Tuesday, November 3, 2020

សារពត៍មាន បក្សស្រប និង បក្សប្រឆាំង

សារពត៍មានកម្ពុជា ខ្លះដើរស្របរដ្ឋាភិបាល ខ្លះដើរបញ្ច្រាស​ព្រឆាំងរដ្ឋាភិបាល និង មួយចំនួនដើរស្រប តាម គោលការណ៍វិជ្ជាជីវៈសារពត៍មាន។  រឿងពុករលួយ រឿងជួញដូរផ្លូវភេទ...រឿងគ្រឿងញៀន ជារឿងក្នុងសង្គមមនុស្ស ហើយសារពត៍មានមួយចំនួន ដើរតួរជាអ្នកនាំពាក្យ នាំសម្លេងពី សង្គម យកទៅប្រាប់ បក្សប្រឆាំង ឬ បក្សស្រប ឬ ជនបរទេស-- ការនាំពាក្យបែបនេះ  បើនាំពាក្យឲ្យបក្ស ក បក្ស ខស្អប់ ! ចុះសម្លេងប្រជាជន ឬ ទុក្ខវេទនារបស់ប្រជាជន អ្នកណាជួយដោះស្រាយ? --ករណីខាងក្រោម គឺអ្នកកាសែត មានប្រាក់ខែខ្ពស់​បែរជា រកស៊ីថតរឿង អាសអាភាសន៍ យកទៅលក់ឲ្យជនបរទេស លក់ឲ្យបក្សប្រឆាំងរដ្ឋាភិបាល សួរថា បក្សរដ្ឋាភិបាលគេខឹងទេ? ដូច្នេះ រឿងនេះពាក់ព័ន្ធ វិជ្ជាជីវៈសារពត៍មាន ស្តីការធ្វើឯកសារ Documentary ឃើញថា អ្នកសារពត៍មានដែលត្រូវគេចាប់ដាក់គុក ភាគច្រើន ៩០% គ្មានវីជ្ជាជីវៈសារពត៍មានទេ ពួកគេចេះត្រឹម ថតរូប បកប្រែ និង ផ្សព្វផ្សាយ ខណៈដែល documentary ត្រូវនិយាយអំពី ជោគជ័យដែល នៅខេត្តណាមួយ ឬ ប្រទេសណាមួយគេបានជោគជ័យ Best practice / lesson learn ឬ និយាយអំពីការខិតខំរបស់ រដ្ឋាភិបាល របស់ NGOs នាពេលកន្លងមក បើគ្រាន់តែ លើកយក បញ្ជា matter/problem មកដាក់ជាបន្ទុក អ្នកណាគេមិនក្តៅក្រហាយ?!! 







