Thursday, July 20, 2017

០៤.ទំនាក់ទំនង​ជាមួយ​កម្ពុជា

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ១ ជំពូកទី ៤)
Posted: Oct-10-2016

ជំពូក​ទី​៤

កំណត់​សម្គាល់​អំពី​ប្រជាជន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កម្ពុជា​មុន​សតវត្សរ៍​ទី​៨

ចាម្ប៉ា​ អាណ្ណាម​-តុងកឹង​ ទៀបកោះ​ម៉ាឡាកា​ ឈេទូ ឬ​សៀម​ ឥណ្ឌា និង​ចិន
ឥឡូវនេះ យើង​ចូល​មក​ដល់​ដើម​សតវត្សរ៍​ទី​៧ នៅ​ពេល​ដែល​អាណាចក្រ​កម្ពុជា​បាន​កកើត​ឡើង ហើយ​ភូមិភាគ​កណ្ដាល​នៃ​ឥណ្ឌូចិន​ទាំង​មូល​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ ត្រួតត្រា​របស់​រាជវង្ស​ «វរ្ម័ន» ឬ «អ្នក​ការពារ​ក្សត្រ​ប្រទេស​ទាំង​១០១» ដូច​ដែល​មាន​រៀបរាប់​នៅ​ក្នុង​រឿងព្រេង​និទាន ។​មក​ដល់​ត្រឹម​នេះ​ យើង​គួរ​នាំ​គ្នា​ពិនិត្យ​មើល​ប្រជាជាតិ​ទាំងឡាយ​ដែល​រស់នៅ​ជុំវិញ ហើយ​ដែល​អាច​នឹង​មាន​ឥទ្ធិពល​ខ្លះៗ​មក​លើ​អាណាចក្រ​នេះ​ម្ដង ។

១. នគរ​ចាម្ប៉ា
ប្រជាជាតិ ​មួយ​ដែល​នៅ​ជិត​ជាង​គេ ហើយ​ដែល​ពួក​កម្ពុជៈ​ហិណ្ឌូ​ត្រូវ​ប្រយុទ្ធ​ទប់ទល់​មុន​គេ​នោះ​គឺ ប្រជា​ជាតិ​ចាម មាន​កំណើត​ដើម​មក​ពី​ម៉ាឡេស៊ី ឬ​ជ្វា ដែល​មក​តាំង​ទីលំនៅ​នៅ​លើ​ឆ្នេរ​សមុទ្រ​ខាងត្បូង និង​ខាង​និរតី​ឥណ្ឌូចិន ដោយ​ប្រើ​កម្លាំង ឬ​ក៏​ដោយ​ការ​យល់​ព្រម ឬ​អត់ឱន​ពី​អ្នក​រដ្ឋវាសី ។ ពួក​កម្ពុជៈ​បាន​ប្រទះ​ឃើញ​មាន​ពួក​ចាម​នេះ​នៅ​ឥណ្ឌូចិន​ភាគ​ខាងក្រោម​រួច​ ទៅ​ហើយ តាំង​តែ​ពី​ពេល​ដែល​គេ​ធ្វើ​ដំណើរ​មក​ដល់​ម្ល៉េះ ពួក​នោះ​ជា​ម្ចាស់​ទឹកដី​តូច​ធំ​ដែល​គេ​គ្រប់គ្រង ព្រមទាំង​បាន​ត្រួតត្រា​ពួក​អ្នក​រដ្ឋវាសី​ថែម​ទៀត​ផង ។ ពួក​ចាម​នេះ គឺជា​ពួក​ម៉ាឡេ​ដែល​ទទួល​យក​អារ្យ​ធម៌​ហិណ្ឌូ ហើយ​ធ្វើ​ដំណើរ​ចេញ​មក​ពី​កោះ​ស៊ូម៉ាត្រា ឬ​ក៏​មក​ពី​កោះ​ជ្វា​ផង​ដែរ ។ ចំណែកឯ​ពួក​កម្ពុជៈ​ ឬ​ខ្មែរ​ គឺ​ចេញ​មក​ពី​ឥណ្ឌា​ភាគ​ខាងកើត​តាម​មើល​ទៅ​គឺ​មក​ពី​កលិង្គៈ​នៅ​លើ​ឆ្នេរ​ កូរ៉ូម៉ង់ដែល ។

គេ​អាច​ប៉ាន់​ ប្រមាណ​បាន​អំពី​ការ​ប្រកួត​ប្រជែង​ដែល​អាច​នឹង​កើត​មាន​ឡើង​តាំង​តែ​ពី​ ដំបូង រវាង​ពួក​ម៉ាឡេ​នៅ​ឥណ្ឌូចិន គឺ​ចាម​នេះ​ជាមួយ​នឹង​ពួក​កម្ពុជៈ ដែល​មាន​អភិ​មានះ​នឹង​សញ្ជាតិ​ដើម​របស់​ខ្លួន ហើយ​និយាយ​ភាសា​មួយ​ជឿន​លឿន​បន្ដិច​ទៅ​ហើយ​ ជា​ពិសេស​នៅ​ពេល​ដែល​ផលប្រយោជន៍​ខាង​ពាណិជ្ជកម្ម​ និង​អំណាច​ត្រួតត្រា​ប្រទាំង​ប្រទើស​គ្នា ។
នៅ ​ពេល​ដែល​ពួក​កម្ពុជៈ​មក​ដល់ ​វា​ហាក់​ដូចជា​ថា​នគរ​ចាម្ប៉ា​នេះ​គឺ​ជា​អាណាចក្រ​មួយ​ដែល​ពួក​ចិន​ហៅ​ថា ហ្វូណន ដែល​មាន​ដែនដី​ចំណុះ​របស់​ខ្លួន​ជា​ច្រើន​លាត​សន្ធឹង​រហូត​ដល់​មាត់​សមុទ្រ តាំងពី​ក្វាងប៊ិញ​រហូត​ដល់​កំពត ហើយ​ដែល​ក្រោយ​មក​ត្រូវ​ធ្លាក់​បរាជ័យ​នៅ​សតវត្សរ៍​ទី​១៤ ទើប​ក្លាយ​ទៅជា​ប្រទេស​អាណ្ណាម​វិញ ។

ប្រហែលជា ​នៅ​ឆ្នាំ​១៣៧​នៃ​គ្រិស្ដសករាជ មាន​មេកោយ​ម្នាក់​ក្នុង​ចំណោម​អាណានិគម​នៅ​តាម​ឆ្នេរ​សមុទ្រ​ដែល​ពួក​ចិន​ ឱ្យ​ឈ្មោះ​ថា គុយលាន និង​មាន​ទីតាំង​ស្ថិត​នៅ​ខាងលើ​ទួរ៉ាន​បន្ដិច (ប្រហែលជា​ត្រូវ​នឹង​ឈ្មោះ ស្រូណា នៅ​ក្នុង​ផែនទី​ផ្ដូលេមេ) បាន​បង្រួប​បង្រួម​ដែនដី​ចំណុះ​ទាំងអស់​ឱ្យ​រួម​គ្នា​មក​ជា​រាជាណាចក្រ​តែ​ មួយ រួច​ហើយ​បាន​វាយ​ដេញ​កម្ចាត់​ពួក​ចិន​-អាណ្ណាម​ចេញ រើបម្រះ​ខ្លួន​រួច​ពី​នឹម​ត្រួតត្រា​របស់​នគរ​ចិន ។ គុយលាន នោះ បាន​សម្លាប់​អភិបាល ឬ​ឧបរាជ​ចិន​ចោល ជា​ហេតុ​ធ្វើ​ឱ្យ​ជនរួមជាតិ​របស់​គេ និង​បណ្ដា​មេ​របស់​ដែនដី​ចំណុះ​ឯទៀតៗ មាន​ជំនឿ និង​ទំនុកចិត្ដ​មក​លើ​គេ​ជា​ខ្លាំង រួច​ហើយ​ក៏​លើក​ឱ្យ​ធ្វើ​ជា​ស្ដេច ។ រាជាណាចក្រ​ម៉ាឡេ ដែល​បាន​ចាក់​គ្រឹះ​នៅ​ឥណ្ឌូចិន មិនដឹង​ជា​តាំងពី​ពេល​ណា​មក ហើយ​មាន​ឈ្មោះ​ថា ចាម្ប៉ា​នោះ បាន​ឧប្បត្ដិក​ឡើង​យ៉ាង​ដូច្នេះ ។

រាជធានី​របស់​នគរ​ចាម្ប៉ា​មាន​ឈ្មោះ​តាម​ចិន​ហៅ​ថា លីនយី ហើយ​ឈ្មោះ លីនយី នេះ ក៏​បាន​ត្រូវ​ពួក​អាណ្ណាម និង​ប្រវត្ដិវិទូ​ចិន​ប្រើ​សម្រាប់​ហៅ​នគរ​ទាំងមូល​ផង​ដែរ ។ តាម ​មើលទៅ នគរ​ចាម្ប៉ា ឬ​លីនយី នា​ពេល​នោះ​លាតសន្ធឹង​ទៅ​ជើង​រហូត​ដល់​ព្រំប្រទល់​តុងកឹង និង​មក​ត្បូង​រហូត​ដល់​ព្រំប្រទល់​កូសាំងស៊ីន​សព្វថ្ងៃ ពោល​គឺ ត្រូវ​នឹង​ទឹកដី​អាណ្ណាម​បច្ចុប្បន្ន​ទាំងមូល ។ ម្យ៉ាងទៀត ​នៅ​ពេល​នោះ នគរ​ហ្វូណន​ដែល​ដឹកនាំ​ដោយ​រាជវង្ស​ជ្វា ឬ​ម៉ាឡេ និង​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​អាណានិគម​ម៉ាឡេ​ដ៏​ខ្លាំង​ពូកែ​មួយ ប្រហែលជា​បាន​កកើត​រួច​មុន​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ។ នគរ​ហ្វូណន​នេះ​មាន​រាជធានី​នៅ​នឹង​មាត់ពាម​នៃ​ទន្លេ​មេគង្គ (1)។

តាម ​រឿងព្រេង ពួក​កម្ពុជៈ និង​ពួក​ខ្មែរ​បាន​វាយ​បណ្ដេញ​ពួក​ចាម​ឱ្យ​ចាក​ចេញ​ពី​ស្រុក​ដែល​ស្ថិត​នៅ​ ពី​ខាងលិច​ជួរ​ភ្នំ​អាណ្ណាម និង​ស្រុក​របស់​ពួក​ម៉យ​ រ៉ូម៉យ ឬ​ម៉្លយ ទៅ​នៅ​ស្រុក​លាវ ជា​កន្លែង​ដែល​ពួក​គេ​កសាង​នគរ​ចំប៉ាសាក់​ឡើង​ និង​ទៅ​នៅ​ផ្នែក​អាគ្នេយ៍​ត្រង់​ប៊ិញធន់​សព្វថ្ងៃ​ ហើយ​បង្កើត​បាន​ជា​រដ្ឋ​បុណ្ឌុរង្គ ​(ផានរ៉ាង) ។

ទោះជា ​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​យ៉ាងណា​ក៏​ដោយ ប៉ុន្ដែ​ជា​ការ​ពិត​ណាស់​ដែល​ថា រាជាណាចក្រ​ចាម​នៅ​តាម​មាត់​សមុទ្រ​ផ្នែក​អាគ្នេយ៍​ឥណ្ឌូចិន​ជា​រាជាណាចក្រ​ មួយ​ខ្លាំងក្លា​តាំង​តែ​ពី​សតវត្សរ៍​ទី​១​នៃ​គ្រិស្ដ​សករាជ​មក ។ ពួក​នេះ​ពូកែ​មោះមុត​ក្នុង​ការ​ធ្វើសង្គ្រាម ទាំង​តាម​ជើង​គោក ទាំង​តាម​ផ្លូវទឹក ។ ប៉ុន្ដែ​ពួក​នេះ​អភ័ព្វ ព្រោះ​ប្រជា​ជាតិ​របស់​គេ​ត្រូវ​បែងចែក​ជា​ក្សត្រ​ប្រទេស​ស្វយ័ត​ចំនួន​៥​-​ ៦ ដូចជា​នៅ​ឯ​កម្ពុជា​ដែរ គ្រាន់តែ​ថា​រដ្ឋ​ទាំង​អស់នោះ​ជា​នគរ​សាមន្ដរាជ ចំណុះ​ឱ្យ​ព្រះ​អធិរាជ​មួយ​អង្គ​ដែល​ជា​បច្ឆាញាតិ​របស់​ព្រះរាជា​ដែល​បាន​ រំដោះ​ពួក​គេ​ចេញពី​នឹម​ត្រួតត្រា​នៃ​ពួក​ចិន និង​អាណ្ណាម ។ ប៉ុន្ដែ​អំណាច​របស់​ព្រះ​អធិរាជ​នោះ​ខ្សោយ​មិន​ខុស​ពី​អំណាច​ស្ដេច​បារាំង​ កាលពី​សម័យ​មុន​យុគ​កណ្ដាល​ទេ គ្រាន់តែ​ថា​ជា​គោលការណ៍ គ្មាន​ការ​ប្រកែក​ប្រណាំង​អ្វី​ពី​នគរ​សាមន្ដរាជ​នោះ​ទេ (2) ។

ម្យ៉ាងទៀត ទឹកដី​របស់​ក្សត្រ​ប្រទេស​ទាំងអស់​ពេល​នោះ​ប្រហាក់​ប្រហែល​នឹង​ទឹកដី​បណ្ដា​ ខែត្រ​របស់​អាណ្ណាម​បច្ចុប្បន្ន​ដែរ ហើយ​ទឹកដី​ទាំង​អស់នោះ​បាន​ដូរ​ឈ្មោះ​បន្ដិច​ម្ដងៗ​ទៅ​តាម​ការ​ច្បាំង​ ដណ្ដើម និង​ការ​ដាក់​ជា​ចំណុះ​ដោយ​ពួក​អាណ្ណាម ។ ហេតុការណ៍​ដូច​គ្នា​នេះ និង​ហេតុការណ៍​ធ្លាប់​កើត​មាន​នៅ​ស្រុក​បារាំង ពេល​ដែល​ពួក​ ប៉ាគុស នៃ​ក្រុម​ហ្កាល័រ​-​រ៉ូម៉ាំង ច្បាំង​ដណ្ដើម​យក​បណ្ដា​ខេត្ដ​នៃ​អាណាចក្រ​រ៉ូម៉ាំង​ក្នុង​សតវត្សរ៍​ទី​១៤​ ដែរ ។

តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​ អាណ្ណាម ពួក​ចាម​ជា​ពួក​ចោរ​សមុទ្រ និង​ដីគោក ដែល​បាន​បញ្ជូន​ទ័ព​ទៅ​ធ្វើ​ការ​ដុត​បំផ្លាញ​ភូមិ​នានា​តាម​មាត់​សមុទ្រ​ តុងកឹង និង​បណ្ដា​ខែត្រ​អាណ្ណាម​ខាងជើង​ជា​ច្រើន​លើក​ច្រើន​សា ។ បើ​តាម​សិលាចារឹក​សំស្ក្រឹត​របស់​កម្ពុជា​វិញ​ថា ពួក​កម្ពុជៈ​ចាត់​ទុក​ពួក​នេះ​ជា​ប្រជារាស្ដ្រ​ជិតខាង ដែល​គេ​មាន​ទំនាស់​ជា​មួយ​ម្ដងម្កាល ។ ប៉ុន្ដែ ពួក​ចាម​ខ្លួនឯង​មិន​មាន​បន្សល់​ទុក​ឯកសារ​អ្វី​ដើម្បី​ការពារ​ខ្លួនឯង​ផង​ ទេ ។ រីឯ​ពួក​អាណ្ណាម​វិញ គេ​ខិតខំ​និយាយ​អាក្រក់​ពី​ចាម្ប៉ា​ដើម្បី​បញ្ជាក់​ពី​មូលហេតុ​សម​ស្រប​ដែល​ ធ្វើ​ឱ្យ​បុព្វបុរស​របស់​គេ​វាយ​ដណ្ដើម​យក​នគរ​នេះ ។
ម្យ៉ាងទៀត អាច​និយាយ​បាន​ថា អំពើ​ចោរកម្ម និង​ការ​ឈ្លានពាន​ទៅ​លើ​អាណ្ណាម​នោះ មិន​មែន​ជា​សកម្មភាព​របស់​ប្រជាជាតិ​ចាម​ទាំងមូល ឬ​ក៏​ជា​គំនិត​របស់​ព្រះ​ចៅ​អធិរាជ​ដែល​សោយរាជ្យ​នៅ​ឯ​ចាម្ប៉ា​បុរៈ​នោះ​ទេ វា​អាច​គ្រាន់តែ​ជា​សកម្មភាព​របស់​ព្រះរាជា​នៃ​ក្សត្រ​ប្រទេស​ណា​មួយ​ក្នុង​ បណ្ដា​ក្សត្រ​ប្រទេស​របស់​ចាម្ប៉ា​ប៉ុណ្ណោះ ឬ​ក៏​ថា ជា​អំពើ​របស់​ពួក​ចាម​មួយ​ក្រុម​ដែល​ប្រព្រឹត្ដ​ឡើង​ដោយ​គ្មាន​ការ​អនុញ្ញាត ​ពី​ស្ដេច​អង្គ​ណា​មួយ​ដែល​ចុះ​ទូក​តាម​តែ​ខ្យល់​បក់​នាំ​ទៅ ឬ​ក៏​នាំ​គ្នា​ធ្វើការ​សងសឹក​នឹង​ការ​ជេរ​ប្រមាថ​ណា​មួយ​ក៏​មិន​ដឹង ។ ក៏​ប៉ុន្ដែ ការ​វាយប្រហារ​របស់​ពួក​ចាម​ភាគ​ច្រើន សុទ្ធតែ​បាន​ត្រូវ​ឯកសារ​អាណ្ណាម​កត់ត្រា​ថា ជា​ប្រតិបត្ដិការ​យោធា​របស់​នគរ​ទាំងមូល តាម​ការ​សម្រេច​ចិត្ដ​របស់​ព្រះរាជា និង​ទីប្រឹក្សា​របស់​ព្រះ​អង្គ និង​ដឹកនាំ​បញ្ជា​ដោយ​មេទ័ព​ដែល​ព្រះរាជា​ចាត់​តាំង​ច្បាស់​លាស់ ។

