ចលនាយុវជន មាតាធម្មជាតិ
បទវិភាគ៖ តើ កើត សារ៉ាយ ជានណា? កើត សារ៉ាយ គឺជា ក្មេងឈាមរាវ ម្នាក់ កើតឆ្នាំ ១៩៩២ នៅខេត្ត សៀមរាម ចូលបួស នៅ អាយុ ១៣ ឆ្នាំ និង បន្តបួស បាន រយៈពេល ១៥ ឆ្នាំ រហូតដល់ថ្ងៃ ជាប់គុក ដោយសារចូលរួមជាមួយ ចលនា រំដោះជាតិ ចម្ប៉ារបស់ គណបក្សសង្រ្គាះជាតិ។ កម្ពុជា ប្រកាសឯករាជ្យ ឆ្នាំ ៨០២ ចេញពី អាណានិគមន៍របស់ ចាម និង ជ្វា។ ចាម និង ជ្វា នេះ ដើមឡើយ កាន់សាសនាដូចខ្មែរដែរ គឺ ហិណ្ឌូសាសនា និង ពុទ្ធសាសនា ដូច្នេះ ជនជាតិ ចាម ចាក់ឬស គល់យ៉ាងជ្រៅជាមួយ ជនជាតិខ្មែរ ដែលមនុស្សធម្មតាៗ មានការសិក្សាតិចតួច មិនអាចយល់បានឡើយ ជាពិសេស ដូចជា កុមា កើត សារ៉ាយ ដែល បួសជា សង្ឃ ទទួលឥទ្ធិពល កម្ពុជាក្រោម។ មានឈ្មោះជា កម្ពុជាក្រោមមែន តែ ភាពច្រើន សុទ្ធតែជា ជនជាតិ ចាម កាន់ពុទ្ធសាសនា និង ហិណ្ឌូសាសនា ចំណែក ចាមនៅ ភាគកណ្តាល កាន់សាសនា គ្រឹស្តិ និង សាសនាឥស្លាម។ រាល់សកម្មភាព អំពើរគ្រប់យ៉ាងរបស់ កើត សារ៉ាយ គឺ ក្នុងន័យ ប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ បញ្ជាដោយ ជនជាតិ ខ្មែរ។ ជនជាតិ ចាម មិនពេញចិត្ត ជាមួយ ការដែល កម្ពុជា ចុះសន្ធិសញ្ញាព្រំដែន ជាមួយ វៀតណាមឡើយ ព្រោះការសន្ធិសញ្ញាបែបនេះ គឺ មិនទទួលស្គាល់ ចម្ប៉ា គឺជា រដ្ឋឬ ប្រទេសទេ ដែលនេះជា មូលហេតុ ចម្ប៉ា ត្រូវតែ ប្រើប្រាស់ កម្ពុជាក្រោម ដើម្បី ប្រមូលកម្លាំងសម្ងាត់ប្រឆាំង កម្ពុជា ប្រឆាំងវៀតណាម។
ទាក់ទងបញ្ហា ការំបផ្លាញព្រៃឈើ ការកាន់កាប់ដីព្រៃ ដីរដ្ឋ ការបំផ្លាញសម្បត្តិ គ្រឿងចក្រ របស់ ក្រុមហ៊ុន ចិន នៅ ខេត្តព្រះវិហារ គឺ កើត សារ៉ាយ នេះ ក្នុងនាមជា អតីព្រះសង្ឃ ជាប្រធានសមាគមន៍ ជា មេដឹកនាំបក្សកែម ឡីថ្មី បាន គាំទ្រ ញុះញង់ពលរដ្ឋខ្មែរ និង កួយ Kuy Ethnic People ឲ្យ បំផ្លាញព្រៃឈើ និង ក៍ការពារព្រៃឈើដែរ តែដើម្បី សហគមន៍ជនជាតិ កួយ នៅព្រះវិហារ សម្រាប់ឈានទៅការធ្វើផែនការ ចុះបញ្ជីព្រៃឈើសហគមន៍ ចុះហត្ថលេខាផ្ទាល់ជាមួយ រដ្ឋមន្រ្តីបរិស្ថាន កសិកម្ម អភិបាលខេត្ត ។ រាជរដ្ឋាភិបាលថ្មី នេះ ចេញសេចក្តីជូនដំណឹងជាសាធារណៈថា រាល់ មេទ័ពខេត្ត មេនគរបាលខេត្ត អភិបាលខេត្តក្រុង ត្រូវតែងដោយព្រះរាជក្រិត គឺមិនអនុញ្ញាតិឲ្យមានការតែងតាំងដោយ រដ្ឋមន្រ្តី ដូចមុនៗឡើយ ៕
៣០ មិនា ២០២២ អតីតព្រះសង្ឃជាប់ឆ្នោតជាប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរប្តេជ្ញាលើកស្ទួយលទ្ធិប្រជាធិបតេយ្យ លោក កើត សារ៉ាយ ជាអតីតព្រះសង្ឃ និងជាអ្នកធ្លាប់ជាប់ក្នុងពន្ធនាគារ ជាប់ឆ្នោតជាប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ។
ផែនទី ចម្ប៉ា
ភ្នំពេញ — ធ្វើដំណើរទៅទីណាក៏ដោយបុរសម្នាក់ដែលជាអតីតព្រះសង្ឃមិនពាក់ស្បែកជើងទេ ហើយនៅពេលគាត់ត្រូវបានគេជ្រើសរើសឱ្យធ្វើជាប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរកាលពីពេលថ្មីៗនេះ ក៏គាត់មិនពាក់ស្បែកជើងដែរ។ បុរសជាអតីតព្រះសង្ឃ រូបនោះគឺលោកកើត សារ៉ាយ ដែលត្រូវបានតុលាការដោះលែងចេញ ពីពន្ធនាគារ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសំណុំរឿងជំទាស់នឹងការចាប់ខ្លួនលោករ៉ុង ឈុនប្រធានសហភាពសហជីពកម្ពុជាកាលពីអំឡុងខែកក្កដា ឆ្នាំ២០២០។
បន្ទាប់ពីលោកបានក្លាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ តាមការរយៈការបោះឆ្នោតក្នុងសមាជលើកទី២ របស់សមាគមកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោកកើត សារ៉ាយ ប្រាប់វីអូអេថាក្នុងនាមជាប្រធាន សមាគមលោកមិនរាថយនោះទេក្នុងការប្រឆាំងអំពើយុត្តិធម៌សង្គម និងការជំរុញឱ្យមានការអនុវត្តលទ្ធិប្រជាធិបតេយ្យមួយដែលអាចទទួលយកបានពីគ្រប់ភាគីនៅកម្ពុជា។
លោកនិយាយថា៖«ខ្ញុំក៏មានអារម្មណ៍ថា យើងទទួលបានភារៈឬតួនាទីដែលទៅមុខទៀតក្នុងការចូលរួមបម្រើដល់ផលប្រយោជន៍ប្រជាធិបតេយ្យនៅកម្ពុជា»។
លោកកើត សារ៉ាយ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។លោកស្ថិតនៅក្នុងចំណោមសកម្មជនយ៉ាងហោចណាស់១០នាក់ ដែលត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល២០ខែ ចំពោះសកម្មភាពតវ៉ា ទាមទារឲ្យដោះលែងមេដឹកនាំសហជីពលោក រ៉ុង ឈុនដែលត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយអំពីភាពមិនប្រក្រតីនៃការ បោះបង្គោលព្រំដែនកម្ពុជា វៀតណាមក្នុងខេត្តត្បូងឃ្មុំ។
