- ព្រះនាង នាគ សោមា ជាម្ចាស់ក្សត្រីនៃនគរខ្មែរដំបូង ក្រោយមកព្រះរាងរៀប អភិសេកជាមួយ ស្តេច មកពី នគរឥណ្ឌា ឈ្មោះ ព្រះថោង ជាភាសាខ្មែរ។ប្រវតិ្តដើមស្រុកខ្មែរថ្មីៗខ្លះទៀត នាដើមសតវត្សទី ១ គេអាចស្គាល់បានដោយសារឯសារ កត់សំគាល់មួយចំនួនរបស់អ្នកដំណើរចិន ដែលបានទៅដល់ស្រុកខ្មែរ ក្នុងសតវត្សទី ៣ ។ ព្រះបាទហ៊ុនទៀន ព្រះនាងលីវយីអ្នកដំណើរចិនបានស្គាល់ស្រុកខ្មែរ ជាយូរយារណាស់មកហើយ ។ គេបានដាក់ឈ្មោះ ហៅ និង កត់ត្រាថា នគរហ្វូណន់។ តែបើតាមអ្នក ស្រាវជ្រាវខ្លះ ឈ្មោះនេះ មិនមែនជាពាក្យចិនទេ។ ហើយ នៅក្នុងពង្សាតាខ្មែរគេក៏មិនដែលឃើញមានពាក្យនេះដែរ។ អ្នកប្រវតិ្តវិទូផ្សេងទៀត ដោយសំអាងទៅលើសិលាចារិក បានយល់ថាពាក្យហ្វូណន់ ក្លាយមកពីពាក្យ ភ្នំ។ ដូច្នេះ ស្រុកខ្មែរ ជំនាន់ដើម មានឈ្មោះថា នគរភ្នំ។ឯកសារចិនដដែល បានកត់ត្រាទុកមកថា កាលនោះ នៅស្រុកខ្មែរ ឬ
- នគរភ្នំមានស្តេចស្រីមួយអង្គសោយរាជ។ ស្តេចស្រីនោះ មានព្រះនាម លីវយី ។ប្រជាជនខ្មែរគោរពបូជានាគ ដែលគេចាត់ទុកជាព្រះ អាទិទេព នាំមកនូវក្តីចំរុងចំរើនសម្បូរសប្បាយដល់ប្រទេសជាតិ។ ដូច្នេះហើយ បានជានៅពង្សាតាវខ្មែរ គេតែងនិយាយអំពីនាងនាគ ពីស្តេចភុជង្គនាគ និង នាមឺននាគ ។ថ្ងៃមួយ ស្តេចបរទេសមួយអង្គឈ្មោះ ហ៊ុនទៀន ដែលគោរពបូជាព្រហ្មញ្ញសាសនា បានលើកទ័ពតាមសំពៅ កាត់ ឆ្លងតាមសមុទ្រចូលមកវាយប្រហាលុកលុយ កាន់កាប់ត្រួតត្រានគរហ្វួណន់។ តែបន្ទប់មក ស្តេចហ៊ុនទៀន ក៏បានរៀបអភិសេកជាមួយនឹងព្រះនាងលីវយី ហើយ បានឡើងសោយរាជសម្បត្តិនៅ នគរហ្វូណន់ ចាប់ពីថ្ងៃនោះមក។
- កុរុងសោមា (ប្រ.ដើមសតវត្សទី១-ប្រ.ចុងសតវត្សទី១) រជ្ជកាល (ប្រ.ពាក់កណ្ដាលសតវត្សទី១-៥២ នៃគ.ស) ជាអ្នកគ្រប់គ្រងនគរវ្នំ និងជាក្សត្រទីមួយនៃគោកធ្លក (សោយរាជ្យ រ.សតវត្សទី១)។ ព្រះនាងក៏ជាមេដឹកនាំស្រីទីមួយនៃប្រទេសកម្ពុជាដែរ។ ព្រះនាងជាព្រះមហេសីនៃកុរុងកៅណ្ឌិន្យទី១។
- ព្រះនាមបើតាមឈ្មោះ សោមា មានន័យថា កូនព្រះចន្ទ រឺ ខែ លាវយ៉េក ប្រែថា ស្លឹកសូល និង នាងនាគ មានន័យថាជា ស្រីនាគ រឺ នាគញី តែបើតាមលោកអាដឺម៉ាឡឺក្លេរ លោកបានបញ្ជាក់ថាមានពួកកុលសម្ព័ន្ធមួយឈ្មោះនាគ ដែលជាអ្នកស្រុកដើមនៅឥណ្ឌាក៏មានសង់ផ្ទះដូចខ្មែរដែរ ដែលមានសសរខ្ពស់ៗដូចគ្នា។
- ព្រេងនិទានបើតាមសិលាចារឹកនៅមីសឺន (កម្ពុជាក្រោម) ដែលគេបានសិក្សាកំណត់ថា ចាឆ្លាក់នៅក្នុងព.ស. ៦៥៨ ព្រះមហាក្សត្រខ្មែរទី១ មានព្រះនាមថា កៅណ្ឌិន្យ។ សិលាចារឹកនោះ បានបញ្ជាក់ថាព្រះអង្គ បានទទួលលំពែងមួយជាចំណងដៃពីព្រាហ្មណ៍ អឝ្វតថាមន សម្រាប់យកទៅចោលផ្សង កំណត់ទឹកដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំនគរគោកធ្លក ឬស្រុកខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មក ព្រះកៅណ្ឌិន្យ ត្រូវបានរៀបអភិសេកជាមួយនិង ព្រះនាងសោមា ដែលត្រូវជាបុត្រីរបស់ស្ដេចភុជង្គនាគ។
- លីវយីលាវយ៉េក ព្រះនាងគឺជាស្ដេចស្រីដែលគ្រងរាជ្យនៅនគរវ្នំទីមួយក្នុងប្រវត្តិសាស្ត្រខ្មែរកំឡុងដើមសតវត្សទី១ នៃគ.ស.-៥២។ ក្រោយពីច្បាំងចាញ់កុរុងហ៊ុនធៀនដែលធ្វើដំណើរពីខាងត្បូងកោះជ្វា នោះទ្រង់ក៏ថ្វាយរាជសម្បត្តិអោយទ្រង់វិញ។
- រឿងនិទានទឹកដីនៅតាមដងទន្លេមេគង្គភាគខាងក្រោម ហើយនិងក្នុងដែនដីសណ្ដនៃទន្លេនេះ បានត្រូវពួកខ្មែរមួយក្រុមដែលមានជំនឿទៅលើសត្វនាគ ឬដែលជឿថា បុព្វបុរសដូនតារបស់ខ្លួន មានអម្បូរមកពីពូជនាគ រស់នៅតាំងពីយូរលង់មកហើយ។ ឯកសារចិនរបស់លោក កាំងថៃ ដែលបានមកទស្សនានគរវ្នំនៅពាក់កណ្ដាលសតវត្សទី៣នៃគ្រិស្ដសករាជ បានរៀបរាប់ថា ប្រហែលជាក្នុងឆ្នាំ៥០នៃគ្រិស្ដសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុនធៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា តាមកោះខាងត្បូងមកអាណាចក្រវ្នំ។ ហេតុដែលបណ្ដាលអោយព្រាហ្មណ៍ ហ៊ុនធៀន ធ្វើដំណើរមកកាន់នគរវ្នំនេះ ព្រោះយប់មួយកុរុងហ៊ុនធៀន បានយល់សប្ដិឃើញថា ទេវតាដែលបីបាច់ថែរក្សាព្រះអង្គ បានធ្វើអំណោយធ្នូទិព្វមួយដល់ព្រះអង្គ ហើយបញ្ជាអោយព្រះអង្គឡើងជិះសំពៅដ៏ធំមួយ។ លោកកាំងថៃ បន្តថា លុះព្រឹកឡើង ព្រះអង្គក៏ធ្វើដំណើរទៅកាន់ទេវស្ថាន ដើម្បីធ្វើសក្ការៈបូជា ស្រាប់តែបានឃើញធ្នូទិព្វនោះដូចសុបិន្ដមែន។ ដោយសុបិន្ដឆុតដូច្នេះ ព្រះអង្គក៏ធ្វើដំណើរតាមសមុទ្រ ទៅកាន់អាណាចក្រវ្នំតាមការណែនាំរបស់ទេវតាក្នុងការយល់សប្ដិនោះ។
- មកដល់នគរវ្នំ កុរុងហ៊ុនធៀន បានពើបប្រយុទ្ធជាមួយរាជធានីនៃរដ្ឋនេះ ដែលលោកកាំងថៃ ថាមានព្រះនាមថា ព្រះនាងលាវយ៉េក។ ព្រះនាងលាវយ៉េក ដែលបាននាំកម្លាំងទ័ពមកវាយលុកលើសំពៅកុរុងហ៊ុនធៀនមុន។ ដោយឫទ្ធានុភាពធ្នូទិព្វ ព្រះអង្គក៏ទទួលបានជ័យជម្នះលើព្រះនាង លាវយ៉េក ដែលជាម្ចាស់ស្រុក ដោយព្រះអង្គបានបាញ់សំពៅរបស់ព្រះនាងអោយធ្លាយពីម្ខាងទៅម្ខាង។ ដោយឃើញកុរុងហ៊ុនធៀន មានឫទ្ធិខ្លាំងពូកែដូច្នោះ ព្រះនាង លាវយ៉េក ក៏ព្រមចាញ់ព្រះអង្គ ហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាងជាអគ្គមហេសី តាំងពីពេលនោះមក
- ការបង្កើតរាជវង្សដំបូង អ្នកស្នងរាជ្យតពីកុរុងហ៊ុនធៀន គឺជាកូនចៅរបស់ព្រះអង្គ ក្នុងនោះមានកុរុងហ៊ុនផានហួង ដែលជាព្រះរាជាមួយអង្គខ្លាំងពូកែ មានកលល្បិចក្នុងការធ្វើសង្គ្រាមពង្រឹងអំណាចកណ្ដាល ហើយវាយពង្រីកអាណាចក្រអោយធំទូលាយ។ ស្ដេចអង្គនេះសោយទិវង្គតក្នុងព្រះជន្ម ៩០ព្រះវស្សា នៅដើមសតវត្សទី៣នៃគ្រិស្ដសករាជ។ ព្រះរាជបុត្ររបស់ព្រះអង្គដែលអ្នកនិពន្ធចិន ថាមានព្រះនាម ផានផាន ត្រូវជ្រើសតាំងអោយឡើងស្នងរាជ្យបន្តពីព្រះអង្គ។ ប៉ុន្តែ ព្រះរាជាអង្គថ្មីនេះ បានប្រគល់កិច្ចការរដ្ឋទាំងអស់ទៅអោយមេទ័ពម្នាក់ឈ្មោះ ស្រីមារៈ មើលកិច្ចការជំនួស។ ព្រះអង្គសោយរាជ្យបានតែបីឆ្នាំក៏សុគតទៅ។ ពួកនាម៉ឺនសព្វមុខមន្ត្រី ក៏ជ្រើសមេទ័ព ស្រីមារៈ អោយឡើងសោយរាជ្យ។
- ជំនឿចំពោះសត្វនាគនេះ កើតមានតាំងពីយូរយារណាស់មកហើយ ហើយជាពិសេសមានរឿងរ៉ាវនាងនាគ ដែលទាក់ទងទៅនឹងការចាប់ផ្ដើមប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជាទៀតផង។ ខាងក្រោមនេះ គឺជាសេចក្ដីរាយការណ៍មួយ ស្ដីអំពីឫសគល់មួយចំនួន ទាក់ទងទៅនឹងជំនឿទៅលើសត្វនាគ និងការវិវត្តន៍នានា នៃជំនឿនេះ នៅក្នុងសង្គមខ្មែរ។
- នៅក្នុងសម័យអាណាចក្រភ្នំ ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមដងទន្លេមេគង្គភាគខាងក្រោម និងនៅក្នុងដែនដីសណ្ដនៃទន្លេនេះ មានជំនឿទៅលើសត្វនាគ។ គេជឿថាបុព្វបុរសដូនតារបស់ខ្លួន មានអំបូរមកពីពូជនាគ រស់នៅតាំងពីយូរលង់ណាស់មកហើយ។
- ជនជាតិចិនម្នាក់ ឈ្មោះ កាំង ថៃ ដែលបានមកទស្សនានគរភ្នំ នៅពាក់កណ្ដាលសតវត្សទីបី បានកត់ត្រាទុកថា ប្រហែលជាក្នុងឆ្នាំ ៥០ នៃគ្រិស្តសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុន ទៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា មកកាន់អាណាចក្រភ្នំ។ មកដល់នគរភ្នំ ព្រះបាទ ហ៊ុន ទៀន ពើបប្រយុទ្ធជាមួយនឹងព្រះរាជិនីនៃរដ្ឋនេះ គឺព្រះនាង លីវ យី ដែលបាននាំកម្លាំងទ័ពទៅវាយលុកលើសំពៅព្រះអង្គ។
- ដោយឫទ្ធានុភាពធ្នូទិព្វ ព្រះអង្គក៏ទទួលជ័យជំនះលើព្រះនាង លីវ យី ដែលជាម្ចាស់ស្រុក ដោយព្រះអង្គបានបាញ់សំពៅព្រះនាង អោយធ្លាយពីម្ខាងទៅម្ខាង។
- ដោយឃើញព្រះបាទ ហ៊ុន ទៀន មានឫទ្ធិខ្លាំងពូកែដូច្នោះ ព្រះនាង លីវ យី ក៏ព្រមចាញ់ព្រះអង្គ ហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាង ជាព្រះរាជអគ្គមហេសី តាំងពីពេលនោះមក។
- ព្រះរាជពង្សាវតារ នៃព្រះរាជាណាចក្រកម្ពុជាវិញ ក៏ទទួលស្គាល់ថា មានការចងសម្ព័ន្ធមេត្រីរវាងព្រាហ្មណ៍ឥណ្ឌា និងម្ចាស់ស្រុក ដែលជាបុត្រីស្ដេចភុជង្គនាគដែរ។ ប៉ុន្តែ ព្រះរាជពង្សាវតារ នៃព្រះរាជាណាចក្រកម្ពុជា បានហៅ ព្រះនាមស្ដេច ទាំងពីរនោះថា ព្រះថោង និងនាងនាគ ដែលបានបន្សល់ទុកនូវកេរ្ត៍ដំណែល ទំនៀមទំលាប់ប្រពៃណីជាច្រើន អោយជីវភាពសង្គមខ្មែររហូតមកដល់សព្វថ្ងៃនេះថែមទៀតផង។
- រួមសេចក្ដីមក គឺព្រះបាទ ហ៊ុន ទៀន ឬព្រះថោង និងព្រះនាង លីវ យី ឬនាងនាគនេះហើយ ដែលត្រូវគេជឿថា ជាអ្នកបានកសាងឡើងនូវសន្តតិវង្ស ឬរាជវង្សខ្មែរ ជាដំបូងគេបង្អស់នោះ។
- ថ្វីត្បិតតែខ្មែរជឿថា ខ្លួនមានអំបូរមកពីសត្វនាគ ពាក់កណ្ដាលក្ដី លោកសាស្ត្រាចារ្យផ្នែកបុរាណវិទ្យា អាំង ជូលាន សង្កេតឃើញថា ក្រោយមក ខ្មែរបានឆ្នៃរំដោះខ្លួនបន្តិចម្តងៗ ចេញសត្វនាគ ហើយអោយក្លាយមកជាមនុស្សវិញ។ លោកសង្កេតឃើញថា ចលនារំដោះខ្លួនពីនាគនេះ ស្តែងចេញតាមរឿងព្រះ ថោង និងនាង នាគ នេះដដែល។ ប៉ុន្តែ គេអូសបន្លាយសាច់រឿងអោយមកដល់សម័យសាងប្រាសាទអង្គរធំ ឯខេត្តសៀមរាបឯណេះ។
- បើតាមលោកសាស្ត្រាចារ្យ អាំង ជូលាន រឿងនេះមានសេចក្ដីថា ស្ដេចនាគ ដែលជាបិតារបស់នាងនាគ ខ្លាចមុខព្រហ្ម ហើយហាមព្រះ ថោង មិនអោយសង់ប្រាសាទ ដែលមានមុខព្រហ្មទេ តែព្រះ ថោង រឹងទទឹង.
