ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ១ ជំពូកទី ៤)
Posted: Oct-10-2016
ជំពូកទី៤
កំណត់សម្គាល់អំពីប្រជាជនដែលមានទំនាក់ទំនងជាមួយកម្ពុជាមុនសតវត្សរ៍ទី៨
ចាម្ប៉ា អាណ្ណាម-តុងកឹង ទៀបកោះម៉ាឡាកា ឈេទូ ឬសៀម ឥណ្ឌា និងចិន
ឥឡូវនេះ យើងចូលមកដល់ដើមសតវត្សរ៍ទី៧ នៅពេលដែលអាណាចក្រកម្ពុជាបានកកើតឡើង ហើយភូមិភាគកណ្ដាលនៃឥណ្ឌូចិនទាំងមូលត្រូវស្ថិតនៅក្រោមការ ត្រួតត្រារបស់រាជវង្ស «វរ្ម័ន» ឬ «អ្នកការពារក្សត្រប្រទេសទាំង១០១» ដូចដែលមានរៀបរាប់នៅក្នុងរឿងព្រេងនិទាន ។មកដល់ត្រឹមនេះ យើងគួរនាំគ្នាពិនិត្យមើលប្រជាជាតិទាំងឡាយដែលរស់នៅជុំវិញ ហើយដែលអាចនឹងមានឥទ្ធិពលខ្លះៗមកលើអាណាចក្រនេះម្ដង ។
១. នគរចាម្ប៉ា
ប្រជាជាតិ មួយដែលនៅជិតជាងគេ ហើយដែលពួកកម្ពុជៈហិណ្ឌូត្រូវប្រយុទ្ធទប់ទល់មុនគេនោះគឺ ប្រជាជាតិចាម មានកំណើតដើមមកពីម៉ាឡេស៊ី ឬជ្វា ដែលមកតាំងទីលំនៅនៅលើឆ្នេរសមុទ្រខាងត្បូង និងខាងនិរតីឥណ្ឌូចិន ដោយប្រើកម្លាំង ឬក៏ដោយការយល់ព្រម ឬអត់ឱនពីអ្នករដ្ឋវាសី ។ ពួកកម្ពុជៈបានប្រទះឃើញមានពួកចាមនេះនៅឥណ្ឌូចិនភាគខាងក្រោមរួច ទៅហើយ តាំងតែពីពេលដែលគេធ្វើដំណើរមកដល់ម្ល៉េះ ពួកនោះជាម្ចាស់ទឹកដីតូចធំដែលគេគ្រប់គ្រង ព្រមទាំងបានត្រួតត្រាពួកអ្នករដ្ឋវាសីថែមទៀតផង ។ ពួកចាមនេះ គឺជាពួកម៉ាឡេដែលទទួលយកអារ្យធម៌ហិណ្ឌូ ហើយធ្វើដំណើរចេញមកពីកោះស៊ូម៉ាត្រា ឬក៏មកពីកោះជ្វាផងដែរ ។ ចំណែកឯពួកកម្ពុជៈ ឬខ្មែរ គឺចេញមកពីឥណ្ឌាភាគខាងកើតតាមមើលទៅគឺមកពីកលិង្គៈនៅលើឆ្នេរ កូរ៉ូម៉ង់ដែល ។
គេអាចប៉ាន់ ប្រមាណបានអំពីការប្រកួតប្រជែងដែលអាចនឹងកើតមានឡើងតាំងតែពី ដំបូង រវាងពួកម៉ាឡេនៅឥណ្ឌូចិន គឺចាមនេះជាមួយនឹងពួកកម្ពុជៈ ដែលមានអភិមានះនឹងសញ្ជាតិដើមរបស់ខ្លួន ហើយនិយាយភាសាមួយជឿនលឿនបន្ដិចទៅហើយ ជាពិសេសនៅពេលដែលផលប្រយោជន៍ខាងពាណិជ្ជកម្ម និងអំណាចត្រួតត្រាប្រទាំងប្រទើសគ្នា ។
នៅ ពេលដែលពួកកម្ពុជៈមកដល់ វាហាក់ដូចជាថានគរចាម្ប៉ានេះគឺជាអាណាចក្រមួយដែលពួកចិនហៅថា ហ្វូណន ដែលមានដែនដីចំណុះរបស់ខ្លួនជាច្រើនលាតសន្ធឹងរហូតដល់មាត់សមុទ្រ តាំងពីក្វាងប៊ិញរហូតដល់កំពត ហើយដែលក្រោយមកត្រូវធ្លាក់បរាជ័យនៅសតវត្សរ៍ទី១៤ ទើបក្លាយទៅជាប្រទេសអាណ្ណាមវិញ ។
ប្រហែលជា នៅឆ្នាំ១៣៧នៃគ្រិស្ដសករាជ មានមេកោយម្នាក់ក្នុងចំណោមអាណានិគមនៅតាមឆ្នេរសមុទ្រដែលពួកចិន ឱ្យឈ្មោះថា គុយលាន និងមានទីតាំងស្ថិតនៅខាងលើទួរ៉ានបន្ដិច (ប្រហែលជាត្រូវនឹងឈ្មោះ ស្រូណា នៅក្នុងផែនទីផ្ដូលេមេ) បានបង្រួបបង្រួមដែនដីចំណុះទាំងអស់ឱ្យរួមគ្នាមកជារាជាណាចក្រតែ មួយ រួចហើយបានវាយដេញកម្ចាត់ពួកចិន-អាណ្ណាមចេញ រើបម្រះខ្លួនរួចពីនឹមត្រួតត្រារបស់នគរចិន ។ គុយលាន នោះ បានសម្លាប់អភិបាល ឬឧបរាជចិនចោល ជាហេតុធ្វើឱ្យជនរួមជាតិរបស់គេ និងបណ្ដាមេរបស់ដែនដីចំណុះឯទៀតៗ មានជំនឿ និងទំនុកចិត្ដមកលើគេជាខ្លាំង រួចហើយក៏លើកឱ្យធ្វើជាស្ដេច ។ រាជាណាចក្រម៉ាឡេ ដែលបានចាក់គ្រឹះនៅឥណ្ឌូចិន មិនដឹងជាតាំងពីពេលណាមក ហើយមានឈ្មោះថា ចាម្ប៉ានោះ បានឧប្បត្ដិកឡើងយ៉ាងដូច្នេះ ។
រាជធានីរបស់នគរចាម្ប៉ាមានឈ្មោះតាមចិនហៅថា លីនយី ហើយឈ្មោះ លីនយី នេះ ក៏បានត្រូវពួកអាណ្ណាម និងប្រវត្ដិវិទូចិនប្រើសម្រាប់ហៅនគរទាំងមូលផងដែរ ។ តាម មើលទៅ នគរចាម្ប៉ា ឬលីនយី នាពេលនោះលាតសន្ធឹងទៅជើងរហូតដល់ព្រំប្រទល់តុងកឹង និងមកត្បូងរហូតដល់ព្រំប្រទល់កូសាំងស៊ីនសព្វថ្ងៃ ពោលគឺ ត្រូវនឹងទឹកដីអាណ្ណាមបច្ចុប្បន្នទាំងមូល ។ ម្យ៉ាងទៀត នៅពេលនោះ នគរហ្វូណនដែលដឹកនាំដោយរាជវង្សជ្វា ឬម៉ាឡេ និងស្ថិតនៅក្រោមការត្រួតត្រារបស់អាណានិគមម៉ាឡេដ៏ខ្លាំងពូកែមួយ ប្រហែលជាបានកកើតរួចមុនជាច្រើនសតវត្សរ៍មកហើយ ។ នគរហ្វូណននេះមានរាជធានីនៅនឹងមាត់ពាមនៃទន្លេមេគង្គ (1)។
តាម រឿងព្រេង ពួកកម្ពុជៈ និងពួកខ្មែរបានវាយបណ្ដេញពួកចាមឱ្យចាកចេញពីស្រុកដែលស្ថិតនៅ ពីខាងលិចជួរភ្នំអាណ្ណាម និងស្រុករបស់ពួកម៉យ រ៉ូម៉យ ឬម៉្លយ ទៅនៅស្រុកលាវ ជាកន្លែងដែលពួកគេកសាងនគរចំប៉ាសាក់ឡើង និងទៅនៅផ្នែកអាគ្នេយ៍ត្រង់ប៊ិញធន់សព្វថ្ងៃ ហើយបង្កើតបានជារដ្ឋបុណ្ឌុរង្គ (ផានរ៉ាង) ។
ទោះជា ត្រូវបានបណ្ដេញចេញពីកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្ដែជាការពិតណាស់ដែលថា រាជាណាចក្រចាមនៅតាមមាត់សមុទ្រផ្នែកអាគ្នេយ៍ឥណ្ឌូចិនជារាជាណាចក្រ មួយខ្លាំងក្លាតាំងតែពីសតវត្សរ៍ទី១នៃគ្រិស្ដសករាជមក ។ ពួកនេះពូកែមោះមុតក្នុងការធ្វើសង្គ្រាម ទាំងតាមជើងគោក ទាំងតាមផ្លូវទឹក ។ ប៉ុន្ដែពួកនេះអភ័ព្វ ព្រោះប្រជាជាតិរបស់គេត្រូវបែងចែកជាក្សត្រប្រទេសស្វយ័តចំនួន៥- ៦ ដូចជានៅឯកម្ពុជាដែរ គ្រាន់តែថារដ្ឋទាំងអស់នោះជានគរសាមន្ដរាជ ចំណុះឱ្យព្រះអធិរាជមួយអង្គដែលជាបច្ឆាញាតិរបស់ព្រះរាជាដែលបាន រំដោះពួកគេចេញពីនឹមត្រួតត្រានៃពួកចិន និងអាណ្ណាម ។ ប៉ុន្ដែអំណាចរបស់ព្រះអធិរាជនោះខ្សោយមិនខុសពីអំណាចស្ដេចបារាំង កាលពីសម័យមុនយុគកណ្ដាលទេ គ្រាន់តែថាជាគោលការណ៍ គ្មានការប្រកែកប្រណាំងអ្វីពីនគរសាមន្ដរាជនោះទេ (2) ។
ម្យ៉ាងទៀត ទឹកដីរបស់ក្សត្រប្រទេសទាំងអស់ពេលនោះប្រហាក់ប្រហែលនឹងទឹកដីបណ្ដា ខែត្ររបស់អាណ្ណាមបច្ចុប្បន្នដែរ ហើយទឹកដីទាំងអស់នោះបានដូរឈ្មោះបន្ដិចម្ដងៗទៅតាមការច្បាំង ដណ្ដើម និងការដាក់ជាចំណុះដោយពួកអាណ្ណាម ។ ហេតុការណ៍ដូចគ្នានេះ និងហេតុការណ៍ធ្លាប់កើតមាននៅស្រុកបារាំង ពេលដែលពួក ប៉ាគុស នៃក្រុមហ្កាល័រ-រ៉ូម៉ាំង ច្បាំងដណ្ដើមយកបណ្ដាខេត្ដនៃអាណាចក្ររ៉ូម៉ាំងក្នុងសតវត្សរ៍ទី១៤ ដែរ ។
តាមឯកសារប្រវត្ដិសាស្ដ្រ អាណ្ណាម ពួកចាមជាពួកចោរសមុទ្រ និងដីគោក ដែលបានបញ្ជូនទ័ពទៅធ្វើការដុតបំផ្លាញភូមិនានាតាមមាត់សមុទ្រ តុងកឹង និងបណ្ដាខែត្រអាណ្ណាមខាងជើងជាច្រើនលើកច្រើនសា ។ បើតាមសិលាចារឹកសំស្ក្រឹតរបស់កម្ពុជាវិញថា ពួកកម្ពុជៈចាត់ទុកពួកនេះជាប្រជារាស្ដ្រជិតខាង ដែលគេមានទំនាស់ជាមួយម្ដងម្កាល ។ ប៉ុន្ដែ ពួកចាមខ្លួនឯងមិនមានបន្សល់ទុកឯកសារអ្វីដើម្បីការពារខ្លួនឯងផង ទេ ។ រីឯពួកអាណ្ណាមវិញ គេខិតខំនិយាយអាក្រក់ពីចាម្ប៉ាដើម្បីបញ្ជាក់ពីមូលហេតុសមស្របដែល ធ្វើឱ្យបុព្វបុរសរបស់គេវាយដណ្ដើមយកនគរនេះ ។
