មូលហេតុមិនចុះសម្រុងនៃរដ្ឋប្រហារ ១៨មីនា ១៩៧០
Posted by Email:knewdaynews@yahoo.com Friday, March 16, 2012
(ពីឆ្វេងទៅស្តាំ)សិរិមតៈ លន់នល់ អ៊ិនតាំ)
(ពីឆ្វេងទៅស្តាំ)សិរិមតៈ លន់នល់ អ៊ិនតាំ)
ថ្ងៃទី 15 មីនា 2012
ដោយ: ខឿន សាឃៀន CEN
ភ្នំពេញ: ខណៈប្រទេសជាតិកំពុងស្ថិតក្នុងសភាពច្របូកច្របល់ សម្តេច នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ បានយាងទៅព្យាបាលព្រះរោគនៅប្រទេសបារាំង ។ ពេលនោះប្រជាជនកម្ពុជានៅភាគខាងកើតជាពិសេសនៅតំបន់ខ្លះនៃ ខេត្តស្វាយរៀង កំពុងរងការធ្វើទុក្ខបុកម្នេញពីសំណាក់កងទ័ពវៀតណាមខាងជើង វៀតកុង និង វៀតណាមខាងត្បូង ព្រះអង្គត្រូវបានឧត្តមសេនីយ៍ លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ធ្វើរដ្ឋប្រហារទំលាក់ពីតំណែង ។ ប៉ុន្តែ មូលហេតុនាំឱ្យមានការបោះឆ្នោតដកហូតតំណែងនេះ នៅតែជាប្រធានបទមិនទាន់ចុះសម្រុងគ្នានៅឡើយ ។
សង្គ្រាមលោកលើកទី២បានចប់ជាផ្លូវការបន្ទាប់ពីសហរដ្ឋអាមេរិកបាន ទម្លាប់គ្រាប់បែកបរមាណូ ទៅលើប្រទេសជប៉ុននាខែសីហា ឆ្នាំ១៩៤៥ ។ ប៉ុន្តែវាជាការចាប់កំណើតនៃសង្គ្រាមត្រជាក់ដែលកើតមានស្ទើរគ្រប់ ជ្រុងនៃពិភពលោក ដោយសារការដណ្តើម និង ការប្រជែងឥទ្ធិពលរបស់ពួកប្រទេសមហាអំណាចទាំងពីរប្លុកគឺពួកលោកសេរី ដែលដឹកនាំដោយសហរដ្ឋអាមេរិក និង ប្លុកកុម្មុយនិស្តដែលមានសូវៀត និង ចិន ជាប្រមុខ ។
នៅឥណ្ឌូចិន គឺវៀតណាម , ឡាវ និង កម្ពុជា ក៏ស្ថិតក្នុងស្ថានភាពនៃការប្រជែងគ្នារបស់ពួកមហាអំណាចពិភពលោក ទាំងពីរប្លុកនេះដែរ ។
សម្តេចនរោត្តមសីហនុ ក្នុងឋានៈជាព្រះមហាក្សត្រ និងក្រោយមកជាព្រះប្រមុខរដ្ឋ នៃប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ព្រះអង្គមិនចង់ឱ្យប្រទេសខ្មែររងផលប៉ះពាល់នៃសង្គ្រាមនៅឥណ្ឌូចិន នេះ ទើបព្រះអង្គមិនព្រមអនុញ្ញាតឱ្យប្រទេសរបស់ព្រះអង្គទៅពាក់ព័ន្ធនឹង សង្គ្រាមនេះឡើយហើយព្រះអង្គក៏បានប្រកាសប្រទេសកម្ពុជាថាជាប្រទេស អព្យាក្រឹត ពោលគឺមិនចូលទៅខាងប្លុកសេរី ឬ ក៏ខាងប្លុកកុម្មុយនិស្តឡើយ ។
ប៉ុន្តែដោយសារតែភាពមិនស្មោះត្រង់ចំពោះអព្យាក្រឹតភាពនេះទើបបាននាំ ប្រទេសកម្ពុជាឱ្យចូលក្នុងភ្លើងសង្គ្រាមនិងមហាវិនាស ។ ប្រទេសទាំងឡាយដែលលំអៀងទៅខាងលោកសេរី ជាពិសេសប្រទេសជិតខាងកម្ពុជាគឺថៃ និង វៀតណាមខាងត្បូង ចង់ឱ្យកម្ពុជាចូលជាសមាជិកអង្គការស៊ីអាតូ ។ ដោយហេតុនេះប្រទេសជិតខាងទាំងពីរនេះបានបង្កអមិត្តជាមួយកម្ពុជា ជាញឹកញាប់ដោយគ្រប់រូបភាព និង ការញុះញង់ផ្សេងៗដូចជាការបិទផ្លូវច្រកសមុទ្ទរបស់ពួកគេដើម្បីបិទ ខ្ទប់ដង្ហើមសេដ្ឋកិច្ចខ្មែរ និង ការចែកគ្នាយកកោះខ្មែរមួយចំនួន ។
ទោះយ៉ាងណា ព្រះអង្គនៅតែទំនាក់ទំនងការទូតនិងទទួលជំនួយ បច្ចេកទេសផ្នែកកសិកម្ម និង ផ្នែកយោធាខ្លះៗពីអាមេរិកាំង ហើយព្រះអង្គក៏នៅមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនប៉េកាំង គឺចិនកុម្មុយនិស្តផងដែរ ។
មិនមានកំហុសអ្វីទេទៅនឹង អព្យាក្រឹតភាព ព្រោះថា ប្រទេសអព្យាក្រឹតមួយក៏ត្រូវការទំនាក់ទំនងជាមួយប្រទេសនានាក្នុងលោក ដែរ ប៉ុន្តែគ្រាន់តែមិនត្រូវជួយជ្រោមជ្រែង ឬ បម្រើមនោគមវិជ្ជាឬផលប្រយោជន៍របស់ប្លុកណាមួយប៉ុណ្ណោះ ។
ព្រះអង្គធ្លាប់បានឆ្លើយនឹងពួកអ្នកសារព័ត៌មានលោកខាងលិចថា “ អព្យាក្រឹត” របស់ព្រះអង្គមិនមែនមានន័យថា មិនឱ្យក្រុមមួយដណ្តើមអំណាចពីក្រុមមួយទៀតក្នុងប្រទេសរបស់ពួកគេឡើយ ” ។
មិនយូរប៉ុន្មាន ពួកអ្នកសារព័ត៌មានលោកខាងលិចមួយចំនួនបានចាប់ផ្តើមធ្វើសេចក្តីរាយការណ៍ ថា ទំនាក់ទំនងរបស់ព្រះអង្គ និង ការទទួលជំនួយពីចិន នឹងនាំឱ្យព្រះអង្គចូលដៃជាមួយកុម្មុយនិស្តនៅថ្ងៃណាមួយ ។
ព្រះអង្គតែងតែបកស្រាយថា ទំនាក់ទំនងរបស់ព្រះអង្គជាមួយចិន មិនខុសពីជាមួយអាមេរិកាំងឡើយ គឺព្រះអង្គតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍៥ខ ឬ បញ្ច
សីលា ដើម្បីរួមរស់ដោយសុខសន្តិភាពជាមួយគ្នាក្នុងលោក ។
