Showing posts with label ១៨៤១ -១៩០៤. Show all posts
Showing posts with label ១៨៤១ -១៩០៤. Show all posts

Thursday, December 12, 2019

ដែនដី កូសាំងស៊ីន Cochin Chine

ជាដំបូងខ្ញុំលើកពីការបកស្រាយអំពីឈ្មោះថា កូសាំងស៊ីន
  1. Chan Born កូ សាំង ស៊ីន ជាអ្វី? កូ ភាសាបារាំង ឬ អគ្លេស គេប្រែថា ក្បែ នៅជិត ដូចជា​ Co-pilot ជំនួយការ ឬ នៅក្បែពីឡុត។ អាំង ដូស៊ីន ភាសាបារាំង គេថា ឥណ្ឌូ ចិន ឬ ឥណ្ឌា ចិន Indo Chine ពេលគេធ្វើ លីយេហ្សុង ភ្ជាប់ វាទៅជា កូ សាំង ស៊ីន Co's Indo Chine ( Chochin Chine)
  2. ក្នុង​ពេល​ដែល​ដែន​ដី​កម្ពុជា​ក្រោម ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​អាណានិគម​និយម​បារាំង បារាំង បាន​ហៅ​ដែន​ដី​មួយ​នេះ​ថា ដែន​ដី​កូសាំងស៊ីន ឬ​កូសាំងស៊ីន​ទំនាប ឬ​ក៏​កូសាំងស៊ីន​បារាំង​សែស ប៉ុន្តែ​ជាទូទៅ​គេ​ហៅ​ថា កូសាំងស៊ីន​បារាំង​សែស ហើយ​ដែល​អ្នក​ប្រវត្តិសាស្ត្រ​បរទេស​ភាគ​ច្រើន​នៅ​ប្រើ​ពាក្យ​នេះ​នៅ​ឡើយ ដើម្បី​សំដៅ​ទៅ​លើ​ដែន​ដី​កម្ពុជា​ក្រោម។
  3. ទាក់ទង​បញ្ហា​នេះ អ្នក​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ហេតុផល​ផ្សេងៗ​គ្នា​ចំពោះ​ប្រវត្តិ​នៃ​ពាក្យ​កូសាំងស៊ីន នេះ។ បើ​តាម​សាស្ត្រាចារ្យ ត្រាំងឆាត ប៊ុត លោក​បាន​អះអាង​ក្នុង​សៀវភៅ កម្ពុជា​ក្រោម​អំណាច​គ្មាន​ខ្មែរ​ក្រោម របស់​លោក​ថា ពាក្យ​កូសាំងស៊ីន (Cochinchine) ផ្គុំ​ឡើង​ដោយ​ពាក្យ ២​ផ្សេង​គ្នា គឺ​ពាក្យ​កូសាំង (Cochin) និង​ពាក្យ​ស៊ីន (Chine)។ តាម​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូប​នេះ ពាក្យ​កូសាំង គឺ​សំដៅ​លើ​ឈ្មោះ​ព្រះសង្ឃ​កាតូលិក​បារាំង មួយ​អង្គ ដែល​បាន​ស្ថាបនា​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ប៉ារីស ឈ្មោះ​មន្ទីរពេទ្យ​កូសាំង ឬ​បារាំង ហៅ​ថា អូពីតាល់ កូសំាង (Hôpital Cochin)។ ចំណែក​ពាក្យ​ស៊ីន គឺ​មក​ពី​ពាក្យ​បារាំង ស៊ីន្នឹ (Chine) ដែល​ប្រែ​ថា​ចិន ឬ​ប្រទេស​ចិន។
  4. លោក ត្រាំងឆាត ប៊ុត សរសេរ​បន្ត​ថា មុន​នឹង​មក​ដល់​ទីក្រុង​ព្រៃនគរ កងនាវិក ឬ​កងទ័ព​ស្រួច​របស់​បារាំង បាន​ចេញ​ដំណើរ​ពី​ប្រទេស​ចិន មក ដោយ​ធ្វើ​ដំណើរ​តាម​ឈូង​សមុទ្រ​ចិន ទៀត​ផង។ លោក​ថា ក្រោយ​មក​ពាក្យ​ថា Chine ឬ​ចិន នេះ ត្រូវ​បាន​ចងចាំ​ក្នុង​ខួរ​ក្បាល​របស់​ទ័ព​បារាំង រហូត​មក។ លុះ​ក្រោយ​មក នៅ​ពេល​បារាំង វាយ​ដណ្ដើម​កាន់​កាប់​បាន​ទីក្រុង​ព្រៃនគរ រួច​ហើយ ពួក​គេ​ក៏​បាន​សម្រេច​ដាក់​ឈ្មោះ​ទឹក​ដី​ថ្មី​នេះ​ថា កូសំាងស៊ីន តែ​ម្តង ដើម្បី​រំឭក​គុណ​ដល់​ព្រះតេជព្រះគុណ​កូសាំង ដែល​ព្រះអង្គ​បាន​ប្រឹងប្រែង​គ្រប់​មធ្យោបាយ ដើម្បី​សម្រាល​ទុក្ខ​ប្រជាពលរដ្ឋ​បារាំង។
  5. សព្វថ្ងៃ មន្ទីរពេទ្យ​កូសាំង ឬ​អូពីតាល់​កូសំាង គឺ​ជា​មន្ទីរពេទ្យ​រដ្ឋ​ដ៏​ល្បីល្បាញ​មួយ​នៅ​ទីក្រុង​ប៉ារីស ហើយ​មន្ទីរពេទ្យ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​មហាវិទ្យាល័យ​ពេទ្យ​ប៉ារីស​ដេកាត (Faculté de Médecine Paris-Descartes)។ ស្រដៀង​នឹង​ការ​អះអាង​របស់ លោក ត្រាំងឆាត ប៊ុត គេហទំព័រ​វីគីភេដៀ (Wikipedia) ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ដែល​គេ​ដាក់​ឈ្មោះ​មន្ទីរពេទ្យ​នេះ​ថា កូសាំង គឺ​ដើម្បី​រំឭក​ដល់​ព្រះតេជព្រះគុណ ហ្សង់ ឌែននីស កូសាំង (Jean-Denis Cochin) ដែល​ព្រះអង្គ​បាន​ជួយ​ដល់​កម្មករ និង​អ្នក​ក្រីក្រ​ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ប៉ារីស តាម​រយៈ​ការ​សាងសង់​មន្ទីរពេទ្យ​កូសាំង នេះ។
  6. ក្រៅ​ពី​ទឡ្ហីករណ៍​របស់ លោក ត្រាំងឆាត ប៊ុត អ្នក​ស្រាវជ្រាវ​ខ្មែរ​ខ្លះ​បាន​លើក​ឡើង​ថា ពាក្យ​ថា កូសាំងស៊ីន គឺ​មក​ពី​ពាក្យ​វៀតណាម ថា កូ ជិន ស៊ិន (CỖ Chinh Xin) ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “នាង​ទី​៩​សុំ”។ នាង​ទី​៩​នៅ​ទី​នេះ គឺ​សំដៅ​ទៅ​លើ​ព្រះមហេសី​យួន​របស់​ព្រះបាទ​ជ័យជេដ្ឋាទី២ ឈ្មោះ ង្វៀង ង៉ុកវ៉ាន់ ដែល​ជា​បុត្រី ឬ​កូន​ទី​៨​របស់​ស្ដេច​យួន​អណ្ណាម ឈ្មោះ ង្វៀង សាយវឿង។ មហេសី​យួន ង្វៀង ង៉ុកវ៉ាន់ នេះ​ហើយ​ដែល​បាន​ខ្ចី​ដី​ខ្មែរ​ពី​ព្រះបាទ​ជ័យជេដ្ឋាទី២ ឲ្យ​ជនជាតិ​យួន​មក​រស់​នៅ ហើយ​ដែល​មិន​បាន​សង​ឲ្យ​ខ្មែរ​វិញ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។
  7. មាន​ការ​អះអាង​ថា ពាក្យ​ថា កូជិនស៊ិន ឬ​នាង​ទី​៩​សុំ​នេះ គឺ​ជនជាតិ​យួន បាន​ហៅ​តៗ​គ្នា សំដៅ​ទៅ​លើ​ទឹក​ដី​ខ្មែរ​ដែល​មហេសី​យួន ង្វៀង ង៉ុកវ៉ាន់ បាន​សុំ​ពី​ព្រះបាទ​ជ័យជេដ្ឋាទី២ ហើយ​ដើម្បី​រំឭក​ដល់​គុណ​បំណាច់​របស់​នាង ង្វៀង ង៉ុកវ៉ាន់ ពួក​ជនជាតិ​យួន ក៏​ហៅ​ដែន​ដី​នេះ​ថា កូជិនស៊ិន តៗ​គ្នា​ទៅ។ ប៉ុន្តែ បើ​តាម​ប្រវត្តិសាស្ត្រ ព្រះបាទ​ជ័យជេដ្ឋាទី២ ពុំ​បាន​ឲ្យ​ដី​ខ្មែរ​ទៅ​យួន នោះ​ទេ ព្រះអង្គ​គ្រាន់​តែ​ឲ្យ​យួន​ខ្ចី​ក្នុង​រយៈពេល ៥​ឆ្នាំ​ប៉ុណ្ណោះ។
  8. តើ​នាង ង្វៀង ង៉ុកវ៉ាន់ ជា​កូន​ទី​៨​របស់​ស្ដេច​យួន ង្វៀង សាយវឿង ឬ​យ៉ាង​ណា? មាន​ការ​លើក​ឡើង​ថា ស្ដេច​យួន ង្វៀង សាយវឿង ឬ​ខ្លះ​ថា ង្វៀង ភុកវៀង មាន​បុត្រ​ទាំងអស់​ចំនួន ១៥​នាក់ ក្នុង​នោះ​មាន​បុត្រា​ចំនួន ១១​នាក់ និង​បុត្រី​ចំនួន ៤​នាក់។ តែ​ទោះ​យ៉ាង​ណា គ្មាន​ការ​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​ណា​មួយ​ថា នាង ង្វៀង ង៉ុកវ៉ាន់ ឬ​មហេសី​របស់​ព្រះបាទ​ជ័យជេដ្ឋាទី២ គឺ​ជា​កូន​ទី​៨ នៃ​រាជវង្ស​ស្ដេច ង្វៀង សាយវឿង នោះ​ឡើយ។ ម្យ៉ាង​ទៀត បើ​នាង ង្វៀង ង៉ុកវ៉ាន់ ជា​កូន​ទី​៨​ក្នុង​គ្រួសារ ហេតុ​អ្វី​បាន​ជា​គេ​ហៅ​នាង​ថា កូជិន (CỖ Chinh) ឬ​នាង​ទី​៩​ទៅ​វិញ? នេះ​មិន​មែន​ជា​រឿង​ពិបាក​យល់​នោះ​ទេ។ ខុស​ពី​ជនជាតិ​ខ្មែរ ជនជាតិ​យួន មាន​ទន្លាប់​ហៅ​កូន​ច្បង​ដោយ​រាប់​ពី​លំដាប់​លេខ​រៀង​ទី​២​ឡើង​ទៅ មាន​ន័យ​ថា បើ​កូន​នោះ​ជា​កូន​ច្បង ឬ​កូន​ទី​១ គេ​ហៅ​ថា​កូន​ទី​២​ទៅ​វិញ ដូច​ជា​ពេល​ខ្លះ​គេ​ហៅ​ថា អាន់ហាយ (Anh 2) ឬ​ចីហាយ (Chi 2) គឺ​សំដៅ​ទៅ​លើ​បង​ប្រុស​ច្បង ឬ​បង​ស្រី​ច្បង មិន​មែន​បង​ប្រុស​ទី​២ ឬ​បង​ស្រី​ទី​២​ឡើយ។ ដូច្នេះ បើ​គេ​ហៅ​មហេសី​ព្រះបាទ​ជ័យជេដ្ឋាទី២ ថា កូជិន (CỖ Chinh) ឬ​នាង​ទី​៩​នោះ មាន​ន័យ​ថា នាង​ជា​កូន​ទី​៨​ក្នុង​គ្រួសារ​ទៅ​វិញ​ទេ។
  9. ទាក់ទង​នឹង​ពាក្យ​កូជិនស៊ិន មាន​ការ​ពោល​តៗ​គ្នា​ថា នៅ​ពេល​ដែល​ពួក​អាណានិគមនិយម​បារាំង បាន​ចូល​មក​កាន់​កាប់​ដែន​ដី​កម្ពុជា​ក្រោម ពួក​គេ​ក៏​បាន​ចាប់​ផ្ដើម​កម្លាយ​ពាក្យ កូជិន ស៊ិន ដែល​ជនជាតិ​យួន តែង​ហៅ​នោះ ឲ្យ​ទៅ​ជា​កូសាំងស៊ីន វិញ ទៅ​តាម​សំនៀង​អាន​នៃ​ភាសា​របស់​បារាំង។
  10. យ៉ាង​ណា​ក៏ដោយ បើ​តាម លោក អាដេម៉ារ ឡឺក្លែរ លោក​បាន​អះអាង​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា របស់​លោក​ថា ពាក្យ​ថា កូសាំងស៊ីន បាន​ក្លាយ​មក​ពី​ពាក្យ ឆានឆេង ដែល ឆានឆេង នេះ គឺ​ជា​អតីត​រាជធានី​របស់​នគរ​ចំប៉ា។ ជុំវិញ​រឿង​នេះ លោក ឡឺក្លែរ បាន​សរសេរ​ថា ប្រមាណ​ជា​ក្នុង​ជំនាន់​ដែល​រាជធានី​លង្វែក​របស់​កម្ពុជា បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​សៀម អាណាចក្រ​អណ្ណាម​ដែល​ទើប​តែ​ដណ្ដើម​យក​បាន​ទឹក​ដី​នគរ​ចំប៉ា ស្ទើរ​តែ​ទាំងអស់​បញ្ចូល​មក​ជា​របស់​ខ្លួន​នោះ បាន​បែក​ចេញ​ជា​២​ដាច់​ពី​គ្នា មួយ​គឺ​តុងកឹង និង​មួយ​ទៀត គឺ​កូសាំងស៊ីន ដែល​ជា​អតីត​នគរ​ចំប៉ា ឬ​ក្រោយ​មក​ត្រូវ​យួន ឲ្យ​ឈ្មោះ​ថា អណ្ណាម។ បើ​ផ្អែក​តាម​ការ​អះអាង​របស់ លោក ឡឺក្លែរ ត្រង់​ចំណុច​នេះ មាន​ន័យ​ថា ពាក្យ​ថា កូសាំងស៊ីន មិន​មែន​សំដៅ​ទៅ​លើ​ដែន​ដី​កម្ពុជា​ក្រោម នោះ​ទេ គឺ​សំដៅ​ទៅ​លើ​ដែន​ដី​អណ្ណាម ដែល​ជា​អតីត​ទឹក​ដី​របស់​នគរ​ចំប៉ា ទៅ​វិញ​ទេ។ តែ​ទោះ​យ៉ាង​ណា ក្រោម​ការ​គ្រប់គ្រង​របស់​បារាំង បារាំង បាន​បែង​ចែក​យ៉ាង​ច្បាស់​រវាង​ដែន​ដី​កូសាំងស៊ីន ដែន​ដី​អណ្ណាម និង​តុងកឹង ដែល​កូសាំងស៊ីន សំដៅ​លើ​កម្ពុជា​ក្រោម អណ្ណាម សំដៅ​លើ​ភូមិ​ភាគ​កណ្ដាល​របស់​វៀតណាម សព្វថ្ងៃ ឬ​អតីត​នគរ​ចំប៉ា និង​តុងកឹង សំដៅ​លើ​ទឹក​ដី​វៀតណាម នៅ​ភូមិ​ភាគ​ខាង​ជើង​ដែល​មាន​ទីក្រុង​ហាណូយ ជា​រដ្ឋធានី៕
ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ក្សត្រសម័យឆ្នាំ ១៨៤១ ដល់ឆ្នាំ  ១៩០៤
  1. ៤២. ព្រះ​អង្គឌួង (១៨៤១-១៨៥៩) នៅ​ពេល​នោះ នៅ​រាជធានី​ឧត្ដុង្គ​ឯណោះ​វិញ ប្រជាជន​កំពុង​តែ​នាំ​គ្នា​រាក់ទាក់​ស្វាគមន៍​មេទ័ព​សៀម ចៅ​ឃុន​បឌិន និង​ព្រះ​អង្គឌួង ដែល​បាន​ចាប់​ផ្ដើម​ដឹកនាំ​កិច្ចការ​ប្រទេស​ជាតិ​ហើយ ។ ព្រះ​អង្គ​បាន​ចេញ​ព្រះរាជ​បញ្ជា​ទៅ​គ្រប់​ខែត្រ​ខណ្ឌ តែង​តាំង​ចៅហ្វាយ​ខែត្រ ឬ​ទទួល​ស្គាល់​អំណាច​របស់​ពួក​មេដឹកនាំ​បះបោរ រួច​បាន​យាង​មក​គង់នៅ​ក្នុង​ព្រះរាជវាំង​មួយ​ធ្វើ​អំពី​ឈើ​នៅ​ឃ្លាំង​ស្លឹក​ ជិត​ពញាឮ ដែល​ប្រជារាស្ដ្រ​បាន​នាំ​គ្នា​សង់​ថ្វាយ​ក្នុង​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ ប៉ុណ្ណោះ ។ 
  2. ចំណែក​ពួក​អាណ្ណាម​វិញ បាន​ប្រមូល​កម្លាំង​ទ័ព និង​ភស្ដុភារ​ជា​ច្រើន​នៅ​ក្នុង​ព្រែកជីក​ហាទៀង ធ្វើ​ឱ្យ​ចៅឃុន​បឌិន​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ព្រោះ​បាន​រំសាយ​ទ័ព​ទៅ​វិញ​ខ្លះ​ទៅ​ហើយ ហើយ​បើ​នៅ​ទាំង​អស់ ក៏​ទ័ព​នោះ​តិច​មិន​អាច​ប្រៀប​ទៅ​នឹង​ទ័ព​អាណ្ណាម​បាន​ទេ ។ ស្រាប់តែ​លេច​កប៉ាល់​ទឹក​សៀម​មួយ​កង​មក​ចុះ​ចត​នៅ​នឹង​កំពត ដោយ​មាន​ដឹក​ទ័ព​ជំនួយ​មាន​សៀម​ខ្មែរ​ម៉ាឡេ​ និង​ពួក​អឺរ៉ុប​មក​ផង ។​ ចៅ​ឃុន​បឌិន​ប្រុង​ថា​នឹង​ចេញ​ទ័ព​ទៅ​ត​ភ្ជាប់​ជាមួយ​ទ័ព​ជំនួយ​នោះ ទទួល​មាន​ដំណឹង​លេច​ឮ​ថា​ពួក​នោះ​ត្រូវ​អាណ្ណាម​វាយ​ប្រហារ ហើយ​បាន​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ​ស្រុក​សៀម​វិញ​ទៅ​ហើយ ។ បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ​ចៅ​ឃុន​បឌិន​រឹតតែ​មាន​ការ​លំបាក​ថែម​ទៀត ព្រោះ​ទើប​តែ​បរាជ័យ​នៅ​ក្នុង​ការ​ប្រយុទ្ធ​តាម​ជើង​ទឹក​មួយ​នៅ​លើ​ចូវដុក​ ដែរ ក្រោយ​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​អស់​ពេល​២​ថ្ងៃ ។
  3. ពេល​នោះ​ព្រះ​អង្គឌួង​បាន​យាង​មក​គង់នៅ​ឯ​ខែត្រ​ទ្រាំង​វិញ​ជាមួយ​ទ័ព​ ខ្មែរ​មួយ​កង ។​ ទ័ព​អាណ្ណាម​ដែល​ទើបតែ​វាយ​ប្រហារ​ទៅ​លើ​ទ័ព​សៀម ហើយ​បង្ខំ​ឱ្យ​ចុះ​ទូក​ចេញ​ទៅ​ស្រុក​វិញ បាន​បែរ​មក​វាយ​ទ័ព​ព្រះ​អង្គ​ម្ដង ដោយ​ជួប​ប្រយុទ្ធ​គ្នា​ស៊ីសាច់​ហុត​ឈាម​នៅ​ជើង​កញ្ចុំ (១៨៤១) ។
  4. ព្រះ​អង្គឌួង​បាន​យាង​ត្រលប់​មក​ឧត្ដុង្គ​វិញ ទាំង​ក្ដី​អស់​សង្ឃឹម ។ ក៏​ប៉ុន្ដែ​បឌិន​បាន​ប្ដេជ្ញា​នៅ​តតាំង ហើយ​បាន​ចាត់​ឱ្យ​គេ​សង់​របាំង​ការពារ​នៅ​ទន្លេធំ លើ​ដៃទន្លេ​ចូវដុក និង​ដៃទន្លេ​តូចៗ​១០​កន្លែង​ទៀត សម្រាប់​ទប់​បង្អាក់​ដំណើរ​រុល​ទៅ​មុខ​របស់​ពួក​អាណ្ណាម ថ្វីបើ​របាំង​ខ្លះ​តូច​ក៏​ដោយ ។
  5. ទ័ព​សត្រូវ​ទាំង​សងខាង​បាន​បោះទីតាំង​នៅ​លើ​ទឹកដី​ដែល​គេ​ដណ្ដើម​យក​បាន ហើយ​លួច​ចេញ​វាយ​គ្នា​មួយ​ដង​មួយ​កាល ជួនកាល​នៅ​ពេល​យប់ ធ្វើ​ឱ្យ​មាន​ការ​ខូចខាត​ហិន​ហោច​ជា​ខ្លាំង ។ សៀម និង​អាណ្ណាម​ច្បាំង​គ្នា​នៅ​លើ​ទឹកដី​កម្ពុជា ម្ល៉ោះ​ហើយ​គេ​មិន​ប្រញាប់​ប្រញាល់​នឹង​ដណ្ដើម​យក​ជ័យ​ជម្នះ​ពី​គ្នា​ទៅ​វិញ ​ទៅ​មក​ទេ ។ ម្នាក់ៗ​គិតតែ​ដណ្ដើម​យក​អាណា​ខែត្រ​កម្ពុជា​មួយ​ចំនួន​ដាក់​ចូល​ទៅ​ក្នុង​ ទឹកដី​របស់​ខ្លួន បែង​ទឹកដី​ខ្មែរ​ចែក​គ្នា ម្ល៉ោះ​ហើយ​ខិតខំ​ធ្វើ​ម៉េច​កាន់កាប់​ទឹកដី​ឱ្យ​បាន​ច្រើន តាម​តែ​អាច​ធ្វើ​ទៅ​បាន ។ អ្នក​ទាំង​២​មាន​កង្វល់​តែ​មួយ​ដូច​គ្នា គឺ​កាន់កាប់​ភ្នំពេញ​ចតុម្មុខ​ឱ្យ​បាន​ព្រោះ​ជា​បេះដូង​ និង​ជា​ចំណុច​យុទ្ធសាស្ដ្រ​របស់​ប្រទេស ។​ បើសិនជា​មិន​គិត​ពី​ចតុម្មុខ​នេះ​ទេ គេ​ប្រហែល​ជា​បាន​ចុះ​សន្ធិសញ្ញា​សន្ដិភាព​រួច​បាត់​ទៅ​ហើយ​ ហើយ​កម្ពុជា​ទាំងមូល​ក៏​នឹង​ត្រូវ​បែងចែក​រវាង​សៀម និង​អាណ្ណាម​អស់​ទៅ​ហើយ​ដែរ ។
  6. ដូច្នេះ​ភ្នំពេញ​ដែល​២០​ឆ្នាំ​ក្រោយ​មក​ជា​រាជធានី​របស់​កម្ពុជា​ក្រោម​កិច្ច​ការពារ​របស់​បារាំង​គឺជា​ឧបសគ្គ​មួយ​ដែល​បើ​ដើរ​ជំពប់​ទៅ​នឹង​មាន​កើត ​សង្គ្រាម ឬ​មួយ​សន្ដិភាព ។ ទ័ព​អាណ្ណាម​យល់​អំពី​បញ្ហា​នេះ​ច្បាស់​ណាស់ ក៏​ប៉ុន្ដែ​ដោយ​ប្រជាជន​ទូ​ទាំង​ប្រទេស​បាន​ងើប​ប្រឆាំង​ហើយ ហើយ​រដ្ឋាភិបាល​អាច​នឹង​ត្រូវ​គេ​ដណ្ដើម​យក​ អុង​ទួងគុន​ បាន​សម្រេច​ចិត្ដ​ដក​ស្នាក់​ការ​ពី​ភ្នំពេញ​ទៅ​ដាក់​នៅ​ឯ​ចូវដុក ​វិញ ។ ចៅ​ឃុន​បឌិន​បាន​ឱកាស​ក៏​ចូល​មក​កាន់​កាប់​រាជធានី​ដែល​អាណ្ណាម​បោះបង់​ចោល រួច​បាន​បញ្ជា​ឱ្យ​គេ​សង់​វាំង​មួយ​នៅ​កំពង់​វៀងភ័ក្ដ្រ ត្រង់​កន្លែង​ដែល​មាន​សាលា​ឃុំ​ តាំងពី​ឆ្នាំ​១៨៨៥​មក សព្វ​ថ្ងៃជា​ទីតាំង​រោងចក្រ​ទឹកកក​នៅ​ខាងជើង​វត្ដ​ឧណ្ណាលោម ។
  7. ពេល​នោះ​ពួក​អាណ្ណាម​បាន​ដោះ​លែង​ព្រះ​អង្គ​ឯម​ឱ្យ​មាន​សេរីភាព និង​ចាត់​ទុក​ព្រះ​អង្គជា​ស្ដេច​មួយ​អង្គ​ឡើង​វិញ ហើយ​នាំ​ព្រះ​អង្គ​មក​ភ្នំពេញ រួច​នាំ​ទៅ​ចូវដុក​ជាមួយ​នៅ​ពេល​ដែល​ពួក​គេ​ដកថយ​ទៅ ក្នុង​ក្ដី​សង្ឃឹម​ថា នឹង​ឱ្យ​ព្រះ​អង្គ​ប្រឆាំង​នឹង​ព្រះ​អង្គឌួង​ដែល​រាស្ដ្រ​ស្រលាញ់​ចូល​ចិត្ដ និង​ឱ្យ​ព្រះ​អង្គ និង​អ្នក​ដែល​គាំទ្រ​ព្រះ​អង្គ​បន្ដ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​សៀម​តទៅ​ទៀត ។ ដើម្បី​លាក់​បាំង​គោល​បំណង​អាក្រក់​របស់​ខ្លួន​កុំ​ឱ្យ​ប្រជាជន​មើល​ឃើញ ពួក​អាណ្ណាម​បាន​រៀប​អាពាហ៍​ពិពាហ៍​ព្រះ​ឧបរាជ​អង្គ​ឯម​ជាមួយ​អ្នក​អង្គ​ពៅ ដែល​គេ​បាន​លើក​ឱ្យ​ធ្វើ​ជា​ឧបរាជ​ដែរ រួច​ហើយ​រៀប​អាពាហ៍​ពិពាហ៍​អ្នក​អង្គ​ម្ចាស់​អង្គភឹម បុត្រា​របស់​ព្រះ​អង្គ​ឯម ជាមួយ​ព្រះ​ក្សត្រី​អង្គ​ស្ងួន ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅជា​មហេសី​មួយ​អង្គ​របស់​ព្រះ​អង្គឌួង ក្រោយ​ពី​ព្រះ​អង្គភឹម​សុគត​ទៅ ។ ការ​រៀបចំ​ទុក​ដាក់​នេះ​ល្អ​ណាស់ ក៏​ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​ផង ព្រះ​ឧបរាជ​អង្គ​ឯម (79) ដែល​ប្រជាជន​មិន​ដែល​ចូល​ចិត្ដ​បន្ដិច​ណា​សោះ តាំង​តែ​ពី​យូរណាស់​មក​ហើយ​បាន​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៨១៣​ ហើយ​អ្វីៗ​ក៏​ត្រូវ​បញ្ចប់​ទៅ​ដែរ​ទុក​ឱ្យ​ព្រះ​អង្គឌួង​នៅ​ទាមទារ​ព្រះរាជ​ បល្ល័ង្ក​តែ​មួយ​ព្រះ​អង្គ​ឯង ។
  8. អត់​ពី​ព្រះ​អង្គ​ឯម​ទៅ ពួក​អាណ្ណាម​គិត​ថា​ត្រូវ​តែ​បង្ខំ​សភាពការណ៍​ឱ្យ​បាន​ឆាប់​រហ័ស បើ​ពុំនោះ​ទេ​ត្រូវ​ធ្វើ​ការ​ចរចា ។ ពួក​គេ​ចាប់​វាយ​បន្ទាយ​ពាម​មានជ័យ (បាណាម) (80) ដណ្ដើម​យក​បាន​នៅ​ក្នុង​ខែ​សីហា រួច​ហើយ​បាន​ឡើង​តាម​ទន្លេតូច​មក​វាយ​ទៅ​លើ​បន្ទាយដែក ដែល​ព្រះរាជា​កំពុង​តែ​គង់នៅ​ដោយ​គ្មាន​ដឹង​ថា ពាម​មានជ័យ​ត្រូវ​អាណ្ណាម​ដណ្ដើម​យក​បាន​ទៅ​វិញ​ទេ ។ ប្រយុទ្ធ​គ្នា​អស់​ពេល​៣​ថ្ងៃ ព្រះរាជា​បាន​វាយ​ដកថយ​ជាមួយ​ចៅ​ឃុន​បឌិន​ទៅ​ភ្នំពេញ​វិញ ជាមួយ​នឹង​ទ័ព​សៀម​ដែល​សេស​សល់ រួច​គេច​បន្ដ​ទៅ​កាន់​ឧត្ដុង្គ ដោយ​បោះបង់​ចោល​ទឹកដី​មួយ​ចំណែក​ធំ រួម​ទាំង​ចតុម្មុខ​ផង ឱ្យ​ទៅ​សត្រូវ ។
  9. ឧត្ដុង្គ​ត្រូវ​បាន​រៀបចំ​កំផែង​ការពារ ក៏​ប៉ុន្ដែ​គេ​ហាក់​ដូចជា​អស់​សង្ឃឹម​ថា​នឹង​អាច​ឈ្នះ​បាន​ទៀត​ហើយ ណា​មួយ​ចៅ​ឃុន​បឌិន ដែល​ធ្លាប់​តែ​មាន​ឈ្មោះ​ល្បីល្បាញ​ដោយ​សារ​តែ​ធ្លាប់​ដុត​បំផ្លាញ​រាជធានី​ វៀងចន្ទ​ខ្ទេចខ្ទី ក៏​លែង​មាន​ទំនុក​ចិត្ដ​លើ​អ្វីៗ​ទៀត​ដែរ ។ ជា​ថ្មី​ម្ដង​ទៀត​នេះ ប្រជាជន​លែង​មាន​សង្ឃឹម​លើ​នរណា​ម្នាក់​ទៀត​ហើយ ស្រាប់តែ​លេច​ដំណឹង​ថា​ទ័ព​រប៉ាត់​រប៉ាយ​ដែល​ដឹកនាំ​ដោយ​ពួក​អ្នកស្រុក​ ដណ្ដើម​បាន​ជ័យជម្នះ​ទៅ​លើ​ទ័ព​អាណ្ណាម​មួយ​កង​ធំ​នៅ​ជិត​លង្វែក ដោយ​សម្លាប់​មេទ័ព​សត្រូវ​បាន ហើយ​ធ្វើ​ឱ្យ​ទ័ព​សត្រូវ​នេះ​បាក់បែក​ខ្ចាត់ខ្ចាយ ។ មេទ័ព​សត្រូវ​ម្នាក់​ទៀត​ត្រូវ​ចាប់​បាន ឯ​ទ័ព​ដែល​រត់​ខ្ចាត់ខ្ចាយ​នោះ​ត្រូវ​អ្នកស្រុក​នាំ​គ្នា​ដេញ​ចាប់​កាប់​ សម្លាប់​យ៉ាង​រង្គាល ។
  10. ពេល​នោះ​បរិយាកាស​សប្បាយ​រីករាយ​កើត​មាន​ពាសពេញ​ព្រះរាជាណាចក្រ អ្នក​ដែល​បាក់​ស្មារតី​ក៏​ចាប់​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ ។ គេ​នាំ​គ្នា​ចាប់​កាន់​អាវុធ​ម្ដង​ទៀត ហើយ​នៅ​ទីណា​ដែល​គេ​ប្រទះ​ឃើញ​កងទ័ព​អាណ្ណាម​កំពុង​តែ​រត់​បែក​ខ្ញែក ប្រជាជន​ក៏​ប្រមូលគ្នា​លើក​នរណា​ម្នាក់​ឱ្យធ្វើ​ជា​មេ រួច​តាម​វាយ​ពួក​អាណ្ណាម​ដោយ​ឥត​ញញើត​ដៃ ។ ក៏​ប៉ុន្ដែ​ក្នុង​ចំណោម​មេទ័ព​ដែល​ប្រជាជន​បាន​លើក​ឱ្យ​ធ្វើ​ជា​មេ ដោយ​មិន​បាន​ព្រាង​ទុកជា​មុន​នេះ មាន​ខ្លះ​ជា​មេចោរ ដែល​បាន​ជ្រើសរើស​គ្នីគ្នា​គេ​ក្នុង​បំណង​ធ្វើការ​ឆក់​ប្លន់​ផង​ដែរ ។ ព្រះ​អង្គឌួង​បាន​ចេញ​បញ្ជា​ឱ្យ​ចាប់​មេទ័ព​បែប​នេះ​២​នាក់ ដែល​មិន​ព្រម​ចូល​ខ្លួន​មក​បង្ហាញ​មុខ​នៅ​ក្នុង​ព្រះ​បរមរាជវាំង ម្នាក់​មាន​រហ្សនាម​ថា ចក្រី​នង ម្នាក់​ទៀត​គេ​ហៅ​ថា​ ក្រឡាហោម​មួក ។ ព្រះ​អង្គ​បាន​កាត់​ទោស​ឱ្យ​គេ​សម្លាប់​ចក្រី​នង​ចោល​ទៅ ក៏​ប៉ុន្ដែ​ទ្រង់​បាន​លើក​លែង​ទោស​ឱ្យ​ក្រឡាហោម​មួក ហើយ​បាន​ចាត់តាំង​ឱ្យទៅ​នៅ​ការពារ​ខែត្រ​បាភ្នំ និង​បន្ទាយ​ពាម​ក្បាល (១៨៤៤) ។ រួច​ហើយ​ព្រះរាជា​បាន​យាង​ត្រលប់​ចូល​មក​ភ្នំពេញ​វិញ ។
