Thursday, July 20, 2017

០៣.វយធបុរៈ និង សម្ភុបុរៈ ដើម​សតវត្ស​ទី​៤​ដល់​ទី​៦

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ១ ជំពូកទី ២)
Posted: Oct-10-2016

ជំពូក​ទី​២

វយធបុរៈ និង សម្ភុបុរៈ
ដូចដែលខ្ញុំ​បាន​និយាយ​ពី​ខាង​ដើម​រួច​មក​ហើយ តាម​មើលទៅ​ពួក​ចិន​ប្រើ​ពាក្យ​ហ្វូណន​សម្រាប់​ហៅ​ទឹកដី​ទាំងមូល​ដែល​ លាតសន្ធឹង​ពី​សមុទ្រ​ខាងត្បូង​ និង​ពាម​នៃ​ទន្លេមេគង្គ​រហូត​ទៅ​ដល់​ល្បាក់ខោន​នៅ​ខាងជើង​ និង​ចាប់ពី​ជួរ​ភ្នំ​អាណ្ណាម​នៅ​ខាងកើត ដែល​រួម​មាន​ទាំង​ទឹកដី​ប៊ិញធន់​សព្វថ្ងៃ​ផង រហូត​ទៅ​ដល់​ឈូង​សមុទ្រ​សៀម និង​ជួរ​ភ្នំ​តេណាស់សេរីម​នៅ​ខាងលិច ហើយ​អាច​រាប់​បញ្ចូល​ទាំង​ដែនដី​ចំណុះ​ហិណ្ឌូ មាន​នៅ​តេណាស់សេរីម សមុទ្រ មែរហ្គុយ តាវ៉យ និង​ម៉ាតា ផង​ដែរ ។
ទឹកដី ​ដ៏​ធំធេង​នេះ​ជា​អាណាចក្រ​មួយ គ្រប់គ្រង​ដោយ​ពួក​ហិណ្ឌូ ពោល​គឺ មាន​ប្រជារាស្ដ្រ​ជា​អ្នកស្រុក​ដើម​ដែល​កំពុង​តែ​ទទួល​យក​ទំនៀមទម្លាប់​ ប្រពៃណី​ពួក​បរទេស​ដែល​មក​ឈ្លានពាន ។ ម្យ៉ាងទៀត អាណាចក្រ​ដ៏​ធំ​នេះ នៅ​មិន​ទាន់​បាន​បង្រួបបង្រួម​ដោយ​ព្រះរាជា​ហ្វូណន​មួយ​អង្គ​ណាមួយ​នៅឡើយ​ ដែរ ។ មាន​ក្សត្រ​ប្រទេស​ជា​ច្រើន​ដែល​ក្សត្រ​មួយ​អង្គៗ យល់ព្រម​ធ្វើ​ជា​ចំណុះ​នគរ​ហ្វូណន ក៏​ដោយសារ​ប្រទេស​នេះ​មាន​អំណាច​ខ្លាំងក្លា​ជាង ព្រោះ​គ្រប់គ្រង​មាត់​ពាម​ទន្លេ​មេគង្គ ។ ក៏​ប៉ុន្ដែ ក្សត្រ​ប្រទេស​នីមួយៗ​ឯករាជ្យ​ដាច់ៗ​ពី​គ្នា មិន​មាន​ចំណុះ​គ្នា​ទេ គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​មហាក្សត្រ​របស់​ខ្លួន​ដែល​ចំណុះ​ឱ្យ​ ព្រះរាជា​ហ្វូណន ។
ម្យ៉ាងទៀត​វា​ ហាក់​ដូចជា​បណ្ដា​ក្សត្រ​ប្រទេស​ទាំង​អស់នោះ​មាន​ស្ដេច​សោយរាជ្យ​ ឬ​ក៏​មេកោយ​ជា​ក្សត្រ ដែល​មាន​ឈាមជ័រ​ជា​ហិណ្ឌូ ចេញពី​ត្រកូល​តែ​មួយ បើ​ហោច​ណាស់​ក៏​ចំពោះ​បណ្ដា​ប្រទេស​ដែល​នៅ​ជាប់​នឹង​មាត់​សមុទ្រ​ខាងត្បូង​ ដែរ ។ ក្សត្រ​ទាំង​អស់នោះ​មាន​ព្រះ​ឋានៈ​ជា «វរ្ម័ន» មាន​ន័យ​ថា «អ្នក​ការពារ» (1) ។ ពួក​គេ​ច្រើន​គោរព​បូជា​ព្រះ​សិវៈ ឬ​ព្រះ​វិស្ណុ ក៏​ប៉ុន្ដែ ប្រជាជន​បាន​កាន់​ព្រះពុទ្ធ​សាសនា​រួច​ទៅ​ហើយ (2) ។

