ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ១ ជំពូកទី ៨)
Posted: Oct-10-2016
ជំពូកទី៨
ប្រទេសកម្ពុជាពីសតវត្សរ៍ទី១០ ដល់សតវត្សរ៍ទី១៤
១. ព្រះបាទហស៌វរ្ម័នទី១ (៩០៨- ?)
នៅ ពេលដែលព្រះបាទយសោវរ្ម័ន សុគតទៅនៅឆ្នាំ៩០៨ រាជបុត្ររបស់ព្រះអង្គបានឡើងសោយរាជ្យបន្ដក្រោមព្រះអភិសេកនាមថា ស្រីហស៌វរ្ម័ន ។ ព្រះស្រីហស៌វរ្ម័នទ្រង់គង់នៅយសោធបុរៈដដែល ក៏ប៉ុន្ដែប្រហែលជាបានប្ដូរឈ្មោះរាជធានីទៅជា ហស៌ធបុរៈ តាមទម្លាប់ ។ ព្រះអង្គបានសម្ពោធប្រាសាទភិមានអាកាស ប្រកបដោយរានហាលខ្ពស់ ដែលចាប់ផ្ដើមសាងសង់នៅក្នុងរជ្ជកាលព្រះបិតាព្រះអង្គ ។
គេមិនបានដឹងទេថា ក្សត្រអង្គនេះសុគតនៅឆ្នាំណាទេ គ្រាន់តែដឹងថាទ្រង់មានព្រះមរណនាមថា រុទ្រលោក មានន័យថា ទ្រង់ជាភ្ញៀវរបស់ព្រះរុទ្រៈ ។
២. ឦសានវរ្ម័នទី២ (? -៩២៨)
ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទហស៌វរ្ម័ន គឺព្រះអនុជរបស់ព្រះអង្គដែលជាព្រះរាជបុត្ររបស់ព្រះបាទយសោវរ្ម័ន ដែរ ហើយមានព្រះអភិសេកនាមថា ស្រីឦសានវរ្ម័ន ។ ព្រះអង្គមានព្រាហ្មណ៍បុរោហិតមានឈ្មោះថា ស្ដែងអញកុមារៈស្វាមី ដែលអត្ថបទមួយបានលើកសរសើរថាជា «អ្នកពូកែខាងពិធីបូជា និងធ្លាប់ធ្វើជាបុរោហិតរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១» ។
ព្រះបាទឦសានវរ្ម័ន សុគតទៅនៅគ្រិស្ដសករាជ៩២៨ ត្រូវនឹងមហាសករាជ៨៥០ ហើយទ្រង់មានព្រះមរណនាមថា ព្រះបរមរុទ្រលោក មានន័យថា ជាភ្ញៀវរបស់ព្រះបរមរុទ្រៈ ។
៣. ព្រះបាទជ័យវរ្ម័នទី៥ (៩២៨-៩៤២)
ព្រះរាជា ដែលឡើងសោយរាជ្យបន្ដពីព្រះបាទឦសានវរ្ម័ននៅឆ្នាំ៩២៨ ប្រហែលដោយជ្រែករាជ្យ គឺព្រះបិតុលារបស់ព្រះអង្គព្រះនាម ព្រះបាទស្រីជ័យវរ្ម័ន ដែលជាព្រះអនុជរបស់ព្រះបាទយសោវរ្ម័ន ។
មិន ដឹងថាដោយមានការបះបោរប្រឆាំងនឹងការឡើងសោយរាជ្យរបស់ព្រះអង្គពី រាជធានីចាស់ ឬក៏ថាព្រះអង្គមានមហិច្ឆតាចង់សង់រាជធានីមួយដែលល្អជាងរាជធានី ដែលព្រះរៀមបានសង់ ព្រះបាទស្រីជ័យវរ្ម័នបានបោះបង់អង្គរធំ ហើយនាំយកទេវរាជទៅតាំងរាជធានីនៅឯជោគគគ៌្យារ (1) ដែលប្រហែលជាអនិន្ទត្តបរុៈ (មានន័យថារាជធានីនៃពួកព្រានប្រមាញ់) គឺកោះកេរ្ដិ៍សព្វថ្ងៃស្ថិតនៅក្នុងខែត្រព្រហ្មទេពនៅពីខាងជើងខែត្រ កំពង់ធំ (2) ។
ហោរារបស់ព្រះ អង្គគឺ ស្ដែងអញឦសានមុរទិ ត្រូវជាចៅរបស់វមសិវៈ និងជាមេគ្រួសារសិវៈកៃវល្យៈ ដែលជាបុរោហិតទីមួយនៃទេវរាជ ។ សិលាចារឹកមួយ (3) បានលើកពីព្រះអង្គថា ទ្រង់បានធ្វើសង្គ្រាមមានជ័យជម្នះលើពួកចាម ហើយបាន «ធ្វើសង្គ្រាមទៅគ្រប់ទិសទាំងបួន» ។
ព្រះបាទជ័យវរ្ម័នទី៥ សុគតនៅឆ្នាំ៩១២ ហើយទ្រង់មានព្រះមរណនាមថា ព្រះបរមសិវៈបទ ជាភ្ញៀវរបស់ព្រះឧត្ដមសិវៈ ។
៤. ព្រះបាទហស៌វរ្ម័នទី២ (៩៤២-៩៤៤)
ព្រះរាជ បុត្រាប្អូនរបស់ព្រះបាទជ័យវរ្ម័នទី៥ បានឡើងសោយរាជ្យបន្ដពីព្រះអង្គនៅជោគគគ៌្យារ ក្រោមព្រះអភិសេកនាមថា ស្រីហស៌វរ្ម័ន ។ ហោរារបស់ព្រះរាជាអង្គនេះ គឺស្ដែងអញអត្មសិវៈ ជាអ្នករៀបចំពិធីបូជាថ្វាយព្រះទេវរាជ ។ អត្មៈសិវៈនេះ ជាក្មួយរបស់ឦសានមុរទិ ដែលជាបុរោហិតរបស់ព្រះបិតាព្រះអង្គ ។
សិលាចារឹកព្រះឥន្ទកោសិយ បានលើកសរសើរព្រះរាជាអង្គនេះថា ជាព្រះចៅអធិរាជដែល «មាននខា (ក្រចក) ព្រះបាទភ្លឺរលោងដោយសារប៉ះនឹងមកុដព្រះរាជាទាំងឡាយនៅលើពិភពលោកនេះ ដែលមកក្រាបបង្គំគាល់» និងថាព្រះអង្គប្រៀបបានទៅនឹង «ព្រះអាទិត្យនាអរុណោទ័យផង និងព្រះច័ន្ទពេញវង់ឥតផ្ទឹមផង» ។ គេនិយាយថា គឺជា «ព្រះច័ន្ទនៃរាជវង្សកោណ្ឌញ្ញៈ ជាទីប្រជុំនៃគុណធម៌ទាំងឡាយ» (4) ។
ក៏ ប៉ុន្ដែ ព្រះបាទហស៌វរ្ម័នទី២ទ្រង់សោយរាជ្យមិនទាំងបានពីរឆ្នាំផងជាហេតុ ធ្វើឱ្យគេសួរថា តើព្រះអង្គបានដណ្ដើមរាជ្យសម្បត្ដិពីព្រះរៀមដែលសោយរាជ្យបន្ដពី ព្រះអង្គ ឬយ៉ាងណា ។ បើពុំនោះទេ ប្រសិនបើព្រះអង្គមិនត្រូវព្រះរៀមធ្វើឃាតទេ តើព្រះអង្គ និងព្រះបិតា ជាបក្សពួកសត្រូវនឹងមហានគរ ហើយព្រះរាជេន្ទ្រវរ្ម័ន ជាព្រះរៀមជាបក្សពួកខាងយសោធរបុរៈ ឬអ្វី ?
ព្រះបាទហស៌វរ្ម័នទី២ មានព្រះមរណនាមថា ព្រហ្មលោក មានន័យថា ជាភ្ញៀវរបស់ព្រះព្រហ្ម ។
៥. ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨)
ព្រះបាទ រាជេន្ទ្រវរ្ម័ន ជាព្រះរាជបុត្រាច្បងរបស់ព្រះបាទជ័យវរ្ម័នទី៥ និងត្រូវជាព្រះរៀមរបស់ព្រះរាជាមុន ។ ទ្រង់ប្រកបទៅដោយព្រះសម្ពស្សល្អក្រៃលែង ។ ព្រះអង្គបានឡើងសោយរាជ្យនៅឆ្នាំ៩៤៤ ហើយបាននាំព្រះរាជវង្សរាជបរិពារ និងទេវរាជ ព្រមទាំងព្រាហ្មណ៍បុរោហិតត្រលប់មកគង់នៅនគរស្រីយសោធរបុរៈ(អង្គរ ធំ) វិញ ដែលត្រូវបោះបង់ចំនួន១៦ឆ្នាំមកហើយ ។ ព្រះអង្គបានធ្វើឱ្យរាជធានីនេះ «ប្រែ ក្លាយ ទៅជាល្អសម្បើម និងស្រស់ប្រិមប្រិយ ដោយសង់ផ្ទះធ្វើអំពីមាសចាំងផ្លេក និងសង់វាំងរំលេចទៅដោយត្បូងថ្ម ប្រៀបបានទៅនឹងប្រាសាទរបស់ព្រះមហេន្ទ្រៈសង់នៅលើដី» (5)។
នៅ ក្នុងរជ្ជកាលរបស់ព្រះរាជាអង្គនេះ ដែលមានរយៈពេល២៤ឆ្នាំ មានអភិជនម្នាក់មានគោរមងារជា កម្រតេងឈ្មោះថា នគៈគុលៈ បានសាងសង់ប្រាសាទជាច្រើនឧទ្ទិសដល់ព្រះសិវៈ និងមានរដ្ឋមន្ដ្រីម្នាក់ទៀតឈ្មោះថា កវិន្ទ្ររិមត្ថនា ជាអ្នកសម្បូរទ្រព្យសម្បត្ដិដូចជាខ្សែក្រវាត់ ថូទឹក គ្រែស្នែង ក្រវិល ។ល ។ បានសាងសង់ព្រះបដិមាព្រះពុទ្ធមួយចំនួន ។ ព្រះរាជាផ្ទាល់ បានកសាងប្រាសាទមេបុណ្យនៅចំកណ្ដាលអាងទឹកមួយ រួចសាងបដិមា វិរញ្ចៈមួយ បដិមាទេវីមួយ ឥសៈ (សិវៈ) មួយ សរិង្គិន (វិស្ណុ) មួយ និងលិង្គព្រះសិវៈមួយ ។
សិលាចារឹកព្រះឥន្ទកោសិយបានលើកសរសើរព្រះបាទរាជេន្ទ្រវរ្ម័នថាជា «ទី គោរពបូជានៃព្រះរាជាទាំងឡាយ ទ្រង់ជាស្ដេចអបរាជ័យ និងតែងតែមានជ័យជម្នះជានិច្ចលើខ្មាំងសត្រូវ ។ ទ្រង់ប្រៀបបានទៅនឹងរតនវត្ថុនៅលើកំពូលមកុដនៃព្រះរាជាទាំងអស់នៅ លើផែនដីនេះ ។ ជ័យជម្នះរបស់ព្រះអង្គល្បីរន្ទឺទៅគ្រប់ទិសទី» ។ ទាំងអស់នេះ ហាក់ដូចជាបញ្ជាក់ថា ព្រះបាទរាជេន្ទ្រវរ្ម័ន បានធ្វើសង្គ្រាមជាច្រើន ហើយបានដេញវាយសត្រូវរហូតដល់ក្នុងផ្ទៃប្រទេសគេទៀតផង ។
សិលាចារឹកបាទជុំនៅក្នុងខែត្រសៀមរាបបាននិយាយថា «ព្រះ នាងលក្ស្មី ដែលជានារីល្អលើសស្ដ្រីទាំងឡាយក្នុងភពទាំងបី ទ្រង់នឿយណាយជាខ្លាំងនឹងការថ្នាក់ថ្នមរបស់ពួកសុរៈ និងអសុរៈ ហើយបែរមកជាប់ចិត្ដនឹងព្រះភ័ក្ដ្រដ៏ស្រស់ប្រិមប្រិយរបស់ព្រះ អង្គ ដើម្បីក្រេបជញ្ជក់យកទឹកដមនៃសម្ពស្សរបស់ទ្រង់វិញ ។ ព្រះនាងពឹងផ្អែកមកលើព្រះវិស្ណុលើដីនេះ ដែលពោរពេញទៅដោយសេចក្ដីក្លាហានកម្រិតកំពូល នៅពេលដែលធូលីហុយទ្រលោមឡើង បានបង្កជាភាពងងឹតសូន្យសុងមួយដូចពេលយប់» ។
«ទ្រង់ជាសត្វសិង្ហក្នុងចំណោមព្រះរាជាទាំងឡាយ និងជាសត្វសិង្ហនៃមនុស្សជាតិ» ។ ទ្រង់បានវាយយកនគរចាម្ប៉ានៅឆ្នាំ៩៦០ គឺនៅក្នុងរជ្ជកាលស្ដេចចាម ព្រះបរមេស្វរវរ្ម័ន ឬក៏ក្នុងរជ្ជកាលព្រះរាជាដែលសោយរាជ្យបន្ទាប់ តែគេមិនបានស្គាល់ព្រះនាមទេ ។ សិលាចារឹកបក្សីចាំក្រុងបានលើកសរសើរពីព្រះបាទរាជេន្ទ្រវរ្ម័ន ថា «ព្រះអង្គប្រៀបបានទៅនឹងព្រះអគ្គី ដែលដុតរោលរាល់រាជាណាចក្របច្ចាមិត្ត ជាពិសេស គឺនគរចាម្ប៉ា» ។ បន្ថែមពីលើនោះ ឯកសារប្រវត្ដិសាស្ដ្រចិនបានបញ្ជាក់ថា កម្ពុជាសម័យនោះជាមហាអំណាចមួយមានព្រះរាជាចំណុះច្រើនជាង៦០ព្រះ អង្គ ។
មានសិលាចារឹកចាមមួយ គឺសិលាចារឹកពោធិនគរ បានរៀបរាប់ថា នៅក្នុងសង្គ្រាមជាមួយចាម ពួកខ្មែរដែល «ពោរពេញទៅដោយសេចក្ដីលោភលន់ និងបាបធម៌» បានលួចយកទៅនូវព្រះបដិមាព្រះភគវាទិ ធ្វើអំពីមាស «មានពន្លឺត្រចះដូចព្រះច័ន្ទពេញវង់លើវេហាស៍ និងបានលះបង់ព្រះកាយក្នុងការដឹកនាំនគរចាម្ប៉ា ដែលស្ដេចស្រីឥន្ទ្រវរ្ម័ន» បានកសាងឡើងក្នុងឆ្នាំ៩១៨ដាក់ក្នុងព្រះវិហារ ។ សិលាចារឹកនោះបានបន្ថែមទៀតថា «ពួកខ្មែរនោះ ក្រោយមកត្រូវស្លាប់អស់» ក៏ប៉ុន្ដែ មិនបានបញ្ជាក់ថា តើស្លាប់ដោយរបៀបណាទេ (6) ។
