Thursday, July 20, 2017

០៨.កម្ពុជា​​សតវត្សរ៍​ទី​១០ ដល់​១៤

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ១ ជំពូកទី ៨)
Posted: Oct-10-2016

ជំពូក​ទី​៨

ប្រទេស​កម្ពុជា​ពី​សតវត្សរ៍​ទី​១០ ដល់​សតវត្សរ៍​ទី​១៤

១. ព្រះបាទ​ហស៌វរ្ម័ន​ទី​១ (៩០៨​- ?)
នៅ ​ពេល​ដែល​ព្រះបាទ​យសោវរ្ម័ន សុគត​ទៅ​នៅ​ឆ្នាំ​៩០៨ រាជបុត្រ​របស់​ព្រះ​អង្គ​បាន​ឡើង​សោយរាជ្យ​បន្ដ​ក្រោម​ព្រះ​អភិសេក​នាម​ថា​ ស្រីហស៌វរ្ម័ន ។ ព្រះ​ស្រីហស៌វរ្ម័ន​ទ្រង់​គង់​នៅ​យសោធបុរៈ​ដដែល​ ក៏​ប៉ុន្ដែ​ប្រហែល​ជា​បាន​ប្ដូរ​ឈ្មោះ​រាជធានី​ទៅ​ជា ហស៌ធបុរៈ តាម​ទម្លាប់ ។ ព្រះ​អង្គ​បាន​សម្ពោធ​ប្រាសាទ​ភិមានអាកាស ប្រកប​ដោយ​រានហាល​ខ្ពស់ ដែល​ចាប់​ផ្ដើម​សាងសង់​នៅ​ក្នុង​រជ្ជកាល​ព្រះ​បិតា​ព្រះ​អង្គ ។
គេ​មិន​បានដឹង​ទេ​ថា​ ក្សត្រ​អង្គ​នេះ​សុគត​នៅ​ឆ្នាំ​ណា​ទេ​ គ្រាន់តែ​ដឹង​ថា​ទ្រង់​មាន​ព្រះ​មរណនាម​ថា​ រុទ្រលោក មាន​ន័យ​ថា ទ្រង់​ជា​ភ្ញៀវ​របស់​ព្រះ​រុទ្រៈ ។

២. ឦសានវរ្ម័ន​ទី​២ (? -​៩២៨)
ព្រះរាជា ​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ហស៌វរ្ម័ន គឺ​ព្រះ​អនុជ​របស់​ព្រះ​អង្គ​ដែល​ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​យសោវរ្ម័ន​ ដែរ ហើយ​មាន​ព្រះ​អភិសេក​នាម​ថា ស្រីឦសានវរ្ម័ន ។ ព្រះ​អង្គ​មាន​ព្រាហ្មណ៍​បុរោហិត​មាន​ឈ្មោះ​ថា ស្ដែង​អញ​កុមារៈ​ស្វាមី​ ដែល​អត្ថបទ​មួយ​បាន​លើក​សរសើរ​ថា​ជា​ «អ្នក​ពូកែ​ខាង​ពិធី​បូជា​ និង​ធ្លាប់​ធ្វើ​ជា​បុរោហិត​របស់​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១» ។
ព្រះបាទ​ឦសានវរ្ម័ន សុគត​ទៅ​នៅ​គ្រិស្ដសករាជ​៩២៨ ត្រូវ​នឹង​មហាសករាជ​៨៥០ ហើយ​ទ្រង់​មាន​ព្រះ​មរណនាម​ថា ព្រះ​បរមរុទ្រលោក មាន​ន័យ​ថា ជា​ភ្ញៀវ​របស់​ព្រះ​បរមរុទ្រៈ ។

៣. ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ (៩២៨​-​៩៤២)
ព្រះរាជា ​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ឦសានវរ្ម័ន​នៅ​ឆ្នាំ​៩២៨ ប្រហែល​ដោយ​ជ្រែករាជ្យ គឺ​ព្រះ​បិតុលា​របស់​ព្រះ​អង្គ​ព្រះ​នាម ព្រះបាទ​ស្រីជ័យវរ្ម័ន ដែល​ជា​ព្រះ​អនុជ​របស់​ព្រះបាទ​យសោវរ្ម័ន ។
មិន ​ដឹង​ថា​ដោយ​មាន​ការ​បះបោរ​ប្រឆាំង​នឹង​ការ​ឡើង​សោយរាជ្យ​របស់​ព្រះ​អង្គ​ពី ​រាជធានី​ចាស់​ ឬ​ក៏​ថា​ព្រះអង្គ​មាន​មហិច្ឆតា​ចង់​សង់​រាជធានី​មួយ​ដែល​ល្អ​ជាង​រាជធានី​ ដែល​ព្រះ​រៀម​បាន​សង់ ព្រះ​បាទ​ស្រីជ័យវរ្ម័ន​បាន​បោះបង់​អង្គរធំ​ ហើយ​នាំ​យក​ទេវរាជ​ទៅ​តាំង​រាជធានី​នៅ​ឯ​ជោគគគ៌្យារ (1) ដែល​ប្រហែលជា​អនិន្ទត្តបរុៈ​ (មាន​ន័យ​ថា​រាជធានី​នៃ​ពួក​ព្រាន​ប្រមាញ់) គឺ​កោះកេរ្ដិ៍​សព្វថ្ងៃ​ស្ថិត​នៅ​ក្នុង​ខែត្រ​ព្រហ្មទេព​នៅ​ពី​ខាងជើង​ខែត្រ ​កំពង់ធំ (2) ។

ហោរា​របស់​ព្រះ​ អង្គ​គឺ ស្ដែង​អញ​ឦសាន​មុរទិ ត្រូវជា​ចៅ​របស់​វមសិវៈ និង​ជា​មេ​គ្រួសារ​សិវៈកៃវល្យៈ ដែល​ជា​បុរោហិត​ទី​មួយ​នៃ​ទេវរាជ ។ សិលាចារឹក​មួយ (3) បាន​លើក​ពី​ព្រះ​អង្គ​ថា ទ្រង់​បាន​ធ្វើ​សង្គ្រាម​មាន​ជ័យ​ជម្នះ​លើ​ពួក​ចាម ហើយ​បាន​ «ធ្វើ​សង្គ្រាម​ទៅ​គ្រប់​ទិស​ទាំង​បួន» ។
ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ សុគត​នៅ​ឆ្នាំ​៩១២ ហើយ​ទ្រង់​មាន​ព្រះ​មរណនាម​ថា ព្រះ​បរមសិវៈបទ ជា​ភ្ញៀវ​របស់​ព្រះ​ឧត្ដម​សិវៈ ។

៤. ព្រះបាទ​ហស៌វរ្ម័ន​ទី​២ (៩៤២-៩៤៤)
ព្រះរាជ ​បុត្រា​ប្អូន​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​នៅ​ជោគគគ៌្យារ ក្រោម​ព្រះ​អភិសេក​នាម​ថា ស្រីហស៌វរ្ម័ន ។ ហោរា​របស់​ព្រះរាជា​អង្គ​នេះ គឺ​ស្ដែង​អញ​អត្មសិវៈ ជា​អ្នក​រៀបចំ​ពិធី​បូជា​ថ្វាយ​ព្រះ​ទេវរាជ ។ អត្មៈសិវៈ​នេះ ជា​ក្មួយ​របស់​ឦសាន​មុរទិ ដែល​ជា​បុរោហិត​របស់​ព្រះ​បិតា​ព្រះ​អង្គ ។
សិលាចារឹក​ព្រះ​ឥន្ទកោសិយ បាន​លើក​សរសើរ​ព្រះរាជា​អង្គ​នេះ​ថា ជា​ព្រះ​ចៅ​អធិរាជ​ដែល «មាន​នខា (ក្រចក) ព្រះបាទ​ភ្លឺ​រលោង​ដោយសារ​ប៉ះ​នឹង​មកុដ​ព្រះរាជា​ទាំងឡាយ​នៅ​លើ​ពិភពលោក​នេះ ដែល​មក​ក្រាប​បង្គំ​គាល់» និង​ថា​ព្រះ​អង្គ​ប្រៀប​បាន​ទៅ​នឹង «ព្រះអាទិត្យ​នា​អរុណោទ័យ​ផង និង​ព្រះ​ច័ន្ទ​ពេញវង់​ឥត​ផ្ទឹម​ផង» ។ គេ​និយាយ​ថា គឺជា «ព្រះ​ច័ន្ទ​នៃ​រាជវង្ស​កោណ្ឌញ្ញៈ ជាទី​ប្រជុំ​នៃ​គុណធម៌​ទាំងឡាយ» (4) ។
ក៏ ​ប៉ុន្ដែ​ ព្រះបាទ​ហស៌វរ្ម័ន​ទី​២​ទ្រង់​សោយរាជ្យ​មិន​ទាំង​បាន​ពីរ​ឆ្នាំ​ផង​ជា​ហេតុ​ ធ្វើ​ឱ្យ​គេ​សួរ​ថា​ តើ​ព្រះ​អង្គ​បាន​ដណ្ដើម​រាជ្យសម្បត្ដិ​ពី​ព្រះ​រៀម​ដែល​សោយរាជ្យ​បន្ដ​ពី​ ព្រះ​អង្គ​ ឬ​យ៉ាងណា ។ បើ​ពុំ​នោះ​ទេ ប្រសិនបើ​ព្រះ​អង្គ​មិន​ត្រូវ​ព្រះ​រៀម​ធ្វើឃាត​ទេ តើ​ព្រះ​អង្គ និង​ព្រះ​បិតា ជា​បក្សពួក​សត្រូវ​នឹង​មហានគរ ហើយ​ព្រះ​រាជេន្ទ្រវរ្ម័ន ជា​ព្រះ​រៀម​ជា​បក្សពួក​ខាង​យសោធរបុរៈ ឬអ្វី ?
ព្រះបាទ​ហស៌វរ្ម័ន​ទី​២ មាន​ព្រះ​មរណនាម​ថា ព្រហ្មលោក មាន​ន័យ​ថា ជា​ភ្ញៀវ​របស់​ព្រះព្រហ្ម ។

៥. ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ទី​២ (៩៤៤​-​៩៦៨)
ព្រះបាទ ​រាជេន្ទ្រវរ្ម័ន ជា​ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ និង​ត្រូវជា​ព្រះ​រៀម​របស់​ព្រះរាជា​មុន ។​ ទ្រង់​ប្រកប​ទៅ​ដោយ​ព្រះ​សម្ពស្ស​ល្អ​ក្រៃ​លែង ។​ ព្រះ​អង្គ​បាន​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​៩៤៤ ហើយ​បាន​នាំ​ព្រះរាជ​វង្ស​រាជបរិពារ​ និង​ទេវរាជ​ ព្រមទាំង​ព្រាហ្មណ៍​បុរោហិត​ត្រលប់​មក​គង់​នៅ​នគរ​ស្រី​យសោធរបុរៈ​(អង្គរ ធំ) វិញ ដែល​ត្រូវ​បោះបង់​ចំនួន​១៦​ឆ្នាំ​មក​ហើយ ។ ព្រះ​អង្គ​បាន​ធ្វើ​ឱ្យ​រាជធានី​នេះ «ប្រែ​ ក្លាយ​ ទៅជា​ល្អ​សម្បើម និង​ស្រស់​ប្រិមប្រិយ ដោយ​សង់​ផ្ទះ​ធ្វើ​អំពី​មាស​ចាំង​ផ្លេក និង​សង់​វាំង​រំលេច​ទៅ​ដោយ​ត្បូង​ថ្ម ប្រៀប​បាន​ទៅ​នឹង​ប្រាសាទ​របស់​ព្រះ​មហេន្ទ្រៈ​សង់​នៅ​លើ​ដី» (5)។

នៅ ​ក្នុង​រជ្ជកាល​របស់​ព្រះរាជា​អង្គ​នេះ ដែល​មាន​រយៈពេល​២៤​ឆ្នាំ មាន​អភិជន​ម្នាក់​មាន​គោរមងារ​ជា កម្រតេង​ឈ្មោះ​ថា​ នគៈគុលៈ ​បាន​សាងសង់​ប្រាសាទ​ជា​ច្រើន​ឧទ្ទិស​ដល់​ព្រះ​សិវៈ​ និង​មាន​រដ្ឋមន្ដ្រី​ម្នាក់​ទៀត​ឈ្មោះ​ថា​ កវិន្ទ្ររិមត្ថនា​ ជា​អ្នក​សម្បូរ​ទ្រព្យសម្បត្ដិ​ដូច​ជា​ខ្សែក្រវាត់​ ថូ​ទឹក​ គ្រែស្នែង​ ក្រវិល ។ល ។​ បាន​សាងសង់​ព្រះ​បដិមា​ព្រះពុទ្ធ​មួយ​ចំនួន ។ ព្រះរាជា​ផ្ទាល់ បាន​កសាង​ប្រាសាទ​មេបុណ្យ​នៅ​ចំ​កណ្ដាល​អាង​ទឹក​មួយ រួច​សាង​បដិមា វិរញ្ចៈ​មួយ​ បដិមា​ទេវី​មួយ​ ឥសៈ (សិវៈ) មួយ​ សរិង្គិន (វិស្ណុ) មួយ និង​លិង្គ​ព្រះ​សិវៈ​មួយ ។
សិលាចារឹក​ព្រះ​ឥន្ទកោសិយ​បាន​លើក​សរសើរ​ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ថា​ជា​ «ទី ​គោរព​បូជា​នៃ​ព្រះរាជា​ទាំង​ឡាយ ទ្រង់​ជា​ស្ដេច​អបរាជ័យ និង​តែង​តែ​មាន​ជ័យជម្នះ​ជានិច្ច​លើ​ខ្មាំង​សត្រូវ ។ ទ្រង់​ប្រៀប​បាន​ទៅ​នឹង​រតនវត្ថុ​នៅ​លើ​កំពូល​មកុដ​នៃ​ព្រះរាជា​ទាំងអស់​នៅ​ លើ​ផែនដី​នេះ ។ ជ័យជម្នះ​របស់​ព្រះ​អង្គ​ល្បី​រន្ទឺ​ទៅ​គ្រប់​ទិស​ទី» ។ ទាំង​អស់​នេះ ហាក់​ដូចជា​បញ្ជាក់​ថា ព្រះបាទ​រាជេន្ទ្រវរ្ម័ន បាន​ធ្វើសង្គ្រាម​ជា​ច្រើន ហើយ​បាន​ដេញ​វាយ​សត្រូវ​រហូត​ដល់​ក្នុង​ផ្ទៃ​ប្រទេស​គេ​ទៀត​ផង ។

សិលាចារឹក​បាទជុំ​នៅ​ក្នុង​ខែត្រ​សៀមរាប​បាន​និយាយ​ថា «ព្រះ ​នាង​លក្ស្មី ដែល​ជា​នារី​ល្អ​លើស​ស្ដ្រី​ទាំងឡាយ​ក្នុង​ភព​ទាំង​បី ទ្រង់​នឿយ​ណាយ​ជា​ខ្លាំង​នឹង​ការ​ថ្នាក់ថ្នម​របស់​ពួក​សុរៈ និង​អសុរៈ ហើយ​បែរ​មក​ជាប់​ចិត្ដ​នឹង​ព្រះ​ភ័ក្ដ្រ​ដ៏​ស្រស់​ប្រិមប្រិយ​របស់​ព្រះ​ អង្គ ដើម្បី​ក្រេប​ជញ្ជក់​យក​ទឹកដម​នៃ​សម្ពស្ស​របស់​ទ្រង់​វិញ ។ ព្រះ​នាង​ពឹង​ផ្អែក​មក​លើ​ព្រះ​វិស្ណុ​លើ​ដី​នេះ ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ក្លាហាន​កម្រិត​កំពូល នៅ​ពេល​ដែល​ធូលី​ហុយ​ទ្រលោម​ឡើង បាន​បង្ក​ជា​ភាព​ងងឹត​សូន្យសុង​មួយ​ដូច​ពេល​យប់» ។

«ទ្រង់​ជា​សត្វ​សិង្ហ​ក្នុង​ចំណោម​ព្រះរាជា​ទាំងឡាយ និង​ជា​សត្វ​សិង្ហ​នៃ​មនុស្សជាតិ» ។ ទ្រង់​បាន​វាយ​យក​នគរ​ចាម្ប៉ា​នៅ​ឆ្នាំ​៩៦០ គឺ​នៅ​ក្នុង​រជ្ជកាល​ស្ដេច​ចាម ព្រះ​បរមេស្វរវរ្ម័ន ឬ​ក៏​ក្នុង​រជ្ជកាល​ព្រះរាជា​ដែល​សោយរាជ្យ​បន្ទាប់ តែ​គេ​មិន​បាន​ស្គាល់​ព្រះ​នាម​ទេ ។ សិលាចារឹក​បក្សី​ចាំ​ក្រុង​បាន​លើក​សរសើរ​ពី​ព្រះបាទ​រាជេន្ទ្រវរ្ម័ន ថា «ព្រះ​អង្គ​ប្រៀប​បាន​ទៅ​នឹង​ព្រះ​អគ្គី ដែល​ដុត​រោល​រាល់​រាជាណាចក្រ​បច្ចាមិត្ត ជា​ពិសេស គឺ​នគរ​ចាម្ប៉ា» ។ បន្ថែម​ពី​លើ​នោះ​ ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​បាន​បញ្ជាក់​ថា​ កម្ពុជា​សម័យ​នោះ​ជា​មហា​អំណាច​មួយ​មាន​ព្រះរាជា​ចំណុះ​ច្រើន​ជាង​៦០​ព្រះ​ អង្គ ។

មាន​សិលាចារឹក​ចាម​មួយ គឺ​សិលាចារឹក​ពោធិ​នគរ បាន​រៀបរាប់​ថា​ នៅ​ក្នុង​សង្គ្រាម​ជាមួយ​ចាម ពួក​ខ្មែរ​ដែល​ «ពោរពេញ​ទៅ​ដោយ​សេចក្ដី​លោភលន់ និង​បាបធម៌» បាន​លួច​យក​ទៅ​នូវ​ព្រះ​បដិមា​ព្រះ​ភគវាទិ ធ្វើ​អំពី​មាស «មាន​ពន្លឺ​ត្រចះ​ដូច​ព្រះ​ច័ន្ទ​ពេញវង់​លើ​វេហាស៍ និង​បាន​លះបង់​ព្រះ​កាយ​ក្នុង​ការ​ដឹកនាំ​នគរ​ចាម្ប៉ា ដែល​ស្ដេច​ស្រីឥន្ទ្រវរ្ម័ន» បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​៩១៨​ដាក់​ក្នុង​ព្រះ​វិហារ ។​ សិលាចារឹក​នោះ​បាន​បន្ថែម​ទៀត​ថា​ «ពួក​ខ្មែរ​នោះ ក្រោយ​មក​ត្រូវ​ស្លាប់​អស់» ក៏​ប៉ុន្ដែ មិន​បាន​បញ្ជាក់​ថា តើ​ស្លាប់​ដោយ​របៀប​ណា​ទេ (6) ។
នៅ ​សម័យ​នោះ​ឯកសារ​ចិន​បាន​ហៅ​រាជាណាចក្រ​បង្រួបបង្រួម​ទាំង​ពីរ​ថា​ ជាមឡាប់ ប្រហែល​ដោយ​យក​ព្យាង្គ​ដំបូង​នៃ​ឈ្មោះ​រាជធានី​ចាម្ប៉ា​គឺ​ ជាមចេន​ ដាក់​ភ្ជាប់​នឹង​ព្យាង្គ​ក្រោយ​របស់​ឈ្មោះ​កម្ពុជា​គឺ​ ចិនឡាប់ ។​ ក៏​ប៉ុន្ដែ នគរ​ចាម្ប៉ា​ប្រហែលជា​មិន​បាន​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​កម្ពុជា​យូរ​ទេ ពី​ព្រោះ​ថា​មាន​ស្ដេច​ចាម​មួយ​អង្គ​បាន​សាង​សង់​ព្រះ​បដិមា​ព្រះ​ភគវាទិ​ ឡើង​វិញ​តែ​អំឡុង​ពេល​ប្រាំ​ឆ្នាំ​ក្រោយ​ដែល​ពួក​ខ្មែរ​លួច​យក​ទៅ​តែ​ ប៉ុណ្ណោះ ។