ម្យ៉ាងទៀត អាចនិយាយបានថា អំពើចោរកម្ម និងការឈ្លានពានទៅលើអាណ្ណាមនោះ មិនមែនជាសកម្មភាពរបស់ប្រជាជាតិចាមទាំងមូល ឬក៏ជាគំនិតរបស់ព្រះចៅអធិរាជដែលសោយរាជ្យនៅឯចាម្ប៉ាបុរៈនោះទេ វាអាចគ្រាន់តែជាសកម្មភាពរបស់ព្រះរាជានៃក្សត្រប្រទេសណាមួយក្នុង បណ្ដាក្សត្រប្រទេសរបស់ចាម្ប៉ាប៉ុណ្ណោះ ឬក៏ថា ជាអំពើរបស់ពួកចាមមួយក្រុមដែលប្រព្រឹត្ដឡើងដោយគ្មានការអនុញ្ញាត ពីស្ដេចអង្គណាមួយដែលចុះទូកតាមតែខ្យល់បក់នាំទៅ ឬក៏នាំគ្នាធ្វើការសងសឹកនឹងការជេរប្រមាថណាមួយក៏មិនដឹង ។ ក៏ប៉ុន្ដែ ការវាយប្រហាររបស់ពួកចាមភាគច្រើន សុទ្ធតែបានត្រូវឯកសារអាណ្ណាមកត់ត្រាថា ជាប្រតិបត្ដិការយោធារបស់នគរទាំងមូល តាមការសម្រេចចិត្ដរបស់ព្រះរាជា និងទីប្រឹក្សារបស់ព្រះអង្គ និងដឹកនាំបញ្ជាដោយមេទ័ពដែលព្រះរាជាចាត់តាំងច្បាស់លាស់ ។
នៅ សម័យនោះ ដែលប្រជាជនមិនសូវស្គាល់គ្នាទៅវិញទៅមក មិនដឹងថា តើមានអ្វីកើតឡើងនៅឯប្រទេសជិតខាង និងមិនមានទម្លាប់ប្រកាសសង្គ្រាមមុនពេលដែលសង្គ្រាមចាប់ផ្ដើម ទេ ។ ពួកអាណ្ណាមបានចាត់ទុកថា រាល់ការឈ្លានពាន និងការឆក់ប្លន់ដោយស្ដេចចាមណាមួយ ជាអំពើខុសឆ្គងរបស់ប្រជាជាតិទាំងមូល ជាបំណងរបស់ព្រះរាជា ជាការវាយប្រហាររបស់ប្រជាជាតិមួយទៅលើប្រជាជាតិមួយ តែតាមពិតទៅនោះ គ្រាន់តែជាអំពើរបស់ពួកចោរមួយក្រុម ឬជាការសងសឹកមួយប៉ុណ្ណោះ ។ ពួកអាណ្ណាមអាចនឹងចាត់ទុករឿងរ៉ាវទាំងឡាយដូច្នេះ ក៏ប៉ុន្ដែខ្ញុំនៅតែចង់រំលឹកដដែលៗថា នគរចាម្ប៉ាបានរលត់បាត់អស់ទៅហើយធ្វើម៉េចអាចការពារខ្លួនបាន ហើយបច្ឆាញាតិរបស់ប្រជាជាតិគេដែលត្រូវវាយបំបែកខ្ចាត់ខ្ចាយអស់ទៅ ហើយនោះ ក៏គ្មានបន្សល់ឯកសារអ្វីការពារខ្លួន ឬបញ្ជាក់ថា សង្គ្រាមដែលខ្លួនប្រកាសឡើងនោះ ជាការឆ្លើយតបទៅនឹងអាណ្ណាមផងទេ ។ ចំណែកពួកអាណ្ណាមវិញដែលមាននៅសល់ដល់សព្វថ្ងៃ គេអាចធ្វើការការពារខ្លួន និងវាយប្រហារទៅលើសត្រូវពីអតីតកាលដោយគ្មានខ្លាចរអែងថានឹងទទួល ការវាយបកវិញឡើយ ។ ដូចនេះ គេត្រូវប្រុងប្រយ័ត្ននៅចំពោះការចោទប្រកាន់នានា ហើយកុំភ្លេចថាទឹកដីចាម្ប៉ាទាំងស្រុងបានត្រូវពួកអាណ្ណាមដណ្ដើម ដាក់បញ្ចូលមកក្នុងរាជាណាចក្រអាណ្ណាមបាត់ទៅហើយ ។
គេ មិនដឹងអ្វីច្រើនប៉ុន្មានទេនៅពេលដែលនគរចាម្ប៉ាចាប់ផ្ដើមកកើត ដំបូង ។ ឯកសារប្រវត្ដិសាស្ដ្រចិន រឿងនិទានរបស់បូជនីយេសក៍ចិន និងស្នាដៃមួយចំនួនផ្សេងទៀត ដែលនិយាយអំពីប្រជាជាតិនេះ មាននិយាយតិចតួចពេក មិនអាចឱ្យយើងរៀបរាប់ព្រឹត្តិការណ៍តាមលំដាប់បន្ដបន្ទាប់បាន ទេ ។ មានឯកសារមួយនិយាយថា រាជាណាចក្រចាម្ប៉ាបានត្រូវកសាងឡើងប្រហាក់ប្រហែលទៅនឹងរឿងរ៉ាវដែល រៀបរាប់ខាងលើ មានរាជធានីនៅស៊ាងលីនយី ក្នុងអំណាចត្រួតត្រារបស់ យិនណាន គឺក្វាងប៊ិញសព្វថ្ងៃ ហើយថាពួកចាមហៅរាជធានីរបស់គេនោះថា បាលអង់វ៉ី ឬរាជធានីអង់វ៉ី នៅចន្លោះខ្សែរយៈទទឹង១៧ និង១៨អង្សា និងចន្លោះរយៈបណ្ដោយ ១០៤-១០៥អង្សា ។
សិលាចារឹក ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃ បានផ្ដល់បញ្ជីឈ្មោះរបស់ព្រះរាជាមួយចំនួនដែលសោយរាជ្យពីសតវត្សរ៍ ទី១ដល់សតវត្សរ៍ទី៧ ព្រមទាំងព្រឹត្ដិការណ៍មួយចំនួនដែលមិនសូវស៊ីគ្នាជាមួយឯកសារចិន ប៉ុន្មានទេ ។
យើងពិនិត្យមើល អំពីអ្វីដែលឯកសារទាំងពីរបានប្រាប់ឱ្យដឹង ៖ ព្រះរាជាទីមួយ ដែលសិលាចារឹកថ្វាយព្រះអភិសេកនាមថា ស្រីមារៈ ទ្រង់សោយរាជ្យនៅសតវត្សរ៍ទី២ ឯព្រះរាជាបន្ទាប់ទ្រង់ព្រះនាមថា ភទ្រវរ្ម័ន សោយរាជ្យនៅសតវត្សរ៍ទី៤ ។
ស្រីមារៈ ប្រហែលជាឈ្មោះជាភាសាសំស្ក្រឹតរបស់ស្ដេចគុយលាន ឬស្ដេចដែលសោយរាជ្យបន្ដពីព្រះអង្គមិនដឹងថា តើជាអ្នកស្នងរាជ្យទី១ ទី២ ឬទី៣ ដែលយើងមិនបានស្គាល់ឈ្មោះ ។
ឯ ស្រីភទ្រវរ្ម័នក៏ប្រហែលជាឈ្មោះជាភាសាសំស្ក្រឹតរបស់ស្ដេចមួយអង្គ ដែលសោយរាជ្យនៅសតវត្សរ៍ទី៤ ហើយដែលប្រវត្ដិវិទូចិនហៅមិនច្បាស់ថា ហ្វាន់ហៀន ដែលជាបច្ឆាញាតិខាងព្រះមាតារបស់គុយលាន ។ ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម ហ្វាន់អ៊ី បានរៀបចំធ្វើកំពែងការពាររាជធានីតាមយោបល់របស់មន្ដ្រីម្នាក់ ដែលបន្ទាប់មក បានឡើងសោយរាជ្យបន្ដព្រះអង្គ ។ ទ្រង់សុគតនៅឆ្នាំ៣៣៦ ។ មន្ដ្រីនោះតាមពិត គឺជាខ្ញុំបម្រើម្នាក់ឈ្មោះ វេន មានដើមកំណើតមកពីតុងកឹង ដែលត្រូវព្រះរាជាសន្ដោសប្រណីយកជាបុត្រចិញ្ចឹម បានបំបែករជ្ជទាយាទធម្មានុរូបទាំងអស់ចេញ ហើយពឹងផ្អែកលើមន្ដ្រីឯទៀតៗឱ្យប្រកាសខ្លួនជាព្រះរាជាក្រោមព្រះ នាមថា ហ្វាន់វេន ។ ស្ដេចអង្គនេះសុគតនៅឆ្នាំ៣៤៩។ ព្រះរាជាអង្គនេះជាព្រះរាជាចាមដំបូងគេ ដែលលើកទ័ពឆ្លងកាត់ព្រំដែនទៅធ្វើសង្គ្រាមជាមួយតុងកឹង ។ ទ្រង់បានដណ្ដើមយកខែត្រក្វាងណាន ដែលជាស្រុកកំណើត ដាក់បញ្ចូលមកនគរចាម្ប៉ានៅឆ្នាំ៣៤៧ ។
ឯកសារ ប្រវត្ដិសាស្ដ្រចិននិយាយថា ព្រះរាជាដែលសោយរាជ្យបន្ដពីហ្វាន់វេន គឺបុត្រព្រះអង្គព្រះនាមថា ហ្វាន់ហ្វូ ហើយនៅក្រោមរាជ្យស្ដេចអង្គនេះ កងទ័ពចិន-តុងកឹងដណ្ដើមយកក្វាងណានវិញបានដោយរុញច្រានឱ្យចាមដក ថយទៅនៅឯលីនយីវិញ ។
បន្ទាប់មក គឺព្រះរាជនត្ដារបស់ហ្វាន់ហ្វូ ព្រះនាមហ្វានហ៊ូតា ដែលឡើងសោយរាជ្យបន្ដពីព្រះអង្គនៅឆ្នាំ៣៩៩ ។ រជ្ជកាលនេះប្រកបទៅដោយភាពវឹកវរ នៅទីបញ្ចប់ព្រះរាជាក៏ត្រូវធ្វើឃាតដោយបុត្រស្ដេចហ្វូណន ដែលលោក ប៉េគូប៊ីល ដាក់ឈ្មោះតាមចិនថា តេងកេងឈន់ ។ ឃាតកម្មនេះកើតមាននៅក្រោយឆ្នាំ៤១៣នៃគ្រិស្ដសករាជ ។
ព្រះរាជបុត្រ របស់ព្រះបាទហ្វានហ៊ូតា ព្រះនាមថា ហ្វានឈាវនង ឡើងសោយរាជ្យបន្ដមកហើយមានការលំបាកជាខ្លាំងក្នុងការរៀបចំសណ្ដាប់ ធ្នាប់ និងដណ្ដើមយកស្រុកមកវិញ ។ ក្រោយពីសម្រេចតាមគោលបំណងនេះរួច ព្រះរាជាទ្រង់សោយរាជ្យបានប៉ុន្មានឆ្នាំបន្ដទៀត រួចក៏សោយទិវង្គតទៅនៅឆ្នាំ៤២១ ។ ព្រះរាជបុត្រព្រះនាម ហ្វានយ៉ាងម៉ាយ បានសោយរាជ្យបន្ដមក រួចទ្រង់សុគតនៅឆ្នាំ៤៤៦ ។ ពេលនោះរាជបុត្រព្រះនាម ហ្វានទូ បានឡើងសោយរាជ្យបន្ដ ដោយយកព្រះនាមដូចព្រះបិតាដែរ ។