  11. នៅ​ក្នុង​ឆ្នាំ​បន្ទាប់ ព្រះ​អង្គឌួង​បាន​ទទួល​ដំណឹង​ថា​មន្ដ្រី​របស់​ព្រះ​អង្គ​ម្នាក់​គឺ​ចក្រី​ ម៉ី (ឬ​មឿន) បាន​ដឹកនាំ​ចលនា​ក្បត់​មួយ​ប្រឆាំង​នឹង​ព្រះ​អង្គ ។ ទ្រង់​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​ចាប់​មេ​ក្បត់​ធំៗ​៧​នាក់​សម្លាប់​ចោល អ្នក​ឯទៀតៗ​ដែល​នាំ​គ្នា​រត់គេច​ភៀសខ្លួន​ទៅ​ចូវដុក​ទៅ​ជ្រកកោន​ជាមួយ​ពួក​ អាណ្ណាម​ហើយ​ទ្រង់​បាន​ឱ្យ​រឹប​អូស​យក​ទ្រព្យសម្បត្ដិ​ទាំងអស់ ។
  12. ក្នុង​រយៈពេល​ដែល​អាណ្ណាម​ត្រួតត្រា​កម្ពុជា​ជាង​ ៧​ ឆ្នាំ​នេះ គេ​បាន​សង់​បន្ទាយ​រឹង​មាំ ប៉ម​ច្រើន​ជាង​៥០​កន្លែង​ គឺ​មាន​តាំងពី​សម្បូរ​រហូត​ដល់​កូសាំងស៊ីន​ ពី​ស្រែអំបិល​កំពង់សោម​ដែល​គេ​បាន​សង់​ប៉ម​មួយ​នៅ​លើ​ភ្នំ​វត្ដ​ផុង រហូត​ទៅ​ដល់​ហាទៀង ដោយ​កាត់​តាម​កំពត​ដែល​សព្វថ្ងៃ​មាន​សេស​សល់​បង្គោល​ទូរគមនាគមន៍​មួយ និង​ស្លាកែត នៅ​តាម​ផ្លូវ​ទៅ​ហាទៀង ដែល​គេ​អាច​មើល​ឃើញ​លេណដ្ឋាន​មួយ​នៅ​ឡើយ ។ បន្ទាយ​ទាំង​អស់នេះ​សុទ្ធតែ​ត្រូវ​ពួក​អ្នកស្រុក​វាយ​ទៅ​លើ ធ្វើ​ឱ្យ​ទ័ព​អាណ្ណាម​ដែល​នៅ​ខាងក្នុង​ភ័យ​ញាប់​ញ័រ​រត់​គេច​ចេញ​អស់ ។
  13. ពេល​នោះ​ព្រះ​អង្គឌួង និង​ចៅ​ឃុន​បឌិន ដោយ​ពិនិត្យ​ឃើញ​ថា​គ្មាន​អ្វី​នឹង​បន្ដ​ធ្វើ​សង្គ្រាម​តទៅ​ទៀត​ហើយ ដោយ​ទ្រង់​បាក់​ទឹកចិត្ដ​អស់​កម្លាំង​ផង ក៏​បាន​ស្នើ​សុំ​ចរចា​សន្ដិភាព​ជាមួយ​អាណ្ណាម ដែល​មាន​អគ្គ​បញ្ជាការដ្ឋាន​នៅ​កំពង់ហ្លួង ។ មេទ័ព​អាណ្ណាម​មិន​ព្រម​ទទួល​សំបុត្រ​ដែល​ផ្ញើ​ទៅ​ឱ្យ​ទេ​ហើយ​បាន​ដឹកនាំ​ ទ័ព​ធ្វើ​ដំណើរ​មក​កាន់​ឧត្ដុង្គ ។ ទ័ព​ខ្មែរ និង​សៀម​ពេល​នោះ បាន​ពង្រឹង​ការ​ទប់ទល់​យ៉ាង​ស្វិត​ស្វាញ រហូត​ទាល់តែ​អាច​បំផ្លាញ​រាល់​ការ​វាយ​ប្រហារ​របស់​ពួក​អាណ្ណាម​បាន ។ នៅ​ពេល​វាយ​ប្រហារ​ទៅ​ពិនិត្យ​ឃើញ​ថា​មិន​អាច​ដណ្ដើម​យកជ័យ​ជម្នះ​លើ​ពួក​ ខ្មែរ​ដែល​មាន​ថាមពល​ និង​យុទ្ធវិធី​ខ្ពង់ខ្ពស់​បាន​ ពួក​អាណ្ណាម​ដែល​ទើបតែ​ប្រកែក​មិន​យល់ព្រម​ចរចា​សន្ដិភាព​បាន​ចាប់​ផ្ដើម​ ស្នើ​សុំ​ចរចា​ខ្លួនឯង​ម្ដង ។ ព្រះរាជា​អង្គឌួង និង​ចៅ​ឃុន​បឌិន​បាន​បញ្ជូន​សារលិខិត​របស់​អាណ្ណាម​ទៅ​វិញ ដោយ​មិន​មាន​ឆ្លើយ​តប​ទេ ។ មេទ័ព​អាណ្ណាម​បាន​ទទូច​សុំ​ចរចា​ទៀត ។ ព្រះ​អង្គឌួង​បាន​ឆ្លើយ​តប​ថា ព្រះ​អង្គ​នឹង​ជឿ​ថា​អាណ្ណាម​មាន​បំណង​ចង់​ចរចា​ពិតប្រាកដ​មែន តែ​លុះ​ណា​អាណ្ណាម​យល់ព្រម​បញ្ជូន​ព្រះរាជ​វង្សានុវង្ស​ទាំងអស់ ព្រមទាំង​នាម៉ឺន​មន្ដ្រី​ហើយ​និង​ប្រជាជន​ខ្មែរ​ណា​ដែល​អាណ្ណាម​ចាប់​ទុក​នៅ ​សាយហ្គន ឬ​នៅ​ឯ​រាជធានី​វ៉េ ត្រឡប់​មក​វិញ ។ ក៏​ប៉ុន្ដែ​មេទ័ព​អាណ្ណាម​បាន​ទូល​តប​មក​ព្រះ​អង្គ​ថា ខ្លួន​គ្មាន​អំណាច​អ្វី​គ្រប់គ្រាន់​នឹង​សម្រេច​លើ​កិច្ចការ​ទាំងអស់​នោះ​ បាន​ទេ ខ្លួន​គ្រាន់តែ​ជា​មេទ័ព​ម្នាក់​ប៉ុណ្ណោះ ។ ព្រះរាជា​បាន​យល់ព្រម​ធ្វើការ​ចរចា​សន្ធិសញ្ញា​សន្ដិភាព​ជាមួយ​មេទ័ព​ អាណ្ណាម ហើយ​បាន​ណាត់ជួប​គ្នា​នៅ​ក្នុង​ភូមិ​ពពៃ បើសិនជា​បន្ទាប់​ពី​នោះ​ទៅ​ស្ដេច​អាណ្ណាម​យល់ព្រម​តាម​សន្ធិសញ្ញា​នោះ​ដែរ ។
  14. កិច្ចប្រជុំ​នោះ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​១៨៤៥ ដោយ​មាន​ការ​ចូលរួម​អំពី​ចៅ​ឃុន​បឌិន និង​ឧត្ដម​សេនីយ៍​អាណ្ណាម​ផង ។ ការ​ចរចា​បាន​ឯកភាព​គ្នា​ថា នឹង​លើក​ព្រះ​អង្គឌួង​ឱ្យ​ឡើង​សោយរាជ្យ​ជា​ព្រះរាជា​កម្ពុជា ដោយ​មាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​សៀម និង​អាណ្ណាម​ទាំងអស់​គ្នា រួច​ហើយ​អាណ្ណាម​នឹង​បញ្ជូន​ព្រះរាជ​វង្សានុវង្ស​ខ្មែរ ដែល​គេ​បាន​ឃាត់​ទុក​ឱ្យ​វិល​ត្រលប់​មក​វិញ ជា​ថ្នូរ​នឹង​ឈ្លើយ​សឹក​អាណ្ណាម​ទាំង​នាយ​ទាហាន និង​កូន​ទាហាន ដែល​ខ្មែរ​ចាប់​បាន ។ រួច​ហើយ​គេ​ក៏​បំបែក​គ្នា​ទៅ ។
  15. ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក​ សន្ធិសញ្ញា​នេះ​បាន​ទទួល​សច្ចាប័ន​ពី​រដ្ឋាភិបាល​សៀម​ និង​អាណ្ណាម​ ហើយ​គេ​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ឈ្លើយ​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ខែ​ មិថុនា ឆ្នាំ​១៨៤៦ ។ អាណ្ណាម​បាន​បង្វិល​ព្រះខ័នរាជ្យ​មក​ភ្នំពេញ​ថ្វាយ​ទៅ​ព្រះ​អង្គឌួង ដែល​បាន​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ដំណាក់​ពិសេស​មួយ​នៅ​ឧត្ដុង្គ ។
  16. សិលាចារឹក​មួយ​នៅ​ក្នុង​វត្ដ​បារាយណ៍​បាន​និយាយ​ថា «ព្រះបាទ​អង្គឌួង​មិន​បាន​ដេញ​តាម​កម្ចាត់​កម្ចាយ​សត្រូវ​របស់​ព្រះ​អង្គ​ ឱ្យ​រលត់​រលាយ​ទាំងអស់​ទេ​ ហើយ​ក៏​មិន​យក​គុណ​ធម៌​អំណាច​វិទ្យាសាស្ដ្រ​ និង​ភាពល្អ​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ​មក​គ្រប​សង្កត់​លើ​ពួក​នេះ​ដែរ​» ។ ព្រះអង្គ​បាន​ទទួល​ព្រះរាជា​ភិសេក​នៅ​ចុង​ឆ្នាំ​១៨៤៧ នៅ​ចំពោះ​មុខ​តំណាង​ម្នាក់​ពី​រាជវាំង​វ៉េ គឺ​អុង​ខាំម៉ាង និង​តំណាង​២​នាក់​របស់​ស្ដេច​សៀម គឺ​ចៅ​ភ្យា​ពេជ្រពិជ័យ និង​បារគូ​ម្នាក់​មក​ពី​បាងកក ។
  17. មាន​ចំណុច​មួយ​ចំនួន​ដែល​គួរតែ​លើក​យក​មក​និយាយ​ដើម្បី​ឱ្យ​ឃើញ​នូវ​ រហស្សូបាយ​ដែល​នគរ​ទាំង​ពីរ​បាន​ប្រើ​សម្រាប់​ព្រឹត្ដិការណ៍​ដ៏​ឱឡារិក​នេះ​ ដែរ ។ ស្ដេច​អាណ្ណាម​បាន​ផ្ញើ​ជា​ជំនូន​សម្រាប់​ការ​លើក​ឱ្យ​សោយរាជ្យ​នេះ​នូវ​ ត្រា​រាង​៤​ជ្រុង​មួយ​ធ្វើ​អំពី​មាស និង​ព្រះ​ឋានៈ​ថា​ កាវមេន​ក្វួកវឿង (មាន​ន័យ​ថា​ព្រះរាជា​កម្ពុជា) ។ ស្ដេច​សៀម​បាន​បញ្ជូន​មក​ឱ្យ​វិញ​នូវ​គ្រឿង​ឥស្សរិយយស​សម្រាប់​រាជបល្ល័ង្ក​ កម្ពុជា​ដែល​គេ​បាន​យក​ទៅ​បាងកក​កាល​ពីមុន រួច​ហើយ​បាន​សុំ​ឱ្យ​ព្រះ​អង្គឌួង​អនុម័ត​យល់​ព្រម​តាម​រយៈ​សន្ធិសញ្ញា​ សម្ងាត់​មួយ​ដែល​ចៅហ្វាយ​ខែត្រ​កំពង់ស្វាយ​បាន​ថ្វាយ គឺ​ប្រគល់​ទឹកដី​ម្លូព្រៃ ទន្លេរពៅ និង​ទឹកដី​ឯទៀតៗ​ដែល​ខ្មែរ​បាន​យក​តាំង​តែ​ពី​៣០​ឆ្នាំ​មុន​មក​ម្ល៉េះ ។ ព្រះរាជា​បាន​មាន​ព្រះ​បន្ទូល​ថា «យើង​មិន​យល់ព្រម​ប្រគល់​ដី​សូម្បី​តែ​បន្ដិច​ទៅ​ឱ្យ​ពួក​សៀម​ទេ ។ ក៏​ប៉ុន្ដែ​ដោយ​ពួក​គេ​ខ្លាំង​ជាង ឱ្យ​គេ​រក្សា​ទុក​ដី​ដែល​គេ​បាន​យក​រួច​ទៅ​ហើយ​មួយ​រយៈ​ទៀត​សិន​ចុះ»។ ចៅហ្វាយ​ខែត្រ​កំពង់ស្វាយ​បាន​នាំពាក្យ​ទៅ​ប្រាប់​ស្ដេច​សៀម​វិញ ហើយ​បាន​ចេញ​លិខិត​មួយ​ច្បាប់ ចុះ​ហត្ថលេខា និង​បោះត្រា​ខ្លួនឯង​បញ្ជាក់​ថា​បាន​យល់ព្រម​ប្រគល់​ដី​ដែល​សៀម​ស្នើ​សុំ​ ក្នុង​នាម​ព្រះរាជា​កម្ពុជា ។ ខែត្រ​ទាំង​២​នេះ ស្ដេច​សៀម​បាន​យល់ព្រម​បង្វិល​មក​ឱ្យ​បារាំង​តាម​រយៈ​សន្ធិសញ្ញា​រវាង​ រដ្ឋាភិបាល​បារាំង និង​សៀម​ឆ្នាំ​១៩០៤ រួច​ហើយ​បាន​ដាក់​បញ្ចូល​មក​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​វិញ​នៅ​ក្នុង​ ឆ្នាំ​បន្ទាប់ ។
  18. នៅ​ទី​បញ្ចប់ សង្គ្រាម​អស់​រយៈពេល​៨​ឆ្នាំ​ដែល​ធ្វើ​ឱ្យ​ប្រជារាស្ដ្រ​រង​ទុក្ខ​ខ្លោចផ្សា ​ជា​ខ្លាំង បាន​ធ្វើ​ឱ្យ​សៀម​ទទួល​បាន​ត្រលប់​មក​វិញ​នូវ​សិទ្ធិ​អធិរាជ​ភាព​មក​លើ​ កម្ពុជា​ដែល​គេ​បាន​បាត់បង់​ទៅ​កាលពី​ឆ្នាំ​១៨៣៣ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ដែល​មាន​អធិរាជ​ត្រួត​ត្រាតែ​មួយ​អស់​ពេល​ ប៉ុន្មាន​ឆ្នាំ​មក​ហើយ ហើយ​ស្ទើរតែ​ត្រូវ​អាណ្ណាម​ស្រូប​យក​បាត់​ទៅ ត្រលប់​មក​មាន​អធិរាជ​ត្រួតត្រា​២​សា​ជា​ថ្មី​ឡើង​វិញ ដូច​ដែល​មាន​កាល​ពីមុន​កាលបរិច្ឆេទ​នេះ (81) ។
  19. ក្រោយ​ពី​មាន​សន្ធិសញ្ញា​សន្ដិភាព​រួច​ហើយ គេ​បាន​វាយ​កម្ទេច​កំពែង​ការពារ​ភ្នំពេញ​ចោល ចំណែក​ដុំឥដ្ឋ និង​សម្ភារ​ផ្សេងៗ​ដែល​សេស​សល់​ពី​កំពែង​នេះ ត្រូវ​បាន​យក​ទៅ​ធ្វើការ​សាងសង់​នៅ​ឧត្ដុង្គ រួម​មាន​វត្ដ​វាំងចាស់ ព្រះពុទ្ធ​និព្វាន ព្រះ​វិហារ​សមណៈ ប្រាង្គ​ក្រាំងពន្លៃ សាលា​គោ ជាដើម ។ គេ​បាន​នាំ​គ្នា​លើក​ព្រះ​ពុទ្ធរូប ដែល​ពួក​អាណ្ណាម​បាន​រុញ​ផ្ដួល​ទៅ​ដី និង​តុបតែង​លម្អ​ឡើង​វិញ ។ ព្រះរាជា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​គេ​សាងសង់​ព្រះរាជវាំង​មួយ​ថ្វាយ​ព្រះ​អង្គ​នៅ​ឧត្ដុង្គ ។ គឺ​ចាប់ពី​មាន​សន្ធិសញ្ញា​នោះ​ឯង ដែល​ប្រជាជន​កម្ពុជា​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ចាក​ចេញពី​បណ្ដា​អាណា​ខែត្រ​នៅ​ កូសាំងស៊ីន​ដែល​ពួក​យួន​បាន​ដណ្ដើម​យក​ពី​មុន​ដោយ​បោះបង់​ដីស្រែ​ចម្ការ​ទុក ​ឱ្យ​ពួក​អាណ្ណាម​ពីព្រោះ​ពួក​នេះ ចេះ​តែ​ចាក់រុក​រករឿង​ឈ្លោះ យប់​ឡើង​ចេញ​ដើរ​លួច​ឆក់ បង្ក​ការ​លំបាក​មិន​ឱ្យ​ខ្មែរ​រស់នៅ​បាន​សុខ​ស្រួល ។ គ្មាន​យុត្ដិធម៌​ចំពោះ​ម្ចាស់​ដី​ទេ ៖ តុលាការ​ទទួល​ស្គាល់​រាល់​ការ​បំពាន​ដណ្ដើម​យក​ដី​ដោយ​ជន​អាណ្ណាម​ម្នាក់​ កាលណា​ជន​នោះ​បង្ហាញ​ឱ្យ​ឃើញ​ថា​គេ​ជា​អ្នក​សាប​ព្រោះ​លើ​ដី​នៅ​ពេល​ចុង​ ក្រោយ​នេះ ដោយ​មិន​គិត​ទេ​ថា​តើ​គេ​បាន​ជួល​ដី​នោះ ឬ​មួយ​ក៏​គេ​បាន​លួច​សាប​ព្រោះ​មិន​ឱ្យ​ម្ចាស់​ដឹង បើ​ទោះជា​ថា​ម្ចាស់​ដី​ជា​ខ្មែរ​នោះ​បាន​ភ្ជួរ​ដី​រួច​ហើយ យួន​មក​លួច​សាប​ក៏​ដោយ ។​ ដី​ដែល​គេ​ទុក​ទំនេរ​កាលបើ​មាន​ជន​អាណ្ណាម​ណា​ម្នាក់​មក​កាន់​កាប់​ តុលាការ​សម្រេច​ថា​ម្ចាស់​ដើម​បាន​បោះបង់​ចោល​ហើយ ។ ភាព​អយុត្ដិធម៌​នេះ​បាន​បណ្ដាល​ឱ្យ​មាន​ការ​សងសឹក​គួរ​ឱ្យ​ភ័យ​ខ្លាច​កើត​ មាន​ឡើង ។ មាន​ការ​លួច​ដុត ការ​កាប់​សម្លាប់ ការ​កាយ​ភ្លឺស្រែ​ទម្លាយ ការ​លែង​សត្វ​ពាហណៈ​ឱ្យ​ស៊ី​បំផ្លាញ​ភោគផល​ជាដើម ដែល​បន្ទាប់​មក​បាន​ត្រូវ​ចៅក្រម​អាណ្ណាម​ដាក់​ទណ្ឌកម្ម​ជា​ទម្ងន់ ។ បើសិនជា​គេ​រក​ជន​ប្រព្រឹត្ដ​ល្មើស​មិន​ឃើញ​ទេ គេ​ប្រគល់​ឱ្យ​ភូមិ​ទាំងមូល​ទទួល​ខុសត្រូវ ។ គេ​ចាប់​មេ​ភូមិ​ចាប់​ចាស់ទុំ និង​កសិករ​សាមញ្ញ​ឱ្យ​សង​សំណង​យ៉ាង​ធ្ងន់ធ្ងរ​ ឬ​វាយ​នឹង​ដំបង​ផ្ដៅ​សួរ​ចម្លើយ​រហូត​ដល់​ស្លាប់ ។​ ជួនកាល​ទៀត​មាន​កើត​ជា​ការ​ប្រយុទ្ធ​រវាង​ពួក​យួន​ជាមួយ​ពួក​ខ្មែរ​ទាំង​ ហ្វូងៗ ជា​ហេតុ​ធ្វើ​ឱ្យ​ខ្មែរ​មិន​អាច​ទ្រាំ​បាន ក៏​នាំ​គ្នា​រត់​បោះបង់​ដី​ចោល​ទុក​ឱ្យ​យួន ហើយ​មក​រក​ជ្រកកោន​នៅ​ឯ​កម្ពុជា​វិញ ។ ពួក​អាណ្ណាម​បាន​ប្ដូរ​ឈ្មោះ​ភូមិ​ស្រុក​ដែល​ពួក​គេ​បាន​មក​តាំងនៅ រហូត​ទាល់តែ​គេ​ភ្លេច​ឈ្មោះ​ដើម​ជា​ខ្មែរ​របស់​ភូមិ​ស្រុក​នោះ​អស់ ។ បើសិនជា​ឈ្មោះ​នោះ​មាន​អត្ថន័យ​អាច​ឱ្យ​គេ​បកប្រែ​បាន គេ​នឹង​បកប្រែ​ឈ្មោះ កម្ពុជា​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​បាត់​ឈ្មោះ​នោះ​រហូត​តែ​ម្ដង ។
  20. ខែត្រ​ព្រៃនគរ​គេ​ដូរ​ឈ្មោះ​ទៅ​ជា​ខែត្រ​យ៉ាឌិញ ។ កំពាប​ស្រកាត្រី​ដូរ​ទៅ​ជា បៀនវ៉ា​ បារិយា ទៅ​ជា បារាជ (82) ផ្សារ​ដែក​ទៅ​ជា​ អានយ៉ាង​រួច​ជា​សាដែក​ ពោធិលើ​ទៅ​ជា​បាក់លីវ​ ទឹកខ្មៅ​ទៅ​ជា​កាម៉ៅ​ បាយឆៅ ទៅ​ជា​បាយសាវ​ ពាមមានជ័យ ទៅ​ជា មីថាង​ ស្រុកទ្រាំង ទៅ​ជា សុកត្រាង​ ពាម​មេសែន ទៅ​ជា ដុងណាយ ង៉ាយ​ ក្រមួនស ទៅ​ជា រ៉ាជយ៉ា​ ព្រែកឫស្សី​ទៅ​ជា កាន់ថឺ​ អូរមរ ទៅ​ជា អូម៉ូន នៅ​ក្នុង​ខែត្រ​កាន់ថឺ​ កំពូលមាស ទៅ​ជា ប៊ិញធុយ​ មាត់ជ្រូក ទៅ​ជា ចូវដុក ហើយ​ភ្នំ​ស្វាម ទៅ​ជា នូយសាម​ បារាជ ទៅ​ជា ឡុងស្វៀង ឯ​ភ្នំ​បាធី ទៅ​ជា​ នូយបាធី ។​ ខែត្រ​មួញខាំ​ទៅ​ជា​ហាទៀង​ ហើយ​ពាម​ដែល​គេ​ហៅ​ថា​ មួញខាំ​ដែរ​ក៏​ទៅ​ជា​ហាទៀង​ដែរ ។ ព្រះត្រពាំង​ទៅ​ជា​ត្រាវិញ​ កំពង់ឫស្សី​ទៅ​ជា​ បេនត្រែ​ លង់ហោ​ទៅ​ជា​វិញឡុង​ មេសរ​ទៅ​ជា​មីថ​ កោះកុង ទៅ​ជា​ហ្គូកុង​ កំពង់គោ​ទៅ​ជា​ទ្រឿងអាញ់​ សព្វថ្ងៃ​គឺ​តាន់អាន​ បានលិច​ទៅ​ជា​បេនលុក​ រោងដំរី​ទៅ​ជា​តៃនិញ ឯ​ភ្នំ​រោងដំរី​ដែល​គេ​ហៅ​ពី​មុន​ថា​ភ្នំ​ជើងមេដែង​ទៅ​ជា​ភ្នំ​តៃនិញ​ កោះ​ត្រឡាច​ទៅ​ជា​កោះ​ពូឡូកុងឌ័រ​ កោះត្រល់ ទៅ​ជា​ភូគ្វួក​ ភ្នំ​យួក​ទៅ​ជា​នូយ​កាវុយ​ ពាម​ជើងកញ្ជើ​ទៅ​ជា​កាន់យ៉ើ (ជ្រោយ​សាំងហ្សាក់),ឈើទាល​មួយ​ដើម ទៅ​ជា​ធូដូ​ម៉ូត​ បន្ទាយ​ជីឫស្សី​ទៅ​ជា​ហុង​ង្វៀង​ កំពង់​កោះក្របី​ទៅ​ជា​បេនងែ (សាយហ្គន) ផ្សារធំ​ទៅ​ជា​ ចឺឡឺង តាម​ពាក្យ​ចិន​ដែល​មាន​ន័យ​ដូច​គ្នា​ដែរ​ កង្វារ​ដាក់ពាង ទៅ​ជា បៀនវ៉ា​ ដូងណាយ ទៅ​ជា តុងថាញ់ និង​ដុងណាយ​ កនកាវ ទៅ​ជា បាថាក់ គឺជា​ស្រុក​មួយ​នៅ​លើ​ត្រើយ​ទន្លេ​មេគង្គ​ខាងលិច ។
  21. នៅ​ពេល​នោះ ពួក​អាណ្ណាម​ក៏​ដូច​ជា​ពួក​សៀម មិន​បាន​បោះបង់​ចោល​គំនិត​ដែល​ចង់​បាន​ទឹកដី​កម្ពុជា​ទេ ក៏​ប៉ុន្ដែ​ព្រះបាទ​អង្គឌួង ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​ឈ្លាសវៃ បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ពួក​នោះ​មាន​ឱកាស​ល្អ​ឡើយ ។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​បារម្ភ​នឹង​ពួក​សៀម​តិច​ជាង​ពួក​អាណ្ណាម ព្រោះ​ទ្រង់​ធ្លាប់​បាន​ស្គាល់​ចិត្ដសាស្ដ្រ​ និង​គម្រោងការ​របស់​សៀម​រួច​មក​ហើយ ឯ​ពួក​អាណ្ណាម​វិញ​ទ្រង់​មិន​ទាន់​យល់​អំពី​ការ​គិតគូរ​របស់​គេ​នៅ​ឡើយ ម្ល៉ោះហើយ​ទ្រង់​បាន​ខិតខំ​ថ្លឹងថ្លែង​អធិរាជ​ទាំង​២ ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​មាន​លម្អៀង​នឹង​គ្នា​ទេ ។ ពួក​អាណ្ណាម​បាន​ចាត់​គ្នីគ្នា​គេ​ឱ្យ​តាម​ដាន​ព្រះ​អង្គ​ជាប់ ព្រោះ​គេ​យល់​ច្បាស់​ណាស់​ថា នៅ​កម្ពុជា​បើ​គេ​មិន​ស្រលាញ់​សៀម​ទេ គេ​ក៏​ស្អប់​អាណ្ណាម​ណាស់​ដែរ ។
  22. នៅ​ក្នុង​ឆ្នាំ​១៨៤៨ ព្រះរាជា​បាន​បញ្ជូន​អ្នក​អង្គ​ម្ចាស់​ច្រឡឹង (83) និង​អង្គភឹម (84) ដែល​ទើបតែ​កោរ​ជុក​រួច​កាលពី​ឆ្នាំ​មុន ហើយ​បាន​សាង​ផ្នួស​ប៉ុន្មាន​ខែ​នៅ​ក្នុង​វត្ដ​ក្រាំងពន្លៃ​ទៅ​កាន់​បាងកក ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ស្ដេច​អាណ្ណាម​ខឹង​ជា​ខ្លាំង ។ កំហឹង​នេះ​បាន​ស្ដែង​ចេញ​ឱ្យ​គេ​ឃើញ​តាម​រយៈ​ការ​លំបាក​ដែល​ពួក​អាណ្ណាម​បាន ​បង្ក​ឡើង​ចំពោះ​ទូក​ខ្មែរ នៅ​ពេល​ធ្វើ​ដំណើរ​ចុះឡើង​តាម​ទន្លេ ចេញ​ចូល​កម្ពុជា ដែល​ត្រូវ​ឆ្លង​កាត់​គយ និង​ការ​ត្រួតពិនិត្យ​ពី​មន្ដ្រី​អាណ្ណាម​ច្រើន​អន្លើ ហើយ​ក៏​មាន​ការ​លំបាក​ដែល​បង្ក​ឡើង​ដោយ​ពួក​ពាណិជ្ជករ​អាណ្ណាម​ផង​ដែរ ។ នេះ​ស​ឱ្យ​ឃើញ​នូវ​ឆន្ទៈ​របស់​ស្ដេច​អាណ្ណាម ដែល​ចង់​បិទ​ខ្មែរ​មិន​ឱ្យ​ចេញ​ទៅ​សមុទ្រ​រួច ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ទៅ​ជា​ឯកោ​ពី​ពិភពលោក ។
  23. ព្រះបាទ​អង្គឌួង​ទ្រង់​គោរព​បូជា​សាសនា​ណាស់ ហើយ​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​លើស​គេឯង​នៅ​ក្នុង​ព្រះរាជា​ណាចក្រ ។ ទ្រង់​មាន​សុភនិច្ឆ័យ​ល្អ ហើយ​ជា​មិត្ដ​របស់​កវី​បណ្ឌិត​ទាំងឡាយ ។ ព្រះ​អង្គ​មាន​គំនិត​រីក​ចម្រើន ហើយ​មាន​គម្រោងការ​ល្អៗ ក៏​ប៉ុន្ដែ​ព្រះរាជា​ណាចក្រ​ពេល​នោះ​ចុះ​ក្រ​ខ្លាំង​ពេក​ណាស់​ទៅ​ហើយ ប្រជាជន​ក៏​នៅ​សេស​សល់​តិចតួច មិន​អាច​ឱ្យ​ទ្រង់​ធ្វើ​អ្វី​កើត​ក្រៅ​តែ​អំពី​ស្រោច​ស្រង់​សេវកាមាត្យ​ជា​ ព្រះរាជ​បរិពារ ព្រះរាជវាំង និង​ព្រះរាជ​វង្សានុវង្ស​ឱ្យ​នៅ​ស្ថិតស្ថេរ​តទៅ​ប៉ុណ្ណោះ ។ អ្នក​ដែល​នៅ​បម្រើ​ព្រះ​អង្គ​តាំងពី​ស្រីស្នំ​ក្រមការ​រហូត​ដល់​អ្នក​អង្គ​ ម្ចាស់​ក្សត្រី និង​មហាក្សត្រី​ផង ទទួល​បាន​នូវ​រង្វាន់ និង​ប្រាក់​បៀវត្ស​យ៉ាង​តិចតួច​បំផុត ។ នៅ​ពេល​ដែល​ព្រះ​វររាជ​មាតា​សុគត​ទៅ ប្រាក់​កាស​ដែល​ព្រះ​អង្គ​បាន​សន្សំ​សំចៃ មាន​នៅ​សល់​ត្រឹមតែ​ប្រាក់​៦​ណែន ស្មើនឹង​៤៨០​ហ្វ្រង់ (សព្វថ្ងៃ​គឺ​នៅ​តែ ២៣៥​ហ្វ្រង់) ប៉ុណ្ណោះ ។
  24. ព្រះរាជា​បាន​ប្រគល់​ភារកិច្ច​ទារ​យក​ភាស៊ី​ទៅ​ឱ្យ​ពួក​ចិន​ដែល​តែងតែ​ កេងកិប ក៏​ប៉ុន្ដែ​មិន​សូវ​ជា​សង្កត់​សង្កិន​ប្រជារាស្ដ្រ​ណាស់​ណា​ទេ ។ ប្រាកដ​ណាស់​ថា ប្រជារាស្ដ្រ​ក្រ​ជាង​ពួក​មេ​ភាស៊ី​ទាំង​នោះ ។
  25. ពាណិជ្ជកម្ម​ប្រព្រឹត្ដ​ទៅ​តែ​តាម​ការ​ដោះ​ដូរ ។ ពួក​ចិន​យក​ទំនិញ​ពី​ស្រុក​ចិន ឬ​ពី​សិង្ហបុរី មក​ដូរ​យក​ស្រូវ ឬ​ស្បែក​សត្វ ស្នែង ម្រ័ក្សណ៍ និង​ផលិតផល​ព្រៃឈើ​ផ្សេង​ទៀត ហើយ​ចំណេញ​៥​ដង ។ មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ទៅ​ដោយ​មិន​ដែល​មាន​ប្រាក់​មួយ​កាក់​សោះ​ក្នុង​ ហោប៉ៅ ធ្លាប់​ស្គាល់​តែ​ប្រាក់​កាក់​ធ្វើ​ពី​ស័ង្កសី (85) ដែល​គេ​បោះ​នៅ​អាណ្ណាម មាន​រន្ធ​៤​ជ្រុង​នៅ​កណ្ដាល និង​មាន​អក្សរ​ចិន​នៅ​ពីលើ ។ មាស​ដែល​មាន​តែ​បន្ដិច​បន្ដួច គេ​យក​ទៅ​ធ្វើ​ជា​គ្រឿង​អលង្ការ​សម្រាប់​ពួក​មន្ដ្រី និង​ភរិយា និង​ធ្វើ​ប្រអប់​ស្លា​ដែល​ជា​សញ្ញា​បញ្ជាក់​អំពី​អំណាច​អស់​ទៅ​ហើយ ។​ គេ​លែង​យក​សន្លឹក​មាស​ដែល​ពួក​ចិន​កិន​ឱ្យ​សំប៉ែត​រួច​កាត់​ជា​រាង​ការ៉េ​ មាន​ជ្រុង​ប្រវែង​ប្រហែល​៣​សង់ទី​ម៉ែត្រ​ ហើយ​លក់​ថ្លៃ​ណាស់​មក​ស្រោប​ព្រះពុទ្ធ​បដិមា​ទៀត​ហើយ ។ កាល​ពីមុន​គេ​ធ្លាប់​ឃើញ​មន្ដ្រី​ធំ​ម្នាក់ ឬ​ស្ដ្រី​ដែល​គោរព​បូជា​ព្រះពុទ្ធ​សាសនា ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​មាស​សន្លឹក​នោះ​យក​មក​ស្រោប​ព្រះពុទ្ធ​បដិមា​ ធំៗ ។ ឥឡូវនេះ​គ្មាន​អ្នក​ណា​មាន​សមត្ថភាព​ធ្វើ​ដូច្នេះ​បាន​ទេ​លើក​លែងតែ​ ព្រះរាជា ។ អ្នក​ដែល​គោរព​បូជា​ព្រះ​ពុទ្ធសាសនា​ខ្លាំង គេ​អាច​ធ្វើ​បាន​ត្រឹមតែ​យក​សន្លឹក​មាស​តូចៗ​មក​ស្រោប​ពីលើ​ទ្រូង​ព្រះ​ ពុទ្ធរូប ហើយ​ដល់​យូរៗ​ទៅ​ទើប​ព្រះ​ពុទ្ធរូប​នោះ​អាច​ត្រូវ​បាន​ស្រោប​ជុំ​ជិត ដោយ​មាន​អ្នក​ឯទៀតៗ ចេះ​តែ​យក​សន្លឹក​មាស​មក​ស្រោប​តៗ​គ្នា ។ កម្ពុជា​លែង​ជា​ប្រទេស​មួយ​សម្បូរ​សប្បាយ មាន​កេរ្ដិ៍ឈ្មោះ​ល្បី​សុះសាយ​រហូត​ទៅ​ដល់​ស្រុក​ចិន​ដូច​ពី​មុន​ទៀត​ហើយ ។ សង្គ្រាម​ជាមួយ​បរទេស ជា​ពិសេស គឺ​សង្គ្រាម​រវាង​គ្នា​ឯង​នឹង​គ្នា​ឯង បាន​ធ្វើ​ឱ្យ​ប្រទេស​ហិន​ហោច​ទៅៗ ៖ គេ​បាន​នាំ​យក​ភោគផល​ទាំងអស់​របស់​កម្ពុជា យក​មាស​ប្រាក់​ទាំងអស់ ព្រមទាំង​ប្រជាជន​ផង ទៅ​កូសាំងស៊ីន ទៅ​ស្រុក​សៀម បន្សល់​ទុក​នៅ​តែ​អ្នកស្រុក​ស្គាំង​ស្គម ទីទ័ល​ក្រ​នៅ​លើ​ដី​ដែល​ខ្សោះ​អ្វីៗ​អស់​ទៅ​ហើយ អ្នក​ទាំង​អស់នោះ​ភ័យ​ខ្លាច​តែ​ពួក​សៀម ឬ​អាណ្ណាម​លេច​ខ្លួន​មក​ទៀត កាប់​សម្លាប់​ប្រជាជន រំលោភ​នារី មេម៉ាយ និង​កុមារី (86) ដុត​បំផ្លាញ​វត្ដ​អារាម ផ្ទះ​សម្បែង កាប់​ដើម​ឈើ​ស៊ីផ្លែ និង​ដើម​ត្នោត​ចោល រួច​ដុត​ភូមិ​ទាំងមូល មុន​នឹង​កៀរ​អ្នកស្រុក​យក​ទៅ​ជា​ឈ្លើយ​ទាំង​ពាន់ៗ​នាក់ ។