នៅ ​សម័យ​នោះ ដែល​ប្រជាជន​មិន​សូវ​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ថា តើ​មាន​អ្វី​កើត​ឡើង​នៅ​ឯ​ប្រទេស​ជិត​ខាង និង​មិន​មាន​ទម្លាប់​ប្រកាស​សង្គ្រាម​មុន​ពេល​ដែល​សង្គ្រាម​ចាប់​ផ្ដើម​ ទេ ។ ពួក​អាណ្ណាម​បាន​ចាត់​ទុក​ថា​ រាល់​ការ​ឈ្លានពាន និង​ការ​ឆក់​ប្លន់​ដោយ​ស្ដេច​ចាម​ណា​មួយ ជា​អំពើ​ខុស​ឆ្គង​របស់​ប្រជាជាតិ​ទាំងមូល ជា​បំណង​របស់​ព្រះរាជា ជា​ការ​វាយ​ប្រហារ​របស់​ប្រជាជាតិ​មួយ​ទៅ​លើ​ប្រជាជាតិ​មួយ តែ​តាម​ពិត​ទៅ​នោះ គ្រាន់តែ​ជា​អំពើ​របស់​ពួក​ចោរ​មួយ​ក្រុម ឬ​ជា​ការ​សងសឹក​មួយ​ប៉ុណ្ណោះ ។ ពួក​អាណ្ណាម​អាច​នឹង​ចាត់​ទុក​រឿងរ៉ាវ​ទាំងឡាយ​ដូច្នេះ ក៏​ប៉ុន្ដែ​ខ្ញុំ​នៅ​តែ​ចង់​រំលឹក​ដដែលៗ​ថា នគរ​ចាម្ប៉ា​បាន​រលត់​បាត់​អស់​ទៅ​ហើយ​ធ្វើ​ម៉េច​អាច​ការពារ​ខ្លួន​បាន ហើយ​បច្ឆាញាតិ​របស់​ប្រជាជាតិ​គេ​ដែល​ត្រូវ​វាយ​បំបែក​ខ្ចាត់ខ្ចាយ​អស់​ទៅ​ ហើយ​នោះ ក៏​គ្មាន​បន្សល់​ឯកសារ​អ្វី​ការពារ​ខ្លួន ឬ​បញ្ជាក់​ថា សង្គ្រាម​ដែល​ខ្លួន​ប្រកាស​ឡើង​នោះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អាណ្ណាម​ផង​ទេ ។ ចំណែក​ពួក​អាណ្ណាម​វិញ​ដែល​មាន​នៅ​សល់​ដល់​សព្វថ្ងៃ គេ​អាច​ធ្វើការ​ការពារ​ខ្លួន និង​វាយ​ប្រហារ​ទៅ​លើ​សត្រូវ​ពី​អតីតកាល​ដោយ​គ្មាន​ខ្លាច​រអែង​ថា​នឹង​ទទួល​ ការ​វាយបក​វិញ​ឡើយ ។ ដូចនេះ គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​ចំពោះ​ការ​ចោទ​ប្រកាន់​នានា ហើយ​កុំ​ភ្លេច​ថា​ទឹកដី​ចាម្ប៉ា​ទាំងស្រុង​បាន​ត្រូវ​ពួក​អាណ្ណាម​ដណ្ដើម​ ដាក់​បញ្ចូល​មក​ក្នុង​រាជា​ណា​ចក្រ​អាណ្ណាម​បាត់​ទៅ​ហើយ ។
គេ ​មិនដឹង​អ្វី​ច្រើន​ប៉ុន្មាន​ទេ​នៅ​ពេល​ដែល​នគរ​ចាម្ប៉ា​ចាប់ផ្ដើម​កកើត​ ដំបូង ។ ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន រឿងនិទាន​របស់​បូជនីយេសក៍​ចិន និង​ស្នាដៃ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​និយាយ​អំពី​ប្រជាជាតិ​នេះ មាន​និយាយ​តិចតួច​ពេក មិន​អាច​ឱ្យ​យើង​រៀបរាប់​ព្រឹត្តិការណ៍​តាម​លំដាប់​បន្ដបន្ទាប់​បាន​ ទេ ។ មាន​ឯកសារ​មួយ​និយាយ​ថា រាជាណាចក្រ​ចាម្ប៉ា​បាន​ត្រូវ​កសាង​ឡើង​ប្រហាក់​ប្រហែល​ទៅ​នឹង​រឿងរ៉ាវ​ដែល​ រៀបរាប់​ខាងលើ មាន​រាជធានី​នៅ​ស៊ាងលីនយី ក្នុង​អំណាច​ត្រួតត្រា​របស់ យិនណាន គឺ​ក្វាងប៊ិញ​សព្វថ្ងៃ ហើយ​ថា​ពួក​ចាម​ហៅ​រាជធានី​របស់​គេ​នោះ​ថា បាលអង់វ៉ី ឬ​រាជធានី​អង់វ៉ី នៅ​ចន្លោះ​ខ្សែរយៈ​ទទឹង​១៧ និង​១៨​អង្សា និង​ចន្លោះ​រយៈ​បណ្ដោយ ១០៤-១០៥​អង្សា ។

សិលាចារឹក ​ដែល​គេ​រក​ឃើញ​រហូត​មក​ដល់​សព្វថ្ងៃ បាន​ផ្ដល់​បញ្ជី​ឈ្មោះ​របស់​ព្រះរាជា​មួយ​ចំនួន​ដែល​សោយរាជ្យ​ពី​សតវត្សរ៍​ ទី​១​ដល់​សតវត្សរ៍​ទី​៧ ព្រមទាំង​ព្រឹត្ដិការណ៍​មួយ​ចំនួន​ដែល​មិន​សូវ​ស៊ីគ្នា​ជាមួយ​ឯកសារ​ចិន​ ប៉ុន្មាន​ទេ ។
យើង​ពិនិត្យ​មើល​ អំពី​អ្វី​ដែល​ឯកសារ​ទាំង​ពីរ​បាន​ប្រាប់​ឱ្យ​ដឹង ៖ ព្រះរាជា​ទី​មួយ ដែល​សិលាចារឹក​ថ្វាយ​ព្រះ​អភិសេក​នាម​ថា ស្រីមារៈ ទ្រង់​សោយរាជ្យ​នៅ​សតវត្សរ៍​ទី​២ ឯ​ព្រះរាជា​បន្ទាប់​ទ្រង់​ព្រះ​នាម​ថា ភទ្រវរ្ម័ន សោយរាជ្យ​នៅ​សតវត្សរ៍​ទី​៤ ។
ស្រីមារៈ ប្រហែលជា​ឈ្មោះ​ជា​ភាសាសំស្ក្រឹត​របស់​ស្ដេច​គុយលាន ឬ​ស្ដេច​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​មិនដឹង​ថា តើ​ជា​អ្នក​ស្នងរាជ្យ​ទី​១ ទី​២ ឬ​ទី​៣ ដែល​យើង​មិន​បាន​ស្គាល់​ឈ្មោះ ។

ឯ​ ស្រីភទ្រវរ្ម័ន​ក៏​ប្រហែលជា​ឈ្មោះ​ជា​ភាសាសំស្ក្រឹត​របស់​ស្ដេច​មួយ​អង្គ​ ដែល​សោយរាជ្យ​នៅ​សតវត្សរ៍​ទី​៤ ហើយ​ដែល​ប្រវត្ដិវិទូ​ចិន​ហៅ​មិន​ច្បាស់​ថា​ ហ្វាន់ហៀន ដែល​ជា​បច្ឆាញាតិ​ខាង​ព្រះ​មាតា​របស់​គុយលាន ។ ព្រះរាជបុត្រ​របស់​ព្រះ​អង្គ​ព្រះ​នាម​ ហ្វាន់អ៊ី បាន​រៀបចំ​ធ្វើ​កំពែង​ការពារ​រាជធានី​តាម​យោបល់​របស់​មន្ដ្រី​ម្នាក់ ដែល​បន្ទាប់​មក បាន​ឡើង​សោយរាជ្យ​បន្ដ​ព្រះ​អង្គ ។ ទ្រង់​សុគត​នៅ​ឆ្នាំ​៣៣៦ ។ មន្ដ្រី​នោះ​តាម​ពិត គឺជា​ខ្ញុំ​បម្រើ​ម្នាក់​ឈ្មោះ វេន មាន​ដើម​កំណើត​មក​ពី​តុងកឹង ដែល​ត្រូវ​ព្រះរាជា​សន្ដោស​ប្រណី​យក​ជា​បុត្រ​ចិញ្ចឹម បាន​បំបែក​រជ្ជទាយាទ​ធម្មានុរូប​ទាំងអស់​ចេញ ហើយ​ពឹង​ផ្អែក​លើ​មន្ដ្រី​ឯទៀតៗ​ឱ្យ​ប្រកាស​ខ្លួន​ជា​ព្រះរាជា​ក្រោម​ព្រះ​ នាម​ថា​ ហ្វាន់វេន ។ ស្ដេច​អង្គ​នេះ​សុគត​នៅ​ឆ្នាំ​៣៤៩។ ព្រះរាជា​អង្គ​នេះ​ជា​ព្រះរាជា​ចាម​ដំបូង​គេ ដែល​លើកទ័ព​ឆ្លងកាត់​ព្រំដែន​ទៅ​ធ្វើសង្គ្រាម​ជាមួយ​តុងកឹង ។ ទ្រង់​បាន​ដណ្ដើម​យក​ខែត្រ​ក្វាងណាន ដែល​ជា​ស្រុក​កំណើត​ ដាក់​បញ្ចូល​មក​នគរ​ចាម្ប៉ា​នៅ​ឆ្នាំ​៣៤៧ ។

ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​និយាយ​ថា ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ហ្វាន់វេន គឺ​បុត្រ​ព្រះ​អង្គ​ព្រះ​នាម​ថា ហ្វាន់ហ្វូ ហើយ​នៅ​ក្រោម​រាជ្យ​ស្ដេច​អង្គ​នេះ​ កងទ័ព​ចិន​-​តុងកឹង​ដណ្ដើម​យក​ក្វាងណាន​វិញ​បាន​ដោយ​រុញ​ច្រាន​ឱ្យ​ចាម​ដក​ ថយ​ទៅ​នៅ​ឯ​លីនយី​វិញ ។
បន្ទាប់​មក គឺ​ព្រះរាជ​នត្ដា​របស់​ហ្វាន់ហ្វូ ព្រះ​នាម​ហ្វានហ៊ូតា ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​នៅ​ឆ្នាំ​៣៩៩ ។ រជ្ជកាល​នេះ​ប្រកប​ទៅ​ដោយ​ភាព​វឹកវរ នៅ​ទី​បញ្ចប់​ព្រះរាជា​ក៏​ត្រូវ​ធ្វើឃាត​ដោយ​បុត្រ​ស្ដេច​ហ្វូណន ដែល​លោក ប៉េគូប៊ីល ដាក់​ឈ្មោះ​តាម​ចិន​ថា តេងកេងឈន់ ។ ឃាតកម្ម​នេះ​កើត​មាន​នៅ​ក្រោយ​ឆ្នាំ​៤១៣​នៃ​គ្រិស្ដ​សករាជ ។

ព្រះរាជបុត្រ ​របស់​ព្រះបាទ​ហ្វានហ៊ូតា ព្រះ​នាម​ថា​ ហ្វានឈាវនង ឡើង​សោយរាជ្យ​បន្ដ​មក​ហើយ​មាន​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​រៀបចំ​សណ្ដាប់ ​ធ្នាប់ និង​ដណ្ដើម​យក​ស្រុក​មក​វិញ ។ ក្រោយ​ពី​សម្រេច​តាម​គោល​បំណង​នេះ​រួច ព្រះរាជា​ទ្រង់​សោយរាជ្យ​បាន​ប៉ុន្មាន​ឆ្នាំ​បន្ដ​ទៀត រួច​ក៏​សោយ​ទិវង្គត​ទៅ​នៅ​ឆ្នាំ​៤២១ ។ ព្រះរាជ​បុត្រ​ព្រះ​នាម ហ្វានយ៉ាងម៉ាយ បាន​សោយរាជ្យ​បន្ដ​មក រួច​ទ្រង់​សុគត​នៅ​ឆ្នាំ​៤៤៦ ។ ពេល​នោះ​រាជបុត្រ​ព្រះ​នាម ហ្វានទូ បាន​ឡើង​សោយរាជ្យ​បន្ដ ដោយ​យក​ព្រះ​នាម​ដូច​ព្រះ​បិតា​ដែរ ។
នៅ ​សតវត្សរ៍​ទី​៥ សិលាចារឹក​បាន​និយាយ​អំពី​ព្រះរាជា​មួយ​ព្រះ​អង្គ​ដែល​មាន​ព្រះ​នាម​ជា​ ភាសាសំស្ក្រឹត​ថា គង្គារាជា ឬ​គង្គេស្វរៈ ។ សិលាចារឹក​និយាយ​បន្ដ​ទៀត​ថា ព្រះរាជា​អង្គ​នេះ​បាន «ចាក​ចោល​រាជសម្បត្ដិ​ដោយ​គ្មាន​ព្រះ​ទ័យ​ស្ដាយ​ស្រណោះ​បន្ដិច​ទេ» ទៅ​ធ្វើ​បូជនីយេសក៍​នៅ​មាត់ទន្លេ​គង្គា (3) ។ ព្រះរាជា​មួយ​អង្គ​ទៀត​មាន​ព្រះ​នាម​ដែល​បញ្ចប់​នៅ​ខាង​ចុង​ថា …រដ្ឋាវរ្ម័ន មាន​ន័យ​ថា «ទ្រង់​មាន​អំណាច​លើស​លប់​មហាសាគរ» ។

