ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ៣) - វគ្គ៦
Posted: Oct-12-2016
៣៦. ព្រះអង្គរាមរាជា-អង្គនន់ (១៧៧៥-១៧៧៩)
ព្រះអង្គរាមរាជាជាព្រះរាជបុត្រារបស់ព្រះស្រីជ័យជេដ្ឋា និងជាព្រះរាជនត្ដារបស់ព្រះធម្មោរាជាទី១ ។ ព្រះអង្គមានព្រះជន្ម៣៦ព្រះវស្សាហើយនៅពេលដែលទ្រង់ទទួលព្រះ រាជាភិសេកក្រោមព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះរៀមរាជាធិរាជបរមបពិត្រ» ។ ព្រះរាជាមុនដែលដាក់រាជ្យ បានទួលព្រះឋានៈជាព្រះឧភយោរាជ ឯព្រះអង្គថន ជាព្រះអនុជរបស់ព្រះអង្គរាមរាជា បានទទួលព្រះឋានៈជាព្រះឧបរាជធំ ។
ដោយមានការព្រួយបារម្ភខ្លាចពួកអាណ្ណាមដែលប្រឆាំងនឹងការឡើង សោយរាជ្យរបស់ព្រះអង្គ ធ្វើការវាយប្រហារមកលើ ព្រះរាជាបានចេញព្រះរាជបញ្ជាឱ្យធ្វើកាំភ្លើងធំ កាំភ្លើងតូច រំសេវ គ្រាប់កាំភ្លើងធំ គ្រាប់កាំភ្លើងតូច ហើយបានឱ្យសង់បន្ទាយការពាររឹងមាំ២ មួយនៅភ្នំពេញ មួយទៀតនៅមុខកំពូល ។ ក៏ប៉ុន្ដែចៅហ្វាយក្រុងសាយហ្គន និងស្ដេចយ៉ាឡុង (ង្វៀងភុកធន់) ដែលសោយរាជ្យនៅរាជធានីវ៉េពេលនោះមានការរវល់នឹងរឿងផ្សេងទៅវិញ ។ នោះគឺពួកអ្នកភ្នំខាងកើត ឬតៃសឺននៅនឹងតៃភូបានបះបោរឡើងក្រោមការដឹកនាំរបស់បងប្អូន២នាក់ ឈ្មោះឌុកអុងថាញ់និងឌុកអុងឯម (៥៥) ហើយធ្វើការគំរាមកំហែងមកលើរាជធានីវ៉េក្នុងឆ្នាំ១៧៧៥ ។ ចំណែកនៅកូសាំងស៊ីនខាងក្រោមវិញ មានការបះបោរមួយកើតឡើង ធ្វើឱ្យចៅហ្វាយខែត្រអាណ្ណាមឈ្មោះ ចាសចេ មានការលំបាកនឹងបង្ក្រាបយ៉ាងខ្លាំង ។ ម្ល៉ោះហើយពួកនេះមិនបានបើកការវាយប្រហារមកលើកម្ពុជាទេ ផ្ទុយទៅវិញ គេបានសំណូមពរឱ្យកម្ពុជាជួយទៅវិញ ។ ក៏ប៉ុន្ដែព្រះរាជាកម្ពុជាបានប្រកែក មិនចង់មានទំនាក់ទំនងជាមួយពួកអាណ្ណាម ដែលធ្លាប់តែវាយប្រហារមកលើព្រះអង្គ មុនពេលដែលទ្រង់បានឡើងសោយរាជ្យឡើយ ។
ចៅហ្វាយក្រុងសាយហ្គនមិនបានអង្វរករអ្វីទៀតទេ ប៉ុន្ដែនៅពេលដែលបង្ក្រាបការបះបោររួច គេក៏បែរមករកធ្វើសង្គ្រាមសងសឹកនឹងកម្ពុជាតែម្ដង ។ គាត់បានដឹកនាំទ័ពឡើងតាមទន្លេ រហូតមកដល់ភ្នំពេញ ដោយគ្មានជួបប្រទះការទប់ទល់អ្វីឡើយ ។ ប៉ុន្ដែមកដល់ភ្នំពេញ មានទ័ពខ្មែរមួយកងកំពុងតែរង់ចាំជាស្រេច ។ មានការប្រយុទ្ធគ្នាចំនួន២០លើកនៅជុំវិញរាជធានី ពួកអាណ្ណាមត្រូវបរាជ័យស្ទើរតែរាល់លើក ។ នៅពេលដែលច្បាំងទៅបាត់បង់កម្លាំងអស់ច្រើនពេក ហើយការផ្គត់ផ្គង់ស្បៀងក៏លំបាក ព្រោះអ្នកស្រុកបះបោរប្រឆាំងគ្រប់ទិសទី ជាពិសេសពីខាងក្រោយ ពួកអាណ្ណាមក៏បែរខ្នងរត់ត្រលប់ទៅកូសាំងស៊ីនវិញទៅនៅចុងឆ្នាំ ១៧៧៦ ។
ព្រះរាជាបានដឹកនាំទ័ពដេញតាមរហូតដល់ហួសព្រំដែន ដណ្ដើមយកបានខែត្រវិញឡុង និងមីថមកវិញ ។ គេនិយាយថាទ្រង់បានបំផុសបំផុលពួកអ្នកស្រុកកូសាំងស៊ីនដែលមានកំហឹង នឹងពួកអាណ្ណាមស្រាប់ឱ្យកាប់សម្លាប់ពួកអាណ្ណាមឱ្យអស់ពីទឹកដី ក៏ប៉ុន្ដែបានព្រះឧភយោរាជ និងព្រះឧបរាជធំឃាត់ ។
នៅក្នុងឆ្នាំ១៧៧៧ វិបុលរាជស្រី ដែលជាជំនួយការរបស់លោកក្រឡាហោមរដ្ឋមន្ដ្រីខាងទ័ពជើងទឹក ដោយយល់ឃើញថា ព្រះឧបរាជអង្គធំជាមនុស្សតែម្នាក់គត់ដែលអាចទាមទារយករាជបល្ល័ង្ក បាន ក៏សុំការអនុញ្ញាតចូលគាល់ហើយថ្វាយយោបល់ឱ្យទ្រង់យល់ព្រមធ្វើគុត ព្រះរាជាជាព្រះរៀមដើម្បីដណ្ដើមរាជសម្បត្ដិ ។ ព្រះឧបរាជធំបានច្រានចោលមតិនេះ ក៏ប៉ុន្ដែទ្រង់មិននិយាយស្ដីអ្វីទេ ព្រោះថាតាមពិតទៅទ្រង់ក៏ចង់បានរាជបល្ល័ង្កបន្ដពីព្រះរៀមដែរ ។ វិបុលរាជស្រីភ័យខ្លួន ខ្លាចព្រះឧបរាជធំចោទប្រកាន់ ក៏ទៅចូលគាល់ព្រះរាជាទូលបង្កាច់ថាព្រះឧបរាជធំក្បត់បានចាត់ឱ្យ ខ្លួនមកធ្វើគុតព្រះរាជា ។ ព្រះរាជាទ្រង់ជឿសម្ដីវិបុលរាជស្រី ហើយបានផ្ទុកផ្ដាក់ឱ្យជននេះធ្វើគុតព្រះឧបរាជវិញ នៅពេលដែលទ្រង់ក្រសាលបាស្កាជាមួយ ហើយញាក់ភ្នែកធ្វើសញ្ញា ។ ព្រះរាជាបានបបួលព្រះឧបរាជធំលេងបាស្កានៅនឹងរានហាលដំណាក់ឧត្ដុង្គ តែទ្រង់មិនបានឱ្យសញ្ញាសោះ ។ ស្អែកឡើង ទ្រង់ក្រសាលទៀត តែនៅតែមិនផ្ដល់សញ្ញាដដែល ធ្វើឱ្យវិបុលរាជស្រីមានការអស់សង្ឃឹមជាខ្លាំង បារម្ភខ្លាចតែព្រះរាជាបានពិភាក្សាសាកសួរព្រះអនុជដឹងរឿងរ៉ាវ សព្វគ្រប់ទេដឹង ព្រោះថាព្រះឧបរាជ នឹងធឹងខ្លាំងណាស់ ហាក់ដូចជាគ្មានអារម្មណ៍ច្របូកច្របល់អ្វីបន្ដិចសោះឡើយ ។ វិបុលរាជស្រីបានចូលគាល់ព្រះរាជាម្ដងទៀត ហើយទូលព្រះអង្គអះអាងថាព្រះអនុជបានរៀបចំអាវុធយុទ្ធភណ្ឌទុកនៅ ក្នុងព្រះរាជដំណាក់ អំពើក្បត់នៅតែពេលនឹងផ្ទុះឡើងប៉ុណ្ណោះ ព្រះរាជាត្រូវចាត់ការឱ្យរហ័សទើបទប់ស្កាត់ទាន់សភាពការណ៍ ។ ព្រះរាជាចាប់មានការភិតភ័យជាខ្លាំង ហើយបានសន្យាថា ទ្រង់នឹងធ្វើសញ្ញាឱ្យនៅក្នុងពេលលេងបាស្កាល្ងាចនេះ ។ ពេលលេងបាស្កាម្ដងទៀត ទ្រង់នៅតែមិនបានឱ្យសញ្ញាដដែល ព្រោះខ្លាចចាញ់បញ្ឆោតវិបុលរាជ ។ ប៉ុន្ដែនៅពេលដែលទ្រង់ងាកព្រះភ័ក្ដ្រមើលទៅវិបុលរាជ ជននេះចាត់ទុកថា នោះជាសញ្ញាដែលព្រះរាជាឱ្យហើយក៏ដកកាំបិតស្នៀតចាក់មកលើចង្កេះ ឆ្វេងរបស់ព្រះឧបរាជ ធ្វើឱ្យព្រះឧបរាជស្រែកយ៉ាងខ្លាំង ហើយដួលទៅឱបជើងព្រះរាជា ។ ព្រះរាជារំភើបខ្លាំងណាស់ ក៏ឱនចាប់បីព្រះអនុជឡើង បបោសអង្អែល និងព្រះកន្សែងសោកាជាខ្លាំង ធ្វើឱ្យព្រះឧបរាជយល់ថា ព្រះរៀមចាញ់បោកគេហើយ ។ ព្រះឧបរាជក៏រៀបរាប់ថ្វាយព្រះរៀមអំពីរឿងដែលវិបុលរាជស្រីបានទៅ បញ្ចុះបញ្ចូលព្រះអង្គ ព្រះអង្គបានប្រកែក ប៉ុន្ដែព្រះអង្គនៅស្ងៀម មិនបានទូលរឿងនេះថ្វាយ ហើយទ្រង់ថាសុំទោសចំពោះការដែលមិនបានរាយការណ៍ថ្វាយនេះ ។ ព្រះរាជាក៏ចេញបញ្ជាភ្លាម ឱ្យគេចាប់វិបុលរាជស្រី ប្រគល់ឱ្យចៅក្រមដាក់ទោសទៅតាមច្បាប់ នៅក្នុងខែធ្នូ ឆ្នាំ១៧៧៧ ។