នៅ សតវត្សរ៍ទី៥ សិលាចារឹកបាននិយាយអំពីព្រះរាជាមួយព្រះអង្គដែលមានព្រះនាមជា ភាសាសំស្ក្រឹតថា គង្គារាជា ឬគង្គេស្វរៈ ។ សិលាចារឹកនិយាយបន្ដទៀតថា ព្រះរាជាអង្គនេះបាន «ចាកចោលរាជសម្បត្ដិដោយគ្មានព្រះទ័យស្ដាយស្រណោះបន្ដិចទេ» ទៅធ្វើបូជនីយេសក៍នៅមាត់ទន្លេគង្គា (3) ។ ព្រះរាជាមួយអង្គទៀតមានព្រះនាមដែលបញ្ចប់នៅខាងចុងថា …រដ្ឋាវរ្ម័ន មានន័យថា «ទ្រង់មានអំណាចលើសលប់មហាសាគរ» ។
តាម មើលទៅ ឈ្មោះថា គង្គារាជា និង…រដ្ឋាវរ្ម័ន ប្រហែលជាព្រះនាមជាភាសាសំស្ក្រឹតរបស់ហ្វានហ៊ូតា និងហ្វានយ៉ាងម៉ាយ ក៏ប៉ុន្ដែគ្មានឯកសារបញ្ជាក់អំពីរឿងនេះទេ ។
សិលាចារឹក ដដែលក៏បាននិយាយអំពីព្រះរាជា២ព្រះអង្គទៀតផងដែរគឺ រុទ្រវរ្ម័នទី១ ដែលជាព្រះរាជនត្ដាទួតរបស់ព្រះបាទរដ្ឋាវរ្ម័នដែលបានសោយរាជ្យបន្ដ មក តាមពាក្យសិលាចារឹកថា «ទ្រង់បានទទួលយកអម្រែកដ៏សែនធ្ងន់នៃរាជសម្បត្ដិ» ។ ព្រះអង្គជាប់អម្បូរព្រាហ្មណ៍ផង និងក្សត្រិយៈផង ។ ព្រះរាជាមួយអង្គទៀតគឺ ព្រះបាទ សម្ភុវរ្ម័ន ជារាជបុត្ររបស់ព្រះបាទរុទ្រវរ្ម័ន ។
បើតាមឯកសារប្រវត្ដិសាស្ដ្រចិនវិញ គេនិយាយថានៅសតវត្សរ៍ទី៥មានព្រះរាជាដូចតទៅនេះ ៖
ហ្វានតាវ សោយរាជ្យស្នងពីព្រះបិតានៅឆ្នាំ៤៤៦ ។
ហ្វានចេនឆេង សោយរាជ្យពីឆ្នាំ៤៥៨ ដល់ ៤៧២ ឬក៏ក្រោយនោះ ។
ហ្វានតាងកេនឈែន ជាជនបរទេសជ្រែករាជ្យនៅឆ្នាំ៤៩១ ។
ហ្វានឈូនង ជាបុត្ររបស់ហ្វានយ៉ាងម៉ាយ ដែលឡើងសោយរាជ្យនៅឆ្នាំ៤៩២ បន្ទាប់ពីទម្លាក់ស្ដេចជ្រែករាជ្យរួច សុគតនៅឆ្នាំ៤៩៨ ។
ហ្វានវេនសេន ឬវេនគ្វែន បុត្រស្ដេចមុន ។
ហ្វានទៀនខាយ ដែលមានព្រះអភិសេកនាមថា ទេវវរ្ម័ន ជាបុត្រស្ដេចមុន និងសោយរាជ្យពីឆ្នាំ៥១០ ហើយនៅសោយរាជ្យនៅឡើយនៅឆ្នាំ៥១៤ ។
ភីតស្វ៊ែយប៉ាម៉ូ (វិជ័យវរ្ម័ន) ជាព្រះអនុជស្ដេចមុន ។
កាវជីចេនខាយ (គុស្រីជ័យវរ្ម័ន ឬវិជ័យវរ្ម័ន ?) សោយរាជ្យឆ្នាំ៥២៦-៥២៧ ។
កាវជីឡូថូឡូប៉ាម៉ូ (គុស្រីរុទ្រវរ្ម័ន) សោយរាជ្យឆ្នាំ៥៣០-៥៣៤ ។
វា ហាក់ដូចជាច្បាស់ណាស់ថា រុទ្រវរ្ម័ន និង រដ្ឋាវរ្ម័ន ដែលមាននិយាយនៅក្នុងសិលាចារឹក គឺជាព្រះអភិសេកនាមរបស់ព្រះរាជា២ព្រះអង្គដែលសោយរាជ្យនៅសតវត្សរ៍ ទី៥ ប៉ុន្ដែយើងមិនដឹងកាលបរិច្ឆេទពិតប្រាកដទេ គ្រាន់តែបានស្គាល់ព្រះនាមដែលចិនហៅប៉ុណ្ណោះ ។ ហើយវាក៏ហាក់ដូចជាពិតប្រាកដដែរថា ព្រះរាជា៤ព្រះអង្គតាមឯកសារប្រវត្ដិសាស្ដ្រចិនដែលយើងអាចកំណត់ ព្រះនាមជាភាសាសំស្ក្រឹតបានគឺព្រះបាទទេវវរ្ម័ន វិជ័យវរ្ម័ន ជ័យវរ្ម័ន និងរុទ្រវរ្ម័ន មិនមានសិលាចារឹកណាដែលគេរកឃើញនៅចាម្ប៉ានិយាយអំពីព្រះរាជា ទាំងនោះទេ ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនក៏មាននិយាយផងដែរអំពីសង្គ្រាមមួយកើតឡើងនៅ ក្នុងសតវត្សរ៍ទី៥ រវាង នគរហ្វូណន និងចាម្ប៉ា ។ វាហាក់ដូចជាថា អ្នកដែលបង្កសង្គ្រាមមុនគឺព្រាហ្មណ៍កោណ្ឌញ្ញ (ជ័យវរ្ម័ន) ចិនហៅថា គាវឈាវឡូ ជាព្រះរាជានៃនគរហ្វូណន ដែលមានខ្ញុំ ឬកូនម្នាក់បះបោរប្រឆាំងនឹងព្រះអង្គ រួចគេចខ្លួនមកប្រកាសខ្លួនជាស្ដេចនគរចាម្ប៉ា ។ មូលហេតុគឺមកពីស្ដេចគាវឈាវឡូនេះ ឬក៏នៅក្នុងរាជ្យស្ដេចអង្គនេះ ចាមបានធ្វើការវាយដណ្ដើមយកជំនូនដែលអធិរាជចិនផ្ញើថ្វាយស្ដេចនគរ ហ្វូណន ធ្វើឱ្យស្ដេចហ្វូណនបញ្ជូនរាជទូតម្នាក់នៅឆ្នាំ៤៨៤ ជាពុទ្ធសាសនិកជន ឱ្យទៅសុំជំនួយពីស្ដេចក្រុងចិន ដែលយល់ព្រមតាមសំណូមពរ ។ គាវឈាវឡូនេះ ជាស្ដេចជ្រែករាជ្យ ម្យ៉ាងទៀតជាខ្មែរផង ។ ប៉ុន្ដែ ឯកសារប្រវត្ដិសាស្ដ្រចិនមិនមានបញ្ជាក់ថា តើស្ដេចនេះបរាជ័យក្នុងសង្គ្រាមប្រឆាំងនឹងហ្វូណនរួមនឹងចិន ឬយ៉ាងណានោះទេ ។
ទោះជាយ៉ាងណាក៏ ដោយ ឯកសារប្រវត្ដិសាស្ដ្រអាណ្ណាមបានរៀបរាប់ថា នៅឆ្នាំ៣៩០នៃគ្រិស្ដសករាជ បណ្ដាខែត្រភាគខាងត្បូងអាណ្ណាម (អាណ្ណាមពេលនោះគឺតុងកឹង) ត្រូវរងការវាយប្រហារពីពួកចាម ដែលមានព្រះរាជាពេលនោះព្រះនាមតាមការហៅកាឡៃរបស់ពួកអាណ្ណាមថា ផាមឡូដាត ឬហ្វានឡូដាត ។ ប៉ុន្ដែ ស្ដេចចាមនោះ បានត្រូវវាយបណ្ដេញឱ្យដកថយទៅវិញដោយកងទ័ពចិន ដែលនៅពេលនោះជាម្ចាស់លើតុងកឹង ។ ពួកចាមក៏បរាជ័យដែរនៅក្នុងការវាយប្រហារបណ្ដាខែត្រខាងត្បូង ម្ដងទៀតនៅឆ្នាំ៤២០ ហើយបានត្រូវបង្ខំឱ្យសងការខូចខាតជាច្រើន និងលើកសួយសារអាករទៅឱ្យចិនទៀតផង ។
បើ តាមមើលទៅគឺនៅក្រោមរជ្ជកាលរបស់ស្ដេចហ្វានយ៉ាងម៉ាយដែលសោយរាជ្យ បន្ដពីផាមឡូដាត (គឺស្ដេចដែលចិនហៅថា ហ្វានហ៊ូតា) ដែលកងទ័ពចាមធ្វើការឈ្លានពានទៅលើខែត្រញុតណាមរបស់តុងកឹងនៅឆ្នាំ ៤៣៦ ។ ទ័ពចាមឈ្នះអាស្រ័យដោយសារមានដំរី ដែលធ្វើឱ្យទ័ពអាណ្ណាមបាក់បបខ្លបខ្លាច ។ ក៏ប៉ុន្ដែទ័ពនេះ ត្រូវបរាជ័យវិញ នៅពេលដែលមេទ័ពចិនឈ្មោះ ថានហូឈេ ប្រើកាំជ្រួចដុតចេញរូបសត្វធំៗ ធ្វើឱ្យដំរីភ័យខ្លាចជាខ្លាំង ។ បន្ទាប់មក រាជធានីរបស់នគរចាម្ប៉ាបានត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃអាណ្ណាមនៅ ឆ្នាំ៤៤៦នៃគ្រិស្ដសករាជ ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនបាននិយាយទៀតថា ស្ដេចហ្វានយ៉ាងម៉ាយបានរត់គេចខ្លួនចេញពីរាជធានី នៅពេលដែលឮថាទ័ពអាណ្ណាមមកជិតដល់ ។ ទ្រង់យាងត្រលប់មកព្រះនគរវិញនៅពេលដែលទ័ពអាណ្ណាមដកចេញផុតអស់ ហើយត្រូវស្រឡាំងកាំងជាខ្លាំងពេលឃើញរាជធានីត្រូវបំផ្លាញ ខ្ទេចខ្ទី ។ ព្រះអង្គបានធ្លាក់ព្រះកាយប្រឈួនរហូតដល់សោយទិវង្គត ។
ប៉ុន្ដែ មានបញ្ហាមួយចោទឡើង ៖ ព្រះបាទគង្គារាជា រដ្ឋាវរ្ម័ន រុទ្រវរ្ម័ន និងព្រះរាជា៦ព្រះអង្គទៀត បានសោយរាជ្យបន្ដបន្ទាប់គ្នាឥតដាច់នៅសតវត្សរ៍ទី៥ និងទី៦ ។ បើអ៊ីចឹង តើស្ដេចផាមឡូដាត (4) តាមប្រវត្ដិសាស្ដ្រអាណ្ណាម និងហ្វានយ៉ាងម៉ាយ តាមឯកសារចិន ដែលសោយរាជ្យបន្ដបន្ទាប់គ្នាដែរនោះ ត្រូវសោយរាជ្យនៅឆ្នាំណា ? ឬមួយឈ្មោះទាំងពីរនេះជាឈ្មោះដែលប្រជាជនហៅតាមភាសាសាមញ្ញសំដៅយក ព្រះបាទរុទ្រវរ្ម័ន និងព្រះរាជាដែលសោយរាជ្យបន្ដ ឬមុនព្រះអង្គ ?
