ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ១ ជំពូកទី ៦)
Posted: Oct-10-2016
ជំពូកទី៦
ប្រទេសកម្ពុជា ឬ ស្រុកខ្មែរ
១. ព្រះបាទជ័យវរ្ម័នទី៣ (៨០២ – ៨៦៩)
គេមិនបានដឹងអំពីដើមកំណើតរបស់ព្រះបាទជ័យវរ្ម័ននេះទេ តែព្រះអង្គបានប្រាកដខ្លួនឡើងជាអ្នកកសាងរាជវង្សមួយថ្មី ឬក៏ថា ទ្រង់ជាអ្នកដែលធ្វើឱ្យរាជវង្សមុនរុងរឿងឡើងវិញ ។ សិលាចារឹកស្ដុកកក់ធំ បានហៅព្រះអង្គតាមព្រះមរណនាមថា បរមេស្វរៈ និងគ្រាន់តែបានឱ្យយើងដឹងថា «ព្រះអង្គយាងមកពីកោះជ្វា មកសោយរាជ្យនៅនគរឥន្ទ្របុរៈ (មានន័យថា រាជធានីរបស់ព្រះឥន្ទ្រ)» ។ ខ្ញុំមិនមានញញើតនឹងកំណត់ថា រាជធានីនេះគឺ វយធបុរៈ ឬបើពុំនោះទេគឺរាជធានីដែលមានឈ្មោះជាបន្ដបន្ទាប់ថា ភវបុរៈ រួច ឦសានបុរៈ ។ព្រះអង្គទ្រង់យាងមកជាមួយនឹងព្រះរាជគ្រូរបស់ព្រះ អង្គ គឺ «បណ្ឌិតស្ដែងអញសិវៈកៃវល្យៈ» ។
សិលាចារឹក ស្ដុកកក់ធំបានរៀបរាប់តែប៉ុណ្ណេះ ហើយមិនបាននិយាយថា តើព្រះរាជាអង្គនេះជានរណា មានសិទ្ធិដូចម្ដេចខ្លះមកលើរាជបល្ល័ង្កនគរកម្ពុជាទេ ។ តាមពិតទៅ ព្រះអង្គមានសិទ្ធិនេះ តែសិទ្ធិនេះវាកើតមានឡើងជាយថាហេតុ និងមិនចំពោះ ព្រោះថា ព្រះអង្គត្រូវជាចៅក្មួយរបស់ព្រះបាទស្រីបុស្ការក្សៈ ដែលជាប់ខ្សែស្រឡាយទៅនឹងរាជវង្សអនិន្ទត្តបរុៈ ដែលជាព្រះរាជាទីមួយនៃសម្ភុបុរៈ ក្រោយពេលបែកគ្នារួចមក ។ សិទ្ធិទទួលរាជសម្បត្ដិនេះនឹងទៅជាសិទ្ធិចំពោះបានលុះត្រាណាតែ រាជវង្សជាបុរសទាំងអស់ដែលជាប់ខ្សែលោហិតជិតនឹងព្រះរាជាកំពុង សោយរាជ្យបានត្រូវបាត់ខ្លួនអស់ ពីព្រោះថា ថ្វីបើព្រះរាជាអាចត្រូវគេលើកឱ្យសោយរាជ្យសម្បត្ដិបានក៏ដោយ ក៏ការជ្រើសរើសនោះ អាចប្រព្រឹត្ដទៅបានតែលើព្រះអង្គម្ចាស់មួយអង្គនៃរាជវង្សកំពុង សោយរាជ្យ(អនុជបិតុលា ឬអនុជជីដូនមួយ) ប៉ុណ្ណោះ ដូចដែលគេធ្លាប់អនុវត្ដនៅនគរចាម្ប៉ាពីមុន និងនៅកម្ពុជាសព្វថ្ងៃដែរ ។ គេអាចជ្រើសរើសអនុវង្សម្នាក់បានតែកាលណាគ្មានវង្សស្ដេចសោយរាជ្យ ម្នាក់សោះ ។ តាមមើលទៅ ព្រះបាទជ័យវរ្ម័នទី៣ ទ្រង់ត្រូវជាសមាជិកមួយអង្គនៃអនុវង្សរបស់ព្រះរាជាដែលសោយរាជ្យនៅ សម្ភុបុរៈ និងនៅវយធបុរៈ ក្រោយពេលបែកពីគ្នា ។ តើគ្មានអង្គម្ចាស់ណាម្នាក់ទៀតទេឬ នៅក្នុងរាជវង្ស ? តាមសិលាចារឹក ព្រះបាទបានបញ្ជាក់ថា ព្រះបាទមហិបតិវរ្ម័នទ្រង់មានបុត្រីមួយព្រះអង្គ គឺព្រះនាងឥន្ទ្រទេវី ដែលត្រូវជាព្រះមាតារបស់ព្រះបាទយសោវរ្ម័នក៏ប៉ុន្ដែមិនបានបញ្ជាក់ ថា តើព្រះអង្គមានរាជបុត្រមួយអង្គដែរឬក៏អត់ទេ ? ដូច្នេះ គ្មានរជ្ជទាយាទមួយអង្គណាទេនៅរាជបល្ល័ង្កកម្ពុជាពេលដែលព្រះបាទ ជ័យវរ្ម័នយាងមកពីកោះជ្វា ។
ម្យ៉ាងទៀត ប្រសិនបើព្រះបាទជ័យវរ្ម័នទី៣គ្មានសិទ្ធិសោយរាជសម្បត្ដិនៅលើ រាជបល្ល័ង្កកម្ពុជាតាមរយៈរាជវង្សសម្ភុបុរៈ ឬក៏រាជវង្សវយធបុរៈទេ ព្រះអង្គប្រហែលជាមានសិទ្ធិនេះតាមរយៈខ្សែស្រឡាយមុននោះគឺថា ព្រះរាជបិតា ឬព្រះអយ្យកោរបស់ព្រះអង្គ បានត្រូវគេបំបែកចេញពីរាជបល្ល័ង្ក ក្រោយពេលដែលព្រះបាទជ័យវរ្ម័នទី១សុគតទៅ ដោយទ្រង់ភៀសព្រះកាយទៅនៅឯកោះជ្វា ឬក៏ត្រូវគេនាំយកទៅ ។
យើង មិនបានដឹងច្បាស់ ពីហេតុការណ៍នៃការបាក់បែកនោះកើតឡើងយ៉ាងដូចម្ដេច ហើយថាតើដោយសារព្រឹត្ដិការណ៍អ្វីទេដែរ ។ ក៏ប៉ុន្ដែយើងដឹងថា នៅសម័យជាមួយគ្នានោះ ពួកម៉ាឡេ និងពួកអ្នកស្រុកកោះពូឡូកុងឌ័រ ដែលមានកំណើតដើមជាម៉ាឡេដែរ បានទៅវាយដុតបំផ្លាញតុងកឹង ហើយពួកចិន-អាណ្ណាមត្រូវប្រើទ័ពមួយកងធំ ដើម្បីបណ្ដេញពួកនោះចេញពីបណ្ដាខែត្រដែលគេដណ្ដើមបាន គឺនៅឆ្នាំ៧៦៥ ។ យើងក៏បានដឹងដែរថា នៅឆ្នាំ៧៧៤នៃគ្រិស្ដសករាជ ពួកមនុស្ស «ខ្មៅព្រីក និងស្គម» ដែលមើលទៅគឺពួកម៉ាឡេមកពីកោះជ្វា «បានមកដល់តាមនាវាប្លែកៗ» មកវាយដុតបំផ្លាញនគរចាម្ប៉ា ហើយពួកនេះបានមកម្ដងទៀតនៅឆ្នាំ៧៨៧ ។ បើដូច្នេះ នគរកម្ពុជាក៏ប្រហែលជាត្រូវរងនូវការដុតបំផ្លាញដូចគ្នានេះដែរ ហើយពួកនោះអាចនឹងនៅត្រួតត្រានគរមួយរយៈផង ។ ត្រង់ចំណុចនេះ សិលាចារឹកស្ដុកកក់ធំក៏បាននិយាយផងដែរថា នគរកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ជ្វានៅក្នុងសតវត្សរ៍ទី ៨ (1) ។ ព្រឹត្ដិការណ៍នេះ អាចជាមូលហេតុដែលធ្វើឱ្យកម្ពុជាបែកបាក់ជាពីរ ហើយពួកម៉ាឡេនៅកោះជ្វាអាចយកនាំសមាជិកខ្លះរបស់រាជវង្សព្រះបាទ ជ័យវរ្ម័នទៅជាមួយផង ។ បើសិនជាដូច្នេះមែន ព្រះបាទជ័យវរ្ម័នទី៣អាចជាសមាជិកម្នាក់នៃរាជវង្សដែលពួកជ្វានាំ យកទៅជាឈ្លើយ ហើយពេលនោះព្រះអង្គនៅតូចនៅឡើយ ឬក៏ទ្រង់មិនទាន់ប្រសូតផងក៏មិនដឹង ។
