ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ៣) - វគ្គ៩
Posted: Oct-12-2016
៤៣. ព្រះបាទស៊ីសុវត្ថិ (១៩០៤- …)
ព្រះអនុជរបស់ព្រះបាទនរោត្ដមគឺព្រះបាទស៊ីសុវត្ថិដែលជាព្រះ ឧបរាជ ទ្រង់មានព្រះជន្ម៦៥ព្រះវស្សាហើយ ហើយបានត្រូវគេលើកឱ្យឡើងសោយរាជ្យបន្ដនៅក្នុងថ្ងៃជាមួយគ្នា នោះ ។ ព្រះអង្គបានទទួលព្រះរាជពិធីរាជាភិសេកនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩០៦ ដោយមានលោក បូ ជាទេសាភិបាលបំពាក់ម្កុដរាជថ្វាយ ក្នុងនាមនៃសាធារណរដ្ឋបារាំង ។ ព្រះរាជាថ្មីបានយាងទៅធ្វើទស្សនកិច្ចនៅប្រទេសបារាំងនៅខែ បន្ទាប់ រួចបានយាងត្រលប់មកវិញនៅខែសីហា ឆ្នាំ១៩០៦ ។ ទ្រង់មានព្រះទ័យរីករាយខ្លាំងណាស់ចំពោះព្រះរាជទស្សនកិច្ចនេះ ដែលបានឃើញថា ប្រទេសដែលជាអាណាព្យាបាលលើកម្ពុជា ហើយដែលកម្ពុជាផ្ញើវាសនាជាមួយនោះ ជាប្រទេសធំមួយ ។
សន្ធិសញ្ញាមួយជាមួយប្រទេសសៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ បានមកបំពេញបន្ថែមឱ្យសន្ធិសញ្ញាឆ្នាំ១៩០៤ ដោយបាននាំយកទឹកដីមួយចំនួនដែលកម្ពុជាបានបាត់បង់ទៅ ត្រលប់មកវិញ ធ្វើឱ្យទឹកដីព្រះរាជាណាចក្រពេលនោះប្រហាក់ប្រហែលទៅនឹងទឹកដីកាលពី សតវត្សរ៍ទី១៦ដែរ ។ ខែត្របាត់ដំបងជាមួយនឹងស្រុក៤ក្នុងបណ្ដាស្រុកទាំង៥មាន សិរីសោភ័ណ មង្គលបុរី សៀមរាប និងត្នោត (100) បានក្លាយមកជាទឹកដីរបស់កម្ពុជាឡើងវិញ ហើយព្រំប្រទល់ដែនរបស់កម្ពុជាបានត្រូវលើកទៅទល់នឹងភ្នំដងរែកនៅ ខាងជើង នៅខាងលិច រហូតជិតដល់អារញ្ញតាមផ្លូវទៅវឌ្ឍនៈ និងទៅទល់នឹងមុនសាលាប៉ាកាតបន្ដិច តាមផ្លូវទៅចន្ទតាប៊ុន ។ ជាមួយនឹងទឹកដីដែលសន្ធិសញ្ញាឆ្នាំ១៩០៤ជាមួយសៀមបានប្រគល់មកឱ្យ បារាំង ហើយបារាំងបានដាក់បញ្ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាមានទន្លេរពៅ ម្លូព្រៃ កោះកុង ជាមួយនឹងការកាត់ខែត្រស្ទឹងត្រែងរបស់លាវក្រោមការគ្រប់គ្រងរបស់ បារាំង ឱ្យមកព្រះរាជាណាចក្រខ្មែរវិញ ទឹកដីកម្ពុជាពេលនោះបានកើនឡើងទ្វេ ដោយសារតែការត្រួតត្រារបស់បារាំង ។ ប្រជាជនកម្ពុជារួបរួមគ្នាជាប្រជាជាតិមួយដោយសារតែព្រះរាជា ។ ប្រជាជននេះមានសាមគ្គីគ្នា តែនៅពេលណាដែលទុក្ខវេទនានៅត្រង់កន្លែងណាមួយ ធ្វើឱ្យមានការប៉ះពាល់ដល់ទីកន្លែងផ្សេងៗទៀត ។ ដរាបណាការឈ្លានពានចូលមកក្នុងទឹកដីមួយ ឬការឆក់ប្លន់នៅតាមព្រំប្រទល់ដែនមួយ មិនធ្វើឱ្យប៉ះពាល់ដល់ព្រះរាជាទេ ប្រជារាស្ដ្រក៏មិនបានគិតថា ហេតុការណ៍នោះធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់គេដែរ ។ គេស្ដាប់ការដំណាលរឿងដែលឮតៗគ្នាមកដល់គេ ដោយមិនបានគិតថាត្រូវចូលរួមជួយសងសឹកផងទេ ។ សព្វថ្ងៃនេះ បារាំងកំពុងតែខិតខំជួយធ្វើយ៉ាងណាឱ្យប្រជាជននេះមានថាមពលឡើងវិញ ឱ្យមានទំនុកចិត្ដលើខ្លួនឯង និងឱ្យពួកគេមានស្មារតីសាមគ្គីជាតិ និងគំនិតច្នៃប្រឌិតឡើងវិញ ។ បារាំងមិនចង់ធ្វើជាម្ចាស់លើប្រជាជននេះទេ ក៏ប៉ុន្ដែចង់ធ្វើជាមេកោយ ដូចដែលគេតែងតែនិយាយនៅកម្ពុជាថា ជាគ្រូអាចារ្យ និងជាអ្នកការពារ (101) ។
(1) ពាក្យនេះមានប្រភពចេញពីភាសាសំស្ក្រឹត ប្រើសម្រាប់សម្គាល់រាជវង្សដែលមិនអាចទទួលរាជសម្បត្ដិបាន បើទោះបីជាព្រះរាជបុត្រា ឬនត្ដារបស់ស្ដេចគ្រងរាជ្យក៏ដោយ ។ និយាយឱ្យខ្លីគឺថាឋានៈនេះគេប្រើសម្រាប់ធ្វើឱ្យរាជវង្សមួយអង្គ ឃ្លាតឆ្ងាយចេញពីរាជសម្បត្ដិ ។
(2) ឈ្មោះនេះបានប្រែមកជាស្រីសន្ធរតាំងពីយូរយារណាស់មកហើយ ហើយដែលពួកអេស្ប៉ាញនិងព័រទុយហ្គាល់ហៅថា ស៊ីស្ធរ ឬស៊ីស្ទ័រ នៅក្នុងសតវត្សរ៍ទី១៧ ។ គឺជារាជធានីរបស់កម្ពុជានាសម័យនោះ ហើយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ មានប្រជាជន៩ម៉ឺននាក់ ។ ពាក្យស៊ីស្ទ័រ ក្លាយមកពីស្រីសន្ធរ ហើយកាលពីពេលនោះគេមានស្រុក៣ គឺស៊ីធរឆ្វេង ស៊ីធរស្ដាំ និងស៊ីធរកណ្ដាល នៅខាងកើតខែត្រខ្សាច់កណ្ដាល ។ ទីក្រុងនេះស្ថិតនៅខាងត្បូងបឹងស៊ីធរ ខាងកើតបឹងតាគង់ និងនៅខាងជើងព្រែកមួយដែលហូរកាត់ផ្លូវទៅល្វាឯម ដែលស្ថិតនៅចំពីមុខចតុម្មុខ ឬភ្នំពេញ ។ ចម្ងាយត្រង់ពីស៊ីធរមកភ្នំពេញ គឺ៣០គីឡូម៉ែត្រ ។