សិលាចារឹកចាម ឯកសារប្រវត្ដិសាស្ដ្រអាណ្ណាម និងឯកសារចិនមានរៀបរាប់អំពីព្រះរាជាដែលសោយរាជ្យសម្បត្ដិបន្ដពី ព្រះបាទរុទ្រវរ្ម័ន ព្រមទាំងសកម្មភាពខ្លះៗផងដែរ ។ ព្រះរាជាដែលស្នងរាជ្យទី១គឺព្រះបាទសម្ភុវរ្ម័នដែលតាមមើលទៅអាច ត្រូវជាព្រះរាជបុត្ររបស់ព្រះបាទរុទ្រវរ្ម័ន ។ សិលាចារឹកមួយនៅមីសឺន បានថ្លែងសរសើរព្រះអង្គថា «ទ្រង់មានព្រះកាយពលខ្លាំងក្លាគ្មាននរណាប្រៀបផ្ទឹមបាន មានចរិយាមារយាទល្អប្រសើរប្រៀបបានទៅនឹងព្រះអាទិត្យនៃផែនដីដោយជះ ពន្លឺនៅពេលរាត្រី ហើយទ្រង់មានភាពក្លាហានមោះមុតតាមរយៈព្រះរាជទ្រព្យផ្ទាល់ព្រះ អង្គ» ។ បើដូច្នេះមែន តើព្រះរាជាអង្គនេះជាស្ដេចជ្រែករាជ្យ ហើយមិនមែនជាព្រះរាជបុត្ររបស់ស្ដេចអង្គមុនទេ ឬយ៉ាងណា ? ព្រោះឃ្លាចុងក្រោយនេះ ហាក់ដូចជាចង់បញ្ជាក់អំពីរឿងនេះ (5)។
ព្រះរាជា អង្គនេះប្រហែលជាសោយរាជ្យនៅដើមគ្រិស្ដសករាជទី៧ ។ ហើយបើសិនជាព្រះអង្គជាមនុស្សតែមួយជាមួយហ្វានផានឈេ នោះគឺនៅក្នុងរាជ្យរបស់ព្រះអង្គនេះហើយដែលចិនបានធ្វើការ វាយប្រហារមកលើនគរចាម្ប៉ា ក្នុងរវាងឆ្នាំ៦០៣ ឬ៦០៥ ដោយស្ដេចចិនដែលឯកសារប្រវត្ដិសាស្ដ្រចាត់ទុកថាជា «ស្ដេចលោភលន់ចង់មានចង់បាន» ព្រោះឮថានគរចាម្ប៉ានេះជាប្រទេសអ្នកមានមួយ ក៏មានបំណងវាយយក នេះបើ តាមការសិក្សារបស់លោក ប៉េគូប៊ីល ។ មុនដំបូង ទ័ពចាមទទួលបានជ័យជម្នះខ្លះ ប៉ុន្ដែបន្ទាប់មក ត្រូវដកថយឆ្លងព្រំដែនទាំងឥតសណ្ដាប់ធ្នាប់ក្រោមការដេញវាយប្រហារ របស់កងទ័ពចិន និងអាណ្ណាមដែលដណ្ដើមយករាជធានីបាន ហើយវាយកម្ទេចខ្ទេចខ្ទីមុននឹងដកទ័ពថយទៅវិញ (6) ។ ក៏ប៉ុន្ដែ ដោយរវល់តែប្រមូលយកជ័យភណ្ឌខ្លាំងពេក ពួកចិនអាណ្ណាមបានត្រូវរងការវាយបកពីទ័ពចាម ដែលប្រមែប្រមូលគ្នារៀបចំឡើងវិញយ៉ាងឆាប់រហ័ស ។
បើ តាមសិលាចារឹក ព្រះរាជាដែលសោយរាជ្យបន្ដពីព្រះបាទសម្ភុវរ្ម័ន គឺព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម កន្តារប្បធម្មៈ ដែលសោយរាជ្យចាប់ពីឆ្នាំ៦៣០មក ហើយដែលឯកសារចិនហៅថា ហ្វានឈាវលី ដែលបានបញ្ជូនរាជទូតទៅគាល់ស្ដេចស្រុកចិននៅឆ្នាំ៦៣១ ដោយបញ្ជូននូវរបស់របរល្អៗពីក្នុងស្រុកទៅថ្វាយផង ។
ព្រះរាជបុត្រ របស់ព្រះបាទកន្តារប្បធម្មៈ ឡើងសោយរាជ្យបន្ដពីព្រះអង្គ ប៉ុន្ដែយើងមិនបានស្គាល់ព្រះអភិសេកនាមរបស់ស្ដេចនេះទេ ។ ឯកសារប្រវត្ដិសាស្ដ្រចិនហៅព្រះរាជាអង្គនេះថា ហ្វានឆេនឡុង ។ ស្ដេចអង្គនេះបានត្រូវមន្ដ្រីមួយរូបធ្វើគុតទាំងពូជនៅឆ្នាំ៦៤៥ មន្ដ្រីនោះចិនហៅឈ្មោះថា ម៉ូហូម៉ានតូគាធូ ដែលប្រហែលគឺជាស្ដេចភទ្រេស្វរវរ្ម័នតាមសិលាចារឹក ដែលត្រូវជាក្មួយរបស់ព្រះរាជាមួយព្រះអង្គ (តើហ្វានឆេនឡុងឬ ?) និងត្រូវជាចៅខាងព្រះមាតារបស់ព្រះកន្តារប្បធម្មៈ គឺព្រះមាតាទ្រង់បានរៀបការជាមួយនឹងព្រាហ្មណ៍ម្នាក់ ។ ស្ដេចនេះសោយរាជ្យនៅឆ្នាំ៦៤៥ ។
បន្ទាប់ មក ប្រទេសកើតមានការវឹកវរមួយអស់រយៈពេលពីរ-បីឆ្នាំ ។ ឯកសារប្រវត្ដិសាស្ដ្រចិននិយាយថា មានព្រឹត្ដិការណ៍មួយចំនួនកើតឡើង ដែលលោក ពែលីយ៉ូ បានសង្ខេបដូចតទៅ ៖ មរណភាពរបស់ស្ដេច ហ្វានឆេងឡុង ព្រមទាំងរាជវង្សទាំងមូលបានធ្វើឱ្យនគរគ្មានអ្នកស្នងរាជ្យ ។ ប្រជារាស្ដ្រចាមក៏បានឯកភាពគ្នាលើកព្រាហ្មណ៍ម្នាក់ ដែលត្រូវជាបុត្រសុណិសារបស់ព្រះបាទ ហ្វានធូលី ដែលសោយរាជ្យនៅឆ្នាំ៦៣០-៦៣១ ឱ្យឡើងសោយរាជ្យបន្ដ បុត្រសុណិសានោះប្រហែលគឺ ម៉ូហូម៉ានតូគាធូ ឬ ភទ្រេស្វរវរ្ម័ននោះឯង ។ ក៏ប៉ុន្ដែនាម៉ឺនសព្វមុខមន្ដ្រី ដែលស្ម័គ្រស្មោះនឹងព្រះរាជវង្សមុន ឬក៏ថាមានផលប្រយោជន៍ផ្ទុយនឹងព្រះរាជាថ្មីនេះ មិនយល់ស្របតាមទេ ក៏នាំគ្នាទម្លាក់ស្ដេចនេះចេញពីរាជសម្បត្ដិ រួចលើករាជបុត្រីរបស់ព្រះបាទហ្វានធូលី ដែលប្រហែលជាមហេសីរបស់ព្រាហ្មណ៍ដែលប្រជារាស្ដ្រលើកឱ្យសោយរាជ្យនោះ ឯងក៏មិនដឹង ឱ្យឡើងសោយរាជ្យវិញ ។ ក៏ប៉ុន្ដែព្រះមហាក្សត្រិយ៍អង្គនេះមិនមានសមត្ថភាពនឹងរៀបចំសណ្ដាប់ ធ្នាប់ក្នុងព្រះនគរបានទេ ។គេក៏អំពាវនាវសុំឱ្យ ឈូកូទី ដែលត្រូវជាបុត្រារបស់មាតុច្ឆាមួយអង្គរបស់ព្រះបាទហ្វានធូលី ជាមួយនឹងក្សត្រមួយអង្គ ដែលបានគេចព្រះអង្គទៅនៅកម្ពុជា គឺត្រូវជាបងប្អូនជីដូនមួយជាមួយនឹងព្រះមហាក្សត្រិយ៍ ឱ្យមកសោយរាជ្យសម្បត្ដិវិញ ។ ឈូកូទី ក៏ត្រលប់មកចាម្ប៉ាវិញ ហើយត្រូវបាននាម៉ឺនសព្វមុខមន្ដ្រីប្រកាសឱ្យសោយរាជ្យ និងរៀបចំអភិសេកបុត្រីរបស់ហ្វានធូលី ឱ្យធ្វើជាអគ្គមហេសី (គឺឱ្យព្រះនាងលែងលះជាមួយព្រាហ្មណ៍ចេញ) ។ ព្រះរាជាអង្គនេះនៅសោយរាជ្យសម្បត្ដិនៅឡើយនៅឆ្នាំ៦៥៣ ពីព្រោះនៅឆ្នាំនោះទ្រង់បានបញ្ជូនរាជទូតឱ្យទៅគាល់ស្ដេច ចិន ។ ខ្ញុំគិតថា ឈូកូទី នេះ ជាឈ្មោះតាមភាសាសាមញ្ញចាម ហើយគឺជាព្រះរាជាដែលសិលាចារឹកហៅថា ប្រកាស្វវរ្ម័ន-វិក្រន្ដវរ្ម័ន ដែលសោយរាជ្យពីឆ្នាំ៦៥៣ដល់៦៧៩ ។ សិលាចារឹកបានបញ្ជាក់ថា ព្រះអង្គជាព្រះរាជបុត្ររបស់ព្រះជគតធម្មៈ (មិនដឹងដើមកំណើត) ជាមួយនឹងព្រះរាជារបស់កម្ពុជា គឺព្រះស្រីសរវនី (ឦសានវរ្ម័ន) ដែលទ្រង់បានយកជាមហេសីកាលដែលទ្រង់គង់នៅឯភវបុរៈ (7) ។
នគរ ចាម្ប៉ាបានកកើតឡើងមុន ក៏ប៉ុន្ដែ នៅដើមសតវត្សរ៍ទី៣ រាជាណាចក្រនេះហាក់ដូចជាមានការរីកចម្រើនខ្សោយជាងនគរហ្វូណន បើហោចណាស់ក៏ខាងបច្ចេកទេសធ្វើសង្គ្រាមដែរ ។ យើងបានឃើញហើយថា នគរនេះមិនទាន់មានបន្ទាយការពាររឹងមាំទេ ហើយទីក្រុងទាំងអស់គ្មានរបងការពារ ហាក់ដូចជាបើកចំហឱ្យសត្រូវអ៊ីចឹង ។ ទាល់តែមកដល់ពាក់កណ្ដាលទី១នៃសតវត្សរ៍ទី៤ ទើបស្ដេចហ្វានយីបានចាត់ឱ្យកសាងកំពែងការពាររាជធានីឡើង តាមការផ្ដល់យោបល់ពីទីប្រឹក្សាឈ្មោះ ហ្វានវេន ។
តទៅ នេះជាការពិពណ៌នាទីក្រុងឈ្មោះ គ្យូស៊ូ ដែលពួកចាមដណ្ដើមបានពីពួកចិននៅតុងកឹងនៅពាក់កណ្ដាលទី១នៃ សតវត្សរ៍ទី៤ រួចហើយរៀបចំរបងការពារ ៖ កំផែងទីក្រុងគ្យូស៊ូ មានគ្រឹះធ្វើអំពីឥដ្ឋជុំវិញប្រវែងទាំងអស់ប្រហែល៣គីឡូម៉ែត្រ និងមានចម្ងាយពីកើតទៅលិច៦៥០ទ្វេជំហាន ។ គ្រឹះនេះមានកម្ពស់ប្រហែល៦ម៉ែត្រ ។ នៅពីលើគ្រឹះ មានរបងធ្វើអំពីឥដ្ឋកម្ពស់ប្រហែល៣ម៉ែត្រ មានចោះរន្ធបួនជ្រុងសម្រាប់បាញ់ព្រួញចេញផង ។ នៅពីលើរបងឥដ្ឋនោះមានចម្រូង ហើយទាំងអស់នេះសុទ្ធតែមានពន្លា និងរបៀងនៅពីលើកម្ពស់រហូតដល់ទៅ ២១-២៤ម៉ែត្រ ។ទីក្រុងមានទ្វារ១៣ ។អគារទាំងអស់បែរមុខទៅ ទិសខាងត្បូង ។ គេរាប់ឃើញមានផ្ទះទាំងអស់ លើសពី២០០០ខ្នង គឺ៩ដងតិចជាងរាជធានីកម្ពុជា ។ កន្លែងនេះជាទីតាំងយុទ្ធសាស្ដ្រមួយសម្រាប់លីនយី គឺដោយហេតុនេះហើយ បានជាអាវុធយុទ្ធភណ្ឌទាំងអស់របស់នគរលីនយីដាក់នៅទីនេះ ។ ទីក្រុងនេះ ស្ថិតនៅពីខាងត្បូងខែត្រក្វាងប៊ិញសព្វថ្ងៃ ។