ហេតុ ដែលរាជាណាចក្រខ្មែរត្រូវបែកជាពីរ ហើយអាចនៅដូច្នេះបាន ក៏ជាការបញ្ជាក់ផងដែរថា ពួកជ្វាមិនបានបន្ដធ្វើការវាយលុកចូលជ្រៅទៅឆ្ងាយពីមាត់សមុទ្រ ដែលពួកគេកាន់កាប់នោះទេ គឺឈប់ត្រឹមតែព្រំប្រទល់របស់ចេនឡាទឹកប៉ុណ្ណោះ ។
ម្យ៉ាងទៀត វាហាក់ដូចជាថា សិលាចារឹកព្រះបាទមិនបាននិយាយអំពីវយធបុរៈទេលើកលែងតែនោះគឺជា អតីតកាល ។ ព្រោះថាបើសិនជាគេអាចធ្វើបញ្ជីរាយនាមព្រះរាជាដែលសោយរាជ្យនៅ សម្ភុបុរៈចាប់តាំងពីនគរត្រូវបែកជាពីរ រហូតដល់នគររួបរួមគ្នាមកវិញ គេមិនអាចធ្វើដូចគ្នាបានទេចំពោះវយធបុរៈ ។
តើ ពួកជ្វាកាន់កាប់វយធបុរៈ ហើយចេនឡាទឹកត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់ពួកជ្វានៅពេល ដែលចេនឡាគោករក្សាបាននូវឯករាជ្យ ឬដូចម្ដេច ? បើដូច្នេះមែន គឺហេតុនោះហើយដែលខារខាំងព្រះបាទរាជេន្ទ្រវរ្ម័ន ជាព្រះរាជាទី២នៅសម្ភុបុរៈ ហើយទ្រង់ក៏ជារជ្ជទាយាទមួយអង្គរបស់វយធបុរៈផងដែរ ដែលមិនឱ្យព្រះអង្គវាតអំណាចមកលើវយធបុរៈបាន ។ បើទោះជាថា ព្រះអង្គសោយរាជ្យនៅសម្ភុបុរៈហើយឱ្យរាជបុត្ររបស់ព្រះអង្គសោយរាជ្យ ស្នងនៅវយធបុរៈក៏ដោយ ក៏ព្រះរាជបុត្រនោះ មិនមានអំណាចអ្វីលើសពីព្រះអង្គប៉ុន្មានដែរ ។ បញ្ហាត្រង់នេះមានអាថ៌កំបាំងច្រើន ហើយមានមតិជាច្រើនបានលើកសម្មតិកម្មផ្សេងៗ ប៉ុន្ដែខ្ញុំគិតថា សម្មតិកម្មរបស់ខ្ញុំដូចជាសមរម្យច្រើនជាងបើទោះជាសម្មតិកម្មរបស់ អ្នកមុនៗនោះមិនសុទ្ធតែអត់ប្រយោជន៍ក៏ដោយ ។
ខ្ញុំ បាននិយាយពីខាងលើរួចមកហើយទាក់ទិនទៅនឹងព្រះបាទឦសានវរ្ម័នថា ទីតាំងរបស់រាជធានីឥន្ទ្របុរៈ ស្ថិតនៅត្រង់អង្គរធំសព្វថ្ងៃ (មហានគរ) ដែលមានឈ្មោះជាភាសាសំស្ក្រឹតថាឥន្ទ្រប្រាស្ថៈ ។ ហើយខ្ញុំសូមបន្ថែមទៀតថា ឈ្មោះឥន្ទ្រប្រាស្ថៈនេះ ដែលមានន័យដូច ឥន្ទ្របុរៈ ដែរ គ្រាន់តែជាឈ្មោះសម្រាប់បញ្ជាក់អំពីកិត្ដិគុណ ឬក៏ភាពរីកចម្រើនរបស់រាជធានីនោះប៉ុណ្ណោះ ។ ខ្ញុំក៏គិតទៀតថា តើភទ្របុរៈ និងឦសានបុរៈ ជារាជធានីតែមួយ ឬយ៉ាងណា ដែលចិនហៅថា តូមូ ហើយដែលបានត្រូវកសាងឡើងវិញ ពង្រីកឱ្យធំ និងមានកំផែងការពារផង ដោយស្ដេចព្រាហ្មណ៍កោណ្ឌញ្ញៈ ។ តែការប្រៀបដូច្នេះមិនអាចធ្វើទៅបានទេព្រោះវាប្រឆាំងគ្នាគឺថា តូមូត្រូវនឹងភទ្របុរៈ រីឯឦសានបុរៈ ត្រូវនឹងអង្គរធំ ឬមហានគរ ។ ទោះជាយ៉ាងណាក្ដី នៅពេលណាដែលគេរកឃើញសិលាចារឹកថ្មីៗទៀតនៅអនាគត ឬនៅពេលណាដែលអ្នកប្រាជ្ញភាសាសំស្ក្រឹតអាចអាន និងបកប្រែសិលាចារឹក ដែលយើងរកឃើញរហូតមកដល់សព្វថ្ងៃនេះបាន នោះយើងនឹងដឹងពីការពិត លែងឆ្ងល់ទៀតហើយ ។ ចំពោះមុខនេះ យើងគួររង់ចាំពន្លឺដែលខ្វះខាត ហើយពិនិត្យមើលអ្វីដែលយើងអាចដឹងបានអំពីព្រះបាទជ័យវរ្ម័នទី៣ និងអំពី រជ្ជកាលរបស់ព្រះអង្គ ។
ការ ដែលព្រះបាទជ័យវរ្ម័នទី៣ស្ដាររាជាណាចក្រខ្មែរ ធ្វើឱ្យរុងរឿងដូចអតីតកាលឡើងវិញ ប្រហែលមិនមែនប្រព្រឹត្ដទៅដោយគ្មានការប្រយុទ្ធនោះទេ ។ តាមរយៈសិលាចារឹកផ្សេងៗវាហាក់ដូចជាថា ព្រះរាជាថ្មីនេះ បានធ្វើចម្បាំងដណ្ដើមយកនគរមកវិញដោយមានព្រះខ័នជាប់នៅព្រះហស្ដ ហើយទ្រង់ត្រូវប្ដូរទីតាំងទៅកន្លែងជាច្រើន ដែលយើងពិបាកនឹងកំណត់ថាកន្លែងណាជាកន្លែងណាណាស់ ។ ហរិហរល័យប្រហែលជានៅដីខែត្របាត់ដំបង ត្រង់កន្លែងដែលគេប្រាប់ខ្ញុំថា មានឈ្មោះថា ហរិហរ អមរេន្ទ្របុរៈ មិនទាន់ដឹងថានៅត្រង់ណា មហិន្ទ្របព៌ត គឺភ្នំគូលែនសព្វថ្ងៃ នៅពីខាងជើងអង្គរធំ ក្នុងខែត្រព្រហ្មទេព (ព្រហ្មទេវៈ) ។ តាមមើលទៅ ការផ្លាស់ប្ដូរទីតាំងនេះ អាស្រ័យដោយព្រះរាជាទ្រង់មានកង្វល់ចង់គេចឱ្យឆ្ងាយពីការត្រួតត្រា របស់ពួកជ្វា គឺថាទៅឱ្យឆ្ងាយពីមាត់សមុទ្រ ដែលនាវាសត្រូវអាចមកចុះចតបាន និងម្យ៉ាងទៀត ដោយមានការចាំបាច់ត្រូវតែដូរទីតាំងក្នុងការធ្វើចម្បាំងផង ។ ព្រះអង្គទ្រង់បានបោះបង់មហេន្ទ្រៈចោល រួចយាងត្រលប់មកកាន់ហរិហរល័យវិញ នៅពេលដែលព្រះអង្គមានវ័យចំណាស់ ប្រហែលដោយសារទ្រង់ឈ្វេងយល់ថា រាជធានីមិនត្រូវស្ថិតនៅឆ្ងាយពីបឹងទន្លេសាបពេកទេ ឬក៏ថា ដោយសារព្រះអង្គខ្លាចប៉ះទង្គិចជាមួយទ័ពចាម «ដែល ប្រៀបបានទៅនឹងព្រះហស្ដដ៏ខ្លាំងឥតផ្ទឹមរបស់ព្រះរាជា ស្រីក្រន្ដវរ្ម័ន ធ្វើការឈ្លានពានចូលរហូតមកដល់ពាក់កណ្ដាលផ្ទៃប្រទេសកម្ពុជា» ។