- លោក អាំង ជូលាន៖ «ព្រះ ថោង ហ្នឹងបានចុះទៅឋាននាគ ដើម្បីទៅសុំដណ្ដឹងនាង នាគនោះណា៎... រួចទៅបានឪពុកក្មេក ដែលជាស្ដេចនាគហ្នឹង ក៏លោកក៏សុខចិត្តអោយអញ្ចឹងទៅ... ហើយមកជួយសង់អង្គរនេះ។ គឺថា អង្គរធំនេះ ដែលមានប្រាសាទបាយ័ននៅកណ្ដាលនេះ។ រួចទៅ...ផ្ដាំថា កូនឯងបើសង់អីសង់ទៅ កុំអោយតែមានមុខព្រហ្មអី។ ឪខ្លាចព្រហ្មណាស់។ ព្រហ្មមុខបួននោះ។ ដល់ព្រះ ថោង ដូចថា... ធ្វើរបៀបជំទាស់ប្រទូសរ៉ាយនឹងឪពុក ក្មេកហ្នឹង ក៏សង់ប្រាសាទបាយ័ន សង់ក្លោងទ្វាអង្គរធំអី សុទ្ធតែ ឬមុខព្រហ្មហ្នឹងទៅ។ ដល់តែឪពុកហ្នឹងឡើងពីទឹកមកលេងនឹងកូន... យើងដឹងហើយប្រាសាទបាយ័ន មិនមានកន្លែងមួយ គេហៅថា អណ្ដូងប្រេងអញ្ចឹងណា៎។ គេជឿថា អណ្ដូងហ្នឹង ចុះទៅបាតសមុទ្រ។ ដល់ពេលឪពុកហ្នឹង ងើបឡើងមកលេងនឹងកូនទៅ ឃើញព្រហ្មទៅខឹងក៏ច្បាំងគ្នាអីអញ្ចឹងទៅ។ ទីបំផុត ព្រះ ថោង ហ្នឹងសម្លាប់ឪពុកហ្នឹងទៅ។ ឪពុកក្មេកនោះ»។
- លោកសាស្ត្រាចារ្យបន្តថា គឺការសំលាប់ស្ដេចនាគ ដែលជាឪពុកក្មេករបស់ព្រះ ថោង នេះហើយ ដែលជាការផ្ដាច់ចំណងទាក់ទងពីសត្វនាគ រស់នៅក្នុងទឹក មកជាមនុស្សនៅលើគោកវិញ
- លោក អាំង ជូលាន៖ «ដល់អញ្ចឹងទៅ នាង នាគ ហ្នឹង លែងបានត្រលប់ទៅស្រុកវិញហើយ។ នាងនាគហ្នឹងក្លាយមកនៅឋានមនុស្សវិញ។ មានន័យថាម៉េច? មានន័យថា ក្នុងការវិភាគរឿងអញ្ចឹងៗ មានន័យថា យើងពីដើម... ខ្មែរយើងពីដើមនេះ ជាសត្វនាគ សត្វពស់អី ពាក់កណ្ដាលណា៎ម្ដាយណា៎។ ប៉ុន្តែ ទីបំផុតទៅ យើងទាត់ចោល លែងទទួលស្គាល់អាដេញ ហ្នែ...ម៉ាភាគនៃកំណើតយើង ដែលជានាគហ្នឹងទៅ។ ដូចជានាង នាគ ក្នុងរឿង ព្រះ ថោង នាង នាគ។ ក្រោយមកមានចុះទៅលេងឋានរបស់ខ្លួនឪពុកអី ស្លាប់អស់ហើយ... ក្លាយទៅជាមួយមនុស្សរហូតទៅកើតកូន កើតចៅអីមកជាខ្មែរ...»។
- ទោះជាយ៉ាងណាក៏ដោយ ក៏ខ្មែរនៅតែមានជំនឿថា នាគ គឺជាម្ចាស់ទឹកម្ចាស់ដី។ មុននឹងចាប់ផ្ដើមសាងសង់អ្វីមួយ ប្រជាពលរដ្ឋខ្មែរ និយមធ្វើពិធីសែនព្រេនសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី គឺពិធីសែនក្រុងពាលី ដែលជាស្ដេចនាគនោះឯង។
- សត្វនាគ នេះក៏ត្រូវគេនិយមថា ជានិមិត្តរូបនៃកម្លាំងអាទិទេព ឬក៏ជាសត្វ ដែលតំណាងអោយសភាវៈល្អ ទាំងក្នុងហិណ្ឌូសាសនា និងក្នុងព្រះពុទ្ធសាសនា។ នៅក្នុងរឿងកូរសមុទ្រទឹកដោះ នៃលិទ្ធពហុទេវសាសនាហិណ្ឌូ នាគ មួយឈ្មោះ វ៉ា សុគី បានស្ម័គ្រចិត្តប្រគល់ខ្លួនអោយពួកសុរា និងពួកអសុរៈ ធ្វើជាខ្សែព្រ័ត្រក្នុងបេសកកម្មកូរសមុទ្រទឹកដោះស្វែងរកទឹកអម្រឹត ដើម្បីព្យាបាលដល់ទេវតា និងមនុស្សលោកនៅគ្រប់ទីស្ថាន។
- ចំណែកនៅក្នុងព្រះពុទ្ធសាសនាវិញ គេសង្កេតឃើញស្ដេចនាគឈ្មោះ មុជ្ជលិន្ទ ដែលមានក្បាល ៧ ចេញទៅធ្វើក្បាំងការពារប្រក់ពីលើព្រះពុទ្ធ ដែលកំពុងគង់ធ្វើសមាធិផងដែរ។
- ម៉្យាងទៀតបុព្វបុរសខ្មែរ បានឆ្លាក់រូប នាគ តាមក្បូរក្បាច់រចនាផ្សេងៗ ជាច្រើន នៅតាមប្រាសាទខ្មែរបុរាណ ជាពិសេស ជាបង្កាន់ដៃស្ពាន ឬផ្លូវចូលប្រាសាទ។ លោកសាស្ត្រាចារ្យ អាំង ជូលាន មានប្រសាសន៍ថា ការយក នាគ សង់ជាបង្កាន់ដៃស្ពាន ឬផ្លូវចូលប្រាសាទដូចនេះ ក៏ព្រោះតែសត្វនាគ តំណាងអោយទឹក ឬក៏ឥន្ទធនូផង និងជាស្ពានចំលងមនុស្សរំលងពីឋានមួយទៅឋានមួយទៀតផង។
- លោក អាំង ជូលាន៖ «នាគ គឺដូចឥន្ទធនូអញ្ចឹង គឺជាមធ្យោបាយសំរាប់ចំលងឋានយើង ទៅឋានទេពនោះ។ ព្រោះថា ប្រាសាទ...ឧបមាថា អង្គរវត្ត... ប្រាសាទជាលំនៅណា៎ ជាឋាននៃទេពហៅថា លោកធាតុនេះ ណា៎។ យើងទៅពីឋានយើងនេះ ទៅដល់ឋានទេពហ្នឹង វាមាន នាគ ដើម្បីថាចំលងមនុស្សដើម្បីដល់ទេពអីអញ្ចឹងទៅ...»។
- បរិវេណជុំវិញប្រាសាទ និងតួប្រាសាទអង្គរវត្ត តំណាងអោយឋានរបស់អាទិទេពគង់នៅ។ ដើម្បីចូលទៅដល់តួប្រាសាទអង្គរវត្ត ដែលតំណាងអោយភ្នំព្រះសុមេរុ គេត្រូវដើរឆ្លងទឹកសមុទ្រ ដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះ។ ដូច្នេះ សំណង់ផ្លូវចូលប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរ បានសាងជារូប នាគ ក្បាល ៧ នោះ គឺតំណាងអោយទឹកសមុទ្រផង និងតំណាងអោយវត្ថុស័ក្ដិសិទ្ធិ ឬក៏ជាស្ពានចំលងមនុស្ស អោយទៅជួបនឹងព្រះអាទិទេពផង។
- ចំពោះអ្នកកើតឆ្នាំ រោង ដែលជាឆ្នាំសត្វ នាគ បើតាមការទស្សន៍ទាយរបស់ក្រុមស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ នៃក្រសួងធម្មការ និងសាសនាថា រមែងជាមនុស្សមាននិស្ស័យ និងជោគសំណាងល្អ នឹងមានសេចក្ដីសុខកាយសប្បាយចិត្ត ចៅហ្វាយនាយចិញ្ចឹមបីបាច់ថែរក្សា នឹងបានទៅជាអ្នកមានបុណ្យស័ក្ដិ រហូតមានកិត្តិយសកិត្តិនាមល្បីល្បាញ។
- ជាមនុស្សមានចិត្តបុណ្យសុន្ទរទាន ចូលចិត្តជួយអ្នកដទៃ។ អាចតាំងខ្លួនអោយធំដុំបាន ដោយខ្លួនឯង។ យូរៗ ទើបមានលាភធំម្ដង។ ជាមនុស្សមានព្រះកេតុថែរក្សាអរិសត្រូវ មិនអាចប៉ុនប៉ងពាធាបានឡើយ។
- ជាមនុស្សមានវាចាមោះមុត សតិបញ្ញាឈ្លាសវៃ ចិត្តស្រាលឆាប់ខឹង តែឆាប់បាត់វិញ។ អ្នកកើតឆ្នាំ រោង ជាមនុស្សពេញចិត្ត នឹងរស់កាមារម្មណ៍ មិនចេះនឿយណាយ។
- មនុស្សឆ្នាំ រោង ច្រើនតែទទួលជោគលាភ ពីមនុស្សភេទផ្ទុយ បើធ្វើការជាមួយមនុស្សភេទផ្ទុយហើយ តែងតែបានទទួលផលល្អជាវិសេស
- អំពីបាយស្រីចេក មិនត្រឹមតែជារុក្ខជាតិដែលកូនខ្មែរសុទ្ធតែស្គាល់នោះទេប៉ុន្តែវាមានរឿងអាថ៌កំបាំងដ៏គួរឲអស្ចារ្យនៅពីក្រោយខ្សែភ្នែកធម្មតារបស់យើង។ បុព្វបុរសខ្មែរដែលមានចំនេះដឹងជ្រៅជ្រះបានបង្កើតឧបករណ៍ម្យ៉ាងដោយប្រើរុក្ខជាតិចេកឲចេញជារាងដូចជាប៉បទាបខ្ពស់តម្រៀបជាប់ៗគ្នាតាមលំដាប់លំដោយតុបតែងយ៉ាងល្អល្អះហាក់ដូចជាកំពូលប្រាង្គប្រាសាទ (តំណាងឲទ្វីប) មានសមត្ថភាពដូចជាមេដែកឆក់ទាញយកកំលាំងលោកធាតុមកប្រមូលផ្តុំដោយថាមពលពិសេសមើលនឹងភ្នែកទទេរមិនឃើញទាក់ទងទៅនឹងចក្រវាល និងពិភពអរូប។ ដូឆ្នេះហើយទើបបានជាដូនតាខ្មែរជ្រើសរើសរុក្ខជាតិចេកមកកែឆ្នៃជាគ្រឿងសក្ការៈពិសេសម្យ៉ាងដាក់នាមថា «បាយស្រី» ឫស្គាល់ទូទៅថា «បាយសី»។
- បាយសីនេះបើបំបែកជាពាក្យរាយនោះមកពីពាក្យថា បាយ + ស្រី។ បាយ គឺជាព្រះមេ ព្រះមេ គឺជាព្រះភូមិនាគក្បាល៩ ដែលជួយឲស្រុកខ្មែរសម្បូរទឹកធ្វើស្រែចំការ។ ស្រី មកពីពាក្យសំស្ក្រឹត«श्री» ឫ «ឝ្សី» សរសេរតាមខ្មែរបុរាណ មានន័យថា ឧត្តុងឧត្តម ខ្ពង់ខ្ពស់ភាគច្រើនប្រើជាគោរមងា នាំឲនាម «បាយស្រី» អាចប្រែបានថា «ព្រះមេនាគដ៏ឧត្តុងឧត្តម» ជាការសំគាល់ដល់គ្រឿងសក្ការៈធ្វើអំពីរុក្ខជាតិចេករបស់ខ្មែរប្រើជាឧបករណ៍ទំនាក់ទំនងក្នុងប្រព័ន្ធព្រលឹងបានដោយស័ក្តសិទ្ធិ។ បាយស្រីគឺជាមធ្យោបាយធ្វើការទំនាក់ទំនងនឹងពពួកអរូបទាំងឡាយរួមទាំងអទិទេេពផង។ ទោះជាយ៉ាងណាហេតុអ្វីបាយស្រីជារណ្តាប់សក្ការៈសំខាន់មិនអាចខ្វះបានក្នុងប្រព័ន្ធជំនឿរបស់ខ្មែរ? វាមិនខុសពីអ្វីដែលខ្ញុំបានរៀបរាប់ត្រួសៗខាងលើនោះទេ ពាក្យថាបាយស្រីនេះ ជាការពិតគឺតំណាងឲព្រះមេនាគ ដែលជាព្រះបឋមវីរៈក្សត្ររបស់នគរគោកធ្លកនេះឯង។ ព្រះនាងគឺជាទេពមាតានៃកូនចៅខ្មែរ និងទ្រង់មានធាតុទឹក និងព្រះច័ន្ទ (រាត្រី) ដូឆ្នេះហើយទើបព្រះនាងមាននាមថា សោមា មានន័យថាព្រះច័ន្ទនោះឯង។ បិតារបស់ទ្រង់ជាស្តេចក្រុងពាលី បានស្រូបយកទឹកសមុទ្រដើម្បីពង្រីកជានគរមានទំហំសមរម្យមួយថ្វាយព្រះនាងនាគ និងព្រះស្វាមីសម្រាប់ការគ្រប់គ្រងក្នុងសម័យហ្វូណន (វ្នំ) បង្កើតបានជាត្រកូលក្សត្រមួយហៅថា«សោមវង្ស»។ ហេតុនេះហើយទើបមុនពេលចាប់ផ្តើមធ្វើកិច្ចអ្វីមួយនៅលើទឹកដី