ជាកូនពៅក្នុងគ្រួសារកសិករដែលមានបងប្អូន៦នាក់ លោកកើត សារ៉ាយ បានសាងផ្នួសបួសជាព្រះសង្ឃជ្រកក្រោមម្លប់ព្រះពុទ្ធសាសនាតាំងពីនៅអាយុ ១៣ឆ្នាំ រហូតមកទល់ពេលដែលអាជ្ញាធរចាប់ផ្សឹកកាលពីអំឡុងខែសីហា ឆ្នាំ២០២០ ក្រោយពេលដែលលោកនិងក្រុមយុវជនផ្សេងទៀតបានចូលរួមតវ៉ាដើម្បីឱ្យមានការដោះលែងលោករ៉ុង ឈុន ដែលជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក្រោមបទចោទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
អំឡុងពេលគង់នៅជាសង្ឃក្នុងវត្តដំរីស នាខេត្តបាត់ដំបងអតីតសង្ឃលោកកើត សារ៉ាយ បានទទួលការសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។លោកក៏ជាអតីតសិស្សនៅពុទ្ធិកបឋមសិក្សាវត្តខ្នាច រមាស និងពុទ្ធិកវិទ្យាល័យអ៊ឹងធួងនៅខេត្តបាត់ដំបងជាប់ប្រទេសថៃ។
លោកកើត សារ៉ាយ បានលើកឡើងទៀតថា ការទទួលបានតួនាទីជាប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរគឺជាភារកិច្ចមួយថ្មីទៀតសម្រាប់លោកធ្វើការបម្រើប្រយោជន៍ប្រជាជាតិខ្មែរ និងការទាមទារនូវលទ្ធិប្រជាធិបតេយ្យ ហើយជាពិសេសនោះ លោកនឹងធ្វើការទំនាក់ទំនងជាមួយបញ្ញជនខ្មែរនៅគ្រប់ច្រកល្ហកដើម្បីកៀរគរឱ្យពួកគេចូលរួមដោះស្រាយបញ្ហាផ្សេងៗដែលកំពុងកើតមានឡើងក្នុងប្រទេសកម្ពុជា។
លោកនិយាយថា៖«លើកកម្ពស់ប្រជាធិបតេយ្យ យើងចង់ឃើញមានការផ្សះផ្សារជាតិដោយអហិង្សា ជាពិសេសយើងចង់ឃើញមានការគោរពសិទ្ធិមនុស្ស មានលទ្ធិប្រជាធិបតេយ្យ មាននីតិរដ្ឋត្រឹមត្រូវ ហើយកាន់តែពិសេសទៀតនោះយើងមើលឃើញពីកំណែទម្រង់នៃអំពើពុករលួយ»។
មានសម្បុរស្រអែម ហើយនិយាយដោយភាពម៉ឺងម៉ាត់ អតីតព្រះសង្ឃលោកកើត សារ៉ាយបានកោតសរសើរសមាគមនិស្សិតបញ្ញវន្តខ្មែរ ដែលបានធ្វើកិច្ចការជាច្រើនដូចជា ការសិក្សាស្រាវជ្រាវទៅលើបញ្ហាព្រំដែន ដែលមាន ក្រុម១០០រាត្រីជាអ្នកដឹកមុខ ហើយក៏ជាអង្គភាពមួយរបស់សមាគមនេះដែរ។
លើសពីនេះ លោកកើត សារ៉ាយ ថា សមាគមក៏បានចូលរួមធ្វើសកម្មភាពសង្គមផ្សេងៗទៀត ក្នុងនោះមានការ ចូលរួមលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាចងក្រងនិស្សិតបញ្ញវន្តពីគ្រប់ទិសទីជាដើម។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានលើកឡើងថាលោកមានសុទិដ្ឋិនិយមចំពោះលោកកើត សារ៉ាយ ដោយហេតុថាលោកមានទាំងចំណេះដឹង សមត្ថភាពនិងធនធាន ស័ក្តិសមនៅក្នុងការធ្វើឱ្យសមាគមនេះកាន់តែរីកចម្រើនទៅមុខ។
លោកផ្តល់ការកត់សម្គាល់ថាលោកកើត សារ៉ាយ មានភាពសកម្មផងដែរនៅក្នុងការតស៊ូមតិជាមួយក្រុមយុវជនមួយ ដែលគេស្គាល់ជា «ក្រុមខ្មែរថាវរៈ» ទៅលើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបរិស្ថាន។
លោករ៉ុង ឈុន ប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា៖ «យុវជនគឺត្រូវការអ្នកដែលមានឆន្ទៈនិងសេចក្តីក្លាហាននៅក្នុងការរៀបចំចងក្រងដើម្បីធ្វើម៉េចឱ្យមានឥទ្ធិពលនៅក្នុងការចូលរួមជំរុញឱ្យប្រទេសកម្ពុជាយើងមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
បើតាមលោករ៉ុង ឈុន បេសកកម្មសំខាន់ និងចម្បងជាងគេរបស់លោកកើត សារ៉ាយ គឺការចងក្រងយុវជននិស្សតិនិងបញ្ញវន្តនៅទូទាំងប្រទេសកម្ពុជាដើម្បីអាចចូលរួមធ្វើការងារសង្គមជាមួយគ្នាពីព្រោះថា និស្សិតបញ្ញវន្ត ខ្មែរសព្វថ្ងៃភាគច្រើន ហាក់ដូចជាមិនមានមនសិការ គិតគូរនិងចូលរួមដោះស្រាយបញ្ហាដែលកំពុងចាក់ស្រេះក្នុងប្រទេសជាតិ ដែលរួមមានបញ្ហានៃការអភិរក្សធនធានធម្មជាតិ អំពើពុករលួយ ការអភិវឌ្ឍដែលបង្កផលប៉ះពាល់ដល់សិទ្ធិដីធ្លីរបស់ពលរដ្ឋ និងការការពារបូរណភាពទឹកដី។
មុនពេលអតីតព្រះសង្ឃលោកកើត សារ៉ាយ មកដឹកនាំសមាគមនិស្សិតបញ្ញវន្តខ្មែរ សមាគមនេះស្ថិតក្រោមការដឹកនាំរបស់យុវជនមួយចំនួនក្នុងនោះ មានលោក មួង សូនី និងលោក មាន ព្រហ្មមុនី ដែលជាអនុប្រធាន។ សមាគមនេះ ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៤។
កញ្ញាហុក គឹមលាង ហេរញ្ញឹកនៅក្នុងសមាគមនិស្សិតបញ្ញវន្ត អះអាងថា លោកសារ៉ាយនឹងធ្វើឱ្យសមាគម មានភាពរីកចម្រើនបន្តទៅមុខទៀត ដោយហេតុថាលោកជា សហស្ថាបនិករបស់ក្រុមយុវជនខ្មែរថាវរៈ។ កញ្ញាបន្ថែមថា ទស្សនៈរបស់សមាគមនិងអ្វីដែលលោកកើត សារ៉ាយ កំពុងតែធ្វើគឺមានភាពស៊ីសង្វាក់គ្នា។
