ជាដំបូងខ្ញុំលើកពីការបកស្រាយអំពីឈ្មោះថា កូសាំងស៊ីន
- Chan Born កូ សាំង ស៊ីន ជាអ្វី? កូ ភាសាបារាំង ឬ អគ្លេស គេប្រែថា ក្បែ នៅជិត ដូចជា Co-pilot ជំនួយការ ឬ នៅក្បែពីឡុត។ អាំង ដូស៊ីន ភាសាបារាំង គេថា ឥណ្ឌូ ចិន ឬ ឥណ្ឌា ចិន Indo Chine ពេលគេធ្វើ លីយេហ្សុង ភ្ជាប់ វាទៅជា កូ សាំង ស៊ីន Co's Indo Chine ( Chochin Chine)
- ក្នុងពេលដែលដែនដីកម្ពុជាក្រោម ស្ថិតនៅក្រោមការត្រួតត្រារបស់អាណានិគមនិយមបារាំង បារាំង បានហៅដែនដីមួយនេះថា ដែនដីកូសាំងស៊ីន ឬកូសាំងស៊ីនទំនាប ឬក៏កូសាំងស៊ីនបារាំងសែស ប៉ុន្តែជាទូទៅគេហៅថា កូសាំងស៊ីនបារាំងសែស ហើយដែលអ្នកប្រវត្តិសាស្ត្របរទេសភាគច្រើននៅប្រើពាក្យនេះនៅឡើយ ដើម្បីសំដៅទៅលើដែនដីកម្ពុជាក្រោម។
- ទាក់ទងបញ្ហានេះ អ្នកប្រវត្តិសាស្ត្របានបង្ហាញហេតុផលផ្សេងៗគ្នាចំពោះប្រវត្តិនៃពាក្យកូសាំងស៊ីន នេះ។ បើតាមសាស្ត្រាចារ្យ ត្រាំងឆាត ប៊ុត លោកបានអះអាងក្នុងសៀវភៅ កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម របស់លោកថា ពាក្យកូសាំងស៊ីន (Cochinchine) ផ្គុំឡើងដោយពាក្យ ២ផ្សេងគ្នា គឺពាក្យកូសាំង (Cochin) និងពាក្យស៊ីន (Chine)។ តាមសាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ពាក្យកូសាំង គឺសំដៅលើឈ្មោះព្រះសង្ឃកាតូលិកបារាំង មួយអង្គ ដែលបានស្ថាបនាមន្ទីរពេទ្យមួយក្នុងទីក្រុងប៉ារីស ឈ្មោះមន្ទីរពេទ្យកូសាំង ឬបារាំង ហៅថា អូពីតាល់ កូសំាង (Hôpital Cochin)។ ចំណែកពាក្យស៊ីន គឺមកពីពាក្យបារាំង ស៊ីន្នឹ (Chine) ដែលប្រែថាចិន ឬប្រទេសចិន។
- លោក ត្រាំងឆាត ប៊ុត សរសេរបន្តថា មុននឹងមកដល់ទីក្រុងព្រៃនគរ កងនាវិក ឬកងទ័ពស្រួចរបស់បារាំង បានចេញដំណើរពីប្រទេសចិន មក ដោយធ្វើដំណើរតាមឈូងសមុទ្រចិន ទៀតផង។ លោកថា ក្រោយមកពាក្យថា Chine ឬចិន នេះ ត្រូវបានចងចាំក្នុងខួរក្បាលរបស់ទ័ពបារាំង រហូតមក។ លុះក្រោយមក នៅពេលបារាំង វាយដណ្ដើមកាន់កាប់បានទីក្រុងព្រៃនគរ រួចហើយ ពួកគេក៏បានសម្រេចដាក់ឈ្មោះទឹកដីថ្មីនេះថា កូសំាងស៊ីន តែម្តង ដើម្បីរំឭកគុណដល់ព្រះតេជព្រះគុណកូសាំង ដែលព្រះអង្គបានប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីសម្រាលទុក្ខប្រជាពលរដ្ឋបារាំង។
- សព្វថ្ងៃ មន្ទីរពេទ្យកូសាំង ឬអូពីតាល់កូសំាង គឺជាមន្ទីរពេទ្យរដ្ឋដ៏ល្បីល្បាញមួយនៅទីក្រុងប៉ារីស ហើយមន្ទីរពេទ្យនេះ គឺជាផ្នែកមួយនៃមហាវិទ្យាល័យពេទ្យប៉ារីសដេកាត (Faculté de Médecine Paris-Descartes)។ ស្រដៀងនឹងការអះអាងរបស់ លោក ត្រាំងឆាត ប៊ុត គេហទំព័រវីគីភេដៀ (Wikipedia) ក៏បានលើកឡើងដែរថា ការដែលគេដាក់ឈ្មោះមន្ទីរពេទ្យនេះថា កូសាំង គឺដើម្បីរំឭកដល់ព្រះតេជព្រះគុណ ហ្សង់ ឌែននីស កូសាំង (Jean-Denis Cochin) ដែលព្រះអង្គបានជួយដល់កម្មករ និងអ្នកក្រីក្រក្នុងសង្កាត់មួយនៃទីក្រុងប៉ារីស តាមរយៈការសាងសង់មន្ទីរពេទ្យកូសាំង នេះ។
- ក្រៅពីទឡ្ហីករណ៍របស់ លោក ត្រាំងឆាត ប៊ុត អ្នកស្រាវជ្រាវខ្មែរខ្លះបានលើកឡើងថា ពាក្យថា កូសាំងស៊ីន គឺមកពីពាក្យវៀតណាម ថា កូ ជិន ស៊ិន (CỖ Chinh Xin) ដែលមានន័យជាភាសាខ្មែរថា “នាងទី៩សុំ”។ នាងទី៩នៅទីនេះ គឺសំដៅទៅលើព្រះមហេសីយួនរបស់ព្រះបាទជ័យជេដ្ឋាទី២ ឈ្មោះ ង្វៀង ង៉ុកវ៉ាន់ ដែលជាបុត្រី ឬកូនទី៨របស់ស្ដេចយួនអណ្ណាម ឈ្មោះ ង្វៀង សាយវឿង។ មហេសីយួន ង្វៀង ង៉ុកវ៉ាន់ នេះហើយដែលបានខ្ចីដីខ្មែរពីព្រះបាទជ័យជេដ្ឋាទី២ ឲ្យជនជាតិយួនមករស់នៅ ហើយដែលមិនបានសងឲ្យខ្មែរវិញរហូតមកដល់សព្វថ្ងៃនេះ។
- មានការអះអាងថា ពាក្យថា កូជិនស៊ិន ឬនាងទី៩សុំនេះ គឺជនជាតិយួន បានហៅតៗគ្នា សំដៅទៅលើទឹកដីខ្មែរដែលមហេសីយួន ង្វៀង ង៉ុកវ៉ាន់ បានសុំពីព្រះបាទជ័យជេដ្ឋាទី២ ហើយដើម្បីរំឭកដល់គុណបំណាច់របស់នាង ង្វៀង ង៉ុកវ៉ាន់ ពួកជនជាតិយួន ក៏ហៅដែនដីនេះថា កូជិនស៊ិន តៗគ្នាទៅ។ ប៉ុន្តែ បើតាមប្រវត្តិសាស្ត្រ ព្រះបាទជ័យជេដ្ឋាទី២ ពុំបានឲ្យដីខ្មែរទៅយួន នោះទេ ព្រះអង្គគ្រាន់តែឲ្យយួនខ្ចីក្នុងរយៈពេល ៥ឆ្នាំប៉ុណ្ណោះ។
- តើនាង ង្វៀង ង៉ុកវ៉ាន់ ជាកូនទី៨របស់ស្ដេចយួន ង្វៀង សាយវឿង ឬយ៉ាងណា? មានការលើកឡើងថា ស្ដេចយួន ង្វៀង សាយវឿង ឬខ្លះថា ង្វៀង ភុកវៀង មានបុត្រទាំងអស់ចំនួន ១៥នាក់ ក្នុងនោះមានបុត្រាចំនួន ១១នាក់ និងបុត្រីចំនួន ៤នាក់។ តែទោះយ៉ាងណា គ្មានការបញ្ជាក់ឲ្យច្បាស់លាស់ណាមួយថា នាង ង្វៀង ង៉ុកវ៉ាន់ ឬមហេសីរបស់ព្រះបាទជ័យជេដ្ឋាទី២ គឺជាកូនទី៨ នៃរាជវង្សស្ដេច ង្វៀង សាយវឿង នោះឡើយ។ ម្យ៉ាងទៀត បើនាង ង្វៀង ង៉ុកវ៉ាន់ ជាកូនទី៨ក្នុងគ្រួសារ ហេតុអ្វីបានជាគេហៅនាងថា កូជិន (CỖ Chinh) ឬនាងទី៩ទៅវិញ? នេះមិនមែនជារឿងពិបាកយល់នោះទេ។ ខុសពីជនជាតិខ្មែរ ជនជាតិយួន មានទន្លាប់ហៅកូនច្បងដោយរាប់ពីលំដាប់លេខរៀងទី២ឡើងទៅ មានន័យថា បើកូននោះជាកូនច្បង ឬកូនទី១ គេហៅថាកូនទី២ទៅវិញ ដូចជាពេលខ្លះគេហៅថា អាន់ហាយ (Anh 2) ឬចីហាយ (Chi 2) គឺសំដៅទៅលើបងប្រុសច្បង ឬបងស្រីច្បង មិនមែនបងប្រុសទី២ ឬបងស្រីទី២ឡើយ។ ដូច្នេះ បើគេហៅមហេសីព្រះបាទជ័យជេដ្ឋាទី២ ថា កូជិន (CỖ Chinh) ឬនាងទី៩នោះ មានន័យថា នាងជាកូនទី៨ក្នុងគ្រួសារទៅវិញទេ។
- ទាក់ទងនឹងពាក្យកូជិនស៊ិន មានការពោលតៗគ្នាថា នៅពេលដែលពួកអាណានិគមនិយមបារាំង បានចូលមកកាន់កាប់ដែនដីកម្ពុជាក្រោម ពួកគេក៏បានចាប់ផ្ដើមកម្លាយពាក្យ កូជិន ស៊ិន ដែលជនជាតិយួន តែងហៅនោះ ឲ្យទៅជាកូសាំងស៊ីន វិញ ទៅតាមសំនៀងអាននៃភាសារបស់បារាំង។
- យ៉ាងណាក៏ដោយ បើតាម លោក អាដេម៉ារ ឡឺក្លែរ លោកបានអះអាងក្នុងសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា របស់លោកថា ពាក្យថា កូសាំងស៊ីន បានក្លាយមកពីពាក្យ ឆានឆេង ដែល ឆានឆេង នេះ គឺជាអតីតរាជធានីរបស់នគរចំប៉ា។ ជុំវិញរឿងនេះ លោក ឡឺក្លែរ បានសរសេរថា ប្រមាណជាក្នុងជំនាន់ដែលរាជធានីលង្វែករបស់កម្ពុជា បានធ្លាក់ក្នុងកណ្ដាប់ដៃរបស់សៀម អាណាចក្រអណ្ណាមដែលទើបតែដណ្ដើមយកបានទឹកដីនគរចំប៉ា ស្ទើរតែទាំងអស់បញ្ចូលមកជារបស់ខ្លួននោះ បានបែកចេញជា២ដាច់ពីគ្នា មួយគឺតុងកឹង និងមួយទៀត គឺកូសាំងស៊ីន ដែលជាអតីតនគរចំប៉ា ឬក្រោយមកត្រូវយួន ឲ្យឈ្មោះថា អណ្ណាម។ បើផ្អែកតាមការអះអាងរបស់ លោក ឡឺក្លែរ ត្រង់ចំណុចនេះ មានន័យថា ពាក្យថា កូសាំងស៊ីន មិនមែនសំដៅទៅលើដែនដីកម្ពុជាក្រោម នោះទេ គឺសំដៅទៅលើដែនដីអណ្ណាម ដែលជាអតីតទឹកដីរបស់នគរចំប៉ា ទៅវិញទេ។ តែទោះយ៉ាងណា ក្រោមការគ្រប់គ្រងរបស់បារាំង បារាំង បានបែងចែកយ៉ាងច្បាស់រវាងដែនដីកូសាំងស៊ីន ដែនដីអណ្ណាម និងតុងកឹង ដែលកូសាំងស៊ីន សំដៅលើកម្ពុជាក្រោម អណ្ណាម សំដៅលើភូមិភាគកណ្ដាលរបស់វៀតណាម សព្វថ្ងៃ ឬអតីតនគរចំប៉ា និងតុងកឹង សំដៅលើទឹកដីវៀតណាម នៅភូមិភាគខាងជើងដែលមានទីក្រុងហាណូយ ជារដ្ឋធានី៕
- ៤២. ព្រះអង្គឌួង (១៨៤១-១៨៥៩) នៅពេលនោះ នៅរាជធានីឧត្ដុង្គឯណោះវិញ ប្រជាជនកំពុងតែនាំគ្នារាក់ទាក់ស្វាគមន៍មេទ័ពសៀម ចៅឃុនបឌិន និងព្រះអង្គឌួង ដែលបានចាប់ផ្ដើមដឹកនាំកិច្ចការប្រទេសជាតិហើយ ។ ព្រះអង្គបានចេញព្រះរាជបញ្ជាទៅគ្រប់ខែត្រខណ្ឌ តែងតាំងចៅហ្វាយខែត្រ ឬទទួលស្គាល់អំណាចរបស់ពួកមេដឹកនាំបះបោរ រួចបានយាងមកគង់នៅក្នុងព្រះរាជវាំងមួយធ្វើអំពីឈើនៅឃ្លាំងស្លឹក ជិតពញាឮ ដែលប្រជារាស្ដ្របាននាំគ្នាសង់ថ្វាយក្នុងពេលតែប៉ុន្មានសប្ដាហ៍ ប៉ុណ្ណោះ ។
- ចំណែកពួកអាណ្ណាមវិញ បានប្រមូលកម្លាំងទ័ព និងភស្ដុភារជាច្រើននៅក្នុងព្រែកជីកហាទៀង ធ្វើឱ្យចៅឃុនបឌិនមានការព្រួយបារម្ភជាខ្លាំង ព្រោះបានរំសាយទ័ពទៅវិញខ្លះទៅហើយ ហើយបើនៅទាំងអស់ ក៏ទ័ពនោះតិចមិនអាចប្រៀបទៅនឹងទ័ពអាណ្ណាមបានទេ ។ ស្រាប់តែលេចកប៉ាល់ទឹកសៀមមួយកងមកចុះចតនៅនឹងកំពត ដោយមានដឹកទ័ពជំនួយមានសៀមខ្មែរម៉ាឡេ និងពួកអឺរ៉ុបមកផង ។ ចៅឃុនបឌិនប្រុងថានឹងចេញទ័ពទៅតភ្ជាប់ជាមួយទ័ពជំនួយនោះ ទទួលមានដំណឹងលេចឮថាពួកនោះត្រូវអាណ្ណាមវាយប្រហារ ហើយបាននាំគ្នាចុះទូកចេញទៅស្រុកសៀមវិញទៅហើយ ។ បរាជ័យនេះបានធ្វើឱ្យចៅឃុនបឌិនរឹតតែមានការលំបាកថែមទៀត ព្រោះទើបតែបរាជ័យនៅក្នុងការប្រយុទ្ធតាមជើងទឹកមួយនៅលើចូវដុក ដែរ ក្រោយការប៉ះប្រយុទ្ធគ្នាអស់ពេល២ថ្ងៃ ។
- ពេលនោះព្រះអង្គឌួងបានយាងមកគង់នៅឯខែត្រទ្រាំងវិញជាមួយទ័ព ខ្មែរមួយកង ។ ទ័ពអាណ្ណាមដែលទើបតែវាយប្រហារទៅលើទ័ពសៀម ហើយបង្ខំឱ្យចុះទូកចេញទៅស្រុកវិញ បានបែរមកវាយទ័ពព្រះអង្គម្ដង ដោយជួបប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមនៅជើងកញ្ចុំ (១៨៤១) ។
- ព្រះអង្គឌួងបានយាងត្រលប់មកឧត្ដុង្គវិញ ទាំងក្ដីអស់សង្ឃឹម ។ ក៏ប៉ុន្ដែបឌិនបានប្ដេជ្ញានៅតតាំង ហើយបានចាត់ឱ្យគេសង់របាំងការពារនៅទន្លេធំ លើដៃទន្លេចូវដុក និងដៃទន្លេតូចៗ១០កន្លែងទៀត សម្រាប់ទប់បង្អាក់ដំណើររុលទៅមុខរបស់ពួកអាណ្ណាម ថ្វីបើរបាំងខ្លះតូចក៏ដោយ ។
- ទ័ពសត្រូវទាំងសងខាងបានបោះទីតាំងនៅលើទឹកដីដែលគេដណ្ដើមយកបាន ហើយលួចចេញវាយគ្នាមួយដងមួយកាល ជួនកាលនៅពេលយប់ ធ្វើឱ្យមានការខូចខាតហិនហោចជាខ្លាំង ។ សៀម និងអាណ្ណាមច្បាំងគ្នានៅលើទឹកដីកម្ពុជា ម្ល៉ោះហើយគេមិនប្រញាប់ប្រញាល់នឹងដណ្ដើមយកជ័យជម្នះពីគ្នាទៅវិញ ទៅមកទេ ។ ម្នាក់ៗគិតតែដណ្ដើមយកអាណាខែត្រកម្ពុជាមួយចំនួនដាក់ចូលទៅក្នុង ទឹកដីរបស់ខ្លួន បែងទឹកដីខ្មែរចែកគ្នា ម្ល៉ោះហើយខិតខំធ្វើម៉េចកាន់កាប់ទឹកដីឱ្យបានច្រើន តាមតែអាចធ្វើទៅបាន ។ អ្នកទាំង២មានកង្វល់តែមួយដូចគ្នា គឺកាន់កាប់ភ្នំពេញចតុម្មុខឱ្យបានព្រោះជាបេះដូង និងជាចំណុចយុទ្ធសាស្ដ្ររបស់ប្រទេស ។ បើសិនជាមិនគិតពីចតុម្មុខនេះទេ គេប្រហែលជាបានចុះសន្ធិសញ្ញាសន្ដិភាពរួចបាត់ទៅហើយ ហើយកម្ពុជាទាំងមូលក៏នឹងត្រូវបែងចែករវាងសៀម និងអាណ្ណាមអស់ទៅហើយដែរ ។
- ដូច្នេះភ្នំពេញដែល២០ឆ្នាំក្រោយមកជារាជធានីរបស់កម្ពុជាក្រោមកិច្ចការពាររបស់បារាំងគឺជាឧបសគ្គមួយដែលបើដើរជំពប់ទៅនឹងមានកើត សង្គ្រាម ឬមួយសន្ដិភាព ។ ទ័ពអាណ្ណាមយល់អំពីបញ្ហានេះច្បាស់ណាស់ ក៏ប៉ុន្ដែដោយប្រជាជនទូទាំងប្រទេសបានងើបប្រឆាំងហើយ ហើយរដ្ឋាភិបាលអាចនឹងត្រូវគេដណ្ដើមយក អុងទួងគុន បានសម្រេចចិត្ដដកស្នាក់ការពីភ្នំពេញទៅដាក់នៅឯចូវដុក វិញ ។ ចៅឃុនបឌិនបានឱកាសក៏ចូលមកកាន់កាប់រាជធានីដែលអាណ្ណាមបោះបង់ចោល រួចបានបញ្ជាឱ្យគេសង់វាំងមួយនៅកំពង់វៀងភ័ក្ដ្រ ត្រង់កន្លែងដែលមានសាលាឃុំ តាំងពីឆ្នាំ១៨៨៥មក សព្វថ្ងៃជាទីតាំងរោងចក្រទឹកកកនៅខាងជើងវត្ដឧណ្ណាលោម ។
- ពេលនោះពួកអាណ្ណាមបានដោះលែងព្រះអង្គឯមឱ្យមានសេរីភាព និងចាត់ទុកព្រះអង្គជាស្ដេចមួយអង្គឡើងវិញ ហើយនាំព្រះអង្គមកភ្នំពេញ រួចនាំទៅចូវដុកជាមួយនៅពេលដែលពួកគេដកថយទៅ ក្នុងក្ដីសង្ឃឹមថា នឹងឱ្យព្រះអង្គប្រឆាំងនឹងព្រះអង្គឌួងដែលរាស្ដ្រស្រលាញ់ចូលចិត្ដ និងឱ្យព្រះអង្គ និងអ្នកដែលគាំទ្រព្រះអង្គបន្ដធ្វើសង្គ្រាមជាមួយនឹងសៀមតទៅទៀត ។ ដើម្បីលាក់បាំងគោលបំណងអាក្រក់របស់ខ្លួនកុំឱ្យប្រជាជនមើលឃើញ ពួកអាណ្ណាមបានរៀបអាពាហ៍ពិពាហ៍ព្រះឧបរាជអង្គឯមជាមួយអ្នកអង្គពៅ ដែលគេបានលើកឱ្យធ្វើជាឧបរាជដែរ រួចហើយរៀបអាពាហ៍ពិពាហ៍អ្នកអង្គម្ចាស់អង្គភឹម បុត្រារបស់ព្រះអង្គឯម ជាមួយព្រះក្សត្រីអង្គស្ងួន ដែលក្រោយមកបានក្លាយទៅជាមហេសីមួយអង្គរបស់ព្រះអង្គឌួង ក្រោយពីព្រះអង្គភឹមសុគតទៅ ។ ការរៀបចំទុកដាក់នេះល្អណាស់ ក៏ប៉ុន្ដែមិនបានប៉ុន្មានផង ព្រះឧបរាជអង្គឯម (79) ដែលប្រជាជនមិនដែលចូលចិត្ដបន្ដិចណាសោះ តាំងតែពីយូរណាស់មកហើយបានសុគតទៅនៅក្នុងឆ្នាំ១៨១៣ ហើយអ្វីៗក៏ត្រូវបញ្ចប់ទៅដែរទុកឱ្យព្រះអង្គឌួងនៅទាមទារព្រះរាជ បល្ល័ង្កតែមួយព្រះអង្គឯង ។
- អត់ពីព្រះអង្គឯមទៅ ពួកអាណ្ណាមគិតថាត្រូវតែបង្ខំសភាពការណ៍ឱ្យបានឆាប់រហ័ស បើពុំនោះទេត្រូវធ្វើការចរចា ។ ពួកគេចាប់វាយបន្ទាយពាមមានជ័យ (បាណាម) (80) ដណ្ដើមយកបាននៅក្នុងខែសីហា រួចហើយបានឡើងតាមទន្លេតូចមកវាយទៅលើបន្ទាយដែក ដែលព្រះរាជាកំពុងតែគង់នៅដោយគ្មានដឹងថា ពាមមានជ័យត្រូវអាណ្ណាមដណ្ដើមយកបានទៅវិញទេ ។ ប្រយុទ្ធគ្នាអស់ពេល៣ថ្ងៃ ព្រះរាជាបានវាយដកថយជាមួយចៅឃុនបឌិនទៅភ្នំពេញវិញ ជាមួយនឹងទ័ពសៀមដែលសេសសល់ រួចគេចបន្ដទៅកាន់ឧត្ដុង្គ ដោយបោះបង់ចោលទឹកដីមួយចំណែកធំ រួមទាំងចតុម្មុខផង ឱ្យទៅសត្រូវ ។
- ឧត្ដុង្គត្រូវបានរៀបចំកំផែងការពារ ក៏ប៉ុន្ដែគេហាក់ដូចជាអស់សង្ឃឹមថានឹងអាចឈ្នះបានទៀតហើយ ណាមួយចៅឃុនបឌិន ដែលធ្លាប់តែមានឈ្មោះល្បីល្បាញដោយសារតែធ្លាប់ដុតបំផ្លាញរាជធានី វៀងចន្ទខ្ទេចខ្ទី ក៏លែងមានទំនុកចិត្ដលើអ្វីៗទៀតដែរ ។ ជាថ្មីម្ដងទៀតនេះ ប្រជាជនលែងមានសង្ឃឹមលើនរណាម្នាក់ទៀតហើយ ស្រាប់តែលេចដំណឹងថាទ័ពរប៉ាត់រប៉ាយដែលដឹកនាំដោយពួកអ្នកស្រុក ដណ្ដើមបានជ័យជម្នះទៅលើទ័ពអាណ្ណាមមួយកងធំនៅជិតលង្វែក ដោយសម្លាប់មេទ័ពសត្រូវបាន ហើយធ្វើឱ្យទ័ពសត្រូវនេះបាក់បែកខ្ចាត់ខ្ចាយ ។ មេទ័ពសត្រូវម្នាក់ទៀតត្រូវចាប់បាន ឯទ័ពដែលរត់ខ្ចាត់ខ្ចាយនោះត្រូវអ្នកស្រុកនាំគ្នាដេញចាប់កាប់ សម្លាប់យ៉ាងរង្គាល ។
- ពេលនោះបរិយាកាសសប្បាយរីករាយកើតមានពាសពេញព្រះរាជាណាចក្រ អ្នកដែលបាក់ស្មារតីក៏ចាប់មានសេចក្ដីក្លាហានឡើងវិញ ។ គេនាំគ្នាចាប់កាន់អាវុធម្ដងទៀត ហើយនៅទីណាដែលគេប្រទះឃើញកងទ័ពអាណ្ណាមកំពុងតែរត់បែកខ្ញែក ប្រជាជនក៏ប្រមូលគ្នាលើកនរណាម្នាក់ឱ្យធ្វើជាមេ រួចតាមវាយពួកអាណ្ណាមដោយឥតញញើតដៃ ។ ក៏ប៉ុន្ដែក្នុងចំណោមមេទ័ពដែលប្រជាជនបានលើកឱ្យធ្វើជាមេ ដោយមិនបានព្រាងទុកជាមុននេះ មានខ្លះជាមេចោរ ដែលបានជ្រើសរើសគ្នីគ្នាគេក្នុងបំណងធ្វើការឆក់ប្លន់ផងដែរ ។ ព្រះអង្គឌួងបានចេញបញ្ជាឱ្យចាប់មេទ័ពបែបនេះ២នាក់ ដែលមិនព្រមចូលខ្លួនមកបង្ហាញមុខនៅក្នុងព្រះបរមរាជវាំង ម្នាក់មានរហ្សនាមថា ចក្រីនង ម្នាក់ទៀតគេហៅថា ក្រឡាហោមមួក ។ ព្រះអង្គបានកាត់ទោសឱ្យគេសម្លាប់ចក្រីនងចោលទៅ ក៏ប៉ុន្ដែទ្រង់បានលើកលែងទោសឱ្យក្រឡាហោមមួក ហើយបានចាត់តាំងឱ្យទៅនៅការពារខែត្របាភ្នំ និងបន្ទាយពាមក្បាល (១៨៤៤) ។ រួចហើយព្រះរាជាបានយាងត្រលប់ចូលមកភ្នំពេញវិញ ។