- សុវណ្ណភូមិ (អតីតនគរគោកធ្លក) នេះគឺតម្រូវឲធ្វើការបួងសួងរំលឹកទៅដល់ស្តេចក្រុងពាលីជាម្ចាស់ទឹកដីនេះឯង។ ទោះជាយ៉ាងណាពាក្យ ថា «នាគ» គឺបានមកពីពាក្យសំស្ក្រឹត «नाग» អានថា ណាគារ៉ា ឫ នាគបើសរសេរបែបខ្មែរនិយមដែលមានន័យថា «ពស់» ក្នុងភាសាខ្មែរ។ ពស់នេះត្រូវបានតុបតែងសំអាងក្នុងជំនឿសាសនាព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ ថាជាសត្វ «នាគ» មានឫទ្ធិអំនាចអធិធម្មជាតិ។
- នាគ ជាទេពសត្វមានមហិទ្ឋិឫទ្ធិលើសពីសភាវៈសត្វពស់ទូទៅ វាអាចរស់នៅទាំងក្នុងទឹកប្រៃ និងទឹកសាប។ នាគ មិនគ្រាន់តែជាទេពសត្វ តែជានិមិត្តរូបនៃភាពសម្បូសប្បាយហូរហៀរ និងជាសេចក្តីសង្ឃឹមរបស់ជនជាតិខ្មែរ។ ដូចទំនាយដែលយើងចងចាំគ្រប់គ្នាថា«នាពេលណានាគចេញមក ស្រុកខ្មែរនឹងរុងរឿងជាអារ្យប្រទេសមួយដ៏អស្ចារ្យ»។
- អំពីទង់ក្រពើ ចាស់បុរាណខ្មែរមានជំនឿទៅលើសត្វក្រពើណាស់ ដូចយ៉ាងសត្វក្រពើភ្នំ គឺខ្មែរចាត់ទុកជា អ្នកតាភ្នំដ៏ស័ក្តសិទ្ធិ ពោរពេញដោយអំនាចទាំងលើគោក និងនៅក្នុងទឹក។ ជំនឿនេះនៅមាននៅឡើយសម្រាប់បងប្អូនខ្មែរដើមរស់នៅតាមព្រៃភ្នំ។ ចំណែកឯខ្មែររស់នៅក្នុងសង្គមវប្បធម៌ជឿនលឿនកាន់លទ្ធិសាសនាវិញ ក៏យើងនៅអង្កេតឃើញថាសត្វក្រពើត្រូវបានគេរំលេចឡើងជាជំនិះរបស់នាងគង្ហីងក្នុងពេលព្រះនាងបានចេញមកធ្វើជាសាក្សីចំពោះការត្រាស់ដឹងរបស់ព្រះសាមណគោត្តមជាព្រះពុទ្ធ ក៏ដូចជារឿងព្រះចង្ហាន់ហុយដែលនិយាយដល់តួរអង្គសត្វក្រពើជ្រះថ្លាស្ម័គ្រជាជំនិះរបស់ព្រះសង្ឃដើម្បីនិមន្តបិណ្ឌបាតតាមផ្លូវទឹក ក្នុងគម្ពីសាសនាខ្មែរជាដើម។ ទោះជាយ៉ាងណាយើងក៏ប្រទះឃើញមានរឿងនិទានមួយបាននិយាយដល់ភាពរមិលគុណរបស់សត្វក្រពើគឺរឿង «ក្រពើ និងអ្នកបររទេះ» និងរឿងក្រៃថោង ក្រពើឆារ៉ាវណ្ណជាដើម យោងឲខ្មែរជំនាន់ក្រោយភ័នសតិលើសភាវៈគត់មត់របស់សត្វដ៏មានឫទ្ធិនេះថាជាសត្វតិច្ឆានឥតស្គាល់គុណទោសទៅវិញ។
- នាងគង្ហីង និងសត្វក្រពើជាជំនិះ ដោយឡែកបើយើងពិនិត្រមើលឯកសារប្រវត្តិសាស្ត្រ លោក ជីវតាក្វាន់ បេសកជនចិនមកកាន់អង្គរលោកក៏បាននិយាយដល់ជំនឿលើសត្វក្រពើរបស់ជនជាតិខ្មែរកាលសម័យនោះផងដែរ។ ចំពោះពាក្យ «ក្រពើ» នេះបើយកភាសាសំស្ក្រឹតមកជំនួសក៏ត្រូវនឹងពាក្យថា «मकर» អានថា ម៉ាការ៉ា ឫ «មករ៌» បើសរសេរបែបខ្មែរនិយម។ មករ៌នេះបើក្នុងជំនឿសាសនាហិណ្ឌូ (ព្រាហ្មណ៍) របស់ឥណ្ឌាដែលក្រោយមកបានឆ្លងចូលមកកាន់ស្រុកខ្មែរនោះ គឺជាសត្វសមុទ្រមានរូបរាងជាពហុសត្វផ្សំចំលែកផ្សេងៗគ្នាមានជាក្បាលដំរី ខ្លួនត្រីជាដើម តែពេលខ្លះគឺមានរូបជាសត្វក្រពើច្បាស់តែម្តង។ សត្វនេះគឺតំណាងឲធាតុភ្លើង គឺព្រះអាទិត្យនោះឯង ហើយក៏តំណាងឲត្រកូលក្សត្រ «សូរ្យវង្ស» នៃសន្តតិវង្សចេនឡា (ក្រោយមកក្លាយជាចេនឡាដីគោក)។ មកដល់ចំនុចនេះខ្ញុំក៏នឹងលើកយករឿងមួយចំនួន
- ទង់ក្រពើមានប្រើក្នុងពិធីបុណ្យសពរបស់ព្រះមហាក្សត្រក្នុងពេលកន្លងមក។ ផងដែរអំពី «ក្រពើ»។ យើងគ្រប់គ្នាទោះជឿ ឫមិនជឿក៏សុទ្ធ តែធ្លាប់លឺថាខ្មែរយើងមានម្តាយដើមជាសត្វនាគ ប៉ុន្តែយើងគួរណាស់ក៏ចាប់ភ្លឹកផងដែរថាហេតុអ្វីពេលស្លាប់ទៅបែរជាដោត ទង់សត្វក្រពើទៅវិញ?ចុះចំពោះការហៅគ្នាថា «អាក្រពើវង្វេង បឹង» ឫ «ជ្រុលក្បាលក្រពើ» ជាដើមមានន័យបង្កប់យ៉ាងណាដែរ?។ បើទោះជាឃ្លាទាំងនេះសំដៅលើសភាវៈអវិជ្ជ មានក្តីក៏ប៉ុន្តែវាហាក់ដូចជាសំដៅលើអំពើរបស់មនុស្សខ្មែរយើងនោះឯង។ ភ័ស្តុតាងដែលយើងតែងអង្កេតឃើញទៀតនោះគឺដូចជាការដោតទង់ក្រពើពណ៌ស (ដូចបានធ្លយនៅខាងលើបន្ទាត់)នៅខាងមុខផ្ទះដើម្បីសំគាល់ថាមានមនុស្សខ្មែរស្លាប់ជាដើម។ ក្រៅពីរឿងតំណាលផ្សេងៗគ្នាដកស្រង់ចេញពីគម្ពីព្រះពុទ្ធសាសនាដែលដូនតាខ្មែរបង្កើតឡើង (មានតែក្នុងគម្គីសាសនាខ្មែរ) ដែលលោកអាចារ្យចេះដឹងតៗរៀងមក តើការដោតទង់ក្រពើពណ៌ចម្រុះពេលធ្វើបុណ្យទាន ការតំកល់ទង់ក្រពើនៅតាមទីវត្តអារាម និងទីសក្ការៈនានា ដែលប្រពៃណីនេះគឺគ្មានទេនៅក្នុងប្រពៃណីព្រះពុទ្ធសាសនារបស់បណ្តាជនជាតិដ៏ទៃ អាចមានជាប់ទាក់ទងទៅនឹងសន្តតិវង្សសូរ្យវង្សដែរឫទេ?។ ព្រះបាទសូរ្យវរ្ម័នទី២ ជាទេវក្សត្រកសាងប្រាសាទនគរវត្ត ដែលកំពុងតែគង់ជាមួយនឹងពពួកអទិទេព ទ្រង់ប្រហែលជាបានជោគជ័យក្នុងការបញ្ចុះបញ្ចូលព្រះនរាយឲទទួលយកតំលៃនៃការប្រឹងប្រែងរបស់ជាតិខ្មែរដែលខិតខំសាងសង់ប្រាសាទនគរវត្តដ៏អស្ចារ្យលើផែនដី។ ហើយទង់ក្រពើត្រូវបានចុះក្នុងបញ្ជីអទិទេពដើម្បីទទួលស្តាប់ការបួងសួងរបស់ជនជាតិខ្មែរដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងការកសាងបណ្តាមហាប្រាសាទថ្មនានាដើម្បីចំលងផែនទីមេឃដ៏សុក្រឹត្តមួយជារាងផ្កាយក្រពើ (តំណាងឲជនជាតិខ្មែរ) សម្រាប់សម្តែងការដឹងគុណ និងបូជាយ៉ាងមុតម៉ាំចំពោះអទិទេពសម្រាប់ការផ្លាស់ប្តូរក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនតាមរយៈការស្មឹងស្មាធក្នុងកិច្ចអធិដ្ឋាននានាខណៈខ្លួនកំពុងមានជីវិតដោយដោតទង់ក្រពើសំគាល់ថាខ្លួនជាកូនចៅអ្នកស្នងមរតកដ៏អស្ចារ្យនេះ។ នៅក្នុងព្រះពុទ្ធសាសនាខ្មែរទៀតសោតក្រៅពីរឿងនាគជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដូចជាវត្តមាននាគចេញមកបាំងខ្យល់បាំងភ្លៀងការពារព្រះពុទ្ធ(ជនជាតិខ្មែរជឿថាព្រះពុទ្ធប្រក់នាគគឺមានបារមីខ្លាំងជាងព្រះពុទ្ធណាណាទាំងអស់) រីឯតួរអង្គសត្វក្រពើក៏ត្រូវបានរំលេចឡើងធ្វើជាយានរបស់ព្រះមេគង្ហីងធរណីសាក្សីនៃការត្រាស់ដឹងរបស់ព្រះពុទ្ធផងដែរដូចមានកសបញ្ជាក់ខាងលើស្រាប់។
- ព្រះនរាយគង់លើមករ៍ ចំលាក់ប្រាសាទព្រះខ័ន រឿងដែលគួរចាប់អារម្មណ៍បំផុតនោះគឺតួនាទីដ៏កម្ររបស់មករ៍ដែលក្នុងទឹកដីខ្មែរបានក្លាយខ្លួនជាក្រឡាបន្ទំរបស់ព្រះនរាយ (វិស្ណុ) ដែលតាមសាសនាហិណ្ឌូថាព្រះអង្គគឺផ្ទំលើសត្វនាគតែមួយប៉ុណ្ណោះ។ ទណ្ហីករណ៍នេះអាចនាំឲយើងសន្មត់ថា មករ៍ និងនាគទោះតិច ក្តីច្រើនក្តី គឺមានតួនាទីសំខាន់យ៉ាងស៊ីជម្រៅក្នុងប្រព័ន្ធជំនឿរបស់ខ្មែរប្រហាក់ប្រហែលគ្នា។ រួចចុះហេតុអ្វីបានជាដូនតាខ្មែរបុរាណបែរជាឆ្លាក់រូប«មករ៍លេបនាគ» ធ្វើជាបង្កាន់ដៃស្ពានឥន្ធនូទៅវិញ? ហើយរឿងរ៉ាវមករ៍លេបនាគនេះគឺបែរជារកមិនឃើញក្នុងគម្ពីសាសនាព្រាហ្មណ៍ ឫព្រះពុទ្ធសាសនានៅឥណ្ឌាទេ។
- ចេនឡាទឹកលិចមានខ្សែស្រលាយចេញពី ត្រកូលក្សត្រ«សោមវង្ស » (ព្រះច័ន្ទ) រីឯចេនឡាដីគោកមានខ្សែស្រលាយចេញពីត្រកូល«សូរ្យវង្ស» (ព្រះអាទិត្យ) ។ ក្រោយពីវង្សក្សត្រទាំងពីរនេះរួបរួមគ្នា បានធ្វើឲប្រទេសខ្មែរទាំងមូលស្គាល់ភាពថ្កុងថ្កើងរុងរឿងអស់កាលរាប់រយឆ្នាំ។ តើអាចទេថា រឿងមករ៌លេបនាគ ឫ ក្រពើលេបពស់ ឫ ព្រះអាទិត្យ លេបព្រះច័ន្ទ គឺជានិមិត្តរូបនៃការរួបរួមអំនាចរបស់អ្នកការពារ (វរ្ម័ន) ដ៏អស្ចារ្យ?។ ប្រហែលបែបនេះហើយទើបព្រះបាទសូរ្យវរ្ម័នទី២ បានកសាងស្ពានឥន្ធនូចូលទៅកាន់លំនៅរបស់អធិអទិទេពនរាយ(ប្រាសាទ នគរវត្ត) ឲសិល្បៈកររៀបចំបង្កាន់ដៃជាមានរចនាបទជាមករ៌លេបនាគតំណាងឲមគ្គុទេសទេវលោក។ ប៉ុន្តែទស្សនៈនេះអាចផ្តល់ភាពវិជ្ជមានច្រើនចំពោះរឿងរ៉ាវពីអតីតកាលព្រោះ«ការលេប» គឺជាជាឥរិបទនៃការចាប់បង្ខំក៏អាចថាបានដែរ។ ប៉ុន្តែទោះជាយ៉ាងណាយើងអាចយល់បានថា សត្វនាគដែលគ្មានជើងតែងក្លាយជាចំនីរបស់សត្វគ្រុឌ (ពួកជ្វា និងថៃ) តែបើរួមកំលាំងជាមួយនឹងសត្វមករ៍ដែលមានក្រយ៉ាំក្រចកដ៏មុតស្រួច អាចជួយជាអាវុទ្ធសង្គ្រោះខ្លួនចេញពីការគំរាមកំហែងរបស់សត្រូវបានយ៉ាងប្រសព្វ។