ទោះយ៉ាងណា ពួកអ្នកប្រវត្តិសាស្ត្របានកត់សំគាល់ឃើញថា ព្រះអង្គមិនសូវសព្វព្រះទ័យនឹងទង្វើរបស់អាមេរិកាំង និង ពួកអ្នសារព័ត៌មានលោកខាងលិចឡើយ ដែលពួកនេះហាក់មិនសូវផ្តល់តម្លៃ ឬ កិត្តិយសដល់ព្រះអង្គ ហើយពួកគេហាក់បញ្ចេញសញ្ញាថា ព្រះអង្គជាសភាវទើសទាស់របស់ពួកគេទៀតផង ។
ចិន តែងតែផ្តល់កិត្តិយស និង ការស្វាគមន៍ចំពោះព្រះអង្គប្រកបដោយភាពគគ្រឹកគគ្រេងក្រៃលែង ។
ពួកអ្នកប្រវត្តិសាស្ត្រទាំងឡាយបានកត់សម្គាល់ថា នេះក៏ជាចំណែកមួយដែលនាំឱ្យសម្តេចប្រមុខរដ្ឋខ្មែរមិនសូវសព្វព្រះទ័យ នឹងពួកអាមេរិកាំង ហើយព្រះអង្គតែងតែសព្វព្រះទ័យយ៉ាងងប់ងល់ជាមួយចិនកុម្មុយនិស្ត ។
ក្រោយមក ព្រះអង្គយល់ថា ជំនួយរបស់អាមេរិកាំងចំពោះកម្ពុជានឹងនាំឱ្យកម្ពុជាបែកបាក់គ្នា និង ជំពាក់បំណុលបរទេស ។ ព្រះអង្គតែងហៅជំនួយទាំងនោះថា “ជំនួយមានចំណង” ។ ផ្ទុយពីចិនដែលតែងតែផ្តល់ជំនួយមកកម្ពុជាដោយឥតចំណង និងគាំទ្រនូវអព្យាក្រឹតភាពនៃកម្ពុជាយ៉ាងឥតសំចៃទោះជាពេលខ្លះ ត្រូវបានគេមើលឃើញថាគ្រាន់តែជាការច្រៀងរបស់ចិនក៏ដោយ ។
សៀវភៅ “ វិបត្តិកម្ពុជា និង ទំនាក់ទំនងជាមួយបរទេស” បានផ្តល់ទស្សនទានថា ព្រះអង្គមិនមានទំនុកចិត្តលើពួកអាមេរិកាំងឡើយ ដែលពួកនេះចូលចិត្តធ្វើរដ្ឋប្រហារទម្លាប់ប្រមុខរដ្ឋណាមួយដែល គ្រាន់តែពួកគេមិនសូវចូលចិត្ត ដូចជាករណី ស៊ូកាណូ នៃ ប្រទេសឥណ្ឌូនេស៊ី និង ង៉ូ ឌិន យៀម នៃ វៀតណាមខាងត្បូងជាដើម ហើយលើកបន្តុបបុគ្គលណាម្នាក់ផ្សេងទៀតដែលពួកគេងាយញាក់ជាង ដែល បើប្រៀបធៀបមកកម្ពុជាវិញ គឺដូចជាព្រះអង្គ និង ពួកស្តាំងនិយម ដែលពួកនេះកំពុងញ៉ាម និង ជក់ចិត្តចំពោះអាមេរិកាំងស្រាប់ ។
កងទ័ពវៀតណាមខាងត្បូង និង កងទ័ពអាមេរិកាំង បានធ្វើការវាយលុកជាញឹកញាប់ដោយទ័ពថ្មើជើង និង ជើងអាកាសមកលើភូមិខ្មែរភាគខាងកើតដូចជានៅស្រុកចន្ទ្រា ខេត្តស្វាយរៀងជាដើម ហើយបានសម្លាប់ជីវិត និង ធ្វើទុក្ខបុកម្នេញប្រជារាស្ត្រខ្មែរ ។ សម្តេចសីហនុ បានថ្កោលទោសកងទ័ពវៀតណាមខាងត្បូង និង ទ័ពអាមេរិកាំងចំពោះការបង្កការឈឺចាប់ និង វិនាសកម្មមកលើប្រជារាស្ត្រខ្មែរទាំងនោះ ។ វៀតណាមខាងត្បូងបានឆ្លើយបកវិញថា វាជាលទ្ធផលនៃការតាមប្រមាញ់របស់ពួកគេទៅលើកងទ័ពវៀតណាមខាងជើង និង វៀតកុង ព្រោះនៅពេលពួកគេដេញតាមកងទ័ពវៀតណាមខាងកុម្មុយនិស្តដែលវាយឆ្មក់ ពួកគេនោះ កងទ័ព ទាំងនោះ តែងតែបាត់ខ្លួននៅក្នុងទឹកដីខ្មែរ ។
អំឡុងពេលនោះ ព្រះអង្គមិនដែលបន្ទោសថា មកពីវៀតណាមខាងជើង និង វៀតកុង ប្រើប្រាស់ទឹកដីខ្មែរ ទើបខ្មែរត្រូវរងគ្រាប់បែក គ្រាប់ផ្លោងអាមេរិកាំង និង វៀតខាងត្បូងឡើយ ( ក្រោយមកព្រះអង្គទទួលស្គាល់) ។ ទីបំផុត ទំនាក់ទំនងការទូតរបស់ខ្មែរជាមួយអាមេរិកាំង ត្រូវបានកាត់ផ្តាច់ជាផ្លូវការនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៦៥ ។
មុននឹងឈានដល់ដំណាក់កាលនេះ សម្តេច សីហនុ បានមានទំនាក់ទំនងជាមួយចិន និង វៀតណាមខាងជើង ស្និទ្ធឡើងៗ រហូតដល់មានការចុះហត្ថលេខាពាណិជ្ជកម្ម ជាមួយវៀតណាមខាងជើងដែលព្រះអង្គបានឡាយព្រះហស្ថលេខានៅថ្ងៃទី១៨ វិច្ឆិកា ១៩៥៨ ។ អ្នកខ្លះយល់ថា កិច្ចសន្យានេះឯងហើយ ដែលបានអនុញ្ញាតឱ្យវៀតណាមខាងជើងឆ្លងកាត់, លាក់ខ្លួន និង បោះទីតាំងលើទឹកដីខ្មែរ ។ ព្រះអង្គបានអនុញ្ញាតឱ្យរណសិរ្យរំដោះវៀតណាម នៅលើទឹកដីខ្មែរក្នុងឋានៈជាអគ្គរដ្ឋទូត ហើយក៏ត្រូវបានគេដឹងថា ព្រះអង្គបានជួយវៀតណាមខាងជើងដូចជាការផ្តល់ស្បៀង និង ផ្តល់សិទ្ធិឱ្យពួកវៀតកុងដឹកជញ្ជូនគ្រឿងយុទ្ធូបករណ៍ឆ្លងកាត់ ទឹកដីខ្មែរមានផែព្រះសីហនុជាដើម ដើម្បីផ្គត់ផ្គង់វៀតណាមខាងជើង ។
ទោះជាត្រូវបានគេដឹងជាទូទៅថា មានវត្តមានកងទ័ពវៀតណាមខាងជើង និង វៀតកុងប្រមាណជា៦០.០០០នាក់ឆ្លងកាត់ទឹកដីខ្មែរចូលទៅសមរភូមិ និង ត្រឡប់មកពីសមរភូមិ ហើយបោះទីតាំង ហ្វឹកហាត់ មានបង្កើតផ្ទះពេទ្យ ឃ្លាំងស្តុកសម្ភារៈសិក និង ស្បៀងជាដើម ហើយមានពេលខ្លះមានការប៉ះប្រយុទ្ធជាមួយកងទ័ពខ្មែរក្តី ក៏ជាបន្តបន្ទាប់ព្រះអង្គតែងតែបដិសេធថាព្រះអង្គមិនបានអនុញ្ញាត ឱ្យ ពួកនេះប្រើទឹកដីខ្មែរធ្វើបែបនេះដែរ ហើយថាបើមានបែបនោះមែនគឺពួកគេចូលទឹកដីខ្មែរដោយគ្មានការអនុញ្ញាត ។