(3) ត្រង់នេះ គឺដូចដែលលោកកាបាតុងបានរៀបរាប់អីចឹង ព្រះរាជាមិនបានភៀសព្រះអង្គទៅរាជវាំងស្ដេចលាវ គឺវៀងចន្ទ នោះទេ ។
(4) ជនជាតិហូឡង់ឈ្មោះ ហ្សេរ៉ាវ៉ាន់ វូសូវ ដែលធ្វើដំណើរឡើងតាមទន្លេមេគង្គទៅដល់វៀងចន្ទនៅក្នុងឆ្នាំ១៦៤១- ១៦៤២ បានរៀបរាប់ថា ព្រំដែនកម្ពុជាពេលនោះនៅខ្ពស់ណាស់ គឺរហូតដល់ចន្លោះខោន និងបាសាក់ ។
(5) ជើងព្រៃ ជាឈ្មោះខែត្រមួយរបស់កម្ពុជាស្ថិតនៅលើច្រាំងខាងស្ដាំរបស់ ទន្លេមេគង្គចន្លោះខែត្រស្ទឹងត្រង់ និងខែត្រអន្លង់រាជ ។
(6) ចៅពញាតន់ ទ្រង់ប្រសូតនៅក្នុងឆ្នាំ១៥៦៨ ឯចៅពញាយោម ដែលជាបុត្ររបស់ព្រះសត្ថាជាមួយអ្នកម្នាងលាវមួយអង្គ ប្រសូតនៅក្នុងឆ្នាំ១៥៧៣ ។ ដូច្នេះពេលនោះ ពញាតន់ មានព្រះជន្ម២៦ព្រះវស្សាហើយ ហើយពញាយោមមានព្រះជន្ម២១ព្រះវស្សា ។ ក៏ប៉ុន្ដែរាជពង្សាវតារ និងការនិទានតៗគ្នានិយាយថា ពញាតន់ ទើបតែមានព្រះជន្ម១៦ព្រះវស្សាទេ ហើយពញាយោម មានព្រះជន្ម១១ព្រះវស្សា ។
(7) កន្លែងនេះមានការច្របូកច្របល់ជាខ្លាំង ប្រហែលដោយមកពីខ្ញុំគិតថាព័ត៌មានដែលបានពីឯកសារអេស្ប៉ាញផ្ដល់ ថ្ងៃខែ និងហេតុការណ៍ច្បាស់លាស់ជាង និងម្យ៉ាងទៀត ខ្ញុំកំណត់យកឆ្នាំ១៥៩៣ ជាឆ្នាំដែលសៀមដណ្ដើមយករាជធានីលង្វែកបាន ។ រាជពង្សាវតារបានកំណត់ថាព្រះសត្ថាទ្រង់ប្រសូតនៅក្នុងឆ្នាំ១៥៤៣ ហើយព្រះជ័យជេដ្ឋាប្រសូតនៅក្នុងឆ្នាំ១៥៦៤ រួចហើយថា ស្ដេចទាំង២អង្គបានសុគតទៅនៅស្ទឹងត្រែងក្នុងឆ្នាំ១៥៨៥ បានសេចក្ដីថានៅពេលដែលព្រះសត្ថាមានព្រះជន្មាយុ៤២ព្រះវស្សា ហើយព្រះជ័យជេដ្ឋាមានព្រះជន្មាយុ២០ព្រះវស្សា ។ ប៉ុន្ដែបើយើងគិតថាសៀមវាយយកលង្វែកបាននៅឆ្នាំ១៥៩៣ ហើយស្ដេចទាំង២អង្គសុគតនៅក្នុងឆ្នាំ១៥៩៤ នោះស្ដេចទាំង២នឹងត្រូវមានព្រះជន្មាយុ៥១ឆ្នាំ និង៣០ឆ្នាំ ។ ហើយរាជពង្សាវតារបានលើកបន្ថែមទៀតថាស្ដេចឪពុកសោយរាជ្យបាន១៧ឆ្នាំ ស្ដេចកូនសោយរាជ្យបាន១០ឆ្នាំ ។ ឃើញថាកាលបរិច្ឆេទដែលផ្ដល់ឱ្យដោយរាជពង្សាវតារឆ្លើយគ្នាល្អណាស់ ហើយព័ត៌មានរបស់ឯកសារអេស្ប៉ាញមិនត្រឹមត្រូវទេ ។ បើដូច្នេះ តើយើងត្រូវទាត់ព័ត៌មានឯកសារអេស្ប៉ាញចោល ហើយនិយាយថា លោកឪពុក សង់អង់តូនីញ៉ូ ច្រឡំពេលវេលាដល់ទៅ១០ឆ្នាំឬ ? ឬមួយក៏ថា កំហុសមកពីពួកអ្នកដែលចម្លងរាជពង្សាវតារទៅវិញទេ ដែលបានខិតខំកែសម្រួលកាលបរិច្ឆេទឱ្យសមស្របទៅតាមគ្នា ដើម្បីកុំឱ្យគេមើលទៅមិនត្រូវ ? ខ្ញុំគិតថាសម្មតិកម្មក្រោយនេះ អាចនឹងចាត់ទុក ថាមានពិតប្រាកដបាន ពីព្រោះថាចំពោះហេតុការណ៍ខ្លះ យើងជាជនជាតិអឺរ៉ុបមានការស្មុគស្មាញនឹងសម្រេច ខ្មែរមិនញញើតនឹងធ្វើការកែសម្រួលតម្រឹមទេ ដរាបណាគេគ្មានការទទួលខុសត្រូវផ្ទាល់ ឬមិនមានការដាក់ទណ្ឌកម្មជាក់ស្ដែង គឺអ្នកដែលកែសម្រួលប្រវត្ដិសាស្ដ្រមិនដែលមានទោសទេនៅកម្ពុជា ។ បើទោះជាយ៉ាងណាក្ដី យើងត្រូវរង់ចាំដល់ពេលដែលមានឯកសារផ្សេងៗទៀត ដើម្បីកាត់សេចក្ដីលើរឿងនេះ ជាពិសេសឯកសារមកពីម៉ានីល ដែលគេបានប្រកាសថា ជិតនឹងផ្សព្វផ្សាយហើយ ។
(8) ចំណុចត្រង់នេះបើសិនណាជាពញាតន់មានព្រះជន្ម២៦ព្រះវស្សាដូចដែល រាជពង្សាវតារបានលើកមែន ពីព្រោះថាទ្រង់ប្រសូតនៅក្នុងឆ្នាំ១៥៦៨ ហើយលង្វែកត្រូវសៀមវាយយកបាននៅ១៥៩៣ រួចព្រះជ័យជេដ្ឋាសុគតនៅក្នុងឆ្នាំ១៥៩៤ ព្រះអង្គមានវ័យសមល្មមអាចនឹងទាមទារយកអំណាចពីស្ដេចជ្រែករាជ្យ បានដោយបង្កបក្សពួកមួយក្រុម ។ ក៏ប៉ុន្ដែប្រហែលជាព្រះអង្គមានព្រះជន្មតែ១៦ព្រះវស្សាទេ ទើបបានជាមិនអាចកេណ្ឌគ្នាឱ្យគាំទ្រ ព្រោះនៅវ័យក្មេងពេក មិនទាន់អាចសម្រេចកិច្ចការធំៗបាន ។
(9) រាជពង្សាវតារនិយាយថាតែ១០នាក់ទេ ។
(10) រាជពង្សាវតារបានអះអាងថា ព្រះរាមាជើងព្រៃ បានចេញបញ្ជាឱ្យកាប់សម្លាប់ពួកអឺរ៉ុបមុន ជាហេតុធ្វើឱ្យពួកនេះបើកការវាយប្រហារមុនពេលអនុវត្ដព្រះរាជ បញ្ជា ។ ប៉ុន្ដែកំណត់ត្រាមួយជាភាសាអេស្ប៉ាញដែលលោកកាបាតុងទើបតែរកឃើញ មិនបាននិយាយដូច្នេះទេ ។
(11) បើសិនជាគេគិតថា ព្រះអង្គប្រសូតនៅក្នុងឆ្នាំ១៥៦៨នោះ ព្រះអង្គមានព្រះជន្ម២៨ព្រះវស្សា ក៏ប៉ុន្ដែលោកកាបាតុងនិយាយថា ព្រះអង្គមានព្រះជន្ម១៨ព្រះវស្សានេះឯងមិនដឹងថាលោកផ្អែកទៅលើ ឯកសារអេស្ប៉ាញ ឬក៏ឯកសាររាជពង្សាវតារខ្មែរ ?