Prak Vanda សេចក្តីបំភ្លឺជូនសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន អំពី ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា ដូចខាងក្រោម ៖
  1. ១. អ្នកនាំពាក្យក្រសួងព័ត៌មានបានកត់សម្គាល់ឃើញថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការសង្គមស៊ីវិល ចំនួន ៥៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់រាជរដ្ឋាភិបាល កម្ពុជា ថាបានយាយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន ប៉ុន្តែក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង ៥៧នោះ មានអង្គការសង្គមស៊ីវិលតែចំនួន ១២ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួង មហាផ្ទៃ និង ០១ ចុះបញ្ជីនៅក្រសួងព័ត៌មាន ក្រៅពីនោះ ជាក្រុមអង្គការសង្គមស៊ីវិលដែលមិនបានចុះបញ្ជីស្របច្បាប់ឡើយ។ ដូច្នេះក្នុងការចោទប្រកាន់ខាងលើនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកថា វាគ្រាន់តែជាយុទ្ធសាស្រ្តរបស់អង្គការសង្គមស៊ីវិលទាំងនោះ ក្នុងការទាក់ទាញការយកលុយពីខាងក្រៅ និងទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន និងមានចេតនាក្នុងការបំភាន់ សាធារណមតិតែប៉ុណ្ណោះ។
  2. ២. រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្លួនក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការ គោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ស្តីពីរបប សារព័ត៌មាន ឆ្នាំ១៩៩៥។ ផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា អាចបំពេញវិជ្ជាជីវៈដោយសេរី និងគ្មានការត្រួតពិនិត្យជាមុនចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ អ្នកសារព័ត៌មានអាចរក្សាជាសម្ងាត់នូវប្រភពព័ត៌មានដែលខ្លួនទទួលបានផងដែរ។ តាមរយៈការអនុវត្តច្បាប់នេះ បច្ចុប្បន្នវិស័យសារព័ត៌មាននៅកម្ពុជាមានការអភិវឌ្ឍន៍គួរជាទីមោទនៈទាំងវិសាល នៅក្នុងព្រះរាជា​ណាចក្រកម្ពុជាដោយគ្មានការរើសអើង និងគ្មានការគំរាមកំហែង។ ភាព និងមធ្យោបាយនៃការផ្សព្វផ្សាយដែលអាចឱ្យសាធារណជនទទួលបានព័ត៌មានយ៉ាងទូលំទូលាយ និងឆាប់រហ័ស ពីគ្រប់មជ្ឈដ្ឋានដែលកើតមានឡើងនៅទូទាំងពិភពលោក។ ព្រមជាមួយគ្នានេះដែរ បច្ចុប្បន្ន នេះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កំពុងតែបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសើ និដ៏បានគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការរើសអើង និងគ្មានការគំរាមកំហែង។
  3. ៣. ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ចំពោះស្ថាប័នមានសមត្ថកិច្ចដែលបានអនុវត្តភារកិច្ចរបស់ ខ្លួនទៅលើអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់មួយចំនួនកន្លងមក ថាជាការរំលោភបំពាន បំបិទសិទ្ធិ សេរីភាពសារព័ត៌មាននោះ គឺជាការចោទប្រកាន់ដោយមិនបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់លើករណីនីមួយៗនោះឡើយ។ ពាក់ព័ន្ធចំណុចនេះ អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់ជូនថា ការអនុ វត្តវិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានទាំងនោះ គឺជាការអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់ ស្របតាមគោលការណ៍នីតិរដ្ឋដែលគ្រប់ប្រទេសប្រកាន់យក។ ដូច្នេះអ្នកដែលប្រកបវិជ្ជាជីវៈទាំងអស់ រួមទាំងអ្នកប្រកបវិជ្ជាជីវៈព័ត៌មាន ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាននៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជៀសផុតពីការទទួលខុសត្រូវផ្នែកផ្លូវច្បាប់។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ករណីការអនុវត្តវិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានមួយចំនួនដែលប្រព្រឹត្តខុសច្បាប់ កំពុងស្ថិតនៅក្នុង ដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ដូច្នេះមានតែការចូលរួមអនុវត្តទៅតាមនីតិវិធីតុលាការទេ ដែលជាដំណោះស្រាយក្នុងការអនុវត្តសិទ្ធិសេរីភាព និងភាពត្រឹមត្រូវរបស់ខ្លួនចំពោះមុខច្បាប់។ ក្នុងករណីនេះ ភាគីពាក់ព័ន្ធអាចផ្តល់ជាជំនួយផ្លូវច្បាប់ដល់ជនជាប់ចោទទាំងនោះ ទៅតាមនីតិវិធីច្បាប់។
  4. ៤. ចំពោះការចោទប្រកាន់មកលើក្រសួងព័ត៌មាន អំពីការដកអាជ្ញាបណ្ណអង្គភាពសារព័ត៌មានមួយចំនួន ដោយគ្មានមូលដ្ឋានច្បាស់លាស់ អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់ថា ផ្អែកតាមច្បាប់ស្តី ពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងព័ត៌មាន ក្រសួងបានផ្តល់ការចុះបញ្ជីស្របច្បាប់ដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មាន ដោយគ្មានការរើសអើង និងដោយស្មើរភាព។ បន្ថែមពីនេះក្រសួងព័ត៌មានមានតួនាទី និងភារកិច្ចក្នុងការផ្តល់ ផ្អាកបណ្តោះអាសន្ន និងបញ្ឈប់អាជ្ញាបណ្ណ ទៅលើអាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ក្រសួងអាចផ្តល់អាជ្ញាបណ្ណក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា នៅពេលដែលអ្នកប្រកបវិជ្ជាជីវៈសារ ព័ត៌មានបានបំពេញទៅតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ ប៉ុន្តែផ្ទុយទៅវិញ ក្រសួងក៏អាចផ្អាកបណ្តោះអាសន្ន ឬលុបអាជ្ញាបណ្ណ ប្រសិនបើក្រសួងពិនិត្យឃើញថា អង្គភាព ឬ អ្នកសារព័ត៌មានទាំងនោះប្រព្រឹត្តផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកិច្ចសន្យារបស់ខ្លួនដែលបាន តម្កល់ទុកនៅក្រសួងព័ត៌មាន។ ចំពោះករណីដែលក្រសួងព័ត៌មានលុបអាជ្ញាបណ្ណ ចំពោះអង្គភាពសារ ព័ត៌មានមួយចំនួនតូចកន្លងមក ដោយសារតែអង្គភាពសារព័ត៌មានទាំងនោះ បានប្រព្រឹត្តិផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកិច្ចសន្យារបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ 
  5. ៥. ឆ្លៀតក្នុងឱកាសនេះផងដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវ និងលើកទឹកចិត្ត ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា សូមចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្ត នានា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាដែលសាមីអង្គភាពខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មានឱ្យបានខ្ជាប់ខ្លួន ដោយកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លេការពិត និងអង្គឱតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់​តែរីកចម្រើន៕

ដោះលែងអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលត្រូវបានឃាត់ខ្លួនអោយមានសេរីភាពឡើងវិញ និងផ្តល់អាជ្ញាប័ណ្ណទៅប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឡើងវិញ

(រាជធានីភ្នំពេញ ថ្ងៃទី) យើងខ្ញុំជាអង្គការសង្គមស៊ីវិលចំនួន ៥៧ ដែលមានឈ្មោះដូចខាងក្រោម សូមសម្តែងការព្រួយបារម្ភអំពីការយាយីរបស់រដ្ឋាភិបាលកម្ពុជាទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យនិងអ្នកសារព័ត៌មាន។ រដ្ឋាភិបាលគួរតែទម្លាក់ចោលការចោទប្រកាន់ដោយហេតុផលនយោបាយទៅលើអ្នកសារព័ត៌មាន ហើយដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ។ ច្បាប់ដែលមានលក្ខណៈ​គាបសង្កត់ រារាំងសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិដែលមិនសមហេតុផលគួរត្រូវលុបចោលឬកែប្រែ។ រដ្ឋាភិបាលក៏គួរតែបញ្ឈប់ជាបន្ទាន់នូវការដកហូតអាជ្ញា ប័ណ្ណរបស់បណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ ហើយនឹងមិនដកហូតអាជ្ញាប័ណ្ណនេះតទៅទៀតទេ នៅពេល អនាគត។