នៅ សម័យនោះឯកសារចិនបានហៅរាជាណាចក្របង្រួបបង្រួមទាំងពីរថា ជាមឡាប់ ប្រហែលដោយយកព្យាង្គដំបូងនៃឈ្មោះរាជធានីចាម្ប៉ាគឺ ជាមចេន ដាក់ភ្ជាប់នឹងព្យាង្គក្រោយរបស់ឈ្មោះកម្ពុជាគឺ ចិនឡាប់ ។ ក៏ប៉ុន្ដែ នគរចាម្ប៉ាប្រហែលជាមិនបាននៅក្រោមការត្រួតត្រារបស់កម្ពុជាយូរទេ ពីព្រោះថាមានស្ដេចចាមមួយអង្គបានសាងសង់ព្រះបដិមាព្រះភគវាទិ ឡើងវិញតែអំឡុងពេលប្រាំឆ្នាំក្រោយដែលពួកខ្មែរលួចយកទៅតែ ប៉ុណ្ណោះ ។
ព្រះបាទរាជេន្ទ្រវរ្ម័ន (7) បានសុគតនៅឆ្នាំ៩៦៨នៃគ្រិស្ដសករាជ ត្រូវនឹងមហាសករាជ៨៩០ ហើយមានព្រះមរណនាមថា សិវលោក មានន័យថា ទ្រង់ជាភ្ញៀវរបស់ព្រះសិវៈ ។
៦. ព្រះបាទជ័យវរ្ម័នទី៦ (៩៦៨-១០០២)
ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទរាជេន្ទ្រវរ្ម័ន គឺព្រះរាជបុត្ររបស់ព្រះអង្គ ព្រះបាទស្រីជ័យវរ្ម័នទី៦ ដែលជាព្រះរាជាកែទម្រង់ ឬប្រត្យាស្ថាបនិក និងជាព្រះរាជាពូកែខាងធ្វើសង្គ្រាម តែមានអធ្យាស្រ័យល្អ ។ សិលាចារឹកព្រះឥន្ទ្រកោសិយបានដំណាលថា «ព្រះ អង្គ បានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អក្នុងវណ្ណៈ ប្រៀបបីដូចជារៀបចំឡើងដោយព្រះព្រហ្មផ្ទាល់ ។ ព្រះអង្គប្រកបទៅដោយទេពកោសល្យ និងមានព្រះហត្ថាកាន់កងចក្រ ។ នៅពេលទ្រង់ចេញដំណើរម្ដងៗ សន្ធឹកជើងកងទ័ពរបស់ព្រះអង្គ ធ្វើឱ្យកក្រើកផែនដី និងព្រៃភ្នំទាំងឡាយ ប្រៀបបាននឹងមហាសាគរដែលត្រូវរញ្ជួយដោយព្យុះខ្យល់» ដូច្នោះដែរ ។
ពេល នោះ «សន្ធឹកស្គរលាយឡំជាមួយសំឡេងកងរំពងរបស់គងឃ្មោះធ្វើអំពីស្ពាន់ និងត្រែ ខ្លុយ ស័ង្ខ… ធ្វើឱ្យពួកសត្រូវភ័យបាក់បបខ្លបខ្លាចជាខ្លាំង» ។ សិលាចារឹកក៏បានលើកពីព្រះអង្គដែរថា ទ្រង់បានដុតបំផ្លាញប្រទេសទាំងឡាយណាដែលព្រះអង្គធ្វើសង្គ្រាមជាមួយ ដោយនិយាយថា «អណ្ដាតភ្លើងនៃការបូជាដែល កើត ឡើងពីប្រតិបត្ដិការរបស់ព្រះអង្គ បង្កបានជាផ្សែងធំវែង ប្រៀបបាននឹងទង់ជ័យចម្បាំង ធ្វើឱ្យសត្រូវភ័យខ្លាច ហើយរត់គេចចេញបាត់អស់ បើទោះជាអង់អាចយ៉ាងណាក៏ដោយ» ។ ព្រះអង្គគួរឱ្យខ្លាចខ្លាំងណាស់ នៅពេលដែលទ្រង់ខ្ញាល់ៈ «កាល ណាព្រះអង្គគ្រហឹមដូចរាជសីហ៍ពេលមានកំហឹង ព្រះរាជាជាសត្រូវទាំងឡាយរត់គេចចូលព្រៃជ្រៅ ប្រៀបបាននឹងសត្វឈ្លូសដ៏កំសាក ។ នៅពេលដែលព្រះអង្គលើកដាវដ៏មុតថ្លា ប្រឡាក់ទៅដោយឈាម ដែលហូរចេញពីសិរសាសត្រូវ គេឃើញព្រះអង្គដូចជាព្រះនាងជ័យជម្នះដ៏ស្រស់ស្អាតដែលមានព្រះ ហស្ដ និងព្រះបាទក្រហមទៅដោយលម្អងផ្កា» ។
សិលាចារឹកដដែលបាននិយាយថែមទៀតថា «ព្រះ ហស្ដព្រះអង្គដែលប្រៀបបាននឹងស្ពានយុត្ដិធម៌ ឆ្លងកាត់មហាសាគរដ៏ស្មោកគ្រោកនៃសតវត្សរ៍ … មានរាងសង្ហាស្រស់ប្រិមប្រិយ ស្អាតលើសពីព្រះនាងកាមទេព ហើយធ្វើឱ្យពិភពលោកនេះមានពន្លឺប្រៀបបីដូចព្រះចន្ទកំពុងរះ» ។
ដូច ជាព្រះរាជាមុនៗ ចាប់តាំងពីព្រះបាទជ័យវរ្ម័នទី៣មក ព្រះបាទជ័យវរ្ម័នទី៦ ក៏មានបុរោហិតសម្រាប់រៀបចំពិធីបូជាថ្វាយព្រះទេវរាជផងដែរ ។ បុរោហិតរបស់ព្រះអង្គគឺ ស្ដែងអញអត្មៈសិវៈ ដែលជាបុរោហិតរបស់ព្រះបាទរាជេន្ទ្រវរ្ម័នជាព្រះវររាជបិតា ។ ទ្រង់ក៏មានរដ្ឋមន្ដ្រីមួយរូបជាអ្នកកាន់ពុទ្ធសាសនា ដែលធ្លាប់បានបម្រើព្រះបិតាដែរ ហើយដែលទ្រង់មានទំនុកទុកចិត្ដជាខ្លាំង ។ រដ្ឋមន្ដ្រីនោះមានឈ្មោះថា គ្រិត្ដិបណ្ឌិត បានធ្វើការជួសជុលព្រះពុទ្ធបដិមាដែលត្រូវគេបំផ្លិចបំផ្លាញ ប្រហែលជាក្នុងសម័យមានវិបត្ដិសាសនា ហើយក៏បានសាងសង់ព្រះពុទ្ធបដិមាថ្មីៗជាច្រើន ។ ព្រះរាជាបានប្រគល់ឱ្យមន្ដ្រីនេះរៀបចំតុបតែងរាជធានីថែមទៀត ។
ព្រះបាទ ជ័យវរ្ម័នទី៦ បានជំរុញឱ្យមានការអនុគ្រោះកាន់តែខ្លាំង ។ វាហាក់ដូចជាព្រះអង្គមានបំណងចង់ផ្ដល់សិទ្ធិឱ្យពុទ្ធសាសនា និងផ្ដល់សន្ដិភាពខាងជំនឿដល់ប្រជានុរាស្ដ្រដោយទាញសាសនាទាំងពីរមក ជិតគ្នាពោលគឺឱ្យព្រាហ្មណ៍បុរោហិតនៃពិធីទេវរាជគោរពព្រះពុទ្ធ ហើយឱ្យពុទ្ធសាសនិកជនគោរពព្រះទេវរាជវិញ ។ ធ្វើយ៉ាងនេះ គឺចង់បង្រួបបង្រួមសាសនាទាំងពីរមកតែមួយ ដោយចាត់ទុកព្រះពុទ្ធស្មើនឹងអាទិទេពមួយអង្គនៃព្រហ្មញ្ញសាសនា ហើយបើទោះជាសាសនាទាំងពីរមានទ្រឹស្ដីខុសគ្នាខ្លាំងយ៉ាងណាក៏ដោយ គឺឱ្យទាំងព្រាហ្មណ៍ ទាំងប្រជាជន ទៅធ្វើពិធីបូជាព្រះសិវៈ និងព្រះនាងកាលី ទាំងអស់គ្នា រួចហើយនាំគ្នាទៅថ្វាយបង្គំបដិមាព្រះពុទ្ធ ដែលធ្លាប់បានបង្ហាត់បង្រៀនអំពីបរមត្ថវិជ្ជា សន្ដិភាពផ្លូវចិត្ដ ឧបេក្ខាចិត្ដចំពោះវត្ថុទាំងឡាយលើលោក និងការលះបង់ចោលនូវការសប្បាយគ្រោតគ្រាតនៃផែនដីនេះ ។ គឺជាចេតនារំលាយសាសនាចូលគ្នាដ៏ចម្លែក ប្រហែលដោយស្ថានភាពនយោបាយផ្ទៃក្នុងហើយមើលទៅ ជាពិសេស គឺឥទ្ធិពលកាន់តែកើនឡើងនៃព្រះពុទ្ធសាសនាក្នុងស្រទាប់អ្នកទីក្រុង ក៏ដូចជាអ្នកស្រែចម្ការ និងរាជបរិពារ ។
ចំណុច មួយទៀតដែលខ្ញុំចង់បញ្ជាក់អំពីរជ្ជកាលនេះគឺនារីៗ បើហោចណាស់ក៏ម្ចាស់ក្សត្រីយ៍ហើយក៏អាចមានបុត្រីរបស់ពួកព្រាហ្មណ៍ និងសេនាបតីខ្លះផងដែរ ដែលបានរៀនសូត្រអាចចេះអានសៀវភៅបាន ។ សិលាចារឹកព្រះឥន្ទ្រកោសិយបានឱ្យដឹងថា មេក្រុមលេខាផ្ទាល់របស់ព្រះបាទជ័យវរ្ម័នទី៦ គឺព្រះនាងប្រាជ្ញា ដែលជាព្រះអគ្គមហេសីមួយអង្គរបស់ព្រះបិតាព្រះអង្គ ។
ព្រះរាជាអង្គនេះទ្រង់សុគតទៅនៅឆ្នាំ១០០២នៃគ្រិស្ដសករាជ ត្រូវនឹងមហាសករាជ៩២៤ ។ ទ្រង់មានព្រះមរណនាមថា បរមវីរៈលោក មានន័យថា ជាភៀវរបស់ព្រះបរមអគ្និ ។
៧. ព្រះបាទសុរិយាវរ្ម័នទី១ (១០០២-១០៤៩)
ព្រះបាទ សុរិយាវរ្ម័នមានព្រះនាមដើមហៅថា វីរជ័យវរ្ម័ន ទ្រង់ជាបច្ឆាញាតិឆ្ងាយរបស់ព្រះបាទឥន្ទ្រវរ្ម័ន ដែលសោយរាជ្យពីឆ្នាំ៨៧៧ដល់៨៩៩ ហើយទ្រង់មានព្រះអគ្គមហេសីគឺ ព្រះនាងស្រិវីរៈលក្ស្មី ដែលជាប់សាច់ជាមួយព្រះបាទយសោវរ្ម័ន ។ ព្រះអង្គបានឡើងសោយរាជ្យបន្ដពីព្រះបាទជ័យវរ្ម័នទី៦ តាំងតែពីឆ្នាំ១០០២ ក៏ប៉ុន្ដែ លុះត្រាតែបីឆ្នាំក្រោយមក ទើបបានទទួលការអភិសេក ។ តាមមើលទៅ ព្រះអង្គមិនមែនជារជ្ជទាយាទដែលគេបានគ្រោងទុកនោះទេ ប្រហែលជាព្រះអង្គបានបណ្ដេញព្រះរាជាមុនពីរាជ្យសម្បត្ដិផងក៏មិនដឹង ពីព្រោះសិលាចារឹកព្រះខ័នបាននិយាយថា «ព្រះអង្គបានដណ្ដើមយកព្រះនគរពីព្រះរាជាមួយអង្គក្នុងចំណោមយុទ្ធជនជាច្រើន» ។ ព្រះអង្គបានទទួលព្រះនាមថា សុរិយាវរ្ម័ន (ព្រះអាទិត្យជាអ្នកការពារ) ហើយសិលាចារឹកព្រះកែវបានលើកអំពីព្រះអង្គថា «ទ្រង់មានរស្មីភ្លឺចិញ្ចាច ប្រៀបបានទៅនឹងព្រះអាទិត្យនៅលើវេហាស៍ ជាវង្សត្រកូលរបស់ព្រះបាទឥន្ទ្រវរ្ម័ន» ។ ព្រះអង្គសោយរាជ្យបានចំនួន៤៧ឆ្នាំ ។
ព្រះបាទ សុរិយាវរ្ម័នកាន់ព្រហ្មញ្ញសាសនា តាមទម្លាប់ដែលមានជាហូរហែរហូតមក ក៏ប៉ុន្ដែព្រះអង្គដូចជាបានចាប់ចិត្ដនឹងទ្រឹស្ដីរបស់ព្រះពុទ្ធ ខ្លាំងណាស់ដែរ ថ្វីបើព្រះអង្គមិនបានបង្ហាញខ្លួនព្រះអង្គថា ជាពុទ្ធសាសនិកជនមួយអង្គក៏ដោយ ។ ទ្រង់បានកសាងបដិមាព្រះសិវៈ និងព្រះវិស្ណុ ក៏ប៉ុន្ដែព្រះមរណនាមថា និព្វានបទ ដែលគេថ្វាយដល់ព្រះអង្គពេលក្រោយមក និងការសាងសង់វត្ដមួយឧទ្ទិសថ្វាយដល់ព្រះពុទ្ធ បញ្ជាក់ថា ព្រះអង្គបានយកចិត្ដទុកដាក់ចំពោះព្រះពុទ្ធសាសនាជាខ្លាំង ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានទាំងដាក់រាជបញ្ជាអំពី «សិក្ខាបទពិសិដ្ឋ ដែលជនទាំងអស់ត្រូវប្រតិបត្ដិ» ដើម្បីឱ្យទាំងតាបសឫសី ទាំងស្ថាវីរៈ និងព្រះសង្ឃ ដែលគង់នៅតាមទីសក្ការៈ វិហារ វត្ដអារាម និងអាស្រមផ្សេងៗ «អនុវត្ដនូវតបកម្មដើម្បីផ្សព្វផ្សាយកុសលដល់ព្រះរាជាជាម្ចាស់» ទៀតផង (8) ។
តាម មើលទៅ ប្រហែលជាមានការធ្វើទុក្ខបុកម្នេញដល់ព្រះពុទ្ធសាសនានៅក្នុងរាជ្យ មុនៗ រួចសាសនានេះនៅរងការគំរាមកំហែងនៅឡើយ ហើយពុទ្ធសាសនិកក៏នៅរងអំពើហិង្សានៅឡើយដែរ ព្រោះសិលាចារឹកលពបុរីបានបញ្ជាក់ថែមទៀតថា មានការកាត់ទោសដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់ «ជនទាំងឡាយណាដែលចូលទៅក្នុងសមាធិស្ថាន ហើយធ្វើការរំខានដល់តាបស ឬសាសនិក ក្នុងការអនុវត្ដន៍កាតព្វកិច្ចរបស់ខ្លួន» ។ គេអាចលើកសំណួរបានថា តើព្រះរាជាអង្គនេះ មានពុទ្ធសាសនិកជននៅជាមួយទេពេលទ្រង់ធ្វើការប្រយុទ្ធដណ្ដើម រាជបល្ល័ង្ក ឬក៏ព្រះអង្គធ្វើការតបស្នងសងគុណចំពោះការគាំទ្ររបស់ពួក ពុទ្ធសាសនិកជនទាំងនោះ ?