ព្រះបាទ​រាជេន្ទ្រវរ្ម័ន (7) បាន​សុគត​នៅ​ឆ្នាំ​៩៦៨​នៃ​គ្រិស្ដសករាជ ត្រូវ​នឹង​មហាសករាជ​៨៩០ ហើយ​មាន​ព្រះ​មរណនាម​ថា សិវលោក មាន​ន័យ​ថា ទ្រង់​ជា​ភ្ញៀវ​របស់​ព្រះ​សិវៈ ។

៦. ព្រះបាទ​ជ័យវរ្ម័ន​ទី​៦ (៩៦៨​-​១០០២)
ព្រះរាជា ​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​រាជេន្ទ្រវរ្ម័ន គឺ​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ ព្រះបាទ​ស្រី​ជ័យវរ្ម័ន​ទី​៦ ដែល​ជា​ព្រះរាជា​កែទម្រង់ ឬ​ប្រត្យា​ស្ថាបនិក និង​ជា​ព្រះរាជា​ពូកែ​ខាង​ធ្វើសង្គ្រាម តែ​មាន​អធ្យាស្រ័យ​ល្អ ។ សិលាចារឹក​ព្រះឥន្ទ្រ​កោសិយ​បាន​ដំណាល​ថា «ព្រះ ​អង្គ ​បាន​រៀបចំ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ក្នុង​វណ្ណៈ ប្រៀប​បី​ដូច​ជា​រៀបចំ​ឡើង​ដោយ​ព្រះព្រហ្ម​ផ្ទាល់ ។ ព្រះ​អង្គ​ប្រកប​ទៅ​ដោយ​ទេព​កោសល្យ និង​មាន​ព្រះ​ហត្ថា​កាន់​កងចក្រ ។ នៅ​ពេល​ទ្រង់​ចេញ​ដំណើរ​ម្ដងៗ សន្ធឹក​ជើង​កងទ័ព​របស់​ព្រះ​អង្គ ធ្វើ​ឱ្យ​កក្រើក​ផែនដី និង​ព្រៃ​ភ្នំ​ទាំងឡាយ ប្រៀប​បាន​នឹង​មហាសាគរ​ដែល​ត្រូវ​រញ្ជួយ​ដោយ​ព្យុះ​ខ្យល់» ដូច្នោះ​ដែរ ។

ពេល ​នោះ «សន្ធឹក​ស្គរ​លាយឡំ​ជាមួយ​សំឡេង​កងរំពង​របស់​គង​ឃ្មោះ​ធ្វើ​អំពី​ស្ពាន់ និង​ត្រែ ខ្លុយ ស័ង្ខ​… ធ្វើ​ឱ្យ​ពួក​សត្រូវ​ភ័យ​បាក់បប​ខ្លបខ្លាច​ជា​ខ្លាំង» ។ សិលាចារឹក​ក៏​បាន​លើក​ពី​ព្រះ​អង្គ​ដែរ​ថា ទ្រង់​បាន​ដុត​បំផ្លាញ​ប្រទេស​ទាំងឡាយ​ណា​ដែល​ព្រះ​អង្គ​ធ្វើសង្គ្រាម​ជាមួយ ដោយ​និយាយ​ថា «អណ្ដាត​ភ្លើង​នៃ​ការ​បូជា​ដែល ​កើត​ ឡើង​ពី​ប្រតិបត្ដិការ​របស់​ព្រះ​អង្គ បង្ក​បាន​ជា​ផ្សែង​ធំ​វែង ប្រៀប​បាន​នឹង​ទង់ជ័យ​ចម្បាំង ធ្វើ​ឱ្យ​សត្រូវ​ភ័យ​ខ្លាច ហើយ​រត់​គេច​ចេញ​បាត់​អស់ បើ​ទោះជា​អង់អាច​យ៉ាងណា​ក៏​ដោយ» ។ ព្រះ​អង្គ​គួរ​ឱ្យ​ខ្លាច​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ទ្រង់​ខ្ញាល់ៈ «កាល ​ណា​ព្រះ​អង្គ​គ្រហឹម​ដូច​រាជសីហ៍​ពេល​មាន​កំហឹង ព្រះរាជា​ជា​សត្រូវ​ទាំងឡាយ​រត់គេច​ចូល​ព្រៃ​ជ្រៅ ប្រៀប​បាន​នឹង​សត្វ​ឈ្លូស​ដ៏​កំសាក ។ នៅ​ពេល​ដែល​ព្រះ​អង្គ​លើក​ដាវ​ដ៏​មុត​ថ្លា ប្រឡាក់​ទៅ​ដោយ​ឈាម ដែល​ហូរ​ចេញពី​សិរសា​សត្រូវ គេ​ឃើញ​ព្រះ​អង្គ​ដូច​ជា​ព្រះ​នាង​ជ័យជម្នះ​ដ៏​ស្រស់​ស្អាត​ដែល​មាន​ព្រះ​ ហស្ដ និង​ព្រះបាទ​ក្រហម​ទៅ​ដោយ​លម្អងផ្កា» ។

សិលាចារឹក​ដដែល​បាន​និយាយ​ថែម​ទៀត​ថា «ព្រះ ​ហស្ដ​ព្រះ​អង្គ​ដែល​ប្រៀប​បាន​នឹង​ស្ពាន​យុត្ដិធម៌ ឆ្លង​កាត់​មហាសាគរ​ដ៏​ស្មោកគ្រោក​នៃ​សតវត្សរ៍ … មាន​រាង​សង្ហា​ស្រស់​ប្រិមប្រិយ ស្អាត​លើស​ពី​ព្រះ​នាង​កាម​ទេព ហើយ​ធ្វើ​ឱ្យ​ពិភពលោក​នេះ​មាន​ពន្លឺ​ប្រៀប​បីដូច​ព្រះ​ចន្ទ​កំពុង​រះ» ។
ដូច ​ជា​ព្រះរាជា​មុនៗ ចាប់​តាំងពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣​មក ព្រះបាទ​ជ័យវរ្ម័ន​ទី​៦ ក៏​មាន​បុរោហិត​សម្រាប់​រៀបចំ​ពិធី​បូជា​ថ្វាយ​ព្រះ​ទេវរាជ​ផង​ដែរ ។ បុរោហិត​របស់​ព្រះ​អង្គ​គឺ ស្ដែង​អញ​អត្មៈ​សិវៈ ដែល​ជា​បុរោហិត​របស់​ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ជា​ព្រះ​វររាជបិតា ។ ទ្រង់​ក៏​មាន​រដ្ឋមន្ដ្រី​មួយ​រូប​ជា​អ្នក​កាន់​ពុទ្ធសាសនា ដែល​ធ្លាប់​បាន​បម្រើ​ព្រះ​បិតា​ដែរ ហើយ​ដែល​ទ្រង់​មាន​ទំនុក​ទុក​ចិត្ដជា​ខ្លាំង ។ រដ្ឋមន្ដ្រី​នោះ​មាន​ឈ្មោះ​ថា គ្រិត្ដិបណ្ឌិត បាន​ធ្វើ​ការ​ជួសជុល​ព្រះពុទ្ធ​បដិមា​ដែល​ត្រូវ​គេ​បំផ្លិច​បំផ្លាញ​ ប្រហែលជា​ក្នុង​សម័យ​មាន​វិបត្ដិ​សាសនា ហើយ​ក៏​បាន​សាងសង់​ព្រះពុទ្ធ​បដិមា​ថ្មីៗ​ជា​ច្រើន ។ ព្រះរាជា​បាន​ប្រគល់​ឱ្យ​មន្ដ្រី​នេះ​រៀបចំ​តុបតែង​រាជធានី​ថែម​ទៀត ។

ព្រះបាទ ​ជ័យវរ្ម័ន​ទី​៦ បាន​ជំរុញ​ឱ្យ​មាន​ការ​អនុគ្រោះ​កាន់តែ​ខ្លាំង ។ វា​ហាក់​ដូចជា​ព្រះ​អង្គ​មាន​បំណង​ចង់​ផ្ដល់​សិទ្ធិ​ឱ្យ​ពុទ្ធសាសនា​ និង​ផ្ដល់​សន្ដិភាព​ខាង​ជំនឿ​ដល់​ប្រជានុរាស្ដ្រ​ដោយ​ទាញ​សាសនា​ទាំង​ពីរ​មក ​ជិត​គ្នា​ពោល​គឺ​ឱ្យ​ព្រាហ្មណ៍​បុរោហិត​នៃ​ពិធី​ទេវរាជ​គោរព​ព្រះពុទ្ធ​ ហើយ​ឱ្យ​ពុទ្ធសាសនិកជន​គោរព​ព្រះ​ទេវរាជ​វិញ ។​ ធ្វើ​យ៉ាងនេះ គឺ​ចង់​បង្រួប​បង្រួម​សាសនា​ទាំង​ពីរ​មក​តែ​មួយ ដោយ​ចាត់​ទុក​ព្រះពុទ្ធ​ស្មើ​នឹង​អាទិទេព​មួយ​អង្គ​នៃ​ព្រហ្មញ្ញ​សាសនា ហើយ​បើ​ទោះជា​សាសនា​ទាំង​ពីរ​មាន​ទ្រឹស្ដី​ខុស​គ្នា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ គឺ​ឱ្យ​ទាំង​ព្រាហ្មណ៍ ទាំង​ប្រជាជន ទៅ​ធ្វើ​ពិធី​បូជា​ព្រះ​សិវៈ និង​ព្រះ​នាង​កាលី ទាំងអស់​គ្នា រួច​ហើយ​នាំ​គ្នា​ទៅ​ថ្វាយបង្គំ​បដិមា​ព្រះពុទ្ធ ដែល​ធ្លាប់​បាន​បង្ហាត់​បង្រៀន​អំពី​បរមត្ថវិជ្ជា​ សន្ដិភាព​ផ្លូវចិត្ដ​ ឧបេក្ខា​ចិត្ដ​ចំពោះ​វត្ថុ​ទាំងឡាយ​លើ​លោក និង​ការ​លះបង់​ចោល​នូវ​ការ​សប្បាយ​គ្រោតគ្រាត​នៃ​ផែនដី​នេះ ។ គឺជា​ចេតនា​រំលាយ​សាសនា​ចូល​គ្នា​ដ៏​ចម្លែក ប្រហែល​ដោយ​ស្ថានភាព​នយោបាយ​ផ្ទៃក្នុង​ហើយ​មើលទៅ ជា​ពិសេស គឺ​ឥទ្ធិពល​កាន់តែ​កើន​ឡើង​នៃ​ព្រះពុទ្ធ​សាសនា​ក្នុង​ស្រទាប់​អ្នក​ទីក្រុង ក៏​ដូច​ជា​អ្នកស្រែ​ចម្ការ និង​រាជបរិពារ ។

ចំណុច ​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​បញ្ជាក់​អំពី​រជ្ជកាល​នេះ​គឺ​នារីៗ​ បើ​ហោច​ណាស់​ក៏​ម្ចាស់​ក្សត្រីយ៍​ហើយ​ក៏​អាច​មាន​បុត្រី​របស់​ពួក​ព្រាហ្មណ៍ និង​សេនាបតី​ខ្លះ​ផង​ដែរ ដែល​បាន​រៀនសូត្រ​អាច​ចេះ​អាន​សៀវភៅ​បាន ។ សិលាចារឹក​ព្រះឥន្ទ្រ​កោសិយ​បាន​ឱ្យ​ដឹង​ថា មេក្រុម​លេខា​ផ្ទាល់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៦ គឺ​ព្រះ​នាង​ប្រាជ្ញា ដែល​ជា​ព្រះ​អគ្គមហេសី​មួយ​អង្គ​របស់​ព្រះ​បិតា​ព្រះ​អង្គ ។
ព្រះរាជា​អង្គ​នេះ​ទ្រង់​សុគត​ទៅ​នៅ​ឆ្នាំ​១០០២​នៃ​គ្រិស្ដសករាជ ត្រូវ​នឹង​មហាសករាជ​៩២៤ ។ ទ្រង់​មាន​ព្រះ​មរណនាម​ថា បរម​វីរៈលោក មាន​ន័យ​ថា ជា​ភៀវ​របស់​ព្រះ​បរម​អគ្និ ។

៧. ព្រះបាទ​សុរិយាវរ្ម័ន​ទី​១ (១០០២​-​១០៤៩)
ព្រះបាទ ​សុរិយាវរ្ម័ន​មាន​ព្រះ​នាម​ដើម​ហៅ​ថា​ វីរ​ជ័យវរ្ម័ន ទ្រង់​ជា​បច្ឆាញាតិ​ឆ្ងាយ​របស់​ព្រះបាទ​ឥន្ទ្រវរ្ម័ន ដែល​សោយរាជ្យ​ពី​ឆ្នាំ​៨៧៧​ដល់​៨៩៩​ ហើយ​ទ្រង់​មាន​ព្រះ​អគ្គមហេសី​គឺ​ ព្រះ​នាង​ស្រិវីរៈ​លក្ស្មី​ ដែល​ជាប់​សាច់​ជាមួយ​ព្រះបាទ​យសោវរ្ម័ន ។ ព្រះ​អង្គ​បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៦ តាំង​តែ​ពី​ឆ្នាំ​១០០២ ក៏​ប៉ុន្ដែ លុះ​ត្រាតែ​បី​ឆ្នាំ​ក្រោយ​មក ទើប​បាន​ទទួល​ការ​អភិ​សេក ។ តាម​មើលទៅ ព្រះ​អង្គ​មិនមែន​ជា​រជ្ជទាយាទ​ដែល​គេ​បាន​គ្រោងទុក​នោះ​ទេ ប្រហែលជា​ព្រះ​អង្គ​បាន​បណ្ដេញ​ព្រះរាជា​មុន​ពី​រាជ្យសម្បត្ដិ​ផង​ក៏​មិនដឹង ពីព្រោះ​សិលាចារឹក​ព្រះ​ខ័ន​បាន​និយាយ​ថា «ព្រះ​អង្គ​បាន​ដណ្ដើម​យក​ព្រះ​នគរ​ពី​ព្រះរាជា​មួយ​អង្គ​ក្នុង​ចំណោម​យុទ្ធ​ជន​ជាច្រើន» ។ ព្រះអង្គ​បាន​ទទួល​ព្រះនាម​ថា សុរិយាវរ្ម័ន (ព្រះអាទិត្យ​ជា​អ្នក​ការពារ) ហើយ​សិលាចារឹក​ព្រះកែវ​បាន​លើក​អំពី​ព្រះ​អង្គ​ថា «ទ្រង់​មាន​រស្មី​ភ្លឺ​ចិញ្ចាច ប្រៀប​បាន​ទៅ​នឹង​ព្រះអាទិត្យ​នៅ​លើ​វេហាស៍ ជា​វង្ស​ត្រកូល​របស់​ព្រះបាទ​ឥន្ទ្រវរ្ម័ន» ។ ព្រះ​អង្គ​សោយរាជ្យ​បាន​ចំនួន​៤៧​ឆ្នាំ ។

ព្រះបាទ ​សុរិយាវរ្ម័ន​កាន់​ព្រហ្មញ្ញ​សាសនា តាម​ទម្លាប់​ដែល​មាន​ជា​ហូរហែ​រហូត​មក ក៏​ប៉ុន្ដែ​ព្រះ​អង្គ​ដូច​ជា​បាន​ចាប់​ចិត្ដ​នឹង​ទ្រឹស្ដី​របស់​ព្រះពុទ្ធ​ ខ្លាំង​ណាស់​ដែរ ថ្វីបើ​ព្រះ​អង្គ​មិន​បាន​បង្ហាញ​ខ្លួន​ព្រះ​អង្គ​ថា ជា​ពុទ្ធសាសនិកជន​មួយ​អង្គ​ក៏​ដោយ ។ ទ្រង់​បាន​កសាង​បដិមា​ព្រះ​សិវៈ និង​ព្រះ​វិស្ណុ ក៏​ប៉ុន្ដែ​ព្រះ​មរណនាម​ថា និព្វានបទ ដែល​គេ​ថ្វាយ​ដល់​ព្រះ​អង្គ​ពេល​ក្រោយ​មក និង​ការ​សាងសង់​វត្ដ​មួយ​ឧទ្ទិស​ថ្វាយ​ដល់​ព្រះពុទ្ធ បញ្ជាក់​ថា ព្រះ​អង្គ​បាន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ព្រះពុទ្ធ​សាសនា​ជា​ខ្លាំង ។ មិន​តែ​ប៉ុណ្ណោះ ព្រះ​អង្គ​បាន​ទាំង​ដាក់​រាជបញ្ជា​អំពី «សិក្ខាបទ​ពិសិដ្ឋ ដែល​ជន​ទាំងអស់​ត្រូវ​ប្រតិបត្ដិ» ដើម្បី​ឱ្យ​ទាំង​តាបស​ឫសី​ ទាំង​ស្ថាវីរៈ និង​ព្រះសង្ឃ ដែល​គង់​នៅ​តាម​ទី​សក្ការៈ​ វិហារ​ វត្ដ​អារាម​ និង​អាស្រម​ផ្សេងៗ «អនុវត្ដ​នូវ​តប​កម្ម​ដើម្បី​ផ្សព្វផ្សាយ​កុសល​ដល់​ព្រះរាជា​ជា​ម្ចាស់» ទៀត​ផង (8) ។

តាម ​មើលទៅ ប្រហែលជា​មាន​ការ​ធ្វើទុក្ខ​បុកម្នេញ​ដល់​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​រាជ្យ​ មុនៗ រួច​សាសនា​នេះ​នៅ​រង​ការ​គំរាម​កំហែង​នៅឡើយ​ ហើយ​ពុទ្ធសាសនិក​ក៏​នៅ​រង​អំពើ​ហិង្សា​នៅ​ឡើយ​ដែរ​ ព្រោះ​សិលាចារឹក​លពបុរី​បាន​បញ្ជាក់​ថែម​ទៀត​ថា មាន​ការ​កាត់ទោស​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ដល់​ «ជន​ទាំងឡាយ​ណា​ដែល​ចូល​ទៅ​ក្នុង​សមាធិ​ស្ថាន ហើយ​ធ្វើការ​រំខាន​ដល់​តាបស ឬ​សាសនិក ក្នុង​ការ​អនុវត្ដន៍​កាតព្វកិច្ច​របស់​ខ្លួន» ។ គេ​អាច​លើក​សំណួរ​បាន​ថា តើ​ព្រះរាជា​អង្គ​នេះ មាន​ពុទ្ធសាសនិកជន​នៅ​ជាមួយ​ទេ​ពេល​ទ្រង់​ធ្វើការ​ប្រយុទ្ធ​ដណ្ដើម​ រាជបល្ល័ង្ក ឬ​ក៏​ព្រះ​អង្គ​ធ្វើការ​តបស្នង​សងគុណ​ចំពោះ​ការ​គាំទ្រ​របស់​ពួក​ ពុទ្ធសាសនិកជន​ទាំងនោះ ?