បច្ចុប្បន្ននេះ ​រដ្ឋាភិបាលកម្ពុជាកំពុងឃុំខ្លួនអ្នកសារព័ត៌មានចំនួន២ នាក់ដោយចោទប្រកាន់ពីបទញុះញង់ឬពីបទបរិហារកេរ្តិ៍ដូចជាលោក សុខ ឧត្តម លោក រស់ សុឃិត ។ អ្នកកាសែតទី ៣ គឺលោក រ៉ាត់ រ័ត្ន មុន្នីកំពុងជាប់ពន្ធនាគាររយៈពេល២ ឆ្នាំក្រោមបទចោទប្រកាន់ស្រដៀងគ្នា។

១. នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិតរបស់ស្នងការនគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនលោក រស់ សុឃិត ជាអ្នកបោះពុម្ពកាសែតជាតិខ្មែរ (ជាតិខ្មែរ) ដោយសារតែការបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកចំនួនពីរដងដែលលើកឡើងពីផែនការបន្តបន្ទាប់របស់លោកនាយករដ្ឋមន្ត្រីនិងវិបត្តិបំណុលខ្នាតតូចនៅកម្ពុជា។ អាជ្ញាធរបានចោទប្រកាន់លោកពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនា​គា​រ​ព្រៃស រាជ​ធានីភ្នំពេញ។ ក្រសួងព័ត៌មានដែលបានផ្តល់អាជ្ញាប័ណ្ណដល់សារព័ត៌មានជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២០ នេះបានប្រកាសថានឹងពិនិត្យឡើងវិញនូវអាជ្ញាប័ណ្ណនេះ ដោយផ្អែកតាមការចោទប្រកាន់របស់តុលាការ។

២. នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ប៉ូលីសបានចាប់ខ្លួនលោក សុខ ឧត្តម ជាម្ចាស់​​ស្ថានីយ៍វិទ្យុនិងគេហទំព័រក្នុងខេត្តកំពង់ឆ្នាំងដោយចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយរាយការណ៍អំពីជំលោះដីធ្លីដូចគ្នានៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តកំពង់ឆ្នាំង ដូចគ្នានឹងលោក កែវ ហួរ អ្នកសារព័ត៌មានតាមគេហទំព័រស្នេហាជាតិដែរ ហើយតុលាការក៏បានចោទប្រកាន់លោក​ពីបទឧក្រិដ្ឋដូចគ្នាផងដែរ។ បច្ចុប្បន្ននេះលោក សុខ ឧត្តម ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ឆ្នាំង។ លោក សុខ ឧត្តម តែងតែបានរាយការណ៍អំពីជំលោះដីធ្លីដែលមានជាយូរមកហើយរវាងសហគមន៍កសិកម្មមូលដ្ឋាននិងមន្រ្តី ដែលមានអំណាច។

៣. នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរថៃបានចាប់ខ្លួនលោក រ៉ាត់ រ័ត្នមុន្នី ដែលជាអ្នកបក​ប្រែអោយសារព័ត៌មានរបស់ប្រទេសរុស្ស៊ីឈ្មោះ រុស្ស៊ីធូដេយ ដោយផ្អែកតាមសំណើរបស់រដ្ឋាភិបាលកម្ពុជាដែលបានចោទប្រកាន់ថាលោកបានប្រព្រឹត្តិការញុះញង់ នៅពេលធ្វើការជាមួយរុស្ស៊ីធូដេយលើឯកសារដែលបង្ហាញពីភាពក្រីក្ររបស់ក្រុមគ្រួសាររងគ្រោះដែលបញ្ជូនកូនស្រីរបស់ខ្លួនអោយចូលរួមក្នុងការជួញដូរផ្លូវភេទកុមារ។ នៅថ្ងៃទី១២ ខែធ្នូ គាត់ត្រូវបានបញ្ចូនមកប្រទេសកម្ពុជាហើយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន។ កាលពីខែមិថុនា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញបានផ្តន្ទាទោសគាត់ពីបទញុះញង់ឱ្យមានការរើសអើង (មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា) និងផ្តន្ទាទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ។ នៅខែមិថុនាឆ្នាំ ២០២០ តុលាការកំពូលបានសម្រេចឱ្យមានការជំនុំជម្រះក្តីឡើងវិញរបស់លោក រ៉ាត់ រ័ត្នមុន្នី ដោយរកឃើញថាការផ្តន្ទាទោសរបស់គាត់គឺមិនត្រឹមត្រូវ។