រដ្ឋបាលវ៉ាស៊ីនតោន យល់ថា បើពុំមានការផ្គត់ផ្គង់ពីសំណាក់សូវៀត និង ចិន ទេ វៀតណាមកុម្មុយនិស្តមិនអាចស៊ូបាន១ឆ្នាំឡើយ ។ ការទំនុកបម្រុងរបស់សូវៀត និង ចិន ចំពោះកងទ័ពវៀតណាមខាងជើង និង វៀតកុង មានការពិបាកខ្លាំងឡើងៗក្នុងការដឹកជញ្ជូនសម្ភារៈដែលត្រូវឆ្លងកាត់ ប្រទេសឡាវ តាមផ្លូវលំហូ ជីមិញ ដោយសារផ្លូវលំនេះរងការវាយប្រហារពីកងទ័ពអាកាសអាមេរិកាំង ហេតុនេះទើបជម្រើសដែលល្អបំផុតមានតែ១គត់គឺដឹកជញ្ជូនកាត់ប្រទេស កម្ពុជា ត្បិតកម្ពុជាបានប្រកាសជាផ្លូវការថា ជាប្រទេសអព្យាក្រឹត ហេតុនេះអាមេរិកាំង និង វៀតណាមខាងត្បូងមិនហ៊ានលុកលុយចូលវាយប្រហារផ្តាច់ដង្ហើមពួកគេឡើយ ។
សៀវភៅ “ វិបត្តិកម្ពុជា និង ទំនាក់ទំនងជាមួយបរទេស “ បានអះអាងថា “ នៅចន្លោះខែវិច្ឆិកា ១៩៦៦ និង មករា ១៩៦៩ នាវា៣៦គ្រឿងដែលត្រូវជាប់សង្ស័យថាដឹកគ្រឿងសព្វាវុធបានរើបន្ទុកនៅ ផែកំពង់សោម ។ មាន១៤ករណីដែលបានចងក្រងជាឯកសារច្បាស់លាស់អំពីនាវាសូវៀត៣គ្រឿង និង នាវាចិន១១គ្រឿងដែលបានរើបន្ទុកមានអាវុធទំងន់១៤.៣៦៧ តោន ។ វ៉ាស៊ីនតោន ប៉ាន់ស្មានថា កងទ័ពកម្ពុជាត្រូវការតែ៤០០តោនប៉ុណ្ណោះ ក្នុង១ឆ្នាំ ។ រថយន្តដឹកជញ្ជូនសម្ភារៈពីផែកំពង់សោម ទៅកាន់ឃ្លាំងនៅជិតភ្នំពេញ ឬ កំពង់ស្ពឺ ហើយបន្តទៅដល់មូលដ្ឋានសំខាន់១១ តាមតំបន់ជាប់ព្រំដែនយួនខាងត្បូង ។ ក្រុមហ៊ុន២គឺក្រុមហ៊ុន ហាក់លី និង មជ្ឈឹមបូព៌ា ជាអ្នកដឹកជញ្ជូន ។ វរសេនីយ៍ឯក អ៊ុំ សាវុធ និង គ្រួសារស្តេចដ៏ខ្ពង់ខ្ពស់ ព្រមទាំងសមាជិកជាច្រើនក្នុងតំណែងយោធាសំខាន់ៗ បានជាប់ទាក់ទងក្នុងសកម្មភាពនេះ ។ ការផ្តល់ហិរញ្ញវត្ថុ ជាភារកិច្ចរបស់ស្ថានទូតចិននៅភ្នំពេញ ដែលបង្វិលជាដុល្លារហុងកុង ទៅស្ថានទូតយួនខាងជើង “។
ក្រៅពីអាវុធទាំងនេះទៅក៏នៅមានបរិក្ខាពេទ្យផងដែរសម្រាប់ ឧបត្ថម្ភវៀតណាមកុម្មុយនិស្ត ហើយពួកគេបាននាំប្រាក់ចំណេញពីការធ្វើសកម្មភាពទាំងនេះថ្វាយអ្នក ម្នាង ម៉ូនិក ។ កិច្ចការទាំងនេះឯងហើយដែលក្រោយមកត្រូវបានចោទប្រកាន់ថាជាការរត់ពន្ធ និង ឃប់ឃិតជាមួយវៀតណាមកុម្មុយនិស្ត ។
ព្រះអង្គបានជួយវៀតណាមកុម្មុយនិស្ត ប៉ុន្តែពួកនេះបែរជាគាំទ្រ និង ជួយពួកកុម្មុយនិស្តខ្មែរ គឺពួកឧទ្ទាមខ្មែរក្រហម ដែលជាសត្រូវរបស់ព្រះអង្គ ដូចជាបង្ហាត់យុទ្ធសាស្ត្រសង្គ្រាមឈ្លបជាដើម ឱ្យពួកគេលបវាយឆ្មក់ព្រះអង្គទៅវិញ ។ ប៉ុន្តែពួកគេ ( វៀតណាមកុម្មុយនិស្ត ) តែងតែនិយាយពាក្យល្អៗឱ្យព្រះអង្គសព្វព្រះទ័យ ។
ព្រះអង្គក៏នៅបានជួយជ្រោមជ្រែងវៀតណាមទាំងពីរឱ្យរួបរួមគ្នាឡើងវិញ ប៉ុន្តែព្រះអង្គក៏ដូចជាប្រជារាស្ត្រខ្មែរដទៃទៀតដែរគឺស្អប់យួន មិនថាយួនណាជាយួនណាឡើយ ដែលពួកនេះជាសត្រូវរបស់ខ្មែរតាំងពីដូនតារហូតមក ហើយតែងតែចិញ្ចឹមចិត្តចង់លេបត្របាក់ទឹកដីខ្មែរមិនដែលបោះបង់ម្តងណា សោះឡើយ ។
ព្រះអង្គក៏បានដឹងផងដែរថា នៅពេលយួនមានសន្តិភាពនោះ ពួកគេនឹងក្លាយជាការគម្រាមកំហែងដល់បូរណភាពទឹកដីខ្មែរដដែលជាដដែល ។ ព្រះអង្គមានជំនឿថា ទៅថ្ងៃអនាគតអាមេរិកាំង នឹង ចាញ់សង្គ្រាមនេះ ហើយវៀតណាមកុម្មុយនិស្ត នឹង ជាអ្នកគ្រប់គ្រងប្រទេសវៀតណាម ។ ហេតុនេះអ្វីដែលព្រះអង្គធ្វើនៅពេលនោះ គឺធ្វើយ៉ាងណាបង្កមិត្តភាពជាមួយអ្នកដែលនឹងឈ្នះនៅយួន និង ដើម្បីមានទំនុកចិត្តលើគ្នានឹងគ្នា ។
បើនិយាយដល់អនាគតបូរណភាពទឹកដីខ្មែរនោះ យើងមើលឃើញថា បើកុម្មុយនិស្តឈ្នះសង្គ្រាម ទឹកដីខ្មែរនឹងរងការគម្រាមកំហែងពីយួនកុម្មុយនិស្ត បើអាមេរកាំងឈ្នះសង្គ្រាមនេះ ទឹកដីខ្មែរនឹងរងការគម្រាមកំហែងពីយួនខាងត្បូង និង សៀម ពោលគឺទឹកដីខ្មែរនៅតែជាប្រធានបទនៃការលេបត្របាក់នៃសត្រូវសួរពូជ ទាំងនេះដដែលជាដដែល ។ ដូច្នេះ កត្តាដែលប្រសើរបំផុតនោះ គឺមានតែឯកភាពជាតិប៉ុណ្ណោះ ទើបមានសង្ឃឹមច្រើនជាង ។ ប៉ុន្តែគេមិនសូវឃើញទង្វើរបស់អ្នកដឹកនាំខ្មែរ ធ្វើការដើម្បីឯកភាពជាតិឡើយ គឺមានតែដើម្បីប្រយោជន៍បក្សពួកច្រើនជាង ។