ទោះជា​ យ៉ាងណា​ក្ដី ក៏​វា​ច្បាស់​ណាស់​ថា មាន​ចេតនា​ធ្វើ​ឱ្យ​សាសនា​ទាំង​ពីរ​រលាយ​ចូល​គ្នា​ខ្លាំង​ជាង​មុន​នៅ​ក្រោម​ រជ្ជកាល​នេះ ។ សិលាចារឹក​ព្រះកែវ​បាន​ឱ្យ​ដឹង​ថា ព្រះបាទ​សុរិយាវរ្ម័ន​បាន​រៀបចំ​ឱ្យ​មាន​ការ​បែងចែក​ប្រជាជន​ជា​វណ្ណៈ​ឡើង​ វិញ ហើយ​ទ្រង់​ដាក់​ព្រះ​មុនី​សិវៈ​ចរិយា​ឱ្យ​ដឹកនាំ​វណ្ណៈ​ព្រាហ្មណ៍ ព្រះ​មុនី​នេះ «វោហារ​បាន​ប្រតិបត្ដិ​វិន័យ​ តឹងរ៉ឹង និង​ស្មោះត្រង់​នឹង​ការ​ប្ដេជ្ញា និង​គុណធម៌ ហើយ​ធ្លាប់​បាន​ត្រូវ​ព្រះរាជា​មុនៗ ចាត់​ឱ្យ​គ្រប់គ្រង​លើ​ហិមៈស្រិង្គគិរី ពិនិត្យ​លើ​គុណសម្បត្ដិ និង​គុណវិបត្ដិ» ។

សិលាចារឹក ​ព្រះកែវ​បាន​លើក​អំពី​គោរមងារ​មួយ​នៅ​ក្បែរ​ព្រះរាជា ដែល​យើង​មិន​ដែល​ដឹង​ពី​មុន​មក​គឺ មុខងារ​ជា​ជំនួយការ​មួយ​បែប​ហៅ​ថា ស្រីក្សិទ្ទិទ្រកល្បៈ ។ ឋានៈ​នេះ​មាន​រួច​ទៅ​ហើយ​មុន​ស្ដេច​សុរិយាវរ្ម័ន​ទី​១ ព្រោះ​ថា ព្រាហ្មណ៍​សិវវិន្ធុ ដែល​ជា​ «អ្នកប្រាជ្ញ​ ចេះ​ដឹង​ ជ្រៅជ្រះ​សម​នឹង​ទទួល​ការ​គោរព​ពី​បណ្ដា​អ្នក​មាន​អំណាច​ទាំងឡាយ និង​ជា​បព្វជិត​នៃ​ស្រីកបាលេស្វរៈ ជា​ចាងហ្វាង​នៃ​តប​កម្ម ដែល​គ្មាន​ការ​ខុស​ឆ្គង» បាន​ទទួល​ឋានៈ​នេះ តែ​នៅ​ពេល​ដែល​ឪពុកមា​ខាង​ម្ដាយ​ដែល​មាន​ឋានៈ​នេះ បាន​ទទួល​មរណភាព​ទៅ ។ សិលាចារឹក​ព្រះ​ឥន្ទកោសិយ​បាន​និយាយ​ថា នៅ​ឆ្នាំ​៨៩០​នៃ​គ្រិស្ដសករាជ ស្រី​ធរណិន្ទ្រប្បកល្បៈ បាន​ទទួល​នូវ​ឋានៈ​នេះ គឺ​ជាង​១០០​ឆ្នាំ​មុន​រាជ្យ​ព្រះបាទ​សុរិយាវរ្ម័ន ។
ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​បាន​និយាយ​ថា នៅ​ឆ្នាំ​១០៣០​នៃ​គ្រិស្ដសករាជ ស្ដេច​អង្គ​នេះ​បាន​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​នគរ​ចាម្ប៉ា ក្នុង​រជ្ជកាល​ស្ដេច​ចាម​មួយ​អង្គ​ដែល​យើង​មិន​បាន​ស្គាល់​ព្រះ​នាម តែ​សោយរាជ្យ​ក្នុង​ចន្លោះ​ស្ដេច​ជ័យវរ្ម័ន និង​ជ័យ​បរមេស្វរវរ្ម័ន ហើយ​និង​ប្រទេស​ចិន​ផង​ដែរ ។ សម្ព័ន្ធ​មេត្រី​នេះ​មាន​រយៈពេល​៦០​ឆ្នាំ និង​មាន​គោល​បំណង​ចង់​ធ្វើ​ឱ្យ​មាន​សន្ដិភាព​ជាមួយ​នគរ​ចាម្ប៉ា ហើយ​ធានា​សន្ដិភាព​នេះ ដោយ​មហា​អំណាច​ទី​៣​មួយ​ទៀត ដើម្បី​ទុក​ពេល​ឱ្យ​ព្រះ​អង្គ​ធ្វើការ​បង្ក្រាប​ស្ដេច​ចំណុះ​ទាំងឡាយ​ដែល​ បះបោរ ជា​ពិសេស គឺ​ពួក​ក្សត្រ​ប្រទេស​នៅ​ខាងជើង​ភ្នំ​ដងរែក និង​នៅ​អាង​ទន្លេ​មេណាម​ខាងលើ ដែល​មាន​រាជធានី​នៅ លពបុរី គឺ​ទ្វារវតី នោះ​ឯង (9) ។ តើ​នោះ​មិនមែន​ជា​ពួក​ថៃ​នៃ​អាង​ទន្លេ​មេណាម​ខាងលើ ដែល​ចុះ​មក​ពី​ប្រទេស​ចិន​ភាគ​ខាងត្បូង ឬ​មក​ពី​ភូមា​ដែល​ពួក​នេះ​បាន​មក​រស់នៅ​ជា​យូរណាស់​មក​ហើយ ហើយ​បាន​មក​បង្ហាញ​ខ្លួន​នៅ​នឹង​ព្រំប្រទល់​នៃ​អាណាចក្រ​កម្ពុជា​ទេ​ ឬអ្វី ?

សិលាចារឹក​លង្វែក​បាន​ហៅ​ព្រះបាទ​សុរិយាវរ្ម័ន​ថា​ជា​ «ព្រះ​ចៅ​អធិរាជ និង​ជា​អ្នក​ទ្រទ្រង់​ផែនដី» ដែល «ព្រះ​អ្នក​បង្កើត​លោក​បាន​សាង​មក​ឱ្យ​ដូច​ខ្លួន​ព្រះ​អង្គ» ។ «នៅ ​ពេល​ទ្រង់​យាង​ចេញ​ច្បាំង​យកជ័យ​ជម្នះ​លើ​អស់​ស្ដេច​ដែល​ខ្លាំងៗ​ទាំងឡាយ សូម្បី​តែ​ព្រះអាទិត្យ​ក៏​លាក់​ខ្លួន​បំបាំងកាយ​ដែរ ដោយ​ខ្លាច​បារមី​របស់​ព្រះ​អង្គ ។ ភ្លើង​ផ្សែង​ដែល​ហុយ​ចេញពី​ការ​បូជា​របស់​ព្រះ​អង្គ​មិន​គ្រាន់តែ​ធ្វើ​ឱ្យ​ ផ្ទៃមេឃ​ងងឹត​ប៉ុណ្ណោះ​ទេ​គឺ​បាន​បាំងបិទ​អស់​នូវ​កិត្ដិគុណ​របស់​ព្រះរាជា​ ទាំងឡាយ ដែល​ធ្លាប់​មាន​ឈ្មោះ​ល្បីល្បាញ​ទៀត​ផង ។ ព្រះ​អង្គ​គួរតែ​ទទួល​បាន​នូវ​កិត្ដិគុណ​របស់​អា​រុណៈ … ទ្រង់​បាន​រៀន​ចេះ​ចាំ​អំពី​ទ្រឹស្ដី​បនីនិ ទាំង​ទ្រង់​ល្អ​ឥត​ខ្ចោះ ហើយ​ប្រកប​ដោយ​ប្រាជ្ញា​បារមី ដូច​ជា​បណ្ឌិត … គឺជា​ព្រះរាជា​សាកល​ដែល​ប្រៀប​បាន​នឹង​អធិរាជ​នៃ​អាទិទេព​ទាំងឡាយ» ។

ព្រះបាទ ​សុរិយាវរ្ម័ន​ទី​១ បាន​កសាង​ប្រាសាទ​ភ្នំជីសូរ​នៅ​ក្នុង​ខែត្រ​បាទី ហើយ​ក៏​បាន​ជួសជុល​ឡើង​វិញ​នូវ​ប្រាសាទ​មួយ​ចំនួន​ទៀត​ផង​ដែរ ។
ព្រះ​អង្គ​សុគត​នៅ​ឆ្នាំ​១០៤៩ ហើយ​មាន​ព្រះ​មរណនាម​ថា បរម​និព្វានបទ មាន​ន័យ​ថា ទ្រង់​យាង​ចូល​ព្រះនិព្វាន​ទាំងស្រុង​ហើយ ។

៨. ព្រះបាទ​ឧទយាទិត្យវរ្ម័ន​ទី​១ (១០៤៩-១០៧៩)
ព្រះរាជា ​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​សុរិយាវរ្ម័ន​ទី​១​គឺ​ព្រះបាទ​ ឧទយាទិត្យវរ្ម័ន ឬ​ឧទយាកៈវរ្ម័ន ដែល​ត្រូវជា​ចៅ ឬ​ក្មួយ​របស់​ព្រះ​អង្គ ។
ការ​ដែល​ ស្ដេច​អង្គ​នេះ​ឡើង​សោយរាជ្យ​ហាក់​ដូចជា​មិន​ប្រក្រតី គឺ​ដូច​ជា​ឡើង​សោយរាជ្យ​ដោយ​ជ័យជម្នះ​របស់​ក្រុម​រាជបរិពារ​ដែល​មាន​ ប្រតិកម្ម​ប្រឆាំង​នឹង​ពុទ្ធសាសនា ។​ ស្ដេច​អង្គ​នេះ​មាន​ព្រះ​ជន្ម​ក្មេងខ្ចី​នៅ​ឡើយ​ពេល​ឡើង​គ្រងរាជ្យ​សម្បត្ដិ ព្រោះ​ព្រះ​អង្គ​នៅ​បន្ដ​រៀនសូត្រ​គណិតសាស្ដ្រ តារាសាស្ដ្រ វេយ្យាករណ៍ ច្បាប់ និង​ក្រម ទាំងឡាយ​តាក់តែង​ឡើង​សម្រាប់​ព្រះរាជា ពី​សំណាក់​ព្រះរាជ​គ្រូ​របស់​ព្រះ​អង្គ​ឈ្មោះ​ថា ស្រីការៈ​បណ្ឌិត ។ «ដោយ​ព្រះ​អង្គ​ចាប់​បដិសន្ធិ​ឡើង​ក្នុង​ត្រកូល​នៃ​ស្ដេច​លើ​ពិភពលោក ទ្រង់​មាន​ប្រៀប​ដាច់​គេ​ក្នុង​ការ​ធ្វើ​ឱ្យ​នារី​ទាំងឡាយ​លង់​នឹង​សម្ពស្ស​ របស់​ព្រះ​អង្គ ឱ្យ​អ្នក​ចម្បាំង​ទាំងឡាយ​ចុះចាញ់​វីរភាព​របស់​ព្រះ​អង្គ ឱ្យ​បណ្ឌិត​ទាំងឡាយ​ទទួល​ស្គាល់​គុណធម៌​របស់​ព្រះ​អង្គ ឱ្យ​បណ្ដា​ប្រជានុរាស្ដ្រ​ចំណុះ​នឹង​អំណាច​របស់​ព្រះ​អង្គ និង​ឱ្យ​ព្រាហ្មណ៍​ទាំងឡាយ​ទទួល​ស្គាល់​នូវ​សប្បុរសធម៌​របស់​ព្រះ​ អង្គ» ។ តាម​មើលទៅ ស្ដេច​អង្គ​នេះ គោរព​បូជា​ព្រះ​សិវៈ​ខ្លាំង​ណាស់ «ព្រោះ ​ព្រះ​អង្គ​បាន​ចាត់​ឱ្យ​គេ​លើក​ភ្នំ​មាស​មួយ​នៅ​ចំ​កណ្ដាល​រាជធានី រួច​ឱ្យ​សាងសង់​ប្រាសាទ​មាស​មួយ មាន​ពន្លឺ​ភ្លឺ​ចិញ្ចាច​ចិញ្ចែង ដាក់​សិវៈលិង្គ​មួយ​សម្រាប់​រៀបចំ​ពិធី​ស្រោច​ទឹក​គោរព​បូជា» ហើយ​ទ្រង់​បាន​ចាត់​ឱ្យ​ចន្ទ័ការៈ​បណ្ឌិត​ថែរក្សា ។ ព្រាហ្មណ៍​នេះ​គេ​ច្រើន​ស្គាល់​ថា យ៉ាលីចន្ទ័ការៈ ព្រោះ​ជា​តាបស​ឫសី និង​ជា​បុរោហិត​របស់​ព្រះបាទ​សុរិយាវរ្ម័ន ​ហើយ​ត្រូវ​បន្ដ​ថែរក្សា​លិង្គ​នេះ​រហូត​ដល់​រាជ្យ​ស្ដេច​ក្រោយ​មក​ទៀត​ដែល​ សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ឧទយាទិត្យវរ្ម័ន គឺ​ព្រះបាទ​ហស៌វរ្ម័ន​ទី​៣ ។

ក្នុង ​រជ្ជកាល​ស្ដេច​អង្គ​នេះ បណ្ដា​អាណា​ខែត្រ​ខាងត្បូង​បាន​បះបោរ​ឡើង ហើយ​ត្រូវ​ទ័ព​របស់​ជន​ម្នាក់​ឈ្មោះ​ថា អារវិន្ទ្រាទៈ ដណ្ដើម​យក​បាន ។ ទ័ព​ទី​១​របស់​ព្រះរាជា​ដែល​បញ្ជូន​ទៅ​បង្ក្រាប ត្រូវ​បរាជ័យ​ក្រោម​ដៃ «មេកោយ​សត្រូវ​ដ៏​ហានក្លា» នេះ ។ ក៏​ប៉ុន្ដែ​ទ័ព​មួយ​កង​ទៀត​ដែល​ដឹកនាំ​ដោយ​សេនាបតី​ម្នាក់ គឺ​ឧកញ៉ា​ពិជ័យ​សង្គ្រាម​មាន​ជ័យជម្នះ​លើ​អារវិន្ទ្រាទៈ ។​ឧកញ៉ា​ ពិជ័យសង្គ្រាម​នេះ​ជា​ឧត្ដមសេនីយ៍​ដែល​ «រហ័សរហួន ​ ណាស់​ក្នុង​ការ​រង​អាវុធ​ខ្មាំង​ និង​វាយ​ប្រហារ​តប​ទៅ​វិញ​ដោយ​ប្រើ​ដៃ​ទាំង​ពីរ​ជា​អ្នក​ប្រយុទ្ធ​គ្មាន​គូ​ ប្រៀបផ្ទឹម​បាន​ជា​យុទ្ធ​ជន​ឆ្នើម​ដែល​សត្រូវ​ទទួល​ស្គាល់​ថ្វីដៃ​ហើយ​ហៅ​ថា ​ជា​ព្រះ​គ្រឹស្នៈ​មួយ​អង្គ​ថ្មី​ ឬ​ក៏​ជា​អារុណៈ​មួយ​រូប​ទៀត​ ជា​វីរបុរស​គ្មាន​នរណា​ស្មើ​លើ​លោក​នេះ» ។ ក្រោយ​បរាជ័យ​ អារវិន្ទ្រាទៈ​បាន​គេច​ខ្លួន​ទៅ​នៅ​ឯ​ចាម្ប៉ាបុរៈ​រាជធានី​របស់​នគរ​ចាម្ប៉ា ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក មាន​ឧត្ដមសេនីយ៍​ម្នាក់​ឈ្មោះ​ថា កំវ៉ូ ដែល​មិន​សប្បាយ​ចិត្ដ ក៏​នាំ​ទ័ព​របស់​ខ្លួន​ចេញពី​រាជធានី​ ហើយ​ប្រកាស​បះបោរ​ឡើង ។​ កំវ៉ូ​នោះ​ជា​ «មនុស្ស ​ឆ្លាត​មាន​វីរភាព​ដែល​បាន​ទទួល​ការ​សន្ដោស​ប្រណី​ពី​ព្រះរាជា​ ទ្រង់​ប្រទាន​បុណ្យ​សក្ដិ​ឱ្យ ។​ គេ​មាន​រាង​កាយ​មាំមួន​ មាន​អាវុធ​គ្រប់គ្រាន់​ រហ័ស​វាងវៃ​អាច​ធ្វើ​ជា​ម្ចាស់​លើ​ផែនដី​ទាំងមូល​បាន ។ ទ័ព​របស់​គេ​ក៏​ក្លាហាន និង​សម្បូរ​ដោយ​អាវុធ​យុទ្ធភណ្ឌ ហ៊ាន​លះបង់​ជីវិត មាន​ចំនួន​ច្រើន​ឥត​គណនា និង​មាននៅ​គ្រប់​ទិស​ទី» ។

ពេល ​នោះ​សេនាបតី​ពិជ័យសង្គ្រាម​បាន​ដឹកនាំ​ទ័ព​ចេញ​ច្បាំង​ជាមួយ​កំវ៉ូ​ដោយ​មាន ​ឧត្ដមសេនីយ៍​ជា​ច្រើន​ចូលរួម​នៅ​ក្រោម​បញ្ជា​ផង គឺ​មាន​ទេវស្រូ វ្លុង​ វ្នួរ​ គាំ ចេន្គីស្រូ​ កម្នាត់​ រញ្ញ​ ខ្មួញ ។ ពេល​លើក​ទ័ព​ដេញ​តាម​សត្រូវ សេនាបតី​ពិជ័យសង្គ្រាម​បាន​ឈប់​នៅ​លើ​ខ្ពង់រាប​មួយ ធ្វើ​ពិធី​បូជា​ថ្វាយ​ដល់​ព្រះ​សិវៈ​សុំ​ជ័យជម្នះ ។ ពេល​នោះ កំវ៉ូ បាន​ត្រលប់​ក្រោយមក​វិញ ហើយ​ការ​ប្រយុទ្ធ​ក៏​បាន​ចាប់​ផ្ដើម​ឡើង ។ កំវ៉ូ និង​ពិជ័យសង្គ្រាម «រត់​រកគ្នា​ប្រៀប​ដូច​ព្រះ​រាម និង​ក្រុង​រាពណ៍» រីឯ​មេកង​របស់​ទ័ព​ទាំង​ពីរ​ក៏​ស្វះ​ស្វែង​រក​គូប្រយុទ្ធ​រៀងៗ​ខ្លួន​ផង​ ដែរ ។ ពួក​គេ​ប្រកូក​ប្រកាស​ហៅ​គ្នា ជេរ​ប្រទេច​ផ្ដាសា​គ្នា គំរាម​គ្នា​ទៅ​វិញ​ទៅ​មក ។ កំវ៉ូ បាញ់​ព្រួញ​មួយ​មក​ត្រូវ​ចង្កា​របស់​ពិជ័យសង្គ្រាម ក៏​ប៉ុន្ដែ​ពិជ័យសង្គ្រាម​គ្មាន​រួញរា ហើយ​បាន​បាញ់​ព្រួញ​បី​តែ​ម្ដង​សំដៅ​កំវ៉ូ ព្រួញ​មួយ​ត្រូវ​ចំ​ក្បាល​ មួយ​ចំ​ក និង​មួយ​ទៀត​ចំ​ទ្រូង ។ កំវ៉ូ ដួល​ស្លាប់​ភ្លាម ដោយ​ស្រែក​រោទ៍​ទ្រហឹង ធ្វើ​ឱ្យ​ទេវតា​ទាំងឡាយ​ត្រេកអរ​ស្វាគមន៍​ជា​ខ្លាំង ។ ពិជ័យសង្គ្រាម​ក៏​ត្រលប់​មក​កាន់​វិហារ​ព្រះ​សិវៈ​វិញ ហើយ​បាន​ថ្វាយ​ទ្រព្យ​របស់​ខ្លួន​ទាំងអស់ ដើម្បី​ជា​ការ​តបស្នង​សងគុណ​ព្រះ​អង្គ ។

