Thursday, July 20, 2017

៤.១.អំពី​កម្ពុជា ឬ ស្រុក​ខ្មែរ

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ១ ជំពូកទី ៣)
Posted: Oct-10-2016

ជំពូក​ទី​៣

អំពី​កម្ពុជា ឬ ស្រុក​ខ្មែរ

៤-ស្រីភវវរ្ម័ន​
ព្រះរាជបុត្រ និង​ជា​អ្នក​ស្នងរាជ្យ​បន្ដ​ពី​ព្រះបាទ​ស្រីវីរវរ្ម័ន គឺ​ព្រះបាទ​ ស្រីភវវរ្ម័ន (មាន​ន័យ​ថា អ្នក​ការពារ​ភវៈ) ។ ព្រះរាជា​អង្គ​នេះ​ក្លាហាន​លើស​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​ទៅ​ទៀត ។ ឆ្លៀត​ឱកាស​ដែល​ព្រះបាទ​រុទ្រវរ្ម័ន​សោយ​ទិវង្គត​ទៅ​នៅ​រវាង​ដើម​សតវត្សរ៍​ ទី​៧ ព្រះ​អង្គ​បាន​ចាប់​ធ្វើការ​វាយ​ប្រហារ​ទៅ​លើ​នគរ​ហ្វូណន កាន់កាប់​រាជធានី រួច «ដណ្ដើម​អំណាច​ប្រកបដោយ​វីរភាព» ។ បន្ទាប់​មក អាស្រ័យ​ដោយ​ភាព​អង់អាច​របស់​ពលរេហ៍​របស់​ព្រះ​អង្គ ទ្រង់​បាន​ប្រមូល​យក​បណ្ដា​រដ្ឋ​ទាំងឡាយ​ដែល​ធ្លាប់​ចំណុះ​នគរ​ហ្វូណន​ពី​ មុន ដែល​ប្រហែលជា​កំពុង​តែ​រើបម្រះ​ខ្លួន​រក​ឯករាជ្យ​ជាមួយ​នឹង​ព្រឹត្ដិការណ៍​ ដែល​កើតឡើង​ថ្មីៗ ដាក់​មក​ក្រោម​អាណាព្យាបាល​របស់​ព្រះ​អង្គ​វិញ ។
សិលា ​ចារឹក​បាន​ពិពណ៌នា​ពី​ព្រះរាជា​អង្គ​នេះ​ថា ជា​អ្នក​ចម្បាំង​ដ៏​អង់អាច​ក្លាហាន​ ជា​វីរបុរស​មានចិត្ដ​សប្បុរស មិន​ចេះ​ចាញ់ វិសេស​ប្រៀប​បាន​ទៅ​នឹង​ភ្នំ​ព្រះ​សុមេរុ៍​ ជាប់​អម្បូរ​ព្រះអាទិត្យ​ អាច​វាយ​បង្ក្រាប​ទាំង​សត្រូវ​ខាងក្នុង (1) និង​ខាងក្រៅ​ បាន​ជា​ទ្រមាក់​ដំរី​ដ៏​ពូកែ​ ជា​អ្នក​ដាក់​ទាន​ដែល​មាន​ព្រះ​ហស្ដ​សើម​ជានិច្ច​ អាស្រ័យ​ដោយ​ទឹក​ដែល​គេ​ចាក់​លើ​ព្រះ​ហស្ដ​រាល់​ពេល​ដែល​ទ្រង់​ដាក់​ទាន (2) ។ សិលាចារឹក​បាន​បន្ថែម​ទៀត​ថា ទីកន្លែង​ណា​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រើ​ព្រះ​កាយពល​ដណ្ដើម​យក​បាន​ហើយ​ ទីនោះ​នឹង​ត្រូវ​បាន​ទទួល​នូវ​ការ​សន្ដោស​ប្រណី​ពី​ព្រះ​អង្គ ហើយ​បណ្ដា​សត្រូវ​ទាំងឡាយ​នាំ​គ្នា​មក​ថ្វាយបង្គំ​គាល់​ព្រះ​អង្គ​នៅ​ក្នុង​ ព្រះរាជវាំង ទោះជា​អ្នក​ទាំងនោះ​មិន​បាន​ត្រូវ​ព្រះ​អង្គ​វាយ​បង្ក្រាប​ឱ្យ​ចុះចាញ់​ ក្នុង​សង្គ្រាម​ក៏​ដោយ (3) ។

ព្រះបាទ​ភវវរ្ម័ន​ប្រហែលជា​បាន​វាត​ព្រះ​នគរ​រហូត​ទល់​ភ្នំ​ដងរែក ហើយ​បាន​វាយ​បង្ក្រាប «បណ្ដា​ស្ដេចភ្នំ» ពោល​គឺ បណ្ដា​វិប្រជា​មិន​ទាន់​ស៊ីវីល័យ ដែល​រស់នៅ​តាម​ដងភ្នំ និង​ខ្ពង់រាប ដូច​ជា​សព្វ​ថ្ងៃនេះ​ដែរ តាម​មើលទៅ​គឺ ពួក​ជង​ដែល​រស់នៅ​សម្បូរ​ក្នុង​បណ្ដា​ខែត្រ​ខាងលិច​ចាប់ពី​កែប​នៅ​មាត់​ឈូង​ សមុទ្រ​សៀម​រហូត​ដល់​ភាគ​ខាងលើ ចន្ទ​តាប៊ុន ក្នុង​នោះ​មាន​ទាំង​ជួរ​ភ្នំ​ខាងលិច​ខែត្រ​ពោធិសាត់​ផង​ដែរ និង​ពួក​ស៊ូឡាង ឬ​ឡាងហួង ដែល​ជា​បុព្វបុរស​របស់​ពួក​ម៉យ ឬ​ម្ល៉យ​ ឬ​រ៉ម៉យ​សព្វថ្ងៃ​ដែល​រស់នៅ​លើ​ជម្រាល​ជួរ​ភ្នំ​អាណ្ណាម​នៅ​ចន្លោះ​នគរ​ ចាម្ប៉ា និង​កម្ពុជា ។
មាន​ សិលាចារឹក​មួយ​ចារ​ក្នុង​រជ្ជកាល​របស់​ព្រះរាជា​អង្គ​នេះ ជា​សិលាចារឹក​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​កម្ពុជា ហើយ​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ខែត្រ​បាត់ដំបង តែ​ឆ្ងាយ​ពី​រាជធានី គឺ​នៅ​រហូត​ដល់​ខែត្រ​ព្រៃកប្បាស បាន​បញ្ជាក់​ពី​ហេតុការណ៍​ខាងលើ​នេះ ។ ព្រះបាទ​ភវវរ្ម័ន ទ្រង់​ប្រហែលជា​បាន​លើកទ័ព​ធ្វើសង្គ្រាម​ឆ្ងាយ​ទៅ​ទិស​ខាងជើង ដើម្បី​វាយ​យក​បណ្ដា​ប្រទេស​នៅ​ខាងត្បូង​ភ្នំ​ដងរែក និង​ប្រមូល​យក​ហ្វូណន​ខាងត្បូង​ទាំងមូល ដាក់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​អង្គ ។ នៅ​ពេល​នោះ វា​ហាក់ដូចជា​ថា​បណ្ដា​ប្រទេស​ដែល​យើង​ហៅ​សព្វថ្ងៃ​ថា​ជា សៀម ដែល​ចិន​ហៅ​ថា ឈេទូ បាន​ឆ្លៀត​យក​ឱកាស​នោះ​ក្នុង​ពេល​ដែល​ព្រះបាទ​ភវវរ្ម័ន ជា​ព្រះរាជា​នៃ​វយធបុរៈ ធ្វើសង្គ្រាម​ដណ្ដើម​យក​ហ្វូណន ដើម្បី​រើបម្រះ​ចេញពី​អាណាព្យាបាល​របស់​ស្ដេច​តូមូ ហើយ​ប្រកាស​ឯករាជ្យ ។ ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​បានឱ្យ​យើង​ដឹង​ថា រាជាណាចក្រ​ឈេទូ ដែល​ដំបូង​ឡើយ​ជា​រដ្ឋ​ឯករាជ្យ បន្ទាប់​មក​បាន​ត្រូវ​ហ្វាន់ម៉ាន់​បង្ក្រាប​ដាក់​ឱ្យ​ចំណុះ​នគរ​ហ្វូណន​នា​ ពេល​នោះ​ទទួល​បាន​នូវ​សេរីភាព​ឡើង​វិញ ។ ដោយហេតុ​នេះ មាន​រាជាណាចក្រ​ធំៗ​ពីរ​កើត​ឡើង​នៅ​ដើម​សតវត្សរ៍​ទី​៦ ជា​ជំនួស​នគរ​ហ្វូណន (4) គឺ ចេនឡា ដែល​ក្រោយមក​ក្លាយជា​កម្ពុជា និង​ឈេទូ ដែល​ក្រោយមក គឺ​ប្រទេស​សៀម ។