បើ ទោះជាការផ្លាស់ទីកន្លែងញឹកញាប់នេះមានមូលហេតុពិតដូចម្ដេចក៏ដោយ ក៏យើងមើលឃើញថា ព្រះបាទជ័យវរ្ម័នទី៣ ទ្រង់មិនគ្រាន់តែជាព្រះមហាក្សត្រពូកែខាងធ្វើចម្បាំង និងរៀបចំស្រុកទេសប៉ុណ្ណោះទេ ទ្រង់ក៏ជាក្សត្រដែលជឿស៊ប់ក្នុងសាសនា គោរពបូជាអាទិទេពព្រហ្មញ្ញសាសនា ជាពិសេស គឺគោរពព្រះហរិហរៈ ដែលជាការផ្គុំព្រះសិវៈជាមួយព្រះវិស្ណុក្នុងរាងកាយតែមួយមាន ព្រះកេស២ផងដែរ ។ ក្នុងដំណើរផ្លាស់ប្ដូរទីតាំងរបស់ព្រះអង្គ ព្រះអង្គទ្រង់យកតាមជាប់ជាមួយនូវព្រះអាទិទេពមួយអង្គមានឈ្មោះថា «ទេវរាជា» ដែលមានពួកព្រាហ្មណ៍មួយក្រុមតាមថែរក្សា និងរៀបចំពិធីគោរពបូជា ។ ទ្រង់បានតម្កល់ព្រះទេវរាជានេះនៅហរិហរល័យៈ រួចទ្រង់នាំយកមកតម្កល់នៅមហេន្ទ្រៈដោយទ្រង់ចាត់តាំងព្រះរាជគ្រូ របស់ព្រះអង្គ គឺព្រាហ្មណ៍ស្ដែងអញសិវៈកៃវល្យៈ ជាបុរោហិត អមដោយអ្នករៀបចំពិធីមួយក្រុម ។ ចាប់ពីពេលនោះមក ព្រះអង្គទ្រង់បានប្រកាសថា មានតែត្រកូលស្ដែងអញសិវៈកៃវល្យៈមួយប៉ុណ្ណោះដែលអាចទទួលឋានៈជា បុរោហិតទទួលបន្ទុកក្នុងការរៀបចំពិធីគោរពបូជាព្រះអាទិទេពជារៀង រហូត ។
ក្រោយពីកសាងប្រាសាទ មហេន្ទ្រៈរួច ព្រះអង្គទ្រង់ចាប់កសាងប្រាសាទបឹងមាលាដ៏ឆើតឆាយ ចម្ងាយប្រហែលជា៣គីឡូម៉ែត្រ ពីភ្នំគូលែន ដែលមានកម្ទេចបាក់បែកនៅសេសសល់ល្អនៅឡើយ នៅលើផ្លូវពីព្រះខ័ន ទៅអង្គរធំ ល្អទាល់តែអ្នកជំនាន់ក្រោយៗជឿថា សាងសង់ឡើងដោយទេវបុត្រវិស្វកម្ម ដែលជាវិស្វករនៅស្ថានព្រះឥន្ទ្រ ។ ការដែលនិយាយដូច្នេះប្រហែលមិនមែនដោយការសន្មតិសុទ្ធសាធនោះទេ ពីព្រោះថា ពាក្យវិស្វកម្មនេះ ជាឋានៈដែលគេដាក់ឱ្យមេវិស្វករក្នុងព្រះរាជវាំង ។
មាន អ្នកខ្លះចង់ផ្គូព្រះបាទជ័យវរ្ម័នទី៣នេះ ថាជាព្រះថោង ដែលខ្ញុំបានរៀបរាប់ពីខាងលើដោយលើកហេតុផលថា ព្រះថោងយាងមកពីឥណ្ឌា រីឯព្រះបាទជ័យវរ្ម័នទី៣យាងមកពីកោះជ្វា និងម្យ៉ាងទៀតប្រវត្ដិសាស្ដ្រតាមសិលាចារឹក និងរឿងនិទាននិយាយថា ស្ដេចទាំងពីរអង្គនេះ ជាអ្នកកសាងរាជប្រាសាទបឹងមាលា ។ ព្រះបាទជ័យវរ្ម័នបានសាងប្រាសាទនេះដើម្បីទ្រង់គង់ប្រថាប់នៅ ឯព្រះថោងសាងប្រាសាទនេះដើម្បីថ្វាយដល់រាជបុត្ររបស់ក្សត្រីព្រះ អង្គ គឺព្រះកេតុមាលា ដែលចាប់កំណើតឡើងដោយគ្មានបុរសណាមកបៀតបៀនព្រះកាយព្រះនាងទេ តែដោយព្រះនាងយល់សុបិនថា ព្រះឥន្ទ្របានមកអង្អែលផ្ទៃព្រះនាង ។ ការកំណត់ប្រៀបដូច្នេះ គ្មានមូលដ្ឋានទេ (2) ។
ខ្ញុំ និយាយដូច្នេះ មិនមែនមានន័យថា មិនឱ្យជឿរឿងព្រេង ថារឿងព្រេងគ្មានអ្វីជាប្រាកដនោះទេ ។ ដូចខ្ញុំបាននិយាយពីខាងលើរួចមកហើយថា រឿងព្រេងច្រើនតែចាប់កំណើតចេញមកពីហេតុការណ៍ប្រវត្ដិសាស្ដ្រណាមួយ ដែលបង្កប់នៅពីក្នុងការបំផ្លើសបន្ថែម និងអបិយជំនឿ ហេតុការណ៍នោះ គេពិបាកនឹងស្រាយបំភ្លឺណាស់ តែគេអាចស្រាវជ្រាវរកឃើញតាមរយៈការតុបតែងឱ្យកាន់តែល្អនោះ ឯង ។ ខ្ញុំសូមជូនភស្ដុតាងពីរ ៖ ទី១គឺពាក្យ វរ្ម័ន ជាព្រះនាមតាមខ្សែស្រឡាយរបស់ព្រះរាជាទាំងអស់ចាប់តាំងពីស្ដេច កោណ្ឌញ្ញៈ រហូតមកដល់សតវត្សរ៍ទី១៤ តែខ្មែរសព្វថ្ងៃភ្លេចស្ទើរអស់បាត់ទៅហើយ ពាក្យនេះមាននៅក្នុងព្រះនាមរបស់ស្ដេចចាមបួនអង្គក្នុងបណ្ដា ស្ដេចចាមប្រាំមួយអង្គ គឺជ័យវរ្ម័ន សុរិយាវរ្ម័ន ធរណិន្ទ្រវរ្ម័ន និងអាទិត្យវរ្ម័ន ។ ចំណុចទី២ គឺព្រះនាមរបស់ព្រះរាជាទី២ ដូចព្រះនាមរបស់ព្រះបាទសុរិយាវរ្ម័ន នៅក្នុងសិលាចារឹកដែរ រីឯព្រះនាមរបស់ព្រះរាជាទី៤ ធរណិន្ទ្រវរ្ម័ន ធ្វើឱ្យគេនឹកទៅដល់ព្រះប្រថវិន្ទ្រវរ្ម័ន នៃសិលាចារឹក ព្រោះធរណី និងប្រថវី មានន័យថា ដីដូចគ្នា ។ ក៏ប៉ុន្ដែ ថ្វីបើមានចំណុចដូចគ្នាដ៏កម្រនៅក្នុងសិលាចារឹកផង និងក្នុងរឿងព្រេងផងយ៉ាងនេះក្ដី ក៏យើងមិនអាចអះអាងថា អ្វីទាំងអស់នោះប្រាកដជាពិតជាដូច្នេះមែនទាំងអស់នោះទេ ។
សិលាចារឹក ស្ដុកកក់ធំមានចែងលម្អិតរឿងមួយចំនួនគួរឱ្យឆ្ងល់ ដែលគួរតែលើកយកមកពិនិត្យនាពេលនេះ ។ ក្រោយពីបានរៀបចំទុកដាក់ព្រះរាជវង្សឱ្យគង់នៅកន្លែងមួយមានឈ្មោះ ថា «គុទិ» នៅពីខាងកើតទន្លេរួចមក ព្រះបាទជ័យវរ្ម័នទ្រង់ជ្រើសរើសយកយុវជនចេញពីព្រះរាជវង្សយកទៅកសាង អមរេន្ទ្របុរៈថ្វាយព្រះរាជគ្រូ រួចកសាង ភវៈល័យ ដែលព្រះអង្គថ្វាយទៅព្រះរាជគ្រូដែរ រួចទើបទ្រង់កសាងលិង្គមួយ ។
ក្នុង ពេលដែលទ្រង់គង់នៅឯមហិន្ទ្របព៌ត ទ្រង់បានចាត់ឱ្យព្រាហ្មណ៍ហិរយនធម្មៈ ជាព្រាហ្មណ៍មកពីជនបទ «ជាអ្នកប្រាជ្ញចេះចាំនូវវិទ្យាសាស្ដ្រគ្រប់គ្រាន់» ពិនិត្យសើរើច្បាប់ទាំងឡាយដែលបញ្ជាក់អំពី «ភាពចំណុះជ្វារបស់ព្រះអង្គ» ដើម្បីធ្វើឱ្យ កម្រតេង ផ្ទៃក្រោមទាំងអស់ (គឺបណ្ដាស្ដេចត្រាញ់ផ្នែកខាងក្រោមព្រះធរណី) មានច្បាប់សម្រាប់អនុវត្ដចំពោះព្រះចក្រវាទិន គឺព្រះអធិរាជជាម្ចាស់ទឹកដី ។ ព័ត៌មានលម្អិតនេះបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៣ទ្រង់ប្រកាសខ្លួនព្រះអង្គថាជាព្រះមហារាជ ហើយប្រគល់ដល់ព្រះរាជាឯទៀតក្នុងស្រុកខ្មែរនូវឋានៈដូចព្រះរាជា វយធបុរៈ ដូចដែលមានចែងនៅក្នុងសិលាចារឹកព្រះបាទ ។
ព្រះបាទជ័យវរ្ម័នទី៣ទ្រង់សុគតនៅឆ្នាំ៨៦៩ ក្រោយពីទ្រង់សោយរាជសម្បត្ដិបាន៦៧ឆ្នាំ និងមានព្រះមរណនាមថា បរមេស្វរៈ មានន័យថា «ទ្រង់ជាភ្ញៀវរបស់ស្ថានសួគ៌ឥស្វារៈ» គឺស្ថានរបស់ព្រះសិវៈ ។