  26. ព្រះបាទ​អង្គឌួង​នៅ​ពេល​ដែល​អស់​រតនសម្បត្ដិ​ហើយ​នៅ​សល់​តែ​ពន្ធ​អាករ​ ដែល​ប្រមូល​បាន​ពី​ពួក​ខ្ញុំ ទ្រង់​ស្ទើរតែ​មិន​អាច​ស្ដារ​ព្រះរាជា​ណាចក្រ និង​ប្រជារាស្ដ្រ​ឱ្យ​ងើប​ក្រោក​ឈរ​ឡើង​វិញ​បាន​ទេ ។ ដោយ​ពួក​អាណ្ណាម​ដែល​កាន់​កាប់​ទឹកដី​កូសាំងស៊ីន​នៅ​លើ​ទន្លេ​មេគង្គ​ខាង​ ក្រោម កាត់​ផ្ដាច់​រារាំង​មិន​ឱ្យ​កម្ពុជា​ធ្វើ​ដំណើរ​ចុះ​ទៅ​សមុទ្រ​បាន​ ទ្រង់​ក៏​សម្រេច​ព្រះរាជ​ហឫទ័យ​បើក​ច្រក​មួយ​ចេញ​ទៅ​ខាង​ឈូង​សមុទ្រ​សៀម​វិញ ​ដើម្បី​អាច​ដឹក​ផលិតផល​ដែល​បាន​មក​ពី​ពន្ធ​អាករ​ជា​វត្ថុ​យក​ទៅ​ក្រៅ​បាន ហើយ​រក្សា​បាន​នូវ​ទំនាក់​ទំនង​ជាមួយ​ពិភពលោក ។ ព្រះ​អង្គ​បាន​ជ្រើសរើស​យក​កំពង់​ផែ​កំពត រួច​ហើយ​ទ្រង់​បាន​ឱ្យ​គេ​ធ្វើ​សំពៅ​សមុទ្រ​ធំ​មួយ​ប្រគល់​ឱ្យ​ជនជាតិ​ម៉ាឡេ ​ម្នាក់ ដែល​ជា​អ្នក​ដើរ​សមុទ្រ​ដ៏​ពូកែ ស្គាល់​សិង្ហបុរី ស្គាល់​កំពង់​ផែ​ទាំងឡាយ​នៅ​ទៀបកោះ​ម៉ាឡាកា និង​សៀម​ច្បាស់ ។ រួច​ហើយ ដើម្បី​ត​ភ្ជាប់​កំពង់​ផែ​នេះ​នឹង​រាជធានី​ឧត្ដុង្គ ទ្រង់​បានឱ្យ​គេ​សង់​ផ្លូវ​វែង​មួយ​ចម្ងាយ​១៤០​គីឡូម៉ែត្រ មាន​ស្ពាន​ធ្វើ​អំពី​ឈើ ​និង​សាលា​សំណាក់​សង់​នៅ​ក្បែរ​ត្រពាំង​មួយ​ និង​ដាក់​បង្គោល​គីឡូ​ម៉ែត្រ​រួច​ទ្រង់​ប្រគល់​ឱ្យ​ភូមិ​ដែល​នៅ​ក្បែរៗ​ ផ្លូវ​នោះ​មើលថែ​រក្សា​ឱ្យ​បាន​ល្អ និង​ឱ្យ​ផ្លាស់​វេន​គ្នា​យាម​សាលា​សំណាក់​ដើម្បី​បម្រើ​អ្នក​ធ្វើ​ដំណើរ ។ ព្រះ​អង្គ​ក៏​បាន​ចំណាយ​ថវិកា​ឱ្យ​គេ​លើក​ដី​សង់​ផ្លូវ​ពី​រាជវាំង​ឧត្ដុង្គ ​មក​កាន់​កំពង់ហ្លួង​ផង​ដែរ ។ ក៏​ប៉ុន្ដែ​គួរ​ឱ្យ​ស្ដាយ​ណាស់ ពីព្រោះ​ប្រភព​ធនធាន​របស់​ព្រះ​អង្គ​ពេល​នោះ​មាន​កំណត់ ។ នៅ​តាម​បណ្ដា​ខែត្រ​ជា​ច្រើន​គេ​មិន​ដែល​បាន​ធ្វើ​កំណែន​ប្រជាជន​ឱ្យ​ធ្វើ​ ពលកម្ម​ដោយ​ទៀង​ទាត់​អស់​ជា​ច្រើន​ឆ្នាំ​ច្រើន​សតវត្ស​មក​ហើយ ម្ល៉ោះ​ហើយ​នៅ​ពេល​ដែល​មាន​កំណែន​ម្ដងៗ អ្នកស្រុក​មិន​ចង់​ចូល​រួម​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​សូវ​ហ៊ាន​បង្ខិត​បង្ខំ​ប៉ុន្មាន​ដែរ ។ ការ​មិន​ចូលរួម​របស់​ប្រជាជន​នេះ​បាន​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​គម្រោងការ​របស់ ​ព្រះរាជា បង្ខំ​ឱ្យ​ទ្រង់​កាត់​បន្ថយ​គម្រោង​ផែនការ​សាងសង់​ផ្លូវ ស្ពាន ដែល​ព្រះ​អង្គ​បាន​សន្យា​ថា​នឹង​ធ្វើ​ដើម្បី​ទុកជា​កេរ្ដិ៍​ដំណែ​ល​ជូន​ ប្រជាជន​ពេល​អត់​ពី​ព្រះ​អង្គ​ទៅ ។ ដោយ​ទ្រង់​មិន​អាច​កសាង​អ្វី​បាន​ដោយសារ​ខ្វះ​ថវិកា ព្រះ​អង្គ​ក៏​មិន​អាច​រៀបចំ​អំណាច​រាជា​ធិបតេយ្យ​ឡើង​វិញ​បាន​ដែរ ពីព្រោះ​ថា​កម្ពុជា​ពេល​នោះ​បាក់បែក​ខ្ទេចខ្ទាំ​ខ្លាំង​ណាស់ ព្រះ​អង្គ​បាន​បែរ​ទៅ​ធ្វើ​កំណែ​ទម្រង់​ផ្សេងៗ​វិញ ។ មុន​ដំបូង​ទ្រង់​បាន​សើរើ​ពិនិត្យ​ច្បាប់​ឡើង​វិញ កែសម្រួល​ជា​ច្រើន ហើយ​បាន​ចេញ​ព្រះរាជក្រឹត្យ​បំពេញ​បន្ថែម ។ ព្រះ​អង្គ​បាន​បង្កើត​សាលា​ឧទ្ធរណ៍​តាំងពី​ឆ្នាំ​១៨៤៧ ដែល​ព្រះ​អង្គ​បាន​យាង​ទៅ​ចូលរួម​ផ្ទាល់​ព្រះ​អង្គ​ផង បើសិនជា​ចាំបាច់ ។ ទ្រង់​បាន​ទទួល​ការ​យល់​ព្រម​ពី​ព្រះសង្ឃ​ក្នុង​ការ​រៀបចំ​កម្មវិធី​សិក្សា​ ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ហើយ​វត្ដ​នីមួយៗ​មាន​សិស្ស​យ៉ាង​ច្រើន​មក​សិក្សា ។ ព្រះ​អង្គ​បាន​ដក​អ្នក​ល្ងង់ខ្លៅ និង​អ្នក​គ្មាន​សមត្ថភាព​ចេញពី​កិច្ចការ​រាជការ ហើយ​បាន​បដិសេធ​ជំនូន​ផ្សេងៗ​ដែល​ពួក​ចៅហ្វាយ​ខែត្រ​តែងតែ​ថ្វាយ​ព្រះរាជា​ នៅ​ពេល​ដែល​ទ្រង់​ប្រទាន​ត្រា ។ ទ្រង់​ម៉ឺងម៉ាត់​ណាស់​ចំពោះ​អ្នក​ណា​ដែល​បំពាន​ច្បាប់ ហើយ​បាន​ដាក់​ទោស​ធ្ងន់ៗ​ដល់​មន្ដ្រី​ធំ​ណា​ដែល​មិន​ព្រម​គោរព​ព្រះរាជ​ បញ្ជា ។ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​ប្រកប​ទៅ​ដោយ​យុត្ដិធម៌ មាន​ព្រះ​ទ័យ​ល្អ​ចំពោះ​អ្នក​ក្រីក្រ ទ្រង់​មាន​អំណត់​អត់ធន់​ចំពោះ​អ្នក​ទាំងនោះ លើក​លែងតែ​ការ​ប្ដឹងផ្ដល់​ដែល​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ សរសេរ​មិន​ត្រូវ​តាម​ក្បួនខ្នាត​នោះ​ព្រះ​អង្គ​មិន​អត់ឱន​ឱ្យ​ទេ ពីព្រោះ​ព្រះ​អង្គ​មិន​ចង់ឱ្យ​សរសេរ​ចម្លង​តាម​តែ​គ្នា មិន​ច្បាស់​លាស់ ចង់​ប្ដឹងផ្ដល់​ត្រូវរត់​ទៅ​រក​អ្នកចេះ​ដឹង​ឱ្យ​គេ​សរសេរ​ពាក្យ​ឱ្យ ។
  27. ព្រះ​អង្គ​បាន​ហាម​ប្រាម​មន្ដ្រីរាជការ​មិន​ឱ្យ​ផឹក​សុរា អ្នក​ណា​ជក់​អាភៀន​ត្រូវ​បណ្ដេញ​ចោល ទ្រង់​តឹង​តែង​ត្រង់​ចំណុច​នេះ​រហូត​ទាល់តែ​គ្មាន​មន្ដ្រី​ណា​ម្នាក់​ជក់​ អាភៀន​ទេ​នៅ​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ ។ ទ្រង់​បាន​ហាម​មិន​ឱ្យ​ធ្វើ​ធ្នស់​បិទ​ជិត​ស្ទឹង​ទេ ដើម្បី​ឱ្យ​មាន​ត្រី​មួយ​ចំនួន​រួច​ផុត​ពី​អ្នកនេសាទ និង​ដើម្បី​ឱ្យ​ត្រី​អាច​ធ្វើ​ចរាចរ​ទៅ​មក​បាន​ផង ។ តាម​ស្មារតី​គោរព​ព្រះពុទ្ធ​សាសនា ទ្រង់​ក៏​បាន​ហាម​ប្រាម​ការ​បរបាញ់​សត្វ​ផង​ដែរ ។
  28. នៅ​ក្នុង​ឆ្នាំ​១៨៤៨ ទ្រង់​បាន​សម្រេច​ប្ដូរ​ពិធីការ​ឱ្យ​គេ​ហៅ​ព្រះរាជា​ថា «ព្រះករុណា​ពិសេស» និង «អង្គ​ម្ចាស់​ជីវិត​លើ​ត្បូង» វិញ ។ ព្រះរាជ​មាតា​ទទួល​ព្រះ​ឋានៈ​ថា​ព្រះ​វររាជ​ជននី ហើយ​ទ្រង់​មាន​ត្រា​មួយ​មាន​រូប​កិន្នរី​ផង ។ ព្រះរាជ​បុត្រី​ច្បង ព្រះ​អង្គ​ថ្វាយ​ព្រះ​ឋានៈ​ថា​សម្ដេច​ព្រះ​រាជធីតា ព្រះ​ជាយា​របស់​ព្រះ​អង្គ អ្នក​ម្នាង​ប៉ែន ដែល​ជា​មាតា​របស់​ព្រះរាជ​បុត្រា​ច្បង​ទ្រង់​បាន​លើក​ឱ្យ​ឡើង​ជា​ព្រះ​ជាតិ​ ក្សត្រី ។ ​អ្នក​ម្នាង​ពៅ​មាតា​របស់​ព្រះរាជបុត្រា​បន្ទាប់ ទ្រង់​លើក​ឱ្យ​ឡើង​ជា​ព្រះ​អច្ឆរា​អក្សរ ។ រួច​ហើយ​ទ្រង់​បាន​រៀបចំ​ព្រះរាជ​សង្ហារ​សម្គាល់​អ្នក​ទាំងអស់​នោះ ព្រមទាំង​ពាក្យពេចន៍​ដែល​ត្រូវ​ប្រើ​ផង គឺ​ឆ្លើយ​ថា​ព្រះបាទម្ចាស់​ចំពោះ​បុរសៗ និង​ព្រះ​ម៉ែ​ចំពោះ​នារីៗ ។ ទ្រង់​ក៏​បាន​រៀបចំ​ឋានៈ​ស្ដ្រីៗ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ផង​ដែរ ហើយ​បាន​សម្រេច​ឱ្យ​ហៅ​ភរិយា​របស់​មន្ដ្រី​សក្ដិ​៤ ដល់​សក្ដិ​១០​ថា​ ជំទាវ​ ហើយ​បាន​អនុញ្ញាត​ឱ្យ​អ្នក​ទាំងនោះ​បង់​កន្សែង​ពណ៌​ពាក់​រយ៉ា​មាស​ដោត​ផ្កា​ លើ​សក់​ ហើយ​មាន​ប្រអប់​ស្លា​ដូច​របស់​ប្ដី​ដែរ​នៅ​ពេល​ចូល​មក​ក្នុង​វាំង ។
  29. ព្រះ​អង្គ​បាន​ឱ្យ​កាត់​បន្ថយ​ក្បួន​ដង្ហែ​មន្ដ្រី​ធំៗ ហើយ​ចេញ​បញ្ជា​ឱ្យ​ពួក​មន្ដ្រី​ទាំងនោះ​ត្រូវ​ស្លៀក​ខោ​វែង​ធំ​ទូលាយ​មាន​ជរ ​មាស​ ឬ​ស្លៀក​សំពត់​សូត្រ នៅ​ក្នុង​ពេល​មាន​ពិធី​ផ្សេងៗ ពាក់អាវ​ពណ៌ ក្រវាត់​ក្រណាត់​ប៉ាក់ឌិន​ពណ៌​មាស ក្រវាត់​ដាវ​នៅ​ចង្កេះ ទៅ​ណា​មក​ណា​ជិះ​គ្រែ​ស្នែង បាំង​ក្លស់​ពណ៌​ក្រហម​១​ជាន់ ។ ការ​កែទម្រង់​នេះ​មើល​ទៅ​ដូច​ជា​រឿង​កំប៉ិកកំប៉ុក​ទេ ក៏​ប៉ុន្ដែ​ត្រូវ​បាន​គេ​អបអរសាទរ​ណាស់ ព្រោះ​វា​បាន​ជួយ​រៀបចំ​ឱ្យ​ព្រះរាជវាំង​របស់​ព្រះរាជា​កម្ពុជា​មាន​របៀប​ របប​ឡើង​វិញ​ និង​ជួយ​ស្ដារ​កិត្ដិនាម​ដែល​បាន​បាត់បង់​អស់​កាល​ជា​យូរ​ណាស់​មក​ហើយ​នៅ​ ចំពោះ​មុខ​ប្រជារាស្ដ្រ ។
  30. នៅ​ក្នុង​ឆ្នាំ​១៨៤៩​ ជំងឺ​ប៉េស្ដ​បាន​កើត​រាលដាល​យ៉ាង​ខ្លាំង​ក្នុង​១​ថ្ងៃៗ​មាន​មនុស្ស​នៅ​ ជុំវិញ​រាជធានី​ឧត្ដុង្គ​ស្លាប់​រហូត​ដល់​ទៅ​៥​រយ​នាក់ ។ ជំងឺ​នេះ​រាតត្បាត​អស់​ពេល​៣​ខែ បន្ទាប់​មក​ក៏​រលាយ​បាត់​ទៅ​វិញ​នៅ​ក្នុង​រដូវ​វស្សា ។ ក្នុង​ឆ្នាំ​នោះ​ដែរ ដោយ​មាន​មេត្ដាធម៌​ដល់​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​សង់​សាលា​ឆទាន​ដើម្បី​ទ្រង់​បាន​យាង​ទៅ​ចែក​បាយ​ សម្ល និង​ក្រមា​ដល់​អ្នកបួស និង​ទុគ៌ត​ជន ។
  31. ព្រះ​អង្គ​បាន​រៀបចំ​ខែត្រ​សា​ជា​ថ្មី ខែត្រ​ណា​ធំ​ទ្រង់​ឱ្យ​ចែក​ជា​២ ឬ​៣ ឬ​៤​ស្រុក ។ រួច​ហើយ​ទ្រង់​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ឱវាទ​មន្ដ្រី​ធំៗ​ត្រួតត្រា ។
  32. ព្រះ​អង្គ​បាន​កំណត់​កាលបរិច្ឆេទ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស​ទាំង​១៧ ហើយ​បាន​ឱ្យ​យក​ចិត្ដ​ទុក​ដាក់​គោរព​ថ្ងៃ​សីល និង​សិក្ខាបទ ។
  33. នៅ​ក្នុង​ឆ្នាំ​១៨៥៣ ព្រះរាជា​មាន​បំណង​ផ្លាស់​ប្រាក់​បាត​ថៃ​ដែល​ចេះ​តែ​ក្រ​ទៅៗ​ចេញ ហើយ​បាន​ឱ្យ​បោះពុម្ព​កាក់​សំប៉ែត​ជា​ប្រាក់សុទ្ធ​៣​ប្រភេទ ដែល​មាន​តម្លៃ​នៅ​ពេល​នោះ​ស្មើនឹង​៤​ហ្វ្រង់ ១​ហ្វ្រង់ និង​៥​កាក់ ។ នៅ​លើ​មុខ​ម្ខាង​មាន​រូប​ហង្ស​ក​វែង​ដូច​រូប​ហង្ស​ដែល​គេ​តែងតែ​ដាក់​នៅ​លើ​ ចុង​ដងទង់​ខាង​មុខ​ព្រះ​វិហារ ។ ​នៅ​លើ​មុខ​ម្ខាង​ទៀត មាន​រូប​ប្រាសាទ​បុរាណ​កំពូល​៣ ដែល​តំណាង​អង្គរវត្ដ ។
  34. បើ​តាម​សម្ដី​មន្ដ្រី​ចាស់​ម្នាក់​ដែល​ព្រះរាជា​ឧស្សាហ៍​ពិគ្រោះ​យោបល់​ បាន​និយាយ​ប្រាប់​ខ្ញុំ​ថា មើល​ពី​ខាង​ក្រៅ​គេ​ឃើញ​ព្រះរាជា ដូច​ជា​សប្បាយ​រីករាយ​ណាស់ ក៏​ប៉ុន្ដែ​ក្នុង​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​វិញ ទ្រង់​ដូច​ជា​គ្មាន​ទំនុក​ចិត្ដ​ចំពោះ​អនាគតកាល​សោះ ម្យ៉ាង​ទ្រង់​ខ្លាច​ពួក​សៀម​ដែល​ព្រះ​អង្គ​ចាត់​ទុក​ដូចជា​សត្រូវ (87) ស្ទើរតែ​ដូច​ពួក​អាណ្ណាម ដែល​ព្រះ​អង្គ​ស្អប់​ខ្លាំង​ណាស់​អីចឹង​ដែរ ។ ពួក​អាណ្ណាម​នេះ​មាន​ទំនៀម​ទម្លាប់ សាសនា សម្លៀក​បំពាក់ សក់​បួង និង​ទម្លាប់​ផ្សេងៗ ដែល​ព្រះ​អង្គ​មិន​ចូល​ចិត្ដ​សោះ ណា​មួយ​ពួក​នេះ​ឈ្លាន​ពាន​អាណា​ខែត្រ​ភាគ​ខាងត្បូង​ឥត​ឈប់​ឈរ​ផង ។ ព្រះ​អង្គជា​អ្នកគាំទ្រ​សន្ដិភាព មិន​ចូល​ចិត្ដ​សង្គ្រាម ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​សង្គ្រាម​មិន​អាច​ដណ្ដើម​យក​ខែត្រ​ដែល​បាត់បង់​ទៅ ​នោះ​មក​វិញ​បាន​ទេ ។ ក៏​ប៉ុន្ដែ​ដើម្បី​រារាំង​សត្រូវ​កុំឱ្យ​ចូល​មក​រុក​គួន​ព្រះរាជា​ណា​ចក្រ ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​សង់​បន្ទាយ​ការពារ​ជា​ច្រើន ។ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា «មិន​ត្រូវ​គិត​ពី​រឿង​ដណ្ដើម​យក​អ្វី​ដែល​បាត់បង់​ទៅ​ហើយ​មក​វិញ​ទេ ប៉ុន្ដែ​ត្រូវ​ការពារ​អ្វី​ដែល​នៅ​សល់​ឱ្យ​បាន» ។ ព្រះ​អង្គ​បារម្ភ​ណាស់​ចំពោះ​អនាគត ហើយ​បាន​ពិភាល់​ថា​កម្ពុជា​នឹង​ត្រូវ​បែងចែក​គ្នា​រវាង​សៀម និង​អាណ្ណាម ។ ពួក​សៀម​នឹង​យក​ទឹកដី​ពោធិ៍សាត់ កំពង់ស្វាយ ឧត្ដុង្គ សម្បូរ ក្រចេះ ត្បូងឃ្មុំ ឯ​អាណ្ណាម​វិញ​នឹង​យក​អាណា​ខែត្រ​ខាងត្បូង​ទាំងអស់​រួម​មាន បាភ្នំ ទ្រាំង ភ្នំពេញ ផង ។ បើ​សិនជា​មាន​សង្គ្រាម​មួយ​ផ្ទុះ​ឡើង ទោះជា​ជាមួយ​សៀម ឬ​ជាមួយ​កូសាំងស៊ីន​ក៏​ដោយ ក៏​សង្គ្រាម​នោះ​នឹង​ធ្វើ​ឱ្យ​ការ​បែងចែក​ទឹកដី​គ្នា​នេះ​កើត​មាន​កាន់តែ​ ឆាប់ ម្ល៉ោះហើយ​ព្រះ​អង្គ​មិន​ចង់​ឱ្យ​កើត​មាន​សង្គ្រាម​ជាមួយ​នរណា​ម្នាក់​ទេ ។ គំនិត​ដែល​គិត​ថា​ថ្ងៃ​ណា​មួយ​ជា​ពិសេស​កាលណា​អត់​ពី​ព្រះ​អង្គ​ទៅ​ កម្ពុជា​អាច​នឹង​ត្រូវ​បាត់បង់​នៅ​ដិត​ជាប់​នឹង​ព្រះ​ទ័យ​របស់​ព្រះ​អង្គជា​ និច្ច ហើយ​បាន​ធ្វើ​ឱ្យ​ព្រះ​អង្គ​គិត​ងាក​ទៅ​រក​សុំ​ជំនួយ​ការពារ​ពី​ប្រទេស​ អឺរ៉ុប​ណា​មួយ ដើម្បី​ផ្ញើ​វាសនា​ស្រុក​ខ្មែរ និង​សន្ដតិវង្ស​ព្រះរាជា​វិញ​ម្ដង ។ គំនិត​សុំ​ជំនួយ​របស់​ព្រះ​អង្គ​ពេល​នោះ មិនមែន​ជា​ការ​សុំ​អាណាព្យាបាល​ក្នុង​ន័យ​ដូច​ដែល​យើង​យល់​សព្វ​ថ្ងៃនេះ​ទេ គឺ​សុំ​ឱ្យ​ការពារ​ព្រះរាជា​ណាចក្រ​កុំឱ្យ​នគរ​ផ្សេង​ដណ្ដើម​យក​បាន ទោះជា​នៅ​ក្នុង​អាស៊ី ឬ​ក៏​នៅ​អឺរ៉ុប​ក្ដី ។
  35. ទ្រង់​បាន​នឹក​គិត​ទៅ​ដល់​ប្រទេស​បារាំង ដែល​មិន​ទាន់​មាន​ដែនដី​ជា​កម្មសិទ្ធិ​នៅ​ចុង​បូព៌ា​នៅ​ឡើយ ហើយ​ដែល​ព្រះ​អង្គ​ធ្លាប់​បាន​ឮ​ល្បី​កិត្ដិនាម​កាលពី​ពេល​ដែល​ព្រះ​អង្គ​ គង់នៅ​ឯ​រាជធានី​បាងកក ។ ដល់​មក​ខែវិច្ឆិកា ឆ្នាំ​១៨៥៣ ក្រោយ​ពី​បាន​ពិចារណា​ល្អិន​ល្អន់​រួច​ហើយ ព្រះបាទ​អង្គឌួង​បាន​ចាត់​បច្ឆាញាតិ​២​រូប​របស់​ពួក​ព័រទុយហ្គាល់ ដែល​កាន់​សាសនា​កាតូលិក​គឺ​ចៅពញា​កុយ​ និង​ចៅពញា​ប៉ែន​ ឱ្យ​ធ្វើ​ដំណើរ​ជា​សម្ងាត់​ទៅ​សិង្ហបុរី​នាំ​យក​សារលិខិត​សរសេរ​ជា​ ភាសាបារាំង​ដោយ​ព្រះសង្ឃ​កាតូលិក (អេវ៉ែក) នៅ​កម្ពុជា​ឈ្មោះ មីស្ហ តាម​សម្ដី​របស់​ព្រះ​អង្គ ទៅ​ប្រគល់​ជូន​កុងស៊ុល​បារាំង​នៅ​ទីនោះ ឱ្យ​ផ្ញើ​បញ្ជូន​បន្ដ​ទៅ​ថ្វាយ​ព្រះ​ចៅ​អធិរាជ​ណាប៉ូ​ឡេអុង​ទី​៣ «ដើម្បី​សម្ដែង​មិត្ដភាព និង​ការ​គោរព​ដ៏​ជ្រាលជ្រៅ​ពី​ព្រះ​អង្គ» ។ ជាប់​ជាមួយ​នឹង​សារលិខិត​នេះ​មាន​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ហិប រួម​មាន​ភ្លុក​ដំរី​ធំៗ​៤ កុយ​រមាស​២ ជ័ររង្គ​៧​បាវ​ទម្ងន់​៣០០​គីឡូក្រាម ស្កសរ​៧​បាវ​ទម្ងន់ ៣០០​គីឡូក្រាម និង​ម្រេច​៧​បាវ​ទម្ងន់​៣០០​គីឡូក្រាម​ផង​ដែរ ។ កុងស៊ុល​បារាំង​ប្រចាំ​សិង្ហបុរី​បាន​ទទួល​យក​ព្រះ​សារលិខិត និង​អំណោយ​ទាំង​អស់ពី​ទូត​ទាំង​២ រួច​បាន​ផ្ញើ​សារ​ឆ្លើយ​តប​មក​ព្រះបាទ​អង្គឌួង​វិញ​ថា​ខ្លួន​នឹង​ផ្ញើ​ ព្រះរាជ​សារ និង​អំណោយ​ទាំងអស់​ទៅ​ប្រទេស​បារាំង​តាម​នាវា​ចម្បាំង​ក្ដោង​៣​ឈ្មោះ ឡាកា​ព្រីស៊ីយ៉ឺ មាន​វរសេនីយ៍ត្រី រ៉ូកឺ​ម៉ូរ៉ែល ជា​មេបញ្ជាការ ដែល​នឹង​នាំ​របស់​ទាំង​អស់​នេះ​ទៅ​សាលា​ខែត្រ​ទូឡុង ភ្លាម​នៅ​ពេល​ដែល​កប៉ាល់​ទៅ​ដល់ ដើម្បី​ឱ្យ​បញ្ជូន​បន្ដ​ទៅ​ថ្វាយ​ព្រះ​ចៅ​អធិរាជ (១៨៥៤) ។
  36. នៅ​ឆ្នាំ​បន្ទាប់​មក លោក​ដឺម៉ុង​ទីញី បេសកជន​របស់​បារាំង​ប្រចាំ​ស្រុក​សៀម និង​ស្រុក​ចិន​បាន​ទទួល​បញ្ជា​ឱ្យ​មក​ចុះ​សន្ធិសញ្ញា​មេត្រីភាព និង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ព្រះរាជា​កម្ពុជា​តាម​បំណង​ប្រាថ្នា​របស់​ ព្រះបាទ​អង្គឌួង ។ ឯកអគ្គរាជទូត​នេះ​ទើប​តែ​បាន​ចុះ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​មួយ​ជាមួយ​ស្ដេច​ សៀម ព្រះ​មហា​មង្គត ដែល​ថ្វាយ​ដំណឹង​តាម​រយៈ​អេវ៉ែក​មីស្ហ តាំងពី​ខែឧសភា ថា​នឹង​មក​កម្ពុជា​ឆាប់ៗ​នេះ តែ​បាន​ប្រហែស​និយាយ​ប្រាប់​គេឯង​នៅ​បាងកក​ឱ្យ​ដឹង​ពី​គម្រោងការ​ថា​នឹង​មក​ ចុះ​សន្ធិសញ្ញា​ជាមួយ​ព្រះបាទ​អង្គឌួង ។ ដំណឹង​នេះ​បាន​លេច​ឮ​ទៅ​ដល់​ស្ដេច​សៀមៗ​មិន​យល់​ព្រម​ឱ្យ​កម្ពុជា​ដែល​ទ្រង់ ​ចាត់ទុកជា​នគរ​សាមន្ដរាជ​មួយ អាច​ចុះ​សន្ធិសញ្ញា​ណា​មួយ​បាន​ដោយ​គ្មាន​ការ​ឯកភាព​ពី​ព្រះ​អង្គ​ទេ ។ ស្ដេច​សៀម​បាន​ចាត់​មន្ដ្រី​ម្នាក់​ឱ្យ​ចុះ​កប៉ាល់​ជាមួយ លោក​ដឺម៉ុង​ទីញី ជា​សម្ងាត់ ដើម្បី​ត្រួតពិនិត្យ​មើល​សកម្មភាព​របស់​រាជទូត​បារាំង​នេះ​ផង និង​ដើម្បី​នាំសារ​ណែនាំ​មួយ​មក​ថ្វាយ​ព្រះរាជា​កម្ពុជា​ផង ដែល​អ្នកខ្លះ​និយាយ​ថា​គឺជា​រាជសារ​ហាម​ឃាត់​មិន​ឱ្យ​ព្រះ​អង្គ​ធ្វើ​អ្វី​ ជា​មួយ​បារាំង ។ លោក ដឺម៉ុង​ទីញី បាន​ឡើង​កប៉ាល់​មក​ចុះ​នៅ​កំពត​នៅ​ក្នុង​ខែសីហា ឆ្នាំ​១៨៥៦ ។ រាជសារ​របស់​ស្ដេច​សៀម​ពោរពេញ​ទៅ​ដោយ​ពាក្យ​គំរាម​កំហែង ដែល​ធ្វើ​ឱ្យ​ព្រះបាទ​អង្គឌួង​វិតក្ក​យ៉ាង​ខ្លាំង ។ ទ្រង់​មាន​បំណង​ចង់​ចុះ​សន្ធិសញ្ញា​ជាមួយ​បារាំង​ជា​សម្ងាត់​សិន កាល​ណា​បាន​សច្ចានុមតិ​រួច​ហើយ​សឹម​ផ្សព្វផ្សាយ​ឱ្យ​គេ​ដឹង​ឮ នៅ​ពេល​នោះ​ទ្រង់​នឹង​គ្មាន​បារម្ភ​អំពី​សៀម​ ឬ​អាណ្ណាម​ទៀត​ទេ ព្រោះ​បាន​ទទួល​ការ​ការពារ​ពី​ប្រទេស​អឺរ៉ុប​មួយ​រួច​ហើយ ។ ក៏​ប៉ុន្ដែ​ឥឡូវ ព្រះរាជ​បំណង​នេះ​បាន​ត្រូវ​គេ​ដឹង​មុន​អស់​ទៅ​ហើយ​នៅ​បាងកក​តាំងពី​មុន​ពេល ​ដែល​រាជទូត​បារាំង​ចេញ​ដំណើរ​មក​ម្ល៉េះ ។ ឯកអគ្គរាជទូត​បារាំង​អាច​នឹង​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ការ​គំរាម​កំហែង​ របស់​ស្ដេច​សៀម​មក​លើ​ព្រះរាជា​កម្ពុជា ហើយ​ជួយ​រំងាប់​ការ​ព្រួយ​បារម្ភ​របស់​ព្រះបាទ​អង្គឌួង​បាន ដោយ​ធ្វើ​ដំណើរ​រហូត​មក​ដល់​ឧត្ដុង្គ រួច​ហើយ​រាយការណ៍​ថ្វាយ​អំពី​អំណាច​ដ៏​ខ្លាំងក្លា​របស់​បារាំង ។ ក៏​ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ លោក ដឺម៉ុង​ទីញី ដែល​មិន​បាន​យល់​ច្បាស់​អំពី​ល្បិច​កល​របស់​សៀម​មក​លើ​ព្រះរាជា​កម្ពុជា​មាន ​ការ​ប្រហែស បែរ​ទៅ​ជា​មិន​ចង់​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ឆ្ងាយ​ចម្ងាយ​ជាង​១៤០​គីឡូម៉ែត្រ កាត់​ទីរហោឋាន​តាម​ដែល​គាត់​ឮ​គេ​និយាយ​ប្រាប់​ទេ ។ គាត់​ឈប់​នៅ​នឹង​កំពត ហើយ​បាន​ចាត់​ព្រះសង្ឃ​កាតូលិក (អាបេ) ហេស្ដ្រិស ដែល​អេវ៉ែក​មីស្ហ ទើប​នឹង​តែងតាំង​មក​ឈរជើង​នៅ​ទី​នេះ ឱ្យ​នាំ​យក​សន្ធិសញ្ញា​ពាណិជ្ជកម្ម​មួយ​ចម្លង​តាម​សន្ធិសញ្ញា ដែល​បាន​ចុះ​ជាមួយ​សៀម មក​ថ្វាយ​ព្រះបាទ​អង្គឌួង​ឡាយ​ព្រះហស្ដ​លេខា ។ សន្ធិសញ្ញា​នោះ គ្មាន​អត្ថន័យ​គ្រប់គ្រាន់​សម​តាម​បំណង​របស់​ព្រះបាទ​អង្គឌួង​ទេ ព្រោះ​មិនមែន​ជា​សន្ធិសញ្ញា​មេត្រីភាព​ដែល​ទ្រង់​ចង់​បាន ហើយ​ក៏​មិន​បាន​ធានា​អត្ថិភាព​របស់​កម្ពុជា​ក្រោម​អាណាព្យាបាល​ភាព​របស់​ ប្រទេស​បារាំង​ដែរ បើ​ទោះជា​ថា មាន​តែ​ក្នុង​ពាក្យ​សម្ដី​ក៏​ដោយ​ចុះ ។ ព្រះបាទ​អង្គឌួង​បាន​ឱ្យ​គេ​សង់ផ្ទះ​សំណាក់​មួយ​សម្រាប់​ទទួល​លោក ដឺម៉ុង​ទីញី នៅ​កំពត ហើយ​ទ្រង់​រង់ចាំ​ទទួល​គាត់​នៅ​ឧត្ដុង្គ ។ ព្រះ​អង្គ​ខក​ព្រះ​ទ័យ​ជា​ខ្លាំង​នៅ​ពេល​ឃើញ​កូន​សង្ឃ​កាតូលិក​តូច​មួយ​មក​ ចូល​គាល់​ព្រះ​អង្គ​ទៅ​វិញ ជា​ជាង​បាន​ឃើញ​ឯកអគ្គរាជទូត​ដែល​ព្រះ​អង្គ​កំពុង​តែ​រង់ចាំ​ទាំង​អេវ៉ែក​ មីស្ហ ក៏​មិន​យល់​ស្រប​តាម​ដែរ ម្ល៉ោះ​ហើយ​ទ្រង់​បាន​ប្រកែក​មិន​យល់​ព្រម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ដែល​ គ្មាន​កិច្ចធានា​អ្វី​បន្ដិច​សោះ​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​ការ​ប៉ះទង្គិច​យ៉ាង​ ខ្លាំង​ជាមួយ​ពួក​សៀម​ទៀត​ផង ។