រាជធានី របស់នគរចាម្ប៉ានាពេលនោះក៏មានរបងការពារដែរ តែធំជាងគ្យូស៊ូមួយភាគបួន ។ មានរបងដូចគ្នាដែរក៏ប៉ុន្ដែមិនមានទ្វាររហូតដល់ទៅ១៣ទេ គឺមានតែ៤ប៉ុណ្ណោះ ទ្វារសំខាន់គឺទ្វារខាងកើត ។ រាជធានីនេះមានដៃទន្លេហ្វាយទាំង២ និងរណ្ដៅ២ជាន់ព័ទ្ធជុំវិញ ។ ក្នុងរាជធានីមានវិហារ៨ មានប្រជាជនរស់នៅច្រើនណាស់ ក៏ប៉ុន្ដែមិនមានតំបន់ជាយក្រុងទេ ។ គឺរាជធានីនេះហើយដែលឧត្ដមសេនីយ៍ចិនឈ្មោះថាន់ហូឈេវាយដណ្ដើមយកបាន នៅឆ្នាំ៤៤៦ ហើយដុតបំផ្លាញខ្ទេចខ្ទី មុននឹងដកទ័ពចេញទៅវិញ ។
មុន សង្គ្រាមចុងក្រោយនេះ និងបន្ទាប់ពីការដណ្ដើមយកខែត្រយេណាន ជាខែត្រខាងត្បូងរបស់ចិន-អាណ្ណាមបាននៅឆ្នាំ៣៤៧ ព្រំប្រទល់ខាងជើងរបស់នគរចាម្ប៉ាលាតសន្ធឹងដល់ ហេងឈន់ ឬភ្នំហ្វាងសឺន សព្វថ្ងៃភ្នំនេះកាត់ទទឹងប្រទេសធ្លាក់ចុះរហូតដល់សមុទ្រនៅចន្លោះ ហាទិញ និងក្វាងប៊ិញ ហើយមានច្រកមួយដែលមានឈ្មោះថា ទ្វារអាណ្ណាម ។ សព្វថ្ងៃទ្វារអាណ្ណាមនេះ គឺជាព្រំប្រទល់រវាងអាណ្ណាមនឹងតុងកឹង (8) ។
២. នគរអាណ្ណាម-តុងកឹង
ពី សតវត្សរ៍ទី១ដល់សតវត្សរ៍ទី១៤នៃគ្រិស្ដសករាជ ឈ្មោះ អាណ្ណាម រួមមានប្រទេសដែលយើងហៅសព្វថ្ងៃថា តុងកឹង និងខែត្រខាងជើងបង្អស់របស់អាណ្ណាមបច្ចុប្បន្ន ។ ពួកចិនបានដណ្ដើមយកស្រុកនេះបាននៅឆ្នាំ១១១មុនគ្រិស្ដសករាជ ហើយបានដាក់ឈ្មោះជាបន្ដបន្ទាប់ថា ណាមវៀត ង៉ានណាម ណាមយែ និង ខ្យាវឈេ (យ៉ាវជី) ក៏ប៉ុន្ដែពួកអ្នកស្រុកដើម ក្នុងនោះមានពួកមួង ដែលនៅសេសសល់ដល់សព្វថ្ងៃ ហៅស្រុកនោះថា អូឡាក់ ។ ផ្ដូលេមេ ដាក់ឈ្មោះឱ្យថា អ៊ិនឌី ឬ ស៊ីនដូយ ហៅទន្លេក្រហមថា ដូរីយ៉ា និងហៅទីក្រុងដែលក្រោយមក គឺជាទីក្រុងហាណូយថា អយ្យនគរ ។ ឈ្មោះទាំងអស់នេះមិនត្រូវនឹងឈ្មោះតាមពាក្យអ្នកស្រុកអាយ ឬតាមចិនហៅដែលយើងដឹងនោះទេ ។
ឧត្ដមសេនីយ៍ ចិនដែលត្រួតត្រាស្រុកនេះតាំងពីឆ្នាំ១១១មុនគ្រិស្ដសករាជរហូតមក ដល់ឆ្នាំ៩៦៨ គឺជាង១០០០ឆ្នាំ (ក្រោយពីបានប្រគល់ខែត្រភូគាន ក្វាងទុង និងក្វាងស៊ីទៅឱ្យចិន) បានបែងចែកទឹកដីនេះ ជាបញ្ជាការដ្ឋាន៣ គឺ ខ្យាវឈេ ត្រង់តំបន់ហាណូយ គាវឈេន ឬគូជឿន ត្រង់តំបន់ថាញ់ហ្វា និងយេណាន ឬញុតណាម ត្រង់តំបន់ក្វាងប៊ិញ ។
តាម មើលទៅ ពួកតុងកឹងដែលធ្លាប់ឯករាជ្យកាលពីសម័យរាជាណាចក្រណាមយែ មិនមែនទទួលយកនឹមត្រួតត្រារបស់ចិន ដោយស្រួលៗនោះទេ ។ តាមឯកសារប្រវត្ដិសាស្ដ្ររបស់គេ ពួកគេបានចាប់កាន់អាវុធប្រឆាំងនឹងចិននៅឆ្នាំ៣៩នៃគ្រិស្ដសករាជ រួចហើយពួកគេកាន់អំណាចគ្រប់គ្រងប្រទេសបាន៧០ឆ្នាំ រហូតដល់ធ្លាក់ក្រោមនឹមត្រួតត្រារបស់ចិនម្ដងទៀតនៅឆ្នាំ១០៥ ។ ឯកសារនោះបានឱ្យដឹងថា មាននារីម្នាក់ដែលស្វាមីនាងត្រូវអភិបាលខែត្រចិនសម្លាប់ដោយ អយុត្ដិធម៌បានបំផុសប្រជាជនឱ្យក្រោកបះបោរឡើង សម្លាប់អភិបាលខែត្រនោះ វាយបំបាក់ទ័ពចិនជាច្រើនលើកច្រើនសា រួចហើយបង្រួបបង្រួមក្រុងទាំងហុកសិបប្រាំ ឱ្យរួបរួមគ្នាមកក្រោមអំណាចរបស់ខ្លួន ។ ក្រោយពីសោយរាជ្យបាន៣ឆ្នាំប្រកបដោយសន្ដិភាពរួចមក នារីនោះត្រូវបានប្អូនស្រីសម្លាប់នៅក្នុងសង្គ្រាមមួយដែលធ្វើឱ្យ ទ័ពអាណ្ណាមបរាជ័យ ។
បន្ទាប់ពី ព្រឹត្ដិការណ៍នេះអាណ្ណាមត្រូវស្ថិតនៅក្រោមនឹមត្រួតត្រារបស់ចិន ចំនួន១៤៤ឆ្នាំ តែបានបះបោរប្រឆាំងម្ដងទៀត និងទទួលឯករាជ្យនៅគ្រិស្ដសករាជ១៨៥ ។ គឺនៅពេលនោះហើយ ដែលស្ដេចរបស់ពួកគេ ដែលបានចម្រើនធំពេញវ័យ និងសិក្សាទ្រឹស្ដីកុងហ៊្វុយសឺ (ខុងជឺ) នៅស្រុកចិន បាននាំមកឱ្យគេនូវអក្សរបែបចិត្ដានុលេខនា និងសីលធម៌កុងហ៊្វុយសឺ ។ ពួកនោះក៏ចាប់បោះបង់អក្សរដើមតាមលំនាំអក្សរហិណ្ឌូចោល ព្រមជាមួយនោះ បោះបង់អារ្យធម៌អារ្យាងផងដែរ ។ ដោយហេតុនេះ អារ្យធម៌ចិនបានចាក់គ្រឹះនៅអាណ្ណាម ហើយប្រទេសនេះ ក៏ត្រូវធ្លាក់ក្រោមនឹមចិនម្ដងទៀតនៅឆ្នាំ២២៦ រហូតដល់ឆ្នាំ៥៤៤ ទើបឯករាជ្យវិញ ប៉ុន្ដែបានតែ៥៨ឆ្នាំប៉ុណ្ណោះ ។ នៅសតវត្សរ៍ទី៧ ប្រទេសនេះជាស្រុកចំណុះចិន គឺដោយហេតុនោះហើយបានជាគេឃើញមេទ័ពចិនធ្វើចម្បាំងនឹងចាមការពារ ទឹកដី ក៏ប៉ុន្ដែកងទ័ពភាគច្រើនជាជនជាតិអាណ្ណាម ។ ប្រទេសនេះ ទទួលបានឯករាជ្យម្ដងទៀតនៅឆ្នាំ៩៣៩ ប៉ុន្ដែបានតែមួយរយៈពេលប៉ុណ្ណោះ ។
នៅ ក្នុងរជ្ជកាលរបស់ព្រះបាទឦសានវរ្ម័នជាព្រះមហាក្សត្ររបស់កម្ពុជា ប្រទេសចិនហៅតុងកឹងថាជា ដូហូភូ គឺចាត់ទុកដូចជាអាណាខែត្រមួយរបស់ចក្រភពចិន មានរាជធានី និងមានឧបរាជចិនម្នាក់សោយរាជ្យ ។ នៅពេលនោះ អាណាខែត្រដ៏ធំរបស់ណាមវៀត ឬអាណ្ណាមនេះ បែងចែកជា៣បញ្ជាការដ្ឋាន ដែលចែកចេញបន្ដជាស្រុកចំនួនដប់បី ឬចូ របស់អាណ្ណាម និងស្រុកចំនួនសែសិបនៅក្រៅរាជាណាចក្រដើម (តាមមើលទៅ ទំនងជាស្រុកដែលច្បាំងដណ្ដើមបានពីក្រៅ) ។
តាម មើលទៅ ពួកខ្មែរហាក់ដូចជាគ្មានទំនាក់ទំនងអ្វីជាផ្លូវការថ្នាក់ជាតិជាមួយ ពួកអាណ្ណាមទេ នៅដើមគ្រិស្ដសករាជ ឬមហាសករាជ ។
៣. ទៀបកោះម៉ាឡាកា
ពួកក្រិក និងឡាតាំង បានស្គាល់ទៀបកោះដែលយើងហៅថា ម៉ាឡាកា តាមឈ្មោះថា ឈែសូណែមាស ក៏ប៉ុន្ដែពួកអឺរ៉ុបបានហៅថា ម៉ាឡាកាតាំងពី៤សតវត្សរ៍មក ហើយតាមឈ្មោះទីក្រុងធំដែលមាននៅទីនោះ ។ វាហាក់ដូចជាថា ទៀបកោះនេះមិនមានឈ្មោះតាមភាសាអ្នកស្រុក ឬតាមភាសាហិណ្ឌូតាំងពីបុរាណកាលមក សម្រាប់ហៅតួទៀបកោះទាំងមូលនោះទេ ។ ពួកចិន និងម៉ាឡេដែលជាពួកដើរទូកតាមសមុទ្រធ្លាប់បានធ្វើដំណើរមកដល់ សមុទ្រខាងត្បូងឈូងសមុទ្រ សៀម និងឈូងសមុទ្របឹងហ្កាល់ ជាញឹកញាប់ បានស្គាល់រដ្ឋផ្សេងៗនៅលើទៀបកោះនេះ ប៉ុន្ដែ ក៏គ្មានពាក្យណាសម្រាប់ហៅទឹកដីដ៏វែងនេះដែលតភ្ជាប់ទៅនឹង ឧបទ្វីបឥណ្ឌូចិនដោយបួរដីតូចចង្អៀត និងវែងនោះទេ ។តាមមើលទៅ កាលពីមុនប្រហែលជាមានទៀបកោះមួយដែលបញ្ចប់ត្រឹមក្រា រួចមានកោះមួយទៀតចាប់ពីត្រឹមក្រានៅខាងជើង រួចលាតសន្ធឹងមកត្បូងរហូតដល់សិង្ហបុរី ។
ប្រសិនបើ ពួកហិណ្ឌូបានដាក់ឈ្មោះសំស្ក្រឹតណាមួយឱ្យទីនេះ នោះក៏យើងមិនបានស្គាល់ឈ្មោះនោះ ដែរ ។ ប៉ុន្ដែ ពួកហិណ្ឌូបានដាក់ឈ្មោះឱ្យរាជាណាចក្រផ្សេងៗដែលបានកកើតនៅទីនោះ តែជួនកាលយើងក៏នៅតែមានការលំបាកណាស់នឹងកំណត់ថា តើឈ្មោះណាត្រូវនឹងស្រុកណា ?