ទោះជា យ៉ាងណាក្ដី ក៏វាច្បាស់ណាស់ថា មានចេតនាធ្វើឱ្យសាសនាទាំងពីររលាយចូលគ្នាខ្លាំងជាងមុននៅក្រោម រជ្ជកាលនេះ ។ សិលាចារឹកព្រះកែវបានឱ្យដឹងថា ព្រះបាទសុរិយាវរ្ម័នបានរៀបចំឱ្យមានការបែងចែកប្រជាជនជាវណ្ណៈឡើង វិញ ហើយទ្រង់ដាក់ព្រះមុនីសិវៈចរិយាឱ្យដឹកនាំវណ្ណៈព្រាហ្មណ៍ ព្រះមុនីនេះ «វោហារបានប្រតិបត្ដិវិន័យ តឹងរ៉ឹង និងស្មោះត្រង់នឹងការប្ដេជ្ញា និងគុណធម៌ ហើយធ្លាប់បានត្រូវព្រះរាជាមុនៗ ចាត់ឱ្យគ្រប់គ្រងលើហិមៈស្រិង្គគិរី ពិនិត្យលើគុណសម្បត្ដិ និងគុណវិបត្ដិ» ។
សិលាចារឹក ព្រះកែវបានលើកអំពីគោរមងារមួយនៅក្បែរព្រះរាជា ដែលយើងមិនដែលដឹងពីមុនមកគឺ មុខងារជាជំនួយការមួយបែបហៅថា ស្រីក្សិទ្ទិទ្រកល្បៈ ។ ឋានៈនេះមានរួចទៅហើយមុនស្ដេចសុរិយាវរ្ម័នទី១ ព្រោះថា ព្រាហ្មណ៍សិវវិន្ធុ ដែលជា «អ្នកប្រាជ្ញ ចេះដឹង ជ្រៅជ្រះសមនឹងទទួលការគោរពពីបណ្ដាអ្នកមានអំណាចទាំងឡាយ និងជាបព្វជិតនៃស្រីកបាលេស្វរៈ ជាចាងហ្វាងនៃតបកម្ម ដែលគ្មានការខុសឆ្គង» បានទទួលឋានៈនេះ តែនៅពេលដែលឪពុកមាខាងម្ដាយដែលមានឋានៈនេះ បានទទួលមរណភាពទៅ ។ សិលាចារឹកព្រះឥន្ទកោសិយបាននិយាយថា នៅឆ្នាំ៨៩០នៃគ្រិស្ដសករាជ ស្រីធរណិន្ទ្រប្បកល្បៈ បានទទួលនូវឋានៈនេះ គឺជាង១០០ឆ្នាំមុនរាជ្យព្រះបាទសុរិយាវរ្ម័ន ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនបាននិយាយថា នៅឆ្នាំ១០៣០នៃគ្រិស្ដសករាជ ស្ដេចអង្គនេះបានចងសម្ព័ន្ធមេត្រីជាមួយនគរចាម្ប៉ា ក្នុងរជ្ជកាលស្ដេចចាមមួយអង្គដែលយើងមិនបានស្គាល់ព្រះនាម តែសោយរាជ្យក្នុងចន្លោះស្ដេចជ័យវរ្ម័ន និងជ័យបរមេស្វរវរ្ម័ន ហើយនិងប្រទេសចិនផងដែរ ។ សម្ព័ន្ធមេត្រីនេះមានរយៈពេល៦០ឆ្នាំ និងមានគោលបំណងចង់ធ្វើឱ្យមានសន្ដិភាពជាមួយនគរចាម្ប៉ា ហើយធានាសន្ដិភាពនេះ ដោយមហាអំណាចទី៣មួយទៀត ដើម្បីទុកពេលឱ្យព្រះអង្គធ្វើការបង្ក្រាបស្ដេចចំណុះទាំងឡាយដែល បះបោរ ជាពិសេស គឺពួកក្សត្រប្រទេសនៅខាងជើងភ្នំដងរែក និងនៅអាងទន្លេមេណាមខាងលើ ដែលមានរាជធានីនៅ លពបុរី គឺទ្វារវតី នោះឯង (9) ។ តើនោះមិនមែនជាពួកថៃនៃអាងទន្លេមេណាមខាងលើ ដែលចុះមកពីប្រទេសចិនភាគខាងត្បូង ឬមកពីភូមាដែលពួកនេះបានមករស់នៅជាយូរណាស់មកហើយ ហើយបានមកបង្ហាញខ្លួននៅនឹងព្រំប្រទល់នៃអាណាចក្រកម្ពុជាទេ ឬអ្វី ?
សិលាចារឹកលង្វែកបានហៅព្រះបាទសុរិយាវរ្ម័នថាជា «ព្រះចៅអធិរាជ និងជាអ្នកទ្រទ្រង់ផែនដី» ដែល «ព្រះអ្នកបង្កើតលោកបានសាងមកឱ្យដូចខ្លួនព្រះអង្គ» ។ «នៅ ពេលទ្រង់យាងចេញច្បាំងយកជ័យជម្នះលើអស់ស្ដេចដែលខ្លាំងៗទាំងឡាយ សូម្បីតែព្រះអាទិត្យក៏លាក់ខ្លួនបំបាំងកាយដែរ ដោយខ្លាចបារមីរបស់ព្រះអង្គ ។ ភ្លើងផ្សែងដែលហុយចេញពីការបូជារបស់ព្រះអង្គមិនគ្រាន់តែធ្វើឱ្យ ផ្ទៃមេឃងងឹតប៉ុណ្ណោះទេគឺបានបាំងបិទអស់នូវកិត្ដិគុណរបស់ព្រះរាជា ទាំងឡាយ ដែលធ្លាប់មានឈ្មោះល្បីល្បាញទៀតផង ។ ព្រះអង្គគួរតែទទួលបាននូវកិត្ដិគុណរបស់អារុណៈ … ទ្រង់បានរៀនចេះចាំអំពីទ្រឹស្ដីបនីនិ ទាំងទ្រង់ល្អឥតខ្ចោះ ហើយប្រកបដោយប្រាជ្ញាបារមី ដូចជាបណ្ឌិត … គឺជាព្រះរាជាសាកលដែលប្រៀបបាននឹងអធិរាជនៃអាទិទេពទាំងឡាយ» ។
ព្រះបាទ សុរិយាវរ្ម័នទី១ បានកសាងប្រាសាទភ្នំជីសូរនៅក្នុងខែត្របាទី ហើយក៏បានជួសជុលឡើងវិញនូវប្រាសាទមួយចំនួនទៀតផងដែរ ។
ព្រះអង្គសុគតនៅឆ្នាំ១០៤៩ ហើយមានព្រះមរណនាមថា បរមនិព្វានបទ មានន័យថា ទ្រង់យាងចូលព្រះនិព្វានទាំងស្រុងហើយ ។
៨. ព្រះបាទឧទយាទិត្យវរ្ម័នទី១ (១០៤៩-១០៧៩)
ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទសុរិយាវរ្ម័នទី១គឺព្រះបាទ ឧទយាទិត្យវរ្ម័ន ឬឧទយាកៈវរ្ម័ន ដែលត្រូវជាចៅ ឬក្មួយរបស់ព្រះអង្គ ។
ការដែល ស្ដេចអង្គនេះឡើងសោយរាជ្យហាក់ដូចជាមិនប្រក្រតី គឺដូចជាឡើងសោយរាជ្យដោយជ័យជម្នះរបស់ក្រុមរាជបរិពារដែលមាន ប្រតិកម្មប្រឆាំងនឹងពុទ្ធសាសនា ។ ស្ដេចអង្គនេះមានព្រះជន្មក្មេងខ្ចីនៅឡើយពេលឡើងគ្រងរាជ្យសម្បត្ដិ ព្រោះព្រះអង្គនៅបន្ដរៀនសូត្រគណិតសាស្ដ្រ តារាសាស្ដ្រ វេយ្យាករណ៍ ច្បាប់ និងក្រម ទាំងឡាយតាក់តែងឡើងសម្រាប់ព្រះរាជា ពីសំណាក់ព្រះរាជគ្រូរបស់ព្រះអង្គឈ្មោះថា ស្រីការៈបណ្ឌិត ។ «ដោយព្រះអង្គចាប់បដិសន្ធិឡើងក្នុងត្រកូលនៃស្ដេចលើពិភពលោក ទ្រង់មានប្រៀបដាច់គេក្នុងការធ្វើឱ្យនារីទាំងឡាយលង់នឹងសម្ពស្ស របស់ព្រះអង្គ ឱ្យអ្នកចម្បាំងទាំងឡាយចុះចាញ់វីរភាពរបស់ព្រះអង្គ ឱ្យបណ្ឌិតទាំងឡាយទទួលស្គាល់គុណធម៌របស់ព្រះអង្គ ឱ្យបណ្ដាប្រជានុរាស្ដ្រចំណុះនឹងអំណាចរបស់ព្រះអង្គ និងឱ្យព្រាហ្មណ៍ទាំងឡាយទទួលស្គាល់នូវសប្បុរសធម៌របស់ព្រះ អង្គ» ។ តាមមើលទៅ ស្ដេចអង្គនេះ គោរពបូជាព្រះសិវៈខ្លាំងណាស់ «ព្រោះ ព្រះអង្គបានចាត់ឱ្យគេលើកភ្នំមាសមួយនៅចំកណ្ដាលរាជធានី រួចឱ្យសាងសង់ប្រាសាទមាសមួយ មានពន្លឺភ្លឺចិញ្ចាចចិញ្ចែង ដាក់សិវៈលិង្គមួយសម្រាប់រៀបចំពិធីស្រោចទឹកគោរពបូជា» ហើយទ្រង់បានចាត់ឱ្យចន្ទ័ការៈបណ្ឌិតថែរក្សា ។ ព្រាហ្មណ៍នេះគេច្រើនស្គាល់ថា យ៉ាលីចន្ទ័ការៈ ព្រោះជាតាបសឫសី និងជាបុរោហិតរបស់ព្រះបាទសុរិយាវរ្ម័ន ហើយត្រូវបន្ដថែរក្សាលិង្គនេះរហូតដល់រាជ្យស្ដេចក្រោយមកទៀតដែល សោយរាជ្យបន្ដពីព្រះបាទឧទយាទិត្យវរ្ម័ន គឺព្រះបាទហស៌វរ្ម័នទី៣ ។
ក្នុង រជ្ជកាលស្ដេចអង្គនេះ បណ្ដាអាណាខែត្រខាងត្បូងបានបះបោរឡើង ហើយត្រូវទ័ពរបស់ជនម្នាក់ឈ្មោះថា អារវិន្ទ្រាទៈ ដណ្ដើមយកបាន ។ ទ័ពទី១របស់ព្រះរាជាដែលបញ្ជូនទៅបង្ក្រាប ត្រូវបរាជ័យក្រោមដៃ «មេកោយសត្រូវដ៏ហានក្លា» នេះ ។ ក៏ប៉ុន្ដែទ័ពមួយកងទៀតដែលដឹកនាំដោយសេនាបតីម្នាក់ គឺឧកញ៉ាពិជ័យសង្គ្រាមមានជ័យជម្នះលើអារវិន្ទ្រាទៈ ។ឧកញ៉ា ពិជ័យសង្គ្រាមនេះជាឧត្ដមសេនីយ៍ដែល «រហ័សរហួន ណាស់ក្នុងការរងអាវុធខ្មាំង និងវាយប្រហារតបទៅវិញដោយប្រើដៃទាំងពីរជាអ្នកប្រយុទ្ធគ្មានគូ ប្រៀបផ្ទឹមបានជាយុទ្ធជនឆ្នើមដែលសត្រូវទទួលស្គាល់ថ្វីដៃហើយហៅថា ជាព្រះគ្រឹស្នៈមួយអង្គថ្មី ឬក៏ជាអារុណៈមួយរូបទៀត ជាវីរបុរសគ្មាននរណាស្មើលើលោកនេះ» ។ ក្រោយបរាជ័យ អារវិន្ទ្រាទៈបានគេចខ្លួនទៅនៅឯចាម្ប៉ាបុរៈរាជធានីរបស់នគរចាម្ប៉ា ។
ប៉ុន្មានឆ្នាំក្រោយមក មានឧត្ដមសេនីយ៍ម្នាក់ឈ្មោះថា កំវ៉ូ ដែលមិនសប្បាយចិត្ដ ក៏នាំទ័ពរបស់ខ្លួនចេញពីរាជធានី ហើយប្រកាសបះបោរឡើង ។ កំវ៉ូនោះជា «មនុស្ស ឆ្លាតមានវីរភាពដែលបានទទួលការសន្ដោសប្រណីពីព្រះរាជា ទ្រង់ប្រទានបុណ្យសក្ដិឱ្យ ។ គេមានរាងកាយមាំមួន មានអាវុធគ្រប់គ្រាន់ រហ័សវាងវៃអាចធ្វើជាម្ចាស់លើផែនដីទាំងមូលបាន ។ ទ័ពរបស់គេក៏ក្លាហាន និងសម្បូរដោយអាវុធយុទ្ធភណ្ឌ ហ៊ានលះបង់ជីវិត មានចំនួនច្រើនឥតគណនា និងមាននៅគ្រប់ទិសទី» ។
ពេល នោះសេនាបតីពិជ័យសង្គ្រាមបានដឹកនាំទ័ពចេញច្បាំងជាមួយកំវ៉ូដោយមាន ឧត្ដមសេនីយ៍ជាច្រើនចូលរួមនៅក្រោមបញ្ជាផង គឺមានទេវស្រូ វ្លុង វ្នួរ គាំ ចេន្គីស្រូ កម្នាត់ រញ្ញ ខ្មួញ ។ ពេលលើកទ័ពដេញតាមសត្រូវ សេនាបតីពិជ័យសង្គ្រាមបានឈប់នៅលើខ្ពង់រាបមួយ ធ្វើពិធីបូជាថ្វាយដល់ព្រះសិវៈសុំជ័យជម្នះ ។ ពេលនោះ កំវ៉ូ បានត្រលប់ក្រោយមកវិញ ហើយការប្រយុទ្ធក៏បានចាប់ផ្ដើមឡើង ។ កំវ៉ូ និងពិជ័យសង្គ្រាម «រត់រកគ្នាប្រៀបដូចព្រះរាម និងក្រុងរាពណ៍» រីឯមេកងរបស់ទ័ពទាំងពីរក៏ស្វះស្វែងរកគូប្រយុទ្ធរៀងៗខ្លួនផង ដែរ ។ ពួកគេប្រកូកប្រកាសហៅគ្នា ជេរប្រទេចផ្ដាសាគ្នា គំរាមគ្នាទៅវិញទៅមក ។ កំវ៉ូ បាញ់ព្រួញមួយមកត្រូវចង្ការបស់ពិជ័យសង្គ្រាម ក៏ប៉ុន្ដែពិជ័យសង្គ្រាមគ្មានរួញរា ហើយបានបាញ់ព្រួញបីតែម្ដងសំដៅកំវ៉ូ ព្រួញមួយត្រូវចំក្បាល មួយចំក និងមួយទៀតចំទ្រូង ។ កំវ៉ូ ដួលស្លាប់ភ្លាម ដោយស្រែករោទ៍ទ្រហឹង ធ្វើឱ្យទេវតាទាំងឡាយត្រេកអរស្វាគមន៍ជាខ្លាំង ។ ពិជ័យសង្គ្រាមក៏ត្រលប់មកកាន់វិហារព្រះសិវៈវិញ ហើយបានថ្វាយទ្រព្យរបស់ខ្លួនទាំងអស់ ដើម្បីជាការតបស្នងសងគុណព្រះអង្គ ។
