Sunday, July 29, 2018

១៩៦០- ១៩៧០

មូលហេតុ​មិន​ចុះសម្រុង​នៃ​រដ្ឋប្រហារ ១៨​មីនា ១៩៧០
Posted by Email:knewdaynews@yahoo.com Friday, March 16, 2012 
(ពីឆ្វេងទៅស្តាំ)សិរិមតៈ លន់នល់ អ៊ិនតាំ)
(ពីឆ្វេងទៅស្តាំ)សិរិមតៈ លន់នល់ អ៊ិនតាំ)
ថ្ងៃទី 15 មីនា 2012
ដោយ: ខឿន សាឃៀន CEN

ភ្នំពេញ: ​ខណៈ​ប្រទេសជាតិ​កំពុងស្ថិត​ក្នុង​សភាព​ច្របូកច្របល់ សម្តេច នរោត្តម សីហនុ ជា​ព្រះប្រមុខរដ្ឋ បាន​យាង​ទៅ​ព្យាបាល​ព្រះរោគ​នៅ​ប្រទេស​បារាំង ។ ពេលនោះ​ប្រជាជន​កម្ពុជា​នៅ​ភាគ​ខាងកើត​ជាពិសេស​នៅ​តំបន់​ខ្លះ​នៃ​ ខេត្តស្វាយរៀង កំពុង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​កងទ័ព​វៀតណាម​ខាងជើង វៀត​កុង និង វៀតណាម​ខាងត្បូង ព្រះអង្គ​ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ធ្វើ​រដ្ឋប្រហារ​ទំលាក់​ពី​តំណែង ។ ប៉ុន្តែ មូលហេតុ​នាំឱ្យ​មានការ​បោះឆ្នោត​ដកហូត​តំណែង​នេះ នៅតែ​ជា​ប្រធានបទ​មិនទាន់​ចុះសម្រុង​គ្នា​នៅឡើយ ។​

​ ​សង្គ្រាមលោកលើកទី​២​បាន​ចប់​ជា​ផ្លូវការ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ ទម្លាប់​គ្រាប់បែកបរមាណូ ទៅលើ​ប្រទេស​ជប៉ុន​នា​ខែសីហា ឆ្នាំ​១៩៤៥ ។ ប៉ុន្តែ​វា​ជាការ​ចាប់កំណើត​នៃ​សង្គ្រាមត្រជាក់​ដែល​កើតមាន​ស្ទើរ​គ្រប់​ ជ្រុង​នៃ​ពិភពលោក ដោយសារ​ការដណ្តើម និង ការ​ប្រជែង​ឥទ្ធិពល​របស់​ពួក​ប្រទេស​មហាអំណាច​ទាំងពីរ​ប្លុក​គឺ​ពួកលោក​សេរី ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង ប្លុក​កុ​ម្មុយ​និ​ស្ត​ដែលមាន​សូ​វៀត និង ចិន ជា​ប្រមុខ ។
​ ​នៅ​ឥណ្ឌូចិន គឺ​វៀតណាម , ឡាវ និង កម្ពុជា ក៏​ស្ថិតក្នុង​ស្ថានភាព​នៃ​ការ​ប្រជែង​គ្នា​របស់​ពួក​មហាអំណាច​ពិភពលោក​ ទាំងពីរ​ប្លុក​នេះដែរ ។​

​ ​សម្តេច​នរោត្តម​សីហនុ ក្នុងឋានៈ​ជា​ព្រះមហាក្សត្រ និង​ក្រោយ​មកជា​ព្រះប្រមុខរដ្ឋ នៃ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា ព្រះអង្គ​មិន​ចង់ឱ្យ​ប្រទេស​ខ្មែរ​រង​ផលប៉ះពាល់​នៃ​សង្គ្រាម​នៅ​ឥណ្ឌូចិន​ នេះ ទើប​ព្រះអង្គ​មិន​ព្រម​អនុញ្ញាតឱ្យ​ប្រទេស​របស់​ព្រះអង្គ​ទៅ​ពាក់ព័ន្ធ​នឹង​ សង្គ្រាម​នេះឡើយ​ហើយ​ព្រះអង្គ​ក៏បាន​ប្រកាស​ប្រទេស​កម្ពុជា​ថា​ជា​ប្រទេស​ អព្យាក្រឹត ពោលគឺ​មិន​ចូល​ទៅខាង​ប្លុក​សេរី ឬ ក៏​ខាង​ប្លុក​កុ​ម្មុយ​និ​ស្ត​ឡើយ ។
​ ​ប៉ុន្តែ​ដោយសារតែ​ភាពមិនស្មោះត្រង់​ចំពោះ​អព្យាក្រឹតភាព​នេះ​ទើបបាន​នាំ​ ប្រទេស​កម្ពុជា​ឱ្យចូល​ក្នុង​ភ្លើងសង្គ្រាម​និង​មហា​វិនាស ។ ប្រទេស​ទាំងឡាយ​ដែល​លំអៀង​ទៅខាង​លោក​សេរី ជាពិសេស​ប្រទេសជិតខាង​កម្ពុជា​គឺ​ថៃ និង វៀតណាម​ខាងត្បូង ចង់ឱ្យ​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ស៊ី​អា​តូ ។ ដោយហេតុនេះ​ប្រទេសជិតខាង​ទាំងពីរ​នេះ​បាន​បង្ក​អមិត្ត​ជាមួយ​កម្ពុជា ជា​ញឹកញាប់​ដោយ​គ្រប់​រូបភាព និង ការ​ញុះញង់​ផ្សេងៗ​ដូចជា​ការបិទផ្លូវ​ច្រក​សមុទ្ទ​របស់​ពួកគេ​ដើម្បី​បិទ​ ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​ខ្មែរ និង ការចែក​គ្នាយ​កកោះ​ខ្មែរ​មួយចំនួន ។
​ទោះយ៉ាងណា ព្រះអង្គ​នៅតែ​ទំនាក់ទំនង​ការទូត​និង​ទទួល​ជំនួយ បច្ចេកទេសផ្នែក​កសិក​ម្ម និង ផ្នែក​យោធា​ខ្លះៗ​ពី​អាមេរិកាំង ហើយ​ព្រះអង្គ​ក៏​នៅមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​ប៉េកាំង គឺ​ចិន​កុ​ម្មុយ​និ​ស្ត​ផងដែរ ។​

​ ​មិនមាន​កំហុស​អ្វី​ទេ​ទៅនឹង អព្យាក្រឹតភាព ព្រោះថា ប្រទេស​អព្យាក្រឹត​មួយ​ក៏ត្រូវ​ការទំនាក់ទំនង​ជាមួយ​ប្រទេស​នានា​ក្នុង​លោក​ ដែរ ប៉ុន្តែ​គ្រាន់តែ​មិនត្រូវ​ជួយ​ជ្រោមជ្រែង ឬ បម្រើ​មនោគមវិជ្ជា​ឬ​ផលប្រយោជន៍​របស់​ប្លុក​ណាមួយ​ប៉ុណ្ណោះ ។ 

​ ​ព្រះអង្គ​ធ្លាប់បាន​ឆ្លើយ​នឹង​ពួក​អ្នកសារព័ត៌មាន​លោកខាងលិច​ថា “ អព្យាក្រឹត​” របស់​ព្រះអង្គ​មិនមែន​មានន័យថា មិនឱ្យ​ក្រុម​មួយ​ដណ្តើម​អំណាច​ពី​ក្រុម​មួយទៀត​ក្នុងប្រទេស​របស់​ពួកគេ​ឡើយ ​” ។​
​មិនយូរប៉ុន្មាន ពួក​អ្នកសារព័ត៌មាន​លោកខាងលិច​មួយចំនួន​បានចាប់ផ្តើម​ធ្វើ​សេចក្តីរាយការណ៍​ ថា ទំនាក់ទំនង​របស់​ព្រះអង្គ និង ការទទួល​ជំនួយ​ពី​ចិន នឹង​នាំឱ្យ​ព្រះអង្គ​ចូល​ដៃ​ជាមួយ​កុ​ម្មុយ​និ​ស្ត​នៅ​ថ្ងៃ​ណាមួយ ។

​ព្រះអង្គ​តែងតែ​បកស្រាយ​ថា ទំនាក់ទំនង​របស់​ព្រះអង្គ​ជាមួយ​ចិន មិន​ខុសពី​ជាមួយ​អាមេរិកាំង​ឡើយ គឺ​ព្រះអង្គ​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​៥​ខ ឬ បញ្ច​
​សីលា ដើម្បី​រួមរស់​ដោយ​សុខសន្តិភាព​ជាមួយគ្នា​ក្នុង​លោក ។​