ក្រោយ ​ពី​កំវ៉ូ​ស្លាប់​ទៅ នៅ​មាន​បះបោរ​មួយទៀត​កើត​ឡើង​នៅ​ក្នុង​សរទរដូវ​បន្ទាប់ មិនដឹង​ថា ជា​ការ​បះបោរ​ថ្មី​ ឬ​ក៏​ទ័ព​ចាស់​របស់​កំវ៉ូ​បះបោរ​ម្ដងទៀត​ ឬ​ក៏​យ៉ាងណា​ទេ ។​ ការ​បះបោរ​លើក​នេះ​ដឹកនាំ​ដោយ​បងប្អូន​ពីរ​នាក់​គឺ​ សល្វាត់​ «ដែល​មាន​កម្លាំង​ខ្លាំង​គ្មាន​ផ្ទឹម​ ក្លាហាន​មាន​ល្បិច​ច្រើន ​ហើយ​ពូកែ​ក្នុង​ការ​ប្រយុទ្ធ​ដោយ​មោង​ស័ក» និង​ប្អូន​ប្រុស​បង្កើត​ឈ្មោះ​ សិទ្ធិករៈ ហើយ​និង​មេទ័ព​ម្នាក់​ទៀត​ឈ្មោះ​ថា​ សាសន្តិភូវនៈ​ «ដែល​មាន​កម្លាំង​គួរ​ឱ្យ​ខ្លាច​នៅ​ក្នុង​ការ​ប្រយុទ្ធ» ។ ពិជ័យសង្គ្រាម​បាន​ដឹកនាំ​ទ័ព​ចេញ​ច្បាំង​ទៀត ពេល​ជួប​សល្វាត់​ក៏​ជេរប្រទេច​ផ្ដាសា បបួល​ចូល​ច្បាំង​គ្នា ។​ សល្វាត់​ជេរ​តប​វិញ​ រួច​បាញ់​ព្រួញ​ស្រោច​មក​លើ​ពិជ័យសង្គ្រាម ។​ពិជ័យសង្គ្រាម​ចាប់​យក​ ព្រួញ​មក​ដាក់​លើ​ខ្សែ​ធ្នូ រួច​ទាញ​យឹត​ដោយ​ដៃ​ដ៏​មាំ​ទាំង​ពីរ​បាញ់​តម្រង់​សំដៅ​សត្រូវ ។ នៅ​ពេល​ដែល​សល្វាត់​ត្រូវ​ព្រួញ​ស្លាប់ ទ័ព​សត្រូវ​ទាំងអស់​ក៏​ដកថយ​រត់​បាត់​អស់​ទៅ (10) ។ ប៉ុន្ដែ​ចលាចល​នេះ​នៅ​បន្ដ​ច្រើន​ឆ្នាំ​តទៅ​ទៀត ទម្រាំ​រលត់​បាត់ ហើយ​ពិជ័យសង្គ្រាម​ក៏​ឈប់​ដេញ​តាម​ទៀត​ដែរ ។

ដោយ ​ពិជ័យសង្គ្រាម​បាន​បរិច្ចាគ​ទ្រព្យសម្បត្ដិ​ផ្ទាល់ខ្លួន​បូជា​ថ្វាយ​ព្រះ​ សិវៈ​ក្នុង​ការ​ធ្វើសង្គ្រាម​បង្ក្រាប​សត្រូវ ព្រះរាជា​បាន​ប្រទាន​រាជទ្រព្យ​សង​វិញ និង​បាន​ប្រទាន​រង្វាន់​ឱ្យ​ជា​ច្រើន តែ​ពិជ័យសង្គ្រាម​បាន​លះបង់​ទ្រព្យ​ទាំង​អស់នោះ ក្នុង​នាម​ជា​វីរជន​ដែល «មាន​ពន្លឺ​ភ្លឺ​ប្រៀប​ដូច​រាហ៊ូ» ។
គឺ​នៅ​ក្រោម​រាជ្យ​របស់​ព្រះបាទ​ឧទយាទិត្យវរ្ម័ន​នេះឯង ដែល​ទ័ព​ខ្មែរ​មួយ​កង​ក្រោម​បញ្ជា​របស់​មេទ័ព​ម្នាក់​ឈ្មោះ​ថា​ ស្រី​នន្ទៈនវម៌ទេវៈ ច្បាំង​ចាញ់​ទ័ព​ចាម​នៅ​ឯ​សោមេស្វរៈ​ក្រោម​រាជ្យ​ស្ដេច​ចាម​ព្រះ​នាម​ស្រីហរិវរ្ម័ន​ទី​២ (១០៧៨) ។

៩. ព្រះបាទ​ហស៌វរ្ម័ន​ទី​៣ (១០៧៩​-​១០៩០)
រជ្ជកាល ​របស់​ព្រះបាទ​ឧទយាទិត្យវរ្ម័ន​ពោរពេញ​ទៅ​ដោយ​ភាព​វឹកវរ​ជា​កត្ដា​បញ្ជាក់​ ថា មហានគរ​ស្ទើរតែ​គ្មាន​សន្ដិភាព​ទេ មាន​សង្គ្រាម​ក្នុងស្រុក និង​ការ​បះបោរ​ប្រឆាំង​ពី​ស្ដេចត្រាញ់​ ឬ​ស្ដេច​ចំណុះ​ជា​ញឹកញាប់ ។ អំណើះ​អស់ពី​ព្រះ​អង្គ​ទៅ ព្រះរាជ​អនុជ​របស់​ព្រះ​អង្គ​បាន​ឡើង​សោយរាជ្យ​បន្ដ មាន​ព្រះ​នាម​ថា ហស៌វរ្ម័ន​ទី​៣ ។
នៅ​ពេល​ស្ដេច​ អង្គ​នេះ​ឡើង​សោយរាជ្យ មាន​កើត​ភាព​វឹកវរ​ម្ដងទៀត ក៏​ប៉ុន្ដែ ព្រះ​អង្គ​បាន​បង្ក្រាប​ឱ្យ​រាប​អស់ ធ្វើ​ឱ្យ​ស្រុក​មាន​សន្ដិសុខ​ឡើង​វិញ​ដោយ «ទ្រង់​បញ្ជា​ឱ្យ​អនុវត្ដ​កាតព្វកិច្ច​របស់​វណ្ណៈ​ទាំង​បួន​យ៉ាង​ម៉ឺងម៉ាត់» ។
ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​បាន​រៀបរាប់​ថា ដោយ​ស្ដេច​អាណ្ណាម​ព្រះ​នាម​ លីញុញតុង​ បាន​លើកទ័ព​មក​វាយ​ចិន សម្លាប់​ប្រជាជន​ចិន​អស់​ជា​ច្រើន​នាក់ ព្រះ​ចៅ​អធិរាជ​ចិន​បាន​អំពាវនាវ​សុំ​ជំនួយ​ពី​ព្រះរាជា​ខ្មែរ និង​ចាម្ប៉ា ដែល​ធ្លាប់​បាន​ចុះ​សន្ធិសញ្ញា​សម្ព័ន្ធមេត្រី​ជាមួយ​គ្នា កាលពី​ឆ្នាំ​១០០០​នៃ​គ្រិស្ដសករាជ ។ ស្ដេច​ខ្មែរ និង ស្ដេច​ចាម បាន​កេណ្ឌ​ទ័ព​ទៅ​ជួយ​ចិន​តាម​សំណូមពរ ក៏​ប៉ុន្ដែ​ត្រូវ​ចាញ់​អាណ្ណាម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ចិន​ត្រូវ​សុំ​ចរចា​រក​សន្ដិភាព ។ រឿង​ចម្បាំង​ជាមួយ​អាណ្ណាម​នេះ ថ្វីបើ​មិន​មាន​សិលាចារឹក​ខ្មែរ​ ឬ​ចាម ឬ​ឯកសារ​ប្រវត្ដិ​សាស្ដ្រ​អាណ្ណាម​ណា​មួយ​បាន​លើក​ឡើង​ក៏​ដោយ ក៏​ប៉ុន្ដែ​ប្រហែលជា​កើត​មាន​ឡើង​មែន ពីព្រោះ​ថា ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន ជា​ឯកសារ​ដែល​ហ្មត់ចត់​ជាងគេ​នៅ​អាស៊ី​ចុង​បូព៌ា ។ ព្រះបាទ​ហស៌វរ្ម័ន​ទី​៣ បាន​សុគត​ទៅ​នៅ​ឆ្នាំ​១០៩០ ហើយ​ទ្រង់មាន​ព្រះ​មរណនាម​ថា សទៈសិវបទ ។

១០. ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ (១០៩០​-​១១០៩)
ព្រះរាជា ​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ហស៌វរ្ម័ន​ទី​៣ គឺ​ព្រះបាទ​ស្រីជ័យវរ្ម័ន​ទី​៧ ដែល​សោយរាជ្យ​បាន​១៩​ឆ្នាំ ចាប់ពី​ឆ្នាំ​១០៩០​មក ។ ព្រះ​អង្គ​គោរព​បូជា​ព្រះ​វិស្ណុ​ខ្លាំង​ណាស់ ហើយ​ទ្រង់​ក៏​ជា​បូជនីយេសក៍​ដ៏​ស្មោះស្ម័គ្រ​ម្នាក់​ផង​ដែរ ។​
សិលាចារឹក​វត្តភូ បាន​រៀបរាប់​ថា នៅ​ក្នុង​រជ្ជកាល​ព្រះរាជា​មុនៗ មាន​នារី​ម្នាក់​ឈ្មោះ​ថា ទិលកៈ និង ​អ្នកប្រាជ្ញ​គម្ពីរ​វេទ​ម្នាក់​ឈ្មោះ​ថា សុភទ្រៈ ដែល​គេ​ហៅ​ក្រៅ​ថា នាមៈសិវយៈ ។ នាង​ទិលកៈ​ ជា​បុត្រី​របស់​អ្នកប្រាជ្ញ​ម្នាក់​នៅ​ក្នុង​ព្រះរាជវាំង ហើយ​ជីតា​របស់​នាង​ជា​ទស្សនវិទូ​ដ៏​ល្បីល្បាញ​ម្នាក់ ។ មាតា​របស់​នាង​ជា​បុត្រី​របស់​កវី​ម្នាក់ ។ នាង​មាន​សម្ពស្ស​ល្អ​ស្អាត មាន​ចរិយា​រម្យទម និង​មាន​ទេព​កោសល្យ​ខ្ពស់ សម​នឹង​ត្រកូល​ខ្ពង់ខ្ពស់​របស់​នាង ។ បណ្ដា​អ្នកប្រាជ្ញ​ល្បីល្បាញ​ទាំងឡាយ​កោតសរសើរ​ល្បិច​ដ៏​ឈ្លាសវៃ​របស់​នាង​ ក្នុង​ការ​ជជែក​ពិភាក្សា​ ហើយ​បាន​ដាក់​ឈ្មោះ​ឱ្យ​នាង​ថា​ ភគវតី​វាគិស្វរី​ មាន​ន័យ​ថា​ ទេពកញ្ញា​ខាង​វោហារ ។ នាង ​ទិលកៈ​នេះ បាន​ត្រូវ​មាតាបិតា​រៀបចំ​ទុកដាក់​ជា​ភរិយា​របស់​អ្នកប្រាជ្ញ សុភទ្រៈ ហើយ​នាង​មាន​បុត្រ​ម្នាក់​ជាមួយ​ស្វាមី​នេះ ដែល​នាង​ដាក់​ឈ្មោះ​ថា បូជសិវៈ តែ​អ្នកផង​ហៅ​ថា សុភទ្រៈ ដូច​ឪពុក​ដែរ ។
សុភទ្រៈនេះ ​ខិតខំ​រៀនសូត្រ​ទ្រឹស្ដី​នៃ​សាសនា​ព្រះ​សិវៈ​ខ្លាំង​ណាស់​ ហើយ​ដោយ​ប្រាជ្ញា​ដ៏​ឈ្លាសវៃ​របស់​ខ្លួន ពូកែ​ដាច់​គេ​ក្នុង​ការ​ប្រមូល​អត្ថបទ​អក្សរសាស្ដ្រ​ចាស់ៗ​យក​មក​ចងក្រង​ឡើង ​វិញ ដែល​គ្មាន​បណ្ឌិត​ណា​ម្នាក់​មាន​សមត្ថភាព​នឹង​ធ្វើ​ដូច​បាន ។ កវី​បណ្ឌិត​ធំៗ​កោត​សរសើរ​ស្នាដៃ​ដ៏​គ្មាន​ផ្ទឹម​នេះ ។ ថ្ងៃ​មួយ មាន​ការ​ជជែក​ពិភាក្សា​មួយ​ធំ​នៅ​ចំពោះ​ព្រះ​ភ័ក្ដ្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧​ សុភទ្រៈ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ឆ្លើយ​ដោះស្រាយ​នូវ​សំណួរ​ដ៏​លំបាកៗ​ ទាំងឡាយ ដែល​គូបដិបក្ខ​របស់​ខ្លួន​បើក​សៀវភៅ​ចោទសួរ​ឡើង «ដោយសារ​ប្រាជ្ញា​ដ៏​ខ្លាំងក្លា ប្រៀប​បាន​ទៅ​នឹង​កាំរន្ទះ» ។

ចាប់ ​តាំងពី​ពេល​នោះ​មក សុភទ្រៈ ត្រូវ​បាន​ប្រជានុរាស្ដ្រ​ទូទាំង​ព្រះ​នគរ​គោរព​កោត​ខ្លាច ហើយ​ត្រូវ​ព្រះ​រាជា​ចាត់​តាំង​ឱ្យ​ធ្វើ​ជា​អធិការ​លើ​អាស្រម​ភាវនា បូជនីយស្ថាន​ទាំងអស់ និង​ជា​អាជ្ញា​កណ្ដាល​លើ​រាល់​ការ​ពិភាក្សា​អំពី​ផ្លូវធម៌​ និង​ផ្លូវលោក ។​ ព្រះរាជា​ក៏​បាន​ប្រទាន​រយ៉ា​មាស​ខ្សែ​មាស​ និង​ក្រណាត់​ល្អៗ ។ល ។​ ឱ្យ​ផង​ដែរ (11) ។
សិលាចារឹក ​សំរោង​បាន​រៀបរាប់​ថា នៅ​ក្រោម​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មាន​ការ​ផ្ដួល​រំលំ​បដិមា​ព្រះ​នរាយណ៍​ ព្រះ​ភគវតី​ និង​សិវលិង្គ​មួយ​រួច​មាន​បញ្ជា​ឱ្យ​កសាង​បដិមា​ទាំង​អស់នោះ​ឡើង​វិញ ។ ​ ដូច​យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា កាលពី​រជ្ជកាល​ព្រះបាទ​សុរិយាវរ្ម័ន​ទី​១ ក៏​មាន​ហេតុការណ៍​បែប​នេះ​កើត​ឡើង​ដែរ គឺ​មាន​ការ​ផ្ដួល​រំលំ​ព្រះពុទ្ធ​បដិមា ហើយ​ព្រះរាជា​មាន​ការ​លំបាក​ជា​ខ្លាំង​នឹង​ការពារ​កុំ​ឱ្យ «មនុស្ស​កាច​ឃោរឃៅ» បៀតបៀន​ព្រះសង្ឃ​សូត្រធម៌ ។ ទាំង​អស់នេះ​ជា​ការ​បញ្ជាក់​ថា​ ប្រទេស​មាន​ភាព​វឹកវរ​ខាង​សាសនា ជា​ពិសេស ព្រះពុទ្ធ​សាសនា​ និង​ព្រហ្មញ្ញ​សាសនា ។​ ខ្ញុំ​គិត​ថា​នោះ​ហើយ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ជ្រែករាជ្យ​ និង​សង្គ្រាម​ផ្ទៃក្នុង ។
ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សុគត​នៅ​ឆ្នាំ​១១០៩ ហើយ​ទ្រង់​មាន​ព្រះ​មរណនាម​ថា បរមកវ័ល្យៈ មាន​ន័យ​ថា ទ្រង់​ជា​ភ្ញៀវ​របស់​លោក​នៃ​បរម​សុភមង្គល ។

១១. ព្រះបាទ​ធរណិន្ទ្រវរ្ម័ន​ទី​១ (១១០៩​-​១១១២)
ព្រះបាទ ​ធរណិន្ទ្រវរ្ម័ន​ទី​១ ដែល​ត្រូវជា​ព្រះ​រៀម​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ឡើង​សោយរាជ្យ​បន្ដ​នៅ​ឆ្នាំ​១១០៩ នៃ​គ្រិស្ដសករាជ​ត្រូវ​នឹង​ឆ្នាំ​១០៣១​នៃ​មហាសករាជ ។ ព្រះ​អង្គ​មិន​ចង់​សោយ​រាជ្យ​ទេ​ ហើយ​បើ​តាម​សិលាចារឹក ទ្រង់​បាន​បដិសេធ​ម្ដង​រួច​មក​ហើយ នៅ​ពេល​ដែល​ព្រះបាទ​ហស៌វរ្ម័ន​ទី​៣ ជា​ព្រះ​រៀម​សោយ​ទិវង្គត ។ ក៏​ប៉ុន្ដែ ដោយ​មាន​ការ​ស្នើ​សុំ​យ៉ាង​ទទូច​ពី​ប្រជានុរាស្ដ្រ ព្រះ​អង្គ​ក៏​យល់ព្រម «ទទួល​យក​នូវ​បន្ទុក​ដ៏​ធ្ងន់» ​នេះ ។ ព្រះ​អង្គ​បាន​ដឹកនាំ​ព្រះ​នគរ​ដោយ​ប្រុង​ប្រយ័ត្ន និង​យុត្ដិធម៌​ខ្លាំង​ណាស់ ជា​ពិសេស គឺ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​សុខុមាលភាព​របស់​វណ្ណៈ​ទាំង​៧ ដែល​មាន​នៅ​ក្នុង​ស្រទាប់​ប្រជាជន​នា​សម័យ​នោះ គាប់​ជួន​ជា​ប្រទេស​មាន​សុខ​សន្ដិភាព ហើយ​ព្រះ​អង្គ​ក៏​មាន​ព្រះ​ជន្ម​ចំណាស់​ផង ។ ព្រះ​អង្គជា​មិត្ដ​នៃ​ច្បាប់ ក៏​ប៉ុន្ដែ​មុន​នឹង​អនុវត្ដ​ច្បាប់ ព្រះ​អង្គ​សព្វព្រះទ័យ​ឱ្យ​អ្នកប្រាជ្ញ​បណ្ឌិត សុភទ្រៈ ដែល​ចេះ​ចាំ​អក្សរសិល្ប៍​គ្រប់​បែប ធ្វើការ​បកស្រាយ​ពន្យល់​សិន (12) ។
ព្រាហ្មណ៍ ​ដែល​រៀបចំ​អភិសេក​ព្រះបាទ​ធរណិន្ទ្រវរ្ម័ន គឺ​បណ្ឌិត​ទេវការៈ ជា​វីរជន​ម្នាក់​ដែល​មាន​ឥទ្ធិពល​តាំង​តែ​ពី​រជ្ជកាល​ព្រះបាទ​សុរិយាវរ្ម័ន​ ទី​១​មក ហើយ​ធ្លាប់​បាន​ធ្វើការ​អភិសេក​ព្រះរាជា​ពីរ​ព្រះ​អង្គ​មុន​នេះ​រួច​មក ហើយ​និង​ត្រូវ​រៀបចំ​ការ​អភិសេក​ព្រះរាជា​ដែល​ត្រូវ​សោយរាជ្យ​បន្ដ​គឺ​ ព្រះបាទ​សុរិយាវរ្ម័ន​ទី​២​ថែម​ទៀត ។ ព្រះបាទ​ធរណិន្ទ្រវរ្ម័ន បាន​បោះបង់​រាជសម្បត្ដិ​ក្រោយ​ពី​ដឹកនាំ​ប្រទេស​បាន​៣​ឆ្នាំ ។ ព្រះ​អង្គ​មាន​ព្រះ​មរណនាម​ថា បរនិស្កាលៈបទៈ ។

