ត្បិតមនុស្សមានទំនីទំនៃ(distinction)ខាងភូមិសាស្រ្ត បរិស្ថាន និងជំនឿ ទើបធ្វើឲ្យកើតសាសនាជាច្រើនរូបបែប ដើម្បីងាយស្រួលក្នុងការសិក្សាឈ្វេងយល់ សូមបែងចែកសាសនាជាប្រភេទផ្សេង ៗទៅតាមលក្ខណៈនិងសភាពការណ៍ពីតក្នុងបច្ចុប្បន្ន របស់សាសនាទាំងនោះដូចតទៅនេះ
១)ចែកតាមលក្ខណៈរបស់សាសនា ចែកជា ៤ ប្រភេទ គឺ
- ឯកទេវនិយម(Monotheism) ជឿចំពោះព្រះអាទិទេពតែមួយព្រះអង្គ ដូចជា សាសនាយូដាយ សាសនាគ្រិស្ត និង សាសនាឥស្លាមជាដើម
- ពហុទេវនិយម(Polytheism) ជឿចំពោះព្រះអាទិទេពច្រើនអង្គ ដូចជា សាសនាព្រាហ្មណ៍-ហិណ្ឌូ សាសនាក្រិកបុរាណ
- សព្វត្ថទេវនិយម(សព្វទេវនិយម, សព្វត្ថនិយម Pantheism) ជឿថា ព្រះអាទិករទ្រង់សណ្ឋិតនៅក្នុងមនុស្សទាំងពួង ឬ ក្នុងទីទាំងពួង ដូចជា សាសនាព្រាហ្មណ៍-ហិណ្ឌូជឿថា ព្រះព្រហ្មសណ្ឋិតនៅសព្វកន្លែង ។
- អទេវនិយម(Atheism) មិនជឿថា មានព្រះអាទិករបង្កើតផែនដីនិងសព្វសារពើ ដូចជា សាសនាព្រះពុទ្ធ សាសនាជេន
ទាំង ៤ ប្រភេទនេះអាចសង្ខេបទៅជា ២ ប្រភេទ គឺ ទេវនិយម គឺ សាសនាដែលជឿថាមានព្រះអាទិករបង្កើតផែនដី ដូចជា សាសនាយូដាយ សាសនាគ្រិស្ត សាសនាព្រាហ្មណ៍ និង សាសនាឥស្លាម, អទេវនិយម គឺ សាសនាដែលមិនជឿថាមានព្រះអាទិករបង្កើតផែនដី ដូចជា សាសនាព្រះពុទ្ធ និង សាសនាជេន ។
២)ចែកតាមសភាពការណ៍ពិតក្នុងបច្ចុប្បន្ន ចែងជា ២ ប្រភេទ គឺ
ម្រឹតសាសនា(Dead Religions) បានដល់ សាសនាដែលធ្លាប់មានមនុស្សគោរពបូជាក្នុងអតីតកាល ប៉ុន្តែបច្ចុប្បន្នមិនមានមនុស្សគោរពបូជាទៀតទេ នៅសល់តែឈ្មោះក្នុងប្រវត្តិសាស្រ្តប៉ុណ្ណោះ មាន ១២ សាសនា គឺ ក្នុងទ្វីបអាហ្វ្រិកមាន ១ សាសនា គឺ សាសនារបស់ឯហ្សីពបុរាណ, ក្នុងទ្វីបអាមេរិកមាន ២ សាសនា គឺ សាសនារបស់ប៉េរូបុរាណ សាសនារបស់ ម៉ិកស៊ិកាន់បុរាណ, ក្នុងទ្វីបអាស៊ីមាន ៥ សាសនា គឺ សាសនាមិថរា(Mithraism) ដែលគោរពបូជាព្រះអាទិត្យរបស់ពួកព័រសៀរ, សាសនាមនីគី(Manichaeism) មានមនុស្សគោរពបូជារវាង គ្រិស្តសតវត្សរ៍ទី ៣ ដល់ទី ៥ ឈ្មោះសាសនានេះស្ថាបនាឡើងតាមឈ្មោះរបស់ស្ថាបនិកសាសនា ហៅថា មនី សាសនានេះចាត់ទុកព្រះអាទិទេព(God)និងមារ(Satan)ថាជារបស់គូនឹងគ្នា(គូគ្រង)យូរអង្វែង, សាសនារបស់ជនអម្បូរបាបិឡូសៀ, សាសនារបស់ជនអម្បូរហ្វីនិសៀ, សាសនារបស់ពួកហិត្តៃ(Hittites), ជនពួកនេះជាជនជាតិបុរាណដែលតាំងលំនៅក្នុងអាស៊ីមីន័រ, ក្នុងទ្វីបឱរ៉ុបមាន ៤ សាសនា គឺ សាសនារបស់ពួកក្រិកបុរាណ, សាសនារបស់រ៉ូម៉ាំងបុរាណ, សាសនារបស់ពួកទូតាន់យុគដំបូង, សាសនារបស់ពួកដែលរស់នៅលើឈូងសមុទ្រស្កែនឌិនិវៀរ(ស្វិឌិន, ន័រវេ,ឌិនម៉ាក) ។