(12) ពាក្យនេះក្នុងភាសាម៉ាឡេ គឺជាឋានៈរបស់ឧត្ដមនាវី ។ ជននេះមានដើមកំណើតនៅឯហ្សូហ័រ ។
(13) បើតាមរាជពង្សាវតារដែលខ្ញុំមាន ទ្រង់បានត្រូវចាមម្នាក់ធ្វើឃាត ។
(14) បើគេឯកភាពគ្នាថារាជធានីលង្វែកបែកបាក់នៅក្នុងឆ្នាំ១៥៩៣ ហើយពញាយោមប្រសូតនៅក្នុងឆ្នាំ១៥៧២ នោះ ព្រះអង្គត្រូវមានព្រះជន្ម២៥ព្រះវស្សាហើយ ។
(15) ពាក្យ «កែវហ្វ៊ា» ក្នុងភាសាភូមា គឺជាឋានៈជាព្រះរាជា ។
(16) តើពាក្យ «ពណ៌» ក្លាយមកពី «វរ្ម័ន» ឬយ៉ាងណា ? រាជពង្សាវតារនិយាយថាទ្រង់ប្រសូតនៅក្នុងឆ្នាំ១៥៤៨ តែបើសិនជាក្នុងមូលហេតុដូចដែលបានរៀបរាប់ខាងលើ គេត្រូវគិតថា ១៥៥៨វិញ ។
(17) នៅជិតកំពត លើផ្លូវពីកំពង់ក្នុងទៅកំពង់ត្រាច ត្រង់កន្លែងដែលពួកវៀតណាមកសាងប៉មមួយនៅក្នុងឆ្នាំ១៨៤០ ។
(18) និទានស្ដីអំពីរឿងនេះនិយាយថា តេជោព្រះអង្គបានបញ្ជាឱ្យទ្រមាក់ដំរីរបស់គាត់រៀបចំគំនរឧស ហើយដុតគាត់ទាំងរស់ ដើម្បីបំពេញការសប្បាយរបស់ភរិយាគាត់ ។ និទាននោះនិយាយទៀតថា គាត់ជាស្ដេចត្រាញ់នៅដីកំពង់ស្វាយ មិនមែននៅសំរោងទងទេ ហើយបាននិយាយបន្ថែមទៀតថា ព្នងយ៉តនេះបន្ទាប់មកបានយកប្រពន្ធរបស់តេជោព្រះអង្គធ្វើជា ភរិយា ។
(19) រាជធានីនេះព្រះរាជាបានឱ្យកសាងឡើងនៅក្នុងព្រៃល្វាផ្អែម ក្រោយមកបានក្លាយទៅជាទីក្រុងសំខាន់មួយដែលពួកព័រទុយហ្គាល់ និងអេស្ប៉ាញ ហៅថា ឡូអ៊ីម ។
(20) កាលបរិច្ឆេទនេះមានកំណត់ហេតុមួយបញ្ជាក់ច្បាស់អំពីព្រះរាជពិធីអភិសេកព្រះស្រីសុរិយោពណ៌ ។
(21) មានទ័ពសៀមជាច្រើនត្រូវចាប់បានជាឈ្លើយនៅក្នុងការប្រយុទ្ធមួយ នៅជើងភ្នំចងកង ប្រហែលជា៥០គីឡូម៉ែត្រ ពីខាងជើងទន្លេសាប ជាហេតុធ្វើឱ្យគេហៅថា សៀមចង្កង់ៗ ដូច្នេះរហូតមក ។
(22) ខែត្រចុងខាងត្បូងរបស់កម្ពុជានេះ និយាយឱ្យចំថាកន្លែងដែលជាទីតាំងរបស់ទីក្រុងសាយហ្គុង និងច្រឺឡឺងសព្វថ្ងៃ មិនមានឈ្មោះ ថាព្រៃនគរទេ តែមានឈ្មោះថា ព្រៃគរ ឯពាក្យវៀតណាមថា សាយហ្គន មានន័យថាព្រៃគរដូច្នេះឯង ។
(23) ហេតុការណ៍ជាភស្ដុតាងមួយទៀតបញ្ជាក់ថានៅក្នុងសតវត្សរ៍ទី១៧ ស្ទឹងត្រែង និងអាតូពឺជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ហើយព្រះរាជាក្រោយបង្អស់របស់លង្វែក ព្រះជ័យជេដ្ឋាពេលភៀសព្រះអង្គទៅស្ទឹងត្រែង ទ្រង់គង់នៅក្នុងទឹកដីកម្ពុជាមិនមែនចូលទៅស្រុកលាវទេ ។
(24) ឯកសារខ្លះនិយាយថា ទ្រង់សោយរាជ្យបាន៨ឆ្នាំ ហើយសុគតក្នុងជន្មាយុ៣៧ព្រះវស្សា ។
(25) កាលបរិច្ឆេទនេះបានមកពីឯកសារមួយសរសេរដោយជនជាតិហូឡង់ម្នាក់ ឯកសារនោះមានឈ្មោះថា Récit succinct de ce qui s’est passé de curieux aux Indes Orientales dans le Royaume du Cambodge ។ បើតាមរាជពង្សាវតារថាទ្រង់សុគតនៅក្នុងឆ្នាំ១៦៦៤ ។
(26) ឯកសារខាងលើបានលើកពីព្រះអង្គថា «ទ្រង់ស្លូតបូត ហើយមានព្រះភ័ក្ដ្រស្រស់ល្អ» ហើយថា «ទ្រង់ចូលចិត្ដពួកហូឡង់» ។
(27) ឯកសាររបស់ពួកហូឡង់ខាងលើបានឱ្យដឹងថា ព្រះឧភយោរាជព្រះឧទ័យបានត្រូវធ្វើឃាតនាល្ងាចមួយនៅពេលដែលទ្រង់ កំពុងតែក្រសាលបៀចិនជាមួយអ្នកអង្គម្ចាស់ចន្ទ ហើយនិងមន្ដ្រីធំៗផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រ ។ ពេលព្រះអង្គកំពុងតែក្រសាលនោះ មហាតលិករបស់ព្រះអង្គដែលបានចូលដៃចូលជើងជាពួកក្បត់បានលូនចូល មកជិតព្រះអង្គ ពីខាងក្រោយហាក់ដូចជាចង់មកចូលទូលព្រះអង្គអំពីបញ្ហាអ្វីមួយ ដូចដែលធ្លាប់តែធ្វើដូច្នេះជាធម្មតា រួចហើយក៏ដកកាំបិតស្នៀតចាក់សម្លាប់ព្រះអង្គតែម្ដង ។ ភ្លាមនោះពួកដៃជើងឯទៀតៗក៏ស្ទុះក្រោកឡើង ពន្លត់ភ្លើង វាយសំពងទៅលើអ្នកទាំងអស់ដែលនៅទីនោះ រួចហើយក៏ដុតវាំងចោលតែម្ដងទៅ ។ ភ្លើងឆេះឡើងនេះ ជាសញ្ញាប្រាប់ដល់ពួកក្បត់ឯទៀតៗឱ្យសំរុកចូលទៅក្នុងគេហដ្ឋានរបស់ ពួកមន្ដ្រីដែលស្មោះត្រង់នឹងព្រះឧភយោរាជ ហើយដុតចោលទាំងអស់ដែរ ។ មានមន្ដ្រីខ្លះដែលដឹងខ្លួនទាន់ បានឆ្លៀតឱកាសកំពុងច្របូកច្របល់រត់គេចខ្លួនទៅកាន់ស្រុកស្រែចម្ការ បាន ក៏ប៉ុន្ដែបន្ទាប់មកត្រូវចាប់ខ្លួននាំយកមករាជធានីវិញ ហើយទទួលការវាយដំធ្វើបាបឥតត្រាប្រណីមិនគួរនឹងមើល រួចហើយក៏ត្រូវសម្លាប់ចោលទៅ ។ ទារុណកម្មចំពោះមន្ដ្រីទាំងអស់នោះសាហាវព្រៃផ្សៃណាស់ ៖ គេយកឈើដោតទម្លាយពោះ ខ្វេះយកកំប៉េះគូទ រួចប្រើកាំបិតចុងស្រួចឆ្កៀលសាច់ឆ្អឹងខ្នងតាំងពីក្រោមរហូតដល់ក ដៃទាំង២ គេចងភ្ជាប់ទៅនឹងបង្គោលចងខ្វែងជើងក្អែក ជើងជាន់លើក្ដារ១បន្ទះ ហើយគេទុកចោលហាលថ្ងៃនៅលើផ្លូវសាធារណៈ ទុកឱ្យអ្នកស្រុកដើរមកជេរ ប្រទេចផ្ដាសារហូតដល់ស្លាប់ក្នុង២ ឬ៣ថ្ងៃ ។ ឯកសារមួយដែលខ្ញុំមាននៅក្នុងដៃ និយាយថា ចេតិយជាច្រើនដែលគេសង់នៅជុំវិញភ្នំផ្នែកខាងក្រោម គឺសម្រាប់ដាក់អដ្ឋិធាតុរបស់មន្ដ្រីទាំងអស់នោះឯង ដែលត្រូវសម្លាប់ដោយបញ្ជាពញាចន្ទ ។
