Showing posts with label ២០០-៩០០. Show all posts
Showing posts with label ២០០-៩០០. Show all posts

Thursday, July 20, 2017

០៦.ប្រទេស​កម្ពុជា ឬ ស្រុក​ខ្មែរ

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ១ ជំពូកទី ៦)
Posted: Oct-10-2016

ជំពូក​ទី​៦​

ប្រទេស​កម្ពុជា ឬ ស្រុក​ខ្មែរ

១. ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ (៨០២ – ៨៦៩)
គេមិន​បាន​ដឹង​អំពី​ដើម​កំណើត​របស់​ព្រះបាទ​ជ័យវរ្ម័ន​នេះ​ទេ តែ​ព្រះ​អង្គ​បាន​ប្រាកដ​ខ្លួន​ឡើង​ជា​អ្នក​កសាង​រាជវង្ស​មួយ​ថ្មី ឬ​ក៏​ថា ទ្រង់​ជា​អ្នក​ដែល​ធ្វើ​ឱ្យ​រាជវង្ស​មុន​រុងរឿង​ឡើង​វិញ ។ សិលាចារឹក​ស្ដុកកក់ធំ បាន​ហៅ​ព្រះ​អង្គ​តាម​ព្រះ​មរណនាម​ថា បរមេស្វរៈ និង​គ្រាន់តែ​បាន​ឱ្យ​យើង​ដឹង​ថា «ព្រះ​អង្គ​យាង​មក​ពី​កោះ​ជ្វា មក​សោយរាជ្យ​នៅ​នគរ​ឥន្ទ្របុរៈ (មាន​ន័យ​ថា រាជធានី​របស់​ព្រះឥន្ទ្រ)» ។ ខ្ញុំ​មិន​មាន​ញញើត​នឹង​កំណត់​ថា រាជធានី​នេះ​គឺ វយធបុរៈ ឬ​បើ​ពុំនោះ​ទេ​គឺ​រាជធានី​ដែល​មាន​ឈ្មោះ​ជា​បន្ដបន្ទាប់​ថា​ ភវបុរៈ រួច ឦសានបុរៈ ។​ព្រះ​អង្គ​ទ្រង់​យាង​មក​ជាមួយ​នឹង​ព្រះរាជ​គ្រូ​របស់​ព្រះ​ អង្គ គឺ «បណ្ឌិត​ស្ដែងអញ​សិវៈកៃវល្យៈ» ។

សិលាចារឹក ​ស្ដុកកក់ធំ​បាន​រៀបរាប់​តែ​ប៉ុណ្ណេះ ហើយ​មិន​បាន​និយាយ​ថា តើ​ព្រះរាជា​អង្គ​នេះ​ជា​នរណា មាន​សិទ្ធិ​ដូច​ម្ដេច​ខ្លះ​មក​លើ​រាជបល្ល័ង្ក​នគរ​កម្ពុជា​ទេ ។ តាម​ពិត​ទៅ ព្រះ​អង្គ​មាន​សិទ្ធិ​នេះ តែ​សិទ្ធិ​នេះ​វា​កើត​មាន​ឡើងជា​យថាហេតុ និង​មិន​ចំពោះ ព្រោះថា ព្រះ​អង្គ​ត្រូវជា​ចៅ​ក្មួយ​របស់​ព្រះបាទ​ស្រីបុស្ការក្សៈ ដែល​ជាប់​ខ្សែ​ស្រឡាយ​ទៅ​នឹង​រាជវង្ស​អនិន្ទត្តបរុៈ ដែល​ជា​ព្រះរាជា​ទី​មួយ​នៃ​សម្ភុបុរៈ ក្រោយ​ពេល​បែក​គ្នា​រួច​មក ។ សិទ្ធិ​ទទួល​រាជសម្បត្ដិ​នេះ​នឹង​ទៅ​ជា​សិទ្ធិ​ចំពោះ​បាន​លុះត្រា​ណា​តែ​ រាជវង្ស​ជា​បុរស​ទាំងអស់​ដែល​ជាប់​ខ្សែលោហិត​ជិត​នឹង​ព្រះរាជា​កំពុង​ សោយរាជ្យ​បាន​ត្រូវ​បាត់​ខ្លួន​អស់ ពីព្រោះ​ថា ថ្វីបើ​ព្រះរាជា​អាច​ត្រូវ​គេ​លើក​ឱ្យ​សោយរាជ្យ​សម្បត្ដិ​បាន​ក៏​ដោយ ក៏​ការ​ជ្រើសរើស​នោះ អាច​ប្រព្រឹត្ដ​ទៅ​បាន​តែ​លើ​ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ​នៃ​រាជវង្ស​កំពុង​ សោយ​រាជ្យ​(អនុជ​បិតុលា​ ឬ​អនុជ​ជីដូនមួយ) ប៉ុណ្ណោះ​ ដូចដែល​គេ​ធ្លាប់​អនុវត្ដ​នៅ​នគរ​ចាម្ប៉ា​ពី​មុន​ និង​នៅ​កម្ពុជា​សព្វថ្ងៃ​ដែរ ។​ គេ​អាច​ជ្រើសរើស​អនុវង្ស​ម្នាក់​បាន​តែ​កាលណា​គ្មាន​វង្ស​ស្ដេច​សោយ​រាជ្យ​ ម្នាក់​សោះ ។​ តាម​មើល​ទៅ ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ទ្រង់​ត្រូវជា​សមាជិក​មួយ​អង្គ​នៃ​អនុវង្ស​របស់​ព្រះរាជា​ដែល​សោយរាជ្យ​នៅ​ សម្ភុបុរៈ និង​នៅ​វយធបុរៈ ក្រោយ​ពេល​បែក​ពី​គ្នា ។ តើ​គ្មាន​អង្គ​ម្ចាស់​ណា​ម្នាក់​ទៀត​ទេ​ឬ នៅ​ក្នុង​រាជវង្ស ? តាម​សិលា​ចារឹក ព្រះបាទ​បាន​បញ្ជាក់​ថា ព្រះបាទ​មហិបតិវរ្ម័ន​ទ្រង់​មាន​បុត្រី​មួយ​ព្រះ​អង្គ គឺ​ព្រះ​នាង​ឥន្ទ្រទេវី ដែល​ត្រូវជា​ព្រះ​មាតា​របស់​ព្រះបាទ​យសោវរ្ម័ន​ក៏​ប៉ុន្ដែ​មិន​បាន​បញ្ជាក់​ ថា​ តើ​ព្រះ​អង្គ​មាន​រាជបុត្រ​មួយ​អង្គ​ដែរ​ឬ​ក៏​អត់​ទេ ? ដូច្នេះ គ្មាន​រជ្ជទាយាទ​មួយ​អង្គ​ណា​ទេ​នៅ​រាជបល្ល័ង្ក​កម្ពុជា​ពេល​ដែល​ព្រះបាទ​ ជ័យវរ្ម័ន​យាង​មក​ពី​កោះ​ជ្វា ។

ម្យ៉ាងទៀត ប្រសិនបើ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣​គ្មាន​សិទ្ធិ​សោយរាជ​សម្បត្ដិ​នៅ​លើ​ រាជបល្ល័ង្ក​កម្ពុជា​តាម​រយៈ​រាជវង្ស​សម្ភុបុរៈ​ ឬ​ក៏​រាជវង្ស​វយធបុរៈ​ទេ​ ព្រះ​អង្គ​ប្រហែលជា​មាន​សិទ្ធិ​នេះ​តាម​រយៈ​ខ្សែស្រឡាយ​មុន​នោះ​គឺថា ព្រះរាជ​បិតា ឬ​ព្រះ​អយ្យកោ​របស់​ព្រះ​អង្គ បាន​ត្រូវ​គេ​បំបែក​ចេញពី​រាជបល្ល័ង្ក ក្រោយ​ពេល​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​១​សុគត​ទៅ ដោយ​ទ្រង់​ភៀស​ព្រះ​កាយ​ទៅ​នៅ​ឯ​កោះ​ជ្វា ឬ​ក៏​ត្រូវ​គេ​នាំ​យក​ទៅ ។
យើង ​មិន​បាន​ដឹង​ច្បាស់ ពី​ហេតុការណ៍​នៃ​ការ​បាក់បែក​នោះ​កើត​ឡើង​យ៉ាង​ដូចម្ដេច ហើយ​ថា​តើ​ដោយសារ​ព្រឹត្ដិការណ៍​អ្វី​ទេ​ដែរ ។ ក៏​ប៉ុន្ដែ​យើង​ដឹង​ថា នៅ​សម័យ​ជាមួយ​គ្នា​នោះ ពួក​ម៉ាឡេ និង​ពួក​អ្នកស្រុក​កោះ​ពូឡូកុងឌ័រ ដែល​មាន​កំណើត​ដើម​ជា​ម៉ាឡេ​ដែរ បាន​ទៅ​វាយ​ដុត​បំផ្លាញ​តុងកឹង ហើយ​ពួក​ចិន​-​អាណ្ណាម​ត្រូវ​ប្រើ​ទ័ព​មួយ​កង​ធំ ដើម្បី​បណ្ដេញ​ពួក​នោះ​ចេញពី​បណ្ដា​ខែត្រ​ដែល​គេ​ដណ្ដើម​បាន គឺ​នៅ​ឆ្នាំ​៧៦៥ ។ យើង​ក៏​បាន​ដឹង​ដែរ​ថា នៅ​ឆ្នាំ​៧៧៤​នៃ​គ្រិស្ដសករាជ ពួក​មនុស្ស​ «ខ្មៅ​ព្រីក និង​ស្គម» ដែល​មើល​ទៅ​គឺ​ពួក​ម៉ាឡេ​មក​ពី​កោះ​ជ្វា «បាន​មក​ដល់​តាម​នាវា​ប្លែកៗ» មក​វាយ​ដុត​បំផ្លាញ​នគរ​ចាម្ប៉ា ហើយ​ពួក​នេះ​បាន​មក​ម្ដង​ទៀត​នៅ​ឆ្នាំ​៧៨៧ ។ បើ​ដូច្នេះ នគរ​កម្ពុជា​ក៏​ប្រហែលជា​ត្រូវ​រង​នូវ​ការ​ដុត​បំផ្លាញ​ដូច​គ្នា​នេះ​ដែរ ហើយ​ពួក​នោះ​អាច​នឹង​នៅ​ត្រួតត្រា​នគរ​មួយ​រយៈ​ផង ។ ត្រង់​ចំណុច​នេះ សិលាចារឹក​ស្ដុកកក់ធំ​ក៏​បាន​និយាយ​ផង​ដែរ​ថា នគរ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ជ្វា​នៅ​ក្នុង​សតវត្សរ៍​ទី​ ៨ (1) ។ ព្រឹត្ដិការណ៍​នេះ អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​បែកបាក់​ជា​ពីរ ហើយ​ពួក​ម៉ាឡេ​នៅ​កោះ​ជ្វា​អាច​យក​នាំ​សមាជិក​ខ្លះ​របស់​រាជវង្ស​ព្រះបាទ​ ជ័យវរ្ម័ន​ទៅ​ជាមួយ​ផង ។ បើសិនជា​ដូច្នេះ​មែន ព្រះបាទ​ជ័យវរ្ម័ន​ទី​៣​អាច​ជា​សមាជិក​ម្នាក់​នៃ​រាជវង្ស​ដែល​ពួក​ជ្វា​នាំ​ យក​ទៅ​ជា​ឈ្លើយ ហើយ​ពេល​នោះ​ព្រះ​អង្គ​នៅ​តូច​នៅ​ឡើយ ឬ​ក៏​ទ្រង់​មិន​ទាន់​ប្រសូត​ផង​ក៏​មិនដឹង ។