ក្រោយ ពីកំវ៉ូស្លាប់ទៅ នៅមានបះបោរមួយទៀតកើតឡើងនៅក្នុងសរទរដូវបន្ទាប់ មិនដឹងថា ជាការបះបោរថ្មី ឬក៏ទ័ពចាស់របស់កំវ៉ូបះបោរម្ដងទៀត ឬក៏យ៉ាងណាទេ ។ ការបះបោរលើកនេះដឹកនាំដោយបងប្អូនពីរនាក់គឺ សល្វាត់ «ដែលមានកម្លាំងខ្លាំងគ្មានផ្ទឹម ក្លាហានមានល្បិចច្រើន ហើយពូកែក្នុងការប្រយុទ្ធដោយមោងស័ក» និងប្អូនប្រុសបង្កើតឈ្មោះ សិទ្ធិករៈ ហើយនិងមេទ័ពម្នាក់ទៀតឈ្មោះថា សាសន្តិភូវនៈ «ដែលមានកម្លាំងគួរឱ្យខ្លាចនៅក្នុងការប្រយុទ្ធ» ។ ពិជ័យសង្គ្រាមបានដឹកនាំទ័ពចេញច្បាំងទៀត ពេលជួបសល្វាត់ក៏ជេរប្រទេចផ្ដាសា បបួលចូលច្បាំងគ្នា ។ សល្វាត់ជេរតបវិញ រួចបាញ់ព្រួញស្រោចមកលើពិជ័យសង្គ្រាម ។ពិជ័យសង្គ្រាមចាប់យក ព្រួញមកដាក់លើខ្សែធ្នូ រួចទាញយឹតដោយដៃដ៏មាំទាំងពីរបាញ់តម្រង់សំដៅសត្រូវ ។ នៅពេលដែលសល្វាត់ត្រូវព្រួញស្លាប់ ទ័ពសត្រូវទាំងអស់ក៏ដកថយរត់បាត់អស់ទៅ (10) ។ ប៉ុន្ដែចលាចលនេះនៅបន្ដច្រើនឆ្នាំតទៅទៀត ទម្រាំរលត់បាត់ ហើយពិជ័យសង្គ្រាមក៏ឈប់ដេញតាមទៀតដែរ ។
ដោយ ពិជ័យសង្គ្រាមបានបរិច្ចាគទ្រព្យសម្បត្ដិផ្ទាល់ខ្លួនបូជាថ្វាយព្រះ សិវៈក្នុងការធ្វើសង្គ្រាមបង្ក្រាបសត្រូវ ព្រះរាជាបានប្រទានរាជទ្រព្យសងវិញ និងបានប្រទានរង្វាន់ឱ្យជាច្រើន តែពិជ័យសង្គ្រាមបានលះបង់ទ្រព្យទាំងអស់នោះ ក្នុងនាមជាវីរជនដែល «មានពន្លឺភ្លឺប្រៀបដូចរាហ៊ូ» ។
គឺនៅក្រោមរាជ្យរបស់ព្រះបាទឧទយាទិត្យវរ្ម័ននេះឯង ដែលទ័ពខ្មែរមួយកងក្រោមបញ្ជារបស់មេទ័ពម្នាក់ឈ្មោះថា ស្រីនន្ទៈនវម៌ទេវៈ ច្បាំងចាញ់ទ័ពចាមនៅឯសោមេស្វរៈក្រោមរាជ្យស្ដេចចាមព្រះនាមស្រីហរិវរ្ម័នទី២ (១០៧៨) ។
៩. ព្រះបាទហស៌វរ្ម័នទី៣ (១០៧៩-១០៩០)
រជ្ជកាល របស់ព្រះបាទឧទយាទិត្យវរ្ម័នពោរពេញទៅដោយភាពវឹកវរជាកត្ដាបញ្ជាក់ ថា មហានគរស្ទើរតែគ្មានសន្ដិភាពទេ មានសង្គ្រាមក្នុងស្រុក និងការបះបោរប្រឆាំងពីស្ដេចត្រាញ់ ឬស្ដេចចំណុះជាញឹកញាប់ ។ អំណើះអស់ពីព្រះអង្គទៅ ព្រះរាជអនុជរបស់ព្រះអង្គបានឡើងសោយរាជ្យបន្ដ មានព្រះនាមថា ហស៌វរ្ម័នទី៣ ។
នៅពេលស្ដេច អង្គនេះឡើងសោយរាជ្យ មានកើតភាពវឹកវរម្ដងទៀត ក៏ប៉ុន្ដែ ព្រះអង្គបានបង្ក្រាបឱ្យរាបអស់ ធ្វើឱ្យស្រុកមានសន្ដិសុខឡើងវិញដោយ «ទ្រង់បញ្ជាឱ្យអនុវត្ដកាតព្វកិច្ចរបស់វណ្ណៈទាំងបួនយ៉ាងម៉ឺងម៉ាត់» ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនបានរៀបរាប់ថា ដោយស្ដេចអាណ្ណាមព្រះនាម លីញុញតុង បានលើកទ័ពមកវាយចិន សម្លាប់ប្រជាជនចិនអស់ជាច្រើននាក់ ព្រះចៅអធិរាជចិនបានអំពាវនាវសុំជំនួយពីព្រះរាជាខ្មែរ និងចាម្ប៉ា ដែលធ្លាប់បានចុះសន្ធិសញ្ញាសម្ព័ន្ធមេត្រីជាមួយគ្នា កាលពីឆ្នាំ១០០០នៃគ្រិស្ដសករាជ ។ ស្ដេចខ្មែរ និង ស្ដេចចាម បានកេណ្ឌទ័ពទៅជួយចិនតាមសំណូមពរ ក៏ប៉ុន្ដែត្រូវចាញ់អាណ្ណាមទៀត ដែលជាហេតុធ្វើឱ្យចិនត្រូវសុំចរចារកសន្ដិភាព ។ រឿងចម្បាំងជាមួយអាណ្ណាមនេះ ថ្វីបើមិនមានសិលាចារឹកខ្មែរ ឬចាម ឬឯកសារប្រវត្ដិសាស្ដ្រអាណ្ណាមណាមួយបានលើកឡើងក៏ដោយ ក៏ប៉ុន្ដែប្រហែលជាកើតមានឡើងមែន ពីព្រោះថា ឯកសារប្រវត្ដិសាស្ដ្រចិន ជាឯកសារដែលហ្មត់ចត់ជាងគេនៅអាស៊ីចុងបូព៌ា ។ ព្រះបាទហស៌វរ្ម័នទី៣ បានសុគតទៅនៅឆ្នាំ១០៩០ ហើយទ្រង់មានព្រះមរណនាមថា សទៈសិវបទ ។
១០. ព្រះបាទជ័យវរ្ម័នទី៧ (១០៩០-១១០៩)
ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទហស៌វរ្ម័នទី៣ គឺព្រះបាទស្រីជ័យវរ្ម័នទី៧ ដែលសោយរាជ្យបាន១៩ឆ្នាំ ចាប់ពីឆ្នាំ១០៩០មក ។ ព្រះអង្គគោរពបូជាព្រះវិស្ណុខ្លាំងណាស់ ហើយទ្រង់ក៏ជាបូជនីយេសក៍ដ៏ស្មោះស្ម័គ្រម្នាក់ផងដែរ ។
សិលាចារឹកវត្តភូ បានរៀបរាប់ថា នៅក្នុងរជ្ជកាលព្រះរាជាមុនៗ មាននារីម្នាក់ឈ្មោះថា ទិលកៈ និង អ្នកប្រាជ្ញគម្ពីរវេទម្នាក់ឈ្មោះថា សុភទ្រៈ ដែលគេហៅក្រៅថា នាមៈសិវយៈ ។ នាងទិលកៈ ជាបុត្រីរបស់អ្នកប្រាជ្ញម្នាក់នៅក្នុងព្រះរាជវាំង ហើយជីតារបស់នាងជាទស្សនវិទូដ៏ល្បីល្បាញម្នាក់ ។ មាតារបស់នាងជាបុត្រីរបស់កវីម្នាក់ ។ នាងមានសម្ពស្សល្អស្អាត មានចរិយារម្យទម និងមានទេពកោសល្យខ្ពស់ សមនឹងត្រកូលខ្ពង់ខ្ពស់របស់នាង ។ បណ្ដាអ្នកប្រាជ្ញល្បីល្បាញទាំងឡាយកោតសរសើរល្បិចដ៏ឈ្លាសវៃរបស់នាង ក្នុងការជជែកពិភាក្សា ហើយបានដាក់ឈ្មោះឱ្យនាងថា ភគវតីវាគិស្វរី មានន័យថា ទេពកញ្ញាខាងវោហារ ។ នាង ទិលកៈនេះ បានត្រូវមាតាបិតារៀបចំទុកដាក់ជាភរិយារបស់អ្នកប្រាជ្ញ សុភទ្រៈ ហើយនាងមានបុត្រម្នាក់ជាមួយស្វាមីនេះ ដែលនាងដាក់ឈ្មោះថា បូជសិវៈ តែអ្នកផងហៅថា សុភទ្រៈ ដូចឪពុកដែរ ។
សុភទ្រៈនេះ ខិតខំរៀនសូត្រទ្រឹស្ដីនៃសាសនាព្រះសិវៈខ្លាំងណាស់ ហើយដោយប្រាជ្ញាដ៏ឈ្លាសវៃរបស់ខ្លួន ពូកែដាច់គេក្នុងការប្រមូលអត្ថបទអក្សរសាស្ដ្រចាស់ៗយកមកចងក្រងឡើង វិញ ដែលគ្មានបណ្ឌិតណាម្នាក់មានសមត្ថភាពនឹងធ្វើដូចបាន ។ កវីបណ្ឌិតធំៗកោតសរសើរស្នាដៃដ៏គ្មានផ្ទឹមនេះ ។ ថ្ងៃមួយ មានការជជែកពិភាក្សាមួយធំនៅចំពោះព្រះភ័ក្ដ្រព្រះបាទជ័យវរ្ម័នទី ៧ សុភទ្រៈបានទទួលជោគជ័យក្នុងការឆ្លើយដោះស្រាយនូវសំណួរដ៏លំបាកៗ ទាំងឡាយ ដែលគូបដិបក្ខរបស់ខ្លួនបើកសៀវភៅចោទសួរឡើង «ដោយសារប្រាជ្ញាដ៏ខ្លាំងក្លា ប្រៀបបានទៅនឹងកាំរន្ទះ» ។
ចាប់ តាំងពីពេលនោះមក សុភទ្រៈ ត្រូវបានប្រជានុរាស្ដ្រទូទាំងព្រះនគរគោរពកោតខ្លាច ហើយត្រូវព្រះរាជាចាត់តាំងឱ្យធ្វើជាអធិការលើអាស្រមភាវនា បូជនីយស្ថានទាំងអស់ និងជាអាជ្ញាកណ្ដាលលើរាល់ការពិភាក្សាអំពីផ្លូវធម៌ និងផ្លូវលោក ។ ព្រះរាជាក៏បានប្រទានរយ៉ាមាសខ្សែមាស និងក្រណាត់ល្អៗ ។ល ។ ឱ្យផងដែរ (11) ។
សិលាចារឹក សំរោងបានរៀបរាប់ថា នៅក្រោមរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានការផ្ដួលរំលំបដិមាព្រះនរាយណ៍ ព្រះភគវតី និងសិវលិង្គមួយរួចមានបញ្ជាឱ្យកសាងបដិមាទាំងអស់នោះឡើងវិញ ។ ដូចយើងបានឃើញពីខាងលើរួចមកហើយថា កាលពីរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ ក៏មានហេតុការណ៍បែបនេះកើតឡើងដែរ គឺមានការផ្ដួលរំលំព្រះពុទ្ធបដិមា ហើយព្រះរាជាមានការលំបាកជាខ្លាំងនឹងការពារកុំឱ្យ «មនុស្សកាចឃោរឃៅ» បៀតបៀនព្រះសង្ឃសូត្រធម៌ ។ ទាំងអស់នេះជាការបញ្ជាក់ថា ប្រទេសមានភាពវឹកវរខាងសាសនា ជាពិសេស ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ។ ខ្ញុំគិតថានោះហើយជាមូលហេតុដែលនាំឱ្យមានការជ្រែករាជ្យ និងសង្គ្រាមផ្ទៃក្នុង ។
ព្រះបាទជ័យវរ្ម័នទី៧ សុគតនៅឆ្នាំ១១០៩ ហើយទ្រង់មានព្រះមរណនាមថា បរមកវ័ល្យៈ មានន័យថា ទ្រង់ជាភ្ញៀវរបស់លោកនៃបរមសុភមង្គល ។
១១. ព្រះបាទធរណិន្ទ្រវរ្ម័នទី១ (១១០៩-១១១២)
ព្រះបាទ ធរណិន្ទ្រវរ្ម័នទី១ ដែលត្រូវជាព្រះរៀមរបស់ព្រះបាទជ័យវរ្ម័នទី៧ បានឡើងសោយរាជ្យបន្ដនៅឆ្នាំ១១០៩ នៃគ្រិស្ដសករាជត្រូវនឹងឆ្នាំ១០៣១នៃមហាសករាជ ។ ព្រះអង្គមិនចង់សោយរាជ្យទេ ហើយបើតាមសិលាចារឹក ទ្រង់បានបដិសេធម្ដងរួចមកហើយ នៅពេលដែលព្រះបាទហស៌វរ្ម័នទី៣ ជាព្រះរៀមសោយទិវង្គត ។ ក៏ប៉ុន្ដែ ដោយមានការស្នើសុំយ៉ាងទទូចពីប្រជានុរាស្ដ្រ ព្រះអង្គក៏យល់ព្រម «ទទួលយកនូវបន្ទុកដ៏ធ្ងន់» នេះ ។ ព្រះអង្គបានដឹកនាំព្រះនគរដោយប្រុងប្រយ័ត្ន និងយុត្ដិធម៌ខ្លាំងណាស់ ជាពិសេស គឺបានយកព្រះទ័យទុកដាក់ចំពោះសុខុមាលភាពរបស់វណ្ណៈទាំង៧ ដែលមាននៅក្នុងស្រទាប់ប្រជាជននាសម័យនោះ គាប់ជួនជាប្រទេសមានសុខសន្ដិភាព ហើយព្រះអង្គក៏មានព្រះជន្មចំណាស់ផង ។ ព្រះអង្គជាមិត្ដនៃច្បាប់ ក៏ប៉ុន្ដែមុននឹងអនុវត្ដច្បាប់ ព្រះអង្គសព្វព្រះទ័យឱ្យអ្នកប្រាជ្ញបណ្ឌិត សុភទ្រៈ ដែលចេះចាំអក្សរសិល្ប៍គ្រប់បែប ធ្វើការបកស្រាយពន្យល់សិន (12) ។
ព្រាហ្មណ៍ ដែលរៀបចំអភិសេកព្រះបាទធរណិន្ទ្រវរ្ម័ន គឺបណ្ឌិតទេវការៈ ជាវីរជនម្នាក់ដែលមានឥទ្ធិពលតាំងតែពីរជ្ជកាលព្រះបាទសុរិយាវរ្ម័ន ទី១មក ហើយធ្លាប់បានធ្វើការអភិសេកព្រះរាជាពីរព្រះអង្គមុននេះរួចមក ហើយនិងត្រូវរៀបចំការអភិសេកព្រះរាជាដែលត្រូវសោយរាជ្យបន្ដគឺ ព្រះបាទសុរិយាវរ្ម័នទី២ថែមទៀត ។ ព្រះបាទធរណិន្ទ្រវរ្ម័ន បានបោះបង់រាជសម្បត្ដិក្រោយពីដឹកនាំប្រទេសបាន៣ឆ្នាំ ។ ព្រះអង្គមានព្រះមរណនាមថា បរនិស្កាលៈបទៈ ។
១២. ព្រះបាទសុរិយាវរ្ម័នទី២ (១១១២-១១៦២)
ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទធរណិន្ទ្រវរ្ម័នទី១ គឺព្រះបាទស្រីសុរិយាវរ្ម័ន ដែលត្រូវជាព្រះនត្ដារបស់ព្រះអង្គ ហើយក៏ប្រហែលត្រូវជាចៅរបស់ព្រះបាទជ័យវរ្ម័នទី៧ផងដែរ ពីព្រោះថា ព្រះបាទធរណិន្ទ្រវរ្ម័ន បានយកក្មួយស្រីខ្លួនឯង ជាបុត្រីរបស់ព្រះរៀមព្រះអង្គធ្វើជាព្រះជាយា ។
