Wednesday, July 19, 2017

ព្រះ​ជីវប្រវត្តិ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី៧


By Ros Chandara - July 8, 201795
Share on Facebook Tweet on Twitter

(​ម​.​ត្រា​ណេ​)

​នៅក្នុង​អារម្មណ៍​មនុស្ស​ខ្មែរ​គ្រប់រូប គ្មាន​អ្នកណាម្នាក់​អាច​បំភ្លេច​បានឡើយ​នូវ​ព្រះបរមនាម​ព្រះមហាក្សត្រ​ខ្មែរ​មួយ​ព្រះអង្គ ដែល​លេច​ត្រដែត​គួរ​ឲ្យ​កោតស្ញប់ស្ញែង គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ក្នុងសម័យ​កាល​ដ៏​រុងរឿង​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ សតវត្ស​ទី​១២ (​គ​.​ស ១១៦២-១២០១)​។ ព្រះបរមនាម និង​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះអង្គ​ល្បី​រន្ទឺ​មិន​ត្រឹមតែ​នៅក្នុង​កម្ពុជា​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​រញ្ជួយ​ខ្ទរខ្ទារ​ដល់​អ្នក​ប្រវត្តិវិទូ​ល្បីៗ​នៅលើ​លោក​ថែមទៀត​។​

​ព្រះ​ជីវប្រវត្តិ​សង្ខេប​

​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​ធរ​និ​ន្ទ្រ​វរ្ម័នទី​២ (១១៥០-១១៦០) ព្រះ​មាតា​ព្រះនាម ចុ​ឌា​មុនី ដែលជា​ព្រះរាជ​បុត្រី​ព្រះបាទ​ហសិ​វរ្ម័នទី​៣ ហើយ​ព្រះអង្គ​ត្រូវជា​បងប្អូន​ជីដូនមួយ​និង​ព្រះបាទ​សុរិយា​វរ្ម័នទី​២​។ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយនិង​ព្រះ​នាង​ជ័យ​រាជទេវី​ជា​ព្រះ​អគ្គមហេសី ហើយ​មាន​ព្រះ​ព្រះរាជបុត្រ​មួយ​ព្រះអង្គ​ព្រះនាម​ស្រិ​ន្ទ្រ​វរ្ម័ន​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើមឡើយ​ឈ្មោះ​ជ័យ​ធន ប្រសូត​ប្រមាណ​ឆ្នាំ ១១២៥ ហើយ​ព្រះអង្គ​ឡើង​គ្រងរាជ្យ​ក្នុង​គ​.​ស ១១៦២ ក្នុង​ចន្លោះ​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣​។ ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ប្រទេស​ខ្មែរ​មាន​ផ្ទៃ​នគរធំ​ទូលាយ​ខាងកើត​ទល់​និង​ប្រទេស​ចាម ខាងត្បូង​ទល់​និង​សមុទ្រ ខាងលិច​ទល់​និង​ភូមា ខាងជើង​ទល់​និង​ប្រទេស​ចិន ពោលគឺ​ប្រទេស​យើង​ពុំទាន់​បែកបាក់​នៅឡើយ​។ ភាព​ធំធេង​នៃ​នគរ​ខ្មែរ នា​សម័យ​នោះ ពុំមែន​ជា​លទ្ធផល​នៃ​វាតទី​និយម​ទេ ព្រះអង្គ​គ្រាន់តែ​កាន់កាប់​ដោយ​ពង្រឹង​តំបន​ន់​នានា ដែលជា​អតីត​ទឹកដី​ខ្មែរ​តែប៉ុណ្ណោះ​។
​ព្រះ​កេស​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សារមន្ទីរ​ហ្គី​មេ ប្រទេស​បារាំង (​ម​.​ត ២០០៦)

​ ​ព្រះ​អង្គជា​ស្តេច​សឹក​មួយអង្គ​ដ៏​ខ្លាំងពូកែ និង​មាន​ព្រហ្ម​វិហារធម៌​ដល់​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​។ ព្រះអង្គ​បាន​ចាត់​ឲ្យ​បង្ក្រាប​ពួក​បះបោរ​នៅក្នុង​ប្រទេស ដោយ​បង្រួបបង្រួម​ខេមរជន​ទាំងអស់ ដែល​នៅក្រោម​ការ​ត្រូ​ត​ត្រា​របស់​ព្រះអង្គ អោយ​ដើរ​ផ្លូវ​តែមួយ​តាម​ដង្ហែ​ព្រះអង្គ​។ ក្រោយពី​ការបង្ក្រាប​ពួក​បះបោរ និង​បង្រួបបង្រួម​ជាតិ​បាន​ហើយ ព្រះអង្គ​បាន​បញ្ជា​ឲ្យ​លើកទ័ព​ទៅ​វាយ​ចម្ប៉ា​នៅ​វិជ័យ ក្នុងការ​វាយបក​សង​វិញ ដែល​ចាម​បាន​វាយ​ឈ្លានពាន​ក្នុង​រាជ្យ​របស់​បិតា​ព្រះអង្គ​។​