​ ​ទោះយ៉ាងណា ពួក​អ្នកប្រវត្តិសាស្ត្រ​បានកត់សំគាល់​ឃើញថា ព្រះអង្គ​មិនសូវ​សព្វព្រះទ័យ​នឹង​ទង្វើ​របស់​អាមេរិកាំង និង ពួក​អ្ន​សារព័ត៌មាន​លោកខាងលិច​ឡើយ ដែល​ពួកនេះ​ហាក់​មិនសូវ​ផ្តល់​តម្លៃ ឬ កិត្តិយស​ដល់​ព្រះអង្គ ហើយ​ពួកគេ​ហាក់​បញ្ចេញ​សញ្ញា​ថា ព្រះ​អង្គជា​សភាវ​ទើស​ទាស់​របស់​ពួកគេ​ទៀតផង ។​
​ចិន តែងតែ​ផ្តល់​កិត្តិយស និង ការស្វាគមន៍​ចំពោះ​ព្រះអង្គ​ប្រកបដោយ​ភាព​គគ្រឹកគគ្រេង​ក្រៃលែង ។
​ពួក​អ្នកប្រវត្តិសាស្ត្រ​ទាំងឡាយ​បាន​កត់សម្គាល់ថា នេះ​ក៏​ជា​ចំណែក​មួយ​ដែលនាំឱ្យ​សម្តេច​ប្រមុខរដ្ឋ​ខ្មែរ​មិនសូវ​សព្វព្រះទ័យ ​នឹង​ពួក​អាមេរិកាំង ហើយ​ព្រះអង្គ​តែងតែ​សព្វព្រះទ័យ​យ៉ាង​ងប់​ង​ល់​ជាមួយ​ចិន​កុ​ម្មុយ​និ​ស្ត ។

​ក្រោយមក ព្រះអង្គ​យល់ថា ជំនួយ​របស់​អាមេរិកាំង​ចំពោះ​កម្ពុជា​នឹង​នាំឱ្យ​កម្ពុជា​បែកបាក់​គ្នា និង ជំពាក់​បំណុល​បរទេស ។ ព្រះអង្គ​តែង​ហៅ​ជំនួយ​ទាំងនោះ​ថា “​ជំនួយ​មាន​ចំណង​” ។ ផ្ទុយ​ពី​ចិន​ដែល​តែងតែ​ផ្តល់ជំនួយ​មក​កម្ពុជា​ដោយ​ឥត​ចំណង និង​គាំទ្រ​នូវ​អព្យាក្រឹតភាព​នៃ​កម្ពុជា​យ៉ាង​ឥត​សំចៃ​ទោះជា​ពេលខ្លះ​ ត្រូវបាន​គេ​មើលឃើញថា​គ្រាន់តែ​ជាការ​ច្រៀង​របស់​ចិន​ក៏ដោយ ។
​ ​សៀវភៅ “ វិបត្តិ​កម្ពុជា និង ទំនាក់ទំនង​ជាមួយ​បរទេស​” បានផ្តល់​ទស្សនទាន​ថា ព្រះអង្គ​មិនមាន​ទំនុកចិត្ត​លើ​ពួក​អាមេរិកាំង​ឡើយ ដែល​ពួកនេះ​ចូលចិត្ត​ធ្វើ​រដ្ឋប្រហារ​ទម្លាប់​ប្រមុខរដ្ឋ​ណាមួយ​ដែល​ គ្រាន់តែ​ពួកគេ​មិនសូវ​ចូលចិត្ត ដូចជា​ករណី ស៊ូ​កា​ណូ នៃ ប្រទេស​ឥណ្ឌូនេស៊ី និង ង៉ូ ឌិន យៀម នៃ វៀតណាម​ខាងត្បូង​ជាដើម ហើយ​លើក​បន្តុប​បុគ្គល​ណា​ម្នាក់​ផ្សេងទៀត​ដែល​ពួកគេ​ងាយ​ញាក់​ជាង ដែល បើ​ប្រៀបធៀប​មក​កម្ពុជា​វិញ គឺ​ដូចជា​ព្រះអង្គ និង ពួក​ស្តាំ​ង​និយម ដែល​ពួកនេះ​កំពុង​ញ៉ាម និង ជក់ចិត្ត​ចំពោះ​អាមេរិកាំង​ស្រាប់ ។
​ ​កងទ័ព​វៀតណាម​ខាងត្បូង និង កងទ័ព​អាមេរិកាំង បានធ្វើការ​វាយលុក​ជា​ញឹកញាប់​ដោយ​ទ័ព​ថ្មើ​ជើង និង ជើង​អាកាស​មកលើ​ភូមិ​ខ្មែរ​ភាគ​ខាងកើត​ដូចជា​នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​ជាដើម ហើយ​បានសម្លាប់​ជីវិត និង ធ្វើទុក្ខបុកម្នេញ​ប្រជារាស្ត្រ​ខ្មែរ ។ សម្តេច​សីហនុ បាន​ថ្កោលទោស​កងទ័ព​វៀតណាម​ខាងត្បូង និង ទ័ព​អាមេរិកាំង​ចំពោះ​ការបង្ក​ការឈឺចាប់ និង វិនាសកម្ម​មកលើ​ប្រជារាស្ត្រ​ខ្មែរ​ទាំងនោះ ។ វៀតណាម​ខាងត្បូង​បាន​ឆ្លើយ​បក​វិញ​ថា វា​ជា​លទ្ធផល​នៃ​ការតាមប្រមាញ់​របស់​ពួកគេ​ទៅលើ​កងទ័ព​វៀតណាម​ខាងជើង និង វៀត​កុង ព្រោះ​នៅពេល​ពួកគេ​ដេញតាម​កងទ័ព​វៀតណាម​ខាង​កុ​ម្មុយ​និ​ស្ត​ដែល​វាយឆ្មក់​ ពួកគេ​នោះ កងទ័ព ទាំងនោះ តែងតែ​បាត់​ខ្លួន​នៅក្នុង​ទឹកដី​ខ្មែរ ។

​អំឡុង​ពេលនោះ ព្រះអង្គ​មិនដែល​បន្ទោស​ថា មកពី​វៀតណាម​ខាងជើង និង វៀត​កុង ប្រើប្រាស់​ទឹកដី​ខ្មែរ ទើប​ខ្មែរ​ត្រូវ​រង​គ្រាប់បែក គ្រាប់ផ្លោង​អាមេរិកាំង និង វៀត​ខាងត្បូង​ឡើយ ( ក្រោយមក​ព្រះអង្គ​ទទួលស្គាល់​) ។ ទីបំផុត ទំនាក់ទំនង​ការទូត​របស់​ខ្មែរ​ជាមួយ​អាមេរិកាំង ត្រូវបាន​កាត់ផ្តាច់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​១៩៦៥ ។​

​ ​មុននឹង​ឈានដល់​ដំណាក់កាល​នេះ សម្តេច សីហនុ បាន​មាន​ទំនាក់ទំនង​ជាមួយ​ចិន និង វៀតណាម​ខាងជើង ស្និទ្ធ​ឡើងៗ រហូតដល់​មានការ​ចុះហត្ថលេខា​ពាណិជ្ជកម្ម ជាមួយ​វៀតណាម​ខាងជើង​ដែល​ព្រះអង្គ​បាន​ឡាយព្រះហស្ថលេខា​នៅ​ថ្ងៃទី​១៨ វិច្ឆិកា ១៩៥៨ ។ អ្នកខ្លះ​យល់ថា កិច្ចសន្យា​នេះឯង​ហើយ ដែល​បាន​អនុញ្ញាតឱ្យ​វៀតណាម​ខាងជើង​ឆ្លងកាត់​, លាក់ខ្លួន និង បោះទីតាំង​លើទឹក​ដី​ខ្មែរ ។ ព្រះអង្គ​បានអនុញ្ញាត​ឱ្យ​រណ​សិ​រ្យ​រំដោះ​វៀតណាម នៅលើ​ទឹកដី​ខ្មែរ​ក្នុងឋានៈ​ជា​អគ្គរដ្ឋទូត ហើយក៏​ត្រូវបាន​គេ​ដឹងថា ព្រះអង្គ​បាន​ជួយ​វៀតណាម​ខាងជើង​ដូចជា​ការផ្តល់​ស្បៀង និង ផ្តល់​សិទ្ធិ​ឱ្យ​ពួក​វៀត​កុង​ដឹកជញ្ជូន​គ្រឿង​យុ​ទ្ធូ​បក​រណ៍​ឆ្លងកាត់​ ទឹកដី​ខ្មែរ​មាន​ផែ​ព្រះសីហនុ​ជាដើម ដើម្បី​ផ្គត់ផ្គង់​វៀតណាម​ខាងជើង ។
​ ​ទោះជា​ត្រូវបាន​គេ​ដឹង​ជាទូទៅ​ថា មាន​វត្តមាន​កងទ័ព​វៀតណាម​ខាងជើង និង វៀត​កុង​ប្រមាណ​ជា​៦០.០០០​នាក់​ឆ្លងកាត់​ទឹកដី​ខ្មែរ​ចូលទៅ​សមរភូមិ និង ត្រឡប់​មកពី​សមរភូមិ ហើយ​បោះទីតាំង ហ្វឹកហាត់ មាន​បង្កើត​ផ្ទះ​ពេទ្យ ឃ្លាំង​ស្តុក​សម្ភា​រៈសិក និង ស្បៀង​ជាដើម ហើយ​មានពេលខ្លះ​មានការ​ប៉ះ​ប្រយុទ្ធ​ជាមួយ​កងទ័ព​ខ្មែរ​ក្តី ក៏​ជា​បន្តបន្ទាប់​ព្រះអង្គ​តែងតែ​បដិសេធថា​ព្រះអង្គ​មិនបាន​អនុញ្ញាត ឱ្យ​ ពួកនេះ​ប្រើ​ទឹកដី​ខ្មែរ​ធ្វើបែបនេះ​ដែរ ហើយ​ថាបើ​មាន​បែប​នោះ​មែន​គឺ​ពួកគេ​ចូល​ទឹកដី​ខ្មែរ​ដោយ​គ្មាន​ការអនុញ្ញាត ។​