តាម ​មើល​ទៅ ឈ្មោះ​ថា គង្គារាជា និង​…រដ្ឋាវរ្ម័ន ប្រហែលជា​ព្រះ​នាម​ជា​ភាសាសំស្ក្រឹត​របស់​ហ្វានហ៊ូតា និង​ហ្វានយ៉ាងម៉ាយ ក៏​ប៉ុន្ដែ​គ្មាន​ឯកសារ​បញ្ជាក់​អំពី​រឿង​នេះ​ទេ ។
សិលាចារឹក ​ដដែល​ក៏​បាន​និយាយ​អំពី​ព្រះរាជា​២​ព្រះ​អង្គ​ទៀត​ផង​ដែរ​គឺ រុទ្រវរ្ម័ន​ទី​១ ដែល​ជា​ព្រះរាជ​នត្ដា​ទួត​របស់​ព្រះបាទ​រដ្ឋាវរ្ម័ន​ដែល​បាន​សោយរាជ្យ​បន្ដ​ មក តាម​ពាក្យ​សិលាចារឹក​ថា «ទ្រង់​បាន​ទទួល​យក​អម្រែក​ដ៏​សែន​ធ្ងន់​នៃ​រាជសម្បត្ដិ» ។ ព្រះ​អង្គ​ជាប់​អម្បូរ​ព្រាហ្មណ៍​ផង និង​ក្សត្រិយៈ​ផង ។ ព្រះរាជា​មួយ​អង្គ​ទៀត​គឺ​ ព្រះបាទ​ សម្ភុវរ្ម័ន ជា​រាជបុត្រ​របស់​ព្រះបាទ​រុទ្រវរ្ម័ន ។
បើ​តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​វិញ គេ​និយាយ​ថា​នៅ​សតវត្សរ៍​ទី​៥​មាន​ព្រះរាជា​ដូច​ត​ទៅ​នេះ ៖
ហ្វានតាវ សោយរាជ្យ​ស្នង​ពី​ព្រះ​បិតា​នៅ​ឆ្នាំ​៤៤៦ ។
ហ្វានចេនឆេង សោយរាជ្យ​ពី​ឆ្នាំ​៤៥៨ ដល់ ៤៧២ ឬ​ក៏​ក្រោយ​នោះ ។
ហ្វានតាងកេនឈែន ជា​ជនបរទេស​ជ្រែករាជ្យ​នៅ​ឆ្នាំ​៤៩១ ។
ហ្វានឈូនង ជា​បុត្រ​របស់​ហ្វានយ៉ាងម៉ាយ ដែល​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​៤៩២ បន្ទាប់​ពី​ទម្លាក់​ស្ដេច​ជ្រែករាជ្យ​រួច សុគត​នៅ​ឆ្នាំ​៤៩៨ ។
ហ្វានវេនសេន ឬ​វេនគ្វែន បុត្រ​ស្ដេច​មុន ។
ហ្វានទៀនខាយ ដែល​មាន​ព្រះ​អភិសេក​នាម​ថា​ ទេវវរ្ម័ន ជា​បុត្រ​ស្ដេច​មុន និង​សោយរាជ្យ​ពី​ឆ្នាំ​៥១០ ហើយ​នៅ​សោយរាជ្យ​នៅឡើយ​នៅ​ឆ្នាំ​៥១៤ ។
ភីតស្វ៊ែយប៉ាម៉ូ (វិជ័យវរ្ម័ន) ជា​ព្រះ​អនុជ​ស្ដេច​មុន ។
កាវជីចេនខាយ (គុស្រីជ័យវរ្ម័ន ឬ​វិជ័យវរ្ម័ន ?) សោយរាជ្យ​ឆ្នាំ​៥២៦​-​៥២៧ ។
កាវជីឡូថូឡូប៉ាម៉ូ (គុស្រីរុទ្រវរ្ម័ន) សោយរាជ្យ​ឆ្នាំ​៥៣០​-​៥៣៤ ។
វា ​ហាក់​ដូចជា​ច្បាស់​ណាស់​ថា​ រុទ្រវរ្ម័ន និង រដ្ឋាវរ្ម័ន ដែល​មាន​និយាយ​នៅ​ក្នុង​សិលាចារឹក គឺជា​ព្រះ​អភិសេក​នាម​របស់​ព្រះរាជា​២​ព្រះ​អង្គ​ដែល​សោយរាជ្យ​នៅ​សតវត្សរ៍​ ទី​៥ ប៉ុន្ដែ​យើង​មិនដឹង​កាលបរិច្ឆេទ​ពិតប្រាកដ​ទេ គ្រាន់តែ​បាន​ស្គាល់​ព្រះ​នាម​ដែល​ចិន​ហៅ​ប៉ុណ្ណោះ ។ ហើយ​វា​ក៏​ហាក់​ដូចជា​ពិតប្រាកដ​ដែរ​ថា ព្រះរាជា​៤​ព្រះ​អង្គ​តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ដែល​យើង​អាច​កំណត់​ ព្រះ​នាម​ជា​ភាសាសំស្ក្រឹត​បាន​គឺ​ព្រះបាទ​ទេវវរ្ម័ន​ វិជ័យវរ្ម័ន ជ័យវរ្ម័ន និង​រុទ្រវរ្ម័ន​ មិន​មាន​សិលាចារឹក​ណា​ដែល​គេ​រក​ឃើញ​នៅ​ចាម្ប៉ា​និយាយ​អំពី​ព្រះរាជា​ ទាំងនោះ​ទេ ។
ឯកសារ​ ប្រវត្ដិសាស្ដ្រ​ចិន​ក៏​មាន​និយាយ​ផង​ដែរ​អំពី​សង្គ្រាម​មួយ​កើត​ឡើង​នៅ​ ក្នុង​សតវត្សរ៍​ទី​៥ រវាង នគរ​ហ្វូណន និង​ចាម្ប៉ា ។ វា​ហាក់ដូចជា​ថា អ្នក​ដែល​បង្ក​សង្គ្រាម​មុន​គឺ​ព្រាហ្មណ៍​កោណ្ឌញ្ញ (ជ័យវរ្ម័ន) ចិន​ហៅ​ថា គាវឈាវឡូ ជា​ព្រះរាជា​នៃ​នគរ​ហ្វូណន ដែល​មាន​ខ្ញុំ​ ឬ​កូន​ម្នាក់​បះបោរ​ប្រឆាំង​នឹង​ព្រះ​អង្គ រួច​គេចខ្លួន​មក​ប្រកាស​ខ្លួន​ជា​ស្ដេច​នគរ​ចាម្ប៉ា ។ មូលហេតុ​គឺ​មក​ពី​ស្ដេច​គាវឈាវឡូ​នេះ ឬ​ក៏​នៅ​ក្នុង​រាជ្យ​ស្ដេច​អង្គ​នេះ ចាម​បាន​ធ្វើការ​វាយ​ដណ្ដើម​យក​ជំនូន​ដែល​អធិរាជ​ចិន​ផ្ញើ​ថ្វាយ​ស្ដេច​នគរ​ ហ្វូណន ធ្វើ​ឱ្យ​ស្ដេច​ហ្វូណន​បញ្ជូន​រាជទូត​ម្នាក់​នៅ​ឆ្នាំ​៤៨៤ ជា​ពុទ្ធសាស​និកជន ឱ្យ​ទៅ​សុំ​ជំនួយ​ពី​ស្ដេច​ក្រុង​ចិន ដែល​យល់ព្រម​តាម​សំណូមពរ ។ គាវឈាវឡូ​នេះ ជា​ស្ដេច​ជ្រែក​រាជ្យ ម្យ៉ាងទៀត​ជា​ខ្មែរ​ផង ។ ប៉ុន្ដែ ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​មិន​មាន​បញ្ជាក់​ថា តើ​ស្ដេច​នេះ​បរាជ័យ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ហ្វូណន​រួម​នឹង​ចិន ឬ​យ៉ាងណា​នោះ​ទេ ។
ទោះជា​យ៉ាងណា​ក៏ ​ដោយ ឯកសារ​ប្រវត្ដិសាស្ដ្រ​អាណ្ណាម​បាន​រៀបរាប់​ថា នៅ​ឆ្នាំ​៣៩០​នៃ​គ្រិស្ដសករាជ បណ្ដា​ខែត្រ​ភាគ​ខាងត្បូង​អាណ្ណាម (អាណ្ណាម​ពេល​នោះ​គឺ​តុងកឹង) ត្រូវ​រង​ការ​វាយ​ប្រហារ​ពី​ពួក​ចាម ដែល​មាន​ព្រះរាជា​ពេល​នោះ​ព្រះ​នាម​តាម​ការ​ហៅ​កាឡៃ​របស់​ពួក​អាណ្ណាម​ថា​ ផាមឡូដាត ឬ​ហ្វានឡូដាត ។ ប៉ុន្ដែ ស្ដេច​ចាម​នោះ បាន​ត្រូវ​វាយ​បណ្ដេញ​ឱ្យ​ដកថយ​ទៅ​វិញ​ដោយ​កងទ័ព​ចិន ដែល​នៅ​ពេល​នោះ​ជា​ម្ចាស់​លើ​តុងកឹង ។ ពួក​ចាម​ក៏​បរាជ័យ​ដែរ​នៅ​ក្នុង​ការ​វាយប្រហារ​បណ្ដា​ខែត្រ​ខាងត្បូង​ ម្ដងទៀត​នៅ​ឆ្នាំ​៤២០ ហើយ​បាន​ត្រូវ​បង្ខំ​ឱ្យ​សងការ​ខូចខាត​ជា​ច្រើន និង​លើក​សួយសារ​អាករ​ទៅ​ឱ្យ​ចិន​ទៀត​ផង ។

បើ ​តាម​មើលទៅ​គឺ​នៅ​ក្រោម​រជ្ជកាល​របស់​ស្ដេច​ហ្វានយ៉ាងម៉ាយ​ដែល​សោយរាជ្យ​ បន្ដ​ពី​ផាមឡូដាត​ (គឺ​ស្ដេច​ដែល​ចិន​ហៅ​ថា ហ្វានហ៊ូតា) ដែល​កងទ័ព​ចាម​ធ្វើការ​ឈ្លានពាន​ទៅ​លើ​ខែត្រ​ញុតណាម​របស់​តុងកឹង​នៅ​ឆ្នាំ​ ៤៣៦ ។ ទ័ព​ចាម​ឈ្នះ​អាស្រ័យ​ដោយសារ​មាន​ដំរី ដែល​ធ្វើ​ឱ្យ​ទ័ព​អាណ្ណាម​បាក់​បប​ខ្លបខ្លាច ។ ក៏​ប៉ុន្ដែ​ទ័ព​នេះ ត្រូវ​បរាជ័យ​វិញ នៅ​ពេល​ដែល​មេទ័ព​ចិន​ឈ្មោះ ថានហូឈេ ប្រើ​កាំជ្រួច​ដុត​ចេញ​រូប​សត្វ​ធំៗ ធ្វើ​ឱ្យ​ដំរី​ភ័យ​ខ្លាច​ជា​ខ្លាំង ។ បន្ទាប់​មក រាជធានី​របស់​នគរ​ចាម្ប៉ា​បាន​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​អាណ្ណាម​នៅ​ ឆ្នាំ​៤៤៦​នៃ​គ្រិស្ដ​សករាជ ។
ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​បាន​និយាយ​ទៀត​ថា ស្ដេច​ហ្វានយ៉ាងម៉ាយ​បាន​រត់​គេច​ខ្លួន​ចេញពី​រាជធានី នៅ​ពេល​ដែល​ឮ​ថា​ទ័ព​អាណ្ណាម​មក​ជិត​ដល់ ។ ទ្រង់​យាង​ត្រលប់​មក​ព្រះ​នគរ​វិញ​នៅ​ពេល​ដែល​ទ័ព​អាណ្ណាម​ដក​ចេញ​ផុត​អស់ ហើយ​ត្រូវ​ស្រឡាំងកាំង​ជា​ខ្លាំង​ពេល​ឃើញ​រាជធានី​ត្រូវ​បំផ្លាញ​ ខ្ទេចខ្ទី ។ ព្រះ​អង្គ​បាន​ធ្លាក់​ព្រះ​កាយ​ប្រឈួន​រហូត​ដល់​សោយ​ទិវង្គត ។

ប៉ុន្ដែ ​មាន​បញ្ហា​មួយ​ចោទ​ឡើង ៖ ព្រះបាទ​គង្គារាជា​ រដ្ឋាវរ្ម័ន​ រុទ្រវរ្ម័ន និង​ព្រះរាជា​៦​ព្រះ​អង្គ​ទៀត បាន​សោយរាជ្យ​បន្ដបន្ទាប់​គ្នា​ឥត​ដាច់​នៅ​សតវត្សរ៍​ទី​៥ និង​ទី​៦ ។ បើ​អ៊ីចឹង តើ​ស្ដេច​ផាមឡូដាត (4) តាម​ប្រវត្ដិសាស្ដ្រ​អាណ្ណាម និង​ហ្វានយ៉ាងម៉ាយ តាម​ឯកសារ​ចិន ដែល​សោយរាជ្យ​បន្ដបន្ទាប់​គ្នា​ដែរ​នោះ ត្រូវ​សោយរាជ្យ​នៅ​ឆ្នាំណា ? ឬ​មួយ​ឈ្មោះ​ទាំង​ពីរ​នេះ​ជា​ឈ្មោះ​ដែល​ប្រជាជន​ហៅ​តាម​ភាសា​សាមញ្ញ​សំដៅ​យក ​ព្រះបាទ​រុទ្រវរ្ម័ន និង​ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ ឬ​មុន​ព្រះ​អង្គ ?

សិលាចារឹក​ចាម ឯកសារ​ប្រវត្ដិសាស្ដ្រ​អាណ្ណាម និង​ឯកសារ​ចិន​មាន​រៀបរាប់​អំពី​ព្រះរាជា​ដែល​សោយ​រាជ្យសម្បត្ដិ​បន្ដ​ពី​ ព្រះបាទ​រុទ្រវរ្ម័ន ព្រមទាំង​សកម្មភាព​ខ្លះៗ​ផង​ដែរ ។ ព្រះរាជា​ដែល​ស្នងរាជ្យ​ទី​១​គឺ​ព្រះបាទ​សម្ភុវរ្ម័ន​ដែល​តាម​មើល​ទៅ​អាច​ ត្រូវជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​រុទ្រវរ្ម័ន ។ សិលាចារឹក​មួយ​នៅ​មីសឺន បាន​ថ្លែង​សរសើរ​ព្រះ​អង្គ​ថា «ទ្រង់មាន​ព្រះ​កាយពល​ខ្លាំងក្លា​គ្មាន​នរណា​ប្រៀបផ្ទឹម​បាន​ មាន​ចរិយា​មារយាទ​ល្អ​ប្រសើរ​ប្រៀប​បាន​ទៅ​នឹង​ព្រះអាទិត្យ​នៃ​ផែនដី​ដោយ​ជះ ​ពន្លឺ​នៅ​ពេល​រាត្រី​ ហើយ​ទ្រង់មាន​ភាព​ក្លាហាន​មោះមុត​តាម​រយៈ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ព្រះ​ អង្គ» ។ បើ​ដូច្នេះ​មែន តើ​ព្រះរាជា​អង្គ​នេះ​ជា​ស្ដេច​ជ្រែករាជ្យ ហើយ​មិនមែន​ជា​ព្រះរាជបុត្រ​របស់​ស្ដេច​អង្គ​មុន​ទេ ឬ​យ៉ាងណា ? ព្រោះ​ឃ្លា​ចុង​ក្រោយ​នេះ ហាក់​ដូចជា​ចង់​បញ្ជាក់​អំពី​រឿង​នេះ (5)។

ព្រះរាជា ​អង្គ​នេះ​ប្រហែលជា​សោយរាជ្យ​នៅ​ដើម​គ្រិស្ដសករាជ​ទី​៧ ។ ហើយ​បើសិនជា​ព្រះ​អង្គជា​មនុស្ស​តែ​មួយ​ជាមួយ​ហ្វានផានឈេ នោះ​គឺ​នៅ​ក្នុង​រាជ្យ​របស់​ព្រះ​អង្គ​នេះ​ហើយ​ដែល​ចិន​បាន​ធ្វើការ​ វាយប្រហារ​មក​លើ​នគរ​ចាម្ប៉ា ក្នុង​រវាង​ឆ្នាំ​៦០៣​ ឬ​៦០៥ ដោយ​ស្ដេច​ចិន​ដែល​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចាត់​ទុក​ថា​ជា «ស្ដេច​លោភលន់​ចង់​មាន​ចង់​បាន» ព្រោះ​ឮ​ថា​នគរ​ចាម្ប៉ា​នេះ​ជា​ប្រទេស​អ្នកមាន​មួយ ក៏​មាន​បំណង​វាយ​យក នេះ​បើ តាម​ការ​សិក្សា​របស់​លោក ប៉េគូប៊ីល ។ មុន​ដំបូង ទ័ព​ចាម​ទទួល​បាន​ជ័យជម្នះ​ខ្លះ ប៉ុន្ដែ​បន្ទាប់​មក ត្រូវ​ដកថយ​ឆ្លង​ព្រំដែន​ទាំង​ឥត​សណ្ដាប់ធ្នាប់​ក្រោម​ការ​ដេញ​វាយប្រហារ​ របស់​កងទ័ព​ចិន​ និង​អាណ្ណាម​ដែល​ដណ្ដើម​យក​រាជធានី​បាន ហើយ​វាយ​កម្ទេច​ខ្ទេចខ្ទី​មុន​នឹង​ដកទ័ព​ថយ​ទៅ​វិញ (6) ។ ក៏​ប៉ុន្ដែ ដោយ​រវល់​តែ​ប្រមូល​យក​ជ័យ​ភណ្ឌ​ខ្លាំង​ពេក ពួក​ចិន​អាណ្ណាម​បាន​ត្រូវ​រង​ការ​វាយ​បក​ពី​ទ័ព​ចាម ដែល​ប្រមែ​ប្រមូលគ្នា​រៀបចំ​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស ។

