ក្នុងកម្មវិធីដែលបានចាប់ផ្ដើមពីម៉ោង៨ព្រឹក ដល់រសៀលថ្ងៃនេះ ភាពយន្តខ្មែរមួយរឿងមានចំណងជើងថា "អាគមស្បែកដាច" បានបញ្ចូលជាច្រើននូវកម្មវិធីប្រពៃណីមួយចំនួន សម្រាប់ពិធីក្រុងពាលីចេញថតរបស់ខ្លួន។

លោក ញឹក សម្បត្តិ ចាងហ្វាងផលិតកម្ម ទេពនិករ
កម្មវិធីទាំងនោះមាន ពិធីក្រុងពាលីអញ្ជើញម្ចាស់ទឹកម្ចាស់ដី ពិធីបើកញាណ របាំបួងសួង គោរពភ្លេងជាតិ និងរបាំជូនពរជាដើម។ ពិធីដែលគួរចាប់អារម្មណ៍ គឺពិធីបើកញាណ ដែលគ្រប់គ្នាកម្រនឹងបានឃើញ។ ពិធីនេះ ចាប់ផ្ដើមដោយមនុស្ស៣នាក់ ស្រី២ ប្រុស១ រាំពត់ពេនមុខបដិមាអស់រយៈពេលយ៉ាងយូរ។
អ្នកគ្រូ វណ្ណថា មហាតេជះ ដែលជាអ្នកចេះដឹងផ្នែកទំនៀមទម្លាប់មួយរូប ព្រមជាអ្នករៀបចំកម្មវិធីមួយនេះផង បានឲ្យដឹងថា ពិធីនេះ គឺដើម្បីបើកញាណ បើកព្រះនេត្រឲ្យរូបបដិមា "ជ័យវរ្ម័នទី៧" ។ អ្នកគ្រូថ្លែងថា "ដូចក្មួយបានឃើញ នោះជារូបព្រះអង្គជ័យវរ្ម័ន ដែលយើងទើបធ្វើហើយ មិនទាន់បានបើកញាណ ប្រសិទ្ធីអោយលោកទេ អីចឹងពិធីនេះ គឺដើម្បីបើកញាណអញ្ជើញបារមីឲ្យចូលមកសណ្ឋិតក្នុងព្រះអង្គ ដើម្បីជួយថែរក្សាការពារបងប្អូនយើង ទាំងសិល្បករ ទាំងផលិតកម្មផង"។

លោក លឹម សាខន អ្នកដឹកនាំរឿង
រូបបដិមាព្រះបាទជ័យវរ្ម័នទី៧ អង្គុយពែនភ្នែនកម្ពស់ប្រមាណ២ម៉ែត្រ ត្រូវបានរៀបចំឡើងដោយព្រះហស្តទ្រប្រាសាទអង្គរវត្ត។ លោក លឹម សាខន ដែលនឹងត្រូវចូលខ្លួនមកដឹកនាំរឿងខាងលើ ប្រាប់ថា ក្រុងពាលី ជារឿងបន្ទាប់ រឿងដំបូង គឺចង់ធ្វើពិធីបើកញាណព្រះអង្គជ័យវរ្ម័នតែម្ដង ព្រោះជារូបតំណាងផលិតកម្មទេពនិករ។
លោក ថ្លែងថា “ទេពនិករ គឺជាអាទិទេព តំណាងឲ្យភាពអច្ឆរិយ អីចឹងបានយើងយករូបនេះធ្វើជាតំណាង ពេលដែលយើងចេញទៅ គឺតំណាងឲ្យខ្មែរយើងតែម្ដង"។ អ្នកដឹកនាំរឿងដដែល បន្តថា កម្មវិធីផ្សេងទៀតដែលលោក និងចាងហ្វាងផលិតកម្មមូលមតិគ្នាធ្វើ មានដូចជាក្រុងពាលី បើកញាណ និងពិធីបួងសួងជាដើម គឺដើម្បីគាំទ្រ និងថែរក្សា ព្រមទាំងបណ្ដុះគំនិតឲ្យប្រជាពលរដ្ឋយើង ស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ។
ជាផ្នែកមួយនៃពិធីខាងលើ រឿង "អាគមស្បែកដាច" ក៏ត្រូវបានក្រុងពាលីព្រមគ្នា ដែលតាមកញ្ញា ថៅ ពេជ្រអម្រិត អ្នកគ្រប់គ្រងការផលិត បានឲ្យដឹងថា រឿងនេះនឹងចេញថតផ្លូវការនៅថ្ងៃទី ១៧ ឧសភាខាងមុខ ដោយគ្រោងចំណាយពេលប្រមាណ ៤ខែ ជាមួយកញ្ចប់ថវិកាប្រមាណ១០ម៉ឺនដុល្លារ។ កញ្ញា បន្តថា សាច់រឿងទាំងមូល នឹងត្រូវសម្រិតសម្រាំង ព្រោះការផលិត មិនតម្រូវតែទីផ្សារក្នុងស្រុកនោះទេ។

"យើងអាចនិយាយបានថា ជារឿងដ៏ល្អមួយ ដែលយើងបានធ្វើយ៉ាងម៉ត់ចត់ ក្នុងនោះការសម្ដែងផ្សេងៗ ដែលធ្វើក្នុងដំណាក់កាល Pre-Production មានការហាត់ក្បាច់គុនល្បុក្កតោជាដើម គឺចំណាយពេលជាច្រើនខែ គឺឲ្យពួកគាត់សម្ដែង ទាល់តែដល់ចំណុចយកបាន ទើបឲ្យឈប់ ព្រោះរឿងយើងជារឿងបែបវាយតប់ បាញ់ប្រហារ។ សំខាន់បំផុតយើងមានសាច់រឿងស៊ីជម្រៅមួយ មិនសើៗទេ វ៉ៃក៏ខ្លាំង បាញ់ក៏ខ្លាំង សម្ភារៈបច្ចេកទេសក៏ខ្លាំង។ ក្រោយពីផលិត យើងគ្រោងយកទៅបញ្ចាំងនៅប្រទេសថៃ និងប្រទេសជិតខាងយើងផ្សេងទៀត"។
“អាគមស្បែកដាច" ជាប្រភេទរឿងមន្តអាគម ឆ្លុះបង្ហាញពីអំពើល្អ និងអំពើអាក្រក់ ដែលជាសុភាវៈមានក្នុងសាច់រឿង និងក្នុងសង្គមពិត។ រឿងនេះ មិនមែនជារឿងទី១របស់ទេពនិករទេ កញ្ញា អម្រិត ឲ្យដឹងថា រឿងមួយចំនួនផលិតដោយផលិតកម្មនេះដែរ មាន "លោហិតអាទិទេព" និង "ចាំស្នេហ៍វិលវិញ" ជាដើម គ្រោងនឹងដាក់បញ្ចាំងជូនប្រិយមិត្តឆាប់ៗ៕



_large.jpg)

អត្ថបទ៖ ទារិកា
No comments:
Post a Comment