​ ​រដ្ឋបាល​វ៉ាស៊ីនតោន យល់ថា បើ​ពុំមាន​ការផ្គត់ផ្គង់​ពី​សំណាក់​សូ​វៀត និង ចិន ទេ វៀតណាម​កុ​ម្មុយ​និ​ស្ត​មិនអាច​ស៊ូ​បាន​១​ឆ្នាំ​ឡើយ ។ ការ​ទំនុកបម្រុង​របស់​សូ​វៀត និង ចិន ចំពោះ​កងទ័ព​វៀតណាម​ខាងជើង និង វៀត​កុង មានការ​ពិបាក​ខ្លាំង​ឡើងៗ​ក្នុងការ​ដឹកជញ្ជូន​ស​ម្ភា​រៈ​ដែល​ត្រូវ​ឆ្លងកាត់ ​ប្រទេស​ឡាវ តាមផ្លូវ​លំហូ ជី​មិញ ដោយសារ​ផ្លូវលំ​នេះ​រង​ការវាយប្រហារ​ពី​កងទ័ពអាកាស​អាមេរិកាំង ហេតុនេះ​ទើប​ជម្រើស​ដែល​ល្អ​បំផុត​មានតែ​១​គត់​គឺ​ដឹកជញ្ជូន​កាត់​ប្រទេស​ កម្ពុជា ត្បិត​កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​ថា ជា​ប្រទេស​អព្យាក្រឹត ហេតុនេះ​អាមេរិកាំង និង វៀតណាម​ខាងត្បូង​មិន​ហ៊ាន​លុកលុយ​ចូល​វាយប្រហារ​ផ្តាច់ដង្ហើម​ពួកគេ​ឡើយ ។​

​ ​សៀវភៅ “ វិបត្តិ​កម្ពុជា និង ទំនាក់ទំនង​ជាមួយ​បរទេស “ បាន​អះអាងថា “ នៅ​ចន្លោះ​ខែវិច្ឆិកា ១៩៦៦ និង មករា ១៩៦៩ នាវា​៣៦​គ្រឿង​ដែល​ត្រូវ​ជាប់​សង្ស័យថា​ដឹក​គ្រឿង​សព្វាវុធ​បាន​រើបន្ទុក​នៅ ​ផែ​កំពង់សោម ។ មាន​១៤​ករណី​ដែល​បាន​ចងក្រង​ជា​ឯកសារ​ច្បាស់លាស់​អំពី​នាវា​សូ​វៀត​៣​គ្រឿង និង នាវា​ចិន​១១​គ្រឿង​ដែល​បាន​រើបន្ទុក​មាន​អាវុធ​ទំងន់​១៤.៣៦៧ តោន ។ វ៉ាស៊ីនតោន ប៉ាន់​ស្មានថា កងទ័ព​កម្ពុជា​ត្រូវការ​តែ​៤០០​តោន​ប៉ុណ្ណោះ ក្នុង​១​ឆ្នាំ ។ រថយន្ត​ដឹកជញ្ជូន​សម្ភារៈ​ពី​ផែ​កំពង់សោម ទៅកាន់​ឃ្លាំង​នៅ​ជិត​ភ្នំពេញ ឬ កំពង់ស្ពឺ ហើយ​បន្ត​ទៅដល់​មូលដ្ឋាន​សំខាន់​១១ តាម​តំបន់​ជាប់​ព្រំដែន​យួន​ខាងត្បូង ។ ក្រុមហ៊ុន​២​គឺ​ក្រុមហ៊ុន ហាក់​លី និង ម​ជ្ឈឹ​ម​បូព៌ា ជា​អ្នក​ដឹកជញ្ជូន ។ ​វរសេនីយ៍ឯក អ៊ុំ សាវុធ និង គ្រួសារ​ស្តេច​ដ៏​ខ្ពង់ខ្ពស់ ព្រមទាំង​សមាជិក​ជាច្រើន​ក្នុង​តំណែង​យោធា​សំខាន់ៗ បាន​ជាប់ទាក់ទង​ក្នុង​សកម្មភាព​នេះ ។ ការផ្តល់​ហិរញ្ញវត្ថុ ជា​ភារកិច្ច​របស់​ស្ថានទូត​ចិន​នៅ​ភ្នំពេញ ដែល​បង្វិល​ជា​ដុល្លារ​ហុងកុង ទៅ​ស្ថានទូត​យួន​ខាងជើង “​។

​ក្រៅពី​អាវុធ​ទាំងនេះ​ទៅ​ក៏​នៅមាន​បរិក្ខា​ពេទ្យ​ផងដែរ​សម្រាប់​ ឧបត្ថម្ភ​វៀតណាម​កុ​ម្មុយ​និ​ស្ត ហើយ​ពួកគេ​បាន​នាំ​ប្រាក់ចំណេញ​ពី​ការធ្វើសកម្មភាព​ទាំងនេះ​ថ្វាយ​អ្នក​ ម្នាង ម៉ូ​និក ។ កិច្ចការ​ទាំង​នេះឯង​ហើយ​ដែល​ក្រោយមក​ត្រូវបាន​ចោទប្រកាន់ថា​ជាការ​រត់ពន្ធ និង ឃប់ឃិត​ជាមួយ​វៀតណាម​កុ​ម្មុយ​និ​ស្ត ។​

​ ​ព្រះអង្គ​បាន​ជួយ​វៀតណាម​កុ​ម្មុយ​និ​ស្ត ប៉ុន្តែ​ពួកនេះ​បែរជា​គាំទ្រ និង ជួយ​ពួក​កុ​ម្មុយ​និ​ស្ត​ខ្មែរ គឺ​ពួក​ឧទ្ទាម​ខ្មែរក្រហម ដែលជា​សត្រូវ​របស់​ព្រះអង្គ ដូចជា​បង្ហាត់​យុទ្ធសាស្ត្រ​សង្គ្រាមឈ្លប​ជាដើម ឱ្យ​ពួកគេ​លប​វាយឆ្មក់​ព្រះអង្គ​ទៅវិញ ។ ប៉ុន្តែ​ពួកគេ ( វៀតណាម​កុ​ម្មុយ​និ​ស្ត ) តែងតែ​និយាយ​ពាក្យ​ល្អៗ​ឱ្យ​ព្រះអង្គ​សព្វព្រះទ័យ ។

​ព្រះអង្គ​ក៏​នៅបាន​ជួយ​ជ្រោមជ្រែង​វៀតណាម​ទាំងពីរ​ឱ្យ​រួបរួមគ្នា​ឡើងវិញ ប៉ុន្តែ​ព្រះអង្គ​ក៏ដូចជា​ប្រជារាស្ត្រ​ខ្មែរ​ដទៃទៀត​ដែរ​គឺ​ស្អប់​យួន មិន​ថា​យួន​ណា​ជា​យួន​ណា​ឡើយ ដែល​ពួកនេះ​ជាស​ត្រូវ​របស់​ខ្មែរ​តាំងពី​ដូនតា​រហូតមក ហើយ​តែងតែ​ចិញ្ចឹមចិត្ត​ចង់​លេប​ត្របាក់​ទឹកដី​ខ្មែរ​មិនដែល​បោះបង់​ម្តងណា​ សោះឡើយ ។​

​ព្រះអង្គ​ក៏បាន​ដឹងផង​ដែរ​ថា នៅពេល​យួន​មាន​សន្តិភាព​នោះ ពួកគេ​នឹង​ក្លាយ​ជាការ​គម្រាមកំហែង​ដល់​បូរណភាព​ទឹកដី​ខ្មែរ​ដដែល​ជា​ដដែល ។ ព្រះអង្គ​មានជំនឿថា ទៅ​ថ្ងៃ​អនាគត​អាមេរិកាំង នឹង ចាញ់​សង្គ្រាម​នេះ ហើយ​វៀតណាម​កុ​ម្មុយ​និ​ស្ត នឹង ជា​អ្នកគ្រប់គ្រង​ប្រទេស​វៀតណាម ។ ហេតុនេះ​អ្វីដែល​ព្រះអង្គ​ធ្វើ​នៅពេលនោះ គឺ​ធ្វើយ៉ាងណា​បង្ក​មិត្តភាព​ជាមួយ​អ្នក​ដែល​នឹង​ឈ្នះ​នៅ​យួន និង ដើម្បី​មាន​ទំនុកចិត្ត​លើ​គ្នា​នឹង​គ្នា ។