- នៅក្នុងឆ្នាំបន្ទាប់ ព្រះអង្គឌួងបានទទួលដំណឹងថាមន្ដ្រីរបស់ព្រះអង្គម្នាក់គឺចក្រី ម៉ី (ឬមឿន) បានដឹកនាំចលនាក្បត់មួយប្រឆាំងនឹងព្រះអង្គ ។ ទ្រង់បានចេញព្រះរាជបញ្ជាឱ្យចាប់មេក្បត់ធំៗ៧នាក់សម្លាប់ចោល អ្នកឯទៀតៗដែលនាំគ្នារត់គេចភៀសខ្លួនទៅចូវដុកទៅជ្រកកោនជាមួយពួក អាណ្ណាមហើយទ្រង់បានឱ្យរឹបអូសយកទ្រព្យសម្បត្ដិទាំងអស់ ។
- ក្នុងរយៈពេលដែលអាណ្ណាមត្រួតត្រាកម្ពុជាជាង ៧ ឆ្នាំនេះ គេបានសង់បន្ទាយរឹងមាំ ប៉មច្រើនជាង៥០កន្លែង គឺមានតាំងពីសម្បូររហូតដល់កូសាំងស៊ីន ពីស្រែអំបិលកំពង់សោមដែលគេបានសង់ប៉មមួយនៅលើភ្នំវត្ដផុង រហូតទៅដល់ហាទៀង ដោយកាត់តាមកំពតដែលសព្វថ្ងៃមានសេសសល់បង្គោលទូរគមនាគមន៍មួយ និងស្លាកែត នៅតាមផ្លូវទៅហាទៀង ដែលគេអាចមើលឃើញលេណដ្ឋានមួយនៅឡើយ ។ បន្ទាយទាំងអស់នេះសុទ្ធតែត្រូវពួកអ្នកស្រុកវាយទៅលើ ធ្វើឱ្យទ័ពអាណ្ណាមដែលនៅខាងក្នុងភ័យញាប់ញ័ររត់គេចចេញអស់ ។
- ពេលនោះព្រះអង្គឌួង និងចៅឃុនបឌិន ដោយពិនិត្យឃើញថាគ្មានអ្វីនឹងបន្ដធ្វើសង្គ្រាមតទៅទៀតហើយ ដោយទ្រង់បាក់ទឹកចិត្ដអស់កម្លាំងផង ក៏បានស្នើសុំចរចាសន្ដិភាពជាមួយអាណ្ណាម ដែលមានអគ្គបញ្ជាការដ្ឋាននៅកំពង់ហ្លួង ។ មេទ័ពអាណ្ណាមមិនព្រមទទួលសំបុត្រដែលផ្ញើទៅឱ្យទេហើយបានដឹកនាំ ទ័ពធ្វើដំណើរមកកាន់ឧត្ដុង្គ ។ ទ័ពខ្មែរ និងសៀមពេលនោះ បានពង្រឹងការទប់ទល់យ៉ាងស្វិតស្វាញ រហូតទាល់តែអាចបំផ្លាញរាល់ការវាយប្រហាររបស់ពួកអាណ្ណាមបាន ។ នៅពេលវាយប្រហារទៅពិនិត្យឃើញថាមិនអាចដណ្ដើមយកជ័យជម្នះលើពួក ខ្មែរដែលមានថាមពល និងយុទ្ធវិធីខ្ពង់ខ្ពស់បាន ពួកអាណ្ណាមដែលទើបតែប្រកែកមិនយល់ព្រមចរចាសន្ដិភាពបានចាប់ផ្ដើម ស្នើសុំចរចាខ្លួនឯងម្ដង ។ ព្រះរាជាអង្គឌួង និងចៅឃុនបឌិនបានបញ្ជូនសារលិខិតរបស់អាណ្ណាមទៅវិញ ដោយមិនមានឆ្លើយតបទេ ។ មេទ័ពអាណ្ណាមបានទទូចសុំចរចាទៀត ។ ព្រះអង្គឌួងបានឆ្លើយតបថា ព្រះអង្គនឹងជឿថាអាណ្ណាមមានបំណងចង់ចរចាពិតប្រាកដមែន តែលុះណាអាណ្ណាមយល់ព្រមបញ្ជូនព្រះរាជវង្សានុវង្សទាំងអស់ ព្រមទាំងនាម៉ឺនមន្ដ្រីហើយនិងប្រជាជនខ្មែរណាដែលអាណ្ណាមចាប់ទុកនៅ សាយហ្គន ឬនៅឯរាជធានីវ៉េ ត្រឡប់មកវិញ ។ ក៏ប៉ុន្ដែមេទ័ពអាណ្ណាមបានទូលតបមកព្រះអង្គថា ខ្លួនគ្មានអំណាចអ្វីគ្រប់គ្រាន់នឹងសម្រេចលើកិច្ចការទាំងអស់នោះ បានទេ ខ្លួនគ្រាន់តែជាមេទ័ពម្នាក់ប៉ុណ្ណោះ ។ ព្រះរាជាបានយល់ព្រមធ្វើការចរចាសន្ធិសញ្ញាសន្ដិភាពជាមួយមេទ័ព អាណ្ណាម ហើយបានណាត់ជួបគ្នានៅក្នុងភូមិពពៃ បើសិនជាបន្ទាប់ពីនោះទៅស្ដេចអាណ្ណាមយល់ព្រមតាមសន្ធិសញ្ញានោះដែរ ។
- កិច្ចប្រជុំនោះបានប្រព្រឹត្ដទៅនៅក្នុងខែធ្នូ ឆ្នាំ១៨៤៥ ដោយមានការចូលរួមអំពីចៅឃុនបឌិន និងឧត្ដមសេនីយ៍អាណ្ណាមផង ។ ការចរចាបានឯកភាពគ្នាថា នឹងលើកព្រះអង្គឌួងឱ្យឡើងសោយរាជ្យជាព្រះរាជាកម្ពុជា ដោយមានការយល់ព្រមពីរដ្ឋាភិបាលសៀម និងអាណ្ណាមទាំងអស់គ្នា រួចហើយអាណ្ណាមនឹងបញ្ជូនព្រះរាជវង្សានុវង្សខ្មែរ ដែលគេបានឃាត់ទុកឱ្យវិលត្រលប់មកវិញ ជាថ្នូរនឹងឈ្លើយសឹកអាណ្ណាមទាំងនាយទាហាន និងកូនទាហាន ដែលខ្មែរចាប់បាន ។ រួចហើយគេក៏បំបែកគ្នាទៅ ។
- ប៉ុន្មានសប្ដាហ៍ក្រោយមក សន្ធិសញ្ញានេះបានទទួលសច្ចាប័នពីរដ្ឋាភិបាលសៀម និងអាណ្ណាម ហើយគេបានធ្វើការផ្លាស់ប្ដូរឈ្លើយសឹកគ្នាទៅវិញទៅមកនៅក្នុងខែ មិថុនា ឆ្នាំ១៨៤៦ ។ អាណ្ណាមបានបង្វិលព្រះខ័នរាជ្យមកភ្នំពេញថ្វាយទៅព្រះអង្គឌួង ដែលបានយកទៅរក្សាទុកនៅក្នុងដំណាក់ពិសេសមួយនៅឧត្ដុង្គ ។
- សិលាចារឹកមួយនៅក្នុងវត្ដបារាយណ៍បាននិយាយថា «ព្រះបាទអង្គឌួងមិនបានដេញតាមកម្ចាត់កម្ចាយសត្រូវរបស់ព្រះអង្គ ឱ្យរលត់រលាយទាំងអស់ទេ ហើយក៏មិនយកគុណធម៌អំណាចវិទ្យាសាស្ដ្រ និងភាពល្អឥតខ្ចោះរបស់ព្រះអង្គមកគ្របសង្កត់លើពួកនេះដែរ» ។ ព្រះអង្គបានទទួលព្រះរាជាភិសេកនៅចុងឆ្នាំ១៨៤៧ នៅចំពោះមុខតំណាងម្នាក់ពីរាជវាំងវ៉េ គឺអុងខាំម៉ាង និងតំណាង២នាក់របស់ស្ដេចសៀម គឺចៅភ្យាពេជ្រពិជ័យ និងបារគូម្នាក់មកពីបាងកក ។
- មានចំណុចមួយចំនួនដែលគួរតែលើកយកមកនិយាយដើម្បីឱ្យឃើញនូវ រហស្សូបាយដែលនគរទាំងពីរបានប្រើសម្រាប់ព្រឹត្ដិការណ៍ដ៏ឱឡារិកនេះ ដែរ ។ ស្ដេចអាណ្ណាមបានផ្ញើជាជំនូនសម្រាប់ការលើកឱ្យសោយរាជ្យនេះនូវ ត្រារាង៤ជ្រុងមួយធ្វើអំពីមាស និងព្រះឋានៈថា កាវមេនក្វួកវឿង (មានន័យថាព្រះរាជាកម្ពុជា) ។ ស្ដេចសៀមបានបញ្ជូនមកឱ្យវិញនូវគ្រឿងឥស្សរិយយសសម្រាប់រាជបល្ល័ង្ក កម្ពុជាដែលគេបានយកទៅបាងកកកាលពីមុន រួចហើយបានសុំឱ្យព្រះអង្គឌួងអនុម័តយល់ព្រមតាមរយៈសន្ធិសញ្ញា សម្ងាត់មួយដែលចៅហ្វាយខែត្រកំពង់ស្វាយបានថ្វាយ គឺប្រគល់ទឹកដីម្លូព្រៃ ទន្លេរពៅ និងទឹកដីឯទៀតៗដែលខ្មែរបានយកតាំងតែពី៣០ឆ្នាំមុនមកម្ល៉េះ ។ ព្រះរាជាបានមានព្រះបន្ទូលថា «យើងមិនយល់ព្រមប្រគល់ដីសូម្បីតែបន្ដិចទៅឱ្យពួកសៀមទេ ។ ក៏ប៉ុន្ដែដោយពួកគេខ្លាំងជាង ឱ្យគេរក្សាទុកដីដែលគេបានយករួចទៅហើយមួយរយៈទៀតសិនចុះ»។ ចៅហ្វាយខែត្រកំពង់ស្វាយបាននាំពាក្យទៅប្រាប់ស្ដេចសៀមវិញ ហើយបានចេញលិខិតមួយច្បាប់ ចុះហត្ថលេខា និងបោះត្រាខ្លួនឯងបញ្ជាក់ថាបានយល់ព្រមប្រគល់ដីដែលសៀមស្នើសុំ ក្នុងនាមព្រះរាជាកម្ពុជា ។ ខែត្រទាំង២នេះ ស្ដេចសៀមបានយល់ព្រមបង្វិលមកឱ្យបារាំងតាមរយៈសន្ធិសញ្ញារវាង រដ្ឋាភិបាលបារាំង និងសៀមឆ្នាំ១៩០៤ រួចហើយបានដាក់បញ្ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាវិញនៅក្នុង ឆ្នាំបន្ទាប់ ។
- នៅទីបញ្ចប់ សង្គ្រាមអស់រយៈពេល៨ឆ្នាំដែលធ្វើឱ្យប្រជារាស្ដ្ររងទុក្ខខ្លោចផ្សា ជាខ្លាំង បានធ្វើឱ្យសៀមទទួលបានត្រលប់មកវិញនូវសិទ្ធិអធិរាជភាពមកលើ កម្ពុជាដែលគេបានបាត់បង់ទៅកាលពីឆ្នាំ១៨៣៣ និងបានធ្វើឱ្យកម្ពុជាដែលមានអធិរាជត្រួតត្រាតែមួយអស់ពេល ប៉ុន្មានឆ្នាំមកហើយ ហើយស្ទើរតែត្រូវអាណ្ណាមស្រូបយកបាត់ទៅ ត្រលប់មកមានអធិរាជត្រួតត្រា២សាជាថ្មីឡើងវិញ ដូចដែលមានកាលពីមុនកាលបរិច្ឆេទនេះ (81) ។
- ក្រោយពីមានសន្ធិសញ្ញាសន្ដិភាពរួចហើយ គេបានវាយកម្ទេចកំពែងការពារភ្នំពេញចោល ចំណែកដុំឥដ្ឋ និងសម្ភារផ្សេងៗដែលសេសសល់ពីកំពែងនេះ ត្រូវបានយកទៅធ្វើការសាងសង់នៅឧត្ដុង្គ រួមមានវត្ដវាំងចាស់ ព្រះពុទ្ធនិព្វាន ព្រះវិហារសមណៈ ប្រាង្គក្រាំងពន្លៃ សាលាគោ ជាដើម ។ គេបាននាំគ្នាលើកព្រះពុទ្ធរូប ដែលពួកអាណ្ណាមបានរុញផ្ដួលទៅដី និងតុបតែងលម្អឡើងវិញ ។ ព្រះរាជាបានចេញព្រះរាជបញ្ជាឱ្យគេសាងសង់ព្រះរាជវាំងមួយថ្វាយព្រះអង្គនៅឧត្ដុង្គ ។ គឺចាប់ពីមានសន្ធិសញ្ញានោះឯង ដែលប្រជាជនកម្ពុជាចាប់ផ្ដើមធ្វើដំណើរចាកចេញពីបណ្ដាអាណាខែត្រនៅ កូសាំងស៊ីនដែលពួកយួនបានដណ្ដើមយកពីមុនដោយបោះបង់ដីស្រែចម្ការទុក ឱ្យពួកអាណ្ណាមពីព្រោះពួកនេះ ចេះតែចាក់រុករករឿងឈ្លោះ យប់ឡើងចេញដើរលួចឆក់ បង្កការលំបាកមិនឱ្យខ្មែររស់នៅបានសុខស្រួល ។ គ្មានយុត្ដិធម៌ចំពោះម្ចាស់ដីទេ ៖ តុលាការទទួលស្គាល់រាល់ការបំពានដណ្ដើមយកដីដោយជនអាណ្ណាមម្នាក់ កាលណាជននោះបង្ហាញឱ្យឃើញថាគេជាអ្នកសាបព្រោះលើដីនៅពេលចុង ក្រោយនេះ ដោយមិនគិតទេថាតើគេបានជួលដីនោះ ឬមួយក៏គេបានលួចសាបព្រោះមិនឱ្យម្ចាស់ដឹង បើទោះជាថាម្ចាស់ដីជាខ្មែរនោះបានភ្ជួរដីរួចហើយ យួនមកលួចសាបក៏ដោយ ។ ដីដែលគេទុកទំនេរកាលបើមានជនអាណ្ណាមណាម្នាក់មកកាន់កាប់ តុលាការសម្រេចថាម្ចាស់ដើមបានបោះបង់ចោលហើយ ។ ភាពអយុត្ដិធម៌នេះបានបណ្ដាលឱ្យមានការសងសឹកគួរឱ្យភ័យខ្លាចកើត មានឡើង ។ មានការលួចដុត ការកាប់សម្លាប់ ការកាយភ្លឺស្រែទម្លាយ ការលែងសត្វពាហណៈឱ្យស៊ីបំផ្លាញភោគផលជាដើម ដែលបន្ទាប់មកបានត្រូវចៅក្រមអាណ្ណាមដាក់ទណ្ឌកម្មជាទម្ងន់ ។ បើសិនជាគេរកជនប្រព្រឹត្ដល្មើសមិនឃើញទេ គេប្រគល់ឱ្យភូមិទាំងមូលទទួលខុសត្រូវ ។ គេចាប់មេភូមិចាប់ចាស់ទុំ និងកសិករសាមញ្ញឱ្យសងសំណងយ៉ាងធ្ងន់ធ្ងរ ឬវាយនឹងដំបងផ្ដៅសួរចម្លើយរហូតដល់ស្លាប់ ។ ជួនកាលទៀតមានកើតជាការប្រយុទ្ធរវាងពួកយួនជាមួយពួកខ្មែរទាំង ហ្វូងៗ ជាហេតុធ្វើឱ្យខ្មែរមិនអាចទ្រាំបាន ក៏នាំគ្នារត់បោះបង់ដីចោលទុកឱ្យយួន ហើយមករកជ្រកកោននៅឯកម្ពុជាវិញ ។ ពួកអាណ្ណាមបានប្ដូរឈ្មោះភូមិស្រុកដែលពួកគេបានមកតាំងនៅ រហូតទាល់តែគេភ្លេចឈ្មោះដើមជាខ្មែររបស់ភូមិស្រុកនោះអស់ ។ បើសិនជាឈ្មោះនោះមានអត្ថន័យអាចឱ្យគេបកប្រែបាន គេនឹងបកប្រែឈ្មោះ កម្ពុជានោះ ជាហេតុធ្វើឱ្យបាត់ឈ្មោះនោះរហូតតែម្ដង ។
- ខែត្រព្រៃនគរគេដូរឈ្មោះទៅជាខែត្រយ៉ាឌិញ ។ កំពាបស្រកាត្រីដូរទៅជា បៀនវ៉ា បារិយា ទៅជា បារាជ (82) ផ្សារដែកទៅជា អានយ៉ាងរួចជាសាដែក ពោធិលើទៅជាបាក់លីវ ទឹកខ្មៅទៅជាកាម៉ៅ បាយឆៅ ទៅជាបាយសាវ ពាមមានជ័យ ទៅជា មីថាង ស្រុកទ្រាំង ទៅជា សុកត្រាង ពាមមេសែន ទៅជា ដុងណាយ ង៉ាយ ក្រមួនស ទៅជា រ៉ាជយ៉ា ព្រែកឫស្សីទៅជា កាន់ថឺ អូរមរ ទៅជា អូម៉ូន នៅក្នុងខែត្រកាន់ថឺ កំពូលមាស ទៅជា ប៊ិញធុយ មាត់ជ្រូក ទៅជា ចូវដុក ហើយភ្នំស្វាម ទៅជា នូយសាម បារាជ ទៅជា ឡុងស្វៀង ឯភ្នំបាធី ទៅជា នូយបាធី ។ ខែត្រមួញខាំទៅជាហាទៀង ហើយពាមដែលគេហៅថា មួញខាំដែរក៏ទៅជាហាទៀងដែរ ។ ព្រះត្រពាំងទៅជាត្រាវិញ កំពង់ឫស្សីទៅជា បេនត្រែ លង់ហោទៅជាវិញឡុង មេសរទៅជាមីថ កោះកុង ទៅជាហ្គូកុង កំពង់គោទៅជាទ្រឿងអាញ់ សព្វថ្ងៃគឺតាន់អាន បានលិចទៅជាបេនលុក រោងដំរីទៅជាតៃនិញ ឯភ្នំរោងដំរីដែលគេហៅពីមុនថាភ្នំជើងមេដែងទៅជាភ្នំតៃនិញ កោះត្រឡាចទៅជាកោះពូឡូកុងឌ័រ កោះត្រល់ ទៅជាភូគ្វួក ភ្នំយួកទៅជានូយកាវុយ ពាមជើងកញ្ជើទៅជាកាន់យ៉ើ (ជ្រោយសាំងហ្សាក់),ឈើទាលមួយដើម ទៅជាធូដូម៉ូត បន្ទាយជីឫស្សីទៅជាហុងង្វៀង កំពង់កោះក្របីទៅជាបេនងែ (សាយហ្គន) ផ្សារធំទៅជា ចឺឡឺង តាមពាក្យចិនដែលមានន័យដូចគ្នាដែរ កង្វារដាក់ពាង ទៅជា បៀនវ៉ា ដូងណាយ ទៅជា តុងថាញ់ និងដុងណាយ កនកាវ ទៅជា បាថាក់ គឺជាស្រុកមួយនៅលើត្រើយទន្លេមេគង្គខាងលិច ។
- នៅពេលនោះ ពួកអាណ្ណាមក៏ដូចជាពួកសៀម មិនបានបោះបង់ចោលគំនិតដែលចង់បានទឹកដីកម្ពុជាទេ ក៏ប៉ុន្ដែព្រះបាទអង្គឌួង ដែលប្រកបទៅដោយប្រាជ្ញាឈ្លាសវៃ បានព្យាយាមធ្វើយ៉ាងណាមិនឱ្យពួកនោះមានឱកាសល្អឡើយ ។ ព្រះអង្គមានព្រះទ័យបារម្ភនឹងពួកសៀមតិចជាងពួកអាណ្ណាម ព្រោះទ្រង់ធ្លាប់បានស្គាល់ចិត្ដសាស្ដ្រ និងគម្រោងការរបស់សៀមរួចមកហើយ ឯពួកអាណ្ណាមវិញទ្រង់មិនទាន់យល់អំពីការគិតគូររបស់គេនៅឡើយ ម្ល៉ោះហើយទ្រង់បានខិតខំថ្លឹងថ្លែងអធិរាជទាំង២ ធ្វើយ៉ាងណាមិនឱ្យមានលម្អៀងនឹងគ្នាទេ ។ ពួកអាណ្ណាមបានចាត់គ្នីគ្នាគេឱ្យតាមដានព្រះអង្គជាប់ ព្រោះគេយល់ច្បាស់ណាស់ថា នៅកម្ពុជាបើគេមិនស្រលាញ់សៀមទេ គេក៏ស្អប់អាណ្ណាមណាស់ដែរ ។
- នៅក្នុងឆ្នាំ១៨៤៨ ព្រះរាជាបានបញ្ជូនអ្នកអង្គម្ចាស់ច្រឡឹង (83) និងអង្គភឹម (84) ដែលទើបតែកោរជុករួចកាលពីឆ្នាំមុន ហើយបានសាងផ្នួសប៉ុន្មានខែនៅក្នុងវត្ដក្រាំងពន្លៃទៅកាន់បាងកក ។ ហេតុការណ៍នេះបានធ្វើឱ្យស្ដេចអាណ្ណាមខឹងជាខ្លាំង ។ កំហឹងនេះបានស្ដែងចេញឱ្យគេឃើញតាមរយៈការលំបាកដែលពួកអាណ្ណាមបាន បង្កឡើងចំពោះទូកខ្មែរ នៅពេលធ្វើដំណើរចុះឡើងតាមទន្លេ ចេញចូលកម្ពុជា ដែលត្រូវឆ្លងកាត់គយ និងការត្រួតពិនិត្យពីមន្ដ្រីអាណ្ណាមច្រើនអន្លើ ហើយក៏មានការលំបាកដែលបង្កឡើងដោយពួកពាណិជ្ជករអាណ្ណាមផងដែរ ។ នេះសឱ្យឃើញនូវឆន្ទៈរបស់ស្ដេចអាណ្ណាម ដែលចង់បិទខ្មែរមិនឱ្យចេញទៅសមុទ្ររួច ហើយធ្វើឱ្យកម្ពុជាទៅជាឯកោពីពិភពលោក ។
- ព្រះបាទអង្គឌួងទ្រង់គោរពបូជាសាសនាណាស់ ហើយមានចំណេះដឹងខ្ពង់ខ្ពស់លើសគេឯងនៅក្នុងព្រះរាជាណាចក្រ ។ ទ្រង់មានសុភនិច្ឆ័យល្អ ហើយជាមិត្ដរបស់កវីបណ្ឌិតទាំងឡាយ ។ ព្រះអង្គមានគំនិតរីកចម្រើន ហើយមានគម្រោងការល្អៗ ក៏ប៉ុន្ដែព្រះរាជាណាចក្រពេលនោះចុះក្រខ្លាំងពេកណាស់ទៅហើយ ប្រជាជនក៏នៅសេសសល់តិចតួច មិនអាចឱ្យទ្រង់ធ្វើអ្វីកើតក្រៅតែអំពីស្រោចស្រង់សេវកាមាត្យជា ព្រះរាជបរិពារ ព្រះរាជវាំង និងព្រះរាជវង្សានុវង្សឱ្យនៅស្ថិតស្ថេរតទៅប៉ុណ្ណោះ ។ អ្នកដែលនៅបម្រើព្រះអង្គតាំងពីស្រីស្នំក្រមការរហូតដល់អ្នកអង្គ ម្ចាស់ក្សត្រី និងមហាក្សត្រីផង ទទួលបាននូវរង្វាន់ និងប្រាក់បៀវត្សយ៉ាងតិចតួចបំផុត ។ នៅពេលដែលព្រះវររាជមាតាសុគតទៅ ប្រាក់កាសដែលព្រះអង្គបានសន្សំសំចៃ មាននៅសល់ត្រឹមតែប្រាក់៦ណែន ស្មើនឹង៤៨០ហ្វ្រង់ (សព្វថ្ងៃគឺនៅតែ ២៣៥ហ្វ្រង់) ប៉ុណ្ណោះ ។
- ព្រះរាជាបានប្រគល់ភារកិច្ចទារយកភាស៊ីទៅឱ្យពួកចិនដែលតែងតែ កេងកិប ក៏ប៉ុន្ដែមិនសូវជាសង្កត់សង្កិនប្រជារាស្ដ្រណាស់ណាទេ ។ ប្រាកដណាស់ថា ប្រជារាស្ដ្រក្រជាងពួកមេភាស៊ីទាំងនោះ ។
- ពាណិជ្ជកម្មប្រព្រឹត្ដទៅតែតាមការដោះដូរ ។ ពួកចិនយកទំនិញពីស្រុកចិន ឬពីសិង្ហបុរី មកដូរយកស្រូវ ឬស្បែកសត្វ ស្នែង ម្រ័ក្សណ៍ និងផលិតផលព្រៃឈើផ្សេងទៀត ហើយចំណេញ៥ដង ។ មនុស្សជាច្រើនបានស្លាប់ទៅដោយមិនដែលមានប្រាក់មួយកាក់សោះក្នុង ហោប៉ៅ ធ្លាប់ស្គាល់តែប្រាក់កាក់ធ្វើពីស័ង្កសី (85) ដែលគេបោះនៅអាណ្ណាម មានរន្ធ៤ជ្រុងនៅកណ្ដាល និងមានអក្សរចិននៅពីលើ ។ មាសដែលមានតែបន្ដិចបន្ដួច គេយកទៅធ្វើជាគ្រឿងអលង្ការសម្រាប់ពួកមន្ដ្រី និងភរិយា និងធ្វើប្រអប់ស្លាដែលជាសញ្ញាបញ្ជាក់អំពីអំណាចអស់ទៅហើយ ។ គេលែងយកសន្លឹកមាសដែលពួកចិនកិនឱ្យសំប៉ែតរួចកាត់ជារាងការ៉េ មានជ្រុងប្រវែងប្រហែល៣សង់ទីម៉ែត្រ ហើយលក់ថ្លៃណាស់មកស្រោបព្រះពុទ្ធបដិមាទៀតហើយ ។ កាលពីមុនគេធ្លាប់ឃើញមន្ដ្រីធំម្នាក់ ឬស្ដ្រីដែលគោរពបូជាព្រះពុទ្ធសាសនា ចំណាយថវិកាផ្ទាល់ខ្លួនទិញមាសសន្លឹកនោះយកមកស្រោបព្រះពុទ្ធបដិមា ធំៗ ។ ឥឡូវនេះគ្មានអ្នកណាមានសមត្ថភាពធ្វើដូច្នេះបានទេលើកលែងតែ ព្រះរាជា ។ អ្នកដែលគោរពបូជាព្រះពុទ្ធសាសនាខ្លាំង គេអាចធ្វើបានត្រឹមតែយកសន្លឹកមាសតូចៗមកស្រោបពីលើទ្រូងព្រះ ពុទ្ធរូប ហើយដល់យូរៗទៅទើបព្រះពុទ្ធរូបនោះអាចត្រូវបានស្រោបជុំជិត ដោយមានអ្នកឯទៀតៗ ចេះតែយកសន្លឹកមាសមកស្រោបតៗគ្នា ។ កម្ពុជាលែងជាប្រទេសមួយសម្បូរសប្បាយ មានកេរ្ដិ៍ឈ្មោះល្បីសុះសាយរហូតទៅដល់ស្រុកចិនដូចពីមុនទៀតហើយ ។ សង្គ្រាមជាមួយបរទេស ជាពិសេស គឺសង្គ្រាមរវាងគ្នាឯងនឹងគ្នាឯង បានធ្វើឱ្យប្រទេសហិនហោចទៅៗ ៖ គេបាននាំយកភោគផលទាំងអស់របស់កម្ពុជា យកមាសប្រាក់ទាំងអស់ ព្រមទាំងប្រជាជនផង ទៅកូសាំងស៊ីន ទៅស្រុកសៀម បន្សល់ទុកនៅតែអ្នកស្រុកស្គាំងស្គម ទីទ័លក្រនៅលើដីដែលខ្សោះអ្វីៗអស់ទៅហើយ អ្នកទាំងអស់នោះភ័យខ្លាចតែពួកសៀម ឬអាណ្ណាមលេចខ្លួនមកទៀត កាប់សម្លាប់ប្រជាជន រំលោភនារី មេម៉ាយ និងកុមារី (86) ដុតបំផ្លាញវត្ដអារាម ផ្ទះសម្បែង កាប់ដើមឈើស៊ីផ្លែ និងដើមត្នោតចោល រួចដុតភូមិទាំងមូល មុននឹងកៀរអ្នកស្រុកយកទៅជាឈ្លើយទាំងពាន់ៗនាក់ ។