(28) ចៅពញាចន្ទមានព្រះមាតាជាជនជាតិលាវ ។
(29) ពួកខ្មែរបានដណ្ដើមយកទំនិញអស់ពីកប៉ាល់ ក្នុងនោះមានទាំងស្ពាន់មកពីជប៉ុនចំនួន៥០០ហាប និងកាំភ្លើងធំ១៣ដើមផង ។
(30) ឧត្ដមសេនីយ៍របស់ក្រុមហ៊ុនហូឡង់នៅចុងបូព៌ា (Compagnie hollandaise des Indes – Orientales) ដែលនៅបាតាវីយ៉ាហើយដឹកនាំគ្រប់គ្រងរាល់អគារពាណិជ្ជកម្មហូឡង់ ទាំងអស់ គឺជាមេដឹកនាំពាណិជ្ជកម្ម មិនមែនជាមេទ័ពទេ ។
(31) កោះហ្វ័រម៉ូស ចិនហៅថា តៃវ៉ាន់ អ្នកស្រុកអាយហៅថា ប៉េកាន ។ ពួកហូឡង់កាន់កាប់កោះនេះបាននៅក្នុងឆ្នាំ១៦៣៤ ក៏ប៉ុន្ដែដល់មកឆ្នាំ១៦៦១ មានចោរសមុទ្រឈ្មោះ កុកស៊ីងហ្គា ដែលជាដៃជើងរបស់រាជវង្សមិញដណ្ដើមយកវិញ ក្រោយពីបានកាន់កាប់មួយរយៈ ។ មានបន្ទាយសំខាន់២ គឺតៃវ៉ាន់ ឬហ្វៃយ៉ូវ៉ាន់ និងហ្គាឡង់ដាំង ។ ឈ្មោះដែលពួកហូឡង់ហៅថា កុកស៊ីងហ្គា តាមមើលទៅប្រហែលគឺ បេវឌិញ ។
(32) មានសង្គ្រាមមួយកើតឡើងនៅក្នុងឆ្នាំ១៦៥៨-៥៩ ។ ពេលនោះផ្ទះពាណិជ្ជកម្មរបស់ហូឡង់បានត្រូវពួកអាណ្ណាមដុតបំផ្លាញ ខ្ទេចខ្ទី ហើយមានពួកហូឡង់ជាច្រើននាក់បានត្រូវចាប់ខ្លួន និងសម្លាប់ចោល ។ អ្នកដែលគេចខ្លួនរួចបានរត់ទៅស្រុកស្រែ រួចបន្ដដំណើរទៅស្រុកសៀមទើបឆ្លងទៅបាតាវីយ៉ាបានជាមួយនឹងមេរបស់ គេម្នាក់ឈ្មោះថា ពីយែរឃែទីញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៦៥៩ ។
មានចុះសន្ធិសញ្ញាមួយទៀត នៅក្នុងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៦៦៥ ជាមួយនឹងព្រះរាជាបទុមរាជា ។ ពីយែឃីទីញបានទទួលការអនុញ្ញាតឱ្យតាំងអគារពាណិជ្ជកម្មនៅលង្វែក ក៏ប៉ុន្ដែពួកហូឡង់នៅតែមិនអាចស្ដារស្ថានភាពរបស់គេនៅកម្ពុជាបាន បើទោះបីជាពួកព័រទុយហ្គាល់ ម៉ាឡេ និងចាម លែងបានទទួលនូវការប្រោសប្រណីទៀតហើយក៏ដោយ ។
(33) រាជពង្សាវតារអាណ្ណាមបាននិយាយថា ក្សត្រាទាំង២អង្គបានទូលថ្វាយព្រះរាជាអាណ្ណាមថា ក្សត្រាទាំង២សុខចិត្ដលះបង់រាជសម្បត្ដិថ្វាយព្រះអង្គ ឱ្យតែព្រះអង្គជួយសងសឹកនឹងព្រះអង្គចន្ទ ដែលបានធ្វើឃាតបិតាក្សត្រាទាំង២ ។ អ្នកប្រវត្ដិវិទូខ្មែរ មិនឯកភាពនឹងសម្ដីនេះទេ ហើយមានព្រះសង្ឃចាស់មួយអង្គមានសង្ឃដីកាថា សូម្បីតែព្រះរាជាដែលកំពុងតែសោយរាជ្យសម្បត្ដិ ក៏មិនអាចចេះតែលើកស្រុកប្រគល់ឱ្យនរណាបានតាមចិត្ដនោះទេ ។
(34) មានឯកសារមួយនិយាយថា ព្រះអង្គជាព្រះរាជបុត្រារបស់មហេសីមួយអង្គព្រះនាមថា នាងសួស ហើយទ្រង់ប្រសូតនៅក្នុងឆ្នាំ១៦២៨ ។ ឯកសារមួយទៀតថាទ្រង់ប្រសូតនៅក្នុងឆ្នាំ១៦៣១ ចំណែកឯកសារដែលខ្ញុំមានថាប្រសូតឆ្នាំ១៦២១ និងមានព្រះជន្ម៣៨ព្រះវស្សា នៅពេលទ្រង់ឡើងសោយរាជ្យ ។
(35) ព្រះរាជាអង្គនេះបានត្រូវព្រះរាជាមុន គឺព្រះជ័យជេដ្ឋា ធ្វើឃាតនៅក្នុងឆ្នាំ១៦៧២ ។
(36) មានឯកសារមួយទៀតនិយាយថាទ្រង់ត្រូវបរាជ័យ ក៏ភៀសព្រះអង្គទៅគង់នៅឯស្រុកប្រាំដំឡឹង ក្នុងខែត្រសំរោងទង ហើយសុគតនៅទីនោះដោយសារជំងឺ ។
(37) ស្ដេចអាណ្ណាមនេះសុគតនៅក្នុងឆ្នាំ១៦៨៨ ។
(38) ភូមិទាំង៩នោះមាននៅរហូតដល់សព្វថ្ងៃ នៅខាងលិចភ្នំពេញ ពីក្រោយបឹង ។ ម្យ៉ាងទៀត ចៅពញាសួសមានសល់កូនចៅរស់នៅដល់សព្វថ្ងៃនេះដែរ ។
(39) ការលើកអំពីភូមិចំនួន៩ជាកម្មសិទ្ធិរបស់រាជវង្សមួយអង្គនេះ ក៏ដូចជាការបញ្ជាក់ខាងលើអំពីចៅពញាសួសទទួលបានភូមិ៩ដែរ ហាក់ដូចជាបង្ហាញឱ្យឃើញថានៅសម័យនោះព្រះរាជាប្រទានរង្វាន់ដល់ អ្នកដែលតាមបម្រើព្រះអង្គ ដោយប្រគល់ភូមិមួយចំនួនឱ្យ ។
(40) មឿងគោកសេះនេះនៅក្នុងខែត្របារាយណ៍ ដោយមានវត្ដបារាយណ៍នៅចំកណ្ដាល ។
(41) ដូចជាក្រមស្រុក ជាប្រភេទច្បាប់រដ្ឋធម្មនុញ្ញមួយបែបដែលគេច្រើនហៅថា ក្រមស្រុកជ័យជេដ្ឋា ។
(42) ខ្ញុំសូមលើករឿងមួយគឺនៅក្នុងពេលដែលលោកដឺសូម៉ុងជារាជទូតរបស់ ស្ដេចល្វីទី១៤អញ្ជើញមកដល់រាជវាំងសៀមនៅក្នុងឆ្នាំ១៦៩៥ ទោសប្រហារជីវិតមានអនុវត្ដតែចំពោះជនណាដែលបានប្រព្រឹត្ដបទល្មើស ឧក្រិដ្ឋចំពោះព្រះរាជាប៉ុណ្ណោះ ។ ហើយច្បាប់សៀមពេលនោះមិនសូវខុសពីច្បាប់ខ្មែរប៉ុន្មានទេ ។
(43) រាជពង្សាវតារបាននិយាយថា ព្រះជ័យជេដ្ឋា ទ្រង់មានដំរីញីពណ៌សមួយក្បាល ។