១២. ព្រះបាទ​សុរិយាវរ្ម័ន​ទី​២ (១១១២​-​១១៦២)
ព្រះរាជា ​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ធរណិន្ទ្រវរ្ម័ន​ទី​១ គឺ​ព្រះបាទ​ស្រី​សុរិយាវរ្ម័ន ដែល​ត្រូវជា​ព្រះនត្ដា​របស់​ព្រះ​អង្គ ហើយ​ក៏​ប្រហែល​ត្រូវជា​ចៅ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ផង​ដែរ ពីព្រោះ​ថា ព្រះបាទ​ធរណិន្ទ្រវរ្ម័ន បាន​យក​ក្មួយ​ស្រី​ខ្លួនឯង ជា​បុត្រី​របស់​ព្រះ​រៀម​ព្រះ​អង្គ​ធ្វើ​ជា​ព្រះ​ជាយា ។
នៅ ​ពេល​ដែល​ឡើង​គ្រង​រាជសម្បត្ដិ ព្រះបាទ​សុរិយាវរ្ម័ន មិន​ទាន់​ពេញវ័យ ហើយ​មិន​ទាន់​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឡើយ​ទេ ។ សិលាចារឹក​បាន​លើក​ពី​ព្រះ​អង្គ​ថា «ជា​វីរបុរស​ដែល​ប្រៀប​បាន​ទៅ​នឹង​ព្រះ​អាទិទេព​នៃ​សង្គ្រាម ដែល​ជា​បដិបក្ខ​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​របស់​ព្រះរាជា​ក្នុង​ពីរ​រជ្ជកាល​មុន» ។ តើ​ព្រះ​អង្គ​ទទួល​រាជ្យសម្បត្ដិ ក្រោយ​ពី​ព្រះបាទ​ធរណិន្ទ្រវរ្ម័ន​សុគត​ទៅ ឬ​មួយ​ក៏​ដោយ​ការ​ប្រយុទ្ធ ? តាម​មើល​ទៅ ព្រះ​អង្គ​ប្រហែលជា​មិន​ប្រកួត​ប្រជែង​ជាមួយ​ព្រះរាជា​ដែល​កំពុង​សោយរាជ្យ​ ទេ តែ​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​រជ្ជទាយាទ​មួយ​អង្គ​ណា​ផ្សេង ដែល​មាន​សិទ្ធិ​ទទួល​រាជ​សម្បត្ដិ​ច្រើន​ជាង​ព្រះ​អង្គ ។

ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​បាន​និយាយ​ថា ចាប់ពី​ឆ្នាំ​១១២៨​នៃ​គ្រិស្ដសករាជ​រហូត​មក ចិន​មាន​ដាក់​តំណាង​ម្នាក់​នៅ​នឹង​រាជវាំង​ព្រះរាជា​កម្ពុជា​នៅ​ឯ​ឥន្ទបត្ដ គឺ​នគរធំ ។ តាម​ពិត​តំណាង​នោះ គឺជា​រាជទូត​ចិន ដែល​ដាក់​នៅ​កម្ពុជា​សម្រាប់​មួយ​រយៈកាល​តែ​ប៉ុណ្ណោះ មិន​មែន​ជា​អ្នកត្រួត​ពិនិត្យ ជា​អធិការ ឬ​ក៏​ជាទី​ប្រឹក្សា ហើយ​ក៏​មិនមែន​ជា​អ្នក​ការពារ​អ្វី​ដែរ ។ ឯកសារ​ចិន​ក៏​បាន​រៀបរាប់​ផង​ដែរ​ថា កម្ពុជា​នា​ពេល​នោះ​បាន​បាត់បង់​ភាព​ថ្កុំថ្កើង​ពី​អតីតកាល​អស់​ហើយ ក៏​ប៉ុន្ដែ​ខ្ញុំ​គិត​ថា ដូច​ជា​មិន​ត្រូវ ព្រោះថា គឺ​សង្គ្រាម​នៅ​ពេល​ម្ភៃ​ឆ្នាំ​ក្រោយ នា​ដើម​សតវត្សរ៍​ទី​១១​ទេ ដែល​ធ្វើ​ឱ្យ​ប្រទេស​មាន​ឱនភាព ។

តែ ​ទោះជា​យ៉ាងណា​ក៏​ដោយ ព្រះបាទ​សុរិយាវរ្ម័ន ត្រូវ​ប្រឈម​មុខ​នឹង​ការ​បះបោរ​នៅ​ក្នុង​ប្រទេស ហើយ​និង​សង្គ្រាម​ជាមួយ​នគរ​ចាម​ទៀត ។ ឯកសារ​ចិន​បាន​និយាយ​ថា នៅ​ឆ្នាំ​១១៥៤​នៃ​គ្រិស្ដ​សករាជ ត្រូវ​នឹង​មហា​សករាជ​១០៧៦ ព្រះរាជា​កម្ពុជា​បាន​បង្រួបបង្រួម​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​ចាម្ប៉ា មក​តែ​មួយ​ដូច​កាលពី​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ឦសានវរ្ម័ន នា​ចុង​សតវត្សរ៍​ទី​៩​ដែរ ។
សិលាចារឹក ​ពោធិ​នគរ​របស់​ចាម​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ស្រី​ជ័យហរិវរ្ម័ន ដែល​ឡើង​សោយរាជ​សម្បត្ដិ​នៅ​ឆ្នាំ​១១៤៥ រហូត​ដល់​ឆ្នាំ​១១៧០ ឬ​ក៏​ក្រោយ​នោះ​ផង «នគរ​ចាម្ប៉ា​ត្រូវ​រង​ការ​វាយ​ប្រហារ​ពី​ទ័ព​កម្ពុជា និង​ទ័ព​វិជ័យ (គឺ​ប៊ិញឌិញ) យ៉ាង​ខ្លាំង» ។ ទ័ព​ចាម​ចាញ់​ដៃ​នៅ​ក្នុង​វាល​សាក្លាង ហើយ​ទ័ព​ខ្មែរ​ដណ្ដើម​បាន​រាជធានី​វិជ័យ ។​ ក្រោយ​ពី​បាន​លើក​ព្រះ​អនុជ​ថ្លៃ​ព្រះ​នាម​ហរិទេវៈ​ ឱ្យ​សោយរាជ្យ​នៅ​ចាម្ប៉ា​ក្នុង​នាម​ជា​ព្រះ​យុវរាជ ឬ​ឧបរាជ រួច​មក ព្រះបាទ​សុរិយាវរ្ម័ន បាន​យាង​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​១១៤៥ ។
ដប់ ​បី​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​១១៥៨ ពួក​ចាម​តាម​ខែត្រ​បាន​បះបោរ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​មេ​គេ ហើយ​លើក​គ្នា​មក​ឡោម​ព័ទ្ធ​វាយ​ព្រះ​យុវរាជ ដែល​ត្រូវ​បង្ខាំង​ឱ្យ​នៅ​តែ​ក្នុង​រាជធានី ការពារ​ដោយ​ទ័ព​ខ្មែរ និង​ចាម​មួយ​ចំនួន​តូច ។ ពេល​ទទួល​បាន​ដំណឹង​នេះ ព្រះបាទ​សុរិយាវរ្ម័ន បាន​ដឹកនាំ​ទ័ព​ធ្វើ​ដំណើរ​កាត់​ព្រំដែន​ទៅ​ជួយ​ព្រះ​យុវរាជ​ភ្លាម ។ ទ័ព​ទាំង​ពីរ​ព្រួត​គ្នា​វាយ​ទៅ​លើ​ពួក​បះបោរ ធ្វើ​ឱ្យ​ពួក​នេះ​បរាជ័យ​នៅ​នឹង​វាល​វីរបុរៈ ។
នៅ ​ឆ្នាំ​បន្ទាប់​មក​ទៀត ស្ដេច​ចាម​ព្រះបាទ​ស្រី​ជ័យហរិ​វរ្ម័ន ដែល​ត្រូវ​បណ្ដេញ​ចេញពី​រាជសម្បត្ដិ​កាលពី​ឆ្នាំ​១១៤៥ បាន​លើក​ទ័ព​មក​វាយ​ម្ដង​ទៀត ហើយ​ចាប់​ព្រះ​យុវរាជ​បានជា​ឈ្លើយ​នៅ​លើ​វាល​មហិ ។ ពេល​នេះ ទ័ព​ខ្មែរ និង​វិជ័យ ត្រូវ​បង្ខំ​ឱ្យ​ដកថយ​មក​កម្ពុជា​វិញ ហើយ​ព្រះបាទ​ស្រីជ័យហរិវរ្ម័ន ក៏​ឡើង​សោយរាជ្យ​សម្បត្ដិ​នៅ​ចាម្ប៉ា​ជា​ថ្មី នៅ​ឆ្នាំ​១១៥៩ ។
ព្រះបាទ​សុរិយាវរ្ម័ន បាន​លើក​ទ័ព​ទៅ​ដល់ «កោះ​ដំរី និង​ស្ពាន់» ផង​ដែរ ។ លោក​វេជ្ជបណ្ឌិត គែន បាន​ផ្គូ «កោះ​ដំរី និង​ស្ពាន់» នេះ​ទៅ​នឹង​កោះ​ស្រីលង្កា ក៏​ប៉ុន្ដែ តាម​មើលទៅ​ប្រហែលជា​មិនមែន​ទេ (13) ។

ព្រះបាទ ​សុរិយាវរ្ម័ន មិន​គ្រាន់តែ​ជា​ស្ដេច​ពូកែ​ខាង​ចម្បាំង​មួយ​មុខ​ប៉ុណ្ណោះ​ទេ ទ្រង់​ក៏​ប្រហែលជា​អ្នក​គ្រប់គ្រង​រដ្ឋបាល​ដ៏​ប៉ិន​ប្រសប់ និង​ជា​អ្នក​ច្បាប់​ម្នាក់​ដែរ ហើយ​ទ្រង់​គោរព​ព្រះ​សិវៈ​ផង ព្រះ​វិស្ណុ​ផង និង​ជា​ពុទ្ធសាសនិកជន​ថែម​ទៀត ពោល​គឺ​ទ្រង់​ប្រកប​ទៅ​ដោយ​លក្ខណ​សម្បត្ដិ​ច្រើន​យ៉ាង ។ តាម​មើល​ទៅ ប្រហែលជា​ព្រះ​អង្គ​ចេះ​ធ្វើការ​ជ្រើសរើស​ទៅ​តាម​ដំណើរ​បត់បែន​របស់​សភាព​ ការ​នយោបាយ​ហើយ​ទើប​បាន​ជា​ព្រះ​អង្គ​ខិតខំ​ដូច​ជា ព្រះរាជា​មុនៗ​ដែរ ដើម្បី​ធ្វើ​ឱ្យ​សាសនា​ទាំង​បី​រលាយ​ចូល​គ្នា​តែ​មួយ ក្នុង​ស្មារតី​ឱ្យ​ចេះ​អត់ឱន​យោគយល់​គ្នា ធ្វើ យ៉ាងណា​ជៀស​វាង​កុំឱ្យ​មាន​ល្អក់​កករ​ខាង​ជំនឿ​សាសនា និង​កុំឱ្យ​គេ​ចោទ​ព្រះ​អង្គ​ថា មាន​លម្អៀង​ម្ខាងៗ ។
គេ ​បាន​ចាត់​ទុក​ថា​ ព្រះបាទ​សុរិយាវរ្ម័ន​ជា​អ្នក​កសាង​ប្រាសាទ​ដែល​យើង​ហៅ​សព្វថ្ងៃ​ថា​ អង្គរវត្ដ ឬ​បើ​ហោច​ណាស់​ក៏​ថា ទ្រង់​ជា​អ្នក​បាន​បញ្ជា​ឱ្យ​គេ​ចាប់​សាងសង់​ប្រាសាទ​នេះ​ដែរ ។ យើង​នឹង​បាន​ឃើញ​នៅ​ពេល​បន្ដិច​ទៀត​ថា​ គ្មាន​ឯកសារ​ណា​ដែល​បញ្ជាក់​ថា​គំនិត​នេះ​ត្រឹមត្រូវ​នោះ​ទេ​ ហើយនឹង​ឃើញ​ថា​មិនមែន​ដោយសារ​គេ​ប្រទះ​ឃើញ​រូបចម្លាក់​របស់​ព្រះ​អង្គ និង​ព្រះ​មរណនាម​របស់​ព្រះ​អង្គ (បរមវិស្ណុលោក) នៅ​លើ​ចម្លាក់​រាក់​មួយ ទើប​គេ​អាច​ចាត់​ទុក​ថា​ដូច្នេះ​បាន​នោះ​ទេ ។ គេ​ត្រូវការ​ឱ្យ​មាន​ភស្ដុតាង​ផ្សេង​ក្រៅពី​នេះ ដើម្បី​បញ្ជាក់​ថា ការ​ចាត់​ទុក​ដូច្នេះ​ត្រឹមត្រូវ ។

ចំនុចត
ការ​គ្រងរាជ្យ​របស់​ព្រះបាទ​សូរ្យវរ្ម័នទី២
ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គ។

ជា​បន្ត​ទៅ​ទៀត​នេះ សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​ការ​រៀបរាប់​របស់ លោក ជុន ច័ន្ទបុត្រ អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យវរ្ម័នទី២៖

ក.១៨ ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០)

ព្រះបាទ​សូរ្យវរ្ម័នទី២ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ដណ្ដើម​អំណាច​ឡើង​គ្រងរាជ្យ​របស់​ព្រះអង្គ ពោរពេញ​ទៅ​ដោយ​ការ​បង្ហូរ​ឈាម។

មុន​ពេល​ដែល​ព្រះអង្គ​ឡើង​គ្រងរាជ្យ​នោះ ប្រទេស​កម្ពុជា មាន​ព្រះរាជា​ពីរ​អង្គ​គ្រងរាជ្យ​ក្នុង​ពេល​តែ​មួយ។ មួយ​អង្គ​ទ្រង់​សោយរាជ្យ​នៅ​រាជធានី​អង្គរ មាន​ព្រះនាម​ថា ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ដែល​ឡើង​សោយរាជ្យ​ស្រប​ច្បាប់​បន្ត​ពី​ព្រះបាទ​ហស៌វរ្ម័នទី៣។ មួយ​ព្រះអង្គ​ទៀត​ព្រះនាម ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ដែល​ទ្រង់​សោយរាជ្យ​បន្ត​ពី​ព្រះរៀម​របស់​ព្រះអង្គ គឺ​ព្រះបាទ​ជ័យវរ្ម័នទី៦ នៅ​រាជធានី​មហិធរៈបុរៈ ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស។ ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ទ្រង់​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​១១០៧ ហើយ​ទ្រង់​ចូល​ទិវង្គត​ឆ្នាំ​១១១២ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា បរមនិស្កលបទ។

អ្នក​ដែល​ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ដើម្បី​ដណ្ដើម​រាជ្យ​នោះ គឺ​ព្រះបាទ​សូរ្យវរ្ម័នទី២ ដែល​ជា​ចៅ​ក្មួយ​របស់​ព្រះអង្គ​នោះ​ឯង។ ដំបូង ព្រះបាទ​សូរ្យវរ្ម័នទី២ ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ជា​ឪពុក​មា​របស់​ខ្លួន។ បន្ទាប់​មក ព្រះអង្គ​ក៏​បាន​លើក​ទ័ព​ទៅ​ច្បាំង​ជាមួយ​ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ព្រះរាជា​សោយរាជ្យ​នៅ​រាជធានី​អង្គរ ហើយ​ធ្វើ​គត់​ព្រះអង្គ​បាន​ទៀត។ ការ​ធ្វើ​គត់​ព្រះរាជា​ទាំង​ពីរ​ដែល​ចែក​ដី​គ្នា​គ្រងរាជ្យ​នៅ​កម្ពុជា ក្នុង​ពេល​តែ​មួយ​នេះ បាន​ធ្វើ​អោយ​ព្រះបាទ​សូរ្យវរ្ម័នទី២ អាច​បង្រួប​បង្រួម​នគរ​ខ្មែរ​អោយ​ទៅ​ជា​មួយ​ឡើង​វិញ។

ក្រោយ​ពី​ធ្វើ​គត់​ព្រះរាជា​ទាំង​ពីរ​បាន​ហើយ ព្រះអង្គ​ក៏​ទ្រង់​ឡើង​សោយរាជ្យ​នៅ​រាជធានី​អង្គរ។ ពិធី​រាជាភិសេក​ក្នុង​ការ​ឡើង​គ្រងរាជ្យ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ព្រះរាជ​គ្រូ​ព្រាហ្មណ៍​បុរោហិត​ទិវាករ​បណ្ឌិត​ដដែល។

លុះ​ទ្រង់​បាន​ឡើង​សោយរាជ្យ​ហើយ ព្រះអង្គ​ទ្រង់​បាន​ភ្ជាប់​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ចិន ឡើង​វិញ ហើយ​ព្រះអង្គ​បាន​បញ្ជូន​គណៈ​បេសកកម្ម​ការទូត​ពីរ​ទៅ​ប្រទេស​ចិន គឺ​មួយ​នៅ​ឆ្នាំ​១១១៦ និង​មួយ​ទៀត​នៅ​ឆ្នាំ​១១២០ នៃ​គ្រិស្ដសករាជ។

ព្រះបាទ​សូរ្យវរ្ម័នទី២ ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន។ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ជា​ញឹកញាប់ ដោយ​បាន​ច្បាំង​ជាច្រើន​លើក​ច្រើន​សា​ជាមួយ​នឹង​ប្រទេស​ចំប៉ា ដែល​បាន​បញ្ជូន​ទ័ព​មក​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​តាំង​ពី​មុន​រាជ្យ​របស់​ព្រះអង្គ គឺ​ពេល​ដែល​ប្រទេស​បែក​បាក់​គ្នា ហើយ​មាន​ស្ដេច​សោយរាជ្យ​ដល់​ទៅ​ពីរ​អង្គ​ក្នុង​ពេល​តែ​មួយ​នោះ។

សង្គ្រាម​ជាមួយ​ប្រទេស​ចំប៉ា នេះ​បាន​ទទួល​ជោគជ័យ ហើយ​ខ្មែរ​បាន​កាន់​កាប់​រាជធានី​វិជ័យ​ពី​ឆ្នាំ​១១៤៥ ដល់​ឆ្នាំ​១១៤៩ ហើយ​ដាក់​ប្អូន​ថ្លៃ​ព្រះអង្គ​ឈ្មោះ ហរិទេវៈ អោយ​សោយរាជ្យ​នៅ​ទី​នោះ​ផង។