​ ​នៅពេលដែល​ព្រះអង្គ​កំពុង​ជាប់ដៃ​ច្បាំង​នៅ​ប្រទេស​ចម្ប៉ា​នោះ បិតា​របស់​ព្រះអង្គ​ក៏​សុគត​ទៅ​។ នៅ​ឆ្នាំ ១១៦៥ ពេលដែល​ព្រះបាទ​យ​សោ​វរ្ម័នទី​២ ត្រូវ​មន្ត្រី​ម្នាក់​ធ្វើ​គុត នោះ​ព្រះអង្គ​ក៏​ទ្រង់​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ជួយសង្គ្រោះ​ព្រះបាទ​ទ័យ​វរ្ម័នទី​២​។ ប៉ុន្តែ​ជាការ​ឥតប្រយោជន៍ ព្រោះ​ព្រះបាទ​ត្រី​ភូ​វនា​ទិ​ត្យ​វរ្ម័ន​បាន​ឡើង​គ្រងរាជ្យ​ផុត​ទៅហើយ​។ ដូច្នេះហើយ​បានជា​ព្រះអង្គ​ត្រូវ​សម្ងំ​មួយរយៈ​សិន ដើម្បី​រង់ចាំ​ឱកាសល្អ​ប្រហែល​១២​ឆ្នាំ គឺ​រហូតមកដល់​ឆ្នាំ​១១៧៧ ឆ្លៀត​ពេលដែល​ពួក​ចាម​ចូលមក​លុកលុយ និង​ដុតបំផ្លាញ​រាជធានី​អង្គរ ហើយ​បានធ្វើ​គុត​ព្រះបាទ​ត្រី​ភូ​វនា​ទិ​ត្យ​វរ្ម័ន ពេលនោះ​រាជបល្ល័ង្គ​នៅ​ទំនេរ ព្រះអង្គ​យល់ថា ជា​ឱកាសល្អ​មកដល់​ហើយ ដើម្បី​ព្រះអង្គ ឡើង​គ្រងរាជ្យ​។ ប៉ុន្តែ​មុននឹង​ប្រកាស​ព្រះ​អង្គជា ព្រះ​ចៅ​ក្រុង​កម្ពុជា ព្រះអង្គ​ត្រូវ​កំចាត់ទ័ព​ចាម​ឈ្លានពាន​ឲ្យ​អស់ពី​ទឹកដី​ជាមុនសិន​។ ដូចនេះហើយ ទើប​ព្រះអង្គ​ចាប់​ផ្តើមធ្វើ​សកម្មភាព​នយោបាយ ដើម្បី​ស្រោចស្រង់​ប្រទេស​កម្ពុជា​ឡើងវិញ ព្រះអង្គ​បាន​អំពាវនាវ និង​ប្រមូល​ខេមរជន ដើម្បី​វាយ​ទៅលើ​ប្រទេស​ចាម​វិញ​។​