អ្នកស្រុក ដែលរស់នៅលើទៀបកោះម៉ាឡាកានៅដើមគ្រិស្ដសករាជ និងដើមមហាសករាជ គឺពួកមនខ្មែរ ដែលជាអម្បូរជនជាតិក្លាយចេញពីការច្របល់ចូលគ្នារវាងពួកមនមកពី រមញ្ញទេសៈ ឬទឹកដីតាវ៉យ មកពី តេណាស់សេរីម ពីមែរគុយ និងពីម៉ាតាបាន ជាមួយពួកខ្មែរដែលរស់នៅទីនោះមុន ។ ប៉ុន្ដែ ពេលនោះ វាហាក់ដូចជា មានពួកម៉ាឡេរស់នៅរួចទៅហើយនៅលើចុងខាងត្បូង ដែលជាកន្លែងមានក្រុមឧបនិវេសន៍ហិណ្ឌូតាំងនៅ ហើយក្រុមឧបនិវេសន៍តាំងនោះ បានទទួលស្គាល់អនុត្ដរភាពរបស់រាជាណាចក្រកម្ពុជា បើទោះជាថា មិនចំណុះក៏ដោយ (9) ។
៤. កោះម៉ាឡេស៊ី
កោះ ជ្វា កោះដែលមានឈ្មោះសព្វថ្ងៃថា ស៊ូម៉ាត្រា កោះបាលី កោះប៊័រណេអូ កោះដែលយើងហៅថា សេឡែប បើនិយាយដោយខ្លីថា អាំងស៊ូឡាំងទាំងមូល ទាំងអស់នេះ ជាទឹកដីកោះដែលពួកនាវិកចិន និងហិណ្ឌូ បានស្គាល់តាំងពីយូរយារណាស់មកហើយ ។ ដូចជាទៀបកោះម៉ាឡាកាដែរ ប្រជុំកោះទាំងអស់នេះហាក់ដូចជាគ្មានឈ្មោះរួមណាមួយសម្រាប់ហៅ ទេ ។ ពួកហិណ្ឌូហៅកោះទាំងនោះថា សុវណ្ណទ្វីប មានន័យថា កោះមាស ។ នៅសតវត្សរ៍ទី៩-១០ ពួកអារ៉ាប់ និងពែក្ស បានហៅអាណាចក្រមួយថា ហ្សាបែត ដែលព្រះរាជាមានព្រះឋានៈតាមភាសាសំស្ក្រឹតថា មហារាជាហ្សាបែត ដែលបានគ្រប់គ្រងលើកោះមួយចំនួន ព្រមទាំងភាគខាងត្បូងរបស់ម៉ាឡាកាមួយចំណែកផងដែរ ។ ក៏ប៉ុន្ដែរហូតមកដល់ពេលសព្វថ្ងៃ គេនៅមិនទាន់ដឹងថា តើក្រុងហ្សាបែត និងអាណាចក្ររបស់វានោះ នៅត្រង់ណាពិតប្រាកដនៅឡើយទេ ។
ពាក្យ សំស្ក្រឹតថា ជ្វាទ្វីប សំដៅយកតែកោះជ្វាមួយប៉ុណ្ណោះ ដែលចិនហៅមិនច្បាស់ថា ចូប៉ូ តែចូប៉ូនេះ ជួនកាលក៏សំដៅយកកោះស៊ូម៉ាត្រាផងដែរ ។
តាម មើលទៅ កោះដ៏ធំនេះគឺជាទឹកដីរបស់ពួកម៉ាឡេ ហៅថា ស្ថានម៉ាឡាយូ ហើយក៏ជាមាតុភូមិដើមរបស់ពួកនេះ បើហោចណាស់ក៏ខាងប្រវត្ដិសាស្ដ្រដែរ ។ កោះនេះមានអ្នកស្រុករស់នៅតាំងតែពីមុនគ្រិស្ដសករាជមកម្ល៉េះ ។ អ្នកស្រុកទាំងអស់នោះអង់អាចហានក្លា រស់នៅប្រមូលផ្ដុំគ្នាជារដ្ឋឯករាជ្យតូចៗ តែចំណុះតិច ឬច្រើន ក្រោមអំណាចរបស់រដ្ឋណាមួយ ចាប់ពីសតវត្សរ៍ទី១ដល់ទី១៨ អាស្រ័យទៅតាមកាលៈទេសៈ និងភាពអង់អាចក្លាហានរបស់ស្ដេចនៃរដ្ឋនោះ ។
នៅ កោះជ្វា អ្នកស្រុកមានដើមកំណើតប្រហាក់ប្រហែលនឹងអ្នកស្រុកស៊ូម៉ាត្រាដែរ តែមិនមែនជាពួកម៉ាឡេទេ ។ ហើយកោះនេះក៏មានចែកចេញជារដ្ឋតូចៗ ដែលស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋខ្លាំងណាមួយដូចគ្នា ។
ចំណែកឯកោះដទៃៗទៀត រួមទាំងកោះប៊័រណេអូផង មិនមានអ្វីជាល្បីល្បាញទេ ព្រោះជាជម្រកនៃពួកចោរសមុទ្រដែលគ្មានអារ្យធម៌ មិនស្វាគមន៍ភ្ញៀវ សាហាវព្រៃផ្សៃ និងជួនកាលស៊ីសាច់មនុស្សទៀតផង ។ នៅពេលដែលនៅកោះជ្វា អ្នកស្រុកមានសម្លៀកបំពាក់ដណ្ដប់ប្រាណរួចទៅហើយ បើហោចណាស់ ក៏នៅតាមទីក្រុងដែរ អ្នកស្រុកនៅតាមបណ្ដាកោះទាំងអស់នេះ នៅតែលែងខ្លួនទទេដោយឥតមានអៀនខ្មាសនៅឡើយ ។
ពួក ចិនបានហៅកោះ និងប្រជាជនទាំងអស់នេះ តាមឈ្មោះដែលយើងមិនអាចកំណត់ប្រៀបទៅនឹងស្រុក ឬរាជាណាចក្រណាមួយ ដែលគេស្គាល់តាមឯកសារប្រវត្ដិសាស្ដ្រម៉ាឡេ ឬជ្វាបានទេ ។ តាមមើលទៅ ចិនហៅកោះទាំងអស់ទៅតាមឈ្មោះរាជាណាចក្រណាដែលត្រួតត្រាគេ ក្នុងពេលនោះ ឬពីមុន ឬក៏តាមឈ្មោះទីផ្សារ ឬទីក្រុងពាណិជ្ជកម្មណាដែលពួកគេតែងចុះចត ។ ហើយជួនកាល ពួកចិនក៏អាចនឹងយកឈ្មោះរបស់ក្រុងមួយទៅប្រើសម្រាប់ហៅទីក្រុង មួយទើបនឹងកើតថ្មី ឬទើបនឹងបើកធ្វើពាណិជ្ជកម្មជាមួយបរទេស ទាំងអ្នកប្រវត្ដិវិទូចិន ក៏អាចនឹងច្រឡំឈ្មោះទីក្រុង ជួនកាលច្រឡំរាជាណាចក្រពីរថាតែមួយ ព្រោះមិនបានស្គាល់ភូមិសាស្ដ្រសមុទ្រខាងត្បូងច្បាស់ ណាមួយវង្វេងដោយមានកោះច្រើនពេកមិនដឹងមួយណាជាមួយណា ។
តាម ការនិទានតៗគ្នា កោះជ្វាបានទទួលយកព្រហ្មញ្ញសាសនានៅដើមមហាសករាជ គឺត្រូវនឹងគ្រិស្ដសករាជ៧៨ ដោយព្រាហ្មណ៍ម្នាក់ឈ្មោះ អជិសកៈ ជាស្ដេចរដ្ឋហស្ដិនបុរៈនៅលើទន្លេគង្គា បានមកបង្កើតជារាជាណាចក្រមួយឈ្មោះថា នុសៈជ្វា ។ គេនៅតែមិនទាន់ដឹងរហូតដល់សព្វថ្ងៃ ថាតើរដ្ឋនោះនៅត្រង់ណា ។ យើង បានឃើញពីខាងលើរួចមកហើយថា ពួកម៉ាឡេបានមកតាំងអាណានិគមនៅលើមាត់សមុទ្រខាងត្បូង និងខាងអាគ្នេយ៍នៃឥណ្ឌូចិន ព្រមទាំងបានបង្កើតនគរចាម្ប៉ារួចមកហើយ ។ យើងនឹងបានឃើញតទៅទៀត តាមរយៈប្រវត្ដិសាស្ដ្ររបស់កម្ពុជា និងកំណត់សម្គាល់អំពីនគរចាម្ប៉ា និងអាណ្ណាមថា ប្រជារាស្ដ្រម៉ាឡេ និងជ្វា បានធ្វើដំណើរឆ្លងកាត់សមុទ្រមកចុះចតនៅលើឆ្នេរសមុទ្ររបស់ប្រទេស ទាំងបីជាញឹកញយ ហើយបានទាំងវាយយកកម្ពុជាដាក់ជាចំណុះថែមទៀតផង ។
៥. ឈេទូ ឬ សៀម
ប្រទេស ដែលចិនហៅថា ឈេទូធីធូ ឈ្មោះនេះមានន័យថា ដីក្រហម ហើយប្រាកដជាមិនមែនជាឈ្មោះតាមភាសាអ្នករដ្ឋវាសីទេ រួមមានទឹកដីនៃអាងទន្លេមេណាមខាងក្រោម ហើយក៏ប្រហែលជាមានទាំងអាងទន្លេមេណាមខាងលើផងដែរ ។ យើងបានឃើញរួចហើយថា ព្រះបាទហ្វាន់ម៉ាន់ធ្លាប់បានវាយយកនគរឈេទូនេះ ដាក់បញ្ចូលមកក្នុងនគរហ្វូណន ហើយទ្រង់បានឆ្លៀតយកឱកាសដែលអាណាចក្ររបស់ព្រះបាទកោណ្ឌញ្ញៈកំពុង បែកបាក់ ដើម្បីដណ្ដើមយកឯករាជ្យមកវិញ ។
តាម មើលទៅ អ្នកស្រុកឈេទូមិនខុសគ្នាពីប្រជាជនដែលរស់នៅលើទឹកដីដែលយើងហៅ សព្វថ្ងៃថា កម្ពុជា ប៉ុន្មានទេ ហើយឆ្នេរខាងឈូងសមុទ្របឹងហ្កាល់របស់រដ្ឋនេះក៏មានក្រុមឧបនិវេសន៍ ហិណ្ឌូតាំងនៅដូចជានៅតាមឆ្នេរសមុទ្ររបស់ឥណ្ឌូចិនផងដែរ ។ អ្នកស្រុកឈេទូមានអារ្យធម៌ទំនៀមទម្លាប់ប្រពៃណី និងសាសនាដូចអ្នកស្រុកហ្វូណន និងចាម្ប៉ាដែរ ។ នៅក្នុងឯកសាររបស់គេ ពួកចិនតែងប្រៀបធៀបហ្វូណនទៅនឹងឈេទូ ឬចាម្ប៉ា ដោយឥតប្រកាន់ ។ពីព្រោះថាប្រទេសទាំង៣មានអារ្យធម៌ហិណ្ឌូ និងព្រហ្មញ្ញសាសនាដូចគ្នា ហើយគឺប្រជាជនទាំងបីនេះ ហើយដែលបានផ្ដល់ឱ្យឥណ្ឌូចិនទាំងមូល លើកលែងតែតុងកឹងចេញនូវចរិតលក្ខណៈដែលយើងស្គាល់សព្វថ្ងៃ ។
នៅ សតវត្សរ៍ទី៧ ឈេទូមិនទាន់មានធ្វើសកម្មភាពអ្វីចេញក្រៅពីព្រំដែនរបស់គេនៅឡើយទេ គឺនៅតែក្នុងរង្វង់នៃអាងទន្លេមេណាមប៉ុណ្ណោះ ។ ក៏ប៉ុន្ដែ ប្រទេសនេះបានប្រាកដខ្លួនថា ជាសត្រូវមួយរបស់កម្ពុជាស្រេចទៅហើយ ព្រោះគេនេះអាចរើបម្រះខ្លួនរួចពីនឹមត្រួតត្រារបស់ហ្វូណន ដណ្ដើមបានឯករាជ្យ ហើយរក្សាឯករាជ្យនោះបានខុសពីរដ្ឋឯទៀតៗដែលឯករាជ្យបានតែមួយរយៈ ប៉ុណ្ណោះ ។
៦. ឥណ្ឌា
ប្រទេស ឥណ្ឌាជាប្រភពនៃពួកអ្នកផ្សព្វផ្សាយអារ្យធម៌ ដែលបាននាំយកព្រហ្មញ្ញសាសនាមកកាន់កោះជ្វា និងកន្លែងជាច្រើនទៀតនៃឥណ្ឌូចិន ប្រហែលនៅឆ្នាំ៧៨នៃគ្រិស្ដសករាជ ។ គឺជាទឹកដីដ៏ធំមួយ បែងចែកជាក្សត្រប្រទេសជាច្រើនដែលមានការរីកចម្រើនដោយពួកអារ្យៈ រួចទៅហើយ ថែមទាំងមានអក្សសាស្ដ្រ មានប្រព័ន្ធទស្សនវិជ្ជាជាច្រើន អភិវឌ្ឍន៍រហូតដល់បរមត្ថវិជ្ជាដ៏សែនអរូបី ។ ប្រទេសឥណ្ឌាធ្លាប់ត្រូវបានពួកអេហ្ស៊ីប ពួកអាស៊ីរីយាង ពួកស៊ីត និងប្រជាជាតិជាច្រើន រួមទាំងពួកក្រិកផង ដណ្ដើមយក ពួកឈ្លានពានទាំងអស់នោះ ភាគច្រើនបានត្រឹមតែដុតបំផ្លាញប៉ុណ្ណោះ តែក៏មានពួកខ្លះកសាងអាណាចក្រនៅលើទឹកដីនេះដែរ ។