កញ្ញានិយាយថា៖ «ម្យ៉ាងគាត់ជាមនុស្សដែលលះបង់។ ការងារណាដែលគាត់ដាក់ចិត្តថានឹងធ្វើគាត់ប្រាកដជាអាចធ្វើបាន។ អាត្រង់ចំណុចនេះ ហើយដែលខ្ញុំគិតថាគាត់មានឆន្ទៈហើយជាមនុស្សដែលលះបង់ខ្ពស់ សម្រាប់ជាតិ»។
ដោយឡែកនាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំ សំអាត មើលឃើញពីសារៈសំខាន់នៃសេរីភាពពេញលេញរបស់លោកកើត សារ៉ាយក្នុងការបំពេញការងារដោយគ្មានសម្ពាធពីតុលាការ។
មន្ត្រីសិទ្ធិមនុស្សរូបនេះថ្លែងថាតាំងពីដើមមកគឺក្រុមអង្គការសង្គមស៊ីវិល តែងតែទទូចឱ្យតុលាការទម្លាក់ចោលនូវរាល់បទចោទទាំងឡាយទៅលើក្រុមយុវជនខ្មែរថាវរៈ ក្នុងនោះមានលោកកើត សារ៉ាយផងដែរ។
ព្រះតេជគុណ កើត សារ៉ាយ ត្រូវផ្សឹក ហើយយកទៅឃុំនៅព្រៃស ជាមួយយុវជន ព្រហ្មមុនី 07, Sep 2020 , 5:07 pm
រូបភាពយុវជន មាន ព្រហ្មមុនី (ពាក់អាវស) និង ព្រះតេជគុណ កើត សារ៉ាយ ថតជាមួយ មន្រ្តីទូតអាមេរិក (រូបពីគណនីហ្វេសប៊ុក Ma Chettra
យុវជន មាន ព្រហ្មមុនី (ពាក់អាវស) និង ព្រះតេជគុណ កើត សារ៉ាយ ថតជាមួយមន្រ្តីទូតអាមេរិក (រូបពីគណនីហ្វេសប៊ុក Ma Chettra
ដោយ: ថ្មីៗព្រះតេជគុណ កើត សារ៉ាយ ត្រូវបានចាប់ផ្សឹក មុននឹងត្រូវបញ្ជូនទៅតុលាការរាជធានីភ្នំពេញជាមួយយុវជនម្នាក់ទៀតឈ្មោះ មាន ព្រហ្មមុនី នៅព្រឹកថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០២០។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ថា អ្នកទាំពីរ ត្រូវបានយកទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃសហើយ បន្ទាប់ពីតុលាការសាកសួររួច។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ អ្នកនាំពាក្យនគរបាលជាតិ ថ្លែងថា អ្នកទាំងពីរត្រូវបានចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ លោកឧត្តមសេនីយ៍ឯក និយាយពីករណីអតីតព្រះតេជគុណ កើត សារ៉ាយ ថា៖«គាត់ សឹកហើយ សមត្ថកិច្ចណា ទៅចាប់ទាំងនៅលោកនុ៎ះ»។
ព្រះតេជគុណ កើត សារ៉ាយ និងយុវជន មាន ព្រហ្មមុនី ដែលជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈ ត្រូវបានសមត្ថកិច្ចចូលទៅចាប់កាលពីរសៀលថ្ងៃម្សិលមិញ (៦កញ្ញា) ក្នុងទីស្នាក់ការរបស់សមាគមនិស្សិតបញ្ញវន្តខ្មែរ ស្ថិតនៅជាប់ផ្សារស៊ីខេ (CK Market) ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកទាំងពីរត្រូវចាប់ខ្លួន បន្ទាប់ពីប្រកាសជំហរថា នៅតែចូលរួមដឹកនាំធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងទាមទារឲ្យមានយុត្តិធម៌សង្គម ខណៈអាជ្ញាធរ ប្រាប់ថា មិនអនុញ្ញាត។
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ក្រុមយុវជន នៅតែនាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីសម្តែងមតិ។ តែពួកគេ បានត្រឹមតែទៅជិតដល់ទីលានប្រជាធិតេយ្យប៉ុណ្ណោះ ដោយមិនបានចូលក្នុងទីលានប្រជាធិបតេយ្យឡើយ ដ្បិតមានការរារាំងពីកម្លាំងសមត្ថកិច្ច។ ក្នុងដំណើរទៅកាន់ទីលានប្រជាធិបតេយ្យនេះ មានយុវជនម្នាក់ទៀតឈ្មោះ ថា ឡាវី ត្រូវបានឃាត់ខ្លួន ដោយគេមិនទាន់ដឹងថា បញ្ជូនទៅទីណាឡើយ៕
លោកប្រាប់វីអូអេថា៖ «យើងនៅតែទាមទារថាសូមឱ្យសាលាឧទ្្ធរណ៍ទម្លាក់បទចោទទៅលើពួកគាត់ចោលដើម្បីឱ្យពួកគាត់មានសេរីភាពពេញលេញក្នុងការចូលរួមធ្វើការងារសង្គម ការងារសិទ្ធិមនុស្ស ឬក៏បរិស្ថានដោយមិនមានភាពភ័យខ្លាចឬក៏មិនមានស្ថិតនៅក្រោមគំនាបនៃប្រព័ន្ធយុត្ថាធិការ ឬក៏ប្រព័ន្ធផ្លូវច្បាប់»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកជិន ម៉ាលីនបានលើកឡើងថា ការលើកឡើងថា មានការរឹតត្បិតសិទ្ធិសេរីភាពគ្រាន់តែជាមតិរបស់ក្រុមនេះដែលតំណាងឱ្យមនុស្សមួយចំនួនតូច។
«លំហសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យអត់មានការរួមតូចទេសម្រាប់ប្រជាពលរដ្ឋភាគច្រើនដែលគោរពទៅតាមច្បាប់បានខ្ជាប់ខ្ជួន។ហើយបញ្ហាតែមួយក្រុមតូចដែលតែងតែធ្វើសកម្មភាពល្មើសនឹងច្បាប់និងបង្កភាពចលាចលក្នុងប្រទេសតែប៉ុណ្ណោះបាទ»។
ទោះបីជាសេរីភាពរបស់លោកមួយផ្នែកត្រូវបានកំហិតដោយអំណាចតុលាការក្តី អតីតព្រះសង្ឃ លោកកើត សារ៉ាយនិយាយថា លោកនឹងបន្តប្រើប្រាស់សិទ្ធិមូលដ្ឋានរបស់លោកក្នុងសកម្មភាពតស៊ូមតិ ខណៈលោកបំពេញការងារជាប្រធានសមាគមនេះ។ លោកជឿថាសកម្មភាពសង្គមរបស់លោកកន្លងមកនោះ មិនបានបង្កឱ្យមានបទល្មើសណាមួយដែលត្រូវឱ្យលោកប្រឈមមុខនឹងតុលាការនោះទេ។