បន្ទាប់ពីសមាជជាតិលើកទី២៨ នាថ្ងៃទី២៧ខែធ្នូ ឆ្នាំ១៩៦៩ ខុទ្ទកាល័យព្រះប្រមុខរដ្ឋបានប្រកាសឱ្យដឹងជាសាធារណៈថានៅចុងខែកុម្ភៈ ឆ្នាំ១៩៧០ សម្តេចព្រះប្រមុខរដ្ឋនឹងយាងដំណើរទៅប្រទេសបារាំងដើម្បីព្យាបាលរោគ ។
ថ្ងៃទី៦ខែមករា ឆ្នាំ១៩៧០ សម្តេចយាងចេញពីមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែក្បូនដង្ហែរមិនបានទៅវិមានរដ្ឋចំការមនដែលជានិវេសនដ្ឋានរបស់ ព្រះប្រមុខរដ្ឋឡើយ គឺឆ្ពោះទៅព្រះបរមរាជវាំង បន្ទាប់មក ក្បួនដង្ហែរបានបើកឆ្ពោះទៅអាកាសយានដ្ឋានពោធិចិនតុងតែម្តង ។
ថ្ងៃទី៨ខែមីនា ឆ្នាំ១៩៧០ ប្រជាជននៅទីរួមខេត្ត និង នៅតាមភូមិនានាក្នុងស្រុកចន្ទ្រា , កំពង់រោទ៍ , រំដួល និង រមាសហែក នៃខេត្តស្វាយរៀង បានធ្វើបាតុកម្មស្របពេលគ្នាប្រឆាំងនឹងវត្តមានរបស់កងទ័ពវៀតណាម ខាងជើង និង វៀតកុង នៅលើទឹកដីខ្មែរ ។
គេហទំព័រ Wikipedia បានអះអាងថា “ ព្រះអង្គម្ចាស់ សិរិមតៈ ធ្លាប់បានទៅប្រទេសវៀតណាមជាសំងាត់ដើម្បីពិនិត្យមើលថាត្រូវធ្វើ យ៉ាងណាដើម្បីដកកងទ័ពវៀតណាមចេញពីទឹកដីកម្ពុជា ។ ព្រះអង្គក្រេវក្រោធយ៉ាងខ្លាំង នៅពេលគេបង្ហាញឯកសារពាណិជ្ជកម្មដែលឡាយព្រះហស្ថលេខាដោយសម្តេច សីហនុ ជាលេសឱ្យវៀតណាមកុម្មុយនិស្តដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា និង ការដឹកជញ្ជូនសម្ភារៈសឹករបស់វៀតណាមតាមកំពង់ផែកម្ពុជា “ ។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយត្រូវបានរៀបចំឡើងនៅទីក្រុង
ភ្នំពេញ ដើម្បីប្រឆាំងនឹងវត្តមានកងទ័ពវៀតណាមខាងជើងនិងវៀតកុងនៅលើទឹកដី ខ្មែរ ដូចដែលគេបានធ្វើនៅស្វាយរៀងដែរ ។ បាតុកម្មដោយមានសិស្សនិស្សិតនិងសមាជិកគ្រឹះស្ថាននានារាប់ពាន់នាក់ បានហែឆ្ពោះទៅរដ្ឋសភា ។ បដាជាច្រើនជាភាសាខ្មែរ, បារាំង និង អង់គ្លេស ដែលជាអាទិ៍និយាយថា “ បរាជ័យវៀតកុង-វៀតណាមខាងជើង “ “ វៀតកុងត្រឡប់ទៅប្រទេសឯងវិញទៅ “ កម្ពុជាពុំមែនជាទឹកដីរបស់វៀតមិញទេ “ ជាដើម ។
ថ្ងៃនោះរដ្ឋសភាកំពុងពិភាក្សាតទល់គ្នាស្តីពីករណីពុករលួយរបស់ វរសេនីយ៍ឯក អ៊ុំ ម៉ាណូរិន្ទ (បងថ្លៃព្រះប្រមុខរដ្ឋ) រដ្ឋលេខាធិការក្រសួងការពារលើផ្ទៃប្រទេស , វរសេនីយ៍ឯក សូ ស្តែនហ្វែរណង់ដេស (ខ្មែរដើមកំណើតអេស្ប៉ាញ) រដ្ឋលេខាធិការក្រសួងសន្តិសុខជាតិ និង លោក កែវ សាន អនុប្រធានសភាជាតិ ដែលសុទ្ធតែជាមនុស្សស្និទ្ធនឹងព្រះអង្គ និង អ្នកម្នាងម៉ូនិករបស់ព្រះអង្គ ។
បន្ទាប់ពីទទួលបានការបដិសណ្ឋារកិច្ចនៅរដ្ឋសភារួចមក ក្បួនបាតុកម្មបានដង្ហែឆ្ពោះទៅស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យ វៀតណាម និង ស្ថានទូតរបស់រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃវៀតណាមខាងត្បូង ។ កំហឹងក្រេវក្រោធរបស់បាតុករមិនអាចទប់ទល់បាន ទើបស្ថានទូតទាំង២ត្រូវបានបំផ្លាញយ៉ាងដំណំ ។
ទ្រីស្តង់ សារ៉ុង អ្នកសារព័ត៌មាន ឡឺម៉ុងដ៍ បានអះអាងថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយ សូស្តែន ហ្វែណង់ដេស តាំងពីដើមឆ្នាំ១៩៦៩មកម្ល៉េះ ។
សៀវភៅ “ ប្រវត្តិសង្ខេបនៃប្រទេសកម្ពុជា “ អះអាងថា សម្តេចបានជួបលន់ នល់ ដែលស្មោះត្រង់នឹងព្រះអង្គ នៅទីក្រុង រ៉ូម ឱ្យលន់ នល់ ជួយចាត់ចែងបាតុកម្ម ដើម្បីជួយគាំទ្រដល់ព្រះអង្គ នៅពេលព្រះអង្គយាងទៅប៉េកាំង និង មូស្គូ ស្វែងរកឱ្យមេកុម្មុយនិស្តទាំងពីរដែលជាមេរបស់កុម្មុយនិស្តយួន ដាក់គំនាបលើយួនឱ្យដកទ័ពចេញពីទឹកដីខ្មែរ ។
សម្តេចព្រះប្រមុខរដ្ឋ បានយាងទៅទីក្រុងប៉ារីសកាលពីថ្ងៃទី៦ ខែមករាឆ្នាំ១៩៧០ ដើម្បីព្យាបាលព្រះរោគ ។
ពីទីក្រុងប៉ារីស ព្រះប្រមុខរដ្ឋ បានថ្កោលទោសបាតុកម្មទាំងនេះ ថាស្និទ្ធនឹងអាមេរិកាំង ។ ពេលព្រះអង្គយាងមកកម្ពុជាវិញ ព្រះអង្គនឹងផ្តន្ទាទោសដល់រដ្ឋាភិបាលដែលចាត់ចែងឱ្យមានបាតុកម្មនេះ ។
ឧត្តមសេនីយ៍ លន់ នល់ បានបញ្ជូនលោក យ៉ែម សំបូរ ឧបនាយករដ្ឋមន្ត្រីទី២តំណាងរដ្ឋាភិបាល ។ ព្រះមហាក្សត្រិយានីកុសមៈ បញ្ជូនព្រះអង្គម្ចាស់នរោត្តម កន្តុល ទៅកាន់ទីក្រុងមូស្គូជាបន្ទាន់ ជាទីដែលព្រះអង្គត្រូវយាងទៅធ្វើទស្សនកិច្ច ដើម្បីរាយការណ៍ថ្វាយសម្តេចអំពីហេតុការណ៍ និង សេចក្តីសម្រេចចិត្តនានានៅក្នុងប្រទេស ។ ប៉ុន្តែព្រះអង្គបានបដិសេធថា ព្រះអង្គនឹងមិនទទួលនូវការចូលគាល់របស់ឥស្សរជនទាំង២រូបនេះឡើយ ។