​បើ​និយាយ​ដល់​អនាគត​បូរណភាព​ទឹកដី​ខ្មែរ​នោះ យើង​មើលឃើញថា បើ​កុ​ម្មុយ​និ​ស្ត​ឈ្នះ​សង្គ្រាម ទឹកដី​ខ្មែរ​នឹងរង​ការ​គម្រាមកំហែង​ពី​យួន​កុ​ម្មុយ​និ​ស្ត បើ​អា​មេ​រកាំ​ង​ឈ្នះ​សង្គ្រាម​នេះ ទឹកដី​ខ្មែរ​នឹងរង​ការ​គម្រាមកំហែង​ពី​យួន​ខាងត្បូង និង សៀម ពោលគឺ​ទឹកដី​ខ្មែរ​នៅតែ​ជា​ប្រធានបទ​នៃ​ការ​លេប​ត្របាក់​នៃ​សត្រូវ​សួរ​ពូជ​ ទាំងនេះ​ដដែល​ជា​ដដែល ។ ដូច្នេះ កត្តា​ដែល​ប្រសើរ​បំផុត​នោះ គឺ​មានតែ​ឯកភាព​ជាតិ​ប៉ុណ្ណោះ ទើប​មានសង្ឃឹម​ច្រើនជាង ។ ប៉ុន្តែ​គេ​មិនសូវ​ឃើញ​ទង្វើ​របស់​អ្នកដឹកនាំ​ខ្មែរ ធ្វើការ​ដើម្បី​​ឯកភាព​ជាតិ​ឡើយ គឺ​មានតែ​ដើម្បី​ប្រយោជន៍​បក្សពួក​ច្រើនជាង ។​

​ ​បន្ទាប់ពី​សមាជជាតិ​លើក​ទី​២៨ នា​ថ្ងៃទី​២៧​ខែធ្នូ ឆ្នាំ​១៩៦៩ ខុទ្ទកាល័យ​ព្រះប្រមុខរដ្ឋ​បានប្រកាស​ឱ្យដឹង​ជា​សាធារណៈ​ថា​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​១៩៧០ សម្តេចព្រះ​ប្រមុខរដ្ឋ​នឹង​យាង​ដំណើរ​ទៅ​ប្រទេស​បារាំង​ដើម្បី​ព្យាបាល​រោគ ។​

​ ​ថ្ងៃទី​៦​ខែមករា ឆ្នាំ​១៩៧០ សម្តេច​យាង​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ប៉ុន្តែ​ក្បូន​ដង្ហែរ​មិនបាន​ទៅ​វិមាន​រដ្ឋ​ចំការមន​ដែលជា​និវេសនដ្ឋាន​របស់ ​ព្រះប្រមុខរដ្ឋ​ឡើយ គឺ​ឆ្ពោះទៅ​ព្រះបរមរាជវាំង បន្ទាប់មក ក្បួន​ដង្ហែរ​បាន​បើក​ឆ្ពោះទៅ​អាកាសយានដ្ឋាន​ពោធិចិនតុង​តែម្តង ។​
​ ​ថ្ងៃទី​៨​ខែមីនា ឆ្នាំ​១៩៧០ ប្រជាជន​នៅ​ទី​រួម​ខេត្ត និង នៅតាម​ភូមិ​នានា​ក្នុងស្រុក​ចន្ទ្រា , កំពង់​រោទ៍ , រំដួល និង រមាសហែក នៃ​ខេត្តស្វាយរៀង បានធ្វើ​បាតុកម្ម​ស្របពេល​គ្នា​ប្រឆាំងនឹង​វត្តមាន​របស់​កងទ័ព​វៀតណាម​ ខាងជើង និង វៀត​កុង នៅលើ​ទឹកដី​ខ្មែរ ។

​ ​គេហទំព័រ Wikipedia បាន​អះអាងថា “ ព្រះអង្គម្ចាស់ សិរិមតៈ ធ្លាប់បាន​ទៅ​ប្រទេស​វៀតណាម​ជាសំងាត់​ដើម្បី​ពិនិត្យ​មើលថា​ត្រូវធ្វើ​ យ៉ាងណា​ដើម្បី​ដក​កងទ័ព​វៀតណាម​ចេញពី​ទឹកដី​កម្ពុជា ។ ព្រះអង្គ​ក្រេវក្រោធ​យ៉ាងខ្លាំង នៅពេល​គេ​បង្ហាញ​ឯកសារ​ពាណិជ្ជកម្ម​ដែល​ឡាយព្រះហស្ថលេខា​ដោយ​សម្តេច សីហនុ ជា​លេស​ឱ្យ​វៀតណាម​កុ​ម្មុយ​និ​ស្ត​ដាក់​មូលដ្ឋានទ័ព​នៅលើ​ទឹក​ដី​កម្ពុជា និង ការដឹកជញ្ជូន​សម្ភារៈ​សឹក​របស់​វៀតណាម​តាម​កំពង់ផែ​កម្ពុជា “ ។​

​ ​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​១៩៧០ បាតុកម្ម​ដ៏​ធំ​មួយ​ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​
​ភ្នំពេញ ដើម្បី​ប្រឆាំងនឹង​វត្តមាន​កងទ័ព​វៀតណាម​ខាងជើង​និង​វៀត​កុង​នៅលើ​ទឹកដី​ ខ្មែរ ដូចដែល​គេ​បានធ្វើ​នៅ​ស្វាយរៀង​ដែរ ។ បាតុកម្ម​ដោយមាន​សិស្ស​និស្សិត​និង​សមាជិក​គ្រឹះស្ថាន​នានា​រាប់ពាន់នាក់​ បាន​ហែ​ឆ្ពោះទៅ​រដ្ឋសភា ។ បដា​ជាច្រើន​ជា​ភាសា​ខ្មែរ​, បារាំង និង អង់គ្លេស ដែលជា​អាទិ៍​និយាយថា “ បរាជ័យ​វៀត​កុង​-​វៀតណាម​ខាងជើង “ “ វៀត​កុង​ត្រឡប់​ទៅ​ប្រទេស​ឯង​វិញ​ទៅ “ កម្ពុជា​ពុំមែន​ជា​ទឹកដី​របស់​វៀត​មិញ​ទេ “ ជាដើម ។​

​ ​ថ្ងៃនោះ​រដ្ឋសភា​កំពុង​ពិភាក្សា​តទល់​គ្នា​ស្តីពី​ករណី​ពុករលួយ​របស់​ វរសេនីយ៍​ឯក អ៊ុំ ម៉ា​ណូ​រិន្ទ (​បងថ្លៃ​ព្រះប្រមុខរដ្ឋ​) រដ្ឋលេខាធិការ​ក្រសួង​ការពារ​លើ​ផ្ទៃ​ប្រទេស , វរសេនីយ៍ឯក សូ ស្តែ​ន​ហ្វែ​រណង់​ដេ​ស (​ខ្មែរ​ដើមកំណើត​អេ​ស្ប៉ា​ញ​) រដ្ឋលេខាធិការ​ក្រសួង​សន្តិសុខ​ជាតិ និង លោក កែវ សាន អនុប្រធាន​សភាជាតិ ដែល​សុទ្ធតែជា​មនុស្ស​ស្និទ្ធ​នឹង​ព្រះអង្គ និង អ្នក​ម្នាង​ម៉ូ​និក​របស់​ព្រះអង្គ ។
​បន្ទាប់ពី​ទទួល​បានការ​បដិសណ្ឋារកិច្ច​នៅ​រដ្ឋសភា​រួចមក ក្បួន​បាតុកម្ម​បាន​ដង្ហែ​ឆ្ពោះទៅ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ វៀតណាម និង ស្ថានទូត​របស់​រដ្ឋាភិបាល​បដិវត្តន៍​បណ្តោះអាសន្ន​នៃ​វៀតណាម​ខាងត្បូង ។ កំហឹង​ក្រេវក្រោធ​របស់​បាតុករ​មិនអាច​ទប់ទល់​បាន ទើប​ស្ថានទូត​ទាំង​២​ត្រូវបាន​បំផ្លាញ​យ៉ាងដំណំ ។​

​ ​ទ្រី​ស្តង់ សា​រ៉ុង អ្នកសារព័ត៌មាន ឡឺ​ម៉ុង​ដ៍ បាន​អះអាងថា ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំ​ដោយ សូ​ស្តែ​ន ហ្វែ​ណង់​ដេ​ស តាំងពី​ដើមឆ្នាំ​១៩៦៩​មកម្ល៉េះ ។​

​សៀវភៅ “ ប្រវត្តិ​សង្ខេបនៃ​ប្រទេស​កម្ពុជា “ អះអាងថា សម្តេច​បាន​ជួប​លន់ នល់ ដែល​ស្មោះត្រង់​នឹង​ព្រះអង្គ នៅ​ទីក្រុង រ៉ូម ឱ្យ​លន់ នល់ ជួយ​ចាត់ចែង​បាតុកម្ម ដើម្បី​ជួយ​គាំទ្រ​ដល់​ព្រះអង្គ នៅពេល​ព្រះអង្គ​យាង​ទៅ​ប៉េកាំង និង មូ​ស្គូ ស្វែងរក​ឱ្យ​មេ​កុ​ម្មុយ​និ​ស្ត​ទាំងពីរ​ដែលជា​មេ​របស់​កុ​ម្មុយ​និ​ស្ត​យួន ដាក់​គំនាប​លើ​យួន​ឱ្យ​ដកទ័ព​ចេញពី​ទឹកដី​ខ្មែរ ។​
​ ​សម្តេចព្រះ​ប្រមុខរដ្ឋ បាន​យាង​ទៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃទី​៦ ខែមករា​ឆ្នាំ​១៩៧០ ដើម្បី​ព្យាបាល​ព្រះរោគ ។​