ច្បាំង​នឹង​យួន​ដៃ​វៀត ដែល​ចេះ​តែ​ឃុបឃិត​គាំទ្រ​ពួក​ក្បត់ ហើយ​អនុញ្ញាត​អោយ​ពួក​នេះ​ជ្រក​កោន​ផង។ ច្បាំង​នឹង​ក្សត្រ​បុរី​ថៃ ដែល​ក្រោក​បះបោរ​នៅ​វាល​ទំនាប​ខាង​លើ​នៃ​ទន្លេ​មេណាម ផង ហើយ​ច្បាំង​ជាមួយ​ពួក​មន នៅ​ហរិបុញ្ជ័យ ថែម​ទៀត​ផង។ ដោយសារ​ព្រះអង្គ​ជា​ស្ដេច​សឹក​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ​ហើយ ទើប​ព្រះ​ចៅ​ក្រុង​ចិន ថ្វាយ​ព្រះ​ឋានន្តរ​នាម​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ព្រះអង្គ​ថា គិនពីវពិនចេង ដែល​ប្រហែល​ជា​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា កម្រតេង នោះ​ឯង។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ គឺ​ខាង​ជើង​ទល់​នឹង​ប្រទេស​ចិន ខាង​ត្បូង​ទល់​នឹង​សមុទ្រ​ចិន គឺ​ពី​កូថារ៉ា (បច្ចុប្បន្ន​ញ៉ាត្រាង ក្នុង​ប្រទេស​វៀតណាម) រហូត​ដល់​ឈូង​សមុទ្រ​បានឌុង (នៅ​ម៉ាឡេស៊ី)។ ខាង​លិច​ទល់​នឹង​ប្រទេស​ភូមា ហើយ​ព្រំប្រទល់​ខាង​កើត​ទល់​នឹង​ប្រទេស​ចំប៉ា។ ម្យ៉ាង​ទៀត ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្លាត​វាង​វៃ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ។ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូង​បំផុត ដែល​មាន​ជំនឿ​ស៊ប់​លើ​សាសនា​ព្រាហ្មណ៍​គណៈ​ព្រះវិស្ណុ ដែល​ក្នុង​សម័យ​នោះ​មាន​ប្រជាប្រិយភាព​ធំធេង​នៅ​ប្រទេស​ឥណ្ឌា ផង និង​នៅ​កោះ​ជ្វា ផង។ ព្រះអង្គ​បាន​លើក​តម្កើង​សាសនា​ព្រាហ្មណ៍​គណៈ​វិស្ណុ នេះ​អោយ​ទៅ​ជា​សាសនា​របស់​រដ្ឋ។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ បដិមា​តំណាង​ព្រះរាជា​ដែល​គេ​តម្កល់​ក្នុង​ប្រាសាទ​ធំៗ លែង​ជា​សិវលិង្គ​របស់​ព្រះ​ឥសូរ ទៀត​ហើយ តែ​ជា​ព្រះវិស្ណុ​បដិមា​វិញ។ ខាង​វិស័យ​សំណង់ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​មាន​ស្នា​ព្រះហស្ត​យ៉ាង​ច្រើន​សម្បើម ដោយ​ព្រះអង្គ​បាន​បន្ត​ការ​ស្ថាបនា​ប្រាសាទ​ភ្នំ​ជីសូរ ប្រាសាទ​ភ្នំ​សណ្ដក ប្រាសាទ​វត្ត​ភូ និង​ប្រាសាទ​ព្រះវិហារ។ ឯ​សំណង់​ថ្មី​មាន​ប្រាសាទ​ព្រះពិធូរ ប្រាសាទ​ចៅសាយទេវតា ប្រាសាទ​ធម្មនន្ទ ប្រាសាទ​បន្ទាយសំរ៉ែ និង​ប្រាសាទ​អង្គរវត្ត ដែល​ជា​ស្នាដៃ​ដ៏​ល្អ​ប្រណីត​នៃ​សិល្បៈ​ខ្មែរ ហើយ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​សំណង់​សាសនា​មួយ​ដ៏​ធំ​ជាង​គេ​ក្នុង​ពិភពលោក។  ប្រាសាទ​អង្គរវត្ត ក៏​ជា​ទី​ដែល​គេ​តម្កល់​បដិមា​ព្រះវិស្ណុ និង​ក៏​ប្រហែល​ជា​ទី​ដែល​គេ​បញ្ចុះ​ព្រះ​ធាតុ​របស់​ព្រះអង្គ ក្នុង​ពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ​នោះ។


នៅ​ភាគ​ខាង​ចុង​រាជ្យ​របស់​ព្រះអង្គ​ក្នុង​ឆ្នាំ​១១៤៩ ពួក​ចាម បាន​បះបោរ រួច​បាន​ធ្វើ​គត់ ហរិទេវៈ ដែល​ជា​ប្អូន​ថ្លៃ​របស់​ព្រះអង្គ​សោយរាជ្យ​នៅ​ក្រុង​វិជ័យ ហើយ​រំដោះ​ប្រទេស​ចំប៉ា បាន​ពី​កម្ពុជា។ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ឡើង​គ្រងរាជ្យ​ពី​ឆ្នាំ​១១១៣ ហើយ​ប្រហែល​ជា​ទ្រង់​សោយ​ទិវង្គត នៅ​ឆ្នាំ​១១៤៩ ឬ​ឆ្នាំ​១១៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា បរមវិស្ណុលោក៕

កំណត់​ចំណាំៈ
ខ្ញុំគ្មាន​បំណង​នឹង​អះអាង​ថា​ព្រះរាជា​របស់​កម្ពុជា​ពីរ​ព្រះ​អង្គ​ ក្រោយ​នេះ​ គឺជា​ព្រះរាជា​ទី​៤ និង​ទី​៥ ដែល​មាន​ចែង​នៅ​ក្នុង​រាជពង្សាវតារ​របស់​កម្ពុជា​បុរាណ​ដែល​ខ្ញុំ​មាន​ក្នុង ​ដៃ​បី​ច្បាប់​ដែរ​នោះ​ទេ ។ តាម​មើលទៅ រាជពង្សាវតារ​នេះ​មិនសូវ​ត្រឹមត្រូវ​ប្រាកដប្រជា​ប៉ុន្មាន​ទេ ហើយ​ខ្ញុំ​សង្ស័យ​ថា នោះ​គឺ​គ្រាន់តែ​ជា កម្រង​រឿងនិទាន​ដែល​មាន​ការ​ពិត​ត្រឹមតែ​ខ្លះៗ​ប៉ុណ្ណោះ ប៉ុន្ដែ​បាន​ត្រូវ​គេ​ចងក្រង​រៀបចំ​តាម​លំដាប់​ពេលវេលា ប្រកប​ទៅ​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន ។ តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា ព្រះបាទ​ធរណិន្ទ្រវរ្ម័ន​ទី​២ និង​ព្រះបាទ​សុរិយាវរ្ម័ន​ទី​២ ដែល​សោយរាជ្យ​បន្ដបន្ទាប់​គ្នា​នៅ​សតវត្សរ៍​ទី​១២​នៅ​កម្ពុជា ធ្វើ​ឱ្យ​យើង​នឹក​ឃើញ​ជា​ពិសេស​ដល់​ព្រះបាទ​ធរណិន្ទ្រា​នៅ​ក្នុង​ រាជពង្សាវតារ​ដែល​ខ្ញុំ​មាន​ហើយ​ដែល​មាន​ច្បាប់​មួយ​នោះ​បាន​បន្ថែម​ព្រះ​ នាម​ថា​វរ្ម័ន​ចុង​ក្រោយ​ថ្វាយ និង​នឹក​ឃើញ​ដល់​ព្រះរាជា​មួយ​ព្រះ​អង្គ​ទៀត គឺ​ព្រះបាទ​អាទិត្យវរ្ម័ន ។ គេ​ដឹង​ហើយ​ថា​នៅ​ក្នុង​ភាសា​ខ្មែរ សុរិយា និង​អាទិត្យ សំដៅ​យក​ព្រះអាទិត្យ​ដូច​គ្នា ។

១៣. ព្រះបាទ​ធរណិន្ទ្រវរ្ម័ន (១១៦២​-​១១៦៣)
ព្រះរាជា ​ដែល​សោយរាជ​សម្បត្ដិ​បន្ដ​ពី​ព្រះបាទ​សុរិយាវរ្ម័ន​ទី​២ គឺ​ព្រះ​រៀម ឬ​ព្រះ​អនុជ​ជីដូនមួយ​របស់​ព្រះ​អង្គ​មួយ​អង្គ ដែល​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នឹង​បុត្រី​របស់​ព្រះបាទ​ហស៌វរ្ម័ន​ទី​ ៣ ។ ព្រះរាជា​អង្គ​នោះ បាន​ឡើង​គ្រង​រាជបល្ល័ង្ក​នៅ​ឆ្នាំ​១១៦២​ដោយ​ទទួល​ព្រះ​អភិសេក​នាម​ថា​ ព្រះ​ស្រី​ធរណិន្ទ្រវរ្ម័ន​ ហើយ​ហាក់​ដូចជា សោយរាជ​សម្បត្ដិ​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ។

១៤. ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ (១១៦២​-​១២០១)
ព្រះបាទ​ជ័យវរ្ម័ន បាន​ឡើង​សោយរាជ​សម្បត្ដិ​បន្ដ​ពី​ព្រះបាទ​ធរណិន្ទ្រវរ្ម័ន ជា​ព្រះ​បិតា នៅ​ឆ្នាំ​១១៦២ ។
សិលាចារឹក ​មួយ​នៅ​ប្រាសាទ​អង្គរវត្ដ បាន​រៀបរាប់​ថា ព្រះ​អង្គ​បាន​ជ្រើសរើស​យក​ព្រាហ្មណ៍ វិធ្យេសវិធៈ ជាហោរា ហើយ​បាន​អភិសេកព្រះ​អនុជ​ជា​ព្រះ​យុវរាជ ដើម្បី​ឱ្យ​គេ​ជ្រើសរើស​ព្រះ​អនុជ​នោះ សោយរាជ​សម្បត្ដិ​បន្ដ​ពី​ព្រះ​អង្គ ។
នៅ ​ក្រោម​រជ្ជកាល​ស្ដេច​អង្គ​នេះ សង្គ្រាម​ជាមួយ​នគរ​ចាម្ប៉ា បាន​ឆាបឆេះ​ឡើង​វិញ ដោយ​កំហុស​របស់​ស្ដេច​ចាម ព្រះបាទ​ស្រីហរិវរ្ម័ន​ទី​១ ដែល​បាន​ធ្វើការ​ឈ្លាន​ពាន​បណ្ដា​ខែត្រ​ខាងត្បូង​របស់​តុងកឹង​ នគរ​វិជ័យ ប៊ិញឌិញ​១៤ ដែល​ជាទី​តាំង​រាជធានី​នគរ​ផានរ៉ាង ដែល​មាន​ស្ដេច​ចាម​ជ្រែករាជ្យ​មួយ​អង្គ ឬ​ក៏​ស្ដេច​ស្នង​បន្ដ​មួយ​អង្គ​សោយរាជ្យ និង​វាយ​កម្ពុជា​ផង​ដែរ ដោយ​ចូល​រហូត​មក​ដល់​ជិត​រាជធានី​ឥន្ទបត្ដ ។ ក្រោយ​ពី​បាន​ដុត​បំផ្លាញ​រួច​ហើយ ពួក​ចាម​មិន​បាន​បន្ដ​ដំណើរ​ទៅ​ឆ្ងាយ​ពី​ព្រំប្រទល់​ដែន​របស់​ខ្លួន​ទេ តែ​បាន​ត្រលប់​ទៅ​ស្រុក​វិញ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​ជ័យភណ្ឌ​ជា​ច្រើន ។

លោក ហ្គោ​ប៊ីល នៅ​ក្នុង​សៀវភៅ​របស់​គាត់​ឈ្មោះ​ថា កំណត់​សម្គាល់​ស្ដី​អំពី​កូសាំងស៊ីន បាន​និយាយ​ថា ស្ដេច​ខ្មែរ​ពេល​នោះ​សម្ងំ​ធ្វើ​មិន​ដឹង​មិន​ឮ​យូរណាស់ រហូត​ទាល់តែ​ដល់​១៨​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១១៩៧ ទើប ព្រះ​អង្គ​លើកទ័ព​មក​វាយ​កម្ទេច​កូសាំងស៊ីន (គឺ​នគរ​ចាម្ប៉ា) ចាប់​ស្ដេច​ចាម​ជា​ឈ្លើយ បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី រួច​លើក​ឧកញ៉ា​ខ្មែរ​ម្នាក់​ឱ្យ​សោយរាជ្យ​មុន​នឹង​ដកទ័ព​ថយ​មក​វិញ ។​ សិលាចារឹក​តា​ព្រហ្ម​បានឱ្យ​ដឹង​ថា​ ព្រះ​អង្គ​ក៏​បាន​ដោះ​លែង​ស្ដេច​ចាម​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះរាជា​ទាំងឡាយ ទៅ​ជា​វង្វេង​លែង​យល់ «នៅ​ពេល​ដែល​ឃើញ​អំពី​វិសេសភាព​នៃ​ព្រះរាជ​អាកប្បកិរិយា​នេះ» ។

សិលាចារឹក ​ចាម​នៅ​មីសឺន​និយាយ​ថា​ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​នៅ​មហាសករាជ​១១១២​ត្រូវ​នឹង​គ្រិស្ដ​សករាជ​១១៩០ គឺ​មុន​ឯកសារ​ខ្មែរ​៧​ឆ្នាំ ។ ខាងក្រោម​នេះ គឺជា​សេចក្ដី​សង្ខេប​របស់​អត្ថបទ​សិលាចារឹក​ដែល​លោក ហ៊្វីណូ ក៏​បាន​បកប្រែ ៖
ស្ដេច​ចាម​ព្រះ​ នាម​ជ័យឥន្ទ្រវរ្ម័ន​អុងវ៉ាទូ (15) ជា​អ្នក​បង្ក​សង្គ្រាម ។​ពេល​នោះ​មេទ័ព​កម្ពុជា​គឺ​ជា​ជនជាតិ​ចាម​មួយ​ រូប​ដែល​ស្ដេច​ខ្មែរ​បាន​យក​មក​ចិញ្ចឹម និង​តែងតាំង​ជា​ព្រះ​យុវរាជ (សម្រាប់​នគរ​ចាម្ប៉ា) មាន​ឈ្មោះ​ថា ស្រីវិធ្យនន្ដៈ មាន​កំណើត​ដើម​ចេញ​មក​ពី​ទុំប្រូក​-​វិជ័យ ។ ស្ដេច​ចាម​នាំ​ទ័ព​ចេញ​មក​ជួបនឹង​ទ័ព​ខ្មែរ​នៅ​ក្នុង​វាល​ចាក្លាង ហើយ​ត្រូវ​បរាជ័យ ។ ខ្មែរ​ដណ្ដើម​យក​រាជធានី​វិជ័យ (គឺ​ប៊ិញឌិញ) បាន រីឯ​ស្ដេច​ចាម​ត្រូវ​ចាប់​បាន​ជា​ឈ្លើយ​បញ្ជូន​មក​កម្ពុជា ។

នៅ ​ពេល​នោះ ឧត្ដមសេនីយ៍​ខ្មែរ គឺ​ព្រះ​យុវរាជ ក៏​បាន​លើក​ព្រះ​អង្គ​ម្ចាស់ អ៊ិន ដែល​ត្រូវជា​ព្រះ​អនុជ​ថ្លៃ​របស់​ព្រះរាជា​កម្ពុជា ឱ្យ​ឡើង​សោយរាជ្យ​ក្រោម​ព្រះ​នាម​ថា សុរិយជ័យវរ្ម័ន រួច​ហើយ​ខ្លួនឯង​សោយរាជ្យ​នៅ​ឯ​រាជបុរៈ​(ផានរ៉ាង) មាន​ព្រះ​នាម​ថា សុរិយាវរ្ម័ន (16) ។
ស្ដេច​នៅ​ វិជ័យ (ប៊ិញឌិញ) ពោល​គឺ ព្រះ​អនុជ​ថ្លៃ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ មិន​ទាន់​សោយសុខ​នឹង​រាជសម្បត្ដិ​យូរ​ប៉ុន្មាន​ផង ក៏​ត្រូវ​រាជវង្ស​ចាម​មួយ​អង្គ​ឈ្មោះ រាសូបតិ ដេញ​កម្ចាត់​ចេញពី​រាជធានី ហើយ​ឡើង​សោយរាជ្យ​ខ្លួនឯង​ក្រោម​ឈ្មោះ​ថា ជ័យឥន្ទ្រវរ្ម័ន ។
បន្ទាប់ ​ពី​មាន​ព្រឹត្តិការណ៍​នេះ កងទ័ព​ខ្មែរ​ត្រូវ​បង្ខំចិត្ដ​ចាក​ចេញពី​នគរ​ចាម្ប៉ា ប៉ុន្ដែ​ទ័ព​មួយ​កង​ដែល​នៅ​ឯ​រាជបុរី (ផានរ៉ាង) ជាមួយនឹង​ស្ដេច​សុរិយាវរ្ម័ន​-​វិធ្យនន្ដ ប្រហែលជា​មិន​បាន​ត្រលប់​មក​កម្ពុជា​វិញ​ទេ ។ កងទ័ព​ទាំង​អស់​នោះ បាន​វិល​ត្រលប់​ទៅ​ចាម្ប៉ា​វិញ​នៅ​ពេល​ក្រោយមក​តែ​ម្ដងនេះ ដឹកនាំ​ដោយ​ស្ដេច​ចាម ដែល​សោយរាជ្យ​នៅ​វិជ័យ​ពី​មុន គឺ​ព្រះបាទ​ឥន្ទ្រវរ្ម័នវ៉ាទូ ដែល​ត្រូវ​នាំ​យក​មក​កម្ពុជា​ជា​ឈ្លើយ ប៉ុន្ដែ​ត្រូវ​បាន​ព្រះរាជា​កម្ពុជា​ទុក​ព្រះ​ទ័យ ហើយ​ចាត់​ឱ្យ​ត្រលប់​ទៅ​រំដោះ​នគរ​ចាម្ប៉ា​វិញ ។ ពេល​មក​ដល់​នគរ​ចាម្ប៉ា ឥន្ទ្រវរ្ម័នវ៉ាទូ បាន​អំពាវនាវ​សុំ​ជំនួយ​ពី​ស្ដេច​រាជបុរី ។ ស្ដេច​រាជបុរី​សុរិយាវរ្ម័ន​បាន​លើកទ័ព​វាយលុក​ដណ្ដើម​យក​វិជ័យ​បាន​មុន ចាប់​ស្ដេច​ជ័យឥន្ទ្រវរ្ម័ន​រាសូបតិ​ធ្វើឃាត​រួច​ហើយ​ប្រកាស​ខ្លួនឯង​ជា​ ព្រះរាជា ។

ឥន្ទ្រវរ្ម័នវ៉ាទូ​ខូច​ ចិត្ដជា​ខ្លាំង​នឹង​ការ​ប្រព្រឹត្ដ​របស់​សុរិយាវរ្ម័ន ហើយ​ប្រហែលជា​ត្រូវ​កងទ័ព​ខ្មែរ​បោះបង់​ចោល​ផង ក៏​គេច​ខ្លួន​ទៅ​នៅ​ឯ​អមរាវតី គឺ​ក្វាងណាម​សព្វថ្ងៃ បង្កទ័ព រួច​វិល​មក​វាយ​វិជ័យ​ដែល​ស្ដេច​ផានរ៉ាង​គង់​នៅ ។​ វ៉ាទូ​ត្រូវ​សុរិយាវរ្ម័ន​ធ្វើឃាត​បាន​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​នៅ​ពេល​ ក្រោយមក ។​ ពេល​នោះ​ព្រះរាជា​កម្ពុជា​បាន​ឈ្វេង​យល់​អំពី​អំពើ​ក្បត់​របស់​អតីត​យុវរាជ ក៏​បញ្ជូន​ទ័ព​ទៅ​បង្ក្រាប តែ​ត្រូវ​បរាជ័យ ។ ទោះជា​យ៉ាងណា​ក្ដី ស្ដេច​សុរិយាវរ្ម័ន​បាន​បោះបង់​រាជធានី​វិជ័យ​ចោល ត្រលប់​ទៅ​សោយរាជ្យ​នៅ​ឯ​ផានរ៉ាង​វិញ ដោយ​ទុក​រជ្ជទាយាទ​បួន​អង្គ​នៅ​សោយរាជ្យ​បន្ដបន្ទាប់​គ្នា​នៅ​លើ​ រាជបល្ល័ង្ក​វិជ័យ ។