ទំនៀម មួយដែលគេប្រទះឃើញមាននៅអាណ្ណាម ក៏ដូចជានៅស្រុកចាម ហើយដែលនៅមានរហូតដល់សព្វថ្ងៃនៅកម្ពុជា គឺថ្វាយព្រះនាមមួយទៀតដល់ព្រះរាជាដែលសុគតទៅ ដទៃពីព្រះនាមពេលដែលទ្រង់នៅមានព្រះជន្ម ព្រះនាមនោះគេច្រើនតែដកយកពីឈ្មោះស្ថានសួគ៌ណាមួយ ដែលគេគិតថា ព្រះអង្គនឹងយាងទៅចាប់កំណើត ។ ព្រះបាទជ័យវរ្ម័ន ទ្រង់មានព្រះមរណនាមថា បរមេស្វរៈ ឯព្រះរាជាដែលសោយរាជ្យបន្ដពីព្រះអង្គ ក៏សុទ្ធតែមានព្រះមរណនាមដែរ ព្រះមរណនាមនោះច្រើនតែបញ្ចប់ដោយពាក្យថា «លោក» ឬ «បទ» ដែលមានន័យថា «ទីកន្លែង» ដូចគ្នា ចំណែកឯព្រះនាមវិញ គឺច្រើនតែយកព្រះនាមរបស់ព្រះអាទិទេពណាមួយតែម្ដង ។ ប្រហែលជាចាប់តាំងពីពេលនោះមក នៅពេលដែលព្រះរាជាមួយអង្គទ្រង់សុគតទៅ គេតែងតែសាងសង់រូបបដិមាមួយ ដែលជារូបព្រះអាទិទេពតំណាងព្រះរាជានោះ ពេលទ្រង់យាងទៅកើតនៅស្ថានសួគ៌ ប្រកបដោយលក្ខណៈទាំងឡាយរបស់ព្រះអង្គ ។
២. ព្រះបាទជ័យវរ្ម័នទី៤ (៨៦៩-៨៧៧)
ព្រះរាជាដែលសោយរាជ្យបន្ដពីព្រះបាទជ័យវរ្ម័នទី៣គឺរាជបុត្ររបស់ព្រះអង្គ ដែលជាស្ដេច «មានរស្មីភ្លឺចិញ្ចាចបីដូចជាព្រះអាទិត្យ ប្រកបទៅដោយគុណធម៌វីរភាព ទ្រង់ជាអ្នកបង្កើនភោគទ្រព្យ និងកិត្ដិគុណ» (បន្ដពីព្រះបិតា) ។ គឺដោយសារគុណសម្បត្ដិទាំងអស់នេះហើយ ទើបបានជាទ្រង់មានព្រះនាមមុនពេលឡើងសោយរាជ្យថា ព្រះស្រីជ័យវរធម្មៈ រួចហើយមានព្រះអភិសេកនាមថា ស្រីជ័យវរ្ម័ន ។ ព្រះអង្គជាព្រះចៅអធិរាជដូចជាព្រះបិតាដែរ ហើយ «ព្រះបាទរបស់ព្រះអង្គជាន់នៅពីលើព្រះកេសរបស់ព្រះរាជា ទាំងឡាយ» ។
ព្រះបាទជ័យវរ្ម័នទី ៤ ទ្រង់សោយរាជ្យនៅហរិហរល័យ ជារាជធានីដែលព្រះបិតាសាងសង់ឡើង ហើយដែលទ្រង់យាងត្រលប់មកគង់នៅវិញនៅចុងរជ្ជកាលរបស់ព្រះអង្គ ក្រោយពីទៅគង់នៅឯមហេន្ទ្របុរៈមួយរយៈ ។ ព្រះអង្គគង់នៅជិត «ព្រះទេវរាជា» ដោយមានព្រាហ្មណ៍ស្ដែងអញសុខៈស្មាវិន្ឌុ ត្រូវជាក្មួយរបស់ស្ដែងអញសិវៈកៃវល្យៈ ជាបុរោហិតរៀបចំពិធីគោរពបូជាជាមួយព្រាហ្មណ៍មួយក្រុម ។
ព្រះបាទជ័យវរ្ម័នទី៤បានសុគតនៅឆ្នាំ៨៧៧នៃគ្រិស្ដសករាជត្រូវនឹងមហាសករាជ៧៩៩ រួចទ្រង់ទទួលព្រះមរណនាមថា វិស្ណុលោក មានន័យថា ការស្នាក់នៅនៃព្រះវិស្ណុ ឬថា ជាភ្ញៀវរបស់ព្រះវិស្ណុ ។
៣. ព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩)
ព្រះបាទ ឥន្ទ្រវរ្ម័ន (ព្រះឥន្ទ្រជាអ្នកការពារ) សោយរាជ្យបន្ដពីព្រះបាទជ័យវរ្ម័នទី៤ ។ ព្រះអង្គត្រូវជាបងប្អូនឆ្ងាយរបស់ព្រះបាទជ័យវរ្ម័នហើយទ្រង់ហាក់ ដូចជាមិនមានសិទ្ធិត្រឹមត្រូវលើរាជសម្បត្ដិប៉ុន្មានទេ ។ ប្រសិនបើព្រះបាទជ័យវរ្ម័នមានរាជបុត្រមួយព្រះអង្គ ឬមានព្រះអនុជ ឬក៏បងប្អូនជីដូនមួយនោះ ព្រះបាទឥន្ទ្រវរ្ម័ន គឺជាស្ដេចជ្រែករាជ្យ បើពុំនោះទេ ជាព្រះរាជាដែលគេជ្រើសតាំងឡើងក្នុងចំណោមរាជវង្ស តែសាច់ឆ្ងាយបន្ដិច ។
ព្រះអង្គ ត្រូវជាព្រះរាជនត្ដាក្មួយរបស់ព្រះបាទស្រីរុទ្រវរ្ម័ន ដែលត្រូវជាអយ្យកាមីងខាងព្រះមាតារបស់ព្រះបាទជ័យវរ្ម័នទី៤ ។ ព្រះបាទស្រីរុទ្រវរ្ម័ននេះ មានព្រះនាមល្បីថា «ជា អ្នកនិយមការជាក់ស្ដែង និងមានវីរភាពឥតប្រៀបផ្ទឹម ។ ទ្រង់គិតតែពីព្រះរុទ្រហើយទ្រង់ទទួលបានជ័យជម្នះល្បីល្បាញក្នុង រាល់ការប្រយុទ្ធ» ។ ព្រះបិតារបស់ព្រះអង្គ គឺព្រះព្រឹទ្ធិវិន្ទ្រវរ្ម័ន ដែលសិលាចារឹកលើកប្រៀបប្រដូចទៅនឹង «មហាសាគរ ពោរពេញទៅដោយគុណធម៌» និងទ្រង់ «ពូកែល្បីខាងទាញយកផលពីព្រះធរណី» ។ ទាំងអស់នេះតាមមើលទៅគឺគ្រាន់តែជាការលើកសរសើរតែប៉ុណ្ណោះ ។ ព្រះព្រឹទ្ធិវិន្ទ្រវរ្ម័ននេះ (ជាបុត្ររបស់ព្រះអនុជក្សត្រី ឬក៏ព្រះបុត្រី) របស់ព្រះបាទរុទ្រវរ្ម័ន ជាមួយនឹងព្រះនរិប្បទ្ទិន្ទ្រវរ្ម័ន ។ សន្ដតិវង្សខ្លីដូច្នេះ មើលទៅគឺជាពង្សាវលីរបស់ស្ដេចដែលសោយរាជ្យនៅលើក្សត្រប្រទេសមួយតូច អាចថាមិនមែនជាក្សត្រប្រទេសចំណុះទេ ក៏ប៉ុន្ដែសោយរាជ្យតៗគ្នា តែដូច្នេះ ពោលគឺ ជាអង្គម្ចាស់មួយអង្គដែលនៅឆ្ងាយពីរាជបល្ល័ង្ក និងជាអនុវង្សៈ មិនមែនជាវង្សៈ (3) ទេ ។