ជីវកសាសនា(Living Religions) សំដៅដល់សាសនាដែលនៅមានមនុស្សគោរពបូជាក្នុងបច្ចុប្បន្ន មាន ១២ សាសនាដូចតទៅនេះ សាសនាដែលកើតក្នុងអាស៊ីខាងកើត គឺ សាសនាតៅ សាសនាខុងជឺ សាសនាសិន្តោ, សាសនាដែលកើតក្នុងអាស៊ីខាងត្បូង គឺ សាសនាព្រាហ្មណ៍-ហិណ្ឌូ សាសនាជេន សាសនាពុទ្ធ សាសនាសិខ, សាសនាដែលកើតក្នុងអាស៊ីខាងលិច គឺ សាសនាហ្សូរ៉ូអស្ទើរ សាសនាយូដាយ សាសនាគ្រិស្ត សាសនាឥស្លាម សាសនាបាហៃ ។
៣)ចែកតាមលំដាប់នៃវិវឌ្ឍនាការរបស់សាសនា ចែកជា ២ ប្រភេទ គឺ
សាសនាធម្មជាតិ(Natural Religions) បានដល់ សាសនាដែលគោរពបូជាធម្មជាតិ មានលំនឹកថាក្នុងធម្មជាតិ ដូចជា ស្ទឹង ភ្នំ ព្រៃឈើជាដើម មានវិញ្ញាណសណ្ឋិតនៅ ទើបសម្តែងគារវភាពដោយការបួងសួង សែនព្រេន បន់ស្រន់ សំបូងសង្រូង។ល។
សាសនាស្ថាប័ន (Organized Religions) សាសនាប្រភេទនេះមានវិវឌ្ឍនាការមកដោយលំដាប់ មានការចាត់ចែងរបៀបបែបផែនដូចជាការគ្រប់គ្រងជាអង្គការឬស្ថាប័ន ឬអាចហៅថា សាសនាបែបសង្គម ឬ បែបសមាគម (Associative Religions) ដែលចាត់របៀបនៃជំនឿអនុលោមតាមសង្គម ដោយពិចារណាដល់ភាពសមរម្យនៃសង្គមនីមួយ ៗ និងស្ថាបនាជាស្ថាប័នសាសនាឡើង ជាហេតុធ្វើឲ្យសាសនាប្រភេទនេះមានរបៀបនិងបែបផែនរបស់ខ្លួន មានស្ថេរភាពក្នុងសង្គម ដូចជា សាសនាយូដាយ សាសនាគ្រិស្ត សាសនាឥស្លាម សាសនាព្រាហ្មណ៍-ហិណ្ឌូនិង សាសនាពុទ្ធជាដើម ។
៤)ចែកតាមប្រភេទរបស់សាសនិក ចែកជា ៣ ប្រភេទ គឺ
សាសនាកុលសម្ពន្ធ(Tribal Religions) បានដល់ សាសនារបស់ជនអម្បូរណាមួយ ចាត់ជាជំនឿរបស់ជនអម្បូរ ១ ក្រុម ដូចជា សាសនារបស់ជនបុរាណអម្បូរផ្សេង ៗ មានវឌ្ឍនាការជាសាសនាជាតិឡើង ដូចជា សាសនាជេន និង សាសនាព្រាហ្មណ៍-ហិណ្ឌូគោរពកាន់ចំពោះតែក្នុងឥណ្ឌាភាគច្រើន សាសនាហ្សូរ៉ូអស្ទើរគោរពកាន់ចំពោះតែក្នុងកុលសម្ពន្ធព័រសៀរ សាសនាយូដាយឬយិវ គោរពកាន់ចំពោះតែក្នុងប្រទេសឥស្រែលឬកុលសម្ពន្ធយិវ សាសនាសិន្តោគោរពកាន់ចំពោះតែក្នុងរង្វង់ជនជាតិជពុន និងសាសនាខុងជឺគោរពកាន់ចំពោះតែក្នុងរង្វង់ជនជាតិចិន ។
សាសនាសកល(World Religions) បានដល់ សាសនាដែលមានមនុស្សគោរពកាន់នៅទូទាំងសកលលោក មិនកម្រិតនៅនឹងកុលសម្ពន្ធណាមួយឬប្រទេសណាមួយទេ ដូចជា សាសនាពុទ្ធ សាសនាគ្រិស្ត និងសាសនាឥស្លាម ។
សាសនានិកាយ(Segmental Religions) បានដល់ សាសនាដែលកើតចេញពីសាសនាគោល ឬនិកាយកូនរបស់សាសនាសកល កើតឡើងដោយសារគំនាបក្នុងសង្គម ដូចជា ការប្រកួចប្រកាន់ពណ៌សម្បុរ សិទ្ធិសេរីភាពផ្នែកច្បាប់ អសមភាព ។ល។ ប្រជាជនដែលចាញ់ប្រៀបខាងសង្គមទើបរាវរកច្រកចេញនិងថែរក្សាវប្បធម៌របស់ខ្លួន ហើយក៏ស្តារលទ្ធិសាសនានិងរបៀបសង្គមឲ្យជារបស់ខ្លួនឯងឡើង ដោយរួបរួមអ្នកមូលមតិគ្នាផ្សព្វផ្សាយសាសនានិងវប្បធម៌របស់ខ្លួននៅឯនាយសមុទ្រ ដូចជា ក្រុមពុទ្ធបរិស័ទក្នុងឥណ្តូនេស៊ី ក្រុមមុស្លិមស្បែកខ្មៅក្នុងអាមេរិក ក្រុមហ្សូរ៉ូអស្ទើរក្នុងឥណ្ឌា ក្រុមហិណ្ឌូក្នុងអាហ្វ្រិកខាងត្បូងជាដើមដោយអាស្រ័យសាសនាជាត្រីវិស័យចង្អុលបង្ហាញទិសដៅ ។
No comments:
Post a Comment