លោកនិយាយថា៖«ដូច្នេះខ្ញុំអត់មានអី ដែលខុស ហើយខ្ញុំនៅតែជាមនុស្សស្អាតស្អំ ហើយការចាប់ខ្ញុំដាក់ពន្ធនាគារគឺជារឿងអយុត្តិធម៌ ដែលសូម្បីសាកលលោកទាំងអង្គការជាតិនិងអន្តរជាតិក៏ទទួលស្គាល់ដែរថាជាការចាប់ខ្លួនដែលវាមិនត្រឹមត្រូវ»។
លោកបានបញ្ជាក់ជាថ្មីទៀតថាបើមិនមានការអនុវត្តលទិ្ធប្រជាធិបតេយ្យត្រឹមត្រូវដែលគួរឱ្យជឿទុកចិត្តបានសម្រាប់ពលរដ្ឋកម្ពុជា និងការគោរពសិទ្ធិមនុស្សនោះទេ ជើងរបស់លោកក៏មិនត្រូវការស្បែកជើងដែរ។
លោកថ្លែងយ៉ាងដូច្នេះ៖«នេះជាការតាំងចិត្តរបស់ខ្ញុំ គឺខ្ញុំនៅតែបន្តវារហូតទាល់តែអ្វីដែលខ្ញុំចង់ឃើញចង់បានហ្នឹង វាលេចឡើងជារូបរាង ដែលប្រជាជាតិខ្មែរគិតថា អាចទទួលយកបាន។អ៊ីចឹងដរាបណាមិនទាន់ទទួលយកបានគឺការពហិការមិនពាក់ស្បែកជើងរបស់ខ្ញុំនៅតែធ្វើទោះជារហូតដល់អស់ដង្ហើមនៃជីវិតរបស់ខ្ញុំក៏ខ្ញុំនៅតែមិនពាក់វាទេដរាបណាមិនទទួលបាននូវអ្វីដែលខ្ញុំប្រាថ្នាឬក៏បានតាំងចិត្តអធិដ្ឋានក្នុងរឿងហ្នឹង»៕
សមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ ក្រោយពីបុគ្គលម្នាក់នេះមានចេតនាអាក្រក់ ដើរញុះញង់ប្រជាពលរដ្ឋ និងប្រឌិតព័ត៌មានក្លែងក្លាយបង្កចលាចល ពាក់ព័ន្ធករណីដីធ្លីនៅខេត្តព្រះវិហារ
2024-04-06 03:02pm
(ភ្នំពេញ)៖ បុគ្គលម្នាក់ឈ្មោះ កើត សារ៉ាយ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ក្រោយពីបុគ្គលម្នាក់នេះមានចេតនាអាក្រក់ ដើរញុះញង់ឲ្យប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តព្រះវិហារភ័យខ្លាច គោលបំណងដើម្បីគេងចំណេញនយោបាយ បង្កឲ្យមានការភាន់ច្រឡំថាអាជ្ញាធរគៀបសង្កត់ប្រជាពលរដ្ឋ។
ក្រៅពីមានចេតនាទុច្ចរិតបំផ្លាញសន្តិភាព បុគ្គលនេះ និងបក្សពួក ក៏បានដើរប្រឌិតព័ត៌មានក្លែងក្លាយ ហើយផ្ដល់បទសម្ភាសដល់សារព័ត៌មាននៅក្រៅស្រុក ក្នុងចេទនាញុះញង់បង្កចលាចល ពាក់ព័ន្ធករណីដីធ្លីនៅខេត្តព្រះវិហារ។ ដូច្នេះដើម្បីជាទប់ស្កាត់នូវអំពើបង្កភាពចលាចលនៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តុលាការបានសម្រេចចេញដីកា ឃាត់ខ្លួនជននេះដើម្បីការទប់ស្កាត់នូវការបង្កអស្ថេរភាព និងបង្កការរំខានដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកវរសេនីយ៍ សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការចាប់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»។
បើតាមអ្នកនាំពាក្យ, បុគ្គលរូបនេះធ្លាប់ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារម្ដងរួចមកហើយពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ដូចគ្នានេះ។ ប៉ុន្ដែបុគ្គលនេះមិនរៀងចាលនោះឡេីយ។
ពោលកាលពីពេលកន្លងទៅថ្មីៗនេះ បុគ្គលឈ្មោះ កើត សារ៉ាយ បានប្រឌិតនូវព័ត៌មានក្លែងក្លាយពាក់ព័ន្ធបញ្ហាវិវាទដីធ្លីនៅខេត្តព្រះវិហារ ដេីម្បីផ្ដល់បទសម្ភាសដល់សារព័ត៌មាននៅក្រៅស្រុក ក្នុងគោលបំណងញុះញង់បង្កឲ្យមានការរេីសអេីង និងធ្វេីឲ្យការខឹងសម្បារមកដល់រាជរដ្ឋាភិបាល ពិសេសទៅកាន់ឆាកអន្ដរជាតិ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បែបនេះថា «យើងអាចសន្និដ្ឋានបានថាឈ្មោះ កើត សារ៉ាយ គឺពិតជាមានចេតនាញុះញង់ឲ្យប្រជាពលរដ្ឋមានការខឹងសម្បាញនឹងរាជរដ្ឋាភិបាល ហើយបុគ្គលនោះ ថែមទាំងបានផ្តល់ព័ត៌មានដល់សារព័ត៌មានឧទ្ទាមមាន VOD និង RFA ចេញផ្សាយបំភ្លៃព័ត៌មានមិនពិត និងប្រឌិតព័ត៌មាន ដើម្បីបង្ហាញឲ្យក្រៅប្រទេសបានឃើញ និងដាក់ទណ្ឌកម្មមកលើកម្ពុជា»។
សូមជម្រាបថា ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
តើព្រះភិក្ខុ កើត សារ៉ាយ ជាអ្នកណា?
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារជាបន្តបន្ទាប់ ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ ក៏មានព្រះសង្ឃមួយអង្គផងដែរ គឺព្រះភិក្ខុ កើត សារ៉ាយ ដែលត្រូវបានក្រុមមន្ត្រីសង្ឃ និងអាជ្ញាធរចាប់ផ្សឹកទាំងបង្ខំ ដើម្បីយកព្រះអង្គទៅឃុំឃាំងក្នុងពន្ធនាគារ។ តើព្រះភិក្ខុ កើត សារ៉ាយ ជានរណា ហើយព្រះអង្គមានការប្តេជ្ញាចិត្តយ៉ាងដូចម្តេចខ្លះចំពោះជាតិ?
