខ្មែរ​ជា​ច្រើន​ទៀត​នៅ​បាត់ដំបង​ដែល​ទ្រង់​មិន​អាច​ទុក​ចោល​ បាន ។ មេទ័ព​អាណ្ណាម​ដែល​បញ្ជា​នៅ​ទីនោះ​បាន​ចាប់​ខ្លួន​អ្នក​ទាំង​អស់នោះ ហើយ​បញ្ជូន​មក​ភ្នំពេញ ។​ ព្រះ​ឧបរាជ​អង្គ​ឯម​មិន​យល់​ថា​ហេតុ​អ្វី​ក៏​មាន​រឿង​ដូច្នេះ​ទេ​ តែ​ចំពោះ​ខ្លួន​ព្រះ​អង្គ​ មេទ័ព​អាណ្ណាម​ទទួល​រាក់ទាក់​បំផុត ម្ល៉ោះ​ហើយ​ទ្រង់​ក៏​យាង​មក​ភ្នំពេញ​ជាមួយនឹង​គេឯង មាន​កង​ការពារ​ជូន​ដំណើរ​ហាក់បី​ដូចជា​មាន​កិត្ដិយស​ណាស់ ។ ពេល​យាង​មក​ដល់​ភ្នំពេញ អុង​ទួងគុន​បាន​ទទួល​ស្វាគមន៍​ព្រះ​អង្គ​គគ្រឹក​គគ្រេង​ទាំង​ប្រជាជន​ក៏​ ទះដៃ​អបអរសាទរ​ព្រោះ​មើល​ឃើញ​ថា​ព្រះ​អង្គ​នេះ​ហើយ​ជា​អ្នក​មក​រំដោះ​គេ ។​ ការ​ដែល​ប្រជាជន​អបអរ​សាទរ​ទទួល​ព្រះ​ឧបរាជ​ខ្លាំង​ហួសហេតុ​ពេក​បាន​ធ្វើ​ ឱ្យ​អុង​ទួងគុន​អន់ចិត្ដ ដល់​យប់​ឡើង​ក៏​ចាប់​ព្រះ​អង្គ​ដាក់​ក្នុង​ទ្រុង​ដែក ហើយ​បញ្ជូន​ទៅ​កាន់​រាជធានី​វ៉េ​នៅ​ថ្ងៃស្អែក​ឡើង (១៨៤០) ។
ចំពោះ​មន្ដ្រី​មក​ពី​ខែត្រ​បាត់ដំបង មាន​មួយ​ចំនួន​ធំ​ត្រូវ​គេ​សម្លាប់​ចោល​ភ្លាម​ដោយ​មិន​ចាំបាច់​កាត់​ទោស នៅ​សល់​ខ្លះ​គេ​បញ្ជូន​ទៅ​វ៉េ​ដែរ​ហើយ​ឃុំ​ទុក​នៅ​ទីនោះ ។ ចំណែក​នៅ​បាងកក​ឯណោះ​វិញ ព្រះ​អង្គឌួង​ដែល​ព្រះ​រៀម​ចោទប្រកាន់​ថា​ក្បត់ បាន​ត្រូវ​សៀម​ឃាត់ខ្លួន ដាក់​ច្រវាក់​ទុក​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ដែរ ។

នៅ​ពេល​ដែល​ស្ថានការណ៍​នៅ​កម្ពុជា​កំពុង​តែ​អាក្រក់​ទៅៗ រ៉េស៊ីដង់​អាណ្ណាម​ក៏​មិន​ចេះ​ស្កប់ស្កល់​នឹង​ចំណង់​របស់​គេ​ដែរ ។ គេ​ចង់​ឱ្យ​ខ្មែរ​ប្ដូរ​សាសនា​កាន់​តាម​គេ​វិញ ម្ល៉ោះ​ហើយ​គេ​បណ្ដេញ​លោក​សង្ឃ​ចេញពី​វត្ដ​អារាម បញ្ជា​ឱ្យ​កាប់​ដើម​ពោធិ​គាស់​រំលើង​ព្រះពុទ្ធ​បដិមា​ និង​ឱ្យ​វាយ​កម្ទេច​ចេតិយ​ចោល ។ លើស​ពី​នោះ​ទៅ​ទៀត