Showing posts with label ២០១៥-២០១៦. Show all posts
Showing posts with label ២០១៥-២០១៦. Show all posts

Monday, July 30, 2018

សង្ខេប​ព្រឹត្តិការណ៍​នយោបាយ​សំខាន់ៗ​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១៦

ស្ទើរ​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ រលក​នៃ​កម្ដៅ​នយោបាយ បាន​ប្រែប្រួល​មិន​ទៀងទាត់។ បញ្ហា​រកាំរកូស និង​ការ​ខ្វែង​គំនិត​គ្នា​លើ​ផ្លូវ​នយោបាយ​រវាង​បក្ស​ដែល​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ក្នុង​អាណត្តិ​ទី​៥ នេះ គឺ​មាន​ភាព​ស្មុគស្មាញ។ ពី​ខាង​រដ្ឋាភិបាល​តែង​ចោទ​ប្រកាន់​បក្ស​ប្រឆាំង ថា​មាន​ភាព​មិន​ស្មោះ​ត្រង់ និង​ពុតត្បុត កេង​ចំណេញ​នយោបាយ ហើយ​ជា​ញឹកញាប់​តែង​បង្ក​អសន្តិសុខ និង​ចលាចល​ដល់​សង្គម។ ពី​ខាង​បក្ស​ប្រឆាំង តែង​រិះគន់​បក្ស​កាន់​អំណាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ រំលោភ​អំណាច​តុលាការ និង​រដ្ឋសភា អសមត្ថភាព​ដឹកនាំ​ប្រទេស ដែល​នាំ​ឲ្យ​វិនាស​ហិនហោច​ធនធាន​ធម្មជាតិ មាន​ព្រៃ​ឈើ រ៉ែ មច្ឆជាតិ ព្រម​ទាំង​រំលោភ​ច្បាប់ ជាពិសេស​តែង​ដាក់​ការ​គាប​សង្កត់​លើ​អ្នក​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស និង​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់ ជាដើម។

រឿង​ចាស់​ទុំ​ផ្នែក​នយោបាយ ដូចជា​ត្រូវ​ចេះ​អត់ឱន​ឲ្យ​គ្នា បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​តម្កល់​ផល​ប្រយោជន៍​ជា​ធំ​នោះ ទាំងអស់​នេះ​គឺ​គេ​ហាក់​ដូចជា​មិន​ទាន់​ឃើញ​អ្នក​នយោបាយ​នៅ​កម្ពុជា ដើរ​លើ​គោលការណ៍​តែ​មួយ​បាន​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ មក​ដល់​ពេល​នេះ ថ្វី​បើ​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ បាន​វិវឌ្ឍន៍​ខ្លួន​អស់​ពេល​ជាច្រើន​ឆ្នាំ​ទៅ​ហើយ ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស​ក៏ដោយ​ចុះ ក៏​ករណី​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ព្រឹត្តិការណ៍​សង្គម​កម្ពុជា នៅ​តែ​សង្កេត​ឃើញ​ថា ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​នេះ គឺ​នៅ​ទន់​ខ្សោយ​នៅ​ឡើយ ជាពិសេស​រឿង​ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ដែល​មាន​ការ​គាំពារ​ដោយ​ច្បាប់ តែ​សិទ្ធិ​នេះ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​បើក​ទូលាយ​ទេ។

ព្រឹត្តិការណ៍​នយោបាយ​នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ គឺ​នៅ​តែ​មាន​ភាព​អាប់អួ ដែល​បញ្ហា​នេះ​វា​មិន​ខុស​អី​កាល​ពី ៤​អាណត្តិ​មុន​ឡើយ។ ចាប់​ដាក់​គុក បាញ់​សម្លាប់ សម្លុត​គំរាម​កំហែង និង​បំភិត​បំភ័យ ទាំងអស់​នេះ​នៅ​តែ​មាន​នៅ​ឡើយ។
កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៦ សមាជិក​សភា​មក​ពី​ខាង​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប ចាប់​ខ្លួន​ទាំង​នៅ​មាន​អភ័យ​ឯកសិទ្ធិ​សភា​នៅ​ឡើយ។ ការ​ប្រើប្រាស់​ច្បាប់​ដែល​ឈរ​លើ​ការ​បកស្រាយ​យក​ឈ្នះ​តែ​ម្ខាង​នេះ ត្រូវ​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ថា ជា​ការ​បំពាន​ច្បាប់​ម្ដង​ហើយ​ម្តង​ទៀត នៅ​ក្រោយ​ពេល​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ ត្រូវ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ចាប់​ខ្លួន ទាក់ទិន​បទ​ចោទ​ថា​ក្លែង​ឯកសារ​សាធារណៈ ទាក់ទង​នឹង​ព្រំដែន​កម្ពុជា-វៀតណាម និង​ញុះញង់​បង្ក​ភាព​វឹកវរ។