ហេតុ ​ដែល​រាជាណាចក្រ​ខ្មែរ​ត្រូវ​បែក​ជា​ពីរ ហើយ​អាច​នៅ​ដូច្នេះ​បាន ក៏​ជា​ការ​បញ្ជាក់​ផង​ដែរ​ថា ពួក​ជ្វា​មិន​បាន​បន្ដ​ធ្វើការ​វាយលុក​ចូល​ជ្រៅ​ទៅ​ឆ្ងាយ​ពី​មាត់​សមុទ្រ​ ដែល​ពួក​គេ​កាន់កាប់​នោះ​ទេ គឺ​ឈប់​ត្រឹមតែ​ព្រំ​ប្រទល់​របស់​ចេនឡា​ទឹក​ប៉ុណ្ណោះ ។
ម្យ៉ាងទៀត ​វា​ហាក់​ដូចជា​ថា​ សិលាចារឹក​ព្រះបាទ​មិន​បាន​និយាយ​អំពី​វយធបុរៈ​ទេ​លើក​លែងតែ​នោះ​គឺជា​ អតីតកាល ។​ ព្រោះថា​បើសិនជា​គេ​អាច​ធ្វើ​បញ្ជី​រាយនាម​ព្រះរាជា​ដែល​សោយរាជ្យ​នៅ​ សម្ភុបុរៈ​ចាប់​តាំងពី​នគរ​ត្រូវ​បែក​ជា​ពីរ រហូត​ដល់​នគរ​រួបរួម​គ្នា​មក​វិញ គេ​មិន​អាច​ធ្វើ​ដូច​គ្នា​បាន​ទេ​ចំពោះ​វយធបុរៈ ។

តើ ​ពួក​ជ្វា​កាន់​កាប់​វយធបុរៈ​ ហើយ​ចេនឡា​ទឹក​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ជ្វា​នៅ​ពេល​ ដែល​ចេនឡា​គោក​រក្សា​បាន​នូវ​ឯករាជ្យ ឬ​ដូច​ម្ដេច ? បើ​ដូច្នេះ​មែន គឺ​ហេតុ​នោះ​ហើយ​ដែល​ខារខាំង​ព្រះបាទ​រាជេន្ទ្រវរ្ម័ន ជា​ព្រះរាជា​ទី​២​នៅ​សម្ភុបុរៈ ហើយ​ទ្រង់​ក៏​ជា​រជ្ជទាយាទ​មួយ​អង្គ​របស់​វយធបុរៈ​ផង​ដែរ ដែល​មិន​ឱ្យ​ព្រះ​អង្គ​វាត​អំណាច​មក​លើ​វយធបុរៈ​បាន ។ បើ​ទោះជា​ថា ព្រះ​អង្គ​សោយរាជ្យ​នៅ​សម្ភុបុរៈ​ហើយ​ឱ្យ​រាជបុត្រ​របស់​ព្រះអង្គ​សោយរាជ្យ​ ស្នង​នៅ​វយធបុរៈ​ក៏​ដោយ ក៏​ព្រះរាជបុត្រ​នោះ មិន​មាន​អំណាច​អ្វី​លើស​ពី​ព្រះ​អង្គ​ប៉ុន្មាន​ដែរ ។ បញ្ហា​ត្រង់​នេះ​មាន​អាថ៌​កំបាំង​ច្រើន ហើយ​មាន​មតិ​ជា​ច្រើន​បាន​លើក​សម្មតិកម្ម​ផ្សេងៗ ប៉ុន្ដែ​ខ្ញុំ​គិត​ថា សម្មតិកម្ម​របស់​ខ្ញុំ​ដូច​ជា​សមរម្យ​ច្រើន​ជាង​បើ​ទោះជា​សម្មតិកម្ម​របស់​ អ្នក​មុនៗ​នោះ​មិន​សុទ្ធតែ​អត់​ប្រយោជន៍​ក៏​ដោយ ។

ខ្ញុំ ​បាន​និយាយ​ពី​ខាងលើ​រួច​មក​ហើយ​ទាក់ទិន​ទៅ​នឹង​ព្រះបាទ​ឦសានវរ្ម័ន​ថា ទីតាំង​របស់​រាជធានី​ឥន្ទ្របុរៈ ស្ថិត​នៅ​ត្រង់​អង្គរធំ​សព្វថ្ងៃ (មហានគរ) ដែល​មាន​ឈ្មោះ​ជា​ភាសាសំស្ក្រឹត​ថា​ឥន្ទ្រប្រាស្ថៈ ។ ​ ហើយ​ខ្ញុំ​សូម​បន្ថែម​ទៀត​ថា ឈ្មោះ​ឥន្ទ្រ​ប្រាស្ថៈ​នេះ ដែល​មាន​ន័យ​ដូច ឥន្ទ្របុរៈ ដែរ គ្រាន់តែ​ជា​ឈ្មោះ​សម្រាប់​បញ្ជាក់​អំពី​កិត្ដិគុណ ឬ​ក៏​ភាព​រីក​ចម្រើន​របស់​រាជធានី​នោះ​ប៉ុណ្ណោះ ។ ខ្ញុំ​ក៏​គិត​ទៀត​ថា​ តើ​ភទ្របុរៈ និង​ឦសានបុរៈ ជា​រាជធានី​តែ​មួយ ឬ​យ៉ាងណា ដែល​ចិន​ហៅ​ថា តូមូ ហើយ​ដែល​បាន​ត្រូវ​កសាង​ឡើង​វិញ ពង្រីក​ឱ្យ​ធំ និង​មាន​កំផែង​ការពារ​ផង ដោយ​ស្ដេច​ព្រាហ្មណ៍​កោណ្ឌញ្ញៈ ។​ តែ​ការ​ប្រៀប​ដូច្នេះ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ព្រោះ​វា​ប្រឆាំង​គ្នា​គឺថា​ តូមូ​ត្រូវ​នឹង​ភទ្របុរៈ រីឯ​ឦសានបុរៈ ត្រូវ​នឹង​អង្គរធំ ឬ​មហានគរ ។ ទោះជា​យ៉ាងណា​ក្ដី នៅ​ពេល​ណា​ដែល​គេ​រក​ឃើញ​សិលា​ចារឹក​ថ្មីៗ​ទៀត​នៅ​អនាគត ឬ​នៅ​ពេល​ណា​ដែល​អ្នកប្រាជ្ញ​ភាសាសំស្ក្រឹត​អាច​អាន និង​បកប្រែ​សិលាចារឹក ដែល​យើង​រក​ឃើញ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​បាន នោះ​យើង​នឹង​ដឹង​ពី​ការ​ពិត លែង​ឆ្ងល់​ទៀត​ហើយ ។ ចំពោះ​មុខ​នេះ យើង​គួរ​រង់ចាំ​ពន្លឺ​ដែល​ខ្វះខាត ហើយ​ពិនិត្យ​មើល​អ្វី​ដែល​យើង​អាច​ដឹង​បាន​អំពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ និង​អំពី រជ្ជកាល​របស់​ព្រះ​អង្គ ។
ការ ​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣​ស្ដារ​រាជាណាចក្រ​ខ្មែរ ធ្វើ​ឱ្យ​រុងរឿង​ដូច​អតីតកាល​ឡើង​វិញ ប្រហែល​មិនមែន​ប្រព្រឹត្ដ​ទៅ​ដោយ​គ្មាន​ការ​ប្រយុទ្ធ​នោះ​ទេ ។​ តាម​រយៈ​សិលាចារឹក​ផ្សេងៗ​វា​ហាក់​ដូចជា​ថា​ ព្រះរាជា​ថ្មី​នេះ បាន​ធ្វើ​ចម្បាំង​ដណ្ដើម​យក​នគរ​មក​វិញ​ដោយ​មាន​ព្រះ​ខ័ន​ជាប់​នៅ​ព្រះ​ហស្ដ ហើយ​ទ្រង់​ត្រូវ​ប្ដូរ​ទីតាំង​ទៅ​កន្លែង​ជា​ច្រើន ដែល​យើង​ពិបាក​នឹង​កំណត់​ថា​កន្លែង​ណា​ជា​កន្លែង​ណា​ណាស់ ។ ហរិហរល័យ​ប្រហែលជា​នៅ​ដី​ខែត្រ​បាត់ដំបង ត្រង់​កន្លែង​ដែល​គេ​ប្រាប់​ខ្ញុំ​ថា​ មាន​ឈ្មោះ​ថា ហរិហរ​ អមរេន្ទ្រ​បុរៈ មិន​ទាន់​ដឹង​ថា​នៅ​ត្រង់​ណា​ មហិន្ទ្របព៌ត គឺ​ភ្នំ​គូលែន​សព្វថ្ងៃ នៅ​ពី​ខាងជើង​អង្គរធំ ក្នុង​ខែត្រ​ព្រហ្ម​ទេព (ព្រហ្ម​ទេវៈ) ។ តាម​មើលទៅ ការ​ផ្លាស់​ប្ដូរ​ទីតាំង​នេះ អាស្រ័យ​ដោយ​ព្រះរាជា​ទ្រង់​មាន​កង្វល់​ចង់​គេច​ឱ្យ​ឆ្ងាយ​ពី​ការ​ត្រួតត្រា ​របស់​ពួក​ជ្វា គឺថា​ទៅ​ឱ្យ​ឆ្ងាយ​ពី​មាត់​សមុទ្រ ដែល​នាវា​សត្រូវ​អាច​មក​ចុះ​ចត​បាន និង​ម្យ៉ាង​ទៀត ដោយ​មាន​ការ​ចាំបាច់​ត្រូវ​តែ​ដូរ​ទីតាំង​ក្នុង​ការ​ធ្វើ​ចម្បាំង​ផង ។ ព្រះ​អង្គ​ទ្រង់​បាន​បោះបង់​មហេន្ទ្រៈ​ចោល រួច​យាង​ត្រលប់​មក​កាន់​ហរិហរល័យ​វិញ នៅ​ពេល​ដែល​ព្រះ​អង្គ​មាន​វ័យ​ចំណាស់ ប្រហែល​ដោយសារ​ទ្រង់​ឈ្វេងយល់​ថា រាជធានី​មិន​ត្រូវ​ស្ថិត​នៅ​ឆ្ងាយ​ពី​បឹង​ទន្លេសាប​ពេក​ទេ ឬ​ក៏​ថា ដោយសារ​ព្រះ​អង្គ​ខ្លាច​ប៉ះទង្គិច​ជាមួយ​ទ័ព​ចាម «ដែល ​ប្រៀប​បាន​ទៅ​នឹង​ព្រះ​ហស្ដ​ដ៏​ខ្លាំង​ឥត​ផ្ទឹម​របស់​ព្រះរាជា​ ស្រីក្រន្ដវរ្ម័ន ធ្វើ​ការ​ឈ្លានពាន​ចូល​រហូត​មក​ដល់​ពាក់​កណ្ដាល​ផ្ទៃ​ប្រទេស​កម្ពុជា» ។