ព្រះបាទ ឥន្ទ្រវរ្ម័នទ្រង់ឡើងសោយរាជ្យបន្ដពីព្រះបាទជ័យវរ្ម័នទី៤ ប្រហែលដោយសារព្រះបាទជ័យវរ្ម័នទី៤ទ្រង់សុគតទៅដោយគ្មានបុត្រាមួយ អង្គសោះ ហើយគ្មានវង្សមួយអង្គសោះ ចន្លោះពីព្រះបាទជ័យវរ្ម័ន មកដល់ព្រះអង្គ ។ រឿងនេះហាក់ដូចជាគ្មានអ្វីប្លែកទេ ព្រោះតាមការពិនិត្យពង្សាវលីសម្ភុបុរៈព្រះមហាក្សត្រី មិនសម្បូររាជបុត្រប៉ុន្មានទេគឺមានតែរាជបុត្រា ឬរាជបុត្រីមួយអង្គប៉ុណ្ណោះ ។ តើជាតិសាសន៍ចាប់រេចរឹលហើយ ឬយ៉ាងណា ឬក៏ថា បណ្ដាក្សត្រាទាំងឡាយឆាប់ប្រឡូកនឹងល្បែងស្នេហាតាំងពីវ័យក្មេងៗ រួចមានមហេសី លុះតែពេលមានវ័យចំណាស់ ដែលចុះខ្សោយណាស់ទៅហើយ ដូចជានៅឥណ្ឌាអ៊ីចឹង ? ម្យ៉ាងទៀត ព្រះរាជានាពេលនោះអាចនឹងមានព្រះជាយា និងស្រីស្នំជាច្រើនដូចនៅកម្ពុជាសព្វថ្ងៃ ក្នុងនោះមានតែព្រះអគ្គមហេសីមួយប៉ុណ្ណោះ ដែលជាព្រះមហាក្សត្រីដែលព្រះរាជបុត្រមានសិទ្ធិអាចឡើងសោយរាជ្យស្នង បាន ដូចដែលជាទម្លាប់រហូតមកដល់ពេលថ្មីៗនេះ នៅប្រទេសលាវ ។ បើទោះជាយ៉ាងណាក្ដី ការជ្រើសរើសយកព្រះបាទឥន្ទ្រវរ្ម័ន ឱ្យឡើងសោយរាជ្យ ហាក់ដូចជាមិនប្រក្រតី ។ ក៏ប៉ុន្ដែ មិនមានឯកសារណាបញ្ជាក់ថា ព្រះអង្គឡើងសោយរាជ្យដោយមានការបញ្ចៀសរជ្ជទាយាទពេញសិទ្ធណាមួយចេញ ក៏ទេដែរ ។
មានមនុស្សពីរនាក់ ដែលមានតួនាទីសំខាន់យ៉ាងខ្លាំងនៅក្នុងរជ្ជកាលនេះ ហើយប្រហែលជាសំខាន់ ជាពិសេសនៅពេលដែលគេធ្វើការជ្រើសរើសព្រះបាទរុទ្រវរ្ម័នឱ្យឡើង សោយរាជ្យប្រសិនបើព្រះអង្គឡើងសោយរាជ្យបែបនេះ ។ នោះគឺស្ដែងអញស្រីសោមៈ ជាព្រះរាជគ្រូ និងវិមសិវៈ ដែលជាប់ពូជជាមួយសិវៈកៃវល្យៈ ហើយជាសិស្សរួមគ្រូតែមួយជាមួយស្រីសោមៈផង ។ វិមសិវៈ នេះបានត្រូវព្រះរាជាជ្រើសតាំងឱ្យធ្វើជាបុរោហិតរៀបចំពិធីគោរពបូជា ផ្សេងៗ ។ អ្នកទាំងពីរនាក់នេះ បានរៀបចំកសាងប្រាសាទមួយថ្វាយព្រះសិវៈ រួចឱ្យធ្វើលិង្គពីរដាក់ក្នុងប្រាសាទនោះ ។ ដោយហេតុនោះហើយ បានជាគេហៅអ្នកទាំងពីរម្នាក់ថាជា កម្រតេងចាស់ ម្នាក់ទៀតថាជា កម្រតេងក្មេងនៃព្រះសិវស្រមៈ ។ អ្នកជំនាញខាងឥណ្ឌាវិទ្យាជឿថា សិវស្រមៈនោះគឺ ប្រាសាទបាយ័ន ។
ព្រះបាទឥន្ទ្រវរ្ម័ន បានចាត់ឱ្យសាងប្រាសាទបាគោធ្វើអំពីថ្ម សង់លិង្គមួយឈ្មោះថា ស្រីឥន្ទ្រេស្វរៈ ហើយនិងរូបបដិមាប្រាំមួយទៀត ក្នុងនោះមានរូបបីព្រះអង្គ មួយដូចព្រះព្រឹទ្ធិវិន្ទ្រវរ្ម័ន ជាព្រះបិតា មួយទៀតដូចព្រះបាទរុទ្រវរ្ម័ន ជាព្រះអយ្យកោខាងព្រះមាតា និងមួយទៀតដូចព្រះបាទជ័យវរ្ម័នទី៣ ជាអ្នករៀបចំរាជវង្សឡើងវិញ ។ រីឯព្រះបដិមាបីព្រះអង្គទៀត គឺដូចព្រះមហេសីរបស់ស្ដេចទាំងបី គឺព្រះមាតារបស់ព្រះអង្គ ព្រះអយ្យកា ហើយនិងព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៣ ។
ព្រះអង្គបានសាងប្រាសាទបាគងនៅជិតប្រាសាទបាគោ (4) រួចបានកសាងនៅឯសិវៈបុរៈដែលគេមិនដឹងជានៅឯណានូវ «ប្រាសាទ មួយមានពន្លឺភ្លឺចិញ្ចាចចិញ្ចែងប្រៀបបានទៅនឹងរតនវត្ថុ រុំព័ទ្ធទៅដោយវល្លិមានសន្លឹកស្រស់បំព្រង សម្រាប់ការពារព្រះសិវៈ ទប់ទល់នឹងភាពត្រជាក់ និងអាកាសធាតុប្រែប្រួលផ្សេងៗទៀត» ។ នៅជិតប្រាសាទទាំងពីរ «ដែល ព្រះអង្គបានសង់ដោយស្នាព្រះហស្ដផ្ទាល់ ហើយដែលទ្រង់បានផ្ដល់នូវមធ្យោបាយផ្គត់ផ្គង់ស្បៀង សេចក្ដីសប្បាយ និងការគាប់ចិត្ដគ្រប់យ៉ាង ទ្រង់បានចាត់ឱ្យជីកស្រះដ៏ល្អ ដើម្បីបំពេញជូនភ្ញៀវ និងជនដទៃទាំងឡាយ នូវភាពសម្បូរសប្បាយប្រកបទៅដោយវត្ថុចាំបាច់សម្រាប់ការរស់នៅ »។
ដូច ជាព្រះមហាក្សត្រមុនៗដែរ ព្រះបាទឥន្ទ្រវរ្ម័នជាក្សត្រពូកែធ្វើសង្គ្រាម ។ សិលាចារឹកព្រះបាទបានចាត់ទុកព្រះអង្គថា «សមនឹងទទួលការគោរពពីអ្នកទាំងឡាយដែលជាសីហៈ ក្នុងចំណោមមនុស្សជាតិ» ចំណែកឯសិលាចារឹកបាយ៉ង់ និយាយថា «ជា សត្វសិង្ហក្នុងបណ្ដាព្រះរាជាទាំងឡាយ ព្រះអង្គមិនដែលរាថយពីការប្រយុទ្ធសោះឡើយ ។ ព្រះអង្គប្រកបទៅដោយគុណធម៌ទាំងឡាយដែលព្រះរាជាត្រូវមានរួមទាំង «គុណធម៌ទាំង១០ជាប្រធាន (5) គុណសម្បត្ដិទាំង៦ ហើយទ្រង់មានអានុភាពទាំង៣ ពីព្រោះថា ព្រះអង្គអាចឈ្នះលើព្រះកាយព្រះអង្គឯងបាន បានការពារផែនដីនេះប្រៀបបានទៅនឹងមនុ ដោយមិនមានអាក់ខានក្នុងកាតព្វកិច្ចរៀបចំពិធីបួងសួង និងដឹងច្បាស់អំពីអ្វីដែលគួរ អ្វីដែលពុំគួរទៀតផង» ។
សិលាចារឹកបានបន្ដទៀតថា «ប្រហែលជា ព្រះដែលបង្កើតលោកនេះ លោកនឿយណាយនឹងការបង្កើត ស្ដេចច្រើនពេក ទើបលោកបង្កើតព្រះរាជាអង្គនេះមកឱ្យប្រកបទៅដោយគុណសម្បត្ដិ គ្រប់គ្រាន់ សម្រាប់លោកទាំងបី ព្រះរាជានេះហើយដែលស្ដេចឯទៀតៗទទួលយកបញ្ជាដាក់លើសិរសា» ។
ព្រះបាទឥន្ទ្រវរ្ម័ន សុគតនៅឆ្នាំ៨៨៩នៃគ្រិស្ដសករាជ ត្រូវនឹងមហាសករាជ៨១១ ហើយទ្រង់មានព្រះមរណនាមថា ឥស្វរៈលោក ។
៤. ព្រះបាទយសោវរ្ម័ន (៨៨៩-៩០៨)