នៅក្នុងករណីពិសេសមួយផ្សេងទៀត ដែលបង្ហាញពីការយាយីឥតឈប់ឈររបស់ប្រទេសកម្ពុជាទៅលើសេរីភាពសារព័ត៌មាននោះគឺ កាលពីថ្ងៃទី៥ ខែតុលា សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសអ្នកសារព័ត៌មានលោក ​សុវណ្ណ រិទ្ធីនាយកស្ថានីយទូរទស្សន៍ TVFB ពីបទញុះញង់និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ។ រយៈពេល ៥ ខែនិង២៨ ថ្ងៃដែលគាត់បានជាប់នៅក្នុងការឃុំខ្លួនបណ្តោះអាសន្នត្រូវបានកាត់កង ហើយតុលាការសម្រេចព្យួរទោសចំនួនថ្ងៃដែលនៅសេស​សល់។ បន្ទាប់មក គាត់ត្រូវបានគេដោះលែងពីពន្ធនាគារនៅថ្ងៃដដែល។ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី ដោយផ្អែកលើការចោទប្រកាន់ថាលោកបានញុះញង់ឱ្យមានភាពវឹកវរ តាមរយៈការដកស្រង់ពាក្យពេចន៍ចេញពីសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៧ ខែមេសា នៅលើទំព័រហ៊្វេសបុករបស់ខ្លួនអំពីផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតកូវីដ១៩ថា៖ “ប្រសិនបើអ្នករត់ម៉ូតូឌុប អ្នកបើកបរតាក់ស៊ីក្ស័យធន លក់ម៉ូតូរបស់អ្នកចាយសិនទៅ។ រដ្ឋាភិបាលមិនមានសមត្ថភាពជួយទេ។”

យោងតាមរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលបានបង្ហាញថានៅចន្លោះខែមករានិងឧសភា ឆ្នាំ២០២០ ប៉ូលីសនិងអាជ្ញាធរយុត្តិធម៌កម្ពុជាបានកោះហៅនិងសាកសួរយ៉ាងហោចណាស់អ្នកសារព័ត៌មាន ជាងដប់នាក់ដោយសារតែការរាយការណ៍របស់ពួកគេ។

អ្នកសារព័ត៌មានឯករាជ្យត្រូវបានអាជ្ញាធរយាយីជាយូរមកហើយ ជាពិសេសនៅពេលរាយការណ៍អំពីការរិះគន់រដ្ឋាភិបាល។ អតីតអ្នកកាសែតវិទ្យុអាស៊ីសេរី ពីររូបគឺលោក យិន សុធារិន្ទ និងលោក អ៊ួន ឈិននៅតែប្រឈមការចោទប្រកាន់ពីបទចារកម្មដោយផ្អែកលើការចោទប្រកាន់ដោយគ្មានភស្តុតាងថាពួកគេបានឃុបឃិតជាមួយរដ្ឋាភិបាលបរទេស។ អតីតអ្នកកាសែតខេមបូឌៀដេលី ពីរនាក់គឺលោក Zsombor Peter និងលោក អូន ភាព ប្រឈមនឹងការកាត់ទោសកំបាំងមុខ ដោយចោទប្រកាន់ពីបទញុះញង់គ្មានមូលដ្ឋាន និងអ្នកយកព័ត៌មានទូរទស្សន៍លេខ ៣ ​គឺលោក ផល ដាំ ប្រឈមនឹងការចោទប្រកាន់ពីបទញុះញង់ដោយគ្មានមូលដ្ឋានសម្រាប់ការរាយការណ៍អំពីបញ្ហាទាក់ទងនឹងដីធ្លី។

យ៉ាងហោចណាស់មានករណីរំលោភបំពានលើអ្នកសារព័ត៌មានចំនួន ៩ ករណីផ្សេងទៀតត្រូវបានកត់ត្រាចាប់តាំងពីឆ្នាំ ២០១៩ ក្នុងនោះមានករណីលោកកែវ ហួរ​ អ្នកសារព័ត៌មានតាមគេហទំព័រ ស្នេហាជាតិ ដែលអាជ្ញាធរបានដោះលែង ឲ្យ នៅក្រៅឃុំដោយមិនទម្លាក់ការចោទប្រកាន់ពីបទញុះញង់ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកសារព័ត៌មានឯករាជ្យ លោក កែវ រតនា អ្នកបោះពុម្ពផ្សាយធីអិនអនឡាញ។ លោក ប្រាក់ សុវណ្ណ អ្នកសារព័ត៌មានរស្មីកម្ពុជាដេលី និងលោក សាត ចាន់បុត្រ អ្នកកាសែតរស្មីកម្ពុជាដេលីនិងទូរទស្សន៍អប្សរា។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ មក រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណផ្សព្វផ្សាយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យចំនួនបួនគឺគេហទំព័រព័ត៌មានអនឡាញCKV TV Online ស្ថានីយ៍វិទ្យុរិទ្ធសែននិងគេហទំព័រព័ត៌មានអនឡាញ និងគេហទំព័រព័ត៌មាន TVFB។ កាលពីខែមេសា ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណរបស់CKV TV Online ដោយចោទប្រកាន់ ថាបានរំលោភលើវិជ្ជា ជីវៈសារព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ស្រដៀងគ្នានេះដែរ ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណស្ថានីយ៍វិទ្យុរិទ្ធីសែនរួមជាមួយនឹងអាជ្ញា​ប័ណ្ណគេហទំព័រព័ត៌មានដាច់ដោយឡែកពីគ្នា ដោយចោទប្រកាន់ដោយគ្មានភស្តុតាងថាវិទ្យុនេះផ្សព្វផ្សាយព័ត៌មានដែលជាព័ត៌មានបំផ្លើសមាន ការញុះញង់ឱ្យមានអំពើហិង្សា ញុះញង់ឱ្យមានការរើសអើង និងបង្កហេតុ បង្កអសន្តិសុខសង្គមនិងភាពវឹកវរ។ លើសពីនេះទៀតក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណផ្សាយរបស់ទូរទស្សន៍ TVFB ដោយហេតុផលថាព័ត៌មានដែលបានផ្សព្វផ្សាយគឺដើម្បីបង្កើតផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម។