បើ ​ទោះជា​ការ​ផ្លាស់​ទីកន្លែង​ញឹកញាប់​នេះ​មាន​មូលហេតុ​ពិត​ដូច​ម្ដេច​ក៏​ដោយ ក៏​យើង​មើល​ឃើញ​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ទ្រង់​មិន​គ្រាន់តែ​ជា​ព្រះមហាក្សត្រ​ពូកែ​ខាង​ធ្វើ​ចម្បាំង និង​រៀបចំ​ស្រុក​ទេស​ប៉ុណ្ណោះ​ទេ ទ្រង់​ក៏​ជា​ក្សត្រ​ដែល​ជឿ​ស៊ប់​ក្នុង​សាសនា គោរព​បូជា​អាទិទេព​ព្រហ្មញ្ញ​សាសនា ជា​ពិសេស គឺ​គោរព​ព្រះ​ហរិហរៈ ដែល​ជា​ការ​ផ្គុំ​ព្រះ​សិវៈ​ជាមួយ​ព្រះ​វិស្ណុ​ក្នុង​រាង​កាយ​តែ​មួយ​មាន​ ព្រះ​កេស​២​ផង​ដែរ ។​ ក្នុង​ដំណើរ​ផ្លាស់​ប្ដូរ​ទីតាំង​របស់​ព្រះ​អង្គ​ ព្រះ​អង្គ​ទ្រង់​យក​តាម​ជាប់​ជាមួយ​នូវ​ព្រះ​អាទិទេព​មួយ​អង្គ​មាន​ឈ្មោះ​ថា «ទេវ​រាជា» ដែល​មាន​ពួក​ព្រាហ្មណ៍​មួយ​ក្រុម​តាម​ថែរក្សា និង​រៀបចំ​ពិធី​គោរព​បូជា ។ ទ្រង់​បាន​តម្កល់​ព្រះ​ទេវ​រាជា​នេះ​នៅ​ហរិហរល័យៈ រួច​ទ្រង់​នាំ​យក​មក​តម្កល់​នៅ​មហេន្ទ្រៈ​ដោយ​ទ្រង់​ចាត់​តាំង​ព្រះរាជ​គ្រូ ​របស់​ព្រះ​អង្គ គឺ​ព្រាហ្មណ៍​ស្ដែង​អញ​សិវៈកៃវល្យៈ ជា​បុរោហិត អម​ដោយ​អ្នក​រៀបចំ​ពិធី​មួយ​ក្រុម ។ ចាប់ពី​ពេល​នោះ​មក ព្រះ​អង្គ​ទ្រង់​បាន​ប្រកាស​ថា មាន​តែ​ត្រកូល​ស្ដែង​អញ​សិវៈកៃវល្យៈ​មួយ​ប៉ុណ្ណោះ​ដែល​អាច​ទទួល​ឋានៈ​ជា​ បុរោហិត​ទទួល​បន្ទុក​ក្នុង​ការ​រៀបចំ​ពិធី​គោរព​បូជា​ព្រះ​អាទិទេព​ជា​រៀង​ រហូត ។

ក្រោយ​ពី​កសាង​ប្រាសាទ​ មហេន្ទ្រៈ​រួច ព្រះ​អង្គ​ទ្រង់​ចាប់​កសាង​ប្រាសាទ​បឹងមាលា​ដ៏​ឆើតឆាយ ចម្ងាយ​ប្រហែលជា​៣​គីឡូម៉ែត្រ ពី​ភ្នំ​គូលែន ដែល​មាន​កម្ទេច​បាក់បែក​នៅ​សេស​សល់​ល្អ​នៅ​ឡើយ នៅ​លើ​ផ្លូវ​ពី​ព្រះខ័ន ទៅ​អង្គរធំ ល្អ​ទាល់តែ​អ្នក​ជំនាន់​ក្រោយៗ​ជឿ​ថា សាងសង់​ឡើង​ដោយ​ទេវបុត្រ​វិស្វកម្ម ដែល​ជា​វិស្វករ​នៅ​ស្ថាន​ព្រះឥន្ទ្រ ។ ការ​ដែល​និយាយ​ដូច្នេះ​ប្រហែល​មិនមែន​ដោយ​ការ​សន្មតិ​សុទ្ធសាធ​នោះ​ទេ ពីព្រោះ​ថា ពាក្យ​វិស្វកម្ម​នេះ ជា​ឋានៈ​ដែល​គេ​ដាក់​ឱ្យ​មេ​វិស្វករ​ក្នុង​ព្រះរាជវាំង ។

មាន ​អ្នកខ្លះ​ចង់​ផ្គូ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣​នេះ ថា​ជា​ព្រះថោង ដែល​ខ្ញុំ​បាន​រៀបរាប់​ពី​ខាងលើ​ដោយ​លើក​ហេតុផល​ថា ព្រះថោង​យាង​មក​ពី​ឥណ្ឌា រីឯ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣​យាង​មក​ពី​កោះ​ជ្វា និង​ម្យ៉ាងទៀត​ប្រវត្ដិសាស្ដ្រ​តាម​សិលាចារឹក និង​រឿងនិទាន​និយាយ​ថា ស្ដេច​ទាំង​ពីរ​អង្គ​នេះ ជា​អ្នក​កសាង​រាជ​ប្រាសាទ​បឹងមាលា ។ ព្រះបាទ​ជ័យវរ្ម័ន​បាន​សាង​ប្រាសាទ​នេះ​ដើម្បី​ទ្រង់​គង់​ប្រថាប់​នៅ​ ឯ​ព្រះថោង​សាង​ប្រាសាទ​នេះ​ដើម្បី​ថ្វាយ​ដល់​រាជបុត្រ​របស់​ក្សត្រី​ព្រះ​ អង្គ គឺ​ព្រះ​កេតុមាលា ដែល​ចាប់​កំណើត​ឡើង​ដោយ​គ្មាន​បុរស​ណា​មក​បៀតបៀន​ព្រះ​កាយ​ព្រះ​នាង​ទេ តែ​ដោយ​ព្រះ​នាង​យល់​សុបិន​ថា ព្រះឥន្ទ្រ​បាន​មក​អង្អែល​ផ្ទៃ​ព្រះ​នាង ។ ការ​កំណត់​ប្រៀប​ដូច្នេះ គ្មាន​មូលដ្ឋាន​ទេ (2) ។
ខ្ញុំ​ និយាយ​ដូច្នេះ មិនមែន​មាន​ន័យ​ថា មិន​ឱ្យ​ជឿ​រឿងព្រេង ថា​រឿងព្រេង​គ្មាន​អ្វី​ជា​ប្រាកដ​នោះ​ទេ ។ ដូច​ខ្ញុំ​បាន​និយាយ​ពី​ខាងលើ​រួច​មក​ហើយ​ថា រឿងព្រេង​ច្រើន​តែ​ចាប់​កំណើត​ចេញ​មក​ពី​ហេតុការណ៍​ប្រវត្ដិសាស្ដ្រ​ណា​មួយ ដែល​បង្កប់​នៅ​ពី​ក្នុង​ការ​បំផ្លើស​បន្ថែម និង​អបិយ​ជំនឿ ហេតុការណ៍​នោះ គេ​ពិបាក​នឹង​ស្រាយ​បំភ្លឺ​ណាស់ តែ​គេ​អាច​ស្រាវជ្រាវ​រក​ឃើញ​តាម​រយៈ​ការ​តុបតែង​ឱ្យ​កាន់តែ​ល្អ​នោះ​ ឯង ។ ខ្ញុំ​សូម​ជូន​ភស្ដុ​តាង​ពីរ ៖ ទី​១​គឺ​ពាក្យ វរ្ម័ន ជា​ព្រះ​នាម​តាម​ខ្សែ​ស្រឡាយ​របស់​ព្រះរាជា​ទាំងអស់​ចាប់តាំងពី​ស្ដេច​ កោណ្ឌញ្ញៈ រហូត​មក​ដល់​សតវត្សរ៍​ទី​១៤​ តែ​ខ្មែរ​សព្វថ្ងៃ​ភ្លេច​ស្ទើរ​អស់​បាត់​ទៅ​ហើយ​ ពាក្យ​នេះ​មាន​នៅ​ក្នុង​ព្រះ​នាម​របស់​ស្ដេច​ចាម​បួន​អង្គ​ក្នុង​បណ្ដា​ ស្ដេច​ចាម​ប្រាំមួយ​អង្គ គឺ​ជ័យវរ្ម័ន​ សុរិយាវរ្ម័ន​ ធរណិន្ទ្រវរ្ម័ន និង​អាទិត្យវរ្ម័ន ។ ចំណុច​ទី​២ គឺ​ព្រះ​នាម​របស់​ព្រះរាជា​ទី​២ ដូច​ព្រះ​នាម​របស់​ព្រះបាទ​សុរិយាវរ្ម័ន នៅ​ក្នុង​សិលាចារឹក​ដែរ រីឯ​ព្រះ​នាម​របស់​ព្រះរាជា​ទី​៤ ធរណិន្ទ្រវរ្ម័ន ធ្វើ​ឱ្យ​គេ​នឹក​ទៅ​ដល់​ព្រះ​ប្រថវិន្ទ្រវរ្ម័ន នៃ​សិលាចារឹក ព្រោះ​ធរណី និង​ប្រថវី មាន​ន័យ​ថា ដី​ដូច​គ្នា ។ ក៏​ប៉ុន្ដែ ថ្វីបើ​មាន​ចំណុច​ដូច​គ្នា​ដ៏​កម្រ​នៅ​ក្នុង​សិលាចារឹក​ផង និង​ក្នុង​រឿងព្រេង​ផង​យ៉ាងនេះ​ក្ដី ក៏​យើង​មិន​អាច​អះអាង​ថា អ្វី​ទាំង​អស់នោះ​ប្រាកដជា​ពិតជា​ដូច្នេះ​មែន​ទាំង​អស់នោះ​ទេ ។