ឯកសារ​ ពង្សាវតារ​អាណ្ណាម​បាន​និយាយ​ថា ស្ដេច​នេះ​បាន​បញ្ជូន​រាជទូត​ទៅ​គាល់​ស្ដេច​អាណ្ណាម លីអាញ់តុង ​នៅ​ឆ្នាំ​១១៩០​ដែល​បាន​ច្បាំង​មាន​ជ័យជម្នះ​លើ​ជន​ក្បត់​ម្នាក់​ដែល​ចង់​ ធ្វើខ្លួន​ថា​ជា​រាជបុត្រ​ស្ដេច​ ហើយ​និង​ឧត្ដមសេនីយ៍​ក្បត់​ម្នាក់ ។
ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន បាន​លើក​អំពី​រាជទូត​កម្ពុជា​ម្នាក់ ដែល​នាំ​សួយសារ​អាករ​ទៅ​ថ្វាយ​ស្ដេច​ចិន​នៅ​ឆ្នាំ​១២០០ ។
ឆ្លៀតឱកាស ​ដែល​ចាម​ឈ្លានពាន​កម្ពុជា និង​ការ​ធ្វើសង្គ្រាម​អូស​បន្លាយ​មិន​ចេះ​ចប់ ក្សត្រ​ប្រទេស​ចំណុះ​ទាំងឡាយ​នៅ​ខាងជើង​ស្រុក​ខ្មែរ​បាន​ក្រោក​ទាមទារ​ ឯករាជ្យ ផ្ដាច់​ចំណង​ទាក់ទង​ជាមួយ​មហានគរ ។ ប៉ុន្ដែ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៨​បាន​លើកទ័ព​បង្ក្រាប​រហូត​ទៅ​ដល់​ចន្ទនបុរៈ ​ (វៀងច័ន្ទ) ស្រី​ធម្មគិរី​ (ហ្លួងប្រាបាង) ហើយ​ចាប់​ស្ដេច​នគរ​ទាំង​ពីរ​ឱ្យ​លើក​សួយសារ​អាករ​មក​ថ្វាយ ។ ក្នុង​ពេល​ដែល​ព្រះរាជា​កម្ពុជា​ស្ថិត​នៅ​ឆ្ងាយ​ប្រមាណ​ជា​៩០០​គីឡូម៉ែត្រ​ ពី​រាជធានី​ ដូច្នេះ​មាន​ទ័ព​មជ្ឈិម​មួយ​កង​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ព្រះ​កម្រតេង ​ជា​អភិបាល​នគរ​រាជសីមា​ (កូ​រ៉ាត់) ឈ្មោះ​ថា ​អញ​រាជេន្ទ្រវរ្ម័ន​ បាន​ចាប់​វាត​អំណាច​ត្រួតត្រា​លើ​រាល់​អាណា​ខែត្រ​ខាងលិច​គឺ​ត្រូវ​នឹង​ ស្រុក​សៀម (17) សព្វថ្ងៃ ។
តាម​ មើលទៅ​អាណាចក្រ​ខ្មែរ​ពេល​នោះ​លាតសន្ធឹង​ហួស​ទឹកដី​សុខោទ័យ​ទៅ​ទៀត ហើយ​ក្សត្រ​ប្រទេស​ដ៏​ខ្លាំង​ពូកែ​មួយ​នេះ​ក៏​នៅ​ចំណុះ​ស្ដេច​ខ្មែរ​ផង​ដែរ បើ​ហោច​ណាស់​ក៏​តាម​ផ្លូវការ​ដែរ ទោះបី​ថា​មាន​ស្ដេច​ថៃ​សោយរាជ្យ​ក៏​ដោយ ។ គឺ​នៅ​សុខោទ័យ​នេះ​ឯង​ដែល​គេ​រក​ឃើញ​សិលាចារឹក​ខ្មែរ​មួយ​ចំនួន ហើយ​និង​ឯកសារ​មាន​ឈ្មោះ​ថា ត្រៃភូមិ ដែល​ប្រហែលជា​គេ​សរសេរ​នៅ​ពាក់កណ្ដាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១៣ ត្រូវ​នឹង​សតវត្សរ៍​ទី​១២​នៃ​មហា​សករាជ ។ ស្ដេច​អញ​រាជេន្ទ្រវរ្ម័ន ក៏​ប្រហែលជា​បាន​ដឹកនាំ​ទ័ព​រហូត​ដល់​ប្រទេស​ភូមា​ទៀត​ផង ។
ដូច ​ជា​ព្រះរាជា​មុនៗ​ដែរ ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ មិន​គ្រាន់តែ​ជា​ស្ដេច​ដែល​ពូកែ​ខាង​ចម្បាំង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ពូកែ​ខាង​ការ​គ្រប់គ្រង​ប្រទេស និង​ជា​អ្នក​ច្បាប់​ម្នាក់​ផង​ដែរ ។ សិលាចារឹក​បាន​លើក​ឡើង​ថា «ព្រះ​អង្គ​បាន​ប្រគល់​អវយវៈ​ទាំងអស់​របស់​ព្រះ​អង្គ​ឱ្យ​គោព្រៃ» មាន​ន័យ​ថា ព្រះ​អង្គ​អនុវត្ដ​នូវ​យុត្ដិធម៌ ។ ទ្រង់​យល់​ដឹង និង​រំលែក​ទុក្ខ​លំបាក​របស់​ប្រជារាស្ដ្រ ហើយ​បាន​ចាត់​ឱ្យ​កសាង​មន្ទីរពេទ្យ​ជា​ច្រើន​នៅ​តាម​ទីក្រុង និង​វត្ដ​អារាម ដែល​មាន​គ្រូពេទ្យ​ពីរ​រូប​នៅ​ចាំ​ព្យាបាល​ជំងឺ​វណ្ណៈ​ទាំង​បួន ជាមួយនឹង​គិលានុបដ្ឋាក​ម្នាក់ គិលានុបដ្ឋាយិកា​ពីរ​នាក់ អ្នក​កាន់​ឃ្លាំង​ពីរ​នាក់ អ្នក​ដាំ​ស្ល​ពីរ​នាក់ ។​ល ។

១៥. ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​២ (១២០១)
ព្រះបាទ ​ឥន្ទ្រវរ្ម័ន​ទី​២ ដែល​ត្រូវ​បាន​អភិសេក​ជា​ព្រះ​យុវរាជ​តាំង​តែ​ពី​ក្នុង​រជ្ជកាល​មុន បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៨​នៅ​ឆ្នាំ​១២០១​ ក្រោយ​ពេល​ដែល​កម្ពុជា​បាន​បញ្ជូន​រាជទូត​ទៅ​ស្រុក​ចិន​បន្ដិច ។
ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​បាន​រៀបរាប់​ថា ស្ដេច​អង្គ​នេះ​បាន​វាយលុក​រាតត្បាត​ទឹកដី​ជា​ច្រើន ដែល​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ចិន ជា​អាទិ​គឺ​ទឹកដី​ដែល​ស្ថិត​នៅ​ពី​ខាងជើង​ហ្លួងប្រាបាង ហើយ​ស្ដេច​ចិន​បាន​បញ្ជូន​ទូត​មក​កម្ពុជា​នៅ​ឆ្នាំ​១២០៦​ ដើម្បី​សាកសួរ​មូលហេតុ​ ហើយ​ស្ដេច​ខ្មែរ​ក៏​យល់ព្រម​បញ្ឈប់​ការ​វាយប្រហារ​នោះ ។
ប្រមាណ ​ជា​១២​ឆ្នាំ​ក្រោយមក ព្រះ​យុវរាជ​ដែល​ដឹកនាំ​នគរ​ចាម្ប៉ា ជំនួស​ព្រះរាជា​កម្ពុជា បាន​ឆ្លៀត​ឱកាស​ដែល​មាន​សង្គ្រាម​ផ្ទៃក្នុង​ធ្វើ​ឱ្យ​អាណ្ណាម​ចុះ​ខ្សោយ ក៏​រៀបចំ​ទ័ព​មួយ​កង​មាន​ចម្រុះ​ខ្មែរ​ចាម ហើយ​ធ្វើការ​លុកលុយ​ខែត្រ​ង៉េអាន​ និង​វាយ​ទៅ​លើ​ទ័ព​អាណ្ណាម​ដែល​ចេញ​មក​ទប់ទល់ ។​ ប៉ុន្ដែ​ពីរ​ឆ្នាំ​ក្រោយ​ពី​ជោគជ័យ​នេះ​គឺ នៅ​ឆ្នាំ​១២២០ មិនដឹង​ជា​ដោយ​មូលហេតុ​អ្វី ស្រាប់តែ​ព្រះ​យុវរាជ​បោះបង់​នគរ​ចាម្ប៉ា​ចោល ហើយ​ដឹកនាំ​ទ័ព​ត្រលប់​ចូល​មក​កម្ពុជា​វិញ ។​ មក​ទល់​នឹង​ពេល​នោះ​ នគរ​ចាម្ប៉ា​បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​កម្ពុជា​ ហើយ​មាន​រាជវង្ស​ខ្មែរ​សោយរាជ្យ​អស់​ពេល​៣២​ឆ្នាំ​គត់។ តាម ​មើលទៅ ប្រហែលជា​នៅ​ដើម​សតវត្សរ៍​ទី​១៣​នោះ មាន​កើតការ​បះបោរ​របស់​ពួក​អ្នកស្រុក​សៀម ហើយ​ជា​ពេល​ដែល​ស្ដេច​ថៃ​ចាប់ផ្ដើម​បះបោរ​ទាមទារ​ឯករាជ្យ​ដែរ (18) ។
បើ ​ទោះជា​យ៉ាងណា​ក្ដី នៅ​ចុង​សតវត្សរ៍​ទី​១៣ រាជទូត​ចិន​បាន​រៀបរាប់​ថា​ ស្រុក​ខ្មែរ​ពេល​នោះ​ខ្សត់​ប្រជាជន​អាស្រ័យ​ដោយ​មាន​សង្គ្រាម​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​ជាមួយ​ពួក​សៀម ។​ បើសិនជា​រឿងហេតុ​បាន​កើត​មាន​ដូច្នោះ​មែន នោះ​ហើយ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​បោះបង់​នគរ​ចាម្ប៉ា​ចោល ព្រោះ​ខ្មែរ​ត្រូវ​ប្រមូលផ្ដុំ​កម្លាំង​ទប់ទល់​នឹង​ពួក​សៀម​វិញ ។

១៦. ព្រះបាទ​ស្រីន្ទ្រវរ្ម័ន
ព្រះរាជា ​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​២​គឺ​ព្រះបាទ​ ស្រីន្ទ្រវរ្ម័ន ដែល​ប្រហែលជា​ព្រះ​អង្គ​គង់​នៅ​យសោធបុរៈ ដដែល ក៏​ប៉ុន្ដែ​គេ​មិនដឹង​ថា តើ​ទ្រង់​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​ណា និង​សុគត​នៅ​ឆ្នាំ​ណា​ទេ ។

១៧. ព្រះបាទ​ជ័យវរមៈទិបរមេស្វរៈ
ព្រះបាទ ​ជ័យវរមៈទិ​បរមេស្វរៈ ដែល​សិលាចារឹក​ខ្លះ​ហៅ​ថា ជ័យវរមៈ​បរមេស្វរៈ បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ស្រីន្ទ្រវរ្ម័ន​ ប៉ុន្ដែ​គេ​មិន​បានដឹង​ពី​កាល​វេលា​ទេ ។​ព្រះ​អង្គ​បាន​បង្ក្រាប​ពួក​ បះបោរ​រួច​បាន​ធ្វើសង្គ្រាម​ជាមួយ​មហាអំណាច​សត្រូវ​មួយ «ដែល​ទ្រង់​បាន​ដណ្ដើម​យក​រាជធានី​យ៉ាង​ស្រួល​ដូច​ជា​គេ​ដកស្មៅ» ហើយ «ធ្វើ​ឱ្យ​ជ័យជម្នះ​ព្រះ​អង្គ​មាន​រស្មី​បីដូច​ជា​បុស្បុក​មួយ​ដែល​គេ​លើក​ ឡើង​នៅ​ចន្លោះ​សត្វ​សិង្ហ​ពីរ​ក្បាល» ។

គឺជា​ស្ដេច​មួយ​អង្គ​ដែល​មាន​កុសល​ល្អ​ «ប្រសើរ ​ជាង​ទាំង​ព្រះឥន្ទ្រ​ទៅ​ទៀត ដោយសារ​ទ្រង់​បាន​ប្រោះព្រំ​ពិភពលោក​ឥត​ឈប់​ឈរ​ដោយ​ទឹកភ្លៀង​នៃ​ទេព​កោសល្យ​ របស់​ព្រះ​អង្គ ហើយ​ទ្រង់​សន្ដោស​ប្រណី​តែ​ទៅ​តាម​ក្រម​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​គម្ពីរ ​សាស្ដ្រា និង​ក្រោយ​ពី​បាន​ពិនិត្យ​ហ្មត់ចត់» ប៉ុណ្ណោះ ។ ព្រះ​អង្គ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ព្រះរាជា​មួយ​អង្គ​ដែល​ប្រកប​ទៅ​ដោយ​កិត្ដិគុណ ដោយ​និយាយ​ថា «ព្រះ​អង្គ​ឈរ​នៅ​ពីលើ​សិរសា​នៃ​ព្រះរាជា​ទាំងឡាយ» ហើយ​អំណាច​របស់​ព្រះ​អង្គ​វាត​រហូត​ទៅ​ដល់​មាត់​សមុទ្រ ។
នេះ ​គឺជា​ស្ដេច​ចុង​ក្រោយ​ដែល​គេ​ស្គាល់​តាម​សិលាចារឹក​ ហើយ​ច្បាស់​ណាស់​ថា​ ទ្រង់​ជា​ព្រះរាជា​នៃ​សម័យ​កាល​អាប់ឱន ជា​ព្រះរាជា​នា​ចុងបញ្ចប់​នៃ​មហា​អាណាចក្រ​កម្ពុជា​ព្រហ្មញ្ញ​និយម ។ ក៏​ប៉ុន្ដែ នៅ​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ រាជាណាចក្រ​ខ្មែរ​នៅ​មាន​វិសាលភាព​ធំធេង​នៅឡើយ គឺ​លាតសន្ធឹង​ពី អាតូពឺ នៃ​នគរ​ចម្ប៉ា​ពី​ខាងកើត ទៅ​ដល់​ឈូង​សមុទ្រ​សៀម និង​ទៅ​ដល់​ភ្នំ​ភួងលួង នៅ​ឯនាយ​ទន្លេ​សាលូអង់ ពី​ខាងលិច ទៅ​ដល់​ព្រំប្រទល់​ស្រុក​ចិន ឆ្ងាយ​ហួស​ហ្លួងប្រាបាង ហើយ​នៅ​ខាងជើង​រហូត​ដល់​សមុទ្រ​ចិន និង​ចំណុច​កាម៉ង់​នៅ​ខាងត្បូង ។ ទឹកដី​អាណាចក្រ​កម្ពុជា​ពេល​នោះ​ធំ​ណាស់ គឺ​មាន​ប្រហែល​ជាមួយ​លាន​គីឡូម៉ែត្រ​ក្រឡា ដែល​បែងចែក​ចេញ​ជា​ក្សត្រ​ប្រទេស​ស្វយ័ត​ប្រមាណ​ជា​ម្ភៃ​ក្សត្រ​ប្រទេស​ ទាំងនោះ ចំណុះ ឬ​ក៏​គ្រាន់តែ​ទទួល​ស្គាល់​អនុត្ដរភាព​របស់​ព្រះរាជា​កម្ពុជា ប៉ុណ្ណោះ​ប៉ុន្ដែ​រំជើបរំជួល​ខ្លាំង​ណាស់​ ហើយ​ត្រៀមខ្លួន​ជា​ស្រេច​នឹង​ចាប់​កាន់​អាវុធ​តស៊ូ​ដែល​ធ្វើ​ឱ្យ​ព្រះរាជា​ កម្ពុជា ត្រូវ​វាយ​បង្ក្រាប​ជា​រឿយៗ ដើម្បី​ឃុំគ្រង​ទុក​នៅ​ក្នុង​អំណាច ។ នៅ​សម័យ​ដែល​យើង​បាន​ឈាន​មក​ដល់​នោះ វា​ហាក់ដូចជា​ថា ពួក​ក្សត្រ​ប្រទេស​ទាំង​អស់នោះ​រង់​ចាំតែ​ពេល​អាណាចក្រ​កម្ពុជា​មាន​ការ​ បាក់បែក​គ្នា នឹង​អាល​ងើប​ក្រោក​រក​សេរីភាព និង​ឯករាជ្យ​ប៉ុណ្ណោះ ជា​ពិសេស គឺ​ពួក​សៀម ឬ​ថៃ តែ​ម្ដង ដែល​កម្រើក​មុនគេ ។

១៨. ព្រះរាជា​ដែល​គេ​មិន​បាន​ស្គាល់​ព្រះ​នាម (១២៥០?​-​១៣០០?)
នៅ ​ក្រោម​រជ្ជកាល​របស់​ព្រះរាជា​មួយ​អង្គ​ដែល​យើង​មិន​ស្គាល់​ព្រះ​នាម អាច​នឹង​និយាយ​ថា នៅ​ក្រោម​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​បរមេស្វរៈ ជា​ព្រះរាជា​ដែល​គេ​ស្គាល់​ក្រោយ​គេ​បង្អស់​តាម​សិលាចារឹក ឬ​ក៏​ថា នៅ​ក្រោម​រាជ្យ​របស់​ស្ដេច​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ មាន​រាជទូត​ចិន​មួយ​រូប​មក​ដល់​កម្ពុជា​នៅ​ឆ្នាំ​១២៩៦ ។ ចិន​ម្នាក់​ដែល​បាន​មក​ជាមួយ​ដែរ ប៉ុន្ដែ​មិនមែន​ជា​សមាជិក​របស់​គណៈ​ប្រតិភូ ឈ្មោះ ជីវ​តាក្វាន់ បាន​សរសេរ​កំណត់ត្រា​ដ៏​ចម្លែក​មួយ​អំពី​កម្ពុជា​ដែល​គេ​បាន​បកប្រែ​ពីរ​លើក​ជា​ភាសា​បារាំង (19) ។ ជីវ តាក្វាន់ ​ហៅ​ស្រុក​ខ្មែរ​ថា ឆា​ឡា ឬ​ឆេនឡា តែ​បាន​និយាយ​ថា​ គេ​ក៏​ហៅ​ថា កានពូឆេ ផង​ដែរ ជា​ឈ្មោះ​ដែល​ត្រូវ​នឹង​ពាក្យ​សំស្ក្រឹត កម្ពុជៈ សព្វថ្ងៃ​អាន​ថា កម្ពុជា ។
អ្នកនិពន្ធ ​បាន​ធ្វើការ​រៀបរាប់​ត្រួសៗ​អំពី​រាជធានី​អង្គរធំ​ និង​ថា​រាជវាំង​មាន​ប្រាសាទ​មាស​មួយ​មាន​កំពូល​សម្រាប់​ព្រះរាជា​ ផ្ទំ ។ ប្រជារាស្ដ្រ​ទាំងប្រុស​ទាំងស្រី​បួងសក់ ស្លៀក​សំពត់ ព្រះរាជា​ពាក់​មកុដ​ដាំ​ពេជ្រ និង​មាន​ព្រះ​ហស្ដ និង​ព្រះបាទ​លាប​ពណ៌​ក្រហម ហើយ​កាន់​ព្រះ​ខ័ន​មាស​ពេល​ចេញពី​ព្រះ​បល្ល័ង្ក ។

