Wednesday, July 19, 2017

ព្រះ​នាង​ឥន្ទ្រ​ទេវី​ និង​ព្រះ​នាង​ជ័យ​រាជទេវី​

ផ្ទាំង​សិលាចារឹក នៃ​ប្រាសាទវិមានអាកាស ដែលជា​ព្រះរាជ​និពន្ធ​របស់​ព្រះ​នាង​ឥន្ទ្រ​ទេវី បានបង្ហាញ​នូវ​តួនាទី​យ៉ាងសំខាន់​កប់​កំពូល របស់​ស្រី្ត​ក្នុងសង្គម​ខ្មែរ​នា​ចុង​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ គ​.​ស ។ តទៅ​នេះ​យើង​សូម​ដកស្រង់​នូវ​ខ្លឹមសារ ឯកសារ​ប្រវត្តិសាស្ត្រ ដ៏​សំខាន់​ខាងលើនេះ ដើម្បី​លាតត្រដាង​នូវ​ព្រឹ​តិ្ត​ការណ៍​នយោបាយ​វប្បធម៌​របស់​ជាតិ​យើង ។​

​តាមពិត​ទៅនេះ​ប្រហែលជា​លើក​ទី​១​ក្នុង​ប្រ​វិ​តិ្ត​សាស្ត្រ​ ហើយ ដែល​គេ​ឃើញ​មាន​ស្ត្រី​ល្បីល្បាញ​ម្នាក់​មាន​ឯកសារ​ស្តីពី​ជីវប្រវត្តិ​ របស់ខ្លួន និង របស់​ប្អូនស្រី​របស់​នាង ។ តាម​ឯកសារ​នេះ​យើង​បានដឹងថា ព្រះ​នាង​ឥន្ទ្រ​ទេវី គឺជា​បងស្រី​ព្រះ​នាង​ជ័យ​រាជទេវី ដែលជា​មហេសី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ជា​មហាក្សត្រ​ខ្មែរ​មួយអង្គ​ដែល​បាន​នាំមក​នូវ​ឯកភាព​ជាតិ និង​ជីវភាព​រុងរឿង​ថ្កុំថ្កើង អស្ចារ្យ​នៃ​ប្រទេស​កម្ពុជា ។ វា​ក៏បានផ្តល់​ចំពោះ​យើង​នូវ​ព័ត៌មាន​ជាច្រើន​ទៀត​ដែរ​ស្តីពី​ជីវភាព​រស់នៅ របស់​ព្រះរាជា​ខ្មែរ​នា​សម័យបុរាណ ក៏ដូចជា​សតិសម្បជញ្ញៈ​របស់ អ្នកនិពន្ធ​នៃ​សិលាចារឹក​នេះ ។​

​រូប​ព្រះ​នាង​ឥន្ទ្រ​ទេវី (​ឯកសារ​បារាំង​)​     ​តាម​ការវិភាគ​បង្ហាញថា ផ្ទាំង​អក្សរ​ចារឹក​ដ៏​សំខាន់​ខាងលើនេះ សរសេរ​ជា​កំណាព្យ​មាន​១០២​ឃ្លា ជា​ភាសា​សំ​ស្រឹ្ក​ត ។ ថ្វីត្បិតតែ សិលាចារឹក​នេះ ត្រូវ​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ ក៏​យើង​នៅតែ​ឃើញ​នូវ​ភាសា​ដ៏​ល្អឥតខ្ចោះ​របស់​ព្រះ​នាង ឥន្ទ្រ​ទេវី និង​ទេពកោសល្យ ផ្នែក​អក្សរសាស្ត្រ របស់​ព្រះ​នាង ដោយ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ការប្រើប្រាស់​ជើង​កាព្យ​មាន​លក្ខណៈ​ដ៏​ល្អ​កម្រ​រកបាន ។​
   ​
​    ​តាម​ខ្លឹមសារ​នៃ​សិលាចារឹក​បុរាណ​យើង​ដឹងថា ក្រោយពី​ការ​បួងសួង​ចំពោះ​ត្រី​កាយ គឺ​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ មាន​កំណាព្យ​ចំនួន ៣៦​ឃ្លា​ត្រូវបាន​ឧទ្ទិស​ចំពោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែលជា​ព្រះ​ស្វាមី​របស់​ព្រះ​នាង​ព្រមទាំង​សន្តតិវង្ស​របស់​ព្រះអង្គ និង​ការចេញដំណើរ​របស់​ព្រះអង្គរ​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ធ្វើសឹក ។ បន្ទាប់មក​នៅ​ឃ្លា​ទី​៥៤​នៃ​កំណាព្យ មាន​អធិប្បាយ​កត់ត្រា​ពី​ជីវិត​រស់នៅ និង ស្វាមីភ័ក្តិ​និង​កិច្ចការ​របស់​ព្រះ​នាង​ជ័យ​រាជទេវី​រហូតដល់​ព្រះ​នាង​ចូល ​ទិវង្គត ។​