សិលាចារឹក ​ស្ដុកកក់ធំ​មាន​ចែង​លម្អិត​រឿង​មួយ​ចំនួន​គួរ​ឱ្យ​ឆ្ងល់ ដែល​គួរតែ​លើក​យក​មក​ពិនិត្យ​នា​ពេល​នេះ ។ ក្រោយ​ពី​បាន​រៀបចំ​ទុកដាក់​ព្រះរាជ​វង្ស​ឱ្យ​គង់នៅ​កន្លែង​មួយ​មាន​ឈ្មោះ​ ថា «គុទិ» នៅ​ពី​ខាងកើត​ទន្លេ​រួច​មក ព្រះបាទ​ជ័យវរ្ម័ន​ទ្រង់​ជ្រើសរើស​យក​យុវជន​ចេញពី​ព្រះរាជ​វង្ស​យក​ទៅ​កសាង​ អមរេន្ទ្របុរៈ​ថ្វាយ​ព្រះរាជ​គ្រូ រួច​កសាង ភវៈល័យ ដែល​ព្រះ​អង្គ​ថ្វាយ​ទៅ​ព្រះរាជ​គ្រូ​ដែរ រួច​ទើប​ទ្រង់​កសាង​លិង្គ​មួយ ។
ក្នុង ​ពេល​ដែល​ទ្រង់​គង់នៅ​ឯមហិន្ទ្របព៌ត ទ្រង់​បាន​ចាត់​ឱ្យ​ព្រាហ្មណ៍​ហិរយនធម្មៈ ជា​ព្រាហ្មណ៍​មក​ពី​ជនបទ «ជា​អ្នកប្រាជ្ញ​ចេះ​ចាំ​នូវ​វិទ្យាសាស្ដ្រ​គ្រប់គ្រាន់» ពិនិត្យ​សើរើ​ច្បាប់​ទាំងឡាយ​ដែល​បញ្ជាក់​អំពី «ភាព​ចំណុះ​ជ្វា​របស់​ព្រះ​អង្គ» ដើម្បី​ធ្វើ​ឱ្យ កម្រតេង ផ្ទៃក្រោម​ទាំងអស់ (គឺ​បណ្ដា​ស្ដេចត្រាញ់​ផ្នែក​ខាងក្រោម​ព្រះធរណី) មាន​ច្បាប់​សម្រាប់​អនុវត្ដ​ចំពោះ​ព្រះ​ចក្រ​វាទិន គឺ​ព្រះ​អធិរាជ​ជា​ម្ចាស់​ទឹកដី ។ ព័ត៌មាន​លម្អិត​នេះ​បញ្ជាក់​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៣​ទ្រង់​ប្រកាស​ខ្លួន​ព្រះ​អង្គ​ថា​ជា​ព្រះ​មហារាជ​ ហើយ​ប្រគល់​ដល់​ព្រះរាជា​ឯទៀត​ក្នុង​ស្រុក​ខ្មែរ​នូវ​ឋានៈ​ដូច​ព្រះរាជា​ វយធបុរៈ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​សិលាចារឹក​ព្រះបាទ ។
ព្រះបាទ​ជ័យវរ្ម័ន​ទី​៣​ទ្រង់​សុគត​នៅ​ឆ្នាំ​៨៦៩ ក្រោយ​ពី​ទ្រង់​សោយរាជ​សម្បត្ដិ​បាន​៦៧​ឆ្នាំ និង​មាន​ព្រះ​មរណនាម​ថា បរមេស្វរៈ មាន​ន័យ​ថា «ទ្រង់​ជា​ភ្ញៀវ​របស់​ស្ថានសួគ៌​ឥស្វារៈ» គឺ​ស្ថាន​របស់​ព្រះ​សិវៈ ។
ទំនៀម ​មួយ​ដែល​គេ​ប្រទះ​ឃើញ​មាន​នៅ​អាណ្ណាម ក៏​ដូច​ជា​នៅ​ស្រុក​ចាម ហើយ​ដែល​នៅ​មាន​រហូត​ដល់​សព្វថ្ងៃ​នៅ​កម្ពុជា គឺ​ថ្វាយ​ព្រះ​នាម​មួយទៀត​ដល់​ព្រះរាជា​ដែល​សុគត​ទៅ ដទៃ​ពី​ព្រះ​នាម​ពេល​ដែល​ទ្រង់​នៅ​មាន​ព្រះ​ជន្ម ព្រះ​នាម​នោះ​គេ​ច្រើន​តែ​ដក​យក​ពី​ឈ្មោះ​ស្ថានសួគ៌​ណា​មួយ ដែល​គេ​គិត​ថា ព្រះ​អង្គ​នឹង​យាង​ទៅ​ចាប់​កំណើត ។ ព្រះបាទ​ជ័យវរ្ម័ន ទ្រង់​មាន​ព្រះ​មរណនាម​ថា បរមេស្វរៈ ឯ​ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ ក៏​សុទ្ធតែ​មាន​ព្រះ​មរណនាម​ដែរ ព្រះ​មរណនាម​នោះ​ច្រើន​តែ​បញ្ចប់​ដោយ​ពាក្យ​ថា «លោក» ឬ «បទ» ដែល​មាន​ន័យ​ថា «ទីកន្លែង» ដូច​គ្នា ចំណែកឯ​ព្រះ​នាម​វិញ គឺ​ច្រើន​តែ​យក​ព្រះ​នាម​របស់​ព្រះ​អាទិទេព​ណា​មួយ​តែ​ម្ដង ។ ប្រហែលជា​ចាប់​តាំងពី​ពេល​នោះ​មក នៅ​ពេល​ដែល​ព្រះរាជា​មួយ​អង្គ​ទ្រង់​សុគត​ទៅ គេ​តែងតែ​សាងសង់​រូប​បដិមា​មួយ ដែល​ជា​រូប​ព្រះ​អាទិទេព​តំណាង​ព្រះរាជា​នោះ ពេល​ទ្រង់​យាង​ទៅ​កើត​នៅ​ស្ថានសួគ៌ ប្រកបដោយ​លក្ខណៈ​ទាំងឡាយ​របស់​ព្រះ​អង្គ ។

២. ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ (៨៦៩​-​៨៧៧)
ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣​គឺ​រាជបុត្រ​របស់​ព្រះ​អង្គ ដែល​ជា​ស្ដេច​ «មាន​រស្មី​ភ្លឺ​ចិញ្ចាច​បីដូច​ជា​ព្រះអាទិត្យ ប្រកប​ទៅ​ដោយ​គុណធម៌​វីរភាព ទ្រង់​ជា​អ្នក​បង្កើន​ភោគទ្រព្យ និង​កិត្ដិគុណ» (បន្ដ​ពី​ព្រះ​បិតា) ។ គឺ​ដោយសារ​គុណសម្បត្ដិ​ទាំង​អស់នេះ​ហើយ ទើប​បាន​ជា​ទ្រង់​មាន​ព្រះ​នាម​មុន​ពេល​ឡើង​សោយរាជ្យ​ថា​ ព្រះ​ស្រីជ័យវរធម្មៈ​ រួច​ហើយ​មាន​ព្រះ​អភិសេក​នាម​ថា​ ស្រីជ័យវរ្ម័ន ។ ព្រះ​អង្គ​ជា​ព្រះ​ចៅ​អធិរាជ​ដូចជា​ព្រះ​បិតា​ដែរ ហើយ «ព្រះបាទ​របស់​ព្រះ​អង្គ​ជាន់​នៅ​ពីលើ​ព្រះ​កេស​របស់​ព្រះរាជា​ ទាំងឡាយ» ។
ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៤ ទ្រង់​សោយរាជ្យ​នៅ​ហរិហរល័យ ជា​រាជធានី​ដែល​ព្រះ​បិតា​សាងសង់​ឡើង ហើយ​ដែល​ទ្រង់​យាង​ត្រលប់​មក​គង់នៅ​វិញ​នៅ​ចុង​រជ្ជកាល​របស់​ព្រះ​អង្គ ក្រោយ​ពី​ទៅ​គង់​នៅ​ឯ​មហេន្ទ្របុរៈ​មួយ​រយៈ ។ ព្រះ​អង្គ​គង់នៅ​ជិត​ «ព្រះ​ទេវ​រាជា» ដោយ​មាន​ព្រាហ្មណ៍​ស្ដែង​អញ​សុខៈស្មាវិន្ឌុ ត្រូវជា​ក្មួយ​របស់​ស្ដែងអញ​សិវៈកៃវល្យៈ ជា​បុរោហិត​រៀបចំ​ពិធី​គោរព​បូជា​ជាមួយ​ព្រាហ្មណ៍​មួយ​ក្រុម ។
ព្រះបាទ​ជ័យវរ្ម័ន​ទី​៤​បាន​សុគត​នៅ​ឆ្នាំ​៨៧៧​នៃ​គ្រិស្ដសករាជ​ត្រូវ​នឹង​មហាសករាជ​៧៩៩​ រួច​ទ្រង់​ទទួល​ព្រះ​មរណនាម​ថា វិស្ណុលោក មាន​ន័យ​ថា ការ​ស្នាក់​នៅ​នៃ​ព្រះ​វិស្ណុ ឬថា ជា​ភ្ញៀវ​របស់​ព្រះ​វិស្ណុ ។

៣. ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ (៨៧៧​-​៨៨៩)
ព្រះបាទ ​ឥន្ទ្រវរ្ម័ន (ព្រះឥន្ទ្រ​ជា​អ្នក​ការពារ) សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ។ ព្រះ​អង្គ​ត្រូវជា​បងប្អូន​ឆ្ងាយ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ហើយ​ទ្រង់​ហាក់​ ដូចជា​មិន​មាន​សិទ្ធិ​ត្រឹមត្រូវ​លើ​រាជសម្បត្ដិ​ប៉ុន្មាន​ទេ ។​ ប្រសិនបើ​ព្រះបាទ​ជ័យវរ្ម័ន​មាន​រាជបុត្រ​មួយ​ព្រះ​អង្គ ឬ​មាន​ព្រះ​អនុជ ឬ​ក៏​បងប្អូន​ជីដូនមួយ​នោះ ព្រះបាទ​ឥន្ទ្រវរ្ម័ន គឺជា​ស្ដេច​ជ្រែករាជ្យ បើ​ពុំនោះ​ទេ ជា​ព្រះរាជា​ដែល​គេ​ជ្រើសតាំង​ឡើង​ក្នុង​ចំណោម​រាជវង្ស តែ​សាច់​ឆ្ងាយ​បន្ដិច ។
ព្រះ​អង្គ​ ត្រូវជា​ព្រះរាជ​នត្ដា​ក្មួយ​របស់​ព្រះបាទ​ស្រីរុទ្រវរ្ម័ន ដែល​ត្រូវជា​អយ្យកា​មីង​ខាង​ព្រះ​មាតា​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ។ ព្រះបាទ​ស្រីរុទ្រវរ្ម័ន​នេះ មាន​ព្រះ​នាម​ល្បី​ថា «ជា ​អ្នក​និយម​ការ​ជាក់ស្ដែង និង​មាន​វីរភាព​ឥត​ប្រៀបផ្ទឹម ។​ ទ្រង់​គិតតែ​ពី​ព្រះរុទ្រ​ហើយ​ទ្រង់​ទទួល​បាន​ជ័យជម្នះ​ល្បីល្បាញ​ក្នុង​ រាល់​ការ​ប្រយុទ្ធ» ។ ព្រះបិតា​របស់​ព្រះ​អង្គ គឺ​ព្រះ​ព្រឹទ្ធិវិន្ទ្រវរ្ម័ន ដែល​សិលាចារឹក​លើក​ប្រៀប​ប្រដូច​ទៅ​នឹង «មហាសាគរ ពោរពេញ​ទៅ​ដោយ​គុណធម៌» និង​ទ្រង់ «ពូកែ​ល្បី​ខាង​ទាញ​យក​ផល​ពី​ព្រះធរណី» ។ ទាំង​អស់​នេះ​តាម​មើល​ទៅ​គឺ​គ្រាន់​តែ​ជា​ការ​លើក​សរសើរ​តែ​ប៉ុណ្ណោះ ។ ព្រះ​ព្រឹទ្ធិវិន្ទ្រវរ្ម័ន​នេះ (ជា​បុត្រ​របស់​ព្រះ​អនុជ​ក្សត្រី ឬ​ក៏​ព្រះ​បុត្រី) របស់​ព្រះបាទ​រុទ្រវរ្ម័ន ជាមួយ​នឹង​ព្រះ​នរិប្បទ្ទិន្ទ្រវរ្ម័ន ។ សន្ដតិវង្ស​ខ្លី​ដូច្នេះ មើលទៅ​គឺជា​ពង្សាវលី​របស់​ស្ដេច​ដែល​សោយរាជ្យ​នៅ​លើ​ក្សត្រ​ប្រទេស​មួយ​តូច អាច​ថា​មិនមែន​ជា​ក្សត្រ​ប្រទេស​ចំណុះ​ទេ ក៏​ប៉ុន្ដែ​សោយរាជ្យ​តៗ​គ្នា តែ​ដូច្នេះ ពោល​គឺ ជា​អង្គ​ម្ចាស់​មួយ​អង្គ​ដែល​នៅ​ឆ្ងាយ​ពី​រាជបល្ល័ង្ក និង​ជា​អនុវង្សៈ មិនមែន​ជា​វង្សៈ (3) ទេ ។