តាម ​មើលទៅ បណ្ដា​ក្សត្រ​ប្រទេស​ទាំង​អស់នោះ ប្រហែលជា​មាន​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ញឹកញាប់​ដូច​នៅ​ប្រទេស​បារាំង​ កាលពី​សម័យ​យុគ​កណ្ដាល​អ៊ីចឹង​ដែរ ដែល​ស្ដេចត្រាញ់​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក តែ​ព្រះ​ចៅ​អធិរាជ​មិន​មាន​ធ្វើ​អន្ដរាគមន៍​អ្វី​ទេ ដរាបណា​ស្ដេចត្រាញ់​នីមួយៗ​នោះ​មិន​បាន​គេចវេះ​ចេញពី​ការ​គ្រប់គ្រង​របស់​ ព្រះ​អង្គ ឬ​ក៏​មិន​បាន​លះបង់​កាតព្វកិច្ច​ជា​សម្ភារៈ ឬ​ជា​ស្មារតី ដែល​មាន​ផលប្រយោជន៍​ដល់​ព្រះ​អង្គ​ទេ ។ មាន​ក្សត្រ​ប្រទេស​ពីរ​ដែល​ប្រកួត​ប្រជែង​គ្នា​ជា​ពិសេស ៖ មួយ​គឺ​រដ្ឋ​ដែល​មាន​រាជធានី​នៅ​វយធបុរៈ គឺ​នៅ​ត្រង់ អង្គរបុរី (នគររាជ​បុរី) នៅ​ក្នុង​ខែត្រ​ព្រៃកប្បាស​សព្វថ្ងៃ ដែល​មាន​សំណល់​ប្រាសាទ​នៅ​ឡើយ ។ ក្សត្រ​ប្រទេស​មួយ​ទៀត​មាន​រាជធានី​នៅ​សម្ភុបុរៈ (មាន​ន័យ​ថា​រាជធានី​របស់​សម្ភុ -គឺ​ព្រះ​សិវៈ) ដែល​មាន​តឹកតាង​ប្រាសាទ​សេស​សល់​នៅ​សម្បូរ​សព្វថ្ងៃ ជា​ទីរួមស្រុក​មួយ​នៅ​ក្នុង​ខែត្រ​ក្រចេះ ។

១- ស្រីស្រុទ្ទវរ្ម័ន
នៅសតវត្សរ៍​ទី​៥​នៃ​សករាជ ព្រះរាជា​នៃ​នគរ​វយធបុរៈ (មាន​ន័យ​ថា នគរ​អ្នកប្រមាញ់) ព្រះ​នាម​ព្រះបាទ ស្រីស្រុទ្ទវរ្ម័ន (មាន​ន័យ​ថា អ្នក​ការពារ​ពពួក​វេទ) បាន​ច្បាំង​បង្រួប​បង្រួម ហើយ​សោយរាជ្យ​លើ​ក្សត្រ​ប្រទេស​ទាំង​ពីរ ។