  37. ភាព​ខ្វះ​ការ​ប៉ិន​ប្រសប់ និង​ការ​ធ្វេស​ប្រហែស​របស់​ឯកអគ្គរាជទូត​នៃ​ព្រះ​ចៅ​អធិរាជ​បារាំង​បាន​ធ្វើ ​ឱ្យ​ព្រះរាជា​កម្ពុជា​ជួប​ប្រទះ​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង​ដែល​ព្រះ​អង្គ​ កំពុង​តែ​ខ្លាចរអា​ផង ហើយ​ក៏​ធ្វើ​ឱ្យ​បារាំង​បាត់បង់​ឱកាស​ក្នុង​ការ​ដាក់​អាណាព្យាបាល​មក​លើ​ កម្ពុជា​តាំងពី​ឆ្នាំ​១៨៥៦ គឺ​នៅ​មុន​សង្គ្រាម​ឥណ្ឌូចិន​ជា​ច្រើន​ឆ្នាំ ។ ប្រសិនបើ​បារាំង​បាន​ដាក់​អាណាព្យាបាល​មក​លើ​កម្ពុជា​តាំង​តែ​ពី​ពេល​នោះ​មក បារាំង​អាច​ប្រើ​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ប្រតិបត្ដិការ ដែល​នឹង​ផ្ដល់​ការ​ងាយ​ស្រួល​ជា​ច្រើន​ដល់​សង្គ្រាម​នោះ ។ ហើយ​បើសិនណា​ជា​បារាំង​បាន​មក​ឈរជើង​នៅ​កម្ពុជា ហើយ​ធ្វើ​សកម្មភាព​ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះរាជា​កម្ពុជា​ផង​នោះ ម្ល៉េះ​សម​បារាំង​អាច​ដណ្ដើម​យក​កូសាំងស៊ីន​ទាំងមូល​បាន​ក្នុង​ពេល​តែ​មួយ​ ជាមួយ​គ្នា​ទៅ​ហើយ ។
  38. ពេល​នោះ​មាន​ការ​បះបោរ​មួយ​របស់​អ្នកស្រុក​នៅ​រលាប្អៀរ និង​បរិបូណ៌ ដឹកនាំ​ដោយ​មេ​បះបោរ​ឈ្មោះ អា​សុខ និង​អា​ជ្រុម ។ ព្រះបាទ​អង្គឌួង​បាន​ចេញ​បញ្ជា​ឱ្យ​គេ​ចាប់​ពួក​មេ​បះបោរ​នោះ​ជាមួយ​បក្សពួក ​មួយ​ចំនួន​សម្លាប់​ចោល ។
  39. មាន​ការ​បះបោរ​មួយ​ទៀត​កើត​ឡើង​នៅ​រវាង​ឆ្នាំ​១៨៥៧ ដោយ​ពួក​ខ្មែរ​រស់នៅ​ក្នុង​ខែត្រ​តៃនិញ នៅ​កូសាំងស៊ីន ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ខ្មែរ​ជា​ច្រើន​នាក់​មក​ពី​កម្ពុជា ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ព្រះរាជា​មាន​ព្រះ​ទ័យ​ព្រួយបារម្ភ​ជា​ខ្លាំង ខ្លាច​តែ​ពួក​អាណ្ណាម​ឆ្លៀត​ឱកាស​គាំទ្រ​ជនជាតិ​គេ​ហើយ​តាម​វាយ​ពួក​បះបោរ​ ចូល​មក​ដល់​ព្រះរាជា​ណាចក្រ ។ ព្រះ​អង្គ​បាន​ចាត់​ឱ្យ​សង់​បន្ទាយ​ការពារ​នៅ​តាម​ព្រំដែន​ខាងត្បូង ហើយ​បាន​ហាម​ប្រាម​ប្រជារាស្ដ្រ​នៅ​កម្ពុជា​លើ​មិន​ឱ្យ​ផ្ដល់​ជំនួយ​ទៅ​ពួក​ ខ្មែរ​នៅ​កូសាំងស៊ីន​ដែល​ទ្រង់​ចាត់​ទុក​ថា ជា​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ​ដែរ បើ​ទោះជា​ថា​ពួក​នោះ​ធ្លាប់​បាន​ជួយ​វាយ​ពួក​អាណ្ណាម​ឱ្យ​បរាជ័យ ដោយ​ជិះ​តែ​លើ​ក្របី ហើយ​មាន​អាវុធ​មិន​គ្រប់គ្រាន់​ក៏​ដោយ ។ នៅ​ពេល​នោះ ការ​ចាកចោល​ស្រុក​មួយ​លើក​ទៀត​បាន​កើត​មាន​ឡើង​នៅ​កូសាំងស៊ីន ។ ប្រជាជន​ខ្មែរ​ដ៏​កម្សត់​ជា​ច្រើន​នាក់​ដែល​ងើប​បះបោរ​ឡើង​ប្រឆាំង​នឹង​ការ​ គាប​សង្កត់​ពី​ពួក​អាជ្ញាធរ​អាណ្ណាម​ និង​ញាតិ​ជិតខាង​យួន​ដែល​លួច​ឆក់​សម្បត្ដិទ្រព្យ​ វាយដំ​ធ្វើបាប​បំបែក​បំបាក់​ឥត​មាន​លស់​ពេល បាន​នាំ​គ្នា​រត់​កាត់​ព្រំដែន​ឆ្លង​មក​ជ្រកកោន​នៅ​កម្ពុជា​វិញ ។
  40. នៅ​ក្នុង​ឆ្នាំ​បន្ទាប់​មក​ទៀត ពួក​ចាម​នៅ​ខែត្រ​ត្បូងឃ្មុំ ដែល​ធ្លាប់​បាន​បះបោរ​២​លើក​រួច​មក​ហើយ​ប្រឆាំង​នឹង​ព្រះរាជា​កម្ពុជា​ម្ដង​ នៅ​ក្នុង​ឆ្នាំ​១៥៩៩ និង​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ​១៦៦០ បាន​នាំ​គ្នា​ចាប់​កាន់​អាវុធ​ប្រឆាំង​នឹង​ចៅហ្វាយ​ខែត្រ​ដែល​មិន​យល់​ព្រម​ អនុញ្ញាត​ឱ្យ​ពួក​នេះ​បង្កើត​រដ្ឋ​តូច​មួយ​នៅ​ក្នុង​រង្វង់​ទឹកដី​ខែត្រ​ របស់​គាត់ ។ ពួក​នេះ​ស្ដាប់​តែ​បញ្ជា​របស់​មេ​គេ​ប៉ុណ្ណោះ (88) ។ ព្រះរាជា​បាន​បញ្ជូន​លោក​យោធា​សង្គ្រាម​ឱ្យ​ទៅ​បង្ក្រាប​ពួក​នេះ តែ​ត្រូវ​ពួក​នេះ​សម្លាប់​បាន ព្រោះ​គាត់​មាន​កងការពារ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ។ ព្រះរាជា​បាន​កេណ្ឌ​ទ័ព​មួយ​កង​ភ្លាម រួច​ដឹកនាំ​ចេញ​ទៅ​ត្បូងឃ្មុំ​ដោយ​ផ្ទាល់​ព្រះ​អង្គ ។ ពួក​ចាម​ដែល​ជួនកាល​ត្រូវ​ទ័ព​ព្រះរាជា​វាយប្រហារ​ឱ្យ​បរាជ័យ ជួនកាល​ទៀត​ទទួល​បាន​ជ័យជម្នះ​វិញ ប៉ុន្ដែ​នៅ​ទី​បញ្ចប់​ក៏​ត្រូវ​បរាជ័យ បែកខ្ញែក​គ្នា រួច​បង្ខំ​ឱ្យ​គេច​ទៅ​ជ្រកកោន​នៅ​ឯ​ចូវដុក បង្កើត​បាន​ជា​ភូមិ​ចាម​៥ ដែល​គេ​ប្រទះ​ឃើញ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ពួក​ចាម​ដែល​មិន​អាច​គេច​ខ្លួន​បាន​ត្រូវ​គេ​ប្រមូល​ចាប់​យក​ទៅ​ទុក​នៅ​ ពោធិ៍សាត់ នៅ​លង្វែក នៅ​កំពង់ត្រឡាច និង​នៅ​កំពង់ហ្លួង ។ អ្វីៗ​ហាក់​ដូចជា​បាន​ចប់​ទៅ​ហើយ ស្រាប់តែ​ពួក​ចាម​ដែល​រត់​ភៀស​ខ្លួន​ទៅ​រស់នៅ​ឯ​ចូវដុក​នោះ បាន​នាំ​គ្នា​ឡើង​មក​តាម​ទន្លេ​យ៉ាង​រហ័ស ការពារ​ដោយ​កម្លាំង​ថ្មើរ​ជើង​មួយ​កង​ឆ្លង​កាត់​ភ្នំពេញ រហូត​ទៅ​ដល់​ជំរំ​ដែល​គេ​ដាក់​ពួក​ចាម​នាំ​មក​ពី​ត្បូងឃ្មុំ ជម្លៀស​ពួក​នោះ​យក​ទៅ​អស់ ។ ប្រតិបត្ដិការ​នេះ​ត្រូវ​បាន​គេ​ត្រៀម​អស់​ពេល​ជា​យូរ​មក​ហើយៗ​ទទួល​ពួក​ចាម ​នៅ​កម្ពុជា​ប្រុង​តែ​លួច​រត់គេច​ផង ម្ល៉ោះ​ហើយ​ក៏​ប្រព្រឹត្ដ​ទៅ​យ៉ាង​លឿន រហូត​ទាល់​តែ​ព្រះរាជា​កម្ពុជា​មិន​អាច​ចាត់​វិធានការ​អ្វី​ទប់ទល់​ទាន់ ធ្វើ​ឱ្យ​ពួក​អ្នក​កាន់​សាសនា​មហាម៉ាត់​នាំ​គ្នា​រត់​ឆ្លង​ចូល​ទៅ​ កូសាំងស៊ីន​អស់​ទៅ ។ ចាស់ៗ​បាន​និយាយ​ថា ហេតុការណ៍​នេះ​អាច​កើត​ឡើង​បាន មក​ពី​ភាគ​ច្រើន​នៃ​ពួក​ចាម​ដែល​ព្រះរាជា​បាន​ចាប់​ជា​ឈ្លើយ​នោះ​ច្រើន​តែ​ ជា​ស្ដ្រី កុមារ និង​មនុស្ស​ចាស់ ពួក​បុរសៗ​បាន​រត់គេច​ទៅ​កូសាំងស៊ីន​អស់​ទៅ​ហើយៗ​ការ​ដែល​ព្រះ​អង្គ​ធ្វើ​ ដូច្នេះ ព្រោះ​មិន​ចង់​ឱ្យ​ពួក​គេ​ចាកចោល​ព្រះរាជា​ណាចក្រ ។
  41. ឯកសារ​មួយ​និយាយ​ថា ព្រះរាជា​ខ្ញាល់​ខ្លាំង​ណាស់ ណា​មួយ​ខ្មាស់​នឹង​ល្បិច​ពួក​ចាម​ផង ទ្រង់​បាន​ព្រមាន​ឱ្យ​អាណ្ណាម​ដែល​គ្រប់គ្រង​ចូវដុក​បញ្ជូន​ពួក​បះបោរ​នោះ​ មក​ថ្វាយ​ព្រះ​អង្គ​វិញ ។ ចៅហ្វាយ​ខែត្រ​អាណ្ណាម​នោះ​ប្រកែក​មិន​ព្រម​ធ្វើ​តាម​សំណើ​របស់​ព្រះ​អង្គ​ ទេ ព្រះបាទ​អង្គឌួង​ក៏​បញ្ជូន​ទ័ព​មួយ​កង​តូច ដឹកនាំ​ដោយ​ស្ដេចត្រាញ់​ដែនដី​ទ្រាំង ឈ្មោះ កែប ដើម្បី​ទៅ​នាំ​យក​ពួក​ចាម​ទាំង​នោះ​មក​វិញ ។ ពួក​ចាម​នោះ​បាន​ព្រួត​ដៃ​គ្នា​ជាមួយ​ទ័ព​អាណ្ណាម​ដែល​គេ​បញ្ជូន​ឱ្យ​មក​ជួយ ​ច្បាំង​ជាមួយ​ទ័ព​ខ្មែរ​តែ​មិន​អាច​ទប់ទល់​មិន​ឱ្យ​ទ័ព​ខ្មែរ​ឆ្លង​ចូល​ទៅ​ ឆ្ងាយ​ពី​ព្រំដែន​បាន​ទេ ។ ដូច្នេះ​សង្គ្រាម​បាន​កើត​មាន​ឡើង​ម្ដង​ទៀត​ជាមួយ​អាណ្ណាម ដែល​នឹង​ធ្វើ​ឱ្យ​មាន​អន្ដរាគមន៍​ពី​សៀម​ដោយ​ចៀស​មិន​រួច ប្រសិនបើ​គ្មាន​វត្ដមាន​របស់​បារាំង​នៅ​កូសាំងស៊ីន​ទេ (89) ។
  42. នៅ​ពេល​នោះ ពួក​អាណ្ណាម​គ្មាន​លទ្ធភាព​ទប់ទល់​ជាមួយនឹង​ទ័ព​ខ្មែរ​ទេ ។ ក្រោយ​ពី​ត្រូវរ៉ូវ​គ្នា​ជាមួយ​ពួក​អង់គ្លេស និង​ចាប់​បង្ខំ​ព្រះ​ចៅ​អធិរាជ​ចិន​ឱ្យ​ចុះ​សន្ធិសញ្ញា​រួច​ហើយ ពួក​បារាំង​បាន​វិល​ត្រលប់​ពី​ស្រុក​ចិន​មក​វិញ ហើយ​ដើម្បី​ជា​ការ​សងសឹក​ឱ្យ​ពួក​សាសនទូត​របស់​បារាំង និង​ពួក​អាណ្ណាម​កាន់​សាសនា​កាតូលិក ដែល​ត្រូវ​ពួក​មន្ដ្រី​ដេញ​ចេញ​ពី​ស្រុក និង​បង្ខំ​ឱ្យ​អាណ្ណាម​អនុវត្ដ​តាម​កិច្ចសន្យា​កាល​ពីមុន​ផង​នោះ ពួក​បារាំង​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទីក្រុង​ទួរ៉ាន​នៅ​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​១៨៥៨​ ចូល​កាន់កាប់​សាយហ្គន​នៅ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​១៨៥៩ ហើយ​កំញើញ​ថា នឹង​ដណ្ដើម​យក​កូសាំងស៊ីន​ទាំងមូល​ថែម​ទៀត ។
  43. ព្រះបាទ​អង្គឌួង​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ទទួល​បាន​ដំណឹង​ នេះ ហើយ​ទ្រង់​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភ មិន​ដឹង​ថា​តើ​ហេតុការណ៍​នោះ​នឹង​នាំ​មក​នូវ​ផល​ល្អ​ ឬ​ផល​អាក្រក់​ចំពោះ​កម្ពុជា ម្ល៉ោះ​ហើយ​ទ្រង់​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង ។ ព្រះ​អង្គ​ចង់​ដឹង​អំពី​គោលបំណង​របស់​ពួក​បារាំង ថា​តើ​គេ​ធ្វើ​នេះ​គ្រាន់តែ​ដើម្បី​សងសឹក​ទៅ​នឹង​ការ​ប្រមាថ​មើល​ងាយ​របស់​ អាណ្ណាម រួច​កាន់កាប់​ចំណុច​ណា​មួយ​នៅ​តាម​ឆ្នេរ​សមុទ្រ ឬ​ក៏​គេ​ចង់​ដណ្ដើម​យក​កូសាំងស៊ីន​ផ្នែក​ខាងក្រោម​ទាំងអស់ ។ បើ​ដូច្នោះ​មែន បារាំង​នឹង​ក្លាយ​ទៅជា​អ្នក​មាន​ព្រំដែន​ជាប់​នឹង​កម្ពុជា ហើយ​ដើរតួ​ជំនួស​អាណ្ណាម​ក្នុង​ការ​ទាមទារ​សិទ្ធិ​អធិរាជ​ភាព​មក​លើ​កម្ពុជា ​ទេ​ដឹង ? តាម​ពិត​ទៅ សកម្មភាព​របស់​បារាំង​នៅ​ពេល​នោះ​គ្មាន​អ្វី​ជាក់​លាក់​ទេ ហើយ​កំហុស​របស់​លោក ដឺម៉ុងទីញី បាន​ធ្វើ​ឱ្យ​ព្រះបាទ​អង្គឌួង​ទីទើ ណា​មួយ​បារាំង​ក៏​មិន​បាន​បញ្ជូន​តំណាង​ឱ្យ​មក​រាយការណ៍​ថ្វាយ​ដើម្បី​ឱ្យ​ ទ្រង់​អស់​សង្ស័យ​ផង​ដែរ ។ បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ដែល​បារាំង​វាយ​ដណ្ដើម​យក​សាយហ្គន​បានៗ​ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​សេចក្ដី ​ក្លាហាន​ឡើង​វិញ ។ ហើយ​នៅ​ពេល​ឃើញ​ថា​ទ័ព​បារាំង​មិន​បាន​ឈរជើង​នៅ​ទីនោះ គឺ​វិល​ត្រលប់​មក​ទួរ៉ាន​វិញ ប៉ុន្ដែ​បាន​ធ្វើការ​វាយ​ប្រហារ​ទៅ​លើ​អតីត​សត្រូវ​របស់​ព្រះ​អង្គ​គ្រប់​ ទីកន្លែង ព្រះ​អង្គ​ក៏​សម្រេច​ចិត្ដ​ចាប់​វាយ​មក​លើ​អាណ្ណាម​នៅ​ចូវដុក ចូល​មក​ក្នុង​កូសាំងស៊ីន​របៀប​ជា​កង​ជំនួយ​ឱ្យ​ពួក​បារាំង​ដោយ​គ្មាន​ការ​ ចរចា​ឯកភាព​គ្នា​ជា​មុន​ទេ ។​ គេ​និយាយ​ថា នោះ​ហើយ​ជា​ការ​សម្ងាត់​នៃ​សង្គ្រាម​ដែល​ហាក់​ដូចជា​ផ្ទុយ​ទៅ​នឹង​នយោបាយ​ របស់​ព្រះ​អង្គ​ដែល​មាន​ពី​មុន ។ បន្ដិច​ក្រោយមក ព្រះរាជា​បាន​យាង​ទៅ​កំពត​ដើម្បី​ទៅ​ទត​មើល​សំពៅ​ពាណិជ្ជកម្ម​មួយ ដែល​ទ្រង់​បាន​ឱ្យ​គេ​ធ្វើ​ឡើង​រួច​ប្រគល់​ឱ្យ​ជន​ម៉ាឡេ​ម្នាក់​នៅ​ត្រីកា​ កាន់​កាប់ ។ នៅ​ទីនោះ​ព្រះ​អង្គ​បាន​ជួប​ជាមួយ​អ្នក​ស្រាវជ្រាវ មូហូត ជជែក​ជាមួយ​បាន​បន្ដិច ទ្រង់​ក៏​បញ្ជា​ឱ្យ​គេ​ផ្ដល់​មធ្យោបាយ​សម្រាប់​គាត់​ធ្វើ​ដំណើរ​មក​ឧត្ដុង្គ ​ទៀត ។ នៅ​ពេល​យាង​ត្រលប់​មក​កាន់​រាជធានី​វិញ ក្រោយ​ពេល​ដែល​លោក មូហូត ចូល​គាល់​ព្រះ​អង្គ​នៅ​នឹង​ព្រះរាជ​ដំណាក់​ធ្វើ​ពី​ឈើ​បាន​បន្ដិច ព្រះបាទ​អង្គឌួង​ក៏​ធ្លាក់​ព្រះ​កាយ​ប្រឈួន ហើយ​បាន​សុគត​ទៅ​នៅ​ឆ្នាំ​១៨៦០ នៃ​គ្រិស្ដ​សករាជ ត្រូវ​នឹង​មហាសករាជ​១៧៨២ ចុល្លសករាជ​១២២២ (ក្នុង​ខែកត្ដិក ថ្ងៃ​៥​កើត ចុង​ខែ​វិច្ឆិកា) ។
  44. ការ​ចូល​ទិវង្គត​របស់​ព្រះរាជា​បាន​ធ្វើ​ឱ្យ​ចលនា​របស់​ខ្មែរ​នៅ​ចូវដុក​ ត្រូវ​បញ្ចប់ ហើយ​ឧកញ៉ា​កែប​ក៏​នាំ​ទ័ព​វិល​ត្រលប់​ចូល​មក​កម្ពុជា​វិញ ។
ព្រះបាទ​នរោត្ដម (១៨៦០-១៩០៤)
  1. ព្រះបាទ​អង្គឌួង​មាន​រាជបុត្រា​៣​ព្រះ​អង្គ​គឺ​ អ្នក​អង្គ​ម្ចាស់​អង្គវតី​ (ច្រឡឹង) ជា​ព្រះរាជ​បុត្រា​ច្បង​ ពេល​នោះ​មាន​ព្រះ​ជន្ម​២៦​ព្រះ​វស្សា​ហើយ​ អ្នក​អង្គ​ម្ចាស់​អង្គ​ស (អួ) (90) ជា​ព្រះរាជ​បុត្រា​បន្ទាប់ មាន​ព្រះ​ជន្ម​២០​ព្រះវស្សា និង​អ្នក​អង្គ​ម្ចាស់​វត្ថា (ស៊ីវត្ថា​-​អង្គភឹម) ជា​រាជបុត្រា​ទី​៣ មាន​ព្រះ​ជន្ម​១៩​ព្រះ​វស្សា ទាំង​៣​ព្រះ​អង្គ​នេះ​មាន​ព្រះ​មាតា​ផ្សេងៗ​គ្នា ។
  2. ព្រះ​វររាជ​មាតា​របស់​ព្រះបាទ​អង្គឌួង ដែល​ត្រូវជា​ព្រះ​អយ្យកា​ខាង​ព្រះ​បិតា​របស់​អ្នក​អង្គ​ម្ចាស់​ទាំង​៣​អង្គ បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សា​មន្ដ្រី​ធំៗ​ ហើយ​បាន​ជ្រើសតាំង​អ្នក​អង្គ​ម្ចាស់​អង្គវតី​ជា​ព្រះ​រៀម​ និង​ជា​ព្រះ​ឧបរាជ​ផង​ឱ្យ​ឡើង​សោយរាជ្យ​បន្ដ តាម​បណ្ដាំ​របស់​ព្រះបាទ​អង្គឌួង ។
  3. នៅ​ថ្ងៃ​រៀបចំ​ព្រះរាជា​ពិធី​រាជាភិសេក ព្រះរាជា​ថ្មី​បាន​ប្រកាន់​យក​ព្រះ​នាម​ថា «នរោត្ដម» ដែល​ស្ដេច​សៀម​បាន​ដាក់​ថ្វាយ​នៅ​ពេល​ព្រះ​អង្គ​បាន​ឡើង​ជា​ព្រះ​ឧបរាជ​នៅ​ ក្នុង​ឆ្នាំ​១៨៥៦ ។ នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ពី​ការ​ជ្រើសតាំង​ព្រះរាជា​ថ្មី​នេះ​ភ្លាម ស្ដេច​សៀម​បាន​បញ្ជូន​នូវ​ការ​យល់​ព្រម​របស់​ព្រះ​អង្គ​មក​ភ្លាម ហើយ​បាន​សន្យា​មិន​ច្បាស់​លាស់​ថា​ ទ្រង់​នឹង​យាង​មក​ចូលរួម​ជា​អធិបតី​ដោយ​ផ្ទាល់​ព្រះ​អង្គ​ឯង ។​ ក៏​ប៉ុន្ដែ​ព្រម​ជាមួយ​គ្នា​នោះ ស្ដេច​សៀម​ដែល​ដឹង​ច្បាស់​អំពី​ការ​ច្រណែន​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា​ ចំពោះ​ព្រះ​រៀម​ បាន​អនុញ្ញាត​ឱ្យ​ព្រះ​អង្គ​យាង​ត្រលប់​ចូល​មក​កម្ពុជា​វិញ​ផង​ដែរ ។
  4. នៅ​ពេល​ឡើង​គង់​លើ​រាជបល្ល័ង្ក​ភ្លាម ព្រះបាទ​នរោត្ដម​បាន​បញ្ជា​ឱ្យ​គេ​សង់​ព្រះរាជវាំង​សម្រាប់​ព្រះ​អង្គ​នៅ​ ឧត្ដុង្គ នៅ​ពី​ខាងលិច​ស្រះស្រង់ រួម​ទាំង​ដំណាក់​សម្រាប់​មហេសី និង​ស្រីស្នំ​ក្រមការ សាល​របាំ​សម្រាប់​ការ​សម្ដែង​ល្ខោន​ និង​ព្រះរាជ​បណ្ណាល័យ​មួយ​ផង​ដែល​មាន​ជញ្ជាំង​ធ្វើ​ពី​បាយអ​ដំបូល​ប្រក់​ ស្បូវ ។​ ព្រះ​អង្គ​បាន​យាង​ចូល​គង់នៅ​ក្នុង​ព្រះរាជវាំង​ថ្មី​នេះ​នៅ​ក្នុង​ខែសីហា ឆ្នាំ​១៨៦០ ។
  5. ព្រះរាជា​ទ្រង់​ស្រលាញ់​អ្នក​អង្គ​ម្ចាស់​វត្ថា​ណាស់ ចាត់​ទុក​ដូចជា​ព្រះ​អនុជ​រួម​ព្រះ​មាតា ។ ព្រះ​អង្គ​បាន​ប្រទាន​ប្រាក់​១០០​ណែន (៨​ពាន់​ហ្វ្រង់) ចិញ្ចៀន​មាស និង​គ្រឿង​អលង្ការ​ផ្សេងៗ​ថែម​ទៀត រួច​បាន​សន្យា​ថា នឹង​រៀប​អាពាហ៍​ពិពាហ៍​ព្រះ​អង្គ​ជាមួយ​ព្រះ​ក្សត្រី​សិរីវង្ស ដែល​ត្រូវជា​ព្រះ​អនុជ​រួម​ព្រះ​បិតា​ទាំងអស់​គ្នា​ទៀត​ផង ។ ក៏​ប៉ុន្ដែ អ្នក​អង្គ​ម្ចាស់​វត្ថា ដែល​រំពឹង​គិត​ថា​ក្រុមប្រឹក្សា​មហាមន្ដ្រី​ចូល​ចិត្ដ​ព្រះ​អង្គ​ច្រើន​ជាង​ ព្រះ​រៀម​ទាំង​២ បែរជា​ចាប់ផ្ដើម​ប្រើ​កលឧបាយ​ប្រឆាំង​នឹង​ព្រះរាជា ប្រឆាំង​នឹង​រដ្ឋមន្ដ្រី​របស់​ព្រះ​អង្គ ប្រឆាំង​នឹង​ចៅហ្វ៊ា​មាស ជា​មន្ដ្រី​មាន​វ័យ​ចំណាស់​ជាងគេ​ហើយ​ក៏​ជា​មេ​គេ​ដែរ ដែល​អ្វីៗ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ដ​របស់​គាត់ ។ អ្នក​អង្គម្ចាស់​វត្ថា​មាន​បំណង​ចង់​ធ្វើឃាត​ចៅហ្វ៊ា​មាស​នេះ​ចោល​ដើម្បី​ជា ​ការ​ដាក់ទោស​ ព្រោះ​គឺ​គាត់​នេះ​ហើយ​ដែល​បាន​ជ្រើសរើស​ព្រះ​រៀម​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក ហើយ​បាន​ប្រើ​ឥទ្ធិពល​ការពារ​ព្រះ​រៀម​ទៀត ។ ចៅហ្វ៊ា​មាស​បាន​យាង​អ្នក​អង្គ​ម្ចាស់​វត្ថា​ឱ្យ​ទៅ​ផ្ទះ​គាត់ ដើម្បី​អប់រំ​ណែនាំ​ព្រះ​អង្គ ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​ការ​ភ័យ​ខ្លាច រួច​នៅ​ស្ងៀម​បាន​១​ឆ្នាំ​ដែរ ។ ប៉ុន្ដែ​បន្ទាប់​មក ទ្រង់​ក៏​ចាប់​ផ្ដើម​ប្រើ​កលឧបាយ​ឡើង​វិញ ។
  6. អ្នក​អង្គ​ម្ចាស់​វត្ថា​ពេល​នោះ​ជា​យុវជន​សង្ហា​ម្នាក់ ប៉ិន​ប្រសប់​ក្នុង​ការ​និយាយ​ស្ដី​ទៅ​កាន់​មនុស្សម្នា ហើយ​ត្រូវ​បាន​នារីៗ និង​ប្រជារាស្ដ្រ​ស្រលាញ់​ចូល​ចិត្ដ​ច្រើន ។ ទ្រង់​មាន​ប្រាជ្ញា​ឈ្លាសវៃ មាន​ការ​ចេះ​ដឹង​ខ្ពស់ និយាយ​ខ្មែរ​បាន​ល្អ​ជាង​ព្រះបាទ​នរោត្ដម ដែល​ចូល​ចិត្ដ​ប្រើ​តែ​ភាសា​សៀម ក៏​ប៉ុន្ដែ​ទ្រង់​មាន​ការ​ច្រណែន​ច្រើន ។ ទ្រង់​ប៉ិន​ប្រសប់​ក្នុង​ការ​ថ្លែង​សុន្ទរកថា​បាន​ល្អ​ណាស់ ពូកែ​និយាយ​ថែម​ថយ​បញ្ឆិត​បញ្ឆៀង​លើ​ព្រឹត្ដិការណ៍​ប្រចាំ​ថ្ងៃ ឌឺដង​ឱ្យ​ព្រះរាជា​ជា​ព្រះ​រៀម លើក​អំពី​ទម្លាប់​ធូររលុង​របស់​ព្រះ​អង្គ អំពី​សេចក្ដី​ស្នេហា​របស់​ព្រះ​អង្គ​ជាមួយ​បងប្អូន​ស្រីៗ និង​ជាមួយ​ជាយា​របស់​ព្រះ​បិតា ជាដើម ។ ទ្រង់​មាន​មហិច្ឆតា​ខ្ពស់ ហើយ​មិន​ចេះ​គិត​ខ្លាច​រអែង​អ្វី​ឡើយ អាច​នឹង​បំផ្លិច​បំផ្លាញ​ព្រះរាជា​ណាចក្រ​បាន ដោយ​ហេតុតែ​ចង់​ដណ្ដើម​យក​អំណាច​នេះ ។
  7. ក្នុង​ចំណោម​បក្សពួក​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា​មាន​ញាតិ​ខាង​ព្រះ​ មាតា​ម្នាក់ គឺ​ស្នង​សូរ ដែល​បាន​ដើរ​បំផុស​បំផុល​ប្រជារាស្ដ្រ​នៅ​ដី​បាភ្នំ ស្វះស្វែង​ជ្រើស​រើស​គ្នីគ្នា ។ ព្រះរាជា​បាន​ចេញ​បញ្ជា​ឱ្យ​ស្នង​សូរ​ចូល​ខ្លួន​មក​ឧត្ដុង្គ ដើម្បី​ប្រគល់​ឱ្យ​ចៅហ្វ៊ា​មាស​កាត់​ទោស ។ ស្នង​សូរ​មិន​ព្រម​ចូល​ខ្លួន​តាម​ព្រះរាជ​បញ្ជា​ទេ ហើយ​បាន​រត់​ទៅ​ជ្រក​កោន​នៅ​ក្នុង​ដំណាក់​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា ដែល​ឈប់​ចូល​គាល់​ព្រះរាជា​ដែរ ។ ម្យ៉ាង​ទៀត មាន​លេចឮ​ពាក្យ​ចចាម​អារ៉ាម​និយាយ​ថា ស្ដេច​សៀម​បាន​បញ្ជូន​អ្នក​អង្គ​ម្ចាស់​វត្ថា​មក​កម្ពុជា ដើម្បី​ត្រួតពិនិត្យ​តាមដាន​មើល​រាជវង្ស និង​មន្ដ្រីរាជការ​ទាំងអស់ តើ​មាន​អ្នក​ណា​មិន​ស្មោះត្រង់​នឹង​ពួក​សៀម​ដែរ​ឬ​ទេ ?