ព្រះបាទ ​ឥន្ទ្រវរ្ម័ន​ទ្រង់​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ប្រហែល​ដោយសារ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤​ទ្រង់​សុគត​ទៅ​ដោយ​គ្មាន​បុត្រា​មួយ​ អង្គ​សោះ ហើយ​គ្មាន​វង្ស​មួយ​អង្គ​សោះ ចន្លោះ​ពី​ព្រះបាទ​ជ័យវរ្ម័ន មក​ដល់​ព្រះ​អង្គ ។ រឿង​នេះ​ហាក់​ដូចជា​គ្មាន​អ្វី​ប្លែក​ទេ ព្រោះ​តាម​ការ​ពិនិត្យ​ពង្សាវលី​សម្ភុបុរៈ​ព្រះ​មហាក្សត្រី មិន​សម្បូរ​រាជបុត្រ​ប៉ុន្មាន​ទេ​គឺ​មាន​តែ​រាជបុត្រា​ ឬ​រាជបុត្រី​មួយ​អង្គ​ប៉ុណ្ណោះ ។​ តើ​ជាតិ​សាសន៍​ចាប់​រេចរឹល​ហើយ ឬ​យ៉ាងណា ឬ​ក៏​ថា បណ្ដា​ក្សត្រា​ទាំងឡាយ​ឆាប់​ប្រឡូក​នឹង​ល្បែង​ស្នេហា​តាំងពី​វ័យក្មេងៗ រួច​មាន​មហេសី លុះតែ​ពេល​មាន​វ័យ​ចំណាស់ ដែល​ចុះ​ខ្សោយ​ណាស់​ទៅ​ហើយ ដូច​ជា​នៅ​ឥណ្ឌា​អ៊ីចឹង ? ម្យ៉ាងទៀត ព្រះរាជា​នា​ពេល​នោះ​អាច​នឹង​មាន​ព្រះ​ជាយា និង​ស្រីស្នំ​ជា​ច្រើន​ដូច​នៅ​កម្ពុជា​សព្វថ្ងៃ ក្នុង​នោះ​មាន​តែ​ព្រះ​អគ្គមហេសី​មួយ​ប៉ុណ្ណោះ ដែល​ជា​ព្រះ​មហាក្សត្រី​ដែល​ព្រះរាជបុត្រ​មាន​សិទ្ធិ​អាច​ឡើង​សោយរាជ្យ​ស្នង ​បាន ដូចដែល​ជា​ទម្លាប់​រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ នៅ​ប្រទេស​លាវ ។ បើ​ទោះជា​យ៉ាងណា​ក្ដី ការ​ជ្រើស​រើស​យក​ព្រះបាទ​ឥន្ទ្រវរ្ម័ន ឱ្យ​ឡើង​សោយរាជ្យ ហាក់​ដូចជា​មិន​ប្រក្រតី ។ ក៏​ប៉ុន្ដែ មិន​មាន​ឯកសារ​ណា​បញ្ជាក់​ថា ព្រះ​អង្គ​ឡើង​សោយរាជ្យ​ដោយ​មាន​ការ​បញ្ចៀស​រជ្ជទាយាទ​ពេញ​សិទ្ធ​ណាមួយ​ចេញ​ ក៏​ទេ​ដែរ ។

មាន​មនុស្ស​ពីរ​នាក់​ ដែល​មាន​តួនាទី​សំខាន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​រជ្ជកាល​នេះ ហើយ​ប្រហែលជា​សំខាន់ ជា​ពិសេស​នៅ​ពេល​ដែល​គេ​ធ្វើការ​ជ្រើសរើស​ព្រះបាទ​រុទ្រវរ្ម័ន​ឱ្យ​ឡើង​ សោយរាជ្យ​ប្រសិនបើ​ព្រះ​អង្គ​ឡើង​សោយរាជ្យ​បែប​នេះ ។ នោះ​គឺ​ស្ដែង​អញ​ស្រីសោមៈ ជា​ព្រះរាជ​គ្រូ​ និង​វិមសិវៈ ដែល​ជាប់​ពូជ​ជាមួយ​សិវៈកៃវល្យៈ ហើយ​ជា​សិស្ស​រួម​គ្រូ​តែ​មួយ​ជាមួយ​ស្រីសោមៈ​ផង ។ វិមសិវៈ នេះ​បាន​ត្រូវ​ព្រះរាជា​ជ្រើសតាំង​ឱ្យធ្វើ​ជា​បុរោហិត​រៀបចំ​ពិធី​គោរព​បូជា ​ផ្សេងៗ ។ អ្នក​ទាំង​ពីរ​នាក់​នេះ បាន​រៀបចំ​កសាង​ប្រាសាទ​មួយ​ថ្វាយ​ព្រះ​សិវៈ រួច​ឱ្យ​ធ្វើ​លិង្គ​ពីរ​ដាក់​ក្នុង​ប្រាសាទ​នោះ ។ ដោយហេតុ​នោះ​ហើយ បានជា​គេ​ហៅ​អ្នក​ទាំង​ពីរ​ម្នាក់​ថា​ជា កម្រតេង​ចាស់ ម្នាក់​ទៀត​ថា​ជា កម្រតេង​ក្មេង​នៃ​ព្រះ​សិវស្រមៈ ។ អ្នកជំនាញ​ខាង​ឥណ្ឌា​វិទ្យា​ជឿ​ថា សិវស្រមៈ​នោះ​គឺ ប្រាសាទ​បាយ័ន ។

ព្រះបាទ​ឥន្ទ្រវរ្ម័ន បាន​ចាត់​ឱ្យ​សាង​ប្រាសាទ​បាគោ​ធ្វើ​អំពី​ថ្ម សង់​លិង្គ​មួយ​ឈ្មោះ​ថា ស្រីឥន្ទ្រេស្វរៈ ហើយ​និង​រូប​បដិមា​ប្រាំ​មួយ​ទៀត ក្នុង​នោះ​មាន​រូប​បី​ព្រះ​អង្គ មួយ​ដូច​ព្រះ​ព្រឹទ្ធិវិន្ទ្រវរ្ម័ន ជា​ព្រះ​បិតា​ មួយ​ទៀត​ដូច​ព្រះបាទ​រុទ្រវរ្ម័ន ជា​ព្រះ​អយ្យកោ​ខាង​ព្រះ​មាតា និង​មួយទៀត​ដូច​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ជា​អ្នក​រៀបចំ​រាជវង្ស​ឡើង​វិញ ។ រីឯ​ព្រះ​បដិមា​បី​ព្រះ​អង្គ​ទៀត គឺ​ដូច​ព្រះ​មហេសី​របស់​ស្ដេច​ទាំង​បី គឺ​ព្រះ​មាតា​របស់​ព្រះ​អង្គ ព្រះ​អយ្យកា ហើយ​និង​ព្រះ​មហេសី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ។

ព្រះ​អង្គ​បាន​សាង​ប្រាសាទ​បាគង​នៅ​ជិត​ប្រាសាទ​បាគោ (4) រួច​បាន​កសាង​នៅ​ឯ​សិវៈបុរៈ​ដែល​គេ​មិន​ដឹង​ជា​នៅ​ឯណា​នូវ «ប្រាសាទ ​មួយ​មាន​ពន្លឺ​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​ប្រៀប​បាន​ទៅ​នឹង​រតនវត្ថុ រុំ​ព័ទ្ធ​ទៅ​ដោយ​វល្លិ​មាន​សន្លឹក​ស្រស់​បំព្រង សម្រាប់​ការពារ​ព្រះ​សិវៈ ទប់ទល់​នឹង​ភាព​ត្រជាក់ និង​អាកាសធាតុ​ប្រែប្រួល​ផ្សេងៗ​ទៀត» ។ នៅ​ជិត​ប្រាសាទ​ទាំង​ពីរ «ដែល ​ព្រះ​អង្គ​បាន​សង់​ដោយ​ស្នា​ព្រះ​ហស្ដ​ផ្ទាល់ ហើយ​ដែល​ទ្រង់​បាន​ផ្ដល់​នូវ​មធ្យោបាយ​ផ្គត់ផ្គង់​ស្បៀង សេចក្ដី​សប្បាយ និង​ការ​គាប់ចិត្ដ​គ្រប់យ៉ាង ទ្រង់​បាន​ចាត់​ឱ្យ​ជីក​ស្រះ​ដ៏​ល្អ ដើម្បី​បំពេញ​ជូន​ភ្ញៀវ និង​ជន​ដទៃ​ទាំងឡាយ នូវ​ភាព​សម្បូរ​សប្បាយ​ប្រកប​ទៅ​ដោយ​វត្ថុ​ចាំបាច់​សម្រាប់​ការ​រស់នៅ »។

ដូច ​ជា​ព្រះមហាក្សត្រ​មុនៗ​ដែរ ព្រះបាទ​ឥន្ទ្រវរ្ម័ន​ជា​ក្សត្រ​ពូកែ​ធ្វើសង្គ្រាម ។ សិលាចារឹក​ព្រះបាទ​បាន​ចាត់​ទុក​ព្រះ​អង្គ​ថា​ «សម​នឹង​ទទួល​ការ​គោរព​ពី​អ្នក​ទាំងឡាយ​ដែល​ជា​សីហៈ ក្នុង​ចំណោម​មនុស្សជាតិ» ចំណែកឯ​សិលាចារឹក​បាយ៉ង់ និយាយ​ថា «ជា ​សត្វ​សិង្ហ​ក្នុង​បណ្ដា​ព្រះរាជា​ទាំងឡាយ ព្រះ​អង្គ​មិន​ដែល​រា​ថយ​ពី​ការ​ប្រយុទ្ធ​សោះ​ឡើយ ។ ព្រះ​អង្គ​ប្រកប​ទៅ​ដោយ​គុណធម៌​ទាំង​ឡាយ​ដែល​ព្រះរាជា​ត្រូវ​មាន​រួម​ទាំង «គុណធម៌​ទាំង​១០​ជា​ប្រធាន (5) គុណសម្បត្ដិ​ទាំង​៦ ហើយ​ទ្រង់​មាន​អានុភាព​ទាំង​៣ ពីព្រោះ​ថា ព្រះ​អង្គ​អាច​ឈ្នះ​លើ​ព្រះ​កាយ​ព្រះ​អង្គ​ឯង​បាន បាន​ការ​ពារ​ផែនដី​នេះ​ប្រៀប​បាន​ទៅ​នឹង​មនុ ដោយ​មិន​មាន​អាក់ខាន​ក្នុង​កាតព្វកិច្ច​រៀបចំ​ពិធី​បួងសួង និង​ដឹង​ច្បាស់​អំពី​អ្វី​ដែល​គួរ អ្វី​ដែល​ពុំគួរ​ទៀត​ផង» ។

សិលាចារឹក​បាន​បន្ដ​ទៀត​ថា «ប្រហែលជា ​ព្រះ​ដែល​បង្កើត​លោក​នេះ លោក​នឿយ​ណាយ​នឹង​ការ​បង្កើត ស្ដេច​ច្រើន​ពេក ទើប​លោក​បង្កើត​ព្រះរាជា​អង្គ​នេះ​មក​ឱ្យ​ប្រកប​ទៅ​ដោយ​គុណសម្បត្ដិ​ គ្រប់គ្រាន់ សម្រាប់​លោក​ទាំង​បី ព្រះរាជា​នេះ​ហើយ​ដែល​ស្ដេច​ឯទៀតៗ​ទទួល​យក​បញ្ជា​ដាក់​លើ​សិរសា» ។
ព្រះបាទ​ឥន្ទ្រវរ្ម័ន សុគត​នៅ​ឆ្នាំ​៨៨៩​នៃ​គ្រិស្ដសករាជ ត្រូវ​នឹង​មហាសករាជ​៨១១ ហើយ​ទ្រង់មាន​ព្រះ​មរណនាម​ថា ឥស្វរៈលោក ។