​ពី​ទីក្រុង​ប៉ារីស ព្រះប្រមុខរដ្ឋ បាន​ថ្កោលទោស​បាតុកម្ម​ទាំងនេះ ថា​ស្និទ្ធ​នឹង​អាមេរិកាំង ។ ពេល​ព្រះអង្គ​យាង​មក​កម្ពុជា​វិញ ព្រះអង្គ​នឹង​ផ្តន្ទាទោស​ដល់​រដ្ឋាភិបាល​ដែល​ចាត់ចែង​ឱ្យមាន​បាតុកម្ម​នេះ ។ 
​ ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ បាន​បញ្ជូន​លោក យ៉ែម សំបូរ ឧបនាយករដ្ឋមន្ត្រី​ទី​២​តំណាង​រដ្ឋាភិបាល ។ ព្រះមហា​ក្សត្រិយានី​កុស​មៈ បញ្ជូន​ព្រះអង្គម្ចាស់​នរោត្តម កន្តុល ទៅកាន់​ទីក្រុង​មូ​ស្គូ​ជាបន្ទាន់ ជាទី​ដែល​ព្រះអង្គ​ត្រូវ​យាង​ទៅធ្វើ​ទស្សនកិច្ច ដើម្បី​រាយការណ៍​ថ្វាយ​សម្តេច​អំពី​ហេតុការណ៍ និង សេចក្តីសម្រេចចិត្ត​នានា​នៅក្នុង​ប្រទេស ។ ប៉ុន្តែ​ព្រះអង្គ​បាន​បដិសេធថា ព្រះអង្គ​នឹងមិន​ទទួល​នូវ​ការចូលគាល់​របស់​ឥស្សរជន​ទាំង​២​រូបនេះ​ឡើយ ។

​ ​ដោយមាន​ការគាំទ្រ​ពី​វេរ​សេនីយ៍​ទោ សាក់ ស៊ុត​សា​ខន នាយ អគ្គសេនាធិការរង​នៃ​កងទ័ព​ជាតិ , ថ្ងៃទី​១២ ខែមីនា ឆ្នាំ​១៩៧០ លន់ នល់ និង សេរី​មតៈ បាន​លុប​កិច្ចសន្យា​ពាណិជ្ជកម្ម​ដែល សម្តេច​សីហនុ បានធ្វើ​ជាមួយ​វៀតណាម​កាលពី​ថ្ងែ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៨ និង បិទ​កំពង់ផែ កំពង់សោម ជាទី​ដែល​អាវុធ​យុទ្ធ​ភ័​ណ្ឌ ត្រូវបាន​ដឹកជញ្ជូន​ទៅ​ផ្គត់ផ្គង់​កងទ័ព​វៀតណាម​ខាងជើង ។​

​ ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧០ រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ ដឹកនាំ​ដោយ​លន់ នល់ ផ្ញើលិខិត​ទៅឱ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ និង រណសិរ្ស​រំដោះជាតិ​វៀតណាម​ខាងត្បូង​ដោយ​ដាក់​ឱ​សា​នុ​វាទ ឱ្យ​ដក​កងទ័ព​របស់ខ្លួន​ចេញពី​ទឹកដី​ខ្មែរ​ឱ្យអស់​ក្នុង​រយៈពេល​៤៨​ម៉ោង ពោលគឺ​មិនឱ្យ​យឺត​ជាង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​១៩៧០ ពុំ​នោះទេ​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​វិធានការ​យោធា ។ 

​ ​អ្នករស់នៅ​នា​ជំនាន់​នោះ ហើយ​ដែលមាន​ជីវិត​មកដល់​បច្ចុប្បន្ន បាន​និយាយថា រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ បានដាក់​ឱ​សា​នុ​វាទ​នេះ មិនមែន​តែ​ចំពោះ​កងទ័ព​ទេ ប៉ុន្តែ​ដោយ​រួមទាំង​អនិកជន​វៀតណាម​ទាំងអស់​ដែល​កំពុង​រស់នៅ​លើទឹក​ដី​ខ្មែរ ​ផងដែរ ។​

​ពេលវេលា​ឱ​សា​នុ​វាទបាន​ចូលមក​ដល់ និង កន្លងផុត​ទៅដោយ​ពុំមាន​ការឆ្លើយតប​ពី​យួន​កុ​ម្មុយ​និ​ស្ត ហើយ​អនិកជន​យួន​នៅលើ​ទឹកដី​ខ្មែរ​ក៏​មិន​អើពើ​ចំពោះ​ឱ​សា​នុ​វាទ​របស់​ រដ្ឋាភិបាល​ដែរ ។
​សិរិមតៈ បា​អះអាងថា លន់ នល់ ធ្លាប់បាន​ជួប​ប្រធាន​រណសិរ្ស​វៀត​កុង និង នាយក​មន្ត្រី​វៀតណាម​ខាងជើង​នៅ​ប៉េកាំង ជម្រុញ​ឱ្យ​ពួកគេ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា ប៉ុន្តែ​គាត់​ទទួលបាន​លទ្ធផល​ខក​ចិត្ត​យ៉ាងខ្លាំង ។​

​ ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧០ នាទី​ក្រុងប៉ារីស ព្រះប្រមុខរដ្ឋ​មានបន្ទូលថា​ព្រះអង្គ​​នឹង​យាង​ត្រឡប់មក​កម្ពុជា​ក្នុងពេល​ ឆាប់ៗ​ដើម្បី​រៀបចំ​អព្យាក្រឹតភាព​កម្ពុជា​ឡើងវិញ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​យាង​ចាក​ចេញពី​បារាំង​ទៅ​ឈប់​សំចត​នៅ​មូ​ស្គូ និង ប៉េកាំង ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​រដ្ឋាភិបាល​ទាំងពីរ​នេះ​ដាក់​សម្ពាធ​លើ​យួន​ខាងជើង និង វៀត​កុង​ឱ្យ​ដក​ចេញពី​ទឹកដី​ខ្មែរ ។
​ ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​១៩៧០ បាតុកម្ម​ដ៏​ធំ​មួយទៀត​ត្រូវបាន​ធ្វើឡើង​នៅមុខ​រដ្ឋសភា ទាមទារ​ឱ្យ​អង្គកា​កំពូល​នេះ​វែកមុខ និង ផ្តន្ទាទោស​ឥស្សរជន​ស៊ី​វី​ល និង យោធា​ដែល​សមគំនិត​ជាមួយ​ពួក​វៀតណាម​កុម្មុយនីស្ត ។​

​ក្នុងឱកាស​នោះ​ពួក​អ្នកតំណាង​វណ្ណៈ​សង្គម​គ្រប់​ជាន់ថ្នាក់​បាន​ឡើង​អាន​ ញត្តិ និង ការតវ៉ា សារទុក្ខ​មិន​សុខចិត្ត នៅក្នុង​សភា​ជាការ​ស្តីបន្ទោស​ធ្ងន់ៗ ។ ខិតប័ណ្ណ​ជាច្រើន​បាន​បរិហារ​និង​ថ្កោលទោស​អ្នក​ម្នាង​ម៉ូ​និក , គ្រួសារ​អ្នក​ម្នាង និង មនុស្ស​នៅ​ជុំវិញ​សម្តេច ។

​នៅក្នុង​ការប្រជុំពេញអង្គ​បន្ទាន់​មួយ​រវាង​ពួក​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ ដើម្បី​ពិនិត្យមើល​ស្ថានការណ៍​នោះ ពួក​តំណាងរាស្ត្រ​ខ្លះ​ដោយមាន​លោក ទ្រិ​ញ វ៉ា​ញ ជា​ប្រមុខ​ដែលជា​មនុស្ស​របស់​ព្រះអង្គម្ចាស់​សិរិមតៈ បានចាប់ផ្តើម​បរិហារ​សម្តេច និង អ្នក​ម្នាង​របស់​ព្រះអង្គ​ដោយ​មិន​បញ្ចេញ​ព្រះនាម ។ 

​ ​សៀ​ភៅ សាធារណៈរដ្ឋ​ខ្មែរ អះអាងថា ការ​បរិហារ​នោះ លើកឡើង​នូវ​បញ្ហា​៣​ជាសំខាន់​គឺ ពុករលួយ​១, ការរត់ពន្ធ​១ និង ការ​អនុ​ញ្ញា​ត្ត​ឱ្យ​កងទ័ព​វៀតណាម​ខាងជើង និង វៀត​កុង​ឈប់​សំចត​លើ​ទឹកដី​កម្ពុជា គឺជា​ការ​ក្បត់ជាតិ ១ ។ ចំណែក​ពួក​បាតុករ​នៅ​ខាងក្រៅ​រដ្ឋសភា​បាន​បែកខ្ញែក​គ្នា​ទៅ​ស្ទើរ​អស់ ។​