នៅ​ពេល​ដែល​ស្ដេច​ ស្រីភវវរ្ម័ន​ទ្រង់​សោយ​ទិវង្គត​ទៅ គេ​បាន​ប្រមើល​ថា ព្រះ​អង្គ​ទ្រង់​បាន​ទៅ​ចាប់​កំណើត​ឯ​ស្ថានសួគ៌​របស់​ព្រះ​សិវៈ ព្រោះ​ព្រះ​អង្គ​ទ្រង់​ប្រកាន់​យក​ព្រះ​នាម​ថា ជា​ភវៈ ដែល​ជា​ព្រះ​នាម​មួយ​របស់​ព្រះ​សិវៈ ហើយ​គេ​បាន​ថ្វាយ​ព្រះ​នាម​ថា ជា​ភវៈ​បទ ។
គម្ពីរ​វិស្ណុ​បុរណៈ​ ហាក់​ដូចជា​មាន​និយាយ​ពី​ព្រះបាទ​ភវវរ្ម័ន​នេះ​ផង​ដែរ ត្រង់​វគ្គ​ស្ដី​ពី​សក្ក​ទ្វីប​ដែល​យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ គឺជា​ឈ្មោះ​សំដៅយក​ កម្ពុជា នេះឯង ដោយ​បាន​លើក​ឡើង​ថា ព្រះរាជា​ទ្រង់​ព្រះ​នាម​ថា ភវ្យៈ ទ្រង់​បាន​រៀបចំ​ព្រះរាជាណាចក្រ​របស់​ព្រះ​អង្គជា​៣​ស្រុក ដែល​មានឈ្មោះ​ថា ជលទៈ​ កុមារៈ និង​សុកាមារៈ ។ លោក​វរសេនីយ៍ឯក ហ្សេរីនី​ បាន​ផ្គូផ្គង​ស្រុក​ទី​១​ទៅ​នឹង​ចេនឡា​ទឹក គឺ​ដែនដី​សណ្ដ​ទន្លេ​មេគង្គ​ រីឯ​ស្រុក​ទី​២ និង​ទី​៣​ក៏​ជា​ស្រុក​នៅ​ភាគ​ខាងត្បូង​កម្ពុជា​ដែរ ។ គម្ពីរ​វិស្ណុ​បុរណៈ​បាន​ប្រដៅ​ថែម​ទៀត​ថា ស្រុក​នោះ​មាន​ជួរ​ភ្នំ​ដែល​មាន​ឈ្មោះ​ថា ឧទ័យ​គិរី​ ស្យាមៈ និង​អាស្ដៈ​គិរី ដែល​ធ្វើ​ឱ្យ​យើង​នឹកឃើញ​ដល់​ឧទ័យៈ​ សៀម និង​លេស្ដៃ ដែល​យើង​បានឃើញ​ពី​ខាងលើ​រួច​មក​ហើយ ហើយ​ដែល​ជា​ឈ្មោះ​របស់​កម្ពុជា និង​ឧប​សម្ព័ន្ធ​សៀម​នោះ​ឯង ។ តាម​ពិត​ទៅ ការ​ប្រើ​ពាក្យ​ «ស្យាមៈ» នៅ​សតវត្សរ៍​ទី​៦ ហាក់​ដូចជា​មិន​ទាន់​ត្រឹមត្រូវ​ទេ បើសិនជា​ថា គេ​ចង់​សំដៅ​យក​ប្រទេស​របស់​ពួក​ថៃ ឬ​សៀម ។ ប៉ុន្ដែ នោះ​ប្រហែលជា​ការ​សំដៅ​យក​កុលសម្ព័ន្ធ​មួយ​ដែល​ប្រជាជន​មាន​ស្បែក​ខ្មៅ​ជាង​ អ្នក​ជិតខាង​បន្ដិច ហើយ​រស់នៅ​ជិត​ភ្នំ ដូច​ជា​កុលសម្ព័ន្ធ​សាមរដ្ឋៈ ដែល​មាន​រាជធានី​នៅ​ខាង​ពាយ័ព្យ​ឆកសមុទ្រ​សៀម​ត្រង់​កន្លែង​ស្រីវិជ័យ​ សព្វថ្ងៃ ។

គម្ពីរ​វិស្ណុ​បុរណៈ​ក៏ ​មាន​រៀបរាប់​ផង​ដែរ​អំពី​ទន្លេ​ឈ្មោះ សុកុមារិ​ កុមារិ និង​នាលិនិ ទន្លេ​ក្រោយ​នេះ លោក ហ្សេរីនី ថា គឺជា​ទន្លេមេគង្គ​នេះឯង ។

៥-ចិត្រសេនា – ស្រីមហេន្ទ្រវរ្ម័ន (… – ៦១០)
ព្រះរាជបុត្រ​របស់​ព្រះបាទ​ភវវរ្ម័ន មិន​បាន​សោយរាជ្យ​ទេ ប៉ុន្ដែ គឺ​ព្រះរាជបុត្រ​ពៅ​របស់​ព្រះបាទ​វីរវរ្ម័ន ព្រះ​នាម​ថា ចិត្រសេនា «ដែល​ទ្រង់​ប្រកប​ទៅ​ដោយ​កេតនភណ្ឌ​ជា​ព្រះករុណា​ជា​ម្ចាស់» (5) ដែល​ឡើង​គ្រងរាជ្យ​សម្បត្ដិ​ក្រោម​ព្រះ​នាម​ថា​ ស្រីមហេន្ទ្រវរ្ម័ន (ព្រះឥន្ទ្រ​ជា​អ្នក​ការពារ) ហើយ​ប្រហែល​ចាប់​តាំងពី​ពេល​នោះ​មក នៅ​កម្ពុជា​ក៏​ដូច​ជា​នៅ​ចាម្ប៉ា និង​ម៉ាឡាយូ ទំនៀម​ទម្លាប់​ចង់​ឱ្យ​ព្រះ​អនុជ​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​រៀម ដើម្បី​ឱ្យ​មាន​ព្រះរាជា​ជា​បុរស​រហូត​តទៅ ។
ព្រះបាទ ​មហេន្ទ្រវរ្ម័ន​ទ្រង់​បាន​បន្ដ​នយោបាយ​របស់​ព្រះ​រៀម ហើយ​បាន​បញ្ចប់​ការ​វាយ​បង្ក្រាប​បណ្ដា​ខែត្រ​ដែល​ព្រះបាទ​ភវវរ្ម័ន​មិន​ ទាន់​បាន​ដណ្ដើម​ដាក់​ជា​ចំណុះ ។
ទ្រង់ ​មាន​មន្ដ្រី​២​នាក់​បម្រើ​ព្រះ​អង្គ​គឺ​ ធម្មទេវៈ និង​ សឹម្ហទេវៈ ដែល​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ព្រោះ​ជា​កូន​របស់​ព្រាហ្មណ៍​២​នាក់​បងប្អូន ព្រាហ្មទត្តៈ និង​ ព្រាហ្មសឹម្ហៈ ។ អ្នក​ទាំង​២​នេះ​ធ្លាប់​ជាម​ន្ដ្រី​របស់​ព្រះបាទ​ភវវរ្ម័ន ហើយ​ព្រះបាទ​មហេន្ទ្រវរ្ម័ន​ពិនិត្យ​ឃើញ​ថា​ជាទី​ប្រឹក្សា​ល្អ ទ្រង់​ក៏​រក្សា​ទុក​ព្រោះ «ពួក​គេ​នេះ​ចេះ​ចាំ​ច្បាស់​លាស់​អំពី​វិទ្យាសាស្ដ្រ​ត្រឹមត្រូវ និង​វិទ្យាសាស្ដ្រ​មាន​ផល​ប្រយោជន៍» មាន​ន័យ​ថា ជា​អ្នក​អនុវត្ដ​ជាក់ស្ដែង និង​ត្រឹម​ត្រូវ ។ មន្ដ្រី​ទាំង​២​នាក់​នេះ ជា​ជំនួយ​ដែល​ជួយ​ឱ្យ​ព្រះ​អង្គ​ទទួល​បាន​នូវ​ជ័យជម្នះ ។ ទ្រង់​បាន​ចាត់​ឱ្យ​សឹម្ហទេវៈ​ទៅ​ធ្វើការ​ចរចា​ជាមួយ​នគរ​ចាម្ប៉ា ដើម្បី​រក្សា​ចំណង​មេត្រីភាព​រវាង​ព្រះរាជា​កម្ពុជា​នឹង​ព្រះរាជា​ ចាម ។ បេសកកម្ម​នេះ​ទទួល​បាន​ជោគជ័យ ហើយ​សន្ដិភាព​ត្រូវ​បាន​ធានា (6) ។

ព្រះបាទ​មហេន្ទ្រវរ្ម័ន​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​៦១០​នៃ​គ្រិស្ដ​សករាជ​ត្រូវ​នឹង​ឆ្នាំ​៥៣២​នៃ​មហាសករាជ ។