រដ្ឋាភិបាលកម្ពុជាបានធ្វើទុកបុកម្នេញយ៉ាងខ្លាំងទៅលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញ​មតិចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧ មក។ រដ្ឋាភិបាលបានបង្ខំឱ្យបិទកាសែតឌឹខេមបូឌៀដេលី ដែលជាកាសែតមួយក្នុងចំណោមកាសែតឯករាជ្យចេញផ្សាយ​ប្រចាំថ្ងៃជាភាសាអង់គ្លេស ។ កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានលក់ចេញកាលពីខែឧសភា ឆ្នាំ២០១៨ ទៅពាណិជ្ជករម្នាក់ដែលមានទំនាក់ទំនងជាមួយលោកនាយករដ្ឋមន្រ្តី ហើយចាប់តាំងពីពេលនោះមកកាសែតភ្នំពេញប៉ុស្តិ៍បានឆ្លុះបញ្ចាំងតែពីតួនាទីរបស់រដ្ឋាភិបាលនៅក្នុងការបោះពុម្ពផ្សាយរបស់ខ្លួនជាច្រើន។ កាលពីខែសីហា ឆ្នាំ២០១៧ អាជ្ញាធរកម្ពុជាបានបញ្ជាឱ្យបិទប្រេកង់វិទ្យុអេហ្វអឹម ចំនួន ៣២ស្ថានីយនៅទូទាំងខេត្តចំនួន២០ ដែលជាស្ថានីយផ្សព្វផ្សាយបន្តព័ត៌មានភាសារខ្មែររបស់វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក (វីអូអេ)និងវិទ្យុសំឡេងប្រជាធិបតេយ្យ (វីអូឌី)។ វិទ្យុអាស៊ីសេរីបានបិទការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ២០ ឆ្នាំនៅកម្ពុជា ដោយខ្លាចមានការគំរាមកំហែងដល់បុគ្គលិករបស់ខ្លួន។ ពីរបីថ្ងៃបន្ទាប់ពីការបិទការិយាល័យវិទ្យុអាស៊ីសេរី ក្រសួងមហាផ្ទៃបានគំរាមអ្នកកាសែតដែលបានធ្វើការឱ្យវិទ្យុអាស៊ីសេរី ថានឹងមានវិធានការផ្លូវច្បាប់ ប្រសិនបើពួកគេបន្តរាយការណ៍ព័ត៌មានទៅអោយវិទ្យុអាស៊ីសេរីបន្តទៀត។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ដែលមានលក្ខណៈរឹតត្បិតជាបន្តបន្ទាប់ដែលជំរុញឱ្យមានការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ឯករាជ្យនិងបណ្តាញផ្សព្វផ្សាយ​សង្គមហើយបានប្រើបទប្បញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌជាពិសេសមាត្រា ៤៩៤ និង ៤៩៥ ដើម្បីបំបិទសំឡេងសេចក្តីរាយការណ៍ដែលមិនស្របនិងបំបិទសំឡេង​អ្នកយកព័ត៌មាន។

ក្នុងអំឡុងពេលមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ដ៏តឹងរឹងមួយស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្នដែលផ្តល់ឱ្យលោកនាយករដ្ឋមន្រ្តីនូវអំណាចដោយគ្មាន​កំណត់និងទូលំ​ទូលាយដើម្បីតាមដានរាល់ការទំនាក់ទំនងឯកជន និងការរឹតត្បិតការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ យើងខ្ញុំក៏បានដឹងផងដែរថារដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីព្រាងអនុក្រឹត្យអំពីច្រកចេញចូលអ៊ីនធឺណិតដែលមិនទាន់ត្រូវបានអនុម័តនៅឡើយ ដែលនេះ​នឹងអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេរីភាពនៃការបញ្ចេញមតិនិងទទួលព័ត៌មានតាមប្រព័ន្ធអ៊ីនធឺ​ណិត​ ដែលសម្រួលដល់ការឃ្លាំមើលរាល់ការទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណិតនិងអនុញ្ញាតឱ្យអាជ្ញាធរអាចបិទនូវខ្លឹមសារ មាតិកា ប្រសិនបើមាតិកាទាំងនោះត្រូវបានចាត់ទុកថា“ប៉ះពាល់ដល់សុវត្ថិភាព ចំណូលជាតិ សណ្តាប់ធ្នាប់សង្គម សេចក្តីថ្លៃថ្នូរ វប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់” ។