បើ ​តាម​សិលាចារឹក ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​សម្ភុវរ្ម័ន គឺ​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ​ព្រះ​នាម​ កន្តារប្បធម្មៈ ដែល​សោយរាជ្យ​ចាប់ពី​ឆ្នាំ​៦៣០​មក ហើយ​ដែល​ឯកសារ​ចិន​ហៅ​ថា ហ្វានឈាវលី ដែល​បាន​បញ្ជូន​រាជទូត​ទៅ​គាល់​ស្ដេច​ស្រុក​ចិន​នៅ​ឆ្នាំ​៦៣១ ដោយ​បញ្ជូន​នូវ​របស់របរ​ល្អៗ​ពី​ក្នុងស្រុក​ទៅ​ថ្វាយ​ផង ។

ព្រះរាជបុត្រ ​របស់​ព្រះបាទ​កន្តារប្បធម្មៈ ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ ប៉ុន្ដែ​យើង​មិន​បាន​ស្គាល់​ព្រះ​អភិសេក​នាម​របស់​ស្ដេច​នេះ​ទេ ។ ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ហៅ​ព្រះរាជា​អង្គ​នេះ​ថា ហ្វានឆេនឡុង ។ ស្ដេច​អង្គ​នេះ​បាន​ត្រូវ​មន្ដ្រី​មួយ​រូប​ធ្វើ​គុត​ទាំង​ពូជ​នៅ​ឆ្នាំ​៦៤៥​ មន្ដ្រី​នោះ​ចិន​ហៅ​ឈ្មោះ​ថា​ ម៉ូហូម៉ានតូគាធូ​ ដែល​ប្រហែល​គឺជា​ស្ដេច​ភទ្រេស្វរវរ្ម័ន​តាម​សិលាចារឹក ដែល​ត្រូវជា​ក្មួយ​របស់​ព្រះរាជា​មួយ​ព្រះ​អង្គ (តើ​ហ្វានឆេនឡុង​ឬ ?) និង​ត្រូវជា​ចៅ​ខាង​ព្រះ​មាតា​របស់​ព្រះ​កន្តារប្បធម្មៈ គឺ​ព្រះ​មាតា​ទ្រង់​បាន​រៀប​ការ​ជាមួយ​នឹង​ព្រាហ្មណ៍​ម្នាក់ ។ ស្ដេច​នេះ​សោយរាជ្យ​នៅ​ឆ្នាំ​៦៤៥ ។
បន្ទាប់ ​មក ប្រទេស​កើត​មាន​ការ​វឹកវរ​មួយ​អស់​រយៈពេល​ពីរ​-​បី​ឆ្នាំ ។ ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​និយាយ​ថា មាន​ព្រឹត្ដិការណ៍​មួយ​ចំនួន​កើត​ឡើង ដែល​លោក ពែលីយ៉ូ បាន​សង្ខេប​ដូច​តទៅ ៖ មរណភាព​របស់​ស្ដេច ហ្វានឆេងឡុង ព្រមទាំង​រាជវង្ស​ទាំងមូល​បាន​ធ្វើ​ឱ្យ​នគរ​គ្មាន​អ្នក​ស្នងរាជ្យ ។ ប្រជារាស្ដ្រ​ចាម​ក៏​បាន​ឯកភាព​គ្នា​លើក​ព្រាហ្មណ៍​ម្នាក់ ដែល​ត្រូវជា​បុត្រ​សុណិសា​របស់​ព្រះបាទ​ ហ្វានធូលី ដែល​សោយរាជ្យ​នៅ​ឆ្នាំ​៦៣០​-​៦៣១ ឱ្យ​ឡើង​សោយរាជ្យ​បន្ដ បុត្រ​សុណិសា​នោះ​ប្រហែល​គឺ ម៉ូហូម៉ានតូគាធូ ឬ ភទ្រេស្វរវរ្ម័ន​នោះ​ឯង ។ ក៏​ប៉ុន្ដែ​នាម៉ឺន​សព្វ​មុខមន្ដ្រី ដែល​ស្ម័គ្រស្មោះ​នឹង​ព្រះរាជ​វង្ស​មុន ឬ​ក៏​ថា​មាន​ផលប្រយោជន៍​ផ្ទុយ​នឹង​ព្រះរាជា​ថ្មី​នេះ មិន​យល់​ស្រប​តាម​ទេ ក៏​នាំ​គ្នា​ទម្លាក់​ស្ដេច​នេះ​ចេញពី​រាជសម្បត្ដិ រួច​លើក​រាជបុត្រី​របស់​ព្រះបាទ​ហ្វានធូលី ដែល​ប្រហែល​ជា​មហេសី​របស់​ព្រាហ្មណ៍​ដែល​ប្រជារាស្ដ្រ​លើក​ឱ្យ​សោយរាជ្យ​នោះ ​ឯង​ក៏​មិន​ដឹង ឱ្យ​ឡើង​សោយរាជ្យ​វិញ ។ ក៏​ប៉ុន្ដែ​ព្រះ​មហាក្សត្រិយ៍​អង្គ​នេះ​មិន​មាន​សមត្ថភាព​នឹង​រៀបចំ​សណ្ដាប់ ​ធ្នាប់​ក្នុង​ព្រះ​នគរ​បាន​ទេ ។​គេ​ក៏​អំពាវនាវ​សុំ​ឱ្យ ឈូកូទី ដែល​ត្រូវជា​បុត្រា​របស់​មាតុច្ឆា​មួយ​អង្គ​របស់​ព្រះបាទ​ហ្វានធូលី​ ជាមួយនឹង​ក្សត្រ​មួយ​អង្គ ដែល​បាន​គេច​ព្រះ​អង្គ​ទៅ​នៅ​កម្ពុជា គឺ​ត្រូវជា​បងប្អូន​ជីដូនមួយ​ជាមួយ​នឹង​ព្រះ​មហាក្សត្រិយ៍ ឱ្យ​មក​សោយរាជ្យ​សម្បត្ដិ​វិញ ។ ឈូកូទី ក៏​ត្រលប់​មក​ចាម្ប៉ា​វិញ ហើយ​ត្រូវ​បាន​នាម៉ឺន​សព្វ​មុខមន្ដ្រី​ប្រកាស​ឱ្យ​សោយរាជ្យ និង​រៀបចំ​អភិសេក​បុត្រី​របស់​ហ្វានធូលី ឱ្យ​ធ្វើ​ជា​អគ្គមហេសី (គឺ​ឱ្យ​ព្រះ​នាង​លែងលះ​ជាមួយ​ព្រាហ្មណ៍​ចេញ) ។ ព្រះរាជា​អង្គ​នេះ​នៅ​សោយរាជ្យ​សម្បត្ដិ​នៅ​ឡើយ​នៅ​ឆ្នាំ​៦៥៣​ ពីព្រោះ​នៅ​ឆ្នាំ​នោះ​ទ្រង់​បាន​បញ្ជូន​រាជទូត​ឱ្យ​ទៅ​គាល់​ស្ដេច​ ចិន ។ ខ្ញុំ​គិត​ថា ឈូកូទី នេះ ជា​ឈ្មោះ​តាម​ភាសា​សាមញ្ញ​ចាម ហើយ​គឺជា​ព្រះរាជា​ដែល​សិលាចារឹក​ហៅ​ថា ប្រកាស្វវរ្ម័ន​-​វិក្រន្ដវរ្ម័ន ដែល​សោយរាជ្យ​ពី​ឆ្នាំ​៦៥៣​ដល់​៦៧៩ ។ សិលាចារឹក​បាន​បញ្ជាក់​ថា ព្រះ​អង្គ​ជា​ព្រះរាជបុត្រ​របស់​ព្រះ​ជគតធម្មៈ (មិនដឹង​ដើម​កំណើត) ជាមួយ​នឹង​ព្រះរាជា​របស់​កម្ពុជា គឺ​ព្រះ​ស្រីសរវនី (ឦសានវរ្ម័ន) ដែល​ទ្រង់​បាន​យក​ជា​មហេសី​កាល​ដែល​ទ្រង់​គង់​នៅ​ឯ​ភវបុរៈ (7) ។

នគរ ​ចាម្ប៉ា​បាន​កកើត​ឡើង​មុន ក៏​ប៉ុន្ដែ នៅ​ដើម​សតវត្សរ៍​ទី​៣ រាជាណាចក្រ​នេះ​ហាក់​ដូចជា​មាន​ការ​រីក​ចម្រើន​ខ្សោយ​ជាង​នគរ​ហ្វូណន បើ​ហោច​ណាស់​ក៏​ខាង​បច្ចេកទេស​ធ្វើ​សង្គ្រាម​ដែរ ។ យើង​បាន​ឃើញ​ហើយ​ថា នគរ​នេះ​មិន​ទាន់​មាន​បន្ទាយ​ការពារ​រឹង​មាំ​ទេ ហើយ​ទីក្រុង​ទាំងអស់​គ្មាន​របង​ការពារ ហាក់​ដូចជា​បើក​ចំហ​ឱ្យ​សត្រូវ​អ៊ីចឹង ។ ទាល់តែ​មក​ដល់​ពាក់​កណ្ដាល​ទី​១​នៃ​សតវត្សរ៍​ទី​៤ ទើប​ស្ដេច​ហ្វានយី​បាន​ចាត់​ឱ្យ​កសាង​កំពែង​ការពារ​រាជធានី​ឡើង តាម​ការ​ផ្ដល់​យោបល់​ពី​ទីប្រឹក្សា​ឈ្មោះ ហ្វានវេន ។

តទៅ ​នេះ​ជា​ការ​ពិពណ៌នា​ទីក្រុង​ឈ្មោះ​ គ្យូស៊ូ​ ដែល​ពួក​ចាម​ដណ្ដើម​បាន​ពី​ពួក​ចិន​នៅ​តុងកឹង​នៅ​ពាក់កណ្ដាល​ទី​១​នៃ​ សតវត្សរ៍​ទី​៤ រួច​ហើយ​រៀបចំ​របង​ការពារ ៖ កំផែង​ទីក្រុង​គ្យូស៊ូ មាន​គ្រឹះ​ធ្វើ​អំពី​ឥដ្ឋ​ជុំវិញ​ប្រវែង​ទាំងអស់​ប្រហែល​៣​គីឡូម៉ែត្រ និង​មាន​ចម្ងាយ​ពី​កើត​ទៅ​លិច​៦៥០​ទ្វេ​ជំហាន ។ គ្រឹះ​នេះ​មាន​កម្ពស់​ប្រហែល​៦​ម៉ែត្រ ។ នៅ​ពីលើ​គ្រឹះ មាន​របង​ធ្វើ​អំពី​ឥដ្ឋ​កម្ពស់​ប្រហែល​៣​ម៉ែត្រ មាន​ចោះ​រន្ធ​បួន​ជ្រុង​សម្រាប់​បាញ់​ព្រួញ​ចេញ​ផង ។ នៅ​ពីលើ​របង​ឥដ្ឋ​នោះ​មាន​ចម្រូង ហើយ​ទាំង​អស់នេះ​សុទ្ធតែ​មាន​ពន្លា និង​របៀង​នៅ​ពីលើ​កម្ពស់​រហូត​ដល់​ទៅ ២១​-​២៤​ម៉ែត្រ ។​ទីក្រុង​មាន​ទ្វារ​១៣ ។​អគារ​ទាំងអស់​បែរមុខ​ទៅ ​ទិស​ខាងត្បូង ។​ គេ​រាប់​ឃើញ​មាន​ផ្ទះ​ទាំងអស់ លើស​ពី​២០០០​ខ្នង គឺ​៩​ដង​តិច​ជាង​រាជធានី​កម្ពុជា ។ កន្លែង​នេះ​ជាទី​តាំង​យុទ្ធសាស្ដ្រ​មួយ​សម្រាប់​លីនយី គឺ​ដោយ​ហេតុ​នេះ​ហើយ បាន​ជា​អាវុធ​យុទ្ធភណ្ឌ​ទាំងអស់​របស់​នគរ​លីនយី​ដាក់​នៅ​ទី​នេះ ។ ទីក្រុង​នេះ ស្ថិត​នៅ​ពី​ខាងត្បូង​ខែត្រ​ក្វាងប៊ិញ​សព្វថ្ងៃ ។

រាជធានី ​របស់​នគរ​ចាម្ប៉ា​នា​ពេល​នោះ​ក៏​មាន​របង​ការពារ​ដែរ តែ​ធំ​ជាង​គ្យូស៊ូ​មួយ​ភាគ​បួន ។ មាន​របង​ដូចគ្នា​ដែរ​ក៏​ប៉ុន្ដែ​មិន​មាន​ទ្វារ​រហូត​ដល់​ទៅ​១៣​ទេ​ គឺ​មាន​តែ​៤​ប៉ុណ្ណោះ​ ទ្វារ​សំខាន់​គឺ​ទ្វារ​ខាងកើត ។​ រាជធានី​នេះ​មាន​ដៃ​ទន្លេ​ហ្វាយ​ទាំង​២​ និង​រណ្ដៅ​២​ជាន់​ព័ទ្ធ​ជុំវិញ ។ ក្នុង​រាជធានី​មាន​វិហារ​៨​ មាន​ប្រជាជន​រស់នៅ​ច្រើន​ណាស់​ ក៏​ប៉ុន្ដែ​មិន​មាន​តំបន់​ជាយក្រុង​ទេ ។​ គឺ​រាជធានី​នេះ​ហើយ​ដែល​ឧត្ដមសេនីយ៍​ចិន​ឈ្មោះ​ថាន់ហូឈេ​វាយ​ដណ្ដើម​យក​បាន​ នៅ​ឆ្នាំ​៤៤៦ ហើយ​ដុត​បំផ្លាញ​ខ្ទេចខ្ទី មុន​នឹង​ដកទ័ព​ចេញ​ទៅ​វិញ ។
មុន ​សង្គ្រាម​ចុង​ក្រោយ​នេះ និង​បន្ទាប់​ពី​ការ​ដណ្ដើម​យក​ខែត្រ​យេណាន ជា​ខែត្រ​ខាងត្បូង​របស់​ចិន​-​អាណ្ណាម​បាន​នៅ​ឆ្នាំ​៣៤៧ ព្រំប្រទល់​ខាងជើង​របស់​នគរ​ចាម្ប៉ា​លាតសន្ធឹង​ដល់ ហេងឈន់ ឬ​ភ្នំ​ហ្វាងសឺន សព្វថ្ងៃ​ភ្នំ​នេះ​កាត់​ទទឹង​ប្រទេស​ធ្លាក់​ចុះ​រហូត​ដល់​សមុទ្រ​នៅ​ចន្លោះ​ ហាទិញ និង​ក្វាងប៊ិញ ហើយ​មាន​ច្រក​មួយ​ដែល​មាន​ឈ្មោះ​ថា ទ្វារ​អាណ្ណាម ។ សព្វថ្ងៃ​ទ្វារ​អាណ្ណាម​នេះ គឺជា​ព្រំប្រទល់​រវាង​អាណ្ណាម​នឹង​តុងកឹង (8) ។

២. នគរ​អាណ្ណាម​-​តុងកឹង
ពី ​សតវត្សរ៍​ទី​១​ដល់​សតវត្សរ៍​ទី​១៤​នៃ​គ្រិស្ដសករាជ ឈ្មោះ អាណ្ណាម រួម​មាន​ប្រទេស​ដែល​យើង​ហៅ​សព្វថ្ងៃ​ថា តុងកឹង និង​ខែត្រ​ខាងជើង​បង្អស់​របស់​អាណ្ណាម​បច្ចុប្បន្ន ។ ពួក​ចិន​បាន​ដណ្ដើម​យក​ស្រុក​នេះ​បាន​នៅ​ឆ្នាំ​១១១​មុន​គ្រិស្ដសករាជ ហើយ​បាន​ដាក់​ឈ្មោះ​ជា​បន្ដបន្ទាប់​ថា ណាមវៀត ង៉ានណាម ណាមយែ និង​ ខ្យាវឈេ (យ៉ាវជី) ក៏​ប៉ុន្ដែ​ពួក​អ្នកស្រុក​ដើម ក្នុង​នោះ​មាន​ពួក​មួង ដែល​នៅ​សេស​សល់​ដល់​សព្វថ្ងៃ ហៅ​ស្រុក​នោះ​ថា អូឡាក់ ។ ផ្ដូលេមេ ដាក់​ឈ្មោះ​ឱ្យ​ថា អ៊ិនឌី​ ឬ​ ស៊ីនដូយ ហៅ​ទន្លេ​ក្រហម​ថា ដូរីយ៉ា និង​ហៅ​ទីក្រុង​ដែល​ក្រោយ​មក គឺជា​ទីក្រុង​ហាណូយ​ថា អយ្យនគរ ។ ឈ្មោះ​ទាំង​អស់នេះ​មិន​ត្រូវ​នឹង​ឈ្មោះ​តាម​ពាក្យ​អ្នកស្រុក​អាយ ឬ​តាម​ចិន​ហៅ​ដែល​យើង​ដឹង​នោះ​ទេ ។
ឧត្ដមសេនីយ៍ ​ចិន​ដែល​ត្រួតត្រា​ស្រុក​នេះ​តាំងពី​ឆ្នាំ​១១១​មុន​គ្រិស្ដសករាជ​រហូត​មក​ ដល់​ឆ្នាំ​៩៦៨ គឺ​ជាង​១០០០​ឆ្នាំ (ក្រោយ​ពី​បាន​ប្រគល់​ខែត្រ​ភូគាន​ ក្វាងទុង និង​ក្វាងស៊ី​ទៅ​ឱ្យ​ចិន) បាន​បែងចែក​ទឹកដី​នេះ ជា​បញ្ជាការដ្ឋាន​៣ គឺ​ ខ្យាវឈេ ត្រង់​តំបន់​ហាណូយ​ គាវឈេន ឬ​គូជឿន ត្រង់​តំបន់​ថាញ់ហ្វា​ និង​យេណាន ឬ​ញុតណាម ត្រង់​តំបន់​ក្វាងប៊ិញ ។