៦-ឦសានវរ្ម័ន (៦១០ – …)
ព្រះរាជបុត្រ ​របស់​ព្រះបាទ​មហេន្ទ្រវរ្ម័នចបាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​ក្រោម​ ព្រះ​នាម​ថា ស្រីឦសានវរ្ម័ន (មាន​ន័យ​ថា ព្រះ​ឦសាន (7) ជា​អ្នក​ការពារ ឬ​ព្រះរាជា​ជា​អ្នក​ការពារ) ។ ទ្រង់​បាន​ប្រកាស​ព្រះ​អង្គ​ថា ជា​ដៃគូ​របស់​ចក្រៈ (គឺ​ព្រះឥន្ទ្រ) អំពី​កម្លាំង​ និង​ជា​ដៃគូ​របស់​ហរិ (គឺ​វិស្ណុ) អំពី​កិត្ដិគុណ (8) ជា​ព្រះ​អធិរាជ​លើ​ស្ដេច​ទាំង​៣ និង​ជា​ម្ចាស់​នៃ​រាជធានី​មិន​រង្គើ​ទាំង​៣ (9) តាម​មើលទៅ​គឺ​ចក្រានកបុរៈ​ អមោឃរបុរៈ និង​ភីមបុរៈ (10) ដែល​ទ្រង់​វាយ​ដណ្ដើម​យក​បាន ប៉ុន្ដែ ទុក​ឱ្យ​ស្ដេច​រាជធានី​នីមួយៗ​នៅ​គ្រប់គ្រង​ដដែល​គ្រាន់តែ​ស្ដេច​ទាំងនោះ​នៅ ​ជា​ចំណុះ​ព្រះ​អង្គ ។​ព្រះរាជា​អង្គ​នេះ​ទ្រង់​ជា​ស្ដេច​វាត​ទឹកដី​ ដូច​ជា​ព្រះរាជា​មុនៗ​ដែរ ។​ទ្រង់​បាន​ពង្រីក​ព្រះរាជាណា​ចក្រ​របស់​ ព្រះ​អង្គ​ពាសពេញ​ទាំង​ទឹកដី​ហ្វូណន ។
ព្រះ ​អង្គ​មាន​រាជធានី​ដែល​មាន​ឈ្មោះ​តាម​ព្រះ​អង្គគឺ​ ឦសានបុរៈ មាន​ន័យ​ថា រាជធានី​របស់​ឦសាន ។ មើលទៅ​ប្រហែលជា​ទ្រង់​មាន​រាជធានី​មួយ​ផ្សេង​ទៀត រាជធានី​ឦសានបុរៈ​នេះ​គ្រាន់តែ​ជា​រាជធានី​បណ្ដោះ​អាសន្ន ហើយ​ឈ្មោះ ឦសាន នេះ ជា​ហៅ​ក្រៅ ។ ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន (11) និយាយ​ថា រាជធានី​នេះ​មាន​ផ្ទះ​២​ម៉ឺន​ខ្នង និង​មាន​សាល​ធំ​មួយ​នៅ​កណ្ដាល ជាទី​កន្លែង​ដែល​ព្រះរាជា​ធ្វើ​សវនាការ ។
ឯកសារ ​ចិន​ដដែល​និយាយ​ថា​ រាជាណាចក្រ​របស់​ព្រះ​អង្គ​មាន​ចែក​ជា​ក្រុង​ចំនួន​៣០ (12) ក្រុង​នីមួយៗ​មាន​អភិបាល​ម្នាក់​មាន​ឋានៈ​ដូច​គ្នា​នឹង​ឋានៈ​អភិបាលក្រុង​ នគរ​លីនយី​ (ចាម្ប៉ា) ហើយ​មាន​មន្ដ្រី​ធំៗ​ចែក​ជា​៥​ប្រភេទ​គឺ គូតូឈី​ កាវសៀងភីង ​ផូតូតូទីង​ ចេម៉ាលីង​ និង​ យ៉ានតូប៊ូ (13)។ នៅ​ពីក្រោម​អ្នកមាន​បណ្ដា​សក្ដិ​ទាំងនេះ​មាន​មន្ដ្រី​ថ្នាក់​ក្រោម​ជា​ច្រើន ​ទៀត ។

ព្រះរាជា​ទ្រង់​គង់​នៅ​ ក្នុង​សាលា​ដែល​និយាយ​ខាងលើ​រាល់​៣​ថ្ងៃ​ម្ដង ប្រថាប់​លើ​គ្រែ​លម្អ​ទៅ​ដោយ​គ្រឿង​ក្រអូប​៥​យ៉ាង និង​ត្បូង​មាន​តម្លៃ​៧​ប្រភេទ នៅ​ពីក្រោម​បុស្បុក​មួយ​ធ្វើ​អំពី​ក្រណាត់ ។ សសរ​ទ្រ​បុស្បុក​នេះ ធ្វើ​ពី​ឈើ​មាន​តម្លៃ តែង​លម្អ​ទៅ​ដោយ​ភ្លុក​នឹង​ផ្កា​មាស ។ ដូច​ជា​នៅ​វាំង​ស្ដេច​ឈេទូ​ដែរ (គឺ​ប្រទេស​សៀម) មាន​សេនា​២​នាក់​កាន់​ជើង​ក្រាន​មាស​ដុត​គ្រឿងក្រអូប ឈរ​នៅ​ជិត​ព្រះរាជា​ជា​ប្រចាំ ។
រាជពង្សាវតារ ​ស្វ៊ៃ​បញ្ជាក់​ទៀត​ថា ៖ ពេល​ទ្រង់​ចេញ​ជួប​ជាមួយ​ប្រជារាស្ដ្រ ព្រះរាជា​ទ្រង់​គ្របដណ្ដប់​ព្រះ​កាយ​ដោយ​ក្រណាត់​ត្បាញ​ពី​កប្បាស​ត្រឹម​ ចង្កេះ​ចុះ​ដល់​ក្បាលជង្គង់ និង​ទ្រង់​ពាក់​មកុដ​លម្អ​ទៅ​ដោយ​គជ់ និង​ត្បូង​មាន​តម្លៃ ។ ព្រះ​ស្រោត (ត្រចៀក) ព្រះ​អង្គ​មាន​លម្អ​ទៅ​ដោយ​បន្ដោង​មាស ។​ ទ្រង់​គ្រង​ព្រះ​ពស្ដ្រ​ពណ៌​ស​ជា​និច្ច រីឯ​ព្រះ​សុព័ណ៌​បាទ​ធ្វើ​អំពី​ចំបើង​គ្រប់​ពណ៌​មាន​លម្អ​ទៅ​ដោយ​ ភ្លុក ។
នាម៉ឺន​សព្វ​មុខមន្ដ្រី​ មាន​សម្លៀក​បំពាក់​ប្រហាក់​ប្រហែល​នឹង​ព្រះរាជា​ដែរ ហើយ​ថ្វាយបង្គំ​ក្បាល​ដល់​ដី​៣​ដង នៅ​នឹង​កាំជណ្ដើរ​ព្រះរាជ​បល្ល័ង្ក ពេល​ចូល​គាល់​ព្រះ​អង្គ​ម្ដងៗ ។ កាលណា​ព្រះរាជា​បញ្ជា​ឱ្យ​ក្រោក​ឡើង ពួក​គេ​លូន​ឡើង រួច​លុតជង្គង់​ដាក់​ដៃ​ប្រណម្យ​លើ​ដើមទ្រូង អង្គុយ​ផ្ទាល់​ដី លើ​កន្ទេល​ ឬ​កម្រាល​ដែល​ក្រាល​នៅ​ជុំវិញ​ព្រះមហាក្សត្រ ដើម្បី​ពិភាក្សា​កិច្ចការ​ព្រះរាជាណាចក្រ​ជាមួយ​ព្រះ​អង្គ ។ ចប់​សវនាការ មន្ដ្រី​ទាំងនោះ​ក្រាប​ថ្វាយបង្គំ​ព្រះរាជា​ម្ដង​ទៀត​មុន​នឹង​ចាក​ចេញ​ ទៅ ។​ ក្នុង​ពេល​ធ្វើ​សវនាការ​ មាន​ពល​សេនា​រាប់​ពាន់​នាក់​ប្រដាប់​ទៅ​ដោយ​ខែល និង​លំពែង ឈរ​យាម​នៅ​មាត់​ច្រកចូល ។

ឯកសារ​ ចិន​បាន​និយាយ​ថែម​ទៀត​ថា​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះរាជា​អង្គ​នេះ​ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​នគរ​ចាម្ប៉ា (សានប៉ាន) និង​ឈូក្រង (?) ក៏​ប៉ុន្ដែ បាន​ធ្វើសង្គ្រាម​ជា​រឿយៗ​ជាមួយ​នគរ​លីនយី (14) និង​ថូយន់ (15) (គឺ​ចាម្ប៉ា​ធំ និង​ចាម្ប៉ា នៅ​ផានរ៉ាង) ។ ឯកសារ​នោះ​បាន​បន្ដ​ទៀត​ថា កាលណា​មាន​ព្រះរាជា​មួយ​អង្គ​ឡើង​សោយរាជ្យ គេ​ត្រូវ​កាត់​ម្រាមដៃ​មួយ ឬ​កាត់​ច្រមុះ​ព្រះ​រៀម និង​ព្រះ​អនុជ​ទាំងអស់ រួច​យក​ព្រះ​រៀម ឬ​ព្រះ​អនុជ​ទាំង​អស់នោះ ទៅ​ទុក​មួយ​កន្លែង ប៉ុន្ដែ មាន​ការ​ថែទាំ​បាន​ល្អ ។ ការ​ដែល​ឯកសារ​ចិន​និយាយ​ពី​ព្រឹត្តិការណ៍​ពិសេស​បែប​នេះ តែ​ចាត់​ទុក​ដូចជា​រឿង​ធម្មតា​ដូច្នេះ ប្រហែលជា​មាន​មូលហេតុ​អ្វី​មួយ​មិន​ខាន ។

ឯកសារ ​រាជវង្ស​ថាង (៦២៥) ហៅ​ប្រជាជន​កម្ពុជា​ថា គីម៉ាយ គឺ​ខ្មែរ ហើយ​ថា ពួក​នេះ​មាន​រាង​ទាប (គឺ​ទាប​ជាង​ចិន) មាន​សម្បុរ​ខ្មៅ ប៉ុន្ដែ​ស្រីៗ​ភាគច្រើន​ស ។​ទាំងប្រុស​ទាំងស្រី​បួងសក់​ និង​ពាក់​ក្រវិល​នៅ​ត្រចៀក ។ ពួក​គេ​មាន​មាឌ​មាំ ហើយ​សកម្ម ។ ផ្ទះ​បែរមុខ​ទៅ​កើត ហើយ​ដូច​ផ្ទះ​ពួក​ឈេទូ (សៀម) ដែរ ។