៤. ព្រះបាទ​យសោវរ្ម័ន (៨៨៩-៩០៨)
ព្រះបាទ ​យសោវរ្ម័ន​ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ ហើយ​ទ្រង់​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​បិតា​នៅ​ឆ្នាំ​៨៨៩​នៃ​គ្រិស្ដសករាជ ត្រូវ​នឹង​មហាសករាជ​៨១១ ។ សិលាចារឹក​បាន​និយាយ​អំពី​ព្រះ​អង្គ​ថា ជា​ «ការ​ប្រមូលផ្ដុំ​នៃ​ភាព​ថ្កុំថ្កើង» ព្រោះ​ព្រះ​អង្គ​បាន​វាត​អំណាច​ត្រួតត្រា​របស់​កម្ពុជា​បាន​ខ្លាំង​ ជាងគេ ។ សិលាចារឹក​បាន​លើក​ឡើង​ទៀត​ថា ព្រះ​អង្គ​គួរ​ទទួល​បាន​នូវ​ព្រះ​នាម​បី ៖ ចំពោះ​អ្នកប្រាជ្ញ ព្រះ​អង្គជា​គ្រូអាចារ្យ ជា​សាស្ដ្រាចារ្យ​ ចំពោះ​នារីៗ ព្រះ​អង្គជា​បុរស​គួរ​ជាទី​ស្នេហា​ ចំពោះ​ព្រះរាជា​ទាំងឡាយ ព្រះ​អង្គជា​ព្រះ​មហេន្ទ្រៈ គឺ ព្រះឥន្ទ្រ​ធំ ។ ព្រះ​អង្គ​បាន​ចាប់​បដិ​សន្ធិ​ឡើង «ប្រកប​ទៅ​ ដោយ​ សម្ពស្ស​ល្អ​លើស​គេ ពុំ​មាន​នរណា​ម្នាក់​ដែល​មាន​ព្រះ​ភ័ក្ដ្រ​ស្រស់​ល្អ​ស្មើ​នឹង​ព្រះ​អង្គ​ ឡើយ ក្រៅ​តែ​ពី​ព្រះចន្ទ្រ​ចេញ» ។ កិត្ដិគុណ​របស់​ព្រះ​អង្គ​បរិសុទ្ធ ប្រៀប​បាន​ទៅ​នឹង​កាំ​ពន្លឺ​ព្រះ​ចន្ទ្រា ដែល​គ្របដណ្ដប់​ទៅ​គ្រប់​ទិស​ទី​នៃ​ពិភពលោក ហាក់​បីដូចជា​សមុទ្រ​ទឹកដោះ ហើយ​ដេញ​កម្ចាត់​អស់​នូវ​ភាព​អន្ធកាល ដែល​រត់គេច​ដោយ​ខ្លាច​រីងស្ងួត ដោយ​តេជានុភាព​របស់​ព្រះ​អង្គ ។ ទ្រង់​ជា​ព្រះ​ចៅអធិរាជ​លើ​ព្រះរាជា​ទាំងឡាយ ហើយ​កិត្ដិនាម​ដ៏​រុងរឿង​ នយោបាយ​ សោភ័ណ​ភាព និង​សប្បុរសធម៌​របស់​ព្រះ​អង្គ​បាន​ផ្សព្វផ្សាយ​ទៅ​គ្រប់​ទិស​ទាំង​បួន ប្រៀប​បាន​នឹង​ទេពធីតា​ដែល​លម្អ​ទៅ​ដោយ​ការ​សន្ដោស​ ថាមពល​ គុណធម៌​ ភាព​រមទម​ កិត្ដិគុណ​ កុសល និង​គតិបណ្ឌិត ។ នៅ​ក្នុង​ការ​ប្រយុទ្ធ ព្រះ​អង្គ​មាន​ព្រះ​ហស្ដ​ត្រៀម​ជា​និច្ច នឹង​សម្លាប់​សត្រូវ​កោងកាច បីដូច​ជា​ទ្រង់​បាន​រៀនសូត្រ​ពី​គទព្រឹទ្ធ (ក្រឹស្ន​-​វិស្ណុ) នូវ​ល្បិច​ចាប់​ហែក​ទ្រូង​របស់​ហិរន្យកស្សិពុ (មនុស្ស​សិង្ហ​-​ជា​ស្ដេច​យក្ស) អ៊ីចឹង ។ ព្រះ​ខ័ន​របស់​ព្រះ​អង្គ តែ​ដក​ចេញ​ហើយ មិន​ដែល​អាក់​ខាន​នឹង​កាប់​នោះ​ទេ​ហើយ​កាប់​តែ​មួយ​ព្រះ​ខ័ន​អ្វីៗ​ក៏​ដាច់​ ជា​បី​កំណាត់​ដែរ​ទោះជា​ដែក​វែង​មូល​ធំ​ ឬ​រឹង​យ៉ាងណា​ក៏​ដោយ គឺ​ហាក់​បីដូចជា​ការ​ដាក់ទោស​ចំពោះ​ការ​ដែល​ហ៊ាន​ប្រឆាំង​នឹង​ថ្វី​ព្រះ​ ហស្ដ​របស់​ព្រះ​អង្គ ។ ព្រះ​អង្គ​អាច​បាញ់​ព្រួញ​នឹង​ព្រះ​ហស្ដ​ឆ្វេង​ក៏​បាន ព្រះ​ហស្ដ​ស្ដាំ​ក៏​បាន ហើយ​តែងតែ​ត្រូវ​គោលដៅ​ជា​និច្ច ។ នៅ​ទី​បញ្ចប់ ព្រះ​ដែល​ជា​អ្នក​បង្កើត​លោក​ឆ្ងល់​ហើយ​សួរ​ខ្លួនឯង​ថា ចុះ​ហេតុ​អ្វី​ក៏​អាត្មាអញ​បង្កើត​ព្រះរាជា​នេះ​មក​ធ្វើ​ជា​គូប្រជែង​នឹង​ ខ្លួនឯង​ដូច្នេះ ព្រះរាជា​នេះ​ដែល​ជា​ប្រជាបតិ (ព្រះ​បង្កើត​លោក) និង​ជា​បរមេស្វរៈ (ឧត្ដម​រាជា ឬ​ព្រះ​សិវៈ) មួយ​ទៀត ។

ព្រះបាទ ​យសោវរ្ម័ន​ប្រៀប​បាន​ទៅ​នឹង​ស្ដេច​ល្វី​ទី​១៤​របស់​បារាំង ។ ទ្រង់​មាន​ស្ដែង​អញ​វមសិវៈ ដែល​ត្រូវជា​ចៅ​របស់​សិវៈកៃវល្យៈ ជា​ឧបជ្ឈា ជា​អ្នក​រៀបចំ​ពិធី​ទេវ​រាជា​មុន​គេ ។ ព្រះ​អង្គ​មាន​ចំណង់​ចំណូល​ចិត្ដ​ក្នុង​ការ​សាង​សង់ ហើយ​ហាក់​ដូចជា​មាន​បំណង​ដូច្នេះ​តាម​ការ​ណែនាំ​របស់​រាជគ្រូ និង​ក្រុម​គ្រួសារ​របស់​រាជគ្រូ ។ ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​គេ​កេណ្ឌ​ពួក​ភត្ដាស្សៈ មាន​ន័យ​ថា អ្នក​ស៊ីសាច់​សត្វ គឺ​រាស្ដ្រ​សាមញ្ញ (ពួក​អ្នក​រដ្ឋវាសី) សាង​សង់​ប្រាសាទ​ កំពែង​ បដិមា​ រួច​ទ្រង់​ឱ្យ​គេ​ចារ​ព្រះរាជ​បញ្ជា​ដាក់​នៅ​ពាស​ពេញ​ព្រះ​នគរ ប្រៀប​បាន​ទៅ​នឹង​ព្រះ​អសោកៈ​មួយ​អង្គ​ទៀត​ដូច្នោះ​​ដែរ ។ ព្រះ​អង្គ​ប្រគល់​ខ្ញុំ​ជា​ច្រើន​ឱ្យ​វត្ដ​នីមួយៗ ដែល​ព្រះ​អង្គ​បាន​បង្កើត​ដី​ចំនួន​មួយ​រយ​វ្រៈ (6) ព្រមទាំង​ទ្រព្យធន និង​ឧបភោគភណ្ឌ​ធ្វើ​អំពី​មាស សម្រាប់​ការ​រៀបចំ​ពិធី​គោរព​បូជា​ផ្សេងៗ ។ ទ្រង់​បាន​ចាត់​ឱ្យ​ស្ដែង​អញ​សិខៈ ជា​សិស្ស​របស់​កម្រតេង​ចាស់​នៃ​សិវៈស្រមៈ ដែល​ទ្រង់​ឱ្យ​ទទួល​បន្ទុក​ខាង​កេណ្ឌ​កម្លាំង​ថ្វាយ​ព្រះរាជា​ដើរ​កសាង​ សិវលិង្គ​ និង​ព្រះ​បដិមា​ដាក់​ពាស​ពេញ​ព្រះ​នគរ ។​ ចំណែក​ខ្លួន​ព្រះ​អង្គ​បាន​កសាង​ផ្ទាល់​ព្រះ​ហស្ដ​នូវ «ព្រះ ​បដិមា​ព្រះ​សិវៈ និង​ព្រះ​ជាយា​បួន​អង្គ ជា​តំណាង​គម្ពីរ​វេទ​ទាំង​បួន ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ព្រះ​មាតាបិតា ដាក់​នៅ​លើ​មាត់បឹង​ឥន្ទ្រទទកៈ» ។ ដោយហេតុ​នេះ «ភព ​ទាំង​ពីរ គឺ​ស្ថាន​ក្រោម និង​ស្ថាន​លើ មាន​អ្នក​ការពារ​ប្រកប​ទៅ​ដោយ​វីរភាព​ឥត​នរណា​ប្រៀបផ្ទឹម​បាន ៖ នៅ​លើ​ផែនដី មាន​ព្រះរាជា​អបរាជ័យ​មួយ​អង្គ គឺ​ព្រះបាទ​យសោវរ្ម័ន​នេះ ចំណែក​នៅ​ស្ថានសួគ៌​ទាំង​បី​ជាន់​មាន​ព្រះ​មហេន្ទ្រ» ។ «នៅ ​ក្នុង​ការ​ប្រយុទ្ធ ពេល​ក្រឡេក​ឃើញ​ព្រះរាជា​នេះ ដែល​ទ្រង់​ប្រកប​ទៅ​ដោយ​ពន្លឺ​ភ្លឺ​ត្រចះ​ពិបាក​នឹង​ទ្រាំទ្រ បណ្ដា​សត្រូវ​កោង​កាច ទាំងឡាយ​ឱន​ក្បាល​ចុះ​ប្រៀប​បាន​នឹង​ផ្កាឈូក​បាក់​ក​ហើយ​និយាយ​ថា​នេះ​ហើយ​ គឺជា​ព្រះអាទិត្យ» (7) ។