ជីវ តាក្វាន់​បាន​រៀបរាប់​លម្អិត​ផង​ដែរ​អំពី​ទំនៀម​ទម្លាប់​របស់​អ្នកស្រុក​ អំពី​ការ​ប្រសូត​កូន ពិធី​រៀប​អាពាហ៍​ពិពាហ៍​ និង​ពិធី​ផ្សេងៗ​មុន​រៀប​អាពាហ៍​ពិពាហ៍ ។​ គាត់​បាន​និយាយ​ពី​ពួក​ឈួង​ដែល​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ខ្ញុំបម្រើ ​ប្រាកដ​ណាស់​ថា​នោះ​គឺ​ពួក​ជង​ដែល​រស់នៅ​ខែត្រ​កំពង់សោម ​ចន្ទតាប៊ុន រយ៉ង​ និង​ស្រុក​ដែល​ស្ថិត​នៅ​ពី​ខាងកើត និង​ខាងត្បូង​ខែត្រ​ទាំង​អស់នោះ ។ គាត់​បាន​ប្រាប់​អំពី​តម្លៃ​ដែល​គេ​លក់​ពួក​នោះ និង​និយាយ​ថា ពួក​នោះ​ត្រូវ​គេ​មើល​ងាយ​មើល​ថោក​ខ្លាំង​ណាស់​បើ​ឡើងផ្ទះ​ត្រូវ​លូន​នឹង​ ជង្គង់​ ហើយ​ដាក់​ដៃ​សំពះ​លើ​ថ្ងាស ។​ជន​ណា​ស្រលាញ់​ស្រី​ជង នឹង​ត្រូវ​គេ​មើល​ងាយ​មើល​ថោក​ដូច​ពួក​នោះ​ដែរ ។
បន្ទាប់ ​មក ជីវ តាក្វាន់ និយាយ​អំពី​ច្បាប់ ជំងឺឃ្លង់ ដែល​កើត​មាន​ច្រើន​ដោយសារ​អ្នកស្រុក​មាន​ទម្លាប់​ងូតទឹក​ក្រោយ​ពី​បាន​រួម​ សង្វាស​នឹង​គ្នា​រួច ។ មនុស្ស​ស្លាប់​គេ​យក​ទៅ​ចោល​ក្នុង​ព្រៃ​ ឬ​ដុត បើជា​ស្ដេច​វិញ គេ​យក​សព​ ឬ​អដ្ឋិធាតុ​ដាក់​ក្នុង​ចេតិយ ។​ ជីវ តាក្វាន់​ក៏​បាន​ពិពណ៌នា​អំពី​កសិកម្ម​ និង​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម​និង ផល​ព្រៃឈើ​ផង​ដែរ ។
គាត់​បាន​ និយាយ​ថា កម្ពុជា​ពេល​នោះ មាន​ក្សត្រ​ប្រទេស​ចំណុះ​ច្រើន​ជាង​កៅសិប ភូមិ​នីមួយៗ​មាន​វត្ដ​មួយ ហើយ​គេ​គោរព​មេ​ម្នាក់​ដែល​គាត់​ហៅ​ថា​ ម៉ៃស៊ី ។ តាម​មើលទៅ​ពាក្យ​នេះ ប្រហែល​ជា​ការ​ហៅ​មិន​ត្រូវ​នូវ​ពាក្យ​មេ ។
បន្ទាប់ ​មក គាត់​និយាយ​អំពី​ទ័ពថ្មើរជើង​ដែល​មាន​ខ្លួន​ទទេ កាន់​លំពែង និង​ខែល ប៉ុន្ដែ​គ្មាន​ធ្នូ​ព្រួញ ហើយ​គ្មាន​អាវ​ក្រោះ​ ឬ​មួក​ក្រាស់​ពាក់​ទេ ។ ត្រង់នេះ​ហាក់​ដូចជា​មិន​ត្រូវ ព្រោះ​យើង​បាន​ឃើញ​ពី​ខាងលើ​រួច​ហើយ​ថា ធ្នូ​ព្រួញ​បាន​ត្រូវ​គេ​ប្រើ​នៅ​ក្នុង​ការ​ប្រយុទ្ធ ហើយ​ចម្លាក់​រាក់​នៅ​ប្រាសាទ​អង្គរវត្ដ បាន​បង្ហាញ​រូប​អ្នក​ប្រយុទ្ធ​ខ្លះ​មាន​ពាក់អាវ​ក្រោះ ហើយ​ដៃ​ឆ្វេង​មាន​កាន់​ខែល​ដែរ ។
ជីវ តាក្វាន់​​បាន​បញ្ចប់​កំណត់​ត្រា​របស់​គាត់​ដោយ​និយាយ​ថា ព្រះរាជា​កម្រ​នឹង​យាង​ចេញពី​រាជវាំង​ណាស់ ខ្លួន​គាត់​បាន​ឃើញ​ព្រះរាជា​តែ​បួន​ប្រាំ​ដង​ប៉ុណ្ណោះ ហើយ​វា​ហាក់​ដូចជា​ព្រះ​អង្គ​ខ្លាច​គេ​ធ្វើឃាត ។ ព្រះ​កាយ​របស់​ព្រះរាជា​មាន​ពាស​ក្រោះ​ដែក ។ ពេល​យាង​ទៅ​ណា​មក​ណា ទ្រង់​គង់​លើ​គ្រែស្នែង​ដែល​សែង​ដោយ​នារី​បួន​នាក់ ហើយ​ជន​ទាំងអស់​ដែល​ស្ថិត​លើ​ផ្លូវ​ត្រូវ​ក្រាប​ថ្ងាស​ដល់​ដី ។ ត្រង់នេះ ជីវ តាក្វាន់ ​ហៅ​ថា សានពាស គឺ​សំពះ ។

ព្រះរាជា ​បើក​សវនាការ​មួយ​ថ្ងៃ​ពីរ​ដង ដើម្បី​ដោះស្រាយ​កិច្ចការ​ប្រទេស ។ នាម៉ឺន និង​ប្រជារាស្ដ្រ ដែល​ចូល​មក​គាល់​ស្ដេច​អង្គុយ​ផ្ទាល់​ដី ។ នៅ​ខាងក្រៅ​ឯណោះ សំឡេង​ភ្លេង​ចាប់​បន្លឺ​ឡើង គេ​ផ្លុំស័ង្ខ រួច​ភីលៀង​ចាប់​បើក​វាំងនន ។ ព្រះរាជា​លេច​ព្រះ​ភ័ក្ដ្រ​នៅ​មាត់​បង្អួច ព្រះ​ហស្ដ​កាន់​ព្រះ​ខ័ន​មាស ។ ពួក​អាមាត្យ​លើក​ហត្ថ​ប្រណម ហើយ​ឱន​ក្បាល​ដល់​ដី​រហូត​ទាល់តែ​សំឡេង​ស័ង្ខ​ចប់ ។ ពេល​ចប់​សវនាការ ព្រះរាជា​យាង​ត្រលប់​ចូល​ប្រាសាទ​វិញ ភីលៀង​ទាំង​ពីរ​ទម្លាក់​វាំងនន រួច​ចាកចេញ​ទៅ ។
តទៅ​នេះ​គឺជា​ការ​ ពិពណ៌នា​អំពី​ក្បួន​ព្យុហយាត្រា នៅ​ពេល​ដែល​ព្រះរាជា​យាង​ចេញ​ដោយ​ដំរី ។ គេ​សង្កេត​ឃើញ​ថា ការ​ពិពណ៌នា​នេះ ប្រហាក់​ប្រហែល​នឹង​ក្បួន​ព្យុហយាត្រា ដែល​គេ​ប្រទះ​ឃើញ​សព្វថ្ងៃ​នៅ​ភ្នំពេញ ឬ​នៅ​ប្រទេស​សៀម ពេល​មាន​បុណ្យ​ទាន​ម្ដងៗ​ដែរ ។ ជា​ពិសេស គឺ​សវនាការ​នៅ​ពេល​ដែល​ព្រះរាជា​ទទួល​អង្គទូត ដូច​ដែល​លោក ឡាលូប៊ែរ​ បព្វជិត​ ឈូស៊ី​ ដឺសូម៉ុង និង​ ដឺហ្វ័របាំង បាន​រៀបរាប់​នៅ​ចុង​សតវត្សរ៍​ទី​១៧ ។

«ពេល ​ព្រះរាជា​យាង​ចេញពី​ព្រះរាជវាំង ក្បួន​ដង្ហែ​ចាប់​ផ្ដើម​ដោយ​កងទ័ព​សេះ​ជាដំបូង ។ បន្ទាប់​មក គឺ​ក្រុម​កាន់​ទង់ និង​ក្រុម​ភ្លេង ។ ពួក​ស្រី​ភីលៀង​មាន​ពី​បី​រយ​ទៅ​ប្រាំ​រយ​នាក់ ស្លៀក​ស្បៃ​ភ្ញីផ្កា សៀតផ្កា​ក្នុង​សក់ កាន់​ទៀន​ធំៗ​ក្នុង​ដៃ​ ទៀន​ទាំងនោះ​ដុត​ជាប់​ជា​និច្ច​ទោះបីជា​ពេល​ថ្ងៃ​ក៏​ដោយ ។​ បន្ទាប់​មក​គឺ​ក្រុម​ភីលៀង​កាន់​ឧបភោគ ភណ្ឌ​ធ្វើ​អំពី​មាស និង​ប្រាក់ និង​គ្រឿង​លម្អ​ផ្សេងៗ​គ្រប់​បែប​គ្រប់​ម៉ូត មិនដឹង​ថា​សម្រាប់​ធ្វើ​អ្វីខ្លះ​ទេ ។ បន្ទាប់​មក​ទៀត គឺ​ក្រុម​នារី​កាន់​លំពែង និង​ខែល ដែល​ជា​កងរក្សា​ព្រះអង្គ​ជា​ពិសេស ។ បន្ដ​ពី​នោះ គឺ​ក្រុម​រទេះ​ចៀម រទេះ​សេះ តែង​លម្អ​ដោយ​មាស ។ រដ្ឋមន្ដ្រី អ្នក​អង្គ​ម្ចាស់ សុទ្ធតែ​ជិះ​ដំរី ចេញ​ដំណើរ​មុន​មើល​ផ្លូវ បាំង​ក្លស់​ពណ៌​ក្រហម ។ បន្ទាប់មក​ទៀត គឺ​ក្រុម​ស្រីស្នំ​របស់​ព្រះរាជា អង្គុយ​លើ​គ្រែស្នែង ឬ​ជិះរទេះ ឬ​ដំរី ។»
មាន​ក្លស់​ជាង​ មួយ​រយ​ដែល​តុបតែង​ដោយ​មាស ។ ក្រោយ​ក្លស់​ទាំងនោះ គឺ​ព្រះរាជា​គង់​ឈរ​លើ​ដំរី ព្រះ​ហស្ដ​កាន់​ព្រះ​ខ័ន​មាស ។ សូម្បី​តែ​ភ្លុក​ដំរី​ក៏​សុទ្ធតែ​លម្អ​ទៅ​ដោយ​មាស​ដែរ ។ មាន​ក្លស់​ស​ប្រហែលជា​ម្ភៃ ដែល​តែង​លម្អ​ទៅ​ដោយ​មាស និង​មាន​ដង​ធ្វើ​អំពី​មាស ។ ទ័ព​ដំរី​មាន​ដំរី​ជា​ច្រើន​នៅ​ព័ទ្ធ​ជុំវិញ​ព្រះរាជា ។

(1) តាម​លោក​អៃម៉ូនីញេ​ គគ៌្យារ ជា​ឈ្មោះ​ដើម​គគីរ ដែល​ក្លាយ​មក​ជា​កោះកេរ្ដិ៍ ។
(2) ក្រុម ​ប្រាសាទ​កោះកេរ្ដិ៍ មាន​សារសំខាន់​ណាស់​ដែរ​គឺ​មាន​ប្រាសាទ​ចំនួន​ប្រហែល ១៥ កប់​បាត់​ក្នុង​ព្រៃ ។ លោក​អៃម៉ូនីញេ​ បាន​រក​ឃើញ​សិលាចារឹក​ជាង​៤០ មាន ១៥០០​បន្ទាត់ មាន​រៀបរាប់​ឈ្មោះ​អ្នកបម្រើ​ជាង​៤០០០​នាក់ ដោយ​មិន​ទាន់​គិត​ពី​ខ្ញុំ​ផង ។ សូម​អាន​សៀវភៅ​របស់​លោក អៃម៉ូនីញេ​ កម្ពុជា ក្បាល​ទី​១​ ទំព័រ​៣៩៧​-​៤១១ និង​ក្បាល​ទី​២ ទំព័រ​៣៦៨ ។
(3) សិលាចារឹក​ប្រាសាទ​គុក សូម​អាន​សៀវភៅ​របស់​លោក​អៃម៉ូនីញេ ឈ្មោះ​កម្ពុជា ក្បាល​ទី​២ ទំព័រ​៤១៩ ។
(4) ក្បាល​ទី​១ ទំព័រ​៩០ ។
(5) សិលាចារឹក​បាទជុំ
(6) ព្រះ​បដិមា​នេះ បាន​ត្រូវ​ពួក​ចាម​សាងសង់​ឡើង​វិញ ប្រាំ​ឆ្នាំ​ក្រោយមក នៅ​ឆ្នាំ​៩៦៥ ដោយ​ព្រះរាជា​ចាម​ព្រះ​នាម​ថា ជ័យឥន្ទ្រវរ្ម័ន ។​
(7) លោក អៃម៉ូនីញេ បាន​ស្នើ​ថា ព្រះ​រាជេន្ទ្រវរ្ម័ន នេះ​គឺជា​តួអង្គ​ព្រះ​បក្សីចាំក្រុង​ក្នុង​រឿងនិទាន ។ ការ​សន្មតិ​នេះ​មិន​ត្រឹមត្រូវ​ទេ ហើយ​រឹតតែ​មិន​ត្រឹមត្រូវ​ណាស់​ទៅ​ទៀត ព្រោះថា​រឿង​នេះ​ក៏​មាន​ដែរ​នៅ​ឯ​ស្រុក​សៀម គ្រាន់តែ​មាន​ឈ្មោះ​ផ្សេង និង​នៅ​ទីកន្លែង​ផ្សេង​ប៉ុណ្ណោះ ។
(8) សិលាចារឹក​លពបុរី ។
(9) សព្វថ្ងៃ​គឺ​លវោ ពី​មុន​គឺ​ លូវ៉ូ​ លោវែក លពបុរី លវបុរី​ នវបុរី ។
(10) សិលាចារឹក​ព្រះងោក សៀវភៅ​កម្រង ទំព័រ​១៦១ ។
(11) សៀវភៅ​របស់​លោក អៃម៉ូនីញេ មាន​ឈ្មោះ​ថា កម្ពុជា ក្បាល​ទី​២​ ទំព័រ​១៦៧​-​១៦៨ តាម​ការ​បកប្រែ​របស់​វេជ្ជបណ្ឌិត គែន ។
(12) សៀវភៅ ​របស់​លោក​អៃម៉ូនីញេ​មាន​ឈ្មោះ​ថា​ កម្ពុជា​ ក្បាល​ទី​២​ ត្រង់​សិលាចារឹក​ព្រះគោ​ ទំព័រ​១៦៨ តាម​ការ​បកប្រែ​របស់​វេជ្ជបណ្ឌិត គែន ។
(13) អ្នកខ្លះ ​យល់​ថា​ ពាក្យ​ថា​កោះ​នេះ មើល​ទៅ​ប្រហែលជា​សំដៅ​យក​បន្ទាយ​ដែល​មាន​កំពែង​រឹង​មាំ​ទេ ។ ខ្ញុំ​គិត​ថា នោះ​គួរតែ​ជា​កោះ​នៅ​កណ្ដាល​សមុទ្រ មិនមែន​ជា​កំពូលភ្នំ​ណា​មួយ​នៅ​លើ​ខ្ពង់រាប​ឥណ្ឌូចិន​នោះ​ទេ ។
(14) ខ្ញុំ​ចាត់​ទុក ផានរ៉ាង ថា​ជា​រដ្ឋ​សម្ព័ន្ធមេត្រី ជា​ជាង​ខែត្រ​មួយ​ចំណុះ​ឱ្យ​ចាម្ប៉ា ។
(15) លោក ហ្វ៊ីណូត៍ និយាយ​ថា​ស្ដេច​នោះ «ជា​ស្ដេច​ជ្រែករាជ្យ» ក៏​ប៉ុន្ដែ​គ្មាន​ហេតុការណ៍​ណា​បញ្ជាក់​ទេ ហើយ​អត្ថបទ​របស់​គាត់ ធ្វើ​ឱ្យ​គេ​ធ្វើ​ការ​សន្និដ្ឋាន​បាន​ច្រើន​យ៉ាង ។ ឈ្មោះ អុងវ៉ាទូ ប្រហែលជា​ឈ្មោះ​សាមញ្ញ រីឯ​ជ័យឥន្ទ្រ​ជា​ឈ្មោះ​ពេល​អភិសេក ។
(16) ហេតុការណ៍​នេះ​បញ្ជាក់​អ្វី​ដែល​បាន​អះអាង​ខាងលើ ៖ ព្រះ​យុវរាជ​មិន​បាន​បង្កើត​រដ្ឋ​មួយ​ថ្មី​ទេ គឺ​សោយរាជ្យ​នៅ​រាជបុរី​មួយ​ដែល​មាន​រួច​មក​ហើយ ។
(17) តាម​មើល​ទៅ​ទំនាប​អាង​ទន្លេ​មេណាម​ខាងក្រោម​បាន​ត្រូវ​ចិន​ហៅ​ថា ឡូហូ ហើយ​អាង​ទន្លេ​មេណាម​ខាងលើ​ដែល​មាន​ពួក​សៀម ឬ​ថៃ កាន់កាប់​រួច​ទៅ​ហើយ ចិន​ហៅ​ថា សៀន ។
(18) គេ​ប្រហែលជា​ត្រូវ​និយាយ​ឱ្យ​ស្រួល​ស្ដាប់​ជាង​នេះ​វិញ​ថា គឺ​នៅ​សម័យ​នោះ​ហើយ​ដែល​ពួក​ថៃ​បាន​មក​រស់​នៅ​ពាស​ពេញ​ទឹកដី​សៀម​សព្វថ្ងៃ ដែល​ពី​មុន​ជា​ទឹកដី​របស់​ពួក​មន​ខ្មែរ បាន​ចាប់ផ្ដើម​បះបោរ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​ស្ដេច សុខោទ័យ និង​ក្សត្រ​ប្រទេស​ក្បែរ​ខាង​មួយ​ចំនួន ។ បើ​ដូច្នោះ​មែន ទឹកដី​ទាំង​អស់នោះ​ត្រូវ​បាត់បង់​ផុត​ពី​ដៃ​ខ្មែរ​ទៅ ដែល​គេ​ចាប់ផ្ដើម​ចាត់​ទុក​ថា​ជា​សត្រូវ​វិញ ហើយ​ប្រជារាស្ដ្រ​ត្រូវ​ធ្លាក់​ក្នុង​អំណាច​ពួក​ថៃ​វិញ​ម្ដង ។
(19) នេះ​ជា​រឿង​មួយ​គួរ​ឱ្យ​សង្ស័យ​ណាស់ ពីព្រោះ​គេ​ត្រូវ​ទទួល​ស្គាល់​ថា មាន​ស្ដេច​បី​ព្រះ​អង្គ​សោយរាជ្យ​នៅ​ក្នុង​សតវត្សរ៍​ទី​១៣ ដោយ​មួយ​អង្គៗ​សោយរាជ្យ​ជា​មធ្យម​ចំនួន​៣១​ឆ្នាំ ។

No comments:

Post a Comment