២- ស្រីស្រេស្ឋវរ្ម័ន
ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ស្រីស្រុទ្ទវរ្ម័ន​មាន​ព្រះ​នាម​ ថា​ ព្រះបាទ​ស្រីស្រេស្ឋវរ្ម័ន​ (មាន​ន័យ​ថា អ្នក​ការពារ​ដ៏​ប្រសើរ)។
ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​នៅ​ចុង​សតវត្សរ៍​ទី​៦ បាន​និយាយ​អំពី​រាជាណាចក្រ​ថ្មី​ដែល​កើតឡើង​ពី​ការ​បង្រួប​បង្រួម​ក្សត្រ​ ប្រទេស​ទាំង​ពីរ ដោយ​ដាក់​ឈ្មោះ​ថា ចេនឡា ។ ឯកសារ​បាន​លើក​ឡើង​ថា រាជាណាចក្រ​នេះ ពី​មុន​ជា​ចំណុះ​របស់​នគរ​ហ្វូណន ហើយ​ព្រះរាជា​របស់​រាជាណាចក្រ​នេះ​ទ្រង់​មាន​ព្រះ​ឋានៈ​ជា​ព្រះ​អធិរាជ ទោះបី​ព្រះ​អង្គ​ចំណុះ និង​លើក​សួយសារ​អាករ​ឱ្យ​នគរ​ហ្វូណន​ក៏​ដោយ ។ ព្រះ​អង្គ​បាន​វាយ​ដណ្ដើម​យក​សម្ភុបុរៈ​ដាក់​បញ្ចូល​មក​ក្នុង​វយធបុរៈ​របស់​ ព្រះ​អង្គ​ ហើយ​ប្រហែលជា​បាន​វាយ​យក​ក្សត្រ​ប្រទេស​ច្រើន​ទៀត​ផង​ដែរ​គឺ​ដោយ​ហេតុ​នោះ ទើប​ព្រះ​អង្គ​ទ្រង់​ប្រកាន់​យក​ព្រះ​ឋានៈ​ជា​ព្រះ​អធិរាជ ព្រោះ​ព្រះ​អង្គ និង​បុព្វបុរស​របស់​ព្រះ​អង្គ​បាន​ធ្វើ​ឱ្យ​ក្សត្រ​ឯទៀតៗ​ចូល​មក​ជា​ ចំណុះ ។

៣- ស្រីវីរវរ្ម័ន
ព្រះរាជា ​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ស្រីស្រេស្ឋវរ្ម័ន អាច​ជា​ព្រះបាទ​ ស្រីវីរវរ្ម័ន (3) ដែល​តាម​មើល​ទៅ​គឺជា​ព្រះរាជា​ចុង​ក្រោយ​របស់​វយធបុរៈ ដែល​លើក​សួយសារអាករ​ថ្វាយ​ព្រះបាទ​រុទ្រវរ្ម័ន (មាន​ន័យ​ថា អ្នក​ការពារ​រុទ្រ) នៃ​នគរ​ហ្វូណន​ជា​បច្ឆាញាតិ​ព្រាហ្មណ៍​កោណ្ឌញ្ញៈ ។