រជ្ជកាល ​របស់​ព្រះ​អង្គ​ចាប់ផ្ដើម​ឡើង​ដោយ​មាន​ការ​បះបោរ​ប្រឆាំង​មួយ ដែល​ប្រហែលជា​រៀបចំ​ឡើង​ដោយ​សមាជិក​រាជវង្សានុវង្ស​របស់​ព្រះបាទ​ជ័យវរ្ម័ន​ ទី​៤ ដែល​ត្រូវ​បាន​បំបែក​ចេញពី​រាជ​សម្បត្ដិ​ដោយ​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១​នៅ​ ឆ្នាំ​៨៨៩​ ក៏​ប៉ុន្ដែ​ចំណុច​ត្រង់នេះ​គេ​មិន​មាន​មូលហេតុ​គ្រប់គ្រាន់​នឹង​អះអាង​ ទេ ។​ព្រះបាទ​យសោវរ្ម័ន​បាន​ធ្វើ​ការ​វាយ​បង្ក្រាប​ការ​បះបោរ​នោះ ហើយ​បាន​ប្រយុទ្ធ​ដោយ​លំបាក​ព្រោះ​ទ័ព​ព្រះ​អង្គ​ទន់​ដៃ ព្រះ​អង្គ​ត្រូវ​សត្រូវ​ព័ទ្ធ​ជុំ​ជិត តែ​បាន​សេនា​ពីរ​នាក់​ការពារ​ជាប់ ប្ដូរ​ស្លាប់​ជំនួស​ព្រះ​អង្គ ។ ក្រោយ​ពី​មាន​ជ័យជម្នះ​លើ​ខ្មាំង​សត្រូវ​រួច​ហើយ «ដើម្បី​ជៀសវាង​កុំឱ្យ​មានការ​បះបោរ​បែប​នេះ​ទៀត ដែល​រង់ចាំ​មើល​តែ​ចំណុច​ខ្សោយ​របស់​ព្រះរាជា​ណាចក្រ ហើយ​ប៉ុនប៉ង​ធ្វើឃាត​ព្រះរាជា» ព្រះបាទ​យសោវរ្ម័ន​បាន​បង្កើត​កង​ស៊ើបការណ៍​មួយ​ក្រុម រួច​ហើយ​បាន​សម្រេច​សាងសង់ «ព្រះរាជ​ធានី​រឹង​មាំ​មួយ គ្មាន​សត្រូវ​ណា​ដណ្ដើម​យក​បាន» ។
រាជធានី​នេះ​មាន​ឈ្មោះ​មុន​ដំបូង​ដូច​ជា​ព្រះ​នាម​របស់​ព្រះ​អង្គ​គឺ​ យសោធបុរៈ​ គឺ​ អង្គរធំ ដែល​ឈ្មោះ​ពិត ប្រាកដ​ថា ឥន្ទ្រប្រាស្ថៈ តែ ​សៀវភៅ​ខ្មែរ​សម័យ​ថ្មី​ហៅ​ថា ឥន្ទ្របាទ ឬ​ក៏​ភាសា​សាមញ្ញ​ថា មហានគរ រាជធានី​នេះ​តាម​មើល​ទៅ គឺ​សាងសង់​នៅ​ពីលើ ឬ​ក៏​ជិត​ទីតាំង​របស់​រាជធានី​ដែល​សាង​ឡើង​ដោយ​ព្រះបាទ​ឦសានវរ្ម័ន នៅ​ដើម​សតវត្សរ៍​ទី​៧​នៃ​គ្រិស្ដសករាជ ។​ អ្នកខ្លះ​និយាយ​ថា​ ព្រះបាទ​យសោវរ្ម័ន​ហៅ​រាជធានី​នេះ​ថា​ កម្ពុបុរី​ តាម​ឈ្មោះ​ទេវ​បុព្វបុរស​ខ្មែរ កម្ពុស្វ័យម្ភុ ដែល​ព្រះ​សិវៈ​បាន​ប្រគល់​ព្រះ​មហេសី គឺ​ព្រះ​នាង​មេរៈ​ឱ្យ ។
នៅ​ក្នុង​រាជធានី​នេះ ទ្រង់​បាន​ចាត់​ឱ្យ​ពូន​ភ្នំ​យសោធគិរី គឺ​ប្រាសាទ​បាពួន ឬ​«ភ្នំ​ដែល​រលំ​បាក់បែក» និង​ឱ្យ​សង់​ប្រាសាទ​ភិមានអាកាស​ «ព្រះរាជវាំង​សម្បូរ​ទៅ​ដោយ​ខ្យល់» ប្រាសាទ​នេះ​សង់​រួច​នៅ​ក្រោម​រជ្ជកាល​ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះ​ អង្គ ។ នៅ​ខាងក្រៅ​រាជធានី ពី​ខាងកើត ទ្រង់​បាន​ចាត់​ឱ្យ​កសាង​យសោធរាស្រម «អាវាស​របស់​យសោ» ។

ព្រះបាទ ​យសោវរ្ម័ន បាន​កសាង​ប្រាសាទ​លលៃ​ផង​ដែរ នៅ​ជិត​ប្រាសាទ​បាគោ និង​បាគង ដើម្បី​ថ្វាយ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបាទ​ឥន្ទ្រវរ្ម័ន ជា​ព្រះ​បិតា​ ព្រះ​នាង​ស្រីឥន្ទ្រទេវី ជា​ព្រះ​មាតា​ និង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះបាទ​មហិបតិវរ្ម័ន និង​ព្រះ​នាង​រាជេន្ទ្រទេវី ជា​ព្រះ​អយ្យកោ​អយ្យកា ព្រោះថា ព្រះ​អង្គ​មាន​ព្រះ​កិត្ដិយស ជា​ពិសេស គឺ​ដោយ​សារ​ខ្សែ​ព្រះ​លោហិត​ខាង​ព្រះ​មាតា ។
ព្រះបាទ ​យសោវរ្ម័ន ពេញចិត្ដ​នឹង​ការ​ធ្វើ​សង្គ្រាម​ណាស់ ។ ក្រោយ​ពី​មាន​ជ័យជម្នះ​លើស​ត្រូវ​ផ្ទៃក្នុង ហើយ​រៀបចំ​ឱ្យ​មាន​ក្រុម​ចារកម្ម​គ្រប់គ្រង​លើ​ពួក​នេះ​រួច​មក ព្រះ​អង្គ​បាន​ធ្វើការ​ប្រយុទ្ធ​រុញ​ច្រាន​ទៅ​លើស​ត្រូវ​ខាងក្រៅ ធ្វើ​ឱ្យ​ពួក​នេះ​ចុះចាញ់ ហើយ​ទ្រង់​បាន​ដាក់​ស្ដេច​បរាជ័យ​ជា​ច្រើន​ជា​ទាសករ ។ ព្រះ​អង្គ​ក៏​មាន​ជ័យជម្នះ​ផង​ដែរ ក្នុង​សង្គ្រាម​តាម​សមុទ្រ «ទៅ​លើ​កង​នាវាចរ​របស់​សត្រូវ​ដែល​មាន​សំពៅ​ថ្មីៗ​ពណ៌​ស​រាប់​ពាន់» ដែល​ព្រះ​អង្គ​វាយ​បាក់​បែក​អស់ ។

ព្រះបាទ ​យសោវរ្ម័ន​ប្រហែលជា​បាន​ធ្វើ​សង្គ្រាម ហើយ​មាន​ជ័យជម្នះ​លើ​ពួក​ចាម​ផង​ដែរ ដែល​ទ្រង់​តាម​វាយ​ប្រហារ​រហូត​រាជធានី​ស្ថិត​នៅ​លើ​ភ្នំ​វែក​ព្រមទាំង​បាន​ ចាប់​ស្ដេច​ចាម​ព្រះ​នាម​ស្រីជយិន្ទ្រវរ្ម័ន​ជា​ឈ្លើយ រួច​លើក​ឧត្ដមសេនីយ៍​ចាម​មួយ​រូប​ឱ្យ​ឡើង​សោយរាជ្យ​ជំនួស ។ ពួក​ចាម​បាន​ប្រមូលគ្នា​ត្រៀមចាំ​នៅ​ចន្លោះ​ពី​រាជធានី​មក​ព្រំប្រទល់ ដែល​មាន​ចំនួន​ទាំងអស់​១២​សង្កាត់ ហើយ​បាន​ធ្វើការ​វាយ​មក​លើ​ទ័ព​ព្រះ​អង្គ​យ៉ាង​ខ្លាំង ពេល​ទ្រង់​យាង​ត្រលប់​មក​ព្រះ​នគរ​វិញ ធ្វើ​ឱ្យ​ព្រះ​អង្គ​ថយ​ដៃ វាយ​ដកថយ​រហូត​ទៅ​ដល់​ភ្នំ​ត្រៃយការ ។ នៅ​លើ​ភ្នំ​នោះ ទ្រង់​បាន​ជ្រក​នៅ​ក្នុង​បន្ទាយ​មួយ​ដែល​មាន​កំផែង​ការពារ​រឹង​មាំ រួច​ទើប​ចាប់​វាយបក​ទៅ​លើ​ទ័ព​សត្រូវ បំផ្លាញ​សង្កាត់​ទាំង​១២​មួយ​ម្ដងៗ ។​ ព្រះ​អង្គ​ស្ទើរតែ​ក្ស័យ​ព្រះ​ជន្ម​ម្ដងទៀត​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​បើ​ កុំ​តែ​បាន​សេនា​ការពារ​បូជា​ជីវិត​ការពារ​ព្រះ​អង្គ ។
ក្រៅពី ​សង្គ្រាម​ ព្រះបាទ​យសោវរ្ម័ន​ជា​ព្រះរាជា​មួយ​អង្គ​ពូកែ​ខាង​ការងារ​រដ្ឋបាល​ទៀត​ ផង ។​សោយរាជ្យ​លើ​នគរ​មួយ​ដែល​មាន​ប្រជាជន​រំពើត​រំពើង ទ្រង់​បាន​រៀបចំ​ប្រជារាស្ដ្រ​ជា​៤​វណ្ណៈ ដែល​ក្នុង​នោះ​ពួក​បច្ឆាញាតិ​របស់​ពួក​ព្រាហ្មណ៍​អន្ដោប្រវេសន៍ បាន​ត្រូវ​បាន​ចែក​តាម​វណ្ណៈ​នីមួយៗ ហើយ​ទ្រង់​ក៏​បាន​រៀបចំ​ឋានៈ​របស់​សេនា​មន្ដ្រី​ផង​ដែរ ។ ដោយ​មាន​សត្រូវ​ច្រើន ព្រះ​អង្គ​បាន​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​ស្ដេច​នគរ​ជិតខាង ហើយ​បាន​ផ្ដល់​ឯកសិទ្ធិ​ដល់​ជនបរទេស​ដែល​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​ថែម​ ទៀត ។
ព្រះ​អង្គ​គោរព​បូជា​ព្រះ​ សិវៈ ក៏​ប៉ុន្ដែ មិន​ប្រកាន់​និកាយ​ណា​មួយ​ទេ ហើយ​ចេះ​សន្ដោស​ប្រណី ពីព្រោះ​ថា ទ្រង់​មាន​មន្ដ្រី​មួយ​រូប​ជាប់​ខ្សែ​ព្រះរាជ​វង្ស​ដែរ ដែល​គោរព​បូជា​ព្រះពុទ្ធ​សាសនា ។ ទ្រង់​ចូល​ចិត្ដ​សិល្បៈ ហើយ​មាន​អ្នកប្រាជ្ញ​បណ្ឌិត​នៅ​ជុំវិញ​ព្រះ​អង្គ ។ ពេល​ណា​ព្រះ​អង្គ​ចេញ​ធ្វើសង្គ្រាម ទ្រង់​អនុវត្ដ​តាម​ទស្សនៈ​របស់​អ្នកប្រាជ្ញ​បណ្ឌិត​ទាំង​អស់នោះ ។
ព្រះបាទ ​យសោវរ្ម័ន បាន​សុគត​នៅ​ឆ្នាំ​៩០៨​នៃ​គ្រិស្ដសករាជ ត្រូវ​នឹង​មហាសករាជ​៨៣០ ដោយ​បាន​បន្សល់​ទុក​នូវ​ព្រះ​កិត្ដិនាម​ថា ជា​ព្រះ​ចៅ​អធិរាជ​លើ​អស់​ព្រះរាជា​ទាំងឡាយ ជា​ព្រះរាជា​ល្អ​ឥត​ខ្ចោះ ជា​ព្រះអាទិត្យ ។ ព្រះ​អង្គ​មាន​ព្រះ​មរណនាម​ថា បរមសិវលោក ។