ប្រទេសកម្ពុជាបានទទួលស្គាល់កតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយនៅឆ្នាំ១៩៩២ ដែលត្រូវមានកាតព្វកិច្ចធានា ការគោរព និងការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងគំនិតដោយគ្មានការជ្រៀតជ្រែក និងសិទ្ធិក្នុងការស្វែងរក ទទួល និងចែកចាយព័ត៌មាន និងគំនិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ណាមួយនិងដោយមិនគិតពីព្រំដែន។ ការរឹតត្បិតណាមួយចំពោះសិទ្ធិទាំងនេះត្រូវតែធ្វើឡើងប្រកបដោយយុត្តិធម៌និងស្របច្បាប់ក្នុងភាពចាំបាច់ និងសមាមាត្រដោយគោរពទៅតាមគោលបំណងនៃច្បាប់។ រាល់ករណីដែលបានលើកឡើងខាងលើ គ្មានករណីចោទប្រកាន់ប្រឆាំងនឹងអ្នកសារព័ត៌មាននិងការបោះពុម្ពផ្សាយរបស់ពួកគេអនុលោមតាមគោលការណ៍ទាំងនេះទេ៖ រាល់ការចោទប្រកាន់ទាំងនោះមិនបានអះអាង ឬឈានដល់គោលបំណងស្របច្បាប់ហើយក៍មិនមានភាពចាំបាច់សម្រាប់គោលបំណងបែបនេះ ដែលនាំអោយមានការរំលោភលើសិទ្ធិមនុស្សអន្តរជាតិនិងកាតព្វកិច្ចផ្លូវច្បាប់របស់កម្ពុជា។ គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសកម្ពុជា “បញ្ឈប់ការកាត់ទោសដល់​អ្នកសារព័ត៌មាន ដែលជាមធ្យោបាយរារាំងឬបំបាក់ទឹកចិត្តពួកគេក្នុងការ​បញ្ចេញមតិដោយសេរី ។

យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ការចោទប្រកាន់ដោយគ្មានលក្ខខណ្ឌ និងដោះលែងអ្នកសារព័ត៌មានទាំងអស់ដែលជាប់ពន្ធនាគារដោយសារតែប្រើសិទ្ធិសេរីភាពបញ្ចេញមតិ បញ្ឈប់ការយាយីដល់អ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន លុបចោលឬកែប្រែច្បាប់ដែលមានលក្ខណៈគាបសង្កត់ដើម្បីធ្វើឲ្យ​​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​អាច​ដំណើរការបាន​ដោយ​សេរី អនុលោមទៅ​តាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ប្រទេសកម្ពុជា និងបញ្ឈប់ការដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វ​ផ្សាយព័ត៌មាន​ដើម្បីជួយសម្រួលដល់សេរីភាពសារព័ត៌មាននិងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងព័ត៌មាន។

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖ សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖

សហគមន៍ដីធ្លី ១៩៧ ឃុំជីខលើ ខេត្តកោះកុង

មូលនិធិអន្តរជាតិសម្រាប់ការពារសេរីភាព​បញ្ចេញមតិ

អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(កដទ)

អង្គការលើកលែងទោសអន្តរជាតិ

អង្គការមាត្រា ១៩

អង្គការសមាជិកអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR)

បណ្តាញប្រជាធិបតេយ្យអាស៊ី (ADN)

អង្គការវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្ស និងអភិវឌ្ឃន (FORUM-ASIA)

បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី (ANFREL)

១០

សហគមន៍បឹងទន្លេម្រេច ខេត្តព្រះវិហារ

១១

សហគមន៍បឹងប្រាំ ខេត្ត​បាត់ដំបង

១២

សហគមន៍បឹងឈូក ភ្នំពេញ

១៣

សហគមន៍បឹងត្របែក ភ្នំពេញ

១៤

សហគមន៍បុរីកីឡា ភ្នំពេញ

១៥

សហគមន៍ប៊ូស្រា ខេត្តមណ្ឌលគិរី

១៦

អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍ (BCV)

១៧

សម្ព័នសហជីពកម្ពុជា (CATU)

១៨

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

១៩

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

២០

សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

២១

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឃន៍នៅកម្ពុជា អាដហុក (ADHOC)

២២

វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

២៣

សម្ព័ន្ធអ្នកកាសែតកម្ពុជា (CamboJA)

២៤

បណ្តាញយុវជនកម្ពុជា (CYN)

២៥

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (CENTRAL)

២៦

សហគមន៍ដីធ្លីជីខក្រោម ខេត្ត​កោះកុង

២៧

សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ

២៨

អង្គការការពារសិទ្ធិពលរដ្ឋ

២៩

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)

៣០

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

៣១

អង្គការសមធម៌កម្ពុជា (EC)

៣២

សហគមន៍បណ្តាញអតីតស្ត្រីបឹងកក់ ភ្នំពេញ

៣៣

អង្គការឃ្លាំមើលសិទ្ធិមនុស្ស

៣៤

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៣៥

គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ)

៣៦

សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្

៣៧

សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ

៣៨

អង្គការអាយហ្វិក

៣៩

វិទ្យាស្ថានសារព័ត៌មានអន្តរជាតិ

៤០

សេវាកម្មអន្តរជាតិសម្រាប់សិទ្ធិមនុស្ស

៤១

សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង

៤២

សហគមន៍ការពារធនធានធម្មជាតិស្រុកក្រគរ ខេត្តពោធិសាត់

៤៣

សហគមន៍ដីធ្លីប៉ៃលិន

៤៤

មូលនិធិសារព័ត៌មានប៉ាគីស្ថាន

៤៥

PEN International

៤៦

សហគមន៍ភ្នំបាត

៤៧

សហគមន៍ភ្នំក្រោម ខេត្តសៀមរាប

៤៨

សហគមន៍ភូមិ២៣ ភ្នំពេញ

៤៩

សហគមន៍ព្រៃពាយ ខេត្តកំពត

៥០

សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរ ខេត្តព្រះវិហារ

៥១

សហគមន៍ផ្លូវរថភ្លើងទួលសង្កែ A

៥២

អង្គការអ្នកកាសែតគ្មានព្រំដែន (RSF)