(44) ម៉ាក់គូ កើតនៅក្នុងភូមិឡេក្វាត សង្កាត់ហៃគឿង ស្រុកឡយចៅ ខែត្រកង់តុង ។ គាត់ស្លាប់នៅហាទៀង នៅក្នុងឆ្នាំ១៧៣៦ ក្នុងអាយុ៧៨ឆ្នាំ ។ កូនប្រុសគាត់ឈ្មោះ ម៉ាក់តុង បានឡើងកាន់អំណាចតពីគាត់ មានឋានៈជាបេសកជនរបស់ព្រះចៅអធិរាជចិន ហើយមានសិទ្ធិបោះពុម្ពកាក់ស័ង្កសី ។ គេនិយាយថាម៉ាក់តុងនេះបានកសាងផ្លូវជាច្រើនដែលយើងបានជួសជុលឡើង វិញ ហើយក៏បានជីកព្រែកជីកប្រឡាយច្រើនផងដែរ តែអ្នកក្រោយៗមិនបានថែរក្សាឱ្យល្អទេ ។ គាត់បានឱ្យគេសាងសង់ផ្សារមួយ ហើយបានចាត់ឱ្យពង្រឹងប្រព័ន្ធការពារទីក្រុង ដែលឪពុករបស់គាត់បានសង់ឡើងនៅត្រង់ច្រកចូលកំពង់ផែ ។ គាត់ល្បីល្បាញពូកែខាងការការពារទីក្រុងប្រឆាំងនឹងមេចោរសមុទ្រ ជាតិចិនឈ្មោះ ហួកញាន នៅក្នុងឆ្នាំ១៧៧០ និងប្រឆាំងអ្នកផ្សងព្រេងចិនម្នាក់ទៀតឈ្មោះ ត្រាន់ថាយ ដែលត្រូវរ៉ូវគ្នាជាមួយបងប្អូនជីដូនមួយគាត់២នាក់ ហើយប្រឆាំងនឹងឧកញ៉ាខែ និងជនជាតិម៉ាឡេឈ្មោះ លីម៉ាលូ ដែលបានដឹកនាំកម្លាំង១ពាន់នាក់ មកវាយប្រហារលើគាត់ ។ មានតែពួកសៀមទេដែលអាចដណ្ដើមយកហាទៀងបាននៅក្នុងឆ្នាំ១៧៧២ ក្រោយពីឡោមព័ទ្ធអស់ពេល៣ថ្ងៃ ។ ប៉ុន្ដែម៉ាក់តុងបានទទួលអំណាចគ្រប់គ្រងលើហាទៀងវិញនៅឆ្នាំ១៧៧៥ ក្រោយពីបានចុះសន្ធិសញ្ញាមួយជាមួយសៀម ។ នៅចុងឆ្នាំ១៧៧៩ នៅពេលដែលគាត់ធ្វើដំណើរទៅកាន់រាជធានីបាងកក ចូលគាល់ស្ដេចសៀម ម៉ាក់តុងបានត្រូវស្ដេចសៀមឃាត់មិនឱ្យវិលត្រលប់មកហាទៀងវិញទេ ។ ស្ដេចសៀមបានឱ្យគេកាត់កកូនច្បងគាត់ ជាមួយនឹងរាជវង្សអាណ្ណាមម្នាក់ដែលបានធ្វើដំណើរទៅជាមួយគ្នា និងបរិពារហែហម៥០នាក់ទៀត ។ ម៉ាក់តុងត្រូវគេធ្វើទារុណកម្មយ៉ាងខ្លាំង ។ ដោយទ្រាំមើលទារុណកម្មនោះមិនបាន ជនជាតិសៀមម្នាក់ ក៏បានលួចប្រគល់ថ្នាំពុលឱ្យគាត់ផឹកសម្លាប់ខ្លួនទៅនៅក្នុងឆ្នាំ ១៧៨១ ហើយបានជួយជីវិតកូនគាត់៣នាក់ និងចៅគាត់៤នាក់ ។ ក្នុងពេលដែល ម៉ាក់តុង ជាប់ឃុំឃាំងនៅឯស្រុកសៀម កូនគាត់ឈ្មោះ ម៉ាក់ទឺសាញ បានឡើងកាន់អំណាចតពីគាត់នៅឯហាទៀង ហើយបានក្លាយខ្លួនជាអ្នកគាំទ្រស្ដេចយ៉ាឡុងយ៉ាងដាច់ខាតម្នាក់ ដែលកំពុងតស៊ូដណ្ដើមអំណាចពីពួកតៃសឺននៅអាណ្ណាម ។ នៅពេលដែលម៉ាក់ទឺសាញ ស្លាប់នៅក្នុងឆ្នាំ១៧៩០ ប្អូនប្រុសរបស់គាត់ឈ្មោះ ម៉ាក់កុងប៊ិញ បានឡើងកាន់អំណាចបន្ដ ។ គឺម៉ាក់កុងប៊ិញនេះឯងដែលបានទទួលសព ម៉ាក់តុង ពីស្ដេចសៀម ដែលផ្ញើមកឱ្យនៅក្នុងឆ្នាំដដែលនោះ ។ ម៉ាក់កុងប៊ិញ បានរៀបចំបញ្ចុះសពជីតានៅលើភ្នំប៊ិញសឺន ។ គាត់ស្លាប់នៅក្នុងឆ្នាំ១៨០៩ ដោយបន្សល់ទុកតែកូនតូចៗ មិនអាចកាន់អំណាចបន្ដពីគាត់បាន ។ ក៏ប៉ុន្ដែដល់មកឆ្នាំ១៨១៦ មានកូនប្រុសគាត់ម្នាក់ឈ្មោះ ម៉ាក់ឌិន បានឡើងធ្វើជាអ្នកគ្រប់គ្រងក្រុងហាទៀង រួចជាចៅហ្វាយក្រុងនៅក្នុងឆ្នាំ១៨១៨ ។ ដូចជាគ្មានអ្នកស្នងត្រកូលនេះ រស់នៅរហូតមកដល់សព្វថ្ងៃទេ ក៏ប៉ុន្ដែគេនិយាយថា នៅមានត្រកូលនេះនៅឡើយនៅក្នុងឆ្នាំ១៨៦៧ នៅពេលដែលពួកបារាំងចូលកាន់កាប់ហាទៀង ពួកនោះបានរត់គេចខ្លួនទៅកាន់ទីក្រុងវ៉េទៅ ។
(45) ពាម នេះ ជាឈ្មោះទីប្រជុំជនរបស់ខែត្រខម ឬមឿងខម ។ ពួកអាណ្ណាមហៅថា ភួនថាញ់ ។
(46) គេនិយាយថា នៅពេលនោះរាជវាំងកម្ពុជាមានដំរីសមួយក្បាល ។
(47) ក្សត្រាកម្ពុជាច្រើនតែបានទទួលឈ្មោះ៣ដងនៅក្នុង១ជីវិត ៖ គឺទទួលឈ្មោះម្ដងនៅពេលដែលគេរៀបចំពិធីកោរសក់ព្រៃពីកំណើត ម្ដងទៀតនៅក្នុងឱកាសកោរជុក ដែលជាពិធីរៀបចំថ្វាយពេលពេញវ័យ ហើយម្ដងទៀតនៅពេលដែលរៀបចំពិធីអភិសេកជាស្ដេច ជាឧបរាជ ឬក៏ជាព្រះឧភយោរាជ ។ ព្រះអង្គអាច និងមានព្រះនាមទី៤ មួយទៀតនៅពេលដែលទ្រង់សុគត ។ មុនពេលទទួលព្រះនាមក្នុងពិធីកោរជុក ព្រះក្សត្រាអង្គនេះមានព្រះនាមថា អង្គហ៊ីង ។ ទ្រង់ជាបុត្រារបស់ព្រះធម្មោរាជាជាមួយនឹងអ្នកម្នាងសៀមម្នាក់ ឈ្មោះ អ្នកម្នាងរ័ត្ន (១៧៣០) ហើយទ្រង់មានព្រះអនុជរួមមាតាមួយអង្គទៀតព្រះនាមថា ព្រះអង្គដួង ។
(48) ពួកអាណ្ណាមហៅថា ម៉ាក់ធានទឺ ខ្មែរហៅថា ព្រះសុទត្ដ ។
(49) ការគ្រងចីវរលឿងអាចធ្វើឱ្យគេចផុតពីការចាប់ទោសពៃរ៍បាន ។ គេនឹងជួបរឿងដូចគ្នានៅស្រុកសៀម នៅពេលដែលស្ដេចជ្រែករាជ្យ ភ្យាទន ត្រូវធ្វើឃាត ។
(50) នោះគឺព្រះរាជាទី៣នៃសន្ដតិវង្សអាឡោងផ្រា ដែលបានឡើងសោយរាជ្យលើរាជបល្ល័ង្កអវ៉ាក្រោយពីបដិវត្ដន៍ឆ្នាំ១៧៥៤ ។
(51) អ្នកអង្គម្ចាស់នេះបានសុគតកម្ពុជាក្នុងឆ្នាំ១៧៧១ ។ រាជពង្សាវតារអាណ្ណាមហៅព្រះអង្គថា ចៅស៊ីសាង ។ ចំណែកបព្វជិតពីញ៉ូ វិញ ក្រោយមកបានទទួលឋានៈជា អេវ៉ែកអាដ្រង់ ។
(52) តាមរាជពង្សាវតារបាននិយាយថា នៅក្នុងឆ្នាំនោះមានផ្កាយដុះកន្ទុយមួយល្អណាស់ លេចឡើងនៅក្នុងដើមខែកញ្ញា ចេញពីទិសខាងកើត ហើយបន្ដសំដៅទៅទិសនិរតី ។
(53) រាជពង្សាវតារខ្មែរនិយាយថា ស្ដេចអាណ្ណាមពេលនោះមានព្រះនាមថា យ៉ាឡុង ។ តាមពិតស្ដេចនោះមានព្រះនាមថា ហ្វេវឿង អភិសេកនាមគឺ ង្វៀងភុកធន់ ។ គឺជាបុត្រារបស់ស្រីស្នំម្នាក់ ។ ព្រះអង្គសោយរាជ្យបាន១៣ឆ្នាំ ពីឆ្នាំ១៧៥៦ ដល់១៧៧៨ ។
(54) ភូមិនេះនៅជិតឧត្ដុង្គ ត្រង់កន្លែងមួយមាននៅរហូតដល់សព្វថ្ងៃ សម្រាប់ទុកស្បែកគោក្របីដែលបារគូវះទុកធ្វើជាព្រ័ត្រនៅក្នុង ព្រះរាជពិធីអុំទូកនាថ្ងៃពេញបូណ៌មីខែតុលា ។
(55) ពួកអាណ្ណាមដាក់ឈ្មោះគេថា ង្វៀងវ៉ាន់ញ៉ាក់ និងង្វៀងវ៉ាន់ហ្វេធុង ។