នៅ ពេលដែលឡើងគ្រងរាជសម្បត្ដិ ព្រះបាទសុរិយាវរ្ម័ន មិនទាន់ពេញវ័យ ហើយមិនទាន់បានបញ្ចប់ការសិក្សានៅឡើយទេ ។ សិលាចារឹកបានលើកពីព្រះអង្គថា «ជាវីរបុរសដែលប្រៀបបានទៅនឹងព្រះអាទិទេពនៃសង្គ្រាម ដែលជាបដិបក្ខដ៏គួរឱ្យភ័យខ្លាចរបស់ព្រះរាជាក្នុងពីររជ្ជកាលមុន» ។ តើព្រះអង្គទទួលរាជ្យសម្បត្ដិ ក្រោយពីព្រះបាទធរណិន្ទ្រវរ្ម័នសុគតទៅ ឬមួយក៏ដោយការប្រយុទ្ធ ? តាមមើលទៅ ព្រះអង្គប្រហែលជាមិនប្រកួតប្រជែងជាមួយព្រះរាជាដែលកំពុងសោយរាជ្យ ទេ តែត្រូវប្រកួតប្រជែងជាមួយរជ្ជទាយាទមួយអង្គណាផ្សេង ដែលមានសិទ្ធិទទួលរាជសម្បត្ដិច្រើនជាងព្រះអង្គ ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនបាននិយាយថា ចាប់ពីឆ្នាំ១១២៨នៃគ្រិស្ដសករាជរហូតមក ចិនមានដាក់តំណាងម្នាក់នៅនឹងរាជវាំងព្រះរាជាកម្ពុជានៅឯឥន្ទបត្ដ គឺនគរធំ ។ តាមពិតតំណាងនោះ គឺជារាជទូតចិន ដែលដាក់នៅកម្ពុជាសម្រាប់មួយរយៈកាលតែប៉ុណ្ណោះ មិនមែនជាអ្នកត្រួតពិនិត្យ ជាអធិការ ឬក៏ជាទីប្រឹក្សា ហើយក៏មិនមែនជាអ្នកការពារអ្វីដែរ ។ ឯកសារចិនក៏បានរៀបរាប់ផងដែរថា កម្ពុជានាពេលនោះបានបាត់បង់ភាពថ្កុំថ្កើងពីអតីតកាលអស់ហើយ ក៏ប៉ុន្ដែខ្ញុំគិតថា ដូចជាមិនត្រូវ ព្រោះថា គឺសង្គ្រាមនៅពេលម្ភៃឆ្នាំក្រោយ នាដើមសតវត្សរ៍ទី១១ទេ ដែលធ្វើឱ្យប្រទេសមានឱនភាព ។
តែ ទោះជាយ៉ាងណាក៏ដោយ ព្រះបាទសុរិយាវរ្ម័ន ត្រូវប្រឈមមុខនឹងការបះបោរនៅក្នុងប្រទេស ហើយនិងសង្គ្រាមជាមួយនគរចាមទៀត ។ ឯកសារចិនបាននិយាយថា នៅឆ្នាំ១១៥៤នៃគ្រិស្ដសករាជ ត្រូវនឹងមហាសករាជ១០៧៦ ព្រះរាជាកម្ពុជាបានបង្រួបបង្រួមប្រទេសទាំងពីរ គឺកម្ពុជា និងចាម្ប៉ា មកតែមួយដូចកាលពីក្នុងរជ្ជកាលរបស់ព្រះបាទឦសានវរ្ម័ន នាចុងសតវត្សរ៍ទី៩ដែរ ។
សិលាចារឹក ពោធិនគររបស់ចាមបានឱ្យដឹងថា នៅក្នុងរជ្ជកាលរបស់ព្រះបាទស្រីជ័យហរិវរ្ម័ន ដែលឡើងសោយរាជសម្បត្ដិនៅឆ្នាំ១១៤៥ រហូតដល់ឆ្នាំ១១៧០ ឬក៏ក្រោយនោះផង «នគរចាម្ប៉ាត្រូវរងការវាយប្រហារពីទ័ពកម្ពុជា និងទ័ពវិជ័យ (គឺប៊ិញឌិញ) យ៉ាងខ្លាំង» ។ ទ័ពចាមចាញ់ដៃនៅក្នុងវាលសាក្លាង ហើយទ័ពខ្មែរដណ្ដើមបានរាជធានីវិជ័យ ។ ក្រោយពីបានលើកព្រះអនុជថ្លៃព្រះនាមហរិទេវៈ ឱ្យសោយរាជ្យនៅចាម្ប៉ាក្នុងនាមជាព្រះយុវរាជ ឬឧបរាជ រួចមក ព្រះបាទសុរិយាវរ្ម័ន បានយាងត្រលប់មកកម្ពុជាវិញនៅឆ្នាំ១១៤៥ ។
ដប់ បីឆ្នាំក្រោយមក នៅឆ្នាំ១១៥៨ ពួកចាមតាមខែត្របានបះបោរឡើងក្រោមការដឹកនាំរបស់មេគេ ហើយលើកគ្នាមកឡោមព័ទ្ធវាយព្រះយុវរាជ ដែលត្រូវបង្ខាំងឱ្យនៅតែក្នុងរាជធានី ការពារដោយទ័ពខ្មែរ និងចាមមួយចំនួនតូច ។ ពេលទទួលបានដំណឹងនេះ ព្រះបាទសុរិយាវរ្ម័ន បានដឹកនាំទ័ពធ្វើដំណើរកាត់ព្រំដែនទៅជួយព្រះយុវរាជភ្លាម ។ ទ័ពទាំងពីរព្រួតគ្នាវាយទៅលើពួកបះបោរ ធ្វើឱ្យពួកនេះបរាជ័យនៅនឹងវាលវីរបុរៈ ។
នៅ ឆ្នាំបន្ទាប់មកទៀត ស្ដេចចាមព្រះបាទស្រីជ័យហរិវរ្ម័ន ដែលត្រូវបណ្ដេញចេញពីរាជសម្បត្ដិកាលពីឆ្នាំ១១៤៥ បានលើកទ័ពមកវាយម្ដងទៀត ហើយចាប់ព្រះយុវរាជបានជាឈ្លើយនៅលើវាលមហិ ។ ពេលនេះ ទ័ពខ្មែរ និងវិជ័យ ត្រូវបង្ខំឱ្យដកថយមកកម្ពុជាវិញ ហើយព្រះបាទស្រីជ័យហរិវរ្ម័ន ក៏ឡើងសោយរាជ្យសម្បត្ដិនៅចាម្ប៉ាជាថ្មី នៅឆ្នាំ១១៥៩ ។
ព្រះបាទសុរិយាវរ្ម័ន បានលើកទ័ពទៅដល់ «កោះដំរី និងស្ពាន់» ផងដែរ ។ លោកវេជ្ជបណ្ឌិត គែន បានផ្គូ «កោះដំរី និងស្ពាន់» នេះទៅនឹងកោះស្រីលង្កា ក៏ប៉ុន្ដែ តាមមើលទៅប្រហែលជាមិនមែនទេ (13) ។
ព្រះបាទ សុរិយាវរ្ម័ន មិនគ្រាន់តែជាស្ដេចពូកែខាងចម្បាំងមួយមុខប៉ុណ្ណោះទេ ទ្រង់ក៏ប្រហែលជាអ្នកគ្រប់គ្រងរដ្ឋបាលដ៏ប៉ិនប្រសប់ និងជាអ្នកច្បាប់ម្នាក់ដែរ ហើយទ្រង់គោរពព្រះសិវៈផង ព្រះវិស្ណុផង និងជាពុទ្ធសាសនិកជនថែមទៀត ពោលគឺទ្រង់ប្រកបទៅដោយលក្ខណសម្បត្ដិច្រើនយ៉ាង ។ តាមមើលទៅ ប្រហែលជាព្រះអង្គចេះធ្វើការជ្រើសរើសទៅតាមដំណើរបត់បែនរបស់សភាព ការនយោបាយហើយទើបបានជាព្រះអង្គខិតខំដូចជា ព្រះរាជាមុនៗដែរ ដើម្បីធ្វើឱ្យសាសនាទាំងបីរលាយចូលគ្នាតែមួយ ក្នុងស្មារតីឱ្យចេះអត់ឱនយោគយល់គ្នា ធ្វើ យ៉ាងណាជៀសវាងកុំឱ្យមានល្អក់កករខាងជំនឿសាសនា និងកុំឱ្យគេចោទព្រះអង្គថា មានលម្អៀងម្ខាងៗ ។
គេ បានចាត់ទុកថា ព្រះបាទសុរិយាវរ្ម័នជាអ្នកកសាងប្រាសាទដែលយើងហៅសព្វថ្ងៃថា អង្គរវត្ដ ឬបើហោចណាស់ក៏ថា ទ្រង់ជាអ្នកបានបញ្ជាឱ្យគេចាប់សាងសង់ប្រាសាទនេះដែរ ។ យើងនឹងបានឃើញនៅពេលបន្ដិចទៀតថា គ្មានឯកសារណាដែលបញ្ជាក់ថាគំនិតនេះត្រឹមត្រូវនោះទេ ហើយនឹងឃើញថាមិនមែនដោយសារគេប្រទះឃើញរូបចម្លាក់របស់ព្រះអង្គ និងព្រះមរណនាមរបស់ព្រះអង្គ (បរមវិស្ណុលោក) នៅលើចម្លាក់រាក់មួយ ទើបគេអាចចាត់ទុកថាដូច្នេះបាននោះទេ ។ គេត្រូវការឱ្យមានភស្ដុតាងផ្សេងក្រៅពីនេះ ដើម្បីបញ្ជាក់ថា ការចាត់ទុកដូច្នេះត្រឹមត្រូវ ។
ចំនុចត
ការគ្រងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី២
ព្រះមហាក្សត្រខ្មែរមួយអង្គដែលជាអ្នកផ្ដួចផ្ដើមសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញ និងជានិមិត្តរូបនៃប្រទេសកម្ពុជា គឺព្រះបាទសូរ្យវរ្ម័នទី២។ ព្រះអង្គឡើងគ្រងរាជ្យនៅដើមសតវត្សទី១២ បន្ទាប់ពីបានធ្វើគត់ព្រះរាជាពីរអង្គ ដែលសោយរាជ្យមុនព្រះអង្គ។
ជាបន្តទៅទៀតនេះ សូមអញ្ជើញលោកអ្នកនាងស្តាប់ការរៀបរាប់របស់ លោក ជុន ច័ន្ទបុត្រ អំពីប្រវត្តិសាស្ត្រខ្មែរក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២៖
ក.១៨ ព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ១១១៣-ឆ្នាំ១១៥០)
ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រខ្មែរសម័យអង្គរដ៏ល្បីល្បាញមួយព្រះអង្គ។ ស្នាព្រះហស្ដដ៏សំខាន់ជាងគេក្នុងរាជ្យរបស់ព្រះអង្គ គឺការដឹកនាំស្ថាបនាប្រាសាទអង្គរវត្តដ៏ល្អគ្មានពីរនៅលើពិភពលោកយើងនេះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការដណ្ដើមអំណាចឡើងគ្រងរាជ្យរបស់ព្រះអង្គ ពោរពេញទៅដោយការបង្ហូរឈាម។
មុនពេលដែលព្រះអង្គឡើងគ្រងរាជ្យនោះ ប្រទេសកម្ពុជា មានព្រះរាជាពីរអង្គគ្រងរាជ្យក្នុងពេលតែមួយ។ មួយអង្គទ្រង់សោយរាជ្យនៅរាជធានីអង្គរ មានព្រះនាមថា ព្រះបាទនឫទិន្ទ្រវរ្ម័ន ដែលឡើងសោយរាជ្យស្របច្បាប់បន្តពីព្រះបាទហស៌វរ្ម័នទី៣។ មួយព្រះអង្គទៀតព្រះនាម ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដែលទ្រង់សោយរាជ្យបន្តពីព្រះរៀមរបស់ព្រះអង្គ គឺព្រះបាទជ័យវរ្ម័នទី៦ នៅរាជធានីមហិធរៈបុរៈ ដែលស្ថិតនៅភាគខាងលិចនៃប្រទេស។ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ទ្រង់ឡើងសោយរាជ្យនៅឆ្នាំ១១០៧ ហើយទ្រង់ចូលទិវង្គតឆ្នាំ១១១២ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមនិស្កលបទ។
អ្នកដែលធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដើម្បីដណ្ដើមរាជ្យនោះ គឺព្រះបាទសូរ្យវរ្ម័នទី២ ដែលជាចៅក្មួយរបស់ព្រះអង្គនោះឯង។ ដំបូង ព្រះបាទសូរ្យវរ្ម័នទី២ ធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ជាឪពុកមារបស់ខ្លួន។ បន្ទាប់មក ព្រះអង្គក៏បានលើកទ័ពទៅច្បាំងជាមួយព្រះបាទនឫទិន្ទ្រវរ្ម័ន ព្រះរាជាសោយរាជ្យនៅរាជធានីអង្គរ ហើយធ្វើគត់ព្រះអង្គបានទៀត។ ការធ្វើគត់ព្រះរាជាទាំងពីរដែលចែកដីគ្នាគ្រងរាជ្យនៅកម្ពុជា ក្នុងពេលតែមួយនេះ បានធ្វើអោយព្រះបាទសូរ្យវរ្ម័នទី២ អាចបង្រួបបង្រួមនគរខ្មែរអោយទៅជាមួយឡើងវិញ។
ក្រោយពីធ្វើគត់ព្រះរាជាទាំងពីរបានហើយ ព្រះអង្គក៏ទ្រង់ឡើងសោយរាជ្យនៅរាជធានីអង្គរ។ ពិធីរាជាភិសេកក្នុងការឡើងគ្រងរាជ្យនេះ ត្រូវបានរៀបចំឡើងដោយព្រះរាជគ្រូព្រាហ្មណ៍បុរោហិតទិវាករបណ្ឌិតដដែល។
លុះទ្រង់បានឡើងសោយរាជ្យហើយ ព្រះអង្គទ្រង់បានភ្ជាប់ចំណងមិត្តភាពជាមួយប្រទេសចិន ឡើងវិញ ហើយព្រះអង្គបានបញ្ជូនគណៈបេសកកម្មការទូតពីរទៅប្រទេសចិន គឺមួយនៅឆ្នាំ១១១៦ និងមួយទៀតនៅឆ្នាំ១១២០ នៃគ្រិស្ដសករាជ។
ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចសឹកដ៏អង់អាចក្លាហាន។ ព្រះអង្គបានធ្វើសង្គ្រាមជាញឹកញាប់ ដោយបានច្បាំងជាច្រើនលើកច្រើនសាជាមួយនឹងប្រទេសចំប៉ា ដែលបានបញ្ជូនទ័ពមកឈ្លានពានទឹកដីខ្មែរតាំងពីមុនរាជ្យរបស់ព្រះអង្គ គឺពេលដែលប្រទេសបែកបាក់គ្នា ហើយមានស្ដេចសោយរាជ្យដល់ទៅពីរអង្គក្នុងពេលតែមួយនោះ។