សម្ពាធ​នយោបាយ​នេះ មិន​ទាន់​ទាំង​បាន​ធូរស្រាល​នៅ​ឡើយ​ផង មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ភ្លាម​ដែរ​ក្នុង​សំណុំ​រឿង​ព្រំដែន​នេះ និង​ករណី​បណ្ដឹង​ចាស់​ជាមួយ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង។ លោក សម រង្ស៊ី ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន​ដោយ​តុលាការ​ក្រុង​ភ្នំពេញ ស៊ូ​រស់នៅ​ដោយ​និរទេស​ខ្លួន រហូត​ដល់​រដ្ឋាភិបាល​បិទ​ច្រក​លែង​ឲ្យ​ចូល​ស្រុក។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បន្ធូរ​យូរ​ឡើយ លោក​បាន​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ភ្លាម​ដែរ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ ថា​លោក​នឹង​មិន​ទទួល​យក​ការ​អភ័យ​ទោស​ណា​មួយ​ពី​លោក សម រង្ស៊ី ហើយ​រហូត​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ស្បថ​សច្ចា​ទៀត​ថា បើ​លោក​ចិត្ត​ទន់​ចុះ​ហត្ថលេខា​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ លោក ហ៊ុន សែន ខ្លួន​ឯង​ផ្ទាល់​នឹង​កាត់​ដៃ​ស្ដាំ​ចោល។ ស្ថានភាព​នេះ បាន​បង្ក​ឲ្យ​បរិយាកាស​នយោបាយ​កាន់​តែ​ធ្វើ​ឲ្យ​បក្ស​ទាំង​ពីរ​មើល​មុខ​គ្នា​លែង​ចំ​មែនទែន។

មិន​យូរ​ប៉ុន្មាន​ឡើយ សេនារីយោ​នយោបាយ​មួយ​ថ្មី​បាន​កើត​ឡើង​ចំពោះ​លោក កឹម សុខា វិញ​ម្ដង។ នៅ​ក្នុង​អំឡុង​ខែ​មីនា មាន​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចាត់​ទុក​ថា​ជា​សារ​ឆ្លើយឆ្លង​រវាង​អនុប្រធាន​បក្ស​ប្រឆាំង និង​នារី​ម្នាក់​ឈ្មោះ ស្រី​មុំ បាន​លេច​ធ្លាយ​ជាច្រើន​ភាគ។ សំណុំ​រឿង​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​លោក កឹម សុខា ត្រូវ​វិល​មុខ​តែ​ម្នាក់​ឯង​ទេ មាន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អគ្គលេខាធិការ​រង​នៃ គ.ជ.ប លោក នី ចរិយា ម្នាក់​ទៀត​ផង ត្រូវ​ជាប់​ចោទ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទល់​សព្វថ្ងៃ​នេះ។
នៅ​ក្នុង​រឿង​ក្ដី​ដែល​មជ្ឈដ្ឋាន​នានា​ចាត់​ទុក​ថា ជា​ល្បិច​នយោបាយ​របស់​ដៃគូ​ប្រកួត​នោះ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា បាន​បង្ខំ​ចិត្ត​ឲ្យ​លោក កឹម សុខា ត្រូវ​ឃុំ​ខ្លួន​ឯង​ក្នុង​ទីស្នាក់ការ​បក្ស​អស់​ពេល​ជិត​កន្លះ​ឆ្នាំ ប្រឆាំង​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ ទាក់ទិន​បទ​ចោទ​មិន​ចូល​ខ្លួន​ក្នុង​នាម​សាក្សី។