(1) ពាក្យ​ថា វរ្ម័ន នេះ ជា​ឋានៈ​សម្រាប់​ភ្ជាប់​ពី​ខាង​ចុង​ឈ្មោះ ពួក​ក្សត្រិយៈ ដូច​ជា​ពាក្យ ស៌ម័ន សម្រាប់​ភ្ជាប់​ទៅ​នឹង​ឈ្មោះ​ពួក​ព្រាហ្មណៈ ពាក្យ គុប្ដៈ សម្រាប់​ភ្ជាប់​ពី​ខាង​ចុង​ឈ្មោះ ពួក​វេស្យៈ និង​ពាក្យ ទាសៈ សម្រាប់​ភ្ជាប់​ពី​ខាង​ចុង​ឈ្មោះ​របស់ ពួក​សូទ្រៈ អ៊ីចឹង​ដែរ ។ វរ្ម័ន ដូច​ជា​ព្រហ្ម័ន និង​ស៌ម័ន​ដែរ គឺ​ផ្សំ​ឡើង​ពី​ពាក្យ​ វរៈ មាន​ន័យ​ថា គ្រប​ដណ្ដប់​លាក់ ។ រីឯ​ពាក្យ​ ម័ន ​ជា​ពាក្យ​ឥណ្ឌូ​អឺរ៉ុប ត្រូវ​នឹង​ពាក្យ​ឡាតាំង​ថា men ដូច​ពាក្យ ag-men car-men no-men គឺជា​នាម​នបុំស​កលិង្គ​កម្រ​ជា​នាម​បុំលិង្គ​ណាស់​ និង​ជា​ការណ​នាម ដូច​ជា​ពាក្យ kar-man មាន​ន័យ​ថា​ សកម្មភាព ពាក្យ pre-man មាន​ន័យ​ថា​ ស្នេហា ។ ពាក្យ​នេះ​ក៏​អាច​សំដៅ​យក​វត្ថុ​ដែល​គេ​ប្រើ​សម្រាប់​ធ្វើ​សកម្មភាព​អ្វីមួយ ​ផង​ដែរ​ដូច​ពាក្យ​ថា tokh-man មាន​ន័យ​ថា គ្រាប់ពូជ ។ ពាក្យ​សំស្ក្រឹត​ វរ្ម័ន ​អាច​មាន​ន័យ​ថា​ ប្រើ​សម្រាប់​ការពារ ដូច​ជា​អាវុធ​ការពារ ខែល ប្រៀប​បាន​ទៅ​នឹង​ពាក្យ គុបតិ ប្រែ​ថា ការពារ ហើយ​បាន​ក្លាយ​ទៅជា​សំណង់​ការពារ ។ ន័យ​ដើម​របស់​ពាក្យ​នេះ​បាន​ប្រែប្រួល​ទៅ​តាម​ពាក្យ​ក្លាយ​នីមួយៗ​ដូច​ជា​ នម័ន ​ឡាតាំង​ថា no-men ប្រែ​ថា​ នាម​ពាក្យ​ពែក្ស as-men ប្រែ​ថា មេឃ ។ ពាក្យ​នបុំសកលិង្គ​នេះ ត្រូវ​គ្នា​នឹង​ពាក្យ​ជា​ការកនាម ដូច​ជា ព្រហ្ម័ន​ វរ្ម័ន មាន​ន័យ​ថា អ្នក​ដែល​ការពារ ។ ព្រហ្ម័ន និង​ក្សត្រិយៈ គឺជា​ជម្រក (ស៌ម័ន) និង​ជា​អ្នក​ការពារ (វរ្ម័ន) របស់​ពួក​វេស្យៈ ដែល​មាន​ឋានៈ គុប្ដៈ មាន​ន័យ​ថា អ្នក​ដែល​គេ​ការពារ ។
(2) កោះ​សិរីលង្កា​ដូច​ជា​ដូរ​កាន់​ព្រះពុទ្ធ​សាសនា​នៅ​រវាង​ឆ្នាំ​៤៣០ ហើយ​ជ្វា និង​ចាម្ប៉ា​ក៏​ប្រហែលជា​បាន​ទទួល​ឥទ្ធិពល​នា​ពេល​នោះ​ដែរ ។ រីឯ​ប្រទេស​ចិន​វិញ​បាន​ទទួល​ព្រះពុទ្ធ​សាសនា​៣​សតវត្សរ៍​រួច​មក​ហើយ​ ហើយ​សតវត្សរ៍​ទី​៤ ទី​៥ និង​ទី​៦​ជា​សម័យ​ដែល​មហារាជ​ចិន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ឥណ្ឌា​ចម្លង​ គម្ពីរ និង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីកន្លែង​កំណើត​របស់​ព្រះពុទ្ធ ។
(3) ព្រះរាជា​អង្គ​នេះ​មិន​មាន​ព្រះ​នាម​នៅ​ក្នុង​បណ្ដា​ព្រះរាជា​នៃ​ប្រទេស​ កម្ពុជា​សម័យ​មុន​អាណាចក្រ​ខ្មែរ​របស់​លោក ម៉ាស្ពេរ៉ូ ទេ ។ ខ្ញុំ​គិត​ថា​លោក ម៉ាស្ពេរ៉ូ​ គួរតែ​រាប់​បញ្ចូល​ព្រះ​អង្គ​ផង ។

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ខ្មែរ​ពី​ដើម​សតវត្ស​ទី​៤​ដល់​ទី​៦ (ភាគ​៤)
ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​កម្ពុជា នៅ​អំឡុង​សតវត្ស​ទី​៦ ពេល​ដែល​ប្រទេស​កម្ពុជា បាន​ទទួល​ឥទ្ធិពល​ជា​លើក​ទី​ពីរ​ពី​ឥណ្ឌា មាន​ការ​រីក​ចម្រើន​រុងរឿង​ណាស់ រហូត​ដល់​មាន​ការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​អោយ​ទៅ​ជួយ​វិស័យ​នេះ​នៅ​ប្រទេស​ចិន ទៀត​ផង។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ពី​ដើម​សតវត្ស​ទី​៤ ដល់​ទី​៦។

ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​អំឡុង​ខាង​ដើម​សតវត្ស​ទី​៤ មិន​សូវ​មាន​ឯកសារ​អ្វី​កត់ត្រា​ទុក​ទេ ទោះ​ជា​សិលា​ចារិក ឬ​ឯកសារ​ចិន ក៏ដោយ។ រហូត​ដល់​ឆ្នាំ​៣៥៧ អាណាចក្រ​ភ្នំ​ត្រូវ​គ្រប់គ្រង​ដោយ​ព្រះរាជា​មួយ​ព្រះអង្គ ព្រះនាម ឆានតាន ដែល​ចិន អោយ​ឈ្មោះ​ថា ធៀនឈូឆានតាន ប្រែ​ថា​ឥណ្ឌា ឈ្មោះ ឆានតាន។ ឆានតាន នេះ​ជា​ឋានន្តរនាម​របស់​ពួក​ឥណ្ឌូ-សីថ ជាពិសេស គឺ​របស់​រាជវង្ស​កុសាណៈ ដែល​ប្រហែល​ជា​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ឥណ្ឌា ផ្នែក​ខាង​ត្បូង ដែល​ខ្លួន​បាន​ធ្លាប់​កាន់​កាប់​មួយ​រយៈពេល ដែល​ព្រះរាជា​ឥណ្ឌា មួយ​ព្រះអង្គ ព្រះនាម ព្រះបាទ​សមុទ្រគុប្តៈ ទ្រង់​វាយ​លុក​រំដោះ​យក​តំបន់​នោះ​នៅ​ឆ្នាំ​៣៣៥-៣៧៥។

ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះបាទ ឆានតាន បាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ហើយ​ព្រះអង្គ​បាន​លើក​សួយ​ជា​ដំរី​ផ្សាំង ទៅ​ថ្វាយ​អធិរាជ​ចិន ថែម​ទៀត​ផង។ ឯកសារ​ចិន ក៏​បាន​កត់ត្រា​ទុក​ផង​ដែរ​ថា ក្នុង​ចំណោម​ស្ដេច​ដែល​សោយរាជ្យ​តៗ​មក​ពី​ព្រះបាទ ឆានតាន មាន​ស្ដេច​មួយ​ព្រះអង្គ​ព្រះនាម កៅណ្ឌិន្យ ជា​ព្រាហ្មណ៍​ជាតិ​ឥណ្ឌា ដែល​ពេល​មួយ​នោះ​មាន​សំឡេង​អាថ៌កំបាំង​មួយ​បាន​បញ្ជា​អោយ​ព្រាហ្មណ៍​នេះ​ទៅ​សោយរាជ្យ​នៅ​អាណាចក្រ​ភ្នំ។

កៅណ្ឌិន្យ មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​ប៉ានប៉ាន នៅ​ខាង​ត្បូង​ដែល​អ្នក​ស្រុក​នគរ​ភ្នំ​បាន​នាំ​គ្នា​ទៅ​ជួប ហើយ​ស្រុះ​ស្រួល​លើក​ព្រះអង្គ​អោយ​ឡើង​សោយរាជ្យ។ ឯកសារ​ខ្លះ​បាន​បញ្ជាក់​ថា ក្សត្រ​អង្គ​នេះ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ស្រុទ្ទៈវរ្ម័ន ដែល​គេ​បាន​ថ្វាយ​ព្រះ​រហ័សនាម​ថា អ្នក​ការពារ​លទ្ធិ​វេទ។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ សាសនា​ព្រាហ្មណ៍​គណៈ​ឥសូរ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ប៉ុន្តែ​ខាង​ព្រះពុទ្ធ​សាសនា​មហា​យាន​វិញ ក៏​នៅ​មាន​សាសនិក​អ្នក​ជឿ និង​គោរព​ច្រើន​ដែរ។ របៀប​របប​រៀប​ចំ​ផ្នែក​នយោបាយ និង​ខាង​សង្គម​នៅ​អាណាចក្រ​ភ្នំ ត្រូវ​ចម្លង​យក​តាម​រូបភាព​ប្រទេស​ឥណ្ឌា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ព្រះអង្គ​បាន​ទាំង​អញ្ជើញ​ពួក​ព្រាហ្មណ៍​យ៉ាង​ច្រើន​ពី​ប្រទេស​ឥណ្ឌា ដោយ​ផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដល់​ពួក​នេះ ដើម្បី​អោយ​គេ​ជួយ​រៀប​ចំ​កិច្ច​ការ​ផ្សេងៗ​ខាង​សាសនា ការ​អប់រំ និង​ខាង​សង្គម​ថែម​ទៀត​ផង។