ដោយមានការគាំទ្រពីវេរសេនីយ៍ទោ សាក់ ស៊ុតសាខន នាយ អគ្គសេនាធិការរងនៃកងទ័ពជាតិ , ថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានលុបកិច្ចសន្យាពាណិជ្ជកម្មដែល សម្តេចសីហនុ បានធ្វើជាមួយវៀតណាមកាលពីថ្ងែទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៥៨ និង បិទកំពង់ផែ កំពង់សោម ជាទីដែលអាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូនទៅផ្គត់ផ្គង់កងទ័ពវៀតណាមខាងជើង ។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ ដឹកនាំដោយលន់ នល់ ផ្ញើលិខិតទៅឱ្យរដ្ឋាភិបាលក្រុងហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានុវាទ ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា ។
អ្នករស់នៅនាជំនាន់នោះ ហើយដែលមានជីវិតមកដល់បច្ចុប្បន្ន បាននិយាយថា រដ្ឋាភិបាលស្រោចស្រង់ជាតិ បានដាក់ឱសានុវាទនេះ មិនមែនតែចំពោះកងទ័ពទេ ប៉ុន្តែដោយរួមទាំងអនិកជនវៀតណាមទាំងអស់ដែលកំពុងរស់នៅលើទឹកដីខ្មែរ ផងដែរ ។
ពេលវេលាឱសានុវាទបានចូលមកដល់ និង កន្លងផុតទៅដោយពុំមានការឆ្លើយតបពីយួនកុម្មុយនិស្ត ហើយអនិកជនយួននៅលើទឹកដីខ្មែរក៏មិនអើពើចំពោះឱសានុវាទរបស់ រដ្ឋាភិបាលដែរ ។
សិរិមតៈ បាអះអាងថា លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំង ជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធផលខកចិត្តយ៉ាងខ្លាំង ។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស ព្រះប្រមុខរដ្ឋមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេល ឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលទាំងពីរនេះដាក់សម្ពាធលើយួនខាងជើង និង វៀតកុងឱ្យដកចេញពីទឹកដីខ្មែរ ។
ថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ទាមទារឱ្យអង្គកាកំពូលនេះវែកមុខ និង ផ្តន្ទាទោសឥស្សរជនស៊ីវីល និង យោធាដែលសមគំនិតជាមួយពួកវៀតណាមកុម្មុយនីស្ត ។
ក្នុងឱកាសនោះពួកអ្នកតំណាងវណ្ណៈសង្គមគ្រប់ជាន់ថ្នាក់បានឡើងអាន ញត្តិ និង ការតវ៉ា សារទុក្ខមិនសុខចិត្ត នៅក្នុងសភាជាការស្តីបន្ទោសធ្ងន់ៗ ។ ខិតប័ណ្ណជាច្រើនបានបរិហារនិងថ្កោលទោសអ្នកម្នាងម៉ូនិក , គ្រួសារអ្នកម្នាង និង មនុស្សនៅជុំវិញសម្តេច ។
នៅក្នុងការប្រជុំពេញអង្គបន្ទាន់មួយរវាងពួកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាព្រះរាជាណាចក្រ ដើម្បីពិនិត្យមើលស្ថានការណ៍នោះ ពួកតំណាងរាស្ត្រខ្លះដោយមានលោក ទ្រិញ វ៉ាញ ជាប្រមុខដែលជាមនុស្សរបស់ព្រះអង្គម្ចាស់សិរិមតៈ បានចាប់ផ្តើមបរិហារសម្តេច និង អ្នកម្នាងរបស់ព្រះអង្គដោយមិនបញ្ចេញព្រះនាម ។
សៀភៅ សាធារណៈរដ្ឋខ្មែរ អះអាងថា ការបរិហារនោះ លើកឡើងនូវបញ្ហា៣ជាសំខាន់គឺ ពុករលួយ១, ការរត់ពន្ធ១ និង ការអនុញ្ញាត្តឱ្យកងទ័ពវៀតណាមខាងជើង និង វៀតកុងឈប់សំចតលើទឹកដីកម្ពុជា គឺជាការក្បត់ជាតិ ១ ។ ចំណែកពួកបាតុករនៅខាងក្រៅរដ្ឋសភាបានបែកខ្ញែកគ្នាទៅស្ទើរអស់ ។
រហូតដល់ថ្ងៃត្រង់ថ្ងៃទី១៦មីនានោះការជជែកគ្នាក្នុងបរិបទនេះមាន សភាពពុះកញ្ជ្រោលច្របូកច្របល់ខ្លាំងឡើងៗ រហូតដល់ម៉ោងប្រមាណជា១២ និង ៣០ នាទីថ្ងៃត្រង់ហើយការចោទប្រកាន់បរិហាររិះគន់សម្តេចសីហនុកាន់តែមាន សភាពជូរចត់ឡើង ។ លុះពេលព្រលប់ ពួកអ្នកតំណាងរាស្ត្រ និង សមាជិកក្រុមប្រឹក្សាព្រះរាជាណាចក្របានសម្រេចចិត្តលើកសម័យប្រជុំទៅ ថ្ងៃស្អែក។ព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ១៩៧០ ភាពចលាចលហាក់បានកើតឡើងម្តងទៀត ។