- ហេតុដូចបានពន្យល់ខាងលើនេះបានជាជនជាតិខ្មែរយើងប្រកាន់យកបាយសី និងទង់ក្រពើជារណ្តាប់សក្ការៈ សម្រាប់ការបូជាគឺមិនមែនគ្រាន់តែជាការបង្ក្រប់កិច្ចនោះទេតែជាកើតចេញពីប្រវត្តិពង្សាវតារបស់ខ្លួន និងចំនេះដឹងតារាសាស្ត្រដែលអ្នកប្រាជ្ញខ្មែរជំនាន់នោះបង្កើតឡើងដើម្បីភាពសុខក្សេមក្សាន្តរបស់ជាតិសាសន៍របស់ខ្លួន។ បែបនេះហើយយើងក៏គួរចងចាំដែលថា សូរ្យវង្ស និង សោមវង្ស គឺជាវង្សក្សត្ររបស់ខ្មែរដែលបានដឹកនាំកសាងមហានគរល្បីរន្ទឺពេញពិភពលោក ចំនេះដឹងរបស់លោកហាក់បានភ្លេចភ្លាំងដោយកូនចៅជំនាន់ក្រោយដោយសារពេលវេលា និងស្ថានភាពសង្គ្រាម។ ទោះជាយ៉ាងណាកូនចៅជំនាន់ក្រោយមិនគួរមើលរំលងលើបញ្ញាញាណរបស់ដូនតាខ្លួនឡើយ យើងគួរព្យាយាមយកចិត្តទុកដាក់សិក្សាស្វែងយល់ ស្រាវជ្រាវបន្ថែមដើម្បីនាំយកភាពរុងរឿងរបស់ខ្លួនត្រលប់មកវិញ។ សរុបសេចក្តីមកការរៀបរណ្តាប់សក្ការៈបាយសី និងទង់ក្រពើ គឺទី១ដើម្បីរំលឹកទៅដល់វង្សក្សត្រពីរ គឺសូរ្យវង្ស និងសោមវង្សដែលបានរួបរួមគ្នាគ្រប់គ្រងដែនដីសុវណ្ណភូមិនេះឲសម្បូសប្បាយថ្កុងថ្កើង។ ទី២ គឺជារបកគំហើញដែលដូនតាខ្មែរបានរកឃើញចេញពីពិភពធម្មជាតិលើផែនដីនេះដើម្បីបង្កើតចរន្តទាក់ទងទៅកាន់ចក្រវាលនាំឲការបួងសួងរបស់ខ្លួនបានដល់ទៅពពួកអរូបនិងអទិទេព។
- បែបនេះហើយទើបខ្មែរសង់បង្កាន់ដៃចូលប្រាសាទ ឫវត្តជាសត្វមករ៌ (ក្រពើ) លេបនាគ តំណាងអោយជាគ្រឿងចំលងទៅកាន់ឋានសួរគា៌។ នាគ (សោមវង្ស/វង្សព្រះចន្ទ)ត្រូវការ មករ៌ (សូរ្យវង្ស/វង្សព្រះអាទិត្យ) ជាការរួបរួមដើម្បីរក្សាលំនឹងផែនដី និងបង្ករបានជាភាពរុងរឿងថ្កុងថ្កើងឡើង។ ប៉ុន្តែស្តេចខ្មែរសម័យក្រោយអង្គរបែរជាភ្លេចភ្លាំងបន្តមានទំនាស់ចង់ឈ្នះចាញ់នឹងគ្នា ដូចប្រាស្នាអ្នកប្រាជ្ញបុរាណបានលើកឡើងក្នុងរឿងនាងក្រពុំឈូក(នាងនាគ)ថា៖ នាងត្រូវបានសត្វក្រពើលេប ហើយ ព្រះបាទចន្ទរាជា(សោមវង្ស/ក្រកូលនាគ) យកឈ្នះវិញដោយបានសំលាប់ក្រពើ (សូរ្យវង្ស) វះពោះយកស្បែកឆ្កាងឡើងទុកជាការសងសឹកទៅវិញ (នឹងមានការពិស្តាររឿងនេះនាពេលក្រោយ)។
- ផ្នែកលើមូលដ្ឋានគ្រិះនេះហើយយើងអាចវិភាគបានថាអ្នកប្រាជ្ញខ្មែរបានសំយោគអំពីជំនឿរបស់ខ្មែរស្រាប់លាយនឹងសាសនាធំពីររបស់ឥណ្ឌា។ ទោះបីជារុក្ខជាតិមានធាតុដែលអាចឲយើងឆ្លងឆ្លើយនឹងព្រលឹងបាន ប៉ុន្តែវាបានត្រឹមកម្រិតទាបមានដូចជាព្រលឹងដូនតា អ្នកតាព្រៃភ្នំតែប៉ុណ្ណោះ មិនអាចមានលទ្ធភាពទៅដល់អទិទេពដែលមានអំនាចខ្ពស់ឡើយ បែបនេះហើយទើបដូនតាខ្មែរបានធ្វើការងារជាច្រើនដើម្បីសុំអាជ្ញាប័ណ្ឌផ្កាយក្រពើពីអទិទេពដើម្បីឲកូនចៅខ្មែរប្រើប្រាស់ប្រព័ន្ធផ្កាយរណបបុរាណនេះ។ ទីនេះខ្ញុំនឹងធ្វើការប្រៀបធៀបប្រព័ន្ធបន់ស្រន់របស់ខ្មែរជាមួយនឹងប្រព័ន្ធទូរស័ព្ទដែលមនុស្សសម័យថ្មីប្រើដើម្បីទំនាក់ទំនងគ្នា
- ប្រាសាទនគរវត្ត គឺជាមូលដ្ឋានមេក្នុងបន្គុុំប្រាសាទនៅតំបន់អង្គរទាំង៧២ (ផ្គុំចេញជារាងផ្កាយក្រពើ ឫភាសាបរទេសហៅថាផ្កាយនាគ)។ ប្រាសាទអង្គរវត្តមានកំពូលជាត្រីសូល៌ធ្វើអំពីលោហៈធាតុ ដែលមានថាមពលបញ្ជូនចរន្តសម្លេងបួងសួងទៅកាន់ផ្កាយក្រពើនៅលើមេឃបាន។ ត្រីសួល៌គឹជាគ្រឿងសំគាល់អោយអទិទេពព្រាហ្មណ៍ទាំងបីហើយមានអនុភាពបំផុត និងប្រហែលតំណាងអោយអទិទេពក្មេរ៌ទាំងបីដូចគ្នា។
- ផ្កាយក្រពើ (ទង់ក្រពើលើមេឃ) គឺជាផ្កាយរណបទទួលពាក្យបួងសួងដែលបានបញ្ជូនចេញពីប្រាសាទនគរវត្ត (មូលដ្ឋានមេ) ឲបានទៅដល់អទិទេពផ្ទាល់។ សោមវង្សត្រូវបានបង្កើតឡើងដោយព្រះទេវបំណងរបស់ព្រះអទិទេពនាដើមសតវត្សទី១។ អាពាហ៍ពិពាហ៍រវាងព្រះនាងនាគ និងព្រះបាទហ៊ុនទានដែលទទួលបានធ្នូពីអទិទេពយាងចេញពីជ្វា បង្កើតបានជារាជវង្សសោម (ព្រះច័ន្ទ) ឫសោមវង្ស ហើយគ្រប់គ្រងនគរវ្នំ (ភ្នំ)រួមនឹងមហេសី (ព្រះមាតានាគ) របស់ទ្រង់។ ព្រះអង្គមានជ្វាជាច្រើនម៉ឺននាក់ជាបរិវា។
- ប្រហែលមកពីជំលោះផលប្រយោជន៍រវាងពួកជ្វា និងខ្មែរ ទើបបណ្តាលឲ្យពួកជ្វានេះត្រូវបង្ខំចិត្តចាកចេញពីនគរភ្នំទៅកាន់ចម្ប៉ាសាក់ប្រទេសឡាវសព្វថ្ងៃ ហើយក្រោយមកបង្កើតបានជារដ្ឋអធិប្បតេយ្យភាពមួយនៅចុងសតវត្សទី២នៅភាគកណ្តាលប្រទេសវៀតណាមបច្ចុប្បន្ន
- ប្រមាណជាង២០០ឆ្នាំក្រោយមកគឺត្រូវនឹងសតវត្សទី៣នៃគ.ស បន្ទាប់ពីមានមេទ័ពម្នាក់បានដណ្តើមអំនាចបានពីព្រះមហាក្សត្រនគរភ្នំ ព្រះអទិទេពក៏បញ្ជូនព្រាហ្ម៍ឥណ្ឌាម្នាក់ទៀតមកកាន់នគរភ្នំ ដោយព្រះអង្គបានមានព្រះបន្ទូលទៅកាន់ជនជាតិខ្មែរជាប្រជារាស្ត្រឲ្យចាំទទួលអ្នកដឹកនាំថ្មីដែលនាំព្រះខ័នរាជជាគ្រឿងសំគាលអំនាចរបស់ព្រះអទិទេពក្នុងការបង្កើតរាជវង្សថ្មីដើម្បីជំរុញដល់ការរីកចម្រើនប្រជាជនរបស់ទ្រង់។ អាពាហ៍ពិពាហ៍រវាងព្រាហ្ម៍កៅណ្ឌិន្យទី២ និងព្រះនាងសោមា (ព្រះមាតានាគ) បង្កើតបានជាសូរ្យវង្ស (វង្សព្រះអាទិត្យ) ដ៏មានកំលាំងខ្លាំងក្លាជាងសោមវង្សទៅទៀត។ បន្ទាប់ពីនគរភ្នំត្រូវបានបរាជ័យទាំងស្រុងដោយរាជវង្សចេនឡាមានល្បាយនៃរាជវង្សទាំងពីរក៏មិនបានធ្វើឲ្យចេនឡារួបរួមទាំងស្រុងដែរ។ ការបែកបាក់ជាពីរ ចេញជាចេនឡាដីគោក (សូរ្យវង្ស) និងចេនឡាទឹកលិច (សោមវង្ស) បានធ្វើឲ្យជ្វាស្រីវិជ័យលើកទ័ពមកធ្វើអាណានិគមលើនគរចេនឡាទឹកលិចអស់មួយរយៈខ្លីនៅចុងសតវត្សទី៨។ ការសម្រេចរួបរួមចុងក្រោយដោយព្រះបាទជ័យវរ្ម័នទី២ដែលយាងមកពីរចេនឡាដីគោកនៅឆ្នាំ៨០២ ដោយការគ្រប់គ្រងអំនាចក្នុងព្រះនាមព្រះអទិទេពបានធ្វើអោយកម្វុជទេស ក្លាយជាមហាអាចក្រដ៏ខ្លាំងពូកែមួយនៅលើសកលលោក
- អ្នកប្រវត្តិវិទូជឿថាប្រទេសកម្ពុជាបានចាប់ផ្ដើមបើកទំព័រប្រវត្តិសាស្ត្ររបស់ខ្លួនជាផ្លូវការនៅដើមសតវត្សរ៍ទី១នៃគ្រិស្តសករាជដែលធ្វើឲ្យប្រទេសនេះជាប្រទេសចំណាស់ជាងគេនៅក្នុងតំបន់ភូមិភាគអាស៊ីអាគ្នេយ៍។ ការចាប់ផ្ដើមទំព័រប្រវត្តិសាស្ត្រនេះបានផ្ដល់ឱកាសឲ្យយើងជាកូនចៅជំនាន់ក្រោយបានដឹងពីបទដ្ឋាននៃការរស់នៅរបស់ប្រជាជនកម្ពុជា ស្ថានភាពនយោបាយ និងរចនាសម្ព័ន្ធសង្គមបានយ៉ាងប្រសើរ។ សូមអនុញ្ញាតឲ្យខ្ញុំសួរសំនួរមួយទៅកាន់អ្នក។ តើអ្នកធ្លាប់ធ្វើជាតំណាងស្ដេចដំបូងរបស់កម្ពុជាដែរឬទេ? រឿងនិទានមួយបានតំណាលថា មានបុត្រីស្ដេចនាគមួយអង្គ ព្រះនាម នាងនាគ។ ព្រះនាង តែងតែយាងមកកម្សាន្តនៅលើកោះដែលមានដើមធ្លកមួយដើមដុះនៅលើកោះនោះ។ ចៃដន្យពេលព្រះនាងយាងមកលេងដូចសព្វមួយដង តែចៃដន្យលើកនេះព្រះនាងក៏ពើតប្រទះនឹងបុត្រាមួយព្រះអង្គព្រះនាម ព្រះថោង យាងមកពីប្រទេសចម្ងាយ ពួកគេក៏បានប្រទាក់ចិត្តនឹងគ្នាទៅវិញទៅមក។ ដើម្បីរស់នៅជាមួយគ្នាបានបុត្រីស្ដេចនាគក៏ថ្វាយយោបល់ទៅព្រះថោងថា សូមព្រះអង្គតោងកន្ទុយរបស់ទូលព្រះបង្គំឲ្យជាប់ ទួលព្រះបង្គំនឹងយាងព្រះអង្គទៅគាល់ព្រះមាតា និងបិតាដែលគង់នៅឋានភុជង្គនាគ(ឋានស្ថិតនៅក្រោមបាតសមុទ្រ គេអាចហៅម្យ៉ាងទៀតថា ឋានបដា)។ ក្រោយពេលដែលព្រះអង្គទាំងពីរបានទូលថ្វាយនូវព្រះរាជបំណងដល់ព្រះមាតា និងបិតារបស់ទ្រង់ហើយ ព្រះអង្គទាំងទ្វេរដែលជាស្ដេចនាគក៏សព្វព្រះរាជហរទ័យសម្រេចតាមបុត្រទាំងពីរជាមួយនឹងលក្ខ័ណមួយគឺចាប់តាំងពីព្រះនាងរៀបអភិសេតរួមរស់នឹងព្រះថោងព្រះនាងនឹងមិនអាចក្លាយជាមនុស្សាធម្មតា និងអាចប្រែក្លាយជានាគវិញឡើយ។ នេះគឺជាអ្វីដែលព្រះនាងនាគត្រូវលះបង់។ តែទោះជាយ៉ាងណាព្រះនាងគោរពទៅតាមការសម្រេចព្រះទ័យរបស់ព្រះនាងនិងព្រះថោងដែលព្រមព្រៀងគ្នារួចមកហើយមុនពេលយាងមកដល់និងដឹងរឿងរ៉ាវទាំងនេះ។ បន្ទាប់ពីព្រះសន្តាប់ការសម្រេចព្រះទ័យរបស់ព្រះនាងនាគរួចមក ស្ដេចនាគក៏ព្រះរាជតម្រិះរៀបអភិសេករវាងព្រះនាងនាគជាបុត្រីបង្កើតថ្វាយព្រះថោង និងបានបូមទឹកសមុទ្រជុំវិញកោះដែលមានដើមធ្លកនោះឲ្យក្លាយទៅជានគរមួយទុកជាចំណងដៃសម្រាប់បុត្រទាំងពីរធ្វើការគ្រប់គ្រង។ ព្រះអង្គទាំងពីរបានសព្វព្រះរាជហរទ័យដាក់ឈ្មោះនគរនោះថា «នគរគោកធ្លក»។