តាម ​មើលទៅ ពួក​តុងកឹង​ដែល​ធ្លាប់​ឯករាជ្យ​កាលពី​សម័យ​រាជាណាចក្រ​ណាមយែ មិន​មែន​ទទួល​យក​នឹម​ត្រួតត្រា​របស់​ចិន ដោយ​ស្រួលៗ​នោះ​ទេ ។ តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​របស់​គេ ពួក​គេ​បាន​ចាប់​កាន់​អាវុធ​ប្រឆាំង​នឹង​ចិន​នៅ​ឆ្នាំ​៣៩​នៃ​គ្រិស្ដសករាជ រួច​ហើយ​ពួក​គេ​កាន់​អំណាច​គ្រប់គ្រង​ប្រទេស​បាន​៧០​ឆ្នាំ រហូត​ដល់​ធ្លាក់​ក្រោម​នឹម​ត្រួតត្រា​របស់​ចិន​ម្ដងទៀត​នៅ​ឆ្នាំ​១០៥ ។ ឯកសារ​នោះ​បាន​ឱ្យ​ដឹង​ថា មាន​នារី​ម្នាក់​ដែល​ស្វាមី​នាង​ត្រូវ​អភិបាល​ខែត្រ​ចិន​សម្លាប់​ដោយ​ អយុត្ដិធម៌​បាន​បំផុស​ប្រជាជន​ឱ្យ​ក្រោក​បះបោរ​ឡើង សម្លាប់​អភិបាល​ខែត្រ​នោះ វាយ​បំបាក់​ទ័ព​ចិន​ជា​ច្រើន​លើក​ច្រើន​សា រួច​ហើយ​បង្រួបបង្រួម​ក្រុង​ទាំង​ហុកសិប​ប្រាំ ឱ្យ​រួបរួម​គ្នា​មក​ក្រោម​អំណាច​របស់​ខ្លួន ។ ក្រោយ​ពី​សោយរាជ្យ​បាន​៣​ឆ្នាំ​ប្រកបដោយ​សន្ដិភាព​រួច​មក នារី​នោះ​ត្រូវ​បាន​ប្អូនស្រី​សម្លាប់​នៅ​ក្នុង​សង្គ្រាម​មួយ​ដែល​ធ្វើ​ឱ្យ​ ទ័ព​អាណ្ណាម​បរាជ័យ ។
បន្ទាប់​ពី​ ព្រឹត្ដិការណ៍​នេះ​អាណ្ណាម​ត្រូវ​ស្ថិត​នៅ​ក្រោម​នឹម​ត្រួតត្រា​របស់​ចិន​ ចំនួន​១៤៤​ឆ្នាំ​ តែ​បាន​បះបោរ​ប្រឆាំង​ម្ដងទៀត និង​ទទួល​ឯករាជ្យ​នៅ​គ្រិស្ដសករាជ​១៨៥ ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​ស្ដេច​របស់​ពួក​គេ ដែល​បាន​ចម្រើន​ធំ​ពេញវ័យ និង​សិក្សា​ទ្រឹស្ដី​កុងហ៊្វុយសឺ (ខុងជឺ) នៅ​ស្រុក​ចិន បាន​នាំ​មក​ឱ្យ​គេ​នូវ​អក្សរ​បែប​ចិត្ដានុលេខនា និង​សីលធម៌​កុងហ៊្វុយសឺ ។ ពួក​នោះ​ក៏​ចាប់​បោះបង់​អក្សរ​ដើម​តាម​លំនាំ​អក្សរ​ហិណ្ឌូ​ចោល ព្រម​ជាមួយ​នោះ បោះបង់​អារ្យធម៌​អារ្យាង​ផង​ដែរ ។ ដោយហេតុ​នេះ អារ្យធម៌​ចិន​បាន​ចាក់​គ្រឹះ​នៅ​អាណ្ណាម ហើយ​ប្រទេស​នេះ ក៏​ត្រូវ​ធ្លាក់​ក្រោម​នឹម​ចិន​ម្ដងទៀត​នៅ​ឆ្នាំ​២២៦ រហូត​ដល់​ឆ្នាំ​៥៤៤ ទើប​ឯករាជ្យ​វិញ ប៉ុន្ដែ​បាន​តែ​៥៨​ឆ្នាំ​ប៉ុណ្ណោះ ។ នៅ​សតវត្សរ៍​ទី​៧ ប្រទេស​នេះ​ជា​ស្រុក​ចំណុះ​ចិន គឺ​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​គេ​ឃើញ​មេទ័ព​ចិន​ធ្វើ​ចម្បាំង​នឹង​ចាម​ការពារ​ ទឹកដី ក៏​ប៉ុន្ដែ​កងទ័ព​ភាគច្រើន​ជា​ជនជាតិ​អាណ្ណាម ។ ប្រទេស​នេះ ទទួល​បាន​ឯករាជ្យ​ម្ដងទៀត​នៅ​ឆ្នាំ​៩៣៩ ប៉ុន្ដែ​បាន​តែ​មួយ​រយៈពេល​ប៉ុណ្ណោះ ។
នៅ ​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ឦសានវរ្ម័ន​ជា​ព្រះមហាក្សត្រ​របស់​កម្ពុជា ប្រទេស​ចិន​ហៅ​តុងកឹង​ថា​ជា ដូហូភូ គឺ​ចាត់​ទុក​ដូចជា​អាណា​ខែត្រ​មួយ​របស់​ចក្រភព​ចិន មាន​រាជធានី និង​មាន​ឧបរាជ​ចិន​ម្នាក់​សោយរាជ្យ ។ នៅ​ពេល​នោះ អាណា​ខែត្រ​ដ៏​ធំ​របស់​ណាម​វៀត ឬ​អាណ្ណាម​នេះ បែងចែក​ជា​៣​បញ្ជាការដ្ឋាន ដែល​ចែក​ចេញ​បន្ដ​ជា​ស្រុក​ចំនួន​ដប់បី ឬ​ចូ​ របស់​អាណ្ណាម និង​ស្រុក​ចំនួន​សែសិប​នៅ​ក្រៅ​រាជាណាចក្រ​ដើម (តាម​មើលទៅ ទំនង​ជា​ស្រុក​ដែល​ច្បាំង​ដណ្ដើម​បាន​ពី​ក្រៅ) ។

តាម ​មើលទៅ ពួក​ខ្មែរ​ហាក់​ដូចជា​គ្មាន​ទំនាក់ទំនង​អ្វី​ជា​ផ្លូវការ​ថ្នាក់​ជាតិ​ជាមួយ ​ពួក​អាណ្ណាម​ទេ នៅ​ដើម​គ្រិស្ដសករាជ ឬ​មហាសករាជ ។

៣. ទៀបកោះ​ម៉ាឡាកា
ពួក​ក្រិក និង​ឡាតាំង បាន​ស្គាល់​ទៀបកោះ​ដែល​យើង​ហៅ​ថា ម៉ាឡាកា តាម​ឈ្មោះ​ថា ឈែសូណែមាស ក៏​ប៉ុន្ដែ​ពួក​អឺរ៉ុប​បាន​ហៅ​ថា​ ម៉ាឡាកា​តាំងពី​៤​សតវត្សរ៍​មក​ ហើយ​តាម​ឈ្មោះ​ទីក្រុង​ធំ​ដែល​មាន​នៅ​ទីនោះ ។ វា​ហាក់​ដូចជា​ថា ទៀបកោះ​នេះ​មិន​មាន​ឈ្មោះ​តាម​ភាសា​អ្នកស្រុក ឬ​តាម​ភាសា​ហិណ្ឌូ​តាំងពី​បុរាណ​កាល​មក សម្រាប់​ហៅ​តួ​ទៀបកោះ​ទាំងមូល​នោះ​ទេ ។ ពួក​ចិន​ និង​ម៉ាឡេ​ដែល​ជា​ពួក​ដើរទូក​តាម​សមុទ្រ​ធ្លាប់​បាន​ធ្វើ​ដំណើរ​មក​ដល់​ សមុទ្រ​ខាងត្បូង​ឈូង​សមុទ្រ សៀម និង​ឈូង​សមុទ្រ​បឹងហ្កាល់ ជា​ញឹកញាប់ បាន​ស្គាល់​រដ្ឋ​ផ្សេងៗ​នៅ​លើ​ទៀបកោះ​នេះ ប៉ុន្ដែ ក៏​គ្មាន​ពាក្យ​ណា​សម្រាប់​ហៅ​ទឹកដី​ដ៏​វែង​នេះ​ដែល​ត​ភ្ជាប់​ទៅ​នឹង​ ឧបទ្វីប​ឥណ្ឌូចិន​ដោយ​បួរ​ដី​តូច​ចង្អៀត​ និង​វែង​នោះ​ទេ ។​តាម​មើល​ទៅ កាលពីមុន​ប្រហែលជា​មាន​ទៀបកោះ​មួយ​ដែល​បញ្ចប់​ត្រឹម​ក្រា រួច​មាន​កោះ​មួយ​ទៀត​ចាប់ពី​ត្រឹម​ក្រា​នៅ​ខាងជើង រួច​លាតសន្ធឹង​មក​ត្បូង​រហូត​ដល់​សិង្ហបុរី ។
ប្រសិនបើ ​ពួក​ហិណ្ឌូ​បាន​ដាក់​ឈ្មោះ​សំស្ក្រឹត​ណា​មួយ​ឱ្យ​ទី​នេះ នោះ​ក៏​យើង​មិន​បាន​ស្គាល់​ឈ្មោះ​នោះ ដែរ ។ ប៉ុន្ដែ ពួក​ហិណ្ឌូ​បាន​ដាក់​ឈ្មោះ​ឱ្យ​រាជាណាចក្រ​ផ្សេងៗ​ដែល​បាន​កកើត​នៅ​ទីនោះ តែ​ជួនកាល​យើង​ក៏​នៅ​តែ​មាន​ការ​លំបាក​ណាស់​នឹង​កំណត់​ថា តើ​ឈ្មោះ​ណា​ត្រូវ​នឹង​ស្រុក​ណា ?
អ្នកស្រុក ​ដែល​រស់នៅ​លើ​ទៀបកោះ​ម៉ាឡាកា​នៅ​ដើម​គ្រិស្ដសករាជ និង​ដើម​មហាសករាជ គឺ​ពួក​មន​ខ្មែរ ដែល​ជា​អម្បូរ​ជនជាតិ​ក្លាយ​ចេញ​ពី​ការ​ច្របល់​ចូល​គ្នា​រវាង​ពួក​មន​មក​ពី​ រមញ្ញ​ទេសៈ ឬ​ទឹកដី​តាវ៉យ មក​ពី តេណាស់សេរីម ពី​មែរគុយ និង​ពី​ម៉ាតាបាន ជាមួយ​ពួក​ខ្មែរ​ដែល​រស់នៅ​ទីនោះ​មុន ។ ប៉ុន្ដែ ពេល​នោះ វា​ហាក់​ដូច​ជា មាន​ពួក​ម៉ាឡេ​រស់នៅ​រួច​ទៅ​ហើយ​នៅ​លើ​ចុង​ខាងត្បូង ដែល​ជា​កន្លែង​មាន​ក្រុម​ឧបនិវេសន៍​ហិណ្ឌូ​តាំង​នៅ ហើយ​ក្រុម​ឧបនិវេសន៍​តាំង​នោះ បាន​ទទួល​ស្គាល់​អនុត្ដរភាព​របស់​រាជាណាចក្រ​កម្ពុជា បើ​ទោះជា​ថា មិន​ចំណុះ​ក៏​ដោយ (9) ។

៤. កោះ​ម៉ាឡេស៊ី
កោះ ​ជ្វា កោះ​ដែល​មាន​ឈ្មោះ​សព្វថ្ងៃ​ថា ស៊ូម៉ាត្រា កោះ​បាលី កោះ​ប៊័រណេអូ កោះ​ដែល​យើង​ហៅ​ថា សេឡែប បើ​និយាយ​ដោយ​ខ្លី​ថា អាំងស៊ូឡាំង​ទាំងមូល ទាំង​អស់នេះ ជា​ទឹកដី​កោះ​ដែល​ពួក​នាវិក​ចិន និង​ហិណ្ឌូ បាន​ស្គាល់​តាំងពី​យូរយារ​ណាស់​មក​ហើយ ។ ដូច​ជា​ទៀបកោះ​ម៉ាឡាកា​ដែរ ប្រជុំ​កោះ​ទាំង​អស់នេះ​ហាក់​ដូចជា​គ្មាន​ឈ្មោះ​រួម​ណា​មួយ​សម្រាប់​ហៅ​ ទេ ។ ពួក​ហិណ្ឌូ​ហៅ​កោះ​ទាំងនោះ​ថា សុវណ្ណ​ទ្វីប មាន​ន័យ​ថា កោះ​មាស ។ នៅ​សតវត្សរ៍​ទី​៩​-​១០ ពួក​អារ៉ាប់ និង​ពែក្ស បាន​ហៅ​អាណាចក្រ​មួយ​ថា​ ហ្សាបែត ដែល​ព្រះរាជា​មាន​ព្រះ​ឋានៈ​តាម​ភាសា​សំស្ក្រឹត​ថា មហា​រាជា​ហ្សាបែត ដែល​បាន​គ្រប់គ្រង​លើ​កោះ​មួយ​ចំនួន ព្រមទាំង​ភាគ​ខាងត្បូង​របស់​ម៉ាឡាកា​មួយ​ចំណែក​ផង​ដែរ ។ ក៏​ប៉ុន្ដែ​រហូត​មក​ដល់​ពេល​សព្វថ្ងៃ​ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ក្រុង​ហ្សាបែត និង​អាណាចក្រ​របស់​វា​នោះ នៅ​ត្រង់​ណា​ពិតប្រាកដ​នៅឡើយ​ទេ ។
ពាក្យ ​សំស្ក្រឹត​ថា​ ជ្វា​ទ្វីប សំដៅ​យក​តែ​កោះ​ជ្វា​មួយ​ប៉ុណ្ណោះ ដែល​ចិន​ហៅ​មិន​ច្បាស់​ថា ចូប៉ូ តែ​ចូប៉ូ​នេះ ជួនកាល​ក៏​សំដៅ​យក​កោះ​ស៊ូម៉ាត្រា​ផង​ដែរ ។

តាម ​មើល​ទៅ កោះ​ដ៏​ធំ​នេះ​គឺជា​ទឹកដី​របស់​ពួក​ម៉ាឡេ ហៅ​ថា ស្ថាន​ម៉ាឡាយូ ហើយ​ក៏​ជា​មាតុភូមិ​ដើម​របស់​ពួក​នេះ បើ​ហោច​ណាស់​ក៏​ខាង​ប្រវត្ដិសាស្ដ្រ​ដែរ ។ កោះ​នេះ​មាន​អ្នកស្រុក​រស់នៅ​តាំង​តែ​ពី​មុន​គ្រិស្ដសករាជ​មក​ម្ល៉េះ ។ អ្នកស្រុក​ទាំង​អស់​នោះ​អង់អាច​ហានក្លា រស់នៅ​ប្រមូលផ្ដុំ​គ្នា​ជា​រដ្ឋ​ឯករាជ្យ​តូចៗ តែ​ចំណុះ​តិច ឬ​ច្រើន ក្រោម​អំណាច​របស់​រដ្ឋ​ណា​មួយ ចាប់ពី​សតវត្សរ៍​ទី​១​ដល់ទី​១៨ អាស្រ័យ​ទៅ​តាម​កាលៈទេសៈ និង​ភាព​អង់អាច​ក្លាហាន​របស់​ស្ដេច​នៃ​រដ្ឋ​នោះ ។