ដៃស្ដាំ ​ជា​ដៃ​បរិសុទ្ធ ឯ​ដៃ​ឆ្វេង​មិន​បរិសុទ្ធ​ទេ នេះ​ប្រហែល​មក​ពី​គេ​ប្រើ​ដៃ​ឆ្វេង​ដុសលាង​ក្រោយ​បន្ទោរបង់ ។ ពួក​គីម៉ាយ​ឧស្សាហ៍​ងូតទឹក និង​យកចិត្ដ​ទុកដាក់​ថែរក្សា​ធ្មេញ​ណាស់ ដោយ​ដុស​សម្អាត​នឹង​ច្រាស​ធ្វើ​ពី​ឈើ​ទន់ៗ ដូ​ចដែល​គេ​នៅ​អនុវត្ដ​សព្វថ្ងៃ​នៅ​ឥណ្ឌា​អ៊ីចឹង ។
ក្រោយ ​ពី​បាន​អាន​គម្ពីរ​ និង​សូត្រធម៌​រួច​ គេ​ងូតទឹក​ដុស​ធ្មេញ​រួច​ទើប​ទទួល​ទាន​អាហារ ។​ទទួល​ទាន​អាហារ​រួច គេ​ដុសធ្មេញ រួច​សូត្រធម៌​ទៀត ។ ទាំង​អស់នេះ​ជា​ពិធី​តាម​ព្រហ្មញ្ញ​សាសនា ហើយ​បញ្ជាក់​ថា បុព្វបុរស​របស់​ពួក​ខ្មែរ​នា​សម័យ​នោះ​គោរព​ព្រះព្រហ្ម ដូច​ដែល​ពួក​គេ​គោរព​សាសនា​ព្រះពុទ្ធ​សព្វ​ថ្ងៃនេះ​ដែរ ។ តែ​ត្រូវ​ដឹង​ថា នេះ​ជា​ទំនៀម​ទម្លាប់​របស់​ថ្នាក់ដឹកនាំ​តែ​ប៉ុណ្ណោះ ប្រហែល​មិនមែន​សម្រាប់​អ្នកស្រុក និង​អ្នកស្រែ​ចម្ការ​នោះ​ទេ ។

អ្នក ​សរសេរ​ប្រវត្ដិសាស្ដ្រ​ចិន​បាន​និយាយ​ទៀត​ថា ៖ កូន​កំលោះ​មិន​លើក​ជំនូន​អាពាហ៍ពិពាហ៍​ឱ្យ​ខាង​កូន​ក្រមុំ​ទេ ក្រៅ​តែ​ពី​សំពត់​មួយ ។ មេអណ្ដើក (មហា) ទៅ​ជួប​កូនស្រី ហើយ​គ្រួសារ​ទាំង​២​មិន​ចេញ​ពី​ផ្ទះ​អស់​រយៈ​ពេល​៨​ថ្ងៃ ដោយ​អង្គុយ​នៅ​កណ្ដាល​ពន្លឺ​ចង្កៀង ។ ពេល​រៀប​ការ​រួច ប្ដី​ប្រពន្ធ​ថ្មី​នាំ​គ្នា​ទៅ​រស់នៅ​លើ​ផ្ទះ​ថ្មី​របស់​គេ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​កេរ្ដិ៍​ដែល​ម៉ែឪ​ចែក​ឱ្យ ។ ដល់​ម៉ែឪ​ស្លាប់​ទៅ កូនកំលោះ​នោះ​អាច​បែង​ចែក​កេរ្ដិ៍​ឪពុក​ជាមួយ​បងប្អូន​ប្រុស​ស្រី​របស់​គេ​ ឯទៀត ដោយ​មិន​គិត​ពី​ទ្រព្យ​ដែល​គេ​បាន​ទទួល​នៅ​ពេល​រៀប​ការ​នោះ​ឡើយ ។ នៅ​កម្ពុជា​សព្វថ្ងៃ គេ​នៅ​តែ​អនុវត្ដ​ដូច្នេះ​នៅ​ឡើយ ។
ខុស ​ពី​សព្វថ្ងៃ គេ​មិន​កោរសក់​ទេ កាលណា​ឪពុក​ម្ដាយ​ស្លាប់ (16) គឺ​គេ​ទុក​សក់​ឱ្យ​ដុះ​កន្ទ្រើង ។ តែ​គេ​យំ​ស្រែក​ខ្លាំងៗ ដូច​ដែល​នៅ​មាន​អនុវត្ដ​នៅឡើយ​នៅ​តាម​ស្រុកស្រែ​ចម្ការ​ខ្លះ ។ គេ​បូជាសព រើស​យក​ធាតុ​ដាក់​ក្នុង​កោដិ ធ្វើ​អំពី​មាស ប្រាក់ ឬ​ដី​តាមតែ​លទ្ធភាព​ដែល​គេ​មាន រួច​យក​ទៅ​ទម្លាក់​កណ្ដាល​ស្ទឹង​ទន្លេ ។ ជួនកាល (សព្វថ្ងៃ​នៅ​មាន​អនុវត្ដ​ដូចនេះ​ដែរ) គេ​មិន​បូជា​ទេ តែ​ទុក​សព​ចោល​ក្នុង​ព្រៃ​ឱ្យ​សត្វ​សាហាវ​ស៊ី ។ នេះ​ចាត់​ទុក​ដូចជា​ទុក​រាងកាយ​បុគ្គល​ឱ្យ​សត្វ​ស៊ី​ ឱ្យ​ត្រូវ​ខ្យល់ គឺ​ធាតុ​មួយ​ក្នុង​បណ្ដា​ធាតុ​ទាំង​៤​ គឺ​ដូច​ជា​ការ​ធ្វើ​ទាន​ដូច្នេះ​ដែរ (17)។
មាន​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ ផ្សេងៗ​ទៀត​ដែល​រៀបរាប់​ចំណុច​ប្លែកៗ​ថា ​តាម​ធម្មតា​គេ​ដាក់​ស្លា​ទេព្វិរូ និង​ទឹកអប់​ទទួល​ភ្ញៀវ ។ គេ​មិន​ដែល​ដាក់​សុរា​ទទួល​ភ្ញៀវ​ទេ ព្រោះ​សុរា​នេះ​គេ​ផឹក​លាក់លៀម​តែ​ជាមួយ​ប្រពន្ធ កំបាំង​ពី​ភ្នែក​ឪពុក​ម្ដាយ​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត ពេល​ជួប​អ្នកធំ​ដោយ​ចៃដន្យ​នៅ​កន្លែង​ណា​មួយ គេ​ត្រូវ​បែរខ្នង​ឱ្យ ដើម្បី​ជា​ការ​សំដែង​ការ​គោរព និង​ដើម្បី​កុំឱ្យ​រំខាន​អ្នកធំ​នោះ​ផង ។

មាន ​រឿង​មួយ​ដែល​ឯកសារ​ចិន​នោះ​បាន​រៀបរាប់ ហើយ​ធ្វើ​ឱ្យ​យើង​មាន​ការ​ងឿងឆ្ងល់​ជា​ខ្លាំង​គឺថា​ នៅ​ក្នុង​ប្រទេស​នេះ​ដែល​ជា​ប្រទេស​មួយ​សម្បូរ​ហូរហៀរ និង​មាន​អារ្យធម៌​ទៅ​ហើយ​នោះ ប្រជារាស្ដ្រ​មិន​ស្លៀក​សម្លៀក​បំពាក់​ទេ ដើរ​ទៅ​ណា​មក​ណា​ននលគក​ខ្លួន​ទទេ (18) ហើយ​សើច​ចំអក​ឱ្យ​អ្នក​ដែល​ស្លៀក​សម្លៀក​បំពាក់​ទៅ​វិញ ។ ពួក​គេ​មិន​បរិភោគ​អំបិល មិន​ប្រើប្រាស់​ដែក​ទេ គេ​បាញ់​សត្វ​នឹង​ព្រួញ​ធ្នូ​ដែល​ធ្វើ​ពី​ឫស្សី ។ ត្រង់នេះ គេ​ត្រូវ​យល់​ថា គេ​និយាយ​តែ​អំពី​អ្នកស្រុក អ្នកស្រែ​ចម្ការ ពោល​គឺ​អ្នកស្រុក​ដើម​ដែល​នៅ​មិន​ទាន់​ស៊ីវីល័យ​ប៉ុណ្ណោះ មិន​សំដៅ​យក​អ្នក​ទីក្រុង​ដែល​មាន​ដើម​កំណើត​ហិណ្ឌូ ឬ​កាត់​ហិណ្ឌូ​ជាមួយ​នឹង​ស្រី​ស្រុក​អាយ ឬ​អ្នក​រដ្ឋ​វាសី ដែល​ស៊ីវីល័យ​រួច​ទៅ​ហើយ អាស្រ័យ​ដោយ​មាន​ទំនាក់ទំនង​ជាមួយ​ជនបរទេស​នោះ​ទេ ។ ម្យ៉ាងទៀត គេ​ត្រូវ​គិត​ផង​ដែរ​ថា រាជធានី​ថ្មី​បាន​ផ្លាស់​ប្ដូរ​ទៅ​កន្លែង​ថ្មី នៅ​ឆ្ងាយ​ពី​រាជធានី​ចាស់​ដែល​ហ្វាន់ស៊ីយុន​បាន​បញ្ជា​ឱ្យ​ប្រុសៗ​ទម្លាប់​ ស្លៀកពាក់​បិទ​បាំង​កេរ្ដិ៍​ភេទ (19) ។