​    ​គេ​ក៏​បានដឹង​ទៀតថា ក្រោយ​ពេលដែល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ មហា​បុរស​ខ្មែរ​យាង​ចេញដំណើរ​ឆ្ពោះទៅ​ប្រទេស​ចម្ប៉ា ដើម្បី​តស៊ូ​រស់ នៅក្នុង​ភាព​និរទេស​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ព្រះ​នាង​ជ័យ​រាជទេវី​រស់នៅ​ឯកោ​ក្នុង​ភាពជា​អ្នកបួស​នៅ​ប្រទេស​កម្ពុជា ។ ព្រះ​នាង​បាន សម្តែង​ពី​ភាព​សោកសៅ និង​ក្រៀមក្រំ​បំផុត​ដ៏​យូរអង្វែង​ដោយ​ធ្វើ​តាបស (​សមាធិ​) និង​ចំពោះ​ការអាណិតអាសូរ​ស្មោះត្រង់​ឃ្លាតឆ្ងាយ​ពី​ព្រះ​ស្វាមី ជាទី​សក្ការៈ​របស់​ព្រះ​នាង ។​

​    ​ឃ្លា​ទី​៥៦​កំណាព្យ​បាន​ពណ៌នា​ថា : បងស្រី​ព្រះ​នាង​ឥន្ទ្រ​ទេវី​បាន​ណែនាំ​ព្រះ​នាង​ឲ្យ​ប្រកាន់​ ភាពស្ងប់ស្ងាត់​ក្នុង​ចិត្ត និង​តាម​ការ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​អង្គ​ចៀសវាង​ឆ្ងាយ​ពី​ភ្លើង​នៃ​ ក្តីកង្វល់​នានា ។ ព្រះ​នាង​បាន​ប្រព្រឹត្ត​តាម​គន្លង​ធម៌​របស់​ព្រះពុទ្ធ ជាទី​សក្ការៈ ។ ដូច្នោះ ព្រះ​នាង​ក៏បាន​ទទួលជោគជ័យ​នៅក្នុង​ការប្រតិបត្តិ​នេះ ។​

​    ​សិលាចារឹក​ក៏បាន​បន្ថែមថា ដោយសារ​ការប្រតិបត្តិ​ធម៌​នេះហើយ បានជា​ក្នុង​កែវភ្នែក​របស់​ព្រះ​នាងៗ​បានឃើញ​រូបភាព​របស់​មនុស្ស ម្នាក់​ជាទី​ស្រលាញ់​របស់​ព្រះ​នាង បាន​ផុស​ឡើង​ដោយ​រូប​របស់​ស្វាមី​ព្រះ​នាង​ល្អ​ស្រស់​ជាង​បិ​ស្មះ​ទៅទៀត ។ នៅក្នុង​អារម្មណ៍​របស់​ព្រះ​នាង ដែល​ទទួល​ការឈឺចាប់​ប្រែក្លាយ​ទៅជា​ក្តី​រីករាយ (​កំណាព្យ​ឃ្លា​ទី​៥៩-៦២) ។​

​    ​សូមបញ្ជាក់ថា ចាប់តាំងពី​ត្រង់នេះ​តទៅ ពាក្យ​ជាច្រើន​នៃ​កំណាព្យ​ត្រូវបាន​បាត់បង់ ដែលជា​ការពិបាក​ដើម្បី​ឲ្យ​យើង​យល់​ន័យ​គ្រប់គ្រាន់​នៃ​ហេតុការណ៍​ជា​បន្ត ។​