ឥណ្ឌា មានព្រហ្មញ្ញសាសនាជាច្រើនពាន់ឆ្នាំរួចមកហើយ បន្ទាប់មកព្រះពុទ្ធសាសនាក៏ចាប់បដិសន្ធិឡើងកាលពីមួយពាន់ឆ្នាំ មុន ។ មានស្ដេចឥណ្ឌាមួយព្រះអង្គព្រះនាមថា ធម្មសោកៈ សោយរាជ្យកាលពីបីសតវត្សរ៍មុនគ្រិស្ដសករាជបានប្រើប្រាស់ឥទ្ធិពលរបស់ ពុទ្ធសាសនាធ្វើការដណ្ដើមយកឥណ្ឌាផ្នែកខាងជើងបានមួយចំណែកធំ ព្រមទាំងបានបញ្ជូនបេសកជនពុទ្ធសាសនិកមកកាន់ឥណ្ឌូចិនមាន ភូមា កម្ពុជា និងចាម្ប៉ាផងដែរ ។ព្រះចៅអធិរាជមហាអាឡិចសង់ ឡឺក្រង់ របស់ ម៉ាសេដូនី បានដណ្ដើមយករាជាណាចក្រទាំងឡាយនៃឥណ្ឌាភាគខាងជើង រួចហើយបន្សល់ក្រុមឧបនិវេសន៍ក្រិកនៅទីនោះ ។ អាណានិគមទាំងនោះ ក្រោយមកបានក្លាយជារាជាណាចក្រក្រិក ហិណ្ឌូផ្សេងៗ តែត្រូវរលុបរលាយទៅវិញដោយការមកដល់នៃជនជាតិថ្មីៗទៀត បង្កបង្កើតបានជាវណ្ណៈជាការប្រតិបត្ដិសាសនា និងការអប់រំពិសេស ដែលនៅសេសសល់រហូតដល់សព្វថ្ងៃ ។
ឥណ្ឌា មានទឹកដីធំមហិមា និងមានផ្នែកជាច្រើន ដែលមានអារ្យធម៌ជឿនលឿនជាងប្រជាជាតិទាំងឡាយដែលនៅជុំវិញ ជាហេតុធ្វើឱ្យឥណ្ឌាអាចជះឥទ្ធិពលទៅក្រៅបានតាមព្រំប្រទល់ខាងជើង ខាងឦសាន និងពាយ័ព្យ ដែលពោរពេញទៅដោយជួរភ្នំខ្ពស់ៗ និងមហាសមុទ្រធំៗព័ទ្ធជុំវិញ ។ ឥណ្ឌាបានផ្សាយអារ្យធម៌នៅ អារ៉ាកាន អាវ៉ា ព្រំនៅណានឆាវ ឬថៃនៅស្រុកចិន រួចបានបង្កើតអាណានិគមនៅលើឆ្នេរតេណាស់សេរីម និងមែរគុយ នៅលើឆ្នេរទាំងអស់របស់ទៀបកោះម៉ាឡាកា និងនៅលើឆ្នេររបស់ស្រុក ដែលយើងហៅសព្វថ្ងៃថា សៀម និងកម្ពុជា ។ ពួកអាណ្ណាមក៏ប្រហែលជាធ្លាប់ទទួលអារ្យធម៌ឥណ្ឌាខ្លះៗដែរ មុនទទួលយកអារ្យធម៌ចិន ហើយត្រូវប្រឈមមុខរួមគ្នាជាមួយចិន នៅពេលទៅដល់នគរចាម្ប៉ា ដែលអនុវត្ដតាមព្រហ្មញ្ញសាសនាផ្សេងៗ ៖ រូបបដិមា អាទិទេពព្រហ្មញ្ញសាសនាធំៗ មានដៃច្រើន នារីមេម៉ាយអង្គុយលើគំនរភ្លើងទាំងរស់ ឱបសាកសពប្ដីក្នុងដៃដូចជានៅឥណ្ឌាដែរ ។
វា ហាក់ដូចជាថា អារ្យធម៌ហិណ្ឌូពេលនោះ មានការជឿនលឿនជាងអារ្យធម៌ចិនបន្ដិច ហើយអារ្យធម៌ទាំងពីរនេះ បានប្រជែងគ្នាដណ្ដើមយកឥណ្ឌូចិន នៅដើមគ្រិស្ដសករាជយើងនេះ ។ ក៏ប៉ុន្ដែ មិនមានអារ្យធម៌ណាមួយមានប្រៀបជាងមួយទៀតឡើយ ពោលគឺថា អារ្យធម៌មួយអាចវាតទីយកបានទឹកដីធំ តែមិនអាចធ្វើឱ្យអារ្យធម៌មួយទៀតរលុបបាត់អស់បានទេ ។ ជាក់ស្ដែង គឺទឹកដីដែលកាន់កាប់ដោយពួកអាណ្ណាមសព្វថ្ងៃ មានអារ្យធម៌តាមបែបចិន រីឯទឹកដីដែលកាន់កាប់ដោយពួកកម្ពុជា លាវ សៀម សាន និងភូមា មានអារ្យធម៌តាមបែបឥណ្ឌា ។ ចំណុចមួយទៀត គឺគ្មានអារ្យធម៌ណាមួយក្នុងបណ្ដាអារ្យធម៌ទាំងពីរ ដែលអាចធ្វើឱ្យមានលក្ខណៈស៊ីវីល័យក្នុងបណ្ដាពួកអ្នកស្រុកដើម ដែលមាននៅសល់ពាសពេញឥណ្ឌូចិន ក៏ដូចជានៅឥណ្ឌាខ្លួនឯង ដែលនៅមានអ្នកខ្លះដើរលែងខ្លួនទទេ មិនចេះអានអក្សរ គ្មានច្បាប់ គោរពតាមតែមេភូមិ ចងសម្ព័ន្ធភាពតែជាមួយភូមិស្វ័យតផងគ្នា ហើយជួនកាលទៀត នៅមានចងគំនុំ កាប់សម្លាប់គ្នា សងសឹក និងរបួសស្នាម ដែលកើតមានជាយូរមកហើយ ។
នៅ ចុងសតវត្សរ៍ទី៧នៃគ្រិស្ដសករាជ ប្រទេសឥណ្ឌាមានឥទ្ធិពលយ៉ាងខ្លាំងមកលើឥណ្ឌូចិន ព្រោះថា បណ្ដាក្រុមឧបនិវេសន៍ ដែលនាំយកអារ្យធម៌មកផ្សព្វផ្សាយនៅទីនេះបន្ដិចម្ដងៗ គឺក្រុមឧបនិវេសន៍ហិណ្ឌូ ហើយរាជវង្សស្ដេចដែលសោយរាជ្យនៅទីនេះសុទ្ធតែជាប់អម្បូរក្សត្រិយ៍ ឬព្រាហ្មណ៍ និងម្យ៉ាងទៀតសាសនាដែលគេគោរព គឺព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនា ។ ពាក្យថា «វរ្ម័ន» មានន័យថា អ្នកការពារដែលព្រះរាជាប្រកាន់យកនៅពេលឡើងសោយរាជ្យនៅកម្ពុជា ក៏ដូចជានៅចាម្ប៉ា ជាឋានៈដែលស្ដេចហិណ្ឌូខ្លះប្រកាន់យកនៅឥណ្ឌាភាគខាងត្បូង ។ ច្បាប់ទម្លាប់ ប្រពៃណី ដែលគេអនុវត្ដ សុទ្ធតែមានប្រភពចេញមកពីឥណ្ឌា ។ គេគោរពបូជាអាទិទេពរបស់ឥណ្ឌា គេអានសៀវភៅដែលសរសេរនៅឥណ្ឌា ។ ពួកព្រាហ្មណ៍មកតាំងទីលំនៅក្នុងឥណ្ឌូចិនដោយស្ម័គ្រចិត្ដព្រោះ អ្នកស្រុកអនុវត្ដតាមទ្រឹស្ដីរបស់គេ ហើយលើកកូនក្រមុំឱ្យគេទៀតផង នេះបើតាមអត្ថបទចិនមួយនិយាយ ។
៧. ចិន
ទំនាក់ទំនង ជាមួយចិន មានការលំបាកយូរ ព្រោះដំណើរតាមសមុទ្រមានគ្រោះថ្នាក់ ជាពិសេសគឺមានការលំបាកនឹងឆ្លងជ្រោយបុណ្ឌុរង្គក្នុងរយៈពេលយូរ នៅពេលដែលមានខ្យល់មូសុងបក់មកពីឦសាន ។ តែទោះជាយ៉ាងណាក្ដី យើងបានឃើញថា ទំនាក់ទំនងនោះមានរួចទៅហើយតាំងតែពីមុនគ្រិស្ដសករាជម្ល៉េះ ជាមួយនគរចាម្ប៉ា ក៏ដូចជាជាមួយនគរហ្វូណន ហើយថា ពួកចិនបានស្គាល់ទឹកដីតាមឆ្នេរសមុទ្រឥណ្ឌូចិន និងទៀបកោះម៉ាឡាកាបានល្អគួរសម ។
ចិន មានពង្សាវតារ ឯកសារប្រវត្ដិសាស្ដ្រ និងកំណត់ត្រាភូមិសាស្ដ្រ ដែលមានចុះកាលបរិច្ឆេទច្បាស់លាស់ ហើយការពិពណ៌នារបស់គេ ទោះបីជាចម្លងតៗគ្នាក្ដីក៏សុទ្ធតែត្រឹមត្រូវ គ្រាន់តែថា សព្វថ្ងៃនេះគេមានការលំបាកនឹងកំណត់ថា រឿងរ៉ាវណាបានកើតនៅទីកន្លែងណា ព្រោះឈ្មោះដែលចិនហៅនោះខុសពីឈ្មោះដែលអ្នកស្រុកអាយហៅ ម្យ៉ាងទៀត ចិនមិនបានយកចិត្ដទុកដាក់នឹងការប្រែប្រួលប្ដូរឈ្មោះស្រុកទេស ផ្សេងៗផងទេ ។ ជួនកាល ចិនប្រើពាក្យមួយឃ្លាសម្រាប់ហៅស្រុកមួយនៅសម័យកាលមួយ ដែលអាចនឹងទៅជាមិនត្រឹមត្រូវទេមួយសតវត្សរ៍ក្រោយមក ។ ជាក់ស្ដែង ចិនហៅនគរហ្វូណនសម័យព្រះនាងលីវយីថាជា «រាជាណាចក្រនៃមនុស្សស្រាត» ហើយនៅតែហៅដូច្នេះរហូត ទោះជាអ្នកស្រុកស្លៀកសម្លៀកបំពាក់ ឬក៏បានបិទបាំងកាយខ្លះទៅហើយក៏ដោយ ។ ដោយហេតុនេះ ជួនកាលយើងមានការច្រឡំនៅពេលដែលយើងប្រទះឃើញក្នុងអត្ថបទនូវពាក្យ «រាជាណាចក្រមនុស្សស្រាត» មិនដឹងថាគេចង់និយាយអំពីអ្នកស្រុកហ្វូណន ឬពីប្រជាជនដែលរស់នៅលើជួរភ្នំអាណ្ណាម ត្រង់ចន្លោះនគរចាម្ប៉ា និងកម្ពុជា គឺពួកម៉យសព្វថ្ងៃនេះ ។ ទោះជាយ៉ាងណាក្ដី យើងមិនគួរតវ៉ានឹងពួកចិនខ្លាំងពេកទេ ព្រោះថា បើគ្មានឯកសាររបស់ចិនទាំងអស់នោះទេ នោះក៏យើងមិនបានដឹងអ្វីអំពីឥណ្ឌូចិនដែររហូតមកដល់សតវត្សរ៍ទី ១៥ ។
ម្យ៉ាងទៀត វាប្រាកដណាស់ថា ចិនមិនមែនជាអធិរាជលើប្រទេសទាំងអស់ដែលពាណិជ្ជករ និងទូតរបស់គេបានទៅដល់ ឬក៏ត្រួតត្រាលើស្ដេចទាំងអស់ដែលបញ្ជូនសួយសារអាករឱ្យចិន ហើយចិនផ្ញើជំនូនឱ្យទៅវិញនោះទេ ។ ក៏ប៉ុន្ដែបើតាមឯកសារទាំងឡាយដែលស្ដីអំពីទំនាក់ទំនងរបស់ចិនជាមួយ ក្សត្រប្រទេស និងរាជាណាចក្រជិត ឬឆ្ងាយ អនុត្ដរភាពរបស់ចិនបានផ្សព្វផ្សាយចុះទៅត្បូងឆ្ងាយគ្រប់ទីកន្លែង ណាដែលមានដីមានកោះ ឬទៀបកោះ បើទោះជាមិនមានការត្រួតត្រាជាក់ស្ដែងក៏ដោយ ក៏ជាការជះឥទ្ធិពលខាងសីលធម៌ និងអារ្យធម៌ដែរ (10) ។ ព្រះចៅអធិរាជចិន និងសេនាបតីទាំងអស់ឆ្លាតវៃណាស់ក្នុងការប្រើប្រាស់អនុត្ដរភាពនេះ ហើយយល់ច្បាស់ថា ការប្រគល់តំណែងអ្វីមួយរបស់ខ្លួន ភាគច្រើនមិនមានន័យអ្វីទេ ជាក់ស្ដែងដូចជាការប្រគល់ឋានៈដល់ស្ដេចកោណ្ឌញ្ញ (ជ័យវរ្ម័ន) ថាជា «ឧត្ដមសេនីយ៍ភាគខាងត្បូង ជាស្ដេចនគរហ្វូណន» មិនមាននាំអ្វីប្លែកមកថ្វាយព្រះរាជាអង្គនេះទេ ។ ចិនយល់ច្បាស់ណាស់ថា ពាក្យសរសើររបស់ព្រះរាជាទាំងឡាយគ្រាន់តែជាពាក្យបញ្ជោរប្រកបដោយ ផលប្រយោជន៍ប៉ុណ្ណោះ ប៉ុន្ដែព្រះរាជានោះមិនដាក់នគរឱ្យចំណុះចិនឡើយ ។ម្យ៉ាងទៀតបើ ទោះជាការប្រឌិតក្នុងចិត្ដនេះមិនបានទៅដល់ព្រះចៅអធិរាជក៏ដោយ ក៏វាបានជ្រួតជ្រាបក្នុងនយោបាយរបស់ចិន ក្នុងស្រទាប់ឥទ្ធិពលផ្សេងៗដែលធ្វើឱ្យប្រជាជនចិនទាំងអស់មានជំនឿ ថា ពួកគេដណ្ដើមបានសកលលោកទាំងមូល ហើយសកលលោកគោរពបូជាគេដែរ ។