វិបុលរាជស្រីនេះបានប្រព្រឹត្ដខុសឆ្គងម្ដងរួចមកហើយកាលពីមួយ ឬពីរឆ្នាំមុន ហើយត្រូវបានព្រះរាជាប្រោសប្រណីលើកទោសឱ្យ ។ ជននេះបានស្រលាញ់ស្នំម្នាក់ដែលព្រះរាជាសព្វព្រះទ័យ ទើបតែលើកធ្វើជាស្នំឯកនៅក្នុងព្រះរាជវាំង ។ ដោយត្រូវធ្វើឱ្យភ្ញាក់ផ្អើលពេលទតឃើញវិបុលរាជនេះនៅលើទែនសយនា ស្នំឯក នៅពេលដែលទ្រង់ទើបតែយាងចេញបានបន្ដិច ដើម្បីទៅបំពេញកិច្ចការសំខាន់មួយ ជននេះបានស្ទុះទៅកញ្ឆក់យកដាវមួយមកកាន់គំរាមព្រះរាជាដើម្បីបើក ផ្លូវរត់ចេញ ។ ពួកអ្នកយាមឃើញដូច្នេះ ស្រឡាំងកាំង មិនដឹងថាមានរឿងហេតុអ្វីកើតឡើងនៅក្នុងព្រះរាជដំណាក់ ក៏បណ្ដោយឱ្យវិបុលរាជរត់ចេញទៅ ។ ប៉ុន្ដែ ដល់ដឹងរឿងរ៉ាវសព្វគ្រប់ពួកអ្នកយាមនោះក៏នាំគ្នាដេញតាម ហើយបាញ់ព្រួញត្រូវវិបុលរាជត្រង់ឆ្អឹងជំនីរ ដួលដេកនឹងដី ។ ប៉ុន្ដែ ព្រះរាជាទ្រង់បានលើកទោសកំហុសឱ្យទៀត ។ វិបុលរាជមកទូលព្រះរាជាបង្ខូចព្រះឧបរាជថា មានបំណងចង់ធ្វើឃាតព្រះរាជា ដោយទូលថាដើម្បីសងគុណព្រះអង្គ ដែលបានលើកលែងទោសឱ្យពីមុននោះឯង ។ ទោសកំហុសលើកនេះជាក់ស្ដែងខ្លាំងណាស់ ក៏ប៉ុន្ដែគេគិតថាព្រះរាជាដែលធ្លាប់លើកទោសកំហុសឱ្យវិបុលរាជម្ដង មកហើយ ទ្រង់សព្វព្រះទ័យនឹងជននេះខ្លាំងណាស់ ណាមួយទ្រង់បានជឿទៅលើសម្ដីបងប្អូនរបស់វិបុលរាជទាំង៤នាក់គឺ តេជោទែន ចៅហ្វាយស្រុកកំពង់ស្វាយ ពាង ចៅហ្វាយស្រុកបារាយណ៍ សូរ ចៅហ្វាយស្រុកព្រៃក្ដី និងមូ ចៅហ្វាយស្រុកទ្រាំង ថាព្រះឧបរាជធំពិតជាបានរៀបផែនការក្បត់ព្រះអង្គមែន ហើយបានស្នើសុំឱ្យព្រះអង្គលើកលែងទោសឱ្យម្ដង ទៀត ។ ព្រះឧភយោរាជ ក្រោយពីបានជ្រាបអំពីឧក្រិដ្ឋកម្មនេះ ហើយ ដោយកំពុងតែប្រឈួន ស្រាប់ ទ្រង់ មានព្រះទ័យរំជើបរំជួលខ្លាំងណាស់ ណាមួយទ្រង់បារម្ភចំពោះខ្លួនព្រះអង្គផង ទើបថ្វាយព្រះយោបល់ដល់ព្រះរាជាថា ត្រូវដាក់ទោសវិបុលរាជស្រីឱ្យធ្ងន់ជាទីបំផុត ។ ប៉ុន្ដែព្រះឧភយោរាជបានសុគតប៉ុន្មានថ្ងៃក្រោយមកក្នុងព្រះជន្ម៣៨ ព្រះវស្សា ។ គេនិយាយថាទ្រង់ក៏ត្រូវគេលួចធ្វើឃាតដូចជាព្រះអនុជអីចឹងដែរ ។ ខ្ញុំបានស្គាល់តាចាស់ម្នាក់ ដែលជីតារបស់គាត់មានជាប់ពាក់ព័ន្ធនឹងរឿងនេះ បាននិយាយថា គាត់ធ្លាប់ឮឪពុកគាត់ប្រាប់ថា ព្រះឧភយោរាជត្រូវសុគតដោយគេធ្វើឃាតចាក់នឹងដាវធ្លុះព្រះកាយ ។ ពេលនោះមន្ដ្រីទាំងឡាយមិនបានគិតដល់រឿងអ្វីវែងឆ្ងាយទេ ក៏សម្រេចកាត់ទោសសម្លាប់វិបុលរាជស្រីចោលទៅ ។
ការកាត់ទោសប្រហារវិបុលរាជស្រីនេះ បានធ្វើឱ្យម្ដាយឈ្មោះ ជំទាវឡាង មានកំហឹងជាខ្លាំង ហើយសម្រេចចិត្ដធ្វើការសងសឹកវិញ ប៉ុន្ដែមិនមែនសងសឹកនឹងពួកចៅក្រមទេ គឺសងសឹកនឹងព្រះរាជាតែម្ដង ព្រោះគឺព្រះរាជានេះឯងដែលបានឱ្យសញ្ញាឱ្យសម្លាប់ព្រះឧបរាជក្បត់ ហើយបែរមកចាប់កំហុសអ្នកទទួលរាជបញ្ជាទៅវិញ ។ ជំទាវឡាងបានទៅសុំយកសពវិបុលរាជស្រីមកធ្វើបុណ្យយ៉ាងអធិកអធម រួចហើយបញ្ចុះបញ្ចូលកូនគាត់ទាំង៤នាក់ទៀត ឱ្យនាំគ្នាបះបោរឡើងប្រឆាំងនឹងព្រះរាជា ។ ក៏ប៉ុន្ដែចៅហ្វាយខែត្រទាំងអស់នោះ ថ្វីបើគោរពម្ដាយនឹកអាណិតពេលឃើញទឹកភ្នែកគាត់ហូរធ្លាក់មក និងឃើញគាត់បញ្ចេញកំហឹងទៅលើព្រះរាជាក៏ដោយក៏ពួកគេមិនចង់ធ្វើ តាមគាត់ដែរ ។ រឿងរ៉ាវហាក់ដូចជាស្ងប់ទៅវិញ ទទួលពេលបុណ្យភ្ជុំបិណ្ឌចូលមកដល់ ។ ជំទាវឡាងបានអញ្ជើញទៅវត្ដយកចង្ហាន់ទៅប្រគេនលោកឧទ្ទិសកុសលជូន ដល់មាតាបិតាជីដូនជីតាដូចធម្មតា រួចហើយគាត់បានហៅកូនទាំង៤ទៅផ្ទះ ដើម្បីបំពេញពិធីក្នុងគ្រួសារបន្ថែមទៀត ។ ទៅដល់ផ្ទះ គាត់យកអដ្ឋិធាតុរបស់វិបុលរាជស្រី ដែលដាក់ក្នុងកោដិមាសមកបង្ហាញ ហើយនិយាយថាធាតុរបស់បងកូនទាំងអស់គ្នានេះកំពុងតែដង្ហោយហៅឱ្យ កូនសងសឹកជួស ដូច្នេះកូនត្រូវតែប្រមែប្រមូលមិត្ដភក្ដិ បក្សពួក ញាតិមិត្ដទាំងឡាយ បង្កើតជាទ័ពមួយជាប្រញាប់ដើម្បីសងសឹកនឹងព្រះរាជា ។ ចៅហ្វាយខែត្រទាំង៤ស្រាប់តែច្រឡោតខឹងតាមការញុះញង់របស់លោកជំទាវ ជាម្ដាយ ក៏សន្យាថានឹងសងសឹកព្រះរាជាវិញ រួចវិលត្រលប់ទៅកាន់ខែត្ររៀងៗខ្លួន ក្នុងចិត្ដនឹកគិតតែអំពីរៀបចំផែនការសងសឹកប៉ុណ្ណោះ ។
នៅឆ្នាំបន្ទាប់ ស្ដេចសៀមភ្យាតាកបានចងសម្ព័ន្ធមេត្រីភាពជាមួយព្រះរាជាកម្ពុជាហើយ បានរៀបចំផែនការទៅវាយស្ដេចលាវដែលសោយរាជ្យនៅវៀងចន្ទ ដោយសុំជំនួយពីទ័ពខ្មែរ១ម៉ឺននាក់ ។ សម្ព័ន្ធមេត្រីភាពជាមួយសៀមដើម្បីវាយលាវដែលកម្ពុជាមិនដែលមានផល រមាស់អ្វីបន្ដិចសោះនោះ បានធ្វើឱ្យព្រះរាជាអស់ប្រជាប្រិយភាព ។ នៅក្នុងខែត្រកំពង់ស្វាយដែលទ័ពត្រូវដើរកាត់ គឺមួយកងបានសំដៅទៅរកចំប៉ាសាក់ និងមួយកងទៀតសំដៅទៅរកទន្លេមេគង្គ គេបានកេណ្ឌស្រីៗឱ្យបុកស្រូវដែលប្រមូលបានពីអ្នកស្រុក ធ្វើអង្ករឱ្យកងទ័ព ធ្វើឱ្យអ្នកស្រុកខឹងសម្បាបះបោរឡើង ។ ពេលទៅដល់ស្រុកលាវ មានទាហានមួយចំនួនដែលគេរើសចេញពីខែត្រកំពង់ស្វាយនេះ បានរត់ចោលជួរត្រលប់មកវិញ ហើយពួននៅក្នុងព្រៃ ។ ព្រះរាជាបានបញ្ជូនមនុស្សឱ្យតាមដើររកពួកដែលរត់ចោលជួរទាំងអស់នោះ ដើម្បីចាប់យកមកដាក់ទោស ក៏ប៉ុន្ដែបេសកជនទាំងនោះ បានត្រូវអ្នកស្រុកព្រួតគ្នាចាប់កាប់សម្លាប់ចោលអស់ ។ តេជោទែន ជាស្ដេចត្រាញ់ដែនដីកំពង់ស្វាយ មិនបានរាយការណ៍អំពីសភាពការណ៍នេះថ្វាយព្រះរាជាទេ ចំណែកឯបងប្អូនគាត់២នាក់ទៀត គឺសែនខាងហ្វ៊ាពាង ចៅហ្វាយខែត្របារាយណ៍ និងមន្ដ្រីស្នេហាសូរ ចៅហ្វាយខែត្រព្រៃក្ដី ក៏មិនបានធ្វើអ្វីដែរ ដើម្បីចាប់ចងពួកទាហានរត់ចោលជួរ និងទប់ទល់កុំឱ្យការបះបោររីករាលដាលថែមទៀត ។ ចៅហ្វាយខែត្រទាំង៣នាក់នេះបានត្រូវគេកោះហៅឱ្យមកចូលគាល់ ព្រះរាជានៅបន្ទាយពេជ្ររួចហើយកាត់ទោសប្រហារជីវិត ។ ក៏ប៉ុន្ដែទោសរបស់ពាងចៅហ្វាយខែត្របារាយណ៍ បានត្រូវព្រះរាជាសម្រាលមកត្រឹមបញ្ចុះឋានៈ និងវាយ៥០រំពាត់ ឯស្ដេចត្រាញ់ទែនត្រូវដកដំណែងចេញ ។