ក្រោយ​ពី​ព្រះអង្គ​ចូល​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ស្រេស្ថាវរ្ម័ន។ ព្រះរាជា​អង្គ​នេះ​បាន​បញ្ជា​អោយ​យក​សារ​ការទូត និង​ដង្វាយ​ទៅ​ថ្វាយ​ព្រះចៅ​អធិរាជ​ចិន នៃ​រាជវង្ស​វ៉ិន​ជាច្រើន​លើក គឺ​នៅ​គ្រិស្ដសករាជ​៤៣៤-៤៣៥ និង​៤៣៨។ ម៉្យាង​ទៀត ដើម្បី​រក្សា​ចំណង​មិត្តភាព​ល្អ​ជាមួយ​ប្រទេស​ចិន នេះ ព្រះបាទ ស្រេស្ថាវរ្ម័ន ក្នុង​ឆ្នាំ​៤៣១-៤៣២ បាន​ប្រកែក​មិន​ព្រម​ជួយ​ប្រទេស​ចំប៉ា ក្នុង​ការ​វាយ​ដណ្ដើម​យក​ខេត្ត​តុងគឹង របស់​ចិន ទេ។

ពង្សាវតារ​ចិន រាជវង្ស​ស៊ី​ខាង​ត្បូង បាន​និយាយ​ថា ប្រហែល ១០​ឆ្នាំ​ក្រោយ​កាល​កំណត់​៤៣១-៤៣២ ស្ដេច​សោយរាជ្យ​នៅ​នគរ​ភ្នំ គឺ​ព្រះបាទ ជ័យវរ្ម័ន ដែល​មាន​ត្រកូល កៅណ្ឌិន្យ គឺ​ព្រះបាទ កៅណ្ឌិន្យ ជ័យវរ្ម័ន គ្រិស្ដសករាជ​៤៨០-៥១៤។ ព្រះអង្គ​ជា​មហាក្សត្រ​នគរ​ភ្នំ ដែល​មាន​ចំណង​ទាក់ទង​ការទូត​យ៉ាង​ប្រពៃ​បំផុត​ជាមួយ​នឹង​ប្រទេស​ចិន រហូត​ដល់​ព្រះចៅ​អធិរាជ​ចិន ទ្រង់​ថ្វាយ​ឋានន្តរនាម​ថា មេទ័ព​ស្នេហា​សន្តិភាព​ភាគ​ខាង​ត្បូង​អធិរាជ​ក្រុង​ភ្នំ។ ក្នុង​រាជ​ព្រះបាទ កៅណ្ឌិន្យ​ជ័យវរ្ម័ន នេះ​មាន​ព្រះភិក្ខុ​សង្ឃ​ពីរ​អង្គ​នៃ​អាណាចក្រ​ភ្នំ គឺ​ព្រះសង្ឃ​បាល និង​មន្ត្រសេន បាន​និមន្ត​ទៅ​គង់​នៅ​ប្រទេស​ចិន ដើម្បី​ជួយ​បកប្រែ​គម្ពីរ​ផ្សេងៗ​ពី​ភាសា​សំស្ក្រឹត។ ហើយ​គឺ​ក្នុង​រាជ្យ​ព្រះអង្គ​នេះ​ដែរ គឺ​ក្នុង​គ្រិស្ដសករាជ​៥០៣ ព្រះអង្គ​ទ្រង់​បាន​ចាត់​ព្រះសង្ឃ​ព្រះនាម នាគសេន អោយ​នាំ​ព្រះពុទ្ធ​រូប​ធ្វើ​អំពី​ផ្កា​ថ្ម និង​ចេតិយ​ធ្វើ​អំពី​ភ្លុក និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ថ្វាយ​ព្រះចៅ​អធិរាជ​ចិន រាជវង្ស​សុង។