ព្រះបាទ យសោវរ្ម័នជាព្រះរាជបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ហើយទ្រង់បានសោយរាជ្យបន្ដពីព្រះបិតានៅឆ្នាំ៨៨៩នៃគ្រិស្ដសករាជ ត្រូវនឹងមហាសករាជ៨១១ ។ សិលាចារឹកបាននិយាយអំពីព្រះអង្គថា ជា «ការប្រមូលផ្ដុំនៃភាពថ្កុំថ្កើង» ព្រោះព្រះអង្គបានវាតអំណាចត្រួតត្រារបស់កម្ពុជាបានខ្លាំង ជាងគេ ។ សិលាចារឹកបានលើកឡើងទៀតថា ព្រះអង្គគួរទទួលបាននូវព្រះនាមបី ៖ ចំពោះអ្នកប្រាជ្ញ ព្រះអង្គជាគ្រូអាចារ្យ ជាសាស្ដ្រាចារ្យ ចំពោះនារីៗ ព្រះអង្គជាបុរសគួរជាទីស្នេហា ចំពោះព្រះរាជាទាំងឡាយ ព្រះអង្គជាព្រះមហេន្ទ្រៈ គឺ ព្រះឥន្ទ្រធំ ។ ព្រះអង្គបានចាប់បដិសន្ធិឡើង «ប្រកបទៅ ដោយ សម្ពស្សល្អលើសគេ ពុំមាននរណាម្នាក់ដែលមានព្រះភ័ក្ដ្រស្រស់ល្អស្មើនឹងព្រះអង្គ ឡើយ ក្រៅតែពីព្រះចន្ទ្រចេញ» ។ កិត្ដិគុណរបស់ព្រះអង្គបរិសុទ្ធ ប្រៀបបានទៅនឹងកាំពន្លឺព្រះចន្ទ្រា ដែលគ្របដណ្ដប់ទៅគ្រប់ទិសទីនៃពិភពលោក ហាក់បីដូចជាសមុទ្រទឹកដោះ ហើយដេញកម្ចាត់អស់នូវភាពអន្ធកាល ដែលរត់គេចដោយខ្លាចរីងស្ងួត ដោយតេជានុភាពរបស់ព្រះអង្គ ។ ទ្រង់ជាព្រះចៅអធិរាជលើព្រះរាជាទាំងឡាយ ហើយកិត្ដិនាមដ៏រុងរឿង នយោបាយ សោភ័ណភាព និងសប្បុរសធម៌របស់ព្រះអង្គបានផ្សព្វផ្សាយទៅគ្រប់ទិសទាំងបួន ប្រៀបបាននឹងទេពធីតាដែលលម្អទៅដោយការសន្ដោស ថាមពល គុណធម៌ ភាពរមទម កិត្ដិគុណ កុសល និងគតិបណ្ឌិត ។ នៅក្នុងការប្រយុទ្ធ ព្រះអង្គមានព្រះហស្ដត្រៀមជានិច្ច នឹងសម្លាប់សត្រូវកោងកាច បីដូចជាទ្រង់បានរៀនសូត្រពីគទព្រឹទ្ធ (ក្រឹស្ន-វិស្ណុ) នូវល្បិចចាប់ហែកទ្រូងរបស់ហិរន្យកស្សិពុ (មនុស្សសិង្ហ-ជាស្ដេចយក្ស) អ៊ីចឹង ។ ព្រះខ័នរបស់ព្រះអង្គ តែដកចេញហើយ មិនដែលអាក់ខាននឹងកាប់នោះទេហើយកាប់តែមួយព្រះខ័នអ្វីៗក៏ដាច់ ជាបីកំណាត់ដែរទោះជាដែកវែងមូលធំ ឬរឹងយ៉ាងណាក៏ដោយ គឺហាក់បីដូចជាការដាក់ទោសចំពោះការដែលហ៊ានប្រឆាំងនឹងថ្វីព្រះ ហស្ដរបស់ព្រះអង្គ ។ ព្រះអង្គអាចបាញ់ព្រួញនឹងព្រះហស្ដឆ្វេងក៏បាន ព្រះហស្ដស្ដាំក៏បាន ហើយតែងតែត្រូវគោលដៅជានិច្ច ។ នៅទីបញ្ចប់ ព្រះដែលជាអ្នកបង្កើតលោកឆ្ងល់ហើយសួរខ្លួនឯងថា ចុះហេតុអ្វីក៏អាត្មាអញបង្កើតព្រះរាជានេះមកធ្វើជាគូប្រជែងនឹង ខ្លួនឯងដូច្នេះ ព្រះរាជានេះដែលជាប្រជាបតិ (ព្រះបង្កើតលោក) និងជាបរមេស្វរៈ (ឧត្ដមរាជា ឬព្រះសិវៈ) មួយទៀត ។
ព្រះបាទ យសោវរ្ម័នប្រៀបបានទៅនឹងស្ដេចល្វីទី១៤របស់បារាំង ។ ទ្រង់មានស្ដែងអញវមសិវៈ ដែលត្រូវជាចៅរបស់សិវៈកៃវល្យៈ ជាឧបជ្ឈា ជាអ្នករៀបចំពិធីទេវរាជាមុនគេ ។ ព្រះអង្គមានចំណង់ចំណូលចិត្ដក្នុងការសាងសង់ ហើយហាក់ដូចជាមានបំណងដូច្នេះតាមការណែនាំរបស់រាជគ្រូ និងក្រុមគ្រួសាររបស់រាជគ្រូ ។ ព្រះអង្គបានបញ្ជាឱ្យគេកេណ្ឌពួកភត្ដាស្សៈ មានន័យថា អ្នកស៊ីសាច់សត្វ គឺរាស្ដ្រសាមញ្ញ (ពួកអ្នករដ្ឋវាសី) សាងសង់ប្រាសាទ កំពែង បដិមា រួចទ្រង់ឱ្យគេចារព្រះរាជបញ្ជាដាក់នៅពាសពេញព្រះនគរ ប្រៀបបានទៅនឹងព្រះអសោកៈមួយអង្គទៀតដូច្នោះដែរ ។ ព្រះអង្គប្រគល់ខ្ញុំជាច្រើនឱ្យវត្ដនីមួយៗ ដែលព្រះអង្គបានបង្កើតដីចំនួនមួយរយវ្រៈ (6) ព្រមទាំងទ្រព្យធន និងឧបភោគភណ្ឌធ្វើអំពីមាស សម្រាប់ការរៀបចំពិធីគោរពបូជាផ្សេងៗ ។ ទ្រង់បានចាត់ឱ្យស្ដែងអញសិខៈ ជាសិស្សរបស់កម្រតេងចាស់នៃសិវៈស្រមៈ ដែលទ្រង់ឱ្យទទួលបន្ទុកខាងកេណ្ឌកម្លាំងថ្វាយព្រះរាជាដើរកសាង សិវលិង្គ និងព្រះបដិមាដាក់ពាសពេញព្រះនគរ ។ ចំណែកខ្លួនព្រះអង្គបានកសាងផ្ទាល់ព្រះហស្ដនូវ «ព្រះ បដិមាព្រះសិវៈ និងព្រះជាយាបួនអង្គ ជាតំណាងគម្ពីរវេទទាំងបួន ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធព្រះមាតាបិតា ដាក់នៅលើមាត់បឹងឥន្ទ្រទទកៈ» ។ ដោយហេតុនេះ «ភព ទាំងពីរ គឺស្ថានក្រោម និងស្ថានលើ មានអ្នកការពារប្រកបទៅដោយវីរភាពឥតនរណាប្រៀបផ្ទឹមបាន ៖ នៅលើផែនដី មានព្រះរាជាអបរាជ័យមួយអង្គ គឺព្រះបាទយសោវរ្ម័ននេះ ចំណែកនៅស្ថានសួគ៌ទាំងបីជាន់មានព្រះមហេន្ទ្រ» ។ «នៅ ក្នុងការប្រយុទ្ធ ពេលក្រឡេកឃើញព្រះរាជានេះ ដែលទ្រង់ប្រកបទៅដោយពន្លឺភ្លឺត្រចះពិបាកនឹងទ្រាំទ្រ បណ្ដាសត្រូវកោងកាច ទាំងឡាយឱនក្បាលចុះប្រៀបបាននឹងផ្កាឈូកបាក់កហើយនិយាយថានេះហើយ គឺជាព្រះអាទិត្យ» (7) ។
រជ្ជកាល របស់ព្រះអង្គចាប់ផ្ដើមឡើងដោយមានការបះបោរប្រឆាំងមួយ ដែលប្រហែលជារៀបចំឡើងដោយសមាជិករាជវង្សានុវង្សរបស់ព្រះបាទជ័យវរ្ម័ន ទី៤ ដែលត្រូវបានបំបែកចេញពីរាជសម្បត្ដិដោយព្រះបាទឥន្ទ្រវរ្ម័នទី១នៅ ឆ្នាំ៨៨៩ ក៏ប៉ុន្ដែចំណុចត្រង់នេះគេមិនមានមូលហេតុគ្រប់គ្រាន់នឹងអះអាង ទេ ។ព្រះបាទយសោវរ្ម័នបានធ្វើការវាយបង្ក្រាបការបះបោរនោះ ហើយបានប្រយុទ្ធដោយលំបាកព្រោះទ័ពព្រះអង្គទន់ដៃ ព្រះអង្គត្រូវសត្រូវព័ទ្ធជុំជិត តែបានសេនាពីរនាក់ការពារជាប់ ប្ដូរស្លាប់ជំនួសព្រះអង្គ ។ ក្រោយពីមានជ័យជម្នះលើខ្មាំងសត្រូវរួចហើយ «ដើម្បីជៀសវាងកុំឱ្យមានការបះបោរបែបនេះទៀត ដែលរង់ចាំមើលតែចំណុចខ្សោយរបស់ព្រះរាជាណាចក្រ ហើយប៉ុនប៉ងធ្វើឃាតព្រះរាជា» ព្រះបាទយសោវរ្ម័នបានបង្កើតកងស៊ើបការណ៍មួយក្រុម រួចហើយបានសម្រេចសាងសង់ «ព្រះរាជធានីរឹងមាំមួយ គ្មានសត្រូវណាដណ្ដើមយកបាន» ។