  8. បន្ដិច​ក្រោយ​មក​ដោយ​អ្នក​អង្គ​ម្ចាស់​វត្ថា​ និង​ព្រះ​ជាយា​មិន​បាន​ទៅ​ចូលរួម​ព្រះរាជ​ពិធី​មួយ​ដែល​គេ​រៀប​ចំ​ថ្វាយ​សព​ ព្រះបាទ​អង្គឌួង ព្រះបាទ​នរោត្ដម​បាន​បញ្ជា​ឱ្យ​ព្រះ​អនុជ​នេះ​យាង​ចេញ​ពី​ព្រះរាជា​ណាចក្រ ធ្វើ​ដំណើរ​ជាមួយ​មិត្ដភក្ដិ​ទាំងអស់​ទៅ​បាងកក ជាមួយ​ទូត​ដែល​ស្ដេច​សៀម​ឱ្យ​នាំ​យក​កោដ្ឋ​មាស​មួយ​មក​ថ្វាយ​ព្រះរាជា ដើម្បី​ដាក់​ធាតុ​ព្រះ​បិតា ។​ អ្នក​អង្គ​ម្ចាស់​វត្ថា​ និង​ព្រះ​ជាយា​បាន​ប្រកែក​មិន​ព្រម​គោរព​តាម​ទេ​ធ្វើ​ឱ្យ​ព្រះរាជា​ខ្ញាល់​ ជា​ខ្លាំង​ អត់ទ្រាំ​មិន​បាន​ក៏​បញ្ជា​ឱ្យ​ពួក​មន្ដ្រី​ចាប់ខ្លួន​ព្រះ​អង្គ ។​ ពួក​មន្ដ្រី​ទាំងនោះ​ទីទើ​មិន​ដឹង​ថា​ត្រូវ​គោរព​តាម​នរណា មួយ​គឺ​ព្រះបាទ​នរោត្ដម​ដែល​ជា​ព្រះរាជា​គង់​លើ​រាជបល្ល័ង្ក មួយ​ទៀត​គឺ​អ្នក​អង្គ​ម្ចាស់​វត្ថា ដែល​ប្រជារាស្ដ្រ​ស្រលាញ់​ចូល​ចិត្ដ ។ ទាល់​តែ​គេ​បង្កើត​កងកម្លាំង​មួយ​ដែល​មាន​សុទ្ធតែ​ពួក​អ្នក​កាន់​សាសនា​ កាតូលិក​ជា​បច្ឆាញាតិ​របស់​ពួក​ព័រទុយហ្គាល់ ទើប​ពួក​នេះ​សម្រេចចិត្ដ​ដាច់​ខាត​ចាប់ខ្លួន​ព្រះ​អង្គ ។ អ្នក​អង្គ​ម្ចាស់​វត្ថា​បាន​តតាំង​តប​វិញ ក៏​ប៉ុន្ដែ​ត្រូវ​គេ​ឡោម​ជុំជិត ទ្រង់​ក៏​លោត​ឡើង​លើ​សេះ​បំបោល​កាត់​ខ្សែត្រៀម ហើយ​រត់គេច​ខ្លួន​ព្រះ​អង្គ​ចេញ​ទៅ​ជាមួយ​នឹង​ស្រី​ក្មេង​ម្នាក់ ដែល​ព្រះ​អង្គ​បាន​ចាប់​ពង្រត់​ចេញពី​ព្រះរាជវាំង ជា​ហេតុ​ធ្វើ​ឱ្យ​គេ​កាត់​ស្មានថា នោះ​ហើយ​ជា​មូលហេតុ​អាថ៌​កំបាំង​នៃ​ទំនាស់​រវាង​បងប្អូន​ទាំង​២​ព្រះអង្គ ។ គេ​បាន​ចាប់​ព្រះ​មាតា​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា​ឃុំ​ទុក​ក្នុង​ ព្រះរាជវាំង ដោយ​ចោទ​ថា ព្រះ​នាង​បាន​ឃុបឃិត​ជាមួយ​ព្រះរាជ​បុត្រា ។
  9. សង្គ្រាម​បាន​ផ្ទុះ​ឡើង​រវាង​បងប្អូន​ទាំង​២​ព្រះ​អង្គ ហើយ​ជា​ថ្មី​ម្ដង​ទៀត ការ​បែកបាក់​គ្នា​ដើម្បី​ដណ្ដើម​អំណាច​រវាង​សមាជិក​២​អង្គ​របស់​ព្រះរាជ​ វង្សានុវង្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កើត​មាន​សា​ជា​ថ្មី ដោយ​គ្មាន​គិត​ថា ព្រះរាជា​ណាចក្រ​កំពុង​តែ​ជួប​ប្រទះ​គ្រោះ​វិនាស​ហិន​ហោច​អ្វី​ទេ ។ មុន​ដំបូង​ទ័ព​របស់​ចៅហ្វាយ​ខែត្រ​បាភ្នំ​ខាង​ព្រះរាជា​ត្រូវ​ទ័ព​របស់​ស្នង ​សូរ​ និង​រាមា​យោធា (91) វាយ​ឱ្យ​បរាជ័យ​តែ​បន្ទាប់​មក​ក៏​ទទួល​ជ័យជម្នះ​តិចតួច​មក​វិញ ដែល​មិន​សូវ​ជា​ធំដុំ​ប៉ុន្មាន​ទេ ធ្វើ​ឱ្យ​ព្រះបាទ​នរោត្ដម​អស់​សង្ឃឹម​ជា​ខ្លាំង ណា​មួយ​ប្រជារាស្ដ្រ​ក៏​ឈរ​មើល​ការ​ធ្វើ​សង្គ្រាម​នេះ​ដោយ​មិន​កាន់ជើង​ខាង​ ណា​ជាង​ខាង​ណា​ដែរ ទ្រង់​ក៏​ចុះទូក​ចេញ​ដំណើរ​តាម​ទន្លេ និង​បឹង​ទន្លេសាប ទៅ​កាន់​ខែត្រ​បាត់ដំបង​បាត់​ទៅ​ដោយ​បាន​នាំ​យក​កេតនភណ្ឌ​ព្រះរាជា​ណាចក្រ​ ទៅ​ជាមួយ​ផង​ (ខែសីហា​ ឆ្នាំ​១៨៦១) ។
  10. ដំណើរ​យាង​ចាក​ចោល​រាជធានី​នេះ​បាន​ធ្វើ​ឱ្យ​សត្រូវ​របស់​ព្រះរាជា​ទទួល​ បាន​ជ័យជម្នះ ។ រាមា​យោធា ដែល​ជា​វីរបុរស​តែ​ម្នាក់​គត់​នៅ​ក្នុង​សង្គ្រាម​បង្ហូរ​តែ​ឈាម​គ្នា​ឯង​នេះ ហើយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ថាមពល និង​ល្បិច​ខ្លះៗ បាន​វាយ​ដណ្ដើម​យក​ឧត្ដុង្គ​បាន ក៏​ប៉ុន្ដែ​បន្ទាប់​មក​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​តទៅ​ទៀត​ដើម្បី​បន្ដ​វាត ​អំណាច​ទៅ​លើ​ព្រះ​នគរ​ទាំងមូល ចាប់​បង្ខំ​ឱ្យ​ចៅហ្វាយ​ខែត្រ​ទាំងអស់​ទទួល​ស្គាល់​គោរព​ខ្លួន​ផង​ទេ ។ គាត់​ជា​អ្នក​ពូកែ​ខាង​ធ្វើ​ចម្បាំង ក៏​ប៉ុន្ដែ​មិន​ដឹង​មិន​យល់​អំពី​ការ​គ្រប់គ្រង​ប្រទេស និង​អំពី​នយោបាយ​បន្ដិច​ទាល់តែ​សោះ ។ ពេល​នោះ​ស្រាប់តែ​ពួក​ចាម និង​ម៉ាឡេ​នៅ​ត្បូងឃ្មុំ​ដែល​ធ្លាប់​បាន​បះបោរ​រួច​មក​ហើយ​កាល​ក្នុង​ រជ្ជកាល​ព្រះបាទ​អង្គឌួង ដល់​ច្បាំង​ចាញ់​បាន​រត់គេច​ទៅ​នៅ​ឯ​ចូវដុក​នោះ បាន​ស្រុះស្រួល​ត្រូវរ៉ូវ​គ្នា​ជាមួយ​ពួក​អ្នក​កាន់​សាសនា​នៅ​លង្វែក និង​កំពង់ហ្លួង ដែល​ទើបតែ​ប្រកែក​មិន​ព្រម​ផ្ដល់​ការ​គាំទ្រ​ដល់​ព្រះរាជា បាន​សំណូមពរ​ឱ្យ​ព្រះ​មហា​ក្សត្រិយានី​ជា​ព្រះ​អយ្យកា ដែល​គង់នៅ​ឧត្ដុង្គ​ជាមួយ​នឹង​រាជវង្សានុវង្ស​មួយ​ចំនួន និង​ស្រីស្នំ​ក្រមការ​ទាំងអស់​ជួយ​គាំទ្រ​ព្រះរាជា ។ គេ​បាន​បង្វិល​ទ្រព្យ​របស់​ដែល​គេ​បាន​រឹបអូស​យក​ឋានៈ​តួនាទី មុខ​តំណែង​ពី​មុន​ទៅ​ឱ្យ​ពួក​នោះ​វិញ រួច​ហើយ​ពួក​គេ​ក៏​ចាប់​ចេញ​ធ្វើ​សកម្មភាព ។ ព្រះ​មហាក្សត្រិយានី​បាន​កោះហៅ​រាមា​យោធា​ឱ្យ​ចូល​គាល់ រួច​បាន​ស្ដីបន្ទោស​ចំពោះ​អំពើ​ក្បត់​របស់​ខ្លួន ហើយ​បាន​បញ្ជា​ឱ្យ​ដកថយ​ចេញពី​ឧត្ដុង្គ​ជា​បន្ទាន់ ។ រាមា​យោធា​ក៏​នាំ​ទ័ព​របស់​ខ្លួន​ចេញ​មក​កាន់​ភ្នំពេញ​វិញ ។
  11. មក​ដល់​ភ្នំពេញ រាមា​យោធា​បាន​ជួប​ជាមួយ​នាវា​ចម្បាំង​តូច​មួយ​ដែល​ទើបតែ​ឡើង​មក​ពី​ កូសាំងស៊ីន ដើម្បី​ផ្ដល់​កិច្ច​ការពារ​ដល់​បេសកកម្ម​កាតូលិក​របស់​បារាំង ហើយ​ដោយ​ភ័យ​ខ្លាំង​ណាស់ គាត់​បាន​សន្យា​សុខចិត្ដ​ជួសជុល​ការ​ខូចខាត​ទាំងអស់ ដែល​បណ្ដាល​មក​អំពី​ការ​ដុត​ពញាឮ​ក្នុង​ពេល​វាយ​គ្នា​កាលពី​ប៉ុន្មាន​ សប្ដាហ៍​មុន ។ រាមា​យោធា​បាន​ប្រគល់​សំណង​ជា​ប្រាក់​៤​ពាន់​ហ្វ្រង់​ជូន​ទៅ អេវ៉ែក​មីស្ហ ភ្លាម ហើយ​បាន​សន្យា​ថា​នឹង​ជូន​១​ម៉ឺន​២​ពាន់​ទៀត​នៅ​ខែ​ក្រោយ ។ តាម​ពិត​ទៅ​នាវា​ចម្បាំង​តូច​នេះ​ត្រូវ​បាន​បញ្ជូន​ឱ្យ​មក​ភ្នំពេញ​ដើម្បី​ គ្រាន់​តែ​ការពារ​ពួក​សាសនទូត​កាតូលិក​ជាតិ​បារាំង​ប៉ុណ្ណោះ ក៏​ប៉ុន្ដែ​ពួក​បះបោរ​មើល​ឃើញ​ថា ជា​អន្ដរាគមន៍​ជួយ​ព្រះបាទ​នរោត្ដម​ទៅ​វិញ ។ ក៏​ប៉ុន្ដែ​នោះ​ហើយ​ជា​អ្វី​ដែល​គេ​ចង់​បាន ណា​មួយ​ពួក​កាតូលិក​ក៏​ទទួល​បញ្ជា​ពី​អេវ៉ែក​របស់​គេ ឱ្យ​ធ្វើ​ការ​ប្រយុទ្ធ​ជួយ​ព្រះរាជា​ផង​ដែរ នៅ​ពេល​ដែល​ព្រះរាជា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​ចាប់ខ្លួន​អ្នក​អង្គ​ម្ចាស់ ​វត្ថា និង​ព្រះ​ជាយា​សិរីវង្ស ។
  12. នៅ​ពេល​នោះ​សង្គ្រាម​បាន​ចាប់ផ្ដើម​ឡើង​នៅ​ភាគ​ខាងត្បូង​តាម​បណ្ដោយ​ ព្រំដែន​ ហើយ​បាន​បន្ដ​ទៅ​យ៉ាង​យូរ ដោយ​គ្មាន​បាន​ផល​អ្វី​ប៉ុន្មាន​ទេ ។ ចៅហ្វាយ​ខែត្រ​ដី​បាភ្នំ​បាន​ចេញ​ធ្វើការ​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន ជួន​ក៏​ត្រូវ​រាមា​យោធា​វាយ​ឱ្យ​បរាជ័យ​ជួន​ក៏​ទទួល​បាន​នូវ​ជ័យជម្នះ​ខ្លះ​ វិញ ។​ ពេល​នោះ​មាន​ទាហាន​បារាំង​៥​នាក់​បាន​ទទួល​ច្បាប់​ឱ្យ​ឈប់​សម្រាក​នៅ​ កូសាំងស៊ីន មុន​ដំបូង​អ្នក​ទាំង​៥​បាន​ចូល​បម្រើ​ពួក​បះបោរ ។ ក៏​ប៉ុន្ដែ​លុះដល់​បាន​ទទួល​ព័ត៌មាន​ច្បាស់​លាស់​ពី​សភាពការណ៍​ពិត​ពី​ អេវ៉ែក​មីស្ហ ក៏​ត្រលប់​មក​ជួយ​ខាង​ឧត្ដុង្គ​វិញ ។ ពេល​នោះ​ប្រជាជន​ខ្មែរ​រីករាយ​ត្រេកអរ​ខ្លាំង​ណាស់ វា​ហាក់​ដូចជា​ថា​គេ​នឹង​អាច​គាស់​រំលើង​អ្វីៗ​ទាំងអស់​បាន នៅ​ពេល​ដែល​មាន​ពួក​ទាហាន​បារាំង​៥​នាក់​នោះ​បញ្ជា ។ ព្រះ​អង្គ​ស ជា​ព្រះ​អនុជ​បន្ទាប់​របស់​ព្រះរាជា​សព្វថ្ងៃ​នេះ ដែល​ពេល​នោះ​ទ្រង់​ជា​ព្រះកែវ​ហ្វ៊ា ហើយ​ក៏​ជា​ព្រះរាជា​នុសិទ្ធិ​ផង​ដែរ​ពេល​អវត្ដមាន​ព្រះរាជា​ដែល​កំពុង​តែ​ គង់នៅ​ឯ​បាងកក បាន​ប្រគល់​នាវា​មួយ​កង​ឱ្យ​ពួក​នោះ​ទៅ​វាយ​ដណ្ដើម​យក​បន្ទាយ​របស់​រាមា​ យោធា​នៅ​មាត់​ក្រសារ ។ នៅ​ពេល​ទទួល​បាន​ដំណឹង​ថា​ពួក​បារាំង​ជា​អ្នកបញ្ជា​ដឹកនាំ​ទ័ព​នាវា​នោះ រាមា​យោធា​មិន​បាន​នៅ​តទល់​ទេ តែ​បាន​នាំ​ទ័ព​រត់​គេច​អស់​ទៅ ។
  13. ពេល​នោះ ព្រះបាទ​នរោត្ដម​បាន​ចាប់​គិត​ឃើញ​ថា ព្រះ​អង្គ​មិន​គួរ​នឹង​យាង​ចេញពី​ព្រះ​នគរ​សោះ ដល់​ឃើញ​ព្រះ​អនុជ​ព្រះកែវ​ហ្វ៊ា​ចាត់ចែង​កិច្ចការ​ព្រះរាជា​ណាចក្រ​ ហើយ​ដឹកនាំ​សង្គ្រាម​ប្រឆាំង​នឹង​អ្នក​អង្គ​ម្ចាស់​វត្ថា​ផង ព្រះ​អង្គ​ពិភាល់​ថា​ព្រះ​អនុជ​មាន​បំណង​ប្រឆាំង​នឹង​ព្រះ​អង្គ ហើយ​ឱ្យ​គេ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​ជំនួស​ព្រះ​អង្គ​វិញ ។ ការ​ដែល​ព្រះរាជា​ទ្រង់​គិត​ដូច្នេះ​ខុស​ស្រឡះ ក៏​ប៉ុន្ដែ​បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី​អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ បាន​ត្រូវ​រង​គ្រោះ​ដោយសារ​ព្រះរាជា​ជា​ព្រះ​រៀម​រហូត ។
  14. ពេល​នោះ​ពួក​មន្ដ្រីៗ​នៅ​ឧត្ដុង្គ​បាន​ជំរុញ​ឱ្យ​អេវ៉ែក​មីស្ហ សរសេរ​លិខិត​មួយ​ទៅ​កុងស៊ុល​បារាំង​ប្រចាំ​រាជធានី​បាងកក​ឱ្យ​ទៅ​ជួប​ស្ដេច​ សៀម សំណូមពរ​សុំ​ព្រះ​អង្គ​ចាត់​ឱ្យ​កប៉ាល់​មួយ​ដឹក​ព្រះបាទ​នរោត្ដម​មក​ចុះ​ចត​ នៅ​កំពត ហើយ​និង​សុំ​ឱ្យ​បញ្ជូន​ទ័ព​មួយ​កង​មក​តាម​បាត់ដំបង សម្រាប់​ជួយ​ការពារ​ព្រះរាជា​នៅ​ឧត្ដុង្គ​ផង ។ ស្ដេច​សៀម​រីករាយ​ណាស់​នឹង​បាន​លូកដៃ​ចូល​មក​ក្នុង​កម្ពុជា​ជា​ថ្មី​ម្ដង​ ទៀត ហើយ​សង្ឃឹម​ថា​នឹង​អាច​ស្ដារ​ឥទ្ធិពល​ចាស់​របស់​សៀម​មក​លើ​កម្ពុជា​ឡើង​វិញ​ បាន ។ ទ្រង់​បាន​ចាត់​ឱ្យ​គេ​ជូន​ដំណើរ​ព្រះបាទ​នរោត្ដម​មក​កំពត ។ ព្រះរាជា​យាង​ចូល​មក​ឧត្ដុង្គ​វិញ​នៅ​ក្នុង​ខែមីនា ឆ្នាំ​១៨៦២ ហើយ​ក៏​ចាប់​ទទួល​អំណាច​ទាំង​អស់ពី​មុន​មក​ភ្លាម​ដែរ ។ ការ​ដែល​អេវ៉ែក​មីស្ហ ធ្វើ​ដូច្នេះ​គឺ​ផ្ទុយ​នឹង​នយោបាយ​របស់​បារាំង ថ្វីបើ​បាន​ធ្វើ​ឱ្យ​ព្រះរាជា​យាង​ត្រលប់​មក​កាន់​ព្រះ​នគរ​វិញ​ក៏​ដោយ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​មាន​អន្ដរាគមន៍​របស់​សៀម​ឡើង​វិញ ដែល​នៅ​ពេល​នោះ បារាំង​មាន​វត្ដមាន​នៅ​កូសាំងស៊ីន​រួច​ទៅ​ហើយ ហើយ​ជិត​ជាង​បាងកក​ផង ។ ម្ល៉ោះ​ហើយ​គេ​បាន​ស្ដីបន្ទោស​អេវ៉ែក​មីស្ហ​បន្ដិច​បន្ដួច ហើយ​ស្ដេច​សៀម​ក៏​មិន​បាន​បញ្ជូន​ទ័ព​មក​ដែរ ។
  15. ក្រោយមក គេ​សម្លាប់​រាមា​យោធា​បាន (92) ហើយ​ស្នង​សូរ​ក៏​ត្រូវ​ចាប់ខ្លួន​ដាក់​ក្នុង​ទ្រុង​ដែរ ប៉ុន្ដែ​បាន​រត់​រួច​ទៅ​វិញ ហើយ​គេចខ្លួន​ទៅ​កូសាំងស៊ីន​បាត់​ទៅ ។ អ្នក​អង្គ​ម្ចាស់​វត្ថា​ក៏​គេច​ព្រះ​អង្គ​បាត់ បក្សពួក​មួយ​ចំនួន​បាន​ត្រូវ​គេ​ដឹក​យក​ទៅ​ដាក់​នៅ​ឯ​កោះ​ត្រឡាច (ពូឡូកុងឌ័រ) ការ​បះបោរ​ក៏​ស្ងាត់​បាត់​ទៅ ។ ក៏​ប៉ុន្ដែ ចាប់​ពី​ទ្រង់​បាន​យាង​ត្រលប់​មក​វិញ​នេះ ព្រះរាជា​កម្ពុជា​ហាក់​ដូចជា​កាន់តែ​ចំណុះ​ស្ដេច​សៀម​ខ្លាំង​ឡើងៗ រហូត​ដល់​មើល​ទៅ​ឃើញ​ថា រ៉េស៊ីដង់​សៀម​ទេ​ដែល​មាន​សិទ្ធិ​អំណាច​មែន​ទែន ។
  16. នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​មាន​ជន​កំបុត​ជើង​ត្រឹម​ភ្លៅ​ម្នាក់​ឈ្មោះ​ថា​ បា​ បាន​បំបះ​បំបោរ​យុវជន​ក្មេងៗ​នៅ​ក្នុង​ខែត្រ​សំរោងទង ឱ្យ​សែង​ខ្លួន​ទៅ​រាជធានី​ឧត្ដុង្គ ហើយ​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះរាជវាំង ។ ក៏​ប៉ុន្ដែ​ទ័ព​របស់ បា ត្រូវ​បរាជ័យ បែកខ្ញែក​គ្នា​អស់ ឯ​បា​បាន​រត់គេច​ខ្លួន​រួច​រហូត​ទៅ​ដល់​ខែត្រ​ពោធិ៍សាត់ ។ គេ​តាម​ចាប់​មេ​បះបោរ​នេះ​បាន រួច​ដឹក​តាម​រទេះ​មក​រាជធានី​វិញ ប៉ុន្ដែ បា បាន​ស្លាប់​តាម​ផ្លូវ​ទៅ​ហើយ ។ គេ​បាន​យក​ខ្មោច​ជន​ក្បត់​នេះ​ដាក់​តាំង​ជា​សាធារណៈ​អស់​ពេល​៣​ថ្ងៃ រួច​យក​មក​ព្យួរ​នៅ​ខាងកើត​ផ្សារ​ដែក ដាក់​ក្បាល​សំយុង​ចុះ​ក្រោម ទ្រូង​ត្រូវ​គេ​វះ​ចំហ​ធ្លុង ។
  17. នៅ​សម័យ​នោះ​គេ​បាន​រៀបចំ​ពិធី​បូជា​ព្រះសព​របស់​ព្រះបាទ​អង្គឌួង ហើយ​រើស​អដ្ឋិធាតុ​ដាក់​ក្នុង​កោដិ​មាស​មួយ​ដែល​ស្ដេច​សៀម​បាន​ផ្ញើ​មក​ឱ្យ​ កាលពី​ឆ្នាំ​មុន ។
  18. កាលពីមុន គឺ​ក្នុង​ខែមីនា ឆ្នាំ​១៨៦១ លោក​ឧត្ដមនាវី ស្ហាកនេ ដែល​ជា​មេបញ្ជាការ​នៅ​សាយហ្គន បាន​បញ្ជូន​នាយ​ទាហាន​ជើងទឹក​ម្នាក់​ឱ្យ​មក​ថ្វាយ​ដំណឹង​ដល់​ព្រះបាទ​ នរោត្ដម​ថា រដ្ឋាភិបាល​បារាំង​បាន​សម្រេច​មក​តាំង​នៅ​កូសាំងស៊ីន​យូរ​អង្វែង ហើយ​មាន​ចេតនា​ចង់​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា ។ នៅ​ក្នុង​ការ​សន្ទនា​ពេល​ចូល​គាល់​ព្រះរាជា នាយ​ទា​ហា​ជើង​ទឹក​នោះ​បាន​ទូល​ព្រះ​អង្គ​ថា​លោក​ឧត្ដមនាវី​ចង់​ឱ្យ​ ព្រះរាជា​ណាចក្រ​កម្ពុជា​មាន​ចំណង​មេត្រីភាព​សេរី​ជាមួយ​បរទេស មិន​ចំណុះ​អ្នក​ណា​មួយ​ទេ ហើយ​នៅ​ពេល​នោះ បារាំង​នឹង​ទៅ​ជា​មិត្ដ​របស់​ប្រជាជន​កម្ពុជា​វិញ ។ ព្រះរាជា​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា កម្ពុជា​មាន​សេរីភាព​ពេញ​លេញ​ជាមួយ​សៀម ហើយ​គ្មាន​បាន​ចុះ​សន្ធិសញ្ញា​អ្វី​ដែល​ចង​កម្ពុជា​ដែរ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ដោយ​ឥត​លាក់​លៀម​ប្រាប់​ទៅ​នាយ​ទាហាន​ ជើងទឹក​នោះ​ដែរ​ថា សៀម​នៅ​មាន​គុណ​លើ​កម្ពុជា​ច្រើន​ក្នុង​ការ​ដែល​គេ​បាន​ជួយ​ដណ្ដើម​យក​យើង​ ចេញ​ពី​ដៃ​ពួក​អាណ្ណាម​មក​វិញ នៅ​ពេល​ដែល​ពួក​អាណ្ណាម​នេះ​បាន​គ្រប់គ្រង​កម្ពុជា​តាម​របៀប​របប​ស្រុក​គេ​ ទៅ​ហើយ ដោយ​ប្រើប្រាស់​មន្ដ្រី​របស់​គេ​ទៀត ។ តាម​ពិត​ទៅ គេ​សង្កេត​ឃើញ​ថា ព្រះបាទ​នរោត្ដម​ហាក់​ដូចជា​ចំណុះ​បញ្ជា​របស់​ស្ដេច​សៀម​កាន់តែ​ខ្លាំង​ឡើងៗ ចាប់​តាំង​តែ​ពី​ពេល​ដែល​ព្រះ​អង្គ​បាន​យាង​ត្រលប់​ចូល​មក​ក្នុង​រាជធានី​ ឧត្ដុង្គ​វិញ អាច​ប្រហែល​ជា​ស្ដេច​សៀម​បាន​ចាត់​មន្ដ្រី​របស់​គេ​ណា​ម្នាក់​ឱ្យ​មក​នៅ​អែប ​នឹង​ព្រះ​អង្គ​ជាប់ ដែល​យើង​មិន​ទាំង​ស្គាល់​ផង​ក៏​មិន​ដឹង ។
  19. ប្រទេស​បារាំង​មិន​អាច​គាំទ្រ​ឱ្យ​ប្រជាជន​មួយ​ដែល​នៅ​ជិត​បង្កើយ​នឹង​ កូសាំងស៊ីន ក្លាយ​ទៅជា​ចំណុះ​អធិរាជ​មួយ​ដែល​នៅ​ឆ្ងាយ​ជាង​ហើយ​ដែល​តែងតែ និង​កំពុង​មាន​បំណង​ចង់​ដណ្ដើម​យក​នគរ​ទៅ​ដាក់​បញ្ចូល​ជា​ទឹកដី​របស់​គេ​បាន ​ទេ ។​ ដោយ​ស្ដេច​សៀម​បញ្ជូន​រ៉េស៊ីដង់​សៀម​ម្នាក់​គឺ​ពញា​រាជ​ជា​សម្ងាត់​ឱ្យ​មក​ នៅ​ឧត្ដុង្គ​អែប​នឹង​ព្រះរាជា លោក​ឧត្ដមនាវី​ក៏​សម្រេច​បញ្ជូន​រ៉េស៊ីដង់​បារាំង​ម្នាក់​មក​ដែរ ដោយ​ចេញ​មុខតែ​ម្ដង ។ នៅ​ក្នុង​ខែមេសា ឆ្នាំ​១៨៦២ លោក​អនុនាវីឯក ឌូដា​ដឺឡាគ្រេ បាន​ចេញ​កប៉ាល់​ពី​យ៉ាឌិញ​មក​ចុះ​នៅ​កំពង់ហ្លួង ជាមួយ​បេសកកម្ម​ត្រូវ​បង្ហាញ​ខ្លួន​នៅ​គ្រប់​ទីកន្លែង ធ្វើ​ដំណើរ​ទៅ​សព្វ​ទិសទី​ក្នុង​ប្រទេស ធ្វើ​ដំណើរ​ឡើង​ចុះ​តាម​ទន្លេ និង​ចូល​គាល់​ព្រះរាជា​ឱ្យ​បាន​ញឹក​ញាប់ ដោយ​មិន​ចាំបាច់​មាន​អន្ដរការី​នៅ​ចន្លោះ​កណ្ដាល​រវាង​ព្រះរាជា​ និង​គាត់​ទេ ។
  20. មិន​យូរ​ប៉ុន្មាន​លោក​អនុនាវីឯក​ក៏​ក្ដាប់​បាន​រឿងរ៉ាវ​ទាំងអស់​ដែល​គេ​ ខិតខំ​លាក់​នឹង​គាត់ ហើយ​ពិនិត្យ​ឃើញ​ថា នៅ​ឧត្ដុង្គ​ស្ដេច​សៀម​មាន​អំណាច​ខ្លាំង​ជាង​ព្រះបាទ​នរោត្ដម​ទៅ​ទៀត ។ គាត់​បាន​រាយការណ៍​អំពី​ស្ថានភាព​នេះ​ទៅ​ទេសាភិបាល​កូសាំងស៊ីន ។ លោក​ឧត្ដមនាវី ឡាហ្គ្រង់​ឌីយែរ ដែល​ជំនួស​លោក​ឧត្ដមនាវី បូណា បាន​សម្រេច​ថា​ត្រូវ​បញ្ចប់​ស្ថានភាព​នេះ ព្រោះ​ថា​បើ​បណ្ដោយ​ទុក​យូរៗ​ទៅ ឥទ្ធិពល​របស់​សៀម​នឹង​កាន់​តែ​រឹង​មាំ​ឡើងៗ ហើយ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចំពោះ​កម្ពុជា ក៏​ដូច​ជា​ចំពោះ​បារាំង ។