តាម ពិត អំណាចខាងសីលធម៌របស់អាណាចក្រចិនដ៏ធំដែលស្ថិតនៅពីខាងជើងឥណ្ឌូចិន នេះ បង្កើតបានជាអារ្យធម៌មួយខុសគេ និងធំធេងណាស់ ហើយបើទោះបីជាកន្លែងខ្លះហាក់ដូចជាមានសើៗតែខាងក្រៅ និងជាអភិមានះ ដែលគួរឱ្យអស់សំណើចក្ដី ក៏ចិនពិតជាមជ្ឈមណ្ឌលខ្លាំងមួយ ដែលទាក់ទាញក្រសែភ្នែករបស់ព្រះរាជានៃនគរទាំងឡាយ ដែលរាជទូត ឬពាណិជ្ជករចិន បានទៅដល់ដែរ ។ ចិនមានសំពៅធំៗ ធំជាងសំពៅរបស់ស្រុកឯទៀតៗ ហើយចិនអាចធ្វើនាវាចរកាត់សមុទ្រធំៗ មិនចាញ់ពួកម៉ាឡេទេ ។ ទំនិញល្អៗរបស់ចិនធ្វើឱ្យអ្នកស្រុកស្រលាញ់កោតសរសើរ ។ សម្លៀកបំពាក់ របៀបរបបជាអ្នកមានច្បាប់ទម្លាប់ទាំងអស់នេះ ធ្វើឱ្យចិនមានមោទនភាពក្រៃលែង មោទនភាពដែលចិនចេះប្រើយកចំណេញ និងយកផលប្រយោជន៍ ព្រមជាមួយការចង់ចេះ ចង់ដឹងចង់ស្គាល់ប្រជាជាតិឆ្ងាយជិតដែលនាវាគេទៅដល់ផង ។
ការ ត្រួតត្រារបស់ចិនលើអាណ្ណាម សង្គ្រាមជាមួយនគរចាម្ប៉ា នៅពេលណាដែលពួកចាមឈ្លានពានចូលខែត្រអាណ្ណាម ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ជំនួយជាទ័ពដែលចិនបញ្ជូនចេញទៅជួយស្ដេចខាងក្រៅ ដូចជាព្រះបាទកោណ្ឌញ្ញៈ ដែលអំពាវនាវសុំដើម្បីធ្វើចម្បាំងជាមួយស្ដេចប្រឆាំងទាំងអស់នេះមាន ឥទ្ធិពលលើប្រជារាស្ដ្រចិនណាស់ ។
ដូច្នេះ គេមិនត្រូវឆ្ងល់ទេនឹងឃើញថា ចិនហាក់ដូចជាមានវត្ដមានគ្រប់ទីកន្លែងនាសម័យនោះ និងឃើញឯកសារប្រវត្ដិសាស្ដ្រចិនលើករៀបរាប់អំពីរាជទូតជាច្រើនដែល ព្រះចៅអធិរាជទទួលព្រមជាមួយសួយសារអាករផង ដែលផ្ញើទៅផ្ញើមកជាមួយព្រះរាជសារ ព្រះរាជសុន្ទរកថា និងតំណែងផ្សេងៗប្រគល់ជូនស្ដេចដែលគេមិនស្គាល់ រួមទាំងអ្នកដែលអះអាងថា ជាប់ខ្សែលោហិតជាមួយរាជវង្សចិន ហើយទទួលងារចិនអ្វីមួយផង ។
រដ្ឋ ជិតខាងមួយដែលតែងទទួលឥទ្ធិពលខាងផ្លូវសីលធម៌ និងអារ្យធម៌ពីចិនចាប់តាំងពីសតវត្សរ៍ទី៥រហូតមក បានទទួលយកជំនឿ ទស្សនវិជ្ជា និងអក្សរចិន ក៏ប៉ុន្ដែបានទាត់ចោលអនុត្ដរភាពខាងនយោបាយរបស់ចិន ព្រោះខ្លាចក្លាយខ្លួនជានគរសាមន្ដរាជនោះគឺប្រទេសជប៉ុន ។
(1) យើងបានឃើញពីខាងលើថា តាមរឿងព្រេង មានស្ដេចចាម៦អង្គ សោយរាជ្យនៅស្រុកខ្មែរ មុនពេលពួកកម្ពុជៈមកដល់ ។
(2) បុណ្ឌុរង្គ ឬផានរ៉ាងនេះ ជារដ្ឋប្រឆាំងតូចមួយ ឬបើហោចណាស់ក៏ជារដ្ឋមួយដែលមានឯករាជ្យពីចាម្ប៉ា ប្រសើរជាងក្សត្រប្រទេសឯទៀតៗ ។ សិលាចារឹកពោធិក្លោងការ៉ាយ ដែលគេរកឃើញនៅឆ្នាំ១៩០៨ និងមានកាលបរិច្ឆេទនៅមហាសករាជ៩៧២ ត្រូវនឹងគ្រិស្ដសករាជ១០៥០ ហាក់ដូចជាជំទាស់នឹងឯករាជ្យភាពនេះ ។ សិលាចារឹកនោះនិយាយថា អ្នកស្រុកផានរ៉ាងជាមនុស្សស្ពឹក ហើយខិលខូច និងច្រើនតែបះបោរប្រឆាំងនឹងស្ដេចនគរចាម្ប៉ាតែត្រូវបានព្រះ បរម្មេស្វរៈ វរមទេវៈដាក់ទោសដេញវាយរហូតដល់ក្នុងព្រៃភ្នំ ។ បន្ទាប់មកពួកនោះក៏ប្រែក្លាយខ្លួនជាមនុស្សល្អត្រឹមត្រូវ ហើយស្មោះនឹងស្ដេចនគរចាម្ប៉ាវិញ ។ តែការចុះចូលនោះ មិនស្ថិតស្ថេរទេ ។
(3) តាមឯកសារឈ្មោះ «កំណត់ត្រាស្ដីអំពីកូសាំងស៊ីន» នៅក្នុង Lettres édifiantes et curieuses XXXIe année ១៧៧៤ ។
(4) ពាក្យ ផាម ជាការចម្លងរបស់អាណ្ណាមពីពាក្យចិន ហ្វាន ។ ផាមឡូដាត ត្រូវនឹងឈ្មោះតាមចិនហៅថា ហ្វានហ៊ូតា ។
(5) សូមបញ្ជាក់ថានៅឥណ្ឌូចិន សិទ្ធិរៀមច្បងមិនមានអនុវត្ដតឹងរឹងណាស់ណាទេ ទាំងនៅម៉ាឡេស៊ី និងកម្ពុជាសព្វថ្ងៃក៏អ៊ីចឹងដែរ ។
(6) លោក ប៉េគូប៊ីល និយាយថា រាជធានីលីនយីនេះស្ថិតនៅជិតស្រណូច ដែលខ្ញុំមិនដឹងជានៅត្រង់ណា ។ គាត់និយាយថាគេត្រូវដើរ៧ថ្ងៃពីព្រំដែនមក ទម្រាំមកដល់លីនយី ដូច្នេះ បើគិតថាដើរមួយថ្ងៃបាន៣៥គីឡូម៉ែត្រ រាជធានីនេះត្រូវនៅនឹងមាត់ពាមស្ទឹងវ៉េ ។ មានចំណុចសំខាន់មួយដែលលោក ប៉េគូប៊ីល បានបញ្ជាក់បន្ថែម គឺថាពួកចិនអាណ្ណាមបានយកពីលីនយីទៅនូវមាសចំនួន១៨ដុំធំៗ ដែលដាក់នៅក្នុងបន្ទប់មួយសម្រាប់ឱ្យស្ដេចចាមចូលគោរពបូជាវិញ្ញាណ ក្ខន្ធបុព្វបុរស ។ គាត់ថាមកពីស្ដេចកូសាំងស៊ីន (ចាម្ប៉ា) បានប្រកាន់យកទំនៀមទម្លាប់តាមចិន គឺសំដែងការគោរពបូជាចំពោះព្រះរាជាដែលសុគតទៅដោយសង់បន្ទប់ថ្វាយ មួយ និងដាក់មាសមួយបន្ទះនៅក្នុងនោះ ។ បន្ទះដុំមាសមានទាំងអស់១៨ ពីព្រោះហ្វានផានឈេជាព្រះរាជាទី១៩នៅចាម្ប៉ានេះចាប់តាំងពីគ្យូលាន មក ។ហេតុការណ៍នេះអាចឱ្យយើងកំណត់បាននូវទីតាំងរបស់រាជធានី ចាម្ប៉ានៅសតវត្សរ៍ទី៧ និងចំនួនស្ដេចដែលសោយរាជ្យរហូតមកដល់ពេលដែលពួកចិនអាណ្ណាមវាយយក រាជធានីបាន គឺ១៨អង្គ តាំងពីឆ្នាំ១៣៧មក ។
យើង មិនបានស្គាល់ព្រះនាមរបស់ព្រះរាជាទាំង១៨អង្គអស់ទេ ទោះជាព្រះនាមតាមភាសាសាមញ្ញ ឬក៏តាមភាសាសំស្ក្រឹតក្ដី ។ ហើយវាហាក់ដូចជាថា គេមិនបានរាប់ឈ្មោះស្ដេចជ្រែករាជ្យ ហ្វានតាងកេងឈន់ ផងទេ ដែលសោយរាជ្យនៅឆ្នាំ៤៩១ ។ ម្យ៉ាងទៀត មានស្ដេចយ៉ាងហោចណាស់ក៏៦អង្គដែរ ដែលសោយរាជ្យនៅចន្លោះពីស្ដេចគ្យូលាន ដែលសោយរាជ្យនៅពាក់កណ្ដាលសតវត្សរ៍ទី២មកដល់ស្ដេចហ្វានហុងដែល សោយរាជ្យនៅដើមសតវត្សរ៍ទី៤ ។ដូច្នេះមានស្ដេចសោយរាជ្យទាំងអស់ ស្មើនឹង១៧បូក៦ គឺ២៣អង្គ មិនមែន១៨អង្គទេ ។ លោក ប៉េគូប៊ីល ប្រហែលជាច្រឡំ ដែលគិតថាមានបន្ទះមាស១៨សម្រាប់ស្ដេចចាម ចាប់ពីគ្យូលាន មក គឺ១៨នេះ មិនមែនចាប់ពីស្ដេចទី១មកទេ ។
(7) ខ្ញុំ មិនញញើតទេនឹងកំណត់ថា រាជធានីភវបុរៈនេះជារាជធានីរបស់ហ្វូណនដែលចិនហៅថា តូមូ ដែលត្រូវបានកសាង និងរៀបចំឡើងវិញដោយព្រាហ្មណ៍កោណ្ឌញ្ញ (ជ័យវរ្ម័ន) ។ ពេលក្រោយមក រាជធានីដូរឈ្មោះទៅជាវយធបុរៈ រួចទៅជាអង្គរបុរីវិញ ។
(8) ពួកអារ៉ាប់ហៅនគរចាម្ប៉ាថា សាន្វ ហើយនិយាយថានៅពីខាងកើតកម្ពុជា ។
(9) នៅ លើផែនទីរបស់ផ្ដូលេមេ មានឈ្មោះក្រុងជាច្រើនដែលលោកវរសេនីយ៍ ហ្សេរីនី អះអាងថាអាចកំណត់បាន ៖ នៅលើមាត់សមុទ្រខាងលិចមាន បេរ៉ាបៃ ត្រូវនឹង មែរគុយ តាកូឡា ត្រូវនឹង តាកូប៉ា សាបាណា ត្រូវនឹង សាបា ។ នៅលើមាត់សមុទ្រខាងកើត មាន ថារ៉ា ត្រូវនឹង ទ្រីនកាមី រ៉ាលុងកា ត្រូវនឹង ក្រា ។
(10) គួរកត់សម្គាល់ថា ថ្វីបើចិនមិនមានអំណាចនៅក្នុងសម័យដែលយើងកំពុងសិក្សា ប៉ុន្ដែដល់មកសតវត្សរ៍ក្រោយៗមក ចិនមានអំណាចខ្លះទៅលើស្រុកមួយចំនួន ៖ ជាក់ស្ដែងគឺនៅឆ្នាំ១២៩៣ ព្រះចៅអធិរាជគូប៊ីឡាយខាន់ បានធ្វើសង្គ្រាមជាមួយកោះជ្វា ដែលបានប្រមាថដល់ទូតចិន ។ នៅឆ្នាំ១២៩៥ ព្រះចៅអធិរាជនេះបានទប់ស្កាត់មិនឱ្យមានសង្គ្រាមរវាងសៀមនឹង ម៉ាឡាយូ ។ នៅឆ្នាំ១៤១១ ចិនធ្វើសង្គ្រាមវាយកោះសិរីលង្កា ចាប់ស្ដេច អល្លង្គោនរៈ ជាចំណាប់ខ្មាំងយកទៅស្រុកចិន រួចហើយតែងតាំងសមាជិករាជវង្សម្នាក់ឱ្យសោយរាជ្យបន្ដ ។ នៅឆ្នាំ១៥៧០ ស្ដេចសៀមបានសំណូមពរចិនឱ្យប្ដូរត្រាដែលបានប្រគល់ឱ្យស្ដេចថៃ តាំងពីឆ្នាំ១៣៧៦ តែបានបាត់ទៅនៅពេលពួកប៉ាកានវាយយករាជធានីអយុធ្យា ។
ហេតុការណ៍ ទាំងអស់នេះ រួមទាំងការប្រគល់នូវតំណែងដល់ស្ដេចនគរកញ្ជីនៅឥណ្ឌានៅឆ្នាំ៧២០ មួយផង បញ្ជាក់ថា ចិនមិនគ្រប់គ្រងប្រទេសទាំងឡាយណាដែលទទួលឥទ្ធិពលពីចិន ឬខ្លបខ្លាចការកំញើញ និងកិត្ដិគុណរបស់ចិននោះទេ ប៉ុន្ដែវាបញ្ជាក់ច្បាស់ថា សកម្មភាពអ្វីមួយរបស់ចិន ជាផ្លូវទូត ឬជាផ្លូវទ័ព មានប្រសិទ្ធភាពណាស់ ហើយចិនចេះប្រើកម្លាំងធ្វើសង្គ្រាម ត្រូវពេលដើម្បីឱ្យគេឯងគោរព ។