ឥឡូវនេះថ្ងៃទី១៨មីនា ឆ្នាំ១៨៧០ បានចូលមកដល់ ។ នៅវេលាម៉ោង៩ព្រឹក សភាជាតិ និង ក្រុមប្រឹក្សាព្រះរាជាណាចក្របានបើកការប្រជុំជាមួយគ្នាសារជាថ្មីដោយ បិទទ្វារជិត រហូតដល់ម៉ោង១៣ និង ៣០ សភាទាំង២ បានបោះឆ្នោតដកហូតតំណែងជាព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជាជាឯកច្ឆន្ទ ។ រហូតដល់ម៉ោង១៨ ល្ងាចទើបដំណឹងនេះត្រូវបានគេផ្សាយឱ្យដឹងតាមវិទ្យុជាតិ ។ ដំណឹងនេះបានឈួលឱ្យមានកោលាហល កំហឹងក្រេវក្រោធ ច្របូកច្របល់ រំជើបរំជួល និង ការនិយាយគ្នាយ៉ាងរញីវនៅក្នុងស្រទាប់ប្រជាជនគ្រប់រូប ។ នៅក្នុងទីក្រុងមានការធ្វើចលនានៃកងទ័ព និង រថពាសដែក ដែលនាំឱ្យប្រជាជនមានការភ័យខ្លាចខ្លះដែរ ប៉ុន្តែពួកគេនៅតែធ្វើមិនអើពើ ។
សៀវភៅ “ សាធារណៈរដ្ឋខ្មែរ “ ក៏ដូចជាឯកសារភាគច្រើនផ្សេងទៀត បានផ្តល់ទស្សនទានថា ចាប់ពីពេលមានបាតុកម្មនៅស្វាយរៀងមក “ប្រសិនបើសម្តេចសីហនុ យាងត្រឡប់មកមាតុប្រទេសជំនួសឱ្យការយាងទៅមូស្គូ និង ប៉េកាំងនោះ ព្រះអង្គនៅតែមានឱកាសក្តោបក្តាប់សិទ្ធិអំណាចរបស់ព្រះអង្គដដែល” ។
ប៉ុន្តែដូចអ្វីដែលព្រះអង្គបានប្រកាសពីក្រុងប៉ារីសកាលពីថ្ងៃទី១៣ ខែមនា ១៩៧០ហើយថា ព្រះអង្គនឹងយាងមកកម្ពុជាវិញក្នុងពេលឆាប់ៗ ប៉ុន្តែព្រះអង្គត្រូវយាងទៅមូស្គូ និង ប៉េកាំង ដើម្បីស្វែងរកការដកទ័ពវៀតណាមចេញពីទឹកដីខ្មែរ។ ដូច្នេះពួកគេគួរតែគ្មានបញ្ហាអ្វីឡើយ ដែលគ្រាន់តែរង់ចាំលទ្ធផលរបស់ព្រះអង្គយាងដំណើរទៅ មូស្គូ និង ប៉េកាំង សឹមសម្រេចចិត្តជាក្រោយក៏មិនយឺតដែរ ។
ប៉ុន្តែពួកគេបែរជាសម្រេចចិត្តដកហូតព្រះអង្គពីតំណែងក្នុងពេលដែល ព្រះអង្គកំពុងបំពេញការងារជូនជាតិ និង តាមការទាមទាររបស់ពួកគេ ។ ប្រការនេះធ្វើឱ្យយើងមានការមន្ទឹលថាគឺពួកគេមានគំនិតដកហូត ព្រះអង្គដោយសារហេតុផលផ្សេងទៀតក្រៅពីរឿងកងទ័ពវៀតណាម នៅលើទឹកដីខ្មែរ ។
សំអាងលើចំណងមិត្តភាពរបស់ព្រះអង្គជាមួយប៉េកាំង និង មូស្គូ កន្លងមក ដើម្បីសុំឱ្យពួកគេបង្ខំវៀតណាមឱ្យដកទ័ពនោះ ទំនងជាមិនអាចទៅរួចឡើយ ព្រោះថាបើធ្វើបែបនោះ វៀតណាមខាងជើងនឹងចាញ់សង្គ្រាម ។ ធាតុដ៏សំខាន់នៃសង្គ្រាមនោះគឺសង្គ្រាមសូវៀត និង ចិនប៉េកាំង ប្រជែងនឹងអាមេរិកាំង ហេតុនេះ បើយួនកុម្មុយនិស្តចាញ់សង្គ្រាម គឺប៉េកាំង និង មូស្គូក៏ជាអ្នកចាញ់ដែរ ហើយធនធានដ៏សន្ធឹកសន្ធាប់ដែលពួកគេបានឧបត្ថម្ភយួនកុម្មុយនិស្ត កន្លងមកនឹងទៅជាអសាបង់ ។ ហេតុនេះយើងមិនឃើញមានហេតុផលណាមានទម្ងន់គ្រប់គ្រាន់សម្រាប់ឱ្យ មហាអំណាចកុម្មុយនិស្តទាំងពីរនេះព្រមតាមបំណងរបស់ព្រះអង្គឡើយ ។
មតិខ្លះយល់ថារដ្ឋប្រហារថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ១៩៧០នោះគឺជាការរៀបចំឡើងយ៉ាងល្អិតល្អន់រវាងសម្តេចសីហនុ និង ឧត្តមសេនីយ៍ លន់ នល់ ក្នុងឱកាសដែលឥស្សរជន២រូបនេះជួបគ្នានាទីក្រុងប៉ារីស ដើមខែកុម្ភៈ ឆ្នាំ១៩៧០ ។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ១៩៦៩ ព្រះអង្គបានមានបន្ទូលថា “ ខ្ញុំពិភ័លពីលទ្ធភាពនៃការដកព្រះកាយចេញ បើសិនជាខ្ញុំពុំអាចបន្តការប្រយុទ្ធតស៊ូតែម្នាក់ឯង នៅពេលនោះអំណាចនឹងត្រូវប្រគល់ទៅឱ្យឧត្តមសេនីយ៍ លន់ នល់ ដែលបច្ចុប្បន្នជានាយកមន្ត្រីស្តីទីស្រាប់ “ ។
បន្ទូលនេះជាដើមដែលធ្វើឱ្យមតិខ្លះគិតថា រដ្ឋប្រហារ នេះគឺព្រះអង្គបានព្រមព្រៀងគ្នាជាមួយ លន់ នល់ ពោលគឺដោយសារព្រះអង្គទតឃើញថា ព្រះអង្គពិបាកក្នុងការប្រឈមចំពោះស្ថានភាពដែលក្នុងអំឡុងពេលនោះ មានការចោទប្រកាន់ពីអំពើពុករលួយ បក្សពួកនិយម នៅជុំវិញរាជបល្ល័ង្ក និង អ្នកម្នាងម៉ូនិករបស់ព្រះអង្គផង ។ ព្រះអង្គក៏ត្រូវ តស៊ូបណ្តេញពួកវៀតណាមកុម្មុយនីស្តឱ្យចេញពីទឹកដីខ្មែរផង ។ ម្យ៉ាងទៀតព្រះអង្គត្រូវប្រឈមនឹងការវាយឆ្មក់ពីពួឧទ្ទាមខ្មែរក្រហម និង ពីពួកខ្មែរឥស្សរៈ ។ គេយល់ថា ព្រះអង្គស្ថិតក្នុងស្ថានភាព១លើសពីលក្ខន្តិកៈដែលថា យល់ញាតិឃ្លាតច្បាប់ទៅទៀត ។
ហេតុនេះព្រះអង្គព្រមព្រៀងប្រគល់អំណាចទៅឱ្យឧត្តមសេនីយ៍ លន់ នល់ ដើម្បើចាត់ការដោះស្រាយទំលុះទំលាយនូវភាពទ័លច្រកទាំងនេះ ដោយត្រូវប្រើរូបភាពមួយថាត្រូវដកហូតព្រះអង្គពីតំណែង ទើបងាយចាត់ការរឿផ្សេងទៀត ហើយលន់ នល់ នឹង នាំព្រះអង្គមកប្រថាប់ក្នុងអំណាចវិញនៅក្នុងពេលដ៏សមគួរមួយនាពេល ក្រោយ ។ ប៉ុន្តែទស្សនៈនេះភ្លេចគិតថា កងទ័ពយួនខាងជើង និង វៀតកុង ប្រើប្រាស់ទឹកដីខ្មែរដោយសារនរណា , មិនគឺព្រះអង្គទេឬ ?