រាជធានីនេះមានឈ្មោះមុនដំបូងដូចជាព្រះនាមរបស់ព្រះអង្គគឺ យសោធបុរៈ គឺ អង្គរធំ ដែលឈ្មោះពិត ប្រាកដថា ឥន្ទ្រប្រាស្ថៈ តែ សៀវភៅខ្មែរសម័យថ្មីហៅថា ឥន្ទ្របាទ ឬក៏ភាសាសាមញ្ញថា មហានគរ រាជធានីនេះតាមមើលទៅ គឺសាងសង់នៅពីលើ ឬក៏ជិតទីតាំងរបស់រាជធានីដែលសាងឡើងដោយព្រះបាទឦសានវរ្ម័ន នៅដើមសតវត្សរ៍ទី៧នៃគ្រិស្ដសករាជ ។ អ្នកខ្លះនិយាយថា ព្រះបាទយសោវរ្ម័នហៅរាជធានីនេះថា កម្ពុបុរី តាមឈ្មោះទេវបុព្វបុរសខ្មែរ កម្ពុស្វ័យម្ភុ ដែលព្រះសិវៈបានប្រគល់ព្រះមហេសី គឺព្រះនាងមេរៈឱ្យ ។
នៅក្នុងរាជធានីនេះ ទ្រង់បានចាត់ឱ្យពូនភ្នំយសោធគិរី គឺប្រាសាទបាពួន ឬ«ភ្នំដែលរលំបាក់បែក» និងឱ្យសង់ប្រាសាទភិមានអាកាស «ព្រះរាជវាំងសម្បូរទៅដោយខ្យល់» ប្រាសាទនេះសង់រួចនៅក្រោមរជ្ជកាលព្រះរាជាដែលសោយរាជ្យបន្ដពីព្រះ អង្គ ។ នៅខាងក្រៅរាជធានី ពីខាងកើត ទ្រង់បានចាត់ឱ្យកសាងយសោធរាស្រម «អាវាសរបស់យសោ» ។
ព្រះបាទ យសោវរ្ម័ន បានកសាងប្រាសាទលលៃផងដែរ នៅជិតប្រាសាទបាគោ និងបាគង ដើម្បីថ្វាយដល់ព្រះវិញ្ញាណក្ខន្ធព្រះបាទឥន្ទ្រវរ្ម័ន ជាព្រះបិតា ព្រះនាងស្រីឥន្ទ្រទេវី ជាព្រះមាតា និងព្រះវិញ្ញាណក្ខន្ធរបស់ព្រះបាទមហិបតិវរ្ម័ន និងព្រះនាងរាជេន្ទ្រទេវី ជាព្រះអយ្យកោអយ្យកា ព្រោះថា ព្រះអង្គមានព្រះកិត្ដិយស ជាពិសេស គឺដោយសារខ្សែព្រះលោហិតខាងព្រះមាតា ។
ព្រះបាទ យសោវរ្ម័ន ពេញចិត្ដនឹងការធ្វើសង្គ្រាមណាស់ ។ ក្រោយពីមានជ័យជម្នះលើសត្រូវផ្ទៃក្នុង ហើយរៀបចំឱ្យមានក្រុមចារកម្មគ្រប់គ្រងលើពួកនេះរួចមក ព្រះអង្គបានធ្វើការប្រយុទ្ធរុញច្រានទៅលើសត្រូវខាងក្រៅ ធ្វើឱ្យពួកនេះចុះចាញ់ ហើយទ្រង់បានដាក់ស្ដេចបរាជ័យជាច្រើនជាទាសករ ។ ព្រះអង្គក៏មានជ័យជម្នះផងដែរ ក្នុងសង្គ្រាមតាមសមុទ្រ «ទៅលើកងនាវាចររបស់សត្រូវដែលមានសំពៅថ្មីៗពណ៌សរាប់ពាន់» ដែលព្រះអង្គវាយបាក់បែកអស់ ។
ព្រះបាទ យសោវរ្ម័នប្រហែលជាបានធ្វើសង្គ្រាម ហើយមានជ័យជម្នះលើពួកចាមផងដែរ ដែលទ្រង់តាមវាយប្រហាររហូតរាជធានីស្ថិតនៅលើភ្នំវែកព្រមទាំងបាន ចាប់ស្ដេចចាមព្រះនាមស្រីជយិន្ទ្រវរ្ម័នជាឈ្លើយ រួចលើកឧត្ដមសេនីយ៍ចាមមួយរូបឱ្យឡើងសោយរាជ្យជំនួស ។ ពួកចាមបានប្រមូលគ្នាត្រៀមចាំនៅចន្លោះពីរាជធានីមកព្រំប្រទល់ ដែលមានចំនួនទាំងអស់១២សង្កាត់ ហើយបានធ្វើការវាយមកលើទ័ពព្រះអង្គយ៉ាងខ្លាំង ពេលទ្រង់យាងត្រលប់មកព្រះនគរវិញ ធ្វើឱ្យព្រះអង្គថយដៃ វាយដកថយរហូតទៅដល់ភ្នំត្រៃយការ ។ នៅលើភ្នំនោះ ទ្រង់បានជ្រកនៅក្នុងបន្ទាយមួយដែលមានកំផែងការពាររឹងមាំ រួចទើបចាប់វាយបកទៅលើទ័ពសត្រូវ បំផ្លាញសង្កាត់ទាំង១២មួយម្ដងៗ ។ ព្រះអង្គស្ទើរតែក្ស័យព្រះជន្មម្ដងទៀតនៅក្នុងការប្រយុទ្ធមួយបើ កុំតែបានសេនាការពារបូជាជីវិតការពារព្រះអង្គ ។
ក្រៅពី សង្គ្រាម ព្រះបាទយសោវរ្ម័នជាព្រះរាជាមួយអង្គពូកែខាងការងាររដ្ឋបាលទៀត ផង ។សោយរាជ្យលើនគរមួយដែលមានប្រជាជនរំពើតរំពើង ទ្រង់បានរៀបចំប្រជារាស្ដ្រជា៤វណ្ណៈ ដែលក្នុងនោះពួកបច្ឆាញាតិរបស់ពួកព្រាហ្មណ៍អន្ដោប្រវេសន៍ បានត្រូវបានចែកតាមវណ្ណៈនីមួយៗ ហើយទ្រង់ក៏បានរៀបចំឋានៈរបស់សេនាមន្ដ្រីផងដែរ ។ ដោយមានសត្រូវច្រើន ព្រះអង្គបានចងសម្ព័ន្ធមេត្រីជាមួយស្ដេចនគរជិតខាង ហើយបានផ្ដល់ឯកសិទ្ធិដល់ជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រថែម ទៀត ។
ព្រះអង្គគោរពបូជាព្រះ សិវៈ ក៏ប៉ុន្ដែ មិនប្រកាន់និកាយណាមួយទេ ហើយចេះសន្ដោសប្រណី ពីព្រោះថា ទ្រង់មានមន្ដ្រីមួយរូបជាប់ខ្សែព្រះរាជវង្សដែរ ដែលគោរពបូជាព្រះពុទ្ធសាសនា ។ ទ្រង់ចូលចិត្ដសិល្បៈ ហើយមានអ្នកប្រាជ្ញបណ្ឌិតនៅជុំវិញព្រះអង្គ ។ ពេលណាព្រះអង្គចេញធ្វើសង្គ្រាម ទ្រង់អនុវត្ដតាមទស្សនៈរបស់អ្នកប្រាជ្ញបណ្ឌិតទាំងអស់នោះ ។
ព្រះបាទ យសោវរ្ម័ន បានសុគតនៅឆ្នាំ៩០៨នៃគ្រិស្ដសករាជ ត្រូវនឹងមហាសករាជ៨៣០ ដោយបានបន្សល់ទុកនូវព្រះកិត្ដិនាមថា ជាព្រះចៅអធិរាជលើអស់ព្រះរាជាទាំងឡាយ ជាព្រះរាជាល្អឥតខ្ចោះ ជាព្រះអាទិត្យ ។ ព្រះអង្គមានព្រះមរណនាមថា បរមសិវលោក ។
កំណត់ចំណាំៈ