- ព្រះបាទអង្គឌួងនៅពេលដែលអស់រតនសម្បត្ដិហើយនៅសល់តែពន្ធអាករ ដែលប្រមូលបានពីពួកខ្ញុំ ទ្រង់ស្ទើរតែមិនអាចស្ដារព្រះរាជាណាចក្រ និងប្រជារាស្ដ្រឱ្យងើបក្រោកឈរឡើងវិញបានទេ ។ ដោយពួកអាណ្ណាមដែលកាន់កាប់ទឹកដីកូសាំងស៊ីននៅលើទន្លេមេគង្គខាង ក្រោម កាត់ផ្ដាច់រារាំងមិនឱ្យកម្ពុជាធ្វើដំណើរចុះទៅសមុទ្របាន ទ្រង់ក៏សម្រេចព្រះរាជហឫទ័យបើកច្រកមួយចេញទៅខាងឈូងសមុទ្រសៀមវិញ ដើម្បីអាចដឹកផលិតផលដែលបានមកពីពន្ធអាករជាវត្ថុយកទៅក្រៅបាន ហើយរក្សាបាននូវទំនាក់ទំនងជាមួយពិភពលោក ។ ព្រះអង្គបានជ្រើសរើសយកកំពង់ផែកំពត រួចហើយទ្រង់បានឱ្យគេធ្វើសំពៅសមុទ្រធំមួយប្រគល់ឱ្យជនជាតិម៉ាឡេ ម្នាក់ ដែលជាអ្នកដើរសមុទ្រដ៏ពូកែ ស្គាល់សិង្ហបុរី ស្គាល់កំពង់ផែទាំងឡាយនៅទៀបកោះម៉ាឡាកា និងសៀមច្បាស់ ។ រួចហើយ ដើម្បីតភ្ជាប់កំពង់ផែនេះនឹងរាជធានីឧត្ដុង្គ ទ្រង់បានឱ្យគេសង់ផ្លូវវែងមួយចម្ងាយ១៤០គីឡូម៉ែត្រ មានស្ពានធ្វើអំពីឈើ និងសាលាសំណាក់សង់នៅក្បែរត្រពាំងមួយ និងដាក់បង្គោលគីឡូម៉ែត្ររួចទ្រង់ប្រគល់ឱ្យភូមិដែលនៅក្បែរៗ ផ្លូវនោះមើលថែរក្សាឱ្យបានល្អ និងឱ្យផ្លាស់វេនគ្នាយាមសាលាសំណាក់ដើម្បីបម្រើអ្នកធ្វើដំណើរ ។ ព្រះអង្គក៏បានចំណាយថវិកាឱ្យគេលើកដីសង់ផ្លូវពីរាជវាំងឧត្ដុង្គ មកកាន់កំពង់ហ្លួងផងដែរ ។ ក៏ប៉ុន្ដែគួរឱ្យស្ដាយណាស់ ពីព្រោះប្រភពធនធានរបស់ព្រះអង្គពេលនោះមានកំណត់ ។ នៅតាមបណ្ដាខែត្រជាច្រើនគេមិនដែលបានធ្វើកំណែនប្រជាជនឱ្យធ្វើ ពលកម្មដោយទៀងទាត់អស់ជាច្រើនឆ្នាំច្រើនសតវត្សមកហើយ ម្ល៉ោះហើយនៅពេលដែលមានកំណែនម្ដងៗ អ្នកស្រុកមិនចង់ចូលរួមទេ ហើយអាជ្ញាធរក៏មិនសូវហ៊ានបង្ខិតបង្ខំប៉ុន្មានដែរ ។ ការមិនចូលរួមរបស់ប្រជាជននេះបានធ្វើឱ្យរាំងស្ទះដល់គម្រោងការរបស់ ព្រះរាជា បង្ខំឱ្យទ្រង់កាត់បន្ថយគម្រោងផែនការសាងសង់ផ្លូវ ស្ពាន ដែលព្រះអង្គបានសន្យាថានឹងធ្វើដើម្បីទុកជាកេរ្ដិ៍ដំណែលជូន ប្រជាជនពេលអត់ពីព្រះអង្គទៅ ។ ដោយទ្រង់មិនអាចកសាងអ្វីបានដោយសារខ្វះថវិកា ព្រះអង្គក៏មិនអាចរៀបចំអំណាចរាជាធិបតេយ្យឡើងវិញបានដែរ ពីព្រោះថាកម្ពុជាពេលនោះបាក់បែកខ្ទេចខ្ទាំខ្លាំងណាស់ ព្រះអង្គបានបែរទៅធ្វើកំណែទម្រង់ផ្សេងៗវិញ ។ មុនដំបូងទ្រង់បានសើរើពិនិត្យច្បាប់ឡើងវិញ កែសម្រួលជាច្រើន ហើយបានចេញព្រះរាជក្រឹត្យបំពេញបន្ថែម ។ ព្រះអង្គបានបង្កើតសាលាឧទ្ធរណ៍តាំងពីឆ្នាំ១៨៤៧ ដែលព្រះអង្គបានយាងទៅចូលរួមផ្ទាល់ព្រះអង្គផង បើសិនជាចាំបាច់ ។ ទ្រង់បានទទួលការយល់ព្រមពីព្រះសង្ឃក្នុងការរៀបចំកម្មវិធីសិក្សា ឱ្យបានល្អប្រសើរជាងមុន ហើយវត្ដនីមួយៗមានសិស្សយ៉ាងច្រើនមកសិក្សា ។ ព្រះអង្គបានដកអ្នកល្ងង់ខ្លៅ និងអ្នកគ្មានសមត្ថភាពចេញពីកិច្ចការរាជការ ហើយបានបដិសេធជំនូនផ្សេងៗដែលពួកចៅហ្វាយខែត្រតែងតែថ្វាយព្រះរាជា នៅពេលដែលទ្រង់ប្រទានត្រា ។ ទ្រង់ម៉ឺងម៉ាត់ណាស់ចំពោះអ្នកណាដែលបំពានច្បាប់ ហើយបានដាក់ទោសធ្ងន់ៗដល់មន្ដ្រីធំណាដែលមិនព្រមគោរពព្រះរាជ បញ្ជា ។ ក៏ប៉ុន្ដែព្រះអង្គប្រកបទៅដោយយុត្ដិធម៌ មានព្រះទ័យល្អចំពោះអ្នកក្រីក្រ ទ្រង់មានអំណត់អត់ធន់ចំពោះអ្នកទាំងនោះ លើកលែងតែការប្ដឹងផ្ដល់ដែលធ្វើឡើងមិនត្រឹមត្រូវ សរសេរមិនត្រូវតាមក្បួនខ្នាតនោះព្រះអង្គមិនអត់ឱនឱ្យទេ ពីព្រោះព្រះអង្គមិនចង់ឱ្យសរសេរចម្លងតាមតែគ្នា មិនច្បាស់លាស់ ចង់ប្ដឹងផ្ដល់ត្រូវរត់ទៅរកអ្នកចេះដឹងឱ្យគេសរសេរពាក្យឱ្យ ។
- ព្រះអង្គបានហាមប្រាមមន្ដ្រីរាជការមិនឱ្យផឹកសុរា អ្នកណាជក់អាភៀនត្រូវបណ្ដេញចោល ទ្រង់តឹងតែងត្រង់ចំណុចនេះរហូតទាល់តែគ្មានមន្ដ្រីណាម្នាក់ជក់ អាភៀនទេនៅក្នុងរជ្ជកាលរបស់ព្រះអង្គ ។ ទ្រង់បានហាមមិនឱ្យធ្វើធ្នស់បិទជិតស្ទឹងទេ ដើម្បីឱ្យមានត្រីមួយចំនួនរួចផុតពីអ្នកនេសាទ និងដើម្បីឱ្យត្រីអាចធ្វើចរាចរទៅមកបានផង ។ តាមស្មារតីគោរពព្រះពុទ្ធសាសនា ទ្រង់ក៏បានហាមប្រាមការបរបាញ់សត្វផងដែរ ។
- នៅក្នុងឆ្នាំ១៨៤៨ ទ្រង់បានសម្រេចប្ដូរពិធីការឱ្យគេហៅព្រះរាជាថា «ព្រះករុណាពិសេស» និង «អង្គម្ចាស់ជីវិតលើត្បូង» វិញ ។ ព្រះរាជមាតាទទួលព្រះឋានៈថាព្រះវររាជជននី ហើយទ្រង់មានត្រាមួយមានរូបកិន្នរីផង ។ ព្រះរាជបុត្រីច្បង ព្រះអង្គថ្វាយព្រះឋានៈថាសម្ដេចព្រះរាជធីតា ព្រះជាយារបស់ព្រះអង្គ អ្នកម្នាងប៉ែន ដែលជាមាតារបស់ព្រះរាជបុត្រាច្បងទ្រង់បានលើកឱ្យឡើងជាព្រះជាតិ ក្សត្រី ។ អ្នកម្នាងពៅមាតារបស់ព្រះរាជបុត្រាបន្ទាប់ ទ្រង់លើកឱ្យឡើងជាព្រះអច្ឆរាអក្សរ ។ រួចហើយទ្រង់បានរៀបចំព្រះរាជសង្ហារសម្គាល់អ្នកទាំងអស់នោះ ព្រមទាំងពាក្យពេចន៍ដែលត្រូវប្រើផង គឺឆ្លើយថាព្រះបាទម្ចាស់ចំពោះបុរសៗ និងព្រះម៉ែចំពោះនារីៗ ។ ទ្រង់ក៏បានរៀបចំឋានៈស្ដ្រីៗនៅក្នុងព្រះបរមរាជវាំងផងដែរ ហើយបានសម្រេចឱ្យហៅភរិយារបស់មន្ដ្រីសក្ដិ៤ ដល់សក្ដិ១០ថា ជំទាវ ហើយបានអនុញ្ញាតឱ្យអ្នកទាំងនោះបង់កន្សែងពណ៌ពាក់រយ៉ាមាសដោតផ្កា លើសក់ ហើយមានប្រអប់ស្លាដូចរបស់ប្ដីដែរនៅពេលចូលមកក្នុងវាំង ។
- ព្រះអង្គបានឱ្យកាត់បន្ថយក្បួនដង្ហែមន្ដ្រីធំៗ ហើយចេញបញ្ជាឱ្យពួកមន្ដ្រីទាំងនោះត្រូវស្លៀកខោវែងធំទូលាយមានជរ មាស ឬស្លៀកសំពត់សូត្រ នៅក្នុងពេលមានពិធីផ្សេងៗ ពាក់អាវពណ៌ ក្រវាត់ក្រណាត់ប៉ាក់ឌិនពណ៌មាស ក្រវាត់ដាវនៅចង្កេះ ទៅណាមកណាជិះគ្រែស្នែង បាំងក្លស់ពណ៌ក្រហម១ជាន់ ។ ការកែទម្រង់នេះមើលទៅដូចជារឿងកំប៉ិកកំប៉ុកទេ ក៏ប៉ុន្ដែត្រូវបានគេអបអរសាទរណាស់ ព្រោះវាបានជួយរៀបចំឱ្យព្រះរាជវាំងរបស់ព្រះរាជាកម្ពុជាមានរបៀប របបឡើងវិញ និងជួយស្ដារកិត្ដិនាមដែលបានបាត់បង់អស់កាលជាយូរណាស់មកហើយនៅ ចំពោះមុខប្រជារាស្ដ្រ ។
- នៅក្នុងឆ្នាំ១៨៤៩ ជំងឺប៉េស្ដបានកើតរាលដាលយ៉ាងខ្លាំងក្នុង១ថ្ងៃៗមានមនុស្សនៅ ជុំវិញរាជធានីឧត្ដុង្គស្លាប់រហូតដល់ទៅ៥រយនាក់ ។ ជំងឺនេះរាតត្បាតអស់ពេល៣ខែ បន្ទាប់មកក៏រលាយបាត់ទៅវិញនៅក្នុងរដូវវស្សា ។ ក្នុងឆ្នាំនោះដែរ ដោយមានមេត្ដាធម៌ដល់ប្រជារាស្ដ្ររបស់ព្រះអង្គ ទ្រង់បានបញ្ជាឱ្យគេសង់សាលាឆទានដើម្បីទ្រង់បានយាងទៅចែកបាយ សម្ល និងក្រមាដល់អ្នកបួស និងទុគ៌តជន ។
- ព្រះអង្គបានរៀបចំខែត្រសាជាថ្មី ខែត្រណាធំទ្រង់ឱ្យចែកជា២ ឬ៣ ឬ៤ស្រុក ។ រួចហើយទ្រង់បានដាក់ឱ្យស្ថិតនៅក្រោមឱវាទមន្ដ្រីធំៗត្រួតត្រា ។
- ព្រះអង្គបានកំណត់កាលបរិច្ឆេទព្រះរាជពិធីទ្វារទសមាសទាំង១៧ ហើយបានឱ្យយកចិត្ដទុកដាក់គោរពថ្ងៃសីល និងសិក្ខាបទ ។
- នៅក្នុងឆ្នាំ១៨៥៣ ព្រះរាជាមានបំណងផ្លាស់ប្រាក់បាតថៃដែលចេះតែក្រទៅៗចេញ ហើយបានឱ្យបោះពុម្ពកាក់សំប៉ែតជាប្រាក់សុទ្ធ៣ប្រភេទ ដែលមានតម្លៃនៅពេលនោះស្មើនឹង៤ហ្វ្រង់ ១ហ្វ្រង់ និង៥កាក់ ។ នៅលើមុខម្ខាងមានរូបហង្សកវែងដូចរូបហង្សដែលគេតែងតែដាក់នៅលើ ចុងដងទង់ខាងមុខព្រះវិហារ ។ នៅលើមុខម្ខាងទៀត មានរូបប្រាសាទបុរាណកំពូល៣ ដែលតំណាងអង្គរវត្ដ ។
- បើតាមសម្ដីមន្ដ្រីចាស់ម្នាក់ដែលព្រះរាជាឧស្សាហ៍ពិគ្រោះយោបល់ បាននិយាយប្រាប់ខ្ញុំថា មើលពីខាងក្រៅគេឃើញព្រះរាជា ដូចជាសប្បាយរីករាយណាស់ ក៏ប៉ុន្ដែក្នុងព្រះហឫទ័យរបស់ព្រះអង្គវិញ ទ្រង់ដូចជាគ្មានទំនុកចិត្ដចំពោះអនាគតកាលសោះ ម្យ៉ាងទ្រង់ខ្លាចពួកសៀមដែលព្រះអង្គចាត់ទុកដូចជាសត្រូវ (87) ស្ទើរតែដូចពួកអាណ្ណាម ដែលព្រះអង្គស្អប់ខ្លាំងណាស់អីចឹងដែរ ។ ពួកអាណ្ណាមនេះមានទំនៀមទម្លាប់ សាសនា សម្លៀកបំពាក់ សក់បួង និងទម្លាប់ផ្សេងៗ ដែលព្រះអង្គមិនចូលចិត្ដសោះ ណាមួយពួកនេះឈ្លានពានអាណាខែត្រភាគខាងត្បូងឥតឈប់ឈរផង ។ ព្រះអង្គជាអ្នកគាំទ្រសន្ដិភាព មិនចូលចិត្ដសង្គ្រាម ព្រោះទ្រង់ឈ្វេងយល់ថាសង្គ្រាមមិនអាចដណ្ដើមយកខែត្រដែលបាត់បង់ទៅ នោះមកវិញបានទេ ។ ក៏ប៉ុន្ដែដើម្បីរារាំងសត្រូវកុំឱ្យចូលមករុកគួនព្រះរាជាណាចក្រ ទ្រង់បានបញ្ជាឱ្យគេសង់បន្ទាយការពារជាច្រើន ។ ព្រះអង្គបានមានព្រះបន្ទូលថា «មិនត្រូវគិតពីរឿងដណ្ដើមយកអ្វីដែលបាត់បង់ទៅហើយមកវិញទេ ប៉ុន្ដែត្រូវការពារអ្វីដែលនៅសល់ឱ្យបាន» ។ ព្រះអង្គបារម្ភណាស់ចំពោះអនាគត ហើយបានពិភាល់ថាកម្ពុជានឹងត្រូវបែងចែកគ្នារវាងសៀម និងអាណ្ណាម ។ ពួកសៀមនឹងយកទឹកដីពោធិ៍សាត់ កំពង់ស្វាយ ឧត្ដុង្គ សម្បូរ ក្រចេះ ត្បូងឃ្មុំ ឯអាណ្ណាមវិញនឹងយកអាណាខែត្រខាងត្បូងទាំងអស់រួមមាន បាភ្នំ ទ្រាំង ភ្នំពេញ ផង ។ បើសិនជាមានសង្គ្រាមមួយផ្ទុះឡើង ទោះជាជាមួយសៀម ឬជាមួយកូសាំងស៊ីនក៏ដោយ ក៏សង្គ្រាមនោះនឹងធ្វើឱ្យការបែងចែកទឹកដីគ្នានេះកើតមានកាន់តែ ឆាប់ ម្ល៉ោះហើយព្រះអង្គមិនចង់ឱ្យកើតមានសង្គ្រាមជាមួយនរណាម្នាក់ទេ ។ គំនិតដែលគិតថាថ្ងៃណាមួយជាពិសេសកាលណាអត់ពីព្រះអង្គទៅ កម្ពុជាអាចនឹងត្រូវបាត់បង់នៅដិតជាប់នឹងព្រះទ័យរបស់ព្រះអង្គជា និច្ច ហើយបានធ្វើឱ្យព្រះអង្គគិតងាកទៅរកសុំជំនួយការពារពីប្រទេស អឺរ៉ុបណាមួយ ដើម្បីផ្ញើវាសនាស្រុកខ្មែរ និងសន្ដតិវង្សព្រះរាជាវិញម្ដង ។ គំនិតសុំជំនួយរបស់ព្រះអង្គពេលនោះ មិនមែនជាការសុំអាណាព្យាបាលក្នុងន័យដូចដែលយើងយល់សព្វថ្ងៃនេះទេ គឺសុំឱ្យការពារព្រះរាជាណាចក្រកុំឱ្យនគរផ្សេងដណ្ដើមយកបាន ទោះជានៅក្នុងអាស៊ី ឬក៏នៅអឺរ៉ុបក្ដី ។
- ទ្រង់បាននឹកគិតទៅដល់ប្រទេសបារាំង ដែលមិនទាន់មានដែនដីជាកម្មសិទ្ធិនៅចុងបូព៌ានៅឡើយ ហើយដែលព្រះអង្គធ្លាប់បានឮល្បីកិត្ដិនាមកាលពីពេលដែលព្រះអង្គ គង់នៅឯរាជធានីបាងកក ។ ដល់មកខែវិច្ឆិកា ឆ្នាំ១៨៥៣ ក្រោយពីបានពិចារណាល្អិនល្អន់រួចហើយ ព្រះបាទអង្គឌួងបានចាត់បច្ឆាញាតិ២រូបរបស់ពួកព័រទុយហ្គាល់ ដែលកាន់សាសនាកាតូលិកគឺចៅពញាកុយ និងចៅពញាប៉ែន ឱ្យធ្វើដំណើរជាសម្ងាត់ទៅសិង្ហបុរីនាំយកសារលិខិតសរសេរជា ភាសាបារាំងដោយព្រះសង្ឃកាតូលិក (អេវ៉ែក) នៅកម្ពុជាឈ្មោះ មីស្ហ តាមសម្ដីរបស់ព្រះអង្គ ទៅប្រគល់ជូនកុងស៊ុលបារាំងនៅទីនោះ ឱ្យផ្ញើបញ្ជូនបន្ដទៅថ្វាយព្រះចៅអធិរាជណាប៉ូឡេអុងទី៣ «ដើម្បីសម្ដែងមិត្ដភាព និងការគោរពដ៏ជ្រាលជ្រៅពីព្រះអង្គ» ។ ជាប់ជាមួយនឹងសារលិខិតនេះមានវត្ថុអនុស្សាវរីយ៍ជាច្រើនហិប រួមមានភ្លុកដំរីធំៗ៤ កុយរមាស២ ជ័ររង្គ៧បាវទម្ងន់៣០០គីឡូក្រាម ស្កសរ៧បាវទម្ងន់ ៣០០គីឡូក្រាម និងម្រេច៧បាវទម្ងន់៣០០គីឡូក្រាមផងដែរ ។ កុងស៊ុលបារាំងប្រចាំសិង្ហបុរីបានទទួលយកព្រះសារលិខិត និងអំណោយទាំងអស់ពីទូតទាំង២ រួចបានផ្ញើសារឆ្លើយតបមកព្រះបាទអង្គឌួងវិញថាខ្លួននឹងផ្ញើ ព្រះរាជសារ និងអំណោយទាំងអស់ទៅប្រទេសបារាំងតាមនាវាចម្បាំងក្ដោង៣ឈ្មោះ ឡាកាព្រីស៊ីយ៉ឺ មានវរសេនីយ៍ត្រី រ៉ូកឺម៉ូរ៉ែល ជាមេបញ្ជាការ ដែលនឹងនាំរបស់ទាំងអស់នេះទៅសាលាខែត្រទូឡុង ភ្លាមនៅពេលដែលកប៉ាល់ទៅដល់ ដើម្បីឱ្យបញ្ជូនបន្ដទៅថ្វាយព្រះចៅអធិរាជ (១៨៥៤) ។
- នៅឆ្នាំបន្ទាប់មក លោកដឺម៉ុងទីញី បេសកជនរបស់បារាំងប្រចាំស្រុកសៀម និងស្រុកចិនបានទទួលបញ្ជាឱ្យមកចុះសន្ធិសញ្ញាមេត្រីភាព និងពាណិជ្ជកម្មមួយជាមួយព្រះរាជាកម្ពុជាតាមបំណងប្រាថ្នារបស់ ព្រះបាទអង្គឌួង ។ ឯកអគ្គរាជទូតនេះទើបតែបានចុះសន្ធិសញ្ញាពាណិជ្ជកម្មមួយជាមួយស្ដេច សៀម ព្រះមហាមង្គត ដែលថ្វាយដំណឹងតាមរយៈអេវ៉ែកមីស្ហ តាំងពីខែឧសភា ថានឹងមកកម្ពុជាឆាប់ៗនេះ តែបានប្រហែសនិយាយប្រាប់គេឯងនៅបាងកកឱ្យដឹងពីគម្រោងការថានឹងមក ចុះសន្ធិសញ្ញាជាមួយព្រះបាទអង្គឌួង ។ ដំណឹងនេះបានលេចឮទៅដល់ស្ដេចសៀមៗមិនយល់ព្រមឱ្យកម្ពុជាដែលទ្រង់ ចាត់ទុកជានគរសាមន្ដរាជមួយ អាចចុះសន្ធិសញ្ញាណាមួយបានដោយគ្មានការឯកភាពពីព្រះអង្គទេ ។ ស្ដេចសៀមបានចាត់មន្ដ្រីម្នាក់ឱ្យចុះកប៉ាល់ជាមួយ លោកដឺម៉ុងទីញី ជាសម្ងាត់ ដើម្បីត្រួតពិនិត្យមើលសកម្មភាពរបស់រាជទូតបារាំងនេះផង និងដើម្បីនាំសារណែនាំមួយមកថ្វាយព្រះរាជាកម្ពុជាផង ដែលអ្នកខ្លះនិយាយថាគឺជារាជសារហាមឃាត់មិនឱ្យព្រះអង្គធ្វើអ្វី ជាមួយបារាំង ។ លោក ដឺម៉ុងទីញី បានឡើងកប៉ាល់មកចុះនៅកំពតនៅក្នុងខែសីហា ឆ្នាំ១៨៥៦ ។ រាជសាររបស់ស្ដេចសៀមពោរពេញទៅដោយពាក្យគំរាមកំហែង ដែលធ្វើឱ្យព្រះបាទអង្គឌួងវិតក្កយ៉ាងខ្លាំង ។ ទ្រង់មានបំណងចង់ចុះសន្ធិសញ្ញាជាមួយបារាំងជាសម្ងាត់សិន កាលណាបានសច្ចានុមតិរួចហើយសឹមផ្សព្វផ្សាយឱ្យគេដឹងឮ នៅពេលនោះទ្រង់នឹងគ្មានបារម្ភអំពីសៀម ឬអាណ្ណាមទៀតទេ ព្រោះបានទទួលការការពារពីប្រទេសអឺរ៉ុបមួយរួចហើយ ។ ក៏ប៉ុន្ដែឥឡូវ ព្រះរាជបំណងនេះបានត្រូវគេដឹងមុនអស់ទៅហើយនៅបាងកកតាំងពីមុនពេល ដែលរាជទូតបារាំងចេញដំណើរមកម្ល៉េះ ។ ឯកអគ្គរាជទូតបារាំងអាចនឹងកាត់បន្ថយប្រសិទ្ធភាពនៃការគំរាមកំហែង របស់ស្ដេចសៀមមកលើព្រះរាជាកម្ពុជា ហើយជួយរំងាប់ការព្រួយបារម្ភរបស់ព្រះបាទអង្គឌួងបាន ដោយធ្វើដំណើររហូតមកដល់ឧត្ដុង្គ រួចហើយរាយការណ៍ថ្វាយអំពីអំណាចដ៏ខ្លាំងក្លារបស់បារាំង ។ ក៏ប៉ុន្ដែផ្ទុយទៅវិញ លោក ដឺម៉ុងទីញី ដែលមិនបានយល់ច្បាស់អំពីល្បិចកលរបស់សៀមមកលើព្រះរាជាកម្ពុជាមាន ការប្រហែស បែរទៅជាមិនចង់ធ្វើដំណើរលើផ្លូវដ៏ឆ្ងាយចម្ងាយជាង១៤០គីឡូម៉ែត្រ កាត់ទីរហោឋានតាមដែលគាត់ឮគេនិយាយប្រាប់ទេ ។ គាត់ឈប់នៅនឹងកំពត ហើយបានចាត់ព្រះសង្ឃកាតូលិក (អាបេ) ហេស្ដ្រិស ដែលអេវ៉ែកមីស្ហ ទើបនឹងតែងតាំងមកឈរជើងនៅទីនេះ ឱ្យនាំយកសន្ធិសញ្ញាពាណិជ្ជកម្មមួយចម្លងតាមសន្ធិសញ្ញា ដែលបានចុះជាមួយសៀម មកថ្វាយព្រះបាទអង្គឌួងឡាយព្រះហស្ដលេខា ។ សន្ធិសញ្ញានោះ គ្មានអត្ថន័យគ្រប់គ្រាន់សមតាមបំណងរបស់ព្រះបាទអង្គឌួងទេ ព្រោះមិនមែនជាសន្ធិសញ្ញាមេត្រីភាពដែលទ្រង់ចង់បាន ហើយក៏មិនបានធានាអត្ថិភាពរបស់កម្ពុជាក្រោមអាណាព្យាបាលភាពរបស់ ប្រទេសបារាំងដែរ បើទោះជាថា មានតែក្នុងពាក្យសម្ដីក៏ដោយចុះ ។ ព្រះបាទអង្គឌួងបានឱ្យគេសង់ផ្ទះសំណាក់មួយសម្រាប់ទទួលលោក ដឺម៉ុងទីញី នៅកំពត ហើយទ្រង់រង់ចាំទទួលគាត់នៅឧត្ដុង្គ ។ ព្រះអង្គខកព្រះទ័យជាខ្លាំងនៅពេលឃើញកូនសង្ឃកាតូលិកតូចមួយមក ចូលគាល់ព្រះអង្គទៅវិញ ជាជាងបានឃើញឯកអគ្គរាជទូតដែលព្រះអង្គកំពុងតែរង់ចាំទាំងអេវ៉ែក មីស្ហ ក៏មិនយល់ស្របតាមដែរ ម្ល៉ោះហើយទ្រង់បានប្រកែកមិនយល់ព្រមចុះហត្ថលេខាលើសន្ធិសញ្ញាដែល គ្មានកិច្ចធានាអ្វីបន្ដិចសោះនោះទេ មិនតែប៉ុណ្ណោះថែមទាំងធ្វើឱ្យព្រះអង្គមានការប៉ះទង្គិចយ៉ាង ខ្លាំងជាមួយពួកសៀមទៀតផង ។