ហេតុនេះប្រសិនបើរឿងនេះជាការពិតនោះ ទស្សនៈដែលថាព្រះអង្គត្រូវអ្នកម្នាងម៉ូនិកឃាត់មិនឱ្យយាងមក កម្ពុជានោះ ត្រូវបានរំលាយចោល ត្បិតអ្វីៗគ្រប់យ៉ាងត្រូវបានព្រះអង្គនិង លន់ នល់ បានគ្រោងទុករួចទៅហើយ ។
ផ្ទុយទៅវិញប្រសិនបើមតិមួយនេះ ជារឿងមិនពិតទេនោះ ទស្សនៈនេះគឺជាការគិតស្មានព្រាវៗ ថែមទាំងមានន័យថា គ្រាន់តែជាការបង្កើតពាក្យចចាមអារាមដើម្បីសម្រាលឬលាងកំហុសឱ្យ លន់ នល់ កុំឱ្យត្រូវបានប្រវត្តិសាស្ត្រចារថា ជាអ្នកក្បត់ជាតិដោយសារធ្វើរដ្ឋប្រហារដណ្តើមអំណាចពីសម្តេចសីហនុ ទៅវិញ ។
សេចក្តីជូនព័ត៌មានពីលេខាធិការដ្ឋានរបស់សម្តេចនរោត្តម សីហនុ ចុះថ្ងៃទី២៣ មីនា ១៩៧០ ពីទីក្រុងប៉េកាំង ដែលមាន៥ចំណុច ព្រះអង្គប្រកាសបដិសេធរដ្ឋាភិបាលភ្នំពេញ , បង្កើតរដ្ឋាភិបាលរួបរួមជាតិ , បង្កើតកងទ័ពរំដោះជាតិ ។ ក្នុងលិខិតនេះ ក៏ដូចជាសេចក្តីប្រកាសជាបន្តបន្ទាប់មកទៀតគឺកងទ័ពរំដោះជាតិរបស់ ព្រះអង្គនឹងត្រូវបង្កើតឡើងជាមួយកងទ័ពនៃប្រជាជនដទៃទៀត គឺសំដៅជាពិសេសដល់សមាគមប្រជាជនឥណ្ឌុចិន គឺកុម្មុយនិស្ត ។ ព្រះអង្គបានចងសម្ព័ន្ធភាពជាមួយពួកខ្មែរក្រហមដែលជាអតីតសត្រូវរបស់ ព្រះអង្គ ។
ដោយសារសេចក្តីអំពាវនាវនោះ ទើបថ្ងៃទី២៩ មីនា ១៩៧០ កងទ័ពវៀតកុង និង យួនកុម្មុយនិស្ត បើកការវាយលុកមកលើកងទ័ពខ្មែរនិងសម្លាប់ខ្មែរយ៉ាងច្រើន និង យ៉ាងសប្បាយដៃដោយសំអាងថាដើម្បីនាំសម្តេចមកក្នុងតំណែងវិញ ។ គេមើលឃើញយ៉ាងងាយថា គឺពួកយួនទាំងនោះត្រូវការកំទេចកងទ័ពខ្មែររបស់លន់ នល់ និង សិរិមតៈ ដែលគេចាត់ទុកថា ជារបាំងរាំងឃាត់ពួកគេកុំឱ្យប្រើប្រាស់ទឹកដីខ្មែរ ។
បើព្រះអង្គមានបំណងដេញយួនកុម្មុនិស្តនៅលើទឹកដីខ្មែរដែលជា ហេតុនាំឱ្យខ្មែរស្លាប់ ឬ និយាយម្យ៉ាងទៀតថា ព្រះអង្គព្រមព្រៀងឱ្យលន់ នល់ ទម្លាក់ព្រះអង្គមែននោះ ពេលត្រូវលន់ នល់ ទម្លាក់ ព្រះអង្គប្រាកដជាមិនបង្កើតកងទ័ព និងរដ្ឋាភិបាលនិរទេសទេ ។ បើបែរជាបង្កើតវិញ គឺមុខជាបង្កើតដើម្បីរួមដៃជាមួយរដ្ឋាភិបាលលន់ នល់ ដើម្បីបណ្តេញយួនទាំងនោះ និង ធ្វើនូវរាល់អ្វីៗតាមលទ្ធភាពដើម្បីជម្រុញរដ្ឋាភិបាលនេះឱ្យបាន ជោគជ័យក្នុងការបណ្តេញយួន និង យៀកកុងចេញពីដីខ្មែរ ដើម្បីសង្គ្រោះអាយុជីវិតប្រជារាស្ត្រខ្មែរពីគ្រាប់បែកអាមេរិកាំង និង គ្រាប់កាំភ្លើងយួនខាងត្បូង និង ដើម្បីការពារអព្យាក្រឹតភាពខ្មែរយ៉ាងប្រាកដ ។
មិនបែបនោះសោះឡើយព្រះអង្គបង្កើតកងទ័ពដើម្បីកំទេចរដ្ឋាភិបាល ភ្នំពេញដែលកំពុងមមាញឹកក្នុងការបណ្តេញយួនចេញពីទឹកដីខ្មែរ ដើម្បីសង្គ្រោះជីវិតប្រជារាស្ត្រខ្មែរ ទៅវិញ ។
អំឡុងឆ្នាំ១៩៧៣ អាមេរិកាំង បានស្វះស្វែងរកការសម្រុះសម្រួលរវាងកងទ័ពរបស់ព្រះអង្គ និង ខ្មែរក្រហម ជាមួយរដ្ឋាភិបាលភ្នំពេញរបស់ លន់ នល់ នោះ ព្រះអង្គបានបដិសេធ ហើយថាព្រះអង្គនឹងត្រូវតែកំទេចរដ្ឋាភិបាលភ្នំពេញឱ្យខាងតែបាន ។
ព្រះអង្គម្ចាស់ សិរិមតៈ បានបញ្ជាក់ថា ប្រសិនបើរាស្ត្រខ្មែរត្រូវការសម្តេច សីហនុ មកដឹកនាំ ឬ ថាប្រសិនបើវត្តមានរបស់ព្រះអង្គក្នុងអំណាច អាចនាំសន្តិភាពមកឱ្យខ្មែរនោះ ព្រះអង្គ(សិរិមតៈ) នឹងសុខចិត្តព្រមធ្វើតាមនោះដែរ ។ សម្តេចសីហនុ មិនទទួលព្រមធ្វើការសម្រុះសម្រួលឡើយ ហើយថែមទាំងហៅព្រះអង្គម្ចាស់ សិរិមតៈ ថាជាជនប្រតិកិរិយា ដ៏អាក្រក់បំផុតទៀតផង ។
ពេលនេះយើងឃើញយ៉ាងច្បាស់ហើយថា ទស្សនៈដែលថាព្រះអង្គ និង លន់ នល់ ព្រមព្រៀងគ្នានោះ ចំពោះរដ្ឋប្រហារ១៨មីនា ១៩៧០ គឺជាទស្សនៈខុសទាំង
ស្រុង ។
ឥឡូវនេះយើងត្រឡប់ទៅរកហេតុការណ៍ទាក់ទងនឹងការធ្វើរដ្ឋប្រហារវិញ ។គេហទំព័រ Wikipdia បានអះអាងថា “លន់ នល់ បានបដិសេធមិនអនុញ្ញាត្តឱ្យដកហូត សម្តេច សីហនុ ពីតំណែងជាព្រះប្រធានប្រមុខរដ្ឋឡើយ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចាក់កាសែតដែលគេលួចថតពេលសម្តេច នរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំ១ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលព្រះអង្គហៅថាជាអ្នក ក្បត់ព្រះអង្គ ដែលមានឈ្មោះ លន់ នល់ និង សិរិមតៈផង ហើយថាព្រះអង្គនឹងដាក់ទណ្ឌកម្មពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងមកដល់ភ្នំពេញ ។