​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧

​ ​ការកសាង​អង្គរធំ ឬ​អង្គរ​ទី​៣ : ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ជា​ព្រះមហាក្សត្រ​ខ្មែរ​មួយ​ព្រះអង្គ ដែលមាន​គុណបំណាច់​មួយ​យ៉ាង​ធំ​ចំពោះ​ប្រទេសជាតិ ដោយបាន​ធ្វើការ​រំដោះទឹកដី​អោយ​ផុតពី​ការត្រួតត្រា​របស់​បរទេស ក្រៅពី​ព្រះអង្គ​ទ្រង់​ជា​ស្តេច​សឹកសង្គ្រាម ព្រះអង្គ​ក៏​ទ្រង់​ជា​ព្រះរាជា​ខ្មែរ​មួយអង្គ​ដែល​កសាង​សមិទ្ធផល​ច្រើនជាងគេ​បំផុត ជាពិសេស​គឺ​អង្គរ​ទី​៣ ឬ​អង្គរធំ​។ សិលាចារឹក​មួយ​នៅ​សាយ​ហ្វុ​ង (​ទល់មុខ​វៀង​ចាន់ ប្រទេស​លាវ​) ក៏បាន​បង្ហាញអោយឃើញ​ថា ព្រះ​អង្គជា​ក្សត្រ​ដែល​បាន​ផ្សព្វផ្សាយ​គុណធម៌​ដល់​ប្រជានុរាស្ត្រ​ខ្លាំង​ណាស់ដែរ ដោយសារតែ​ការ​ខំប្រឹងប្រែង និង​ការយកចិត្តទុកដាក់រ​បស់​ព្រះអង្គ​ចំពោះ​សេចក្តី​សុខទុក្ខ​របស់​ប្រជារាស្ត្រ ដោយ​ព្រះអង្គ​យល់ឃើញថា “​ទុក្ខសោក​របស់​រាស្ត្រ គឺជា​ការឈឺចាប់​វេទនា​របស់​ព្រះអង្គ ហើយ​ខ្លាំង​ជាង​ការឈឺចាប់​របស់​ព្រះអង្គ​ទៅទៀត​”​។​

​ ​នៅ​ដើម​សតវត្ស​ទី​១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ទឹកដី​មាន​ទំហំ​ធំ​ទូលាយ​ជាង​ក្សត្រ​អង្គណាៗ​ទាំងអស់​។ ក្រោយពី​ព្រះ​នាង​ជ័យ​រាជទេវី​សុគត​ទៅ​ព្រះអង្គ​បានរៀបចំ​អភិសេក​ជាមួយ​ព្រះ​នាង​ឥន្ទ្រ​ទេវី ដែលជា​បង​បង្កើត​របស់​ព្រះ​នាង​ជ័យ​រាជទេវី​។ ព្រះ​នាង​ឥន្ទ្រ​ទេវី ជា​ក្ស​ត្រី​ដែល​សម្បូរ​ដោយ​តំរិះ​វិជ្ជាការ ត្រូវបានតែងតាំង​ជា​សាស្ត្រាចារ្យ​ក្នុង​វត្ត​ព្រះពុទ្ធសាសនា​មួយ​។​

​ ​កិច្ចការ​ជាដំបូង​ដែល​ត្រូវបំពេញ​ជាបន្ទាន់​នៅ​ដើម​រជ្ជកាល​របស់​ព្រ​អង្គ គ​.​ស ១១៨១ គឺ​ការកសាង​រាជធានី​អង្គរធំ ដើម្បី​ជំនួស​រាជធានី​យ​សោធ​បុ​រៈ ដែល​ត្រូវបាន​ពួក​ចាម​ដុតបំផ្លាញ​ចោល​។ ដើម្បី​ការពារ​ទីក្រុង​នេះ ព្រះអង្គ​បាន​កសាង​កំផែង​ថ្ម​ព័ទ្ធជុំវិញ​ក្រុង​ដែលមាន​ប្រវែង​១២​គ​.​ម​។ នៅ​ចំ​កណ្តាល​រាជធានី ព្រះអង្គ​បាន​កសាង​ប្រាសាទបាយ័ន ដើម្បី​ទុក​គោរព​ដល់​ព្រះពុទ្ធសាសនា​។​

​ ​បាយ័ន​គឺជា​ប្រាសាទភ្នំ ដែល​សាង​នៅក្នុង​រជ្ជកាល​របស់​ព្រះអង្គ​នៅក្នុង​ប្រាង្គ​កណ្តាល មាន​តម្កល់​ព្រះពុទ្ធ​បដិមា​មួយ ព្រះអង្គ​ដែលមាន​កំពស់​ជិត ៩​ម៉ែត្រ​។ ត្រង់នេះ​សរ​ឲ្យ​ឃើញថា ព្រះអង្គ​មាន​ទេពកោសល្យ​ចេះ​សម្របសម្រួល​អ្វី​ដែលជា​របស់​ចាស់ (​ប្រាសាទភ្នំ​) អោយទៅជា​របស់​ថ្មី (​ពុទ្ធ​រាជ​) ដើម្បី​ជា​កម្លាំងចិត្ត​ដល់​ពួក​ព្រាហ្មណ៍ និង​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​។​