នៅ ​កោះ​ជ្វា អ្នកស្រុក​មាន​ដើម​កំណើត​ប្រហាក់​ប្រហែល​នឹង​អ្នកស្រុក​ស៊ូម៉ាត្រា​ដែរ តែ​មិនមែន​ជា​ពួក​ម៉ាឡេ​ទេ ។ ហើយ​កោះ​នេះ​ក៏​មាន​ចែក​ចេញ​ជា​រដ្ឋ​តូចៗ ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋ​ខ្លាំង​ណា​មួយ​ដូច​គ្នា ។
ចំណែកឯ​កោះ​ដទៃៗ​ទៀត រួម​ទាំង​កោះ​ប៊័រណេអូ​ផង មិន​មាន​អ្វី​ជា​ល្បីល្បាញ​ទេ ព្រោះ​ជា​ជម្រក​នៃ​ពួក​ចោរ​សមុទ្រ​ដែល​គ្មាន​អារ្យធម៌ មិន​ស្វាគមន៍​ភ្ញៀវ សាហាវ​ព្រៃផ្សៃ និង​ជួនកាល​ស៊ីសាច់​មនុស្ស​ទៀត​ផង ។ នៅ​ពេល​ដែល​នៅ​កោះ​ជ្វា អ្នកស្រុក​មាន​សម្លៀក​បំពាក់​ដណ្ដប់​ប្រាណ​រួច​ទៅ​ហើយ បើ​ហោច​ណាស់ ក៏​នៅ​តាម​ទីក្រុង​ដែរ អ្នកស្រុក​នៅ​តាម​បណ្ដា​កោះ​ទាំង​អស់នេះ នៅ​តែ​លែងខ្លួន​ទទេ​ដោយ​ឥត​មាន​អៀនខ្មាស​នៅ​ឡើយ ។

ពួក ​ចិន​បាន​ហៅ​កោះ និង​ប្រជាជន​ទាំង​អស់នេះ តាម​ឈ្មោះ​ដែល​យើង​មិន​អាច​កំណត់​ប្រៀប​ទៅ​នឹង​ស្រុក ឬ​រាជាណាចក្រ​ណាមួយ ដែល​គេ​ស្គាល់​តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​ម៉ាឡេ ឬ​ជ្វា​បាន​ទេ ។ តាម​មើលទៅ ចិន​ហៅ​កោះ​ទាំងអស់​ទៅ​តាម​ឈ្មោះ​រាជាណាចក្រ​ណា​ដែល​ត្រួតត្រា​គេ ក្នុង​ពេល​នោះ ឬ​ពី​មុន ឬ​ក៏​តាម​ឈ្មោះ​ទីផ្សារ ឬ​ទីក្រុង​ពាណិជ្ជកម្ម​ណា​ដែល​ពួក​គេ​តែង​ចុះ​ចត ។ ហើយ​ជួនកាល ពួក​ចិន​ក៏​អាច​នឹង​យក​ឈ្មោះ​របស់​ក្រុង​មួយ​ទៅ​ប្រើ​សម្រាប់​ហៅ​ទីក្រុង​ មួយ​ទើបនឹង​កើត​ថ្មី ឬ​ទើបនឹង​បើក​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស ទាំង​អ្នក​ប្រវត្ដិវិទូ​ចិន ក៏​អាច​នឹង​ច្រឡំ​ឈ្មោះ​ទីក្រុង ជួនកាល​ច្រឡំ​រាជាណាចក្រ​ពីរ​ថា​តែ​មួយ ព្រោះ​មិន​បាន​ស្គាល់​ភូមិសាស្ដ្រ​សមុទ្រ​ខាងត្បូង​ច្បាស់ ណាមួយ​វង្វេង​ដោយ​មាន​កោះ​ច្រើន​ពេក​មិនដឹង​មួយ​ណា​ជាមួយ​ណា ។

តាម ​ការ​និទាន​តៗ​គ្នា កោះ​ជ្វា​បាន​ទទួល​យក​ព្រហ្មញ្ញ​សាសនា​នៅ​ដើម​មហាសករាជ គឺ​ត្រូវ​នឹង​គ្រិស្ដ​សករាជ​៧៨ ដោយ​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ អជិសកៈ ជា​ស្ដេច​រដ្ឋ​ហស្ដិនបុរៈ​នៅ​លើ​ទន្លេ​គង្គា បាន​មក​បង្កើត​ជា​រាជាណាចក្រ​មួយ​ឈ្មោះ​ថា នុសៈជ្វា ។ គេ​នៅ​តែ​មិន​ទាន់​ដឹង​រហូត​ដល់​សព្វថ្ងៃ ថា​តើ​រដ្ឋ​នោះ​នៅ​ត្រង់​ណា ។ យើង​ បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា​ ពួក​ម៉ាឡេ​បាន​មក​តាំង​អាណានិគម​នៅ​លើ​មាត់​សមុទ្រ​ខាងត្បូង និង​ខាង​អាគ្នេយ៍​នៃ​ឥណ្ឌូចិន ព្រមទាំង​បាន​បង្កើត​នគរ​ចាម្ប៉ា​រួច​មក​ហើយ ។ យើង​នឹង​បានឃើញ​តទៅ​ទៀត តាម​រយៈ​ប្រវត្ដិសាស្ដ្រ​របស់​កម្ពុជា និង​កំណត់​សម្គាល់​អំពី​នគរ​ចាម្ប៉ា និង​អាណ្ណាម​ថា ប្រជារាស្ដ្រ​ម៉ាឡេ និង​ជ្វា បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​សមុទ្រ​មក​ចុះ​ចត​នៅ​លើ​ឆ្នេរសមុទ្រ​របស់​ប្រទេស​ ទាំង​បី​ជា​ញឹកញយ​ ហើយ​បាន​ទាំង​វាយ​យក​កម្ពុជា​ដាក់​ជា​ចំណុះ​ថែម​ទៀត​ផង ។

៥. ឈេទូ ឬ សៀម
ប្រទេស ​ដែល​ចិន​ហៅ​ថា​ ឈេទូ​ធីធូ ឈ្មោះ​នេះ​មាន​ន័យ​ថា ដីក្រហម ហើយ​ប្រាកដជា​មិនមែន​ជា​ឈ្មោះ​តាម​ភាសា​អ្នក​រដ្ឋវាសី​ទេ រួម​មាន​ទឹកដី​នៃ​អាង​ទន្លេ​មេណាម​ខាងក្រោម ហើយ​ក៏​ប្រហែលជា​មាន​ទាំង​អាង​ទន្លេ​មេណាម​ខាងលើ​ផង​ដែរ ។ យើង​បាន​ឃើញ​រួច​ហើយ​ថា ព្រះបាទ​ហ្វាន់ម៉ាន់​ធ្លាប់​បាន​វាយ​យក​នគរ​ឈេទូ​នេះ ដាក់​បញ្ចូល​មក​ក្នុង​នគរ​ហ្វូណន ហើយ​ទ្រង់​បាន​ឆ្លៀត​យក​ឱកាស​ដែល​អាណាចក្រ​របស់​ព្រះបាទ​កោណ្ឌញ្ញៈ​កំពុង​ បែកបាក់ ដើម្បី​ដណ្ដើម​យក​ឯករាជ្យ​មក​វិញ ។
តាម ​មើលទៅ អ្នកស្រុក​ឈេទូ​មិន​ខុស​គ្នា​ពី​ប្រជាជន​ដែល​រស់នៅ​លើ​ទឹកដី​ដែល​យើង​ហៅ​ សព្វថ្ងៃ​ថា​ កម្ពុជា ប៉ុន្មាន​ទេ ហើយ​ឆ្នេរ​ខាង​ឈូង​សមុទ្រ​បឹងហ្កាល់​របស់​រដ្ឋ​នេះ​ក៏​មាន​ក្រុម​ឧបនិវេសន៍​ ហិណ្ឌូ​តាំងនៅ​ដូច​ជា​នៅ​តាម​ឆ្នេរ​សមុទ្រ​របស់​ឥណ្ឌូចិន​ផង​ដែរ ។​ អ្នកស្រុក​ឈេទូ​មាន​អារ្យធម៌​ទំនៀម​ទម្លាប់​ប្រពៃណី​ និង​សាសនា​ដូច​អ្នកស្រុក​ហ្វូណន និង​ចាម្ប៉ា​ដែរ ។ នៅ​ក្នុង​ឯកសារ​របស់​គេ ពួក​ចិន​តែង​ប្រៀបធៀប​ហ្វូណន​ទៅ​នឹង​ឈេទូ ឬ​ចាម្ប៉ា ដោយ​ឥត​ប្រកាន់ ។​ពីព្រោះ​ថា​ប្រទេស​ទាំង​៣​មាន​អារ្យធម៌​ហិណ្ឌូ​ និង​ព្រហ្មញ្ញ​សាសនា​ដូច​គ្នា​ ហើយ​គឺ​ប្រជាជន​ទាំង​បី​នេះ ហើយ​ដែល​បាន​ផ្ដល់​ឱ្យ​ឥណ្ឌូចិន​ទាំងមូល លើក​លែងតែ​តុងកឹង​ចេញ​នូវ​ចរិតលក្ខណៈ​ដែល​យើង​ស្គាល់​សព្វថ្ងៃ ។
នៅ ​សតវត្សរ៍​ទី​៧​ ឈេទូ​មិន​ទាន់​មាន​ធ្វើ​សកម្មភាព​អ្វី​ចេញ​ក្រៅពី​ព្រំដែន​របស់​គេ​នៅឡើយ​ទេ ​ គឺ​នៅ​តែ​ក្នុង​រង្វង់​នៃ​អាង​ទន្លេ​មេណាម​ប៉ុណ្ណោះ ។ ក៏​ប៉ុន្ដែ ប្រទេស​នេះ​បាន​ប្រាកដ​ខ្លួន​ថា ជា​សត្រូវ​មួយ​របស់​កម្ពុជា​ស្រេច​ទៅ​ហើយ ព្រោះ​គេ​នេះ​អាច​រើបម្រះ​ខ្លួន​រួច​ពី​នឹម​ត្រួតត្រា​របស់​ហ្វូណន ដណ្ដើម​បាន​ឯករាជ្យ ហើយ​រក្សា​ឯករាជ្យ​នោះ​បាន​ខុស​ពី​រដ្ឋ​ឯទៀតៗ​ដែល​ឯករាជ្យ​បាន​តែ​មួយ​រយៈ​ ប៉ុណ្ណោះ ។

៦. ឥណ្ឌា
ប្រទេស ​ឥណ្ឌា​ជា​ប្រភព​នៃ​ពួក​អ្នក​ផ្សព្វផ្សាយ​អារ្យធម៌ ដែល​បាន​នាំ​យក​ព្រហ្មញ្ញ​សាសនា​មក​កាន់​កោះ​ជ្វា និង​កន្លែង​ជា​ច្រើន​ទៀត​នៃ​ឥណ្ឌូចិន ប្រហែល​នៅ​ឆ្នាំ​៧៨​នៃ​គ្រិស្ដសករាជ ។ គឺជា​ទឹកដី​ដ៏​ធំ​មួយ បែងចែក​ជា​ក្សត្រ​ប្រទេស​ជា​ច្រើន​ដែល​មាន​ការ​រីក​ចម្រើន​ដោយ​ពួក​អារ្យៈ​ រួច​ទៅ​ហើយ ថែម​ទាំង​មាន​អក្ស​សាស្ដ្រ មាន​ប្រព័ន្ធ​ទស្សនវិជ្ជា​ជា​ច្រើន អភិវឌ្ឍន៍​រហូត​ដល់​បរមត្ថវិជ្ជា​ដ៏​សែន​អរូបី ។ ប្រទេស​ឥណ្ឌា​ធ្លាប់​ត្រូវ​បាន​ពួក​អេហ្ស៊ីប ពួក​អាស៊ី​រីយាង ពួក​ស៊ីត និង​ប្រជាជាតិ​ជា​ច្រើន រួម​ទាំង​ពួក​ក្រិក​ផង ដណ្ដើម​យក ពួក​ឈ្លានពាន​ទាំង​អស់នោះ ភាគ​ច្រើន​បាន​ត្រឹមតែ​ដុត​បំផ្លាញ​ប៉ុណ្ណោះ តែ​ក៏​មាន​ពួក​ខ្លះ​កសាង​អាណាចក្រ​នៅ​លើ​ទឹកដី​នេះ​ដែរ ។

ឥណ្ឌា ​មាន​ព្រហ្មញ្ញ​សាសនា​ជា​ច្រើន​ពាន់​ឆ្នាំ​រួច​មក​ហើយ បន្ទាប់​មក​ព្រះពុទ្ធ​សាសនា​ក៏​ចាប់​បដិសន្ធិ​ឡើង​កាលពី​មួយ​ពាន់​ឆ្នាំ​ មុន ។ មាន​ស្ដេច​ឥណ្ឌា​មួយ​ព្រះ​អង្គ​ព្រះ​នាម​ថា​ ធម្មសោកៈ សោយរាជ្យ​កាលពី​បី​សតវត្សរ៍​មុន​គ្រិស្ដសករាជ​បាន​ប្រើ​ប្រាស់​ឥទ្ធិពល​របស់ ​ពុទ្ធសាសនា​ធ្វើការ​ដណ្ដើម​យក​ឥណ្ឌា​ផ្នែក​ខាងជើង​បាន​មួយ​ចំណែក​ធំ ព្រមទាំង​បាន​បញ្ជូន​បេសកជន​ពុទ្ធសាសនិក​មក​កាន់​ឥណ្ឌូចិន​មាន​ ភូមា​ កម្ពុជា​ និង​ចាម្ប៉ា​ផង​ដែរ ។​ព្រះ​ចៅ​អធិរាជ​មហា​អាឡិចសង់ ឡឺក្រង់ របស់ ម៉ាសេដូនី បាន​ដណ្ដើម​យក​រាជាណាចក្រ​ទាំងឡាយ​នៃ​ឥណ្ឌា​ភាគ​ខាងជើង រួច​ហើយ​បន្សល់​ក្រុម​ឧបនិវេសន៍​ក្រិក​នៅ​ទីនោះ ។ អាណានិគម​ទាំងនោះ ក្រោយមក​បាន​ក្លាយជា​រាជាណាចក្រ​ក្រិក ហិណ្ឌូ​ផ្សេងៗ តែ​ត្រូវ​រលុប​រលាយ​ទៅ​វិញ​ដោយ​ការ​មក​ដល់​នៃ​ជនជាតិ​ថ្មីៗ​ទៀត បង្កបង្កើត​បាន​ជា​វណ្ណៈ​ជា​ការ​ប្រតិបត្ដិ​សាសនា និង​ការ​អប់រំ​ពិសេស ដែល​នៅ​សេស​សល់​រហូត​ដល់​សព្វថ្ងៃ ។

ឥណ្ឌា ​មាន​ទឹកដី​ធំ​មហិមា និង​មាន​ផ្នែក​ជា​ច្រើន ដែល​មាន​អារ្យធម៌​ជឿនលឿន​ជាង​ប្រជាជាតិ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ ជា​ហេតុ​ធ្វើ​ឱ្យ​ឥណ្ឌា​អាច​ជះ​ឥទ្ធិពល​ទៅ​ក្រៅ​បាន​តាម​ព្រំប្រទល់​ខាងជើង​ ខាង​ឦសាន​ និង​ពាយ័ព្យ ដែល​ពោរពេញ​ទៅ​ដោយ​ជួរ​ភ្នំ​ខ្ពស់ៗ និង​មហាសមុទ្រ​ធំៗ​ព័ទ្ធ​ជុំវិញ ។ ឥណ្ឌា​បាន​ផ្សាយ​អារ្យធម៌​នៅ អារ៉ាកាន​ អាវ៉ា​ ព្រំ​នៅ​ណានឆាវ ឬ​ថៃ​នៅ​ស្រុក​ចិន​ រួច​បាន​បង្កើត​អាណានិគម​នៅ​លើ​ឆ្នេរ​តេណាស់សេរីម និង​មែរគុយ​ នៅ​លើ​ឆ្នេរ​ទាំងអស់​របស់​ទៀបកោះ​ម៉ាឡាកា និង​នៅ​លើ​ឆ្នេរ​របស់​ស្រុក ដែល​យើង​ហៅ​សព្វថ្ងៃ​ថា សៀម និង​កម្ពុជា ។ ពួក​អាណ្ណាម​ក៏​ប្រហែលជា​ធ្លាប់​ទទួល​អារ្យធម៌​ឥណ្ឌា​ខ្លះៗ​ដែរ មុន​ទទួលយក​អារ្យធម៌​ចិន ហើយ​ត្រូវ​ប្រឈម​មុខ​រួម​គ្នា​ជាមួយ​ចិន នៅ​ពេល​ទៅ​ដល់​នគរ​ចាម្ប៉ា ដែល​អនុវត្ដ​តាម​ព្រហ្មញ្ញ​សាសនា​ផ្សេងៗ ៖ រូប​បដិមា អាទិទេព​ព្រហ្មញ្ញ​សាសនា​ធំៗ មាន​ដៃ​ច្រើន​ នារី​មេម៉ាយ​អង្គុយ​លើ​គំនរ​ភ្លើង​ទាំង​រស់ ឱប​សាកសព​ប្ដី​ក្នុង​ដៃ​ដូច​ជា​នៅ​ឥណ្ឌា​ដែរ ។