អតីតស្ដេចត្រាញ់តេជោទែនបានវិលត្រលប់មកក្នុងខែត្ររបស់ខ្លួន វិញជាមួយនឹងប្អូនប្រុសពាង ហើយក៏តាំងប្រកាសបះបោរប្រឆាំងនឹងព្រះរាជាចាប់ពីឆ្នាំបន្ទាប់មក គឺឆ្នាំ១៧៧៩ ។ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពទាំងអស់នេះ ព្រះរាជាបានចាត់ឱ្យបងប្រុសរបស់អ្នកទាំង២ គឺឧកញ៉ាមូ ចៅហ្វាយខែត្រទ្រាំង ដែលកាលពីមុនជាស្ដេចត្រាញ់ដែនដីកំពង់ស្វាយ ជាអ្នកចាប់អ្នកអង្គម្ចាស់អង្គនន់រាមា និងអង្គជ័យដាក់ទ្រុងដែកក្នុងឆ្នាំ១៧៥៧ ឱ្យចេញមកបង្ក្រាប ។ ឈ្មោះមូនេះ ជាមនុស្សសកម្ម នឹងនរមិនឆេវឆាវ ក៏ប៉ុន្ដែនៅក្នុងព្រះរាជវាំងមិនសូវមានគេចូលចិត្ដទេ ព្រោះជាមនុស្សលោភលន់ បើចង់បានអ្វីហើយ គាត់ហ៊ានធ្វើអ្វីៗទាំងអស់ឱ្យតែបានដូចបំណង ។
មូដឹកនាំទ័ពមកដល់កំពង់ធំ ជួបទ័ពបះបោររបស់ប្អូនទាំង២ ក៏ឈប់ចរចាគ្នាសិន ។ នៅទីបញ្ចប់ គាត់ក៏ជឿតាមសម្ដីប្អូន ហើយយល់ព្រមចូលដៃជាមួយ ធ្វើសង្គ្រាមប្រឆាំងនឹងព្រះរាជាវិញ ។ ទាំង៣នាក់បងប្អូន មូ ពាង និងទែន ក៏នាំទ័ពមកកាន់បន្ទាយពាមសែន ដែលវិបុលរាជសួសដកចេញទៅបាត់ ។ ជនក្បត់នេះមានបក្សពួកនៅឯខែត្របាសាក់ និងព្រះត្រពាំង (ត្រាវិញ) ដែលពួកអាណ្ណាមទើបតែដណ្ដើមយកដាក់ជាទឹកដីរបស់គេក៏ចាត់តាំង ភ្នាក់ងារទៅជ្រើសរើសកងទ័ពក្នុងចំណោមពួកខ្មែរនៅទីនោះឱ្យឡើងមក វាយយកបន្ទាយពេជ្រ ដែលនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីឧត្ដុង្គ ។ ទ័ពបះបោរក៏លើកមកដណ្ដើមយកបន្ទាយនេះបាន ហើយចាប់អ្នកអង្គម្ចាស់អង្គអេង ជាបុត្រារបស់ព្រះឧភយោរាជឧទ័យសុរិយោពណ៌ ដែលសុគតទៅកាលពីខែធ្នូ ឆ្នាំ១៧៧៧ ហើយដែលទើបតែមានព្រះជន្ម៦ព្រះវស្សាប៉ុណ្ណោះ ។ រួចហើយជនក្បត់នេះបានចាប់បុត្រា៤អង្គទៀតរបស់ព្រះរាជានុសិទ្ធិ ឱ្យគេសម្លាប់ចោល ទើបចាកចេញទៅវិញ ដោយនាំយកព្រះរាជទ្រព្យទាំងអស់ទៅជាមួយផង ក្រោយពីបានបញ្ជាឱ្យដុតព្រះរាជមន្ទីរចោលរួចហើយ ។
អ្នកស្រុកត្រូវរត់ចោលផ្ទះសម្បែង ព្រោះពួកអាណ្ណាមដែលពួកបះបោរបានហៅមក ដេញពីក្រោយតាមធ្វើបាប និងដណ្ដើមយកទ្រព្យសម្បត្ដិ ។ គម្ពីរសាស្ដ្រាក្បួនច្បាប់ផ្សេងៗដែលមាននៅតាមវត្ដអារាម បានត្រូវពួកនេះបោះគ្រវាត់ចោលទៅក្នុងទឹក អណ្ដែតពាសពេញទន្លេ ធ្វើឱ្យប្រជាជនទាំងមូលអស់សង្ឃឹមយ៉ាងខ្លាំង ។ រាជពង្សាវតាររៀបរាប់ថាមាននារីៗជាច្រើននាក់ស្រែកយំនៅពេលដែលឃើញ ក្បួនច្បាប់ជំនឿសាសនានេះ បានត្រូវគេបំផ្លិចបំផ្លាញឱ្យខូចខាតបាត់បង់យ៉ាងនេះ ។ នៅពេលនោះព្រះរាជាទ្រង់កំពុងតែគង់នៅឯកំពង់ធំ ។ ពេលទ្រង់បានទទួលព័ត៌មានស្ដីពីអំពើឃោរឃៅទាំងនេះ ហើយឃើញវិបុលរាជសួសបង្ហាញខ្លួនក្បែរៗរាជធានី ព្រះអង្គក៏យាងត្រលប់មកវិញ ហើយបានជួបប្រយុទ្ធជាមួយទ័ពពួកបះបោរនៅកំពង់ឆ្នាំង ។ ដោយមិនអាចវាយយកជ័យជម្នះបាននៅព្រែកបូពាង ណាមួយទ្រង់បារម្ភខ្លាចវិបុលរាជ ដែលនៅកំពង់ពេជ្រលើកគ្នាមកព្រួតវាយថែមទៀតនោះ ព្រះអង្គក៏ភៀសព្រះកាយចេញពីសមរភូមិ ថយទៅជ្រកព្រះកាយនៅភ្នំកំរៀង ក្នុងខែត្រក្រង ។
គេនិយាយថា នៅទីនោះ ព្រះរាជាទ្រង់ទាល់ព្រះតម្រិះមិនដឹងថាតើត្រូវធ្វើយ៉ាងណាទេ ស្រាប់តែលេចលោកធុតង្គមួយអង្គឈ្មោះថា សីលមាស ចេញមកទូលសុំអនុញ្ញាតដឹកនាំទ័ពហើយធានាថានឹងដណ្ដើមយកជ័យជម្នះ មកថ្វាយ ។ ព្រះរាជាដែលកំពុងតែអស់សង្ឃឹមទៅហើយ ក៏យល់ព្រមតាម ។ ប៉ុន្ដែសីលមាសក៏មិនមានសំណាងល្អជាងព្រះរាជាប៉ុន្មានដែរ គាត់បានចេញប្រយុទ្ធ តែមិនបានជោគជ័យសោះ ។ នៅពេលនោះ មូ បានទទួលព័ត៌មានច្បាស់ថាព្រះរាជាទ្រង់គង់នៅឆ្ងាយពីកងពលរេហ៍ និងមានតែសេនាបន្ដិចបន្ដួចប៉ុណ្ណោះនៅការពារ ហើយដាច់ស្បៀងគ្មានគ្រឿងសាស្ដ្រាវុធផង ក៏នាំទ័ពចូលរហូតមកដល់កន្លែងដែលព្រះអង្គគង់នៅ ចាប់ព្រះអង្គនាំយកទៅដល់បឹងខ្យង (៥៦) នៅខាងត្បូងឧត្ដុង្គ រួចចាប់ជ្រមុជក្នុងទឹកសម្លាប់ព្រះអង្គទៅ នៅក្នុងខែសីហា ឆ្នាំ១៧៧៩ ត្រូវនឹងមហាសករាជ១៧០១ (ចុល្លសករាជ១១៤១) ។
ព្រះអង្គរាមរាជា សោយរាជ្យបាន៤ឆ្នាំ ។ ពេលនោះ ទ្រង់មានព្រះជន្ម៣៩ព្រះវស្សា ។
៣៧. រយៈកាលចន្លោះរាជ្យ (១៧៧៩)
មូ ដណ្ដើមអំណាចបាន រួចបានប្រកាសខ្លួនជាចៅហ្វ៊ា គឺថ្នាក់ជានាយករដ្ឋមន្ដ្រី ។ គាត់បានលើកឧកញ៉ា អធិវង្សាប៉ុក ឪពុកចិញ្ចឹមរបស់អ្នកអង្គម្ចាស់អង្គអេង ឱ្យឡើងធ្វើជាឧកញ៉ាវាំង ឯព្រះអង្គអេងផ្ទាល់ជាព្រះមហាឧបរាជ ។ វិបុលរាជសួសបានឡើងជាឧកញ៉ាក្រឡាហោមគឺរដ្ឋមន្ដ្រីទ័ពជើងទឹក ។ ពាងប្អូនរបស់គាត់គាត់ឱ្យឡើងជាឧកញ៉ាចក្រី គឺរដ្ឋមន្ដ្រីខាងសង្គ្រាម ។ ក៏ប៉ុន្ដែប្រជារាស្ដ្រ និងនាម៉ឺនសព្វមុខមន្ដ្រីចង់ឱ្យមានស្ដេចសោយរាជ្យមួយអង្គ ។