- ភាពខ្វះការប៉ិនប្រសប់ និងការធ្វេសប្រហែសរបស់ឯកអគ្គរាជទូតនៃព្រះចៅអធិរាជបារាំងបានធ្វើ ឱ្យព្រះរាជាកម្ពុជាជួបប្រទះនឹងការលំបាកយ៉ាងខ្លាំងដែលព្រះអង្គ កំពុងតែខ្លាចរអាផង ហើយក៏ធ្វើឱ្យបារាំងបាត់បង់ឱកាសក្នុងការដាក់អាណាព្យាបាលមកលើ កម្ពុជាតាំងពីឆ្នាំ១៨៥៦ គឺនៅមុនសង្គ្រាមឥណ្ឌូចិនជាច្រើនឆ្នាំ ។ ប្រសិនបើបារាំងបានដាក់អាណាព្យាបាលមកលើកម្ពុជាតាំងតែពីពេលនោះមក បារាំងអាចប្រើកម្ពុជាធ្វើជាមូលដ្ឋានសម្រាប់ប្រតិបត្ដិការ ដែលនឹងផ្ដល់ការងាយស្រួលជាច្រើនដល់សង្គ្រាមនោះ ។ ហើយបើសិនណាជាបារាំងបានមកឈរជើងនៅកម្ពុជា ហើយធ្វើសកម្មភាពដោយមានការគាំទ្រពីព្រះរាជាកម្ពុជាផងនោះ ម្ល៉េះសមបារាំងអាចដណ្ដើមយកកូសាំងស៊ីនទាំងមូលបានក្នុងពេលតែមួយ ជាមួយគ្នាទៅហើយ ។
- ពេលនោះមានការបះបោរមួយរបស់អ្នកស្រុកនៅរលាប្អៀរ និងបរិបូណ៌ ដឹកនាំដោយមេបះបោរឈ្មោះ អាសុខ និងអាជ្រុម ។ ព្រះបាទអង្គឌួងបានចេញបញ្ជាឱ្យគេចាប់ពួកមេបះបោរនោះជាមួយបក្សពួក មួយចំនួនសម្លាប់ចោល ។
- មានការបះបោរមួយទៀតកើតឡើងនៅរវាងឆ្នាំ១៨៥៧ ដោយពួកខ្មែររស់នៅក្នុងខែត្រតៃនិញ នៅកូសាំងស៊ីន ដែលបានទទួលការគាំទ្រពីខ្មែរជាច្រើននាក់មកពីកម្ពុជា ។ ហេតុការណ៍នេះបានធ្វើឱ្យព្រះរាជាមានព្រះទ័យព្រួយបារម្ភជាខ្លាំង ខ្លាចតែពួកអាណ្ណាមឆ្លៀតឱកាសគាំទ្រជនជាតិគេហើយតាមវាយពួកបះបោរ ចូលមកដល់ព្រះរាជាណាចក្រ ។ ព្រះអង្គបានចាត់ឱ្យសង់បន្ទាយការពារនៅតាមព្រំដែនខាងត្បូង ហើយបានហាមប្រាមប្រជារាស្ដ្រនៅកម្ពុជាលើមិនឱ្យផ្ដល់ជំនួយទៅពួក ខ្មែរនៅកូសាំងស៊ីនដែលទ្រង់ចាត់ទុកថា ជាប្រជារាស្ដ្ររបស់ព្រះអង្គដែរ បើទោះជាថាពួកនោះធ្លាប់បានជួយវាយពួកអាណ្ណាមឱ្យបរាជ័យ ដោយជិះតែលើក្របី ហើយមានអាវុធមិនគ្រប់គ្រាន់ក៏ដោយ ។ នៅពេលនោះ ការចាកចោលស្រុកមួយលើកទៀតបានកើតមានឡើងនៅកូសាំងស៊ីន ។ ប្រជាជនខ្មែរដ៏កម្សត់ជាច្រើននាក់ដែលងើបបះបោរឡើងប្រឆាំងនឹងការ គាបសង្កត់ពីពួកអាជ្ញាធរអាណ្ណាម និងញាតិជិតខាងយួនដែលលួចឆក់សម្បត្ដិទ្រព្យ វាយដំធ្វើបាបបំបែកបំបាក់ឥតមានលស់ពេល បាននាំគ្នារត់កាត់ព្រំដែនឆ្លងមកជ្រកកោននៅកម្ពុជាវិញ ។
- នៅក្នុងឆ្នាំបន្ទាប់មកទៀត ពួកចាមនៅខែត្រត្បូងឃ្មុំ ដែលធ្លាប់បានបះបោរ២លើករួចមកហើយប្រឆាំងនឹងព្រះរាជាកម្ពុជាម្ដង នៅក្នុងឆ្នាំ១៥៩៩ និងម្ដងទៀតនៅក្នុងឆ្នាំ១៦៦០ បាននាំគ្នាចាប់កាន់អាវុធប្រឆាំងនឹងចៅហ្វាយខែត្រដែលមិនយល់ព្រម អនុញ្ញាតឱ្យពួកនេះបង្កើតរដ្ឋតូចមួយនៅក្នុងរង្វង់ទឹកដីខែត្រ របស់គាត់ ។ ពួកនេះស្ដាប់តែបញ្ជារបស់មេគេប៉ុណ្ណោះ (88) ។ ព្រះរាជាបានបញ្ជូនលោកយោធាសង្គ្រាមឱ្យទៅបង្ក្រាបពួកនេះ តែត្រូវពួកនេះសម្លាប់បាន ព្រោះគាត់មានកងការពារតែប៉ុន្មាននាក់ប៉ុណ្ណោះ ។ ព្រះរាជាបានកេណ្ឌទ័ពមួយកងភ្លាម រួចដឹកនាំចេញទៅត្បូងឃ្មុំដោយផ្ទាល់ព្រះអង្គ ។ ពួកចាមដែលជួនកាលត្រូវទ័ពព្រះរាជាវាយប្រហារឱ្យបរាជ័យ ជួនកាលទៀតទទួលបានជ័យជម្នះវិញ ប៉ុន្ដែនៅទីបញ្ចប់ក៏ត្រូវបរាជ័យ បែកខ្ញែកគ្នា រួចបង្ខំឱ្យគេចទៅជ្រកកោននៅឯចូវដុក បង្កើតបានជាភូមិចាម៥ ដែលគេប្រទះឃើញមានរហូតដល់សព្វថ្ងៃនេះ ។ ពួកចាមដែលមិនអាចគេចខ្លួនបានត្រូវគេប្រមូលចាប់យកទៅទុកនៅ ពោធិ៍សាត់ នៅលង្វែក នៅកំពង់ត្រឡាច និងនៅកំពង់ហ្លួង ។ អ្វីៗហាក់ដូចជាបានចប់ទៅហើយ ស្រាប់តែពួកចាមដែលរត់ភៀសខ្លួនទៅរស់នៅឯចូវដុកនោះ បាននាំគ្នាឡើងមកតាមទន្លេយ៉ាងរហ័ស ការពារដោយកម្លាំងថ្មើរជើងមួយកងឆ្លងកាត់ភ្នំពេញ រហូតទៅដល់ជំរំដែលគេដាក់ពួកចាមនាំមកពីត្បូងឃ្មុំ ជម្លៀសពួកនោះយកទៅអស់ ។ ប្រតិបត្ដិការនេះត្រូវបានគេត្រៀមអស់ពេលជាយូរមកហើយៗទទួលពួកចាម នៅកម្ពុជាប្រុងតែលួចរត់គេចផង ម្ល៉ោះហើយក៏ប្រព្រឹត្ដទៅយ៉ាងលឿន រហូតទាល់តែព្រះរាជាកម្ពុជាមិនអាចចាត់វិធានការអ្វីទប់ទល់ទាន់ ធ្វើឱ្យពួកអ្នកកាន់សាសនាមហាម៉ាត់នាំគ្នារត់ឆ្លងចូលទៅ កូសាំងស៊ីនអស់ទៅ ។ ចាស់ៗបាននិយាយថា ហេតុការណ៍នេះអាចកើតឡើងបាន មកពីភាគច្រើននៃពួកចាមដែលព្រះរាជាបានចាប់ជាឈ្លើយនោះច្រើនតែ ជាស្ដ្រី កុមារ និងមនុស្សចាស់ ពួកបុរសៗបានរត់គេចទៅកូសាំងស៊ីនអស់ទៅហើយៗការដែលព្រះអង្គធ្វើ ដូច្នេះ ព្រោះមិនចង់ឱ្យពួកគេចាកចោលព្រះរាជាណាចក្រ ។
- ឯកសារមួយនិយាយថា ព្រះរាជាខ្ញាល់ខ្លាំងណាស់ ណាមួយខ្មាស់នឹងល្បិចពួកចាមផង ទ្រង់បានព្រមានឱ្យអាណ្ណាមដែលគ្រប់គ្រងចូវដុកបញ្ជូនពួកបះបោរនោះ មកថ្វាយព្រះអង្គវិញ ។ ចៅហ្វាយខែត្រអាណ្ណាមនោះប្រកែកមិនព្រមធ្វើតាមសំណើរបស់ព្រះអង្គ ទេ ព្រះបាទអង្គឌួងក៏បញ្ជូនទ័ពមួយកងតូច ដឹកនាំដោយស្ដេចត្រាញ់ដែនដីទ្រាំង ឈ្មោះ កែប ដើម្បីទៅនាំយកពួកចាមទាំងនោះមកវិញ ។ ពួកចាមនោះបានព្រួតដៃគ្នាជាមួយទ័ពអាណ្ណាមដែលគេបញ្ជូនឱ្យមកជួយ ច្បាំងជាមួយទ័ពខ្មែរតែមិនអាចទប់ទល់មិនឱ្យទ័ពខ្មែរឆ្លងចូលទៅ ឆ្ងាយពីព្រំដែនបានទេ ។ ដូច្នេះសង្គ្រាមបានកើតមានឡើងម្ដងទៀតជាមួយអាណ្ណាម ដែលនឹងធ្វើឱ្យមានអន្ដរាគមន៍ពីសៀមដោយចៀសមិនរួច ប្រសិនបើគ្មានវត្ដមានរបស់បារាំងនៅកូសាំងស៊ីនទេ (89) ។
- នៅពេលនោះ ពួកអាណ្ណាមគ្មានលទ្ធភាពទប់ទល់ជាមួយនឹងទ័ពខ្មែរទេ ។ ក្រោយពីត្រូវរ៉ូវគ្នាជាមួយពួកអង់គ្លេស និងចាប់បង្ខំព្រះចៅអធិរាជចិនឱ្យចុះសន្ធិសញ្ញារួចហើយ ពួកបារាំងបានវិលត្រលប់ពីស្រុកចិនមកវិញ ហើយដើម្បីជាការសងសឹកឱ្យពួកសាសនទូតរបស់បារាំង និងពួកអាណ្ណាមកាន់សាសនាកាតូលិក ដែលត្រូវពួកមន្ដ្រីដេញចេញពីស្រុក និងបង្ខំឱ្យអាណ្ណាមអនុវត្ដតាមកិច្ចសន្យាកាលពីមុនផងនោះ ពួកបារាំងបានទម្លាក់គ្រាប់បែកទៅលើទីក្រុងទួរ៉ាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៨៥៨ ចូលកាន់កាប់សាយហ្គននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៨៥៩ ហើយកំញើញថា នឹងដណ្ដើមយកកូសាំងស៊ីនទាំងមូលថែមទៀត ។
- ព្រះបាទអង្គឌួងមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលទទួលបានដំណឹង នេះ ហើយទ្រង់ដូចជាមានការព្រួយបារម្ភ មិនដឹងថាតើហេតុការណ៍នោះនឹងនាំមកនូវផលល្អ ឬផលអាក្រក់ចំពោះកម្ពុជា ម្ល៉ោះហើយទ្រង់មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ។ ព្រះអង្គចង់ដឹងអំពីគោលបំណងរបស់ពួកបារាំង ថាតើគេធ្វើនេះគ្រាន់តែដើម្បីសងសឹកទៅនឹងការប្រមាថមើលងាយរបស់ អាណ្ណាម រួចកាន់កាប់ចំណុចណាមួយនៅតាមឆ្នេរសមុទ្រ ឬក៏គេចង់ដណ្ដើមយកកូសាំងស៊ីនផ្នែកខាងក្រោមទាំងអស់ ។ បើដូច្នោះមែន បារាំងនឹងក្លាយទៅជាអ្នកមានព្រំដែនជាប់នឹងកម្ពុជា ហើយដើរតួជំនួសអាណ្ណាមក្នុងការទាមទារសិទ្ធិអធិរាជភាពមកលើកម្ពុជា ទេដឹង ? តាមពិតទៅ សកម្មភាពរបស់បារាំងនៅពេលនោះគ្មានអ្វីជាក់លាក់ទេ ហើយកំហុសរបស់លោក ដឺម៉ុងទីញី បានធ្វើឱ្យព្រះបាទអង្គឌួងទីទើ ណាមួយបារាំងក៏មិនបានបញ្ជូនតំណាងឱ្យមករាយការណ៍ថ្វាយដើម្បីឱ្យ ទ្រង់អស់សង្ស័យផងដែរ ។ បើទោះជាយ៉ាងណាក្ដី ការដែលបារាំងវាយដណ្ដើមយកសាយហ្គនបានៗធ្វើឱ្យព្រះអង្គមានសេចក្ដី ក្លាហានឡើងវិញ ។ ហើយនៅពេលឃើញថាទ័ពបារាំងមិនបានឈរជើងនៅទីនោះ គឺវិលត្រលប់មកទួរ៉ានវិញ ប៉ុន្ដែបានធ្វើការវាយប្រហារទៅលើអតីតសត្រូវរបស់ព្រះអង្គគ្រប់ ទីកន្លែង ព្រះអង្គក៏សម្រេចចិត្ដចាប់វាយមកលើអាណ្ណាមនៅចូវដុក ចូលមកក្នុងកូសាំងស៊ីនរបៀបជាកងជំនួយឱ្យពួកបារាំងដោយគ្មានការ ចរចាឯកភាពគ្នាជាមុនទេ ។ គេនិយាយថា នោះហើយជាការសម្ងាត់នៃសង្គ្រាមដែលហាក់ដូចជាផ្ទុយទៅនឹងនយោបាយ របស់ព្រះអង្គដែលមានពីមុន ។ បន្ដិចក្រោយមក ព្រះរាជាបានយាងទៅកំពតដើម្បីទៅទតមើលសំពៅពាណិជ្ជកម្មមួយ ដែលទ្រង់បានឱ្យគេធ្វើឡើងរួចប្រគល់ឱ្យជនម៉ាឡេម្នាក់នៅត្រីកា កាន់កាប់ ។ នៅទីនោះព្រះអង្គបានជួបជាមួយអ្នកស្រាវជ្រាវ មូហូត ជជែកជាមួយបានបន្ដិច ទ្រង់ក៏បញ្ជាឱ្យគេផ្ដល់មធ្យោបាយសម្រាប់គាត់ធ្វើដំណើរមកឧត្ដុង្គ ទៀត ។ នៅពេលយាងត្រលប់មកកាន់រាជធានីវិញ ក្រោយពេលដែលលោក មូហូត ចូលគាល់ព្រះអង្គនៅនឹងព្រះរាជដំណាក់ធ្វើពីឈើបានបន្ដិច ព្រះបាទអង្គឌួងក៏ធ្លាក់ព្រះកាយប្រឈួន ហើយបានសុគតទៅនៅឆ្នាំ១៨៦០ នៃគ្រិស្ដសករាជ ត្រូវនឹងមហាសករាជ១៧៨២ ចុល្លសករាជ១២២២ (ក្នុងខែកត្ដិក ថ្ងៃ៥កើត ចុងខែវិច្ឆិកា) ។
- ការចូលទិវង្គតរបស់ព្រះរាជាបានធ្វើឱ្យចលនារបស់ខ្មែរនៅចូវដុក ត្រូវបញ្ចប់ ហើយឧកញ៉ាកែបក៏នាំទ័ពវិលត្រលប់ចូលមកកម្ពុជាវិញ ។
ព្រះបាទនរោត្ដម (១៨៦០-១៩០៤)
- ព្រះបាទអង្គឌួងមានរាជបុត្រា៣ព្រះអង្គគឺ អ្នកអង្គម្ចាស់អង្គវតី (ច្រឡឹង) ជាព្រះរាជបុត្រាច្បង ពេលនោះមានព្រះជន្ម២៦ព្រះវស្សាហើយ អ្នកអង្គម្ចាស់អង្គស (អួ) (90) ជាព្រះរាជបុត្រាបន្ទាប់ មានព្រះជន្ម២០ព្រះវស្សា និងអ្នកអង្គម្ចាស់វត្ថា (ស៊ីវត្ថា-អង្គភឹម) ជារាជបុត្រាទី៣ មានព្រះជន្ម១៩ព្រះវស្សា ទាំង៣ព្រះអង្គនេះមានព្រះមាតាផ្សេងៗគ្នា ។
- ព្រះវររាជមាតារបស់ព្រះបាទអង្គឌួង ដែលត្រូវជាព្រះអយ្យកាខាងព្រះបិតារបស់អ្នកអង្គម្ចាស់ទាំង៣អង្គ បានកោះប្រជុំក្រុមប្រឹក្សាមន្ដ្រីធំៗ ហើយបានជ្រើសតាំងអ្នកអង្គម្ចាស់អង្គវតីជាព្រះរៀម និងជាព្រះឧបរាជផងឱ្យឡើងសោយរាជ្យបន្ដ តាមបណ្ដាំរបស់ព្រះបាទអង្គឌួង ។
- នៅថ្ងៃរៀបចំព្រះរាជាពិធីរាជាភិសេក ព្រះរាជាថ្មីបានប្រកាន់យកព្រះនាមថា «នរោត្ដម» ដែលស្ដេចសៀមបានដាក់ថ្វាយនៅពេលព្រះអង្គបានឡើងជាព្រះឧបរាជនៅ ក្នុងឆ្នាំ១៨៥៦ ។ នៅពេលដែលបានទទួលដំណឹងពីការជ្រើសតាំងព្រះរាជាថ្មីនេះភ្លាម ស្ដេចសៀមបានបញ្ជូននូវការយល់ព្រមរបស់ព្រះអង្គមកភ្លាម ហើយបានសន្យាមិនច្បាស់លាស់ថា ទ្រង់នឹងយាងមកចូលរួមជាអធិបតីដោយផ្ទាល់ព្រះអង្គឯង ។ ក៏ប៉ុន្ដែព្រមជាមួយគ្នានោះ ស្ដេចសៀមដែលដឹងច្បាស់អំពីការច្រណែនរបស់អ្នកអង្គម្ចាស់វត្ថា ចំពោះព្រះរៀម បានអនុញ្ញាតឱ្យព្រះអង្គយាងត្រលប់ចូលមកកម្ពុជាវិញផងដែរ ។
- នៅពេលឡើងគង់លើរាជបល្ល័ង្កភ្លាម ព្រះបាទនរោត្ដមបានបញ្ជាឱ្យគេសង់ព្រះរាជវាំងសម្រាប់ព្រះអង្គនៅ ឧត្ដុង្គ នៅពីខាងលិចស្រះស្រង់ រួមទាំងដំណាក់សម្រាប់មហេសី និងស្រីស្នំក្រមការ សាលរបាំសម្រាប់ការសម្ដែងល្ខោន និងព្រះរាជបណ្ណាល័យមួយផងដែលមានជញ្ជាំងធ្វើពីបាយអដំបូលប្រក់ ស្បូវ ។ ព្រះអង្គបានយាងចូលគង់នៅក្នុងព្រះរាជវាំងថ្មីនេះនៅក្នុងខែសីហា ឆ្នាំ១៨៦០ ។
- ព្រះរាជាទ្រង់ស្រលាញ់អ្នកអង្គម្ចាស់វត្ថាណាស់ ចាត់ទុកដូចជាព្រះអនុជរួមព្រះមាតា ។ ព្រះអង្គបានប្រទានប្រាក់១០០ណែន (៨ពាន់ហ្វ្រង់) ចិញ្ចៀនមាស និងគ្រឿងអលង្ការផ្សេងៗថែមទៀត រួចបានសន្យាថា នឹងរៀបអាពាហ៍ពិពាហ៍ព្រះអង្គជាមួយព្រះក្សត្រីសិរីវង្ស ដែលត្រូវជាព្រះអនុជរួមព្រះបិតាទាំងអស់គ្នាទៀតផង ។ ក៏ប៉ុន្ដែ អ្នកអង្គម្ចាស់វត្ថា ដែលរំពឹងគិតថាក្រុមប្រឹក្សាមហាមន្ដ្រីចូលចិត្ដព្រះអង្គច្រើនជាង ព្រះរៀមទាំង២ បែរជាចាប់ផ្ដើមប្រើកលឧបាយប្រឆាំងនឹងព្រះរាជា ប្រឆាំងនឹងរដ្ឋមន្ដ្រីរបស់ព្រះអង្គ ប្រឆាំងនឹងចៅហ្វ៊ាមាស ជាមន្ដ្រីមានវ័យចំណាស់ជាងគេហើយក៏ជាមេគេដែរ ដែលអ្វីៗអាស្រ័យលើការសម្រេចចិត្ដរបស់គាត់ ។ អ្នកអង្គម្ចាស់វត្ថាមានបំណងចង់ធ្វើឃាតចៅហ្វ៊ាមាសនេះចោលដើម្បីជា ការដាក់ទោស ព្រោះគឺគាត់នេះហើយដែលបានជ្រើសរើសព្រះរៀមឱ្យឡើងគ្រងរាជបល្ល័ង្ក ហើយបានប្រើឥទ្ធិពលការពារព្រះរៀមទៀត ។ ចៅហ្វ៊ាមាសបានយាងអ្នកអង្គម្ចាស់វត្ថាឱ្យទៅផ្ទះគាត់ ដើម្បីអប់រំណែនាំព្រះអង្គ ធ្វើឱ្យព្រះអង្គមានការភ័យខ្លាច រួចនៅស្ងៀមបាន១ឆ្នាំដែរ ។ ប៉ុន្ដែបន្ទាប់មក ទ្រង់ក៏ចាប់ផ្ដើមប្រើកលឧបាយឡើងវិញ ។
- អ្នកអង្គម្ចាស់វត្ថាពេលនោះជាយុវជនសង្ហាម្នាក់ ប៉ិនប្រសប់ក្នុងការនិយាយស្ដីទៅកាន់មនុស្សម្នា ហើយត្រូវបាននារីៗ និងប្រជារាស្ដ្រស្រលាញ់ចូលចិត្ដច្រើន ។ ទ្រង់មានប្រាជ្ញាឈ្លាសវៃ មានការចេះដឹងខ្ពស់ និយាយខ្មែរបានល្អជាងព្រះបាទនរោត្ដម ដែលចូលចិត្ដប្រើតែភាសាសៀម ក៏ប៉ុន្ដែទ្រង់មានការច្រណែនច្រើន ។ ទ្រង់ប៉ិនប្រសប់ក្នុងការថ្លែងសុន្ទរកថាបានល្អណាស់ ពូកែនិយាយថែមថយបញ្ឆិតបញ្ឆៀងលើព្រឹត្ដិការណ៍ប្រចាំថ្ងៃ ឌឺដងឱ្យព្រះរាជាជាព្រះរៀម លើកអំពីទម្លាប់ធូររលុងរបស់ព្រះអង្គ អំពីសេចក្ដីស្នេហារបស់ព្រះអង្គជាមួយបងប្អូនស្រីៗ និងជាមួយជាយារបស់ព្រះបិតា ជាដើម ។ ទ្រង់មានមហិច្ឆតាខ្ពស់ ហើយមិនចេះគិតខ្លាចរអែងអ្វីឡើយ អាចនឹងបំផ្លិចបំផ្លាញព្រះរាជាណាចក្របាន ដោយហេតុតែចង់ដណ្ដើមយកអំណាចនេះ ។
- ក្នុងចំណោមបក្សពួករបស់អ្នកអង្គម្ចាស់វត្ថាមានញាតិខាងព្រះ មាតាម្នាក់ គឺស្នងសូរ ដែលបានដើរបំផុសបំផុលប្រជារាស្ដ្រនៅដីបាភ្នំ ស្វះស្វែងជ្រើសរើសគ្នីគ្នា ។ ព្រះរាជាបានចេញបញ្ជាឱ្យស្នងសូរចូលខ្លួនមកឧត្ដុង្គ ដើម្បីប្រគល់ឱ្យចៅហ្វ៊ាមាសកាត់ទោស ។ ស្នងសូរមិនព្រមចូលខ្លួនតាមព្រះរាជបញ្ជាទេ ហើយបានរត់ទៅជ្រកកោននៅក្នុងដំណាក់របស់អ្នកអង្គម្ចាស់វត្ថា ដែលឈប់ចូលគាល់ព្រះរាជាដែរ ។ ម្យ៉ាងទៀត មានលេចឮពាក្យចចាមអារ៉ាមនិយាយថា ស្ដេចសៀមបានបញ្ជូនអ្នកអង្គម្ចាស់វត្ថាមកកម្ពុជា ដើម្បីត្រួតពិនិត្យតាមដានមើលរាជវង្ស និងមន្ដ្រីរាជការទាំងអស់ តើមានអ្នកណាមិនស្មោះត្រង់នឹងពួកសៀមដែរឬទេ ?