វា ​ហាក់​ដូចជា​ថា អារ្យធម៌​ហិណ្ឌូ​ពេល​នោះ មាន​ការ​ជឿនលឿន​ជាង​អារ្យធម៌​ចិន​បន្ដិច ហើយ​អារ្យធម៌​ទាំង​ពីរ​នេះ បាន​ប្រជែង​គ្នា​ដណ្ដើម​យក​ឥណ្ឌូចិន នៅ​ដើម​គ្រិស្ដសករាជ​យើង​នេះ ។ ក៏​ប៉ុន្ដែ មិន​មាន​អារ្យធម៌​ណា​មួយ​មាន​ប្រៀប​ជាង​មួយ​ទៀត​ឡើយ ពោល​គឺថា អារ្យធម៌​មួយ​អាច​វាតទី​យក​បាន​ទឹកដី​ធំ តែ​មិន​អាច​ធ្វើ​ឱ្យ​អារ្យធម៌​មួយ​ទៀត​រលុប​បាត់​អស់​បាន​ទេ ។ ជាក់ស្ដែង គឺ​ទឹកដី​ដែល​កាន់កាប់​ដោយ​ពួក​អាណ្ណាម​សព្វថ្ងៃ មាន​អារ្យធម៌​តាម​បែប​ចិន​ រីឯ​ទឹកដី​ដែល​កាន់កាប់​ដោយ​ពួក​កម្ពុជា​ លាវ​ សៀម​ សាន​ និង​ភូមា​ មាន​អារ្យធម៌​តាម​បែប​ឥណ្ឌា ។​ ចំណុច​មួយ​ទៀត គឺ​គ្មាន​អារ្យធម៌​ណា​មួយ​ក្នុង​បណ្ដា​អារ្យធម៌​ទាំង​ពីរ ដែល​អាច​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ស៊ីវីល័យ​ក្នុង​បណ្ដា​ពួក​អ្នកស្រុក​ដើម ដែល​មាន​នៅ​សល់​ពាសពេញ​ឥណ្ឌូចិន ក៏​ដូចជា​នៅ​ឥណ្ឌា​ខ្លួនឯង ដែល​នៅ​មាន​អ្នក​ខ្លះ​ដើរ​លែង​ខ្លួន​ទទេ មិន​ចេះ​អាន​អក្សរ គ្មាន​ច្បាប់ គោរព​តាម​តែ​មេ​ភូមិ ចង​សម្ព័ន្ធភាព​តែ​ជាមួយ​ភូមិ​ស្វ័យត​ផង​គ្នា ហើយ​ជួនកាល​ទៀត នៅ​មាន​ចងគំនុំ កាប់​សម្លាប់​គ្នា សងសឹក និង​របួស​ស្នាម ដែល​កើត​មាន​ជា​យូរ​មក​ហើយ ។
នៅ​ ចុង​សតវត្សរ៍​ទី​៧​នៃ​គ្រិស្ដសករាជ ប្រទេស​ឥណ្ឌា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ឥណ្ឌូចិន ព្រោះថា បណ្ដា​ក្រុម​ឧបនិវេសន៍ ដែល​នាំ​យក​អារ្យធម៌​មក​ផ្សព្វផ្សាយ​នៅ​ទី​នេះ​បន្ដិច​ម្ដងៗ គឺ​ក្រុម​ឧបនិវេសន៍​ហិណ្ឌូ ហើយ​រាជវង្ស​ស្ដេច​ដែល​សោយរាជ្យ​នៅ​ទី​នេះ​សុទ្ធតែ​ជាប់​អម្បូរ​ក្សត្រិយ៍​ ឬ​ព្រាហ្មណ៍​ និង​ម្យ៉ាងទៀត​សាសនា​ដែល​គេ​គោរព គឺ​ព្រហ្មញ្ញ​សាសនា ឬ​ព្រះពុទ្ធ​សាសនា ។ ពាក្យ​ថា «វរ្ម័ន» មាន​ន័យ​ថា អ្នកការ​ពារ​ដែល​ព្រះរាជា​ប្រកាន់​យក​នៅ​ពេល​ឡើង​សោយរាជ្យ​នៅ​កម្ពុជា ក៏​ដូច​ជា​នៅ​ចាម្ប៉ា ជា​ឋានៈ​ដែល​ស្ដេច​ហិណ្ឌូ​ខ្លះ​ប្រកាន់​យក​នៅ​ឥណ្ឌា​ភាគ​ខាងត្បូង ។ ច្បាប់​ទម្លាប់ ប្រពៃណី ដែល​គេ​អនុវត្ដ សុទ្ធតែ​មាន​ប្រភព​ចេញ​មក​ពី​ឥណ្ឌា ។ គេ​គោរព​បូជា​អាទិទេព​របស់​ឥណ្ឌា គេ​អាន​សៀវភៅ​ដែល​សរសេរ​នៅ​ឥណ្ឌា ។ ពួក​ព្រាហ្មណ៍​មក​តាំង​ទីលំនៅ​ក្នុង​ឥណ្ឌូចិន​ដោយ​ស្ម័គ្រចិត្ដ​ព្រោះ​ អ្នកស្រុក​អនុវត្ដ​តាម​ទ្រឹស្ដី​របស់​គេ​ ហើយ​លើក​កូនក្រមុំ​ឱ្យ​គេ​ទៀត​ផង​ នេះ​បើ​តាម​អត្ថបទ​ចិន​មួយ​និយាយ ។

៧. ចិន
ទំនាក់ទំនង ​ជាមួយ​ចិន មាន​ការ​លំបាក​យូរ ព្រោះ​ដំណើរ​តាម​សមុទ្រ​មាន​គ្រោះថ្នាក់ ជា​ពិសេស​គឺ​មាន​ការ​លំបាក​នឹង​ឆ្លង​ជ្រោយ​បុណ្ឌុរង្គ​ក្នុង​រយៈពេល​យូរ នៅ​ពេល​ដែល​មាន​ខ្យល់​មូសុង​បក់​មក​ពី​ឦសាន ។ តែ​ទោះជា​យ៉ាងណា​ក្ដី យើង​បាន​ឃើញ​ថា ទំនាក់​ទំនង​នោះ​មាន​រួច​ទៅ​ហើយ​តាំង​តែ​ពី​មុន​គ្រិស្ដសករាជ​ម្ល៉េះ ជាមួយ​នគរ​ចាម្ប៉ា ក៏​ដូច​ជា​ជាមួយ​នគរ​ហ្វូណន ហើយ​ថា ពួក​ចិន​បាន​ស្គាល់​ទឹកដី​តាម​ឆ្នេរសមុទ្រ​ឥណ្ឌូចិន និង​ទៀបកោះ​ម៉ាឡាកា​បាន​ល្អ​គួរសម ។

ចិន ​មាន​ពង្សាវតារ ឯកសារ​ប្រវត្ដិសាស្ដ្រ និង​កំណត់​ត្រា​ភូមិសាស្ដ្រ ដែល​មាន​ចុះ​កាលបរិច្ឆេទ​ច្បាស់​លាស់​ ហើយ​ការ​ពិពណ៌នា​របស់​គេ ទោះបីជា​ចម្លង​តៗ​គ្នា​ក្ដី​ក៏​សុទ្ធតែ​ត្រឹមត្រូវ គ្រាន់តែ​ថា សព្វ​ថ្ងៃនេះ​គេ​មាន​ការ​លំបាក​នឹង​កំណត់​ថា រឿងរ៉ាវ​ណា​បាន​កើត​នៅ​ទីកន្លែង​ណា ព្រោះ​ឈ្មោះ​ដែល​ចិន​ហៅ​នោះ​ខុស​ពី​ឈ្មោះ​ដែល​អ្នកស្រុក​អាយ​ហៅ ម្យ៉ាងទៀត ចិន​មិន​បាន​យកចិត្ដ​ទុក​ដាក់​នឹង​ការ​ប្រែប្រួល​ប្ដូរ​ឈ្មោះ​ស្រុក​ទេស​ ផ្សេងៗ​ផង​ទេ ។ ជួនកាល ចិន​ប្រើ​ពាក្យ​មួយ​ឃ្លា​សម្រាប់​ហៅ​ស្រុក​មួយ​នៅ​សម័យកាល​មួយ ដែល​អាច​នឹង​ទៅ​ជា​មិន​ត្រឹមត្រូវ​ទេ​មួយ​សតវត្សរ៍​ក្រោយ​មក ។ ជាក់ស្ដែង ចិន​ហៅ​នគរ​ហ្វូណន​សម័យ​ព្រះ​នាង​លីវយី​ថា​ជា «រាជាណាចក្រ​នៃ​មនុស្ស​ស្រាត» ហើយ​នៅ​តែ​ហៅ​ដូច្នេះ​រហូត ទោះជា​អ្នកស្រុក​ស្លៀក​សម្លៀក​បំពាក់ ឬ​ក៏​បាន​បិទ​បាំង​កាយ​ខ្លះ​ទៅ​ហើយ​ក៏​ដោយ ។​ ដោយហេតុ​នេះ​ ជួនកាល​យើង​មាន​ការ​ច្រឡំ​នៅ​ពេល​ដែល​យើង​ប្រទះ​ឃើញ​ក្នុង​អត្ថបទ​នូវ​ពាក្យ «រាជាណាចក្រ​មនុស្ស​ស្រាត» មិន​ដឹង​ថា​គេ​ចង់​និយាយ​អំពី​អ្នកស្រុក​ហ្វូណន ឬ​ពី​ប្រជាជន​ដែល​រស់នៅ​លើ​ជួរ​ភ្នំ​អាណ្ណាម ត្រង់​ចន្លោះ​នគរ​ចាម្ប៉ា និង​កម្ពុជា គឺ​ពួក​ម៉យ​សព្វ​ថ្ងៃនេះ ។ ទោះជា​យ៉ាងណា​ក្ដី យើង​មិន​គួរ​តវ៉ា​នឹង​ពួក​ចិន​ខ្លាំង​ពេក​ទេ ព្រោះថា បើ​គ្មាន​ឯកសារ​របស់​ចិន​ទាំង​អស់នោះ​ទេ នោះ​ក៏​យើង​មិន​បាន​ដឹង​អ្វី​អំពី​ឥណ្ឌូចិន​ដែរ​រហូត​មក​ដល់​សតវត្សរ៍​ទី​ ១៥ ។
ម្យ៉ាងទៀត វា​ប្រាកដ​ណាស់​ថា ចិន​មិន​មែន​ជា​អធិរាជ​លើ​ប្រទេស​ទាំងអស់​ដែល​ពាណិជ្ជករ និង​ទូត​របស់​គេ​បាន​ទៅ​ដល់​ ឬ​ក៏​ត្រួតត្រា​លើ​ស្ដេច​ទាំងអស់​ដែល​បញ្ជូន​សួយសារ​អាករ​ឱ្យ​ចិន​ ហើយ​ចិន​ផ្ញើ​ជំនូន​ឱ្យ​ទៅ​វិញ​នោះ​ទេ ។​ ក៏​ប៉ុន្ដែ​បើ​តាម​ឯកសារ​ទាំងឡាយ​ដែល​ស្ដី​អំពី​ទំនាក់ទំនង​របស់​ចិន​ជាមួយ​ ក្សត្រ​ប្រទេស​ និង​រាជាណាចក្រ​ជិត ឬ​ឆ្ងាយ​ អនុត្ដរភាព​របស់​ចិន​បាន​ផ្សព្វ​ផ្សាយ​ចុះ​ទៅ​ត្បូង​ឆ្ងាយ​គ្រប់​ទីកន្លែង​ ណា​ដែល​មាន​ដី​មាន​កោះ​ ឬ​ទៀបកោះ បើ​ទោះជា​មិន​មាន​ការ​ត្រួតត្រា​ជាក់ស្ដែង​ក៏​ដោយ ក៏​ជា​ការ​ជះ​ឥទ្ធិពល​ខាង​សីលធម៌ និង​អារ្យធម៌​ដែរ (10) ។ ព្រះ​ចៅ​អធិរាជ​ចិន និង​សេនាបតី​ទាំងអស់​ឆ្លាត​វៃ​ណាស់​ក្នុង​ការ​ប្រើប្រាស់​អនុត្ដរភាព​នេះ ហើយ​យល់​ច្បាស់​ថា ការ​ប្រគល់​តំណែង​អ្វីមួយ​របស់​ខ្លួន ភាគច្រើន​មិន​មាន​ន័យ​អ្វី​ទេ ជាក់ស្ដែង​ដូច​ជា​ការ​ប្រគល់​ឋានៈ​ដល់​ស្ដេច​កោណ្ឌញ្ញ (ជ័យវរ្ម័ន) ថា​ជា «ឧត្ដមសេនីយ៍​ភាគ​ខាងត្បូង ជា​ស្ដេច​នគរ​ហ្វូណន» មិន​មាន​នាំ​អ្វី​ប្លែក​មក​ថ្វាយ​ព្រះរាជា​អង្គ​នេះ​ទេ ។ ចិន​យល់​ច្បាស់​ណាស់​ថា ពាក្យ​សរសើរ​របស់​ព្រះរាជា​ទាំងឡាយ​គ្រាន់តែ​ជា​ពាក្យ​បញ្ជោរ​ប្រកប​ដោយ​ ផលប្រយោជន៍​ប៉ុណ្ណោះ​ ប៉ុន្ដែ​ព្រះរាជា​នោះ​មិន​ដាក់​នគរ​ឱ្យ​ចំណុះ​ចិន​ឡើយ ។​ម្យ៉ាងទៀត​បើ​ ទោះជា​ការ​ប្រឌិត​ក្នុង​ចិត្ដ​នេះ​មិន​បាន​ទៅ​ដល់​ព្រះ​ចៅ​អធិរាជ​ក៏​ដោយ ក៏​វា​បាន​ជ្រួតជ្រាប​ក្នុង​នយោបាយ​របស់​ចិន ក្នុង​ស្រទាប់​ឥទ្ធិពល​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ចិន​ទាំងអស់​មាន​ជំនឿ​ ថា ពួក​គេ​ដណ្ដើម​បាន​សកលលោក​ទាំងមូល ហើយ​សកលលោក​គោរព​បូជា​គេ​ដែរ ។

តាម ​ពិត អំណាច​ខាង​សីលធម៌​របស់​អាណាចក្រ​ចិន​ដ៏​ធំ​ដែល​ស្ថិត​នៅ​ពី​ខាងជើង​ឥណ្ឌូចិន ​នេះ បង្កើត​បាន​ជា​អារ្យធម៌​មួយ​ខុស​គេ និង​ធំធេង​ណាស់ ហើយ​បើ​ទោះបីជា​កន្លែង​ខ្លះ​ហាក់​ដូចជា​មាន​សើៗ​តែ​ខាងក្រៅ និង​ជា​អភិ​មានះ ដែល​គួរ​ឱ្យ​អស់​សំណើច​ក្ដី ក៏​ចិន​ពិតជា​មជ្ឈមណ្ឌល​ខ្លាំង​មួយ ដែល​ទាក់ទាញ​ក្រសែភ្នែក​របស់​ព្រះរាជា​នៃ​នគរ​ទាំងឡាយ ដែល​រាជទូត ឬ​ពាណិជ្ជករ​ចិន បាន​ទៅ​ដល់​ដែរ ។ ចិន​មាន​សំពៅ​ធំៗ ធំ​ជាង​សំពៅ​របស់​ស្រុក​ឯ​ទៀតៗ ហើយ​ចិន​អាច​ធ្វើ​នាវាចរ​កាត់​សមុទ្រ​ធំៗ មិន​ចាញ់​ពួក​ម៉ាឡេ​ទេ ។ ទំនិញ​ល្អៗ​របស់​ចិន​ធ្វើ​ឱ្យ​អ្នកស្រុក​ស្រលាញ់​កោតសរសើរ ។ សម្លៀក​បំពាក់ របៀបរបប​ជា​អ្នក​មាន​ច្បាប់​ទម្លាប់​ទាំង​អស់នេះ ធ្វើ​ឱ្យ​ចិន​មាន​មោទនភាព​ក្រៃ​លែង មោទនភាព​ដែល​ចិន​ចេះ​ប្រើ​យក​ចំណេញ និង​យក​ផលប្រយោជន៍ ព្រម​ជាមួយ​ការ​ចង់​ចេះ ចង់​ដឹង​ចង់​ស្គាល់​ប្រជាជាតិ​ឆ្ងាយ​ជិត​ដែល​នាវា​គេ​ទៅ​ដល់​ផង ។
ការ ​ត្រួតត្រា​របស់​ចិន​លើ​អាណ្ណាម សង្គ្រាម​ជាមួយ​នគរ​ចាម្ប៉ា នៅ​ពេល​ណា​ដែល​ពួក​ចាម​ឈ្លានពាន​ចូល​ខែត្រ​អាណ្ណាម ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ជំនួយ​ជា​ទ័ព​ដែល​ចិន​បញ្ជូន​ចេញ​ទៅ​ជួយ​ស្ដេច​ខាងក្រៅ ដូច​ជា​ព្រះបាទ​កោណ្ឌញ្ញៈ ដែល​អំពាវនាវ​សុំ​ដើម្បី​ធ្វើ​ចម្បាំង​ជាមួយ​ស្ដេច​ប្រឆាំង​ទាំង​អស់នេះ​មាន ​ឥទ្ធិពល​លើ​ប្រជារាស្ដ្រ​ចិន​ណាស់ ។