  21. នៅ​ក្នុង​ខែកក្កដា ឆ្នាំ​១៨៦៣ លោក​ឧត្ដមនាវី ឡាហ្គ្រង់​ឌីយែរ បាន​មក​ឡើងគោក​នៅ​កំពង់ហ្លួង រួច​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ឧត្ដុង្គ​មួយ​ម៉ោង​ក្រោយ​មក ។ គាត់​បាន​ចូល​គាល់​ព្រះរាជា ទូល​ប្រាប់​ព្រះ​អង្គ​អំពី​ស្ថានភាព​ស្រុក​ទេស ហើយ​ក្រោយ​ពី​បាន​ស្ដាប់​ការ​ប្រកាស​របស់​ព្រះរាជា​ថា​ព្រះ​អង្គ​នៅ​ឯករាជ្យ ​ពី​ប្រទេស​សៀម គាត់​បាន​ស្នើ​ព្រះ​អង្គ​ឱ្យ​ដាក់​កម្ពុជា​នៅ​ក្នុង​អាណាព្យាបាល​បារាំង​ដែល ​នៅ​ជិត​ខាង​ជាង ហើយ​ដែល​នឹង​ការពារ​កម្ពុជា​ឱ្យ​រួច​ផុត​ពី​សត្រូវ​គឺ​អាណ្ណាម និង​សៀម ធានា​ឱ្យ​ព្រះរាជា​ណាចក្រ​ស្ថិតស្ថេរ​តទៅ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។ ព្រះរាជា​បាន​យល់​ព្រម​ទទួល​យក​អាណាព្យាបាល​របស់​បារាំង ក៏​ប៉ុន្ដែ​ទ្រង់​នៅ​មាន​ការ​ញញើត​ញញើម​ខ្លះ ដោយ​ទ្រង់​បារម្ភ​ខ្លាច​ដល់​ពេល​មួយ​បារាំង​បោះបង់​កូសាំងស៊ីន​ចោល ហើយ​ទុក​ឱ្យ​កម្ពុជា​នៅ​ទទួល​រង​កំហឹង​របស់​អាណ្ណាម និង​សៀម​សា​ជា​ថ្មី​ទៀត ។ អ្វី​ដែល​បណ្ដា​រដ្ឋ​នៅ​ឥណ្ឌូចិន​បាន​ដឹង គឺ​បារាំង​មិន​ដែល​រក្សា​ទឹកដី​ដែល​ខ្លួន​ដណ្ដើម​យក​បាន​ទេ ហើយ​រឿង​នេះ រ៉េស៊ីដង់​សៀម​បាន​លើក​យក​មក​ទូល​ប្រាប់​ព្រះរាជា​ម្ដង​ហើយ​ម្ដង​ទៀត ក្រោម​គ្រប់​រូបភាព ។
  22. មក​ដល់​ពេល​នោះ ដើម្បី​ធ្វើ​សៀម​សប្បាយ​ចិត្ដ ឈប់​គិត​ពី​កម្ពុជា ហើយ​ផ្ដល់​សេរីភាព​ឱ្យ​ព្រះ​អង្គ​ធ្វើ​ការ​ចរចា​ជាមួយ​បារាំង ព្រះបាទ​នរោត្ដម​បាន​សម្រេច​ប្រគល់​ខែត្រ​ពោធិ៍សាត់ និង​កំពង់ស្វាយ​ទៅ​ឱ្យ​សៀម នៅ​ក្នុង​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​១៨៦៣ ។ សៀម​បាន​យល់ព្រម​ទទួល​យក​ខែត្រ​ទាំង​២ តែ​បាន​ប្រកាស​ថា​ទុក​ឱ្យ​កម្ពុជា​ប្រើប្រាស់​ជា​ប្រយោជន៍​តទៅ​ទៀត​សិន ។ តាម​ពិត​ស្ដេច​សៀម​ចង់​បាន​ខែត្រ​ទាំង​២​ណាស់​ទៅ​ហើយ ក៏​ប៉ុន្ដែ​មិន​ហ៊ាន​ទទួល​យក​ដោយ​ខ្លាច​អន្ដរាគមន៍​របស់​បារាំង ណា​មួយ​ធ្វើ​យ៉ាងនេះ​ដើម្បី​អាច​រក្សា​ឥទ្ធិពល​របស់​ខ្លួន​លើ​រាជវាំង​ ឧត្ដុង្គ​តទៅ​ទៀត​ផង ។
  23. ពេល​នោះ​ព្រះបាទ​នរោត្ដម ដែល​មាន​ការ​ច្រណែន​នឹង​ព្រះ​អនុជ​អ្នក​អង្គ​ម្ចាស់​ស​ដែល​បាន​ចាត់ចែង​ កិច្ចការ​ព្រះ​នគរ​បាន​យ៉ាង​ល្អ​នៅ​ពេល​អវត្ដមាន​របស់​ព្រះ​អង្គ ហើយ​បារម្ភ​ខ្លាច​ព្រះ​អនុជ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​ បាន​ស្នើ​សុំ​ឱ្យ​ស្ដេច​សៀម​កោះហៅ​ព្រះ​អនុជ​យក​ទៅ​បាងកក ។​ ស្ដេច​សៀម​បាន​ចាត់​ឱ្យ​មន្ដ្រី​សៀម​ម្នាក់​មក​រាជធានី​ឧត្ដុង្គ​នៅ​ក្នុង​ ខែវិច្ឆិកា​ ឆ្នាំ​១៨៦៣​ ដើម្បី​នាំ​អ្នក​អង្គ​ម្ចាស់​ស​ទៅ​បើ​ទោះជា​ព្រះ​អង្គ​ប្រកែក​មិន​ចង់​យាង​ ទៅ​ក៏​ដោយ ។ ស្ដេច​សៀម​គិត​ថា​ខ្លួន​អាច​ប្រើ​ប្រាស់​អ្នក​អង្គ​ម្ចាស់​ស​នេះ​ដើម្បី​ ធ្វើ​ជា​ឧបករណ៍​សម្រាប់​កកូរ​កកាយ​កម្ពុជា​បាន​នៅ​ពេល​ក្រោយៗ​ទៀត ។
  24. ស្ដេច​សៀម​មិន​សូវ​ជា​សប្បាយចិត្ដ​ប៉ុន្មាន​ទេ ព្រោះ​ព្រះ​អង្គ​ចង់​ឱ្យ​បារាំង​ចរចា​ជាមួយ​នឹង​ព្រះ​អង្គ​ផ្ទាល់​អំពី​ រឿងរ៉ាវ​ដែល​ទាក់ទិន​ជាមួយ​កម្ពុជា និង​ព្រះរាជា​ឧត្ដុង្គ ដែល​ព្រះ​អង្គ​បាន​ចាត់​ទុក​ថា​គ្រាន់​តែ​ជា​ព្រះរាជា​រង​បន្ទាប់​ពី​ព្រះ​ អង្គ​ប៉ុណ្ណោះ ។ នៅ​ពេល​ដែល​បាន​ជ្រាប​ពី​ហេតុការណ៍​នេះ ព្រះបាទ​នរោត្ដម​បាន​ប្រកែក​ដោយ​ព្រះ​ទ័យ​ក្រេវក្រោធ ហើយ​មិន​ចង់​ឱ្យ​មាន​ដូច្នេះ​តទៅ​ទៀត​ទេ ទើប​ព្រះ​អង្គ​ទាមទារ​ឱ្យ​សៀម​បញ្ជូន​កេតនភណ្ឌ​របស់​ព្រះរាជា​កម្ពុជា​មក​ ឱ្យ​វិញ ក្នុង​នោះ​មាន​ទាំង​ព្រះខ័នរាជ្យ​ផង ដែល​ព្រះ​អង្គ​បាន​នាំ​យក​ទៅ​កាលពី​ខែសីហា ឆ្នាំ​១៨៦១ ហើយ​ទុក​ចោល​នៅ​ក្នុង​រាជវាំង​បាងកក មិន​បាន​យក​មក​វិញ​ទេ ។ ស្ដេច​សៀម​បាន​ឆ្លើយ​តប​មក​ថា ទ្រង់​នឹង​យាង​មក​ផ្ទាល់​ព្រះ​អង្គ​ដើម្បី​រៀបចំ​អភិសេក​ព្រះរាជា​កម្ពុជា ។ និយាយ​យ៉ាង​នេះ ជា​ការ​បញ្ជាក់​ឱ្យ​ឃើញ​សា​ជា​ថ្មី​នូវ​សិទ្ធិ​អធិរាជ​ភាព​របស់​សៀម​មក​លើ​ កម្ពុជា និង​ថា​ស្ដេច​សៀម​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំងអស់​មក​លើ​ព្រះរាជា​នៅ​ ឧត្ដុង្គ ។ លោក​ឧត្ដមនាវី​បាន​ប្រកែក​មិន​យល់​ស្រប​តាម ហើយ​ស្ដេច​សៀម​ក៏​រក្សា​កេតនភណ្ឌ​ទាំង​អស់​ទុក​ទៅ (ខែវិច្ឆិកា ឆ្នាំ​១៨៦៣) តែ​ក៏​មិន​បាន​បដិសេធ​ថា មិន​ឱ្យ​មក​វិញ​នោះ​ទេ ធ្វើ​ឱ្យ​ព្រះរាជា​ចេះ​តែ​រង់ចាំ​ដូច្នេះ​រហូត​ទៅ ។ ស្ដេច​សៀម​បាន​គិត​ថា មើល​ទៅ​ប្រហែល​ជា​រដ្ឋាភិបាល​ទី​ក្រុងប៉ារីស​នឹង​មិន​ឱ្យ​សច្ចាប័ន​លើ​ សន្ធិសញ្ញា​ដែល​បារាំង​បាន​ចុះហត្ថលេខា​ជាមួយ​ស្ដេច​នរោត្ដម​ទេ សម​នឹង​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​សំបុត្រ​ទៅ​ស្រុក​បារាំង​ផង ការ​ឱ្យ​សច្ចាប័ន​នេះ​ហាក់​ដូចជា​ត្រូវ​នឹង​គំនិត​គិត​ឃើញ​របស់​ខ្លួន ។
  25. រហូត​មក​ដល់​ខែមករា ឆ្នាំ​១៨៦៤ សៀម​នៅ​តែ​មិន​ទាន់​បញ្ជូន​កេតនភណ្ឌ​របស់​ព្រះរាជា​កម្ពុជា​មក​ឱ្យ​វិញ​ទេ ព្រះបាទ​នរោត្ដម​ក៏​សម្រេច​ឱ្យ​ធ្វើ​ការ​ប្រកាស​ព្រះ​អង្គជា​ព្រះរាជា ដោយ​ឱ្យ​រៀបចំ​ស្វេតច្ឆត្រ​៧​ជាន់ ដាក់​នៅ​ពីលើ​ព្រះរាជ​បល្ល័ង្ក ។ ដោយ​គ្មាន​ព្រះខ័នរាជ្យ ការ​ប្រកាស​នេះ​ហាក់បី​ដូចជា​មិន​គ្រប់គ្រាន់​ទេ ក៏​ប៉ុន្ដែ​មាន​ប្រសិទ្ធភាព​សម​ល្មម​ដែរ ដោយ​ប្រជារាស្ដ្រ​ទាំងអស់​បាន​ស្វាគមន៍​អបអរ ។
  26. នៅ​ពេល​នោះ​រាជវាំង​បាងកក​ក៏​មិន​ដឹង​ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដែរ ស្រាប់តែ​បាន​ទទួល​ដំណឹង​នៅ​ក្នុង​ខែមីនា​ថា រដ្ឋាភិបាល​បារាំង​បាន​ឱ្យ​សច្ចាប័ន​លើ​សន្ធិ​សញា្ញ​ដែល​បាន​ចុះ​កាលពី​ ខែកក្កដា ឆ្នាំ​១៨៦៣​ហើយ ។ ដោយ​មិន​អាច​ត្រលប់​ក្រោយ​បាន បាងកក​ក៏​ស្នើ​ទៅ​ឧត្ដមនាវី​បារាំង​នៅ​កូសាំងស៊ីន​ថា​ឱ្យ​រៀបចំ​ព្រះរាជ​ ពិធី​អភិសេក​ព្រះរាជា​កម្ពុជា​ក្រោម​អធិបតីភាព​របស់​តំណាង​ពី​រដ្ឋាភិបាល​ បារាំង​ និង​សៀម​រួម​គ្នា ។​ លោក​ឧត្ដមនាវី​ឡាហ្គ្រង់​ឌីយែរ​បា​ន​យល់ព្រម​តាម​សំណើ​នេះ​ដែល​ធ្វើ​ឱ្យ​គេ​ នឹក​ដល់​ការ​អភិសេក​ព្រះបាទ​អង្គឌួង​ដោយ​តំណាង​របស់​សៀម និង​អាណ្ណាម​ដែរ ពេល​នេះ​បារាំង​បាន​មក​ជំនួស​អាណ្ណាម ម្ល៉ោះ​ហើយ​ត្រូវ​បន្ដ​សិទ្ធិ​គ្រប់គ្រង​លើ​កម្ពុជា​ជំនួស​អាណ្ណាម​វិញ ។​ ដោយ​ហេតុ​នេះ​ព្រះបាទ​នរោត្ដម​ត្រូវ​បាន​គេ​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ ថ្វាយ​យ៉ាង​ឱឡារិក​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​១៨៦៤ ដោយ​មាន​កេតនភណ្ឌ​គ្រប់គ្រាន់​ដែល​បញ្ជូន​មក​ពី​បាងកក ។
  27. នៅ​ពេល​នោះ​មាន​ជន​ម្នាក់​ឈ្មោះ អា​ស្វា បាន​ប្រកាស​ខ្លួន​ថា ជា​អ្នក​អង្គ​ម្ចាស់​ភឹម ដែល​ត្រូវជា​បុត្រា​របស់​អតីត​ព្រះ​ឧបរាជ​អង្គ​ឯម បាន​ចាប់​បះបោរ​ឡើង អង្គភឹម​នេះ​បាន​សុគត​ទៅ​ហើយ​នៅ​បាងកក​កាលពី​ឆ្នាំ​១៨៥៥ ក្នុង​ព្រះ​ជន្ម​៣១​ព្រះ​វស្សា​ដោយសារ​រោគ​ឆ្កួត ។ តាម​ពិត​អា​ស្វា​នោះ​ជា​ខ្ញុំ​ម្នាក់​ដែល​ធ្លាប់​បាន​ប្រកាស​ខ្លួន​ថា​ជា​ អ្នក​មាន​បុណ្យ ហើយ​ត្រូវ​បាន​គេ​ចាប់ខ្លួន​បញ្ជូន​យក​មក​ថ្វាយ​ព្រះបាទ​អង្គឌួង​ម្ដង​រួច​ មក​ហើយ​នៅ​ក្នុង​ឆ្នាំ​១៨៥៩ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​បាន​លស់លា​ត្រា​ប្រណី​ទោស​បញ្ជូន​ទៅ​ឱ្យ​ម្ចាស់​វិញ​ ទៅ ។​ ចាប់ពី​ពេល​នោះ​មក​ជន​នេះ​បាន​ដើរ​គ្មាន​ទិស​ដៅ​ទៅ​សព្វ​ទីកន្លែង ដោយ​ប្រកាន់​ថា​ខ្លួន​ជា​អ្នកមាន​បុណ្យ ។ ឥឡូវនេះ​ជន​នោះ​ប្រកាស​ខ្លួន​ថា ជា​អ្នក​អង្គ​ម្ចាស់​មួយ​អង្គ ដែល​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ទ្រង់​បាន​សុគត​ទៅ​ហើយ ។ ជន​នោះ​បាន​សរសេរ​លិខិត​១​ច្បាប់​ទៅ​ឱ្យ​លោក​ឧត្ដមនាវី (93) ទាមទារ​នូវ​សិទ្ធិ​ទាំងឡាយ​ដែល​ខ្លួន​ត្រូវ​ទទួល​បាន ។ លោក​ឧត្ដមនាវី​មិន​បាន​ឆ្លើយ​តប​ទៅ​វិញ​ទេ ជន​នោះ​ក៏​ចាប់​ផ្ដើម​ប្រមែ​ប្រមូល​បក្សពួក​នៅ​ក្នុង​ខែត្រ​ទ្រាំង​ បាទី​ ពាម​ និង​ព្រៃកប្បាស​ អ្នកខ្លះ​ចូលរួម​ដោយ​ជឿ​តាម​ការ​ឃោសនា ខ្លះ​ទៀត​មាន​បំណង​ចង់​ធ្វើ​ចោរកម្ម ធ្វើ​ឱ្យ​ច្របូក​ច្របល់​ពេញ​ប្រទេស ។ មនុស្ស​មួយ​ចំនួន​ដែល​អា​ស្វា ទទួល​យក​មក​បញ្ចូល​ក្នុង​ជួរ​កង​កម្លាំង​របស់​ខ្លួន គឺជា​អតីត​ទាហាន​របស់​រាមា​យោធា និង​ស្នង​សូរ ។ ពួក​បះបោរ​បាន​សម្លាប់​ឧកញ៉ា​ចក្រី​កែប​ចៅហ្វាយ​ខែត្រ​ទ្រាំង​នៅ​ក្នុង​ការ​ ប្រយុទ្ធ​មួយ​ រួច​ហើយ​បាន​ដុត​បំផ្លាញ​ខែត្រ​កំពត​ខ្ទេចខ្ទី ។ បន្ទាប់​មក ដោយ​កង​កម្លាំង​របស់​ខ្លួន​កើន​កាន់តែ​ច្រើន​ឡើង អា​ស្វា​ក៏​ធ្វើ​ដំណើរ​មក​កាន់​ភ្នំពេញ ក៏​ប៉ុន្ដែ​បាន​ត្រូវ​ទ័ព​ព្រះរាជា​កាត់​វាយ​តាម​ផ្លូវ ធ្វើ​ឱ្យ​បរាជ័យ រួច​ដកថយ​ទៅ​កាន់​កូសាំងស៊ីន​វិញ​ទៅ ។ អា​ស្វា​បាន​ទទួល​ការ​ការពារ​ពី​ពួក​អាណ្ណាម​នៅ​ក្នុង​ខែត្រ​វិញឡុង ចូវដុក និង​ហាទៀង និង​ពី​ស្ដេចត្រាញ់​របស់​ខែត្រ​ទាំង​នោះ​ផង​ដែរ ព្រោះ​អាណ្ណាម​គិត​ថា​សង្គ្រាម​ស៊ីវិល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចេះ​តែ​រេចរឹល​ ទៅៗ ។ ប៉ុន្ដែ​នៅ​ទីបំផុត​ពួក​អាណ្ណាម​ក៏​ចាប់​អា​ស្វា​ប្រគល់​ឱ្យ​លោក ដឺឡាគ្រេ នៅ​ចូវដុក នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​១៨៦៦ ។
  28. នៅ​ពេល​ដែល​ព្រឹត្ដិការណ៍​នេះ​បញ្ចប់​ទៅ​នៅ​ភាគ​និរតី​ព្រះរាជាណាចក្រ មាន​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​បាន​កើត​ឡើង​នៅ​ឧត្ដុង្គ ។ ថ្ងៃមួយ​ព្រះរាជា​បាន​ទទួល​ភ្នាក់ងារ​ម្នាក់​មក​ពី​បាងកក សុំ​យាង​ព្រះ​អង្គ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កំពត ដើម្បី​ទៅ​ទទួល​ស្ដេច​សៀម​ដែល​រង់ចាំ​ជួប​ជាមួយ​ព្រះ​អង្គ ។ ព្រះរាជា​បាន​ប្រាប់​លោក​ឌូដា​ដឺឡាគ្រេ អំពី​ការ​អញ្ជើញ​នេះ ហើយ​បាន​មាន​ព្រះ​បន្ទូល​ថា​នេះ​គឺជា​កិត្ដិយស​មួយ​ចំពោះ​ព្រះ​អង្គ​ហើយ​ ទ្រង់​នឹង​យាង​ទៅ​តាម​ការ​អញ្ជើញ ។ លោក ឌូដា​ដឺឡាគ្រេ មិន​ចង់​ឱ្យ​ព្រះរាជា​យាង​ទៅ​ទេ ហើយ​បាន​ទូល​តប​ទៅ​វិញ​ថា​ ស្ដេច​សៀម​មិន​បាន​យាង​មក​ទេ ។​ ព្រះរាជា​មិន​ព្រម​ស្ដាប់​ឡើយ​ហើយ​បាន​យាង​ទៅ​កំពត​ដោយ​មាន​លោក​ឌូដា​ ដឺឡាគ្រេ​ជូន​ដំណើរ​ទៅ​ផង ។ ទៅ​ដល់​កំពត ព្រះ​អង្គ​ទទួល​បាន​សារលិខិត​របស់​ស្ដេច​សៀម​មួយ​ច្បាប់​ទូល​ព្រះ​អង្គ​ថា ស្ដេច​សៀម​មិន​បាន​យាង​មក​តាម​ការ​ណាត់​ទេ ហើយ​សូម​ឱ្យ​ព្រះ​អង្គ​យាង​ត្រលប់​ទៅ​រាជធានី​វិញ​ចុះ ។ ព្រះបាទ​នរោត្ដម​ទ្រង់​ខ្ញាល់​ជា​ខ្លាំង ក៏​យាង​ត្រលប់​ទៅ​ឧត្ដុង្គ​វិញ​ទាំង​ខ្មាស់​អៀន ដែល​ត្រូវ​រំខាន​អត់​ប្រយោជន៍​ដូច្នេះ ។
  29. នៅ​សម័យ​នោះ គឺ​នៅ​ចុងឆ្នាំ​១៨៦៥ មាន​ខ្មែរ​ម្នាក់​ទៀត​បាន​ប្រកាស​ខ្លួន​ថា​ជា​ ពោធិ​កំបោរ (94) ត្រូវជា​បុត្រា​របស់​ព្រះ​អង្គ​ចន្ទ បង្ហាញ​ខ្លួន​នៅ​ក្រចេះ រួច​នៅ​តាម​បណ្ដា​ខែត្រ​ខាងកើត ចុះ​រហូត​ទៅ​ដល់​ទឹកដី​កូសាំងស៊ីន នៅ​ត្រាវិញ​(បាសាក់) ។ ប្រជាជន​ជាច្រើន​នាក់​បាន​ជឿ​តាម​សម្ដី​របស់​ជន​នេះ ហើយ​នាំ​គ្នា​ដើរ​តាម​ជា​ហូរហែ ។
  30. លោក​ឧត្ដមនាវី​ជា​ចៅហ្វាយ​ក្រុង​សាយហ្គន​បាន​កោះហៅ​ឈ្មោះ​នេះ​ឱ្យ​ទៅ​ជួប ហើយ​បាន​ឃាត់ខ្លួន​ទុក ។ តាម​ពិត​ជន​នោះ​មាន​ឈ្មោះ​ថា ពោធិ អ្នកខ្លះ​និយាយ​ថា​កើត​នៅ​ត្បូង​ព្រះ​ឃ្លាំង​ក្នុង​ខែត្រ​កំពង់ស្វាយ តែ​អ្នកខ្លះ​ថា​ជន​នេះ​មាន​កំណើត​ជា​ជនជាតិ​ភាគតិច​រដែ ។​ ទោះជា​យ៉ាងណា​ក្ដី​ជន​នេះ​បាន​ធ្វើ​ដំណើរ​ចេញពី​ភូមិ​ពួក​រដែ​មក​មុន​នឹង​មក ​ដល់​ក្រចេះ ។​ ជន​នោះ​មាន​ប្រពន្ធ​៤​នាក់​ នារី​ព្នង​ម្នាក់​ នារី​អាណ្ណាម​ម្នាក់​ និង​នារី​ខ្មែរ​២​នាក់ ។​ មក​ដល់​ក្រចេះ គាត់​បាន​យក​ប្រពន្ធ​ខ្មែរ​ម្នាក់​ទៀត ។ ពោធិ​បាន​សម្លាប់​ចៅហ្វាយ​ខែត្រ​ក្រចេះ និង​សម្បុក​ដែល​ប្រកែក​មិន​ព្រម​គោរព​បញ្ជា​របស់​ខ្លួន រួច​បាន​ទៅ​សង់​បន្ទាយ​មួយ​នៅ​ក្នុង​ភូមិ​ឈើទាល​ភ្លោះ នៅ​ក្នុង​ខែត្រ​កញ្ជរ ។ ពេល​នោះ​អាណា​ខែត្រ​ទាំងឡាយ​នៅ​ខាងកើត​ទន្លេមេគង្គ​បាន​ចុះចូល​ជាមួយ​នឹង​ជន ​ក្បត់​នេះ ។ ព្រះរាជា​បាន​បញ្ជា​ឱ្យ​លោក​ក្រឡាហោម​ចេញ​តាម​វាយ​ទៅ​លើ​ពោធិ​កំបោរ​ដល់​ បាភ្នំ​នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​១៨៦៦ ។​ មុន​ដំបូង​ទ័ព​ពោធិ​កំបោរ​ទទួល​បាន​ជ័យជម្នះ​ ប៉ុន្ដែ​បន្ទាប់​មក​ក៏​បរាជ័យ​វិញ​ ហើយ​បាន​គេចខ្លួន​បាត់​ទៅ ។​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ពោធិ​កំបោរ​បាន​បង្ហាញ​ខ្លួន​ឡើង​វិញ ក៏​ត្រូវ​ទ័ព​បារាំង​វាយ​លើក​ទី​១​នៅ​ថ្ងៃ​ទី​២៥​-​២៦ ខែវិច្ឆិកា ឆ្នាំ​១៨៦៦ លើក​ទី​២​នៅ​ក្នុង​ខែមករា ឆ្នាំ​១៨៦៧ ។ ពោធិ​កំបោរ​បាន​បាត់​ខ្លួន​ម្ដង​ទៀត បន្ដិច​ក្រោយ​មក​លេច​ឃើញ​នៅ​ក្នុង​ខែត្រ​បារាយណ៍ និង​កំពង់លែង ហើយ​ធ្វើការ​គំរាម​កំហែង​មក​លើ​រាជធានី​ឧត្ដុង្គ ។ ពោធិ​កំបោរ​បាន​ត្រូវ​វាយ​ឱ្យ​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សា ក៏​បាត់​ខ្លួន​ម្ដង​ទៀត​រួច​មក​ដល់​កំពង់ធំ ។ នៅ​កំពង់ធំ​នោះ អ្នកស្រុក​ស្រីៗ​បាន​ជំរុញ​ឱ្យ​ប្ដី​ខ្លួន​ដេញ​តាម​ចាប់​ពោធិ​កំបោរ​បាន​នៅ​ ក្នុង​ត្រពាំង​ទឹក រួច​សម្លាប់​ចោល​ទៅ ។ គេ​បាន​កាត់​ក្បាលពោធិ​កំបោរ​ប្រឡាក់​អំបិល​ផ្ញើ​ថ្វាយ​ព្រះរាជា ដែល​ទ្រង់​បាន​ចេញ​បញ្ជា​ឱ្យ​យក​ទៅ​ដោត​នៅ​ចុង​ដើម​ឫស្សី​មួយ​នៅ​ភ្នំពេញ (ខែធ្នូ ឆ្នាំ​១៨៦៧) ។
  31. កន្លង​មក នៅ​ពេល​ដែល​មាន​ព្រឹត្ដិការណ៍​អស់នេះ​កើតឡើង ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ថា​ពួក​អាជ្ញាធរ​អាណ្ណាម​តែងតែ​ជួយ​ពួក​បះបោរ ដោយ​ផ្ដល់​ឱ្យ​ជ្រកកោន​លើ​ទឹកដី​ ឬ​ជួនកាល​ជួយ​ទាំង​កម្លាំង​ថែម​ទៀត បញ្ជាក់​ឱ្យ​ឃើញ​ថា ពួក​នេះ​មាន​បំណង​ចង់​បង្ក​ការ​រំខាន​ដល់​សកម្មភាព​របស់​បារាំង​នៅ​កម្ពុជា លោក​ឧត្ដមនាវី ឡាហ្គ្រង់​ឌីយែរ បាន​សម្រេច​ប្រកាស​ថា ត្រូវ​បញ្ចប់​ការ​ដណ្ដើម​យក​កូសាំងស៊ីន​ភាគ​ខាងក្រោម​ទាំងមូល​តែ​ម្ដង ដោយ​កាត់​យក​ខែត្រ​៣​ថែម​ទៀត​ដែល​ខ្មែរ​បាន​បោះបង់​ចោល​ឱ្យ​អាណ្ណាម​គឺ​ ចូវដុក​ វិញឡុង​ និង​ហាទៀង​ដាក់​បញ្ចូល​ជាមួយ​ខែត្រ​៣​មុន គឺ​បៀនវ៉ា យ៉ាឌិញ និង​ឌិញទឿង ។ ការ​កាត់​យក​ទឹកដី​នេះ​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​១៨៦៧ ៖ វិញ​ឡុង​បាន​ធ្លាក់​ចូល​មក​ក្នុង​ដៃ​បារាំង​នៅ​ថ្ងៃ​ទី​២០​ ចូវដុក​ក្នុង​ថ្ងៃ​ទី​២២​ ហើយ​ហាទៀង​នៅ​ក្នុង​ថ្ងៃ​ទី​២៤​ ដោយ​គ្មាន​អស់​គ្រាប់​កាំភ្លើង​១​គ្រាប់ ។ ចៅហ្វាយ​លើ​ទឹកដី​ទាំងនោះ គឺ​ផាន​ថានយ៉ាង ដោយ​ពិនិត្យ​ឃើញ​ថា​មិន​អាច​តទល់​នឹង​ពួក​បារាំង​បាន​ប្រកែក​មិន​ព្រម​ចូល​ បម្រើ​បារាំង​តាម​សំណើ​របស់​លោក​ឧត្ដមនាវី​ឡាហ្គ្រង់​ឌីយែរ​ទេ​តែ​បាន​ចេញ​ បញ្ជា​ឱ្យ​ប្រគល់​ទីក្រុង​ទាំង​អស់នោះ​ឱ្យ​បារាំង​វិញ រួច​ហើយ​បាន​ផឹកថ្នាំ​សម្លាប់​ខ្លួន​បាត់​ទៅ ដើម្បី​ជា​ការ​ដាក់ទោស​ចំពោះ​អសមត្ថភាព​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ ខ្លួន ។
  32. ដោយហេតុ​នេះ បារាំង​មាន​ព្រំប្រទល់​ជាប់​ពី​ខាងត្បូង​កម្ពុជា​ហើយ ហើយ​ក៏​មិន​អាច​មាន​រឿង​អ្វី​កើត​ឡើង​ដែល​បារាំង​មិន​បាន​ដឹង​នោះ​ទេ ។ ស្ថានភាព​នេះ​អាច​ឱ្យ​យើង​ផ្ដល់​ជំនួយ​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​ដល់​ ព្រះរាជា​កម្ពុជា ជា​អាវុធ​យុទ្ធភណ្ឌ​ដែល​ព្រះ​អង្គ​ត្រូវការ​ក្នុង​ការ​ប្រយុទ្ធ​តទល់​នឹង​ ពួក​បះបោរ ជួនកាល​ជា​ទ័ព​ដឹកនាំ​ដោយ​នាយទាហាន​បារាំង​តែ​ម្ដង​ក៏​មាន ។