ថ្វីបើមានឧទាហរណ៍ហូរហែមកពីខាងប្រទេសភូមា ដែលអាឡោងផ្រាបានដណ្ដើមយករាជបល្ល័ង្កនៅក្នុងឆ្នាំ១៧៥៣ និងពីប្រទេសសៀមដែលភ្យាតាកបានប្រកាសខ្លួនជាព្រះរាជាក្នុងឆ្នាំ ១៧៦៧ក៏ដោយក៏ប៉ុន្ដែចៅហ្វ៊ា មូ មិនបានអនុវត្ដតាម ឬក៏មានមហិច្ឆតាខ្ពស់ដល់ម្លឹងពេកទេ ។ គាត់បានរៀបចំឱ្យធ្វើការជ្រើសរើសរកព្រះរាជាមួយអង្គចេញពីក្នុង ព្រះរាជវង្សានុវង្ស ទៅតាមបំណងរបស់ប្រជារាស្ដ្រ និងប្រពៃណីពីបុរាណ ។
៣៦. ព្រះអង្គអេង (១៧៧៩-១៧៩៦)
នាម៉ឺនសព្វមុខមន្ដ្រី និងចៅហ្វ៊ាមូបានឯកភាពគ្នាជ្រើសតាំងអ្នកអង្គម្ចាស់អង្គអេង ដែលត្រូវជាបុត្ររបស់ព្រះឧភយោរាជស្រីសុរិយោពណ៌ (ព្រះឧទ័យ) ដែលសុគតនៅឆ្នាំ១៧៧៧ ឱ្យឡើងគ្រងរាជសម្បត្ដិទាំងព្រះអង្គទើបតែមានព្រះជន្មាយុ៦ព្រះ វស្សាប៉ុណ្ណោះ ។ ធ្វើយ៉ាងនេះ ចៅហ្វ៊ាមូ គាត់អាចគេចផុតពីការទិតៀនរបស់សាធារណមតិ ក៏ប៉ុន្ដែគាត់នៅរក្សាអំណាចបានដដែល ។
ជនណាធ្វើការរំខាន ចៅហ្វ៊ាមូបណ្ដេញជននោះចេញ ក្នុងនោះរួមមានទាំងឧកញ៉ាបែន ដែលជាឧកញ៉ាយោមរាជ របស់ព្រះបិតាព្រះរាជាផងដែរ ។ ក្រោយមក ចៅហ្វ៊ាមូបានបញ្ជូនឧកញ៉ាបែនទៅឱ្យស្ដេចសៀមភ្យាតាក តាមរយៈការស្នើសុំរបស់អ្នកអង្គម្ចាស់អង្គកែវឌួង ដើម្បីធ្វើទណ្ឌកម្មតបទៅនឹងការដែលបែនបានប្រយុទ្ធតទល់នឹងព្រះ អង្គ ពេលព្រះអង្គដឹកនាំទ័ពចូលមកក្នុងកម្ពុជា ។
ភ្យាតាត នៅពេលដែលពិនិត្យឃើញថាការគ្រប់គ្រងប្រទេសកម្ពុជាចុះទន់ខ្សោយបែប នេះ ក៏គិតថា ខ្លួនអាចដណ្ដើមយកស្រុកនេះបាន ហើយក៏រៀបចំទ័ពជា៣កង មួយកងៗមានគ្នា៧ពាន់នាក់ រួចឱ្យចេញដំណើរមកវាយយកបន្ទាយពេជ្រនៅជិតឧត្ដុង្គ នគរវត្ដ និងកំពង់ស្វាយ ។ ចៅហ្វ៊ាមូមិនព្រងើយកន្ដើយទេ គាត់បានចេញបញ្ជាឱ្យកេណ្ឌទ័ពជាច្រើននៅតាមបណ្ដាខែត្រដែលទទួល ការគំរាមកំហែងភ្លាម ។ គាត់ដឹងថាការប្រយុទ្ធនឹងបុកសំដៅមករករាជធានី ដែលជាចំណុចសំខាន់នៃសង្គ្រាម ដូច្នេះត្រូវរៀបចំការពារទីតាំងរបស់រដ្ឋាភិបាលឱ្យបានរឹងមាំទើប គាត់ចេញបញ្ជាប្រមូលកម្លាំងទ័ពទាំងអស់ក្នុងព្រះនគរឱ្យមកឈរជើង នៅជុំវិញឧត្ដុង្គនៅត្រង់កំពង់ហ្លួង ពាមជំនីក និងកំពង់រទេះ ហើយចាត់ឱ្យកសាងបន្ទាយការពារយ៉ាងរឹងមាំនៅទីទាំងនោះ ។ គាត់ប្ដេជ្ញាថានឹងតស៊ូប្រយុទ្ធរហូតដង្ហើមចុងក្រោយបង្អស់ ។ គាត់បានចាត់មនុស្សនាំបញ្ជាទៅឱ្យអ្នកស្រុកក្រចេះ សម្បុក និងសម្បូរ នៅលើទន្លេមេគង្គ ឱ្យប្រមូលទូកយកមកទុកនៅកៀនស្វាយ (៥៧) រង់ចាំទទួលបញ្ជា រួចហើយបានបញ្ជូនតំណាងទៅសុំជំនួយពីកូសាំងស៊ីនភាគខាងក្រោម ។ អាណ្ណាមបានបញ្ជូនទ័ពមួយកងតូច ដឹកនាំដោយឧត្ដមសេនីយ៍ឈ្មោះ អុងជរម៉ា មកបោះទ័ពនៅនឹងជ្រោយចង្វា ចំពីមុខភ្នំពេញ ។
ចំណែកយុវក្សត្រព្រះអង្គអេង ត្រូវគេយកមកដាក់នៅជ្រោយចង្វា ឱ្យឆ្ងាយផុតពីការលបវាយឆ្មក់ ដែលអាចនឹងកើតមានឡើង ហើយផ្ទុកផ្ដាក់ឱ្យក្រឡាហោមសួស អតីតវិបុលរាជនៅការពារ ។
ទ័ពខ្មែរដែលដឹកនាំដោយពញាតេជោទែនបានត្រូវទ័ពសៀមវាយឱ្យ បរាជ័យនៅកំពង់ស្វាយ ។ ទ័ពសៀមដែលឈ្នះនោះបានបន្ដធ្វើដំណើរមកកាន់រាជធានីឧត្ដុង្គ ទទួលលេចឮដំណឹងថាស្ដេចសៀមភ្យាតាកធ្លាក់ខ្លួនឆ្កួត ហើយត្រូវពួកអ្នកប្រឆាំងដែលដឹកនាំដោយពញាសានចាប់បាន ក្រោយពីការប្រយុទ្ធអស់៣ម៉ោង ដែលមានការគាំទ្រពីពួកកាន់សាសនាកាតូលិកផង រួចបានត្រូវគេបំបួសជាព្រះសង្ឃតាមសំណូមពរ និងឱ្យគង់នៅក្នុងវត្ដមួយ ដោយមានទាហានយាមការពារយ៉ាងហ្មត់ចត់ ។
មេទ័ពសៀម២នាក់ក្នុងចំណោមមេទ័ពទាំង៣នាក់ដែលជាមេបញ្ជាការ ប្រយុទ្ធនៅកម្ពុជា ពេលបានទទួលព័ត៌មានខាងលើពីចៅហ្វាយខែត្រកូរ៉ាត ក៏ស្រុះស្រួលគ្នាហើយយល់ព្រមបោះបង់សង្គ្រាម ហើយដឹកនាំទ័ពប្រញិបប្រញាប់វិលត្រលប់ទៅបាងកកវិញភ្លាម ។ ពេលទៅដល់រាជធានីដែលមានប្រជារាស្ដ្រកំពុងតែបះបោរ ធ្វើបដិវត្ដន៍ ពួកមេទ័ពទាំងនោះក៏ដណ្ដើមយកអំណាច ប៉ុន្ដែមិនមែនធ្វើតាមរបៀបចៅហ្វ៊ាមូទេ គឺធ្វើតាមភ្យាតាក និងអាឡោងផ្រា ៖ ពញាមហាក្រសាសែក នាយករដ្ឋមន្ដ្រី ដែលតាំងខ្លួនជាព្រះមហាក្សត្រសៀម (ព្រះចៅវាំងហ្លួង) តែម្ដង ។ សាសី ប្អូនប្រុសរបស់ក្រសាសែក ដែលមានឋានៈត្រឹមតែជាឧត្ដមសេនីយ៍ បានឡើងជាឧបរាជ (ព្រះចៅវាំងណា) ។ ឯក្មួយប្រុសរបស់គាត់ឈ្មោះ ម៉ាឡាក់ ត្រូវបានឱ្យឡើងជាកែវហ្វ៊ា ។ ចំណែកពួកអ្នកធ្វើបដិវត្ដន៍ផ្សេងទៀតរួមទាំងពញាសានផងគេកាប់ សម្លាប់ចោលដោយលាក់លៀមនៅខែមីនា ឆ្នាំ១៧៨២ ។ មួយខែក្រោយមក ព្រះរាជាថ្មីបានបញ្ជាឱ្យយកភ្យាតាកចេញពីវត្ដ មកធ្វើឃាតជាមួយនឹងបុត្រទាំងអស់ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៧៨២ ដោយយកលេសថា ភ្យាតាកអាចនឹងបំផុសការបះបោរឡើងវិញបាន ។
នៅពេលដែលហេតុការណ៍ទាំងអស់នេះកើតមានឡើងនៅឯស្រុកសៀម នៅស្រុកអាណ្ណាមឯណោះវិញ ក៏កើតមានព្រឹត្ដិការណ៍ដែលមិនជាស្រាលប៉ុន្មានដែរទេ ។ ពួកតៃសឺនដែលយើងបានឃើញពីខាងលើរួចមកហើយថាបានងើបបះបោរនៅ កូសាំងស៊ីន បានលបលួចចូលមកក្នុងទឹកដីកម្ពុជា ដើម្បីរៀបចំកម្លាំងឡើងវិញ ។ ស្ដេចអាណ្ណាមឈ្មោះ យ៉ាឡុង (58) (ង្វៀងភុកអាញ់) ដែលគង់នៅសាយហ្គនតាំងពីឆ្នាំ១៧៧៧មក បានផ្ដល់ដំណឹងនេះឱ្យរដ្ឋាភិបាលខ្មែរ ដោយសុំឱ្យជួយបណ្ដេញពួកនេះចេញទៅវិញ ។ មេដឹកនាំកម្ពុជា គឺចៅហ្វ៊ាមូ និងសួស បានចាត់ឱ្យក្រឡាហោមពោធិដឹកនាំទ័ពមួយកងតូចទៅវាយពួកតៃសឺន នៅវាលពោធិយ៉ងបណ្ដេញចេញពីកម្ពុជា ។ ប៉ុន្ដែ លោកក្រឡាហោមបរាជ័យ ត្រូវពួកបះបោរអាណ្ណាមសម្លាប់បាន ឯកងទ័ពក៏រត់បែកខ្ញែកគ្នាអស់ ។ ពួកតៃសឺន បានវិលត្រលប់ចូលទៅក្នុងកូសាំងស៊ីនវិញ ដណ្ដើមយកសាយហ្គនបាននៅក្នុងខែកុម្ភៈ ឆ្នាំ១៧៨១ ធ្វើឱ្យស្ដេចយ៉ាឡុង រត់ភៀសព្រះកាយទៅជ្រកកោននៅឯស្រុកសៀម សុំការការពារពីព្រះយុវៈចូឡាលោក (59) ។