តំណាងក្រុមយុវជនខ្មែរថាវរៈ ព្រះភិក្ខុ កើត សារ៉ាយ ធ្លាប់មានថេរៈដីកាប្រាប់អាស៊ីសេរីមុនពេលចាប់ខ្លួនថា ព្រះអង្គបានដឹងរួចជាស្រេចហើយថា អាជ្ញាធររបបលោក ហ៊ុន សែន ប្រាកដជាចាប់ព្រះកាយព្រះអង្គ ព្រោះព្រះអង្គនៅតែប្រកាន់ជំហរធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីទាមទារយុត្តិធម៌សង្គម។ ទោះជាយ៉ាងណា ព្រះអង្គមិនភ័យខ្លាចនឹងការធ្វើទុកបុកម្នេញនេះឡើយ ព្រោះព្រះអង្គសង្កេតឃើញថា ពលរដ្ឋទូទៅភ័យខ្លាចលែងហ៊ានបញ្ចេញមតិរឿងជាតិ ហើយប្រទេសកម្ពុជាទាំងមូលកំពុងរួមរឹតដោយបញ្ហាសេដ្ឋកិច្ច និងការរំលោភសិទ្ធិមនុស្ស«អាត្មាចង់ឱ្យប្រជាពលរដ្ឋចេះក្លាហាន ចេះប្រើសមាសភាពក្នុងនាមជាម្ចាស់ប្រទេស ម្ចាស់ទឹកដី ត្រូវមានសិទ្ធិក្នុងការបង្ហាញអំពីអារម្មណ៍ និងទឹកចិត្តរបស់ខ្លួនឯងទៅកាន់រដ្ឋាភិបាល ជាពិសេសតំណាងរាស្ត្រហ្នឹង។ កត្តាទីពីរ អាត្មាមើលឃើញថា ស្ថានភាពឥលូវនេះ ប្រទេសកម្ពុជារបស់យើងហ្នឹងកំពុងតែជួបវិបត្តិធំៗពីរហើយ។ ទីមួយទាក់ទងនឹងវិបត្តិសេដ្ឋកិច្ច ហើយទីពីរទាក់ទងនឹងសិទ្ធិ យុត្តិធម៌សម្រាប់ពលរដ្ឋនាពេលបច្ចុប្បន្ន។ ដូច្នេះ កត្តាទាំងពីរហ្នឹងហើយដែលឱ្យអាត្មាមើលឃើញថា វាលែងជាពេលដែលអាត្មាគួរអង្គុយនៅស្ងៀមទៀតហើយ»។
ព្រះភិក្ខុ កើត សារ៉ាយ បានចាប់ផ្តើមលេចធ្លោក្នុងការងារសង្គម តាំងពីចុងឆ្នាំ ២០១៩ រហូតមក។ កាលពី ខែ តុលា ឆ្នាំ ២០១៩ ព្រះអង្គបាននិមន្តដោយថ្មើរជើងលើចម្ងាយផ្លូវជាង២ រយគីឡូម៉ែត្រ (២៣០) ជាមួយក្រុមយុវជនមាតាធម្មជាតិ ពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធររុះរើសំណង់កាស៊ីណូខុសច្បាប់មួយកន្លែងនៅលើកោះរ៉ុងសន្លឹម។ ក្រោយមក អំឡុងខែឧសភាឆ្នាំ២០២០ ព្រះអង្គបានចូលរួមជាមួយយុវជន និងព្រះសង្ឃមួយចំនួនទៀត ធ្វើកូដកម្មបង្អត់អាហារនៅទីរួមខេត្តបាត់ដំបង ដើម្បីស្នើសុំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពន្យាពេលសងបំណុលដល់ពលរដ្ឋ ដែលកំពុងអត់ការងារធ្វើ និងរងគ្រោះដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ព្រះអង្គបានលេចព្រះភក្ត្រលើបណ្តាញសារព័ត៌មាន និងហ្វេសប៊ុក (Facebook) ជាហូរហែរ តាមរយៈថេរៈដីការិះគន់ភាពអយុត្តិធម៌សង្គម និងការតាំងចិត្តរបស់ព្រះអង្គក្នុងការងារសង្គម។
ព្រះអង្គបានរិះគន់ចំៗថា ប្រជាជាតិខ្មែរនាពេលបច្ចុប្បន្ន កំពុងតែបែកបាក់សាមគ្គីគ្នា និងខ្វះស្មារតីជាតិនិយមរួម ហើយនិន្នាការបែបនេះ កំពុងធ្វើឱ្យជាតិខ្មែរធ្លាក់ទន់ខ្សោយ«ខ្មែរចាប់ផ្តើមលែងជឿទុកចិត្តគ្នា ព្រោះតែការប្រកាន់បុគ្គលនិយម ប្រកាន់បក្ខពួកនិយម លែងមើលឃើញនូវផលប្រយោជន៍ជាតិ ហើយជាតិនៅពេលនេះ ទាំងអធិបតេយ្យភាពត្រូវគេកំពុងតែរំលោភបំពានបណ្តើរៗ។ ប្រជាពលរដ្ឋរងភាពអយុត្តិធម៌ស្រែកយំពេញប្រទេស។ កម្មករ ពលករ កសិករ រងសម្ពាធផ្នែកជីវភាពសព្វបែបសព្វយ៉ាង។ អ្វីដែលអាត្មាបារម្ភជាងគេនោះ នៅពេលដែលប្រទេសរបស់យើងចាប់ផ្តើមទន់ខ្សោយ ប្រទេសជិតខាងដែលមានប្រវត្តិសាស្ត្រចង់បានទឹកដីរបស់យើងហ្នឹង គឺគេនឹងឆ្លៀតឱកាសហើយ»។
ព្រះភិក្ខុ កើត សារ៉ាយ ព្រះជន្ម២៨ វស្សា មានស្រុកកំណើតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ព្រះអង្គមានបងប្អូនបង្កើតចំនួន៦ នាក់ ស្រី៣ ប្រុស៣ ហើយព្រះអង្គជាកូនពៅនៅក្នុងគ្រួសារ ដែលមានឪពុកម្តាយជាកសិករ និងលក់ដូរនំចំណីបន្តិចបន្តួច។ ព្រះអង្គបានចូលសាងផ្នួសតាំងពីអាយុ១៣ ឆ្នាំ ហើយបើគិតជាសរុបមកដល់នឹងពេលអាជ្ញាធរចាប់ខ្លួន ព្រះអង្គបួសបានចំនួន១៥ វស្សា។ ព្រះអង្គបានចូលសិក្សានៅពុទ្ធិកបឋមសិក្សាវត្តខ្នាចរមាស និងពុទ្ធិកវិទ្យាល័យអ៊ឹងធួន មុននឹងបន្តការសិក្សានៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង បានឆ្នាំទី០២ ផ្នែកអក្សរសាស្ត្រខ្មែរ។
ញោមស្រីរបស់ព្រះអង្គ កើត សារ៉ាយ គឺលោកស្រី ចាប យ៉ែម រៀបរាប់ថា ព្រះអង្គ កើត សារ៉ាយ មាននិស្ស័យនឹងព្រះពុទ្ធសាសនាណាស់ ដោយបានសុំឪពុកម្តាយទៅបួសតាំងពីក្មេង ហើយលោកស្រី និងប្តីក៏បានបំពេញបំណងរបស់កូន។ លោកស្រីថា មុនដំបូងព្រះអង្គបួសរៀននៅស្រុកកំណើត ហើយក្រោយមកបានផ្លាស់ទៅគង់នៅវត្តដំរីស ឯក្រុងបាត់ដំបង។ លោកស្រីឱ្យដឹងទៀតថា ព្រះអង្គ កើត សារ៉ាយ ធ្លាប់ប្រាប់ថា ចង់បួសរៀនដោយមិនកំណត់វស្សានោះឡើយ។
ឧបាសិកាវ័យ៧៥ វស្សារូបនេះ មានប្រសាសន៍ទៀតថា លោកស្រីតក់ស្លុតជាខ្លាំង នៅពេលដឹងថា លោកកូនត្រូវអាជ្ញាធរចាប់ខ្លួន ព្រោះតែឈឺឆ្អាលការងារសង្គម ក៏បុន្តែលោកស្រីគោរពការសម្រេចចិត្តរបស់លោកកូន កើត សារ៉ាយ «អារម្មណ៍ជាម្តាយ មានការតក់ស្លុតដែរ ប៉ុន្តែក្នុងនោះក៏យើងកាត់(ចិត្ត)ទៅ ធ្វើម៉េច បើកូនត្រូវតម្រូវចង់ធ្វើអ៊ីចុះហើយ មិនដឹងទៅឃាត់លោកយ៉ាងម៉េចបាន។ គ្រាន់តែធ្វើនេះ វាត្រឹមត្រូវរបស់លោកហើយ»។