​    ​យើង​ក៏បាន​ទទួល​នូវ​ព័ត៌មាន​ជា​បន្ថែមទៀតថា ហេតុការណ៍​មួយទៀត​បាន​ផុសចេញ គឺ​ព្រះ​នាង​បាន​ប្រាថ្នា​ប្រារព្ធ​ពិធី​មួយ ដែល​ព្រះ​នាង​អាច​ដឹង​ជាមុន​នូវ​អ្វីៗ​ដែល​នឹង​អាច​កើតឡើង​ចំពោះមុខ រូបភាព នៃ​អវត្តមាន​ស្វាមី​ព្រះ​នាង ។ កំណាព្យ​ពីរបាន​ពណ៌នា​ថា ប្រសិនបើ​ឆ្លើយ តប​ទៅនឹង​ការ​អង្វរករ​របស់​ព្រះ​នាង​នោះ ស្វាមី​របស់​ព្រះ​នាង​នឹង​វិលត្រឡប់​មកកាន់​ប្រទេស​វិញ​ភ្លាម ដូច​ទេវតា​និមិត្ត​ឲ្យ​ឃើញ តាមរយៈ​បុណ្យ​ភក្តីភាព​ដ៏​ខ្លាំងក្លា​ចំពោះ​ស្វាមី​នាង ដោយ​កម្លាំង​នៃ​ការប៉ង​ប្រាថ្នា​របស់​ព្រះ​នាង (​ឃ្លា​ទី​៦៣-៦៥ នៃ កំណាព្យ​) ។​

​ដើម្បី​បញ្ជាក់​ពី​ការដឹងគុណ​ចំពោះ​ការទទួលបាន​មកវិញ​នូវ​ ស្វាមី​របស់​ព្រះ​នាង​នោះ ព្រះ​នាង​ជ័យ​រាជទេវី បាន​បង្កើត​ការងារ​ជួយសង្គ្រោះ និង​គួរ​ឲ្យ​ស្រលាញ់ (​ឃា្ល​ទី​៧១-៩៣ នៃ កំណាព្យ​) ។ សកម្មភាព​មួយ​ដូចជា​ការសម្តែង​ពី​សោកនាដកម្ម ដំណើររឿង​ដែល​ត្រូវបាន លើកឡើង​ពី​ជាតក (​ឃ្លា​ទី​៧៣ នៃ​កំណាព្យ​) ហើយ​ដែល​ត្រូវបាន​សម្តែង​ដោយ​ក្រុម​ដូនជី ជ្រើសរើស​ក្នុងចំណោម​នារី​ទុរគត​ដែល​ត្រូវបាន​ម្តាយ​បោះបង់ចោល (​ឃ្លា​ទី​៧៩-៨០) ។ ហេតុការណ៍​នេះ​ក៏បាន​ត្រូវ​លើកឡើង​ផងដែរ​ថា នារី​ទាំងនេះ​ត្រូវបាន​ព្រះ​មហេសី​ទទួលយក​ទុកដូចជា​បុត្រី​របស់​ព្រះ​នាង​ ផ្ទាល់ និង​ត្រូវ​បានផ្តល់​សម្លៀកបំពាក់ និង អំណោយ​ជាច្រើន ហើយ​ត្រូវបាន បង្រៀន​ឲ្យ​ចេះ​ពិធី​ប្រតិ​ប​តិ្ត​ទាន​ទៀតផង ។

​    ​ព្រះ​នា​ឥន្ទ្រ​ទេវី ក៏បាន​ប្រែក្លាយ​ប្អូនស្រី​ព្រះ​នាង​ឲ្យ​ទៅជា​អ្នកប្រតិបត្តិ​ ព្រះពុទ្ធសាសនា​ផងដែរ ។ ម្យ៉ាងទៀត​ហេតុការណ៍ ដែល​ព្រះ​នាង ជ័យ​រាជទេវី បានផ្តល់​ជម្រក​ឲ្យ​ដល់​នារី​ទុរគត​តាមរយៈ​ការ​បំបួស​នារី​ទាំងនោះ​ឲ្យ​ទៅជា ​ដូនជី​បង្ហាញ​ឲ្យ​ឃើញថា ព្រះពុទ្ធសាសនា​ត្រូវបាន​ចាប់ផ្តើម​ជ្រៀតចូល​ទៅក្នុង​ជីវភាព​របស់​ប្រជាជន​ សាមញ្ញ​នៃ​ប្រទេស ។ វា​អាច​កត់សម្គាល់ថា ភាពជា​ដូនជី គឺជា​ប្រភព​តែមួយ​នៃ​ជម្រក​សម្រាប់ ស្រី្ត​ចំណាស់ៗ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ។