​រហូតដល់​ថ្ងៃត្រង់​ថ្ងៃទី​១៦​មីនា​នោះ​ការជជែក​គ្នា​ក្នុង​បរិបទ​នេះ​មាន​ សភាព​ពុះកញ្ជ្រោល​ច្របូកច្របល់​ខ្លាំង​ឡើងៗ រហូតដល់​ម៉ោង​ប្រមាណ​ជា​១២ និង ៣០ នាទី​ថ្ងៃត្រង់​ហើយ​ការចោទប្រកាន់​បរិហារ​រិះគន់​សម្តេច​សីហនុ​កាន់​តែមាន​ សភាព​ជូរចត់​ឡើង ។ លុះ​ពេល​ព្រលប់ ពួក​អ្នកតំណាងរាស្ត្រ និង សមាជិក​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​បានសម្រេច​ចិត្ត​លើក​សម័យប្រជុំ​ទៅ​ ថ្ងៃស្អែក​។​ព្រឹក​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​១៩៧០ ភាពចលាចល​ហាក់​បាន​កើតឡើង​ម្តងទៀត ។
​ ​ឥឡូវនេះ​ថ្ងៃទី​១៨​មីនា ឆ្នាំ​១៨៧០ បាន​ចូល​មកដល់ ។ នៅវេលា​ម៉ោង​៩​ព្រឹក សភាជាតិ និង ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​បាន​បើក​ការប្រជុំ​ជាមួយគ្នា​សារជាថ្មី​ដោយ​ បិទទ្វារ​ជិត រហូតដល់​ម៉ោង​១៣ និង ៣០ សភា​ទាំង​២ បាន​បោះឆ្នោត​ដកហូត​តំណែង​ជា​ព្រះប្រមុខរដ្ឋ​នៃ​ប្រទេស​កម្ពុជា​ជា​ឯកច្ឆន្ទ ។ រហូតដល់​ម៉ោង​១៨ ល្ងាច​ទើប​ដំណឹង​នេះ​ត្រូវបាន​គេ​ផ្សាយ​ឱ្យដឹង​តាម​វិទ្យុជាតិ ។ ដំណឹង​នេះ​បាន​ឈួ​ល​ឱ្យមាន​កោលាហល កំហឹង​ក្រេវក្រោធ ច្របូកច្របល់ រំជើបរំជួល និង ការនិយាយ​គ្នា​យ៉ាង​រញីវ​នៅក្នុង​ស្រទាប់​ប្រជាជន​គ្រប់រូប ។ នៅក្នុង​ទីក្រុង​មានការ​ធ្វើ​ចលនា​នៃ​កងទ័ព និង រថពាសដែក ដែលនាំឱ្យ​ប្រជាជនមាន​ការភ័យខ្លាច​ខ្លះ​ដែរ ប៉ុន្តែ​ពួកគេ​នៅតែ​ធ្វើ​មិន​អើពើ ។
​ ​សៀវភៅ “ សាធារណៈរដ្ឋ​ខ្មែរ “ ក៏ដូចជា​ឯកសារ​ភាគច្រើន​ផ្សេងទៀត បានផ្តល់​ទស្សនទាន​ថា ចាប់ពី​ពេល​មាន​បាតុកម្ម​នៅ​ស្វាយ​រៀងមក “​ប្រសិនបើ​សម្តេច​សីហនុ យាង​ត្រឡប់មក​មាតុប្រទេស​ជំនួស​ឱ្យ​ការយាង​ទៅ​មូ​ស្គូ និង ប៉េកាំង​នោះ ព្រះអង្គ​នៅតែមាន​ឱកាស​ក្តោប​ក្តាប់​សិទ្ធិអំណាច​របស់​ព្រះអង្គ​ដដែល​” ។​

​ប៉ុន្តែ​ដូច​អ្វីដែល​ព្រះអង្គ​បានប្រកាស​ពី​ក្រុងប៉ារីស​កាលពី​ថ្ងៃទី​១៣ ខែម​នា ១៩៧០​ហើយ​ថា ព្រះអង្គ​នឹង​យាង​មក​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​យាង​ទៅ​មូ​ស្គូ និង ប៉េកាំង ដើម្បី​ស្វែងរក​ការ​ដកទ័ព​វៀតណាម​ចេញពី​ទឹកដី​ខ្មែរ​។ ដូច្នេះ​ពួកគេ​គួរតែ​គ្មាន​បញ្ហា​អ្វី​ឡើយ ដែល​គ្រាន់តែ​រង់ចាំ​លទ្ធផល​របស់​ព្រះអង្គ​យាង​ដំណើរ​ទៅ មូ​ស្គូ និង ប៉េកាំង សឹម​សម្រេច​ចិត្តជា​ក្រោយ​ក៏​មិនយឺត​ដែរ ។ 
​ប៉ុន្តែ​ពួកគេ​បែរជា​សម្រេចចិត្ត​ដកហូត​ព្រះអង្គ​ពី​តំណែង​ក្នុងពេលដែល​ ព្រះអង្គ​កំពុង​បំពេញការងារ​ជូន​ជាតិ និង តាម​ការទាមទារ​រប​ស់​ពួកគេ ។ ប្រការនេះ​ធ្វើឱ្យ​យើង​មានការ​ម​ន្ទឹ​ល​ថា​គឺ​ពួកគេ​មានគំនិត​ដកហូត​ ព្រះអង្គ​ដោយសារ​ហេតុផល​ផ្សេងទៀត​ក្រៅពី​រឿង​កងទ័ព​វៀតណាម នៅលើ​ទឹកដី​ខ្មែរ ។​
​សំអាង​លើ​ចំណងមិត្តភាព​របស់​ព្រះអង្គ​ជាមួយ​ប៉េកាំង និង មូ​ស្គូ កន្លងមក ដើម្បី​សុំឱ្យ​ពួកគេ​បង្ខំ​វៀតណាម​ឱ្យ​ដកទ័ព​នោះ ទំនងជា​មិនអាច​ទៅរួច​ឡើយ ព្រោះ​ថាបើ​ធ្វើ​បែប​នោះ វៀតណាម​ខាងជើង​នឹង​ចាញ់​សង្គ្រាម ។ ធាតុ​ដ៏​សំខាន់​នៃ​សង្គ្រាម​នោះ​គឺ​សង្គ្រាម​សូ​វៀត និង ចិន​ប៉េកាំង ប្រជែង​នឹង​អាមេរិកាំង ហេតុនេះ បើ​យួន​កុ​ម្មុយ​និ​ស្ត​ចាញ់​សង្គ្រាម គឺ​ប៉េកាំង និង មូ​ស្គូ​ក៏​ជា​អ្នកចាញ់​ដែរ ហើយ​ធនធាន​ដ៏​សន្ធឹកសន្ធាប់​ដែល​ពួកគេ​បាន​ឧបត្ថម្ភ​យួន​កុ​ម្មុយ​និ​ស្ត​ កន្លងមក​នឹង​ទៅជា​អសា​បង់ ។ ហេតុនេះ​យើង​មិនឃើញ​មាន​ហេតុផល​ណា​មាន​ទម្ងន់​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ មហាអំណាច​កុ​ម្មុយ​និ​ស្ត​ទាំងពីរ​នេះ​ព្រម​តាម​បំណង​របស់​ព្រះអង្គ​ឡើយ ។
​ ​មតិ​ខ្លះ​យល់ថា​រដ្ឋប្រហារ​ថ្ងៃ​ពុធ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០​នោះ​គឺជា​ការ​រៀបចំឡើង​យ៉ាង​ល្អិតល្អន់​រវាង​សម្តេច​សីហនុ និង ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ក្នុងឱកាស​ដែល​ឥស្សរជន​២​រូបនេះ​ជួបគ្នា​នាទី​ក្រុងប៉ារីស ដើមខែ​កុម្ភៈ ឆ្នាំ​១៩៧០ ។ នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​២៨ ខែមីនា ឆ្នាំ​១៩៦៩ ព្រះអង្គ​បាន​មានបន្ទូលថា “ ខ្ញុំ​ពិភ័ល​ពី​លទ្ធភាព​នៃ​ការដក​ព្រះកាយ​ចេញ បើសិនជា​ខ្ញុំ​ពុំ​អាច​បន្ត​ការប្រយុទ្ធ​តស៊ូ​តែម្នាក់ឯង នៅពេលនោះ​អំណាច​នឹងត្រូវ​ប្រគល់​ទៅឱ្យ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ដែល​បច្ចុប្បន្ន​ជា​នាយក​មន្ត្រី​ស្តីទី​ស្រាប់ “ ។​