មាន ​ការ​កត់សម្គាល់​សំខាន់​មួយ​ដោយ​ជនជាតិ​ចិន​ម្នាក់​នៅ​ដើម​សតវត្សរ៍​ទី​១២ ថា​ទីក្រុង​ទាំងអស់​សុទ្ធ​តែ​មាន​កំផែង​ការពារ​ព័ទ្ធ​ជុំវិញ និង​ថា​អ្នកស្រុក​មាន​ទំនៀម​ទម្លាប់​ដូច​អ្នកស្រុក​ឈេនឈីង (20) ដែរ គឺ​នគរ​ចាម្ប៉ា ដែល​គេ​ហៅ​តាម​ឈ្មោះ​រាជធានី ។ គួរ​រំលឹក​ថា គេ​បាន​ឃើញ​ពី​ខាងលើ​ថា​ មាន​ចិន​ម្នាក់​បាន​សរសេរ​នៅ​រវាង​ឆ្នាំ​៦១៧​ថា ទម្លាប់​បវេណី​ដែល​គេ​ប្រើ​នៅ​រាជវាំង​ស្ដេច​កម្ពុជា ដូច​គ្នា​ទៅ​នឹង​ទម្លាប់​បវេណី​នៅ​វាំង​ស្ដេច​ឈេទូ គឺ​ប្រទេស​សៀម​សព្វថ្ងៃ​ដែរ ។ ដោយហេតុ​នេះ យើង​អាច​សន្និដ្ឋាន​បាន​ថា នគរ​ចាម្ប៉ា​ សៀម និង​កម្ពុជា នៅ​សម័យ​នោះ រួម​គ្នា​បង្កើត​បាន​ជា​អាណា​ខែត្រ​ដ៏​ធំ​មួយ​នៅ​ក្នុង​ឥណ្ឌូចិន ដែល​មាន​ទំនៀម​ទម្លាប់​ប្រពៃណី សម្លៀក​បំពាក់ និង​សាសនា មិនសូវ​ខុស​គ្នា​ប៉ុន្មាន​ទេ ។ អ្នកស្រុក គឺជា​ប្រជារាស្ដ្រ​ដើម ដែល​ទទួល​យក​សាសនា ឬ​ក៏​អារ្យធម៌​ហិណ្ឌូ​ហើយ​តាំងទី​លំនៅ​នៅ​តាម​មាត់សមុទ្រ​ខាងត្បូង​នៃ​ ឥណ្ឌូចិន និង​មាន​ពួក​កុលសម្ព័ន្ធ​រដ្ឋវាសី​រស់នៅ​ព័ទ្ធ​ជុំវិញ​ពួក​នេះ​កំពុង​ទទួល​ នូវ​អារ្យធម៌​ពី​ពួក​មុន ហើយ​ចាប់​អនុវត្ដ​តាម​ទម្លាប់​ថ្មី​ដូច​គ្នា​ជា​បណ្ដើរៗ​ដែរ ។
អ្នកប្រវត្ដិសាស្ដ្រ ​របស់​រាជវង្ស​ស្វ៊ៃ​បាន​បញ្ចប់​ការ​ពណ៌នា​របស់​ខ្លួន​ដោយ​និយាយ​ថា នៅ​ជិត​រាជធានី​ដែល​គេ​ហៅ​ថា ឦសានៈ ​តាម​ព្រះ​នាម​របស់​ព្រះរាជា មាន​ភ្នំ​មួយ​ឈ្មោះ​ថា លិងគាប៉ូហ្វូ ដែល​នៅ​ពីលើ​កំពូលភ្នំ​នោះ​មាន​ប្រាសាទ​មួយ មាន​ពល​ទាហាន​៥០០០​នាក់​ការពារ ។ មាន​ប្រាសាទ​មួយ​ទៀត​នៅ​ពី​ខាងកើត​រាជធានី កសាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រលឹង​ហ្វូតូលី មាន​សេនា​១០០០​ការពារ ជាទី​កន្លែង​ដែល​ព្រះរាជា​បូជា​មនុស្ស​ម្នាក់​រាល់ៗ​ឆ្នាំ ។​សេចក្ដី​ ត្រង់នេះ​នៃ​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ធ្វើ​ឱ្យ​យើង​គិត​ឃើញ​ថា ​ព្រះបាទ​ឦសានវរ្ម័ន​គឺជា​ព្រះរាជា​ខ្មែរ​ទី​១ ដែល​បាន​ប្ដូរ​រាជធានី​ទៅ​នៅ​ខាងជើង​បឹង​ទន្លេសាប ដើម្បី​ឱ្យ​បាន​នៅ​ចំ​កណ្ដាល​ព្រះ​នគរ ត្រង់​កន្លែង​ដែល​មាន​ប្រាសាទ​បុរាណ​បាក់បែក​សល់​ពី​រាជធានី​ខ្មែរ​ពី​មុន គឺ​អង្គរធំ ឬ​មហានគរ ។ បើ​ដូច្នេះ​មែន ប្រាសាទ​ទី​១​ខាងលើ​គឺ​ប្រាសាទ​ភ្នំបាខែង ដែល​សង់​ឡើង​បូជា​ដល់​ព្រះ​សិវៈ ដោយ​គោរព​បូជា​ក្រោម​រូបភាព​ជា លិង្គ (លិងគា) ឯ​ប្រាសាទ​ទី​២ គឺ​ប្រាសាទ​សង់​បូជា​ព្រះ​នាង​កាឡី (ហ្វូតូលី) ដែល​នៅ​ក្រៅ​នគរធំ​ពី​ខាងកើត ។ ព្រះបាទ​ឦសានវរ្ម័ន ពិតជា​បាន​ផ្លាស់​រាជធានី​ទៅ​នៅ​មាត់បឹង​ទន្លេសាប​មែន ក៏​ប៉ុន្ដែ​គេ​មិន​ត្រូវ​សន្និដ្ឋាន​ថា ព្រះ​អង្គជា​អ្នក​កសាង​រាជធានី​អង្គរធំ​នោះ​ទេ ហើយ​ឦសានបុរៈ​ក៏​មិនមែន​ជា​រាជធានី​ដែល​មាន​របង​ព័ទ្ធ​ជុំវិញ​ដូចដែល​យើង​ ស្គាល់​ដោយ​សំណល់​បាក់បែក​សព្វថ្ងៃ​នេះ​ដែរ ។
យើង ​បាន​ឃើញ​ពី​ខាង​ដើម​ថា​ ព្រះពុទ្ធ​សាសនា​មាន​គេ​គោរព​បូជា​ហើយ​នៅ​ក្នុង​នគរ​ហ្វូណន​ចាប់​តាំង​ពី​ ពេល​ចាប់​ផ្ដើម​នៃ​រាជាណាចក្រ​នេះ​ម្ល៉េះ និង​ថា​ព្រះបាទ​កោណ្ឌញ្ញ​ជ័យវរ្ម័ន​ក៏​ទ្រង់​គោរព​សាសនា​នេះ​ដែរ ថ្វីបើ​ព្រះ​អង្គ​ជា​អ្នក​គោរព​បូជា​ព្រះ​សិវៈ (ព្រះ​អង្គ​បាន​ឱ្យ​គេ​កសាង​លិង្គ​១០០​ដាក់​ពាសពេញ​រាជធានី) ក៏​ដោយ ។ គឺ​ពុទ្ធសាសនិក​ម្នាក់​ឈ្មោះ សក្យនាគសេន មាន​ដើម​កំណើត​ហិណ្ឌូ ដែល​ព្រះ​អង្គ​ចាត់ជា​រាជទូត​ទៅ​គាល់​ស្ដេច​ចិន សុំ​ជំនួយ​ប្រឆាំង​ស្ដេច​ជ្រែករាជ្យ​នៅ​ចាម្ប៉ា (ជា​ខ្មែរ​ម្នាក់​ដែល​អាច​ជា​បុត្រ​ព្រះ​អង្គ​ផង)។