ដោយសារ​សំអាង​ទៅ​លើ​ឯកសារ​ចិន ដែល​ចែង​ពី​សេចក្តី​រាប់​អាន ដែល​ព្រះចៅ​អធិរាជ​ចិន មាន​ចំពោះ​ព្រះបាទ កៅណ្ឌិន្យ​ជ័យវរ្ម័ន នេះ គេ​អាច​សន្មត​ថា រជ្ជកាល​របស់​ព្រះអង្គ​ជា​សម័យ​រុងរឿង​បំផុត​នៃ​ប្រវត្តិសាស្ត្រ​អាណាចក្រ​នគរ​ភ្នំ។ ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​គ្រិស្ដសករាជ​៥១៤។ តាម​រាជ​ប្រវេណី ក្រោយ​ពី​ព្រះអង្គ កៅណ្ឌិន្យ​ជ័យវរ្ម័ន សុគត​ទៅ គឺ​ត្រូវ​រាជ​ទាយាទ​ព្រះនាម គុណវរ្ម័ន ជា​បុត្រ​របស់​ព្រះរាជ​អគ្គមហេសី ព្រះនាង កុលប្រភាវតី ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ។ ប៉ុន្តែ នៅ​ឆ្នាំ​៥១៤ នោះ​ដដែល រុទ្រវរ្ម័ន ជា​ព្រះជេដ្ឋា​របស់ គុណវរ្ម័ន ដែល​ជា​បុត្រ​របស់​ស្នំ​ម្នាក់ បាន​ធ្វើ​គត់ គុណវ្ម័ន ជា​ប្អូន ដើម្បី​ដណ្ដើម​យក​រាជ្យ​សម្បត្តិ​សោយ។

ព្រះបាទ រុទ្រវរ្ម័ន នេះ គឺ​ជា​ស្ដេច​ចុង​ក្រោយ​បង្អស់​នៃ​អាណាចក្រ​នគរ​ភ្នំ។ ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ជាច្រើន​ដង​នៅ​ចន្លោះ​គ្រិស្ដសករាជ​៥១៧ និង​៥៣៥ ទៅ​កាន់​ប្រទេស​ចិន។ រាជទូត​អាណាចក្រ​ភ្នំ​ម្នាក់​ដែល​បាន​នាំ​សួយ​ជា​សត្វ​រមាស​មួយ​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន នៅ​ឆ្នាំ​៥៣៩ បាន​ទូល​ព្រះអង្គ​ថា នៅ​ប្រទេស​ខ្លួន​មាន​ព្រះកេស គឺ​សក់​ព្រះ​មួយ​សរសៃ​ប្រវែង​បី​ម៉ែត្រ។ លុះ​ទ្រង់​ជ្រាប​ដំណឹង​នេះ​ហើយ ព្រះចៅ​អធិរាជ​លាងវូទី បាន​បញ្ជា​ព្រះសង្ឃ ឆេយុនប៉ាវ អោយ​និមន្ត​មក​អាណាចក្រ​ភ្នំ ដើម្បី​នាំ​យក​ព្រះកេស​នោះ​ទៅ​ប្រទេស​ចិន។

បើ​តាម​ពង្សាវតារ​រាជវង្ស​លាង ព្រះពុទ្ធ​សាសនា​ក្នុង​សម័យ​នោះ​រុងរឿង​ណាស់ ព្រោះ​ឯកសារ​នោះ​បាន​និយាយ​ថា មាន​គណៈ​បេសកកម្ម​ទូត​ចិន មួយ​ត្រូវ​បញ្ជូន​មក​អាណាចក្រ​ភ្នំ នៅ​ចន្លោះ​គ្រិស្ដសករាជ​៥៣៥ និង​៥៤៥ ដើម្បី​សុំ​អោយ​អធិរាជ​អាណាចក្រ​ភ្នំ បញ្ជូន​ទៅ​ប្រទេស​ចិន នូវ​អ្នក​ប្រាជ្ញ និង​គម្ពីរ​ខាង​ព្រះពុទ្ធ​សាសនា។

គួរ​កត់​សម្គាល់​ថា ការ​ដែល​ព្រះបាទ វុទ្រវរ្ម័ន ឡើង​សោយរាជ្យ​ដោយ​ខុស​ទំនង​បែប​នេះ បាន​បណ្ដាល​អោយ​អាណាចក្រ​នគរ​ភ្នំ​ត្រូវ​វឹកវរ​ចលាចល រហូត​ដល់​ត្រូវ​រលំ​រលាយ​ជា​ស្ថាពរ​នៅ​ពាក់​កណ្ដាល​ទី​២​នៃ​សតវត្ស​ទី​៦ នោះ​ឯង៕

No comments:

Post a Comment