(56) ឯកសារខ្លះនិយាយថា នៅបឹងប្រមា នៅចំពីខាងមុខព្រះរាជវាំង ។
(57) នៅក្នុងខែត្រកៀនស្វាយ ខាងត្បូងភ្នំពេញ នៅលើទន្លេមេគង្គខាងក្រោម ។
(58) ស្ដេចនេះឡើងសោយរាជ្យនៅក្នុងឆ្នាំ១៧៧៩ បន្ដពីង្វៀងភុកតាន់ចាញដែលទទួលរាជសម្បត្ដិបន្ដពីង្វៀងភុកធន់ដែល ដាក់រាជ្យថ្វាយកាលពី១ឆ្នាំមុន ។
(59) លោក ប៉ាឡឺហ្គ័រ ហៅព្រះអង្គថា ព្រះពុទ្ធិចៅហ្លួង បាននិយាយថា ទ្រង់សោយរាជ្យបាន២៩ឆ្នាំ គឺពីឆ្នាំ១៧៦៦ដល់១៨១១ ។
(60) អរជូន ជាងាររបស់ស្ដេចត្រាញ់ ដែលជាចៅហ្វាយខែត្រដីត្បូងឃ្មុំ ។
(61) តាមមើលទៅកៃសឺនមាសនេះគឺជាឈ្មោះមាសដែលមានដើមកំណើតនៅសុកត្រាំង ជាប់នឹងព្រំដែនរបស់អាណ្ណាមនៅកូសាំងស៊ីនខាងក្រោម ហើយបានចូលដៃចូលជើងជាមួយពួកតៃសឺន តែខ្មែរយើងហៅថា កៃសឺនៗ ទៅវិញ ដោយហេតុនោះហើយ ទើបបានជាមានឈ្មោះថា កៃសឺនមាសៗ ដូច្នេះទៅ ។ តាមការនិទានតៗគ្នានៅកម្ពុជា ក៏ដូចជានៅឯសុកត្រាំង មាសនេះជាមនុស្សស្វាហាប់ ក្លាហានមិនចេះខ្លាច ហើយសាហាវ ។
(62) ប្រអប់ស្លាធ្វើអំពីឈើស្រោបដោយក្រណាត់ ។
(63) ពាក្យ «ហ៊ូពាន់» នេះសម្គាល់ឋានន្ដរសក្ដិមន្ដ្រីមកពីពាក្យសៀម២ម៉ាត់គឺៈ ហ៊ូ ឬ ហួ=មេកោយ ពាន់=១ពាន់ ។ ដូច្នេះពាក្យនេះ មានន័យថា មេកោយកាន់ពល១ពាន់នាក់ ។
(64) គឺ ឃុន=មេ និង ណាង=នាង ។
(65) តាមមើលទៅប្រហែលជាគេយកមកបន្ទាយពេជ្រទេ ។ ទោះជាយ៉ាងណាក្ដី សពព្រះរាជាបានត្រូវគេបូជានៅពេលដែលទ័ពនាំត្រលប់មកវិញនៅក្នុង ឆ្នាំ១៧២៨ រួចហើយគេបានយកព្រះអដ្ឋិធាតុព្រមទាំងរូបចម្លាក់២ ធ្វើអំពីលង្ហិនទៅបញ្ចុះនៅក្នុងចេតិយមួយ ដែលគេបានសង់ឡើងពីខាងកើតចេតិយធំនៅលើខ្នងភ្នំព្រះរាជទ្រព្យ ក្បែរឧត្ដុង្គ ។ ពិធីបុណ្យបូជាព្រះសពនេះមានរយៈកាលពេញមួយឆ្នាំ ។
(66) ផ្កាយដុះកន្ទុយនេះមានឈ្មោះថា ហាឡី គេមើលឃើញគ្រប់គ្នានៅលើសកលលោក ។ នៅស្រុកបារាំង ផ្កាយដុះកន្ទុយនេះបានធ្វើឱ្យគេដាក់ឈ្មោះស្រាទំញំងបាយជូរដែលផលិត នៅក្នុងឆ្នាំ១៨១១ ថាជាស្រាផ្កាយដុះកន្ទុយ ។ ផ្កាយដុះកន្ទុយដដែលនេះបានបង្ហាញខ្លួនម្ដងទៀតនៅក្នុងឆ្នាំ១៩១០ មានពណ៌ស្អាតល្អណាស់ ហើយបានធ្វើឱ្យមានការរំជើបរំជួលក្នុងបណ្ដាអ្នកតារាសាស្ដ្រ ទាំងឡាយនាសម័យនោះ ព្រោះគេមានជំនឿថាពិភពលោកអាចនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំនោះ ។ គេបានឃើញផ្កាយដុះកន្ទុយនេះលើកដំបូងនៅក្នុងឆ្នាំ១៤៥៦ នៅពេលដែលពួកមូស៊្លីមចូលកាន់កាប់ទីក្រុងបែលក្រាដ ។ ការលេចចេញនូវផ្កាយដុះកន្ទុយនេះ នៅពេលនោះបានធ្វើឱ្យទ័ពទាំងសងខាង មានការភិតភ័យ ហើយសម្ដេចប៉ាបកាលីសទី៣បានសម្រេចថា ចាប់ពីពេលនោះមក គេត្រូវសូត្រធម៌អង់ហ្សេលុសរាល់ថ្ងៃនៅពេលថ្ងៃត្រង់ ។
(67) ខែត្រនេះសព្វថ្ងៃជាទឹកដីរបស់កម្ពុជាវិញហើយ ហើយស្ថិតនៅលើត្រើយទន្លេមេគង្គខាងឆ្វេង នៅខាងជើងខែត្រម្លូព្រៃ និងខាងត្បូងខែត្រគង់របស់លាវ ។
(68) ចាប់តាំងពីឆ្នាំ១៧១៥មក ដីបាសាក់នៅចំណុះវៀងចន្ទនៅឡើយ ក៏ប៉ុន្ដែបានពង្រីកឯករាជ្យភាពល្អគ្រាន់បើហើយ ។ ពេលនោះហ្លួងប្រាបាងបានផ្ដាច់ខ្លួនចេញផុតពីការគ្រប់គ្រងរបស់ វៀងចន្ទដែរ ។ សៀមមិនបានជំទាស់ទេនៅពេលដែលស្ដេចបាសាក់ប្រកាសខ្លួនជាព្រះរាជា ។
(69) ខែត្រស្ទឹងត្រែងបានក្លាយទៅជាខែត្រលាវ-បារាំងនៅក្នុងឆ្នាំ១៨៩៤ ក្រោយពេលដែលត្រើយខាងឆ្វេងរបស់ទន្លេមេគង្គបានត្រូវកាត់បញ្ចូល មក ។ បារាំងបានបង្វិលមកឱ្យកម្ពុជាវិញហើយនៅក្នុងឆ្នាំ១៩០៤ ។
(70) គេចាប់ផ្ដើមជីកនៅក្នុងឆ្នាំ១៨១៥-១៨១៦ ក្នុងខែមិគសិរ ហើយជីកចប់នៅក្នុងខែមករា ។
(71) មានកូនចៅរបស់ បែនម៉ុងតេរ៉ូ ម្នាក់ ឈ្មោះថា កុលដឺម៉ុងតេរ៉ូ ដែលបានស្លាប់នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩០៨ ក្នុងឋានៈជាអគ្គមហាសេនា គឺនាយករដ្ឋមន្ដ្រី ។
(72) ចៅឃុនបឌិននេះស្លាប់នៅបាងកកក្នុងអាយុ៧៧ឆ្នាំនៅក្នុងឆ្នាំ១៨៤៧ ឬ១៨៤៨ ។ អ្នកខ្លះគិតថាគាត់នេះមានសញ្ជាតិបារាំង ក៏ប៉ុន្ដែតាមពិត គាត់ជាជនជាតិសៀមទេ ។
(73) ស្ដេចនេះមានព្រះជន្ម៤៤ឆ្នាំ ហើយបានសោយរាជ្យ១៨ឆ្នាំហើយ ។
(74) ពួកអាណ្ណាមថ្វាយព្រះឋានៈថា បាកុងជួ មានន័យថា ព្រះក្សត្រីជាម្ចាស់ជីវិត តែខ្មែរយើងសរសេរ បាគុនចាវ ទៅវិញ ។
(75) ព្រះនាងសុគតនៅឧត្ដុង្គ នៅរវាងឆ្នាំ១៨៧៨ ។
(76) ឋានៈនោះមាន អុងចាញ់ អុងផ ដូយ កាយឡាង ថុន ទ្រឿង ត្រាំ ។ល ។
(77) ផ្លូវនេះសង់ចេញពីភ្នំត្រង់ក្បែរផ្ទះលោកគ្រូពេទ្យធំ ។ មានមួយចំណែក គេហៅថា ផ្លូវប៉េត្រូល ។