​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ជា​ក្សត្រ​មួយអង្គ​ដែលមាន​ជំនឿ​មុតមាំ​លើ​ព្រះពុទ្ធសាសនា (​លោកេស្វរៈ​) បន្ត​អំពី​ព្រះបិតា​របស់​ព្រះអង្គ​។ គេ​ពុំ​ដឹងថា តើ​ព្រះអង្គ​សុគត​នៅ​ឆ្នាំ​ណា​ទេ ព្រះអង្គ​ក៏​បាត់បង់​ដំណឹង​ពី​អង្គរ​នៅ​រវាង​ឆ្នាំ ១២០២ និង​១២០៨​។ ក្រៅពី​ព្រះ​អង្គជា​ស្តេច​សឹក​ដ៏​ខ្លាំងពូកែ​នោះ ព្រះអង្គ​ក៏​ជា​ស្តេច​ដែល​សាង​ប្រាសាទ​ច្រើនជាងគេ​បំផុត និង​ជា​ក្សត្រ​ដែល​បាន​ផ្សព្វផ្សាយ​គុណធម៌​ដល់​ប្រជានុរាស្ត្រ ដោយ​ព្រះអង្គ​បាន​សាង​នូវ​មន្ទីរពេទ្យ​ព្យាបាល​រោគ​ជាច្រើន​ពាសពេញ​នគរ​។​

​ ​ក្នុង​វិស័យ​សំណង់ ក្រៅពី​ការកសាង​រាជធានី (​អង្គរធំ​) ឬ អង្គរ​ទី​បី​នោះ ព្រះអង្គ​បាន​កសាង​ប្រាសាទព្រះខ័ន នៅ​ឆ្នាំ ១១៩១ សម្រាប់​ជាទី​រំ​ឮ​ក​ដល់​ព្រះវរបិតា ប្រាសាទតាព្រហ្ម​នៅ​ឆ្នាំ ១១៨៦ សម្រាប់​តំកល់​បរម​រូប​នៃ​ព្រះ​វរមាតា និង​រូប​សម្តេចព្រះគ្រូ​នៅ​ប្រាសាទបន្ទាយឆ្មារ ដើម្បី​ថ្វាយ​ឧទ្ទិស​ដល់​ព្រះរាជបុត្រ​របស់​ព្រះអង្គ ព្រះនាម ស្រិ​ន្ទ្រ​កុមារ និង​ជន​ក្បត់​រាហូ​។​

​ ​នៅ​តំបន់​អង្គរ ព្រះអង្គ​បាន​សាង​ប្រាសាទបន្ទាយក្តី ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទបី ប្រាសាទ​នគរ ប្រាសាទតាព្រហ្ម ប្រាសាទ​ចោម​ព្រះ (​នៅ​សុ​រិ​ន្ទ្រ ស្រុក​សៀម​) ប្រាសាទ​សិ​ង្គ (​នៅ​កញ្ជ​នៈ​បុរី ស្រុក​សៀម​) ប្រាសាទ​កំផែង​តូច (​ស្រី​ស្លា​កេ​ត ស្រុក​សៀម​) ប្រាសាទ​នាង​រាំ (​នគររាជ​សីមា​) ដែលជា​មន្ទីរពេទ្យ​។ ដើម្បី​បុព្វហេតុ​ផ្សះផ្សារ​ជាតិ និង​បង្រួបបង្រួម​ជាតិ ព្រះអង្គ​ថែមទាំង​ជួសជុល​ឡើងវិញ​នូវ​ប្រាសាទ​ចាស់ៗ ដែល​ទ្រុឌទ្រោម ឬក៏​បាន​សាងសង់​នូវ​ប្រាសាទ​ថ្មី រចនា​ប័​ថ្ម​បាយ័ន​នៅលើ​គ្រឹះ​នៃ​ទេវស្ថាន​ចាស់ៗ ដូចជា​នៅ​ប្រាសាទ​គោ នៅ​ខេត្តកំពង់ធំ​ជាដើម ជាហេតុ​ដែល​នាំ​ឲ្យ​យើង​ឃើញ​នៅ​មាត់ទ្វារ​នៃ​ប្រាសាទ​គោ​នេះ ដែល​បាន​សាង​ឡើង​ដោយ​ព្រះ​ហ​ស្ថ​របស់​ព្រះអង្គ នូវ​វត្ត​មាននៃ​ក្បាច់​ផ្តែរ នា​សតវត្ស​ទី​៧ ដែលជា​រចនា​ប័​ថ្ម​សម្បូរ​ណ៍​ព្រៃ​គុក​។ ប្រាសាទ​នីមួយៗ​មាន​វត្ថុ​ប្រើប្រាស់​ដ៏​មានតម្លៃ​ជាច្រើន​ដូចជា នៅ​ប្រាសាទតាព្រហ្ម មាន​ចាន​មាស​មួយ​ដែលមាន​ទម្ងន់​ជាង​ប្រាំ​រយ​គីឡូក្រាម ចាន​ប្រាក់​ចំនួន ៣៥​គ្រាប់​គជ់​ចំនួន ៤០៦២០​គ្រាប់ ត្បូង​ចំនួន ៤៥៤០​គ្រាប់ ផ្តិលមាស​រនាំង​ពី​ស្រុក​ចិន​ចំនួន ៨៧៦ ក្លស់ ៥២៣ និង​គ្រែ​សូត្រ​ចំនួន ៥១២​។