​ ​បន្ទូល​នេះ​ជាដើម​ដែល​ធ្វើឱ្យ​មតិ​ខ្លះ​គិតថា រដ្ឋប្រហារ នេះ​គឺ​ព្រះអង្គ​បាន​ព្រមព្រៀងគ្នា​ជាមួយ លន់ នល់ ពោលគឺ​ដោយសារ​ព្រះអង្គ​ទត​ឃើញថា ព្រះអង្គ​ពិបាក​ក្នុងការ​ប្រឈម​ចំពោះ​ស្ថានភាព​ដែល​ក្នុងអំឡុង​ពេលនោះ​ មានការ​ចោទប្រកាន់​ពី​អំពើពុករលួយ បក្សពួកនិយម នៅ​ជុំវិញ​រាជបល្ល័ង្ក និង អ្នក​ម្នាង​ម៉ូ​និក​របស់​ព្រះអង្គ​ផង ។ ព្រះអង្គ​ក៏ត្រូវ តស៊ូ​បណ្តេញ​ពួក​វៀតណាម​កុម្មុយនីស្ត​ឱ្យ​ចេញពី​ទឹកដី​ខ្មែរ​ផង ។ ម្យ៉ាងទៀត​ព្រះអង្គ​ត្រូវ​ប្រឈម​នឹង​ការ​វាយឆ្មក់​ពី​ពួ​ឧទ្ទាម​ខ្មែរក្រហម និង ពី​ពួក​ខ្មែរឥស្សរៈ ។ គេ​យល់ថា ព្រះអង្គ​ស្ថិតក្នុង​ស្ថានភាព​១​លើសពី​លក្ខន្តិកៈ​ដែលថា យល់​ញាតិ​ឃ្លាត​ច្បាប់​ទៅទៀត ។
​ ​ហេតុនេះ​ព្រះអង្គ​ព្រមព្រៀង​ប្រគល់​អំណាច​ទៅឱ្យ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ដើ​ម្បើ​ចាត់ការ​ដោះស្រាយ​ទំ​លុះ​ទំលាយ​នូវ​ភាពទ័លច្រក​ទាំងនេះ ដោយ​ត្រូវ​ប្រើ​រូបភាព​មួយ​ថា​ត្រូវ​ដកហូត​ព្រះអង្គ​ពី​តំណែង ទើប​ងាយ​ចាត់ការ​រឿ​ផ្សេងទៀត ហើយ​លន់ នល់ នឹង នាំ​ព្រះអង្គ​មក​ប្រថាប់​ក្នុង​អំណាច​វិញ​នៅក្នុងពេល​ដ៏​សមគួរ​មួយ​នាពេល​ ក្រោយ ។ ប៉ុន្តែ​ទស្សនៈ​នេះ​ភ្លេច​គិតថា កងទ័ព​យួន​ខាងជើង និង វៀត​កុង ប្រើប្រាស់​ទឹកដី​ខ្មែរ​ដោយសារ​នរណា , មិន​គឺ​ព្រះអង្គ​ទេ​ឬ ?

​ហេតុនេះ​ប្រសិនបើ​រឿងនេះ​ជាការ​ពិត​នោះ ទស្សនៈ​ដែលថា​ព្រះអង្គ​ត្រូវ​អ្នក​ម្នាង​ម៉ូ​និក​ឃាត់​មិនឱ្យ​យាង​មក​ កម្ពុជា​នោះ ត្រូវបាន​រំលាយចោល ត្បិត​អ្វីៗ​គ្រប់យ៉ាង​ត្រូវបាន​ព្រះអង្គ​និង លន់ នល់ បាន​គ្រោងទុក​រួចទៅហើយ ។​

​ផ្ទុយទៅវិញ​ប្រសិនបើ​មតិ​មួយ​នេះ ជា​រឿង​មិន​ពិត​ទេនោះ ទស្សនៈ​នេះ​គឺជា​ការគិត​ស្មាន​ព្រាវៗ ថែមទាំង​មានន័យថា គ្រាន់តែ​ជាការ​បង្កើត​ពាក្យ​ច​ចាម​អារាម​ដើម្បី​សម្រាល​ឬ​លាង​កំហុស​ឱ្យ​ លន់ នល់ កុំឱ្យ​ត្រូវបាន​ប្រវត្តិសាស្ត្រ​ចារ​ថា ជា​អ្នក​ក្បត់ជាតិ​ដោយសារ​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពីស​ម្តេច​សីហនុ​ ទៅវិញ ។
​ ​សេចក្តី​ជូន​ព័ត៌មាន​ពី​លេខាធិការដ្ឋាន​របស់​សម្តេច​នរោត្តម សីហនុ ចុះ​ថ្ងៃទី​២៣ មីនា ១៩៧០ ពី​ទីក្រុង​ប៉េកាំង ដែលមាន​៥​ចំណុច ព្រះអង្គ​ប្រកាស​បដិសេធ​រដ្ឋាភិបាល​ភ្នំពេញ , បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ , បង្កើត​កងទ័ព​រំដោះជាតិ ។ ក្នុង​លិខិត​នេះ ក៏ដូចជា​សេចក្តីប្រកាស​ជា​បន្ត​បន្ទាប់មកទៀត​គឺ​កងទ័ព​រំដោះជាតិ​របស់​ ព្រះអង្គ​នឹងត្រូវ​បង្កើតឡើង​ជាមួយ​កងទ័ព​នៃ​ប្រជាជន​ដទៃទៀត គឺ​សំដៅ​ជាពិសេស​ដល់​សមាគម​ប្រជាជន​ឥ​ណ្ឌុ​ចិន គឺ​កុ​ម្មុយ​និ​ស្ត ។ ព្រះអង្គ​បាន​ចងសម្ព័ន្ធភាព​ជាមួយ​ពួក​ខ្មែរក្រហម​ដែលជា​អតីត​សត្រូវ​របស់​ ព្រះអង្គ ។
​ដោយសារ​សេចក្តីអំពាវនាវ​នោះ ទើប​ថ្ងៃទី​២៩ មីនា ១៩៧០ កងទ័ព​វៀត​កុង និង យួន​កុ​ម្មុយ​និ​ស្ត បើក​ការវាយលុក​មកលើ​កង​ទ័ព​ខ្មែរ​និង​សម្លាប់​ខ្មែរ​យ៉ាងច្រើន និង យ៉ាង​សប្បាយ​ដៃ​ដោយ​សំអាងថា​ដើម្បី​នាំ​សម្តេច​មក​ក្នុង​តំណែង​វិញ ។ គេ​មើលឃើញ​យ៉ាង​ងាយ​ថា គឺ​ពួក​យួន​ទាំងនោះ​ត្រូវការ​កំទេច​កងទ័ព​ខ្មែរ​របស់​លន់ នល់ និង សិរិមតៈ ដែល​គេ​ចាត់ទុកថា ជា​របាំង​រាំង​ឃាត់​ពួកគេ​កុំឱ្យ​ប្រើប្រាស់​ទឹកដី​ខ្មែរ ។

​បើ​ព្រះអង្គ​មានបំណង​ដេញ​យួន​កុ​ម្មុនិ​ស្ត​នៅលើ​ទឹកដី​ខ្មែរ​ដែលជា​ ហេតុនាំឱ្យ​ខ្មែរ​ស្លាប់ ឬ និយាយ​ម្យ៉ាង​ទៀតថា ព្រះអង្គ​ព្រមព្រៀង​ឱ្យ​លន់ នល់ ទម្លាក់​ព្រះអង្គ​មែន​នោះ ពេល​ត្រូវ​លន់ នល់ ទម្លាក់ ព្រះអង្គ​ប្រាកដជា​មិនបង្កើត​កងទ័ព និង​រដ្ឋាភិបាល​និរទេស​ទេ ។ បើ​បែរជា​បង្កើត​វិញ គឺ​មុខជា​បង្កើត​ដើម្បី​រួម​ដៃ​ជាមួយ​រដ្ឋាភិបាល​លន់ នល់ ដើម្បី​បណ្តេញ​យួន​ទាំងនោះ និង ធ្វើ​នូវ​រាល់​អ្វីៗ​តាម​លទ្ធភាព​ដើម្បី​ជម្រុញ​រដ្ឋាភិបាល​នេះ​ឱ្យបាន​ ជោគជ័យ​ក្នុងការ​បណ្តេញ​យួន និង យៀកកុង​ចេញពី​ដី​ខ្មែរ ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជារាស្ត្រ​ខ្មែរ​ពី​គ្រាប់បែក​អាមេរិកាំង និង គ្រាប់កាំភ្លើង​យួន​ខាងត្បូង និង ដើម្បី​ការពារ​អព្យាក្រឹតភាព​ខ្មែរ​យ៉ាង​ប្រាកដ ។

​មិន​បែប​នោះ​សោះឡើយ​ព្រះអង្គ​បង្កើត​កងទ័ព​ដើម្បី​កំទេច​រដ្ឋាភិបាល​ ភ្នំពេញ​ដែល​កំពុង​មមាញឹក​ក្នុងការ​បណ្តេញ​យួន​ចេញពី​ទឹកដី​ខ្មែរ ដើម្បី​សង្គ្រោះ​ជីវិត​ប្រជារាស្ត្រ​ខ្មែរ ទៅវិញ ។​
​ អំឡុង​ឆ្នាំ​១៩៧៣ អាមេរិកាំង បាន​ស្វះ​ស្វែងរក​ការសម្រុះសម្រួល​រវាង​ក​ង​ទ័ព​របស់​ព្រះអង្គ និង ខ្មែរក្រហម ជាមួយ​រដ្ឋាភិបាល​ភ្នំពេញ​របស់ លន់ នល់ នោះ ព្រះអង្គ​បាន​បដិសេធ ហើយ​ថា​ព្រះអង្គ​នឹងត្រូវ​តែ​កំទេច​រដ្ឋាភិបាល​ភ្នំពេញ​ឱ្យខាងតែបាន ។