សង្គ្រាមជាមួយប្រទេសចំប៉ា នេះបានទទួលជោគជ័យ ហើយខ្មែរបានកាន់កាប់រាជធានីវិជ័យពីឆ្នាំ១១៤៥ ដល់ឆ្នាំ១១៤៩ ហើយដាក់ប្អូនថ្លៃព្រះអង្គឈ្មោះ ហរិទេវៈ អោយសោយរាជ្យនៅទីនោះផង។
ច្បាំងនឹងយួនដៃវៀត ដែលចេះតែឃុបឃិតគាំទ្រពួកក្បត់ ហើយអនុញ្ញាតអោយពួកនេះជ្រកកោនផង។ ច្បាំងនឹងក្សត្របុរីថៃ ដែលក្រោកបះបោរនៅវាលទំនាបខាងលើនៃទន្លេមេណាម ផង ហើយច្បាំងជាមួយពួកមន នៅហរិបុញ្ជ័យ ថែមទៀតផង។ ដោយសារព្រះអង្គជាស្ដេចសឹកដ៏ខ្លាំងពូកែដូច្នេះហើយ ទើបព្រះចៅក្រុងចិន ថ្វាយព្រះឋានន្តរនាមដ៏ខ្ពង់ខ្ពស់ចំពោះព្រះអង្គថា គិនពីវពិនចេង ដែលប្រហែលជាត្រូវនឹងពាក្យខ្មែរថា កម្រតេង នោះឯង។
ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខាងជើងទល់នឹងប្រទេសចិន ខាងត្បូងទល់នឹងសមុទ្រចិន គឺពីកូថារ៉ា (បច្ចុប្បន្នញ៉ាត្រាង ក្នុងប្រទេសវៀតណាម) រហូតដល់ឈូងសមុទ្របានឌុង (នៅម៉ាឡេស៊ី)។ ខាងលិចទល់នឹងប្រទេសភូមា ហើយព្រំប្រទល់ខាងកើតទល់នឹងប្រទេសចំប៉ា។ ម្យ៉ាងទៀត ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ជាមគ្គុទ្ទេសក៍ដ៏ឆ្លាតវាងវៃក្នុងការដឹកនាំប្រទេសជាតិ។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរដំបូងបំផុត ដែលមានជំនឿស៊ប់លើសាសនាព្រាហ្មណ៍គណៈព្រះវិស្ណុ ដែលក្នុងសម័យនោះមានប្រជាប្រិយភាពធំធេងនៅប្រទេសឥណ្ឌា ផង និងនៅកោះជ្វា ផង។ ព្រះអង្គបានលើកតម្កើងសាសនាព្រាហ្មណ៍គណៈវិស្ណុ នេះអោយទៅជាសាសនារបស់រដ្ឋ។
នៅក្នុងរាជ្យរបស់ព្រះអង្គ បដិមាតំណាងព្រះរាជាដែលគេតម្កល់ក្នុងប្រាសាទធំៗ លែងជាសិវលិង្គរបស់ព្រះឥសូរ ទៀតហើយ តែជាព្រះវិស្ណុបដិមាវិញ។ ខាងវិស័យសំណង់ ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ជាព្រះមហាក្សត្រមួយអង្គដែលមានស្នាព្រះហស្តយ៉ាងច្រើនសម្បើម ដោយព្រះអង្គបានបន្តការស្ថាបនាប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្ដក ប្រាសាទវត្តភូ និងប្រាសាទព្រះវិហារ។ ឯសំណង់ថ្មីមានប្រាសាទព្រះពិធូរ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទអង្គរវត្ត ដែលជាស្នាដៃដ៏ល្អប្រណីតនៃសិល្បៈខ្មែរ ហើយដែលត្រូវគេចាត់ទុកថា ជាសំណង់សាសនាមួយដ៏ធំជាងគេក្នុងពិភពលោក។ ប្រាសាទអង្គរវត្ត ក៏ជាទីដែលគេតម្កល់បដិមាព្រះវិស្ណុ និងក៏ប្រហែលជាទីដែលគេបញ្ចុះព្រះធាតុរបស់ព្រះអង្គ ក្នុងពេលដែលព្រះអង្គសោយទិវង្គតទៅនោះ។
នៅភាគខាងចុងរាជ្យរបស់ព្រះអង្គក្នុងឆ្នាំ១១៤៩ ពួកចាម បានបះបោរ រួចបានធ្វើគត់ ហរិទេវៈ ដែលជាប្អូនថ្លៃរបស់ព្រះអង្គសោយរាជ្យនៅក្រុងវិជ័យ ហើយរំដោះប្រទេសចំប៉ា បានពីកម្ពុជា។ ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ឡើងគ្រងរាជ្យពីឆ្នាំ១១១៣ ហើយប្រហែលជាទ្រង់សោយទិវង្គត នៅឆ្នាំ១១៤៩ ឬឆ្នាំ១១៥០ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមវិស្ណុលោក៕
កំណត់ចំណាំៈ
ខ្ញុំគ្មានបំណងនឹងអះអាងថាព្រះរាជារបស់កម្ពុជាពីរព្រះអង្គ ក្រោយនេះ គឺជាព្រះរាជាទី៤ និងទី៥ ដែលមានចែងនៅក្នុងរាជពង្សាវតាររបស់កម្ពុជាបុរាណដែលខ្ញុំមានក្នុង ដៃបីច្បាប់ដែរនោះទេ ។ តាមមើលទៅ រាជពង្សាវតារនេះមិនសូវត្រឹមត្រូវប្រាកដប្រជាប៉ុន្មានទេ ហើយខ្ញុំសង្ស័យថា នោះគឺគ្រាន់តែជា កម្រងរឿងនិទានដែលមានការពិតត្រឹមតែខ្លះៗប៉ុណ្ណោះ ប៉ុន្ដែបានត្រូវគេចងក្រងរៀបចំតាមលំដាប់ពេលវេលា ប្រកបទៅដោយស្មារតីប្រុងប្រយ័ត្ន ។ តែខ្ញុំចង់បញ្ជាក់ថា ព្រះបាទធរណិន្ទ្រវរ្ម័នទី២ និងព្រះបាទសុរិយាវរ្ម័នទី២ ដែលសោយរាជ្យបន្ដបន្ទាប់គ្នានៅសតវត្សរ៍ទី១២នៅកម្ពុជា ធ្វើឱ្យយើងនឹកឃើញជាពិសេសដល់ព្រះបាទធរណិន្ទ្រានៅក្នុង រាជពង្សាវតារដែលខ្ញុំមានហើយដែលមានច្បាប់មួយនោះបានបន្ថែមព្រះ នាមថាវរ្ម័នចុងក្រោយថ្វាយ និងនឹកឃើញដល់ព្រះរាជាមួយព្រះអង្គទៀត គឺព្រះបាទអាទិត្យវរ្ម័ន ។ គេដឹងហើយថានៅក្នុងភាសាខ្មែរ សុរិយា និងអាទិត្យ សំដៅយកព្រះអាទិត្យដូចគ្នា ។
១៣. ព្រះបាទធរណិន្ទ្រវរ្ម័ន (១១៦២-១១៦៣)
ព្រះរាជា ដែលសោយរាជសម្បត្ដិបន្ដពីព្រះបាទសុរិយាវរ្ម័នទី២ គឺព្រះរៀម ឬព្រះអនុជជីដូនមួយរបស់ព្រះអង្គមួយអង្គ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងបុត្រីរបស់ព្រះបាទហស៌វរ្ម័នទី ៣ ។ ព្រះរាជាអង្គនោះ បានឡើងគ្រងរាជបល្ល័ង្កនៅឆ្នាំ១១៦២ដោយទទួលព្រះអភិសេកនាមថា ព្រះស្រីធរណិន្ទ្រវរ្ម័ន ហើយហាក់ដូចជា សោយរាជសម្បត្ដិបានតែប៉ុន្មានខែប៉ុណ្ណោះ ។
១៤. ព្រះបាទជ័យវរ្ម័នទី៨ (១១៦២-១២០១)
ព្រះបាទជ័យវរ្ម័ន បានឡើងសោយរាជសម្បត្ដិបន្ដពីព្រះបាទធរណិន្ទ្រវរ្ម័ន ជាព្រះបិតា នៅឆ្នាំ១១៦២ ។
សិលាចារឹក មួយនៅប្រាសាទអង្គរវត្ដ បានរៀបរាប់ថា ព្រះអង្គបានជ្រើសរើសយកព្រាហ្មណ៍ វិធ្យេសវិធៈ ជាហោរា ហើយបានអភិសេកព្រះអនុជជាព្រះយុវរាជ ដើម្បីឱ្យគេជ្រើសរើសព្រះអនុជនោះ សោយរាជសម្បត្ដិបន្ដពីព្រះអង្គ ។
នៅ ក្រោមរជ្ជកាលស្ដេចអង្គនេះ សង្គ្រាមជាមួយនគរចាម្ប៉ា បានឆាបឆេះឡើងវិញ ដោយកំហុសរបស់ស្ដេចចាម ព្រះបាទស្រីហរិវរ្ម័នទី១ ដែលបានធ្វើការឈ្លានពានបណ្ដាខែត្រខាងត្បូងរបស់តុងកឹង នគរវិជ័យ ប៊ិញឌិញ១៤ ដែលជាទីតាំងរាជធានីនគរផានរ៉ាង ដែលមានស្ដេចចាមជ្រែករាជ្យមួយអង្គ ឬក៏ស្ដេចស្នងបន្ដមួយអង្គសោយរាជ្យ និងវាយកម្ពុជាផងដែរ ដោយចូលរហូតមកដល់ជិតរាជធានីឥន្ទបត្ដ ។ ក្រោយពីបានដុតបំផ្លាញរួចហើយ ពួកចាមមិនបានបន្ដដំណើរទៅឆ្ងាយពីព្រំប្រទល់ដែនរបស់ខ្លួនទេ តែបានត្រលប់ទៅស្រុកវិញ ដោយនាំយកទៅជាមួយនូវជ័យភណ្ឌជាច្រើន ។
លោក ហ្គោប៊ីល នៅក្នុងសៀវភៅរបស់គាត់ឈ្មោះថា កំណត់សម្គាល់ស្ដីអំពីកូសាំងស៊ីន បាននិយាយថា ស្ដេចខ្មែរពេលនោះសម្ងំធ្វើមិនដឹងមិនឮយូរណាស់ រហូតទាល់តែដល់១៨ឆ្នាំក្រោយមក គឺនៅឆ្នាំ១១៩៧ ទើប ព្រះអង្គលើកទ័ពមកវាយកម្ទេចកូសាំងស៊ីន (គឺនគរចាម្ប៉ា) ចាប់ស្ដេចចាមជាឈ្លើយ បំផ្លិចបំផ្លាញខ្ទេចខ្ទី រួចលើកឧកញ៉ាខ្មែរម្នាក់ឱ្យសោយរាជ្យមុននឹងដកទ័ពថយមកវិញ ។ សិលាចារឹកតាព្រហ្មបានឱ្យដឹងថា ព្រះអង្គក៏បានដោះលែងស្ដេចចាមឱ្យមានសិទ្ធិសេរីភាពឡើងវិញផងដែរ ដែលជាហេតុធ្វើឱ្យព្រះរាជាទាំងឡាយ ទៅជាវង្វេងលែងយល់ «នៅពេលដែលឃើញអំពីវិសេសភាពនៃព្រះរាជអាកប្បកិរិយានេះ» ។
សិលាចារឹក ចាមនៅមីសឺននិយាយថា ព្រឹត្តិការណ៍នេះកើតឡើងនៅមហាសករាជ១១១២ត្រូវនឹងគ្រិស្ដសករាជ១១៩០ គឺមុនឯកសារខ្មែរ៧ឆ្នាំ ។ ខាងក្រោមនេះ គឺជាសេចក្ដីសង្ខេបរបស់អត្ថបទសិលាចារឹកដែលលោក ហ៊្វីណូ ក៏បានបកប្រែ ៖
ស្ដេចចាមព្រះ នាមជ័យឥន្ទ្រវរ្ម័នអុងវ៉ាទូ (15) ជាអ្នកបង្កសង្គ្រាម ។ពេលនោះមេទ័ពកម្ពុជាគឺជាជនជាតិចាមមួយ រូបដែលស្ដេចខ្មែរបានយកមកចិញ្ចឹម និងតែងតាំងជាព្រះយុវរាជ (សម្រាប់នគរចាម្ប៉ា) មានឈ្មោះថា ស្រីវិធ្យនន្ដៈ មានកំណើតដើមចេញមកពីទុំប្រូក-វិជ័យ ។ ស្ដេចចាមនាំទ័ពចេញមកជួបនឹងទ័ពខ្មែរនៅក្នុងវាលចាក្លាង ហើយត្រូវបរាជ័យ ។ ខ្មែរដណ្ដើមយករាជធានីវិជ័យ (គឺប៊ិញឌិញ) បាន រីឯស្ដេចចាមត្រូវចាប់បានជាឈ្លើយបញ្ជូនមកកម្ពុជា ។
នៅ ពេលនោះ ឧត្ដមសេនីយ៍ខ្មែរ គឺព្រះយុវរាជ ក៏បានលើកព្រះអង្គម្ចាស់ អ៊ិន ដែលត្រូវជាព្រះអនុជថ្លៃរបស់ព្រះរាជាកម្ពុជា ឱ្យឡើងសោយរាជ្យក្រោមព្រះនាមថា សុរិយជ័យវរ្ម័ន រួចហើយខ្លួនឯងសោយរាជ្យនៅឯរាជបុរៈ(ផានរ៉ាង) មានព្រះនាមថា សុរិយាវរ្ម័ន (16) ។
ស្ដេចនៅ វិជ័យ (ប៊ិញឌិញ) ពោលគឺ ព្រះអនុជថ្លៃរបស់ព្រះបាទជ័យវរ្ម័នទី៨ មិនទាន់សោយសុខនឹងរាជសម្បត្ដិយូរប៉ុន្មានផង ក៏ត្រូវរាជវង្សចាមមួយអង្គឈ្មោះ រាសូបតិ ដេញកម្ចាត់ចេញពីរាជធានី ហើយឡើងសោយរាជ្យខ្លួនឯងក្រោមឈ្មោះថា ជ័យឥន្ទ្រវរ្ម័ន ។
បន្ទាប់ ពីមានព្រឹត្តិការណ៍នេះ កងទ័ពខ្មែរត្រូវបង្ខំចិត្ដចាកចេញពីនគរចាម្ប៉ា ប៉ុន្ដែទ័ពមួយកងដែលនៅឯរាជបុរី (ផានរ៉ាង) ជាមួយនឹងស្ដេចសុរិយាវរ្ម័ន-វិធ្យនន្ដ ប្រហែលជាមិនបានត្រលប់មកកម្ពុជាវិញទេ ។ កងទ័ពទាំងអស់នោះ បានវិលត្រលប់ទៅចាម្ប៉ាវិញនៅពេលក្រោយមកតែម្ដងនេះ ដឹកនាំដោយស្ដេចចាម ដែលសោយរាជ្យនៅវិជ័យពីមុន គឺព្រះបាទឥន្ទ្រវរ្ម័នវ៉ាទូ ដែលត្រូវនាំយកមកកម្ពុជាជាឈ្លើយ ប៉ុន្ដែត្រូវបានព្រះរាជាកម្ពុជាទុកព្រះទ័យ ហើយចាត់ឱ្យត្រលប់ទៅរំដោះនគរចាម្ប៉ាវិញ ។ ពេលមកដល់នគរចាម្ប៉ា ឥន្ទ្រវរ្ម័នវ៉ាទូ បានអំពាវនាវសុំជំនួយពីស្ដេចរាជបុរី ។ ស្ដេចរាជបុរីសុរិយាវរ្ម័នបានលើកទ័ពវាយលុកដណ្ដើមយកវិជ័យបានមុន ចាប់ស្ដេចជ័យឥន្ទ្រវរ្ម័នរាសូបតិធ្វើឃាតរួចហើយប្រកាសខ្លួនឯងជា ព្រះរាជា ។