ព្រឹត្តិការណ៍​អាប់អួរ​ផ្នែក​នយោបាយ​នេះ​មិន​ទាន់​ទាំង​បាន​ចប់​ស្រួលបួល​នៅ​ឡើយ​ផង ព្រឹត្តិការណ៍​មួយ​ថ្មី​ទៀត​បាន​កើត​ឡើង​ភ្លាម​ដែរ។ នៅ​ថ្ងៃ​ទី​១០ កក្កដា លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​ស្ដារ​ម៉ាត (Star Mart) ទាំង​ព្រឹក​ព្រលឹម និង​កណ្ដាល​ទីប្រជុំជន។ ការ​បាញ់​សម្លាប់​អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​វិភាគ​លើ​របាយការណ៍​ដ៏​ស៊ី​ជម្រៅ​មួយ​លើ​ការ​ស្រាវជ្រាវ​របស់​អង្គការ Global Witness ដែល​រិះគន់​ពី​ការ​កាន់​កាប់​ជំនួញ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ រឿង​មួយ​ដែល​គ្មាន​នរណា​ស្មាន​ដល់​នោះ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​មន្ត្រី​រាជការ ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី រាប់​សែន​នាក់​ពី​វត្ត​ចាស់ ក្រុង​ភ្នំពេញ ទៅ​តម្កល់​នៅ​ខែត្រ​តាកែវ។
ងាក​មក​លោក កឹម សុខា វិញ ខណៈ​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នៅ​ចាក់អង្រែលើ ស្រាប់​តែ​នៅ​ដើម​ខែ​សីហា ឆ្នាំ​២០១៦ គេ​ឃើញ​កម្លាំង​យោធា​ចម្រុះ​របស់​រដ្ឋាភិបាល​បាន​បញ្ចេញ​បង្អួត​សាច់​ដុំ ដោយ​ឡោមព័ទ្ធ​ទីស្នាក់ការ​នេះ​ទាំង​ជើង​ទឹក ជើង​គោក និង​ជើង​អាកាស ដែល​អ្នក​សង្កេតការណ៍​ហៅ​ថា​ជា​សកម្មភាព​គំរាម​គាប​សង្កត់​ទៅ​លើ​បក្ស​ប្រឆាំង។ ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​សាធារណជន និង​អ្នក​ការទូត​បរទេស ខាង​រដ្ឋាភិបាល​ចេញ​មុខ​បកស្រាយ​អះអាង​ថា នេះ​ពុំ​មែន​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង​ទេ ប៉ុន្តែ​វា​ជា​ការ​ហាត់​សមយុទ្ធ​យោធា​ប៉ុណ្ណោះ។

នៅ​ពេល​តុលាការ​ក្រុង​ភ្នំពេញ ចេះ​តែ​បន្ត​សំណុំ​រឿង​លោក កឹម សុខា នេះ​មិន​ដាច់​នោះ ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រសិន​បើ​តុលាការ​នេះ​នៅ​តែ​បង្ខំ​ចេញ​ដីកា​ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​ទៀត។ ប៉ុន្តែ ២​ថ្ងៃ​បន្ទាប់​ពី​ក្រុម​អ្នក​គាំទ្រ​ព្រមាន​ប្រមូល​ផ្ដុំ​គ្នា​នេះ លោក ហ៊ុន សែន បាន​ប្រកាស​ភ្លាម​ដែរ​ថា លោក​ក៏​ត្រៀម​បញ្ជា​កម្លាំង​ប្រដាប់​អាវុធ​កម្ចាត់​បាតុកម្ម​នេះ​ដែរ។

ស្រប​ពេល​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ នៅ​ខាង​ក្រៅ​ក៏​មាន​យុទ្ធនាការ​មួយ​ឈ្មោះ​ថា «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងនោះ។ យុទ្ធនាការ​នេះ បណ្ដាល​ឲ្យ​ស្ត្រី​ដែល​តស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី​ដ៏​ល្បី​ឈ្មោះ​នៅ​តំបន់​បឹងកក់ គឺ​អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ចាប់​ខ្លួន​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។

កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៦ ការ​ខ្វែង​គំនិត​គ្នា​តាម​ផ្លូវ​នយោបាយ រឹត​តែ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ថា បក្ស​កាន់​អំណាច​ចិត្ត​ចង្អៀត​ចង្អល់​ថែម​ទៀត​នោះ នៅ​ក្រោយ​ពេល​អតីត​រដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ ស្លាប់ ប៉ុន្តែ​នៅ​ក្រោយ​មរណភាព​នេះ សាលា​ក្រុង​ភ្នំពេញ​បាន​បិទ​ផ្លូវ​បូជា​សព​អតីត​មេ​ដឹកនាំ​ថ្ងៃ​៧ មករា រូប​នេះ ដែល​គ្រោង​រៀបចំ​នៅ​មុខ​វត្ត​បទុមវតី។