  33. ដោយ​មាន​ការ​ចាក់ចុច​ពី​តំណាង​ស្ដេច​សៀម​នៅ​ឧត្ដុង្គ ព្រះបាទ​នរោត្ដម​បាន​លួច​ចុះ​សន្ធិសញ្ញា​មួយ​ជា​សម្ងាត់​ជាមួយ​សៀម ប្រហាក់​ប្រហែល​នឹង​សន្ធិសញ្ញា​ដែល​ព្រះ​អង្គ​បាន​ចុះ​ជាមួយ​បារាំង​ដែរ ។ នៅ​ខែមីនា ឆ្នាំ​១៨៦៧ ពេល​ពិនិត្យ​ឃើញ​ថា​បារាំង​មាន​ការ​សង្ស័យ​អំពី​សន្ធិសញ្ញា​នេះ អភិបាល​រាជធានី​បាងកក​បាន​ប្រកាស​យ៉ាង​ប្រញាប់​ថា​គេ​បាន​ចុះ​សន្ធិសញ្ញា​ មួយ​នេះ​ជាមួយ​ព្រះបាទ​នរោត្ដម​នៅ​ក្នុង​សម័យ​មួយ​ដែល​ពួក​គេ​មិន​បាន​ដឹង​ ថា​កម្ពុជា​បាន​ចុះ​សន្ធិសញ្ញា​មួយ​ជាមួយ​បារាំង​រួច​ទៅ​ហើយ​ទេ ។ នៅ​ពេល​បាន​ដឹង​ពី​សន្ធិសញ្ញា​ជាមួយ​បារាំង​នេះ គេ​បាន​ប្រកាស​បដិសេធ​សន្ធិសញ្ញា​របស់​គេ​ជា​អសារ​បង់​ហើយ​ដើម្បី​កុំ​ឱ្យ​ រំខាន​ដល់​ការ​អនុវត្ដ​សន្ធិសញ្ញា​ជាមួយ​បារាំង​ផង ។ ក៏​ប៉ុន្ដែ​នៅ​ពេល​នោះ​ដែរ ស្ដេច​សៀម​ដែល​ទើបតែ​បាន​ចុះ​សន្ធិសញ្ញា​មួយ​ជាមួយ​កុងស៊ុល​បារាំង​ប្រចាំ​ រាជធានី​បាងកក បាន​ទទួល​ស្គាល់​ថា​ទឹកដី​អង្គរ និង​បាត់ដំបង​ជា​របស់​សៀម ទាំង​ដែល​កុងស៊ុល​នោះ​មិន​បាន​ដឹង​អំពី​ស្ថានភាព​ពិតប្រាកដ ហើយ​ក៏​មិន​បាន​ជូនដំណឹង​ដល់​លោក​ឧត្ដមនាវី​ជា​អភិបាលក្រុង​សាយហ្គន​ឱ្យ​ ដឹងផង​ទេ ។
  34. គេ​បាន​ដឹង​អំពី​ការ​មាន​សន្ធិសញ្ញា​នេះ​នៅ​ឯ​សាយហ្គន នៅ​ក្នុង​ខែកក្កដា ឆ្នាំ​១៨៦៧ ។ រដ្ឋាភិបាល​បារាំង​នា​សម័យ​នោះ​ដែល​មិន​បាន​យកចិត្ដ​ទុកដាក់​ដល់​រឿង​នេះ​ បាន​ឱ្យ​សច្ចាប័ន​ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ​ជា​ហេតុ​ធ្វើ​ឱ្យ​ខែត្រ​ដ៏​មាន ​សារសំខាន់​ទាំង​២​នេះ​ដែល​លោក​ឧត្ដមនាវី​ និង​លោក​ដឺឡាហ្គ្រង់​ឌីយែរ​មាន​បំណង​ទាមទារ​យក​មក​ប្រគល់​ឱ្យ​កម្ពុជា​វិញ​ តាំង​តែ​ពី​ពេល​នោះ​ម្ល៉េះ ត្រូវ​បាត់បង់​ទៅ​អស់​កាល​៤០​ឆ្នាំ​ថែម​ទៀត ។ លោក​ឧត្ដមនាវី​មិន​សប្បាយចិត្ដ​ទេ រីឯ​លោក​ដឺឡាគ្រេ ដែល​ជា​តំណាង​អាណាព្យាបាល​បារាំង​ប្រចាំ​នៅ​រាជធានី​ឧត្ដុង្គ​វិញ បាន​ខឹង​សម្បា​ជា​ខ្លាំង ។​ ដើម្បី​កុំ​ឱ្យ​លោក​ដឺឡាគ្រេ​ខឹង​ខ្លាំង​ពេក​ព្រះរាជា​កម្ពុជា​បាន​ប្រកែក​ ថា​ទ្រង់​មិន​បាន​ដឹង​អ្វី​ទេ​ ហើយ​ថា​ព្រះរាជា​កម្ពុជា​មុនៗ​មិន​ដែល​បាន​ទទួល​ស្គាល់​ការ​ដែល​ស្ដេច​សៀម​ យក​ខែត្រ​បាត់ដំបង និង​អង្គរ​នេះ​ម្ដង​ណា​ទេ ដូចនេះ ប្រទេស​បារាំង​ដែល​ជា​អ្នក​ការពារ​កម្ពុជា​ក៏​គ្មាន​សិទ្ធិ​អ្វី​យក​ទឹកដី​ កម្ពុជា​ទៅ​ប្រគល់​ឱ្យ​គេ​ដោយ​គ្មាន​ការ​ឯកភាព​ពី​ព្រះ​អង្គ​ដែរ ។ ព្រះរាជ​បន្ទូល​របស់​ព្រះរាជា​នេះ​ត្រឹមត្រូវ​ណាស់ គឺ​ដោយ​សារ​ព្រះ​អង្គ​បាន​ទទួល​ឥទ្ធិពល​ខ្លះៗ​ពី​លោក​តំណាង ក៏​ប៉ុន្ដែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ បារាំង​មាន​ចំណង​ការទូត​ជាមួយ​សៀម ម្ល៉ោះ​ហើយ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ។​ មក​ដល់​សព្វ​ថ្ងៃនេះ​យើង​បាន​ដោះស្រាយ​កំហុសឆ្គង​ខាងលើ​នេះ​រួច​វិញ​ហើយៈ​ បាត់ដំបង អង្គរ​ ស៊ីសូផុន​ ម្លូព្រៃ​ ទន្លេរពៅ​ ស្ទឹងត្រែង​ និង​ទឹកដី​ទាំងអស់​នៅ​ខាងត្បូង​ភ្នំ​ដងរែក ​ព្រមទាំង​ខែត្រ​កោះកុង​នៅ​លើ​ឈូង​សមុទ្រ​សៀម​ផង បាន​វិល​ត្រលប់​មក​ជា​ដី​កម្ពុជា​វិញ​ហើយ ក្រោយ​រយៈពេល​កន្លះ​សតវត្សរ៍ ។ ព្រះបាទ​នរោត្ដម និង​ព្រះ​វររាជ​មាតា ដែល​មាន​បំណង​ឱ្យ​បារាំង​ទាមទារ​យក​ទឹកដី​ទាំងនោះ​មក​ឱ្យ​កម្ពុជា​វិញ​យ៉ាង​ ខ្លាំង​នោះ បាន​សុគត​អស់​ទៅ​ហើយ ដោយ​មិន​បាន​ឃើញ​ទឹកដី​ទាំងនោះ​វិល​ត្រលប់​មក​វិញ​ផង​ទេ ។
  35. ព្រះបាទ​នរោត្ដម​បាន​សម្រេច​លើក​រាជធានី​មក​តាំង​នៅ​ភ្នំពេញ​វិញ​តាំងពី​ ឆ្នាំ​១៨៦៣​មក​ម្ល៉េះ ។​ ព្រះ​អង្គ​បាន​យាង​មក​ពិនិត្យ​ទីតាំង​ថ្មី​នៅ​ត្រង់​កណ្ដាល​ភូមិ​តាកែវ ចំ​ពី​ខាង​មុខ​ទន្លេចតុម្មុខ​នៅ​ដំណាច់​ឆ្នាំ​មុន បន្ទាប់​មក​ទ្រង់​ក៏​ចាត់​ឱ្យ​រៀបចំ​ពង្រាបដី​ភ្លាម ។ ដើម្បី​មាន​ថវិកា​ចំណាយ​ក្នុង​ការ​រៀបចំ​រាជធានី​ថ្មី​នេះ ព្រះរាជា​បាន​រៀបចំ​ឱ្យ​មាន​ការ​យកពន្ធ​លើ​បុគ្គល យកពន្ធ​បន​អាភៀន​ឡើង​វិញ ដែល​ព្រះ​បិតា​ព្រះ​អង្គ​បាន​ការពារ​មិន​ឱ្យ​យក ហើយ​ក៏​បាន​រៀបចំ​ប៉ុស្ដិ​គយ​មួយ​ចំនួន​ដែល​គេ​បិទ​ក្នុង​មួយ​រយៈ​ពេល​ ប្រទេស​មាន​អសន្ដិសុខ​កន្លង​មក​ឡើង​វិញ​ផង​ដែរ ។ វិធានការ​ទី​៣​នេះ​គ្មាន​ការ​តវ៉ា​អ្វី​ទេ ។ មន្ដ្រី​ចាស់ៗ​ដែល​ធ្លាប់តែ​ឃើញ​គ្រឿង​ញៀន​នេះ​ធ្វើ​ចរាចរ​ដោយ​សេរី​ក្នុង​ ព្រះរាជា​ណាចក្រ បាន​មាន​ប្រតិកម្ម​តប​ទៅ​នឹង​វិធានការ​ទី​២ ។ ក៏​ប៉ុន្ដែ​វិធានការ​ទី​១ គឺ​ការ​បង្កើត​ពន្ធដារ​ប្រភេទ​ថ្មី​មួយ​ដែល​មិន​ដែល​មាន​ពី​មុន​មក​មាន​ ផលវិបាក​អាក្រក់​ជាងគេ​ គឺ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ទូ​ទាំង​ប្រទេស​មិន​ពេញ​ចិត្ដ ។ ពេល​នោះ បើសិនជា​គ្មាន​វត្ដមាន​របស់​បារាំង​នៅ​ជួយ​ទេ ប្រហែលជា​ព្រះបាទ​នរោត្ដម​ត្រូវ​បាន​ព្រះ​អនុជ​វត្ថា ឬ​ស៊ីសុវត្ថិ បើ​ពុំនោះ​ទេ​គឺ​ពួក​បះបោរ​អា​ស្វា និង​ពោធិ​កំបោរ ទម្លាក់​ពីលើ​រាជបល្ល័ង្ក​បាត់​ទៅ​ហើយ (95) ។ គឺ​អំណាច និង​ការ​គាំទ្រ​របស់​បារាំង​ដែល​ជួយ​ព្រះ​អង្គ​ឱ្យ​គង់នៅ​លើ​រាជបល្ល័ង្ក​ ជាប់ និង​បាន​ជួយ​ឱ្យ​ស្រុក​នេះ​មាន​សន្ដិភាព​ឡើង​វិញ ឱ្យ​ពាណិជ្ជកម្ម​ចាប់​កំណើត​ជា​ថ្មី ហើយ​អភិវឌ្ឍន៍​រីក​លូតលាស់ គ្មាន​អ្នក​ណា​គិត​ស្មាន​ដល់ ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ឆ្ងាយ​ណាស់ ។ ព្រះរាជា​ណាចក្រ​មាន​សុភមង្គល អ្នក​តូចតាច​ក៏​មាន​ប្រាក់​កាស​ចាយ អ្នកស្រុក​ក៏​លែង​រអ៊ូរទាំ ហើយ​ចាប់​គោរព​ព្រះរាជា​ឡើង​វិញ និង​ទម្លាប់ខ្លួន​ជាមួយ​នឹង​អាណាព្យាបាល​របស់​បារាំង ។
  36. សន្ដិភាព​បាន​កើត​មាន​ឡើង​រវាង​ស្ដេច​នរោត្ដម​ជាមួយ​នឹង​អនុជ​របស់​ព្រះ​ អង្គ គឺ​អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ដែល​មាន​ឋានៈ​ជា​ព្រះកែវ​ហ្វ៊ា​នៅ​ក្រោម​រជ្ជកាល​របស់​ព្រះ​បិតា​ព្រះ​អង្គ នៅ​ពេល​ដែល​ព្រះ​អង្គជា​ព្រះ​ឧបរាជ ។ អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​បាន​គង់នៅ​ឯ​សាយហ្គន​ចាប់​តាំងពី​ខែឧសភា ឆ្នាំ​១៨៦៦​មក ហើយ​ព្រះរាជា​ទ្រង់​ប្រទាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​១៤០​ណែន (ប្រហែល​ជា​១​ម៉ឺន​ហ្វ្រង់) ក្នុង​១​ឆ្នាំៗ ដែល​អាច​ឱ្យ​ព្រះ​អង្គ​រស់​ជាមួយ​មហេសី និង​សេនា​អាមាត្យ​បាន​យ៉ាង​ស្រួល ។ ដល់​មក​ខែឧសភា ឆ្នាំ​១៨៧០ ព្រះរាជា​បាន​តែងតាំង​ព្រះ​អនុជ​ជា​ព្រះ​ឧបរាជ​ទាំង​បង្ខំ​ព្រះ​ទ័យ តាម​សំណើ​របស់​លោក​ទេសាភិបាល​ទឹកដី​កូសាំងស៊ីន ។ និយាយ​អំពី​ព្រះ​អនុជ​មួយ​ព្រះ​អង្គ​ទៀត គឺ​អ្នក​អង្គ​ម្ចាស់​វត្ថា ក្រោយ​ពី​ទទួល​បរាជ័យ​ដណ្ដើម​យក​រាជសម្បត្ដិ​ពី​ព្រះបាទ​នរោត្ដម​មិន​បាន​ រួច​មក បាន​គេច​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​ដី​កំពង់ធំ ខែត្រ​កំពង់ស្វាយ រួច​ទៅ​នៅ​ខែត្រ​ស្ទោង បន្ទាប់​មក​ទៀត​ទ្រង់​បាន​នាំ​បក្សពួក​ប្រហែលជា​១០០​នាក់ ទៅ​គង់នៅ​ខែត្រ​សម្បូរ​តាម​មាត់​ទន្លេ​មេគង្គ​ត្រើយ​ខាងស្ដាំ ។ នៅ​ទីនោះ​មិនសូវ​មាន​ប្រជាជន​រស់នៅ​ទេ តែ​អ្នកស្រុក​បាន​បង់ពន្ធ​ជា​ស្រូវ​ថ្វាយ ។ គ្មាន​នរណា​គិត​ពី​ព្រះ​អង្គ​ទៀត​ទេ តែ​ព្រះ​អង្គ​ចេះ​តែ​ទន្ទឹង​រង់ចាំ​ក្រែង​មាន​ឱកាស​បាន​យាង​មក​សោយរាជ្យ​ សម្បត្ដិ​វិញ រហូត​ទាល់តែ​ទ្រង់​សុគត​ទៅ​នៅ​ក្នុង​ភូមិ​ក្រាក់ នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​១៨៩១ ក្នុង​ព្រះ​ជន្មាយុ​៥០​ព្រះ​វស្សា ។
  37. នៅ​ក្នុង​ឆ្នាំ​១៨៧២ មាន​អតីត​ជំនួយការ​របស់​ពោធិ​កំបោរ​ម្នាក់ បាន​ចេញ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ខែត្រ​ត្បូងឃ្មុំ ជាមួយ​ទ័ព​៤​រយ​នាក់ ។ ពួក​នេះ​ចេញពី​ស្រុក​ពួក​ស្ទៀង​ដែល​មិន​ចេះ​ចំណុះ​គេ តែ​ត្រូវ​បង្ខំ​ចិត្ដ​វិល​ត្រលប់​ទៅ​ទីនោះ​វិញ ដោយ​មាន​ទ័ព​លោក​ទេសាភិបាល​កូសាំងស៊ីន​ដេញ​ប្រកិត​ពីក្រោយ ។
  38. នៅ​ខែកក្កដា និង​ខែសីហា ឆ្នាំ​ដដែល ព្រះរាជា​ទ្រង់​បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​យ៉ាង​យូរ​នៅ​ហុងកុង ម៉ាកាវ​ កង់តុង​ និង​ម៉ានីល​ ដោយ​ជិះ​នាវា​ចម្បាំង​ឈ្មោះ​ ឡឺ​ប៊ួរីយ៉ាន ​ដែល​លោក​ទេសាភិបាល​ដី​កូសាំងស៊ីន​ប្រគល់​ថ្វាយ​សម្រាប់​ជូន​ដំណើរ (96) ។
  39. ពេល​យាង​ត្រលប់​មក​ពី​ទស្សនកិច្ច​វិញ ព្រះរាជា​កម្ពុជា​ហាក់​ដូចជា​រំភើប​នឹង​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​ទត​ឃើញ​ ណាស់ ហើយ​យល់​ឃើញ​ថា​ព្រះ​អង្គ​ត្រូវ​រៀបចំ​ប្រទេស​របស់​ព្រះ​អង្គ​ឱ្យ​មាន​ការ​ វិវត្ដន៍​ដូច​គេ ។ ក៏​ប៉ុន្ដែ ព្រះរាជ​បំណង​នេះ​មាន​តែ​ក្នុង​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ មិន​បាន​ប៉ុន្មាន​ផង​ទ្រង់​ក៏​ត្រលប់​មក​ប្រកាន់​តាម​ទម្លាប់​ចាស់​វិញ ហើយ​មិន​បាន​ធ្វើ​អ្វី គិត​អ្វី​ជា​ប្រយោជន៍​ដល់​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ​បន្ដិច​ណា​ទេ ទោះបីជា​ស្ដេច​សៀម​បាន​បង្ហាញ​ឱ្យ​ឃើញ​ឧទាហរណ៍​ខ្លះៗ​ក៏​ដោយ ។ នោះ​ហើយ​ជា​គ្រោះថ្នាក់ ។ តើ​ប្រទេស​បារាំង​សុខចិត្ដ​បណ្ដោយ​ឱ្យ​ជាតិ​សាសន៍​មួយ​ដែល​គេ​បាន​ស្រោច​ ស្រង់​ចេញ​ពី​ការ​ប្រញី​ដណ្ដើម​ហែកហួរ​គ្នា ហើយ​សព្វថ្ងៃ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​គេ​ឱ្យ​រលត់​រលាយ​ទៅ​បាន​ដែរ ​ឬ​ទេ ? ប្រាកដ​ណាស់​ថា​បារាំង​នឹង​ជំរុញ​ព្រះរាជា​ឱ្យ​ចាប់​ផ្ដើម​ធ្វើ​កំណែ​ទម្រង់ ​ខ្លះៗ​ជា​បន្ទាន់ ដោយ​មិន​មាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះរាជ​បុព្វសិទ្ធិ​របស់​ព្រះ​អង្គ​ទេ ដូច​ជា​នាំ​ព្រះ​អង្គ​ឱ្យ​រៀបចំ​ខ្លួន​ធ្វើការ​កែប្រែ​ខ្លះ​ដែល​នឹង​ធ្វើ​ ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បន្ដិច​ម្ដងៗ ដើម្បី​ប្រែក្លាយ​ប្រជាជន​កម្ពុជា​ទៅ​ជា​ប្រជាជន​មួយ​ប្រកប​ទៅ​ដោយ​មធ្យោបាយ ​អាច​រស់រាន​មាន​ជីវិត​រហូត​ទៅ ។
  40. ប្រទេស​បារាំង​មិន​មាន​ញញើត​ទេ ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​អន្ដរាគមន៍​របស់​ខ្លួន​មក​លើ​កម្ពុជា​ថា ពិតជា​ត្រឹម​ត្រូវ ។ គេ​បាន​សម្រេច​ចិត្ដ​ធ្វើ​សកម្មភាព​ទៅ​លើ​ប្រជារាស្ដ្រ តាម​រយៈ​ព្រះរាជា ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ព្រះបាទ​នរោត្ដម​បាន​ចុះ​ព្រះ​ហស្ដ​លេខា​លើ​ ព្រះរាជក្រឹត្យ​មួយ​ចំនួន​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​១៨៧៧ លុប​បំបាត់​ឋានៈ​ឧបរាជ​ចេញ ដូច​ដែល​គេ​បាន​អនុវត្ដ​រួច​មក​ហើយ​នៅ​ស្រុក​សៀម លុប​ឋានៈ​ឧភយោរាជ​ដែល​អស់​ន័យ​ទៅ​ហើយ លុប​ឋានៈ​ព្រះ​វររាជ​ជននី​ដែល​នៅ​ឯ​បាងកក​ឯណោះ​គឺជា​ឋានៈ​របស់​ព្រះ​វររាជ​ មាតា តែ​គ្មាន​អំណាច​អ្វី​ទេ ព្រមទាំង​លុប​បំបាត់​ឋានៈ និង​មុខងារ​មន្ដ្រី​មួយ​ចំនួន​ធំ​ដែល​គ្មាន​ការងារ​អ្វី​ជា​សំខាន់ ។
  41. ចំនួន​ខែត្រ​ក៏​ត្រូវ​កែប្រែ​ និង​កាត់​បន្ថយ ។​ ការ​យកពន្ធ​ដារ​ឈប់​ប្រគល់​ឱ្យ​ពួក​ចិន​ប្រមូល​ទៀត​ហើយ​ព្រោះ​ពួក​នេះ​តែងតែ ​កាត់​យក​មួយ​ចំណែក​ធំ​សម្រាប់​ខ្លួនឯង ។ ល្បែង​ស៊ីសង​មួយ​ចំនួន​ត្រូវ​ហាម​ឃាត់ ដូចជា ល្បែង សត្វ​៣៦​បែប​ ល្បែង​ឯទៀតៗ​ត្រូវ​រៀបចំ​ត្រួតពិនិត្យ ។​ កំណែន​ធ្វើការ​ចំនួន​៩០​ថ្ងៃ​អាច​គេច​ផុត​បាន​ដោយ​បង់​ប្រាក់​ចំនួន​២០​ ហ្វ្រង់ ស្មើនឹង​៤​ពីយ៉ាស (97) ។ កំណែ​ទម្រង់​តុលាការ ដោយ​ចាត់តាំង​តែ​ចៅក្រម​ដែល​បាន​សិក្សា ចេះ​ចាំច្បាប់​ច្បាស់​លាស់ ។ លុប​បំបាត់​មិន​ឱ្យ​មាន​ខ្ញុំបម្រើ​ដែល​មិន​ឱ្យ​រំដោះខ្លួន​ចេញ និង​រៀបចំ​លុប​បំបាត់​ចោល​ទាំងស្រុង រង់​ចាំតែ​ព្រះរាជា​ចេញ​ច្បាប់​កំណត់​ឱ្យ​ផ្ដល់​ប្រាក់​បៀវត្ស​ឱ្យ ដែល​ពួក​ខ្ញុំ​ទាំងនោះ​អាច​កាត់​សងបំណុល​របស់​គេ​បាន ។
  42. កំណែទម្រង់​ទាំង​អស់នេះ​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​កម្ពុជា​កាន់តែ​ល្អ​ ប្រសើរ​ឡើង​ប្រសិនបើ​គេ​អនុវត្ដ​បាន​ត្រឹមត្រូវ ព្រោះថា​វា​មាន​អត្ថប្រយោជន៍​ផ្ទាល់​ភ្លាម​តែ​ម្ដង ហើយ​នឹង​ទាក់ទាញ​ឱ្យ​មាន​កំណែ​ទម្រង់​ផ្សេងៗ​ជា​បន្ដ​ទៀត ដែល​នឹង​នាំ​មក​នូវ​ការ​រីក​ចម្រើន ហើយ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ឈាន​ឡើង​មាន​ឋានៈ​ស្មើ​នឹង​បណ្ដា​ប្រទេស​ស៊ីវីល័យ​ ឯទៀតៗ និង​មាន​ជីវិត​រស់រាន​ជា​អង្វែង​តទៅ ។ ក៏​ប៉ុន្ដែ​ឥទ្ធិពល​របស់​បារាំង​ទៅ​លើ​ព្រះរាជា​ពេល​នោះ ដែល​ធ្លាប់តែ​គ្មាន​កម្រៃ​ជា​យូរណាស់​មក​ហើយ​ដែល​មាន​ឆន្ទៈ​តែ​មិន​ច្បាស់​ លាស់​មិន​ទៀងទាត់​ ខ្វះ​ការ​ប៉ិន​ប្រសប់​ហើយ​អកម្ម​ គ្មាន​គំនិត​ជាប់​បន្ដ ដោយ​ហេតុ​នេះ​ព្រះ​អង្គ​នៅ​ខ្សោយ​ខ្លាំង​ណាស់ ។ បារាំង​គ្មាន​ឥទ្ធិពល​បន្ដិច​បន្ដួច​ទៅ​លើ​ពួក​មន្ដ្រី​ដែល​កំពុង​តែ​ព្រឺ​ ខ្លាច​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ដែល​គ្រោង​ទុកជា​មុន ពីព្រោះ​នោះ​គឺ​កា​រប​ញ្ជូ​ល​របៀប​ថ្មី ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងឿង​ឆ្ងល់​ ប៉ះពាល់​ដល់​ទម្លាប់​ ភ័យ​ព្រួយ​ខ្លាច​បាត់បង​ផលប្រយោជន៍​របស់​គេ ។​ ពួក​ស្រីៗ​នៅ​ក្នុង​ព្រះរាជវាំង​មាន​ពួក​អ្នក​អង្គ​ម្ចាស់​ក្សត្រី ពួក​ស្រីស្នំ ពួក​ភីលៀង បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រែប្រួល​ទាំងឡាយ បាន​ព្រួត​គ្នា​ធ្វើ​ប្រតិកម្ម​តប​មួយ ដែល​បារាំង​មិន​ដឹង​តទល់​យ៉ាង​ណា ឬ​ក៏​មិន​បាន​ឱ្យ​តម្លៃ​ដល់ ដោយ​ធ្វេស​ប្រហែស ។
  43. ចំណែក​ប្រជាជន​វិញ មិន​មាន​ព្រួយបារម្ភ​អ្វី​ទេ ដោយ​គិត​ថា​បារាំង​មក​ជួយ​រៀបចំ​សណ្ដាប់​ធ្នាប់​ឱ្យ ជួយ​ធ្វើ​ឱ្យ​មាន​សន្ដិសុខ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ ខុស​ពី​អាណ្ណាម និង​សៀម ។ ប្រជាជន​ធ្លាប់​បាន​ឃើញ​បារាំង​ធ្វើ​ដំណើរ​ពាសពេញ​ស្រុក​ហើយ​គាត់​រីករាយ​ នឹង​ឃើញ​អ្នកតំណាង​អាណាព្យាបាល​រស់នៅ​ភ្នំពេញ​ក្បែរ​ព្រះរាជា តែ​គ្មាន​រវីរវល់​លូកដៃ​ចូល​ក្នុង​កិច្ចការ​អ្វីៗ​ទេ ។ ការ​បើក​ឱ្យ​ធ្វើ​នាវាចរ​តាម​ទន្លេ​ពី​កូសាំងស៊ីន​ឡើង​វិញ ដែល​ពី​មុន​អាណ្ណាម​បិទ​ជិត ធ្វើ​ឱ្យ​មាន​នាវា​ប្រើ​ចំហាយ​ជា​ច្រើន​ឡើង​មក​ដល់​ទឹកដី​ព្រះរាជា​ណាចក្រ ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​រីក​ចម្រើន និង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​រីករាយ​សប្បាយ​ចិត្ដ​ជា​ខ្លាំង ហើយ​គេ​បាន​និយាយ​ថា នេះ​គឺ​ដោយសារ​បារាំង ម្ល៉ោះ​ហើយ​អ្នកស្រុក​ស្រលាញ់​បារាំង​ណាស់ ។