​ព្រះអង្គម្ចាស់ សិរិមតៈ បាន​បញ្ជាក់ថា ប្រសិនបើ​រាស្ត្រ​ខ្មែរ​ត្រូវការ​សម្តេច សីហនុ មក​ដឹកនាំ ឬ ថា​ប្រសិនបើ​វត្តមាន​របស់​ព្រះអង្គ​ក្នុង​អំណាច អាច​នាំ​សន្តិភាព​មកឱ្យ​ខ្មែរ​នោះ ព្រះអង្គ​(​សិរិមតៈ​) នឹង​សុខចិត្ត​ព្រម​ធ្វើតាម​នោះដែរ ។ សម្តេច​សីហនុ មិន​ទទួលព្រម​ធ្វើការ​សម្រុះសម្រួល​ឡើយ ហើយ​ថែមទាំង​ហៅ​ព្រះអង្គម្ចាស់ សិរិមតៈ ថា​ជា​ជន​ប្រតិកិរិយា ដ៏​អាក្រក់​បំផុត​ទៀតផង ។​
​ពេលនេះ​យើង​ឃើញ​យ៉ាងច្បាស់​ហើយ​ថា ទស្សនៈ​ដែលថា​ព្រះអង្គ និង លន់ នល់ ព្រមព្រៀងគ្នា​នោះ ចំពោះ​រដ្ឋប្រហារ​១៨​មីនា ១៩៧០ គឺជា​ទស្សនៈ​ខុស​ទាំង​
​ស្រុង ។
​ ​ឥឡូវនេះ​យើង​ត្រឡប់​ទៅរក​ហេតុការណ៍​ទាក់ទង​នឹង​ការធ្វើ​រដ្ឋប្រហារ​វិញ ។​គេហទំព័រ Wikipdia បាន​អះអាងថា “​លន់ នល់ បាន​បដិសេធ​មិន​អនុ​ញ្ញា​ត្ត​ឱ្យ​ដកហូត សម្តេច សីហនុ ពី​តំណែង​ជា​ព្រះប្រធាន​ប្រមុខរដ្ឋ​ឡើយ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បាន​ចាក់​កាសែត​ដែល​គេ​លួច​ថត​ពេល​សម្តេច នរោត្តម សីហនុ មានបន្ទូល​នៅក្នុង​អង្គប្រជុំ​១ នៅ​ទីក្រុង​ប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុង​ខ្សែអាត់​នោះ ព្រះអង្គ​បាន​ស្តីបន្ទោស​ចំៗ​ឈ្មោះ​នូវ​មនុស្ស​ដែល​ព្រះអង្គ​ហៅថា​ជា​អ្នក​ ក្បត់​ព្រះអង្គ ដែលមាន​ឈ្មោះ លន់ នល់ និង សិរិមតៈ​ផង ហើយ​ថា​ព្រះអង្គ​នឹងដាក់​ទណ្ឌកម្ម​ពួក​អ្នក​ទាំងនោះ​ភ្លាម នៅពេល​ព្រះអង្គ​យាង​មកដល់​ភ្នំពេញ ។ 

​នាយករដ្ឋមន្ត្រី លន់ នល់ នៅតែ​មិន​ប្រាកដថា​នឹង​ញុះញង់​ឱ្យ​សភា​បោះឆ្នោត​ទម្លាក់​សម្តេច​នៅឡើយ ។ យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០​នោះ ព្រះអង្គម្ចាស់ សិរិមតៈ និង មន្ត្រី​យោធា​៣​រូប បាន​ទៅដល់​ភូមិគ្រឹះ​របស់ លន់ នល់ ហើយ​ភ្ជង់​កាំភ្លើង​បង្ខំ លន់ នល់ ដែល​កំពុង​ជោគជាំ​ដោយ​ជលនេត្រ​ឱ្យ​ចុះហត្ថលេខា​លើ​ឯកសារ​ចាំបាច់​ទាំងឡាយ​ ដើម្បី​ដកហូត​សម្តេច សីហនុ ។ ស្អែក​ឡើង ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ សភា បាន​បោះឆ្នោត​ជា​ឯក​ឆន្ទ ដកហូត​សម្តេច​សីហនុ ពី​អំណាច​” ។​

​សៀវភៅ សាធារណរដ្ឋ​ខ្មែរ បាន​និយាយ​នៅក្នុង​វង់​ក្ររ​ចក​ថា លោក ណា​ង គឹម​សួរ អតីតរដ្ឋមន្ត្រី​ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍​រប​ស់​សាធារណរដ្ឋ បានឱ្យដឹងថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឥស្ស​រ៉ូ ( ជា​ព្រះអនុជ ឬ ជា ព្រះរៀម​របស់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ​)​ដែលជា​អ្នក​បាន​ចូលរួម​ប្រជុំ​ផ្ទាល់​ជាមួយ​សម្តេច​សីហនុ នៅ​ទីក្រុង​ប៉ារីស ជា​អ្នក​លួច​ថត​ព្រះបន្ទូល​របស់​សម្តេច​សីហនុ​ក្នុងពេល​ប្រជុំ​សំងាត់​នោះ ។ ដោយ​បានឮ​មានឈ្មោះ​ខ្លួន​នៅក្នុង​នោះ ទើប​ពួកគេ​ចាត់ការ​សម្តេច​មុន ។
​គេហទំព័រ Wikipedia បាន​អះអាងថា “ Prom Thos ជា​រដ្ឋមន្ត្រី​ម្នាក់​របស់​លន់ នល់ បាន​ប្រាប់​អ្នកប្រវត្តិសាស្ត្រ​ឈ្មោះ Ben Kiernan​ថា នៅ​អំឡុង​ខែមីនា ឆ្នាំ​១៩៦៩ សិរ​មតៈ បាន​បង្ហើប​ថា សីហនុ គួរតែ​ត្រូវបាន​សម្លាប់ចោល ប៉ុន្តែ​លន់ នល់ បាន​បដិសេធ​នឹង​គម្រោង​នេះ ដោយ​និយាយថា វា​ជា​គម្រោងការ​ឧក្រឹដ្ឋ​ដ៏​ឆ្កួត​លេលា “​។ 

​ ​អ្នកសង្កេតការណ៍​ខ្លះ ក៏ដូចជា​សម្តេច សីហនុ បាន​ចោទថា បងប្អូន​ជីដូនមួយរ​បស់​ព្រះ​ង្គ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែល​តែងតែ​ច្រណែន នឹង ព្រះអង្គ​តាំងពី​កុមារ និង សត្រូវ​នយោបាយ​ដ៏​យូរលង់​របស់​ព្រះអង្គ​ដែល​បាន​កំពុង​និរទេស​ខ្លួន​នៅ​ វៀតណាម​ខាងត្បូង គឺ សឺ​ង ង៉ុ​ក ថា​ញ់ ដោយ​មា​ការគាំទ្រ​ពី​ភ្នាក់ងារ​ស៊ី​.​អាយ​.​អេ ( C.I.A) ជា​អ្នកធ្វើ​រដ្ឋប្រហារ​នេះ ។​

​ ​សៀវភៅ​ឈ្មោះ “ សេ​.​អ៊ី​.​អា ប្រឆាំង​ប្រទេស​កម្ពុជា​” ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេច​សីហនុ ព្រះអង្គ​បាន​ចោទថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ច្រណែន​នឹង​ព្រះអង្គ ព្រោះ សិរិមតៈ យល់ថា បន្ទាប់ពី​ព្រះករុណា ស៊ី​សុ​វត្ថ មនុ​វង្ស សោយ​ទីវ​ង្គ​ត​នៅ​ឆ្នាំ​១៨៤០​ទៅ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនី​រ៉េត ឬ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ អង្គឯង​ផ្ទាល់​ទេ​ដែល​ត្រូវ​ឡើង​ស្នងរាជ្យ ប៉ុន្តែ​បារាំង​បែរជា​ជ្រើសរើស សម្តេច សីហនុ ដែលជា​ខ្សែ​នរោត្តម ទៅវិញ ។

​ស្រ​ឡាយ ស៊ីសុវត្ថិ ទាំងឡាយ ក៏ដូចជា​ព្រះអង្គម្ចាស់ សិរិមតៈ ដែរ​ចង់ហូត​សម្តេច​សីហនុ ចេញពី​អំណាច និង យក​មកុដ បំពាក់​ឱ្យ​មនុស្ស​ណា​ម្នាក់​ដែលជា​ស្រ​ឡាយ ស៊ី​សុ​វត្ថ អាចជា​ព្រះអង្គ (​សិរិមតៈ​)​ផ្ទាល់ ឬ បុត្រ​សុនិសារ​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ស៊ី​សុ​វត្ថ ឌួង​ជីវិន ។
​ ​
​ ​ចំពោះ​សាធារណៈមតិ​ជាតិ និង អន្តរជាតិ​យល់ថា​មនុស្ស​៣​រូប​ជា​មេគំនិត​នាំឱ្យមាន​ព្រឹត្តិការណ៍​១៨​មិនា ១៩៧០​គឺ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ ១, ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ១ និង អ៊ិន តាំ ដែលជា​ប្រធាន​សភាជាតិ ១ ។ មនុស្ស​ទាំ​៣​រូបនេះ​ត្រូវបាន​គេ​
​ហៅថា “​មនុស្ស​១៨​មិនា​” ។​

​ ​ប៉ុន្តែ​សៀវភៅ​សាធារណរដ្ឋ​ខ្មែរ បាន​អះអាងថា ព្រឹត្តិការណ៍​កើតឡើង​ទៅបាន​ដោយសារ​ការសម្របសម្រួល​គៃបន្លំ​របស់​មនុស្ស​ទី​ ៤​គឺ​វរសេនិយ៍​ត្រី លន់ ណុន ដែលជា​ប្អូនប្រុស​បង្កើត​របស់​លន់ នល់ ។​


No comments:

Post a Comment