ឥន្ទ្រវរ្ម័នវ៉ាទូខូច ចិត្ដជាខ្លាំងនឹងការប្រព្រឹត្ដរបស់សុរិយាវរ្ម័ន ហើយប្រហែលជាត្រូវកងទ័ពខ្មែរបោះបង់ចោលផង ក៏គេចខ្លួនទៅនៅឯអមរាវតី គឺក្វាងណាមសព្វថ្ងៃ បង្កទ័ព រួចវិលមកវាយវិជ័យដែលស្ដេចផានរ៉ាងគង់នៅ ។ វ៉ាទូត្រូវសុរិយាវរ្ម័នធ្វើឃាតបាននៅក្នុងការប្រយុទ្ធមួយនៅពេល ក្រោយមក ។ ពេលនោះព្រះរាជាកម្ពុជាបានឈ្វេងយល់អំពីអំពើក្បត់របស់អតីតយុវរាជ ក៏បញ្ជូនទ័ពទៅបង្ក្រាប តែត្រូវបរាជ័យ ។ ទោះជាយ៉ាងណាក្ដី ស្ដេចសុរិយាវរ្ម័នបានបោះបង់រាជធានីវិជ័យចោល ត្រលប់ទៅសោយរាជ្យនៅឯផានរ៉ាងវិញ ដោយទុករជ្ជទាយាទបួនអង្គនៅសោយរាជ្យបន្ដបន្ទាប់គ្នានៅលើ រាជបល្ល័ង្កវិជ័យ ។
ឯកសារ ពង្សាវតារអាណ្ណាមបាននិយាយថា ស្ដេចនេះបានបញ្ជូនរាជទូតទៅគាល់ស្ដេចអាណ្ណាម លីអាញ់តុង នៅឆ្នាំ១១៩០ដែលបានច្បាំងមានជ័យជម្នះលើជនក្បត់ម្នាក់ដែលចង់ ធ្វើខ្លួនថាជារាជបុត្រស្ដេច ហើយនិងឧត្ដមសេនីយ៍ក្បត់ម្នាក់ ។
ឯកសារប្រវត្ដិសាស្ដ្រចិន បានលើកអំពីរាជទូតកម្ពុជាម្នាក់ ដែលនាំសួយសារអាករទៅថ្វាយស្ដេចចិននៅឆ្នាំ១២០០ ។
ឆ្លៀតឱកាស ដែលចាមឈ្លានពានកម្ពុជា និងការធ្វើសង្គ្រាមអូសបន្លាយមិនចេះចប់ ក្សត្រប្រទេសចំណុះទាំងឡាយនៅខាងជើងស្រុកខ្មែរបានក្រោកទាមទារ ឯករាជ្យ ផ្ដាច់ចំណងទាក់ទងជាមួយមហានគរ ។ ប៉ុន្ដែព្រះបាទជ័យវរ្ម័នទី៨បានលើកទ័ពបង្ក្រាបរហូតទៅដល់ចន្ទនបុរៈ (វៀងច័ន្ទ) ស្រីធម្មគិរី (ហ្លួងប្រាបាង) ហើយចាប់ស្ដេចនគរទាំងពីរឱ្យលើកសួយសារអាករមកថ្វាយ ។ ក្នុងពេលដែលព្រះរាជាកម្ពុជាស្ថិតនៅឆ្ងាយប្រមាណជា៩០០គីឡូម៉ែត្រ ពីរាជធានី ដូច្នេះមានទ័ពមជ្ឈិមមួយកងដែលស្ថិតនៅក្រោមបញ្ជារបស់ព្រះកម្រតេង ជាអភិបាលនគររាជសីមា (កូរ៉ាត់) ឈ្មោះថា អញរាជេន្ទ្រវរ្ម័ន បានចាប់វាតអំណាចត្រួតត្រាលើរាល់អាណាខែត្រខាងលិចគឺត្រូវនឹង ស្រុកសៀម (17) សព្វថ្ងៃ ។
តាម មើលទៅអាណាចក្រខ្មែរពេលនោះលាតសន្ធឹងហួសទឹកដីសុខោទ័យទៅទៀត ហើយក្សត្រប្រទេសដ៏ខ្លាំងពូកែមួយនេះក៏នៅចំណុះស្ដេចខ្មែរផងដែរ បើហោចណាស់ក៏តាមផ្លូវការដែរ ទោះបីថាមានស្ដេចថៃសោយរាជ្យក៏ដោយ ។ គឺនៅសុខោទ័យនេះឯងដែលគេរកឃើញសិលាចារឹកខ្មែរមួយចំនួន ហើយនិងឯកសារមានឈ្មោះថា ត្រៃភូមិ ដែលប្រហែលជាគេសរសេរនៅពាក់កណ្ដាលទីមួយនៃសតវត្សរ៍ទី១៣ ត្រូវនឹងសតវត្សរ៍ទី១២នៃមហាសករាជ ។ ស្ដេចអញរាជេន្ទ្រវរ្ម័ន ក៏ប្រហែលជាបានដឹកនាំទ័ពរហូតដល់ប្រទេសភូមាទៀតផង ។
ដូច ជាព្រះរាជាមុនៗដែរ ព្រះបាទជ័យវរ្ម័នទី៨ មិនគ្រាន់តែជាស្ដេចដែលពូកែខាងចម្បាំងប៉ុណ្ណោះទេ ប៉ុន្ដែក៏ពូកែខាងការគ្រប់គ្រងប្រទេស និងជាអ្នកច្បាប់ម្នាក់ផងដែរ ។ សិលាចារឹកបានលើកឡើងថា «ព្រះអង្គបានប្រគល់អវយវៈទាំងអស់របស់ព្រះអង្គឱ្យគោព្រៃ» មានន័យថា ព្រះអង្គអនុវត្ដនូវយុត្ដិធម៌ ។ ទ្រង់យល់ដឹង និងរំលែកទុក្ខលំបាករបស់ប្រជារាស្ដ្រ ហើយបានចាត់ឱ្យកសាងមន្ទីរពេទ្យជាច្រើននៅតាមទីក្រុង និងវត្ដអារាម ដែលមានគ្រូពេទ្យពីររូបនៅចាំព្យាបាលជំងឺវណ្ណៈទាំងបួន ជាមួយនឹងគិលានុបដ្ឋាកម្នាក់ គិលានុបដ្ឋាយិកាពីរនាក់ អ្នកកាន់ឃ្លាំងពីរនាក់ អ្នកដាំស្លពីរនាក់ ។ល ។
១៥. ព្រះបាទឥន្ទ្រវរ្ម័នទី២ (១២០១)
ព្រះបាទ ឥន្ទ្រវរ្ម័នទី២ ដែលត្រូវបានអភិសេកជាព្រះយុវរាជតាំងតែពីក្នុងរជ្ជកាលមុន បានឡើងសោយរាជ្យបន្ដពីព្រះបាទជ័យវរ្ម័នទី៨នៅឆ្នាំ១២០១ ក្រោយពេលដែលកម្ពុជាបានបញ្ជូនរាជទូតទៅស្រុកចិនបន្ដិច ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនបានរៀបរាប់ថា ស្ដេចអង្គនេះបានវាយលុករាតត្បាតទឹកដីជាច្រើន ដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ចិន ជាអាទិគឺទឹកដីដែលស្ថិតនៅពីខាងជើងហ្លួងប្រាបាង ហើយស្ដេចចិនបានបញ្ជូនទូតមកកម្ពុជានៅឆ្នាំ១២០៦ ដើម្បីសាកសួរមូលហេតុ ហើយស្ដេចខ្មែរក៏យល់ព្រមបញ្ឈប់ការវាយប្រហារនោះ ។
ប្រមាណ ជា១២ឆ្នាំក្រោយមក ព្រះយុវរាជដែលដឹកនាំនគរចាម្ប៉ា ជំនួសព្រះរាជាកម្ពុជា បានឆ្លៀតឱកាសដែលមានសង្គ្រាមផ្ទៃក្នុងធ្វើឱ្យអាណ្ណាមចុះខ្សោយ ក៏រៀបចំទ័ពមួយកងមានចម្រុះខ្មែរចាម ហើយធ្វើការលុកលុយខែត្រង៉េអាន និងវាយទៅលើទ័ពអាណ្ណាមដែលចេញមកទប់ទល់ ។ ប៉ុន្ដែពីរឆ្នាំក្រោយពីជោគជ័យនេះគឺ នៅឆ្នាំ១២២០ មិនដឹងជាដោយមូលហេតុអ្វី ស្រាប់តែព្រះយុវរាជបោះបង់នគរចាម្ប៉ាចោល ហើយដឹកនាំទ័ពត្រលប់ចូលមកកម្ពុជាវិញ ។ មកទល់នឹងពេលនោះ នគរចាម្ប៉ាបានស្ថិតនៅក្រោមអាណានិគមរបស់កម្ពុជា ហើយមានរាជវង្សខ្មែរសោយរាជ្យអស់ពេល៣២ឆ្នាំគត់។ តាម មើលទៅ ប្រហែលជានៅដើមសតវត្សរ៍ទី១៣នោះ មានកើតការបះបោររបស់ពួកអ្នកស្រុកសៀម ហើយជាពេលដែលស្ដេចថៃចាប់ផ្ដើមបះបោរទាមទារឯករាជ្យដែរ (18) ។
បើ ទោះជាយ៉ាងណាក្ដី នៅចុងសតវត្សរ៍ទី១៣ រាជទូតចិនបានរៀបរាប់ថា ស្រុកខ្មែរពេលនោះខ្សត់ប្រជាជនអាស្រ័យដោយមានសង្គ្រាមមិនចេះចប់ មិនចេះហើយជាមួយពួកសៀម ។ បើសិនជារឿងហេតុបានកើតមានដូច្នោះមែន នោះហើយជាមូលហេតុដែលនាំឱ្យបោះបង់នគរចាម្ប៉ាចោល ព្រោះខ្មែរត្រូវប្រមូលផ្ដុំកម្លាំងទប់ទល់នឹងពួកសៀមវិញ ។
១៦. ព្រះបាទស្រីន្ទ្រវរ្ម័ន
ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទឥន្ទ្រវរ្ម័នទី២គឺព្រះបាទ ស្រីន្ទ្រវរ្ម័ន ដែលប្រហែលជាព្រះអង្គគង់នៅយសោធបុរៈ ដដែល ក៏ប៉ុន្ដែគេមិនដឹងថា តើទ្រង់ឡើងសោយរាជ្យនៅឆ្នាំណា និងសុគតនៅឆ្នាំណាទេ ។
១៧. ព្រះបាទជ័យវរមៈទិបរមេស្វរៈ
ព្រះបាទ ជ័យវរមៈទិបរមេស្វរៈ ដែលសិលាចារឹកខ្លះហៅថា ជ័យវរមៈបរមេស្វរៈ បានឡើងសោយរាជ្យបន្ដពីព្រះបាទស្រីន្ទ្រវរ្ម័ន ប៉ុន្ដែគេមិនបានដឹងពីកាលវេលាទេ ។ព្រះអង្គបានបង្ក្រាបពួក បះបោររួចបានធ្វើសង្គ្រាមជាមួយមហាអំណាចសត្រូវមួយ «ដែលទ្រង់បានដណ្ដើមយករាជធានីយ៉ាងស្រួលដូចជាគេដកស្មៅ» ហើយ «ធ្វើឱ្យជ័យជម្នះព្រះអង្គមានរស្មីបីដូចជាបុស្បុកមួយដែលគេលើក ឡើងនៅចន្លោះសត្វសិង្ហពីរក្បាល» ។
គឺជាស្ដេចមួយអង្គដែលមានកុសលល្អ «ប្រសើរ ជាងទាំងព្រះឥន្ទ្រទៅទៀត ដោយសារទ្រង់បានប្រោះព្រំពិភពលោកឥតឈប់ឈរដោយទឹកភ្លៀងនៃទេពកោសល្យ របស់ព្រះអង្គ ហើយទ្រង់សន្ដោសប្រណីតែទៅតាមក្រមច្បាប់ដែលមានចែងនៅក្នុងគម្ពីរ សាស្ដ្រា និងក្រោយពីបានពិនិត្យហ្មត់ចត់» ប៉ុណ្ណោះ ។ ព្រះអង្គក៏ត្រូវបានគេចាត់ទុកថា ជាព្រះរាជាមួយអង្គដែលប្រកបទៅដោយកិត្ដិគុណ ដោយនិយាយថា «ព្រះអង្គឈរនៅពីលើសិរសានៃព្រះរាជាទាំងឡាយ» ហើយអំណាចរបស់ព្រះអង្គវាតរហូតទៅដល់មាត់សមុទ្រ ។
នេះ គឺជាស្ដេចចុងក្រោយដែលគេស្គាល់តាមសិលាចារឹក ហើយច្បាស់ណាស់ថា ទ្រង់ជាព្រះរាជានៃសម័យកាលអាប់ឱន ជាព្រះរាជានាចុងបញ្ចប់នៃមហាអាណាចក្រកម្ពុជាព្រហ្មញ្ញនិយម ។ ក៏ប៉ុន្ដែ នៅក្នុងរជ្ជកាលរបស់ព្រះអង្គ រាជាណាចក្រខ្មែរនៅមានវិសាលភាពធំធេងនៅឡើយ គឺលាតសន្ធឹងពី អាតូពឺ នៃនគរចម្ប៉ាពីខាងកើត ទៅដល់ឈូងសមុទ្រសៀម និងទៅដល់ភ្នំភួងលួង នៅឯនាយទន្លេសាលូអង់ ពីខាងលិច ទៅដល់ព្រំប្រទល់ស្រុកចិន ឆ្ងាយហួសហ្លួងប្រាបាង ហើយនៅខាងជើងរហូតដល់សមុទ្រចិន និងចំណុចកាម៉ង់នៅខាងត្បូង ។ ទឹកដីអាណាចក្រកម្ពុជាពេលនោះធំណាស់ គឺមានប្រហែលជាមួយលានគីឡូម៉ែត្រក្រឡា ដែលបែងចែកចេញជាក្សត្រប្រទេសស្វយ័តប្រមាណជាម្ភៃក្សត្រប្រទេស ទាំងនោះ ចំណុះ ឬក៏គ្រាន់តែទទួលស្គាល់អនុត្ដរភាពរបស់ព្រះរាជាកម្ពុជា ប៉ុណ្ណោះប៉ុន្ដែរំជើបរំជួលខ្លាំងណាស់ ហើយត្រៀមខ្លួនជាស្រេចនឹងចាប់កាន់អាវុធតស៊ូដែលធ្វើឱ្យព្រះរាជា កម្ពុជា ត្រូវវាយបង្ក្រាបជារឿយៗ ដើម្បីឃុំគ្រងទុកនៅក្នុងអំណាច ។ នៅសម័យដែលយើងបានឈានមកដល់នោះ វាហាក់ដូចជាថា ពួកក្សត្រប្រទេសទាំងអស់នោះរង់ចាំតែពេលអាណាចក្រកម្ពុជាមានការ បាក់បែកគ្នា នឹងអាលងើបក្រោករកសេរីភាព និងឯករាជ្យប៉ុណ្ណោះ ជាពិសេស គឺពួកសៀម ឬថៃ តែម្ដង ដែលកម្រើកមុនគេ ។
១៨. ព្រះរាជាដែលគេមិនបានស្គាល់ព្រះនាម (១២៥០?-១៣០០?)