តាម ​ពិត​សាសនា​ទាំង​២​និកាយ​នេះ​អាច​នៅ​ជាមួយ​គ្នា​បាន ហើយ​គេ​តែងតែ​ឃើញ​រូប​ព្រះពុទ្ធ​នៅ​លាយឡំ​គ្នា​ជាមួយ​អាទិទេព​ខាង​ព្រហ្មញ្ញ ​សាសនា​នៅ​តាម​សាលា​សំណាក់​នានា​ដែល​អ្នកដំណើរ​ចូល​ស្នាក់​អាស្រ័យ​ ដែរ ។ បូជនីយេសក៍​ជាតិចិន​ម្នាក់​ឈ្មោះ យីស៊ីង ដែល​ធ្វើ​ដំណើរ​កាត់​បណ្ដា​រាជាណាចក្រ​នៅ​តាម​មាត់សមុទ្រ​ខាងត្បូង ពី​ឆ្នាំ​៦៧១​ដល់​៦៩៥ បាន​និយាយ​ថា «ធម៌​ព្រះពុទ្ធ​បាន​ចម្រុង​ចម្រើន និង​រីក​រាលដាល ស្រាប់តែ​មាន​ស្ដេច​កំណាច​មួយ​អង្គ​មក​បំបែកបំបាក់​បំផ្លាញ​អស់​ទៅ» (21) ។
ការ​បំបែក​បំបាក់​ ពុទ្ធសាសនិកជន​នេះ​ប្រហែលជា​កើត​មាននៅ​ក្រោម​រាជ្យ​ព្រះរាជា​ដែល​កាន់​ ព្រហ្មញ្ញ​សាសនា​ព្រះ​នាម​ស្រីឦសានៈ ព្រោះ​វា​ត្រូវ​នឹង​ពេល​ដែល​កើត​មាន​នូវ​ជំនឿ​ថ្មី​មួយ​គឺ​ការ​គោរព​បូជា​ ហរិហរៈ ជា​ការ​តំណាង​ព្រះ​សិវៈ និង​ព្រះ​វិស្ណុ​ក្រោម​ទម្រង់​ជា «សម្ភុ រួម​គ្នា​ក្នុង​រាង​កាយ​ព្រះ​ហរិ» ប៉ុន្ដែ ក៏​អាច​មាននៅ​ក្រោម​ព្រះរាជា​ដែល​សោយរាជ្យ​ត​ពី​ព្រះ​អង្គ គឺ​ព្រះបាទ​ជ័យវរ្ម័ន ដែល​សោយរាជ្យ​នៅ​រវាង​ឆ្នាំ​៦៦១ ។ មិន​មាន​សិលា​ចារឹក ឬ​រឿងព្រេង​និទាន​ណា​ដែល​បញ្ជាក់​អំពី​ការ​បំបែក​បំបាក់​ពុទ្ធ​សាសនិក​ជន​ នេះ​ទេ ក៏​ប៉ុន្ដែ ព្រះពុទ្ធ​សាសនា​បាន​ត្រូវ​បំផ្លិច​បំផ្លាញ​ខ្ទេចខ្ទី​ស្ទើរ​គ្មាន​ សល់ ។ យើង​នឹង​បាន​ឃើញ​តទៅ​ទៀត​ថា និកាយ​សាសនា​នេះ ក្រោយ​ពី​មាន​ជ័យ​ជម្នះ​លើ​ព្រហ្មញ្ញ​សាសនា​រួច​ហើយ មិន​ចេះ​តែ​ឈ្នះ​រហូត​ដោយ​គ្មាន​ការ​ប្រយុទ្ធ​នោះ​ទេ ហើយ​ថា​មាន​បរាជ័យ​ខ្លះៗ​ដែរ មុន​នឹង​ត្រូវ​បាន​ការ​ពារ​ដោយ​នាម៉ឺន​សព្វ​មុខមន្ដ្រី និង​ព្រះរាជា ហើយ​នៅ​ទី​បញ្ចប់​មាន​ស្ដេច​ជ្រែករាជ្យ​មួយ​អង្គ ប្រកាន់​យក​ជា​សាសនា​ជា​ផ្លូវការ​របស់​មហានគរ ។

៧-ជ័យវរ្ម័ន (៦៦៧ – …)
ព្រះរាជា​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ឦសានវរ្ម័ន គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​១ «អ្នក​ការពារ​ប្រកប​ដោយ​ជ័យជម្នះ» ។ ទ្រង់​ហាក់​ដូចជា​ព្រះរាជា​សន្ដិភាព​និយម​មួយ​អង្គ យកចិត្ដ​ទុកដាក់​ក្នុង​ការ​គ្រប់គ្រង​ប្រទេស និង​ថែរក្សា​ទឹកដី​ដែល​ព្រះរាជា​មុនៗ​ដណ្ដើម​បាន​ជា​ជាង​ការ​វាត​ទឹកដី​ជា​ បន្ដ​ទៀត ។ អ្វី​ដែល​គេ​បាន​ដឹង​ពី​ព្រះ​អង្គ គឺ​ទ្រង់​សោយរាជ្យ​ពី​ឆ្នាំ​៦៦៤ ដល់ ៦៦៧ ហើយ​សិលាចារឹក​បាន​និយាយ​ពី​ព្រះ​អង្គ​ថា «ជា​ស្ដេច​សិង្ហ​អបរាជ័យ បរិបូណ៌​ដោយ​កិត្ដិគុណ» និង​ថា «ព្រះ​អង្គ​ប៉ិន​ប្រសប់​ក្នុង​ការ​ការពារ​ពិភពលោក» ទ្រង់​មាន​ចក្ខុវិស័យ​ឈ្លាសវៃ ដែល​ធ្វើ​ឱ្យ​ព្រះ​អង្គ​ក្លាយជា​សហ​ស្រាស្កសៈ មាន​ន័យ​ថា «មាន​ព្រះ​នេត្រ​មួយ​ពាន់» ដែល​ជា​ព្រះ​នាម​មួយ​របស់​ព្រះ​ឥន្ទ្រាធិរាជ ។
ព្រះ ​អង្គ​មាន​បុត្រ​របស់​ព្រាហ្មទត្តៈ និង​សឹម្ហទេវៈ ដែល​ជាម​ន្ដ្រី​របស់​ព្រះរាជា​មុនៗ ជា​មន្ដ្រី​នៅ​ក្នុង​វាំង​ព្រះ​អង្គ ។ បុត្រ​របស់​ព្រាហ្មណ៍​ទី​មួយ​មាន​ឈ្មោះ​ថា សឹម្ហវីរៈ មាន​ន័យ​ថា​ជា «សត្វ​សិង្ហ​ព្រៃ​ពី​កំណើត​តែ​ជា​អ្នកប្រាជ្ញ​ដែល​បណ្ឌិត​ទាំង​ឡាយ​តាម​ចូល​រៀនសូត្រ» ធ្លាប់​ជា​មន្ដ្រី​របស់​ព្រះបាទ​ឦសានវរ្ម័ន​ហើយ​បន្ដ​មក​ធ្វើ​ជា​មន្ដ្រី​ របស់​ព្រះបាទ​ជ័យវរ្ម័ន​ទៀត ។ រីឯ​បុត្រ​របស់​ព្រាហ្មណ៍​ទី​២ មាន​ឈ្មោះ​ថា សឹម្ហទត្តៈ ជា​គ្រូពេទ្យ​របស់​ព្រះរាជា ។ ព្រាហ្មណ៍​នេះ «ចេះ​ចាំ​នូវ​អ្វី​ទាំងអស់​ដែល​គេ​អាច​ចេះ​ដឹង​បាន» ។ ព្រះរាជា​បាន​ប្រគល់​ព្រាហ្មណ៍​នេះ ថ្វាយ​ព្រះ​បិតុលា​ជា «ព្រះ​អនុជ​របស់​ព្រះ​មាតា មិន​បាន​សោយរាជ្យ​សម្បត្ដិ ក៏​ប៉ុន្ដែ​ទ្រង់​ប្រកប​ទៅ​ដោយ​ភោគទ្រព្យ​សក្ដិ​សម​ជា​ព្រះរាជា​មួយ​អង្គ» រួច​ក្រោយមក​ទ្រង់​បាន​តែងតាំង​ឱ្យ​ធ្វើ​ជា​អភិបាល​នៃ​អទ្យបុរៈ (ទីក្រុង​សម្បូរ​សប្បាយ) ។ អភិបាល​ក្រុង​នេះ​លុប​បំបាត់​ពន្ធ​អាករ​លើ​សួនច្បារ​ដំណាំ ជា​ការ​លុប​បំបាត់​ដ៏​ត្រឹមត្រូវ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្មសិទ្ធិករ​ទាំងឡាយ​ក្លាយ​ទៅ​ជា​មាន (22)។