ដូច្នេះ ​គេ​មិន​ត្រូវ​ឆ្ងល់​ទេ​នឹង​ឃើញ​ថា​ ចិន​ហាក់​ដូចជា​មាន​វត្ដមាន​គ្រប់​ទីកន្លែង​នា​សម័យ​នោះ​ និង​ឃើញ​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​លើក​រៀបរាប់​អំពី​រាជទូត​ជា​ច្រើន​ដែល​ ព្រះ​ចៅ​អធិរាជ​ទទួលព្រម​ជាមួយ​សួយសារ​អាករ​ផង ដែល​ផ្ញើ​ទៅ​ផ្ញើ​មក​ជាមួយ​ព្រះរាជ​សារ ព្រះរាជ​សុន្ទរកថា និង​តំណែង​ផ្សេងៗ​ប្រគល់​ជូន​ស្ដេច​ដែល​គេ​មិន​ស្គាល់ រួម​ទាំង​អ្នក​ដែល​អះអាង​ថា ជាប់​ខ្សែលោហិត​ជាមួយ​រាជវង្ស​ចិន ហើយ​ទទួល​ងារ​ចិន​អ្វីមួយ​ផង ។

រដ្ឋ ​ជិតខាង​មួយ​ដែល​តែង​ទទួល​ឥទ្ធិពល​ខាង​ផ្លូវ​សីលធម៌ និង​អារ្យធម៌​ពី​ចិន​ចាប់តាំងពី​សតវត្សរ៍​ទី​៥​រហូត​មក បាន​ទទួល​យក​ជំនឿ ទស្សនវិជ្ជា និង​អក្សរ​ចិន ក៏​ប៉ុន្ដែ​បាន​ទាត់​ចោល​អនុត្ដរភាព​ខាង​នយោបាយ​របស់​ចិន ព្រោះ​ខ្លាច​ក្លាយ​ខ្លួន​ជា​នគរ​សាមន្ដរាជ​នោះ​គឺ​ប្រទេស​ជប៉ុន ។

(1) យើង​បាន​ឃើញ​ពី​ខាងលើ​ថា តាម​រឿងព្រេង មាន​ស្ដេច​ចាម​៦​អង្គ សោយរាជ្យ​នៅ​ស្រុក​ខ្មែរ មុន​ពេល​ពួក​កម្ពុជៈ​មក​ដល់ ។
(2) បុណ្ឌុរង្គ ឬ​ផានរ៉ាង​នេះ​ ជា​រដ្ឋ​ប្រឆាំង​តូច​មួយ ឬ​បើ​ហោច​ណាស់​ក៏​ជា​រដ្ឋ​មួយ​ដែល​មាន​ឯករាជ្យ​ពី​ចាម្ប៉ា ប្រសើរ​ជាង​ក្សត្រ​ប្រទេស​ឯទៀតៗ ។ សិលាចារឹក​ពោធិ​ក្លោង​ការ៉ាយ ដែល​គេ​រក​ឃើញ​នៅ​ឆ្នាំ​១៩០៨ និង​មាន​កាលបរិច្ឆេទ​នៅ​មហាសករាជ​៩៧២ ត្រូវ​នឹង​គ្រិស្ដសករាជ​១០៥០ ហាក់​ដូចជា​ជំទាស់​នឹង​ឯករាជ្យ​ភាព​នេះ ។ សិលាចារឹក​នោះ​និយាយ​ថា អ្នកស្រុក​ផានរ៉ាង​ជា​មនុស្ស​ស្ពឹក​ ហើយ​ខិលខូច និង​ច្រើន​តែ​បះបោរ​ប្រឆាំង​នឹង​ស្ដេច​នគរ​ចាម្ប៉ា​តែ​ត្រូវ​បាន​ព្រះ​ បរម្មេស្វរៈ វរមទេវៈ​ដាក់​ទោស​ដេញ​វាយ​រហូត​ដល់​ក្នុង​ព្រៃ​ភ្នំ ។ បន្ទាប់​មក​ពួក​នោះ​ក៏​ប្រែក្លាយ​ខ្លួន​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ​ ហើយ​ស្មោះ​នឹង​ស្ដេច​នគរ​ចាម្ប៉ា​វិញ ។​ តែ​ការ​ចុះចូល​នោះ មិន​ស្ថិតស្ថេរ​ទេ ។
(3) តាម​ឯកសារ​ឈ្មោះ «កំណត់​ត្រា​ស្ដី​អំពី​កូសាំងស៊ីន» នៅ​ក្នុង Lettres édifiantes et curieuses XXXIe année ១៧៧៤ ។
(4) ពាក្យ​ ផាម ​ជា​ការ​ចម្លង​របស់​អាណ្ណាម​ពី​ពាក្យ​ចិន ហ្វាន ។ ផាមឡូដាត ត្រូវ​នឹង​ឈ្មោះ​តាម​ចិន​ហៅ​ថា ហ្វានហ៊ូតា ។
(5) សូម​បញ្ជាក់​ថា​នៅ​ឥណ្ឌូចិន សិទ្ធិ​រៀមច្បង​មិន​មាន​អនុវត្ដ​តឹង​រឹង​ណាស់​ណា​ទេ ទាំង​នៅ​ម៉ាឡេស៊ី និង​កម្ពុជា​សព្វថ្ងៃ​ក៏​អ៊ីចឹង​ដែរ ។
(6) លោក ប៉េគូប៊ីល និយាយ​ថា​ រាជធានី​លីនយី​នេះ​ស្ថិត​នៅ​ជិត​ស្រណូច ដែល​ខ្ញុំ​មិន​ដឹង​ជា​នៅ​ត្រង់​ណា ។ គាត់​និយាយ​ថា​គេ​ត្រូវ​ដើរ​៧​ថ្ងៃ​ពី​ព្រំដែន​មក ទម្រាំ​មក​ដល់​លីនយី ដូច្នេះ បើ​គិត​ថា​ដើរ​មួយ​ថ្ងៃ​បាន​៣៥​គីឡូម៉ែត្រ រាជធានី​នេះ​ត្រូវ​នៅ​នឹង​មាត់ពាម​ស្ទឹង​វ៉េ ។ មាន​ចំណុច​សំខាន់​មួយ​ដែល​លោក ប៉េគូប៊ីល បាន​បញ្ជាក់​បន្ថែម គឺថា​ពួក​ចិន​អាណ្ណាម​បាន​យក​ពី​លីនយី​ទៅ​នូវ​មាស​ចំនួន​១៨​ដុំ​ធំៗ ដែល​ដាក់​នៅ​ក្នុង​បន្ទប់​មួយ​សម្រាប់​ឱ្យ​ស្ដេច​ចាម​ចូល​គោរព​បូជា​វិញ្ញាណ ​ក្ខន្ធ​បុព្វបុរស ។ គាត់​ថា​មក​ពី​ស្ដេច​កូសាំងស៊ីន (ចាម្ប៉ា) បាន​ប្រកាន់​យក​ទំនៀម​ទម្លាប់​តាម​ចិន គឺ​សំដែង​ការ​គោរព​បូជា​ចំពោះ​ព្រះរាជា​ដែល​សុគត​ទៅ​ដោយ​សង់​បន្ទប់​ថ្វាយ​ មួយ និង​ដាក់​មាស​មួយ​បន្ទះ​នៅ​ក្នុង​នោះ ។ បន្ទះ​ដុំ​មាស​មាន​ទាំង​អស់​១៨ ពីព្រោះ​ហ្វានផានឈេ​ជា​ព្រះរាជា​ទី​១៩​នៅ​ចាម្ប៉ា​នេះ​ចាប់​តាំងពី​គ្យូលាន​ មក ។​ហេតុការណ៍​នេះ​អាច​ឱ្យ​យើង​កំណត់​បាន​នូវ​ទីតាំង​របស់​រាជធានី​ ចាម្ប៉ា​នៅ​សតវត្សរ៍​ទី​៧​ និង​ចំនួន​ស្ដេច​ដែល​សោយរាជ្យ​រហូត​មក​ដល់​ពេល​ដែល​ពួក​ចិន​អាណ្ណាម​វាយ​យក​ រាជធានី​បាន គឺ​១៨​អង្គ តាំងពី​ឆ្នាំ​១៣៧​មក ។

យើង ​មិន​បាន​ស្គាល់​ព្រះ​នាម​របស់​ព្រះរាជា​ទាំង​១៨​អង្គ​អស់​ទេ ទោះជា​ព្រះ​នាម​តាម​ភាសា​សាមញ្ញ ឬ​ក៏​តាម​ភាសា​សំស្ក្រឹត​ក្ដី ។ ហើយ​វា​ហាក់​ដូចជា​ថា គេ​មិន​បាន​រាប់​ឈ្មោះ​ស្ដេច​ជ្រែករាជ្យ ហ្វានតាងកេងឈន់ ផង​ទេ ដែល​សោយរាជ្យ​នៅ​ឆ្នាំ​៤៩១ ។ ម្យ៉ាង​ទៀត មាន​ស្ដេច​យ៉ាង​ហោច​ណាស់​ក៏​៦​អង្គ​ដែរ ដែល​សោយរាជ្យ​នៅ​ចន្លោះ​ពី​ស្ដេច​គ្យូលាន ដែល​សោយរាជ្យ​នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី​២​មក​ដល់​ស្ដេច​ហ្វានហុង​ដែល​ សោយរាជ្យ​នៅ​ដើម​សតវត្សរ៍​ទី​៤ ។​ដូច្នេះ​មាន​ស្ដេច​សោយរាជ្យ​ទាំងអស់​ ស្មើនឹង​១៧​បូក​៦ គឺ​២៣​អង្គ មិនមែន​១៨​អង្គ​ទេ ។ លោក ប៉េគូប៊ីល ប្រហែលជា​ច្រឡំ ដែល​គិត​ថា​មាន​បន្ទះ​មាស​១៨​សម្រាប់​ស្ដេច​ចាម ចាប់ពី​គ្យូលាន មក គឺ​១៨​នេះ មិនមែន​ចាប់ពី​ស្ដេច​ទី​១​មក​ទេ ។
(7) ខ្ញុំ ​មិន​ញញើត​ទេ​នឹង​កំណត់​ថា រាជធានី​ភវបុរៈ​នេះ​ជា​រាជធានី​របស់​ហ្វូណន​ដែល​ចិន​ហៅ​ថា​ តូមូ ដែល​ត្រូវ​បាន​កសាង និង​រៀបចំ​ឡើង​វិញ​ដោយ​ព្រាហ្មណ៍​កោណ្ឌញ្ញ (ជ័យវរ្ម័ន) ។ ពេល​ក្រោយមក រាជធានី​ដូរ​ឈ្មោះ​ទៅ​ជា​វយធបុរៈ រួច​ទៅ​ជា​អង្គរបុរី​វិញ ។
(8) ពួក​អារ៉ាប់​ហៅ​នគរ​ចាម្ប៉ា​ថា​ សាន្វ ​ហើយ​និយាយ​ថា​នៅ​ពី​ខាងកើត​កម្ពុជា ។
(9) នៅ ​លើ​ផែនទី​របស់​ផ្ដូលេមេ មាន​ឈ្មោះ​ក្រុង​ជា​ច្រើន​ដែល​លោក​វរសេនីយ៍ ហ្សេរីនី អះអាង​ថា​អាច​កំណត់​បាន ៖ នៅ​លើ​មាត់​សមុទ្រ​ខាងលិច​មាន បេរ៉ាបៃ​ ត្រូវ​នឹង ​មែរគុយ​ តាកូឡា​ ត្រូវ​នឹង​ តាកូប៉ា​ សាបាណា ត្រូវ​នឹង សាបា ។ នៅ​លើ​មាត់​សមុទ្រ​ខាងកើត មាន ថារ៉ា ត្រូវ​នឹង ទ្រីនកាមី​ រ៉ាលុងកា ត្រូវ​នឹង ក្រា ។
(10) គួរ​កត់​សម្គាល់ថា ថ្វីបើ​ចិន​មិន​មាន​អំណាច​នៅ​ក្នុង​សម័យ​ដែល​យើង​កំពុង​សិក្សា ប៉ុន្ដែ​ដល់​មក​សតវត្សរ៍​ក្រោយៗ​មក ចិន​មាន​អំណាច​ខ្លះទៅ​លើ​ស្រុក​មួយ​ចំនួន ៖ ជាក់ស្ដែង​គឺ​នៅ​ឆ្នាំ​១២៩៣ ព្រះ​ចៅ​អធិរាជ​គូប៊ីឡាយខាន់ បាន​ធ្វើ​សង្គ្រាម​ជាមួយ​កោះ​ជ្វា ដែល​បាន​ប្រមាថ​ដល់​ទូត​ចិន ។ នៅ​ឆ្នាំ​១២៩៥ ព្រះ​ចៅ​អធិរាជ​នេះ​បាន​ទប់​ស្កាត់​មិន​ឱ្យ​មាន​សង្គ្រាម​រវាង​សៀម​នឹង​ ម៉ាឡាយូ ។ នៅ​ឆ្នាំ​១៤១១ ចិន​ធ្វើ​សង្គ្រាម​វាយ​កោះ​សិរីលង្កា ចាប់​ស្ដេច​ អល្លង្គោនរៈ ជា​ចំណាប់ខ្មាំង​យក​ទៅ​ស្រុក​ចិន រួច​ហើយ​តែងតាំង​សមាជិក​រាជវង្ស​ម្នាក់​ឱ្យ​សោយរាជ្យ​បន្ដ ។ នៅ​ឆ្នាំ​១៥៧០ ស្ដេច​សៀម​បាន​សំណូមពរ​ចិន​ឱ្យ​ប្ដូរ​ត្រា​ដែល​បាន​ប្រគល់​ឱ្យ​ស្ដេច​ថៃ​ តាំងពី​ឆ្នាំ​១៣៧៦ តែ​បាន​បាត់​ទៅ​នៅ​ពេល​ពួក​ប៉ាកាន​វាយ​យក​រាជធានី​អយុធ្យា ។

ហេតុការណ៍ ​ទាំង​អស់នេះ រួម​ទាំង​ការ​ប្រគល់​នូវ​តំណែង​ដល់​ស្ដេច​នគរ​កញ្ជី​នៅ​ឥណ្ឌា​នៅ​ឆ្នាំ​៧២០​ មួយ​ផង បញ្ជាក់​ថា ចិន​មិន​គ្រប់គ្រង​ប្រទេស​ទាំងឡាយ​ណា​ដែល​ទទួល​ឥទ្ធិពល​ពី​ចិន ឬ​ខ្លបខ្លាច​ការ​កំញើញ និង​កិត្ដិគុណ​របស់​ចិន​នោះ​ទេ ប៉ុន្ដែ​វា​បញ្ជាក់​ច្បាស់​ថា សកម្មភាព​អ្វីមួយ​របស់​ចិន ជា​ផ្លូវ​ទូត​ ឬ​ជា​ផ្លូវ​ទ័ព មាន​ប្រសិទ្ធភាព​ណាស់ ហើយ​ចិន​ចេះ​ប្រើ​កម្លាំង​ធ្វើ​សង្គ្រាម ត្រូវ​ពេល​ដើម្បី​ឱ្យ​គេឯង​គោរព ។

No comments:

Post a Comment