នៅ ក្រោមរជ្ជកាលរបស់ព្រះរាជាមួយអង្គដែលយើងមិនស្គាល់ព្រះនាម អាចនឹងនិយាយថា នៅក្រោមរាជ្យព្រះបាទជ័យវរ្ម័នបរមេស្វរៈ ជាព្រះរាជាដែលគេស្គាល់ក្រោយគេបង្អស់តាមសិលាចារឹក ឬក៏ថា នៅក្រោមរាជ្យរបស់ស្ដេចដែលសោយរាជ្យបន្ដពីព្រះអង្គ មានរាជទូតចិនមួយរូបមកដល់កម្ពុជានៅឆ្នាំ១២៩៦ ។ ចិនម្នាក់ដែលបានមកជាមួយដែរ ប៉ុន្ដែមិនមែនជាសមាជិករបស់គណៈប្រតិភូ ឈ្មោះ ជីវតាក្វាន់ បានសរសេរកំណត់ត្រាដ៏ចម្លែកមួយអំពីកម្ពុជាដែលគេបានបកប្រែពីរលើកជាភាសាបារាំង (19) ។ ជីវ តាក្វាន់ ហៅស្រុកខ្មែរថា ឆាឡា ឬឆេនឡា តែបាននិយាយថា គេក៏ហៅថា កានពូឆេ ផងដែរ ជាឈ្មោះដែលត្រូវនឹងពាក្យសំស្ក្រឹត កម្ពុជៈ សព្វថ្ងៃអានថា កម្ពុជា ។
អ្នកនិពន្ធ បានធ្វើការរៀបរាប់ត្រួសៗអំពីរាជធានីអង្គរធំ និងថារាជវាំងមានប្រាសាទមាសមួយមានកំពូលសម្រាប់ព្រះរាជា ផ្ទំ ។ ប្រជារាស្ដ្រទាំងប្រុសទាំងស្រីបួងសក់ ស្លៀកសំពត់ ព្រះរាជាពាក់មកុដដាំពេជ្រ និងមានព្រះហស្ដ និងព្រះបាទលាបពណ៌ក្រហម ហើយកាន់ព្រះខ័នមាសពេលចេញពីព្រះបល្ល័ង្ក ។
ជីវ តាក្វាន់បានរៀបរាប់លម្អិតផងដែរអំពីទំនៀមទម្លាប់របស់អ្នកស្រុក អំពីការប្រសូតកូន ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗមុនរៀបអាពាហ៍ពិពាហ៍ ។ គាត់បាននិយាយពីពួកឈួងដែលត្រូវបានគេយកមកធ្វើជាខ្ញុំបម្រើ ប្រាកដណាស់ថានោះគឺពួកជងដែលរស់នៅខែត្រកំពង់សោម ចន្ទតាប៊ុន រយ៉ង និងស្រុកដែលស្ថិតនៅពីខាងកើត និងខាងត្បូងខែត្រទាំងអស់នោះ ។ គាត់បានប្រាប់អំពីតម្លៃដែលគេលក់ពួកនោះ និងនិយាយថា ពួកនោះត្រូវគេមើលងាយមើលថោកខ្លាំងណាស់បើឡើងផ្ទះត្រូវលូននឹង ជង្គង់ ហើយដាក់ដៃសំពះលើថ្ងាស ។ជនណាស្រលាញ់ស្រីជង នឹងត្រូវគេមើលងាយមើលថោកដូចពួកនោះដែរ ។
បន្ទាប់ មក ជីវ តាក្វាន់ និយាយអំពីច្បាប់ ជំងឺឃ្លង់ ដែលកើតមានច្រើនដោយសារអ្នកស្រុកមានទម្លាប់ងូតទឹកក្រោយពីបានរួម សង្វាសនឹងគ្នារួច ។ មនុស្សស្លាប់គេយកទៅចោលក្នុងព្រៃ ឬដុត បើជាស្ដេចវិញ គេយកសព ឬអដ្ឋិធាតុដាក់ក្នុងចេតិយ ។ ជីវ តាក្វាន់ក៏បានពិពណ៌នាអំពីកសិកម្ម និងពាណិជ្ជកម្មផលិតផលកសិកម្មនិង ផលព្រៃឈើផងដែរ ។
គាត់បាន និយាយថា កម្ពុជាពេលនោះ មានក្សត្រប្រទេសចំណុះច្រើនជាងកៅសិប ភូមិនីមួយៗមានវត្ដមួយ ហើយគេគោរពមេម្នាក់ដែលគាត់ហៅថា ម៉ៃស៊ី ។ តាមមើលទៅពាក្យនេះ ប្រហែលជាការហៅមិនត្រូវនូវពាក្យមេ ។
បន្ទាប់ មក គាត់និយាយអំពីទ័ពថ្មើរជើងដែលមានខ្លួនទទេ កាន់លំពែង និងខែល ប៉ុន្ដែគ្មានធ្នូព្រួញ ហើយគ្មានអាវក្រោះ ឬមួកក្រាស់ពាក់ទេ ។ ត្រង់នេះហាក់ដូចជាមិនត្រូវ ព្រោះយើងបានឃើញពីខាងលើរួចហើយថា ធ្នូព្រួញបានត្រូវគេប្រើនៅក្នុងការប្រយុទ្ធ ហើយចម្លាក់រាក់នៅប្រាសាទអង្គរវត្ដ បានបង្ហាញរូបអ្នកប្រយុទ្ធខ្លះមានពាក់អាវក្រោះ ហើយដៃឆ្វេងមានកាន់ខែលដែរ ។
ជីវ តាក្វាន់បានបញ្ចប់កំណត់ត្រារបស់គាត់ដោយនិយាយថា ព្រះរាជាកម្រនឹងយាងចេញពីរាជវាំងណាស់ ខ្លួនគាត់បានឃើញព្រះរាជាតែបួនប្រាំដងប៉ុណ្ណោះ ហើយវាហាក់ដូចជាព្រះអង្គខ្លាចគេធ្វើឃាត ។ ព្រះកាយរបស់ព្រះរាជាមានពាសក្រោះដែក ។ ពេលយាងទៅណាមកណា ទ្រង់គង់លើគ្រែស្នែងដែលសែងដោយនារីបួននាក់ ហើយជនទាំងអស់ដែលស្ថិតលើផ្លូវត្រូវក្រាបថ្ងាសដល់ដី ។ ត្រង់នេះ ជីវ តាក្វាន់ ហៅថា សានពាស គឺសំពះ ។
ព្រះរាជា បើកសវនាការមួយថ្ងៃពីរដង ដើម្បីដោះស្រាយកិច្ចការប្រទេស ។ នាម៉ឺន និងប្រជារាស្ដ្រ ដែលចូលមកគាល់ស្ដេចអង្គុយផ្ទាល់ដី ។ នៅខាងក្រៅឯណោះ សំឡេងភ្លេងចាប់បន្លឺឡើង គេផ្លុំស័ង្ខ រួចភីលៀងចាប់បើកវាំងនន ។ ព្រះរាជាលេចព្រះភ័ក្ដ្រនៅមាត់បង្អួច ព្រះហស្ដកាន់ព្រះខ័នមាស ។ ពួកអាមាត្យលើកហត្ថប្រណម ហើយឱនក្បាលដល់ដីរហូតទាល់តែសំឡេងស័ង្ខចប់ ។ ពេលចប់សវនាការ ព្រះរាជាយាងត្រលប់ចូលប្រាសាទវិញ ភីលៀងទាំងពីរទម្លាក់វាំងនន រួចចាកចេញទៅ ។
តទៅនេះគឺជាការ ពិពណ៌នាអំពីក្បួនព្យុហយាត្រា នៅពេលដែលព្រះរាជាយាងចេញដោយដំរី ។ គេសង្កេតឃើញថា ការពិពណ៌នានេះ ប្រហាក់ប្រហែលនឹងក្បួនព្យុហយាត្រា ដែលគេប្រទះឃើញសព្វថ្ងៃនៅភ្នំពេញ ឬនៅប្រទេសសៀម ពេលមានបុណ្យទានម្ដងៗដែរ ។ ជាពិសេស គឺសវនាការនៅពេលដែលព្រះរាជាទទួលអង្គទូត ដូចដែលលោក ឡាលូប៊ែរ បព្វជិត ឈូស៊ី ដឺសូម៉ុង និង ដឺហ្វ័របាំង បានរៀបរាប់នៅចុងសតវត្សរ៍ទី១៧ ។
«ពេល ព្រះរាជាយាងចេញពីព្រះរាជវាំង ក្បួនដង្ហែចាប់ផ្ដើមដោយកងទ័ពសេះជាដំបូង ។ បន្ទាប់មក គឺក្រុមកាន់ទង់ និងក្រុមភ្លេង ។ ពួកស្រីភីលៀងមានពីបីរយទៅប្រាំរយនាក់ ស្លៀកស្បៃភ្ញីផ្កា សៀតផ្កាក្នុងសក់ កាន់ទៀនធំៗក្នុងដៃ ទៀនទាំងនោះដុតជាប់ជានិច្ចទោះបីជាពេលថ្ងៃក៏ដោយ ។ បន្ទាប់មកគឺក្រុមភីលៀងកាន់ឧបភោគ ភណ្ឌធ្វើអំពីមាស និងប្រាក់ និងគ្រឿងលម្អផ្សេងៗគ្រប់បែបគ្រប់ម៉ូត មិនដឹងថាសម្រាប់ធ្វើអ្វីខ្លះទេ ។ បន្ទាប់មកទៀត គឺក្រុមនារីកាន់លំពែង និងខែល ដែលជាកងរក្សាព្រះអង្គជាពិសេស ។ បន្ដពីនោះ គឺក្រុមរទេះចៀម រទេះសេះ តែងលម្អដោយមាស ។ រដ្ឋមន្ដ្រី អ្នកអង្គម្ចាស់ សុទ្ធតែជិះដំរី ចេញដំណើរមុនមើលផ្លូវ បាំងក្លស់ពណ៌ក្រហម ។ បន្ទាប់មកទៀត គឺក្រុមស្រីស្នំរបស់ព្រះរាជា អង្គុយលើគ្រែស្នែង ឬជិះរទេះ ឬដំរី ។»
មានក្លស់ជាង មួយរយដែលតុបតែងដោយមាស ។ ក្រោយក្លស់ទាំងនោះ គឺព្រះរាជាគង់ឈរលើដំរី ព្រះហស្ដកាន់ព្រះខ័នមាស ។ សូម្បីតែភ្លុកដំរីក៏សុទ្ធតែលម្អទៅដោយមាសដែរ ។ មានក្លស់សប្រហែលជាម្ភៃ ដែលតែងលម្អទៅដោយមាស និងមានដងធ្វើអំពីមាស ។ ទ័ពដំរីមានដំរីជាច្រើននៅព័ទ្ធជុំវិញព្រះរាជា ។
(1) តាមលោកអៃម៉ូនីញេ គគ៌្យារ ជាឈ្មោះដើមគគីរ ដែលក្លាយមកជាកោះកេរ្ដិ៍ ។
(2) ក្រុម ប្រាសាទកោះកេរ្ដិ៍ មានសារសំខាន់ណាស់ដែរគឺមានប្រាសាទចំនួនប្រហែល ១៥ កប់បាត់ក្នុងព្រៃ ។ លោកអៃម៉ូនីញេ បានរកឃើញសិលាចារឹកជាង៤០ មាន ១៥០០បន្ទាត់ មានរៀបរាប់ឈ្មោះអ្នកបម្រើជាង៤០០០នាក់ ដោយមិនទាន់គិតពីខ្ញុំផង ។ សូមអានសៀវភៅរបស់លោក អៃម៉ូនីញេ កម្ពុជា ក្បាលទី១ ទំព័រ៣៩៧-៤១១ និងក្បាលទី២ ទំព័រ៣៦៨ ។
(3) សិលាចារឹកប្រាសាទគុក សូមអានសៀវភៅរបស់លោកអៃម៉ូនីញេ ឈ្មោះកម្ពុជា ក្បាលទី២ ទំព័រ៤១៩ ។
(4) ក្បាលទី១ ទំព័រ៩០ ។
(5) សិលាចារឹកបាទជុំ
(6) ព្រះបដិមានេះ បានត្រូវពួកចាមសាងសង់ឡើងវិញ ប្រាំឆ្នាំក្រោយមក នៅឆ្នាំ៩៦៥ ដោយព្រះរាជាចាមព្រះនាមថា ជ័យឥន្ទ្រវរ្ម័ន ។
(7) លោក អៃម៉ូនីញេ បានស្នើថា ព្រះរាជេន្ទ្រវរ្ម័ន នេះគឺជាតួអង្គព្រះបក្សីចាំក្រុងក្នុងរឿងនិទាន ។ ការសន្មតិនេះមិនត្រឹមត្រូវទេ ហើយរឹតតែមិនត្រឹមត្រូវណាស់ទៅទៀត ព្រោះថារឿងនេះក៏មានដែរនៅឯស្រុកសៀម គ្រាន់តែមានឈ្មោះផ្សេង និងនៅទីកន្លែងផ្សេងប៉ុណ្ណោះ ។
(8) សិលាចារឹកលពបុរី ។
(9) សព្វថ្ងៃគឺលវោ ពីមុនគឺ លូវ៉ូ លោវែក លពបុរី លវបុរី នវបុរី ។
(10) សិលាចារឹកព្រះងោក សៀវភៅកម្រង ទំព័រ១៦១ ។
(11) សៀវភៅរបស់លោក អៃម៉ូនីញេ មានឈ្មោះថា កម្ពុជា ក្បាលទី២ ទំព័រ១៦៧-១៦៨ តាមការបកប្រែរបស់វេជ្ជបណ្ឌិត គែន ។
(12) សៀវភៅ របស់លោកអៃម៉ូនីញេមានឈ្មោះថា កម្ពុជា ក្បាលទី២ ត្រង់សិលាចារឹកព្រះគោ ទំព័រ១៦៨ តាមការបកប្រែរបស់វេជ្ជបណ្ឌិត គែន ។
(13) អ្នកខ្លះ យល់ថា ពាក្យថាកោះនេះ មើលទៅប្រហែលជាសំដៅយកបន្ទាយដែលមានកំពែងរឹងមាំទេ ។ ខ្ញុំគិតថា នោះគួរតែជាកោះនៅកណ្ដាលសមុទ្រ មិនមែនជាកំពូលភ្នំណាមួយនៅលើខ្ពង់រាបឥណ្ឌូចិននោះទេ ។
(14) ខ្ញុំចាត់ទុក ផានរ៉ាង ថាជារដ្ឋសម្ព័ន្ធមេត្រី ជាជាងខែត្រមួយចំណុះឱ្យចាម្ប៉ា ។
(15) លោក ហ្វ៊ីណូត៍ និយាយថាស្ដេចនោះ «ជាស្ដេចជ្រែករាជ្យ» ក៏ប៉ុន្ដែគ្មានហេតុការណ៍ណាបញ្ជាក់ទេ ហើយអត្ថបទរបស់គាត់ ធ្វើឱ្យគេធ្វើការសន្និដ្ឋានបានច្រើនយ៉ាង ។ ឈ្មោះ អុងវ៉ាទូ ប្រហែលជាឈ្មោះសាមញ្ញ រីឯជ័យឥន្ទ្រជាឈ្មោះពេលអភិសេក ។
(16) ហេតុការណ៍នេះបញ្ជាក់អ្វីដែលបានអះអាងខាងលើ ៖ ព្រះយុវរាជមិនបានបង្កើតរដ្ឋមួយថ្មីទេ គឺសោយរាជ្យនៅរាជបុរីមួយដែលមានរួចមកហើយ ។
(17) តាមមើលទៅទំនាបអាងទន្លេមេណាមខាងក្រោមបានត្រូវចិនហៅថា ឡូហូ ហើយអាងទន្លេមេណាមខាងលើដែលមានពួកសៀម ឬថៃ កាន់កាប់រួចទៅហើយ ចិនហៅថា សៀន ។
(18) គេប្រហែលជាត្រូវនិយាយឱ្យស្រួលស្ដាប់ជាងនេះវិញថា គឺនៅសម័យនោះហើយដែលពួកថៃបានមករស់នៅពាសពេញទឹកដីសៀមសព្វថ្ងៃ ដែលពីមុនជាទឹកដីរបស់ពួកមនខ្មែរ បានចាប់ផ្ដើមបះបោរឡើងក្រោមការដឹកនាំរបស់ស្ដេច សុខោទ័យ និងក្សត្រប្រទេសក្បែរខាងមួយចំនួន ។ បើដូច្នោះមែន ទឹកដីទាំងអស់នោះត្រូវបាត់បង់ផុតពីដៃខ្មែរទៅ ដែលគេចាប់ផ្ដើមចាត់ទុកថាជាសត្រូវវិញ ហើយប្រជារាស្ដ្រត្រូវធ្លាក់ក្នុងអំណាចពួកថៃវិញម្ដង ។
(19) នេះជារឿងមួយគួរឱ្យសង្ស័យណាស់ ពីព្រោះគេត្រូវទទួលស្គាល់ថា មានស្ដេចបីព្រះអង្គសោយរាជ្យនៅក្នុងសតវត្សរ៍ទី១៣ ដោយមួយអង្គៗសោយរាជ្យជាមធ្យមចំនួន៣១ឆ្នាំ ។