- បន្ដិចក្រោយមកដោយអ្នកអង្គម្ចាស់វត្ថា និងព្រះជាយាមិនបានទៅចូលរួមព្រះរាជពិធីមួយដែលគេរៀបចំថ្វាយសព ព្រះបាទអង្គឌួង ព្រះបាទនរោត្ដមបានបញ្ជាឱ្យព្រះអនុជនេះយាងចេញពីព្រះរាជាណាចក្រ ធ្វើដំណើរជាមួយមិត្ដភក្ដិទាំងអស់ទៅបាងកក ជាមួយទូតដែលស្ដេចសៀមឱ្យនាំយកកោដ្ឋមាសមួយមកថ្វាយព្រះរាជា ដើម្បីដាក់ធាតុព្រះបិតា ។ អ្នកអង្គម្ចាស់វត្ថា និងព្រះជាយាបានប្រកែកមិនព្រមគោរពតាមទេធ្វើឱ្យព្រះរាជាខ្ញាល់ ជាខ្លាំង អត់ទ្រាំមិនបានក៏បញ្ជាឱ្យពួកមន្ដ្រីចាប់ខ្លួនព្រះអង្គ ។ ពួកមន្ដ្រីទាំងនោះទីទើមិនដឹងថាត្រូវគោរពតាមនរណា មួយគឺព្រះបាទនរោត្ដមដែលជាព្រះរាជាគង់លើរាជបល្ល័ង្ក មួយទៀតគឺអ្នកអង្គម្ចាស់វត្ថា ដែលប្រជារាស្ដ្រស្រលាញ់ចូលចិត្ដ ។ ទាល់តែគេបង្កើតកងកម្លាំងមួយដែលមានសុទ្ធតែពួកអ្នកកាន់សាសនា កាតូលិកជាបច្ឆាញាតិរបស់ពួកព័រទុយហ្គាល់ ទើបពួកនេះសម្រេចចិត្ដដាច់ខាតចាប់ខ្លួនព្រះអង្គ ។ អ្នកអង្គម្ចាស់វត្ថាបានតតាំងតបវិញ ក៏ប៉ុន្ដែត្រូវគេឡោមជុំជិត ទ្រង់ក៏លោតឡើងលើសេះបំបោលកាត់ខ្សែត្រៀម ហើយរត់គេចខ្លួនព្រះអង្គចេញទៅជាមួយនឹងស្រីក្មេងម្នាក់ ដែលព្រះអង្គបានចាប់ពង្រត់ចេញពីព្រះរាជវាំង ជាហេតុធ្វើឱ្យគេកាត់ស្មានថា នោះហើយជាមូលហេតុអាថ៌កំបាំងនៃទំនាស់រវាងបងប្អូនទាំង២ព្រះអង្គ ។ គេបានចាប់ព្រះមាតារបស់អ្នកអង្គម្ចាស់វត្ថាឃុំទុកក្នុង ព្រះរាជវាំង ដោយចោទថា ព្រះនាងបានឃុបឃិតជាមួយព្រះរាជបុត្រា ។
- សង្គ្រាមបានផ្ទុះឡើងរវាងបងប្អូនទាំង២ព្រះអង្គ ហើយជាថ្មីម្ដងទៀត ការបែកបាក់គ្នាដើម្បីដណ្ដើមអំណាចរវាងសមាជិក២អង្គរបស់ព្រះរាជ វង្សានុវង្សនៃព្រះរាជាណាចក្រកម្ពុជា បានកើតមានសាជាថ្មី ដោយគ្មានគិតថា ព្រះរាជាណាចក្រកំពុងតែជួបប្រទះគ្រោះវិនាសហិនហោចអ្វីទេ ។ មុនដំបូងទ័ពរបស់ចៅហ្វាយខែត្របាភ្នំខាងព្រះរាជាត្រូវទ័ពរបស់ស្នង សូរ និងរាមាយោធា (91) វាយឱ្យបរាជ័យតែបន្ទាប់មកក៏ទទួលជ័យជម្នះតិចតួចមកវិញ ដែលមិនសូវជាធំដុំប៉ុន្មានទេ ធ្វើឱ្យព្រះបាទនរោត្ដមអស់សង្ឃឹមជាខ្លាំង ណាមួយប្រជារាស្ដ្រក៏ឈរមើលការធ្វើសង្គ្រាមនេះដោយមិនកាន់ជើងខាង ណាជាងខាងណាដែរ ទ្រង់ក៏ចុះទូកចេញដំណើរតាមទន្លេ និងបឹងទន្លេសាប ទៅកាន់ខែត្របាត់ដំបងបាត់ទៅដោយបាននាំយកកេតនភណ្ឌព្រះរាជាណាចក្រ ទៅជាមួយផង (ខែសីហា ឆ្នាំ១៨៦១) ។
- ដំណើរយាងចាកចោលរាជធានីនេះបានធ្វើឱ្យសត្រូវរបស់ព្រះរាជាទទួល បានជ័យជម្នះ ។ រាមាយោធា ដែលជាវីរបុរសតែម្នាក់គត់នៅក្នុងសង្គ្រាមបង្ហូរតែឈាមគ្នាឯងនេះ ហើយដែលបង្ហាញឱ្យឃើញនូវថាមពល និងល្បិចខ្លះៗ បានវាយដណ្ដើមយកឧត្ដុង្គបាន ក៏ប៉ុន្ដែបន្ទាប់មកមិនដឹងថាត្រូវធ្វើអ្វីតទៅទៀតដើម្បីបន្ដវាត អំណាចទៅលើព្រះនគរទាំងមូល ចាប់បង្ខំឱ្យចៅហ្វាយខែត្រទាំងអស់ទទួលស្គាល់គោរពខ្លួនផងទេ ។ គាត់ជាអ្នកពូកែខាងធ្វើចម្បាំង ក៏ប៉ុន្ដែមិនដឹងមិនយល់អំពីការគ្រប់គ្រងប្រទេស និងអំពីនយោបាយបន្ដិចទាល់តែសោះ ។ ពេលនោះស្រាប់តែពួកចាម និងម៉ាឡេនៅត្បូងឃ្មុំដែលធ្លាប់បានបះបោររួចមកហើយកាលក្នុង រជ្ជកាលព្រះបាទអង្គឌួង ដល់ច្បាំងចាញ់បានរត់គេចទៅនៅឯចូវដុកនោះ បានស្រុះស្រួលត្រូវរ៉ូវគ្នាជាមួយពួកអ្នកកាន់សាសនានៅលង្វែក និងកំពង់ហ្លួង ដែលទើបតែប្រកែកមិនព្រមផ្ដល់ការគាំទ្រដល់ព្រះរាជា បានសំណូមពរឱ្យព្រះមហាក្សត្រិយានីជាព្រះអយ្យកា ដែលគង់នៅឧត្ដុង្គជាមួយនឹងរាជវង្សានុវង្សមួយចំនួន និងស្រីស្នំក្រមការទាំងអស់ជួយគាំទ្រព្រះរាជា ។ គេបានបង្វិលទ្រព្យរបស់ដែលគេបានរឹបអូសយកឋានៈតួនាទី មុខតំណែងពីមុនទៅឱ្យពួកនោះវិញ រួចហើយពួកគេក៏ចាប់ចេញធ្វើសកម្មភាព ។ ព្រះមហាក្សត្រិយានីបានកោះហៅរាមាយោធាឱ្យចូលគាល់ រួចបានស្ដីបន្ទោសចំពោះអំពើក្បត់របស់ខ្លួន ហើយបានបញ្ជាឱ្យដកថយចេញពីឧត្ដុង្គជាបន្ទាន់ ។ រាមាយោធាក៏នាំទ័ពរបស់ខ្លួនចេញមកកាន់ភ្នំពេញវិញ ។
- មកដល់ភ្នំពេញ រាមាយោធាបានជួបជាមួយនាវាចម្បាំងតូចមួយដែលទើបតែឡើងមកពី កូសាំងស៊ីន ដើម្បីផ្ដល់កិច្ចការពារដល់បេសកកម្មកាតូលិករបស់បារាំង ហើយដោយភ័យខ្លាំងណាស់ គាត់បានសន្យាសុខចិត្ដជួសជុលការខូចខាតទាំងអស់ ដែលបណ្ដាលមកអំពីការដុតពញាឮក្នុងពេលវាយគ្នាកាលពីប៉ុន្មាន សប្ដាហ៍មុន ។ រាមាយោធាបានប្រគល់សំណងជាប្រាក់៤ពាន់ហ្វ្រង់ជូនទៅ អេវ៉ែកមីស្ហ ភ្លាម ហើយបានសន្យាថានឹងជូន១ម៉ឺន២ពាន់ទៀតនៅខែក្រោយ ។ តាមពិតទៅនាវាចម្បាំងតូចនេះត្រូវបានបញ្ជូនឱ្យមកភ្នំពេញដើម្បី គ្រាន់តែការពារពួកសាសនទូតកាតូលិកជាតិបារាំងប៉ុណ្ណោះ ក៏ប៉ុន្ដែពួកបះបោរមើលឃើញថា ជាអន្ដរាគមន៍ជួយព្រះបាទនរោត្ដមទៅវិញ ។ ក៏ប៉ុន្ដែនោះហើយជាអ្វីដែលគេចង់បាន ណាមួយពួកកាតូលិកក៏ទទួលបញ្ជាពីអេវ៉ែករបស់គេ ឱ្យធ្វើការប្រយុទ្ធជួយព្រះរាជាផងដែរ នៅពេលដែលព្រះរាជាបានចេញព្រះរាជបញ្ជាឱ្យចាប់ខ្លួនអ្នកអង្គម្ចាស់ វត្ថា និងព្រះជាយាសិរីវង្ស ។
- នៅពេលនោះសង្គ្រាមបានចាប់ផ្ដើមឡើងនៅភាគខាងត្បូងតាមបណ្ដោយ ព្រំដែន ហើយបានបន្ដទៅយ៉ាងយូរ ដោយគ្មានបានផលអ្វីប៉ុន្មានទេ ។ ចៅហ្វាយខែត្រដីបាភ្នំបានចេញធ្វើការប្រយុទ្ធយ៉ាងអង់អាចក្លាហាន ជួនក៏ត្រូវរាមាយោធាវាយឱ្យបរាជ័យជួនក៏ទទួលបាននូវជ័យជម្នះខ្លះ វិញ ។ ពេលនោះមានទាហានបារាំង៥នាក់បានទទួលច្បាប់ឱ្យឈប់សម្រាកនៅ កូសាំងស៊ីន មុនដំបូងអ្នកទាំង៥បានចូលបម្រើពួកបះបោរ ។ ក៏ប៉ុន្ដែលុះដល់បានទទួលព័ត៌មានច្បាស់លាស់ពីសភាពការណ៍ពិតពី អេវ៉ែកមីស្ហ ក៏ត្រលប់មកជួយខាងឧត្ដុង្គវិញ ។ ពេលនោះប្រជាជនខ្មែររីករាយត្រេកអរខ្លាំងណាស់ វាហាក់ដូចជាថាគេនឹងអាចគាស់រំលើងអ្វីៗទាំងអស់បាន នៅពេលដែលមានពួកទាហានបារាំង៥នាក់នោះបញ្ជា ។ ព្រះអង្គស ជាព្រះអនុជបន្ទាប់របស់ព្រះរាជាសព្វថ្ងៃនេះ ដែលពេលនោះទ្រង់ជាព្រះកែវហ្វ៊ា ហើយក៏ជាព្រះរាជានុសិទ្ធិផងដែរពេលអវត្ដមានព្រះរាជាដែលកំពុងតែ គង់នៅឯបាងកក បានប្រគល់នាវាមួយកងឱ្យពួកនោះទៅវាយដណ្ដើមយកបន្ទាយរបស់រាមា យោធានៅមាត់ក្រសារ ។ នៅពេលទទួលបានដំណឹងថាពួកបារាំងជាអ្នកបញ្ជាដឹកនាំទ័ពនាវានោះ រាមាយោធាមិនបាននៅតទល់ទេ តែបាននាំទ័ពរត់គេចអស់ទៅ ។
- ពេលនោះ ព្រះបាទនរោត្ដមបានចាប់គិតឃើញថា ព្រះអង្គមិនគួរនឹងយាងចេញពីព្រះនគរសោះ ដល់ឃើញព្រះអនុជព្រះកែវហ្វ៊ាចាត់ចែងកិច្ចការព្រះរាជាណាចក្រ ហើយដឹកនាំសង្គ្រាមប្រឆាំងនឹងអ្នកអង្គម្ចាស់វត្ថាផង ព្រះអង្គពិភាល់ថាព្រះអនុជមានបំណងប្រឆាំងនឹងព្រះអង្គ ហើយឱ្យគេជ្រើសតាំងជាព្រះមហាក្សត្រជំនួសព្រះអង្គវិញ ។ ការដែលព្រះរាជាទ្រង់គិតដូច្នេះខុសស្រឡះ ក៏ប៉ុន្ដែបើទោះជាយ៉ាងណាក្ដីអ្នកអង្គម្ចាស់ស៊ីសុវត្ថិ បានត្រូវរងគ្រោះដោយសារព្រះរាជាជាព្រះរៀមរហូត ។
- ពេលនោះពួកមន្ដ្រីៗនៅឧត្ដុង្គបានជំរុញឱ្យអេវ៉ែកមីស្ហ សរសេរលិខិតមួយទៅកុងស៊ុលបារាំងប្រចាំរាជធានីបាងកកឱ្យទៅជួបស្ដេច សៀម សំណូមពរសុំព្រះអង្គចាត់ឱ្យកប៉ាល់មួយដឹកព្រះបាទនរោត្ដមមកចុះចត នៅកំពត ហើយនិងសុំឱ្យបញ្ជូនទ័ពមួយកងមកតាមបាត់ដំបង សម្រាប់ជួយការពារព្រះរាជានៅឧត្ដុង្គផង ។ ស្ដេចសៀមរីករាយណាស់នឹងបានលូកដៃចូលមកក្នុងកម្ពុជាជាថ្មីម្ដង ទៀត ហើយសង្ឃឹមថានឹងអាចស្ដារឥទ្ធិពលចាស់របស់សៀមមកលើកម្ពុជាឡើងវិញ បាន ។ ទ្រង់បានចាត់ឱ្យគេជូនដំណើរព្រះបាទនរោត្ដមមកកំពត ។ ព្រះរាជាយាងចូលមកឧត្ដុង្គវិញនៅក្នុងខែមីនា ឆ្នាំ១៨៦២ ហើយក៏ចាប់ទទួលអំណាចទាំងអស់ពីមុនមកភ្លាមដែរ ។ ការដែលអេវ៉ែកមីស្ហ ធ្វើដូច្នេះគឺផ្ទុយនឹងនយោបាយរបស់បារាំង ថ្វីបើបានធ្វើឱ្យព្រះរាជាយាងត្រលប់មកកាន់ព្រះនគរវិញក៏ដោយ ព្រោះវាបានធ្វើឱ្យមានអន្ដរាគមន៍របស់សៀមឡើងវិញ ដែលនៅពេលនោះ បារាំងមានវត្ដមាននៅកូសាំងស៊ីនរួចទៅហើយ ហើយជិតជាងបាងកកផង ។ ម្ល៉ោះហើយគេបានស្ដីបន្ទោសអេវ៉ែកមីស្ហបន្ដិចបន្ដួច ហើយស្ដេចសៀមក៏មិនបានបញ្ជូនទ័ពមកដែរ ។
- ក្រោយមក គេសម្លាប់រាមាយោធាបាន (92) ហើយស្នងសូរក៏ត្រូវចាប់ខ្លួនដាក់ក្នុងទ្រុងដែរ ប៉ុន្ដែបានរត់រួចទៅវិញ ហើយគេចខ្លួនទៅកូសាំងស៊ីនបាត់ទៅ ។ អ្នកអង្គម្ចាស់វត្ថាក៏គេចព្រះអង្គបាត់ បក្សពួកមួយចំនួនបានត្រូវគេដឹកយកទៅដាក់នៅឯកោះត្រឡាច (ពូឡូកុងឌ័រ) ការបះបោរក៏ស្ងាត់បាត់ទៅ ។ ក៏ប៉ុន្ដែ ចាប់ពីទ្រង់បានយាងត្រលប់មកវិញនេះ ព្រះរាជាកម្ពុជាហាក់ដូចជាកាន់តែចំណុះស្ដេចសៀមខ្លាំងឡើងៗ រហូតដល់មើលទៅឃើញថា រ៉េស៊ីដង់សៀមទេដែលមានសិទ្ធិអំណាចមែនទែន ។
- នៅក្នុងឆ្នាំដដែលនោះមានជនកំបុតជើងត្រឹមភ្លៅម្នាក់ឈ្មោះថា បា បានបំបះបំបោរយុវជនក្មេងៗនៅក្នុងខែត្រសំរោងទង ឱ្យសែងខ្លួនទៅរាជធានីឧត្ដុង្គ ហើយបើកការវាយប្រហារទៅលើព្រះរាជវាំង ។ ក៏ប៉ុន្ដែទ័ពរបស់ បា ត្រូវបរាជ័យ បែកខ្ញែកគ្នាអស់ ឯបាបានរត់គេចខ្លួនរួចរហូតទៅដល់ខែត្រពោធិ៍សាត់ ។ គេតាមចាប់មេបះបោរនេះបាន រួចដឹកតាមរទេះមករាជធានីវិញ ប៉ុន្ដែ បា បានស្លាប់តាមផ្លូវទៅហើយ ។ គេបានយកខ្មោចជនក្បត់នេះដាក់តាំងជាសាធារណៈអស់ពេល៣ថ្ងៃ រួចយកមកព្យួរនៅខាងកើតផ្សារដែក ដាក់ក្បាលសំយុងចុះក្រោម ទ្រូងត្រូវគេវះចំហធ្លុង ។
- នៅសម័យនោះគេបានរៀបចំពិធីបូជាព្រះសពរបស់ព្រះបាទអង្គឌួង ហើយរើសអដ្ឋិធាតុដាក់ក្នុងកោដិមាសមួយដែលស្ដេចសៀមបានផ្ញើមកឱ្យ កាលពីឆ្នាំមុន ។
- កាលពីមុន គឺក្នុងខែមីនា ឆ្នាំ១៨៦១ លោកឧត្ដមនាវី ស្ហាកនេ ដែលជាមេបញ្ជាការនៅសាយហ្គន បានបញ្ជូននាយទាហានជើងទឹកម្នាក់ឱ្យមកថ្វាយដំណឹងដល់ព្រះបាទ នរោត្ដមថា រដ្ឋាភិបាលបារាំងបានសម្រេចមកតាំងនៅកូសាំងស៊ីនយូរអង្វែង ហើយមានចេតនាចង់រក្សាទំនាក់ទំនងល្អជាមួយកម្ពុជា ។ នៅក្នុងការសន្ទនាពេលចូលគាល់ព្រះរាជា នាយទាហាជើងទឹកនោះបានទូលព្រះអង្គថាលោកឧត្ដមនាវីចង់ឱ្យ ព្រះរាជាណាចក្រកម្ពុជាមានចំណងមេត្រីភាពសេរីជាមួយបរទេស មិនចំណុះអ្នកណាមួយទេ ហើយនៅពេលនោះ បារាំងនឹងទៅជាមិត្ដរបស់ប្រជាជនកម្ពុជាវិញ ។ ព្រះរាជាបានឆ្លើយតបទៅវិញថា កម្ពុជាមានសេរីភាពពេញលេញជាមួយសៀម ហើយគ្មានបានចុះសន្ធិសញ្ញាអ្វីដែលចងកម្ពុជាដែរ ក៏ប៉ុន្ដែព្រះអង្គបានមានបន្ទូលដោយឥតលាក់លៀមប្រាប់ទៅនាយទាហាន ជើងទឹកនោះដែរថា សៀមនៅមានគុណលើកម្ពុជាច្រើនក្នុងការដែលគេបានជួយដណ្ដើមយកយើង ចេញពីដៃពួកអាណ្ណាមមកវិញ នៅពេលដែលពួកអាណ្ណាមនេះបានគ្រប់គ្រងកម្ពុជាតាមរបៀបរបបស្រុកគេ ទៅហើយ ដោយប្រើប្រាស់មន្ដ្រីរបស់គេទៀត ។ តាមពិតទៅ គេសង្កេតឃើញថា ព្រះបាទនរោត្ដមហាក់ដូចជាចំណុះបញ្ជារបស់ស្ដេចសៀមកាន់តែខ្លាំងឡើងៗ ចាប់តាំងតែពីពេលដែលព្រះអង្គបានយាងត្រលប់ចូលមកក្នុងរាជធានី ឧត្ដុង្គវិញ អាចប្រហែលជាស្ដេចសៀមបានចាត់មន្ដ្រីរបស់គេណាម្នាក់ឱ្យមកនៅអែប នឹងព្រះអង្គជាប់ ដែលយើងមិនទាំងស្គាល់ផងក៏មិនដឹង ។
- ប្រទេសបារាំងមិនអាចគាំទ្រឱ្យប្រជាជនមួយដែលនៅជិតបង្កើយនឹង កូសាំងស៊ីន ក្លាយទៅជាចំណុះអធិរាជមួយដែលនៅឆ្ងាយជាងហើយដែលតែងតែ និងកំពុងមានបំណងចង់ដណ្ដើមយកនគរទៅដាក់បញ្ចូលជាទឹកដីរបស់គេបាន ទេ ។ ដោយស្ដេចសៀមបញ្ជូនរ៉េស៊ីដង់សៀមម្នាក់គឺពញារាជជាសម្ងាត់ឱ្យមក នៅឧត្ដុង្គអែបនឹងព្រះរាជា លោកឧត្ដមនាវីក៏សម្រេចបញ្ជូនរ៉េស៊ីដង់បារាំងម្នាក់មកដែរ ដោយចេញមុខតែម្ដង ។ នៅក្នុងខែមេសា ឆ្នាំ១៨៦២ លោកអនុនាវីឯក ឌូដាដឺឡាគ្រេ បានចេញកប៉ាល់ពីយ៉ាឌិញមកចុះនៅកំពង់ហ្លួង ជាមួយបេសកកម្មត្រូវបង្ហាញខ្លួននៅគ្រប់ទីកន្លែង ធ្វើដំណើរទៅសព្វទិសទីក្នុងប្រទេស ធ្វើដំណើរឡើងចុះតាមទន្លេ និងចូលគាល់ព្រះរាជាឱ្យបានញឹកញាប់ ដោយមិនចាំបាច់មានអន្ដរការីនៅចន្លោះកណ្ដាលរវាងព្រះរាជា និងគាត់ទេ ។
- មិនយូរប៉ុន្មានលោកអនុនាវីឯកក៏ក្ដាប់បានរឿងរ៉ាវទាំងអស់ដែលគេ ខិតខំលាក់នឹងគាត់ ហើយពិនិត្យឃើញថា នៅឧត្ដុង្គស្ដេចសៀមមានអំណាចខ្លាំងជាងព្រះបាទនរោត្ដមទៅទៀត ។ គាត់បានរាយការណ៍អំពីស្ថានភាពនេះទៅទេសាភិបាលកូសាំងស៊ីន ។ លោកឧត្ដមនាវី ឡាហ្គ្រង់ឌីយែរ ដែលជំនួសលោកឧត្ដមនាវី បូណា បានសម្រេចថាត្រូវបញ្ចប់ស្ថានភាពនេះ ព្រោះថាបើបណ្ដោយទុកយូរៗទៅ ឥទ្ធិពលរបស់សៀមនឹងកាន់តែរឹងមាំឡើងៗ ហើយបណ្ដាលឱ្យមានគ្រោះថ្នាក់ចំពោះកម្ពុជា ក៏ដូចជាចំពោះបារាំង ។