ព្រះភិក្ខុ ឡុញ សុខជា គង់នៅវត្តក្នុងរាជធានីភ្នំពេញ មានព្រះថេរៈដីកាថា ព្រះអង្គបានរាប់អានគ្នាជាមួយព្រះអង្គ កើត សារ៉ាយ រយៈពេល១១ ឆ្នាំមកហើយ។ ព្រះអង្គបន្តថា ភិក្ខុអង្គនេះ មានទេពកោសល្យ រៀនឆាប់ចេះឆាប់ចាំ និងពូកែវោហារ តែមិនសូវស្តាប់យោបល់អ្នកដទៃនោះទេ ហើយក៏មិនសូវសង្វាតរៀនសូត្រតាមមេរៀនដែលគ្រូដាក់ឱ្យដែរ។ ទោះជាបែបនេះក្តី ព្រះអង្គ ឡុញ សុខជា សង្កេតឃើញថា ព្រះអង្គ កើត សារ៉ាយ មានគំនិតជឿនលឿន មិនមែនអភិរក្សនិយមនោះទេ«លោកមានគំនិតជឿនលឿន ច្នៃប្រឌិត យោងតាមការសិក្សា ហើយយោងតាមការវិភាគរបស់លោកកន្លងមក។ អាត្មាសំឡឹងមើលឃើញថា លោកជាអ្នកមានភាពជឿនលឿនដែរនៅក្នុងការវិវឌ្ឍខ្លួន ដោយយកទ្រឹស្តីពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម សាកលភាវូបនីយកម្មរបស់យើងសព្វថ្ងៃហ្នឹង»។
ក្រោយពីរបបលោក ហ៊ុន សែន ចាប់ខ្លួនលោក រ៉ុង ឈុន ដាក់ពន្ធនាគារ កាលពីថ្ងៃទី៣១ កក្កដានោះមក ក្រុមយុវជនខ្មែរថាវរៈរបស់ព្រះអង្គ កើត សារ៉ាយ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើបាតុកម្មដោយសន្តិវិធី សុំឱ្យអាជ្ញាធរដោះលែងមេសហជីពរូបនេះវិញ។ ទោះជាយ៉ាងណា ការប្រមូលផ្តុំគ្នាជាច្រើនលើករបស់ក្រុមយុវជន និងពលរដ្ឋដែលស្រឡាញ់យុត្តិធម៌សង្គមនោះ ត្រូវបានក្រុមសន្តិសុខសាលារាជធានីភ្នំពេញបង្ក្រាបឥតលុះពេល រហូតឈានដល់ការប្រើហិង្សាលើក្រុមអ្នកតវ៉ា និងបៀតបៀនកេរ្តិ៍ខ្មាសក្រុមយុវតីផងដែរ។
ដោយសារមិនចង់ឱ្យអាជ្ញាធរ យកលេសរឿងការពារសណ្តាប់ធ្នាប់សាធារណៈដើម្បីបំបិទសិទ្ធិពលរដ្ឋនោះ ក្រុមយុវជនចម្រុះគ្នា បានផ្ញើរលិខិតជូនដំណឹងស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី នៅទីលានប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៥ កញ្ញា។ ក៏ប៉ុន្តែ បាតុកម្មមិនទាន់នឹងកើតមានផង ស្រាប់តែអាជ្ញាធរបានចាប់ព្រះកាយព្រះអង្គ កើត សារ៉ាយ និងលោក មាន ព្រហ្មមុនី ដែលជាអនុប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដោយចោទពីបទញុះញង់។ ក្រុមមន្ត្រីសង្ឃ និងអាជ្ញាធរ បានផ្សឹកព្រះភិក្ខុ កើត សារ៉ាយ ភ្លាមៗដោយបង្ខំ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស។
ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះតេជព្រះគុណ ឃឹម សន មានថេរៈដីកាថា ការផ្សឹកនេះ គឺដោយសារព្រះអង្គ កើត សារ៉ាយ ចចេសមិនស្តាប់គណៈសង្ឃ ហើយប្រព្រឹត្តខុសវិន័យត្រង់ប្រការហាមអ្នកបួសចូលរួមធ្វើបាតុកម្ម។
ផ្ទុយពីការអះអាងនេះ ព្រះភិក្ខុ ឡុញ សុខជា មានថេរៈដីកាថា ទង្វើបែបនេះ គឺខុសទាំងពុទ្ធវិន័យ និងច្បាប់រដ្ឋ ហើយបង្ហាញច្បាស់ថា គណៈសង្ឃស្ថិតក្រោមឥទ្ធិពលនយោបាយ។ ព្រះអង្គទាមទារឱ្យអាជ្ញាធរដោះលែងព្រះអង្គ កើត សារ៉ាយ និងផ្តល់នីតិសម្បទាជាសង្ឃដល់ភិក្ខុអង្គនេះវិញជាបន្ទាន់«ការដែលយើងចាប់យកព្រះសង្ឃដែលកំពុងតែមានចេតនា មាននិស្ស័យនៅក្នុងពុទ្ធសាសនា មិនទាន់បានតាំងចិត្តលះបង់ យកទៅផ្សឹក គឺមិនបានដាច់ភេទជាព្រះសង្ឃទេ នៅតែជាព្រះសង្ឃដដែល។ អ៊ីចឹង ត្រូវតែផ្តល់នីតិសម្បទាហ្នឹងមកវិញ ដោយសារតែលោកមិនមានខុសវិន័យរហូតដល់ថ្នាក់ចាប់ផ្សឹកទេ។ លោកអត់បានបរាជិកទេ ទីមួយ។ ទីពីរ យោងតាមច្បាប់រដ្ឋ ក៏មិនមែនទោសព្រហ្មទណ្ឌអ្វីដែរ។ មន្ត្រីសង្ឃ ហើយនិងអាជ្ញាធររដ្ឋត្រូវតែគោរពច្បាប់ដែលស្របតាមបទដ្ឋានគតិយុត្តិអន្តរជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយទាំងអស់ហ្នឹង»។
បច្ចុប្បន្ន ព្រះអង្គ កើត សារ៉ាយ កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ជាមួយសកម្មជនជាច្រើននាក់ផ្សេងទៀត ដោយជាប់ចោទពីបទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ ឆ្នាំ។ ព្រះភិក្ខុដែលធ្លាប់គ្រងស្បង់ចីវរចំនួន ១៥ វស្សារូបនេះ ត្រូវអាជ្ញាធរបកស្បង់ចេញ និងតម្រូវឱ្យស្លៀកសម្លៀកបំពាក់អ្នកទោសក្នុងពន្ធនាគារ។
ទោះជាបែបនេះក្តី ព្រះអង្គ កើត សារ៉ាយ មានថេរៈដីកាក្នុងវីដេអូខ្លីមួយថា នៅពេលព្រះអង្គមានសេរីភាពវិញ ព្រះអង្គនឹងបន្តការងារសង្គមដោយមិនរួញរាឡើយ «ខ្ញុំមិនបានភ័យខ្លាចជាមួយនឹងការចាប់ខ្លួននេះនោះទេ ប៉ុន្តែខ្ញុំភ័យខ្លាច ខ្លាចពេលដែលមានជីវិត ប៉ុន្តែទឹកដីរបស់ពួកយើងត្រូវបានបន្តបាត់បង់ជាបន្តទៀត។ សូមបងប្អូនខ្មែរគ្រប់គ្នា កុំសោកសៅធ្វើអ្វី ទឹកភ្នែករបស់អ្នកគ្រប់គ្នា គឺស្រក់គ្រប់គ្រាន់ហើយសម្រាប់ទឹកដីដ៏កម្សត់មួយនេះ។ បើថ្ងៃនេះ ឬថ្ងៃស្អែក ខ្ញុំមានសេរីភាពមកវិញ ខ្ញុំនឹងបន្តកិច្ចការងារនេះដោយមិនរាថយឡើយ»។