  44. ក៏​ប៉ុន្ដែ ដើម្បី​បញ្ជាក់​ពី​អាណាព្យាបាល និង​វត្ដមាន​របស់​បារាំង​នៅ​កម្ពុជា និយាយ​ឱ្យ​ខ្លី​ថា​ដើម្បី​អាច​ធ្វើការ​កែប្រែ​ស្រុក​នេះ​ស្រប​ទៅ​តាម​ កម្មវិធី​មួយ ដោយ​ផ្លាស់​ប្ដូរ​ស្ថាប័ន​ចាស់​គំរឹល​ចេញ បារាំង​ត្រូវការ​ឱ្យ​មាន​ភ្នាក់ងារ​ដែល​មាន​ការ​គិតគូរ​ក្នុង​ការ​បំពេញ​ ភារកិច្ច​របស់​ខ្លួន មាន​ស្ថាប័ន​ថ្មី​បំពេញ​កាតព្វកិច្ច​ច្បាស់​លាស់ ជា​ពិសេស​គឺ​ត្រូវ​ឱ្យ​ព្រះរាជា​ស្ដាប់​ការ​ផ្ដល់​យោបល់ មាន​មន្ដ្រី​ដែល​ស្ដាប់​ព្រះរាជ​បញ្ជា ហើយ​បារាំង​ខ្លួនឯង​ក៏​ឈប់​លែង​ជា​ទីប្រឹក្សា​គ្មាន​ឥទ្ធិពល តែ​ជា​អ្នក​គ្រប់គ្រង​រដ្ឋបាល​មាន​សិទ្ធិ​ចាត់ចែង​ការងារ​ក្នុង​នាម​ ព្រះរាជា ហើយ​ក៏​អាច​បញ្ជា​ពួក​មន្ដ្រី​ឱ្យ​អនុវត្ដ​ភារកិច្ច​បាន​ផង​ដែរ ។
  45. នៅ​ស្រុក​សៀម​ឯណោះ​វិញ នៅ​ពេល​ដែល​ព្រះរាជា​បាងកក​សម្រេច​ថា​នឹង​ធ្វើការ​កែទម្រង់​ដូច​ដែល​បារាំង​ មាន​គម្រោង​ចង់​ធ្វើ និង​មាន​កាតព្វកិច្ច​ត្រូវធ្វើ​នៅ​កម្ពុជា ដោយ​សៀម​គ្មាន​ប្រទេស​អាណា​ព្យាបាល​ដូច​កម្ពុជា ព្រះរាជា​បាន​អំពាវនាវ​រក​ប្រទេស​នៅ​អឺរ៉ុប​ឱ្យ​មក​ជួយ ហើយ​បាន​ប្រគល់​ការ​ដឹកនាំ​បច្ចេកទេស​លើ​គ្រប់​សេវា​ទៅ​ឱ្យ​គេ​កាន់កាប់​ ទាំងអស់ ។ ចំពោះ​កម្ពុជា​ដែល​មាន​បារាំង​ជា​អាណា​ព្យាបាល គេ​ក៏​ត្រូវការ​ជា​ចាំបាច់​ណាស់​នូវ​អ្នកបច្ចេកទេស​អឺរ៉ុប​មក​ធ្វើការ​បម្រើ ​ផល​ប្រយោជន៍​ត្រឹមត្រូវ​ទៅ​តាម​បច្ចេកទេស​ដែល​គេ​កំពុង​តែ​ប្រើ​នៅ​អឺរ៉ុប​ ដែរ ហើយ​អ្នក​បច្ចេកទេស​នោះ​សម​ណាស់​តែ​មាន​សញ្ជាតិ​ជា​ប្រទេស​អាណាព្យាបាល​គឺ​ បារាំង ។
  46. ព្រះបាទ​នរោត្ដម​បាន​យល់​ច្បាស់​ណាស់​អំពី​សារសំខាន់​ទាំង​អស់​នេះ ក៏​ប៉ុន្ដែ​ទ្រង់​អាច​មិន​ទាន់​បាន​យល់​ច្បាស់​ទាំងអស់​នៅ​ឡើយ ព្រោះ​គ្មាន​អ្នក​ណា​ផ្ដល់​គំនិត​ថ្វាយ គ្មាន​អ្នក​ណា​ផ្ដល់​ទីប្រឹក្សា​ល្អិត​ល្អន់ ជា​ពិសេស​គឺ​មក​ពី​បារាំង​មិន​ហ៊ាន​បង្ខិតបង្ខំ​ព្រះ​អង្គ​ខ្លាំង​ពេក ។ ម្ល៉ោះ​ហើយ​ព្រះ​អង្គ​មាន​ការ​ញញើត​ញញើម មិន​ហ៊ាន​សម្រេច​យ៉ាង​ណា​ជា​យ៉ាង​ណា​ទេ ណា​មួយ​ទ្រង់​ចង់​ស្ថិត​នៅ​ជា​ព្រះរាជា​ផ្ដាច់​ការ​ផង ចង់​ក្ដាប់​ក្នុង​ព្រះ​ហស្ដ​នូវ​ជីវិត​ សេចក្ដី​ស្លាប់ និង​ទ្រព្យធន​ទាំងអស់​របស់​ប្រជារាស្ដ្រ​ព្រះ​អង្គ​ផង ហើយ​គ្មាន​សេចក្ដី​ក្លាហាន​នឹង​អនុវត្ដ​កំណែ​ទម្រង់​ទាំងនោះ​ទេ ។ ​ព្រះ​អង្គ​ចង់​ក្ដាប់​ផល​នៃ​ពន្ធដារ​ទាំងអស់​ហើយ​ចាត់​ចែង​ទៅ​តាម​តែ​ព្រះ​ ទ័យ​ដោយ​មិន​បាន​គិត​ធ្វើ​អ្វី​ជា​ផលប្រយោជន៍​ដល់​ប្រជារាស្ដ្រ ឬ​ធ្វើ​អ្វី​ជា​ប្រយោជន៍​សាធារណៈ​សោះ​ឡើយ ។ ធ្វើ​យ៉ាង​នេះ មិន​សម​នឹង​ការ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​បារាំង​ទេ (98) ។
  47. ដោយ​អត់ទ្រាំ​នឹង​ពិនិត្យ​មើល​របាយការណ៍​ស្ដី​ពី​ការ​យឺតយ៉ាវ​នេះ​តទៅ​ ទៀត​មិន​បាន លោក ហ្ស៊ុល​ហ្វ៊េរី ដែល​កាលនោះ​ជា​នាយក​រដ្ឋមន្ដ្រី​បារាំង​បាន​ចាត់​ឱ្យ​លោក​ ស្ហាល​ ថុមសុន​ ជា​ទេសាភិបាល​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​ប្រទេស​បារាំង​នៅ​កូសាំងស៊ីន សហការ​ជាមួយ​អ្នកតំណាង​អាណាព្យាបាល​បារាំង​នៅ​ភ្នំពេញ ចូល​គាល់​ព្រះបាទ​នរោត្ដម ហើយ​យាង​ព្រះ​អង្គ​ឱ្យ​ឡាយ​ព្រះហស្ដលេខា​លើ​អនុសញ្ញា​មួយ​ដើម្បី​ប្រគល់​ កិច្ច​ដឹកនាំ​ព្រះរាជា​ណាចក្រ​ដែល​កន្លង​មក​ព្រះ​អង្គ​ក្ដោប​ក្ដាប់​តែ​មួយ​ ព្រះ​អង្គ​ឯង ឱ្យ​អាណាព្យាបាល​បារាំង​ចាត់ចែង​ជំនួស​វិញ​ម្ដង ។ ដោយ​មិន​បាន​គិត​អ្វី​វែង​ឆ្ងាយ លោក​ទេសាភិបាល​កូសាំងស៊ីន​បាន​ឡើង​ជិះ​កប៉ាល់​ជាមួយ​ទាហាន​១០០​នាក់ មក​ឡើង​គោក​នៅ​ខាង​អាគ្នេយ៍​ព្រះរាជវាំង ។ គាត់​បាន​ចុះ​ពី​កប៉ាល់ ហើយ​ចូល​គាល់​ព្រះបាទ​នរោត្ដម​ សម្ដែង​ការ​គួរសម​តាម​របៀប​ពិធីការ រួច​បាន​ដកខ្លួន​ចេញ​ទៅ​វិញ ។ បន្ដិច​ក្រោយ​មក ព្រះរាជា​បាន​យាង​ទៅ​ជួប​ជាមួយ​លោក​ទេសាភិបាល​នៅ​ក្នុង​វិមាន​អាណាព្យាបាល ។
  48. លោក ថុមសុន ជា​មនុស្ស​ខ្វះ​ការ​ប៉ិន​ប្រសប់ គ្មាន​បទ​ពិសោធន៍​ជា​អ្នកការទូត​ម្នាក់​ដែល​ឆ្លាត​វាងវៃ មាន​អំណត់ យល់​ដឹង​ពី​កាលៈទេសៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ល្អ​ជាមួយ​ព្រះរាជា​ កម្ពុជា ដែល​ទ្រង់​ក៏​មិន​យល់​ដឹង​ច្បាស់​អំពី​របៀប​ធ្វើការ​របស់​បារាំង​ដែរ ។ គាត់​មិន​ចេះ​ប្រើ​វិធីសាស្ដ្រ​ពន្យារ​ពេល​ដែល​នឹង​នាំ​មក​នូវ​លទ្ធផល​ល្អ​ នៅ​ពេល​ក្រោយ​ទេ ។ គាត់​បាន​សម្រេច​ចិត្ដ​ថា​ត្រូវ​បង្ខំ​សភាពការណ៍ ចាប់​បង្ខំ​ឱ្យ​ព្រះរាជា​ឡាយ​ព្រះហស្ដលេខា ដោយ​ធ្វើ​ឱ្យ​ព្រះ​អង្គ​ភ័យ​ខ្លាច​តាម​ការ​បង្ហាញ​កម្លាំង​ទ័ព ។ គាត់​បាន​ចាត់​មន្ដ្រី​ម្នាក់​នាំ​យក​អនុសញ្ញា​ដែល​លោក​រដ្ឋមន្ដ្រី​មហាផ្ទៃ ក្លូប៊ូ​កូវស្គី បាន​រៀបចំ​ប្រញិប​ប្រញាប់​ជាមួយ​គាត់​មុន​នឹង​ចេញ​ពី​សាយហ្គន​មក​ដើម្បី​ឱ្យ ​ព្រះរាជា​ឡាយ​ព្រះហស្ដលេខា ។
  49. មុន​ដំបូង​ព្រះរាជា​មិន​យល់​ថា​តើ​គេ​ចង់​ឱ្យ​ព្រះ​អង្គ​ធ្វើ​អ្វី​ទេ ។​ ពួក​មន្ដ្រី​ទាំងឡាយ​គិត​ថា​បារាំង​ចង់​លុប​បំបាត់​ព្រះរាជា​ណាចក្រ​ចោល ហើយ​ដឹកនាំ​ប្រទេស​ដោយ​គ្មាន​ពួក​គេ គឺ​ទុក​កម្ពុជា​ជា​អាណានិគម​របស់​បារាំង ម្ល៉ោះ​ហើយ​ពួក​គេ​បាន​ថ្វាយ​យោបល់​ដល់​ព្រះរាជា​សូម​កុំ​ឱ្យ​ព្រះ​អង្គ​យល់ ​ព្រម​តាម ។ មាន​ការ​តឹងតែង​អស់​ពេល​ប៉ុន្មាន​ថ្ងៃ រហូត​ដល់​មាន​ឱសានវាទ ៖ ព្រះរាជា​បាន​ប្រកែក​មិន​ព្រម​ទទួល​លោក​ទេសាភិបាល​ដោយ​យក​លេស​ថា ព្រះ​អង្គ​ប្រឈួន ។​ បារាំង​កំញើញ​ថា​បើ​ព្រះ​អង្គ​មិន​យល់​ព្រម​ទេ​គេ​នឹង​យក​ព្រះ​អង្គ​ទៅ​ដាក់ ​នៅ​ប្រទេស​អាល់ហ្សេរី ។ ព្រះ​អង្គ​បាន​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​នាយ​ទាហាន និង​មន្ដ្រី​បារាំង​ជា​ច្រើន​រូប​ក្នុង​នោះ​មាន​លោក ហ៊្វូរ៉ែស អ្នកតំណាង​អាណាព្យាបាល​បារាំង​នៅ​កម្ពុជា​លោក​លូស​ដែល​ក្រោយ​មក​ជា​ រ៉េស៊ីដង់​ជាន់ខ្ពស់​នៅ​កម្ពុជា​(១៨៩៨) ហើយ​គេ​ធ្វើ​ឱ្យ​ព្រះ​អង្គ​អាច​ទត​ពី​ព្រះ​បរមរាជវាំង​ទៅ​ឃើញ​កប៉ាល់​ដែល​ ចាំតែ​ដឹក​យក​ព្រះ​អង្គ​ទៅ​ ធ្វើ​ឱ្យ​ព្រះរាជា​ភ័យ​ញ័រ រន្ធត់ អត់​មិន​បាន​ក៏​ឡាយ​ព្រះហស្ដលេខា​លើ​អនុសញ្ញា​ដែល​បារាំង​យក​មក​បង្ខំ​ព្រះ​ អង្គ​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៨៨៤ ។​ តាម​ពិត​ទៅ​មាន​ព្រឹត្ដិការណ៍​ដ៏​គួរ​ឱ្យ​សោក​ស្ដាយ​មួយ​បាន​កើត​ឡើង​ដែល​ ធ្វើ​ឱ្យ​ព្រះរាជា​ទ្រង់​ភិតភ័យ ​​ខ្លាំងៈ​ លោក​ កុល​ដឺ​ម៉ុងតេរ៉ូ​ ដែល​ជា​អ្នកបកប្រែ​របស់​ព្រះ​អង្គ​បាន​ប្រែពាក្យ​មួយ​ម៉ាត់​ខុស​មក​ពី​ពាក្យ ​នោះ​មាន​ន័យ​២​យ៉ាង ។ លោក ប៉ាវី អ្នករុករក​បារាំង​សម្រាប់​ប្រទេស​លាវ​បាន​កែតម្រូវ​លើ​ការ​បកប្រែ​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ឃាត់ខ្លួន​លោក​កុល​ដឺ​ម៉ុងតេរ៉ូ​ ហើយ​ឱ្យ​ទាហាន​២​នាក់​ដែល​ឈរ​សងខាង​បាន​វាយ​ធ្វើបាប​គាត់​បន្ដិច​បន្ដួច ។
  50. ព្រះរាជា​មិន​បាន​ដឹង​ថា បើសិនជា​ព្រះ​អង្គ​រក្សា​បាន​នូវ​ពាក្យ​ដែល​ព្រះ​អង្គ​បាន​សន្យា​កាលពី​ ឆ្នាំ​១៨៧៧ ព្រះ​អង្គ​មិន​ចាំបាច់​ត្រូវ​គេ​បង្ខំ​ឱ្យ​ចុះ​អនុសញ្ញា​ឆ្នាំ​១៨៨៤​នេះ​ ទេ ។ ក៏​ប៉ុន្ដែ​គ្មាន​នរណា​ម្នាក់​បាន​ជួយ​រំលឹក​ព្រះ​អង្គ​អំពី​រឿង​នេះ​សោះ តាំង​តែ​ពី​ពេល​នោះ​មក ។ ហើយ​ព្រះ​អង្គ​រឹតតែ​មិន​បាន​ដឹង​សោះ​ថា ទ្រង់​នឹង​មិន​មាន​ខាតបង់​អ្វី​ទាំងអស់​ជាមួយ​អនុសញ្ញា​ថ្មី​នេះ ។ បើ​និយាយ​អំពី​អ្នកតំណាង​របស់​ប្រទេស​បារាំង​ប្រចាំ​នៅ​កម្ពុជា​វិញ អស់​លោក​មិន​បាន​គិត​ថា​អស់​លោក​គ្មាន​បាន​ធ្វើ​អ្វី​សោះ​ក្នុង​រយៈពេល​៧​ ឆ្នាំ​កន្លង​ទៅ​នេះ ដើម្បី​ធ្វើ​ឱ្យ​ការ​កែទម្រង់​ដែល​មាន​កត់ត្រា​នៅ​លើ​ក្រដាស​រួច​ហើយ​ប្រែ​ ក្លាយ​ទៅជា​ការ​ពិត ។ អស់​លោក​មិន​ដែល​បាន​រំលឹក​ព្រះរាជា​អំពី​អ្វី​ដែល​ព្រះ​អង្គ​បាន​សន្យា​រួច ​មក​ហើយ​ទេ ។​ ជា​ពិសេស​អស់លោក​មិន​ដែល​ពន្យល់​ព្រះរាជា​ឱ្យ​ទ្រង់​ជ្រាប​អំពី​គោល​បំណង​ ល្អ​ដែល​បារាំង​ចង់​ធ្វើ ហើយ​ក៏​មិន​បាន​ចង្អុល​បង្ហាញ​ឱ្យ​ព្រះ​អង្គ​ជ្រាប​ថា តើ​ត្រូវ​ចាត់​វិធានការ​ដូច​ម្ដេច​ទេ ។ អស់​លោក​អ្នកតំណាង​អាណាព្យាបាល​បាន​មក​រស់នៅ​ក្បែរ​ព្រះរាជា​របៀប​ដូច​ជា​ កុលស៊ុល​អីចឹង​មិន​មែន​របៀប​ជា​រ៉េស៊ីដង់​ដែល​ប្រទេស​បារាំង​ផ្ទុកផ្ដាក់​ ឱ្យ​មក​ជំរុញ​ការ​កសាង​ទេ ។
  51. ពេល​ត្រលប់​មក​កាន់​វិមាន​អាណាព្យាបាល​វិញ លោក​ទេសាភិបាល​កូសាំងស៊ីន​បាន​ចេញ​បញ្ជា​ឱ្យ​គេ​រៀបចំ​សេចក្ដី​សម្រេច​ ផ្សេងៗ​ដែល​គាត់​យល់​ថា​ចាំបាច់ ហើយ​បាន​បង្ខាំង​លោក ឌៀប ជា​អ្នក​បកប្រែ​របស់​ព្រះរាជា ដែល​សព្វ​ថ្ងៃនេះ​ជា​រដ្ឋមន្ដ្រី​ខាង​ទ័ពជើងទឹក ឱ្យ​ធ្វើ​ការ​តែ​មិន​ឱ្យ​មាន​ទំនាក់​ទំនង​ទៅ​ខាងក្រៅ​ទេ ។ ដោយ​មិន​បាន​ប្រុងប្រៀប​រៀបចំ​ទុកជា​មុន មិន​បាន​គិត​ឱ្យ​ល្អិត​ល្អន់ កិច្ចការ​ដែល​គេ​បាន​ធ្វើ​ពេល​នោះ​ក៏​ខ្វះ​នូវ​ប្រសិទ្ធភាព ហើយ​ក៏​គ្មាន​អនាគត​វែង​ឆ្ងាយ​ប៉ុន្មាន​ដែរ ។ គេ​អាច​ពិនិត្យ​មើល​ឃើញ​នូវ​ការ​ប្រញិប​ប្រញាប់​ដែល​គួរ​ឱ្យ​អស់​សំណើច​ហើយ​ ប៉ាន់ស្មាន​បាន​នូវ​អ្វី​ដែល​គេ​បាន​ស្រមើ​ស្រមៃ ។ ពេលវេលា​បាន​កន្លង​ផុត​ទៅ​ប៉ុន្មាន​ខែ​ហើយ បារាំង​ហៀប​តែ​នឹង​ចាប់ផ្ដើម​ធ្វើការ​សើរើ​រៀបចំ​ព្រះរាជា​ណាចក្រ​ឡើង​វិញ​ ទៅ​ហើយ ស្រាប់តែ​លោក​តំណាង​អាណាព្យាបាល​ទទួល​ដំណឹង​ថា​មាន​ការ​បង្កបង្កើត​ជា​ ទ័ពទីង​នៅ​កន្លែង​ជា​ច្រើន​ក្នុង​ប្រទេស​ ហើយ​គំរាម​កំហែង​មក​លើ​ទីតាំង​រ៉េស៊ីដង់​ថ្មីៗ​របស់​បារាំង ។
  52. ដូច្នេះ សង្គ្រាម​បាន​ផ្ទុះ​ឡើង ហើយ​គេ​បាន​ចេញ​បញ្ជា​ពី​កូសាំងស៊ីន​មក​ឱ្យ​កាន់កាប់​ទីប្រជុំជន​ឱ្យ​បាន​ ហើយ​ឱ្យ​ចាត់​បញ្ចេញ​ទ័ព​ចល័ត​តាម​វាយ​ទៅ​លើ​ពួក​បះបោរ ។ ពួក​នេះ​ត្រូវ​បរាជ័យ​ជានិច្ច ហើយ​បាន​រត់គេច​ខ្លួន​រាល់​ពេល​ដែល​បាន​ជួប​ទាហាន​បារាំង ។
  53. ការ​បះបោរ​នេះ​បាន​កើត​ឡើង​ក្រោម​ការ​ញុះញង់​ពី​ពួក​មន្ដ្រី និង​តាម​បញ្ជា​ពី​ព្រះរាជា ហើយ​ស៊ី​ពេល​អស់​១៨​ខែ ។ មិន​មាន​ការ​ប្រយុទ្ធ​អ្វី​ធំ​ដំ​ប៉ុន្មាន​ទេ ក៏​ប៉ុន្ដែ​វា​បាន​ធ្វើ​ឱ្យ​ប្រទេស​ហិនហោច​យ៉ាង​ឆាប់​រហ័ស ។ តាម​ពិត បារាំង​ជា​អ្នក​ខ្លាំង​ជាង ហើយ​ព្រះរាជា​ដែល​គង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ទ្រង់​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​បារាំង ។ បារាំង​អាច​ចាប់ខ្លួន​ព្រះរាជា​ប្រកាស​លើក​ព្រះ​ឧបរាជ​ឱ្យ​ឡើង​កាន់​ការ​ ជំនួស​ និង​អាច​បញ្ចប់​សង្គ្រាម​បាន​ដោយ​នាំ​យក​ព្រះរាជា​ទៅ​ប្រទេស​បារាំង ឬ​ទៅ​កាន់​ទឹកដី​នៅ​អាហ្វ្រិក ។ ក៏​ប៉ុន្ដែ​បារាំង​មិន​ធ្វើ​ដូច្នេះ​ទេ គឺ​ពេញចិត្ដ​នឹង​ចាត់ការ​ទៅ​លើ​ព្រះរាជា ពួក​នាម៉ឺន​មន្ដ្រី​នៅ​ក្នុង​ប្រទេស​តែ​ម្ដង ធ្វើ​ឱ្យ​ទាំងអស់​គ្នា​យល់​ស្រប​តាម ហើយ​ចាប់​ធ្វើការ​កែ​ទម្រង់​ដែល​ចាំបាច់​វិញ ។
  54. ការ​បះបោរ​បាន​រីក​រាលដាល​ទៅ​ពេញ​ទូទាំង​កម្ពុជា​នៅ​ចុងឆ្នាំ​១៨៨៥ បារាំង​មាន​ប៉ុសិ៍្ដ​យោធា​ទាំង​អស់​៥២ នៅ​ក្នុង​ព្រះរាជា​ណាចក្រ ។ សង្គ្រាម​នោះ​គឺ​ព្រះរាជា​បាន​បង្ក​ឡើង ក៏​ប៉ុន្ដែ​ពួក​អ្នកស្រុក​ស្រលាញ់​ចូល​ចិត្ដ​បារាំង សប្បាយ​រីករាយ​ទទួល​បារាំង​ថា​ជា​អ្នក​ការពារ ។ សង្គ្រាម​នោះ​បាន​ធ្វើ​ឱ្យ​បារាំង​បាត់បង់​កម្លាំង​អស់​ប្រហែល​ជា​១​ពាន់​ នាក់ ដែល​ភាគ​ច្រើន​ត្រូវ​ស្លាប់​ដោយ​ជំងឺ​គ្រុន និង​កម្ដៅ​ព្រះអាទិត្យ មិន​មែន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​សត្រូវ​ទេ ។ ក៏​ប៉ុន្ដែ​សង្គ្រាម​នោះ​បាន​ធ្វើ​ឱ្យ​ខ្មែរ​ប្រហែល​១​ម៉ឺន​នាក់​ស្លាប់​ដោយ ​អត់ឃ្លាន​ដោយ​ទុរ្ភិក្ស និង​ការ​ខ្វះខាត ដោយ​ជំងឺ​គ្រុន និង​ជំងឺ​ផ្សេងៗ​ទៀត​នៅ​ពេល​រត់គេច​ទៅ​រស់នៅ​ក្នុង​ព្រៃរបោះ និង​ព្រៃរនាម ។
  55. គេ​បាន​បញ្ជូន​ទ័ព​ពី​សាយហ្គន​មក ដែល​ធ្វើបាប​អ្នកស្រុក​ហើយ​ដុត​រោល​ឱ្យ​អ្នកស្រុក​អត់ទ្រាំ​មិន​ចូលរួម​ធ្វើ ​សង្គ្រាម​មិន​បាន ។ ក៏​ប៉ុន្ដែ​សង្គ្រាម​ដែល​ផ្ទុះ​ឡើង​ក្រោម​ការ​ញុះញង់​របស់​ពួក​មន្ដ្រី តាម​បញ្ជា​របស់​ព្រះរាជា ដែល​ផ្ទុយ​នឹង​ឆន្ទៈ​របស់​អ្នកស្រុក​ស្រែ​ចម្ការ​ដែល​ចង់​បាន​សន្ដិភាព បាន​ចាប់​ផ្ដើម​ស្ងប់ស្ងាត់​នៅ​ចុង​ឆ្នាំ​បន្ទាប់ ។ គេ​ចាប់​បិទ​ប៉ុស្ដិ៍​យោធា​ជា​បន្ដបន្ទាប់ ហើយ​ព្រះរាជា​ណាចក្រ​ទាំងមូល​មាន​សភាព​ស្ងប់ស្ងាត់​ឡើង​វិញ​នៅ​ក្នុង​ខែ​ មករា ឆ្នាំ​១៨៨៧ ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម​ច្រើន​ពេក​ទេ តែ​ក៏​បាន​ធ្វើ​ឱ្យ​ខូចខាត​ជីវិត​អ្នកស្រុក និង​ទាហាន​បារាំង​អស់​ចំនួន​ច្រើន​គួរសម​ដែរ បណ្ដាល​មក​ពី​ចលាចល ការ​ផ្លាស់​ប្ដូរ​ទីកន្លែង ការ​រត់​ចូល​ព្រៃ និង​ជំងឺ ។ ពួក​បះបោរ​ចាប់​វិល​ត្រលប់​ចូល​ក្នុង​ស្រុក​វិញ មក​ចុះចូល​សារភាព​នៅ​តាម​ទីកន្លែង​ដែល​មាន​រ៉េស៊ីដង់​បារាំង​នៅ ហើយ​ដោយ​បារាំង​បាន​ស្រុះស្រួល​មូលមតិ​ជាមួយ​ព្រះរាជា និង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ដ្រី បង្អង់​មិន​ទាន់​អនុវត្ដ​ការ​កែទម្រង់ ដើម្បី​ធ្វើការ​សិក្សា​ឱ្យ​ល្អិតល្អន់​សិន សន្ដិភាព​ក៏​បាន​វិល​ត្រលប់​មក​ក្នុង​ស្មារតី​ប្រជាជន​ម្នាក់ៗ​ឡើង​វិញ​ ដែរ ។ មាន​តែ​រ៉េស៊ីដង់​បារាំង​នៅ​កំពត ក្រចេះ កំពង់ធំ និង​ពោធិ៍សាត់​ប៉ុណ្ណោះ ដែល​លោក ពីកេ (99) ជា​រ៉េស៊ីដង់​ធំ​នៅ​កម្ពុជា បាន​បញ្ជា​ឱ្យ​បន្ដ​ធ្វើការ​សិក្សា​អំពី​ទឹកដី ទំនៀម​ទម្លាប់​របស់​អ្នកស្រុក​ដោយ​មិន​ឱ្យ​លូកដៃ​ជ្រៀតជ្រែក​ទៅ​ក្នុង​ការ​ គ្រប់គ្រង​រដ្ឋបាល​ក្នុង​ស្រុក​ទេ ហើយ​ត្រូវ​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​អភិបាល​ខែត្រ ត្រួត​ពិនិត្យ​សកម្មភាព​អភិបាល​ខែត្រ​ទាំងនោះ ជា​ពិសេស​ត្រូវ​ចេះ​ធ្វើ​ឱ្យ​ប្រជាជន​ស្រលាញ់​ផង ។
  56. នៅ​ឆ្នាំ​១៨៨៨ ព្រះរាជា​ដែល​យល់​កាន់តែ​ច្បាស់​ជាង​មុន បាន​ប្រគល់​ការ​គ្រប់គ្រង​ព្រះរាជាណាចក្រ​ដែល​នៅ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​ របស់​ព្រះ​អង្គ ទៅ​ឱ្យ​បារាំង​ចាត់ចែង​ជំនួស​វិញ ។ ព្រះ​អង្គ​បាន​ឱ្យ​លោក​តំណាង​អាណាព្យាបាល​ធ្វើ​ជា​អធិបតី​លើ​ក្រុមប្រឹក្សា​ រដ្ឋមន្ដ្រី តែ​បាន​ស្នើ​សុំ​ឱ្យ​គេ​ថ្វាយ​ជូន​នូវ​ប្រាក់​៤​សែន​ពីយ៉ាស (ប្រហែល​១​លាន​៧​សែន​ហ្វ្រង់) ។ ការ​កែទម្រង់​ទាំងឡាយ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ព្រះ​អង្គ សេចក្ដី​សម្រេច​ផ្សេងៗ​ត្រូវ​មាន​ព្រះ​ហស្ដ​លេខា និង​ត្រា​របស់​ព្រះ​អង្គ​ផង ។
  57. ចាប់ពី​ពេល​នោះ​មក អាណាព្យាបាល​បាន​ដំណើរការ​ទៅ មិន​ជា​ល្អ​មិន​ជា​អាក្រក់​ណាស់​ណា​ទេ គឺ​សម​ស្រប​ទៅ​នឹង​ផល​ប្រយោជន៍​របស់​ព្រះរាជាណាចក្រ​ដែរ ។ បារាំង​កាន់កាប់​ការងារ​រដ្ឋបាល​មាន​មធ្យោបាយ​គ្រប់គ្រាន់​នឹង​ចាប់​ផ្ដើម​ ធ្វើ​កំណែ​ទម្រង់​ដែល​ចាំបាច់ ហើយ​ការ​រៀបចំ​ស្រុក​ទេស​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​យឺតៗ ។ មក​ដល់​សព្វ​ថ្ងៃនេះ ព្រះរាជាណាចក្រ​មាន​ផ្លូវ មាន​ស្ពាន​ខ្លះៗ​ហើយ ។ គេ​ចាប់​ធ្វើការ​សិក្សា​លើ​កិច្ចការ​ធំៗ ចាប់​សាងសង់​សាលារៀន ហើយ​រដ្ឋាភិបាល​បារាំង​បាន​ចាប់ផ្ដើម​តាំងពី​ដប់​ពីរ​ឆ្នាំ​មក​ហើយ​ក្នុង​ ការ​គិតគូរ​ពី​គម្រោង​សាងសង់​ផ្លូវដែក​មួយ ។ គេ​ក៏​បាន​សើរើ​ពិនិត្យ​ច្បាប់​ឡើង​វិញ​ដែរ ។
ព្រះបាទ​នរោត្ដម បាន​សុគត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​១៩០៤ ក្នុង​ព្រះ​ជន្មាយុ​៧០​ព្រះវស្សា ។