គេ​ចង់​ឱ្យ​ស្រុក​នេះ​គ្មាន​អ្វី​ជា​តំណាង ដោយ​បាន​ឱ្យ​រដ្ឋមន្ដ្រី​របស់​ព្រះ​មហាក្សត្រី​ធ្វើ​ដំណើរ​ទៅ​សាយហ្គន តែ​បាន​ភរ​ថា​ឱ្យ​ទៅ​វ៉េ​ ក្នុង​នោះ​មាន​លោក​ចៅហ្វ៊ា​ឡុង​សម្ដេច​ចៅពញា​ហ៊ូ​ និង​លោក​ក្រឡាហោម​គិញ​ដោយ​យក​លេស​ថា​ស្ដេច​អាណ្ណាម​ចង់​ជួប​រួម​គ្នា​ជាមួយ​ នឹង​ព្រះ​ឧបរាជ​ដែល​ទើបតែ​យាង​ទៅ​ដល់ ។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក គេ​បាន​បញ្ជូន​ព្រះ​មហាក្សត្រី ព្រះ​អនុជ​អង្គ​ពៅ​ជា​ព្រះ​ឧបរាជ និង​ព្រះ​អនុជ​អង្គ​ស្ងួន ទៅ​សាយហ្គន​ទៀត ។ ព្រះ​រៀម​ក្សត្រី​អង្គ​បែន ជា​ចៅ​របស់​ចៅហ្វ៊ា​បែន ដែល​បាន​ប្រគល់​ខែត្រ​បាត់ដំបង​ទៅ​ឱ្យ​សៀម​កាល​ពីមុន ពេល​នេះ​ទ្រង់​មាន​ព្រះ​ជន្ម​៣២​ព្រះវស្សា​ហើយ (១៨៤១) បាន​ត្រូវ​គេ​នាំ​យក​ទៅ​លង់ហោ​ (វិញឡុង) ។ គេ​បាន​និយាយ​ថា​ព្រះក្សត្រី​អង្គ​នេះ​នឹង​ត្រូវ​ដោះស្រាយ​ខុស​ពី​ព្រះ​អនុជ ​ទាំងអស់ ព្រោះ​ទ្រង់​មាន​ព្រះ​មាតា​ជា​បុត្រី​របស់​ចៅហ្វ៊ា​បែន ដែល​បាន​គេច​ព្រះ​អង្គ​ទៅ​នៅ​ឯ​បាត់ដំបង ហើយ​ទ្រង់​មាន​ព្រះ​បិតុលា​ម្នាក់​ជា​សត្រូវ​ស្លាប់​រស់​របស់​អាណ្ណាម ។ ទៅ​ដល់​វិញឡុង គេ​ឃុំ​ព្រះ​នាង​ទុក​សិន បន្ទាប់​មក គេ​យក​ព្រះ​នាង​ចេញពី​ទី​ឃុំឃាំង​ទៅ​ជ្រមុជ​ទឹក​ទន្លេ​សម្លាប់​ចោល​ដោយ​មិន​ ដឹង​ជា​មាន​រឿង​អ្វី (១៨៤២) ។

ការ​ដែល​អាណ្ណាម​ធ្វើ​ទាំង​ប៉ុន្មាន​នេះ​ ប្រជាជន​បាន​ឃើញ​ និង​ដឹង​ឮ​ទាំងអស់​ ធ្វើ​ឱ្យ​គាត់​អាច​កាត់​ស្មាន​បាន​ថា បើ​ព្រះរាជវាំង​អាណ្ណាម​បន្ដ​ធ្វើ​អ្វី​តទៅ​ទៀត​នោះ​គឺ​មិន​យូរ​មិន​ឆាប់​គេ ​នឹង​យក​ព្រះរាជា​ណាចក្រ​កម្ពុជា​ដាក់​បញ្ចូល​ទៅ​ក្នុង​ទឹកដី​កូសាំងស៊ីន​ជា ​មិន​ខាន ។ អាណ្ណាម​បាន​រៀបចំ​អនុវត្ដ​វិធានការ​២ ដែល​មាន​សារសំខាន់​គ្រាន់បើ​ដែរ ហើយ​ដែល​រាល់​ប្រជាជន​ស៊ីវីល័យ​តែងតែ​ធ្វើ​គឺ​ការ​ធ្វើ​សម្រង់​ស្ថិតិ​ ប្រជាជន និង​ការ​ចុះបញ្ជី​សុរិយោដី​អចលន​ទ្រព្យ ដូច​ដែល​គេ​បាន​ធ្វើ​រួច​ហើយ​នៅ​អាណ្ណាម ។ ក៏​ប៉ុន្ដែ​ប្រជាជន​យល់​ថា នេះ​គឺជា​សកម្មភាព​ដំបូង​នៃ​ការ​កាត់​យក​ទឹកដី​ហើយៗ​មាន​កំហឹង​កាន់តែ​ ខ្លាំង​ឡើងៗ ។ ពេល​នោះ​ពួក​អ្នក​ដែល​ស្រលាញ់​សៀម គឺ​បក្សពួក​របស់​ព្រះឧបរាជ​អង្គ​ឯម និង​អ្នក​អង្គ​ម្ចាស់​អង្គឌួង បាន​លួច​ចុះ​ទៅ​បំផុស​ប្រជាជន​តាម​ស្រុក​ស្រែ​ចម្ការ​ឱ្យ​បះបោរ​ឡើង ហើយ​ចាប់​ផ្ដើម​កាប់​សម្លាប់​ជន​អាណ្ណាម​ឥត​រើស​មុខ ។ ការ​កាប់​សម្លាប់​នេះ បាន​រីក​រាលដាល​រហូត​មក​ដល់​ភ្នំពេញ ដែល​ទ័ព​អាណ្ណាម​បាន​នាំ​គ្នា​រត់​មក​ជ្រក​នៅ​ទាំង​កងៗ តែ​ក៏​ត្រូវ​គេ​លួច​សម្លាប់​នៅ​ពេល​យប់​ដែរ ។ ក្នុង​រយៈពេល​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ កម្ពុជា​ទាំងមូល​សឹងតែ​គ្មាន​វត្ដមាន​អាណ្ណាម​តទៅ​ទៀត លើក​លែងតែ​នៅ​តាម​ទីប្រជុំជន​ធំៗ ដែល​គេ​មិន​នឹក​ស្មានថា​ប្រជាជន​ខ្មែរ​ពេល​នោះ​អាច​ធ្វើ​ដូច្នេះ​បាន​សោះ ។

ប្រជាជន​បាន​បះបោរ​ជា​ទូទៅ ហើយ​ពួក​មន្ដ្រី​ធំៗ​បាន​លួច​ប្រជុំ​គ្នា​ជា​សម្ងាត់ និង​បាន​សម្រេច​ថា ត្រូវ​ហៅ​រក​សៀម​ឱ្យ​មក​ជួយ​កម្ពុជា​ម្ដង​ទៀត ។ គេ​នាំ​គ្នា​បង្កើត​គណៈកម្មការ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​មួយ រួច​បាន​ចាត់តាំង​មន្ដ្រី​ធំ​២​រូប​គឺ​ឧកញ៉ា​វិបុល​ឡុង ជា​អនុរដ្ឋមន្ដ្រី​ខាង​ទ័ព​ជើងទឹក និង​ឧកញ៉ា​សួគ៌ាលោក មួក ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់ ឱ្យ​នាំ​យក​ញត្ដិ​មួយ​ទៅ​បាងកក សុំ​អន្ដរាគមន៍​របស់​សៀម និង​ការ​លើក​ព្រះ​អង្គឌួង​ឱ្យ​ឡើង​សោយរាជ្យ​លើ​រាជបល្ល័ង្ក​កម្ពុជា តាម​ចំណង់​ចំណូល​ចិត្ដ​របស់​ប្រជារាស្ដ្រ ។