- សម្រាប់រឿងនេះបើតាមការវិភាគរបស់ខ្ញុំ ព្រះនាងនាគមើលទៅមានអត្តចរិកទោទន់យកស្នេហាជាធំ នេះប្រហែលជាកំណែរដែលកើតឡើងនៅពេលដែលខ្មែរចុះខ្សោយដែលប្រហែលជាបានទទួលឥទ្ធិពលពីសៀម ដែលយើងអាចសំគាល់ព្រះនាមរបស់ព្រះថោង ដែលមានន័យថា «មាស» ជាភាសាសៀម។ តែយើងក៏ឃើញមានកំណែផ្សេងទៀតដែលនិយាយពីការប្រយុទ្ធគ្នារវាងព្រះថោង នាងនាគ រហូតព្រះថោងទាញធ្នូទិព្វ (អំនោយរបស់ព្រះអទិទេព) បាញ់ធ្លាយសំពៅនាងនាគហើយព្រះអង្គទាំងពីរក៏រៀបអភិសេកនឹងគ្នាទៅ។ នៅក្នុងកំណែរនេះយើងឃើញភាពផ្ទុយគ្នាវិញដែលព្រះនាងនាគ មានចឫកក្លៀវក្លា ជាអ្នកដឹកនាំនគរមួយដែលមានដែនអធិប្បតេយ្យភាពច្បាស់លាស់មិនអាចរំលោភបាន។ ប្រហាក់ប្រហែលនឹងកំណែរនេះដែលយើងក៏អាចប្រៀបធៀបនឹងកំណត់ត្រាចិនលាំងឝ៊ូក 梁書 (ក្រាំងលាំង) ដោយលោកយ៉ោវ-ឆា 姚察 (៥៣៣-៦០៦) និង យ៉ោវ-ស៊ឺកលៀន姚思廉 (ម.៦៣៧) បានបញ្ចប់នៅឆ្នាំ ៦៣៦ បញ្ជាក់ថាគណៈទូតនៃពួកបេសកជនចិន លោកខាំង-ថែយ 康泰 និង ជូក-យិន (Zhū Yīng 朱應) ដែលនិយាយពីដើមកំណើតនគរភ្នំគឺក្នុងកំណត់ត្រានោះគឺនិយាយរំលឹកដល់ហេតុការណ៍ដែលបានកើតឡើងនៅរវាងសតវត្សទី៣ និយាយដល់ព្រះថោងទី២ ទីកោណ្ឌិនដែលមកដល់ក្រោយមកទៀតនៅសតវត្សទី៣ នៃគ្រិស្តសករាជបែបទេវកថា មានលក្ខណៈស៊ីគ្នាទៅនឹងសិលាចារឹកដែលចារក្រោយៗមកទៀត ទេវកថានោះមានតំណើរសង្ខេបថា៖
- «ឈ្ហាំវឆ្ហឹនយូ (កៅណ្ឌិន្យ) គឺជាអ្នកស្នងរាជ្យបន្តនៃព្រះបាទស្រុតវម៌្ម រឺ ធៀនជូចាន់ថាន់ 天竺旃檀 (“ឆានតាណា រឺ Candana មកពីឥណ្ឌា”) ជាព្រះរាជាមួយអង្គនៃនគរវ្នំ ដែលបានបញ្ជូនដំរីផ្សាំងមួយចំនួនក្នុងឆ្នាំ ៣៥៧ គ.ស. ជាសួយសារទៅព្រះចៅអធិរាជចិនស៊ឺម៉ា-តាន់ 司馬聃 (រ.៣៤៤-៣៦១ ឈ្មោះជាអនុស្សាវរីយ៍៖ មូទី 穆帝)៖ ព្រះអង្គកៅណ្ឌិន្យ រឺ ឈ្ហាំវឆ្ហឹនយូ[Qiáochénrú]ដើមឡើយជាព្រាហ្មណ៍ម្នាក់មកពីឥណ្ឌា។ មានសំឡេងមួយប្រាប់ទ្រង់ថា៖ʻលោកត្រូវតែទៅសោយរាជ្យនៅវ្នំʼ ហើយព្រះអង្គបានសប្បាយក្នុងព្រះហឫទ័យណាស់។ ទៅទិសខាងត្បូង ព្រះអង្គក៏បានមកដល់ផាន់ផាន់ 盤盤។ ប្រជារាស្ត្រវ្នំបានបង្ហាញទៅកាន់ទ្រង់ថា នគរទាំងមូលបានរះឡើងជាមួយភាពសប្បាយរីករាយ បន្ទាប់ពីទ្រង់បានមកដល់ ហើយក៏បានជ្រើសរើសទ្រង់ធ្វើជាស្ដេច។ ព្រះអង្គបានផ្លាស់ប្ដូរច្បាប់ទាំងអស់ ដើម្បីអនុលោមតាមប្រព័ន្ធនៃច្បាប់ឥណ្ឌា។»
- សរុបសេចក្តីមកដើមកំណើតរបស់យើងគឺកើតចេញពីការប្រែក្លាយជំលោះមកជាក្តីស្នេហា ដែលអាចបង្កើតបានសេចក្តីសុខពិតប្រាកដរបស់មនុស្សជាតិ។ រឿងរ៉ាវជាន់គ្នាកើតឡើងនៅសតវត្សទី១ និងទី៣ បង្ហាញពីការបង្កើតរាជរង្សដឹកនាំពីរដែលយកព្រះនាងនាគជាម្ចាស់ស្រុកជាគោល។ បង្កើតបានជា សោមវង្ស នៃកោណ្ឌិនទី១ និងសូរ្យវង្ស នៃកោណ្ឌិនទី២។
កុម៉ែរាជ (ព្រះថោង)
ព្រះថោង ឬ ព្រះបាទកុម៉ែរាជ ឬអាទិច្ចវង្សា(អាទិត្យវម៌្ម) (ប្រសូត ម.គ.ស ៣១៣-១៩០) រជ្ជកាល (ម.គ.ស ២៦៧-១៩១) ជាស្ដេចខ្មែរទីមួយ តាមរឿងព្រេងខ្មែរទ្រង់បានឡើងសោយរាជ្យនៅឆ្នាំ ២៦៧ ម.គ.ស. ទទួលគោរម្យនាមថា ព្រះបាទសម្ដេចកុម៉ែរាជ សេដ្ឋាធម្មិកវរោត្ដមបថមខេមរា ខត្ដិយាវង្សសកូល កំពូលក្រុងកម្ពុជាធិបតីសិរិយសសោភា បវររាជធានី បូណ៌មីឧត្ដមមហាដ្ឋាន។ ជាក្សត្រទីមួយ ដែលបានសោយរាជ្យនៅ នគរគោកធ្លក ឬក្រុងកម្ពុជាធិបតី។ ព្រះថោង ឬសម្ដេចព្រះកុម៉ែរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លកបាន ៧៧ឆ្នាំ។ ព្រះអង្គបានចូលទិវង្គតនៅឆ្នាំរកា ក្នុងព្រះជន្ម ១២២ព្រះវស្សា។
ព្រះថោង
រជ្ជកាល ម.គ.ស ២៦៧-១៩១
រាជ្យមុន ព្រះបាទកម្ពុជនាគរាជ, ព្រះបាទអស្សាជ័យ
រាជ
រាជ្យបន្ត ព្រះបាទវិរោរាជ
ស្វាមី/មហេសី ធារាវត្តី (នាងនាគ រឺ នាងទាវដ្ដី)
បុត្រ ព្រះវិរោរាជ ព្រះហរិរាជ ព្រះបរមិន្ទរាជ
ព្រះឧទ័យរាជា ព្រះវិជៀនរាជ
ព្រះសាហរាជ ព្រះភិរុណរាជ ព្រះពិជិតរាជ
ព្រះសុវណ្ណរាជ ព្រះពិពិតរាជ ព្រះនរិន្ទរាជា
ព្រះនាមពេញ ព្រះបាទសម្ដេចកុម៉ែរាជ សេដ្ឋាធម្មិកវរោត្ដម
បថមខេមរា ខត្ដិយាវង្សសកូល
កំពូលក្រុងកម្ពុជាធិបតីសិរិយសសោភា
បវររាជធានី បូណ៌មីឧត្ដមមហាដ្ឋាន
ឬ អាទិច្ចវង្សា (ប្រជុំរឿងព្រេងខ្មែរ)
វង្ស ព្រះកុម៉ែរាជ
សន្តតិវង្ស អាទិច្ចវង្ស
បិតា ព្រះបាទអាទិច្ចវង្ស
មាតា មិនស្គាល់
ប្រសូត ម.គ.ស ៣១៣ នគរឥន្ទព័ទ្ធ
សុគត ម.គ.ស ១៩០ នគរគោកធ្លក
ប្រវត្តិ
អតីតជាតិ
ព្រះពុទ្ធទំនាយ ក្នុងកាលសម័យដែលព្រះសមណគោត្ដម ព្រះពុទ្ធបរមគ្រូ ព្រះជន្មបានប្រហែល ៨០វស្សា បានយាងត្រេចរង្គត់ទៅគ្រប់ទិសទីកន្លែង ដើម្បីប្រោសអស់សព្វសត្វលោក។ ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរ មកដល់កោះមួយដែលមានដើមធ្លក ដុះបែកមែកសាខា ត្រសុំត្រសាយ។ នៅក្រោមដើមធ្លកនោះ មានរូងមួយយ៉ាងជ្រៅដែលជាផ្លូវចេញចូលរបស់ស្ដេចភុជង្គនាគ មកក្រសាលលេងកំសាន្តទឹកដីកន្លែងនោះដែលមានស្ថានភាពរាបស្មើគួរជាទីមនោរម្យ។ នៅលើដើមធ្លកនោះ មានសត្វត្រកួតមួយរស់នៅដោយសុខសាន្ដ។ នៅពេលព្រះអាទិត្យចូលអស្ដង្គត ហើយព្រះចន្ទបានចាប់រះឡើងបន្ដវេន ព្រះពុទ្ធអង្គ និងព្រះអនន្ទក៏នាំគ្នានិមន្ដចូលសម្រាកក្រោមដើមធ្លក។ រុក្ខទេវតាដែលថែរក្សាដើមធ្លក បានរៀបចំទីកន្លែងសម្រាប់ទទួលព្រះអង្គ និងទេវតាទាំងឡាយដែលនឹងត្រូវចូលមកគាល់ថ្វាយបង្គំព្រះពុទ្ធ។ ស្ដេចភុជង្គនាគ ដែលបានយាងចេញមកក្រសាលនៅទីទួលដើមធ្លកនោះដែរ កាលបើបានឃើញព្រះពុទ្ធកាលណា ក៏តំណែងខ្លួនជាមនុស្សនាំក្រុមបរិវារមកក្រាបថ្វាយបង្គំព្រះជិនស្រី សុំព្រះអង្គសំដែងធម្មទេសនា ប្រោសអស់នាគទាំងពួង។ ជាមួយគ្នានោះដែរ ព្រះឥន្រ្ទកោសីយ ទេវបុត្រទេវតា ទេពអប្សរ និងទេពនិករគ្រប់ទិសទី ក៏បាននាំគ្នាមូលមីកុះករចុះមកថ្វាយបង្គំគាល់ ព្រះពុទ្ធជាអម្ចាស់ដែរ។ ព្រឹកព្រហាមស្រាងៗកាលណា, ព្រះពុទ្ធអង្គ ចាប់ផ្ដើមស្មឹងស្មាធ ប្រមើលមើលនិស្ស័យ អស់គ្រប់សព្វសត្វជិតឆ្ងាយ ដែលព្រះអង្គត្រូវនិមន្ដយាងទៅប្រោស។ បន្ទាប់មក ព្រះអង្គទ្រង់សោយចង្ហាន់។ ដោយទ្រាំមិនបាននឹង ក្លិនអាហារទិព្វ ដ៏ឈ្ងុយឆ្ងាញ់មិនបាន សត្វត្រកួត ដែលរស់នៅលើដើមធ្លក ក៏ចេញខ្លួន មកថ្វាយបង្គំ ព្រះពុទ្ធបរមគ្រូ។ ព្រះអង្គបានពូតបាយ បោះអោយទៅសត្វត្រកួតនោះ ទុកធ្វើជាអាហារ។ ត្រកួតឆីបាយឆ្ញាញ់ លិតមាត់លិតក លៀនអណ្ដាត ចេញមកក្រៅ បង្ហាញនូវការពេញចិត្ត នឹងរសជាតិអាហារ។ លុះទតឃើញត្រកួត មានអណ្តាតព្រែកចេញជាពីរ ព្រះពុទ្ធទ្រង់ឈ្ងោកព្រះភ័ក្រ្ដ សំលឹងទៅព្រះធរណី ដោយក្ដីញញឹម។ ឃើញដូច្នោះ ព្រះអនន្ទឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរ សុំអោយព្រះអង្គពន្យល់អំពីហេតុផល។ ព្រះអង្គក៏មានពុទ្ធដិកា ទស្សន៍ទាយថា តទៅអនាគត កោះគោកធ្លកនេះនឹងកកើត ក្លាយទៅជានគរមួយខ្លាំងក្លា មានទឹកដីធំទូលាយ ប្រជាជនរស់នៅ ដោយសុខសប្បាយ ក្សេមក្សាន្ដ ថ្កុំថ្កើងរុងរឿង។ សត្វត្រកួតដែលមានចិត្ដបរិសុទ្ធ លុះទៅដោយធម្មទេសនា របស់ព្រះពុទ្ធ ក្រោយពីបានចាកលោកនេះទៅ ក៏នឹងបានកើតជាព្រះរាជបុត្រ ស្ដេចនគរឥន្ទព័ទ្ធ ដែលសោយរាជសម្បត្ដិ នៅនគរគោកធ្លក។ ពេលនោះ ស្ដេចភុជង្គនាគ នឹងចេញមករៀបចំទឹកដី ថ្វាយព្រះអង្គ។ ព្រះអង្គនឹងដាក់ឈ្មោះ នគរគោកធ្លកជា "កម្ពុជាធិបតី" ដែលនគរដទៃទៀត ដាក់ឈ្មោះហៅថា "ស្រុកខ្មែរ"។ ឯព្រះឥន្រ្ទាធិរាជវិញ ក៏នឹងបញ្ជាអោយ ព្រះវិស្សកម្មទេវបុត្រ ចុះមកកសាងប្រាង្គប្រាសាទ ធំៗល្អល្អះ ជាច្រើនទៀតដែរ។ តែប្រជាជននៅក្នុង ប្រទេសកម្ពុជា គ្មានចិត្ដស្មោះត្រង់ ប្រកាន់គោរពពាក្យសម្ដីរបស់ខ្លួនទេ។ សំដីនិយាយចេញមក ច្រើនមានន័យផ្សេងអំពី ចិត្ដគំនិតរបស់ខ្លួន ដែលគិតយល់នោះឡើយ ព្រោះមានអណ្តាតព្រែកបែកជាពីរ ដូចសត្វត្រកួតដែលជាជីតារបស់ខ្លួន។ ប្រមើមើលចប់ហើយកាលណា ព្រះពុទ្ធអង្គ ក៏យាងនិមន្ដបន្ដដំណើរ ទៅប្រោសសត្វលោកដទៃៗ បន្តទៅទៀត។
