Wednesday, July 19, 2017

ព្រះ​នាង​ជ័យ​រាជទេវី

តាម​រយៈ​បទ​និពន្ធ​នេះ​បាន​ចេញ​ផ្សាយ​ជា​លើក​ដំបូង​នៅ​ឆ្នាំ ១៩៦៦ លោក ឌិ​ច គៀន បាន​ប្រើ​ជំនោរ​អារម្មណ៍​របស់​លោក​ផ្ទាល់​ពិ​ព័ណ៌នា​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​មហេសី​ទាំង​ពីរ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧។ អ្នក​និពន្ធ​​សរសេរ​​ជា​​អាថ​ថា​ព្រះ​នាង​ជ័យ​រាជទេវី បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ព្រះ​ជ័យ​វរ្ម័ន​តាំងពី​នៅ​ព្រះ​ជន្ម​ក្មេង​ៗ​ម្លេះ ព្រះ​​ជ័យ​វរ្ម័ន​មាន​រាជ​បុត្រ​បើតាម​ឯកសារ​ខ្លះ​ថា​មាន​ច្រើន​ដែរ តែ​ព្រះរាជ​បុត្រ​ដែល​គេ​នៅ​ចាំ​បាន​នោះ​ឃើញ​មាន​ព្រះនាម​តែ​៤អង្គ គឺ (១) ព្រះ​សុរិយ​កុមារ ដែលជា​កវី​ឯក​មួយ​អង្គ​ក្នុង​ការ​តែង​កាព្យ​សំស្ក្រឹត​នៅ​សិលា​ចារឹក​ប្រាសាទ​តាព្រហ្ម (២) វីរៈ​កុមារ ជា​អ្នក​តែង​កាព្យ​សំស្ក្រឹត​នៅ​សិលា​ចារឹក​ប្រាសាទ​ព្រះខ័ន (៣) ឥន្ទ្រ​វរ្ម័ន អភិបាល​លព​បុរី ហើយ​និង (៤) ស្រិ​ន្ទ្រ​កុមារ​ដែល​មាន​រូប​ចម្លាក់​នៅ​ប្រាសាទ​បន្ទាយ​ឆ្នា។

ទាក់​ទង​នឹង​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​នាង​ជ័យ​រាជទេវី​ដែលជា​មហេសី​ទី១ ហើយ​ដែលជា​ព្រះ​កន្និដ្ឋា​ឬ​ប្អូន​ស្រី​របស់​ព្រះ​នាង​ឥន្ទ្រ​ទេវី អ្នក​និពន្ធ​បាន​សរសេរ​ថា​ព្រះ​នាង​ជ័យ​រាជទេវី​បាន​ទទួល​ការ​សិក្សា​ពី​សំណាក់​ផ្ទាល់​នៃ​ព្រះរាម​របស់​ព្រះអង្គ​គឺ​ព្រះ​នាង​ឥន្ទ្រ​ទេវី ព្រះ​នាង​ក៏បាន​ទៅជា​អ្នក​ប្រាជ្ញ​មួយ​អង្គ​ខាង​ពុទ្ធិ​ចក្រ​និង​អាណា​ចក្រ។ លោក ឌិច កៀន ក៏បាន​លើក​ឡើង​ផង​ដែរ​អំពី​សេចក្តី​ស្នេហា​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​នាង​ចំពោះ​ព្រះ​ស្វាមី​ដែល​តែង​តែ​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិការ​សឹក​នៅ​ទី​ឆ្ងាយ​ជា​រឿយៗ ទុក្ខ​ដ៏​ធំ​របស់​ព្រះ​នាង​គឺ​ការ​ភ័យ​ព្រួយ​អំពី​សុខ​ទុក្ខ​ព្រះ​ស្វាមី​ដែល​នាង​រងចាំ​ទន្ទឹង​មើល​ផ្លូវ​សឹង​តែ​មួយ​ជីវិត​របស់​នា​ង​ទៅហើយ។ ចំពោះ​ព្រះ​នាង​ឥន្ទ្រ​ទេវី លោក ឌិ​ច គៀន បាន​លើក​ឡើង​អំពី​គុណ​សម្បត្តិ​ដ៏​ច្រើន​របស់​ព្រះ​នាង គុណ​សម្បត្តិ​ធំជាង​គេ​ គឺ​ការ​មិន​ចេះ​លោភ​លន់​ទោះ​បីជា​ព្រះ​នាង​ទទួល​បាន​ឋានៈ​ជា​អគ្គ​មហេសី​ក្តី។ ចំពោះ​ព្រះ​នាង​ឥន្ទ្រ​ទេវី​អ្វីដែល​សំខាន់​គឺ​ការ​ដឹក​នាំ​ប្រជា​រាស្ត្រ​​ប្រយុទ្ធ​​កំចាត់​ភាព​អវិជ្ជា​គឺ​រំដោះ​ខ្លួន​ឲ្យ​ផុត​ពី​ការ​ល្ងង់ខ្លៅ​ដែលជា​ដំបៅ​មួយ​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់​បំផុត​​​ចំពោះ​​ប្រទេស​ជាតិ​នីមួយៗ ព្រះ​នាង​ឥន្ទ្រ​ទេវី​ជា​គ្រូ​ដ៏​ធំ​ដ៏​ឧ​ត្ត​ម​ចំពោះ​ប្រទេស​កម្ពុជា​នៅ​សម័យ​នោះ  រីឯ​ព្រះ​រាជ​បុត្រ​របស់​ព្រះ​នាង​ដែល​មាន​ព្រះនាម​ថា​ព្រះ​ស្រី​វីរៈ​កុមារ ហើយ​ដែល​ជា​អ្នកនិពន្ធ​សិលា​ចារឹក​នៅ​ប្រាសាទ​តាព្រហ្ម​ក៏​ជា​អ្នក​ប្រាជ្ញ​ខ្មែរ​ម្នាក់​ដ៏​ឆ្នើម​ដែរ។

លោក ឌិច គៀម បាន​យក​ពា​ក្ស​ពេចន៍​ខ្លះ​របស់​ព្រះ​នាង​ឥន្ទ្រ​ទេវី​បាន​និយាយ​ទៅ​កាន់​ព្រះ​ស្វាមី​មក​បក​ស្រាយ​នៅ​ក្នុង​អត្ថបទ​របស់​លោក រីឯ​សម្តី​ទាំង​នោះ​មាន​សេចក្តី​ថា «សត្រូវ​ដ៏​ធំ​បំផុត​ក្នុង​លោក​គឺ​អវិជ្ជា» យ៉ាង​ណា​មិញ​ជោគ​ជ័យ​នៅ​ក្នុង​សង្គ្រាម​ក៏​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​វិជ្ជា​ជ្រៅ​ជ្រះ​ដែរ។ មុន​នឹង​បញ្ចប់​បទ​អត្ថាធិប្បាយ​នេះ​សូម​កត់​សម្គាល់​ថា​លោក ឌិច គៀន ដែល​កើត​នៅ​ក្នុង​ឆ្នាំ ១៩៣៦ ហើយ​ទទួល​មរណភាព​នៅ​ឆ្នាំ ១៩៧៥ ជា​អ្នកនិពន្ធ​ផង ជា​អ្នក​ស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ផង នៅ​ឆ្នាំ ១៩៦៤ – ៦៥ លោក​បាន​និពន្ធ​សៀវភៅ​មួយ​ជាមួយ​លោក ឌឿក អំ ដែល​មាន​ចំណង​ជើង​ថា «ភូមិ​តិរច្ឆាន» ៕ ប្រភព​ពី​ប្លុក llundi

No comments:

Post a Comment