៥៣

សហគមន៍ SOS​ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

៥៤

សហគមន៍ថ្មដា ខេត្តពោធិសាត់

៥៥

សហគមន៍ទួលសង្កែ B

៥៦

សហគមន៍ត្រពាំងសង្កែ ខេត្តកំពត

៥៧

អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT)


តុលាការ​កំពូល ឲ្យ​សាលាឧទ្ធរណ៍ ស៊ើបអង្កេត​ឡើងវិញ​លើ អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីររូប , តុលាការ​កំពូល​ប្រកាស​សាលដីកា​របស់លោក រ៉ាត់ រ័ត្ន​មុន្នី
July 16, 2020 Fresh News

​ភ្នំពេញ​៖ តុលាការ​កំពូល​បានប្រកាស​សាលដីកា​តម្កល់​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​អនុញ្ញាត ឱ្យ​ស៊ើបអង្កេត​ឡើងវិញ​លើ​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីររូប​គឺ​លោក អួន ឈិន និង​លោក យាង សុធា​រិន្ទ ។ តុលាការ​កំពូល​ក៏បាន​ប្រកាស​សាលដីកា​ករណី​របស់លោក រ៉ាត់ រ័ត្ន​មុន្នី អ្នកបកប្រែ​ឱ្យ​ទូរទស្សន៍ Russia Today ដែល​កំពុង​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​។​

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នេះ តុលាការ​កំពូល​បានប្រកាស​សាលដីកា​តម្កល់​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​អនុញ្ញាតឱ្យ​ស៊ើបអង្កេត​ឡើងវិញ​លើ​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីររូប​គឺ​លោក អួន ឈិន និង​លោក យាង សុធា​រិន្ទ ពាក់ព័ន្ធ​នឹង​បទ ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស តាម​មាត្រា​៣៩ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។

​បន្ថែម​ពីលើ​ករណីនេះ តុលាការ​កំពូល​ក៏បាន​ប្រកាស​សាលដីកា​ករណី​របស់លោក រ៉ាត់ រ័ត្ន​មុន្នី អ្នកបកប្រែ​ឱ្យ​ទូរទស្សន៍ Russia Today ដែល​កំពុង​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ បន្ទាប់ពី​ផ្តន្ទាទោស​ពីបទ​ញុះញង់​ឱ្យមាន​ការរើសអើង ពាក់ព័ន្ធ​នឹង​ការផលិត​ភាពយន្ត​ឯកសារ​អំពី​ការជួញដូរ​ផ្លូវភេទ​ដែលមាន​ចំណងជើង​ថា «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​»​។ តុលាការ​កំពូល​បានសម្រេច​បញ្ជូន​ករណី​នេះ​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​ជំនុំជម្រះ​សារ​ឡើងវិញ​ ៕ ​ដោយ​៖​កូ​ឡាប​


ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ជាប់​ទាក់​ទង​ការ​ផលិត​វីឌីអូ​ឯកសារ​មួយ​មាន​ចំណង​ជើង​ថា «ម្តាយ​ខ្ញុំ លក់ខ្ញុំ» របស់​សារ​ព័ត៌មាន​រុស្ស៊ី​ធូដេ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ថ្ងៃសុក្រ​ម្សិល​មិញ ​តាម​សំណើរ​របស់​អាជ្ញាធរ​ខ្មែរ។ ប៉ុន្តែ​យ៉ាងណាមិញ អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​នគរ​បាល​​ជាតិ​បាន​អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះថា ការ​ចាប់​ខ្លួន លោក រ៉ាត់ រដ្ឋមុនី ធ្វើ​ឡើង​តាម​ដីកា​របស់​តុលាការ​តែ​ប៉ុណ្ណោះ។

មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន លោក​រ៉ាត់ រដ្ឋមុនី មិន​ត្រូវ​បញ្ជាក់​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​នៅ​ឡើយ​​ទេ​គិត​មក​ដល់​ពេល​នេះ។ ប៉ុន្តែ​យ៉ាង​ណា​មិញ តាមរយៈ​សារព័ត៌មាន​នៅ​ក្នុងស្រុក បាន​ផ្សាយ ដោយ​ស្រង់​សំដី អ្នកស្រី ឡុង គីមហ៊ាង ភរិយា​លោក រ៉ាត់ រដ្ឋមុនី អះ​អាង​ថា ការ​ចាប់​ខ្លួន​ស្វាមី​គាត់​នេះ ពាក់ព័ន្ធ​ការ​ផលិត​វីឌីអូ​ឯកសារ​មួយ​មាន​ចំណង​ជើងថា «ម្តាយខ្ញុំ លក់ខ្ញុំ» របស់​សារព័ត៌​មាន​រុស្ស៊ី​ធូដេ។