ព្រះរាជជីវប្រវត្តិ
កាលនោះនៅនគរឥន្ទព័ទ្ធ មានស្ដេចមួយព្រះអង្គ ព្រះនាមអាទិច្ចវង្ស សោយរាជសម្បត្ដិ មានរាជបុត្រ ៥ ព្រះអង្គ បុត្រទី១ ត្រូវបានព្រះអង្គតម្រូវអោយកាន់កាប់ ខេត្ដ-ខណ្ឌផ្នែកទិសខាងកើត បុត្រទី២ ខេត្ដ-ខណ្ឌទិសខាងជើង បុត្រទី៣ ខេត្ដ-ខណ្ឌខាងលិច ហើយបុត្រទី៤ ព្រះថោង ត្រូវទទួលបន្ទុកខេត្ដ-ខណ្ឌទិសខាងត្បូង។ ចំណែកបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុកដាក់ អោយគង់នៅជាប់ជាមួយនឹងព្រះអង្គក្នុងបរមរាជរាំង។ ឆ្នាំមួយ ដោយមានជំងឺព្យាធិ ហើយពេលវេលាកាលៈទេសៈ ត្រូវជាន់ចំនឹងពិធីបុណ្យប្រចាំឆ្នាំ ដែលព្រះរាជាត្រូវតែទទួលស្ដេចនគរចំណុះ នាម៉ឺនសព្វមុខមន្ដ្រី មកពីគ្រប់ទិសទី ព្រះអាទិច្ចវង្សា ក៏បានបង្គាប់អោយបុត្រពៅចេញធ្វើជាព្រះរាជតំណាងទៅទទួលភ្ញៀវជំនួសព្រះអង្គ។ គ្រប់ៗគ្នា មានទាំងស្ដេចបងព្រះអង្គទាំង ៣ អង្គ បានក្រាបថ្វាយបង្គំបុត្រពៅតំណាងព្រះរាជា តាមរបៀបរបបប្រពៃណី។ លើកលែងតែព្រះថោង ដែលមិនបានក្រាបថ្វាយបង្គំតាមទំនៀមទម្លាប់។ ពីព្រោះព្រះអង្គបានយល់ នឹកស្មានថាព្រះបិតាបានលើករាជសម្បត្តិផ្ទេរអោយប្អូន រួចស្រេចបាច់បាត់ទៅហើយ។ តែបើតាមឯកសារខ្លះទៀត គេបានបញ្ជាក់ថាព្រះមហាក្សត្របានប្រគល់រាជ្យអោយបុត្រពៅរួចស្រេចទៅហើយមែន។ ដោយក្ដីមួរហ្មងអាក់អន់ស្រពន់ចិត្ដក្ដៅក្រហាយ ដល់ត្រលប់មកដល់នគរវិញ ព្រះថោងក៏កោះប្រជុំអស់សព្វមុខមន្ដ្រីដើម្បីរៀបរាប់ប្រាប់អស់នូវព្រឹត្ដិការណ៍។ ព្រះអង្គបានសម្រេចចិត្ដថាតទៅអនាគត ព្រះអង្គ នឹងលែងយាងទៅចូលរួមពិធីបុណ្យអ្វីទាំងអស់ នៅឯបរមរាជវាំង។ ពេលនោះនាម៉ឺនមុខមន្រ្ដីទាំងអស់ គ្មាននរណាម្នាក់ហ៊ានបញ្ចេញយោបល់ ឬមតិអ្វីឡើយ។ ម្នាក់ៗគិតតែវ៉ៃអែបស៊ីអបលេមលើមឥតខ្មាសអៀនហើយយល់ស្របតាមគ្រប់ចំណុច។ ពីថ្ងៃនោះមក ព្រះថោងលែងទៅថ្វាយបង្គំព្រះបិតាដូចសព្វដងទៀតហើយ។ ដឹងរឿងនេះកាលណា ព្រះអនុជពៅ សុំសេចក្ដីអនុញ្ញាត្ដិពីឳពុក ដើម្បីទៅជួបបង។ ជួបបងកាលណា ព្រះអង្គលុតជង្គង់ថ្វាយបង្គំដែលធ្វើអោយព្រះថោងមានការភ្ញាក់ផ្អើល និងឆ្ងល់យ៉ាងខ្លាំង។ ក្រោយបានស្ដាប់ការពន្យល់របស់ប្អូន បានយល់គ្រប់ដំណើរដើមទងមក ព្រះថោងក៏បានយល់ស្គាល់អំពីកំហុសរបស់ខ្លួន ហើយក៏បានផ្ដាំប្អូនអោយសុំព្រះរាជទានទោសពីបិតាជំនួសព្រះអង្គផង។ ព្រះអង្គអាទិច្ចវង្សា សប្បាយចិត្ដណាស់ នៅពេលដែលដឹងថាបុត្រពៅព្រះអង្គដោះស្រាយបញ្ហាស្មុគស្មាញនេះបានដោយជោគជ័យ ក្នុងសន្ដិវិធី គឺពិតជាសក្ដិសមជាស្ដេច ដែលត្រូវទទួលគ្រងរាជសម្បត្ដិមែន តែព្រះអង្គក៏បានរិះគិតពិចារណាដែរថា ព្រះថោងមានចិត្ដស្រាលឆេវឆាវ មិនចេះគិតគូរពិចារណាវែងឆ្ងាយឡើយ អាកប្បកិរិយាទាំងប៉ុន្មាន ដែលព្រះថោងបានប្រព្រឹត្ដិមកក៏ចាត់ដូចជាការក្បត់ នឹងប្រទេសជាតិដែរទោសនេះ គឺត្រូវតែប្រហារជីវិតបង់ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់ក៏បានយល់ស្របតាមព្រះអង្គដែរ តែដោយព្រះថោងព្រះអង្គធ្លាប់មានគុណបំណាច់ក្នុងការការពារទឹកដីប្រទេសជាតិ នាម៉ឺនមន្រ្ដីទាំងនោះ បានសុំអោយត្រឹមតែបំបរបង់និរទេសព្រះអង្គប៉ុណ្ណោះបានហើយ។ ព្រះថោងបានប្រសូត្រនៅក្នុងឆ្នាំវក ព.ស ២៣២ ត្រូវជាឆ្នាំ ៣១២ មុន គ.ស។ ព្រះជន្មបាន ១៦ ឆ្នាំ ព្រះអង្គបានយាងចេញទៅកាន់កាប់ខេត្ដ-ខណ្ឌទិសខាងត្បូង។ ២០ឆ្នាំក្រោយមក អាយុបាន ៣៥ឆ្នាំ ព្រះអង្គត្រូវបានបិតាបំបរបង់និរទេស ដេញចេញពីនគរ។ នាម៉ឺនមុខមន្ដ្រី ពលសេនា និងប្រជារាស្រ្ដជាច្រើន ដែលស្រលាញ់គោរពព្រះអង្គ ប្រមាណជាង ១ កោដិនាក់ (តែឯកសារខ្លះថាតែ ១ សែននាក់) បានសុខចិត្តចាកចេញអំពីនគរទៅរស់នៅដង្ហែតាមព្រះថោង។ ពួកជននិរទេសទាំងនោះ ត្រូវបានស្ដេចចេញបញ្ជា បង្គាប់អោយកាត់សក់ជើងកញ្ជើ អោយខុសអំពីប្រជាពលរដ្ឋធម្មតា ដើម្បីបញ្ជាក់ថា ជាជនជំពូកគ្មានពូជ គ្មានសាសន៍ អ្វីដូចគេឯងទាំងអស់។ ព្រះថោង បានបញ្ជាបក្សពួកក្រុមព្រះអង្គអោយចុះសំពៅ ទូក ក្បួនបណ្ដែតតាមទន្លេខ្សែទឹក។ ឯកសារខ្លះបានបញ្ជាក់ថា ព្រះថោងបាននាំពលរេហ៍ធ្វើដំណើរឆ្លងកាត់តាមព្រៃព្រឹក្សាចុះមកតាមទិសខាងត្បូងរហូតមកដល់ភ្នំដងរែក ដែលជាតំបន់ភូមិភាគមួយរហោស្ថានគ្មានមនុស្សរស់នៅ។ បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ កាលពុទ្ធសករាជកន្លងទៅបាន ៦១០ ឬ ៦២០ គស. ៦៦ ឬ ៧៦ គ.ស.កាលនោះ កោះគោកធ្លក មានផែនដីដុះឡើងធំទូលាយហើយ មានស្ដេចចាមមកតាំងទីកន្លែងជាដំបូងនៅលើកោះនោះ។ យូរបន្តិចមក មានស្ដេចមួយអង្គទៀត ឈ្មោះព្រះថោង នៅក្នុងប្រទេស "មន" ដោយមានអធិករណ៍ ក៏យាងមកដោយសំពៅមួយ ដែលមានពួកបម្រើជាង ១០០ នាក់ មកជាមួយ ចូលមកសុំស្ដេចចាមនៅជ្រកនឹងកោះនោះឯង។ ទូកក្បូនក្បួនទ័ពព្រះថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកកឿងជាប់ចត នឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជាអោយបោះយុថ្កា ចុះចតលើកោះគោកធ្លក។ កន្លែងនោះ មានឈ្មោះដំណាលជាប់មកជា ស្រុកគ្រួខ័ណ្ឌ ឬ គោកខ័ណ្ឌ ដែលស្ថិតនៅខាងជើងជួរភ្នំដងរែកសព្វថ្ងៃ។ ក្នុងវគ្គនេះ ពង្សាវតារខ្លះទៀតបញ្ជាក់ថា ព្រះថោង និងបរិវារអ្នកស្ម័គ្រចិត្ដបានមកសំចតនៅ ស្រុកសំរោងទង ដែលនៅទីនោះបានជាប់ឈ្មោះបឹងពុងពាយ រហូតមកដល់សព្វថ្ងៃ។ ព្រះថោង បានចាត់ចែងអោយមុខមន្ដ្រី ទៅចរចានិងស្ដេចចាម ដើម្បីចងស្ពានមេត្រីក្នុងន័យរួមរស់ជាមិត្ដភាពក្នុងតំបន់ជាមួយគ្នា។
ចំបាំងជាមួយចាម
បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ ស្ដេចព្រះថោង ហេតុតែឧបនិស្ស័យត្រូវបានធ្វើជាម្ចាស់កោះ និងដោយបាននមស្ការព្រះអង្គផង ក៏មានតម្រិះប្រាជ្ញាវាងវៃ, វេលាយប់ស្ងាត់ នាំមន្ត្រីចាស់ម្នាក់ ដែលជាទំនុកទុកចិត្ត យកដុំមាសប៉ុនផ្លែខ្វិតទៅកប់ក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ហើយតាក់តែងជាសាវតារ សរសេរជាក់តាំងពីជីតាទួតរបស់លោកថា "បានមកចាប់កាប់គាស់រានទឹកដីកោះនេះ តាំងពីដុះឡើង បានទាំងកប់ដុំមាសប៉ុនផ្លែខ្វិតក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ទុកជាព័ស្តុតាង, ដីកោះព្រះកេរ្តិ៍នេះ ត្រូវបានជាចំណែក ចែកឲ្យស្ដេចព្រះថោងជាចៅ" ហើយយកសាវតារទៅរោលផ្សែងភ្លើងឲ្យក្រហមជាំ ល្មមគេមើលឃើញថាជារបស់ចាស់ចុះមកមែន ។ តែងសេចក្ដីដូច្នេះស្រេច ទើបព្រះថោង ប្រើសេនាទាហានឲ្យទៅបណ្ដេញស្ដេចចាម។ ស្ដេចចាម មិនព្រមដើរចេញ ប្រុងលើកទ័ពច្បាំងគ្នា ដោយអះអាងថា ជាកេរ្តិ៍ដំណែលរៀងៗ ខ្លួន។ ព្រះថោង តវ៉ាថា "យើងអាងមានព័ស្តុតាងជាកេរ្តិ៍ដំណែលរបស់យើង បានជាហ៊ានបណ្ដេញអ្នកឯង"។ ស្ដេចចាមថា "អ្នកមានព័ស្តុតាងយ៉ាងណា ?” ។ ព្រះថោងថា "យើងអាងសាវតារពីជីតាយើងចែកដីកោះនេះឲ្យ លោកបានទាំងកប់ដុំមាសប៉ុនផ្លែខ្វិត ក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ជាភស្តុតាងទុកឲ្យយើងៗ មិនទាន់ទាំងបានទៅគាស់មាសនោះផង, បើមិនជឿត្រូវតាំងភ្នាល់គ្នាយកឈ្នះចាញ់ ត្រង់បន្ទាល់នេះចុះ"។ ស្ដេចចាម ជាមនុស្សឆោត ព្រមចុះសន្យានឹងព្រះថោង ទទួលឈ្នះចាញ់ត្រង់មានភ័ស្តុតាងក្នុងសាវតារពីរខៈ គឺ ១- ត្រង់ថាជីតាចែកឲ្យ, ២- មានកប់ដុំមាសនៅគល់ធ្លក, ថាបើពិតជាមាន សុខចិត្តដើរចេញពីទីនេះ ទើបទ្រង់កំហែងទារសាវតារពីព្រះថោងមើល។ ព្រះថោងយកសាវតារមកឲ្យមើល រួចសង្ខើញឲ្យជីកដីក្រោមគល់ធ្លករកដុំមាសទៀត។ លុះឃើញពិតទាំងពីរខ ស្ដេចចាម ទាល់ប្រាជ្ញា តែក្រាញមិនព្រមដើរចេញ ក៏រករឿងនឹងលើកទ័ពមកប្រឆាំង។ ព្រះថោង ដឹងរឿងដូច្នោះ ក៏លើកទ័ពទៅសង្គ្រុបមុន មិនឲ្យដឹងខ្លួន ចាប់បានទាំងស្ដេចចាម និងសេនាទាហាន ។ ស្ដេចចាម អង្វរសុំជីវិត សុខចិត្តថ្វាយទឹកដី និងសេនាទាហាន។ ព្រះថោង ក៏លែងទោស ហើយដេញឲ្យទៅនៅភ្នំក្រោម។ ស្ដេចចាម ឈឺចិត្តចុកឈាមស្លាប់ទៅ។ ពួកបណ្ដារាស្ត្រចាមប្រុសស្រីប៉ុន្មាន ព្រះថោង ក៏រឹបដាក់បន្ថោកសាសន៍ដាក់ជាជាតិ កួយ ព័រ អស់ទៅ។ (ក្នុងប្រជុំរឿងព្រេងគេថាព្រះថោងជាស្ដេចមន កាលណោះ គឺឆ្នាំ ៦៦ រឺ ៧៦ នៃ គ.