- នៅក្នុងខែកក្កដា ឆ្នាំ១៨៦៣ លោកឧត្ដមនាវី ឡាហ្គ្រង់ឌីយែរ បានមកឡើងគោកនៅកំពង់ហ្លួង រួចបានធ្វើដំណើរទៅដល់ឧត្ដុង្គមួយម៉ោងក្រោយមក ។ គាត់បានចូលគាល់ព្រះរាជា ទូលប្រាប់ព្រះអង្គអំពីស្ថានភាពស្រុកទេស ហើយក្រោយពីបានស្ដាប់ការប្រកាសរបស់ព្រះរាជាថាព្រះអង្គនៅឯករាជ្យ ពីប្រទេសសៀម គាត់បានស្នើព្រះអង្គឱ្យដាក់កម្ពុជានៅក្នុងអាណាព្យាបាលបារាំងដែល នៅជិតខាងជាង ហើយដែលនឹងការពារកម្ពុជាឱ្យរួចផុតពីសត្រូវគឺអាណ្ណាម និងសៀម ធានាឱ្យព្រះរាជាណាចក្រស្ថិតស្ថេរតទៅសម្រាប់កូនចៅជំនាន់ក្រោយ ។ ព្រះរាជាបានយល់ព្រមទទួលយកអាណាព្យាបាលរបស់បារាំង ក៏ប៉ុន្ដែទ្រង់នៅមានការញញើតញញើមខ្លះ ដោយទ្រង់បារម្ភខ្លាចដល់ពេលមួយបារាំងបោះបង់កូសាំងស៊ីនចោល ហើយទុកឱ្យកម្ពុជានៅទទួលរងកំហឹងរបស់អាណ្ណាម និងសៀមសាជាថ្មីទៀត ។ អ្វីដែលបណ្ដារដ្ឋនៅឥណ្ឌូចិនបានដឹង គឺបារាំងមិនដែលរក្សាទឹកដីដែលខ្លួនដណ្ដើមយកបានទេ ហើយរឿងនេះ រ៉េស៊ីដង់សៀមបានលើកយកមកទូលប្រាប់ព្រះរាជាម្ដងហើយម្ដងទៀត ក្រោមគ្រប់រូបភាព ។
- មកដល់ពេលនោះ ដើម្បីធ្វើសៀមសប្បាយចិត្ដ ឈប់គិតពីកម្ពុជា ហើយផ្ដល់សេរីភាពឱ្យព្រះអង្គធ្វើការចរចាជាមួយបារាំង ព្រះបាទនរោត្ដមបានសម្រេចប្រគល់ខែត្រពោធិ៍សាត់ និងកំពង់ស្វាយទៅឱ្យសៀម នៅក្នុងថ្ងៃទី២ ខែមីនា ឆ្នាំ១៨៦៣ ។ សៀមបានយល់ព្រមទទួលយកខែត្រទាំង២ តែបានប្រកាសថាទុកឱ្យកម្ពុជាប្រើប្រាស់ជាប្រយោជន៍តទៅទៀតសិន ។ តាមពិតស្ដេចសៀមចង់បានខែត្រទាំង២ណាស់ទៅហើយ ក៏ប៉ុន្ដែមិនហ៊ានទទួលយកដោយខ្លាចអន្ដរាគមន៍របស់បារាំង ណាមួយធ្វើយ៉ាងនេះដើម្បីអាចរក្សាឥទ្ធិពលរបស់ខ្លួនលើរាជវាំង ឧត្ដុង្គតទៅទៀតផង ។
- ពេលនោះព្រះបាទនរោត្ដម ដែលមានការច្រណែននឹងព្រះអនុជអ្នកអង្គម្ចាស់សដែលបានចាត់ចែង កិច្ចការព្រះនគរបានយ៉ាងល្អនៅពេលអវត្ដមានរបស់ព្រះអង្គ ហើយបារម្ភខ្លាចព្រះអនុជនេះទទួលបានប្រជាប្រិយភាពខ្លាំងជាង បានស្នើសុំឱ្យស្ដេចសៀមកោះហៅព្រះអនុជយកទៅបាងកក ។ ស្ដេចសៀមបានចាត់ឱ្យមន្ដ្រីសៀមម្នាក់មករាជធានីឧត្ដុង្គនៅក្នុង ខែវិច្ឆិកា ឆ្នាំ១៨៦៣ ដើម្បីនាំអ្នកអង្គម្ចាស់សទៅបើទោះជាព្រះអង្គប្រកែកមិនចង់យាង ទៅក៏ដោយ ។ ស្ដេចសៀមគិតថាខ្លួនអាចប្រើប្រាស់អ្នកអង្គម្ចាស់សនេះដើម្បី ធ្វើជាឧបករណ៍សម្រាប់កកូរកកាយកម្ពុជាបាននៅពេលក្រោយៗទៀត ។
- ស្ដេចសៀមមិនសូវជាសប្បាយចិត្ដប៉ុន្មានទេ ព្រោះព្រះអង្គចង់ឱ្យបារាំងចរចាជាមួយនឹងព្រះអង្គផ្ទាល់អំពី រឿងរ៉ាវដែលទាក់ទិនជាមួយកម្ពុជា និងព្រះរាជាឧត្ដុង្គ ដែលព្រះអង្គបានចាត់ទុកថាគ្រាន់តែជាព្រះរាជារងបន្ទាប់ពីព្រះ អង្គប៉ុណ្ណោះ ។ នៅពេលដែលបានជ្រាបពីហេតុការណ៍នេះ ព្រះបាទនរោត្ដមបានប្រកែកដោយព្រះទ័យក្រេវក្រោធ ហើយមិនចង់ឱ្យមានដូច្នេះតទៅទៀតទេ ទើបព្រះអង្គទាមទារឱ្យសៀមបញ្ជូនកេតនភណ្ឌរបស់ព្រះរាជាកម្ពុជាមក ឱ្យវិញ ក្នុងនោះមានទាំងព្រះខ័នរាជ្យផង ដែលព្រះអង្គបាននាំយកទៅកាលពីខែសីហា ឆ្នាំ១៨៦១ ហើយទុកចោលនៅក្នុងរាជវាំងបាងកក មិនបានយកមកវិញទេ ។ ស្ដេចសៀមបានឆ្លើយតបមកថា ទ្រង់នឹងយាងមកផ្ទាល់ព្រះអង្គដើម្បីរៀបចំអភិសេកព្រះរាជាកម្ពុជា ។ និយាយយ៉ាងនេះ ជាការបញ្ជាក់ឱ្យឃើញសាជាថ្មីនូវសិទ្ធិអធិរាជភាពរបស់សៀមមកលើ កម្ពុជា និងថាស្ដេចសៀមមានសិទ្ធិធ្វើអ្វីៗទាំងអស់មកលើព្រះរាជានៅ ឧត្ដុង្គ ។ លោកឧត្ដមនាវីបានប្រកែកមិនយល់ស្របតាម ហើយស្ដេចសៀមក៏រក្សាកេតនភណ្ឌទាំងអស់ទុកទៅ (ខែវិច្ឆិកា ឆ្នាំ១៨៦៣) តែក៏មិនបានបដិសេធថា មិនឱ្យមកវិញនោះទេ ធ្វើឱ្យព្រះរាជាចេះតែរង់ចាំដូច្នេះរហូតទៅ ។ ស្ដេចសៀមបានគិតថា មើលទៅប្រហែលជារដ្ឋាភិបាលទីក្រុងប៉ារីសនឹងមិនឱ្យសច្ចាប័នលើ សន្ធិសញ្ញាដែលបារាំងបានចុះហត្ថលេខាជាមួយស្ដេចនរោត្ដមទេ សមនឹងមានការយឺតយ៉ាវក្នុងការបញ្ជូនសំបុត្រទៅស្រុកបារាំងផង ការឱ្យសច្ចាប័ននេះហាក់ដូចជាត្រូវនឹងគំនិតគិតឃើញរបស់ខ្លួន ។
- រហូតមកដល់ខែមករា ឆ្នាំ១៨៦៤ សៀមនៅតែមិនទាន់បញ្ជូនកេតនភណ្ឌរបស់ព្រះរាជាកម្ពុជាមកឱ្យវិញទេ ព្រះបាទនរោត្ដមក៏សម្រេចឱ្យធ្វើការប្រកាសព្រះអង្គជាព្រះរាជា ដោយឱ្យរៀបចំស្វេតច្ឆត្រ៧ជាន់ ដាក់នៅពីលើព្រះរាជបល្ល័ង្ក ។ ដោយគ្មានព្រះខ័នរាជ្យ ការប្រកាសនេះហាក់បីដូចជាមិនគ្រប់គ្រាន់ទេ ក៏ប៉ុន្ដែមានប្រសិទ្ធភាពសមល្មមដែរ ដោយប្រជារាស្ដ្រទាំងអស់បានស្វាគមន៍អបអរ ។
- នៅពេលនោះរាជវាំងបាងកកក៏មិនដឹងថាតើត្រូវធ្វើដូចម្ដេចដែរ ស្រាប់តែបានទទួលដំណឹងនៅក្នុងខែមីនាថា រដ្ឋាភិបាលបារាំងបានឱ្យសច្ចាប័នលើសន្ធិសញា្ញដែលបានចុះកាលពី ខែកក្កដា ឆ្នាំ១៨៦៣ហើយ ។ ដោយមិនអាចត្រលប់ក្រោយបាន បាងកកក៏ស្នើទៅឧត្ដមនាវីបារាំងនៅកូសាំងស៊ីនថាឱ្យរៀបចំព្រះរាជ ពិធីអភិសេកព្រះរាជាកម្ពុជាក្រោមអធិបតីភាពរបស់តំណាងពីរដ្ឋាភិបាល បារាំង និងសៀមរួមគ្នា ។ លោកឧត្ដមនាវីឡាហ្គ្រង់ឌីយែរបានយល់ព្រមតាមសំណើនេះដែលធ្វើឱ្យគេ នឹកដល់ការអភិសេកព្រះបាទអង្គឌួងដោយតំណាងរបស់សៀម និងអាណ្ណាមដែរ ពេលនេះបារាំងបានមកជំនួសអាណ្ណាម ម្ល៉ោះហើយត្រូវបន្ដសិទ្ធិគ្រប់គ្រងលើកម្ពុជាជំនួសអាណ្ណាមវិញ ។ ដោយហេតុនេះព្រះបាទនរោត្ដមត្រូវបានគេរៀបចំព្រះរាជពិធីអភិសេក ថ្វាយយ៉ាងឱឡារិកនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤ ដោយមានកេតនភណ្ឌគ្រប់គ្រាន់ដែលបញ្ជូនមកពីបាងកក ។
- នៅពេលនោះមានជនម្នាក់ឈ្មោះ អាស្វា បានប្រកាសខ្លួនថា ជាអ្នកអង្គម្ចាស់ភឹម ដែលត្រូវជាបុត្រារបស់អតីតព្រះឧបរាជអង្គឯម បានចាប់បះបោរឡើង អង្គភឹមនេះបានសុគតទៅហើយនៅបាងកកកាលពីឆ្នាំ១៨៥៥ ក្នុងព្រះជន្ម៣១ព្រះវស្សាដោយសាររោគឆ្កួត ។ តាមពិតអាស្វានោះជាខ្ញុំម្នាក់ដែលធ្លាប់បានប្រកាសខ្លួនថាជា អ្នកមានបុណ្យ ហើយត្រូវបានគេចាប់ខ្លួនបញ្ជូនយកមកថ្វាយព្រះបាទអង្គឌួងម្ដងរួច មកហើយនៅក្នុងឆ្នាំ១៨៥៩ ក៏ប៉ុន្ដែព្រះអង្គបានលស់លាត្រាប្រណីទោសបញ្ជូនទៅឱ្យម្ចាស់វិញ ទៅ ។ ចាប់ពីពេលនោះមកជននេះបានដើរគ្មានទិសដៅទៅសព្វទីកន្លែង ដោយប្រកាន់ថាខ្លួនជាអ្នកមានបុណ្យ ។ ឥឡូវនេះជននោះប្រកាសខ្លួនថា ជាអ្នកអង្គម្ចាស់មួយអង្គ ដែលអ្នកណាក៏ដឹងដែរថាទ្រង់បានសុគតទៅហើយ ។ ជននោះបានសរសេរលិខិត១ច្បាប់ទៅឱ្យលោកឧត្ដមនាវី (93) ទាមទារនូវសិទ្ធិទាំងឡាយដែលខ្លួនត្រូវទទួលបាន ។ លោកឧត្ដមនាវីមិនបានឆ្លើយតបទៅវិញទេ ជននោះក៏ចាប់ផ្ដើមប្រមែប្រមូលបក្សពួកនៅក្នុងខែត្រទ្រាំង បាទី ពាម និងព្រៃកប្បាស អ្នកខ្លះចូលរួមដោយជឿតាមការឃោសនា ខ្លះទៀតមានបំណងចង់ធ្វើចោរកម្ម ធ្វើឱ្យច្របូកច្របល់ពេញប្រទេស ។ មនុស្សមួយចំនួនដែលអាស្វា ទទួលយកមកបញ្ចូលក្នុងជួរកងកម្លាំងរបស់ខ្លួន គឺជាអតីតទាហានរបស់រាមាយោធា និងស្នងសូរ ។ ពួកបះបោរបានសម្លាប់ឧកញ៉ាចក្រីកែបចៅហ្វាយខែត្រទ្រាំងនៅក្នុងការ ប្រយុទ្ធមួយ រួចហើយបានដុតបំផ្លាញខែត្រកំពតខ្ទេចខ្ទី ។ បន្ទាប់មក ដោយកងកម្លាំងរបស់ខ្លួនកើនកាន់តែច្រើនឡើង អាស្វាក៏ធ្វើដំណើរមកកាន់ភ្នំពេញ ក៏ប៉ុន្ដែបានត្រូវទ័ពព្រះរាជាកាត់វាយតាមផ្លូវ ធ្វើឱ្យបរាជ័យ រួចដកថយទៅកាន់កូសាំងស៊ីនវិញទៅ ។ អាស្វាបានទទួលការការពារពីពួកអាណ្ណាមនៅក្នុងខែត្រវិញឡុង ចូវដុក និងហាទៀង និងពីស្ដេចត្រាញ់របស់ខែត្រទាំងនោះផងដែរ ព្រោះអាណ្ណាមគិតថាសង្គ្រាមស៊ីវិលនឹងធ្វើឱ្យកម្ពុជាចេះតែរេចរឹល ទៅៗ ។ ប៉ុន្ដែនៅទីបំផុតពួកអាណ្ណាមក៏ចាប់អាស្វាប្រគល់ឱ្យលោក ដឺឡាគ្រេ នៅចូវដុក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៨៦៦ ។
- នៅពេលដែលព្រឹត្ដិការណ៍នេះបញ្ចប់ទៅនៅភាគនិរតីព្រះរាជាណាចក្រ មានព្រឹត្ដិការណ៍មួយផ្សេងទៀតបានកើតឡើងនៅឧត្ដុង្គ ។ ថ្ងៃមួយព្រះរាជាបានទទួលភ្នាក់ងារម្នាក់មកពីបាងកក សុំយាងព្រះអង្គឱ្យធ្វើដំណើរទៅកំពត ដើម្បីទៅទទួលស្ដេចសៀមដែលរង់ចាំជួបជាមួយព្រះអង្គ ។ ព្រះរាជាបានប្រាប់លោកឌូដាដឺឡាគ្រេ អំពីការអញ្ជើញនេះ ហើយបានមានព្រះបន្ទូលថានេះគឺជាកិត្ដិយសមួយចំពោះព្រះអង្គហើយ ទ្រង់នឹងយាងទៅតាមការអញ្ជើញ ។ លោក ឌូដាដឺឡាគ្រេ មិនចង់ឱ្យព្រះរាជាយាងទៅទេ ហើយបានទូលតបទៅវិញថា ស្ដេចសៀមមិនបានយាងមកទេ ។ ព្រះរាជាមិនព្រមស្ដាប់ឡើយហើយបានយាងទៅកំពតដោយមានលោកឌូដា ដឺឡាគ្រេជូនដំណើរទៅផង ។ ទៅដល់កំពត ព្រះអង្គទទួលបានសារលិខិតរបស់ស្ដេចសៀមមួយច្បាប់ទូលព្រះអង្គថា ស្ដេចសៀមមិនបានយាងមកតាមការណាត់ទេ ហើយសូមឱ្យព្រះអង្គយាងត្រលប់ទៅរាជធានីវិញចុះ ។ ព្រះបាទនរោត្ដមទ្រង់ខ្ញាល់ជាខ្លាំង ក៏យាងត្រលប់ទៅឧត្ដុង្គវិញទាំងខ្មាស់អៀន ដែលត្រូវរំខានអត់ប្រយោជន៍ដូច្នេះ ។
- នៅសម័យនោះ គឺនៅចុងឆ្នាំ១៨៦៥ មានខ្មែរម្នាក់ទៀតបានប្រកាសខ្លួនថាជា ពោធិកំបោរ (94) ត្រូវជាបុត្រារបស់ព្រះអង្គចន្ទ បង្ហាញខ្លួននៅក្រចេះ រួចនៅតាមបណ្ដាខែត្រខាងកើត ចុះរហូតទៅដល់ទឹកដីកូសាំងស៊ីន នៅត្រាវិញ(បាសាក់) ។ ប្រជាជនជាច្រើននាក់បានជឿតាមសម្ដីរបស់ជននេះ ហើយនាំគ្នាដើរតាមជាហូរហែ ។
- លោកឧត្ដមនាវីជាចៅហ្វាយក្រុងសាយហ្គនបានកោះហៅឈ្មោះនេះឱ្យទៅជួប ហើយបានឃាត់ខ្លួនទុក ។ តាមពិតជននោះមានឈ្មោះថា ពោធិ អ្នកខ្លះនិយាយថាកើតនៅត្បូងព្រះឃ្លាំងក្នុងខែត្រកំពង់ស្វាយ តែអ្នកខ្លះថាជននេះមានកំណើតជាជនជាតិភាគតិចរដែ ។ ទោះជាយ៉ាងណាក្ដីជននេះបានធ្វើដំណើរចេញពីភូមិពួករដែមកមុននឹងមក ដល់ក្រចេះ ។ ជននោះមានប្រពន្ធ៤នាក់ នារីព្នងម្នាក់ នារីអាណ្ណាមម្នាក់ និងនារីខ្មែរ២នាក់ ។ មកដល់ក្រចេះ គាត់បានយកប្រពន្ធខ្មែរម្នាក់ទៀត ។ ពោធិបានសម្លាប់ចៅហ្វាយខែត្រក្រចេះ និងសម្បុកដែលប្រកែកមិនព្រមគោរពបញ្ជារបស់ខ្លួន រួចបានទៅសង់បន្ទាយមួយនៅក្នុងភូមិឈើទាលភ្លោះ នៅក្នុងខែត្រកញ្ជរ ។ ពេលនោះអាណាខែត្រទាំងឡាយនៅខាងកើតទន្លេមេគង្គបានចុះចូលជាមួយនឹងជន ក្បត់នេះ ។ ព្រះរាជាបានបញ្ជាឱ្យលោកក្រឡាហោមចេញតាមវាយទៅលើពោធិកំបោរដល់ បាភ្នំនៅក្នុងខែមិថុនា ឆ្នាំ១៨៦៦ ។ មុនដំបូងទ័ពពោធិកំបោរទទួលបានជ័យជម្នះ ប៉ុន្ដែបន្ទាប់មកក៏បរាជ័យវិញ ហើយបានគេចខ្លួនបាត់ទៅ ។ ប៉ុន្មានថ្ងៃក្រោយមក ពោធិកំបោរបានបង្ហាញខ្លួនឡើងវិញ ក៏ត្រូវទ័ពបារាំងវាយលើកទី១នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ១៨៦៦ លើកទី២នៅក្នុងខែមករា ឆ្នាំ១៨៦៧ ។ ពោធិកំបោរបានបាត់ខ្លួនម្ដងទៀត បន្ដិចក្រោយមកលេចឃើញនៅក្នុងខែត្របារាយណ៍ និងកំពង់លែង ហើយធ្វើការគំរាមកំហែងមកលើរាជធានីឧត្ដុង្គ ។ ពោធិកំបោរបានត្រូវវាយឱ្យបរាជ័យជាច្រើនលើកច្រើនសា ក៏បាត់ខ្លួនម្ដងទៀតរួចមកដល់កំពង់ធំ ។ នៅកំពង់ធំនោះ អ្នកស្រុកស្រីៗបានជំរុញឱ្យប្ដីខ្លួនដេញតាមចាប់ពោធិកំបោរបាននៅ ក្នុងត្រពាំងទឹក រួចសម្លាប់ចោលទៅ ។ គេបានកាត់ក្បាលពោធិកំបោរប្រឡាក់អំបិលផ្ញើថ្វាយព្រះរាជា ដែលទ្រង់បានចេញបញ្ជាឱ្យយកទៅដោតនៅចុងដើមឫស្សីមួយនៅភ្នំពេញ (ខែធ្នូ ឆ្នាំ១៨៦៧) ។
- កន្លងមក នៅពេលដែលមានព្រឹត្ដិការណ៍អស់នេះកើតឡើង ក្រោយពីបានពិនិត្យឃើញថាពួកអាជ្ញាធរអាណ្ណាមតែងតែជួយពួកបះបោរ ដោយផ្ដល់ឱ្យជ្រកកោនលើទឹកដី ឬជួនកាលជួយទាំងកម្លាំងថែមទៀត បញ្ជាក់ឱ្យឃើញថា ពួកនេះមានបំណងចង់បង្កការរំខានដល់សកម្មភាពរបស់បារាំងនៅកម្ពុជា លោកឧត្ដមនាវី ឡាហ្គ្រង់ឌីយែរ បានសម្រេចប្រកាសថា ត្រូវបញ្ចប់ការដណ្ដើមយកកូសាំងស៊ីនភាគខាងក្រោមទាំងមូលតែម្ដង ដោយកាត់យកខែត្រ៣ថែមទៀតដែលខ្មែរបានបោះបង់ចោលឱ្យអាណ្ណាមគឺ ចូវដុក វិញឡុង និងហាទៀងដាក់បញ្ចូលជាមួយខែត្រ៣មុន គឺបៀនវ៉ា យ៉ាឌិញ និងឌិញទឿង ។ ការកាត់យកទឹកដីនេះប្រព្រឹត្ដទៅនៅក្នុងខែមិថុនា ឆ្នាំ១៨៦៧ ៖ វិញឡុងបានធ្លាក់ចូលមកក្នុងដៃបារាំងនៅថ្ងៃទី២០ ចូវដុកក្នុងថ្ងៃទី២២ ហើយហាទៀងនៅក្នុងថ្ងៃទី២៤ ដោយគ្មានអស់គ្រាប់កាំភ្លើង១គ្រាប់ ។ ចៅហ្វាយលើទឹកដីទាំងនោះ គឺផានថានយ៉ាង ដោយពិនិត្យឃើញថាមិនអាចតទល់នឹងពួកបារាំងបានប្រកែកមិនព្រមចូល បម្រើបារាំងតាមសំណើរបស់លោកឧត្ដមនាវីឡាហ្គ្រង់ឌីយែរទេតែបានចេញ បញ្ជាឱ្យប្រគល់ទីក្រុងទាំងអស់នោះឱ្យបារាំងវិញ រួចហើយបានផឹកថ្នាំសម្លាប់ខ្លួនបាត់ទៅ ដើម្បីជាការដាក់ទោសចំពោះអសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចរបស់ ខ្លួន ។
- ដោយហេតុនេះ បារាំងមានព្រំប្រទល់ជាប់ពីខាងត្បូងកម្ពុជាហើយ ហើយក៏មិនអាចមានរឿងអ្វីកើតឡើងដែលបារាំងមិនបានដឹងនោះទេ ។ ស្ថានភាពនេះអាចឱ្យយើងផ្ដល់ជំនួយប្រកបទៅដោយប្រសិទ្ធភាពដល់ ព្រះរាជាកម្ពុជា ជាអាវុធយុទ្ធភណ្ឌដែលព្រះអង្គត្រូវការក្នុងការប្រយុទ្ធតទល់នឹង ពួកបះបោរ ជួនកាលជាទ័ពដឹកនាំដោយនាយទាហានបារាំងតែម្ដងក៏មាន ។