​ ​ដើម្បី​ការពារ និង​ថែរក្សា​ប្រាសាទ​ទាំងអស់នេះ ព្រះអង្គ​បាន​បង្កើត​ឲ្យ​មាន​ភូមិ​ចំណុះ​ជាច្រើន និង​ចាត់​ឲ្យ​មាន​រៀបចំ​កិច្ចការរដ្ឋបាល និង​បុគ្គលិក ប្រចាំការ​ជាច្រើន​នាក់​ទៀត​ដូច​ជាមាន អធិការ​មាន​អ្នក​ចាំ​គាល់​បំរើ និង​មាន​ស្រី​របាំ​ផង​។ ក្រៅពី​ការកសាង​ប្រាសាទ ព្រះអង្គ​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជានុរាស្ត្រ ដោយបាន​សាងសាលា​សំណាក់ ១២១ សម្រាប់​អ្នកដំណើរ វត្ត​អា​រ៉ា​ម​សម្រាប់​ទុក​ទទួល​និស្សិត សាសនិកជន​ឲ្យ​ចូលរៀន​វិជ្ជា​ផ្សេងៗ​។​

​ ​ក្រៅពីនេះ ព្រះអង្គ​បានរៀបចំ​ឲ្យ​មាន​ក្រសួងសុខាភិបាល​ដោយ​បង្កើតអោយមាន​មន្ទីរពេទ្យ​ចំនួន ១០២ នៅ​ពាសពេញ​នគរ​មាន​បុគ្គលិក មាន​គ្រូពេទ្យ បង្កើត​ឲ្យ​មាន​គ្រឿង​បរិភោគ និង​មាន​ឱសថ​គ្រប់យ៉ាង មនុស្ស​គ្រប់​វណ្ណៈ អាច​ចូល​ព្យាបាល​បាន​នៅក្នុង​មន្ទីរពេទ្យ​ដូចគ្នា​។ ក្នុង​មួយឆ្នាំៗ ក្រសួងសុខាភិបាល​រប​ស់​ព្រះអង្គ បាន​ចាយវាយ​ស្រូវ អង្ករ អស់ ១១១៩២​តោន ល្ង​អស់ ២១២៤​គ​.​ក្រ ក្រវ៉ា​ញ ១០៥​គ​.​ក្រ ខ្លឹម​ច័ន្ទ​ន៍ ៣៤០២​គ​.​ក្រ ថ្នាំ​គ្រុន ៤០០០​គ្រាប់ ថ្នាំ​ឫសដូងបាត ១៩៦០​ប្រអប់​។​

​ ​ក្រៅពីនេះ ឃ្លាំង​ព្រះរាជ​ទ្រព្យ បាន​បើក​ឲ្យ​នូវ​វត្ថុធាតុដើម​សម្រាប់​ផ្សំ​ឱសថ ដូចជា​ទឹកឃ្មុំ សាប៊ូ ទឹកដោះ ប្រេង ក្រមួន​ជាដើម ចំនួន​បី​លើក​ក្នុង​មួយឆ្នាំៗ​។ ក្រោយ​ពេលដែល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ សុគត​ទៅ សំណង​ប្រាសាទ​នានា​ត្រូវបាន​បញ្ឈប់ ប៉ុន្តែ​អានុភាព​របស់​ខ្មែរ នៅតែ​រុងរឿង​នៅឡើយ រហូតដល់​ចុង​សតវត្ស​ទី​១៣ មុន​ការបែកបាក់​មហានគរ​ខ្មែរ​ដោយសារ​ភ្លើងសង្គ្រាម​វាតទី​និយម​៕

No comments:

Post a Comment