បញ្ហា​កាន់​តែ​ស្មុគស្មាញ​ជាង​នេះ​ទៀត រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការ​បរទេស កាល​ពី​ខែ​វិច្ឆិកា បាន​ព្រមាន​បិទ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បន្ទាប់​ពី​តំណាង​ការិយាល័យ​នេះ​សុំ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ផ្លូវ​ច្បាប់​ចំពោះ​ការ​ហាមឃាត់​មិន​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​កំណើត​របស់​ខ្លួន។ លោក ប្រាក់ សុខុន ដែល​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី ថា​សំណើ​នោះ​គឺ​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

ស្ថិត​ក្នុង​ស្ថានភាព​នយោបាយ​កំពុង​តែ​ជាប់​គាំង បញ្ហា​នយោបាយ​ហាក់​បាន​ប្រសើរ​បន្តិច​វិញ​នៅ​ដើម​ខែ​ធ្នូ ដោយ​ហេតុ​ថា ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​ដែល​ឃុំ​ខ្លួន​ឯង​អស់​ពេល​ជិត​កន្លះ​ឆ្នាំ​ទៅ​ហើយ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ទាន​លើកលែង​ទោស បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ។

សេរីភាព​ដែល​លោក កឹម សុខា ទទួល​បាន​នៅ​ពេល​នេះ ហាក់​ធ្វើ​ឲ្យ​អ្វីៗ​ដែល​តានតឹង​អស់​ពេល​ជា​យូរ​មក​ហើយ​នេះ បាន​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ផ្នែក​នយោបាយ​បន្តិច។ មិន​យូរ​ប៉ុន្មាន ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី​ដែល​មេ​ឃុំ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ លោក ស៊ាង ចែត ជាប់​ឃុំ ហើយ​មាន​សាលក្រម ៥​ឆ្នាំ ត្រូវ​បាន​ដោះលែង​ដែរ។
ថ្វី​បើ​ស្ថានភាព​នេះ​ហាក់​មាន​ភាព​ធូរស្រាល ការ​ផ្សះផ្សា​ផ្នែក​នយោបាយ​ហាក់​មិន​ទាន់​មាន​ភាព​វិជ្ជមាន​ទាំងស្រុង​នៅ​ឡើយ​ទេ។ នៅ​នាទី​ចុង​ក្រោយ​នៃ​ដំណាច់​ឆ្នាំ​២០១៦ នេះ បើ​ទោះ​ជា​ទាំង​លោក កឹម សុខា និង​លោក​មេ​ឃុំ ស៊ាង ចែត រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ក្តី សម្រាប់​ប្រធាន​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី កាន់​តែ​ប្រឈម​នឹង​សភាព​តានតឹង នៅ​ពេល​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ចុង​ខែ​ធ្នូ បាន​កាត់​ទោស​លោក​មួយ​ករណី​ទៀត គឺ​បទ​បង្ហោះ​ផែនទី​ក្លែងក្លាយ​ជាមួយ​សំណុំ​រឿង​លោក ហុង សុខហួរ ជាប់​ពន្ធនាគារ ៥​ឆ្នាំ។

ស្ថិត​ក្រោម​ទិដ្ឋភាព​នេះ អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា យល់​ឃើញ​ថា នេះ​ជា​របៀប​លេង​ល្បែង​នយោបាយ​ថ្មី​មួយ​ទៀត​របស់​បក្ស​កាន់​អំណាច ក្នុង​ពេល​មើល​ឃើញ​ថា លោក សម រង្ស៊ី លែង​ជា​តួអង្គ​សំខាន់​ត​ទៅ​ទៀត ក៏​ចាប់​ផ្ដើម​ចាប់​ដៃ​ជាមួយ​គូ​ទំនាស់​ផ្នែក​នយោបាយ គឺ​លោក កឹម សុខា វិញ​ម្ដង។ ជុំវិញ​រឿង​នេះ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា រូបភាព​នេះ​អាច​ជា​យុទ្ធសាស្ត្រ​បក្ស​កាន់​អំណាច ព្យាយាម​បំបែក​បក្ស​ប្រឆាំង ហើយ​ជាពិសេស​ធ្វើ​ឲ្យ​ផ្ទៃក្នុង​បក្ស រួម​ទាំង​មេ​ដឹកនាំ​ទាំង​ពីរ​លែង​ទុក​ចិត្ត​គ្នា៕