​ការសម្តែង​សោកនាដកម្ម​នៃ​រឿង​របស់​ជាតក ប្រហែលជា​ការកំណត់​អំពី​ការចាប់ផ្តើម​នៃ​យុទ្ធនា ការ​ប្រជាជន​ភាវូបនីយកម្ម​នៃ​ការផ្សព្វផ្សាយ​របស់​ព្រះពុទ្ធ​ក្នុងចំណោម​ មហាជន​នានា​នៅក្នុង​ប្រទេស ការគោរព​ប្រណិប័តន៍​មួយ​ដែល​រហូតមកទល់​សព្វ​ថ្ងៃនេះ ។​

​    ​ខ្លឹមសារ​សិលាចារឹក​បានបញ្ជាក់​ទៀតថា ព្រះ​នាង​ជ័យ​រាជទេវី បានធ្វើ អំណោយ​ដ៏​ថ្លៃថ្លា​មួយចំនួន​ចំពោះ​ព្រះ​និកាយ​ធំៗ​នៃ​ព្រះរាជាណាចក្រ (​ឃ្លា​ទី​៨១-៩១​នៃ​កំណាព្យ​) និង​បានដាក់​តម្កល់​រូបសំណាក​មួយចំនួនធំ​ដែល​តំណាង​ឲ្យ​មាតាបិតា ញាតិសន្តាន និង​មិត្ត​ភ័ក្តិ​របស់ ស្វាមី​ព្រះ​នាង (​កំណាព្យ​៩២-៩៣) ។ ក្រោយពេល​ព្រះ​នាង​ចូល​ទិវង្គត (​ឃ្លា​ទី​៩៣) ព្រះ​នាង​ឥន្ទ្រ​ទេវី ដែលជា​បងស្រី​ព្រះ​នាង​បាន​ឡើងជា មហេសី​បន្ត​ពី​ព្រះ​នាង (​ឃ្លា​ទី​៩៤) ។

​​រូបចម្លាក់​ព្រះ​នាង​ឥន្ទ្រ​ទេវី នៅ​សារមន្ទីរ​ហ្គី​មេ (​ប៉ារីស​)​

​     ​ព័ត៌មាន​ដ៏​សំខាន់​មួយទៀត គឺ​ព្រះ​នាង​ឥន្ទ្រ​ទេវី​ត្រូវបាន​ប្រសិទ្ធ​នាម​ដោយ​ព្រះ​នាង​ប្រមុខ​ សាស្ត្រ​ចា​រ្យ នៃ​ពុទ្ធិកៈមហាវិទ្យាល័យ​ន​ជេ​ន្ទ្រា​ទុ​ង្គ ជា​មហាវិទ្យាល័យ​ទីមួយ​បង្រៀន​អំពី​ពិសិដ្ឋ​វិជ្ជា នៃ​ល​ទិ្ធ​ព្រះពុទ្ធសាសនា​នៃ​មហាវិទ្យាល័យ​ឈ្មោះ​និ​លោកុត្តរ និង នៃ​មហាវិទ្យាល័យ​ន​រិ​ន្ទ្រា អាស្រម ដែល​រៀងរាល់ថ្ងៃ​ព្រះ​នាង​បាន​បង្រៀន​ស្រី្ត​នានា​រួមទាំង​ស្ត្រីៗ​ក្នុង​ ព្រះរាជវង្សានុវង្ស​ផង ។