ស.) បើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់បណ្ឌិតរស់-ចន្ទ្រាបុត្រ ថ្ងៃមួយ ព្រះថោង និង ស្ដេចចាម ព្រះនាមអស្សាជ័យរាជ កើតមានជម្លោះឈ្លោះមិនចុះសម្រុងនឹងគ្នា ហើយក៏កើតមានជាសង្រ្គាមចម្បាំងរាំងជល។ ព្រះថោងបានយកជ័យជម្នះ ឈ្នះកម្ចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួននៅចម្ប៉ាសក្ដិ បច្ចុប្បន្នទឹកដីលាវសព្វថ្ងៃ។ ឥឡូវព្រះថោងព្រះអង្គបានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់ឯង។ ព្រះអង្គបានដាក់ឈ្មោះព្រះនគរថា "នគរគោកធ្លក"។ នៅក្នុងរាជរបស់ព្រះអង្គ បើតាមពង្សាវតារខ្មែរ និងឯកសារជាច្រើនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួន ស្ដេចចាមដែលច្បាំងចាញ់ព្រះថោងកាលពីលើកមុន បានលើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោកធ្លក។ ស្ដេចចាមអស្សាជ័យរាជ ដោយមានកូនប្រុសប្រាំនាក់ ធ្វើជាមេទ័ពជំនួយ បានលើកទ័ពចេញមកពីចម្ប៉ាសក្ដិ។ ពង្សាវតារខ្មែរដែលរៀបចំដោយព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ពលាវចូលរួមផង បានមកចោមព័ទ្ធទីក្រុងមហានគរ។ ពេលនោះព្រះកុម៉ែរាជបានកោះប្រជុំ គ្រប់នាម៉ឺនមុខមន្រ្ដីមេទ័ពតូចធំ ដោយមានព្រះបន្ទូលថា បើយើងច្បាំងតបនឹងសត្រូវក៏បានដែរ តែប្រជាពលរដ្ឋយើង នឹងត្រូវស្លាប់បាត់បង់ច្រើនជាមិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិចកិច្ចកលជាចាញ់ ខ្លាចចាមហើយនាំគ្នាវាយសម្រុកបើកផ្លូវ នាំគ្រួសាររត់ចោលនគរមួយរយៈសិន។ ធ្វើដូច្នេះកងទ័ពចាម និងមានជំនោរចិត្ដក្អេងក្អាង ភ្លេចខ្លួនហើយនាំគ្នាមកតាំងទីក្នុងមហានគរជាមិនខាន។ ពេលនេះ ចាំយើងលើកទាំងទ័ពមនុស្សទាំងទ័ពនាគមកវាយប្រហារសត្រូវយកជ័យជម្នះវិញ។ ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា សម្ដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយជំរុំនៅ នគររាជសីមា។ ព្រះអង្គក៏ចាប់ផ្ដើមរៀបចំកងទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួនយុទ្ធសាស្រ្ដ ពិជ័យសង្រ្គាម។ ទ័ពចាមដូចដែលព្រះអង្គបានគិតមែន បាននាំគ្នាមកតាំងទីនៅក្នុងព្រះមហានគរ។ មួយឆ្នាំក្រោយមក សម្ដេចព្រះកុម៉ែរាជ ដោយមានជំនួយពីទ័ពនាគបានលើកទ័ពទៅវាយប្រហារ កំចាត់ទ័ពចាមធ្វើអោយបរាជ័យរត់បាក់បែកអស់។ ស្ដេចចាមអស្សាជ័យរាជ ត្រូវរបួសយ៉ាងទម្ងន់ ហើយក៏បានបាត់បង់ជីវិត ក្នុងគ្រាចំបាំងនោះទៅ។ រីឯកូនប្រុសទាំងប្រាំនាក់របស់ស្ដេចចាមត្រូវកងទ័ពខ្មែរ និងកងទ័ពនាគចាប់បាន។ កូនស្ដេចចាមទាំងប្រាំនាក់ បានទទួលខ្លួនចុះចាញ់ សុំចំណុះ និងសុំបម្រើព្រះថោងរៀងរហូតតទៅ។ ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែងតាំងកូនស្ដេចចាមឈ្មោះ សុរិយាវរមិន្ទអោយគ្រប់គ្រងស្រុកទ្រាំង ដោយមានទីតាំងនៅលើភ្នំបាយ៉ង់កោ ព្រះសុរិយោទេវេស អោយទៅគ្រប់គ្រងស្រុកបាទីដោយតាំងទីនៅលើភ្នំជីសូរ ព្រះបរមេន្ទ្រាវរមិន្ទ អោយទៅគ្រប់គ្រងស្រុកលើកដែក ព្រះសុរិយោវរមិន្ទ អោយទៅគ្រប់គ្រងស្រុកត្បូងឃ្មុំ និងព្រះស្រេន្ទ្រាវរមិន្ទ អោយទៅត្រួតត្រាស្រុកស្ទោង។ នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹងទៅដល់ស្រុកពិស្ណុលោក និងសុខោទ័យ នៅទិសខាងលិចទៅដល់ស្រុកគោកអង្រ្កង ឬស្រុកយួននៅទិសខាងកើត ទៅដល់ស្នាមខ្សាច់ (ខាងជើងភ្នំដងរែក)នៅទិសខាងជើងនិង នៅទិសខាងត្បូងទល់និងសមុទ្រ។
ការរៀបចំក្បួនច្បាប់
បណ្ដាជនជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំ បានមករស់នៅតាំងលំនៅស្ថានកុះករនៅនគរគោកធ្លក។ ព្រះអង្គបានបញ្ជាអោយអ្នកប្រាជ្ញកែប្រែអក្សរ ភាសាសំស្រ្កឹត មកជាអក្សរភាសាខ្មែរសម្រាប់ប្រើប្រាស់។ ការរៀបចំកសាងស្រុកភូមិនគរ ក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ច ក៏ត្រូវបានចាត់យ៉ាងសកម្មដែរ។ នៅផ្នែកជំនឿសាសនា គេក៏បានឃើញមានវត្ដមានសាមណេរ វត្ដអារាមព្រះពុទ្ធសាសនាជាច្រើន នៅលើទឹកដីនគរគោគធ្លក។
អភិសេក
ថ្ងៃមួយព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ដោយហេវហត់អស់កំលាំង ព្រះអង្គចូលទៅសម្រាកក្រោមដើមធ្លក ដល់ពេលរសៀល ទើបព្រះអង្គភ្ញាក់ តែទឹកបានឡើងលិចព័ទ្ធជុំវិញទួលគោកធ្លក ដោយមិនអាចវិលត្រលប់វាំងប្រាសាទបាន ព្រះថោងក៏ទ្រង់សម្រាកនៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។ គ្រានោះ នារាត្រីដ៏សែនស្ងាត់ជ្រងំ ព្រះនាងធារាវត្តីបុត្រីសេ្ដចភុជង្គនាគបាននាំអស់ពួកភីលៀងបរិវារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ ព្រះថោងទតយល់ឃើញព្រះនាងកាលណា ក៏លបលួចចាប់ចិត្ដប្រតិព័ទ្ធស្នេហាភ្លាម។ ក្រោយដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះថោង និងនាងនាគក៏ចាប់ផ្ដើមមានចិត្ដស្នេហាស្មោះស្ម័គ្រនឹងគ្នាទៅវិញទៅមក។ ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំណត់រវាងគូស្នេហាទាំងពីរ ព្រះថោងត្រូវរៀបចំជំនូន និងអណ្ដាប់អណ្ដាការគ្រប់បែបយ៉ាងមករង់ចាំនៅត្រង់ទីកន្លែងដដែល។ ចំណែកព្រះនាងធារាវត្ដី កាលបើទៅដល់ស្ថានភុជង្គនាគ ក៏បានរ៉ាយរ៉ាប់រឿងរ៉ាវទាំងប៉ុន្មានតាមដំណើរទូលថ្វាយព្រះបិតា និងព្រះមាតា។ ស្ដេចភុជង្គនាគ មិនបានយល់ជំទាស់ទេ។ ព្រះអង្គបានសុខចិត្ដយល់ព្រមទៅតាមសំណូមពរគោលបំណងរបស់កូន។ ប្រាំពីរថ្ងៃកន្លងមក ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករគ្រប់បែបយ៉ាង រៀបចំដោយប្រណិត យ៉ាងបរិបូណ៌ឥតមានខ្ចោះ ឥតមានខ្វះត្រង់ណា យកមកទុកត្រៀមខ្លួនរង់ចាំនៅក្រោមដើមធ្លក។ ដល់ថ្ងៃកំណត់ស្ដេចភុជង្គនាគ និងអគ្គមហេសីបានយាងចេញមកត្រង់កន្លែងដើមធ្លកមែន បានយល់ឃើញព្រះមាតាព្រះបិតាព្រះនាងធារាវត្ដីភ្លាមកាលណា ព្រះថោងទ្រង់លុតជង្គង់ក្រាបថ្វាយបង្គំដោយក្ដីគោរព។ ស្ដេចភុជង្គនាគ និងមហេសីពេញចិត្ដត្រេកអរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ហើយក៏បានរៀបចំអភិសេកកូនស្រីកូនប្រុសជាគូស្វាមីភរិយាតរៀងមក។ ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី បាននាំពលរេហ៍សេនា បឺតពង្រីងទឹកសមុទ្រ បង្កបង្កើតអោយកើតបានជាដីស្ងួត ធំធេងទូលំទូលាយ ហើយបានកសាងប្រាង្គប្រាសាទវាំងតូចធំទុកថ្វាយជាច្រើន។ ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ ១១ កើត ខែពិសាខ ពស.២៧៧ ឆ្នាំម្សាញ់ ត្រូវជាឆ្នាំ ២៦៧ មុន គ.ស.