- ដោយមានការចាក់ចុចពីតំណាងស្ដេចសៀមនៅឧត្ដុង្គ ព្រះបាទនរោត្ដមបានលួចចុះសន្ធិសញ្ញាមួយជាសម្ងាត់ជាមួយសៀម ប្រហាក់ប្រហែលនឹងសន្ធិសញ្ញាដែលព្រះអង្គបានចុះជាមួយបារាំងដែរ ។ នៅខែមីនា ឆ្នាំ១៨៦៧ ពេលពិនិត្យឃើញថាបារាំងមានការសង្ស័យអំពីសន្ធិសញ្ញានេះ អភិបាលរាជធានីបាងកកបានប្រកាសយ៉ាងប្រញាប់ថាគេបានចុះសន្ធិសញ្ញា មួយនេះជាមួយព្រះបាទនរោត្ដមនៅក្នុងសម័យមួយដែលពួកគេមិនបានដឹង ថាកម្ពុជាបានចុះសន្ធិសញ្ញាមួយជាមួយបារាំងរួចទៅហើយទេ ។ នៅពេលបានដឹងពីសន្ធិសញ្ញាជាមួយបារាំងនេះ គេបានប្រកាសបដិសេធសន្ធិសញ្ញារបស់គេជាអសារបង់ហើយដើម្បីកុំឱ្យ រំខានដល់ការអនុវត្ដសន្ធិសញ្ញាជាមួយបារាំងផង ។ ក៏ប៉ុន្ដែនៅពេលនោះដែរ ស្ដេចសៀមដែលទើបតែបានចុះសន្ធិសញ្ញាមួយជាមួយកុងស៊ុលបារាំងប្រចាំ រាជធានីបាងកក បានទទួលស្គាល់ថាទឹកដីអង្គរ និងបាត់ដំបងជារបស់សៀម ទាំងដែលកុងស៊ុលនោះមិនបានដឹងអំពីស្ថានភាពពិតប្រាកដ ហើយក៏មិនបានជូនដំណឹងដល់លោកឧត្ដមនាវីជាអភិបាលក្រុងសាយហ្គនឱ្យ ដឹងផងទេ ។
- គេបានដឹងអំពីការមានសន្ធិសញ្ញានេះនៅឯសាយហ្គន នៅក្នុងខែកក្កដា ឆ្នាំ១៨៦៧ ។ រដ្ឋាភិបាលបារាំងនាសម័យនោះដែលមិនបានយកចិត្ដទុកដាក់ដល់រឿងនេះ បានឱ្យសច្ចាប័នដោយមិនបានគិតវែងឆ្ងាយជាហេតុធ្វើឱ្យខែត្រដ៏មាន សារសំខាន់ទាំង២នេះដែលលោកឧត្ដមនាវី និងលោកដឺឡាហ្គ្រង់ឌីយែរមានបំណងទាមទារយកមកប្រគល់ឱ្យកម្ពុជាវិញ តាំងតែពីពេលនោះម្ល៉េះ ត្រូវបាត់បង់ទៅអស់កាល៤០ឆ្នាំថែមទៀត ។ លោកឧត្ដមនាវីមិនសប្បាយចិត្ដទេ រីឯលោកដឺឡាគ្រេ ដែលជាតំណាងអាណាព្យាបាលបារាំងប្រចាំនៅរាជធានីឧត្ដុង្គវិញ បានខឹងសម្បាជាខ្លាំង ។ ដើម្បីកុំឱ្យលោកដឺឡាគ្រេខឹងខ្លាំងពេកព្រះរាជាកម្ពុជាបានប្រកែក ថាទ្រង់មិនបានដឹងអ្វីទេ ហើយថាព្រះរាជាកម្ពុជាមុនៗមិនដែលបានទទួលស្គាល់ការដែលស្ដេចសៀម យកខែត្របាត់ដំបង និងអង្គរនេះម្ដងណាទេ ដូចនេះ ប្រទេសបារាំងដែលជាអ្នកការពារកម្ពុជាក៏គ្មានសិទ្ធិអ្វីយកទឹកដី កម្ពុជាទៅប្រគល់ឱ្យគេដោយគ្មានការឯកភាពពីព្រះអង្គដែរ ។ ព្រះរាជបន្ទូលរបស់ព្រះរាជានេះត្រឹមត្រូវណាស់ គឺដោយសារព្រះអង្គបានទទួលឥទ្ធិពលខ្លះៗពីលោកតំណាង ក៏ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ បារាំងមានចំណងការទូតជាមួយសៀម ម្ល៉ោះហើយមិនអាចធ្វើអ្វីបានឡើយ ។ មកដល់សព្វថ្ងៃនេះយើងបានដោះស្រាយកំហុសឆ្គងខាងលើនេះរួចវិញហើយៈ បាត់ដំបង អង្គរ ស៊ីសូផុន ម្លូព្រៃ ទន្លេរពៅ ស្ទឹងត្រែង និងទឹកដីទាំងអស់នៅខាងត្បូងភ្នំដងរែក ព្រមទាំងខែត្រកោះកុងនៅលើឈូងសមុទ្រសៀមផង បានវិលត្រលប់មកជាដីកម្ពុជាវិញហើយ ក្រោយរយៈពេលកន្លះសតវត្សរ៍ ។ ព្រះបាទនរោត្ដម និងព្រះវររាជមាតា ដែលមានបំណងឱ្យបារាំងទាមទារយកទឹកដីទាំងនោះមកឱ្យកម្ពុជាវិញយ៉ាង ខ្លាំងនោះ បានសុគតអស់ទៅហើយ ដោយមិនបានឃើញទឹកដីទាំងនោះវិលត្រលប់មកវិញផងទេ ។
- ព្រះបាទនរោត្ដមបានសម្រេចលើករាជធានីមកតាំងនៅភ្នំពេញវិញតាំងពី ឆ្នាំ១៨៦៣មកម្ល៉េះ ។ ព្រះអង្គបានយាងមកពិនិត្យទីតាំងថ្មីនៅត្រង់កណ្ដាលភូមិតាកែវ ចំពីខាងមុខទន្លេចតុម្មុខនៅដំណាច់ឆ្នាំមុន បន្ទាប់មកទ្រង់ក៏ចាត់ឱ្យរៀបចំពង្រាបដីភ្លាម ។ ដើម្បីមានថវិកាចំណាយក្នុងការរៀបចំរាជធានីថ្មីនេះ ព្រះរាជាបានរៀបចំឱ្យមានការយកពន្ធលើបុគ្គល យកពន្ធបនអាភៀនឡើងវិញ ដែលព្រះបិតាព្រះអង្គបានការពារមិនឱ្យយក ហើយក៏បានរៀបចំប៉ុស្ដិគយមួយចំនួនដែលគេបិទក្នុងមួយរយៈពេល ប្រទេសមានអសន្ដិសុខកន្លងមកឡើងវិញផងដែរ ។ វិធានការទី៣នេះគ្មានការតវ៉ាអ្វីទេ ។ មន្ដ្រីចាស់ៗដែលធ្លាប់តែឃើញគ្រឿងញៀននេះធ្វើចរាចរដោយសេរីក្នុង ព្រះរាជាណាចក្រ បានមានប្រតិកម្មតបទៅនឹងវិធានការទី២ ។ ក៏ប៉ុន្ដែវិធានការទី១ គឺការបង្កើតពន្ធដារប្រភេទថ្មីមួយដែលមិនដែលមានពីមុនមកមាន ផលវិបាកអាក្រក់ជាងគេ គឺបានធ្វើឱ្យប្រជាជនទូទាំងប្រទេសមិនពេញចិត្ដ ។ ពេលនោះ បើសិនជាគ្មានវត្ដមានរបស់បារាំងនៅជួយទេ ប្រហែលជាព្រះបាទនរោត្ដមត្រូវបានព្រះអនុជវត្ថា ឬស៊ីសុវត្ថិ បើពុំនោះទេគឺពួកបះបោរអាស្វា និងពោធិកំបោរ ទម្លាក់ពីលើរាជបល្ល័ង្កបាត់ទៅហើយ (95) ។ គឺអំណាច និងការគាំទ្ររបស់បារាំងដែលជួយព្រះអង្គឱ្យគង់នៅលើរាជបល្ល័ង្ក ជាប់ និងបានជួយឱ្យស្រុកនេះមានសន្ដិភាពឡើងវិញ ឱ្យពាណិជ្ជកម្មចាប់កំណើតជាថ្មី ហើយអភិវឌ្ឍន៍រីកលូតលាស់ គ្មានអ្នកណាគិតស្មានដល់ ខុសពីប៉ុន្មានឆ្នាំមុនឆ្ងាយណាស់ ។ ព្រះរាជាណាចក្រមានសុភមង្គល អ្នកតូចតាចក៏មានប្រាក់កាសចាយ អ្នកស្រុកក៏លែងរអ៊ូរទាំ ហើយចាប់គោរពព្រះរាជាឡើងវិញ និងទម្លាប់ខ្លួនជាមួយនឹងអាណាព្យាបាលរបស់បារាំង ។
- សន្ដិភាពបានកើតមានឡើងរវាងស្ដេចនរោត្ដមជាមួយនឹងអនុជរបស់ព្រះ អង្គ គឺអ្នកអង្គម្ចាស់ស៊ីសុវត្ថិ ដែលមានឋានៈជាព្រះកែវហ្វ៊ានៅក្រោមរជ្ជកាលរបស់ព្រះបិតាព្រះអង្គ នៅពេលដែលព្រះអង្គជាព្រះឧបរាជ ។ អ្នកអង្គម្ចាស់ស៊ីសុវត្ថិបានគង់នៅឯសាយហ្គនចាប់តាំងពីខែឧសភា ឆ្នាំ១៨៦៦មក ហើយព្រះរាជាទ្រង់ប្រទានប្រាក់ឧបត្ថម្ភចំនួន១៤០ណែន (ប្រហែលជា១ម៉ឺនហ្វ្រង់) ក្នុង១ឆ្នាំៗ ដែលអាចឱ្យព្រះអង្គរស់ជាមួយមហេសី និងសេនាអាមាត្យបានយ៉ាងស្រួល ។ ដល់មកខែឧសភា ឆ្នាំ១៨៧០ ព្រះរាជាបានតែងតាំងព្រះអនុជជាព្រះឧបរាជទាំងបង្ខំព្រះទ័យ តាមសំណើរបស់លោកទេសាភិបាលទឹកដីកូសាំងស៊ីន ។ និយាយអំពីព្រះអនុជមួយព្រះអង្គទៀត គឺអ្នកអង្គម្ចាស់វត្ថា ក្រោយពីទទួលបរាជ័យដណ្ដើមយករាជសម្បត្ដិពីព្រះបាទនរោត្ដមមិនបាន រួចមក បានគេចព្រះអង្គទៅគង់នៅឯដីកំពង់ធំ ខែត្រកំពង់ស្វាយ រួចទៅនៅខែត្រស្ទោង បន្ទាប់មកទៀតទ្រង់បាននាំបក្សពួកប្រហែលជា១០០នាក់ ទៅគង់នៅខែត្រសម្បូរតាមមាត់ទន្លេមេគង្គត្រើយខាងស្ដាំ ។ នៅទីនោះមិនសូវមានប្រជាជនរស់នៅទេ តែអ្នកស្រុកបានបង់ពន្ធជាស្រូវថ្វាយ ។ គ្មាននរណាគិតពីព្រះអង្គទៀតទេ តែព្រះអង្គចេះតែទន្ទឹងរង់ចាំក្រែងមានឱកាសបានយាងមកសោយរាជ្យ សម្បត្ដិវិញ រហូតទាល់តែទ្រង់សុគតទៅនៅក្នុងភូមិក្រាក់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៨៩១ ក្នុងព្រះជន្មាយុ៥០ព្រះវស្សា ។
- នៅក្នុងឆ្នាំ១៨៧២ មានអតីតជំនួយការរបស់ពោធិកំបោរម្នាក់ បានចេញបង្ហាញខ្លួននៅក្នុងខែត្រត្បូងឃ្មុំ ជាមួយទ័ព៤រយនាក់ ។ ពួកនេះចេញពីស្រុកពួកស្ទៀងដែលមិនចេះចំណុះគេ តែត្រូវបង្ខំចិត្ដវិលត្រលប់ទៅទីនោះវិញ ដោយមានទ័ពលោកទេសាភិបាលកូសាំងស៊ីនដេញប្រកិតពីក្រោយ ។
- នៅខែកក្កដា និងខែសីហា ឆ្នាំដដែល ព្រះរាជាទ្រង់បានយាងធ្វើព្រះរាជទស្សនកិច្ចយ៉ាងយូរនៅហុងកុង ម៉ាកាវ កង់តុង និងម៉ានីល ដោយជិះនាវាចម្បាំងឈ្មោះ ឡឺប៊ួរីយ៉ាន ដែលលោកទេសាភិបាលដីកូសាំងស៊ីនប្រគល់ថ្វាយសម្រាប់ជូនដំណើរ (96) ។
- ពេលយាងត្រលប់មកពីទស្សនកិច្ចវិញ ព្រះរាជាកម្ពុជាហាក់ដូចជារំភើបនឹងអ្វីៗដែលព្រះអង្គបានទតឃើញ ណាស់ ហើយយល់ឃើញថាព្រះអង្គត្រូវរៀបចំប្រទេសរបស់ព្រះអង្គឱ្យមានការ វិវត្ដន៍ដូចគេ ។ ក៏ប៉ុន្ដែ ព្រះរាជបំណងនេះមានតែក្នុងមួយរយៈខ្លីប៉ុណ្ណោះ មិនបានប៉ុន្មានផងទ្រង់ក៏ត្រលប់មកប្រកាន់តាមទម្លាប់ចាស់វិញ ហើយមិនបានធ្វើអ្វី គិតអ្វីជាប្រយោជន៍ដល់ប្រជារាស្ដ្ររបស់ព្រះអង្គបន្ដិចណាទេ ទោះបីជាស្ដេចសៀមបានបង្ហាញឱ្យឃើញឧទាហរណ៍ខ្លះៗក៏ដោយ ។ នោះហើយជាគ្រោះថ្នាក់ ។ តើប្រទេសបារាំងសុខចិត្ដបណ្ដោយឱ្យជាតិសាសន៍មួយដែលគេបានស្រោច ស្រង់ចេញពីការប្រញីដណ្ដើមហែកហួរគ្នា ហើយសព្វថ្ងៃស្ថិតនៅក្រោមអាណាព្យាបាលរបស់គេឱ្យរលត់រលាយទៅបានដែរ ឬទេ ? ប្រាកដណាស់ថាបារាំងនឹងជំរុញព្រះរាជាឱ្យចាប់ផ្ដើមធ្វើកំណែទម្រង់ ខ្លះៗជាបន្ទាន់ ដោយមិនមានធ្វើឱ្យប៉ះពាល់ដល់ព្រះរាជបុព្វសិទ្ធិរបស់ព្រះអង្គទេ ដូចជានាំព្រះអង្គឱ្យរៀបចំខ្លួនធ្វើការកែប្រែខ្លះដែលនឹងធ្វើ ឱ្យមានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ដើម្បីប្រែក្លាយប្រជាជនកម្ពុជាទៅជាប្រជាជនមួយប្រកបទៅដោយមធ្យោបាយ អាចរស់រានមានជីវិតរហូតទៅ ។
- ប្រទេសបារាំងមិនមានញញើតទេ ដើម្បីបញ្ជាក់ឱ្យឃើញអន្ដរាគមន៍របស់ខ្លួនមកលើកម្ពុជាថា ពិតជាត្រឹមត្រូវ ។ គេបានសម្រេចចិត្ដធ្វើសកម្មភាពទៅលើប្រជារាស្ដ្រ តាមរយៈព្រះរាជា ដោយហេតុនោះហើយបានជាព្រះបាទនរោត្ដមបានចុះព្រះហស្ដលេខាលើ ព្រះរាជក្រឹត្យមួយចំនួននៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៨៧៧ លុបបំបាត់ឋានៈឧបរាជចេញ ដូចដែលគេបានអនុវត្ដរួចមកហើយនៅស្រុកសៀម លុបឋានៈឧភយោរាជដែលអស់ន័យទៅហើយ លុបឋានៈព្រះវររាជជននីដែលនៅឯបាងកកឯណោះគឺជាឋានៈរបស់ព្រះវររាជ មាតា តែគ្មានអំណាចអ្វីទេ ព្រមទាំងលុបបំបាត់ឋានៈ និងមុខងារមន្ដ្រីមួយចំនួនធំដែលគ្មានការងារអ្វីជាសំខាន់ ។
- ចំនួនខែត្រក៏ត្រូវកែប្រែ និងកាត់បន្ថយ ។ ការយកពន្ធដារឈប់ប្រគល់ឱ្យពួកចិនប្រមូលទៀតហើយព្រោះពួកនេះតែងតែ កាត់យកមួយចំណែកធំសម្រាប់ខ្លួនឯង ។ ល្បែងស៊ីសងមួយចំនួនត្រូវហាមឃាត់ ដូចជា ល្បែង សត្វ៣៦បែប ល្បែងឯទៀតៗត្រូវរៀបចំត្រួតពិនិត្យ ។ កំណែនធ្វើការចំនួន៩០ថ្ងៃអាចគេចផុតបានដោយបង់ប្រាក់ចំនួន២០ ហ្វ្រង់ ស្មើនឹង៤ពីយ៉ាស (97) ។ កំណែទម្រង់តុលាការ ដោយចាត់តាំងតែចៅក្រមដែលបានសិក្សា ចេះចាំច្បាប់ច្បាស់លាស់ ។ លុបបំបាត់មិនឱ្យមានខ្ញុំបម្រើដែលមិនឱ្យរំដោះខ្លួនចេញ និងរៀបចំលុបបំបាត់ចោលទាំងស្រុង រង់ចាំតែព្រះរាជាចេញច្បាប់កំណត់ឱ្យផ្ដល់ប្រាក់បៀវត្សឱ្យ ដែលពួកខ្ញុំទាំងនោះអាចកាត់សងបំណុលរបស់គេបាន ។
- កំណែទម្រង់ទាំងអស់នេះនឹងធ្វើឱ្យស្ថានភាពកម្ពុជាកាន់តែល្អ ប្រសើរឡើងប្រសិនបើគេអនុវត្ដបានត្រឹមត្រូវ ព្រោះថាវាមានអត្ថប្រយោជន៍ផ្ទាល់ភ្លាមតែម្ដង ហើយនឹងទាក់ទាញឱ្យមានកំណែទម្រង់ផ្សេងៗជាបន្ដទៀត ដែលនឹងនាំមកនូវការរីកចម្រើន ហើយនឹងធ្វើឱ្យប្រទេសឈានឡើងមានឋានៈស្មើនឹងបណ្ដាប្រទេសស៊ីវីល័យ ឯទៀតៗ និងមានជីវិតរស់រានជាអង្វែងតទៅ ។ ក៏ប៉ុន្ដែឥទ្ធិពលរបស់បារាំងទៅលើព្រះរាជាពេលនោះ ដែលធ្លាប់តែគ្មានកម្រៃជាយូរណាស់មកហើយដែលមានឆន្ទៈតែមិនច្បាស់ លាស់មិនទៀងទាត់ ខ្វះការប៉ិនប្រសប់ហើយអកម្ម គ្មានគំនិតជាប់បន្ដ ដោយហេតុនេះព្រះអង្គនៅខ្សោយខ្លាំងណាស់ ។ បារាំងគ្មានឥទ្ធិពលបន្ដិចបន្ដួចទៅលើពួកមន្ដ្រីដែលកំពុងតែព្រឺ ខ្លាចចំពោះការផ្លាស់ប្ដូរដែលគ្រោងទុកជាមុន ពីព្រោះនោះគឺការបញ្ជូលរបៀបថ្មី ដែលធ្វើឱ្យពួកគេងឿងឆ្ងល់ ប៉ះពាល់ដល់ទម្លាប់ ភ័យព្រួយខ្លាចបាត់បងផលប្រយោជន៍របស់គេ ។ ពួកស្រីៗនៅក្នុងព្រះរាជវាំងមានពួកអ្នកអង្គម្ចាស់ក្សត្រី ពួកស្រីស្នំ ពួកភីលៀង បានប្រឆាំងយ៉ាងខ្លាំងចំពោះការប្រែប្រួលទាំងឡាយ បានព្រួតគ្នាធ្វើប្រតិកម្មតបមួយ ដែលបារាំងមិនដឹងតទល់យ៉ាងណា ឬក៏មិនបានឱ្យតម្លៃដល់ ដោយធ្វេសប្រហែស ។
- ចំណែកប្រជាជនវិញ មិនមានព្រួយបារម្ភអ្វីទេ ដោយគិតថាបារាំងមកជួយរៀបចំសណ្ដាប់ធ្នាប់ឱ្យ ជួយធ្វើឱ្យមានសន្ដិសុខនៅក្នុងព្រះរាជាណាចក្រ ខុសពីអាណ្ណាម និងសៀម ។ ប្រជាជនធ្លាប់បានឃើញបារាំងធ្វើដំណើរពាសពេញស្រុកហើយគាត់រីករាយ នឹងឃើញអ្នកតំណាងអាណាព្យាបាលរស់នៅភ្នំពេញក្បែរព្រះរាជា តែគ្មានរវីរវល់លូកដៃចូលក្នុងកិច្ចការអ្វីៗទេ ។ ការបើកឱ្យធ្វើនាវាចរតាមទន្លេពីកូសាំងស៊ីនឡើងវិញ ដែលពីមុនអាណ្ណាមបិទជិត ធ្វើឱ្យមាននាវាប្រើចំហាយជាច្រើនឡើងមកដល់ទឹកដីព្រះរាជាណាចក្រ ធ្វើឱ្យពាណិជ្ជកម្មរីកចម្រើន និងធ្វើឱ្យប្រជាជនកម្ពុជារីករាយសប្បាយចិត្ដជាខ្លាំង ហើយគេបាននិយាយថា នេះគឺដោយសារបារាំង ម្ល៉ោះហើយអ្នកស្រុកស្រលាញ់បារាំងណាស់ ។
- ក៏ប៉ុន្ដែ ដើម្បីបញ្ជាក់ពីអាណាព្យាបាល និងវត្ដមានរបស់បារាំងនៅកម្ពុជា និយាយឱ្យខ្លីថាដើម្បីអាចធ្វើការកែប្រែស្រុកនេះស្របទៅតាម កម្មវិធីមួយ ដោយផ្លាស់ប្ដូរស្ថាប័នចាស់គំរឹលចេញ បារាំងត្រូវការឱ្យមានភ្នាក់ងារដែលមានការគិតគូរក្នុងការបំពេញ ភារកិច្ចរបស់ខ្លួន មានស្ថាប័នថ្មីបំពេញកាតព្វកិច្ចច្បាស់លាស់ ជាពិសេសគឺត្រូវឱ្យព្រះរាជាស្ដាប់ការផ្ដល់យោបល់ មានមន្ដ្រីដែលស្ដាប់ព្រះរាជបញ្ជា ហើយបារាំងខ្លួនឯងក៏ឈប់លែងជាទីប្រឹក្សាគ្មានឥទ្ធិពល តែជាអ្នកគ្រប់គ្រងរដ្ឋបាលមានសិទ្ធិចាត់ចែងការងារក្នុងនាម ព្រះរាជា ហើយក៏អាចបញ្ជាពួកមន្ដ្រីឱ្យអនុវត្ដភារកិច្ចបានផងដែរ ។