តែ​លោក ឆាយ គីមឃឿន អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​លោក រ៉ាត់ រដ្ឋមុនី នៅពេ​ល​នេះ​ទំនង​ជា​ជាប់​ទាក់​ទង​នឹង​បទឧក្រិដ្ឋ ដែល​ផ្អែក​ទៅ​តាម​ដីកា​​របស់​តុលាការ។ សម្រាប់​សមត្ថកិច្ច​កម្ពុជា ខ្សែ​ភាពយន្ត​ឯកសារ«ម្តាយខ្ញុំ លក់ខ្ញុំ» នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​កម្ពុជា ខណៈ​ក្រុម​អ្នក​ផលិត​និយាយ​ថា​ វា​គ្រាន់​តែ​ជាផ្នែក​មួយ​បង្ហាញ​ពី​ទិដ្ឋភាព​ជាក់​ស្ដែង​នៅ​ក្នុង​សង្គម​កម្ពុជា​តែ​ប៉ុណ្ណោះ។

យោង​ទៅ​លើ​ការ​ចុះផ្សាយ​របស់​សារព័ត៌មានReutersថា ការ​ចាប់​ខ្លួន​លោក រ៉ាត់ រដ្ឋមុនី​ ធ្វើ​ឡើង​អំឡុង​ពេល​ដែល​លោក​និង​ក្រុម​គ្រួសារ​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហូឡង់​។​ អ្នក​ស្រី ឡុង គីមហ៊ាង ភរិយា លោក រ៉ាត់ រដ្ឋមុនី បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ថា ប្ដី​របស់​គាត់អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធគារ​ក្រោយ​ការ​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ។​ ភ្លាមៗក្រោយ​ការ​ចាប់​ខ្លួន លោក រ៉ាត់ រដ្ឋមុនី ក្រុម​គ្រួសារ​និង​មតិ​មួយ​ចំនួន​បាន​រិះគន់​ចំពោះការ​ចាប់​ខ្លួន​នេះ​ដោយ​ពួក​គេថា សកម្មភាព លោក រ៉ាត់ រដ្ឋមុនី គឺ​គ្រាន់​តែ​ជា​ការ​បង្ហាញការ​ពិត​នៅ​ក្នុង​សង្គម​ខ្មែរ​តែប៉ុណ្ណោះ។ សូមបញ្ជាក់ដែរ ថា លោក រ៉ាត់ រដ្ឋមុនី ក៏ជាប្រធាន​សហ​ព័ន្ធ​​សហជីព​កម្មករ​សំណង់​កម្ពុជា (CCTUF) ផង​ដែរ៕

ដោយថ្មីៗ 26, Jun 2019 , 3:40 pm សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយសម្រេចឲ្យលោក រ៉ាត់ រត្នមុនី ជាប់ពន្ធនាគារពីរឆ្នាំ ពាក់ព័ន្ធនឹងការផលិតខ្សែភាពយន្ត «ម្តាយខ្ញុំលក់ខ្ញុំ»។ លើសពីនេះ តុលាការ បានឲ្យលោក បង់ប្រាក់៣៥លានរៀល ទៅដើមបណ្តឹងផងដែរ។

លោក សំ ទិត្យសីហា មេធាវីរបស់លោក រ៉ាត់ រត្នមុនី ចាត់ទុកការសម្រេចរបស់តុលាការថាអយុត្តិធម៌។ លោក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា «ខ្ញុំ បានពិភាក្សាជាមួយកូនក្តីរបស់ខ្ញុំរួចហើយ ថានឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍»។ 

ខ្សែភាពយន្ត «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» បានធ្វើ​ឲ្យ​លោក រ៉ាត់ រត្ន​មុនី រង​ពីបទ «​ញុះញង់​ឲ្យ​មានការ​រើសអើង​»​។ លោក មេធាវី អះអាងដូចមុនថា លោក រ៉ាត់ រត្នមុនី មិនមែនជាអ្នកដឹកផលិតខ្សែភាពយន្តនេះទេ គឺគ្រាន់តែជាបកប្រែពីភាសាខ្មែរទៅជាភាសាអង់គ្លេសប៉ុណ្ណោះ។

អាជ្ញាធរ​ខ្មែរ បាន​តាមដាន​ខ្សែភាពយន្ត​ឯកសារ​នេះ បន្ទាប់ពី​សារព័ត៌មាន​ដ៏​ល្បី​មួយ​របស់​រុស្ស៊ី​ឈ្មោះ RT យកទៅ​ផ្សព្វផ្សាយ កាលពីចុងឆ្នាំ ២០១៨ ​។ អាជ្ញាធរ​ខ្មែរ អះអាងថា ភាពយន្ត​ឯកសារ​ខាងលើ ដែល​និយាយ​ពី​ការជួញដូរ​ផ្លូវភេទ គឺជា​រឿងប្រឌិត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​។​

លោក រ៉ាត់ រត្នមុនី ត្រូវបានសមត្ថកិច្ច​ថៃ ​ចាប់បញ្ជូនមក​កម្ពុជា​វិញ កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ក្រោមកិច្ចសហការជាមួយសមត្ថកិច្ចខ្មែរ។ កន្លងមក ភរិយា​របស់លោក និង​ប្រជាពលរដ្ឋ​មួយចំនួន ខិតខំ​សុំ​ឲ្យ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជួយ​ធ្វើ​អន្តរាគមន៍​ជា​ញឹកញាប់​ដែរ តែ​មិនបាន​ទទួលផល​វិជ្ជមាន​ឡើយ​៕

No comments:

Post a Comment