(1) គឺ​ពួក​បះបោរ មិនមែន​តណ្ហា​ដូចដែល​អ្នកខ្លះ​បកប្រែ​នោះ​ទេ ។
(2) តាម​សិលាចារឹក​ភ្នំ​ហាន់ជ័យ ។
(3) សិលាចារឹក​អង្គជំនីក ។
(4) គឺ ​នៅ​សម័យ​នោះ​ហើយ​ដែល​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ឈប់​ហៅ​ប្រទេស​ដែល​ពួក​គេ​ តែង​ដាក់​ឈ្មោះ​ឱ្យ​ថា «ព្រះរាជាណាចក្រ​នៃ​មនុស្ស​ស្រាត» ថា​ជា ហ្វូណន ទៀត​ហើយៗ​បែរ​មក​ហៅ​ថា​ ប៉ូណន ​វិញ ។ លោក ពែលីយ៉ូ ក្នុង​សៀវភៅ​របស់​គាត់​ឈ្មោះ​ ហ្វូណន ត្រង់​ទំព័រ​ទី​២៨៤ បាន​និយាយ​ថា ខ្ញុំ​គិត​ថា «ព្រះរាជាណាចក្រ​នៃ​មនុស្ស​ស្រាត» នេះ មិនមែន​ជា​ឈ្មោះ​របស់​ស្រុក​ទេ គឺ​គ្រាន់តែ​ជា​ការ​ហៅ​ដោយ​ពួក​ចិន​ដែល​ភ្ញាក់ផ្អើល​នឹង​ឃើញ​អ្នកស្រុក​ គ្មាន​សម្លៀក​បំពាក់​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត​ចិន​ក៏​មាន​ហៅ​ស្រុក​ច្រើន​ទៀត​ដូច្នេះ​ដែរ ។ ទោះជា​យ៉ាងណា​ក្ដី ឈ្មោះ​ដែល​ចិន​ដាក់​ឱ្យ​កម្ពុជា​នា​ពេល​នោះ មិនមែន​ជា​ឈ្មោះ​ដែល​អ្នកស្រុក​ដាក់​ខ្លួនឯង​ទេ ទាំង​ឈ្មោះ​ចេនឡា​ទាំង​ឈ្មោះ​ហ្វូណន គឺ​អ្នកស្រុក​មិន​បាន​ស្គាល់​ដូច​គ្នា ។ មិន​មាន​ឯកសារ​បញ្ជាក់​ថា ឈ្មោះ​ទាំង​អស់​នេះ​បាន​ត្រូវ​គេ​ចង​ចាំ​នៅ​ក្នុង​ប្រពៃណី​របស់​ប្រទេស​ទេ ហើយ​ឈ្មោះ​នោះ​សោត​ទៀត​ក៏​គ្មាន​ប្រហាក់​ប្រហែល​អ្វី​សូម្បី​តែ​បន្ដិច​ទៅ​ នឹង​ពាក្យ​ខ្មែរ ឬ​ហិណ្ឌូ ឬ​ម៉ាឡេ ដែរ ។
(5) បាថ​ សិលាចារឹក​សំស្ក្រឹត​នៅ​ភូឡូខាន់​ ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​សាលា​បារាំង​ចុង​បូព៌ា ខែកក្កដា​-កញ្ញា ។ ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ពី​ឆ្នាំ​៥៨៩ ដល់ ៦១៨ ថ្វាយ​ព្រះ​នាម​ថា​ជា​ក្សត្រិយៈ​-ឆាលី-ដែល​តាម​ពិត​គឺ​ជា​វណ្ណៈ​របស់​ព្រះ​ អង្គ​ហើយ​បាន​និយាយ​ទៀត ថា​ព្រះ​នាម​ផ្ទាល់​ព្រះ​អង្គ​គឺ​ ឆេតូសឺណា ​គឺ​ ត្រសេន ក៏​ប៉ុន្ដែ​មិន​បាន​ប្រាប់​ព្រះ​អភិសេក​នាម​ទេ ។ ឯកសារ​បាន​និយាយ​ទៀត​ថា​ព្រះ​អង្គ​មាន​សញ្ជាតិ​ជា​គូឡុង ។ ពាក្យ គូឡុង នេះ​ភាសា​ម៉ាឡេ​ថា​ គួនលួន ​គឺ​សំដៅ​យក​ពួក​ម៉ាឡេ​នេះឯង ។​តែ​ខ្ញុំ​ឯកភាព​តាម​លោក​ អៃម៉ូនីញេ ថា ពាក្យ​គូឡុង​នេះ ជា​ការ​អាន​មិន​ច្បាស់​នូវ​ពាក្យ​ខ្មែរ​-ម៉ាឡេ​ថា ក្រុង មាន​ន័យ​ថា​រដ្ឋ​ ទីក្រុង​ រាជធានី តែ​ក៏​មាន​ន័យ​ថា​ស្ដេច​ផង​ដែរ ។ បើ​ដូច្នេះ សញ្ជាតិ​គូឡុង មាន​ន័យ​ថា សញ្ជាតិ​ជា​ស្ដេច ។
(6) សិលាចារឹក​អង្គជំនីក កម្រង​ក្បាល​ទី​១ ទំព័រ​៦៨​-៧០។
(7) ឦសានៈ ក៏​ជា​ឈ្មោះ​មួយ​របស់​ព្រះ​សិវៈ​ដែរ ។
(8) សិលាចារឹក​វត្ដ​ចក្រឹត កម្រង​ក្បាល​ទី​១ ទំព័រ​៤២ ។
(9) សិលាចារឹក​ស្វាយឆ្នូ កម្រង​ក្បាល​ទី​១ ទំព័រ​៤៦ ។
(10) ចក្រានបុរៈ​=​ទីក្រុង​នៃ​ទម្រ​ថាស ឬ​ទីក្រុង​របស់​ព្រះ​វិស្ណុ ប្រហែល​គឺ​ ជីក្រែង ។ អមោឃរបុរៈ​=​ទីក្រុង​របស់​អមឃៈ ដែល​ជា​ឈ្មោះ​មួយ​ទៀត​របស់​ព្រះ​សិវៈ មាន​ន័យ​ដែរ​ថា ដែល​កសាង​ឡើង​មិន​អត់​ប្រយោជន៍ ប្រហែល​គឺ​ បាត់ដំបង ។ ភឹមបុរៈ​=​ទីក្រុង​របស់​ភឹមៈ មាន​ន័យ​ថា ទីក្រុង​ចម្លែក ប្រហែលជា​ ភីម៉ៃ នៅ​លើ​ទន្លេ​សេមូន ។ សូម​អាន​សៀវភៅ​របស់​លោក អៃម៉ូនីញេ ដែល​មាន​ឈ្មោះ​ថា កម្ពុជា ក្បាល​ទី​២ ទំព័រ​១១៨ និង ៣០២។
តទៅ ​នេះ​គឺ​ជា​ឈ្មោះ​ទីក្រុង​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​សិលាចារឹក ៖ អគ្របុរៈ​=​ទីក្រុង​បវរ​ អទ្រិវ្យបុរៈ ឬ​វយធបុរៈ​=​ទីក្រុង​នៃ​ព្រានព្រៃ​ភ្នំ (អង្គរបុរី នៅ​ក្នុង​ព្រៃកប្បាស) អនិន្ទត្តបរុៈ​=​ទីក្រុង​មិន​ចេះ​ជិនឆ្អន់​ អទ្យបុរៈ​=​ទីក្រុង​សម្បូរ​សប្បាយ​ អមរទេវី​=​នៅ​ខាងជើង​ បណ្ឌុរង្គ​=​ផានរ៉ាង នៅ​ខាងត្បូង​ រនទ័យមទៈ​=​នៅ​ខាងលិច​ អវិតគ្រាមៈ​=​ទីក្រុង​ពពែ​ឥន្ទ្របុរៈ​=​ទីក្រុង​ព្រះឥន្ទ្រ​ ឧគ្របុរៈ​=​ទីក្រុង​នៃ​ឧគ្រៈ គឺ​ព្រះ​សិវៈ​ កម្ពុបុរី​=​ទីក្រុង​របស់​កម្ពុ គឺ​ប្រហែលជា​ឦសានបុរី​ យសោធបុរី ឬ ឥន្ទបត្ដ​=​អង្គរធំ​ អមោឃបុរៈ​=​ទីក្រុង​ដែល​សង់​ឡើង​មិន​អត់​ប្រយោជន៍ ឬ​ទីក្រុង​របស់​អមោឃៈ គឺ​ព្រះ​សិវៈ មិន​រសាត់អណ្ដែត​ ចក្រានកបុរៈ​=​ទីក្រុង​ទម្រ​ថាស គឺ​ជីក្រែង​ វរទគ្រាមៈ​=​ទីក្រុង​នៃ​ឧបការី​បុគ្គល​ ភឹមបុរៈ​=​ទីក្រុង​នៃ​អ្នក​គួរ​ឱ្យ​ខ្លាច គឺ​ព្រះ​សិវៈ​ រវយេឌ្របុរៈ​=ទីក្រុង​ពួក​ព្រាហ្មណ៍​ ទ្វីរទបុរៈ​=ទីក្រុង​ដំរី​គឺ​លង្វែក​ ទ្វនវីរបុរៈ​=ទីក្រុង​ស្រូវ​ ទ្វវបុរៈ​=ទីក្រុង​ចោរ ប្រហែល​តែ​មួយ​ជាមួយ ហវបុរៈ​=ទីក្រុង​នៃ​យញ្ញ​ នរវរនគរ​=​រាជធានី​អ្នកយាម​ នរេន្ទ្រគ្រាម​=ទីក្រុង​ព្រះ​អង្គម្ចាស់​ ភឹមបុរៈ​=ទីក្រុង​អស្ចារ្យ​ ភូវនគ្របុរៈ​ លិង្គបុរៈ​=ទីក្រុង​នៃ​លិង្គ​ ហរិបុរៈ​=ទីក្រុង​ព្រះ​វិស្ណុ​ វីរបុរៈ​ ហវបុរី​=ទីក្រុង​សួយសារអាករ​ សម្ភុបុរៈ​= ទីក្រុង​របស់​អ្នកប្រាជ្ញ ។
(11) រាជពង្សាវតារ​រាជវង្ស​ស្វ៊ៃ​ដែល​សោយរាជ្យ​ពី​ឆ្នាំ​៥៨៩​ដល់​៦១៨ ។​សូម​ អាន​សៀវភៅ​លោក​ ពែលីយ៉ូ ​ឈ្មោះ​នគរ​ហ្វូណន ទំព័រ​២៧២ និង​ទំនៀមទម្លាប់​ខ្មែរ ភាគ​២ ទំព័រ​១២៣ ។