- នៅស្រុកសៀមឯណោះវិញ នៅពេលដែលព្រះរាជាបាងកកសម្រេចថានឹងធ្វើការកែទម្រង់ដូចដែលបារាំង មានគម្រោងចង់ធ្វើ និងមានកាតព្វកិច្ចត្រូវធ្វើនៅកម្ពុជា ដោយសៀមគ្មានប្រទេសអាណាព្យាបាលដូចកម្ពុជា ព្រះរាជាបានអំពាវនាវរកប្រទេសនៅអឺរ៉ុបឱ្យមកជួយ ហើយបានប្រគល់ការដឹកនាំបច្ចេកទេសលើគ្រប់សេវាទៅឱ្យគេកាន់កាប់ ទាំងអស់ ។ ចំពោះកម្ពុជាដែលមានបារាំងជាអាណាព្យាបាល គេក៏ត្រូវការជាចាំបាច់ណាស់នូវអ្នកបច្ចេកទេសអឺរ៉ុបមកធ្វើការបម្រើ ផលប្រយោជន៍ត្រឹមត្រូវទៅតាមបច្ចេកទេសដែលគេកំពុងតែប្រើនៅអឺរ៉ុប ដែរ ហើយអ្នកបច្ចេកទេសនោះសមណាស់តែមានសញ្ជាតិជាប្រទេសអាណាព្យាបាលគឺ បារាំង ។
- ព្រះបាទនរោត្ដមបានយល់ច្បាស់ណាស់អំពីសារសំខាន់ទាំងអស់នេះ ក៏ប៉ុន្ដែទ្រង់អាចមិនទាន់បានយល់ច្បាស់ទាំងអស់នៅឡើយ ព្រោះគ្មានអ្នកណាផ្ដល់គំនិតថ្វាយ គ្មានអ្នកណាផ្ដល់ទីប្រឹក្សាល្អិតល្អន់ ជាពិសេសគឺមកពីបារាំងមិនហ៊ានបង្ខិតបង្ខំព្រះអង្គខ្លាំងពេក ។ ម្ល៉ោះហើយព្រះអង្គមានការញញើតញញើម មិនហ៊ានសម្រេចយ៉ាងណាជាយ៉ាងណាទេ ណាមួយទ្រង់ចង់ស្ថិតនៅជាព្រះរាជាផ្ដាច់ការផង ចង់ក្ដាប់ក្នុងព្រះហស្ដនូវជីវិត សេចក្ដីស្លាប់ និងទ្រព្យធនទាំងអស់របស់ប្រជារាស្ដ្រព្រះអង្គផង ហើយគ្មានសេចក្ដីក្លាហាននឹងអនុវត្ដកំណែទម្រង់ទាំងនោះទេ ។ ព្រះអង្គចង់ក្ដាប់ផលនៃពន្ធដារទាំងអស់ហើយចាត់ចែងទៅតាមតែព្រះ ទ័យដោយមិនបានគិតធ្វើអ្វីជាផលប្រយោជន៍ដល់ប្រជារាស្ដ្រ ឬធ្វើអ្វីជាប្រយោជន៍សាធារណៈសោះឡើយ ។ ធ្វើយ៉ាងនេះ មិនសមនឹងការស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំងទេ (98) ។
- ដោយអត់ទ្រាំនឹងពិនិត្យមើលរបាយការណ៍ស្ដីពីការយឺតយ៉ាវនេះតទៅ ទៀតមិនបាន លោក ហ្ស៊ុលហ្វ៊េរី ដែលកាលនោះជានាយករដ្ឋមន្ដ្រីបារាំងបានចាត់ឱ្យលោក ស្ហាល ថុមសុន ជាទេសាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់នៃប្រទេសបារាំងនៅកូសាំងស៊ីន សហការជាមួយអ្នកតំណាងអាណាព្យាបាលបារាំងនៅភ្នំពេញ ចូលគាល់ព្រះបាទនរោត្ដម ហើយយាងព្រះអង្គឱ្យឡាយព្រះហស្ដលេខាលើអនុសញ្ញាមួយដើម្បីប្រគល់ កិច្ចដឹកនាំព្រះរាជាណាចក្រដែលកន្លងមកព្រះអង្គក្ដោបក្ដាប់តែមួយ ព្រះអង្គឯង ឱ្យអាណាព្យាបាលបារាំងចាត់ចែងជំនួសវិញម្ដង ។ ដោយមិនបានគិតអ្វីវែងឆ្ងាយ លោកទេសាភិបាលកូសាំងស៊ីនបានឡើងជិះកប៉ាល់ជាមួយទាហាន១០០នាក់ មកឡើងគោកនៅខាងអាគ្នេយ៍ព្រះរាជវាំង ។ គាត់បានចុះពីកប៉ាល់ ហើយចូលគាល់ព្រះបាទនរោត្ដម សម្ដែងការគួរសមតាមរបៀបពិធីការ រួចបានដកខ្លួនចេញទៅវិញ ។ បន្ដិចក្រោយមក ព្រះរាជាបានយាងទៅជួបជាមួយលោកទេសាភិបាលនៅក្នុងវិមានអាណាព្យាបាល ។
- លោក ថុមសុន ជាមនុស្សខ្វះការប៉ិនប្រសប់ គ្មានបទពិសោធន៍ជាអ្នកការទូតម្នាក់ដែលឆ្លាតវាងវៃ មានអំណត់ យល់ដឹងពីកាលៈទេសៈដើម្បីដោះស្រាយបញ្ហាឱ្យបានល្អជាមួយព្រះរាជា កម្ពុជា ដែលទ្រង់ក៏មិនយល់ដឹងច្បាស់អំពីរបៀបធ្វើការរបស់បារាំងដែរ ។ គាត់មិនចេះប្រើវិធីសាស្ដ្រពន្យារពេលដែលនឹងនាំមកនូវលទ្ធផលល្អ នៅពេលក្រោយទេ ។ គាត់បានសម្រេចចិត្ដថាត្រូវបង្ខំសភាពការណ៍ ចាប់បង្ខំឱ្យព្រះរាជាឡាយព្រះហស្ដលេខា ដោយធ្វើឱ្យព្រះអង្គភ័យខ្លាចតាមការបង្ហាញកម្លាំងទ័ព ។ គាត់បានចាត់មន្ដ្រីម្នាក់នាំយកអនុសញ្ញាដែលលោករដ្ឋមន្ដ្រីមហាផ្ទៃ ក្លូប៊ូកូវស្គី បានរៀបចំប្រញិបប្រញាប់ជាមួយគាត់មុននឹងចេញពីសាយហ្គនមកដើម្បីឱ្យ ព្រះរាជាឡាយព្រះហស្ដលេខា ។
- មុនដំបូងព្រះរាជាមិនយល់ថាតើគេចង់ឱ្យព្រះអង្គធ្វើអ្វីទេ ។ ពួកមន្ដ្រីទាំងឡាយគិតថាបារាំងចង់លុបបំបាត់ព្រះរាជាណាចក្រចោល ហើយដឹកនាំប្រទេសដោយគ្មានពួកគេ គឺទុកកម្ពុជាជាអាណានិគមរបស់បារាំង ម្ល៉ោះហើយពួកគេបានថ្វាយយោបល់ដល់ព្រះរាជាសូមកុំឱ្យព្រះអង្គយល់ ព្រមតាម ។ មានការតឹងតែងអស់ពេលប៉ុន្មានថ្ងៃ រហូតដល់មានឱសានវាទ ៖ ព្រះរាជាបានប្រកែកមិនព្រមទទួលលោកទេសាភិបាលដោយយកលេសថា ព្រះអង្គប្រឈួន ។ បារាំងកំញើញថាបើព្រះអង្គមិនយល់ព្រមទេគេនឹងយកព្រះអង្គទៅដាក់ នៅប្រទេសអាល់ហ្សេរី ។ ព្រះអង្គបានត្រូវហ៊ុមព័ទ្ធដោយនាយទាហាន និងមន្ដ្រីបារាំងជាច្រើនរូបក្នុងនោះមានលោក ហ៊្វូរ៉ែស អ្នកតំណាងអាណាព្យាបាលបារាំងនៅកម្ពុជាលោកលូសដែលក្រោយមកជា រ៉េស៊ីដង់ជាន់ខ្ពស់នៅកម្ពុជា(១៨៩៨) ហើយគេធ្វើឱ្យព្រះអង្គអាចទតពីព្រះបរមរាជវាំងទៅឃើញកប៉ាល់ដែល ចាំតែដឹកយកព្រះអង្គទៅ ធ្វើឱ្យព្រះរាជាភ័យញ័រ រន្ធត់ អត់មិនបានក៏ឡាយព្រះហស្ដលេខាលើអនុសញ្ញាដែលបារាំងយកមកបង្ខំព្រះ អង្គទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨៨៤ ។ តាមពិតទៅមានព្រឹត្ដិការណ៍ដ៏គួរឱ្យសោកស្ដាយមួយបានកើតឡើងដែល ធ្វើឱ្យព្រះរាជាទ្រង់ភិតភ័យ ខ្លាំងៈ លោក កុលដឺម៉ុងតេរ៉ូ ដែលជាអ្នកបកប្រែរបស់ព្រះអង្គបានប្រែពាក្យមួយម៉ាត់ខុសមកពីពាក្យ នោះមានន័យ២យ៉ាង ។ លោក ប៉ាវី អ្នករុករកបារាំងសម្រាប់ប្រទេសលាវបានកែតម្រូវលើការបកប្រែនោះ ជាហេតុធ្វើឱ្យគេឃាត់ខ្លួនលោកកុលដឺម៉ុងតេរ៉ូ ហើយឱ្យទាហាន២នាក់ដែលឈរសងខាងបានវាយធ្វើបាបគាត់បន្ដិចបន្ដួច ។
- ព្រះរាជាមិនបានដឹងថា បើសិនជាព្រះអង្គរក្សាបាននូវពាក្យដែលព្រះអង្គបានសន្យាកាលពី ឆ្នាំ១៨៧៧ ព្រះអង្គមិនចាំបាច់ត្រូវគេបង្ខំឱ្យចុះអនុសញ្ញាឆ្នាំ១៨៨៤នេះ ទេ ។ ក៏ប៉ុន្ដែគ្មាននរណាម្នាក់បានជួយរំលឹកព្រះអង្គអំពីរឿងនេះសោះ តាំងតែពីពេលនោះមក ។ ហើយព្រះអង្គរឹតតែមិនបានដឹងសោះថា ទ្រង់នឹងមិនមានខាតបង់អ្វីទាំងអស់ជាមួយអនុសញ្ញាថ្មីនេះ ។ បើនិយាយអំពីអ្នកតំណាងរបស់ប្រទេសបារាំងប្រចាំនៅកម្ពុជាវិញ អស់លោកមិនបានគិតថាអស់លោកគ្មានបានធ្វើអ្វីសោះក្នុងរយៈពេល៧ ឆ្នាំកន្លងទៅនេះ ដើម្បីធ្វើឱ្យការកែទម្រង់ដែលមានកត់ត្រានៅលើក្រដាសរួចហើយប្រែ ក្លាយទៅជាការពិត ។ អស់លោកមិនដែលបានរំលឹកព្រះរាជាអំពីអ្វីដែលព្រះអង្គបានសន្យារួច មកហើយទេ ។ ជាពិសេសអស់លោកមិនដែលពន្យល់ព្រះរាជាឱ្យទ្រង់ជ្រាបអំពីគោលបំណង ល្អដែលបារាំងចង់ធ្វើ ហើយក៏មិនបានចង្អុលបង្ហាញឱ្យព្រះអង្គជ្រាបថា តើត្រូវចាត់វិធានការដូចម្ដេចទេ ។ អស់លោកអ្នកតំណាងអាណាព្យាបាលបានមករស់នៅក្បែរព្រះរាជារបៀបដូចជា កុលស៊ុលអីចឹងមិនមែនរបៀបជារ៉េស៊ីដង់ដែលប្រទេសបារាំងផ្ទុកផ្ដាក់ ឱ្យមកជំរុញការកសាងទេ ។
- ពេលត្រលប់មកកាន់វិមានអាណាព្យាបាលវិញ លោកទេសាភិបាលកូសាំងស៊ីនបានចេញបញ្ជាឱ្យគេរៀបចំសេចក្ដីសម្រេច ផ្សេងៗដែលគាត់យល់ថាចាំបាច់ ហើយបានបង្ខាំងលោក ឌៀប ជាអ្នកបកប្រែរបស់ព្រះរាជា ដែលសព្វថ្ងៃនេះជារដ្ឋមន្ដ្រីខាងទ័ពជើងទឹក ឱ្យធ្វើការតែមិនឱ្យមានទំនាក់ទំនងទៅខាងក្រៅទេ ។ ដោយមិនបានប្រុងប្រៀបរៀបចំទុកជាមុន មិនបានគិតឱ្យល្អិតល្អន់ កិច្ចការដែលគេបានធ្វើពេលនោះក៏ខ្វះនូវប្រសិទ្ធភាព ហើយក៏គ្មានអនាគតវែងឆ្ងាយប៉ុន្មានដែរ ។ គេអាចពិនិត្យមើលឃើញនូវការប្រញិបប្រញាប់ដែលគួរឱ្យអស់សំណើចហើយ ប៉ាន់ស្មានបាននូវអ្វីដែលគេបានស្រមើស្រមៃ ។ ពេលវេលាបានកន្លងផុតទៅប៉ុន្មានខែហើយ បារាំងហៀបតែនឹងចាប់ផ្ដើមធ្វើការសើរើរៀបចំព្រះរាជាណាចក្រឡើងវិញ ទៅហើយ ស្រាប់តែលោកតំណាងអាណាព្យាបាលទទួលដំណឹងថាមានការបង្កបង្កើតជា ទ័ពទីងនៅកន្លែងជាច្រើនក្នុងប្រទេស ហើយគំរាមកំហែងមកលើទីតាំងរ៉េស៊ីដង់ថ្មីៗរបស់បារាំង ។
- ដូច្នេះ សង្គ្រាមបានផ្ទុះឡើង ហើយគេបានចេញបញ្ជាពីកូសាំងស៊ីនមកឱ្យកាន់កាប់ទីប្រជុំជនឱ្យបាន ហើយឱ្យចាត់បញ្ចេញទ័ពចល័តតាមវាយទៅលើពួកបះបោរ ។ ពួកនេះត្រូវបរាជ័យជានិច្ច ហើយបានរត់គេចខ្លួនរាល់ពេលដែលបានជួបទាហានបារាំង ។
- ការបះបោរនេះបានកើតឡើងក្រោមការញុះញង់ពីពួកមន្ដ្រី និងតាមបញ្ជាពីព្រះរាជា ហើយស៊ីពេលអស់១៨ខែ ។ មិនមានការប្រយុទ្ធអ្វីធំដំប៉ុន្មានទេ ក៏ប៉ុន្ដែវាបានធ្វើឱ្យប្រទេសហិនហោចយ៉ាងឆាប់រហ័ស ។ តាមពិត បារាំងជាអ្នកខ្លាំងជាង ហើយព្រះរាជាដែលគង់នៅក្នុងរាជធានីភ្នំពេញ ទ្រង់ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់បារាំង ។ បារាំងអាចចាប់ខ្លួនព្រះរាជាប្រកាសលើកព្រះឧបរាជឱ្យឡើងកាន់ការ ជំនួស និងអាចបញ្ចប់សង្គ្រាមបានដោយនាំយកព្រះរាជាទៅប្រទេសបារាំង ឬទៅកាន់ទឹកដីនៅអាហ្វ្រិក ។ ក៏ប៉ុន្ដែបារាំងមិនធ្វើដូច្នេះទេ គឺពេញចិត្ដនឹងចាត់ការទៅលើព្រះរាជា ពួកនាម៉ឺនមន្ដ្រីនៅក្នុងប្រទេសតែម្ដង ធ្វើឱ្យទាំងអស់គ្នាយល់ស្របតាម ហើយចាប់ធ្វើការកែទម្រង់ដែលចាំបាច់វិញ ។
- ការបះបោរបានរីករាលដាលទៅពេញទូទាំងកម្ពុជានៅចុងឆ្នាំ១៨៨៥ បារាំងមានប៉ុសិ៍្ដយោធាទាំងអស់៥២ នៅក្នុងព្រះរាជាណាចក្រ ។ សង្គ្រាមនោះគឺព្រះរាជាបានបង្កឡើង ក៏ប៉ុន្ដែពួកអ្នកស្រុកស្រលាញ់ចូលចិត្ដបារាំង សប្បាយរីករាយទទួលបារាំងថាជាអ្នកការពារ ។ សង្គ្រាមនោះបានធ្វើឱ្យបារាំងបាត់បង់កម្លាំងអស់ប្រហែលជា១ពាន់ នាក់ ដែលភាគច្រើនត្រូវស្លាប់ដោយជំងឺគ្រុន និងកម្ដៅព្រះអាទិត្យ មិនមែនស្លាប់ដោយគ្រាប់កាំភ្លើងសត្រូវទេ ។ ក៏ប៉ុន្ដែសង្គ្រាមនោះបានធ្វើឱ្យខ្មែរប្រហែល១ម៉ឺននាក់ស្លាប់ដោយ អត់ឃ្លានដោយទុរ្ភិក្ស និងការខ្វះខាត ដោយជំងឺគ្រុន និងជំងឺផ្សេងៗទៀតនៅពេលរត់គេចទៅរស់នៅក្នុងព្រៃរបោះ និងព្រៃរនាម ។
- គេបានបញ្ជូនទ័ពពីសាយហ្គនមក ដែលធ្វើបាបអ្នកស្រុកហើយដុតរោលឱ្យអ្នកស្រុកអត់ទ្រាំមិនចូលរួមធ្វើ សង្គ្រាមមិនបាន ។ ក៏ប៉ុន្ដែសង្គ្រាមដែលផ្ទុះឡើងក្រោមការញុះញង់របស់ពួកមន្ដ្រី តាមបញ្ជារបស់ព្រះរាជា ដែលផ្ទុយនឹងឆន្ទៈរបស់អ្នកស្រុកស្រែចម្ការដែលចង់បានសន្ដិភាព បានចាប់ផ្ដើមស្ងប់ស្ងាត់នៅចុងឆ្នាំបន្ទាប់ ។ គេចាប់បិទប៉ុស្ដិ៍យោធាជាបន្ដបន្ទាប់ ហើយព្រះរាជាណាចក្រទាំងមូលមានសភាពស្ងប់ស្ងាត់ឡើងវិញនៅក្នុងខែ មករា ឆ្នាំ១៨៨៧ ដោយមិនមានការបង្ហូរឈាមច្រើនពេកទេ តែក៏បានធ្វើឱ្យខូចខាតជីវិតអ្នកស្រុក និងទាហានបារាំងអស់ចំនួនច្រើនគួរសមដែរ បណ្ដាលមកពីចលាចល ការផ្លាស់ប្ដូរទីកន្លែង ការរត់ចូលព្រៃ និងជំងឺ ។ ពួកបះបោរចាប់វិលត្រលប់ចូលក្នុងស្រុកវិញ មកចុះចូលសារភាពនៅតាមទីកន្លែងដែលមានរ៉េស៊ីដង់បារាំងនៅ ហើយដោយបារាំងបានស្រុះស្រួលមូលមតិជាមួយព្រះរាជា និងពួកនាម៉ឺនសព្វមុខមន្ដ្រី បង្អង់មិនទាន់អនុវត្ដការកែទម្រង់ ដើម្បីធ្វើការសិក្សាឱ្យល្អិតល្អន់សិន សន្ដិភាពក៏បានវិលត្រលប់មកក្នុងស្មារតីប្រជាជនម្នាក់ៗឡើងវិញ ដែរ ។ មានតែរ៉េស៊ីដង់បារាំងនៅកំពត ក្រចេះ កំពង់ធំ និងពោធិ៍សាត់ប៉ុណ្ណោះ ដែលលោក ពីកេ (99) ជារ៉េស៊ីដង់ធំនៅកម្ពុជា បានបញ្ជាឱ្យបន្ដធ្វើការសិក្សាអំពីទឹកដី ទំនៀមទម្លាប់របស់អ្នកស្រុកដោយមិនឱ្យលូកដៃជ្រៀតជ្រែកទៅក្នុងការ គ្រប់គ្រងរដ្ឋបាលក្នុងស្រុកទេ ហើយត្រូវរក្សាទំនាក់ទំនងល្អជាមួយអភិបាលខែត្រ ត្រួតពិនិត្យសកម្មភាពអភិបាលខែត្រទាំងនោះ ជាពិសេសត្រូវចេះធ្វើឱ្យប្រជាជនស្រលាញ់ផង ។
- នៅឆ្នាំ១៨៨៨ ព្រះរាជាដែលយល់កាន់តែច្បាស់ជាងមុន បានប្រគល់ការគ្រប់គ្រងព្រះរាជាណាចក្រដែលនៅតែស្ថិតនៅក្រោមអំណាច របស់ព្រះអង្គ ទៅឱ្យបារាំងចាត់ចែងជំនួសវិញ ។ ព្រះអង្គបានឱ្យលោកតំណាងអាណាព្យាបាលធ្វើជាអធិបតីលើក្រុមប្រឹក្សា រដ្ឋមន្ដ្រី តែបានស្នើសុំឱ្យគេថ្វាយជូននូវប្រាក់៤សែនពីយ៉ាស (ប្រហែល១លាន៧សែនហ្វ្រង់) ។ ការកែទម្រង់ទាំងឡាយត្រូវមានការយល់ព្រមពីព្រះអង្គ សេចក្ដីសម្រេចផ្សេងៗត្រូវមានព្រះហស្ដលេខា និងត្រារបស់ព្រះអង្គផង ។
- ចាប់ពីពេលនោះមក អាណាព្យាបាលបានដំណើរការទៅ មិនជាល្អមិនជាអាក្រក់ណាស់ណាទេ គឺសមស្របទៅនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រដែរ ។ បារាំងកាន់កាប់ការងាររដ្ឋបាលមានមធ្យោបាយគ្រប់គ្រាន់នឹងចាប់ផ្ដើម ធ្វើកំណែទម្រង់ដែលចាំបាច់ ហើយការរៀបចំស្រុកទេសបានចាប់ផ្ដើមធ្វើដំណើរទៅមុខយ៉ាងយឺតៗ ។ មកដល់សព្វថ្ងៃនេះ ព្រះរាជាណាចក្រមានផ្លូវ មានស្ពានខ្លះៗហើយ ។ គេចាប់ធ្វើការសិក្សាលើកិច្ចការធំៗ ចាប់សាងសង់សាលារៀន ហើយរដ្ឋាភិបាលបារាំងបានចាប់ផ្ដើមតាំងពីដប់ពីរឆ្នាំមកហើយក្នុង ការគិតគូរពីគម្រោងសាងសង់ផ្លូវដែកមួយ ។ គេក៏បានសើរើពិនិត្យច្បាប់ឡើងវិញដែរ ។
ព្រះបាទនរោត្ដម បានសុគតទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩០៤ ក្នុងព្រះជន្មាយុ៧០ព្រះវស្សា ។
No comments:
Post a Comment