រឿងនិទាន ខ្មែរមួយដែលខ្ញុំបានរៀបរាប់ពីខាងលើរួចមកហើយ និយាយថា ពួកកម្ពុជា មានកំណើតដើមចេញមកពីរដ្ឋមួយនៅឥណ្ឌា ស្ថិតនៅជិតទីក្រុងដែល្លី ។ ម្យ៉ាងទៀត គម្ពីរមនវៈធម្មសាស្ដ្រៈ បានប្រដៅថា ពួកកម្ពុជៈ ជាប្រជារាស្ដ្រមួយក្នុងបណ្ដាចំណោមប្រជារាស្ដ្របួន ដែលត្រូវគេបណ្ដេញចេញពីឥណ្ឌា ព្រោះបានប្រព្រឹត្ដបំពានលើច្បាប់ប្រទេស ។ នគរពួកកម្ពុជៈ នេះស្ថិតនៅខាងពាយ័ព្យទីក្រុងដែល្លី ហើយអាចនឹងលាតសន្ធឹងមកកើតឆ្ងាយពីទីក្រុងដែល្លី ។ ហេតុការណ៍ដ៏គួរឱ្យចង់ដឹងនេះនឹងគ្មានអ្វីសំខាន់ទេ បើគ្មានហេតុការណ៍មួយទៀត នោះគឺរាជធានីប្រកបទៅដោយកំផែងការពាររឹងមាំដែលកសាងឡើងដោយ ព្រះបាទយសោវរ្ម័ន មានឈ្មោះថា ឥន្ទ្រប្រាស្ថៈ ដែលគម្ពីរសាស្ដ្រាខ្មែរហៅក្លាយថា ជាឥន្ទបត្ដ ។ តែវាមានទីក្រុងមួយ មុននឹងទៅដល់ទីក្រុងដែល្លី ដែលត្រូវគេដុតបំផ្លាញខ្ទេចខ្ទីអស់កាលពី២០០០ឆ្នាំមុន តែមាននៅសេសសល់កម្ទេចកម្ទីនៅឡើយ នៅប្រហែល៥គីឡូម៉ែត្រពីដែល្លី ដែលមានឈ្មោះថា ឥន្ទ្រប្រាស្ថៈដែរ សព្វថ្ងៃអ្នកស្រុកហៅថា ឥន្ទបត្ដ ឬអន្ទបត្ដ ។ ហេតុ ដែលប្រជាជនកម្ពុជាមួយនៅឥណ្ឌូចិន មានឈ្មោះដូចឈ្មោះប្រជាជនកម្ពុជៈ ដែលគេបណ្ដេញចេញពីឥណ្ឌា ហើយពួកកម្ពុជាមានរាជធានីមួយឈ្មោះដូចរាជធានីរបស់ពួកកម្ពុជៈ ដែលរៀបរាប់ថា ពួកកម្ពុជាមានកំណើតដើមមកពីឥណ្ឌា គឺជាបញ្ហាមួយដែលគួរឱ្យចាប់អារម្មណ៍ដែរ ។
(1) លោក អៃម៉ូនីញេ ជឿថាគេត្រូវបន្ថែមពាក្យ «សីលធម៌» ពីលើពាក្យនៅក្រោមការត្រួតត្រារបស់ជ្វាបានសេចក្ដីថា អាណានិគមរបស់ពួកជ្វានោះ មានត្រឹមតែលើផ្នែកអារម្មណ៍ប៉ុណ្ណោះ ។ តែខ្ញុំជឿថាការត្រួតត្រានោះមានពិតប្រាកដមែន ដូចដែលអត្ថបទបានចែង ។
(2) មានរឿងមួយទៀតនិយាយថា ព្រះកេតុមាលាមិនមែនជាព្រះរាជនត្ដា និងមិនបានសោយរាជ្យបន្ដពីព្រះថោងដោយផ្ទាល់ទេ ។ បន្ទាប់ពីព្រះថោងទៅមាន ៖ បុត្រព្រះអង្គព្រះនាមថា វរៈរាជ ឡើងសោយរាជ្យបន្ដនៅឆ្នាំ២១៤ មុនគ្រិស្ដសករាជ ត្រូវនឹងពុទ្ធសករាជ៣៣១ ពេលដែលព្រះអង្គមានព្រះជន្ម១៦ព្រះវស្សា ហើយសុគតទៅក្រោយពីសោយរាជ្យបាន៤០ឆ្នាំ ។ បុត្ររបស់ព្រះវរៈរាជ ព្រះនាមថា ឧទ័យរាជា បានឡើងសោយរាជ្យបន្ដពីព្រះបិតាក្នុងព្រះជន្ម១៦ព្រះវស្សាដែរ ហើយសុគតនៅឆ្នាំ៤១៩ ក្រោយពីសោយរាជ្យបាន៤៤ឆ្នាំ ។ ព្រះរាជបុត្ររបស់ព្រះឧទ័យរាជាព្រះនាមសុវណ្ណបទុមរាជាឡើងសោយរាជ្យ បន្ដក្នុងព្រះជន្ម១៦ព្រះវស្សា សុគតនៅឆ្នាំ៤៦៣ក្រោយពីសោយរាជ្យបាន៤៤ឆ្នាំដែរ ។ បន្ទាប់មកគឺព្រះអនុជថ្លៃព្រះនាមថា បទេសរាជាធិរាជ ជាកូនអ្នកនេសាទ និងជាស្វាមីព្រះនាងឆាយស ដែលត្រូវជាព្រះអនុជរបស់ព្រះសុវណ្ណបទុមរាជា ដែលទ្រង់លើកឱ្យធ្វើជាស្ដេចត្រាញ់លើស្រុកមួយ ក្រោយមកត្រូវនាម៉ឺនសព្វមុខមន្ដ្រីពេញចិត្ដរួចលើកឱ្យសោយរាជ្យ សម្បត្ដិបន្ដបាន៩១ឆ្នាំ ។ ក្រោយនោះ មានប្រជារាស្ដ្រម្នាក់ឈ្មោះថា អ្នកវង្ស ជាមនុស្សមានបុណ្យចេស្ដា ប៉ះរបស់អ្វីរបស់នោះក្លាយជាមាស ត្រូវបាននាម៉ឺនសព្វមុខមន្ដ្រី និងប្រជារាស្ដ្រ ជ្រើសរើសឱ្យឡើងសោយរាជ្យនៅពុទ្ធសករាជ៥៥៤ (ត្រូវនឹងគ្រិស្ដសករាជ១១) ក្នុងអាយុ៣៣ឆ្នាំ ។ ប្រពន្ធរបស់អ្នកវង្ស ឈ្មោះ ជូ បានត្រូវអភិសេកជាព្រះអគ្គមហេសីក្រោមព្រះនាមថា ព្រះជូវត្ដី ព្រះនាងទ្រង់សុបិនថា ព្រះឥន្ទ្រមកអង្អែលផ្ទៃរួចប្រគល់កែវមណីរ័ត្នឱ្យទើបព្រះនាងទ្រង់ គភ៌ប្រសូតបានព្រះកេតុមាលា ដែលឡើងសោយរាជ្យបន្ដពីព្រះបទេសវង្សអាចារ្យ ជាព្រះបិតា នៅពុទ្ធសករាជ៦០០ ត្រូវនឹងគ្រិស្ដសករាជ៥៧ ។
(3) ជាវង្សៈបានគឺព្រះរៀម ឬព្រះអនុជក្សត្រាក្សត្រីព្រះបិតុលា ឬមាតុច្ឆា ព្រះរៀម ឬព្រះអនុជរួមអយ្យកោអយ្យកា ព្រះបិតា មាតា ព្រះអយ្យកោអយ្យកា ព្រះអយ្យកោមា ឬអយ្យកាមីង នៃព្រះរាជា ។
(4) ប្រវត្ដិតាមរឿងនិទាននិយាយថា ប្រាសាទទាំង២នេះ រួមជាមួយប្រាសាទទី៣មួយទៀត គឺប្រាសាទលលៃ ដែលបង្កើតបានជាក្រុមប្រាសាទមួយ បានត្រូវកសាងឡើងដោយព្រះមហាក្សត្រទី៣របស់កម្ពុជា គឺស្ដេចចាមសុរិយាវរ្ម័ន ដែលគោរពថ្មស្វយម្ភុ ។ ស្វយម្ភុនេះគឺជាជីវិតដែលកើតមានឯង ពោលគឺព្រះព្រហ្ម ក៏ប៉ុន្ដែជួនកាលក៏សំដៅចំពោះព្រះសិវៈ និងព្រះវិស្ណុផងដែរ ។ បើសិនជា ស្វយម្ភុក្នុងរឿងនិទាននេះមិនសំដៅយកព្រះសិវៈទេ នោះគេមិនអាចពន្យល់បានទេ ព្រោះធម្មតា ថ្មនេះសំដៅយកលិង្គនោះឯង ។
(5) នោះគឺគុណធម៌សំខាន់ៗមាន ៖ សប្បុរស ខន្ដី វិទ្យាសាស្ដ្រ ក្លាហាន សីលធម៌ វីរភាព ក្លៀវក្លា ថាមពល អានុភាព និង ប្រាជ្ញា ។
បើ តាមក្បួនច្បាប់ខ្មែរវិញ គុណធម៌សំខាន់ៗខុសពីនេះ ៖ ទាន កុសល សប្បុរស មជ្ឈន្ដិកភាព មនុស្សធម៌ ខន្ដី ភាពត្រូវតាមគន្លង ត្រាប្រណី តបកម្ម និងវីរិយៈ ។
(6) គេមិនដឹងថាពាក្យ «វ្រៈ» នេះមានន័យពិតប្រាកដថាដូចម្ដេចទេ ។ តាមខ្ញុំយល់ នេះគឺជាបរិមាណគ្រាប់ស្រូវមួយបង្វេច ដែលគេស្ពាយពាក់ឆៀងលើស្មា ដើរសាប ឬព្រួស ។ ដី១០០វ្រៈ គឺដីដែលត្រូវនឹងគ្រាប់ស្រូវពូជ ១០០បង្វេចនោះ។
(7) សិលាចារឹកព្រះបាទ ក្បាលទី២ ទំព័រ៣៧២-៣៧៦ និងអៃម៉ូនីញេ ប្រទេសកម្ពុជា ក្បាលទី២ ទំព័រ២៦៥-២៦៧ ។

No comments:
Post a Comment