មិនយូរប៉ុន្មានក្រោយមក មេទ័ពអាណ្ណាមឈ្មោះ អុងជូរម៉ា បានស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរឆ្លងកាត់ទៅស្រុកសៀមជាមួយមន្ដ្រីមួយចំនួន ដើម្បីនាំយកស្ដេចយ៉ាឡុងមកវិញ ។ ចៅហ្វ៊ាមូ និងសួស បានឯកភាពផ្ដល់ការអនុញ្ញាតឱ្យ ហើយថែមទាំងបានផ្ដល់កម្លាំងការពារជូនទៅទៀតផង ។ ក៏ប៉ុន្ដែនៅពេលធ្វើដំណើរមកដល់ខែត្របាត់ដំបង ពួកកម្លាំងការពារបានសម្លាប់អុងជូរម៉ា និងបក្សពួកចោល រួចចែករបស់របរគ្នា វិលត្រលប់មកស្រុកវិញអស់ទៅ ។ ឧក្រិដ្ឋកម្មនេះមិនត្រូវបានគេរកខុសរកត្រូវដាក់ទណ្ឌកម្មទេ ។ នៅកូសាំងស៊ីន គេគិតថា គឺរដ្ឋាភិបាលកម្ពុជាដែលបញ្ជាឱ្យពួកកងការពារប្រព្រឹត្ដបទល្មើសនេះ បើពុំនោះទេ គឺពួកនេះត្រូវរ៉ូវជាមួយពួកតៃសឺន ។ តែរឿងនេះបានបញ្ចប់បែបនោះទៅ ។
ទ័ពសៀមបានវិលត្រលប់ទៅបាងកកវិញហើយ ឯទ័ពអាណ្ណាមក៏បានឆ្លងព្រំដែនទៅវិញដែរ ព្រះរាជាក្មេងក៏យាងត្រលប់ចូលមកក្នុងរាជធានីឧត្ដុង្គវិញនៅក្នុង ឆ្នាំដដែលនោះ ។ ទ័ពដែលគេបានកេណ្ឌបានយ៉ាងច្រើនក៏ត្រូវរំសាយឱ្យវិលត្រលប់ទៅ ស្រុកវិញ មិនទាន់បានប៉ុន្មានផង ស្រាប់តែចៅហ្វ៊ាមូ និងឧកញ៉ាសួស កើតមានទំនាស់នឹងគ្នា គឺនៅក្នុងខែមិថុនា ឆ្នាំ១៧៨២ ។ មុនដំបូង សួស មិនសប្បាយចិត្ដទាល់តែសោះ បានចាប់នឹកគិតសោកស្ដាយចំពោះអំពើចូលដៃចូលជើងជាមួយនឹងចៅហ្វ៊ាមូ ក៏សរសេរលិខិតមួយផ្ញើទៅឱ្យបែនដែលនៅជាប់ជាឈ្លើយរបស់សៀមដោយ បបួលឱ្យវិលត្រលប់មកកម្ពុជាវិញ ។ គេមិនដឹងថាបែនធ្វើយ៉ាងណាទេទើបបានជាសៀមយល់ព្រមដោះលែងឱ្យវិល មកវិញ ពេលធ្វើដំណើរមកដល់បាត់ដំបងបានជួបជាមួយសួសដែលរង់ចាំនៅទីនោះ ។ អ្នកទាំងពីរបានបំផុសអ្នកស្រុកខែត្របាត់ដំបងឱ្យបះបោរឡើង ជ្រើសរើសបានទ័ពមួយកងធំ រួចនាំគ្នាមកវាយយករាជធានីឧត្ដុង្គបាន ។ ចៅហ្វ៊ាមូត្រូវគេបាញ់ព្រួញចំត្រង់ចំហៀងខ្លួនខាងស្ដាំហើយបាន ត្រូវខ្មែរមកពីសុកត្រាំងដែលមានតៃសឺនជាមេកោយវាយបន្ថែមសម្លាប់ ចោលតែម្ដង ។ ចក្រីពាងប្អូនរបស់ចៅហ្វ៊ាមូក៏ត្រូវគេសម្លាប់ដែរ ។
នៅពេលទទួលដំណឹងថាកូនទាំង២ចុងក្រោយរបស់គាត់គឺចៅហ្វ៊ាមូ និងចក្រីពាងត្រូវគេសម្លាប់អស់ហើយ លោកជំទាវឡាង ជាម្ដាយ បានប្រកូកប្រកាសហៅរកមិត្ដភក្ដិទាំងអស់របស់កូនគាត់ រួមទាំងអ្នកដែលធ្លាប់បានទទួលផលពីខ្លួនគាត់ផង ឱ្យចូលរួមជួយគាត់ធ្វើការឃោសនាប្រឆាំងឡើង ។ គាត់ជិះដំរីដឹកនាំទ័ពប្រយុទ្ធយ៉ាងអង់អាចក្លាហាន លើសពីមនុស្សប្រុសទៅទៀត ។ ក៏ប៉ុន្ដែជំទាវឡាងត្រូវគេចាប់ខ្លួនបានជាមួយនឹងមេទ័ពមួយចំនួន នៅក្នុងការប្រយុទ្ធស៊ីសាច់ហុតឈាមមួយនៅឧត្ដុង្គ ។ ពេលនោះបែនបានឡើងជាអ្នកដឹកនាំប្រទេស ហើយគាត់គ្មានការសន្ដោសប្រណីទាល់តែសោះចំពោះពួកអ្នកប្រឆាំងនឹង គាត់ ។ បែនបានឱ្យគេខ្លុះច្រមុះជំទាវឡាង និងបក្សពួករួចធ្វើទារុណកម្មពួកនេះចាត់ទុកដូចជាសត្វក្របី គឺឱ្យវារនឹងជង្គង់រាល់ថ្ងៃទៅកាន់ទីវាលណាដែលនៅជិតហើយ ធ្វើហាក់ដូចជាស៊ីស្មៅអីចឹង ។ គេឱ្យចំណីជាបាយតែមួយពំនូតប៉ុណ្ណោះ ហើយនៅពេលណាដែលពួកនេះស្គម វារលែងរួច ទើបគេកាត់ក្បាលសម្លាប់ចោល ។
ក្រោយពេលដណ្ដើមយកអំណាចបានហើយ បែនបានប្រកាសខ្លួនជាចៅហ្វ៊ា គឺនាយករដ្ឋមន្ដ្រី រួចហើយក៏បែរមកប្រឆាំងនឹងសួសជាដៃគូក្បត់របស់គាត់វិញ ហើយឱ្យគេសម្លាប់ចោលទៅនៅពេលដែលសួសត្រូវរ៉ូវគ្នាជាមួយលោកអរជូន (60) ចៅហ្វាយខែត្រត្បូងឃ្មុំ ប្រុងកេណ្ឌទ័ពប្រឆាំងនឹងគាត់ នៅក្នុងឆ្នាំ១៧៩០ ។ អ្នកដែលសម្លាប់សួស គឺកូនប្រសារបស់គាត់ មាសកៃសឺន (៦១) ដែលគាត់បានសម្លាប់ឪពុកកាលពីមុន រួចហើយបានលើកកូនស្រីឱ្យដើម្បីកុំឱ្យចងចិត្ដខឹងនឹងគាត់ ។ សម្លាប់ឪពុកក្មេករួចហើយ មាសសម្លាប់ប្រពន្ធដែលបានស្ដីបន្ទោសឱ្យខ្លួនចោលទៀត ដោយនិយាយថា ដើម្បីសងសឹកជួសឪពុក ។
ពេលដឹងថាសួសត្រូវគេសម្លាប់ហើយ លោកអរជូនក៏ដឹកនាំទ័ពដែលមានចាមមួយចំនួនធំ ធ្វើដំណើរមកកាន់ភ្នំពេញ ហើយចាត់ឱ្យជនម៉ាឡេឈ្មោះ ទួនសេត ដែលកាន់ទ័ពស្រួច ចេញវាយប្រហារទៅលើចៅហ្វ៊ាបែន ។ ចៅហ្វ៊ាបែន និងឧកញ៉ាក្រឡាហោមប៉ុកបានរត់គេចខ្លួនទៅកាន់ខែត្របាត់ដំបង រួចទៅស្រុកសៀម ដោយនាំយកយុវក្សត្រព្រះអង្គអេង ព្រះមាតុច្ឆា២អង្គ និងព្រះរៀមក្សត្រី៣អង្គទៅជាមួយផង ។ ស្ដេចសៀមទទួលសាទរក្រុមអ្នកភៀសខ្លួនខ្មែរ ហើយព្រះឧបរាជ ឬចៅវាំងណាក៏ទទួលយកព្រះក្សត្រីទាំង៣អង្គ ជាព្រះជាយាតែម្ដង ។ ស្ដេចសៀមបានលើកចៅហ្វ៊ាបែនជាហួមឿង (ចៅហ្វាយខែត្រ) បាត់ដំបង នៅក្នុងឆ្នាំ១៧៩១ មានងារជាចៅពញាអភ័យធីបែសវិសេសសង្គ្រាមរាម ។ល ។ ដែលជាងាររបស់ស្ដេចត្រាញ់ខែត្របាត់ដំបង កាលនៅជាទឹកដីកម្ពុជានៅឡើយ ។
នៅក្នុងឆ្នាំ១៧៩៤ ចៅហ្វ៊ាបែន បានរៀបចំពិធីអភិសេកព្រះរាជាអង្គអេង ដែលមានព្រះជន្ម២០ព្រះវស្សាហើយនៅបាងកក ដោយថ្វាយព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះនរាយណ៍រាជាធិរាជ» ។ ការដែលរៀបចំអភិសេកព្រះរាជាកម្ពុជានៅឯរាជធានីបាងកករបស់សៀម ដោយស្ដេចសៀមដូច្នេះ ជាការបញ្ជាក់ថា កម្ពុជាទទួលស្គាល់ថាខ្លួនជានគរចំណុះ ហើយទទួលការគ្រប់គ្រងរបស់សៀម ។ គឺក្នុងនាមជាអ្នកការពារនេះឯង ដែលពេលក្រោយមកស្ដេចសៀមបានរៀបចំឱ្យទ័ពសៀមមួយកងមានចៅហ្វ៊ាបែន ជាមេបញ្ជាការ ជូនដំណើរព្រះរាជាមកកាន់ឧត្ដុង្គ ។