ស្ដេច​សៀម​បាន​ឯកភាព​តាម​ការ​ស្នើ​សុំ​ទាំង​២ រួច​បាន​ចាត់តាំង​ចៅ​ឃុន​បឌិន​ឱ្យ​កេណ្ឌ​ទ័ព​មក​រៀបចំ លើក​រាជវង្ស​កម្ពុជា​ឱ្យ​សោយរាជ្យ​ឡើង​វិញ ។

ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក មេទ័ព​អាណ្ណាម​ទាំង​៣​នាក់​ដែល​ឈរជើង​នៅ​ពោធិ៍សាត់​បាន​ត្រូវ​វាយ​ឱ្យ​ បរាជ័យ ហើយ​បាន​នាំ​គ្នា​រើ​សម្ភារ​ដកថយ​ចេញ ដោយ​បោះបង់​បន្ទាយ​ពោធិ៍សាត់​ទុក​ឱ្យ​ទ័ព​សៀម ។ ចៅ​ឃុន​បឌិន​បាន​ដឹកនាំ​ទ័ព​បន្ដ​ដំណើរ​ចូល​មក​ក្នុង​ផ្ទៃ​ប្រទេស ក្រោម​ស្នូរ​ទះដៃ​អបអរ​សាទរ​ពី​ប្រជាជន​ដែល​បាន​នាំ​គ្នា​ងើប​ក្រោក​ឈរ​ឡើង​ ជួយ​គាំទ្រ​វាយ​ប្រហារ​ទៅ​លើ​កងទ័ព​សត្រូវ​ដែល​រត់គេច​ពាស​ពេញ​ប្រទេស ។
ពេល​នោះ​ព្រះ​ចៅ​អធិរាជ​អាណ្ណាម​បាន​បញ្ជូន​ទ័ព​ជំនួយ​មួយ​កង​មក​ជាមួយ​ ព្រះ​ឧបរាជ​អង្គ​ឯម​ រាជបុត្រា​របស់​ព្រះ​អង្គ​ព្រះ​នាម​ថា​ អង្គភឹម​ និង​ព្រះ​ក្សត្រី​ទាំង​៣​អង្គ​ដែល​ជា​បុត្រី​របស់​ស្ដេច​អង្គ​ចន្ទ​ដោយ​ សង្ឃឹម​ថា នឹង​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​គ្នា​រវាង​ខ្មែរ​ និង​ខ្មែរ ។ ក៏​ប៉ុន្ដែ​ក្រោយ​ពី​មាន​អាវុធ​កាន់​នៅ​ក្នុង​ដៃ ក្រុម​នេះ​បាន​បែរ​ទៅ​ប្រឆាំង​នឹង​ពួក​អាណ្ណាម​ដែល​ជិះជាន់​ពួក​គេ​អស់​ពេល​ ៧​ឆ្នាំ​មក​ហើយ រួច​ក៏​នាំ​គ្នារត់​ទៅ​ចុះចូល​ជាមួយ​ទ័ព​សៀម​វិញ ភ្លេច​អស់​អំពើ​ឃោរឃៅ​របស់​សៀម​កាលពី​ពេល​មុន ។ ទ័ព​សៀម​វាយ​រុញច្រាន​ទ័ព​អាណ្ណាម ដែល​ដក​ថយ​ទៅ​ជា​ក្រុម​តូចៗ ដោយ​ដេញ​តាម​រហូត​ទៅ​ជិត​ដល់​ចូវដុក ។ នៅ​ទីនោះ មាន​មេទ័ព​អាណ្ណាម​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ទាំង​មេទ័ព​ប្រចាំ​ខែត្រ​ពោធិ៍សាត់​ទាំង​៣​នាក់​ផង បាន​នាំ​គ្នា​ផឹក​ថ្នាំ​សម្លាប់​ខ្លួន ដើម្បី​ជៀសវាង​ការ​ទទួល​ទណ្ឌកម្ម​ពី​ព្រះ​ចៅ​អធិរាជ ។

No comments:

Post a Comment