ព្រះអង្គ កើត សារ៉ាយ មានបណ្តាំពីរយ៉ាងជាសំខាន់ គឺទីមួយ ព្រះអង្គចង់ឱ្យអ្នកនយោបាយបញ្ឈប់ការទាញយុវជនមកភ្ជាប់នឹងនិន្នាការនយោបាយរបស់ខ្លួន រហូតដល់ធ្វើឱ្យពួកគេភ័យខ្លាចមិនហ៊ានចូលរួមដោះស្រាយបញ្ហាជាតិ។ ទីពីរ ព្រះអង្គផ្តាំផ្ញើរដល់ពលរដ្ឋខ្មែរទូទៅ កុំបោះបង់ចោលការតស៊ូដើម្បីយុត្តិធម៌សង្គម និងត្រូវធ្វើខ្លួនជាពលរដ្ឋសកម្ម ដើម្បីរួមចំណែកទទួលខុសត្រូវលើជោគវាសនារបស់ជាតិ។ ព្រះអង្គសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសរបស់ពលរដ្ឋខ្មែរគ្រប់រូប ដូច្នេះមិនអាចឱ្យជនណាម្នាក់មកធ្វើជាម្ចាស់ប្រទេស ឬដឹងខុសត្រូវតែម្នាក់ឯងនោះឡើយ៕
ម្ដាយព្រះតេជគុណ កើត សារ៉ាយ សោកស្តាយចំពោះការចាប់ផ្សឹកកូនប្រុសទាំងអយុត្តិធម៌ ព័ត៌មានជាតិ-
លោក សុត បាន| ២២ កញ្ញា ២០២១ ម៉ោង ១៧:០២ ម្តាយ លោក កើត សារាយ អង្គុយលើគ្រែកាន់រូបថតរបស់កូន(រូបភាពពីលោក សុត បាន) «ចាប់តាំងពីគេចាប់កូនមក ខ្ញុំមិនដែលបានជួបមុខកូនទេ ជួបតែតាមទូរសព្ទបាន ៣ ដង ខ្ញុំបានជួបសួរសុខទុក្ខកូននេះ»។
នេះជាការរៀបរាប់របស់ អ្នកស្រី ចាប យ៉ែម ដែលត្រូវជាម្ដាយអតីតព្រះសង្ឃ កើត សារ៉ាយ បន្ទាប់ពីមិនបានជួបមុខកូន ចាប់តាំងពីអាជ្ញាធរបានចាប់ផ្សឹក និងឃុំខ្លួននៅពន្ធនាគារព្រៃសរ ចាប់តាំងពីអំឡុងខែសីហា ឆ្នាំ២០២០មក។
អ្នកស្រី ចាប យ៉ែម វ័យ៧៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសំរោង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំមកកាន់អ្នកសារព័ត៌មានវីអូឌីថា ចាប់តាំងពីសមត្ថកិច្ចចាប់ផ្សឹក និងយកកូនគាត់ ទៅឃុំក្នុងពន្ធនាគារ នៅរាជធានីភ្នំពេញមក អ្នកស្រីមិនដែលបានមកជួបមុខកូនឡើយ ដោយសារបច្ចុប្បន្នគាត់មានជំងឺដើរមិនរួច ហើយវ័យកាន់តែចាស់។
ស្ត្រីមេម៉ាយកូន៦នាក់រូបនេះ បានរៀបរាប់ទាំងក្តុកក្តួលថា៖ «កូនថាមិនអីទេ សុខសប្បាយទេ កុំឱ្យបារម្ភពីលោក ឱ្យខ្ញុំធ្វើចិត្តឱ្យបានទៅ កុំបារម្ភអំពីលោក ឱ្យខ្ញុំថែរក្សា កុំនឹកលោក។ ខ្ញុំស្រណោះកូនណាស់ ពេលលឺពាក្យ ហើយក៏ខ្ញុំសប្បាយចិត្តពេលបានជួបកូន»។
លោក កើត សារ៉ាយ គឺជាកូនពៅក្នុងចំណោមបងប្អូន៦នាក់។ លោកបានបួសរៀន តាំងពីវ័យ ១៣ឆ្នាំមកម្លេះ។ ក្រោយពីបានបួសនៅក្នុងខេត្តសៀមរាបរួច លោកក៏បានទៅបន្តការសិក្សានៅខេត្តបាត់ដំបង រហូតមកដល់ពេលគេចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២០។ បើគិតជារយៈពេលវិញ លោក កើត សារ៉ាយ បានបួសអស់រយៈពេល២០ឆ្នាំហើយ។
អ្នកស្រីរៀបរាប់ថា៖ «ខ្ញុំសប្បាយចិត្តដែលកូនបួសបានច្រើន ប៉ុន្តែសោកស្ដាយដែលគេចាប់កូនផ្សឹកទៅ ទាំងដែលកូននៅជាព្រះសង្ឃ(បន្តទៀត)។ ធ្លាប់តែឃើញកូននៅក្រហម(គ្រងស្បង់ក្រហម) បើនិយាយទៅសោកស្ដាយ ប៉ុណ្ណាមិនដឹងធ្វើម៉េច។ ខ្ញុំមានអារម្មណ៍តូចចិត្ត និងអន់ចិត្ត ដែលគេចាប់កូនគ្មានមូលហេតុអី។ ខ្ញុំសោកស្ដាយពេលគេចាប់ផ្សឹកកូន ព្រោះខ្ញុំនឹកឃើញកូនខ្ញុំមនុស្សដែលមិនបានធ្វើអីខុស ហើយដល់ពេលគេមកចាប់កូនខ្ញុំអ៊ីចឹង ដូចជាអយុត្តិធម៌ហួសពេក។ ខ្ញុំនឹកតើ ពេលខ្លះដេកបង្ហូទឹកភ្នែក…»។
លោក កើត សារ៉ាយ ស្ថិតនៅក្នុងចំណោមក្រុមយុវជនខ្មែរថាវរៈ ៥នាក់ ក្នុងនោះមាន លោក ថា ឡាវី, កញ្ញា អេង ម៉ាឡៃ ហៅ សូរ មេត្តា, កញ្ញា ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ ២នាក់ទៀត រួមមាន លោក មាន ព្រហ្មមុនី និងលោក មួង សុភ័ក្រ្ត ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីអំឡុងខែសីហា ឆ្នាំ២០២០ បន្ទាប់ពីពួកគេបានចូលរួមតវ៉ាឱ្យសាលាដំបូងរាជធានីភ្នំពេញ ដោះលែងសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន។
ក្រោយពីការចាប់ខ្លួន ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ បច្ចុប្បន្នពួកគេកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរយៈពេលជាង ១ឆ្នាំមកហើយ ខណៈសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងប្រកាសសាលក្រមសំណុំរឿងពួកគេនៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ។
មេធាវីការពារក្ដីឱ្យយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ លោក សំ ចំរើន បានប្រាប់វីអូឌីកាលពីថ្ងៃចន្ទថា សម្រាប់រូបលោក និងមេធាវីផ្សេងទៀត មិនទាន់អាចនិយាយអ្វីបាននៅឡើយទេ ចំពោះរឿងក្តីនេះ ដោយត្រូវរង់ចាំមើលសេចក្តីសម្រេចរបស់តុលាការនៅសប្តាហ៍ក្រោយនេះសិន។