កំណត់​ចំណាំៈ
រឿងនិទាន ​ខ្មែរ​មួយ​ដែល​ខ្ញុំ​បាន​រៀបរាប់​ពី​ខាងលើ​រួច​មក​ហើយ និយាយ​ថា ពួក​កម្ពុជា មាន​កំណើត​ដើម​ចេញ​មក​ពី​រដ្ឋ​មួយ​នៅ​ឥណ្ឌា ស្ថិត​នៅ​ជិត​ទីក្រុង​ដែល្លី ។ ម្យ៉ាងទៀត គម្ពីរ​មនវៈ​ធម្មសាស្ដ្រៈ បាន​ប្រដៅ​ថា ពួក​កម្ពុជៈ ជា​ប្រជារាស្ដ្រ​មួយ​ក្នុង​បណ្ដា​ចំណោម​ប្រជារាស្ដ្រ​បួន ដែល​ត្រូវ​គេ​បណ្ដេញ​ចេញពី​ឥណ្ឌា ព្រោះ​បាន​ប្រព្រឹត្ដ​បំពាន​លើ​ច្បាប់​ប្រទេស ។ នគរ​ពួក​កម្ពុជៈ នេះ​ស្ថិត​នៅ​ខាង​ពាយ័ព្យ​ទីក្រុង​ដែល្លី ហើយ​អាច​នឹង​លាតសន្ធឹង​មក​កើត​ឆ្ងាយ​ពី​ទីក្រុង​ដែល្លី ។ ហេតុការណ៍​ដ៏​គួរ​ឱ្យ​ចង់​ដឹង​នេះ​នឹង​គ្មាន​អ្វី​សំខាន់​ទេ បើ​គ្មាន​ហេតុការណ៍​មួយ​ទៀត នោះ​គឺ​រាជធានី​ប្រកប​ទៅ​ដោយ​កំផែង​ការពារ​រឹង​មាំ​ដែល​កសាង​ឡើង​ដោយ​ ព្រះបាទ​យសោវរ្ម័ន មាន​ឈ្មោះ​ថា ឥន្ទ្រប្រាស្ថៈ ដែល​គម្ពីរ​សាស្ដ្រា​ខ្មែរ​ហៅ​ក្លាយ​ថា ជា​ឥន្ទបត្ដ ។ តែ​វា​មាន​ទីក្រុង​មួយ មុន​នឹង​ទៅ​ដល់ទី​ក្រុង​ដែល្លី ដែល​ត្រូវ​គេ​ដុត​បំផ្លាញ​ខ្ទេចខ្ទី​អស់​កាលពី​២០០០​ឆ្នាំ​មុន តែ​មាន​នៅ​សេស​សល់​កម្ទេច​កម្ទី​នៅ​ឡើយ នៅ​ប្រហែល​៥​គីឡូម៉ែត្រ​ពី​ដែល្លី ដែល​មាន​ឈ្មោះ​ថា ឥន្ទ្រប្រាស្ថៈ​​ដែរ សព្វថ្ងៃ​អ្នកស្រុក​ហៅ​ថា ឥន្ទបត្ដ ឬ​អន្ទបត្ដ ។ ហេតុ ​ដែល​ប្រជាជន​កម្ពុ​ជាមួយ​នៅ​ឥណ្ឌូចិន មាន​ឈ្មោះ​ដូច​ឈ្មោះ​ប្រជាជន​កម្ពុជៈ ដែល​គេ​បណ្ដេញ​ចេញ​ពី​ឥណ្ឌា ហើយ​ពួក​កម្ពុជា​មាន​រាជធានី​មួយ​ឈ្មោះ​ដូច​រាជធានី​របស់​ពួក​កម្ពុជៈ ដែល​រៀបរាប់​ថា ពួក​កម្ពុជា​មាន​កំណើត​ដើម​មក​ពី​ឥណ្ឌា គឺជា​បញ្ហា​មួយ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ ។

(1) លោក​ អៃម៉ូនីញេ​ ជឿ​ថា​គេ​ត្រូវ​បន្ថែម​ពាក្យ «សីលធម៌» ពីលើ​ពាក្យ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ជ្វា​បាន​សេចក្ដី​ថា អាណានិគម​របស់​ពួក​ជ្វា​នោះ មាន​ត្រឹមតែ​លើ​ផ្នែក​អារម្មណ៍​ប៉ុណ្ណោះ ។ តែ​ខ្ញុំ​ជឿ​ថា​ការ​ត្រួតត្រា​នោះ​មាន​ពិតប្រាកដ​មែន ដូច​ដែល​អត្ថបទ​បាន​ចែង ។
(2) មាន​រឿង​មួយ​ទៀត​និយាយ​ថា​ ព្រះ​កេតុមាលា​មិនមែន​ជា​ព្រះរាជ​នត្ដា និង​មិន​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះថោង​ដោយ​ផ្ទាល់​ទេ ។ បន្ទាប់​ពី​ព្រះថោង​ទៅ​មាន ៖ បុត្រ​ព្រះ​អង្គ​ព្រះ​នាម​ថា វរៈរាជ ឡើង​សោយរាជ្យ​បន្ដ​នៅ​ឆ្នាំ​២១៤ មុន​គ្រិស្ដសករាជ ត្រូវ​នឹង​ពុទ្ធសករាជ​៣៣១ ពេល​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​១៦​ព្រះវស្សា ហើយ​សុគត​ទៅ​ក្រោយ​ពី​សោយរាជ្យ​បាន​៤០​ឆ្នាំ ។ បុត្រ​របស់​ព្រះ​វរៈរាជ ព្រះ​នាម​ថា ឧទ័យរាជា បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​បិតា​ក្នុង​ព្រះ​ជន្ម​១៦​ព្រះ​វស្សា​ដែរ ហើយ​សុគត​នៅ​ឆ្នាំ​៤១៩ ក្រោយ​ពី​សោយរាជ្យ​បាន​៤៤​ឆ្នាំ ។ ព្រះរាជបុត្រ​របស់​ព្រះ​ឧទ័យ​រាជា​ព្រះ​នាម​សុវណ្ណបទុមរាជា​ឡើង​សោយរាជ្យ​ បន្ដ​ក្នុង​ព្រះ​ជន្ម​១៦​ព្រះ​វស្សា​ សុគត​នៅ​ឆ្នាំ​៤៦៣​ក្រោយ​ពី​សោយរាជ្យ​បាន​៤៤​ឆ្នាំ​ដែរ ។ បន្ទាប់​មក​គឺ​ព្រះ​អនុជ​ថ្លៃ​ព្រះ​នាម​ថា​ បទេសរាជាធិរាជ ជា​កូន​អ្នកនេសាទ និង​ជា​ស្វាមី​ព្រះ​នាង​ឆាយស ដែល​ត្រូវជា​ព្រះ​អនុជ​របស់​ព្រះ​សុវណ្ណបទុមរាជា ដែល​ទ្រង់​លើក​ឱ្យ​ធ្វើ​ជា​ស្ដេច​ត្រាញ់​លើ​ស្រុក​មួយ ក្រោយ​មក​ត្រូវ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ពេញចិត្ដ​រួច​លើក​ឱ្យ​សោយរាជ្យ​ សម្បត្ដិ​បន្ដ​បាន​៩១​ឆ្នាំ ។ ក្រោយ​នោះ មាន​ប្រជារាស្ដ្រ​ម្នាក់​ឈ្មោះ​ថា អ្នកវង្ស ជា​មនុស្ស​មាន​បុណ្យ​ចេស្ដា ប៉ះ​របស់​អ្វី​របស់​នោះ​ក្លាយជា​មាស ត្រូវ​បាន​នាម៉ឺន​សព្វ​មុខមន្ដ្រី និង​ប្រជារាស្ដ្រ ជ្រើសរើស​ឱ្យ​ឡើង​សោយរាជ្យ​នៅ​ពុទ្ធសករាជ​៥៥៤ (ត្រូវ​នឹង​គ្រិស្ដ​សករាជ​១១) ក្នុង​អាយុ​៣៣​ឆ្នាំ ។ ប្រពន្ធ​របស់​អ្នក​វង្ស ឈ្មោះ ជូ បាន​ត្រូវ​អភិសេក​ជា​ព្រះ​អគ្គមហេសី​ក្រោម​ព្រះ​នាម​ថា ព្រះជូវត្ដី ព្រះ​នាង​ទ្រង់​សុបិន​ថា ព្រះឥន្ទ្រ​មក​អង្អែល​ផ្ទៃ​រួច​ប្រគល់​កែវមណីរ័ត្ន​ឱ្យ​ទើប​ព្រះ​នាង​ទ្រង់​ គភ៌​ប្រសូត​បាន​ព្រះ​កេតុមាលា ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​បទេស​វង្ស​អាចារ្យ ជា​ព្រះ​បិតា នៅ​ពុទ្ធសករាជ​៦០០ ត្រូវ​នឹង​គ្រិស្ដសករាជ​៥៧ ។
(3) ជា​វង្សៈ​បាន​គឺ​ព្រះ​រៀម ឬ​ព្រះ​អនុជ​ក្សត្រា​ក្សត្រី​ព្រះ​បិតុលា​ ឬ​មាតុច្ឆា​ ព្រះ​រៀម​ ឬ​ព្រះ​អនុជ​រួម​អយ្យកោ​អយ្យកា​ ព្រះ​បិតា មាតា​ ព្រះ​អយ្យកោ​អយ្យកា​ ព្រះ​អយ្យកោ​មា ឬ​អយ្យកា​មីង នៃ​ព្រះរាជា ។
(4) ប្រវត្ដិ​តាម​រឿងនិទាន​និយាយ​ថា ប្រាសាទ​ទាំង​២​នេះ រួម​ជាមួយ​ប្រាសាទ​ទី​៣​មួយ​ទៀត គឺ​ប្រាសាទ​លលៃ ដែល​បង្កើត​បាន​ជា​ក្រុម​ប្រាសាទ​មួយ បាន​ត្រូវ​កសាង​ឡើង​ដោយ​ព្រះមហាក្សត្រ​ទី​៣​របស់​កម្ពុជា គឺ​ស្ដេច​ចាម​សុរិយាវរ្ម័ន ដែល​គោរព​ថ្ម​ស្វយម្ភុ ។ ស្វយម្ភុ​នេះ​គឺជា​ជីវិត​ដែល​កើត​មាន​ឯង ពោល​គឺ​ព្រះព្រហ្ម ក៏​ប៉ុន្ដែ​ជួនកាល​ក៏​សំដៅ​ចំពោះ​ព្រះ​សិវៈ និង​ព្រះ​វិស្ណុ​ផង​ដែរ ។ បើសិនជា ស្វយម្ភុ​ក្នុង​រឿងនិទាន​នេះ​មិន​សំដៅ​យក​ព្រះ​សិវៈ​ទេ នោះ​គេ​មិន​អាច​ពន្យល់​បាន​ទេ ព្រោះ​ធម្មតា ថ្ម​នេះ​សំដៅ​យក​លិង្គ​នោះ​ឯង ។
(5) នោះ​គឺ​គុណធម៌​សំខាន់ៗ​មាន ៖ សប្បុរស​ ខន្ដី​ វិទ្យាសាស្ដ្រ​ ក្លាហាន​ សីលធម៌​ វីរភាព​ ក្លៀវក្លា​ ថាមពល​ អានុភាព និង ប្រាជ្ញា ។
បើ ​តាម​ក្បួនច្បាប់​ខ្មែរ​វិញ គុណធម៌​សំខាន់ៗ​ខុស​ពី​នេះ ៖ ទាន​ កុសល​ សប្បុរស​ មជ្ឈន្ដិកភាព​ មនុស្សធម៌​ ខន្ដី​ ភាព​ត្រូវ​តាម​គន្លង​ ត្រា​ប្រណី​ តប​កម្ម និង​វីរិយៈ ។
(6) គេ​មិនដឹង​ថា​ពាក្យ​ «វ្រៈ» ​នេះ​មាន​ន័យ​ពិតប្រាកដ​ថា​ដូច​ម្ដេច​ទេ ។ តាម​ខ្ញុំ​យល់ នេះ​គឺជា​បរិមាណ​គ្រាប់ស្រូវ​មួយ​បង្វេច ដែល​គេ​ស្ពាយ​ពាក់​ឆៀង​លើ​ស្មា ដើរ​សាប ឬ​ព្រួស ។ ដី​១០០​វ្រៈ គឺ​ដី​ដែល​ត្រូវ​នឹង​គ្រាប់​ស្រូវពូជ ១០០​បង្វេច​នោះ។
(7) សិលាចារឹក​ព្រះបាទ ក្បាល​ទី​២ ទំព័រ​៣៧២​-​៣៧៦ និង​អៃម៉ូនីញេ​ ប្រទេស​កម្ពុជា ក្បាល​ទី​២ ទំព័រ​២៦៥​-​២៦៧ ។