Saturday, July 29, 2017

អំពីសង្គមកិច្ច វប្បធម៌ និងសេដ្ឋកិច្ច

Thai Chanka News   11:09:00   ប្រវត្តិសាស្ត្រ
ភាគ៣. ប្រវត្តិសាស្រ្តដែនដីកម្ពុជាក្រោម អំពីសង្គមកិច្ច វប្បធម៌ និងសេដ្ឋកិច្ច

១.អំពី​សង្គមសាស្ត្រ៖ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ជា​ជាតិសាសន៍​ស្លូតត្រង់ គោរព​ជំនឿ​ព្រះពុទ្ធសាសនា​៩៩% ។ ការ​រស់នៅ​របស់ ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម មាន​ទំនៀមទំលាប់ វប្បធម៌ ប្រពៃណី​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ១០០% គ្រាន់​តែ​ខុស​គ្នា​ត្រង់​សំលៀក​បំពាក់ និង សំនៀង​ភាសា​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ។
  • ព្រះសង្ឃខ្មែរក្រោម នៅខេត្តព្រះត្រពាំង​ នៅ​កម្ពុជាក្រោម មាន​វត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរ​ជាង​៥៦០​វត្ត មាន​ព្រះសង្ឃ​គង់នៅ​ជាង​២០.០០០​អង្គ ។ វត្ត​ព្រះពុទ្ធ សាសនា​ និង ព្រះសង្ឃ​ជា​ព្រលឹង​នៃ​ជាតិ​ខ្មែរ​កម្ពុជាក្រោម​ ។ វត្ត​ជាទី​ប្រជុំជន​ ជា​កន្លែង​អប់រំ​សីលធម៌​ ជា​កន្លែង​បណ្ដុះ​ បណ្តាល​ធនធាន​មនុស្ស​ ជា​កន្លែង​ផ្តល់​ព័ត៌មាន​ ផ្សព្វផ្សាយ​ព័ត៌មាន​ ៘ ការ​ទាក់ទង​គ្នា​ក្នុង​សង្គម​ខ្មែរ​កម្ពុជាក្រោម គឺ​ជា​ភាសា​ខ្មែរ​ និង​ អក្សរ​ខ្មែរ ។ រីឯ​ការ​ប្រើប្រាស់​ជា​ផ្លូវ​ការ ​គឺ​ភាសា​ និង​ អក្សរសាស្ត្រ​វៀតណាម ។
២.អំពី​វប្បធម៌៖មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌​សំខាន់​បំផុត​នៅ​កម្ពុជាក្រោម​គឺ​ស្ថិត​នៅ​ក្នុង​វត្ត​ព្រះពុទ្ធ​សាសនា​ទាំង​ជាង​៥៦០​វត្ត ។ វត្ត​ព្រះពុទ្ធ​សាសនា​ទាំង​នេះ​ហើយ​ដែល​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​ក្នុង​ការ​ការពារ​ពូជសាសន៍​ វប្បធម៌​ អក្សរ​សាស្ត្រ​ ភាសា​សាស្ត្រ​ និង ទំនៀមទម្លាប់​ ប្រពៃណី​ខ្មែរ​នៅ​កម្ពុជាក្រោម​ឱ្យ​រស់​រាន​មាន​ជីវិត​រហូត​ដល់​សព្វថ្ងៃ ។ការ​សិក្សា​រៀនសូត្រ​ វប្បធម៌​ អក្សរ​សាស្ត្រ​ខ្មែរ គឺ​មាន​តែ​ក្នុង​វត្តអារាម​ប៉ុណ្ណោះ ។ អាជ្ញាធរ​អាណានិគម​វៀតណាម​មិន​អនុញ្ញាត​ឱ្យ​មាន​សាលា​រៀន​ភាសា​ខ្មែរ​នៅ​តាម​ភូមិស្រុក​ឡើយ ។

  • ការសំដែងសីល្បៈប្រពៃណីខ្មែរក្រោម នៅខេត្ត​ពលលាវពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម គោរព​ទំនៀម​ទំលាប់ វប្បធម៌​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត​ ដូច​ជា​ពិធី​អាពាហ៍ពិពាហ៍​ បុណ្យ​បូជា​សព បុណ្យ​ក្នុង​ព្រះពុទ្ធ​សាសនា បុណ្យ​ចូលឆ្នាំ ភ្ជុំបិណ្ឌ អកអំបុក សំពះ​ព្រះខែ​ជា​ដើម ។រីឯ​សំលៀក​បំពាក់​មាន​ការ​ប្រែប្រួល​ច្រើន ដោយ​សារ​អាណានិគម​វៀតណាម​បាន​បង្ខំ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​កម្ពុជាក្រោម​ស្លៀកពាក់​តាម​បែប​ប្រពៃណី​វៀតណាម ។ ដូច​នេះ ​ការ​ស្លៀក​ពាក់​តាម​បែប​ប្រពៃណី​ខ្មែរ​មាន​តិច​តូច​បំផុត ស្ទើរតែ គ្មាន​តែ​ម្តង ។