លោកមេធាវីបានពន្យល់ថា៖ «យើងក៏មិនទាន់គិតដល់ចំណុចហ្នឹង យើងនឹងរង់ចាំលទ្ធផលហ្នឹងសិន ស្តាប់ហើយយើងនិងទៅពិភាក្សាជាមួយគ្នា ប្រសិនបើគាត់ទទួលយកបានឬយ៉ាងម៉េច! យើងមើលលទ្ធផលនឹងសិន សំខាន់ចេញលទ្ធផលជាក់ស្តែងជាផ្លូវការសិនបានយើងសម្រេចតាមហ្នឹង ថាហ្នឹងត្រូវធ្វើបែបណាតទៀត»។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ធ្លាប់បានលើកឡើងថា ការឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាននៅក្នុងរយៈពេលយូរ នឹងបណ្ដាលឱ្យប៉ះពាល់ដល់សេរីភាព និងសិទ្ធិអ្នកដែលត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន។
លោកបន្តថា៖ «ការចាប់ខ្លួន និងឃុំខ្លួនសកម្មជនកន្លងមក វាជាការបំពានទៅលើសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសេរីភាពក្នុងការជួបជុំ ការប្រមូលផ្ដុំ និងការបញ្ចេញមតិ។ ហើយការចាប់ឃុំខ្លួននេះ គេមើលទៅវាជារឿងហេតុផលនយោបាយច្រើនជាងការអនុវត្តច្បាប់»។
ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានប្រាប់សារព័ត៌មានវីអូឌីថា ការឃុំខ្លួនសកម្មជនទាំងអស់ មិនមែនធ្វើខុសពីច្បាប់នោះទេ ដោយលោកថា រាល់ការឃុំខ្លួនកន្លងមក គឺទៅតាមនីតិវិធីច្បាប់និងទៅតាមប្រភេទបទល្មើស ហើយមានរយៈពេលនៃការបញ្ជា។
ជាមួយគ្នានេះ លោក ជិន ម៉ាលីន បានច្រានចោលចំពោះការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលកន្លងមកដែលថា ការចាប់ខ្លួនយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ រួមទាំងសកម្មជនផ្សេងទៀតនាពេលកន្លងមក ថាជារឿងនយោបាយ។
លោកថា៖ «ប្រសិនបើយើងគិតថា សកម្មជនដែលយើងការពារ មិនប្រព្រឹត្តបទល្មើសអីទេ! អាហ្នឹងឱ្យរកភស្តុតាំងមូលដ្ឋាន ឬក៏សក្ខីកម្មតាមផ្លូវច្បាប់ហ្នឹងមក ដើម្បីដោះបន្ទុក បើយើងមើលសង្គមស៊ីវិលយើងកន្លងមក ក្រៅតែពីការថ្លែងការណ៍ ពីការធ្វើយុទ្ធនាការ ក្រៅពីការចោទប្រកាន់ អត់មានមូលដ្ឋានច្បាប់អីទាំងអស់ ក្នុងការដោះបន្ទុក ហើយអាទំលាប់ធ្វើការបែបហ្នឹង អាហ្នឹងវាអត់មានឥទ្ធិពលអីឬមួយប្រសិទ្ធភាពផ្នែកច្បាប់ក្នុងការជួយដល់ជនជាប់ចោទទេ វាអាចចំណេញនយោបាយក្នុងការចោទប្រកាន់ រិះគន់រដ្ឋាភិបាល តាមរបៀបវារៈនយោបាយ ប៉ុន្តែជាផ្លូវច្បាប់វាអត់ជួយអីដល់សកម្មជនអស់ហ្នឹងបានទេ»។
ចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១មក ក្រុមអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជាបានធ្វើយុទ្ធនាការលើកបណ្តាញសង្គមជាបន្តបន្ទាប់ ដើម្បីទាមទារឱ្យមានការដោះលែងយុវជន សកម្មជនបរិស្ថាន យុវជនខ្មែរថាវរៈ ប្រធានសហជីព និងសកម្មជនផ្សេងទៀត ឱ្យមានសេរីភាពវិញ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះចាត់ទុកការចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ ដែលគ្រាន់ធ្វើការតវ៉ាដោយអហិង្សានេះថា ជាការរំលោភសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការជួបជុំនិងប្រមូលផ្តុំ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់សច្ចាប័នកន្លងមក ខណៈសកម្មភាពដែលពួកគេធ្វើកន្លងមក មិនមែនសម្រាប់ប្រយោជន៍ខ្លួនឯង ប៉ុន្តែពួកគេធ្វើ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ - KSILA
សេចក្ដីប្រកាសជម្រាបជូនបងប្អូនអ្នកសារព័ត៌មាន និងសាធារណៈជនថា សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងនិស្សិតអ្នកការពារសិទ្ធិមនុស្សចំនួន៤នាក់ បានចូលទៅក្នុងព្រៃដើម្បីជួបតំណាងពលរដ្ឋមានបញ្ហាដីធ្លីក្នុង ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដែលកំពុងសម្ងំគេចខ្លួនពីការតាមចាប់របស់អាជ្ញាធរ យ៉ាងអយុត្តិធម៌ ជុំវិញបញ្ហារឿងជម្លោះដីធ្លី ។
២១ មីនា ២០២៤ សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ - KSIL សេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ជូនអ្នកសង្កេតការណ៍ទៅខេត្តព្រះវិហារ
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន ឱ្យបានជ្រាបថា សមាគមសម្ពន្ធនិស្សិតបញ្ញាវន្តខ្មែរ នឹងបញ្ជូនអ្នកសង្កេតការណ៍ចំនួន ២ (ពីរ) នាក់ ទៅឃ្លាំមើលអំពីស្ថានភាពប្រជាពលរដ្ឋនៅ ឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ គូសបញ្ជាក់ផង ដែរថាទីតាំងខាងលើនេះកំពុងជួបបញ្ហាដីធ្លី ដែលរងនូវការដុត រុសរើផ្ទះ ឃុំខ្លួននិងចាប់ប្រជាពលរដ្ឋ រហូតដល់ប្រជា ពលរដ្ឋមិនហ៊ានចូលភូមិ។
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ នឹងបញ្ជូនអ្នកសង្កេតការណ៍ទៅក្នុងគោលបំណង ឃ្លាំមើលការរំលោភសិទ្ធិ មនុស្ស និងការឃុំខ្លួនប្រជាពលរដ្ឋ។
សូមសាធារណជន អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលជ្រាបជាព័ត៌មាន។ ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
កើត សារ៉ាយ
No comments:
Post a Comment