ពេលទទួលបានដំណឹងថាចៅហ្វ៊ាបែនធ្វើដំណើរមកដល់ខែត្របាត់ដំបង ហើយ លោកយមរាជកុយ បានដឹកនាំទ័ពមួយកងតូចទៅទប់ទល់ តែត្រូវបរាជ័យហើយស្លាប់នៅក្នុងការប្រយុទ្ធនោះទៅ ។ ឃើញផ្លូវចូលទៅឧត្ដុង្គស្រឡះហើយ ចៅហ្វ៊ាបែនក៏ប្រញាប់រួសរាន់ដឹកនាំទ័ពចូលទៅជួបជាមួយទ័ពអាណ្ណាម ពួកតៃសឺន ដែលឡើងមកជួយពួកខ្មែរតាមការស្នើសុំ មានអុងជូរម៉ា និងអុងធុងប៊ិញជាមេបញ្ជាការ ។ ចៅហ្វ៊ាបែនបានវាយទ័ពអាណ្ណាមនោះ បង្ខំឱ្យដកថយចេញទៅកូសាំងស៊ីនវិញ ។ ពេលនោះមាននៅសល់តែមេទ័ពអាណ្ណាមម្នាក់ប៉ុណ្ណោះនៅកម្ពុជា ចំណែកនៅបាសាក់-សុកត្រាំង គឺអុងចុកស៊ីម ។
ក្រោយពីដណ្ដើមបានជ័យជម្នះលើពួកខ្មែរដែលជាសត្រូវ និងសម្ព័ន្ធមិត្រអាណ្ណាមរួចហើយ ចៅហ្វ៊ាបែនបានចាត់ឱ្យលោកចក្រីកែប និងលោកយមរាជកាន ដែលតែងតាំងថ្មី ដឹកនាំទ័ពជើងទឹកទៅមាត់ជ្រូក (ចូវដុក) វាយដណ្ដើមយកទឹកដីមួយចំនួនមកវិញ ។ ចក្រីកែបបានជួបប្រយុទ្ធជាមួយទ័ពរបស់ អុងចុកស៊ីម នៅព្រែកធ្លាង ហើយវាយបង្ខំឱ្យអុងចុកស៊ីមរត់ចូលទៅសាយហ្គន តាមមេទ័ព២នាក់មុនទៅ ។
ពេលនោះពួកតៃសឺននៅកូសាំងស៊ីនមិនទាន់មានលទ្ធភាពធ្វើការសងសឹកមក លើកម្ពុជាបាននៅឡើយទេ ព្រោះពួកគេទើបតែប្រយុទ្ធស៊ីសាច់ហុតឈាមជាមួយស្ដេចយ៉ាឡុង ដណ្ដើមយកបានរាជធានីវ៉េ ស្រុកនៅរំជើបរំជួលនៅឡើយ គេនៅត្រូវប្រយុទ្ធជាមួយទ័ពព្រះរាជាដែលនៅសេសសល់ ហើយត្រូវបន្ដបង្ក្រាបភូមិស្រុកដែលមិនព្រមចំណុះថែមទៀត ។ ចំណែកស្ដេចយ៉ាឡុងវិញ បានរត់ទៅស្រុកសៀមសុំជំនួយ ហើយត្រូវភៀសព្រះកាយពីក្រុងបាងកកមកគង់នៅឯកោះត្រល់ (កោះភូកុក) នៅក្នុងឈូងសមុទ្រសៀមនៅទន្ទឹមនឹងហាទៀង និងកំពត ។ ពេលជ្រើសរើសបានទ័ពថ្មី និងប្រមូលបានបក្សពួកជាច្រើន ទ្រង់ចាប់ផ្ដើមលុកលុយយកខែត្រទឹកខ្មៅ (កាម៉ៅ) និងត្រានយ៉ាង (រ៉ាចយ៉ា) ដាក់មកក្នុងអំណាចព្រះអង្គ ។ ប្រតិបត្ដិការនេះបានធ្វើឱ្យព្រះអង្គស្ដារបាននូវព្រះកិត្ដិនាម ឡើងវិញ ទ្រង់ក៏យាងមកកាន់រាជធានីឧត្ដុង្គសុំជំនួយពីចៅហ្វ៊ាបែន ដើម្បីបណ្ដេញពួកតៃសឺនចេញពីសាយហ្គន ធ្វើឱ្យព្រះអង្គបានត្រួតត្រាលើកូសាំងស៊ីនភាគខាងត្បូងទាំងមូល ។
ចៅហ្វ៊ាបែនបានរៀបចំទ័ពមួយកងតូច ដាក់ភ្ជាប់ជាមួយទ័ពអាណ្ណាមរបស់ស្ដេចយ៉ាឡុង ហើយចេញដំណើរទៅសាយហ្គន ជាមួយលោកចក្រី និងលោកយមរាជ ។ ទ័ពសម្ព័ន្ធមិត្របានវាយពួកតៃសឺនឱ្យបរាជ័យ ហើយមេរបស់គេគឺអុងចុកស៊ីមក៏ត្រូវសម្លាប់បាន ។ ស្ដេចយ៉ាឡុង បានយាងត្រលប់ទៅរាជធានីវ៉េវិញ ឯទ័ពកម្ពុជាក៏ត្រលប់មកកាន់រាជធានីឧត្ដុង្គឮជ័យវិញដែរ នៅក្នុងឆ្នាំ១៧៩២ ។
នៅពេលទ័ពខ្មែរត្រលប់មកពីសង្គ្រាមនៅកូសាំងស៊ីនបានបន្ដិច ស្ដេចសៀម ក្នុងនាមជាស្ដេចមានអធិរាជភាពលើកម្ពុជា បានសុំឱ្យចៅហ្វ៊ាបែនប្រគល់កម្លាំង១ម៉ឺននាក់ទៅជួយជីកព្រែក ស្រះកេតនៅឯបាងកក នៅក្នុងសង្កាត់សមសែន មានន័យថា គ្រួសារ១សែន ។ ចៅហ្វ៊ាបែនគោរពតាមបញ្ជានេះ ហើយបានធ្វើឱ្យគាត់មានសត្រូវជាច្រើននៅកម្ពុជា ។
គឺនៅពេលនោះឯងដែលស្ដេចសៀមបញ្ជូនព្រះអង្គអេង ដែលគេបានរៀបចំពិធីអភិសេកថ្វាយនៅឯបាងកក ឱ្យមកឧត្ដុង្គវិញ គឺរង់ចាំរហូតដល់ពេលនេះទើបគេឱ្យទ្រង់មានសិទ្ធិគ្រប់គ្រង ព្រះរាជាណាចក្រ ។ ព្រះរាជកាយវិការដំបូងរបស់ព្រះអង្គគឺការលើកលោកក្រឡាហោមឱ្យឡើងជា ចៅហ៊្វាទឡ្ហៈ និងការប្រគល់ត្រាទៅឱ្យមន្ដ្រីដែលចៅហ្វ៊ាបែនបានតែងតាំង ស្របទៅតាមទំនៀមទម្លាប់ពីបុរាណ ។ រួចហើយទ្រង់បានជម្រាបទៅចៅហ្វ៊ាបែនថា ព្រះរាជាសៀមចង់ឱ្យគាត់ទៅនៅចាត់ចែងគ្រប់គ្រងខែត្របាត់ដំបងរបស់ គាត់វិញ ។ ការលើកព្រះអង្គអេង ដែលមានព្រះជន្ម២១ព្រះវស្សា ឱ្យឡើងគ្រងរាជសម្បត្ដិវិញដូច្នេះ វាសមស្របទៅនឹងបំណងរបស់ប្រជារាស្ដ្រឧត្ដុង្គដែលនឿយណាយនឹងការ ខ្វះស្ដេចសោយរាជ្យយូរមកហើយ ព្រោះលោកអរជូន ស្ដេចត្រាញ់ដីត្បូងឃ្មុំ មិនអាចធ្វើឱ្យគេគោរពបាន មិនចេះដឹកនាំចាត់ចែងការងារ ។ ចៅហ្វ៊ាបែន ក្រោយពីបានទទួលការអនុញ្ញាតពីព្រះរាជារួចហើយ ក៏ដឹកនាំទ័ពសៀមត្រលប់ទៅបាត់ដំបងវិញ ជាទីដែលយើងបានឃើញរួចមកហើយថា គាត់បានទទួលការតែងតាំងពីស្ដេចសៀមជាចៅហ្វាយខែត្រ ។ ចាប់តាំងពីពេលនោះរហូតមកដល់ឆ្នាំ១៩០៧ ដីនោះ រួមទាំងខែត្រអង្គរផង ដែលគេបានភ្ជាប់ទៅនឹងបាត់ដំបង នៅក្រោមការត្រួតត្រារបស់ចៅហ្វ៊ាបែន ដែលចំណុះហើយទទួលបញ្ជាពីស្ដេចសៀម បានក្លាយទៅជាទឹកដីរបស់លោកម្ចាស់ គឺចៅហ្វ៊ាបែននេះឯង គ្មានទំនាក់ទំនងរដ្ឋបាលអ្វីជាមួយនឹងព្រះរាជាកម្ពុជាទេ ។ ចំណែកឯបណ្ដាខែត្រដែលស្ថិតនៅពីខាងជើងបាត់ដំបងវិញ មានមង្គលបុរី សិរីសោភ័ណ និងកូរ៉ាត គេមិនចាំបាច់សង្ស័យអ្វីឡើយ ពួកសៀមបានយកដាក់ធ្វើជាទឹកដីរបស់គេយ៉ាងស្ងៀមស្ងាត់ នៅក្នុងឆ្នាំ១៧៩៥ ។