(12) ទីក្រុង​មួយ​ដណ្ដើម​បាន​ពី​ស្ដេច​ពាល​មួយ​អង្គ​មាន​ឈ្មោះ​ថា​ ទម្របុរី​=​ទីក្រុង​ស្ពាន់ (សិលាចារឹក​វត្ដ​ចក្រឹត កម្រង​ក្បាល​ទី​១ ទំព័រ ៤២​-​៤៣ ទីក្រុង​មួយទៀត​ឈ្មោះ​ថា អធ្យបុរី​=​ទីក្រុង​អ្នកមាន (សិលាចារឹក​អង្គ​ជំនីក កម្រង​ក្បាល​ទី​១ ទំព័រ​៧១) ។
(13) គេ​អាច​កំណត់​ឃើញ​យ៉ាង​ច្បាស់​នូវ​ឈ្មោះ​ពិតប្រាកដ​របស់​ឋានៈ​នីមួយៗ ដែល​ចិន​អាន​បំភ្លៃ​ខុស​ជា​ខ្លាំង ដូច​ជា​ ផូតូតូទីង ត្រូវ​នឹង ពហុទេព ឬ​ពហុទេវៈ​ ចេម៉ាលីង ត្រូវ​នឹង យោមរាជ​ ឋានៈ​ទី​មួយ​សំដៅ​យក​មន្ដ្រី​ទទួល​បន្ទុក​ពន្ធ​អាករ​ ឋានៈ​ទី​២ សំដៅ​យក​មន្ដ្រី យុត្ដិធម៌ ។
(14) ពាក្យ​ថា សានប៉ាន ជា​ពាក្យ​ថ្មី​ដែល​ចិន​ហៅ​ ចាម្ប៉ា ។ តាម​ធម្មតា​ពាក្យ​លីនយី​របស់​ចិន​សំដៅ​យក​នគរ​ចាម្ប៉ា​ទាំងមូល តែ​ពេល​នេះ សានប៉ាន ប្រហែល​សំដៅ​យក​ចាម្ប៉ា​តាម​ឆ្នេរសមុទ្រ​កណ្ដាល រីឯ​លីនយី​សំដៅ​យក​ចាម្ប៉ា​តាម​ឆ្នេរ​សមុទ្រ​ខាងជើង ។
ឯកសារ ​ឈ្មោះ ត្សូហ្វ៊ូយន់ក្វៃ និយាយ​ថា នៅ​ឆ្នាំ​៦៤២ ស្ដេច​នគរ​លីនយី​បាន​បញ្ជូន​ទូត​ទៅ​គាល់​ស្ដេច​ចិន ដោយ​ទូល​ថា នគរ​លីនយី ត្រូវ​នគរ​ហ្វូណន​វាយប្រហារ និង​ស្នើ​សុំ​ជំនួយ​ពី​ស្ដេច​ចិន ។ សេចក្ដី​ត្រង់នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​វា​បញ្ជាក់​ពី​អរិភាព​រវាង​ហ្វូណន និង​លីនយី​នៅ​ពាក់កណ្ដាល​ទី​១​នៃ​សតវត្សរ៍​ទី​៧ ។ ខ្ញុំ​មិន​ដឹង​ថា តើ​នៅ​ឆ្នាំ​៦៤២ នោះ ស្ដេច​ឦសានវរ្ម័ន ដែល​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​៦១០ នៅ​សោយរាជ្យ​សម្បត្ដិ​នៅ​ឡើយ ឬ​ក៏​ព្រះបាទ​ជ័យវរ្ម័ន​បាន​ឡើង​គ្រងរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​ទៅ​ហើយ​ ទេ ។
(15) តាម​មើលទៅ​ពាក្យ​ ធន់ នៅ​ក្នុង​ឈ្មោះ​ប៊ិញធន់​សព្វថ្ងៃ ប្រហែល​ក្លាយ​មក​ពី​ ថូយន់ ​តាម​ចិន​ហៅ​នេះ​ឯង ។
(16) គេ​បាន​ឃើញ​ពី​ខាងលើ​ថា​គេ​កោរសក់​ក្នុង​ឱកាស​នេះ ។ អាច​ថា​គេ​បកប្រែ​ច្រឡំ ឬ​មួយ​ក៏​ថា​ទំនៀម​នេះ​មាន​បន្ដ​បន្ទាប់​គ្នា​ដូច្នេះ ចំពោះ​ប្រជាជន​មាន​សញ្ជាតិ​២​ផ្សេង​គ្នា ។ ជាក់ស្ដែង ពួក​ខ្មែរ​កោរសក់​នៅ​ពេល​កាន់ទុក្ខ រីឯ​ពួក​ព្នង​វិញ គេ​លែង​សក់​មិន​បួង​ទេ គឺ​ទុក​សក់​ឱ្យ​គ្មាន​សណ្ដាប់​ធ្នាប់ និង​មិន​យកចិត្ដ​ទុកដាក់​ក្នុង​ការ​ថែទាំ​ខ្លួនឯង​ទេ ដូច​ដែល​ពួក​ជ្វីហ្វ​ប្រកាន់​យក​ពី​មុន​ដែរ ។
(17) សព្វ​ថ្ងៃនេះ​ពួក​ពុទ្ធសាសនិកជន​និយាយ​ថា «ទុក​សាកសព​ឱ្យ​ជា​ចំណី​សត្វ​លើ​ផែនដី និង​ក្នុង​អាកាស» ដូច​ដែល​ព្រះ​ពោធិសត្វ​មួយ​ព្រះ​អង្គ​បាន​ធ្វើ​ទាន​ខ្លួន​ព្រះ​អង្គ​ឱ្យ​ សត្វ​ស៊ី​ ក៏​ប៉ុន្ដែ​ជួនកាល​គេ​និយាយ​តាម​ទំនៀម​ព្រហ្មញ្ញ​សាសនា​ថា «ដាក់​ទាន​សាច់​របស់​ខ្លួន​ថ្វាយ​ខ្យល់​ ព្រះពាយ ។ល ។»
(18) យើង​បាន​ឃើញ​ពី​ខាងលើ​ហើយ​ថា​គេ​បាន​បញ្ជា​ឱ្យ​ប្រុសៗ​ស្លៀក​ប៉ឹង ដូច​គ្នា​នឹង​កានម៉ាន ឬ​អាវទ្រនាប់​ស្រីៗ ។
(19) ភស្ដុ ​តាង​នៃ​ហេតុការណ៍​ស្ថិត​នៅ​លើ​ត្រង់​ថា មាន​ឯកសារ​មួយ​មាន​ឈ្មោះ​ថា «អភិប្រាយ​ស្ដី​ពី​ពួក​អនារ្យជន» ដែល​ពួក​ចិន​សរសេរ​ប៉ុន្មាន​សតវត្សរ៍​ក្រោយមក គឺ​នៅ​សតវត្សរ៍​ទី​១២ តែ​ដកស្រង់​ព័ត៌មាន​ចេញពី​អ្នកនិពន្ធ​មុនៗ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ដឹង​ អំពី​កម្ពុជា​បាន​រៀបរាប់​ថា អ្នកស្រុក​មិន​ដើរ​លែង​ខ្លួន​ទទេ​នោះ​ទេ​គឺ​ស្លៀក​សម្លៀក​បំពាក់​ខ្លីៗ និង​មាន​ខ្សែក្រវាត់​ធ្វើ​ពី​ក្រណាត់ ។​ប៉ុន្ដែ នៅ​តាម​បណ្ដា​ស្រុក​ចំណុះ​ដែល​នៅ​ឆ្ងាយ​ពី​រាជធានី មាន​អ្នកស្រុក​នៅ​លែងខ្លួន​ទទេ ហើយ​សើច​ចំអក​ឱ្យ​អ្នក​ណា​ដែល​ស្លៀក​សម្លៀក​បំពាក់ ។ ព័ត៌មាន​នេះ​ដែល​មាន​តាំងពី​សតវត្សរ៍​ទី​១២​មក​ម្ល៉េះ បើ​ផ្គូ​ជាមួយ​ព័ត៌មាន​ដែល​មាន​នៅ​សតវត្សរ៍​ទី​៧ បញ្ជាក់​ឱ្យ​យើង​ដឹង​ថា អ្នកស្រុក​ដែល​រស់នៅ​ជិត​ទីក្រុង ទីប្រជុំជន​ធំៗ ចាប់ផ្ដើម​ស្លៀក​សម្លៀក​បំពាក់​ជា​បណ្ដើរៗ ។ អ្នក​ដែល​មិន​ស្លៀក​សម្លៀក​បំពាក់​មាន​តែ​នៅ​ទី​ឆ្ងាយៗ ក្នុង​បណ្ដា​វិប្រជា​ចំណុះ​ផ្សេងៗ ។ រឿង​នេះ​គ្មាន​អ្វី​ធ្វើ​ឱ្យ​យើង​ងឿងឆ្ងល់​នោះ​ទេ ព្រោះ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក៏​នៅ​មាន​ប្រជារាស្ដ្រ​ដែល​ស្លៀក​ប៉ឹង​នៅឡើយ​នៅ​កម្ពុជា ហើយ​ក៏​មាន​អ្នកខ្លះ ដូច​ជា​ពួក​ព្នង ស្ទៀង និង​ស្អូច ដែល​រស់នៅ​វាល​រេញ​ជាដើម នៅ​ដើរ​លែងខ្លួន​ទទេ​ផង​ដែរ​កាលពី​មួយ​សតវត្សរ៍​មុន​នេះ ។
(20) ឈេនឈីង នេះ​ជា​ឈ្មោះ​រាជធានី​របស់​នគរ​ចាម្ប៉ា​កាលពី​សតវត្សរ៍​ទី​១១ ហើយ​ក៏​ប្រហែល​ជាដើម​កំណើត​របស់​ពាក្យ កូសាំងស៊ីន ដែល​គេ​ប្រើ​សម្រាប់​ហៅ​អាណ្ណាម​រហូត​មក​ទល់​សតវត្សរ៍​មុន​នេះ ។
(21) តាម​លោក ពែលីយ៉ូ ក្នុង​សៀវភៅ​ឈ្មោះ នគរ​ហ្វូណន ទំព័រ​២៨៤ ។
(22) សិលាចារឹក​វត្ដ​ព្រៃវ័ល្ល និង​អង្គជំនីក កម្រង​ទី​១ ទំព័រ​៦០ និង​៦៩ ។

No comments:

Post a Comment