នាយករដ្ឋមន្ត្រី លន់ នល់ នៅតែមិនប្រាកដថានឹងញុះញង់ឱ្យសភាបោះឆ្នោតទម្លាក់សម្តេចនៅឡើយ ។ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០នោះ ព្រះអង្គម្ចាស់ សិរិមតៈ និង មន្ត្រីយោធា៣រូប បានទៅដល់ភូមិគ្រឹះរបស់ លន់ នល់ ហើយភ្ជង់កាំភ្លើងបង្ខំ លន់ នល់ ដែលកំពុងជោគជាំដោយជលនេត្រឱ្យចុះហត្ថលេខាលើឯកសារចាំបាច់ទាំងឡាយ ដើម្បីដកហូតសម្តេច សីហនុ ។ ស្អែកឡើង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភា បានបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុ ពីអំណាច” ។
សៀវភៅ សាធារណរដ្ឋខ្មែរ បាននិយាយនៅក្នុងវង់ក្ររចកថា លោក ណាង គឹមសួរ អតីតរដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍របស់សាធារណរដ្ឋ បានឱ្យដឹងថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឥស្សរ៉ូ ( ជាព្រះអនុជ ឬ ជា ព្រះរៀមរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ)ដែលជាអ្នកបានចូលរួមប្រជុំផ្ទាល់ជាមួយសម្តេចសីហនុ នៅទីក្រុងប៉ារីស ជាអ្នកលួចថតព្រះបន្ទូលរបស់សម្តេចសីហនុក្នុងពេលប្រជុំសំងាត់នោះ ។ ដោយបានឮមានឈ្មោះខ្លួននៅក្នុងនោះ ទើបពួកគេចាត់ការសម្តេចមុន ។
គេហទំព័រ Wikipedia បានអះអាងថា “ Prom Thos ជារដ្ឋមន្ត្រីម្នាក់របស់លន់ នល់ បានប្រាប់អ្នកប្រវត្តិសាស្ត្រឈ្មោះ Ben Kiernanថា នៅអំឡុងខែមីនា ឆ្នាំ១៩៦៩ សិរមតៈ បានបង្ហើបថា សីហនុ គួរតែត្រូវបានសម្លាប់ចោល ប៉ុន្តែលន់ នល់ បានបដិសេធនឹងគម្រោងនេះ ដោយនិយាយថា វាជាគម្រោងការឧក្រឹដ្ឋដ៏ឆ្កួតលេលា “។
អ្នកសង្កេតការណ៍ខ្លះ ក៏ដូចជាសម្តេច សីហនុ បានចោទថា បងប្អូនជីដូនមួយរបស់ព្រះង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលតែងតែច្រណែន នឹង ព្រះអង្គតាំងពីកុមារ និង សត្រូវនយោបាយដ៏យូរលង់របស់ព្រះអង្គដែលបានកំពុងនិរទេសខ្លួននៅ វៀតណាមខាងត្បូង គឺ សឺង ង៉ុក ថាញ់ ដោយមាការគាំទ្រពីភ្នាក់ងារស៊ី.អាយ.អេ ( C.I.A) ជាអ្នកធ្វើរដ្ឋប្រហារនេះ ។
សៀវភៅឈ្មោះ “ សេ.អ៊ី.អា ប្រឆាំងប្រទេសកម្ពុជា” ដែលជាស្នាព្រះហស្ថរបស់សម្តេចសីហនុ ព្រះអង្គបានចោទថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ច្រណែននឹងព្រះអង្គ ព្រោះ សិរិមតៈ យល់ថា បន្ទាប់ពីព្រះករុណា ស៊ីសុវត្ថ មនុវង្ស សោយទីវង្គតនៅឆ្នាំ១៨៤០ទៅ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ឬ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ អង្គឯងផ្ទាល់ទេដែលត្រូវឡើងស្នងរាជ្យ ប៉ុន្តែបារាំងបែរជាជ្រើសរើស សម្តេច សីហនុ ដែលជាខ្សែនរោត្តម ទៅវិញ ។
ស្រឡាយ ស៊ីសុវត្ថិ ទាំងឡាយ ក៏ដូចជាព្រះអង្គម្ចាស់ សិរិមតៈ ដែរចង់ហូតសម្តេចសីហនុ ចេញពីអំណាច និង យកមកុដ បំពាក់ឱ្យមនុស្សណាម្នាក់ដែលជាស្រឡាយ ស៊ីសុវត្ថ អាចជាព្រះអង្គ (សិរិមតៈ)ផ្ទាល់ ឬ បុត្រសុនិសាររបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថ ឌួងជីវិន ។
ចំពោះសាធារណៈមតិជាតិ និង អន្តរជាតិយល់ថាមនុស្ស៣រូបជាមេគំនិតនាំឱ្យមានព្រឹត្តិការណ៍១៨មិនា ១៩៧០គឺ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ១, ឧត្តមសេនីយ៍ លន់ នល់ ១ និង អ៊ិន តាំ ដែលជាប្រធានសភាជាតិ ១ ។ មនុស្សទាំ៣រូបនេះត្រូវបានគេ
ហៅថា “មនុស្ស១៨មិនា” ។
ប៉ុន្តែសៀវភៅសាធារណរដ្ឋខ្មែរ បានអះអាងថា ព្រឹត្តិការណ៍កើតឡើងទៅបានដោយសារការសម្របសម្រួលគៃបន្លំរបស់មនុស្សទី ៤គឺវរសេនិយ៍ត្រី លន់ ណុន ដែលជាប្អូនប្រុសបង្កើតរបស់លន់ នល់ ។