គេអាចនឹងងាយយល់អំពីសកម្មភាពរបស់សៀម ហើយទទួលស្គាល់វិធីសាស្ដ្រដែលគេបានប្រើណាស់ ដើម្បីធ្វើឱ្យទឹកដីដ៏ធំ និងមានសារសំខាន់ជាយុទ្ធសាស្ដ្រខាងផ្នែកយោធានេះ បានត្រូវផ្ដាច់ចេញពីកម្ពុជា ដោយមិនដឹងខ្លួន ។ ចៅហ្វ៊ាបែនជាមនុស្សក្បត់ប្រាកដណាស់ព្រោះបានដឹងហើយថាខ្លួនមាន តួនាទីខ្ពង់ខ្ពស់មួយតែបែរជាកាត់យកទឹកដីមួយចំណែកធំចេញពី ព្រះរាជាណាចក្រយកមកគ្រប់គ្រង ក្រោមគោរមងារសៀមជា ហួមឿង ប្រៀបបានទៅនឹងព្រះរាជាណាចក្រតូចមួយស្ថិតនៅចន្លោះកម្ពុជានឹងសៀម ទៅវិញ ។ ក្រោយពីបានរៀបចំឱ្យមានព្រះរាជាគង់លើរាជបល្ល័ង្កវិញរួចហើយ គាត់បានរក្សាទ័ពដែលបានជួយគាំទ្រដល់ការងារនេះទុកនៅក្នុងខែត្រ របស់គាត់សិន ដោយគាត់ថាដើម្បីបង្ការសម្រាប់ជួយព្រះរាជាបើសិនណាជាព្រះអង្គទទួល ការគំរាមកំហែង ។ ដោយទ័ពនោះជាទ័ពបរទេស តែមានគាត់ជាមេបញ្ជាការ ត្រង់នេះមានន័យច្បាស់ណាស់ថាគាត់គឺជាចៅហ្វាយខែត្រខ្មែរ ប៉ុន្ដែគាត់ស្ថិតនៅក្រោមបញ្ជាការរបស់ស្ដេចសៀម ឯទឹកដីដែលគាត់រស់នៅជាទឹកដីខ្មែរ ។ ប៉ុន្ដែអ្វីៗនៅស្ងៀមស្ងាត់ គ្មាននរណាបានគិតដល់ទេ ។ នៅពេលក្រោយៗមក ចៅហ្វ៊ាបែនគោរពតាមតែបញ្ជាមកពីបាងកក មិនទទួលបញ្ជាពីឧត្ដុង្គទេ និងឡើងចុះចេញចូលរាជវាំងទាំង២ ក៏ប៉ុន្ដែលើកតង្វាយទៅថ្វាយតែស្ដេចសៀម មិនមែនក្នុងនាមជាចៅហ្វាយខែត្រទេ គឺក្នុងនាមជាមេទ័ពសៀម ។ ចំណែកចំណូលផ្សេងៗនៅក្នុងខែត្រ គាត់រក្សាទុកដើម្បីចិញ្ចឹមទាហានដែលនៅជាមួយគាត់ ក៏ប៉ុន្ដែបានថ្វាយជំនូនទៅស្ដេចសៀមដដែល ដែលរឹតតែបញ្ជាក់ឱ្យឃើញអំពីភាពចំណុះរបស់គាត់ ។ កូនៗរបស់គាត់បានបន្ដដំណែងពីគាត់ ហើយក៏បានបន្ដនយោបាយនេះរហូតមក ។ ការកាត់យកទឹកដីកម្ពុជាដាក់ជាចំណុះសៀម បានប្រព្រឹត្ដទៅបែបនេះបន្ដិចម្ដងៗទៅតាមកាលៈទេសៈ ដោយគ្មានអ្នកណាចាប់អារម្មណ៍ទាល់តែសោះ ដំបូងឡើយដឹកនាំដោយអ្នកដែលមានបំណងច្បាស់លាស់រួចបន្ដដោយកូនចៅ របស់គាត់ ។ ហេតុការណ៍នេះបានស្ថិតស្ថេរគង់វង្សនៅរហូតមកដល់សព្វថ្ងៃនេះដោយ គ្មានការចុះអនុសញ្ញាអ្វីមួយជាលាយលក្ខណ៍អក្សរ ឬជាពាក្យសម្ដីសោះទេ មានតែការចងចាំតៗគ្នាមកប៉ុណ្ណោះ ។ តាមពិតទៅ កម្ពុជានៅក្នុងសតវត្សរ៍ទី១៩គ្មានកម្លាំងអ្វីនឹងធ្វើការទាមទារយក ទឹកដីមកវិញឡើយ តែការកាត់យកទឹកដីទៅដោយពួកសៀមនេះបានត្រូវគេទទួលស្គាល់ក្នុង ចិត្ដគំនិតទៅហើយ តាំងតែពីមុនពេលដែលមានសន្ធិសញ្ញាបារាំងសៀមនៅក្នុងឆ្នាំ១៨៦៧ ទៅទៀត ។ សន្ធិសញ្ញានេះគ្មានតម្លៃអ្វីសោះ ព្រោះគេនាំគ្នាចុះហត្ថលេខាដោយមិនបានសួរយោបល់ព្រះរាជាកម្ពុជាផង ទេ ព្រះអង្គក៏បានប្រកែកមិនទទួលស្គាល់ថែមទៀត ។ ក៏ប៉ុន្ដែវានៅតែមានតម្លៃរហូត ដោយមកពីប្រទេសបារាំងដែលគ្មានព័ត៌មានច្បាស់លាស់ បានចុះហត្ថលេខា ។
នៅឆ្នាំបន្ទាប់មកទៀត ក្នុងពេលដែលគេកំពុងតែរវល់កសាងរាជវាំងដើម្បីព្រះរាជាថ្មីនៅពី ខាងកើតវត្ដវាំងក្ដារ ព្រះបាទអង្គអេងបានបញ្ជូនសំណើទៅស្នើសុំស្ដេចសៀម សូមឱ្យបញ្ជូនព្រះមាតុច្ឆាមួយអង្គក្នុងចំណោមព្រះមាតុច្ឆាទាំង២ អង្គ គឺសម្ដេចព្រះភគវតី មហេសីទាំង៣អង្គ និងរាជបុត្រទាំង៤អង្គ ព្រមទាំងសេនាភីលៀងផង មកកម្ពុជាវិញ ។ ព្រះរាជាសៀមបានបញ្ជូនអ្នកទាំងអស់នោះមក នៅក្នុងរវាងខែឧសភា ឆ្នាំ១៧៩៥ ។
ព្រះបាទអង្គអេង បានចេញព្រះរាជបញ្ជាជាច្រើន ដែលគួរតែលើកយកមករៀបរាប់ ។ ព្រះរាជបញ្ជាមួយនោះទាក់ទងទៅនឹងពួកមហាតលិក មហាទេព និងមហាមន្ដ្រី ដែលមានត្រារំលេចទៅដោយភ្ញីផ្កាមួយរង្វង់ ត្រូវបាំងក្លស់២ជាន់ធ្វើអំពីសូត្រពណ៌ក្រហមពាក់អាវផាយពណ៌ ផ្កាកូលាប និងមានកាន់ថង់រងផង (62) ពេលចូលមកក្នុងព្រះរាជវាំង ។ មន្ដ្រីដែលមានសក្ដិ ៨-៩ហ៊ូពាន់ (63) អាចពាក់អាវផាយពណ៌បៃតង ហើយបាំងក្លស់សូត្រមួយជាន់ពណ៌បៃតងដែរ ។ អ្នកដែលមានសក្ដិ៦-៧ហ៊ូពាន់មានអាវផាយ និងក្លស់ពណ៌ស្វាយ ។ ឯអ្នកមានសក្ដិ៤-៥ហ៊ូពាន់វិញ អាចមានត្រឹមតែអាវផាយពណ៌ខៀវប៉ុណ្ណោះ ។ ព្រះរាជបញ្ជានោះក៏បានបញ្ជាក់ផងដែរថា ភរិយារបស់មន្ដ្រីមានសក្ដិ ៩-១០ហ៊ូពាន់ ត្រូវមានឋានៈជា ឃុនណាង (64) ។
នៅឆ្នាំបន្ទាប់មក ព្រះរាជាអង្គអេងទ្រង់ប្រឈួនរួចសុគតទៅនៅក្នុងព្រះជន្ម២៦ព្រះ វស្សា ។ ទ្រង់សោយរាជ្យសរុបទាំងអស់បាន២០ឆ្នាំចែកចេញជា២រជ្ជកាល ដែលចន្លោះពីគ្នា៣ឆ្នាំ ។ រាជពង្សាវតារក៏ដូចជាការនិទានតៗគ្នា មិនបានកត់សម្គាល់ឃើញមានអ្វីដែលជាស្នាដៃពិសេសរបស់ព្រះរាជាអង្គ នេះទេ និងគ្មានការសាងសង់អ្វីជាផលប្រយោជន៍ដល់សាសនាដែរ ។ ទ្រង់មិនបានធ្វើអ្វីជាដុំកំភួនទេ ព្រោះពេញមួយជីវិតរបស់ព្រះអង្គត្រូវដឹកនាំដោយជនបរទេស ឬក៏មន្ដ្រីដែលព្រះអង្គមិនបានតែងតាំងឡើង តែគេបានដាក់មកឱ្យព្រះអង្គទទួលយក ។ គេអាចនិយាយបានថា ព្រះអង្គក្បត់ជាតិ ព្រោះវាហាក់ដូចជាទ្រង់បានដោះដូររាជសម្បត្ដិជាមួយនឹងទឹកដី បាត់ដំបង និងអង្គរ ។
៣៩. រយៈកាលចន្លោះរាជ្យ ១០ឆ្នាំ (១៧៩៦-១៨០៦)
ចៅហ្វ៊ាប៉ុក នាយករដ្ឋមន្ដ្រី បានដឹកនាំកិច្ចការព្រះរាជាណាចក្រដោយមិនបានខិតខំប្រឹងប្រែងជ្រើស រើសព្រះរាជាថ្មីមួយអង្គណាទេ ។ ព្រះរាជវង្សានុវង្សពេលនោះស្ទើរតែរលត់បាត់ផុតពូជអស់ទៅហើយនៅសល់ តែរាជបុត្រារបស់ព្រះអង្គអេង ដែលនៅតូចៗនៅឡើយ ។ ចៅហ្វ៊ាបែនដែលសុខស្រួលទៅហើយនៅក្នុងដីរបស់គាត់ ក៏នៅស្ងៀមមិនបានខ្វល់ខ្វាយនឹងអ្វីបន្ដិចសោះ ។ ចំណែកស្ដេចសៀមដែលតែងតែប្រកាសខ្លួនថា ជាអ្នកការពាររជ្ជទាយាទ និងនាម៉ឺនសព្វមុខមន្ដ្រី ដែលហាក់ដូចជាមានការភ័យខ្លាចចំពោះការទិតៀនអំពីការគ្រប់គ្រងគួរ ឱ្យអៀនខ្មាសនេះ ម្ល៉ោះហើយក៏នៅស្ងៀមដែរទៅ ។ រីឯប្រជាជនទៀតសោត ក៏ហាក់ដូចជាបាត់បង់អស់នូវសេចក្ដីក្លាហាន មិនចង់ធ្វើសង្គ្រាម ចង់បានសន្ដិភាពវិញម្ដង សមនឹងពេលដែលគេទុកឱ្យរស់ទៅតាមតែសម្មាអាជីវោ ។ ពួកចៅហ្វាយខែត្រកាន់តែឯករាជ្យឡើងៗ ដោយមកពីគ្មានការដឹកនាំ ហើយពេញចិត្ដណាស់នឹងសភាពការណ៍បែបនេះ ប្រមូលពន្ធបានរក្សាទុកបង់មកឱ្យនាយករដ្ឋមន្ដ្រីតែអ្វីដែលខ្លួន ចង់បង់ ជួនកាលមិនទាំងបង់ឱ្យទៀតក៏មាន ។ និយាយដោយខ្លីគឺ ព្រះរាជាណាចក្រពេលនោះកំពុងតែរលួយពុកផុយ បាត់បង់ទៅៗដោយខ្សោះអស់កម្លាំង អ្នកណាចង់ធ្វើយ៉ាងណាក៏បាន ។ ប្រសិនបើកម្ពុជាមិនត្រូវអាណ្ណាមចូលមកកាន់កាប់លុកលុយរាតត្បាត វាយដណ្ដើមយក រួចកាត់យកដីកូសាំងស៊ីនដាក់ជារបស់គេទេ ពោលគឺថា បើសិនណាជាស្រុកខ្មែរគ្មានពួកអ្នកឈ្លានពានមកពីទិសខាងត្បូង មានតែសត្រូវសៀមតែមួយគត់នោះ ប្រហែលជាសៀមកាត់យកប្រទេសទាំងមូលដាក់ទៅក្នុងស្រុកគេបាត់ទៅហើយ នៅចុងសតវត្សរ៍ទី១៨ ហើយវាសនាកម្ពុជាក៏ដូចជាវាសនាប្រជាជនខ្មែរទាំងមូលក៏ត្រូវចប់ បាត់ទៅហើយដែរ ។ ក៏ប៉ុន្ដែ អាចនិយាយថាយើងមានសំណាងដែរ ដែលមានសត្រូវ២នាក់នៅសងខាងដែលស្រេកឃ្លានសង្គ្រឺតចង់បានទឹកដីយើង ដូចគ្នា ម្ល៉ោះហើយ ក៏តាមដានត្រួតពិនិត្យគ្នាទៅវិញទៅមក ។ សត្រូវទាំង២នេះខ្លាចរអាគ្នាទៅវិញទៅមក ចំណែកចំណីដែលស្ថិតនៅកណ្ដាលវិញ ភ័យញ័រចំប្រប់ រង់ចាំតែឱ្យអ្នកណាដែលមកមុនហើយលេបបាត់ ។ ប៉ុន្ដែសត្រូវម្នាក់ៗស្ទាក់ស្ទើរមិនទាន់ហ៊ានលូកដៃមកប៉ះចំណីនោះ ទេ ដោយខ្លាចធ្វើឱ្យម្ខាងទៀតភ្ញាក់ដឹងខ្លួន ។ ស្ថានភាពបែបនេះបានរក្សាកម្ពុជារហូតដល់ពេលដែលពួកបារាំងមកដល់ ជួយប្រទេសនេះកុំឱ្យស្លាប់ មិនតែប៉ុណ្ណោះ បានជួយដាស់ប្រជាជនឱ្យភ្ញាក់ក្រោកឡើងវិញធានាបាននូវឯករាជ្យជាតិ ជួយការពារព្រះរាជាជួយផ្ដល់កម្លាំងឱ្យប្រទេសទាំងមូលផ្ដល់សុភមង្គល ដោយការធានាបាននូវសុខសន្ដិភាព ពាណិជ្ជកម្ម រួចបន្ទាប់មក ផ្ដល់ឱ្យនូវរាជរដ្ឋាភិបាលអចិន្ដ្រៃយ៍មួយ សុចរិត មាននាម៉ឺនមន្ដ្រីធ្វើការទទួលបាននូវប្រាក់បៀវត្សទៀងទាត់ ម្ល៉ោះហើយមិនបានទិញមុខតំណែងរបស់ខ្លួនទេ ។
ពួកបារាំងទើបតែបានប្រគល់មកឱ្យប្រជាជនខ្មែរវិញនូវទឹកដីដែល សៀមបានកាត់យក តាំងពីមាត់សមុទ្រ រហូតទៅដល់ភ្នំដងរែក ទឹកដីទាំងនោះសៀមមិនដែលបានសន្យាថានឹងប្រគល់មកឱ្យខ្មែរវិញម្ដង ណាទេ តែបានយល់ព្រមប្រគល់ឱ្យបារាំង ។ ដោយហេតុនេះ អតីតកម្ពុជានៃសតវត្សរ៍ទី១៧ អាចរស់រានមានជីវិតឡើងវិញ មានស្ដេចសោយរាជ្យ ដោយមានអ្នកចាំជួយការពារខ្លាំងក្លាដែលមិនដែលនឹកគិតចង់លុបបំបាត់ ព្រះរាជាណាចក្រនេះទេ ផ្ទុយទៅវិញ មានតែចង់ឱ្យប្រជារាស្ដ្រខ្មែររស់នៅមានសេរីភាព នៅក្នុងស្រុកមួយដែលមានការគ្រប់គ្រងល្អ មានអារ្យធម៌ ហើយគ្មានសង្គ្រាមមករំខាន ។
ព្រះរាជាសៀមបានទាមទារឱ្យគេយកសពព្រះអង្គអេងទៅបូជានៅ អយុធ្យា ។ ក៏ប៉ុន្ដែនៅពេលដែលគេដឹកព្រះសពមកដល់ខែត្រមង្គលបុរី ស្រាប់តែមានបញ្ជាមកថាត្រូវដឹកព្រះសពយកទៅឧត្ដុង្គវិញ (65) ហើយឆាប់បញ្ជូនទ័ពទៅជួយវាយពួកភូមា ដែលចូលមកលុកលុយស្រុកសៀម ។ លោកចក្រីកែប បានដឹកនាំទ័ព៥ពាន់នាក់ចេញទៅភ្លាម ហើយគេនិយាយថា ទ័ពខ្មែរនេះពូកែអស្ចារ្យ បានវាយពួកភូមាឱ្យបរាជ័យ រួចទើបវិលត្រលប់មកកម្ពុជាវិញ ពោរពេញទៅដោយជ័យជម្នះ ។
ទ័ពនេះមកដល់មិនទាន់រំសាយចេញទេ ស្រាប់តែព្រះរាជាអយុធ្យាផ្ញើបញ្ជាមកចៅហ្វ៊ាប៉ុក ឱ្យបញ្ជូនទៅជួយស្ដេចយ៉ាឡុង ដែលបានស្រែកសុំជំនួយ ។ ទ័ពនោះក៏ចេញដំណើរទៅ ក្រោមបញ្ជាការរបស់ឧកញ៉ាវាំងឡាង ។ ក៏ប៉ុន្ដែការដែលរដ្ឋាភិបាលមួយគោរពស្ដាប់តាមបញ្ជារបស់ស្ដេចបរទេស ប្រៀបបានទៅនឹងហ្វូងទាសករបែបនេះ បានធ្វើឱ្យកើតការក្ដៅក្រហាយ និងអាម៉ាស់ជាខ្លាំងក្នុងចំណោមប្រជាជន ។ ម្ល៉ោះហើយកងទ័ពនោះមិនបានទៅណាឆ្ងាយ គឺបានធ្វើដំណើរមកដល់ត្រឹមរំដួល ក៏បែកខ្ញែកគ្នាអស់ទៅ ព្រោះទាហានម្នាក់ៗវិលត្រលប់ទៅរកគ្រួសាររបស់គេ ។ ចៅហ្វ៊ាប៉ុកបានចេញបញ្ជាឱ្យគេតាមចាប់ទាហានដែលរត់ចោលជួរទាំងអស់ នោះយកមកវិញ ហើយធ្វើទោសសម្លាប់ចោល ។ មានទាហានជាច្រើនដែលត្រូវគេអារកសម្លាប់ សេសសល់ប៉ុន្មានគេបញ្ជូនទៅរាជធានីវ៉េ ។ ប្រជាជនរឹតតែមានទោមនស្សខ្លាំងឡើងៗ ។ នៅទីបញ្ចប់ ស្ដេចយ៉ាឡុង ទទួលបានជ័យជម្នះលើពួកតៃសឺន ដណ្ដើមយកអំណាចបានមកវិញ រួចហើយបានបញ្ជូនកាំភ្លើងធំ២ដើម មានរំលេចដោយរូបមករមកកម្ពុជា កាំភ្លើងនេះបានត្រូវមេទ័ពអាណ្ណាមអុងហ៊ូយកទៅ ក្រោយពីគាត់បានធ្វើឃាតព្រះរាមរាជារួច ។
កងទ័ពខ្មែរដែលទៅច្បាំងនៅអាណ្ណាមនោះល្បីល្បាញខ្លាំងណាស់ រហូតទាល់តែមេទ័ពគឺឧកញ៉ាក្រឡាហោមព្រហ្ម ទៅជាក្រអឺតក្រទម គិតថាខ្លួនបានជួយស្ដេចយ៉ាឡុងឱ្យឡើងគ្រងរាជបល្ល័ង្កវ៉េវិញបាន ហើយក៏ចាប់មើលងាយមើលថោកចៅហ្វ៊ាប៉ុក មិនមកចូលរួមប្រជុំគណៈរដ្ឋមន្ដ្រីទេ ។ ចៅហ្វ៊ាប៉ុកបានឱ្យគេចាប់ខ្លួនក្រឡាហោមព្រហ្ម បញ្ជូនទៅថ្វាយស្ដេចសៀមដើម្បីដាក់ទោសទណ្ឌ ។ ព្រះរាជាបាងកករក្សាព្រហ្មទុក រួចបានឱ្យហ្លួងពេជ្រណាពិចិត្រមឿងមកជំនួសវិញ ហើយបានទាំងបញ្ជូនអ្នកអង្គម្ចាស់អង្គចន្ទមកដែរ ដើម្បីគ្រប់គ្រងប្រទេសជាតិ ។
នៅឆ្នាំ១៨០៥ ក្រោយពីស្ដេចអាណ្ណាមបានបញ្ជូននក្រណាត់សូត្រ៦៨ដុំមកថ្វាយ ព្រះអង្គចន្ទ បានយាងនាំយកកំណាត់ទាំងអស់នោះមកបាងកកជាមួយចៅហ្វ៊ាប៉ុក ដើម្បីចូលគាល់ស្ដេចសៀម ។ ចៅហ្វ៊ាប៉ុក ក៏ស្លាប់នៅឯបាងកកនោះទៅ ក្នុងអាយុ៦៥ឆ្នាំ ។ គាត់បានថែរក្សារាជបុត្ររបស់ព្រះអង្គអេង និងជារាជានុសិទ្ធិ ព្រះរាជាណាចក្រកម្ពុជាអស់ពេល១១ឆ្នាំ ។

No comments:
Post a Comment