៣.អំពី​សេដ្ឋកិច្ច៖សេដ្ឋកិច្ច​សំខាន់​បំផុត​នៅ​កម្ពុជាក្រោម​គឺ​កសិកម្ម ។ ប្រជារាស្ត្រ​កម្ពុជាក្រោម​៩៥%​ជា​កសិករ​ ប៉ុន្តែ​ពុំបាន​ធ្វើ ឱ្យ​ជីវភាព​របស់​ពួកគាត់​ធូរធារ​ឡើយ ដោយ​សារ​ថា​ កសិផល​ទាំងនោះ​ត្រូវ​ឋិត​នៅ​ក្រោម​ការត្រួតត្រា​របស់​អាណានិគម វៀតណាម​យ៉ាង​តឹងរ៉ឹង​បំផុត ។​ នៅ​ឆ្នាំ​១៩៧៥ ពួក​កុម្មុយនីស្ត​វៀតណាម​បាន​ត្រួតត្រា​អំណាច​នៅ​លើ​ទឹកដី​វៀតណាម​ទាំងមូល ។ ចាប់​ពី​ពេល នោះ​មក អាជ្ញាធរ​អាណានិគម​វៀតណាម​ បាន​រឹបអូស​យក​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងស្រុង មក​ទុក​ជា​សម្បត្តិ រួម​បង្កើត​ទៅ​ជា​សហករណ៍ ។ ទន្ទឹម​នឹង​នោះ រដ្ឋ​អំណាច​អាណានិគម​វៀតណាម​បាន​ចាប់ផ្តើម​កេណ្ឌ​មនុស្ស​ជីក​ព្រែក​ខ្វាត់ខ្វែង ដែល​ពួក​អាណានិគម​យួន​ហៅថា​ នយោបាយ​ទឹក​ដើម្បី​ស្រោច​ស្រប​ដំណាំ​កសិកម្ម ។ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ជីកព្រែក​រួច​ អាជ្ញាធរ​អាណានិគម​វៀតណាម​បែរ​ជា​បញ្ជូន​ប្រជាជន​យួន​ទៅ​រស់​នៅ​តាម​ភ្លឺ​ព្រែក​ទាំង​នោះ ហើយ​ក៏​ចាប់ផ្តើម​ចែក​ដីស្រែ​ ជាថ្មី​ឡើងវិញ ។ ពេលនោះ​ហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ធ្លាក់​ខ្លួន​ក្រីក្រ​វេទនា​ជាទី​បំផុត​ ព្រោះ​ពុំ​មាន​ដីស្រែ​ចំការ និង មុខរបរ​ពិតប្រាកដ ហើយ​ក៏​បង្ខំ​ចិត្ត​ដើរ​ស៊ីឈ្នួល​ប្រជាជន​យួន​ទៅ​តាម​តំបន់​ផ្សេងៗ​ ។ រីឯ​ជនជាតិ​យួន​វិញ​គេ​បាន​ប្រជ្រៀត​ ចូល​រស់នៅ​ក្នុង​តំបន់​ខ្មែរ ​និង​មាន​ដីស្រែ​ចំការ​យ៉ាងច្រើន​ក្រាស់ក្រែល​ថែម​ទៀត ។

ខ្ទឹមក្រហម​របស់​បងប្អូនខ្មែរក្រោម នៅស្រុក ជ្រោយញរ ខេត្តឃ្លាំង
បច្ចុប្បន្ន ​នៅពេល​ប្រជារាស្ត្រ​ខ្មែរ​ធ្លាក់​ខ្លួន​ក្រីក្រ ពួក​ជនជាតិ​យួន​(មិន​ដឹង​បាន​ប្រាក់​ពីណា​)បាន​ដើរ​ទិញ​ដីស្រែ​ចំការ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ជា​បង្ហើយ​ចុង​ក្រោយ ។ ដូច្នេះ ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ត្រូវ​ក្លាយ​ជា​ទាសករ នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន​យ៉ាង​វេទនា​បំផុត ។ ចំណែក​ឯ​ក្រុមហ៊ុន​ សិប្បកម្ម រោងចក្រ ពិសេស​រោងចក្រ​កាត់ដេរ សំលៀក​បំពាក់ អាជ្ញាធរ​អាណានិគម​វៀតណាម​ មិនបាន​ពង្រីក​ទៅ​ដល់​តំបន់​ប្រជារាស្ត្រ​ខ្មែរ​រស់នៅ​ឡើយ។

ប្រភព៖ សហគមន៍ខ្មែរកម្ពុជាក្រោម
ចែករំលែកអត្ថបទ

No comments:

Post a Comment