(78) ព្រះអង្គឌួងមានបុត្រា៣ព្រះអង្គ និងបុត្រីមួយព្រះអង្គ ពីឆ្នាំ១៨៣៤ដល់១៨៤៤ ៖ មានព្រះរាជឱរសមួយព្រះអង្គបាន ប្រសូតពីអ្នកម្នាងប៉ែនជាមហេសីទី៣នៅក្នុងខែមាឃធំឆ្នាំ១៨៣៤ ទ្រង់ទទួលព្រះនាមថា ច្រឡឹង រួចថា អង្គវតី គឺព្រះបាទនរោត្ដម ។ នៅក្នុងឆ្នាំ១៨៣៩ ទ្រង់មានបុត្រីមួយអង្គ គឺអ្នកអង្គម្ចាស់ចង្កុលណី ។ ដល់មកឆ្នាំ១៨៤០ អ្នកម្នាងពៅប្រសូតបានបុត្រាមួយអង្គ ដែលក្រោយមកមានឋានៈជាព្រះកែវហ្វ៊ារួចជាព្រះឧបរាជ ហើយជាព្រះរាជា ស៊ីសុវត្ថិ ក្រោយពីព្រះនរោត្ដមសុគតទៅ ។ នៅក្នុងឆ្នាំ១៨៤១ អ្នកម្នាងខាំប្រសូត្របានបុត្រាមួយអង្គគឺព្រះអង្គម្ចាស់ វត្ថា ឬស៊ីវត្ថា ដែលក្រោយមកបានបះបោរប្រឆាំងនឹងព្រះរៀម ។
(79) ទ្រង់មានព្រះជន្ម៥១ព្រះវស្សា នៅពេលដែលសុគតនោះ ។
(80) ស្ថិតនៅលើត្រើយទន្លេមេគង្គខាងឆ្វេង ចម្ងាយប្រហែល៧០គីឡូម៉ែត្រ ខាងលើភ្នំពេញ ។
(81) សៀមបានទាក់ទាញយកអ្នកអង្គម្ចាស់អង្គភឹម បុត្រារបស់ព្រះអង្គឯម ដែលបានប្រយុទ្ធប្រឆាំងនឹងសៀមនៅក្នុងជួរកងទ័ពអាណ្ណាមឱ្យយាងទៅ បាងកក ហើយក៏រក្សាទុកនៅទីនោះទៅ ។ ធ្វើដូច្នេះ គេអាចមានមធ្យោបាយមួយនៅក្នុងដៃរបស់គេ ដើម្បីញាក់កម្ពុជាជាបន្ដទៅទៀត ។ ក៏ប៉ុន្ដែចៃដន្យអាក្រក់ ក្សត្រាអង្គនេះបានធ្លាក់អាពាធ ហើយសុគតទៅនៅក្នុងឆ្នាំ១៨៤៨ ។
(82) ពួកអេស្ប៉ាញ និងព័រទុយហ្គាល់ហៅថា បារីរាជាទីដែលបេឡូសូបានចុះចតកប៉ាល់ពេលវិលត្រលប់មកពីម៉ានីលវិញ នៅក្នុងឆ្នាំ១៥៩៧ មុនពេលដែលមានឃាតកម្មទៅលើព្រះរាមាជើងព្រៃបន្ដិច ។
(83) ក្រោយព្រះរាជពិធីកោរជុករួច អ្នកអង្គម្ចាស់ច្រឡឹង បានប្ដូរព្រះនាមថា ព្រះអង្គវតី ។ ក្រោយមកទ្រង់បានឡើងជាព្រះឧបរាជមានព្រះនាមថា នរោត្ដម រួចឡើងគ្រងរាជសម្បត្ដិក្រោមព្រះនាមដដែលនេះ ។
(84) អ្នកអង្គម្ចាស់អង្គភឹម ជាបុត្រាទី៣របស់ព្រះបាទអង្គឌួង ។ ក្រោយព្រះរាជពិធីកោរជុក ទ្រង់បានប្ដូរព្រះនាមថា ស៊ីវត្ថា ជាព្រះនាមដែលគេស្គាល់ព្រះអង្គច្រើនជាងគេ ។ នៅពេលដែលព្រះរៀមនរោត្ដមឡើងសោយរាជ្យ ទ្រង់បានបះបោរប្រឆាំង ។ ទ្រង់សុគតទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៨៩១ នៅភូមិភ្នំក្រែក ខាងជើងខែត្រសម្បូរ លើត្រើយទន្លេមេគង្គខាងស្ដាំ ជាទីកន្លែងដែលព្រះអង្គបានគង់នៅជាមួយបក្សពួកជាង២០ឆ្នាំមកហើយ ។
(85) ដើម្បីឱ្យបានមួយ ពីយ៉ាសម៉ិកស៊ីក (លុយជំនាន់ដើម) ដែលមាន២៩ក្រាមជាប្រាក់សុទ្ធ គេត្រូវការកាក់៦ចង្កោម មានទាំងអស់ ៣៦០០កាក់ ។
(86) ពួកសៀមច្រើនរំលោភតែស្រីក្រមុំ និងមេម៉ាយ ម្ល៉ោះហើយ កាលណាមានទ័ពសៀមចូលមក គេនាំគ្នាប្រញាប់ប្រញាល់រៀបចំការកូនស្រីឱ្យហើយ ។ ពួកអាណ្ណាមមិនសូវជាអាក្រក់ពេកទេ ។
(87) ទ្រង់ខ្លាចរអាពួកសៀម ព្រោះថា ព្រះអង្គមិនអាចតែងតាំងរដ្ឋមន្ដ្រីណាម្នាក់ដោយគ្មានការអនុញ្ញាត ពីស្ដេចសៀមបានទេ ។ ជាក់ស្ដែង គឺនៅក្នុងឆ្នាំ១៨៤៨ ព្រះអង្គបានបញ្ជូនឧកញ៉ាចក្រី និងឧកញ៉ាក្រឡាហោម ទៅស្រុកសៀម ដើម្បីសុំការឯកភាពពីស្ដេចសៀម តែងតាំងជាចៅហ៊្វាទឡ្ហៈ និងជាសម្ដេចចៅពញា តែស្ដេចសៀមក្នុងនាមជាស្ដេចអធិរាជ បែរជាតែងតាំងមន្ដ្រី២រូប ពីខែត្របាត់ដំបង ឱ្យទទួលតួនាទីនេះជំនួសវិញ ។
(88) មេសំខាន់៣នាក់របស់ពួកបះបោរនោះត្រូវជាកូនរបស់ចាមម្នាក់មាន ឈ្មោះថា ទួនសែតអស្មិត ឬទួនផា ។ ទួនផានេះបានវាយពួកអាណ្ណាមនៅប៊ិញធន់ រួចហើយបានមកតាមវាយពួកអាណ្ណាមនៅកម្ពុជាទៀត នៅក្នុងរជ្ជកាលស្ដេចអង្គចន្ទ ។ ព្រះបាទអង្គចន្ទ បានលើកទួនផាឱ្យឡើងធ្វើជារដ្ឋមន្ដ្រី ប៉ុន្ដែដល់ក្រោយមកបានបោះបង់ចោលទៅវិញ នៅក្នុងឆ្នាំ១៨២០ តាមការញុះញង់របស់អាណ្ណាម ។ កូនគាត់ទាំង៣នាក់ គឺទួនហ៊ីម ទួនស៊ូ និងទួនអ៊ិត មានឥទ្ធិពលទៅលើពួកអ្នកកាន់សាសនាដូចគ្នា ។ ចំណែកឯកូនទី៤ ដែលការពារពួកចាម និងម៉ាឡេ ខ្លាំងណាស់ដែរនៅក្នុងព្រះរាជវាំងកម្ពុជា បានឡើងជាសម្ដេចចៅពញានៅក្នុងរជ្ជកាលស្ដេចនរោត្ដម ។
(89) រាជពង្សាវតារបានកត់សម្គាល់ថាមានផ្កាយដុះកន្ទុយមួយនៅក្នុងឆ្នាំ ១៨៥៨ ដែលលេចឡើងនៅទិសពាយ័ព្យ ហើយមានកន្ទុយវែងចុះទៅខាងទិសអាគ្នេយ៍ ។ ផ្កាយដុះកន្ទុយនេះមានប្រវែង៩០អង្សាដែលគេអាចមើលឃើញច្បាស់នៅ ស្រុកបារាំងក្នុងរដូវក្ដៅ ។
(90) នៅពេលដែលអ្នកអង្គម្ចាស់អង្គវតី ត្រូវបានលើកឱ្យឡើងជាមហាឧបរាជ ស្ដេចសៀមបានលើកអ្នកអង្គម្ចាស់សនេះឱ្យឡើងជាព្រះកែវហ្វ៊ា ។ ព្រះអង្គបានទទួលយកបុត្រីរបស់ព្រះអនុជក្សត្រីមួយអង្គរបស់ព្រះ ក្សត្រីអង្គម៉ី ជាព្រះជាយា ដែលត្រូវជាព្រះភាគិនេយ្យេរបស់ព្រះអង្គ តែមានព្រះជន្មច្រើនជាងព្រះអង្គ១ឆ្នាំ ។ អ្នកអង្គម្ចាស់សនេះ ប្រុងតែនឹងដើរតាមអ្នកអង្គម្ចាស់វត្ថា ធ្វើការបះបោរទៅហើយ តែទ្រង់បានត្រូវគេលើកឱ្យឡើងជាព្រះឧបរាជនៅក្នុងឆ្នាំ១៨៦៨ រួចបានសោយរាជ្យបន្ដពីព្រះរៀម នរោត្ដម នៅក្នុងឆ្នាំ១៩០៤ ។
(91) មេដឹកនាំក្រុមបះបោរទាំង២នាក់នេះជាមិត្ដជិតស្និទ្ធ និងជាដៃស្ដាំរបស់អ្នកអង្គម្ចាស់វត្ថា មានដើមកំណើតចេញពីខែត្របាភ្នំ ។ អ្នកម្នាងជាព្រះមាតារបស់អ្នកអង្គម្ចាស់ក៏មានដើមកំណើតនៅបាភ្នំ នេះដែរ ហើយបានយកអ្នកទាំង២ទៅនៅបម្រើបុត្រាព្រះនាង ។
(92) គេបានកាត់ក្បាលយកមកថ្វាយព្រះរាជា រួចឱ្យជនក្បត់ម្នាក់ទៀតទូលដើរកាត់ផ្សារ រួចយកទៅដោតចុងឫស្សីដែលបោះនៅពីខាងមុខព្រះរាជវាំង ។
(93) នៅក្នុងសេចក្ដីសំបុត្រនោះ អាស្វាបានអះអាងថា ខ្លួនគេគឺជាអ្នកអង្គម្ចាស់អង្គភឹម ត្រូវជារាជបុត្ររបស់ព្រះអង្គឯម ដែលជាព្រះរាមរបស់ព្រះអង្គឌួង ។ ខ្លួនគេបានបែកបាក់ព្រាត់ឆ្ងាយពីព្រះមាតា និងព្រះជាយាព្រះនាមស្ងួន ហើយត្រូវគេនាំខ្លួនយកទៅបាងកកនៅពេលដែលគេរៀបចំព្រះរាជពិធី អភិសេកព្រះបាទអង្គឌួង ធ្វើឱ្យគេកើតទុក្ខជាខ្លាំង ស្ទើរតែឆ្កួត ក៏ឱ្យមិត្ដភក្ដិក្លែងបន្លំថា ខ្លួនស្លាប់ហើយៗបានយកសពខ្មែរម្នាក់ផ្សេងទៀតមកដាក់នៅក្នុងមឈូស ជំនួសវិញ ។ ឯព្រះអង្គភឹមផ្ទាល់ បានរត់គេចខ្លួនទៅរស់នៅជាមួយពួកស្ទៀង និងព្នង ទើបតែចេញមកវិញនេះដើម្បីកេណ្ឌទ័ពទាមទារយកសិទ្ធិរបស់ខ្លួនមក វិញ ។ នៅកម្ពុជាសព្វថ្ងៃ នៅមានអ្នកខ្លះយល់ថារឿងនេះជាការពិត ។
(94) អ្នកអង្គម្ចាស់ពោធិកំបោរ នេះ បានសុគតទៅក្រោយពីប្រសូតបានប៉ុន្មានម៉ោងនៅឧត្ដុង្គ ។
(95) លោកឌូដាដឺឡាគ្រេបានសរសេរនៅក្នុងថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៨៦៥ ថា ៖ «ព្រះរាជាមិនសូវមានប្រជាប្រិយភាពប៉ុន្មានទេ ដោយសារអតីតកាលរបស់ព្រះអង្គ និងដោយសារទ្រង់ចំណាយច្រើនលើសលុប» ។ ឯលោកប៉ូធីយេក៏បាននិយាយ ដែរនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៨៦៧ ថា ៖ «អ្នកណាៗក៏ស្អប់ព្រះរាជាដែរ គ្មាននរណាម្នាក់ចូលចិត្ដព្រះអង្គទេ» ។ តាមពិតទៅ ទាំងប្រជារាស្ដ្រទាំងនាម៉ឺនសព្វមុខមន្ដ្រី គេចូលចិត្ដព្រះអនុជស៊ីសុវត្ថិខ្លាំងជាង ។
(96) ព្រះរាជាទ្រង់បាននាំយកពួកភ្លេងមួយក្រុម មានឈ្មោះថាតាហ្គាល់ ពីម៉ានីលមកកម្ពុជា ដែលជាប្រភពនៃក្រុមភ្លេងមួយក្រុម ដែលតែងសម្ដែងជូនសាធារណជនទស្សនានៅវត្ដភ្នំ រាល់ថ្ងៃអាទិត្យចាប់ពីម៉ោង៥កន្លះដល់ម៉ោង៦កន្លះ និងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង៨កន្លះ ដល់ម៉ោង៩កន្លះ ។
(97) សព្វថ្ងៃនេះ ៤ពីយ៉ាស ស្មើនឹង៩ហ្វ្រង់កន្លះ ។
(98) នៅក្នុងខែកុម្ភៈ ឆ្នាំ១៨៧៧ អ្នកអង្គម្ចាស់វត្ថា បានបង្ហាញវត្ដមានឡើងវិញនៅក្នុងខែត្របាភ្នំ ដោយមានទ័ពមួយកង ។ គេបានបញ្ជូនទ័ពមួយកងទៅវាយទ័ពនោះឱ្យបរាជ័យ ដណ្ដើមយកបន្ទាយបាភ្នំបាន ក៏ប៉ុន្ដែសង្គ្រាមនោះបានធ្វើឱ្យមនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្ដិអស់ជាច្រើន ។ ហេតុការណ៍នេះបញ្ជាក់ថា នៅពេលនោះប្រជាជនមិនសូវជាចូលចិត្ដព្រះបាទនរោត្ដមប៉ុន្មានទេ ។
(99) លោកពីកេនេះ មុនដំបូងជាអនុនាវីកប៉ាល់ បន្ទាប់មកជាអ្នកធ្វើការងាររដ្ឋបាល រួចជាចាងហ្វាងមហាផ្ទៃនៅកូសាំងស៊ីន ។ នៅពេលចូលនិវត្ដន៍ គាត់បានត្រូវគេលើកឱ្យធ្វើជាភ្នាក់ងារទារពន្ធនៅ Flèche រួចជារ៉េស៊ីដង់ធំនៅកម្ពុជា ។ គាត់បានមកដល់កម្ពុជានៅខែមីនា ឆ្នាំ១៨៨៦ ដើម្បីទទួលដំណែងជំនួសលោកវរសេនីយ៍ទោ បាដេន ដែលបានមកកាន់តំណែងស្ដីទីជាង១ឆ្នាំមកហើយ ដោយមានលោក ហ៊្វូរ៉ែស ជាទីប្រឹក្សា ។ ពេលនោះ លោករ៉េស៊ីដង់ពេញសិទ្ធិគឺលោក អៃម៉ូនីញេ ដែលជាប់ចូលរួមធ្វើបេសកកម្មវិទ្យាសាស្ដ្រមួយ ។
(100) អារញ្ញ និងវឌ្ឍនៈ ដែលមានរ៉ែមាសកំពុងតែយកផលដោយក្រុមហ៊ុនអង់គ្លេសមួយ បាននៅជារបស់សៀមតទៅទៀត ។ នោះគឺជាការខុសឆ្គងមួយ ពីព្រោះថាវាជាមជ្ឈមណ្ឌលចោរកម្ម និងការឃុបឃិតគ្នារវាងសត្រូវរបស់របបថ្មី ដែលធ្វើឱ្យមានការលំបាកជាច្រើនដល់នគរបាលព្រំដែន ។ បើសិនជាវឌ្ឍនៈបានមកកម្ពុជា នោះប្រហែលជាគ្មានការលំបាកក្នុងការគ្រប់គ្រងអ្នកស្រុកទេ ។ ក៏ប៉ុន្ដែវាមានផលប្រយោជន៍របស់ពួកបរទេសដែលបារាំងត្រូវតែគិតគូរ កុំឱ្យប៉ះពាល់ដល់ ។
(101) មានចំណុចជាច្រើនដែលត្រូវលើកយកមករៀបរាប់ ការទិតៀនជាច្រើនដែលត្រូវនិយាយ ការខ្វះការប៉ិនប្រសប់មួយចំនួនដែលត្រូវលើក និងកំហុសឆ្គងដែលត្រូវបញ្ជាក់ ។ ក៏ប៉ុន្ដែក្រោយពីបានពិចារណារួច ខ្ញុំគិតថាស្នាដៃនេះមិនគួរបើនឹងលើកយកសកម្មភាពគ្រប់គ្រងដែល កំពុងតែដំណើរការទៅ មកធ្វើការទិតៀនទេ ។ ខ្ញុំទើបតែបានទទួលព័ត៌មានចុងក្រោយនេះថា គេទើបតែបានរៀបចំការបោះឆ្នោតជ្រើសតាំងសភាពិគ្រោះយោបល់មួយ ដែលមានតំណាងរាស្ដ្រចំនួន៤២នាក់ ជ្រើសរើសចេញពីគ្រប់ខែត្រ ប៉ុន្ដែខ្ញុំមិនបានដឹងអ្វីវែងឆ្ងាយទេ ។ និយាយប៉ុននេះមិនគ្រប់គ្រាន់ទេ ក៏ប៉ុន្ដែខ្ញុំអាចបានត្រឹមជម្រាបអំពីការខិតខំប្រឹងប្រែងដ៏មាន សារសំខាន់នេះ ដែលទាមទារឱ្យមានការប៉ិនប្រសប់ ហើយចេះអនុវត្ដ ។

No comments:
Post a Comment