។ កាលនោះព្រះថោងបានព្រះជន្ម ៤៦វស្សា ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះរាជាភិសេក ឡើងសោយរាជសម្បត្ដិនគរគោកធ្លកដែរ។ ព្រះអង្គបានទទួលគោរម្យនាមជា ព្រះបាទសម្ដេចកុម៉ែរាជសេដ្ឋាធម្មិកវរោត្ដមបថមខេមរា ខត្ដិយាវង្សសកូល កំពូលក្រុងកម្ពុជាធិបតីសិរិយសសោភា បវររាជធានី បូណ៌មីឧត្ដមមហាដ្ឋាន។ ព្រះអគ្គមហេសីនាងនាគ ឬព្រះនាងធារាវត្ដីបានទទួលព្រះនាមជា សម្ដេចព្រះវគត្ដីក្សត្រីគាប់លក្ខណ៍ឯកអគ្គទេវី។ ពិធីបុណ្យអភិសេកចប់សព្វគ្រប់កាលណាស្ដេចភុជង្គនាគ និងព្រះអគ្គមហេសីបាននាំបរិវារនាម៉ឺនមុខមន្រ្ដី ត្រលប់ចុះទៅព្រះនគរវិញ ដើម្បីជូនដំណើរព្រះបិតាព្រះមាតាក្មេកចុះទៅស្ថានភុជង្គនាគ ព្រះថោង ឬព្រះបាទសម្ដេចកុម៉ែរាជ បានចាប់តោងស្បៃនាងនាគចុះទៅតាមទៅជាមួយដែរ។ កាលនោះព្រះថោងរៀបចំសាងសង់ព្រះបរមរាជវាំង គង់នៅមហានគរធំ ឬមហានគរ ឬអង្គរដែលជាកន្លែងដើមធ្លកបានដុះ។ បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ ព្រះថោង មានសេចក្ដីត្រេកអរឡើងវិញ ហើយទ្រង់ប្រាប់មន្ត្រីទាំងអស់ តាមបង្គាប់អគ្គមហេសី។ លុះដល់វេលានឹងហែទៅ ព្រះថោង ក៏តោងជាយស្បៃនាងទាវដ្ដី, ពួកនាម៉ឺនមន្ត្រី ក៏តោងព្រះពស្ត្រស្ដេចតៗគ្នា គ្រប់ទាំងប្រុសទាំងស្រី ទៅរហូតដល់ឋានភុជង្គនាគ។ ព្រះបាទភុជង្គនាគ រៀបអភិសេកកូននៅឋានភុជង្គនាគរួច ទ្រង់ក៏ថ្វាយនាមជាថ្មីទាំងអស់។ ព្រះថោង ជាព្រះបាទអាទិច្ចវង្សា, នាងទាវដ្ដី ជានាងទាវធីតា, កោះគោកធ្លក ជាក្រុងកម្ពុជាធិបតី ដែលឋិតនៅក្នុងការទំនុកបម្រុងនៃនគរភុជង្គនាគ។ ព្រះបាទភុជង្គនាគ ទ្រង់ចាត់នាគសេនាមានឫទ្ធិ ២រូប ឲ្យមកគាល់បម្រើ និងការពារជានិច្ច បង្ការក្រែងបើមានភ័យសឹកសង្គ្រាមមកសង្កត់សង្កិន នឹងបានដឹងដំណឹងឆាប់អាចឲ្យលើកពលសកលយោធាមកជួយការពារទាន់។ ត្រង់នេះហើយ ដែលគេតែងតែធ្វើតមកដល់សព្វថ្ងៃ គឺកាលណាក្រោកឡើងពីអង្គុយផ្ទឹមសំពះការ គេឲ្យកូនប្រុសតោងជាយស្បៃកូនស្រីចូលទៅក្នុងបន្ទប់ ដោយយកតម្រាប់តាមព្រះបាទអាទិច្ចវង្សា ដែលតោងស្បៃនាងនាគជាអគ្គមហេសីទៅឋានភុជង្គនាគនោះឯង។
ព្រះរាជវង្ស
ព្រះថោង និងនាងនាគ បានមានព្រះរាបុត្រាបុត្រីជាច្រើនដែលព្រះអង្គចែកភារកិច្ចតែងតាំងអោយមានឋានន្ដរសក្ដិ និងប្រគល់បេសកកម្មរៀងខ្លួន អោយទៅត្រួតត្រាស្រុកនគរប្រទេសផ្សេងៗ
ព្រះវិរោរាជ, បុត្រច្បង ទទួលមុខងារ ជាមហាឧបរាជ
ព្រះហរិរាជ, ជាកែវហ៊្វា ទទួលមុខងារ ជារាជានុសិទ្ធិ
ព្រះបរមិន្ទរាជ ត្រូវទៅគ្រប់គ្រងស្រុកមង្គលបុរី
ព្រះឧទ័យរាជា, ស្រុកធនបុរី
ព្រះនរិន្ទរាជា, ស្រុកសាវាងបុរី
ព្រះវិជៀនរាជ, ស្រុកគំដែងបុរី
ព្រះសាហរាជ, ស្រុកបុរីរម្យ
ព្រះភិរុណរាជ, ស្រុកបស្ចឹមបុរី
ព្រះពិជិតរាជ, ស្រុកពិជិតបុរី
ព្រះសុវណ្ណរាជ, ស្រុកសុវណ្ណលោក
ព្រះពិពិតរាជ ស្រុកពិស្ណុលោក។
ព្រះថោង ឬ សម្ដេចព្រះកុម៉ែរាជ សោយរាជសម្បត្ដិនៅ នគរគោកធ្លក បាន៧៧ឆ្នាំ។ ព្រះអង្គបានចូលទិវង្គត នៅឆ្នាំរកា ក្នុងព្រះជន្ម ១២២ព្រះវស្សា។
ជនជាតិជិតខាង
មួយផ្នែកទៀត នាគ្រាកាលនោះគេសម្គាល់ឃើញមានជនជាតិបរទេសជាច្រើន បានចូលមករស់នៅរកស៊ីធ្វើជំនួញប្រកបមុខរបរក្នុងស្រុកខ្មែរ មានដូចជាសៀម លាវ យួន ជាដើម។ សៀមចុះមកនៅបឹងណោងស្នោ ប្រកបមុខរបររកស៊ីចាប់ត្រីកន្ធរយកមកប្រឡាក់ហាល។ ជារៀងរាល់ឆ្នាំ ជនជាតិសៀមទាំងនោះ តែងតែដឹកនាំយកត្រីកន្ធរហាល និងទឹកថ្លាល្អបរិសុទ្ធនៅក្នុងខេត្ដពេជ្របុរី មកថ្វាយព្រះមហាក្សត្រខ្មែរសម្ដេចព្រះកុម៉ែរាជ ជាសួយសារអាករ។ ចំណែកជនជាតិយួនវិញ ប្រកបបររកស៊ីលក់ក្រណាត់សូត្រ ហើយជារៀងរាល់ឆ្នាំ ក៏តែងតែនាំយកសំពត់សូត្រ សំពត់ព្រែ មកថ្វាយព្រះរាជាជាសួយសារអាករដែរ។
ទំនៀមទំលាប់ទាក់ទងនឹងព្រះថោង
១- ប្រវត្ដិព្រះថោងនាងនាគ និងទំនៀមទំលាប់ បានដិតដាមជាប់ជានិច្ចក្នុងប្រវត្ដិសង្គមជាតិខ្មែរ។ ទោះខ្មែរមិនបានដឹងមិនបានយល់ក៏ដោយ ក៏ខ្មែរបានគោរព និងអនុវត្ដលុះទៅតាមប្រពៃណីរួចស្រេចទៅហើយដែរ។ ដូចជាក្នុងពិធីរៀបអាពាហ៍ពិពាហ៍មង្គលការ គឺមានតាំងតែពីស្លៀកពាក់របៀបរៀបចំ ចំរៀងភ្លេងតន្ដ្រី រហូតដល់គ្រប់ពិធី មានសូត្រមន្ដព្រះបរិត្ត សែនព្រេន បួងសួងបន់ស្រន់ អញ្ជើញឥន្ទ្រព្រហ្ម ទេព្តា អារុក្ខអារក្ស អ្នកតា ចាស់ទុំ យមរាជ ខ្មោច ព្រាយ បិសាច ចងដៃឲ្យពរជ័យសព្វសាធុការ បាចផ្កាស្លា និងតោងស្បៃកូនក្រមុំជាដើម៘ បទភ្លេង ចំរៀងទាំងប៉ុន្មានសុទ្ធតែរំលឹកឈ្មោះព្រះថោងនាងនាគជាហូរហែឥតមាន ខ្ចោះ។ នេះយើងមិននិយាយពីគ្រឿងតូរ្យតន្ដ្រីខ្លះ ដូចតាខេ ដែលមានរូបរាងដូចក្រពើ ឬត្រកួតផង។ ឯក្រឡាហូល ឬខៀនដែលស្រីខ្មែរស្លៀកពាក់លំអកាយនោះ គឺគ្មានអ្វីក្រៅពីស្រកានាគ ឬសំលៀកបំពាក់ គ្រឿងអលង្ការណ៍របស់នាងនាគ ព្រះអគ្គមហេសីព្រះថោងឡើយ។ ដូច្នេះ ក្នុងទស្សនៈខ្មែរ ព្រះថោងនាងនាគ បានក្លាយទៅជានិមិត្ដរូបនៃការបង្កបង្កើតក្រុមគ្រួសារ កូនចៅ បន្ដវង្សត្រកូល។ បើយើងនិយាយក្នុងផ្នែកអក្សរសាស្ដ្រវិញ យើងសង្កេតឃើញមានរឿងព្រេងច្រើនណាស់ ដែលដំណាលរៀបរាប់និទានអំពីក្រពើ ឬត្រកួត ព្រះថោង ឬជីតារបស់ខ្មែរយើងនេះ។ រឿងព្រេងដែលនិទានអំពីក្រពើមានវត្ដមាននៅគ្រប់ទិសទីក្នុងគ្រប់ ខេត្ដខណ្ឌទឹកដីខ្មែរ ប៉ុន្ដែរូបភាពក្រពើត្រូវបានខ្មែរជំនាន់ថ្មីយល់ច្រឡំជាតំណាង រូបភាពអាក្រក់ តំណាងមនុស្សអកតញ្ញូដែលរមិលមិនស្គាល់គុណគេ។ ពីព្រោះគេតែងនិយមនិយាយជាប់មាត់ថា ”អាក្រពើវង្វេងបឹង”។ តែបើយើងយោលទៅលើន័យឃ្លានេះវិញនោះ ទើបយើងឃើញថា គេចង់ចង្អុលបញ្ជាក់ទៅលើខ្មែរដែលភ្លេចដើមកំណើតខ្លួនជាខ្មែរ ភ្លេចស្រុកកំណើត មុខមាត់ពណ៌សម្បុរខ្លួនជាខ្មែរ ភ្លេចភាសាវប្បធម៌ខ្លួនជាខ្មែរ ហើយយកវប្បធម៌ អរិយធម៌បរទេសជាត្រីមុខ។ ដែលមានន័យថាក្រពើ មិនមែនមានន័យថាអាក្រក់នោះទេ។ ជាពិសេស បើក្រពើនោះនៅនឹករលឹក នៅស្គាល់បឹងដែលខ្លួនធ្លាប់ស្នាក់អាស្រ័យរស់នៅ។ តាមចម្លាក់បូរាណនៅតាមប្រាង្គប្រាសាទនានា ក៏គេសង្កេតឃើញមានរូបក្រពើ ឬត្រកួតដែលជាព្រលឹងខ្មែរជាហូរហែ។ រូបក្រពើនោះជួនត្រូវគេចាក់កាប់សម្លាប់ ជួនជាតួទូកដែលគេនាំគ្នាជិះពីលើ។ ពុំនោះសោត ទេ នៅតាមព្រះវិហារ ឬនៅពេលដែលខ្មែរចូលមរណៈភាព ជានិច្ចជាកាលខ្មែរតែងតែដោត «ទង់ព្រលឹង» ឬ «ទង់ក្រពើ»។ ទង់ព្រលឹង ឬទង់ក្រពើ ជានិមិត្ដរូបតំណាងព្រះថោង។ ព្រះថោងជាព្រលឹងនៃជាតិខ្មែរ ដែលខ្មែរតែងរំលឹក គោរពបូជា ប្រណិបត្ដិដោយមិនដឹងខ្លួន។ ឯរូបសំណាកនាងគង្ហីង ឬនាងធរណី និងក្រពើនោះ គ្មាននរណាក្រៅអំពីព្រះថោងនាងនាគឡើយ។ ក្នុងទស្សនៈខ្មែរ យើងទុកនាងគង្ហីង ព្រះធរណីជា ព្រះមេ ជាអ្នកមានគុណ។ សូម្បីតែក្នុងព្រះពុទ្ធសាសនានៅកម្ពុជា ក៏បានបញ្ចូលព្រះនាងនាគ ឬនាងគង្ហីង និងក្រពើក្នុងជំនឿសាសនា ក្នុងការគោរពជាតួអង្គការពារព្រះពុទ្ធផ្ចាញ់មារដែរ។
២‑ រីឯទឹកដីខ្មែរវិញ កាលជំនាន់ព្រះថោង មិនមែនតូចនោះឡើយ ប្រទេសជិតឆ្ងាយជនជាតិសាសន៍ផ្សេងៗ បាននាំគ្នាកុះករមករស់នៅក្សេមក្សាន្ដដោយសុខសន្ដិភាពសម្បូណ៌ សប្បាយ។ ការរៀបចំស្រុកទេសឲ្យមានរចនាសម្ព័ន្ធ ក៏ចាប់ផ្ដើមមានដែរ។ ព្រះពុទ្ធសាសនាបានជ្រួតជ្រាប មានប្រជាពលរដ្ឋប្រកាន់គោរពពេញនគរ។ មិនតែប៉ុណ្ណោះសម្ដេចព្រះកុម៉ែរាជព្រះអង្គធ្លាប់បានធ្វើសារថ្វាយ ទៅស្ដេចកោះសិរីលង្កា សុំឲ្យព្រះអង្គចម្លងធ្វើមកនូវព្រះត្រៃបិដក និងធម្មវិន័យព្រះពុទ្ធសាសនាដែលមានទាំងប៉ុន្មាន។ មិនតែប៉ុណ្ណោះ អ្នកប្រាជ្ញព្រាហ្មណ៍ឈ្មោះ ប្រទេសរាជ ត្រូវបានស្ដេចកោះសេរីលង្កា បញ្ជូនឲ្យមកជួយរៀបចំកិច្ចការទឹកដីនគរគោកធ្លក។
៣- ឯកសារមួយចំនួនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួនចេញ បានកំណត់ថា ព្រះថោង ឬសម្ដេចកុម៉ែរាជ និងព្រះបាទទេវង្សអស្ចារ្យ ជាតួអង្គព្រះមហាក្សត្រខ្មែរតែមួយ។
ឯកសារយោង
ប្រវត្តិសាស្ត្រខ្មែរ ភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ។
(ប្រភព: វីគីភីឌៀ)
See less
No comments:
Post a Comment