 នេះ​បញ្ជាក់ថា ជនជាតិខ្មែរ​យើង​មាន មហាវិទ្យាល័យ​នា​សតវត្សរ៍​ទី​១២​នៃ​គ​.​ស​មកហើយ ដោយ​ស្ថានភាព​វប្បធម៌​នេះ មិន​ខុស​ប៉ុន្មាន​ពី អរិយ​ប្រទេស​នានា​ក្នុងសម័យ​បុរាណ​ទេ ។ យើង​ក៏បាន​ដឹង​ហេតុការណ៍​បន្ថែមទៀតថា ព្រះ​នាង​បាន​បំពេញភារកិច្ច​ដ៏​ថ្លៃថ្លា​របស់​ព្រះ​នាង ដូចជា​ប្រស្នា​ស្វា​តី (​ទេវតា​ខាង​ប្រាជ្ញា​) មហា​វិទ្យា​ជេ​ន្ទ្រ​ទុ​ង្គ ត្រូវបាន​ពណ៌នា​ថា ជា​មហាវិទ្យាល័យ​ទីមួយ​នៅលើ​ផែនដី​កម្ពុជា ។ វា​ជា​មហា​វិទ្យា​ទី​១ សម្រាប់​នារី​កម្ពុជា ។ គួរ​បញ្ជាក់ថា ជាការ​សោកស្តាយ​បំផុត​ដែល​មួយ​ភាគ​នៃ​ក្បូន​ខ្នាត​ជាតិ​យើង ត្រូវ​រលត់រលាយ​ដោយ​ភ្លើងសង្គ្រាម ក៏ប៉ុន្តែ​ក្បូន​ខ្នាត​មួយចំនួន​តូច​ដែល​សេសសល់​ដូចជា​ក្បួន​តារាសាស្ត្រ ហោរាសាស្ត្រ និង​ច្បាប់ ពិធីការ​នានា ក្រឹត្យក្រម ក៏​អាច​បញ្ជា​ក់នូវ​ភាព​ថ្កុំថ្កើង​កប់​កំពូល​របស់​ខ្មែរ​នា​សម័យបុរាណ​ដែរ ដោយហេតុថា មរតក វប្បធម៌ បច្ចុប្បន្ន​ចេញពី​ខឿនវប្បធម៌​បុរាណ ពោលគឺ​ពុំមែន​កើតឡើង​ដោយ​ឯកឯង​ទេ ។​

​    ​គេ​អាចសន្និដ្ឋាន​អក្សរ​ចារឹក​ថា ព្រះ​នាង​ជ័យ​រាជទេវី​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការបំពេញ ​ឥទ្ធិពល របស់​ព្រះរាជា ក្រោយពេល​ព្រះអង្គ​វិលត្រឡប់​មកពី​ប្រទេស​ចម្ប៉ា​វិញ ជាពិសេស​តាមរយៈ​ការសម្តែង​រឿង​ជាតក ជា​ចំណេះដឹង​មួយ​ដែល​ព្រះ​នាង លើក​មក​សំដែង​ដើម្បី លើកទឹកចិត្ត​ព្រះអង្គ​ឲ្យ​ប្រកាន់យក​តួនាទី​ជា​ព្រះ​ពោធិសត្វ  ឬ​ព្រះ​នាង​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​ប្រែ ក្លាយ​ស្វាមី​ព្រះ​នាង​ដែលជា​អ្នក​សងសឹក​គ្មាន​មេត្តា​ចំពោះ​ជនជាតិ​ចាម​ដ៏​ ឃោរឃៅ​ទៅជា​អសោក​ដូច​ព្រះ​នាង​ដែរ ?
​    ​ការសាងសង់​មន្ទីរពេទ្យ​ចំនួន​១០២ កន្លែង​និង​ភោ​ជ​នា​ល័យ​១០២​កន្លែង​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ក៏ដូចជា​មេត្តាធម៌​របស់​ព្រះអង្គ ចំពោះ​ជីវិត​ដែល​កើតមាន​ឡើងជា​ការដើរ​តាម​អ​សោកា​ធិ​រាជ ។ ឧ​ទារ​ហណ៍ អ្នកស្រុក​នៅក្បែរ​មន្ទីរ​ពេទ្យ​ត្រូវ​បានផ្តល់​អភ័យឯកសិទ្ធិ​ឲ្យ​ជាពិសេស អ្នកស្រុក​ទាំងនេះ​ត្រូវបាន​រួច​ផុតពី​ការបង់​ពន្ធអាករ ។ សំខាន់​ជាងនេះទៅទៀត ពួកគេ​ត្រូវបាន​ផ្តន្ទាទោស​តែ​ករណី​គ្មាន​មេត្តាធម៌​ចំពោះ​ការ​រស់ នៅ​របស់​សត្វ​ទាំងឡាយ​តែប៉ុណ្ណោះ ។​

​    ​រួម​សេចក្តី​មក អ្វីៗ​ដែល​ពោល​ខាងលើ អាច​បញ្ជាក់​ឲ្យ​យើង​ដឹង​នូវ​គុណ​ស​ម្ប​តិ្ត​ដ៏​ធំធេង​នៃ​ស្ត្រី​ខ្មែរ​ ក្នុងសម័យ​បុរាណកាល ដែល​បាន​បំពេញ​តួនាទី​ជា​ប្រ​វ​តិ្ត​សាស្ត្រ​ពុំ​អាច​កាត់ថ្លៃ​បាន ។ ស្ត្រី​ខ្មែរ​គឺជា​មាតា​នៃ​សង្គម​ខ្មែរ ៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment